VOA News: ព័ត៌មាន: “ការ​ដក​តំណែង​លោក ប៉ូ ស៊ីឡៃ​ ក្លាយ​ជា​រឿង​ធំ​បំផុត​ក្នុង​ប្រព័ន្ធ​ផ្សាយ​របស់​ចិន” plus 1 more

VOA News: ព័ត៌មាន: “ការ​ដក​តំណែង​លោក ប៉ូ ស៊ីឡៃ​ ក្លាយ​ជា​រឿង​ធំ​បំផុត​ក្នុង​ប្រព័ន្ធ​ផ្សាយ​របស់​ចិន” plus 1 more


ការ​ដក​តំណែង​លោក ប៉ូ ស៊ីឡៃ​ ក្លាយ​ជា​រឿង​ធំ​បំផុត​ក្នុង​ប្រព័ន្ធ​ផ្សាយ​របស់​ចិន

Posted: 11 Apr 2012 09:36 AM PDT

បណ្ដាញ​ព័ត៌មាន​ចិន​កាល​ពី​ថ្ងៃ​ពុធ​នេះ ​បាន​សរសេរ​សរសើរ​សេចក្ដី​សម្រេច​ចិត្ដ​របស់​គណបក្ស​កុំម្មុយនីស្ដ​ចិន​ ដែល​ដក​តំណែង​សមាជិក​ជាន់​ខ្ពស់​ម្នាក់​របស់​ខ្លួន​គឺ លោក​ ប៉ូ ស៊ីឡៃ​ (Bo Xilai) ចេញ​ពី​ថ្នាក់​ដឹកនាំ​កំពូល​ដោយសារ​តែ​មាន​រឿង​អាស្រូវ​នយោបាយ​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​កាល​ពី​ពេល​ថ្មីៗ​នេះ។​

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ចិន​ស៊ីនហួរ​សរសេរ​នៅ​យប់​ថ្ងៃ​អង្គារ​ថា ​លោក ​បូ ​បាន​ត្រូវ​ដក​ចេញ​ពី​តំណែង​នៃ​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍ ​Politburo​ ដែល​មាន​សមាជិក​២៥​នាក់​និង​គណៈកម្មាធិការ​​កណ្ដាល​ដែល​មាន​សមាជិក​៣០០​នាក់​ ដោយសារ​តែ​មាន​បទ​រំលោធ​ធ្ងន់ធ្ងរ​ មក​លើ​វិន័យ​របស់​គណបក្ស​ ដែល​នៅ​ក្នុង​ប្រទេស​ចិន​ វា​មាន​ន័យថា​ ប្រព្រឹត្ដ​អំពើ​ពុករលួយ។​

លោក Victor Shih សាស្រ្ដាចារ្យ​រង​បង្រៀន​វិទ្យាសាស្រ្ដ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ Northwestern ស.រ.អ.​ថ្លែង​ថា​ រឿង​អាស្រូវ​ដ៏​កម្រ​នោះ​បាន​លាត​ត្រដាង​បង្ហាញ​ការ​ដើម្បី​អំណាច​ផ្ទៃក្នុង​នៅ​ក្នុង​គណបក្ស​កុម្មុយនិស្ដ​ចិន​នៅ​ពេល​មុន​ការ​ផ្ទេរ​អំណាច។

លោក​និយាយ​ថា៖ «នេះ​បង្ហាញ​ថា​ មាន​ការ​តស៊ូ​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​នយោបាយ​ចិន​ហើយ​រូបភាព​សាមគ្គី​គ្នា ​បង្ហាញ​ពី​ក្រៅ​ថា​ ចិន​ខិតខំ​បង្ហាញ​ខ្លួន​ទៅ​ពិភពលោក ​គ្រាន់​តែ​សម្បក​ខាង​ក្រៅ​បុណ្ណោះ។​ ការណ៍​ពិត​នៅ​ពី​ក្រោយ​វាំងនន ​គេ​មាន​ការ​ប្រកួត​គ្នា​ដ៏​ស្វិតស្វាញ​រវាង​ក្រុម​និយម​ផ្សេងៗ​ក្នុង​ថ្នាក់​ដឹកនាំ​ចិន»។​

