VOA News: ព័ត៌មាន: “អាមេរិកព្រមានក្រុងព្យុងយ៉ាងចំពោះការបង្ហោះកាំជ្រួចផ្លោង” plus 4 more |
- អាមេរិកព្រមានក្រុងព្យុងយ៉ាងចំពោះការបង្ហោះកាំជ្រួចផ្លោង
- អ្នកភូមិក្នុងខេត្តពោធិ៍សាត់ តវ៉ាប្រឆាំងក្រុមហ៊ុនឈូសឆាយដីស្រែចម្ការរបស់ពួកគេ
- អង្គការមនុស្សធម៌ខ្មែរអាមេរិកាំង ផ្តល់ការវះកាត់ព្យាបាលជម្ងឺបេះដូងដល់កុមារកម្ពុជា
- រដ្ឋាភិបាលកម្ពុជាសម្រួលការជួបជុំក្រុមអាវក្រហមថៃនៅសៀមរាប
- តុលាការNew Yorkមិនទាន់សម្រេចលើករណីវត្ថុបុរាណខ្មែរពីប្រាសាទកោះកែនៅឡើយទេ
អាមេរិកព្រមានក្រុងព្យុងយ៉ាងចំពោះការបង្ហោះកាំជ្រួចផ្លោង Posted: 12 Apr 2012 10:04 PM PDT នៅក្រោយកិច្ចប្រជុំ ជាមួយសមភាគីលោកស្រីនៃប្រទេសឧស្សាហកម្ម ៨ ហៅ Group Eight នៅក្រុង វ៉ាស៊ីនតោន លោកស្រី ហ៊ីលឺ្លរី គ្លីនតុន រដ្ឋមន្រ្តីការបរទេសស.រ.អ បានព្រមានប្រទេសកូរ៉េខាងជើងថាក្រុមប្រឹក្សាសន្តិសុខអ.ស.ប. នឹងចាត់វិធានការបន្ថែម បើសិនជាក្រុង ព្យុងយ៉ាង សម្រេចនៅតែបង្ហោះ រ៉ុកែត ដែលមនុស្សជាច្រើនមានជំនឿថា ជាការសាកល្បងកាំជ្រួចអន្តរទ្វីបមួយ។ លោកស្រី បានបន្តមានប្រសាសន៍ថា ក្រុង Pyongyang មានជម្រើសពិតប្រាកដ គឺអាចស្វែងរកសន្តិភាព ហើយបានផលប្រយោជន៍ពីទំនាក់ទំនងជិតស្និតជាមួយសហគមន៍អន្តរជាតិ រួមទាំងសរអា ឬក៏បន្តប្រឈមមុខនឹងសម្ពាធនិងការនៅដាច់តែឯកឯងតទៅទៀត។ ប៉ាគីស្ថាន៖ រដ្ឋសភាប្រទេស ប៉ាគិស្ថាន បានអនុមត្តជាឯកឆន្ទ តាមលក្ខខ័ណ្ឌនៃការចូលរួមជាមួយស.រ.អ.និងអង្គការអូតង់ ដើម្បីទាមទារឲ្យមានការបញ្ចប់ការវាយប្រហារដោយយន្តហោះឥតអ្នកបើកជាបន្ទាន់ នៅលើដែនដី ប៉ាគិស្ថាន។ ស៊ីរី៖ លោក កូហ្វី អាណាន់ (Kofi Annan) ប្រេសិតអសបនិងសមាគមអារ៉ាប់បានអំពាវនាវឲ្យរដ្ឋាភិបាល ស៊ីរី ចាត់វិធានការបន្ថែម ដើម្បីដកទ័ពនិងគ្រឿងអាវុធធុនធ្ងន់ចេញពីកន្លែងដែលមានប្រជាជនច្រើន ទោះបីបទឈប់បាញ់គ្នាមិននឹងនររវាងកងទ័ពរដ្ឋាភិបាលនិងពួកឧទ្ទាម ហាក់ដូចជាមានប្រសឹទ្ធភាពបន្តិច។ ប្រទេស ស៊ីរី នៅតែមិនបានគោរពតាមលក្ខខ័ណ្ឌនៃផែនការសន្តិភាពទាំងស្រុង ដែលលោកបានជួយសម្របសម្រួលកាលពីខែមិនានោះនៅឡើយទេ។ សហរដ្ឋអាមេរិក៖ បុរសអ្នកស្ម័គ្រចិត្តឃ្លាំមើលភូមិដែលត្រូវជាប់ចោទអំពីបទឃាតកម្មថ្នាក់លេខពីរយុវជនអាមេរិកាំងស្បែកខ្មៅម្នាក់ឈ្មោះ ជោជន៍ ហ្សីមឺមែន (George Zimmerman) កាលពីថ្ងៃទី ២៦ កុម្ភៈ ត្រូវនាំឡើងតុលាការជាលើកទីមួយកាលពីថ្ងៃព្រហស្បត៍នេះ។ This posting includes an audio/video/photo media file: Download Now |
អ្នកភូមិក្នុងខេត្តពោធិ៍សាត់ តវ៉ាប្រឆាំងក្រុមហ៊ុនឈូសឆាយដីស្រែចម្ការរបស់ពួកគេ Posted: 12 Apr 2012 09:40 PM PDT ក្រុមអ្នកភូមិនៅក្នុងឃុំក្បាលត្រាច ក្នុងស្រុកក្រគរខេត្តពោធិ៍សាត់ បាននាំគ្នាតវ៉ាប្រឆាំងនឹងការឈូសឆាយរបស់ក្រុមហ៊ុនលើដីដែលពួកគេអះអាងថាជាដីស្រែចម្ការរបស់ពួកគេ។ ក្រុមអ្នកភូមិនិយាយថា ពួកគេស៊ូស្លាប់ដើម្បីការពារដីរបស់ខ្លួន។ ឡូន ស៊ីវ័យនិយាយថា អ្នកស្រី ធ្វើចម្ការរាប់ឆ្នាំមកហើយនៅលើដីនេះ នៅក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ក្នុងស្រុកក្រគរ ខេត្តពោធ៍សាត់។ ស្ថិតក្នុងវ័យ៣៣ឆ្នាំ និងជាស្រ្តីមេម៉ាយកូន២ អ្នកស្រីឡូន ស៊ីវ័យនិយាយថា គ្រួសាររបស់អ្នកស្រីក៏ដូចជាអ្នកភូមិនេះដទៃទៀត បានពឹងអាស្រ័យលើដីនេះដើម្បីទ្រទ្រង់ជីវភាពរស់នៅ អស់ជាច្រើនជំនាន់មកហើយ។ ប៉ុន្តែពេលនេះ អ្នកស្រីនិយាយថា ក្រុមហ៊ុនភាពីម៉ិចដែលមានជម្លោះដ៏រាំរ៉ៃជាមួយអ្នកភូមិនេះ បានចាប់ផ្តើមឈូសឆាយដីចម្ការរបស់អ្នកស្រីជាថ្មីទៀត។ «ខ្ញុំបេះផ្លែឈើ បោចវល្លិ៍ ដងជ័រក៏នៅលើដីហ្នឹង ហើយកាប់ចម្ការធ្វើស្រែក៏នៅលើដីហ្នឹង។ បើគេយកអស់ ពួកខ្ញុំមានតែស្លាប់។ គាត់មិនសម្លាប់ខ្ញុំដោយផ្ទាល់ទេ តែដោយប្រយោល។ គាត់សម្លាប់ដោយបំបាត់ជីវភាពរបស់ពួកខ្ញុំ»។ ឡូន ស៊ីវ័យអះអាងថា កម្មកររបស់ក្រុមហ៊ុនដែលមានកងកម្លាំងប្រដាប់អាវុធការពារ បានយកគ្រឿងចក្រមកឈូសឆាយដីចម្ការទំហំជាង១ហិកតារបស់អ្នកស្រី និងដីចម្ការវិលជុំរបស់អ្នកភូមិកាលពីដើមសប្តាហ៍នេះ។ «មិនមែនជាការអភិវឌ្ឍន៍សម្រាប់អ្នកភូមិទេ។ នេះគឺជាការអភិវឌ្ឍន៍សម្លាប់អ្នកភូមិទៅវិញទេ»។ ដោយខឹងសម្បារនឹងក្រុមហ៊ុន អ្នកស្រីឡូន ស៊ីវ័យនិងអ្នកភូមិប្រមាណ១០០នាក់ផ្សេងទៀត បាននាំគ្នាទៅតវ៉ាដល់ការដ្ឋានក្រុមហ៊ុន ដើម្បីទាមទារឲ្យក្រុមហ៊ុននេះបញ្ឈប់ការឈូសឆាយដីចម្ការរបស់ពួកគេតទៅទៀត។ គុជ វេងគឺជាតំណាងម្នាក់របស់អ្នកភូមិទាំងនេះ។ «ប្រសិនណាជាក្រុមហ៊ុននៅតែបន្តសកម្មភាពទៀត ប្រជាពលរដ្ឋយើងខ្ញុំក៏នៅតែបន្តសកម្មភាព សុខចិត្តស្លាប់នៅលើដីហ្នឹង ព្រោះអស់ហើយ»។ ពុំមានតំណាងណាម្នាក់របស់ក្រុមហ៊ុនបានចេញមុខមកដោះស្រាយជាមួយអ្នកភូមិទេ។ ក្រុមអ្នកភូមិអះអាងថា ពួកគេបានចេញពីការដ្ឋានមុនពេលក្រុមអ្នកភូមិមកដល់។ ក្រុមអ្នកភូមិនិងអាជ្ញាធរមូលដ្ឋាននិយាយថា ក្រុមហ៊ុនភាពីម៉ិច ដែលគ្រប់គ្រងដោយភរិយារបស់សមាជិកព្រឹទ្ធសភាម្នាក់នៃគណបក្សប្រជាជនកម្ពុជា បានទទួលដីសម្បទានសេដ្ឋកិច្ចរាប់ម៉ឺនហិកតានៅក្នុងខេត្តនេះ ពីរដ្ឋាភិបាល ដើម្បីដាំដំឡូងមី។ ប៉ុន្តែក្រុមហ៊ុននេះបានជាប់ពាក់ព័ន្ធនឹងជម្លោះដ៏ស្រួចស្រាវជាមួយអ្នកភូមិនៅទីនេះអស់ជាច្រើនឆ្នាំមកហើយ។ លោកដួង សារិនគឺជាមេឃុំក្បាលត្រាច។ លោកនិយាយថា ដំណោះស្រាយចំពោះបញ្ហានេះ ហួសពីសមត្ថកិច្ចរបស់លោកហើយ។ «ពិបាកដែរចំពោះប្រជាជន។ ខ្ញុំមិនដឹងថាម៉ិច ដោះស្រាយយ៉ាងម៉ិចទេ មានតែសំណូមពរទៅលើទៀតតែប៉ុណ្ណឹង»។ លោកភួង សុធាគឺជាអ្នកសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តនេះ។ លោកនិយាយថា ដើម្បីដោះស្រាយជម្លោះនេះ រដ្ឋាភិបាលគួរតែបញ្ជាក់ឲ្យបានច្បាស់អំពីព្រំប្រទល់ដីសម្បទានដែលខ្លួនបានប្រគល់ទៅឲ្យក្រុមហ៊ុន។ «យើងឃើញប្រជាពលរដ្ឋកន្លងមក ការតវ៉ាអហឹង្សាច្រើន ដូចជាការបិទផ្លូវ ដាក់លិខិតទៅអាជ្ញាធរខេត្ត ទីស្តីការគណៈរដ្ឋមន្ត្រី ទៅខុទ្ទកាល័យអី។ បើសិនជាអត់មានដំណោះស្រាយទេ ខ្ញុំគិតថា វាអាចនឹងមានអំពើហឹង្សាណាមួយកើតឡើងដែលយើងមិននឹកស្មានដល់»។ អ្នកស្រីឡូន ស៊ីវ័យនិងអ្នកភូមិទាំងនេះ និយាយថា ពួកគេពិតជាខ្លាចអំណាចរបស់ក្រុមហ៊ុន ប៉ុន្តែពួកគេបន្ថែមថា គេត្រូវតែក្រោកឈរឡើងតវ៉ា ដើម្បីសិទ្ធិរស់រានមានជីវិតរបស់ពួកគេ៕ This posting includes an audio/video/photo media file: Download Now |
អង្គការមនុស្សធម៌ខ្មែរអាមេរិកាំង ផ្តល់ការវះកាត់ព្យាបាលជម្ងឺបេះដូងដល់កុមារកម្ពុជា Posted: 12 Apr 2012 10:08 PM PDT កុមាររាប់ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជាមានជម្ងឺបេះដូងប្រហោង។ ពួកគេតិចតួចណាស់មានសំណាងទទួលបានការព្យាបាល ដោយសារជម្ងឺនេះទាមទារការវះកាត់ដែលត្រូវចំណាយច្រើន។ ប៉ុន្តែ ថ្មីៗនេះ អង្គការក្រៅរដ្ឋាភិបាលខ្មែរអាមេរិកាំងមួយបានផ្តល់ការវះកាត់និងព្យាបាលជម្ងឺបេះដូងនេះដល់កុមារមួយចំនួនក្នុងប្រទេសកម្ពុជា។ កុមារណាន គីនី អាយុ៨ឆ្នាំនេះ ទើបទទួលការវះកាត់បេះដូងប្រហោងរបស់ខ្លួនកាលពីពេលថ្មីៗ នៅក្នុងមន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាប។ ឪពុកម្តាយរបស់គីនីនិយាយថា កូនរបស់គាត់មានជម្ងឺនេះតាំងពីកំណើត។ អ្នកស្រីធឹម រ៉ាន់មានប្រសាសន៍ថា គាត់ចំណាយពេលនៅជាមួយកូនប្រុសរបស់គាត់នេះ ក្នុងមន្ទីរពេទ្យច្រើនជាងនៅផ្ទះ។ «ខ្ញុំមកដេកពេទ្យមួយខែឬមួយកន្លះខែអញ្ចឹង ទៅផ្ទះពីរបីថ្ងៃ។ វារស់នៅតែដោយសារពេទ្យ និយាយទៅរស់ដោយសារថ្នាំតែម្តង»។ លោកហ៊ុយ ណាន ជាឪពុក និយាយថា គីនីចូលចិត្តលេងខ្លាំងណាស់ ប៉ុន្តែការរត់លេងនេះបានត្រឹមតែធ្វើឲ្យកូនរបស់គាត់មានបញ្ហាជាមួយនឹងបេះដូងរបស់វាប៉ុណ្ណោះ។ លោកនិយាយថា ជួនកាលលោកមានអារម្មណ៍អស់សង្ឃឹមខ្លាំងរហូតដល់ចង់ឃើញកូនរបស់លោកមួយនេះលាចាកលោកនេះទៅឲ្យផុត ដើម្បីកុំឲ្យវានៅឈឺចាប់នឹងជម្ងឺបេះដូងរបស់វាតទៅទៀត។ លោកហ៊ុយ ណាន វ័យ៤២ឆ្នាំដែលជាអ្នករត់ម៉ូតូឌុប និយាយថា លោកគ្មានប្រាក់យកកូនរបស់លោកទៅព្យាបាលជម្ងឺបេះដូងប្រហោងរបស់វាទេ។ «ឲ្យតែវាបានជាបានយូរទៅ ខ្ញុំចេះតែបានរកទៅ វាចេះគ្រាន់បានហូប ម៉ាគ្រប់ៗ។ បើថា វាឈឺកិះកុះទៀត លោកអើយ ដូចខ្ញុំនិយាយអញ្ចឹង ជំពាក់គេមិនដឹងទៅឯណាទេ»។ សំណាងល្អ ណាន គីនីត្រូវបានជ្រើសរើសរួមជាមួយកុមារចំនួន១៥នាក់ផ្សេងទៀត ដើម្បីទទួលបានការវះកាត់ព្យាបាលជម្ងឺបេះដូងប្រហោងរបស់ខ្លួនដោយឥតគិតថ្លៃ ពីសំណាក់ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តអាមេរិកាំងមួយក្រុម។ លោក ភីតធឺ ឈុន គឺជាអ្នកនាំក្រុមគ្រូពេទ្យទាំងនេះ មកជួយព្យាបាលកុមារក្នុងមន្ទីរពេទ្យនេះ។ លោកនិយាយថា កុមារទាំងនេះគឺស្ថិតនៅក្នុងក្រុមដែលមានសំណាងតែប៉ុណ្ណោះ។ «ប្រមាណ១០ម៉ឺនក្មេងនៅក្នុងប្រទេសកម្ពុជាយើងមានជម្ងឺបេះដូងប្រហោង ហើយមាន១០នាក់ក្នុងចំណោម១០០នាក់ត្រូវការការព្យាបាលជាបន្ទាន់»។ ជាស្ថាបនិកអង្គការក្រៅមនុស្សធម៌ «បេះដូងគ្មានព្រំដែន» ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លោកឈុនមានប្រសាសន៍ថា កុមារខ្លះបានស្លាប់មុននឹងទទួលបានការព្យាបាល និងកុមារជាច្រើនទៀតត្រូវបានទុកចោលដោយមិនមានការព្យាបាល។ «កូនគេកូនយើង បើឲ្យគ្នាចាំទាល់តែគ្នាស្លាប់ គឺថា ជីវិតគ្មានតម្លៃស្អីទេ។ ចុះយើងដែលជាអ្នកចេះដឹង ជាអ្នកមានមុខមានមាត់ មានការងារត្រឹមត្រូវនោះ នៅឈរក្រព័ទ្ធដៃមើលគ្នាស្លាប់?» អស់រយៈពេល៦ឆ្នាំមកហើយ លោកភីតធឺ ឈុន ជាអ្នកធ្វើការដែលបានចូលនិវត្តទៅហើយនោះ បាននាំយកកុមារខ្មែរដែលមានជម្ងឺបេះដូងប្រហោងនេះទៅទទួលការព្យាបាលនៅក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែដោយសារតែការចំណាយខ្ពស់ លោកក៏សម្រេចចិត្តនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តពីសហរដ្ឋអាមេរិក មកជួយព្យាបាលកុមារនៅក្នុងប្រទេសកម្ពុជាវិញ។ លោក វេជ្ជបណ្ឌិតម៉ៃ ម៊ីឈែល គឺជាគ្រូពេទ្យវះកាត់ម្នាក់ មកពីមន្ទីរពេទ្យកុមារ Wisconsin។ «ពួកគេហាក់ដូចជាជាសះស្បើយឆាប់រហ័យមែនទែន ហើយញញឹមដាក់អ្នកបន្ទាប់ពីវះកាត់បានពីរបីថ្ងៃ ហើយពួកគេរត់លេងនៅខាងក្រៅ។ ពួកគេមើលទៅស្រស់ស្អាតមែនទែន ជាមួយនឹងស្នាមញញឹមរបស់ពួកគេ ហើយគ្មានអ្វីដែលល្អប្រសើរជាងនេះទេ»។ វេជ្ជបណ្ឌិត លុយ លីដា គឺជាពេទ្យឯកទេសជម្ងឺបេះដូងនៅទីនេះ។ លោកនិយាយថា វាពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ ដែលមានជំនួយពីក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តទាំងនេះ ព្រោះបច្ចុប្បន្នប្រទេសកម្ពុជានៅខ្វះគ្រូពេទ្យជំនាញវះកាត់បេះដូងនេះ ហើយមានមណ្ឌលវះកាត់បេះដូងតែមួយប៉ុណ្ណោះគឺនៅភ្នំពេញ។ «ក្រុមគ្រូពេទ្យវះកាត់របស់យើងនេះរៀនពីក្រុមពេទ្យវះកាត់អាមេរិក សាំងហ្គាពួរ អូស្ត្រាលី ដើម្បីយើងបង្កើនម្ចាស់ការខ្លួនឯងបានទៅថ្ងៃខាងមុខបាន»។ កង្វះគ្រូពេទ្យវះកាត់ជម្ងឺបេះដូងគឺជាបញ្ហាមួយហើយ ប៉ុន្តែបញ្ហាដែលធ្វើឲ្យគ្រួសារភាគច្រើនខ្វល់ខ្វាយ ដូចជាគ្រួសារកុមារណាន គីនីជាដើមនោះ គឺការចំណាយខ្ពស់ទៅលើថ្លៃវះកាត់ព្យាបាលជម្ងឺនេះ។ វេជ្ជបណ្ឌិត សរ វុឌ្ឍី គឺជាប្រធានក្រុមវះកាត់នៅក្នុងមន្ទីរពេទ្យនេះ។ «ជម្ងឺហ្នឹង បើគ្មានការជួយឧបត្ថម្ភពីជនដែលមានថវិកាទេ មិនអាចទៅរួចទេ។ ខ្មែរយើង អ្នកខ្លះមានលទ្ធភាព ប៉ុន្តែភាគច្រើនគាត់មិនអាចមានលទ្ធភាពបង់ខ្លួនឯងទេ»។ ទោះជាការព្យាបាលកុមារដែលមានជម្ងឺបេះដូចប្រហោងនេះត្រូវចំណាយថវិកាអស់រាប់ពាន់ដុល្លារក្នុងក្មេងម្នាក់ៗក៏ដោយ ក៏លោកភីតធឹ ឈុននៅតែប្តេជ្ញាបន្តបេសកកម្មរបស់លោកក្នុងការជួយសង្គ្រោះជីវិតក្មេងទាំងនេះដដែល។ លោកមានប្រសាសន៍ថា គ្មានអ្វីដែលធ្វើឲ្យលោកសប្បាយចិត្តជាងឃើញកុមារដែលជិតស្លាប់ អាចបន្តជីវិតរបស់ពួកគេយ៉ាងសប្បាយរីករាយទៅមុខទៀតនោះទេ៕ This posting includes an audio/video/photo media file: Download Now |
រដ្ឋាភិបាលកម្ពុជាសម្រួលការជួបជុំក្រុមអាវក្រហមថៃនៅសៀមរាប Posted: 12 Apr 2012 07:40 PM PDT ស្របពេលដែលប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសកំពុងប្រុងប្រៀបរៀបចំសាទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំរោង រដ្ឋាភិបាលកម្ពុជាក៏បានរៀបចំឲ្យមានការជួបជុំដ៏ធំមួយនៅក្នុងខេត្តសៀមរាបរវាងក្រុមអ្នកនយោបាយអាវក្រហមនៃគណបក្សភឿថៃដែលកំពុងកាន់អំណាចជាមួយលោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ដ្រីថៃដែលត្រូវបានទម្លាក់ចេញពីតំណែង។ ការជួបជុំនោះគឺនៅចំឱកាសពិធីបុណ្យចូលឆ្នាំខ្មែរតែម្តង។ មន្ដ្រីផ្លូវការកម្ពុជាបានហៅការផ្តល់ជម្រកនៃការជួបជុំនេះថា គឺជាស្ពានមិត្តភាពនៃប្រទេសទាំងពីរ កម្ពុជានិងថៃ ក៏ប៉ុន្ដែមន្ដ្រីគណបក្សជំទាស់និងអ្នកវិភាគមើលឃើញថា ជាកត្តាដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់កម្ពុជា។ លោក ស៊ូ ភារិន្ទ អភិបាលខេត្តសៀមដែលសម្បូរដោយភ្ញៀវទេសចរបានប្រាប់វីអូអេតាមទូរសព្ទនៅថ្ងៃព្រហស្បតិ៍នេះថា លោកថាក់ស៊ីន នឹងចូលមកកម្ពុជាតាមការហោះហើរពីប្រទេសឡាវ ហើយនឹងស្នាក់នៅក្នុងខេត្តនៃប្រាង្គប្រាសាទបុរាណរបស់ខ្មែរចំនួនពីរថ្ងៃ។ «គឺក្រុមអាវក្រហមមកសម្ដែងការគួរសមនៅរសៀលថ្ងៃទី ១៤ ខែមេសា។ ជាជំនួបធម្មតា រួចហើយថ្ងៃ១៥ គាត់រាប់បាត្រព្រះសង្ឃចំនួន២៦០ អង្គដែលជាចំនួនសមាជិកសភារបស់គាត់។ បន្ទាប់មកគាត់ងូតទឹកលាបំណន់នៅមុខអង្គរ ហើយនឹងចាកចេញពីប្រទេសកម្ពុជា» ក្រុមអជ្ញាធរបានឲ្យដឹងថា សកម្មជនអាវក្រហមនៃគណបក្សភឿថៃបានចាប់ផ្ដើមធ្វើដំណើរមកកាន់ខេត្តសៀមរាបចាប់តាំងពីថ្ងៃពុធតាមច្រកអន្ដរជាតិក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកស៊ូ ភារិន្ទ រំពឹងថា សមាជិកក្រុមអាវក្រហមនឹងអាចកើនដល់ចំនួន៥ម៉ឺននាក់។ ហើយអាជ្ញាធរខេត្តបានបម្រុងទីតាំងមួយដែលស្ថិតនៅប៉ែកខាងកើតចម្ងាយប្រមាណពីរគីឡូម៉ែត្រពីក្រុងសៀមរាប។ «ចំនួនពី៣ម៉ឺន ដល់ជាង៥ម៉ឺននាក់។ ថ្ងៃនេះពួកគេកំពុងមកបណ្ដើរៗ ហើយនៅថ្ងៃស្អែកគេនឹងមកជុំគ្នាអស់។ ខ្ញុំរៀបចំដីឲ្យចំនួន ២២ហិកតាដើម្បីគាត់អាចបោះជំរុំទទួលលោកថាក់ស៊ីន»។ លោកថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវទម្លាក់ចេញពីដំណែងនាយករដ្ឋមន្រ្តីកាលពីខែកញ្ញា ឆ្នាំ ២០០៦ ដោយរដ្ឋប្រហារយោធា។ បន្ទាប់មកតុលាការថៃបានផ្តន្ទាទោសលោកដោយកំបាំងមុខឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំពីបទប្រព្រឹត្តិអំពើពុករលួយ។ បច្ចុប្បន្នលោកកំពុងភៀសខ្លួនក្នុងក្រុង ឌូបៃ នៃប្រទេសអារ៉ាប់រួម។ លោកត្រូវគេមើលឃើញថា បានធ្វើឲ្យប្រទេសថៃនិងកម្ពុជាមានទំនាក់ទំនងល្អជាមួយគ្នាជាពិសេសតាមរយៈភាពជិតស្និទ្ធរបស់លោកជាមួយប្រមុខរដ្ឋាភិបាលខ្មែរលោក ហ៊ុន សែន។ ហើយភាពជិតស្និទ្ធនេះបាននាំឲ្យមានអរិភាពការទូតរវាងប្រទេសទាំងពីរទៅវិញនៅពេលដែលលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន បានតែងតាំងលោក ថាក់ស៊ីន ជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចក្រោយពេលដែលលោកអស់អំណាច។ ស្រដៀងគ្នានេះដែរ លោក កឹម សុខា ជាប្រធានគណបក្សសិទ្ធិមនុស្សដែលជាគណបក្សជំទាស់មួយមានបីអសនៈក្នុងរដ្ឋសភាបានបង្ហាញភាពភ្ញាក់ផ្អើលចំពោះការរៀបចំឲ្យមានជំនួបរបស់លោក ថាក់ស៊ីន ជាមួយនឹងសមាជិកនិងមេដឹកនាំគណបក្សភឿថៃនេះ។ «អាហ្នឹងធ្វើឲ្យគ្រោះថ្នាក់ដល់ស្រុកយើងថ្ងៃក្រោយ។ ពីព្រោះប្រទេសថៃជាប្រទេសមួយដែលមានប្រជាធិបតេយ្យ ហើយមិនប្រកដថា បក្សមួយកាន់អំណាចយូររហូតដូចបក្សប្រជាជនអញ្ចឹងទេ។ យើងធ្វើនេះគឺថាយើងគាំទ្រម្ខាងៗ ហើយប្រយ័ត្នថ្ងៃក្រោយគេលូកដៃយើងវិញ អាហ្នឹងយើងនឹងថាឲ្យគេ»។ ថ្វីបើដូច្នេះលោកស៊ូ ភារិន្ទ បានហៅការរៀបចំឲ្យមានជំនួបរវាងលោកថាក់ស៊ីន និងសមាជិកនយោបាយនៃគណបក្សភឿថៃក្នុងពេលនេះថាគឺជាទស្សនវិស័យយូរអង្វែងរបស់រាជរដ្ឋាភិបាល។ «បងប្អូនអាវក្រហមមកតាមផ្លូវការ គេមានលិខិតឆ្លងដែនរបស់គេត្រឹមត្រូវ។ គាត់ជួបជុំគ្នានាខែចូលឆ្នាំដោយសារគាត់នៅជាទណ្ឌិត គាត់មិនអាចជួបជុំនៅប្រទេសគាត់បាន ហើយគាត់មានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលយើង ដូច្នេះយើងក៏សម្ដែងគុណធម៌ទៅវិញក្នុងន័យថា បើបានរដ្ឋាភិបាលដូចសព្វថ្ងៃយើងចេះតែដោះស្រាយបញ្ហាដោយសន្ដិវិធី មិនមានចម្បាំងតាមព្រំដែន។ ការរកស៊ីទៅវិញ ទៅមកប្រទេសយើងទាំងសងខាងបានសុខ ហើយសុខទៅគឺមានការអភិវឌ្ឍ។យើងចង់មានន័យយូរអង្វែងដូច្នេះ» កម្ពុជានិងថៃមានជម្លោះប្រដាប់អាវុធរវាងគ្នានៅតាមតំបន់ព្រំដែនជុំវិញតំបន់ប្រាសាទព្រះវិហារចាប់តាំងពីខែកក្កដាឆ្នាំ ២០០៨ មកម្លេះ។ កងទព័នៃប្រទេសទាំងពីរនៅតែស្ថិតក្នុងខ្សែត្រៀមជួរមុខរៀងៗខ្លួននៅឡើយបើទោះបីជាតុលាការយុត្តិធម៌អន្ដរជាតិក្រុងឡាអេ បានសម្រេចឲ្យភាគីទាំងពីរដកកងទព័ចេញពីតំបន់ជម្លោះហើយអនុញ្ញាត្តិឲ្យមានកងទព័សង្កេតការណ៍ពីប្រទេសឥណ្ឌូណេស៊ីក៏ដោយ៕ This posting includes an audio/video/photo media file: Download Now |
តុលាការNew Yorkមិនទាន់សម្រេចលើករណីវត្ថុបុរាណខ្មែរពីប្រាសាទកោះកែនៅឡើយទេ Posted: 12 Apr 2012 07:25 PM PDT សារមន្ទីរSotheby នឹងរក្សារូបចម្លាក់អ្នកចម្បាំងខ្មែរសម័យសតវត្សរ៍ទី១០បន្តទៀតសិនក្រោយពីសវនាការកាលពីថ្ងៃពុធក្នុងតុលាការនៅបុរីញ៉ីវយ៉កមិនបានសម្រេចថានឹងត្រូវអនុញ្ញាតឱ្យរដ្ឋាភិបាលអាមេរិករឹបអូសទុកឬយ៉ាងណា។ លោកស្រី ស្តេហ្វានី សឺកូវិច (Stephanie Cirkovich) អ្នកនាំពាក្យតុលាការប្រចាំតំបន់៧បានប្រាប់វីអូអេផ្នែកខេមរភាសាថា៖ «រហូតមកដល់ពេលនេះតុលាការមិនទាន់សម្រេចសេចក្តីយ៉ាងណានៅឡើយទេ»។ លោកស្រីបានបន្តថាតុលាការពន្យាពេលសម្រេចនេះរហូតដល់ថ្ងៃទី២០ខែមិថុនាដើម្បី ធ្វើសវនាការម្តងទៀតដែលជាការទុកពេលឱ្យភាគីនានាមានឱកាសចូលរួមការពារសំណុំរឿងនេះ។ វត្ថុបុរាណដែលហៅថាជា អ្នកចម្បាំងសម័យបុរាណ ឬអ្នកខ្លះហៅថាជាអ្នកចំបាប់ត្រូវបានសារមន្ទីរ Sotheby គ្រោងដាក់លក់ដេញថ្លៃប៉ុន្តែបានដកចេញវិញ នៅនាទីចុងក្រោយបន្ទាប់ពីមានការជំទាស់យ៉ាងខ្លាំងពីអាជ្ញាធរកម្ពុជា។ អាជ្ញាធរអាមេរិកចង់រឹបអូសយកហើយប្រគល់ទៅឱ្យប្រទេសកម្ពុជាវិញតាមការទាមទារប៉ុន្តែត្រូវបានសារមន្ទីរSotheby ស្នើសុំមិនឱ្យរដ្ឋាភិបាលរឹបអូសយកនៅឡើយទេដោយលោកមេធាវី Peter Neimanបានបញ្ជាក់ក្នុងឯកសាររបស់តុលាការថាក្រសួងសន្តិសុខជាតិដែលមានភារៈកិច្ចជាអ្នកត្រូវមករឹបអូសយកគឺមានបច្ចេកទេសតិចតួចក្នុងការទុកដាក់វត្ថុដ៏មានតម្លៃមហាសាលនេះហើយវត្ថុនេះកំពុងត្រូវរក្សាទុកក្នុងកន្លែងដែលរក្សាទុកបានត្រឹមត្រូវហើយ។ លោកហែម ហេង ឯកអគ្គរាជទូតខ្មែរប្រចាំនៅសហរដ្ឋអាមេរិកបានមានប្រសាសន៍ប្រាប់វីអូអេថា៖ «វត្ថុបុរាណនេះជាវត្ថុបុរាណរបស់កម្ពុជា១០០ភាគរយ។ ខ្ញុំគិតថាយុត្តិធម៌នឹងបានមកកម្ពុជាហើយក៏ឆ្លៀតឱកាសនេះខ្ញុំសូមសម្តែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិកដែលបានខិតខំយកចិត្តទុកដាក់ដើម្បីនឹងជួយធ្វើយ៉ាងណាដើម្បីនឹងដោះស្រាយបញ្ហានេះតាមផ្លូវតុលាការដើម្បីប្រគល់នូវវត្ថុបុរាណនេះមកឱ្យកម្ពុជាវិញ»។ លោកស្រី តេស ដាវីស នាយកប្រតិបត្តិនៃក្រុមមេធាវីរបស់គណកម្មាធិការដើម្បីថែរក្សាបិតិកភណ្ឌវប្បធម៌បានបញ្ជាក់ថាមានស្ថាប័នរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកជាច្រើនចូលរួមក្នុងការតាមប្រមូលមកវិញនូវវត្ថុបុរាណនេះក្នុងនោះ មានក្រសួងសន្តិសុខជាតិនិងក្រសួងយុត្តិធម៌ហើយថារដ្ឋាភិបាលអាមេរិកមានប្រៀបខ្លាំងក្នុងការរឹបអូសយកវត្ថុបុរាណដែលខ្មែរទាមទារនោះ។ លោកស្រីក៏បានបញ្ជាក់ដែរថាសារមន្ទីរSotheby គឺបានដឹងជាមុនពីភាពចម្រូងចម្រាសដែលអាចកើតមានឡើងទាក់ទងនឹងរូបចម្លាក់នោះ។ «អ្នកជំនាញផ្ទាល់របស់សារមន្ទីរ Sothebyបានព្រមានជាបន្តបន្ទាប់មិនឱ្យដាក់លក់ដេញថ្លៃរូបចម្លាក់នោះជាសាធារណៈទេដោយអះអាងថាវាត្រូវបានលួចចេញមកហើយថាវានឹងមានផលអាក្រក់មកវិញហើយគ្មានប្រយោជន៍ដែលត្រូវសន្សំរឿងទេ»។ វត្ថុបុរាណនោះត្រូវគេរាយការណ៍ថាអាចមានតម្លៃពីពីរលានដល់បីលានដុល្លារហើយត្រូវបានលួចចេញពីប្រាសាទចិនតំបន់ប្រាសាទកោះកែរបស់ខ្មែរក្នុងអំឡុងពេលប្រទេសកម្ពុជាមានការវឹកវរក្នុងទសវត្សរ៍១៩៦០។ វាមានទម្ងន់ប្រហែល២៥០គីឡូក្រាមនិងកម្ពស់ជាង១,៥ម៉ែត្រ។ ត្រូវបានគេកាត់យកត្រឹមកជើងមកដល់លើ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |