VOA News: ព័ត៌មាន: “ទឹកជំនន់ស្រកតែជនរងគ្រោះកើនឡើង” plus 2 more |
- ទឹកជំនន់ស្រកតែជនរងគ្រោះកើនឡើង
- ក្រសួងព័ត៌មានបិទទីភ្នាក់ងារព័ត៌មានចំនួន៣៧ដោយសារហួសអាជ្ញាប័ណ្ណ
- ព័ត៌មានអន្តរជាតិសង្ខេប៖ ២៨ កញ្ញា
ទឹកជំនន់ស្រកតែជនរងគ្រោះកើនឡើង Posted: 28 Sep 2011 12:14 PM PDT ទឹកជំនន់បានចាប់ផ្ដើមស្រកក្នុងខេត្ត ក្រុងទាំង១៤ ដែលទទួលរងការលិចលង់ក្នុងប្រទេសកម្ពុជា ដោយឡែកជនរងគ្រោះស្លាប់បាត់បង់ជីវិត ត្រូវបានប៉ាន់ស្មានថា នឹងមានចំនួនកើនលើសពីជាង ៦០នាក់ដែលជាតួលេខបណ្ដោះអាសន្នក្នុងពេលបច្ចុប្បន្ននេះ។ នេះបើតាមការអះអាងរបស់ក្រុមមន្ដ្រីជាន់ខ្ពស់កម្ពុជានៅថ្ងៃពុធនេះ។ លោក ម៉ៅ ហាក់ ប្រធាននាយកដ្ឋានជលសាស្ដ្រនៃក្រសួងធនធានទឹក និងឧតុនិយម មានប្រសាសន៍ថា កម្ពស់ទឹកនៅតាមដងទន្លេមេគង្គ និងទន្លេសាបចាប់ផ្ដើមស្រកហើយក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ «ទឹកទន្លេមេគង្គ នៅស្ទឹងត្រែង ក្រចេះ កំពង់ចាម ស្រកជាបន្ដបន្ទាប់ រីឯនៅភ្នំពេញ បាសាក់ ចតុមុខ កាលពីម៉ោង ១១ ព្រឹកមិញនេះ ចាប់ផ្ដើមស្រកមួយហ៊ុន (១សង់ទីម៉ែត្រ)។ ដូច្នេះជារួមយើងអាចនិយាយបានថា ស្ថានភាពទន្លេមេគង្គមានលក្ខណៈធូរស្រាល ហើយនៅអ្នកលឿង កោះខែល ព្រែកក្ដាម នឹងបន្ដស្រករយៈពេលស្អែកខានស្អែកនេះ»។ ប្រទេសកម្ពុជា បានទទួលរងទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀងជាបន្ដបន្ទាប់ចាប់ពីខែសីហា និងក្នុងខែកញ្ញានេះ។ ជំនន់ទឹកភ្លៀង បានជន់លិចខេត្តមួយចំនួនភាគខាងជើង និងប៉ែកពាយ័ព្យប្រទេសដូចជា ខេត្តបាត់ដំបង ឧត្តរមានជ័យ ខេត្តសៀមរាប និងព្រះវិហារជាដើម រួមជាមួយនឹងខេត្តមួយចំនួនទៀតដែលស្ថិតនៅជុំវិញទន្លេមេគង្គ និងទន្លេសាប។ ជាសរុបខេត្តក្រុងចំនួន ១៤ បានលិចលង់។ ប្រជាពលរដ្ឋចំនួន ៩០.៣០៣ គ្រួសារទទួលរងផលប៉ះពាល់ក្នុងនោះ១៣.៤០៣ គ្រួសារត្រូវបានជម្លៀសចេញពីផ្ទះទៅកាន់កន្លែងសុវត្ថិភាព ហើយផ្ទះចំនួន ៨៣.