ជីវប្រវត្តិ​លោក ប៉ូ ស៊ីឡៃ

ការ​ដក​លោក​ ប៉ូ ស៊ីឡៃ ​ចេញ​ពី​តំណែង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៅ​ក្នុង​គណបក្ស​កុម្មុយនីស្ដ​ចិន​បាន​បំផ្លាញ​ជីវិត​នយោបាយ​ដ៏​ខ្ពង់ខ្ពស់​នៅ​ក្នុង​សន្ដតិវង្ស​នយោបាយ។​

ឪពុក​របស់​លោក​គឺ​លោក ប៉ូ យីប៉ូ (Bo Yibo) ​ជា​ស្ថាបនិក​ម្នាក់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ហើយ​ជា​មេដឹកនាំ​ម្នាក់​ក្នុង​ចំណោម​៨​នាក់ ​ដែល​ត្រូវ​គេ​ប្រសិទ្ធនាម​ថា «មេដឹកនាំ​អមតៈ»​ ដែល​បាន​ដឹកនាំ​នយោបាយ​របស់​ប្រទេស​ចិន​ ចេញ​ពី​កេរ្ដិ៍​មត៌ក​របស់​ម៉ៅ​ សេទុង​ ដើម្បី​ដើរ​ឆ្ពោះ​ទៅ​រក​ប្រព័ន្ធ​ទី​ផ្សារ​សេរី ​ដែល​បាន​នាំ​ប្រទេស​ចិន​ឲ្យ​ក្លាយ​ទៅ​ជា​មហាអំណាច​សេដ្ឋកិច្ច​មួយ​ដែរ។​

លោក​ ប៉ូ ស៊ីឡៃ ​បាន​ចូលរួម​ក្នុង​គណបក្ស​កុម្មុយនីស្ត​ចិន​នៅ​ឆ្នាំ​១៩៨០​ រួច​ឡើង​​បុណ្យ​សក្ដិ​យ៉ាង​ឆាប់​រហ័ស ​ដោយ​កាន់​មុខនាទី​ជា​អភិបាល​ក្រុង​ដៃឡាង​ (Dailan)​អភិបាល​ខេត្ត​ លាវនីង​(Liaoning) និង​រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម។ ​នៅ​ឆ្នាំ​២០០៧​ លោក​បាន​ត្រូវ​តែងតាំង​ជា​មេដឹកនាំ​ក្រុង​ចុងគិញ (Chongqing) ​នៅ​តំបន់​និរតី​ប្រទេស​ រួច​ឡើង​ស័ក្កិ​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​២៥​នាក់​នៃ​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​ Politburo។

ចិន៖ ភរិយា​របស់​ លោក ប៉ូ ស៊ីឡៃ ​អស់​កិត្ដិយស​ បាន​ត្រូវ​ចាត់​ទុក​ជា​ជន​សង្ស័យ​នៅ​ក្នុង​ឃាតកម្ម​ពាណិជ្ជករ​ជាតិ​អង់គ្លេស​ម្នាក់។ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួរ​និយាយ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ថា​នាក់​ស្រី ​Gu Kailai​ បាន​ត្រូវ​អាជ្ញាធរ​ស៊ើប​អង្កេត​ពី​បទ​ឃាតកម្ម​លើ​រូប​លោក Neil Heywood ​ដែល​គេ​រក​ឃើញ​ស្លាប់​ក្នុង​សណ្ឋាគារ​ក្នុង​​ខេត្ដ​ចុងគិញ​ កាល​ពី​ខែ​វិច្ឆិកា។​

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

<!--IMAGE-RIGHT-->

ឥណ្ឌូនេស៊ី៖ ទី​ភ្នាក់ងារ​ភូគព្ភសាស្រ្ដ​ស.រ.អ. ​និយាយ​ថា​ការ​រញ្ជួយ​ផែនដី​កម្រិត​៨,៦​ កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​ឦសាន​ប្រទេស​ឥណ្ឌូនេស៊ី ​ជំរុញ​ឲ្យ​មាន​ការ​ប្រកាស​ភាព​អាសន្ដ​ស៊ូណាមី​ទូទាំង​តំបន់​មហាសមុទ្រ​ឥណ្ឌា។

កូរ៉េ​ខាងជើង៖ មន្ដ្រី​កូរ៉េ​ខាងជើង​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​គេ​បាន​ចាក់​ប្រេង​ឥន្ធនៈ​ចូល​ទៅ​ក្នុង​រ៉ុក្កែត​ ដើម្បី​ប្រុង​ប្រៀប​រៀបចំ​បាញ់​បង្ហោះ​នៅ​ពេល​ឆាប់ៗ​នេះ​ បណ្ដាល​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ប្រទេស​ជិត​ខាង​និង​ស.រ.អ.។

សមុទ្រ​ចិន​ខាង​ត្បូង៖ ការ​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​ធ្ងន់ធ្ងរ​រវាង​ចិន​និង​ហ្វីលីពីន​បង្ហាញ​ឲ្យ​ឃើញ​ថា​គ្មាន​សញ្ញា​នៃ​ការ​ធូរស្រាល​នៅ​ថ្ងៃ​ពុធ​នេះ​ ដោយ​ភាគី​ទាំង​សង្ខាង​ចោទ​គ្នា​ទោស​វិញ​ទៅ​មក​ថា​បាន​រំលោភ​លើ​បូរណភាព​ដែនទឹក​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង។

ភូមា៖ ព្រឹទ្ធសមាជិក​អាមេរិកាំង​ម្នាក់​ដ៏​មាន​ឥទ្ធិពល​ថ្លែង​ថា ​លោក​នឹង​អំពាវនាវ​ដល់​មន្រ្ដី​ស.រ.អ. ​ឲ្យ​រក​មធ្យោបាយ​ណា ​ដើម្បី​ផ្ដល់​រង្វាន់​ដល់​ប្រទេស​ភូមា​ដែល​បាន​បោះ​ជំហាន​ទៅ​មុខ​ ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​កាល​ពី​ពេល​ថ្មីៗ​នេះ។

អាមេរិក៖ បេក្ខជន​ប្រធានាធិបតី​ មីត រ៉មនី ​(Mitt Romney) អាច​ផ្ដោត​អារម្មណ៍​របស់​លោក​មក​លើ​ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា​ នៅ​ថ្ងៃ​ពុធ​នេះ ​មួយ​ថ្ងៃ​ក្រោយ​ពី​គូ​ប្រជែង​ពី​គណបក្ស​សាធារណរដ្ឋ​ បាន​បញ្ឈប់​ការ​ប្រកួត​ជាមួយ​លោក។

កូរ៉េ​ខាង​ត្បូង៖ គណបក្ស​ធំៗ​ពីរ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ប្រកួត​គ្នា​ដ៏​កិតៗ ​ដើម្បី​ដណ្តើម​កាន់កាប់​ក្នុង​រដ្ឋសភា​ដោយ​គេ​មើល​ឃើញ​ថា​ នេះ​ជា​ការ​បង្ហាញ​ប្រាប់​ឲ្យ​ឃើញ​មុន​ អំពី​ការ​បោះឆ្នោត​ជ្រើស​តាំង​ប្រធានាធិបតី​ ដែល​នឹង​ប្រព្រឹត្ដ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ។

ស៊ីរី៖ ប្រេសិត​ពិសេស​អន្ដរជាតិ​ទៅ​កាន់​ប្រទេស​ស៊ីរី​ លោក កុហ្វី​ អាណាន់ ​ថ្លែង​ថា​​រដ្ឋាភិបាល​ស៊ីរី​បាន​ធានា​ប្រាប់​លោក​ថា​ គេ​នឹង​គោរព​ទៅ​តាម​បទ​ឈប់​បាញ់​គ្នា​​ជាមួយ​ក្រុម​បះបោរ​ តិច​ជាង​២៤​ម៉ោង​មុន​នឹង​កំណត់​ពេល​ចូល​មក​ដល់​​ដើម្បី​បញ្ឈប់​ការ​បាញ់​គ្នា។

ម៉ាលី៖​ អ្នក​នយោបាយ​ថ្នាក់​ខ្ពស់​នៃ​ប្រទេស​ម៉ាលី​និយាយ​ថា​ លោក​មាន​ជំនឿ​ថា​គណបក្ស​នយោបាយ​ទាំង​អស់​នឹង​សហការ​គ្នា​ជាមួយ​រដ្ឋាភិបាល​បណ្ដោះ​អាសន្ដ​នៅ​ពេល​ដែល​ប្រទេស​នោះ​រៀបចំ​ខ្លួន​ដើម្បី​ធ្វើ​សម្បថ​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​​បណ្ដោះ​អាសន្ដ។

រុស្ស៊ី៖​ នាយករដ្ឋមន្ដ្រី​រុស្ស៊ី ​លោក ​Vladimir Putin​ អំពាវនាវ​ដល់​ពលរដ្ឋ​រុស្ស៊ី ​សុំ​ឲ្យ​ជៀសវាង​ការ​គុំគួន​ខាង​នយោបាយ ​ដែល​បាន​នាំ​ឲ្យ​មាន​បាតុករ​ច្រើន​ពាន់​នាក់​ ដើរ​តវ៉ា​នៅ​លើ​ផ្លូវ​ ក្រោយ​ពី​ការ​បោះឆ្នោត​ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​បែកបាក់។

សេដ្ឋកិច្ច​អាស៊ី៖ ​សេចក្ដី​រាយការណ៍​ថ្មី​មួយ ​ដោយ​ធនាគារ​អភិវឌ្ឍ​អាស៊ី​និយាយ​ថា​ ការ​លូតលាស់​សេដ្ឋកិច្ច​ដ៏​លឿន​នៅ​តំបន់​អាស៊ី​បាន​បង្កើត​គម្លាត​ធំធេង​នៃ​ប្រាក់​ចំណូល​ដែល​គំរាម​ដល់​ការ​លូតលាស់​និង​ស្ថិរភាព។

<!--AV-->

This posting includes an audio/video/photo media file: Download Now

សហគមន៍​ខ្មែរ​ក្រុង​ឡុង​ប៊ិច​ផ្អាក​ការ​ដង្ហែរ​​ក្បួន​​សិល្បៈ​​វប្បធម៌​​ប្រចាំ​ឆ្នាំ​ដោយ​សារ​បញ្ហា​ថវិកា​

Posted: 11 Apr 2012 10:05 AM PDT

ជា​រៀង​រាល់​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០០៥ ​គឺ​នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​ទី​មួយ​នៃ​ខែ​មេសា​ប្រជា​​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​តែង​តែ​បាន​ទស្សនា​ក្បួន​ដង្ហែរ​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​នៅ​តាម​ដង​មហាវិថី​ឈ្មោះ​ថា Anahiem ​ដែល​គេ​សន្មត់​ថា​ជា​ក្រុង​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក។ ដោយ​ឡែក​ឆ្នាំ​នេះ​ ក្បួន​ដង្ហែរ​ត្រូវ​បាន​ផ្អាក​លើក​ទៅ​ឆ្នាំ​ក្រោយ ​ហើយ​ជំ​នួស​មក​វិញ​ដោយ​បុណ្យ​វប្បធម៌​ខ្មែរ​ដែល​បាន​ធ្វើ​ឡើង​ ​នៅ​សួនឧទ្យាន​MacArthur  ក្នុង​ទីក្រុង​ឡុង​ប៊ិច។

ប្រជា​ពលរដ្ឋ​ជាច្រើន​ឆ្ងល់​ពី​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​ក្បួន​ដង្ហែរ​ត្រូវ​បាន​លើក​ទៅ​ឆ្នាំ​ក្រោយ​និង​មាន​ខ្លះ​បាន​សម្តែង​ការ​ខក​ចិត្ត​លាយ​ឡំ​និង​ការ​សោកស្តាយ។

លោក ម៉េង ស្ទីវ (Steve Meng)​ ជា​ប្រធាន​ សភា​សង្គម​ខ្មែរ​ទទួល​បន្ទុក​ខាង​រៀបចំ​ក្បួន​ដង្ហែរ​ប្រចាំ​ឆ្នាំ ​បាន​បំភ្លឺ​ថា៖

«ចំពោះ​ខ្ញុំ Parade ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ខ្មែរ​យើង។ ខ្ញុំ​​មាន​​ការ​អន់​ចិត្ត​​និង​​សោក​ស្តាយ​​ដោយ​សារ​​សង្គម​​យើង​ទាំង​មូល​មាន​ប្រជាជន​ខ្មែរ​ច្រើន​ជាង​គេ​បង្អស់​លើ​ពិភពលោក​បន្ទាប់​​ពី​​ប្រទេស​​កម្ពុជា ​ដល់​​ពេល​អត់​មាន​ Parade ​អញ្ចឹង​​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​យើង​មាន​ការអន់ចិត្ត។ គាត់​សួរ​ថា​ហេតុ​អ្វី​? ចម្លើយ​ខ្ញុំឆ្លើយគឺមានតែមួយគត់គឺរឿងថវិកា។ បង​ប្អូន​​យើង​​គាត់​​ចង់​​ជួយ​​ទៅ​​តាម​​សណ្តាន​​ចិត្ត​​របស់​​គាត់​​មួយ​​រៀល​ពីររៀល​តែ​នៅ​តែ​មាន​ការខ្វះខាត»។

មាន​ប្រជា​ពលរដ្ឋ​មិន​តិច​ជាង ​១​ម៉ឺន​នាក់​ទេមក​ទស្សនា ​ក្បួន​ដង្ហែរ​នៅ​តាម​ដង​ផ្លូវ​ Anahiem ​រាល់​ឆ្នាំ​ហើយ​ការចំណាយ​ទៅ​លើ​ក្បួន​ដង្ហែរ​នេះ​ក៏​អស់​ទឹកប្រាក់​យ៉ាង​ហោច​ណាស់ ​៣​ទៅ​៤ម៉ឺន ​ដុល្លារ។

លោក​ Steve Meng ​បញ្ជាក់​បន្ថែម​ថា​​កត្តា​សំខាន់​គឺ​អ្នក​ឧបត្ថម្ភ​កម្មវិធី​មាន​ការ​ថម​ថយ​ចុះ៖

«បញ្ហា​សំខាន់​គឺ​អត់​មាន​ sponsor​ (អ្នកឧបត្ថម្ភ​កម្មវិធី)។ ជំនួយ​​​លុយ​​​ចូល​​មក​​ក៏​មាន​តិច​តួច​ យើង​មាន​តែ​១ម៉ឺន​ពីរ​ម៉ឺន​ក៏​ធ្វើ​ទៅ​ពិបាក​ដែរ​ ម្យ៉ាង​​ទៀត​​​លុះ​​​ត្រា​​​តែ​​សង្គម​ខ្មែរ​យើង​ចូល​រួម​សាមគ្គី​គ្នា​បាន​ទៅ​រួច​បើ​ថា​យើង​មាន​តែ​ពីរ​បី​នាក់​ហើយ​មាន​​អ្នក​​ខ្លះ​ចាំតែ​ឱប​ដៃ​នៅ​និយាយ​ពី​ក្រោយ ​ថា​ធ្វើអញ្ចេះ​ ធ្វើ​អញ្ចុះ​ មិន​មក​ជួយ​ក៏​មិន​អាច​ទៅ​បាន​ល្អ​ដែរ»។

ប្រជា​ពលរដ្ឋ​​នៅ​​ទីក្រុង​ឡុងប៊ិច​​ម្នាក់​​គឺ​លោកស្រី​ធារី​ក៏បាន​ប្រាប់​ឱ្យ​ដឹង​ពី​អារម្មណ៍​របស់​គាត់​នៅពេល​ដែល​ដឹង​ថា​មិនមាន​ក្បួន​ដង្ហែ​ប្រចាំ​ឆ្នាំ​ថា៖

«តាម​ធម្មតា​ខ្មែរ​យើង​ទើប​មាន​ Parade ​ប៉ុន្មាន​ឆ្នាំ​នេះ​មើល​ទៅ​ដូចជា​មាន​ភាពអ៊ូអរ​រីករាយ​ច្រើន​ដល់​ពេល​អត់​មាន​អញ្ចឹង​ទៅ​ដូចជា​មាន​អារម្មណ៍​ស្រងាក​ចិត្ត​ដែរ។ ធ្លាប់តែ​ឃើញ​អ៊ូអរ​ដូច​សាសន៍​​ដទៃ ​ដល់​ពេល​បាត់​ទៅវិញ ​ធ្វើឱ្យ​យើង​មាន​ការខកចិត្ត។ បើសិន​ថ្ងៃ​ក្រោយ​បាន​សុំ​គេ​ Parade បាន​ទៅ​កាន់​តែ​ល្អ»។

ជំនួស​មក​វិញ ​មាន​​ប្រជា​ពលរដ្ឋ​នៅ​ទីក្រុង​ឡុងប៊ិច​ជាង ១.០០០​នាក់ នៅ​តែ​​អាច​​មក​​ជួបជុំ​​គ្នា​​ទស្សនា​ពិធី​បុណ្យ​វប្បធម៌​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ក្រុងខ្មែរ ​កាល​ពី​ថ្ងៃ​ទី​១​ខែ​មេសា​កន្លង​ទៅ​នេះ។ ​នៅក្នុង​បុណ្យ​វប្បធម៌​នេះ​មាន​ការសម្តែង​សិល្បៈ​ជាច្រើន​បែប ​ដូចជា​របាំ​បុរាណ​ខ្មែរ ​របាំ​ប្រជាប្រិយ៍ ភ្លេង​បុរាណ​ខ្មែរ ​ចម្រៀង​សម័យ ​ក្បាច់​គុណ​ល្បុកត្តោ​ខ្មែរ ​ការទាត់សី ​ម្ហូប​អាហារ​ខ្មែរ​ ដែល​មាន​ដូច​ជា ​នំ​បញ្ចុក ​នំ​គ្រក់ ​រួម​ទាំង​ការប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ផង​ដែរ។

លោក​សំណាង ​ជា​ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ទីក្រុង​ឡុងប៊ិច​បាន​ប្រាប់​ឱ្យ​ដឹង​ពី​អារម្មណ៍​របស់​គាត់​ពេល​ដែល​មក​ចូលរួម​បុណ្យ​វប្បធម៌​នេះ​ថា៖

«បើ​តាម​ខ្ញុំ​គិត​ទៅ​ក៏​មិន​មាន​បញ្ហា​អ្វី​ដែរ​ព្រោះ​ខ្មែរ​យើង​ពី​ដើម​ឡើង​ក៏​មិន​ដែល​មាន​ Parade​ អ្វី​ដែរ​ នៅ​ស្រុក​ខ្មែរ​ក្តី។ បើសិន​អត់​មាន​ក៏​មិន​មាន​បញ្ហាអ្វី​ដែរ​ឱ្យតែ​បាន​មក​ជួប​ជុំ​គ្នា​ឃើញ​មុខ​គ្នា​ហើយ​យើង​ឃើញ​សិល្បៈ​អ្វី​ទាំងអស់​ហ្នឹង​គឺ​យើង​សប្បាយ​ចិត្ត​ណាស់​ទៅ​ហើយ»។

លោក សាន រិចឈើ (Richer San) ​ជា​អនុ​ប្រធាន​អង្គការ​ក្រុងខ្មែរ ​បាន​ប្រាប់​ឱ្យ​ដឹង​ពី​គោល​បំណង​នៃ​បុណ្យ​វប្បធម៌​ខ្មែរ​នេះ​ថា៖

«យើង​ចង់​ឱ្យ​កូន​ខ្មែរ​កើត​នៅ​ទីនេះ​ដឹង​ពី​វប្បធម៌ ​អរិយធម៌​សិល្បៈ​ខ្មែរ​យើង​វា​យ៉ាង​ម៉េច។ ទីពីរ​ ពេល​យើង​ធ្វើ​បុណ្យ​ម្តងៗ ​សាសន៍​យើង​ក៏​មក​សាសន៍​គេ​ក៏​មក ​តែ​គេ​មក​ គេ​ទិញ​អី​អី​ នេះ​ធ្វើ​ឱ្យ​មាន​សកម្មភាព​ក្នុង​សេដ្ឋកិច្ច។ ហើយ​ដោយសារ​យើង​គ្មាន​Parade ​ឆ្នាំ​នេះ​ដោយសារ​គ្មាន​ថវិកា ​ខាង​​អង្គការ​​ក្រុង​​​ខ្មែរ​​​ក៏​​រួប​រួម​​គ្នា​​ជាមួយ​ចៅសង្កាត់​ទី៦​ធ្វើ​បុណ្យ​នេះឡើង​ដើម្បី​ឱ្យក្រុងខ្មែរ​របស់​យើង​​មាន​​សកម្មភាព»។

លោក ​Meng Steve ​ក៏​មាន​ការព្រួយ​បារម្មណ៍​ពី​ផលប៉ះពាល់​នៃ​ការ​គ្មាន ​ក្បួន​ដង្ហែរ ​ផង​ដែរ​ថា​នឹង​អាច​ប៉ះពាល់​ដល់​មុខ​ជំនួញ​ជួញដូរ​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្រុង​ខ្មែរ៖

«ការ​ធ្វើ​Parade ​គឺ​មាន​បងប្អូន​ខ្មែរ​យើង​មក​ពី​ទីក្រុង​ផ្សេងៗ​និង​រដ្ឋ​ផ្សេងៗ ​ច្រើន​ហើយ​ Long Beach​ យើង​គឺ​មាន​របស់​ខ្មែរ​ច្រើន​ណាស់ ​ជា​ពិសេស ​ម្ហូបអាហារ ​សម្លៀក​បំពាក់ ​កាសែត ​CD DVD។ ពេល​គាត់​មក​ គាត់​ទិញ​របស់​ទាំង​នេះ​យក​ទៅ​ស្រុក​គាត់​វិញ។ ដូច្នេះ ​អត់​Parade business ​នឹង​អាច​អន់​ថយ»។

លោក ​សានរិចឈើ ​ក៏​ជា​អ្នក​ជួយ​រៀបចំ ​ក្បួន​ដង្ហែរ​ដែរ​ហើយ​លោក​​បង្ហាញ​ក្តី​សង្ឃឹម​ថា​ ឆ្នាំ​ក្រោយ ​នឹង​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន ​ក្បួន​ដង្ហែរ​ឡើង​វិញ។ លោក​បាន​មាន​ប្រសាសន៍​ថា៖

«ឥឡូវ​យើង​សង្ឃឹម​ទាំង​អស់​គ្នា ​ថា​នឹង​យក ​Parade ​យើង​មក​វិញ។ ប៉ុន្តែ​ខំ​ក៏​យើង​កំពុង​បារម្មណ៍​ដែរ​ពី​រឿង​លុយ។ បងប្អូន​ខ្មែរ​យើង​ជា​ពិសេស​អាជីវករ ​គាត់​ចង់​បាន ​Parade ​ណាស់ ​ក៏​ប៉ុន្តែ ​យើង​អត់​មាន​ថវិកា។​ យើង​មិន​សប្បាយ​ចិត្ត​ប៉ុន្តែ​យើង​ត្រូវ​ទទួល​ស្គាល់​ការណ៍​ពិត»។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​សភា​សង្គម​ខ្មែរ​នឹង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ចូលឆ្នាំ​មួយ​ទៀត​នៅថ្ងៃ​ទី​ ២១​ខែ​មេសា ​ខាង​មុខ​នេះ ​នៅ​ឧទ្យាន​ជាតិ El Dorado ​ទីក្រុង​ឡុងប៊ិច ​រដ្ឋ​កាលីហ្វញ៉ា៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!