VOA News: ព័ត៌មាន: “កម្ពុជារៀបចំសន្តិសុខទ្រង់ទ្រាយធំសម្រាប់ការប្រមូលផ្តុំរបស់ក្រុមលោកថាក់ស៊ីន” plus 1 more |
កម្ពុជារៀបចំសន្តិសុខទ្រង់ទ្រាយធំសម្រាប់ការប្រមូលផ្តុំរបស់ក្រុមលោកថាក់ស៊ីន Posted: 12 Apr 2012 11:33 AM PDT យោងទៅតាមទីភ្នាក់ងារព័ត៌មានបារាំង អាអេហ្វបេ នៅក្នុងសប្ដាហ៍នេះរដ្ឋាភិបាលកម្ពុជានឹងដាក់រាយកងកម្លាំងប៉ូលីសរាប់ពាន់នាក់នៅពេលមានការប្រមូលផ្ដុំ (rally) ដ៏ធំ ដើម្បីការពារអតីតនាយករដ្ឋមន្ដ្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រ។ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ជាបុគ្គលម្នាក់ដែលបានរស់នៅនិរទេសខ្លួនដើម្បីជៀសវាងមិនជាប់គុកពីបទប្រព្រឹត្ដអំពើពុករលួយ ត្រូវកំណត់នឹងឡើងថ្លែងសន្ទរកថា ទៅកាន់ក្រុមអាវក្រហមរាប់ពាន់នាក់ នៅថ្ងៃសៅរ៍នៅខេត្ដសៀមរាប។ រដ្ឋាភិបាលទីក្រុងភ្នំពេញនិយាយថា ខ្លួននឹងចេញថវិកាចំណាយមកលើការការពារសន្ដិសុខដល់អតីតមេដឹកនាំថៃរូបនេះ ដែលមានការពាក់ព័ន្ធជិតស្និតជាមួយនាយករដ្ឋមន្ដ្រីខ្មែរ លោក ហ៊ុន សែន។ លោក គាត ចន្ថារិទ្ធ អ្នកនាំពាក្យនៃកងកម្លាំងប៉ូលីសថ្លែងថា៖ «យើងមានកាតព្វកិច្ច នឹងផ្ដល់កិច្ចការពារសន្ដិសុខដល់ប្រជាពលរដ្ឋថៃ និង លោកថាក់ស៊ីន»។ លោកថ្លែងទៀតថា មិនឃើញមានការគំរាមជាក់លាក់ណាមួយទេ តែលោកកត់សំគាល់ថា ក្រុមអាវក្រហមធ្លាប់មានការតទល់គ្នាជាមួយក្រុមប្រឆាំងនយោបាយ។ ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖ <!--IMAGE-RIGHT--> អាស៊ាន-កូរ៉េខាងជើង៖ សមាគមអាស៊ាននាថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវដល់ប្រទេសកូរ៉េខាងជើងឲ្យចាប់អារម្មណ៍មកលើការព្រួយបារម្ភរបស់បណ្តាប្រទេសក្នុងតំបន់ដែលនឹងបានត្រូវប៉ះពាល់ពីការបាញ់បង្ហោះ រុក្កែតនៅពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ថ្ងៃព្រហស្បតិ៍បានកត់សម្គាល់ថ្ងៃចាប់ផ្ដើមនៃគម្រោងការបាញ់បង្ហោះ៥ថ្ងៃដែលកូរ៉េខាងជើងនឹងបាញ់បង្ហោះតារាសិប្បនិមិ្មតចូលទៅក្នុងគន្លងតារាវិថី។ អគ្គលេខាធិការរបស់សមាគមអាស៊ាន លោក សុរិន ពិតសុវណ្ណ បានថ្លែងថា «តាងនាមជាសមាជិករបស់វេទិកាតំបន់អាស៊ាន (ARF) កូរ៉េខាងជើងត្រូវតែយកចិត្ដទុកដាក់មកលើការព្រួយបារម្ភរបស់ប្រទេសជាសមាជិកដទៃទៀតដែលនឹងបានទទួលអស្ថិរភាពដោយសារវិធានការដូច្នោះ»។ <!--IMAGE-LEFT--> ហ្វីលីពីន/ចិន៖ ប្រទេសហ្វីលីពីនបានដកចេញកងនាវាចម្បាំងដ៏ធំចេញពីទីកន្លែងប្រឈមមុខដាក់គ្នា ជាមួយនាវាចិន កាលពីថ្ងៃព្រហស្បតិ៍នេះ តែនិយាយថាជម្លោះនោះនៅមិនទាន់ចប់នៅឡើយទេដោយប្រទេសទាំងពីរបានបញ្ជូននាវាមិនមែនយោធាទៅកាន់តំបន់។ ថៃ៖ ជនប្រដាប់អាវុធបានបាញ់សម្លាប់ជនអ៊ីស្លាម៣នាក់ នៅពេលដែលគេចាកចេញពីវិហារឥស្លាម ក្រោយពីការសូត្រធម៌ពេលល្ងាចនៅភាគខាងត្បូងប្រទេសថៃដែលកំពុងជ្រួលច្របល់បះបោរ។ អាហ្វហ្គានីស្ថាន៖ ប្រទេសអាហ្វហ្គានីស្ថានអាចនឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនពេលកំណត់ ដើម្បីធានាថា ជនជាតិអាហ្វហ្គានីស្ថាននឹងទៅបោះឆ្នោតនៅពេលជាមួយគ្នានឹងការដកកងទ័ពបរទេសចេញពីប្រទេសនេះ។ ម៉ាលី៖ ប្រធានរដ្ឋសភារបស់ប្រទេសម៉ាលី លោក ឌីអូខូនដា ដ្រាអរ (Diocounda Traore) បានឡើងកាន់តំណែងជាប្រធានាធិបតីស្តីទី ក្រោយពីបានស្បថឡើងកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍នេះ។ ស៊ីរី៖ មេដឹកនាំក្រុមជំទាស់នៅក្នុងប្រទេសស៊ីរី បានអំពាវនាវឲ្យមានការបង្ហាញភស្ដុតាងដើម្បីសាកល្បងមើលចិត្ដស្មោះត្រង់របស់រដ្ឋាភិបាលស៊ីរីដែលត្រូវអនុវត្ដតាមបទឈប់បាញ់គ្នារបស់អ.ស.ប។ កូរ៉េខាងត្បូង/ជប៉ុន៖ កងកម្លាំងយោធានៃប្រទេសកូរ៉េខាងត្បូងនិងជប៉ុនកំពុងបញ្ឈរជើងការ នៅថ្ងៃព្រហស្បតិ៍នេះជាថ្ងៃទីមួយនៃផែនការរបស់កូរ៉េខាងជើងនឹងបាញ់បង្ហោះកាំជ្រួចរុក្កែតដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាង និយាយថានឹងយកផ្កាយរណបអាកាសធាតុចូលទៅក្នុងអវកាស។ កូរ៉េខាងជើង៖ កូរ៉េខាងជើងបានឈានជិតមកដល់ការបញ្ចប់ការផ្ទេរអំណាចថ្នាក់ដឹកនាំរបស់ខ្លួនហើយដោយប្រគល់ឲ្យលោក គីម ចុង អ៊ុន (Kim Jong Un) នូវឋានន្ដរសក្ដិថ្មីជាច្រើននិងពង្រឹងគោលជំហរជាអ្នកទទួលកេរ្ដ៍តំណែលនយោបាយក្នុងសន្ដតិវង្សដែលបង្កើតឡើងដោយជីតានិងឪពុករបស់លោក។ អង់គ្លេស/ភូមា៖ នាយករដ្ឋមន្ដ្រីនៃប្រទេសអង់គ្លេសលោក ដេវីដ កាមេរុន (David Cameron) ថ្លែងថាប្រទេសរបស់លោកនឹងបន្ធូរការដាក់ទណ្ឌកម្មមកលើប្រទេសភូមាក្នុងពេលឆាប់ៗនេះ ស្របពេលដែលលោកកំពុងរៀបចំធ្វើទស្សនកិច្ចជាប្រវត្ដិសាស្រ្ដទៅកាន់ប្រទេសភូមា។ <!--AV--> This posting includes an audio/video/photo media file: Download Now |
តុលាការកំពូលតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ប្រឆាំងនឹងលោក មឿង សុន Posted: 12 Apr 2012 01:41 AM PDT តុលាការកំពូលនៅថ្ងៃពុធនេះ បានកាត់ទោសកំបាំងមុខលោកមឿង សុន ឲ្យជាប់ពន្ធនាគារពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀលគឺប្រមាណ១.០០០ដុល្លារសហរដ្ឋអាមេរិកពីបទអត្ថាធិប្បាយសការដាក់តាំងអំពូលភ្លើងអគ្គិសនីនៅប្រាសាទអង្គរវត្តកាលពីឆ្នាំ២០០៩។ បន្ទាប់ពីតុលាការកំពូលបានសម្រេចប្រកាសសាលដីកាដោយលោក ឃឹម ប៉ឹន ប្រធានចៅក្រមជំនុំជំម្រះនោះ ក្រុមប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបណ្តេញចេញពីតំបន់បឹងកក់ និងតំបន់បុរីកីឡា បានមកស្រែកនៅពីមុខតុលាការប្រឆាំងជំទាស់ទៅនឹងការសម្រេចសាលក្រមនេះថាអយុត្តិធម៌។ «សប្រែទៅជាខ្មៅអស់ហើយតុលាការ។ តើប្រជាពលរដ្ឋមានទុក្ខលំបាក រកតុលាការជួយដោះស្រាយឲ្យប្រជាពលរដ្ឋ តើមានយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ ឬទេ?»។ លោក មឿង សុន ប្រធានមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរត្រូវបានតុលាការក្រុងភ្នំពេញ បានសម្រេចផ្តន្ទាទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន៨លានរៀល គឺស្មើនឹង២.០០០ដុលា្លរសហរដ្ឋអាមេរិកពីបទផ្សព្វផ្សាយព័ត៌មានមិនពិត។ លោក មឿន សុន ត្រូវបានសាលាឧទ្ធរណ៍កែប្រែបទចោទពីបទផ្សព្វផ្សាយព័ត៌មានមិនពិត មកពីបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋមិនបានសម្រេចហើយត្រូវបានតុលាការសម្រេចផ្តន្ទាទោសកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១១ ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងកាត់បន្ថយពិន័យជាប្រាក់ពីរ៨លានរៀលមកនូវត្រឹម៤លានរៀលវិញ។ លោក មឿង សុន បានថ្លែងប្រាប់វីអូអេតាមរយៈទូរស័ព្ទពីកន្លែងដែលគាត់ស្នាក់នៅឯក្រៅប្រទេសមកថា លោកបានចាត់ទុកការសម្រេចរបស់តុលាការកំពូលថាពុំបានផ្តល់យុត្តិធម៌ចំពោះរឿងក្តីនេះទេ។ ក៏ប៉ុន្តែលោកបានបញ្ជាក់ថាលោកសុខចិត្តបង់ប្រាក់ពិន័យបួនលានរៀលចូលថវិការដ្ឋ តែលោកមិនសុខចិត្តមកទទួលទោសនៅកម្ពុជាដោយសារតែលោកពុំបានប្រព្រឹត្តខុស។ «ខ្ញុំនឹងមិនទទួលទោសទេ! ខ្ញុំនឹងទ្រាំរស់នៅប្រទេសក្រៅប្រាំឆ្នាំ ចាត់ទុកថាដូចជាខ្ញុំជនភៀសខ្លួនលើកទី២ បន្ទាប់ពីសម័យខ្មែរក្រហម ដែលយួនគេបានចូលទៅ។ លើកនេះជាសម័យរាជាណាចក្រទី២ ខ្ញុំជាជនភៀសខ្លួនម្តងទៀត»។ លោកស្រី យី ផល្លី អាយុ៦៣ឆ្នាំ ភរិយាលោកមឿង សុន បានថ្លែងប្រាប់អ្នកកាសែតនៅឯតុលាការកំពូលថាសាលដីកានេះ លោកស្រីមិនអាចទទួលយកបានទ។ «ពីព្រោះឥតមានយុត្តិធម៌ បើសិនណាជាគាត់នេះ(ខុស) គេមិនដកអំពូលភ្លើងទេ។ ប៉ុន្តែគេដកអំពូលភ្លើងអស់ទៅហើយ គាត់នៅតែជាប់ដដែលទៀត»។ លោក ប៉ាល់ ចន្ទតារា មេធាវីការពារក្តីឲ្យរដ្ឋាភិបាលបាននិយាយថាការសម្រេចសេចក្តីនេះលោកអាចទទួលយកបាន ពីព្រោះរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុតចំពោះការការពារសន្តិសុខសាធារណៈ។ «ការដាក់អំពូលនេះ គឺជាការដាក់សាកល្បង ដូចបាននិយាយពីយូរណាស់មកហើយ គឺរឿងសាកល្បង។ ឥឡូវនេះយើងបញ្ចប់ការដាក់ហើយ ក៏ប៉ុន្តែវាគ្មានរហូតដល់មួយពាន់វ៉ាត់ដូចគាត់ថាទេ»។ លោក សុខ សំអឿន មេធាវីការពារក្តីលោកមឿង សុន មិនបានផ្តល់អត្ថាធិប្បាយណាមួយដល់អ្នកយកព័ត៌មានទេ។ ក៏ប៉ុន្តែនៅក្នុងសវនាការ លោកបានព្យាយាមការពារយ៉ាងខ្លាំងក្លាថាការអត្ថាធិប្បាយរបស់លោក មឿង សុន មិនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសាធារណៈទេ។ លោកសុខ សំអឿន បាននិយាយថាអ្វីដែលលោកមឿង សុន បានអត្ថាធិប្បាយនេះគឺទទួលបានផលប្រយោជន៍វិជ្ជមានច្រើនជាងអវិជ្ជមាន។ អ្នកស្រី ទេព វណ្ណី តំណាងប្រជាពលរដ្ឋនៅតំបន់បឹងកក់ ដែលបានមកប្រមូលផ្តុំគ្នាគាំទ្រលោក មឿង សុន បាននិយាយថាការសម្រេចរបស់តុលាការកំពូលនៅថ្ងៃនេះនឹងធ្វើឲ្យប្រជាពលរដ្ឋដែលរងគ្រោះដទៃផ្សេងទៀត បាត់បង់ជំនឿទៅលើស្ថាប័នតុលាការខ្មែរ។ «ឥឡូវខ្ញុំគិតថាឥតមានភាពយុត្តិធម៌។ ព្រោះខ្ញុំមកនេះ ខ្ញុំសង្ឃឹមថាតុលាការនឹងផ្តល់ភាពយុត្តិធម៌ ប៉ុន្តែឥឡូវខ្ញុំបានឃើញហើយ តុលាការឥតលើកលែងទោសគាត់ទេ។ អញ្ចឹងបានន័យថា តុលាការមិនឯករាជ្យ មិនយុត្តិធម៌។ មានការខកចិត្ត និងរន្ធត់ចិត្តយ៉ាងខ្លាំងតែម្តង»។ ការដាក់តាំងអំពូលភ្លើងអគ្គិសនីរបស់ក្រុមហ៊ុនឯកជនមួយកាលពីឆ្នាំ២០០៩ បានដកទៅវិញ បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងពីលោក មឿង សុន ថាការដាក់តាំងអំពូលភ្លើងអគ្គិសនីនេះ ធ្វើឲ្យប៉ះពាល់ដល់ថ្មប្រសាទអង្គរវត្ត៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |