VOA News: ព័ត៌មាន: “នាយករដ្ឋមន្ត្រីប្រជុំគណៈរដ្ឋមន្ត្រីប្រកាសភាពអាសន្នទឹកជំនន់” plus 5 more |
- នាយករដ្ឋមន្ត្រីប្រជុំគណៈរដ្ឋមន្ត្រីប្រកាសភាពអាសន្នទឹកជំនន់
- អ្នកបោះឆ្នោតជាច្រើនមិនយល់អំពីប្រព័ន្ធបោះឆ្នោត
- គ្រោះទឹកជំនន់ធ្ងន់ធ្ងរកំពុងយាយីកម្ពុជា
- ការប្រកួតកីឡាបាល់ទាត់មិត្តភាពគ្មានអ្នកចាញ់ រវាងមេដឹកនាំកម្ពុជានិងក្រុមអាវក្រហមថៃ
- ព័ត៌មានអន្តរជាតិសង្ខេប៖ ២៦ កញ្ញា
- អ្នកជំនាញបរទេសម្នាក់ជំរុញឲ្យរដ្ឋាភិបាលគិតគូរបន្ថែមអំពីបញ្ហាសុខភាពផ្លូវចិត្តក្រោយសង្គ្រាម
នាយករដ្ឋមន្ត្រីប្រជុំគណៈរដ្ឋមន្ត្រីប្រកាសភាពអាសន្នទឹកជំនន់ Posted: 26 Sep 2011 02:54 PM PDT លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាពិសេសមួយជាមួយនឹងមន្ត្រីគ្រប់ស្ថាប័ន និងអភិបាលខេត្តក្រុងទាំងអស់បន្ទាប់ពីនៅតាមខេត្តមួយចំនួនតាមដងទន្លេមេគង្គ ទន្លេបាសាក់ និងជាប់ព្រំដែនកម្ពុជាថៃកំពុងវាយលុកដោយទឹកជំនន់។ លោក ខៀវ កញ្ញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានប្រាប់អ្នកយកព័ត៌មាននៅឯទីស្តីការគណៈរដ្ឋមន្ត្រីបន្ទាប់ពីកិច្ចប្រជុំថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យអភិបាលខេត្តក្រុងទាំងអស់រក្សានៅនឹងកន្លែង និងកុំចាកចេញទៅក្រៅប្រទេស ឬក៏មកចូលរួមប្រជុំនៅក្នុងទីក្រុងភ្នំពេញ ក្នុងពេលដែលកម្ពុជាកំពុងតែវាយលុកដោយទឹកជំនន់។ «អាជ្ញាធរមូលដ្ឋានសហការជាមួយកាកបាទក្រហមដើម្បីបន្តផ្តល់ជំនួយដល់ប្រជាជនហើយទន្ទឹមនឹងនេះយើងបានបញ្ជូនខេត្តទាំងដប់ដែលរងគ្រោះហ្នឹង យើងបានបញ្ជូនលុយគឺថវិកា២០០លានរៀលដើម្បីចុះទៅត្រៀម។ យើងក៏បានបញ្ជូនអង្ករទៅខេត្តមួយចំនួន»។ ទឹកជំនន់នៅកម្ពុជាបានចាប់ផ្តើមឡើងកាលពីចុងខែសីហា ហើយបានបន្តរហូតមកដល់បច្ចុប្បន្ននេះ។ លោកខៀវ កញ្ញារិទ្ធិបានបញ្ជាក់ថា ចាប់តាំងពីពេលដែលទឹកជំនន់បានកើតមានឡើង មានខេត្តក្រុងចំនួន១៤បានទទួលរងផលប៉ះពាល់ និងបានសម្លាប់មនុស្សចំនួន៦១នាក់ដែលនៅក្នុងនោះមានកុមារចំនួន៣១នាក់។ លោកបានមានប្រសាសន៍ថា យ៉ាងតិចមានប្រជាពលរដ្ឋចំនួន១៣.៤០២ គ្រួសារត្រូវបានជម្លៀសចេញមកទីតាំងសុវត្ថិភាព និងបានបំផ្លាញផ្ទះចំនួន៣៣៨ខ្នង។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងសាលារៀន មិនទាន់មានរបាយការណ៍ផ្លូវការនៅឡើយទេ។ លោក យឹម វណ្ណដា អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបដិសេធមិនធ្វើអត្ថាធិប្បាយជាមួយនឹងអ្នកយកព័ត៌មានទេ។ ចំណែកលោក កែវ វី នាយកខុទ្ទកាល័យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា ចំនួនតួរលេខអាចនឹងមានការប្រែប្រួល ហើយលោកសុំមិនធ្វើអត្ថាធិប្បាយលម្អិត។ «ហេតុការណ៍ ខ្ញុំបានចេញសារមួយហើយៗក្រែងលោ សម័យប្រជុំគណៈរដ្ឋមន្ត្រីហ្នឹងដើម្បីពិនិត្យមើល។ ប៉ុន្តែដល់ពេលឥឡូវថា ខុសតួលេខច្រើនណាស់ដែរ ដូច្នេះយើងត្រូវធ្វើការ Update (ធ្វើបច្ចុប្បន្នភាព) ឡើងវិញទាំងអស់នៅក្នុងតារាងរបាយការណ៍របស់យើង»។ វីអូអេខ្មែរមិនអាចទាក់ទងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម ដើម្បីសុំការបំភ្លឺបានទេនៅថ្ងៃច័ន្ទនេះ។ ទីស្តីការគណៈរដ្ឋមន្រ្តីបានចេញសេចក្តីប្រកាសព័ត៌មានមួយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យលោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំការប្រជុំជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអភិវឌ្ឃន៍ជនបទ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដើម្បីពិនិត្យដោះស្រាយតម្រូវការ និងធ្វើការជួសជុលជាបន្ទាន់។ លោក ម៉ៅ ហាក់ អគ្គនាយករងទទួលបន្ទុកបច្ចេកទេស និងជាប្រធាននាយកដ្ឋានជលសាស្ត្រ នៃក្រសួងធនធានទឹកបាននិយាយថា ទឹកជំនន់ទន្លេមេគង្គនៅផ្នែកមេគង្គលើបានចាប់ផ្តើមស្រក ក៏ប៉ុន្តែនៅផ្នែកមេគង្គក្រោម និងទន្លេបាសាក់ទឹកអាចបន្តឡើងក្នុងរយៈពេលមួយថ្ងៃទៀត៕ This posting includes an audio/video/photo media file: Download Now |
អ្នកបោះឆ្នោតជាច្រើនមិនយល់អំពីប្រព័ន្ធបោះឆ្នោត Posted: 26 Sep 2011 03:39 PM PDT របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាននិយាយថា ប្រជាពលរដ្ឋកម្ពុជាមួយចំនួនប្រឈមនឹងកង្វះការយល់ដឹងអំពីដំណើរការបោះឆ្នោត និងការមិនជឿទុកចិត្តលើប្រព័ន្ធបោះឆ្នោតនៅកម្ពុជាខណៈដែលដំណើរការចុះឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតថ្មីសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១២កំពុងតែបន្ត។ របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបានធ្វើឡើងពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១០បានបង្ហាញថា មនុស្សជាង៧៣០នាក់នៅវេទិកាក្នុងខេត្តបាត់ដំបង រតនគីរី តាកែវ និងទីក្រុងភ្នំពេញបាននិយាយថា ពួកគាត់ប្រឈមនឹងការខ្វះការយល់ដឹងអំពីដំណើរការបោះឆ្នោត ការមិនជឿទុកចិត្តលើប្រព័ន្ធបោះឆ្នោតដែលត្រូវបានពិចារណាថា មិនធានាដល់ការចូលរួមស្មើគ្នា និងក្តីបារម្ភអំពីសមាសភាព និងឯករាជ្យភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោក កុយ ប៊ុនរឿន តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរជួបការលំបាក នឹងដំណើរការបោះឆ្នោតដោយសារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនបានបំពេញតួនាទីរបស់ខ្លួន និងអាជ្ញាធររដ្ឋមិនបានបង្ហាញប្រជាពលរដ្ឋឲ្យបានច្បាស់អំពីគោលការណ៍បោះឆ្នោតនេះទេ។ «យើងត្រូវរៀបចំប្រព័ន្ធបោះឆ្នោតមួយឲ្យបានត្រឹមត្រូវ ផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋទទួលបានសិទ្ធិពេញលេញក្នុងការទទួលបានសិទ្ធិចុះឈ្មោះបោះឆ្នោតនិងសិទ្ធិបោះឆ្នោតដើម្បីគាត់មានលទ្ធភាពបែបហ្នឹងគឺអាជ្ញាធររបស់រដ្ឋ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថា ប្រជាពលរដ្ឋខ្មែរមានការយល់ដឹងអំពីដំណើរការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត។ លោកទេព នីថា បានបញ្ជាក់ថា រហូតមកដល់ថ្ងៃអាទិត្យនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចុះឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតថ្មីចំនួន៤៦ម៉ឺននាក់ ពីចំនួនប៉ាន់ស្មាន ៤៧ម៉ឺននាក់។ លោក ទេព នីថា បានបន្ថែមថាលទ្ធផល នៃការចុះឈ្មោះបោះឆ្នោតនេះបង្ហាញថា ប្រជាពលរដ្ឋខ្មែរមានការយល់ដឹងអំពីដំណើរការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត។ «ទាំងអ្នកមានទីលំនៅ និងទាំងអ្នកគ្រប់អាយុតែងតែទៅចុះឈ្មោះបោះឆ្នោត ហើយនេះជាការយល់ដឹងរបស់គាត់ ហើយសំខាន់បំផុត អ្នកផ្លាស់ទីលំនៅទៅនៅកន្លែងថ្មីចុះឈ្មោះបោះឆ្នោតបានន័យថា គាត់ដឹងពីសិទ្ធិ និងតួនាទីរបស់គាត់ចូលរួមក្នុងការបោះឆ្នោតក្នុងដំណើរការប្រជាធិបតេយ្យ»។ លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ និងមិនលម្អៀងដើម្បីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា បានថ្លែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតែពង្រឹងហើយពង្រឹងទៀតរហូតដល់សាធារណជនទទួលយកបាននូវអ្វីដែលជាការចាត់ចែងការងាររបស់ខ្លួន។ «ខ្ញុំយល់ថា កម្ពុជាពាក់ព័ន្ធនឹងចំណេះដឹងនៃការបោះឆ្នោតនៅតែត្រូវការបណ្តុះបណ្តាលបន្ថែម បានន័យថា ប្រជាពលរដ្ឋពុំទាន់យល់បានច្បាស់លាស់អំពីរឿងនេះនៅឡើយទេ។ ហើយពាក់ព័ន្ធនឹងរបាយការណ៍ថា វានៅតែមានការមិនទុកចិត្តទៅលើប្រព័ន្ធបោះឆ្នោត។ ខ្ញុំគិតថា ក៏មានដែរនៅក្នុងសង្គមកម្ពុជាជាធម្មតា។ ការបង្ហាញគំនិត និងការមិនទុកចិត្តគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប»។ កម្ពុជានឹងធ្វើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៣៕ This posting includes an audio/video/photo media file: Download Now |
គ្រោះទឹកជំនន់ធ្ងន់ធ្ងរកំពុងយាយីកម្ពុជា Posted: 26 Sep 2011 01:52 PM PDT មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិយាយថា គ្រោះមហន្តរាយជំនន់ទឹកភ្លៀង ដែលបាននិងកំពុងយាយីកម្ពុជាក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះ។ លោក កែវ វី អនុប្រធាននាយកដ្ឋានព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សចំនួន៥៨នាក់ហើយបានស្លាប់ គិតមកដល់ថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ចាប់តាំងពីកម្ពុជាបានជួបប្រទះទុរ្ភិក្សផ្ទួនគ្នាគឺជំនន់ទឹកភ្លៀងនិងជំនន់ទន្លេមេគង្គ តាំងពីខែសីហាទល់មកដល់ខែកញ្ញានេះ។ ក្នុងនេះមានខេត្តព្រះវិហារស្លាប់ពីរនាក់ ខេត្តកំពង់ធំ ១៥នាក់ ខេត្តសៀមរាប ២នាក់ កំពង់ចាម ២០នាក់ ក្រចេះ ៤នាក់ និងព្រៃវែង ១៥នាក់។ «ដល់ពេលនេះព័ត៌មានយើងបានប៉ុណ្ណឹង ប៉ុន្តែយើង Update (ធ្វើបច្ចុប្បន្នភាព) រាល់ថ្ងៃ។ ដោយសារ តែវាមានចេះតែការជន់លិចច្រើនឡើងៗ ហើយអាជ្ញាធរមូលដ្ឋានរបស់យើង ក៏កំពុងតែធ្វើការជម្លៀសប្រជាជននៅតាមមូលដ្ឋានរបស់គាត់។ ហើយកន្លែងណាដែលគាត់មិនអាចរស់នៅបានគឺថា អាជ្ញាធរយើងនិងកងអន្តរាគមន៍របស់យើងធ្វើការជម្លៀសគាត់ទៅនៅតាមទីទួលសុវត្ថិភាព»។ លោកបានបញ្ជាក់ថា គ្រោះធម្មជាតិទាំងនេះក៏បានបង្ខំឲ្យប្រជាពលរដ្ឋប្រមាណ ៤៤.៣១៣ គ្រួសារ ចាកចោលលំនៅដ្ឋានរបស់ពួកគេផងដែរ។ លោក កែវ វី បានឲ្យដឹងទៀតថា ក្រៅពីនេះ វាបានធ្វើឲ្យប៉ះពាល់វិស័យកសិកម្មនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។ លោកមានបន្តថា មានតួលេខបង្ហាញថា សន្ទូងលិចទឹកមានចំនួន៩១.៧៤៣ ហិកតា សំណាប៣៧១ហិកតា ដំណាំផ្សេងៗ២.៧៤៨ហិកតា ផ្លូវលំគ្រោះក្រហម និងដីស៥៧២.៤៦៦ម៉ែត្រ ស្ពាន៧១ ទំនប់២៤៧.៥៩៧ម៉ែត្រ ច្រាំទន្លេបាក់ប្រវែង១១.៧៨៩ ម៉ែត្រ។ ទិដ្ឋភាពនៃទឹកជំនន់នៅភាគពាយ័ព្យប្រទេសកម្ពុជាកាលពីពាក់កណ្តាលខែកញ្ញា៖ <!--AV--> មន្រ្តីក្រសួងធនធានទឹក និងឧត្តុនិយមបានឲ្យដឹងថា ការដែលបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងរយៈពេលជិតមួយសប្តាហ៍នេះគឺដោយសារកម្ពុជាកំពុងតែទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ហើយខេត្តដែលរងនូវឥទ្ធិពលនេះគឺខេត្តនៅភាពខាងជើង និងពាយ័ព្យ។ ក្រសួងធនធានទឹក និងឧត្តុនិយម ប្រកាសថា ភ្លៀងនឹងឈប់ធ្លាក់នៅថ្ងៃទី២៦ ខែកញ្ញានេះ។ លោក ឈុន ឈាំ អភិបាលខេត្តបានថ្លែងថា ស្រុកចំនួនប្រាំពីរ ក្នុងចំណោមប្រាំបីស្រុក លើកលែងតែស្រុកប្រាសាទបាល្ល័ង្គចេញ កំពុងត្រូវបានគំរាមគំហែងដោយទឹកជំនន់។ លោកអភិបាលខេត្ត បានឲ្យដឹងថា ស្រូវចំនួន ២៥.០០០ហិកតាបានលិចលង់ក្នុងនោះជាង១ម៉ឺនហិកតាត្រូវខូចខាតទាំងស្រុង។ លោកបានបន្ថែមថា ប្រជាពលរដ្ឋចំនួន៧ពាន់គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ «នេះកំពុងតែភ្លៀងហ្នឹង! បីថ្ងៃជាប់ ហើយទឹកឡើងជាបន្តបន្ទាប់ឥតមានស្រកទេ។ អញ្ចឹង បើនិយាយពីធ្ងន់ ឆ្នាំនេះវាធ្ងន់ត្រង់ស្រូវ។ អាហ្នឹងចំណុចទី១។ ទី២គឺទឹកទន្លេសាបទាប។ អញ្ចឹង វាហូររហ័ស ដើម្បីរំដោះឲ្យបានរហ័ស សង្គ្រោះស្រូវនេះបានទាន់ពេលវេលា។ ប៉ុន្តែពេលឥឡូវនេះ ទឹកទន្លេសាប បុកពីក្រោមមកវិញ។ វារាំងស្ទះកុំឲ្យពីលើទៅហូរបានរហ័ស។ អានេះគឺជាបញ្ហាធ្ងន់ធ្ងរ ដែលធ្វើឲ្យខ្ញុំនេះព្រួយបារម្ភ»។ ចំណែកឯខេត្តសៀមរាបក៏កំពុងតែទទួលរងនូវការគំរាមគំហែងធ្ងន់ធ្ងរផងដែរ។ ក្រុមអាជ្ញាធរខេត្តនេះឲ្យដឹងថា ស្រុកទាំង១២របស់ខេត្តនេះ ត្រូវជន់លិចដោយជំនន់ទឹកភ្លៀងផង ទឹកទន្លេផង ដែលធ្វើឲ្យវាលស្រែប្រមាណប្រាំពីរពាន់ហិកតាត្រូវលិចលង់ ហើយ១.០០០ហិកតាប្រឈមការខូចខាតទាំងស្រុង។ ក្រៅពីនេះមានប្រជាពលរដ្ឋប្រមាណជាង៦០០គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ លើសពីនេះទៅទៀត ជំនន់ទឹកផ្លៀង ត្រូវគេដឹងថា ក៏កំពុងធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍របស់ខេត្តនេះផងដែរ។ លោក ប៉ុណ្ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា បានថ្លែងថា ជំនន់ទឹកភ្លៀងនេះ មិនបានធ្វើឲ្យប៉ះពាល់ខ្លាំងទេដល់តំបន់អង្គរទេ បើទោះបីជាវាបានរំខានដល់ការទស្សនាកម្សាន្តប្រាសាទមួយចំនួន យ៉ាងណាក៏ដោយ ដូចជាប្រាសាទនាគព័ន្ធ ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយស្រីជាដើម។ «វាមានខូចផ្លូវ។ ផ្លូវចំណាំធ្វើដំណើរទៅទស្សនាប្រាសាទមានខូចមួយកន្លែង ផ្លូវធំៗ កន្លែងកម្សាន្តនាគព័ន្ធទៅតាសោមអញ្ចឹង។ បាទ យ៉ាប់អញ្ចឹង។ ផ្លូវមិនធ្វើដំណើរទៅបាន។ វាដាច់ៗ ផ្លូវៗ ជ្រៅណាស់។ អញ្ចឹងមានលិចដែរ តែលិចដោយថា ១០សង់ទីម៉ែត្រ អាចធ្វើដំណើរបាន។ ហើយមានប្រាសាទពីរដែលិចទឹកដែរគ្រាន់អាចទៅមើលបាន ប្រាសាទបន្ទាយក្តីប្រាសាទតាព្រហ្ម ទើបតែលិចពីព្រឹកមិញតែនៅមានឃើញនៅមានភ្ញៀវទេសចរណ៍ទៅមើលបាន។ ប៉ុន្តែដើរកាត់ទឹកអញ្ចឹងណាស់»។ លោកបានបញ្ជាក់ថា មានវិធានការរួចហើយដើម្បីជួយសង្គ្រោះតំបន់ប្រាសាទទាំងមូល ក្នុងកាលៈទេសៈណាដែលទឹកជន់ខ្លាំង៕ This posting includes an audio/video/photo media file: Download Now |
ការប្រកួតកីឡាបាល់ទាត់មិត្តភាពគ្មានអ្នកចាញ់ រវាងមេដឹកនាំកម្ពុជានិងក្រុមអាវក្រហមថៃ Posted: 26 Sep 2011 12:44 PM PDT លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក បន្ទាប់ពីការប្រកួតបាក់ទាត់លក្ខណៈមិត្តភាពរវាងមេដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងក្រុមមេដឹកនាំអាវក្រហមថៃថា លោកពេញចិត្តនឹងសប្បាយរីករាយចំពោះលទ្ធផលនេះថ្វីបើលោកហត់បន្តិចក៏ដោយ ក៏ប៉ុន្តែលោកមានកម្លាំងខាងផ្លូវកាយ។ «ល្អណាស់! ល្អណាស់! នេះជាចំណងទាក់ទងដ៏ល្អរឹងមាំ។ ហត់ក៏ប៉ុន្តែយើងហត់ផ្លូវចិត្ត។ ក៏ប៉ុន្តែយើងមានកម្លាំង ហត់ផ្លូវកាយ តែមានកម្លាំងខាងផ្លូវចិត្ត»។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាដែលរួមមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកហេង សំរិនប្រធានរដ្ឋសភា និងអតីតនាយករដ្ឋមន្ត្រីថៃ គឺលោក ស៊ុមច័យ វង្សសាវ៉ាត បានចូលរួមជាលក្ខណៈមិត្តភាពដែលបានធ្វើឡើងនៅពាហុកីឡាដ្ឋានជាតិអូឡាំពិកនៅថ្ងៃសៅរ៍នេះ។ បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាយរវាងក្រុមកីឡាករទាំងពីរ នៅទីបញ្ចប់ក្រុមអាវក្រហមរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានយកជ័យជម្នះលើក្រុមអាវខៀវ របស់លោក ស៊ុមច័យ វង្សសាវ៉ាត នៅក្នុងពិន្ទុដប់ទល់នឹងប្រាំពីរ។ ការប្រកួតលក្ខណមិត្តភាពរវាងកម្ពុជា និងថៃនេះ ក្រុមកីឡាករទាំងពីរបានច្របាច់បញ្ជូលគ្នា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកដឹកនាំក្រុមអាវក្រហម ហើយលោក ស៊ុមច័យ វង្សសាវ៉ាត ជាអ្នកដឹកនាំក្រុមអាវខៀវ។ ថ្លែងក្នុងឱកាសបើកការប្រកួត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមាននិយាយថា ការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពនៅថ្ងៃនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយនៅក្នុងទំនាក់ទំនងជាមួយប្រទេសថៃ។ លោកបាននិយាយថា ថ្ងៃនេះជាសារនយោបាយមួយសម្រាប់ប្រជាពលរដ្ឋ និងកងទ័ពកម្ពុជា និងថៃ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមតំបន់កម្ពុជាថៃថា សុបិន្តអាក្រក់ដែលបានកើតឡើងកន្លងមករវាងប្រទេសទាំងពីរត្រូវបានបញ្ចប់ហើយ។ លោកបន្តថា កម្ពុជា និងថៃកំពុងធ្វើសហប្រតិបត្តិការ ដែលនាំមកនូវសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ យ៉ាងតិចមានមនុស្សប្រមាណជាង៤ម៉ឺននាក់ ដែលរួមមានទាំងប្រជាពលរដ្ឋកម្ពុជា និងក្រុមអាវក្រហមមកពីប្រទេសថៃបានចូលរួមការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពជាលើកដំបូងនេះ។ លោកយ៉ុង យុទ្ធ ក្រុមអាវក្រហមមួយរូបមកពីទីក្រុងបាងកកដែលបានចូលរូមទស្សនានៅពហុកីឡាដ្ឋានជាតិ អូឡាំពិកបាននិយាយ ហើយត្រូវបានបកប្រែក្រៅផ្លូវការណ៍ថា៖ «ចាញ់ឈ្នះខ្ញុំឥតមានទេ ព្រោះអីនេះបាល់សម្រាប់ប្រកួតមិត្តភាព»។ លោក ប៉ុណ្ណារ័ត្ន ប្រជាពលរដ្ឋកម្ពុជាមួយរូប រស់នៅទីក្រុងភ្នំពេញ បាននិយាយថា ការប្រកួតរវាងមេដឹកនាំទាំងពីរប្រទេសនេះថ្វីបើមានវ័យចាស់មែន ប៉ុន្តែធ្វើឲ្យយុវជនជំនាន់ក្រោយអនុវត្តតាម។ «ព្រោះអីថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីរប្រទេសដែលបានជួបគ្នានេះ អញ្ចឹងឃើញថា គាត់ទាត់ទៅ ពិតថាគាត់មានវ័យចំណាស់ៗ ប៉ុន្តែការលេងហ្នឹងគឺថាធ្វើឲ្យយើងមានភាពថា សប្បាយ។ យើងមើលខុសពីអ្នកដឹកនាំអាជីពអញ្ចឹងណាស់»។ លោកនាយឧត្តម សៅ សុខា មេបញ្ជាការប៉េអឹមលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាននិយាយថា ការប្រកួតនេះ បានបង្ហាញឲ្យឃើញពីលក្ខណៈមិត្តភាពនៃប្រទេសទាំងពីរដែលមានព្រំប្រទល់ជាប់គ្នា។ «ជាការពិតណាស់ ទស្សនិកជនលោកបានទះដៃ។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសប្បាយណាស់ ខ្ញុំលេង។ ក៏ប៉ុន្តែ អ្វីដែលលើសពីការដែលខ្ញុំសប្បាយគឺទស្សនិជនដែលគាត់មិនសប្បាយមិនសប្បាយ។ ប៉ុន្តែខ្ញុំឃើញគាត់ហ៊ូរ! គាត់ទះដៃ។ គាត់ច្រៀង។ ដូច្នេះ ខ្ញុំថានេះ គឺជាជ័យជម្នះ»។ ការប្រកួតបាល់ទាត់មិត្តភាពនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអតីតនាយករដ្ឋមន្ត្រីថៃ បានចូលលេងរហូតដល់បញ្ចប់វគ្គទី២។ ក៏ប៉ុន្តែ ក្រុមកីឡាបាល់ទាត់ដូចជាមិនសូវហ៊ានចូលដណ្តើមបាល់ទេ នៅពេលដែលបាល់នៅជើងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬលោក ស៊ុមច័យ វង្សសាវ៉ាត៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ២៦ កញ្ញា Posted: 25 Sep 2011 09:04 PM PDT ព័ត៌មានចុងក្រោយបំផុត៖ សហរដ្ឋអាមេរិក៖ អ្នកនាំពាក្យម្នាក់នៃស្ថានទូតសហរដ្ឋអាមេរិកនៅប្រទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងថាជនជាតិអាមេរិកាំងម្នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតត្រូវរងរបួសនៅក្នុងឧបត្តិហេតុបាញ់ប្រហារមួយនៅក្នុងបរិវេណអគារមួយរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (Central Intelligence Agency) របស់សហរដ្ឋអាមេរិក។ យេម៉ែន៖ មន្រ្តីប្រទេសយេម៉ែននិយាយថា ពួកកុលសម្ព័ន្ធប្រឆាំងរដ្ឋាភិបាលបានវាយប្រហារទៅលើកងទ័ពដែលគាំទ្រលោកប្រធានាធិបតី Ali Abdullah Saleh ដោយបានសម្លាប់មេបញ្ជាការម្នាក់ និងចាប់ខ្លួនទាហាន ៣០ នាក់ទៀត។ ប៉ាឡេស្ទីន/អ៊ីស្រាអែល៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់ផ្តើមពិភាក្សាការស្វះស្វែងរបស់ប៉ាឡេស្ទីនដើម្បីបង្កើតរដ្ឋនៅថ្ងៃច័ន្ទនេះ នៅពេលដែលមេដឹកនាំអ៊ីស្រាអែលបន្តអំពាវនាវឲ្យវិលត្រឡប់ទៅកាន់តុចរចារកសន្តិភាពវិញ។ លីប៊ី៖ ក្រុមមេដឹកនាំស្តីទីនៃប្រទេសលីប៊ី និយាយថា ពួកគេបានរកឃើញរណ្តៅសពរួមមួយ ដែលពួកគេជឿថា មានកប់សពអ្នកទោសចំនួន ១២៧០ នាក់ ដែលកងកម្លាំងសន្តិសុខលោក ម៉ូអាម៉ារ ហ្កាដាហ្វី បានសម្លាប់នៅក្នុងការប្រហារជីវិតរង្គាលដ៏ឃោឃៅមួយក្នុងឆ្នាំ ១៩៩៦។ លីប៊ី៖ ប្រទេសស្កុតឡេន (Scotland) បានស្នើឲ្យមេដឹកនាំស្តីទីនៃប្រទេសលីប៊ី ជួយស្វែងរកមនុស្សបន្ថែមទៀតដែលអាចមានមុខនាទី នៅក្នុងការដាក់គ្រាប់បែកឲ្យផ្ទុះនៅក្នុងយន្តហោះមួយគ្រឿងដែលធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ដោយបានសម្លាប់មនុស្សចំនួន ២៧០នាក់ នៅពេលដែលយន្តហោះនោះបានផ្ទុះនៅលើអាកាស ក្នុងទីក្រុង Lockerbie ប្រទេសស្កុតលែនក្នុងឆ្នាំ ១៩៨៨។ បារាំង៖ នេះជាលើកទីមួយហើយនៅក្នុងប្រវត្តិសាស្រ្តទំនើបរបស់ប្រទេសបារាំង ដែលគណបក្សសង្គមនិយម និងសម្ព័ន្ធមិត្តឆ្វេងនិយមរបស់ខ្លួនមានចំនួនភាគច្រើននៅក្នុងព្រឹទ្ធសភាប្រទេសបារាំង។ ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> ប៉ាទ្បេស្ទីន៖ លោកប្រធានាធិបតីប៉ាទ្បេស្ទីន Mahmoud Abbas បានមានប្រសាសន៍ប្រាប់ប្រជារាស្ត្រប៉ាទ្បេស្ទីនរាប់ពាន់នាក់នៅក្នុងក្រុង Ramallah នាតំបន់ត្រើយខាងលិចនៃទន្លេ Jordan ថា «រដូវផ្ការីកប៉ាទ្បេស្ទីន» បានចាប់ផ្តើមហើយ នៅក្រោយលោកបានដាក់ពាក្យសុំជាប្រវត្តិសាស្ត្រនៅក្នុងអង្គការសហប្រជាជាតិឱ្យមានការទទួលស្គាល់រដ្ឋប៉ាទ្បេស្ទីនមួយ។ យេម៉ែន៖ ប្រធានាធិបតី Ali Abdullah Saleh ប្រទេសយេម៉ែននិយាយថាលោកប្តេជ្ញានឹងការផ្ទេរអំណាចដោយសន្តិវិធីតាមរយៈការបោះឆ្នោតប្រធានាធិបតី។ អ៊ីរ៉ង់៖ អ្នកដើរលេងតំបន់ភ្នំអាមេរិកាំងពីរនាក់ដែលអាជ្ញាធរអ៊ីរ៉ង់បានដោះលែងកាលពីសប្តាហ៍មុនបានវិលត្រទ្បប់មកសហរដ្ឋអាមេរិកវិញហើយកាលពីថ្ងែអាទិត្យ ក្រោយពីបានចំណាយពេលជាងពីរឆ្នាំនៅក្នុងគុកអ៊ីរ៉ង់មួយពីបទចោទប្រកាន់ថាធ្វើចារកម្ម។ ប៉ាគីស្ថាន៖ កាលពីថ្ងៃអាទិត្យលោកឧត្តមសេនីយ៍ Ashfaq Kayani អគ្គមេបញ្ជាការនៃកងទ័ពប៉ាគីស្ថានបានធ្វើជាអធិបតីក្នុងការប្រជុំពិសេសមួយជាមួយពួកមេបញ្ជាការជាន់ខ្ពស់របស់លោក នៅពេលដែលសង្គ្រាមពាក្យសម្តីជាមួយសហរដ្ឋអាមេរិកបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសជាតិទាំងពីរធ្លាក់ដល់កម្រិតទាបថ្មីមួយទៀត។ អាហ្វហ្គានីស្ថាន៖ ប៉ូលីសអាហ្វហ្គានីស្ថាននិយាយថាអ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះគ្រឿងផ្ទុះមួយនៅខាងក្រៅទីចាត់ការធំរបស់ពួកប៉ូលីសក្នុងមូលដ្ឋានមួយក្នុងភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថានបណ្តាលឱ្យប៉ូលីស២នាក់ស្លាប់ ហើយធ្វើឱ្យជនស៊ីវិល២នាក់ត្រូវរបួស។ សំប៊ី៖ លោក Michael Sata ប្រធានាធិបតីថ្មីប្រទេសសំប៊ីបានមានប្រសាសន៍ថារដ្ឋាភិបាលរបស់លោកនឹងត្រូវគ្រប់គ្រងដោយបទបញ្ជាទាំង១០ដែលមានចែងនៅក្នុងព្រះគម្ពីរប៊ីបនៃគ្រឹស្តសាសនា។ អារ៉ាប៊ីសាអូឌីត៖ ព្រះចៅ Abdullah នៃប្រទេសអារ៉ាប៊ីសាអូឌីត បានផ្តល់ឱ្យក្រុមស្ត្រីនូវសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះជាបេក្ខនារីនៅក្នុងការបោះឆ្នោតក្នុងមូលដ្ឋាននៅទូទាំងប្រទេស ក្នុងរយៈពេល៤ឆ្នាំចាប់តាំងពីពេលនេះទៅ។ This posting includes an audio/video/photo media file: Download Now |
Posted: 25 Sep 2011 09:56 PM PDT សៀវភៅ «ស្នាមរបួសដែលលាក់កំបាំងរបស់ប្រទេសកម្ពុជា៖ ចិត្តវិជ្ជានៃបទពិសោធន៍ បាក់ស្បាតនៅក្រោយរបបខ្មែរក្រហម» (Cambodia's Hidden Scars: Trauma Psychology in the Wake of the Khmer Rouge) ទើបនឹងបានបោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា នៅក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះ។ <!--IMAGE-RIGHT--> លោកបណ្ឌិត ដេរីន រីឆឺដឺរ៍ (Dr. Daryn Reicherter) ជាអ្នកនិពន្ធមួយរូបរបស់សៀវភៅនេះ។ លោកជាសាស្រ្តាចារ្យ នៅដេប៉ាតឺម៉ង់ ជំងឺវិកលចរិតនិងវិទ្យាសាស្រ្តអាកប្បកិរិយា មហាវិទ្យាល័យឱសថសាស្រ្ត នៃសាលកវិទ្យាល័យស្ទែនហ្វ៊ដ (Stanford) ។ លោកបណ្ឌិត រីឆឺដឺរ៍ បានធ្វើការដើម្បីផ្សព្វផ្សាយអំពីជំងឺផ្លូវចិត្ត និងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសមួយចំនួន ដូចជាប្រទេសកម្ពុជា ប្រទេសហៃទី ប្រទេសឥណ្ឌូនេស៊ីជាដើម។ លោកអះអាងថាចំណុចសំខាន់បំផុតរបស់សៀវភៅនេះផ្តោតលើការគាំទ្រឲ្យសាធារណជនដឹងឮពីបញ្ហាសុខភាពផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជាដោយជំរុញឲ្យរដ្ឋាភិបាលធ្វើការគិតគូរដល់បញ្ហាសុខភាពផ្លូវចិត្តនេះ ដោយធ្វើការផ្លាស់ប្តូរឬធ្វើឲ្យដំណើរការចែកចាយសេវាសុខភាពផ្លូវចិត្តមានលក្ខណៈប្រសើរឡើង និងជំរុញឲ្យក្រុមផ្តល់ជំនួយអន្តរជាតិធ្វើការពិចារណាផ្តល់ថវិកាបន្ថែមទៀតដល់ផ្នែកសុខភាពផ្លូវចិត្តនេះ។ នេះជាបទសម្ភាសន៍រវាងលោក ភី សុភាដា ពីវីអូអេខ្មែរ ជាមួយលោកបណ្ឌិត ដេរីន រីឆឺដឺរ៍ អំពីសៀវភៅខាងលើ និងបទពិសោធន៍របស់លោកទាក់ទងនឹងការ សរសេរសៀវភៅនេះ៖ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |