VOA News: ព័ត៌មាន: “កូរ៉េ​ខាង​ជើង​​បង្ហាញ​អ្នក​យក​ព័ត៌មាន​បរទេស​ពី​កន្លែង​បាញ់​រ៉ុកែត” plus 2 more

VOA News: ព័ត៌មាន: “កូរ៉េ​ខាង​ជើង​​បង្ហាញ​អ្នក​យក​ព័ត៌មាន​បរទេស​ពី​កន្លែង​បាញ់​រ៉ុកែត” plus 2 more


កូរ៉េ​ខាង​ជើង​​បង្ហាញ​អ្នក​យក​ព័ត៌មាន​បរទេស​ពី​កន្លែង​បាញ់​រ៉ុកែត

Posted: 09 Apr 2012 09:06 AM PDT

មន្រ្តី​អ​វកាស​​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​ចាត់​វិធានការ​ដ៏​កម្រ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​​ដោយ​អនុញ្ញាតិ​ឲ្យ​ពួក​អ្នក​កាសែត​បរទេស​​មើល​កាំជ្រួច​រ៉ុកែត ដែល​ប្រុង​ប្រៀប​​បាញ់​បង្ហោះ​នៅ​សប្តាហ៍​នេះ​ ទោះ​បី​មាន​ការ​​ជំទាស់​ប្រឆាំង​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក៏ដោយ។

ការ​មើល​កាំជ្រួច​រ៉ុកែត​បាន​កើត​មាន​ឡើង​​នៅ​ពេល​ដែល​រូប​ថត​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េ​ខាង​ត្បូង​ ដែល​ VOA ​ទទួល​បាន ​បង្ហាញ​​ពី​អ្វី​ទំនង​ជា​ការ​ប្រុង​ប្រៀប​ធ្វើ​តេស្តុ​សាក​ល្បង​នុយក្លេអ៊ែរ​​ទី​៣​​របស់​កូរ៉េ​ខាង​ជើង។ រដ្ឋាភិបាល​ទី​ក្រុង​ព្យូង​យ៉ាង​​នៅ​តែ​និយាយ​ថា​កាំជ្រួច​រ៉ុកែត​ ដែល​ត្រូវ​បាញ់​បង្ហោះ​​នៅ​ចន្លោះ​​ថ្ងៃ​ទី​១២​និង​១៦​​ខែ​មេសា​នេះ​ នឹង​ដឹក​ផ្កាយ​រណប​សម្រាប់​មើល​​អាកាស​ធាតុ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​​និយាយ​ថា​​ព្រឹត្តិការណ៍​នេះ​ជា​ការ​ធ្វើ​តេស្តុ​​កាំ​ជ្រួច​ផ្លាង​ Ballistic Missile។

លោក​ Jang Myong Jin អ្នក​រៀប​ចំ​ចាត់​ចែង​ទូទៅ​​នៅ​ទី​កន្លែង​បាញ់​បង្ហោះ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា​ នៅ​ក្រោម​សន្ធិសញ្ញា​អវកាស​ ប្រទេស​ទាំងអស់​​មាន​សិទ្ធិ​អភិវឌ្ឍ​បច្ចេកវិទ្យា​អវកាស​ដើម្បី​គោល​បំណង​សន្តិភាព។ សេចក្តី​សម្រេច​ចិត្ត​​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​តាក់​តែង​ដោយ​​សហរដ្ឋ​សហរដ្ឋអាមេរិក​ បាន​និយាយ​​អំពី​បច្ចេក​វិទ្យា​នៃ​ការ​បាញ់​បង្ហោះ​កាំ​ជ្រួច​​មីស៊ីល។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ មាន​សន្ធិសញ្ញា​មួយ​ដែល​សំខាន់​ជាង​សេចក្តី​សម្រេចចិត្ត​នេះ​ហើយ​នេះ​ជា​សន្ធិ​សញ្ញា​អវកាស។ សន្ធិ​សញ្ញា​នេះ​បាន​ចែង​យ៉ាង​ច្បាស់​ថា​ប្រទេស​និមួយ​ៗ​​មាន​សិទ្ធិ​អភិវឌ្ឍ​បច្ចេក​វិទ្យា​​អវកាស​ហើយ​នឹង​រុករក​អវកាស​ដោយ​គោល​បំណង​សន្តិភាព។

ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៖

ស៊ីរី៖ ពួក​មន្រ្តី​តួកគី​ និយាយ​ថា​កង​ទ័ព​ស៊ីរី​បាន​បាញ់​ឆ្លងកាត់​ព្រំ​ដែន​​ចូល​ក្នុង​​ជំរុំ​ជន​ភៀស​ខ្លួន​​ដោយ​ធ្វើ​ឲ្យ​អ្នក​បក​ប្រែ​​ជាតិ​តួកគី​ម្នាក់និង​​ជន​​​ភៀស​ខ្លួន​ស៊ីរី​២​នាក់​ទៀត​​​​បាន​រង​របួសនៅ​ក្នុង​ឧបទ្ទវ​ហេតុ​បែប​នេះ​លើក​ទី១​​ចាប់​តាំង​ពី​តួកគី​​បាន​ចាប់​ផ្តើម​​ផ្តល់​កន្លែង​ជ្រក​ពួន​​ដល់​ជន​ភៀស​ខ្លួន​​ស៊ីរី​​រាប់​ពាន់​នាក់​​កាល​ពី​ឆ្នាំ​ទៅ​មក។

ម៉ាលី៖ សហគមន៍​សេដ្ឋកិច្ច​នៃ​រដ្ឋ​អាហ្វ្រិក​ខាង​លិច​ (ECOWAS) ​​បាន​លុប​​ចោល​ការ​ដាក់​ទណ្ឌកម្ម​​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ប្រទេស​ម៉ាលី​ ដោយ​និយាយ​ថា​​ ខ្លួន​បាន​ជំរុញ​ឲ្យ​មេ​ដឹក​នាំ​​រដ្ឋ​ប្រហារ​យោ​ធា​​តាំង​ចិត្ត​ធ្វើ​ឲ្យ​មាន​ការ​គ្រប់​គ្រង​​តាម​រដ្ឋធម្មនុញ្ញ​ឡើង​វិញ។

ធនាគារ​ពិភពលោក៖ សេចក្តី​រាយការណ៍​ថ្មី​​របស់​ធនាគារ​ពិភពលោក​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការរី​ក​ធំ​ដ៏​ឆាប់​រហ័ស​នៃ​ទីក្រុង​​ដ៏​សំខាន់​ៗ​​​​ក្នុង​ប្រទេស​វៀតណាម​ កំពុង​ធ្វើ​​ឲ្យ​តម្លៃ​ផ្ទះ​ឡើង​ខ្ពស់​ដែល​មិន​អាច​​ឲ្យ​អ្នក​ស្រុក​អាច​ទិ​ញ​បាន​​ហើយ​នឹង​បង្កើន​​ការ​គំរាម​កំហែង​ធ្វើ​ឲ្យ​ស្ទះ​ការ​ដឹក​ជញ្ជូន។

<!--IMAGE-RIGHT-->ចិន/​តួគី៖ លោក​ Recep Tayyip Erdogan ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​តួកគី​ បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន​ ដែល​ជាទីកន្លែង​ដែល​លោក​​នឹង​ជួប​ជាមួយ​​មន្រ្តី​ចិន​កំពូល​ៗ​​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​នយោបាយ​មាន​ភាព​​កាន់​តែ​ជិត​ស្និទ្ធ​ឡើង​រវាង​ប្រទេស​ទាំង​២។

ភូមា៖ មេដឹកនាំ​នៃ​ចលនា​បះបោរ​ដ៏​យូរ​អង្វែង​មួយ​នៃ​ប្រទេស​ភូមា​ បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​​ជាមួយលោកស្រី​ Aung San Suu Kyi ​មេដឹកនាំ​និយម​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សមាជិក​សភា​ទើប​ជាប់​ឆ្នោត​ថ្មី​​នៅ​គេហដ្ឋាន​​របស់​លោកស្រី​ក្នុង​ទីក្រុង​រ៉ង់​ហ្គូន។

ប៉ាគីស្ថាន៖ ក្រុម​ជំនាញការ​យោធា​របស់​សហរដ្ឋ​អាមេរិក​​​​បាន​ទៅ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន​ដើម្បី​ផ្តល់​ជំនួយ​បច្ចេកទេស​​​ក្នុង​កិច្ច​ខិតខំ​​ស្វែងរក​​ទាហាន​និង​ជន​ស៊ីវិល​១៣៥​នាក់​​ដែល​បាន​កប់​នៅ​ក្នុង​ការ​បាក់​​ផ្ទាំង​ទឹកកក​ដ៏​ធំមួយ​​នៅ​​តំបន់​ភ្នំ​ Kashmir ​​នៅ​ជិត​ព្រំ​ដែន​ជាមួយ​ប្រទេស​ឥណ្ឌា។

ថាយថានិក៖ កប៉ាល់​​​ទេសចរណ៍​មួយ​គ្រឿង​ដែល​​បាន​ចាក​ចេញ​ពី​កំពុង​ផែ​ Southampton ​នៃ​ប្រទេស​អង់​គ្លេស​​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បើក​បរ​តាម​ផ្លូវ​សមុទ្រ​ដែល​កប៉ាល់​ Titanic ​បាន​លិច​ជា​ប្រវត្តិសាស្រ្ត​​កាល​ពី​១០០​ឆ្នាំ​មុន។

This posting includes an audio/video/photo media file: Download Now

កម្ពុជា​សុំ​ឱ្យ​ចិន​មក​វិនិយោគ​បន្ថែម​ទៀត

Posted: 08 Apr 2012 09:06 PM PDT

មន្ដ្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​កម្ពុជា​មាន​ជំហរ​យ៉ាង​ «រឹងមាំ​ច្បាស់លាស់» ​សម្រាប់​កសាង​ទំនាក់​ទំនង​កាន់​តែ​ជិតស្និទ្ធ​បន្ថែម​ទៀត​ជាមួយ​ប្រទេស​ចិន។

លោក ​ចម ​ប្រសិទ្ធ ​ទេសរដ្ឋមន្ដ្រី​និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​បង្ហាញ​ជំហរ​យ៉ាង​ដូច្នេះ​ ក្នុង​សិក្ខា​សាលា​ក្នុង​ទីក្រុង​ភ្នំពេញ​ស្ដីពី​ការ​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​សេដុ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ខេត្ត​យន់ណាន់​និង​កម្ពុជា។

លោក​បាន​បញ្ជាក់​ថា៖

«កម្ពុជា​ សូម​អះអាង​ឡើង​វិញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ជិតស្និទ្ធ​រវាង​កម្ពុជា​និង​ចិន​ដើម្បី​ប្រែក្លាយ​ឲ្យ​ទៅ​ជា​ដៃគូ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយ​ពិត​ប្រាកដ​មួយ​ ជា​ពិសេស​ខាង​ផ្នែក​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​វិនិយោគទុន ​នយោបាយ​ និង​សន្ដិសុខ​ ក្នុង​បណ្ដា​ទសវត្សរ៍​ខាង​មុខ»។

លោក ​ចម ​ប្រសិទ្ធ ​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​គណៈប្រតិភូ​មក​ពី​ខេត្ត​យន់ណាន​ ភាគនិរតី​ប្រទេស​ចិន​ដែល​មាន​សមាជិក​សរុប​ជាង ​២០០ ​នាក់​ ភាគច្រើន​គឺ​ជា​ក្រុម​អ្នក​ជំនួញ។ ​សមាជិក​ទាំង​នេះ​ ដែល​ដឹកនាំ​ដោយ​លោក ​លី ​ជីហ៊ឹង ​អភិបាល​ខេត្ត​យន់ណាន់​ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ចំនួន​បួន​ថ្ងៃ​ តាម​យន្ដហោះ​ពិសេស​ចំនួន​បី​គ្រឿង។

ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​បួន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ប្រធានាធិបតី​ចិន ​លោក​ ហ៊ូ ​ជិនតាវ​ បញ្ចប់​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ខ្លួន​នៅ​កម្ពុជា។ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ប្រទេស​កម្ពុជា​និង​ចិន​បាន​ប្ដេជ្ញា​រួម​គ្នា​ថា​នឹង​ជំរុញ​ការផ្លាស់​ប្តូ​ពាណិជ្ជកម្ម​ឲ្យ​កើន​ពី​ជាង ​២.៣០០ ​លាន​ដុល្លារ ​នៅ​ឆ្នាំ ​២០១១ ​ដល់​ចំនួន ​៥.០០០ ​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ​២០១៧។

លោក ​លី ​ជីហ៊ឹង ​បាន​និយាយ​តាមរយៈ​អ្នក​បកប្រែ​ផ្តោត​លើ​ទំនាក់​ទំនង​ទ្វេភាគី​នេះ​ដែរ។

«ចិន​ និង​កម្ពុជា​ គឺ​ជា​ប្រទេស​ជិត​ខាង​យ៉ាង​ល្អ ​ដែល​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ​ជា​ដៃគូ​ដ៏​ល្អ ​ជា​មិត្ត​ដ៏ល្អ។ ​ប្រវត្តិ​ទំនាក់​ទំនង​ដ៏​យូរលង់ ​មិត្តភាព​យ៉ាង​ជ្រាលជ្រៅ​ជា​ទ្រព្យសម្បត្តិ​រតនៈ​រួម​គ្នា​របស់​យើង»។

ក្នុង​ពេល​នោះ​លោក​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ជំរុញ​ឲ្យ​ប្រតិភូ​ពី​ប្រទេស​ចិន​នេះ​សម្រេច​ចិត្ត​បណ្ដាក់​ទុន​ក្នុង​ប្រទេស​កម្ពុជា​ដោយ​បាន​លើក​ឡើង​ថា​កម្ពុជា​មាន​សក្ដានុពល​ផ្នែក​កសិកម្ម ​កសិឧស្សាហកម្ម ​ហេដ្ឋារចនាសម្ព័ន្ធ ​ឧស្សាហកម្ម​សម្រាប់​នាំចេញ ​ឧស្ម័ន ​រ៉ែ​ និង​ទេសចរណ៍។

លោក ​ចម ​ប្រសិទ្ធ ​បញ្ជាក់​ថា ​ផ្នែក​ទាំង​អស់​នេះ​ មិន​ទាន់​ត្រូវ​បាន​ធ្វើ​អាជីវកម្ម​ពេញលេញ​នៅ​ឡើយ​ទេ។

លោក ​លី ​ជីហ៊ឹង ​អភិបាល​ខេត្ត​យន់ណាន់ ​ក៏​បាន​ស្នើ​ផងដែរ​ឲ្យ​ប្រទេស​ទាំង​ពីរ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ ​ផ្នែក​សេដ្ឋកិច្ច ​បច្ចេកទេស ​វិស័យ​កសិកម្ម ​និង​ទេសចរណ៍​«ឲ្យ​បាន​ស៊ីជម្រៅ​ពិត​ប្រាកដ» ហើយ​លោក​ប្រាថ្នា​ចង់​ជំរុញ​កិច្ចសហការ​ផ្នែក​កែច្នៃ​ដំណាំ​ហូបផ្លែ ​កៅស៊ូ  ​ការ​ភ្ជាប់​ការ​ហោះហើរ​ផ្លូវ​អាកាស​ពី​ខេត្ត​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា។

ប្រទេស​កម្ពុជា​និង​ចិន​មាន​ការ​ចុះហត្ថលេខា​សហ​ប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ចិន​និង​ក្រុមហ៊ុន​កម្ពុជា​លើ​វិស័យ​ចំនួន​បី ​ក្នុង​សិក្ខាសិលា​នេះ។ ​កិច្ច​ចុះហត្ថលេខា​នេះ​ផ្តោត​លើ​ការ​សហការ​វិនិយោគ​ផ្នែក​វារី​អគ្គិសនី​ ផ្នែក​ស៊ីម៉ង់ត៍​ជាមួយ​ក្រុមហ៊ុន​ ស៊ីម៉ង់ត៍​កម្ពុជា​ចក្រីទីង ​និង​ កិច្ចសហការ​វិនិយោគ​លើ​ម៉ាស៊ីន​ស្រូវ៕

This posting includes an audio/video/photo media file: Download Now

មូលដ្ឋាន​យោធា​ប៉ាគីស្ថាន​លើ​ភ្នំហ៊ីម៉ាឡាយ​ត្រូវ​បាន​កម្ទេច​ដោយ​ផ្ទាំង​ទឹកកក

Posted: 08 Apr 2012 08:56 PM PDT

ការ​បាក់​ផ្ទាំង​ទឹកកក​នៅ​ក្នុង​តំបន់​ផែន​ទឹកកក​ Siachen បាន​កម្ទេច​មូលដ្ឋាន​យោធា​ប៉ាគីស្ថាន​មួយ​នៅ​លើ​ផែន​ទឹកកក​មួយ​ក្នុង​តំបន់​ភ្នំ​ហ៊ីម៉ាឡាយ នៅ​តាម​ព្រំដែន​ជា​មួយឥណ្ឌា ​ដោយ​បាន​កប់​ទាហាន​យ៉ាង​តិច១១៧​នាក់ យោង​តាម​ការ​រាយការណ៍​របស់​លោក​ឧត្តមសេនិយ​ទោ​ អាតា អាបបាស។ លោក​ វ៉ាជីទ សេមសុល ហាសាន អគ្គស្នងការ​ប៉ាគីស្ថាន​ប្រចាំ​ប្រទេស​អង់គ្លេស​បាន​និយាយ​ថា​មាន​ទាហាន​ប្រមាណ​១៥០​នាក់​បានស្ថិត​នៅ​ក្នុង​មូលដ្ឋាន​យោធា​នេះ ​នៅ​ក្នុង​តំបន់​មួយ​ដែល​មាន​កម្ពស់​៦ពាន់​ម៉ែត្រ​លើស​ពី​កម្រិត​ទឹក​សមុទ្រ ​ដែល​នៅ​ទី​នោះសីតុណ្ហភាព​អាច​ចុះ​ដល់​៧០​អង្សា​សេ​ក្រោម​សូន្យ។​ កង​ឧទ្ធម្ភាគចក្រ ពួកឆ្កែ​ស្វែង​រក​មនុស្ស ​ពួក​ទាហាន​និង​ពេទ្យ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់តំបន់​ដាច់​ស្រយាល​នោះ​ដើម្បី​ស្វែង​រក​ពួក​អ្នក​នៅ​រស់។

ម៉ាលី៖ មេដឹកនាំ​រដ្ឋប្រហារ​យោធា​ក្នុង​ប្រទេស​ម៉ាលី​និយាយ​ថា​ក្រុម​ប្រឹក្សា​យោធា​របស់​លោក​អាច​ប្រគល់​អំណាច​ទៅ​ឱ្យ​រដ្ឋាភិបាល​បណ្តោះអាសន្ន​​មួយ​ក្នុង​​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ដែល​ជា​ផ្នែក​សំខាន់​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ខ្លួន​ដែល​បាន​ត្រូវ​រាយការណ៍​ កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ជាមួយ​ក្រុម​តំបន់​ ECOWAS ដែល​បាន​ដាក់​កំហិត​ទៅ​លើ​ប្រទេស​ដែល​គ្មាន​ជាប់​នឹង​សមុទ្រ​នេះ។

ម៉ាទ្បាវី​៖ អនុ​ប្រធានាធិបតី​ម៉ាទ្បាវី លោកស្រី​ជូស៊ី បានដា ​បាន​ស្បថ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ប្រធានាធិបតី​ស្ត្រី​ទី​មួយ​កាល​ពី​ថ្ងៃ​សៅរ៍ ​នៅ​ក្រោយ​មាន​ការ​បញ្ជាក់​ថា​លោក​ប្រធានាធិបតី​ ប៊ីនហ្គូ វ៉ា មូដារីកា ​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ស៊ីរី៖ កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​បាន​បាញ់ផ្តក់​លើ​សំបុក​ក្រុម​ប្រឆាំង​នៅ​មុនថ្ងៃ​កំណត់​ចុង​ក្រោយ​បង្អស់​នៅ​ថ្ងៃ​អង្គារ ​ដែល​បាន​ត្រូវ​យល់​ព្រម​សម្រាប់​ការ​បញ្ឈប់​សកម្មភាព​យោធា​ទាំង​អស់ មនុស្ស​ជាង​១០០​នាក់ បាន​ត្រូវ​សម្លាប់​កាល​ពី​ថ្ងៃ​សៅរ៍។

យ៉េមែន៖ ពួក​អ្នក​ស្មោះត្រង់​នឹង​មេទាហាន​ យ៉េមែន​ម្នាក់ គឺ​លោក​ មូហាមេទ សាឡេ អាល អាមារ ​មេបញ្ជាការ​កង​ទ័ព​អាកាស ណនិង​ជា​ប្អូន​ប្រុស​ម្តាយ​ទីទៃ​របស់​អតីត​ប្រធានាធិបតី​អាលី អាបដូឡា​សាលេ បាន​ទ្បោម​ព័ទ្ធ​ចំណត​អាកាសយាន​ក្រុង​​សាណា ហើយ​បាន​បិទ​ជើង​ហោះ​​នៅ​ក្រោយ​លោក​ប្រធានាធិបតិ​បាន​ដក​លោក​ អាមារ ចេញពី​តំណែង​ដែល​បាន​ត្រូវ​ដក​ចេញ​ពី​តំណែង​ដែល​ហាក់​ដូច​ជា​កិច្ច​ខិត​ខំ​ប្រឹងប្រែង​មួយ​ដើម្បី​ដក​ពួក​អ្នក​ស្មោះត្រង់​ជាមួយ​លោក​​សាលេ​ខ្លះ​ចេញ​ពី​តំណែង​សំខាន់ៗ។

ប៉ាទ្បេស្ទីន៖ នៅ​ក្នុង​តំបន់​កាហ្សា ពួក​សមាជិក​នៃអង្គការ​​ហាម៉ាស និយាយ​ថា​ពួក​គេ​បាន​ប្រហារ​ជីវិតបុរស​ប៉ាទ្បេស្ទីន​បី​នាក់​ ហើយ​បុរស​ម្នាក់​ក្នុង​បណ្តា​ពួក​ជន​ទាំង​នេះ​បាន​ត្រូវ​ចោទ​ប្រកាន់​ថា​បាន «ធ្វើ​កិច្ច​សហប្រតិបត្តិការ» ជាមួយអ៊ីស្រាអែល។

សហរដ្ឋអាមេរិក៖ ពួក​មន្ត្រី​អាមេរិកខាង​ការ​ជួយ​សង្គ្រោះ​បាន​និយាយ​ថា​គេ​បាន​រក​ឃើញ​អ្នក​រស់​នៅ​ទាំង​អស់​ក្នុង​ផ្ទះ​ល្វែង​មួយ​ក្នុង​រដ្ឋ​ វីជីនៀ នា​ប៉ែក​ខាង​កើត​ដែល​នៅ​ទី​នោះ​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​មួយ​គ្រឿង​នៃ​កង​ទ័ព​ជើង​ទឹក​អាមេរិកបានធ្លាក់​ទៅ​លើបណ្តាល​ឱ្យ​មនុស្ស​៧​នាក់​ត្រូវ​របួស​ដោយ​មាន​រួម​បញ្ចូល​ទាំង​អ្នក​បើក​យន្តហោះ​ពីរ​នាក់​ផង​ដែរ។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!