VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ០៩ មេសា ២០១២៖ ការ​តំណាង​យុវជន​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់” plus 3 more

VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ០៩ មេសា ២០១២៖ ការ​តំណាង​យុវជន​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់” plus 3 more


ហេឡូ​វីអូអេ ០៩ មេសា ២០១២៖ ការ​តំណាង​យុវជន​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់

Posted: 10 Apr 2012 12:27 PM PDT

គណបក្ស​នយោបាយ​តែងតែ​លើក​ឡើង​អំពី​គោល​នយោបាយ​គាំទ្រ​យុវជន​ ប៉ុន្តែ​តើ​គណបក្ស​នយោបាយ​ណា​ខ្លះ​នឹង​ដាក់​បេក្ខជន​ជា​យុវជន​ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នាពេលខាងមុខ? តើ​ការ​ធ្វើ​បែប​នេះ​មាន​សារៈសំខាន់​យ៉ាង​ដូចម្តេច​ខ្លះ?

វាគ្មិន​ដែល​ចូល​មក​បកស្រាយ​ប្រធានបទ​នេះ​គឺ លោក យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​និង​សន្តិភាព។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​០៩ ខែ​មេសា​ ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

ហ្វីលីពីន​និង​វៀតណាម​នឹង​លេង​កីឡា​រួម​គ្នា​លើ​កោះ​ស្ព្រែតលី

Posted: 10 Apr 2012 10:16 AM PDT

បើ​យោង​ទៅ​តាម​មេបញ្ជាការ​យោធា​ជើងទឹក​របស់​ប្រទេស​ហ្វីលីពីន​ ទាហាន​ហ្វីលីពីន​ និង​ទាហាន​វៀតណាម​បាន​រួមគ្នា​លេង​កីឡា​នៅ​លើ​កោះ​ស្ព្រែតលី (Spratlys) ​ក្នុង​គោលបំណង​នឹង​ធ្វើ​ឲ្យ​ធូរស្រាល​ដល់​ស្ថានការណ៍​តានតឹង​នៅ​លើ​ជួរ​កោះ​ស្ព្រែតលី​នៃ​តំបន់​សមុទ្រ​ចិន​ភាគ​ខាងត្បូង។

តាម​ពាក្យ​របស់​ឧត្ដមនាវី​រង​ហ្វីលីពីន Alexander Pama ​ ដែល​និយាយ​ថា «យើង​នឹង​បញ្ជូន​ទាហាន​យើង​ទៅ​លើ​កោះ​ និង​ភាគី​មួយទៀត ​នឹង​បញ្ជូន​ទាហាន​របស់​គេ​ដែរ​ ដើម្បី​លេង​កីឡា​ផ្សេងៗ​ ដូច​ជា​បាល់បោះ​និង​បាល់ទាត់។

កោះ​នោះ ​ដែល​ទាមទារ​ដោយ​ចិន​ផង​ដែរ ​បាន​ត្រូវ​គេ​មើល​ឃើញ​ថា​ ជា​ចំណុច​ក្ដៅ​តែ​មិន​ឃើញ​មាន​អាវុធ​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ទេ។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

ឥណ្ឌូនេស៊ី៖ ជន​ស្វែង​រក​ទី​ជម្រក​ថ្មី​ដែល​ប្រាថ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្រាលី ​បាន​ចាក​ចេញ​ពី​នាវា​ដឹកប្រេង​ដែល​ស្រោចស្រង់​ជីវិត​ខ្លួន​នៅ​លើ​សមុទ្រ​ហើយ​ ក្រោយ​ពី​បាន​ប្រឈម​មុខ​នឹង​អាជ្ញាធរ​ឥណ្ឌូនេស៊ី​មក។

<!--IMAGE-RIGHT-->ស៊ីរី៖ សកម្មជន​នៅ​ក្នុង​ប្រទេស​ស៊ីរី​រាយការណ៍​ថា ​ការ​វាយ​ប្រហារ​មក​លើ​ទី​ក្រុង​ពីរ​នឹង ​មិន​ឃើញ​មាន​ការ​ដក​កងទ័ព​ចេញ​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ ទោះបី​ជា​រដ្ឋាភិបាល​ស៊ីរី​ និយាយ​អះអាង​ថា​ ខ្លួន​ចាប់ផ្ដើម​ដក​កងទ័ព​ចេញ​ពី​ទី​ក្រុង​ខ្លះ​ ដោយ​អនុវត្ដ​តាម​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​ សម្របសម្រួល​ដោយ​អ.ស.ប.។

កូរ៉េ​ខាងជើង៖ នៅ​ថ្ងៃ​អង្គារ​នេះ​ កូរ៉េ​ខាងជើង​និយាយ​ថា​បាន​បញ្ចប់​កិច្ចការ​រៀបចំ​បាញ់​បង្ហោះ​រ៉ុក្កែត​ដែល​ជា​វិធានការ​ថ្កោល​ទោស​ដោយ​សហគមន៍​អន្ដរជាតិ។

នាយក​រង​នៃ​កម្មវិធី​អវកាស​កូរ៉េ​ខាងជើង​ Ryu Gun Chol ​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​ទី​ក្រុង​ព្យុងយ៉ាង​ថា​ រ៉ុក្កែត​នោះ​រៀបចំ​ហើយ​ស្រេច​ដើម្បីបាញ់​បង្ហោះ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍។ ​អ្នក​កាសែត​អន្ដរជាតិ​រាប់​ទាំង​ពី​វីអូអេ​ផង ​បាន​ត្រូវ​នាំ​ឲ្យ​ទៅ​មើល​ទី​កន្លែង​បាញ់​បង្ហោះ​កាល​ពី​ថ្ងៃ​អាទិត្យ។

ម៉ាឡេស៊ី៖ នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​ម៉ាឡេស៊ី ​លោក​ ណាជិប ​រាហ្សាក ​បាន​ចេញ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​មួយ​ដែល​រារាំង​ប៉ូលីស​មិន​ឲ្យ​ចាប់​ចង​ជន​សង្ស័យ​គ្មាន​ពេល​កំណត់​ដោយ​ មិន​មាន​ការ​កាត់ក្ដី​ ដោយសារ​តែ​ជំនឿ​នយោបាយ​របស់​គេ។

អ.ស.ប.៖ ក្រុម​ប្រឹក្សា​សន្ដិសុខ​អ.ស.ប. ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ដ៏​ជ្រាលជ្រៅ​មកលើ​ការ​គំរាម​ភេរវកម្ម​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​ម៉ាលី​ ដោយ​និយាយ​ថា​ សមាជិក​របស់​ក្រុម​ អាល់កៃដា​នៅ​ក្នុង​ក្រុង​មាក្រេប​ និង​ក្រុម​និយម​ជ្រុល​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​បះបោរ​ដែល​បាន​វាយ​ដណ្ដើម​ តំបន់​ភាគ​ខាងជើង​ប្រទេស។

ចិន៖ ប្រទេស​ចិន​បាន​កាត់ទោស​ដាក់​គុក​២​ឆ្នាំ​៨​ខែ​ ដល់​សកម្មជន​ពិការ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​​តាម​បទចោទ​ប្រកាន់​ពី​បទ​បណ្ដាល​ឲ្យ​មាន​ភាព​វឹកវរ​និង​ប្រព្រឹត្ដ​ការ​កេង​បន្លំ​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា។

អាហ្វហ្គានីស្ថាន៖ អត្ដឃាតជន​បាន​បំផ្ទុះ​គ្រាប់បែក​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១៥​នាក់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នៅ​តំបន់​ភាគ​ខាងលិច ​និង​ខាង​ត្បូង​ប្រទេស​អាហ្វហ្គានីស្ថាន​ បណ្ដាល​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​អំពី​ការ​វាយប្រហារ​ជា​ថ្មី​នៅ​រដូវ​ស្លឹក​ឈើ​លាស់។

ប៉ាគីស្ថាន៖ អ្នក​ជួយ​សង្រ្គោះ​រាប់រយ​នាក់​នៅ​បន្ដ​តាម​ស្វែងរក​ជនរងគ្រោះ​ពី​ការ​រមៀល​ទឹកកក​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ ដែល​បាន​សម្លាប់​មនុស្ស​ជាង​១៣៥​នាក់​ មាន​ទាហាន​និង​ជន​ស៊ីវិល​ផង ​ដែល​បាន​ត្រូវ​កប់​ដោយ​ទឹកកក​នៅ​ក្នុង​បន្ទាយ​ទាហាន​ នៅ​ ជិត​តំបន់​កាស្មៀរ​ភាគ​ខាង​ជើង​ប្រទេស។

 

<!--AV-->

This posting includes an audio/video/photo media file: Download Now

ឌុចថា​អៀង សារី​ដឹង​ពីកាសម្រេច​ចាប់​ខ្លួន​កម្មាភិបាល​ខ្មែរ​ក្រហម

Posted: 10 Apr 2012 02:11 AM PDT

អតីត​ប្រធាន​មន្ទីរ​ស-២១ ​ឌុច ​បាន​ប្រាប់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​អៀង ​សារី ​អតីត​ឧបនាយករដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម​អាច​ទទួល​បាន​ដំណឹង​ជា​មុន​ពី​ការ​សម្រេច​ចាប់​ខ្លួន​ជន​ណា​ម្នាក់​ក្នុង​ក្រសួង​របស់​លោក​ បើ​ទោះបីជា​ពុំ​មាន​ភស្ដុតាង​ជាក់ស្ដែង​ថា​ អៀង ​សារី ​បាន​ដាក់​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ជន​ទាំង​នោះ​ក៏ដោយ។

ឌុច ​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ក្នុង​សំណុំរឿង ​០០១ ​កំពុង​ផ្តល់​សក្ខីកម្ម​ប្រឆាំង​នឹង​អតីត​មេដឹកនាំ​កំពូល​របស់​ខ្លួន​ចំនួន​បី​នាក់​គឺ​នួន ​ជា ​ខៀវ ​សំផន ​និង ​អៀង ​សារី ​ជាប់ចោទ​ក្នុង​សំណុំរឿង ​០០២។ ​ការ​ផ្ដល់​សក្ខីកម្ម​ទាក់ទង​នឹង​ប្រព័ន្ធ​ទំនាក់ទំនង​ការងារ ​ការ​ចាត់តាំង​រចនា​សម្ព័ន្ធ​រដ្ឋបាល​ ការ​បណ្ដេញ​ប្រជាពលរដ្ឋ និង​តួនាទី​របស់​ជន​ជាប់​ចោទ។

ឌុច ​បាន​ឆ្លើយ​សំណួរ​របស់​លោក​សហមេធាវី​អន្ដរជាតិ​របស់​អៀង ​សារី ​គឺ​លោក​ម៉ាយឃើល ខាណាវ៉ាស ( Michael Karnavas) ចំពោះ​កង្វះខាត​ភស្ដុតាង​របស់​ឌុច ​ដែល​អាច​បញ្ជាក់​ថា​ កូនក្ដី​របស់​លោក​បាន​ចូលរួម​ពិភាក្សា​បញ្ហា​ចាប់​ខ្លួន​បុគ្គលិក​នៅ​ក្រសួង​ការបរទេស​យក​ទៅ​ដាក់​គុក​ទួលស្លែង​ ឬ ​មន្ទីរ​ស-២១ ​នោះ។ បន្ទាប់​មក​បុគ្គលិក​ទាំង​នោះ​ត្រូវ​សម្លាប់ចោល។

«ឯកសារ​ដែល​ទាក់ទង​នឹង​អៀង ​សារី​គឺ​ទាក់ទង​មនុស្ស​នៅ​ក្នុង​អង្គភាព​របស់​គាត់។ តែ​ឲ្យ​រក​អំណាច​ អៀង ​សារី ​គ្មាន​ទេ។ បើ​រឿង​ហ្នឹង ​អៀង ​សារី ​មិន​ទៅ​ចូលរួម​អចិន្ត្រៃយ៍​ គេ​មិន​សម្រេច​ក្នុង​អចិន្ត្រៃយ៍​ហ្នឹង​ទេ​។ ​ប៉ុល ​ពត ​គាត់​សម្រេច​ក៏​គាត់​គង់​តែ​ឲ្យ​យោបល់​មក​ អៀង ​សារី ​ដែរ។ ជា​គោលការណ៍ ​គាត់​ត្រូវ​តែ​ដឹង»។

ចំពោះ​សំណួរ​របស់​លោក ​ខាណាវ៉ាស ​ដែល​ថា​ តើ​មាន​បុគ្គលិក​ក្រសួងការ​បរទេស​ត្រូវ​ចាប់ខ្លួន ​និង​សម្លាប់​ចោល​នៅ​មន្ទីរ​ស-២១ ដែរ​ឬយ៉ាងណា? ឌុច​បាន​ឆ្លើយ​យ៉ាង​លឿន​ថា «ពិត​ជា​មាន​បុគ្គលិក​ទាំង​នោះ​ចំនួន​ច្រើន» ត្រូវ​ចាប់​ខ្លួន។

ឌុច​បញ្ជាក់​ថា អង្គការ​របស់​ពួក​ខ្មែរក្រហម​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ និង​កម្មាភិបាល​របស់​ខ្លួន​យក​ទៅ​ឃុំឃាំង​ និង​សម្លាប់ចោល​ដោយ​ចោទ​ប្រកាន់​គេ​ចំនួន​បី​ចំណុច ​គឺ​ជន​ត្រូវ​ចាប់​ខ្លួន​ត្រូវ​ជឿ​ថា ​គឺ​ជា​ភ្នាក់ងារ​ចារកម្ម​របស់​អាមេរិក (CIA) ឬ ​ជា​ចារកម្ម​របស់​រុស្ស៊ី (KGB) ឬ​ជា​ភ្នាក់ងារ​បង្កប់​ស៊ីរូង​ផ្ទៃក្នុង​របស់​វៀតណាម។

ឌុច​បាន​រៀបរាប់​ក្នុង​សវនាការ​នៅ​ថ្ងៃ​នេះ​ទៀត​ថា ចម្លើយ​សារភាព​ដែល​បាន​មក​ពី​ការ​ធ្វើ​ទារុណកម្ម​ជម្រិត​យក​ចម្លើយ​នោះ​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​សុន ​សេន ​ដែល​កាល​នោះ​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​សន្ដិសុខ​ និង​ការពារជាតិ ​និង​នួន ​ជា ​បងធំ​ទីពីរ​បន្ទាប់​ពី ​ប៉ុល ​ពត ​និង ​ក៏​ជា​មេ​មនោគមវិជ្ជា​នៃ​របប​ខ្មែរក្រហម​ផងដែរ។ ឌុច បន្ថែម​ថា​ជួនកាល​មេដឹកនាំ​ខ្មែរក្រហម​ទាំង​ពីរ​នាក់​បាន​ដាក់​បញ្ជា​ឲ្យ​សួរ​ចម្លើយ​ឡើងវិញ។

ក្នុង​ការ​ផ្តល់​សក្ខីកម្ម​កាល​ពី​សប្ដាហ៍​មុនៗ​ឌុច ​បញ្ជាក់​ថា ខ្លួន​មិន​ដែល​បាន​ជួប​ អៀង ​សារី​ ដោយ​ផ្ទាល់​នោះ​ទេ​ ក្នុង​របប​ខ្មែរក្រហម។ ប៉ុន្ដែ​គាត់​បាន​ឃើញ​ អៀង ​សារី ​ចំនួន​ពីរ​ដង​មុន​នឹង​របប​នេះ​ត្រូវ​ផ្តួល​រំលំ។

មេធាវី​របស់​ អៀង ​សារី ​បាន​ចោទ​សួរ​ដេញដោល​ ឌុច ​លើ​ឯកសារ​ជា​ច្រើន​ក្នុង​សវនាការ។ ជួនកាល​ឌុច ​បាន​ស្ដីបន្ទោស​លោក ​ម៉ាយឃើល ​ខាណាវ៉ាស ​ដោយ​ការ​ខឹង​សម្បារ​វិញ​ថា លោក​ម៉ាយឃើល ​ខាណាវ៉ាស ​បាន​ចោទសួរ​សំណួរ​ច្រំដែលៗ​ដែល​គាត់​មិន​ចង់​ឆ្លើយ​តប។

ទោះជាយ៉ាងណា ឌុច ​ចាត់​ទុក​ថា ​អៀង ​សារី ​មាន​វីរភាព​មួយ​ ក្នុង​ការ​ការពារ​កូន​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​ចំនួន​ពី​ការ​កាប់​សម្លាប់​ បន្ទាប់​ពី​ឱពុកម្ដាយ​របស់​ពួក​គេ​ត្រូវ​ចាប់​ខ្លួន ​និង​សម្លាប់​ចោល។​ ឌុច ​បាន​ឲ្យ​ដឹង​ថា​ជា​មាគ៌ា​របស់​ពួក​ខ្មែរក្រហម​គឺ​ថា ​នៅ​ពេល​ដែល​មាន​ការ​សម្រេច​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ណាមួយ​យក​មក​ដាក់​គុក ​កូនៗ​របស់​ពួក​គេ​ក៏​នឹង​ត្រូវ​នាំខ្លួន​យក​ទៅ​សម្លាប់​ចោល៕

This posting includes an audio/video/photo media file: Download Now

មន្ត្រី​មហាផ្ទៃ​កម្ពុជា​ថា​មិនទាន់​មាន​ភស្តុតាង​បញ្ជាក់​ថា​ហ៊ុន តូ​រត់​គ្រឿង​ញៀន

Posted: 09 Apr 2012 07:13 PM PDT

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​អះអាង​ថា ក្រសួង​មហាផ្ទៃ​កម្ពុជា​នៅ​មិន​ទាន់​បាន​រកឃើញ​ភស្តុងតាង​ណាមួយ​ដែល​បាន​បញ្ជាក់​ថា ​លោក​ឧកញ៉ា ​ហ៊ុន ​តូ ​និង​លោក​ឧកញ៉ា ​គិត ​ម៉េង ​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​រត់ពន្ធ​ថ្នាំញៀន ​និង​លាងលុយ​កខ្វក់​នៅ​ប្រទេស​អូស្ត្រាលី ​ដែល​មានតម្លៃ​មួយ​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នោះ​ទេ។

កាល​ពី​ចុង​ខែ​មិនា កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​របស់​អូស្ត្រាលី​បាន​រាយការណ៍​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​ដែល​មាន​ខ្លឹមសារ​ថា អាជ្ញាធរ​អូស្រ្តាលី​មាន​គម្រោង​ចាប់​ខ្លួន​លោក​ឧកញ៉ា ​ហ៊ុន តូ។ ​ក៏ប៉ុន្តែ​ត្រូវ​បាន​អាកខាន​ទៅវិញ ​ដោយសារ​តែ​ស្ថានទូត​អូស្រ្តាលី​ប្រចាំ​ទីក្រុង​ភ្នំពេញ​មិន​បាន​ផ្តល់​ទិដ្ឋាកា​ដល់​លោក ​ហ៊ុន ​តូ ដោយ​ខ្លាច​ប៉ះពាល់​ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា​ និង​អូស្រ្តាលី។

ការ​ប៉ុនប៉ង​ចាប់​ខ្លួន​ឧកញ៉ា ​ហ៊ុន​ តូ ដោយសារ​តែ​អាជ្ញាធរ​សង្ស័យ​ថា លោក​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​រត់ពន្ធ​ថ្នាំញៀន ​និង​លាងលុយ​កង្វក់​ទៅ​កាន់​អូស្ត្រាលី។​ កាសែត​នោះ​ក៏​បាន​បញ្ជាក់​ថា​ក្នុង​ពេល​នោះ​លោក​គិត ម៉េង ក៏​មាន​ទំនាក់​ទំនង​រកស៊ី​ជាមួយ​លោក ហ៊ុន តូ​ដែរ​ប៉ុន្តែ​មិន​បាន​លើក​ឡើង​ថា​លោក​គិត​ ម៉េង ​ពាក់ព័ន្ធ​ក្នុង​សកម្ម​ភាព​ឧក្រិដ្ឋ​នោះ​ទេ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ​ខេង ​រដ្ឋមន្ត្រី​មហាផ្ទៃ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ឯស​ណ្ឋាគារ​ឡឺរ៉ូយាល់ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​រឿង​នេះ​ជា​រឿង​បុគ្គល​ ហើយ​ក្រសួង​បាន​ធ្វើ​ការ​បដិសេធ​រួច​ហើយ។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​មិន​មាន​ឯកសារ​ជា​មូលដ្ឋាន​ណា​មួយ​ ដើម្បី​ស្រាវជ្រាវ​ចំពោះ​ករណី​នេះ​ទេ។

«ខ្ញុំ​គិត​ថា ​មក​ដល់​ពេល​នេះ ​យើង​ពុំទាន់​មាន​ឯកសារ​ណា​ជា​មូលដ្ឋាន​ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​នោះ​ទេ។​ នេះ​គ្រាន់​តែ​ជា​ព័ត៌មាន​កាសែត​មួយ​តែ​ប៉ុណ្ណោះ»។

លោក​ឧកញ៉ា ​ហ៊ុន ​តូ ​ក្មួយ​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​និង​លោក​ឧកញ៉ា ​គិត​ ម៉េង ​បាន​បដិសេធ​ការ​ចុះផ្សាយ​ទាំង​ឡាយ​នៃ​បណ្តាញ​សារព័ត៌មាន​នៃ​ប្រទេស​អូស្រ្តាលី។

លោក ​ហ៊ុន ​តូ ​​អះអាង​ថា​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ស្ថានទូត​អូស្រ្តាលី​ប្រចាំ​ទីក្រុង​ភ្នំពេញ ​ប្រឆាំង​ជំទាស់​ទៅ​នឹង​ការ​ចុះផ្សាយ​នៅ​ក្នុង​សារព័ត៌មាន​ទាំង​នោះ។

លោក ​ហ៊ុន ​តូ ​នៅ​ថ្ងៃ​ចន្ទ​នេះ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជាមួយ​នឹង​វីអូអេ​ទេ​ ដោយ​លោក​បាន​និយាយ​ថា ​លោក​គ្មាន​ពេល​ទំនេរ​ដើម្បី​និយាយ​ជាមួយ​នឹង​អ្នក​កាសែត​ទេ។

«ខ្ញុំ​ឥត​មាន​ពេល​ទេ!»។

ក៏ប៉ុន្តែ​បន្តិច​ក្រោយ​មក​មាន​ទូរស័ព្ទ​មក​កាន់​ការិយាល័យ​វីអូអេ​ក្រុង​ភ្នំពេញ​ដោយ​បុគ្គល​នោះ​ បាន​អះអាង​ថា​ ជា​ជំនួយការ​​ហើយ​បាន​និយាយ​ថា​ បើ​ចង់​សម្ភាស​សូម​មក​សម្ភាស​នៅ​ផ្ទះ​របស់​លោក ​ហ៊ុន ​តូ។

លោក ​អ៊ូ ​វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ បាន​និយាយ​ថា​ រាល់​ការ​ចុះផ្សាយ​ព័ត៌មាន​អំពី​បុគ្គល​ណាមួយ ​ក្រសួង​មហាផ្ទៃ​ត្រូវ​តែ​មាន​ការ​ស៊ើបអង្គេត​ថា ​បុគ្គល​ណា​ជាប់​ពាក់ព័ន្ធ​ ឬ​មិន​ជាប់​ពាក់ព័ន្ធ។

«ការ​ដែល​ស៊ើបអង្គេត​ដោយ​ហ្មត់ចត់​ណាមួយ ​ហើយ​អព្យាក្រឹត្យ​ណាមួយ ​ដោយ​នីតីរដ្ឋ​ ដោយ​ការ​ស៊ើបអង្គេត​ត្រឹមត្រូវ​ ខ្ញុំ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​យើង ​នឹង​មាន​ទំនុក​ចិត្ត​បន្ថែម​ទៅ​លើ​អាជ្ញាធរ​ ទៅ​លើ​រដ្ឋាភិបាល​។ ​ប៉ុន្តែ​ប្រសិន​ជា​អត់​ទេ​ ខ្ញុំ​មើល​ទៅ​ប្រជាពលរដ្ឋ​ទម្លាក់​កំហុស​នេះ​លើ​គណបក្ស​កាន់​អំណាច»។

លោក រីឈត បេឃ័រ (Richard Beker) អ្នក​និពន្ធ​អត្ថបទ​មួយ​រូប​របស់​កាសែត​ឌឹអេច ​នៃ​ប្រទេស​អូស្ត្រាលី​ បាន​ថ្លែង​ប្រាប់​វីអូអេ​តាមរយៈ​សារអ៊ីម៉ែល​ដោយ​ការពារ​សេចក្តី​រាយការណ៍​របស់​ខ្លួន​ថា​ត្រឹមត្រូវ។

សារព័ត៌មាន​របស់​អូស្ត្រាលី​បាន​និយាយ​ថា អាជ្ញាធរ​អូស្ត្រាលី​បាន​បើក​ការស៊ើប​អង្កេត​សំដៅ​លើ​លោក​ ហ៊ុន​ តូ​ដោយ​ពិនិត្យ​មើល​ឈើ​ហ៊ុប​នាំ​ចូល​ពី​កម្ពុជា​ដែល​មាន​បង្កប់​គ្រឿងញៀន។ ចំណែក​ឯ​ការ​លាងលុយ​កង្វក់​ត្រូវ​បាន​សង្ស័យ​ថា​ធ្វើ​ឡើង​តាម​រយៈ​បនល្បែង​កាស៊ីណូ​មួយ​ឈ្មោះ​ក្រោន​កាស៊ីណូ​នៅ​ក្នុង​ទីក្រុង​ម៉ែលប៊ន​ នៅ​អូស្ត្រាលី។

លោក ដេវ ចច (Dave Gorge) នាយករង​បេសកម្ម​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ទីក្រុង​ភ្នំពេញ មិន​បាន​ឆ្លើយ​នឹង​សំណូរ​តាម​សារអេឡិចត្រូនិករបស់​វីអូអេ​ទេ ដោយ​សារអេឡិចត្រូនិក​របស់​លោក​បាន​ភ្ជាប់​ប្រព័ន្ធ​ឆ្លើយតប​ដោយ​ស្វ័យប្រវត្តិ​ ថា​ លោក​កំពុង​ឈប់​សម្រាក​ ហើយ​លោក​នឹង​មក​បំពេញ​ការងារ​វិញ​ នៅ​ពីរ​សប្តាហ៍​ទៀត៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!