០០៧ ខ្នង បានលិចលង់។ ខេត្តកំពង់ធំ និងខេត្តព្រៃវែង ទទួលរងការលិចលង់ ការប៉ះពាល់ខ្លាំងជាងគេ។ លោក ញឹម វណ្ណដា អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលគ្រោះទឹកជំនន់នេះ បានកើនដល់ចំនួន៦១ នាក់ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ក៏ប៉ុន្ដែលោករំពឹងថា ចំនួននេះអាចនឹងមានការកើនឡើងដោយសារតែពុំទាន់មានការបូកសរុបរបាយការណ៍បញ្ចប់ ជាពិសេសការវាយតម្លៃពីការខូចខាតនានាកំពុងតែបន្ដនៅឡើយ។ «ការខូចខាតនិងប៉ះពាល់ស្រូវដំណាំផ្សេងៗយើងកំពុងតែធ្វើការស៊ើបអង្កេតតទៅទៀតដើម្បីយកតួលេខប្រាកដប្រជាមួយ។ រីឯអ្នកស្លាប់ក៏មិនទាន់ច្បាស់ ហើយត្រូវរង់ចាំមួយថ្ងៃពីរទៀត»។ នៅពេលនេះការសង្គ្រោះ និងការដោះស្រាយសម្រាប់ប្រជាពលរដ្ឋទទួលរងគ្រោះនៅតែបន្ដ។ លោកស្រី ម៉ែន នារីសុភ័ក្ដ អគ្គនាយករងកាកបាទក្រហមកម្ពុជា នៅថ្ងៃនេះក៏បានប៉ាន់ប្រមាណដែរថា ចំនួនជនរងគ្រោះស្លាប់បាត់បង់ជីវិត និងជនរងគ្រោះដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងខេត្តមួយចំនួនអាចនឹងបន្ដកើនឡើងថែមទៀត។ «តាមព័ត៌មានព្រឹកមិញនេះ គឺថានឹងមានចំនួនជនរងគ្រោះកើនឡើងថែមទៀត នៅខេត្តព្រៃវែង កំពង់ឆ្នាំង និងនៅខេត្តកណ្ដាល។ តាំងពីថ្ងៃទី២៣ ខែកញ្ញាមក ខាងកាកបាទក្រហមកម្ពុជាបានជួយប្រជាពលរដ្ឋកាលពីមុនចំនួន១.៨១៨គ្រួសារ ហើយថែម២.៧៧៩ គ្រួសារទៀត។ ហើយយើងនឹងត្រៀមចុះទៅខេត្តព្រៃវែងថ្ងៃទី៣០ ខែកញ្ញា និងថ្ងៃទី១ និងទី២ខែតុលា។ គឺជាការចែកអង្ករ មុង ក្រមា ភួយ តង់ មី ត្រីខ»។ ប្រទេសកម្ពុជាធ្លាប់បានទទួលរងគ្រោះធ្ងន់ធ្ងរដោយសារទឹកជំនន់កាលពីឆ្នាំ ២០០០ ដែលជាគ្រោះទឹកជំនន់ដ៏ធំបំផុតមួយ ហើយបានបង្កឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងដំណាំកសិកម្មសរុបជាទឹកប្រាក់ចំនួន ១៦០ លានដុល្លារអាមេរិក និងជនរងគ្រោះស្លាប់បាត់បង់ជីវិតចំនួន ៦០នាក់៕ This posting includes an audio/video/photo media file: Download Now |
ក្រសួងព័ត៌មានបិទទីភ្នាក់ងារព័ត៌មានចំនួន៣៧ដោយសារហួសអាជ្ញាប័ណ្ណ Posted: 28 Sep 2011 12:46 PM PDT ក្រសួងព័ត៌មាន បានបញ្ជាឲ្យបិទភ្នាក់ងារសារព័ត៌មាន ក្នុងស្រុកដែលមិនសូវមានឈ្មោះបោះសំឡេងចំនួន ៣៧អង្គភាពបន្ទាប់ពីមិនបានចេញផ្សាយ និងផុតអាជ្ញាប័ណ្ណអស់រយៈពេលជិត១០ឆ្នាំ។ ប៉ុន្តែមន្ត្រីអង្គការសារព័ត៌មាននិងសិទ្ធិមនុស្ស បានរិះគន់ការបិទនេះថាជា ការបិទសិទ្ធិសេរីភាព។ លោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់នៅក្នុងប្រកាសថា ក្រសួងបានសម្រេចបញ្ឈប់ការអនុញ្ញាតឲ្យបោះពុម្ភផ្សាយសារព័ត៌មាន ចំនួន៣៧ភ្នាក់ងារ រួមមានកាសែតចំនួន១៦ ទស្សនាវដ្តីចំនួន១៥ និងព្រឹត្តិបត្រចំនួន៦។ លោក យ៉ែម ណយ ប្រធានមណ្ឌលព័ត៌មាន នៃក្រសួងព័ត៌មាន បានថ្លែងថាក្រសួងបានទុកពេលឲ្យម្ចាស់សារព័ត៌មានទាំងនោះរយៈពេលជិត១០ឆ្នាំ បន្ទាប់ពីបានផុតសុពលភាពនៃអាជ្ញាប័ណ្ណ ប៉ុន្តែម្ចាស់សារព័ត៌មានទាំងនេះ មិនបានមកបន្ត និងហាក់បីដូចជាបោះបង់ចោល អាជីវកម្មកាសែតនេះ។ «កាសែត ទាំងអស់ហ្នឹងផុតអាជ្ញាប័ណ្ណយូរហើយតាំងពីឆ្នាំ២០០២ ដែលគាត់អត់មកបន្ត។ ក្រសួងលុបចោលកាសែតអសកម្ម កាសែត អត់ចេញផ្សាយ គ្មានអាស័យដ្ឋាន ហើយអត់មកបន្តសុពលភាពអាជ្ញាប័ណ្ណអាជីវកម្ម។ យើងចុះស្រាវជ្រាវរកស្នាក់ការមិនឃើញមាន ដូចដែលគាត់បានសុំបែបបទមកក្រសួងបើកអាជីវកម្មទេ»។ លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា បានគាំទ្រដល់ការបិទអង្គការសារព័ត៌មានទាំងនេះ។ លោក ជា គឹមសាន ចាងហ្វាងការផ្សាយនៃកាសែតចរិតខ្មែរ ដែលត្រូវបានបិទនោះ បានថ្លែងថា ក្នុងច្បាប់របបសារព័ត៌មាន ក្រសួងគ្មានសិទ្ធិបិទកាសែតដែល មិនដំណើរការទេ។ ក្រសួងព័ត៌មាន អាចមានសិទ្ធិត្រឹមតែចេញអាជ្ញាប័ណ្ណឲ្យបើកកាសែតប៉ុណ្ណោះ។ លោក ជា គឹមសាន បានបញ្ជាក់ថា កាសែតរបស់លោកបានផុតសុពលភាព នៃអាជ្ញាប័ណ្ណយូរមែន និងមិនបានបោះពុម្ពចេញផ្សាយទេ។ «ក្រសួង គួរតែជូនដំណឹងដល់អ្នកកាន់អាជ្ញាប័ណ្ណហ្នឹងដែរ ប៉ុន្តែក្រសួងអត់ដែលជូនដំណឹងផង និងអត់ដែលចេញសេចក្តីណែនាំថាឲ្យបន្តអាជ្ញាប័ណ្ណផង។ ស្រាប់តែចេញប្រកាស មកបិទកាសែតតែម្តង។ ខ្ញុំ ស្រងាកចិត្តចំពោះការបិទនេះ ដោយក្រសួងធ្វើអ្វីស្ងាត់ៗ អត់មាន ប្រាប់ដល់អ្នកកាន់អាជ្ញាប័ណ្ណថា ត្រូវបន្តដោយជូនដំណឹងជាលាយលក្ខណ៍អក្សរ»។ លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សា ផ្នែកសារព័ត៌មាន បានថ្លែងថាការបិទកាសែត ទស្សនាវដ្តី និងព្រឹត្តិបត្រនេះ បានរំលោភលើរដ្ឋធម្មនុញ្ញ និងច្បាប់សារព័ត៌មាន ប៉ុន្តែការបិទអាចធ្វើទៅបាន លុះត្រាតែកាសែតនោះ បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ «ការបិទកាសែតទាំងអស់ហ្នឹងគឺខុសនឹងគោលការណ៍ នៃរដ្ឋធម្មនុញ្ញផង និងច្បាប់សារព័ត៌មានផង។ ការបិទកាសែតនេះ អាចជាទម្រង់មួយនៃការចាប់ពិរុទ្ធជាមុន»។ លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេត នៃអង្គការសិទ្ធិមនុស្សលីកាដូ បានបញ្ជាក់ថា ការបិទសារព័ត៌មាននេះ ប៉ះពាល់ដល់សិទ្ធិផ្សាយព័ត៌មាន សិទ្ធិទទួលព័ត៌មាន និងសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋតាមរយៈសារព័ត៌មាន។ «ខ្ញុំយល់ថាការបិទនេះ ប៉ះពាល់ទៅដល់សិទ្ធិក្នុងការចែកចាយព័ត៌មាន។ វាបានន័យថាការបញ្ចេញមតិ ឬ ការចែកចាយព័ត៌មាន តាមរយៈសារព័ត៌មានទាំងអស់នេះផងដែរ។ នេះ ជាចំណុចអវិជ្ជមានមួយ»។ ក្រុមមន្ត្រីសារព័ត៌មាន បាននិយាយថា ក្រសួងព័ត៌មាន បានផ្តល់អាជ្ញាប័ណ្ណដល់អង្គភាពកាសែត ទស្សនាវដ្តី និងព្រឹត្តិប័ត្រជាង៥០០៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ២៨ កញ្ញា Posted: 27 Sep 2011 11:24 PM PDT ព័ត៌មានចុងក្រោយបំផុត៖ ហ្វីលីពីន៖ ក្រុមបុគ្គលិកសម្រាប់គ្រាអាសន្នបានចាប់ផ្តើមបោសសម្អាតផ្លូវថ្នល់នៅក្នុងរដ្ឋធានីម៉ានីលនៃប្រទេសហ្វីលីពីន ពីការខូចខាតដែលបណ្តាលមកពីខ្យល់ព្យុះទីហ្វុង ឈ្មោះ Nesat ដែលបានសម្លាប់មនុស្សចំនួន ១៨នាក់ និងធ្វើឲ្យមនុស្ស ៣៥ នាក់ទៀតបាត់ខ្លួន។ លីប៊ី៖ ការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅក្នុងទីក្រុង Sirte នៅប្រទេសលីប៊ី ដែលត្រូវឡោមព័ទ្ធបានរារាំងមិនឲ្យយុទ្ធជននៃរដ្ឋាភិបាលបណ្តោះអាសន្នអាចចូលទៅក្នុងទីតាំងដ៏រឹងមាំចុងក្រោយមួយក្នុងចំណោមទីតាំងពីរបីទៀតដែលនៅសេសសល់របស់ក្រុមអ្នកគាំទ្រអតីតមេដឹកនាំម៉ូអាម៉ារ ហ្កាដាហ្វី។ អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងចាប់ធ្វើការពិចារណាជាផ្លូវការអំពីពាក្យសុំមួយរបស់ជនជាតិប៉ាឡេស្ទីន ដើម្បីបានចូលជាសមាជិកពេញអង្គរបស់អង្គការពិភពលោកនេះ។ ស៊ីរី៖ ប្រទេសមហាអំណាចនៅទ្វីបអឺរ៉ុបមួយក្រុម បានស្នើពង្រាងថ្មីមួយនៃសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលគំរាមដាក់ទណ្ឌកម្មបន្ថែមទៀតទៅអនាគត ប្រសិនបើកងកម្លាំងសន្តិសុខប្រទេសស៊ីរី មិនឈប់ធ្វើប្រតិបត្តិការយោធាប្រឆាំងទៅលើជនស៊ីវិលនោះទេ។ បារ៉ែន៖ តុលាការពិសេសមួយនៅប្រទេសបារ៉ែន បានគាំទ្រការពិន័យទោសឲ្យជាប់គុកមួយជីវិតដល់សកម្មជនប្រឆាំង Shi'ite ៨នាក់ ដែលត្រូវកាត់ឲ្យមានទោសនៅក្នុងការរួមគំនិតក្បត់ចង់រំលំរដ្ឋាភិបាលដែលដឹកនាំដោយជនជាតិភាគតិច Sunni នៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលកាលពីដើមឆ្នាំនេះ។ អាហ្វហ្គានីស្ថាន៖ ភ្នាក់ងារនគរបាល ៨នាក់បានស្លាប់នៅក្នុងការវាយប្រហារមួយរបស់ក្រុមបះបោរ នៅកន្លែងឆែកឆេររបស់កងនគរបាលទាំងនោះ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានភាគខាងត្បូង។ មន្ត្រីក្នុងតំបន់និយាយថា ការវាយប្រហារនេះបានកើតឡើងនៅព្រឹកថ្ងៃពុធ នៅក្បែរទីក្រុង Lashkar Gah ក្នុងខេត្ត Helmand។ សហរដ្ឋអាមេរិក/ចិន៖ ប្រទេសចិននៅមានកំហឹងនឹងការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះ តៃវ៉ាន់ ទោះបីជាមានសេចក្តីថ្លែងមួយរបស់ឧត្តមនាវីឯកម្នាក់របស់សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។ លោកឧត្តមនាវីឯក Robert Willard ដែលជាមេបញ្ជាការកងកម្លាំងសហរដ្ឋអាមេរិកប្រចាំតំបន់មហាសមុទ្រប៉ាស៊ីហ្វិក មានប្រសាសន៍កាលពីថ្ងៃអង្គារថា កញ្ចប់គ្រឿងអាវុធដែលប្រកាសលក់កាលពីសប្តាហ៍មុនទៅឲ្យកោះតៃវ៉ាន់នោះ នឹងមិនផ្លាស់ប្តូរតុល្យភាពនៃអំណាចនៅក្នុងច្រកសមុទ្រនៃកោះតៃវ៉ាន់ទេ។ ជប៉ុន៖ យន្តហោះធុន 787 Dreamliner របស់ក្រុមហ៊ុន Boeing ដែលមានការពន្យារពេល បានបញ្ចប់ការហោះហើរលើកដំបូងរបស់ខ្លួននៅថ្ងៃពុធនេះ នៅទីក្រុងតូក្យូ នៅពេលដែលយន្តហោះនេះមានគម្រោងនឹងចូលបម្រើសេវាពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ All Nippon របស់ប្រទេសជប៉ុន។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> អារ៉ាប៊ីសាអូឌីត៖ ពួកសកម្មជនអារ៉ាប៊ីសាអូឌីត និយាយថាតុលាការមួយក្នុងក្រុង Jeddah បានកាត់ទោសស្ត្រីម្នាក់ឱ្យគេវាយដប់រំពាត់ពីព្រោះបានប្រឆាំងនឹងការហាមប្រាមរបស់រាជាណាចក្រអភិរក្សនិយមនេះ ដែលមិនឱ្យពួកស្ត្រីបើកបររថយន្ត។ លីប៊ី៖ ក្រុមយុទ្ធជន រដ្ឋាភិបាលបណ្តោះអាសន្នប្រទេសលីប៊ីនិងពួកព្រឹទ្ធាចារ្យមកពីកុលសម្ព័ន្ធរបស់អតីតមេដឹកនាំ Moammar Gadhafi ខិតខំព្យាយាមធ្វើកិច្ចចរចាឱ្យមានកិច្ចឈប់បាញ់គ្នាមួយដែលនឹងអនុញ្ញាតឱ្យមានការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់គ្រួសារទាំងទ្បាយណាដែលចង់ចាកចេញពីក្រុង Sirte ជាក្រុងកំណើតរបស់ Gadhafi ដែលបានត្រូវទ្បោមព័ទ្ធ។ ស៊ីរី៖ កាលពីថ្ងៃអង្គារ កងកម្លាំងរដ្ឋាភិបាលស៊ីរីបានឆ្មក់វាយប្រហារក្រុងយ៉ាងតិចណាស់ពីរដងនៅក្នុងការបន្តការបង្ក្រាបលើក្រុមប្រឆាំងនៅទូទាំងប្រទេស។ ប៉ាគីស្ថាន៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Yusuf Raza Gilani ព្រមានសហរដ្ឋអាមេរិកថាខ្លួនត្រូវបញ្ឈប់ «ការបញ្ចេញសារអវិជ្ជមាន» ដែលចោទប្រកាន់ប្រទេសប៉ាគីស្ថានថាគាំទ្រដល់ការវាយប្រហាររបស់ពួកជនសកម្មប្រយុទ្ធនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថានបានសន្យាដល់មន្ត្រីចិនម្នាក់ដែលបំពេញទស្សនកិច្ចក្នុងប្រទេសខ្លួនថាខ្លួននឹងបង្ក្រាបពួកអ៊ីស្លាមចិនទាមទារបំបែករដ្ឋដែលប្រើប្រាស់ដែនដីប៉ាគីស្ថានធ្វើជាមូលដ្ឋានមួយសម្រាប់ធ្វើការវាយប្រហារក្នុងប្រទេសចិននៅជិតខាង។ ក្រិក៖ ក្រិកបានសម្តែងការទុកចិត្តជាថ្មីថាខ្លួននឹងអាចធ្វើតាមផែនការសន្សំសំចៃដើម្បីទទួលជំនួយហិរញ្ញវត្ថុអន្តរជាតិឱ្យបានទាន់ពេលវេលាថែមទៀត ដើម្បីបញ្ចៀសកុំឱ្យមានការមិនអាចសងបំណុលបាននៅខែក្រោយ។ អ៊ីស្រាអែល៖ ប្រទេសអ៊ីស្រាអែលបានជំរុលទៅមុខជាមួយផែនការមួយដើម្បីកសាងផ្ទះថ្មី១ពាន់១រយខ្នងនៅក្នុងតំបន់ខាងកើតនៃក្រុង Jerusalem ដែលជាចំណាត់ការមួយអាចធ្វើតានតឹងថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងធ្វើឱ្យមានកិច្ចចរចាសន្តិភាពជាថ្មីទ្បើងវិញជាមួយជនជាតិប៉ាទ្បេស្ទីន។ អ៊ីស្រាអែល៖ ប្រទេសអ៊ីស្រាអែលបានរុលទៅមុខជាមួយផែនការមួយដើម្បីកសាងផ្ទះថ្មី១ពាន់១រយខ្នងនៅក្នុងតំបន់ខាងកើតនៃក្រុង Jerusalem ដែលជាចំណាត់ការមួយអាចធ្វើឲ្យតានតឹងថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងធ្វើឱ្យមានកិច្ចចរចាសន្តិភាពជាថ្មីទ្បើងវិញជាមួយជនជាតិប៉ាទ្បេស្ទីន។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |