VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ៣០ កញ្ញា” plus 4 more

VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ៣០ កញ្ញា” plus 4 more


ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ៣០ កញ្ញា

Posted: 29 Sep 2011 08:58 PM PDT

ចិន​៖ ចិន​បាន​បាញ់្​បង្ហោះយាន​អាវកាស​មួយ​ដែល​គ្មាន​មនុស្ស​បើកបរ​ ​ដែល​គេ​ពិព័ណ៌នា​ថា​ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​រក​ការ​ស្ថាបនា​ស្ថានីយ​អវកាស​របស់​ខ្លួន​។ យាន​អាវកាស​មាន​ទម្ងន់​៨តោន​កន្លះ​នេះ​មាន​ឈ្មោះ​ហៅ​ថា​ Tiangong-1 មាន​ន័យ​ថា​វិមាន​ដូចឋានសួគ៌ ​ត្រូវ​បាន​បាញ់​បង្ហោះ​ពី​ទី​តាំងវាល​ខ្សាច់​ Gobi នៅ​ភាគ​ពាយព្យ​ប្រទេស នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​។ យាន​អាវកាស​នោះ​ត្រូវ​បាន​បាញ់​បង្ហោះ​ដោយ​កម្លាំង​រ៉ុកកែត​ Long March 2FT1។​ លោក​នាយក​រដ្ឋមន្ដ្រី​ Wen Jiabao​ បាន​មើល​ការ​បាញ់​បង្ហោះ​នេះ។

ស៊ីរី​៖ រដ្ឋបាល​លោក​អូបាម៉ា​ បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​របស់​ក្រុមគាំទ្រ​រដ្ឋាភិបាល​ស៊ីរី​ ដែល​បាន​គ្រវែង​ប៉េងប៉ោះ​និង​ដុំ​ថ្ម​ទៅ​លើ​លោក​ Robert Ford​ ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​។

ប៉ាគីស្ថាន​៖ ក្រុម​មន្ដ្រី​ប៉ាគីស្ថាន​បាន​បដិសេធ​ការ​អះអាង​របស់​សហរដ្ឋ​អាមេរិក អំពី​ទំនាក់ទំនង​រវាង​សេវា​ស៊ើប​ការ​សម្ងាត់​សហរដ្ឋ​អាមេរិក​ជាមួយនឹង​ក្រុម​សកម្មប្រយុទ្ធ​អាហ្វហ្គានីស្ថាន ​​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ពួក​អាល់កៃដា ​ហើយ​បាន​បដិសេធ​សម្ពាធ​ពី​ក្រៅ​ប្រទេស​ឲ្យ​ធ្វើ​អ្វី​ច្រើន​ថែម​ទៀត​​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្ម។

អេហ្ស៊ីប​៖ បណ្ដាញទូរទស្សន៍​ Al Jazeera​ ឲ្យ​ដឹង​ថា​ កង​កម្លាំង​សន្ដិសុខ​អេហ្ស៊ីប​បាន​ទៅ​លុកលុយ​នៅ​ការិយាល័យ​របស់​ខ្លួន​នៅ​ទីក្រុង​ Le Caire​ មាន​​ពេល​ពីរ​ដង​ហើយ​នៅ​ខែ​នេះ​ ហើយ​បាន​វាយដំ​បុគ្គលិកនិង​រឹបអូស​យក​គ្រឿង​ឧបករណ៍​។​

វេនេហ្សូ​អេឡា​៖ លោក Hugo Chavez ប្រធានាធិបតី​នៃ​ប្រទេស​វេនេហ្សូ​អេឡា​ កំពុងតែ​បដិសេធ​សេចក្ដី​រាយការ​ព័ត៌មាន​ថា​លោក​ត្រូវ​បាន​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ​ដោយ​មក​ពី​ជំងឺ​តម្រង​មូត្រ ​ដែល​ឈប់​ដំណើរ​ការ​ដែល​ទាក់​ទង​នឹង​​ការ​ព្យបាលជំងឺមហារីក​របស់​លោក​ ដែល​គេ​មិន​បាន​បញ្ជាក់​ថា​ជា​ជម្ងឺ​មហារីក​ប្រភេទ​អ្វី។

អ៊ីរ៉ង់​៖ មេធាវី​ការពារក្ដី​បព្វជិតអ៊ីរ៉ង់​កាន់​សាសនាអ៊ីស្លាម ដែល​ត្រូវ​បាន​ទទួល​សាលក្រម​មាន​ទោស​ប្រហារ​ជីវិត​ក្នុង​បទ​លះ​បង់​ចោល​សាសនា​និយាយ​ថា​លោក​សង្ឃឹម​ថា​សាលា​ឧទ្ធរណ៍​នឹង​លែង​ឲ្យ​កូន​ក្ដី​របស់​លោក​មាន​សេរី​ភាព។

យេម៉ែន​៖ មនុស្ស​យ៉ាង​តិច​ពីរ​នាក់​បាន​ស្លាប់​នៅ​រដ្ឋធានី​ Sana'a​ ប្រទេស​ យេម៉ែន​ ដែល​នៅ​ទី​នោះ​មាន​ការ​ពើប​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​រវាង​កង​កម្លាំង​ស្មោះ​ត្រង់​ចំពោះ​លោក​ប្រធានាធិបតី​ Ali Abdullah Saleh ​ និង​ក្រុម​កុលសម្ព័ន្ធ​ប្រ​ដាប់​អាវុធ​ដែល​បាន​ចូល​ទៅ​ខាង​ក្រុម​អ្នក​ជំទាស់។​

<!--AV-->

This posting includes an audio/video/photo media file: Download Now

ប្រេសិត​សិទ្ធិ​មនុស្ស​អ.ស.ប​ស្នើ​ឱ្យ​ពិចារណា​ដិតដល់​លើ​ច្បាប់​គ្រប់គ្រង​អង្គការ

Posted: 29 Sep 2011 01:02 PM PDT

អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​លោក​ សុរិយា​ ស៊ូបេឌី ​(Surya Subedi)​ រួម​ជាមួយ​នឹង​មន្ដ្រី​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​ចំនួន​ពីរ​រូប​ផ្សេង​ទៀត​​ បាន​ទទូច​ឲ្យ​រាជរដ្ឋាភិបាល​ខ្មែរ​ ពិនិត្យ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឲ្យ​បាន​ហ្មត់ចត់​បំផុត។ ​ហើយ​បាន​ផ្ដល់​យោបល់​ថា ​កម្ពុជា​មិន​អាច​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​ ក្នុង​ស្ថានភាព​យ៉ាង​ដូច្នេះ​បាន​ឡើយ។

លោក​ ស៊ូបេឌី​ ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​ហ្ស៊ឺណែវ​ ប្រទេស​ស្វ៊ីស ​កាល​ពី​ថ្ងៃ​ពុធ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្តម​ស្នងការ​សហប្រជាជាតិ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ អ្នករាយការណ៍​ពិសេស​បាន​លើក​ឡើង​ថា​ «សេចក្ដី​ព្រាង​ច្បាប់​នេះ​អាច​បង្អាក់​ការងារ​ស្រប​ច្បាប់»​ របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ដែល​មាន​ប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ សូរិយ៉ា ​ស៊ូបេឌី ​បាន​ក្រើន​រំលឹក​ថា​ ថ្វីត្បិតតែ​ប្រទេស​កម្ពុជា​«មាន​អធិបតេយ្យ» គ្រប់គ្រាន់​ក្នុង​ការ​អនុម័ត​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​​នេះ​ ក៏ប៉ុន្ដែ​ប្រទេស​កម្ពុជា​ក៏​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​«ឲ្យ​បាន​ហ្មត់ចត់»​ ផង​ដែរ​ដោយសារ​តែ​ផល​វិបាក​ នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ នឹង​ជះ​ឥទ្ធិពល​រយៈពេល​វែង​លើ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​របស់​លោក​ ស៊ូបេឌី ​ត្រូវ​បាន​គាំទ្រ​ដោយ​មន្ដ្រី​អង្គការ​សហប្រជាជាតិ​ពីរ​រូប​ផ្សេង​ទៀត ​គឺ​លោក ​ម៉ៃណា ​គីអៃ ​(Maina Kiai) ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជួប​ប្រជុំ​ដោយ​សន្ដិវិធី​ និង​ការ​បង្កើត​សមាគម​ និង​លោក​ស្រី​ ម៉ាហ្គារ៉េត ​សឺខែជយ៉ា ​(Margaret Sekaggya) ​អ្នក​រាយការណ៍​ពិសេស​ស្ដី​ពី​ស្ថានការណ៍​អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស។

មាន​អង្គការ​ជាតិ ​និង​អន្ដរជាតិ​ជិត​៣.០០០ ​កំពុង​បំពេញ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ដដែល ​បាន​គូស​បញ្ជាក់​ថា​ អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ភាគ​ច្រើន​ កំពុង​តែ​ជួយ​បំពេញ​បន្ថែម​លើ​កិច្ច​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ​ដូច​ជា​ក្នុង​សកម្មភាព​អប់រំ ​សុខាភិបាល​ អភិវឌ្ឍន៍​ជនបទ​ សុខភាព​និង​អនាម័យ ​ការ​ការពារ​បរិដ្ឋាន​និង​ធនធាន​ធម្មជាតិ​ជាដើម។

សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្លាប់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ ពិនិត្យ​រួច​ម្ដង​ហើយ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ ​ក៏​ប៉ុន្ដែ​ទី​បំផុត​គណៈរដ្ឋមន្ដ្រី​កម្ពុជា​បាន​សម្រេច​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​នេះ​ ត្រឡប់​មក​កាន់​ក្រសួង​មហាផ្ទៃ​ ដើម្បី​ធ្វើការ​ពិនិត្យ​ឡើង​វិញ។

សហរដ្ឋ​អាមេរិក​ ក៏​ធ្លាប់​បាន​បង្ហាញ​កង្វល់​របស់​ខ្លួន​នៅ​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ផង​ដែរ ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នោះ។​ ជាមួយ​គ្នា​នេះ​ ក្រុម​អង្គការ​អន្ដរជាតិ​ធំ​ៗ​ក្នុង​ពិភព​លោក​ ក្នុង​នោះ​មាន​អង្គការ​ Human Rights Watch ​និង ​អង្គការ ​Global Witness ​ជា​ដើម ​បាន​អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក ​ប្រទេស​​អង់គ្លេស ​និង​អូស្ដ្រាលី​ដាក់​សម្ពាធ​ដល់​កម្ពុជា ​និង​ធ្វើការ​កាត់​បន្ថយ​ជំនួយ​របស់​ខ្លួន​ដល់​កម្ពុជា​ប្រសិន​បើ​ រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ដ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដែល​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ជំទាស់​នោះ។

លោក​ ឧត្តមសេនីយ៍ឯក ​ខៀវ ​សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​ឆ្លើយ​តប​ថា​ សេចក្ដី​ថ្លែងការណ៍​របស់​លោក​ ស៊ូបេឌី ​កើត​ឡើង​ក្រោយ​ពេល​រដ្ឋាភិបាល​ចាត់ការ​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឡើង​វិញ​រួច​ទៅ​ហើយ។

«សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ដោយ​មាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ​យក​មក​ពិនិត្យ​កែលម្អ​ឡើង​វិញ​អស់​រយៈពេល​ជាង​មួយ​ខែ​ហើយ។​ ដូច្នេះ​ ព័ត៌មាន​របស់​គាត់​នោះ​ ដើរ​ពី​ក្រោយ​រាជរដ្ឋាភិបាល​ទេ»។

លោក​ ខៀវ ​សុភ័គ ​មាន​ប្រសាសន៍​ថា ​មាន​លទ្ធភាព​មួយ​ចំនួន​ដែល​អាច​ធ្វើ​សំយោគ​ការ​ផ្ដល់​យោបល់​មួយ​ចំនួន​ ដើម្បី​សម្រប​សម្រួល​បន្ថែម​មុន​នឹង​សេចក្ដី​ព្រាង​ច្បាប់​នេះ​ ​ត្រូវ​បញ្ជូន​ទៅ​កាន់​ទីស្ដី​ការ​គណៈរដ្ឋមន្ដ្រី​សារ​ជាថ្មី៕

This posting includes an audio/video/photo media file: Download Now

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​បដិសេធ​ទទួល​ខុសត្រូវ​ការ​សម្លាប់​មនុស្ស​និង​ចង់​រក​មុខ​អ្នក​ចោទ​ប្រកាន់​

Posted: 29 Sep 2011 03:37 PM PDT

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​គឺ​លោកស្រី អ៊ឹម ចែម ដែល​ជា​ជនសង្ស័យ​ម្នាក់​ក្នុង​សំណុំរឿង​លេខ​០០៤​ក្នុង​តុលាការ​ខ្មែរ​ក្រហម​បាន​បដិសេធ​ថា​លោក​ស្រី មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការសង្ស័យ​ទេ។ លោកស្រី​ក៏​សុំ​ស្វែង​រក​យុត្តិធម៌​ចំពោះ​ខ្លួន​គាត់​ដែល​លោកស្រី យល់​ថា​ជារឿង​នយោបាយ។

លោក សុខ​ ខេមរា​នៃ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​ជួប​សម្ភាស​ជាមួយ​នឹង​លោក​ស្រី អ៊ឹម​ ចែម​ក្នុង​គេហដ្ឋាន​របស់​គាត់​ក្នុង​តំបន់​ដាច់​ស្រយ៉ាល​មួយ។

តទៅ​នេះ​ជាបទ​សម្ភាសន៍​ទាំង​ស្រុង៖

ភាគ​ទី​១៖

<!--AV-->

ស៖​ ប៉ុន្តែ​នៅ​ក្នុង​រឿង​ហ្នឹង​ បើ​សិន​ជា​គេ​ ដូច​ថា​ចោទ​ប្រកាន់​អញ្ចឹង​ តើ​មាន​ប្រតិកម្ម​ទៅ​វិញ​យ៉ាង​ម៉េច​ជា​មួយ​នឹង​សហ​ព្រះ​រាជ​អាជ្ញា​ឬ​ក៏​អ្នក​ចោទ​អញ្ចឹង​ បាទ?

ឆ៖​ ខ្ញុំ​ ក្នុង​ចិត្ត​របស់​ខ្ញុំ​ ជាក់​ស្តែង​គឺ​ ខ្ញុំ​មិន​មាន​ប្រតិកម្ម​អី​ប៉ុន្មាន​ទេ​ ប៉ុន្តែ​សុំ​ឲ្យ​ព្រះ​រាជអាជ្ញា​ ហើយ​នឹង​អ្នក​យក​ព័ត៌មាន​ហ្នឹង​ សុំ​ឲ្យ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ ពីព្រោះ​ចោទ​អាយុ​ជីវិត​ខ្ញុំ​ទាំង​ស្រុង។​ ខ្ញុំ​មិន​បាន​ប្រព្រឹត្ត។​ អា​នេះ​ខ្ញុំ​គ្រាន់​តែ​បញ្ជាក់​ហេតុផល​ប៉ុណ្ណឹង។​ ឯ​ចិត្ត​ខ្ញុំ​ក៏​ខ្ញុំ​អត់​មាន​ដូច​ថា​កំហឹង​នេះ​ ប្រតិកម្ម​ឲ្យ​ដោះស្រាយ​ជា​បន្ទាន់​អី​ក៏​អត់​ដែរ​ ប៉ុន្តែ​ឲ្យ​រក​យុត្តិធម៌​ឲ្យ​ច្បាស់​លាស់។​ បើ​មិន​អញ្ចឹង​ទេ​ អ្នក​ចោទ​ខ្ញុំ​នេះ​ ខ្ញុំ​ត្រូវ​អស់​ជីវិត​ នែ៎។

ស៖​ អស់​ជីវិត​ហ្នឹង​យ៉ាង​ម៉េច​ដែរ​ បាទ?​ មាន​ន័យ​យ៉ាង​ម៉េច​ បាទ?

ឆ៖​ អស់​ជីវិត​ ដូច​ថា​ចោទ​ខ្ញុំ​ មាន​គុក​មាន​អី​ ហើយ​ខ្ញុំ​អត់​បាន​ដឹង​ផង​ បើ​អញ្ចឹង​ព្រះ​រាជ​អាជ្ញា​ហ្នឹង​គឺ​ថា​ ខ្ញុំ​នេះ​ប្រព្រឹត្ត​អំពើ​អាក្រក់​ យក​ទៅ​កាត់​ទោស​អី​អញ្ចឹង​ទៅ​នៅ​តុលាការ​ ខ្ញុំ​មិន​ត្រូវ​អស់​ជីវិត​ហើយ​ហ្នឹង?

ស៖​ អ្នក​ស្រី​គិត​ថា​ រឿង​នេះ​គេ​ប្រឌិត​ ឬ​ក៏​គេ​អាច​មាន​ការ​ពិត​ត្រង់​ណា​ មាន​ឯកសារ​ណា​ដំកល់​ទុក​អំពី​រឿង​ហ្នឹង​ទេ?

ឆ៖​ ខ្ញុំ​គិត​ថា​អ្នក​ដែល​រាយការណ៍​នេះ​គឺ​បង្កាច់​បង្ខូច​តែ​ម្តង។​ អា​ហ្នឹង​រាយការណ៍​អត់​ពិត។​ អញ្ចឹង​មនុស្ស​ហ្នឹង​មិន​មែន​មនុស្ស​ល្អ​ទេ​ យក​ជីវិត​គេ​យក​ទៅ​ របៀប​ថា ​ទៅ​លេង​សើច​ឬ​ជាន់​ឈ្លី។

ស៖​ នៅ​ក្នុង​រឿង​ហ្នឹង​ តើ​មើល​ទៅ​អាច​មាន​ការ​ប្តឹង​តវ៉ា​ឬ​ក៏​យ៉ាង​ណា​ដែរ​ បើ​សិន​ជា​មាន​ការ​កើត​ហេតុ​យ៉ាង​ដូច្នេះ?

ឆ៖​ ខ្ញុំ​មិន​សូវ​ចេះ​ធ្វើ​ពាក្យ​បណ្តឹង​អី​ទេ​ អញ្ចឹង​បាន​ខ្ញុំ​ពឹង​លើ​លោក​ក្មួយ​ទទួល​ការ​ស្រាវ​ជ្រាវ​ហ្នឹង​ ហើយ​នឹង​យក​ទៅ​ដោះស្រាយ​ជា​មួយ​ព្រះ​រាជអាជ្ញា​ឲ្យ​វា​ច្បាស់​លាស់​ ដើម្បី​ឲ្យ​ខ្ញុំ​អស់​ចិត្ត។​ បើ​មិន​អញ្ចឹង​ទេ​ ខ្ញុំ​ព្រួយ​បារម្ភ​ពី​ការ​ចោទ​ប្រកាន់​អ្នក​ដទៃ​និង​ខ្លួន​ខ្ញុំ​ផ្ទាល់។​ មិន​ដឹង​ឈ្មោះ​ណា​ ឬ​អ្នក​ណា​ដែល​មក​បង្កាច់​បង្ខូច​ខ្ញុំ​ហ្នឹង។

ស៖​ សម័យ​នោះ​ តើ​ភ្នំ​ត្រយ៉ូង​ យ៉ាង​ម៉េច​បាន​ជា​មាន​មនុស្ស​ស្លាប់​ច្រើន​ម្លេះ​ ហើយ​បាន​គេ​លើក​ឡើង​អំពី​ហេតុផល​យ៉ាង​ដូច្នេះ?

ឆ៖​ ខ្ញុំ​មិន​បាន​ដឹង​ដែរ​ ព្រោះ​ទៅ​ឮ​គេ​និយាយ​ប្រជាជន​អី​ថា​ ភ្នំ​ត្រយ៉ូង។​ គេ​ដាក់​អ្នក​មាន​វិបត្តិ​ ខុស​ឆ្គង​អី​អញ្ចឹង​ ខ្ញុំ​ដឹង​តែ​ប៉ុណ្ណឹង​ ឯ​អ្វី​ទៀត​ខ្ញុំ​អត់​ដឹង​ ហើយ​ក៏​ខ្ញុំ​មិន​ដែល​បាន​ទៅ​ឃើញ​មុខ​អ្នក​នៅ​ហ្នឹង​(ទីនោះ)​ សូម្បី​តែ​ម្តង​ក៏​អត់​ដែរ។

ស៖​ ចុះ​ផ្នែក​គុក​ផ្សេងៗ​ទៀត​នៅ​តំបន់​នោះ​ តើ​អ្នក​ស្រី​មាន​ការ​គ្រប់​គ្រង​ដែរ​ឬ​ក៏​យ៉ាង​ណា​ សម័យ​នោះ​ បាទ?

ឆ៖​ អត់​ទេ។​ ខ្ញុំ​អត់​បាន​គ្រប់​គ្រង​ អត់​បាន​ដឹង​ឮ​អី​ទេ​ ព្រោះ​ខ្ញុំ​ទៅ​វា​ថា​រយៈ​ចុង​ក្រោយ​មួយ​ភ្លែត​ហ្នឹង​ ក៏​បែក​បាក់​គ្នា​ទៅ។

ស៖​ នៅ​ពេល​ដែល​មាន​ការ​ធ្វើ​ជា​ អាង​ទំពាំង​ថ្ម​ ថា​មាន​ការ​បង្អត់​អាហារ​ឬ​ក៏​បង្ខំ​មនុស្ស​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង​នៅ​សម័យ​នោះ​ តើ​អ្នក​ស្រី​មាន​ការ​បញ្ជា​ទៅ​លើ​កង​ទាហាន​ឬ​ក៏​កង​ឈ្លប​អី​ ដើម្បី​កុំ​ឲ្យ​ផ្តល់​អាហារ​ទៅ​ដល់​ប្រជាពលរដ្ឋ​អញ្ចឹង​ទេ​ ឬ​ក៏​បង្ខំ​ឲ្យ​ពួក​គេ​ធ្វើ​ការ​បាក់​កម្លាំង​រហូត​ដល់​ស្លាប់​អញ្ចឹង​ទេ​ឬ​ក៏​យ៉ាង​ម៉េច​ បាទ?

ឆ៖​ អត់។​ អត់​ដឹង។​ ខ្ញុំ​អត់​បាន​ទៅ​បញ្ជា​កម្លាំង​ឲ្យ​ទៅ​ធ្វើ​នៅ​ទំនប់​ទំពាំង​ថ្ម​ហ្នឹង​ គឺ​អត់។​ អញ្ចឹង​ ការ​និយាយ​ទាំង​បី​ខ​នេះ​ គឺ​ទទេ​តែ​ម្តង​ និយាយ​ទទេ​តែ​ម្តង។​ ចោទ​ខ្ញុំ​នេះ​ គឺ​ចោទ​ធ្ងន់​មែន​ទែន​ ចោទ​ឲ្យ​ខ្ញុំ​ឡើង​តុលាការ។​ អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​ថា​ ខ្ញុំ​គ្មាន​រឿង​អី​ឡើង​តុលាការ​ទេ។​ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​អរគុណ​ហើយ​លោក​ក្មួយ​ លោក​ប្អូន​ខ្ញុំ​អរគុណ​ខ្លាំង​ណាស់​ដែល​ខ្ញុំ​បាន​ដឹង​រឿង​នេះ​ ដែល​រឿង​ចោទ​ប្រកាន់​ខ្ញុំ​ទទេ​ ទទេ​ នែ៎។​ អញ្ចឹង​ខ្ញុំ​សុំ​ថា​ឲ្យ​ជួយ​ដោះស្រាយ​ ហើយ​បញ្ចប់​(កុំ)​មក​សួរ​ខ្ញុំ​ត​ទៅ​ទៀត។​ សួរ​រឿង​អី​សួរ​បាន​ បើ​សួរ​រឿង​ហ្នឹង​ខ្ញុំ​អត់​ដឹង​ ខ្ញុំ​ឈប់​និយាយ​ ព្រោះ​ខ្ញុំ​អត់​ដឹង។

ស៖​ បាទ​ អ្នក​ស្រី​ នៅ​សម័យ​នោះ​មាន​អនុ​ប្រធាន​នៅ​ស្រុក​ព្រះ​នេត្រ​ព្រះ​នោះ​ត្រូវ​ចាប់​ខ្លួន​នៅ​ពេល​ពីរ​ថ្ងៃ​ក្រោយ​ពេល​ដែល​អ្នក​ស្រី​ទៅ​កាន់​កាប់​នៅ​ស្រុក​ព្រះ​នេត្រ​ព្រះ​នោះ​ តើ​រឿង​ហ្នឹង​យ៉ាង​ម៉េច​ដែរ​ បាទ?​ គាត់​ត្រូវ​គេ​ចាប់​យក​ទៅ​សម្លាប់​ឬ​ក៏​យ៉ាង​ណា​ ឈ្មោះ​ លោក​ អាត់​ សំ?

ឆ៖​ ខ្ញុំ​បាន​ជួប​មុខ​​គាត់​តែ​ម្តង​ ហើយ​បាត់​ទៅ​ ខ្ញុំ​ក៏​មិន​បាន​ដេញ​ដោល​អី​ដែរ​ មិន​ដឹង​គេ​ចាប់​យក​ទៅ​ណា​ ឬ​ក៏​ម៉េច​បាត់​ខ្លួន​ទៅ។

ស៖​ អញ្ចឹង​ អ្នក​ស្រី​អត់​មាន​ជាប់​ពាក់​ព័ន្ធ​រឿង​ការ​បញ្ជា​ឲ្យ​មាន​ការ​ចាប់​មនុស្ស​យក​ទៅ​ឃុំ​នៅ​ឃុំ​ត្រយ៉ូង​ ឬ​ក៏​គុក​នៅ​ភ្នំ​​ត្រយ៉ូងឬ​ក៏​មាន​ពាក់​ព័ន្ធ​និង​រឿង​ឃាតកម្ម​អី​ហ្នឹង​ យ៉ាង​ម៉េច​ដែរ​ បាទ?

ឆ៖​ អាហ្នឹង​ ខ្ញុំ​អត់។​ ខ្ញុំ​អត់​ទទួល​ដឹង​ ព្រោះ​ខ្ញុំ​អត់​បាន​ធ្វើ​តែ​ម្តង។​ ខ្ញុំ​អត់​បាន​(ទេ)។

ស៖​ តើ​ពិបាក​នឹង​ឲ្យ​គេ​ជឿ​យ៉ាង​ម៉េច​ទៅ​ នៅ​ពេល​ដែល​យើង​អ្នក​គ្រប់​គ្រង​នៅ​តំបន់​នោះ​ ហើយ​មាន​មនុស្ស​ស្លាប់​ច្រើន​អញ្ចឹង​ ហើយ​ដល់​ពេល​យើង​ថា​អត់​ដឹង​អញ្ចឹង​ តើ​មាន​មូល​ហេតុ​យ៉ាង​ម៉េច​ដែរ?

ឆ៖​ មូលហេតុ​ដែល​ខ្ញុំ​ថា​ខ្ញុំ​អត់​ដឹង​គឺ​អត់​ដឹង​មែន​ តែ​អ្នក​ដែល​ទទួល​មុន​ខ្ញុំ​ គេ​ប្រព្រឹត្ត​ក៏​ខ្ញុំ​អត់​ដឹង​ ព្រោះ​ខ្ញុំ​ទៅ​ពី​ឆ្ងាយ​ទៅ​ហើយ​ខ្ញុំ​គិត​តែ​ទៅ​ដើម្បី​បំផុស​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រជាជន​ខំ​ដាំ​ដុះ​ ខំ​ធ្វើ​ ខំ​ដក​ខំ​ស្ទូង​ដើម្បី​ នែ៎​ ចិញ្ចឹម​ជីវិត​កូន​ចៅ​តែ​ប៉ុណ្ណឹង។​ ភារកិច្ច​ខ្ញុំ​មាន​តែ​ដឹក​នាំ​ប្រជាជន​ធ្វើ​ស្រែ​ធ្វើ​ចំការ​ ដើម្បី​ចិញ្ចឹម​ជីវិត​តែ​ប៉ុណ្ណឹង​ទេ​ ឯ​រឿង​អី​ទៀត​ហ្នឹង​ គេ​ធ្វើ​មុន​មក​ ខ្ញុំ​អត់​ដឹង៕

ភាគ​ទី​២៖

<!--AV-->

ស៖​ ចុះ​បញ្ជី​ឈ្មោះ​នៃ​មនុស្ស​ចំនួន​១០​ម៉ឺន​នាក់​នៅ​ក្នុង​តំបន់​នោះ​ យ៉ាង​ម៉េច​ អ្នក​ណា​អ្នក​ធ្វើ​ ហើយ​បាន​ស្រាវ​ជ្រាវ​យ៉ាង​ម៉េច?​ ហេតុ​អី​បាន​ជា​មាន​បញ្ជី​ឈ្មោះ​យ៉ាង​ដូច្នេះ?

ឆ៖​ បញ្ជី​ឈ្មោះ​ហ្នឹង​ ខ្ញុំ​ទៅ​ដល់​គេ​យក​មក​ឲ្យ។

ស៖​ មាន​គ្រប់​ចំនួន​ទាំង​ ១០​ម៉ឺន​នាក់​នោះ​ដែរ​ ឬ​ក៏​មាន​ខ្វះ​ខ្លះ​ដែរ​ ឬ​ក៏​យ៉ាង​ម៉េច?​ ហេតុ​អី​បាន​ជា​គេ​យក​បញ្ជី​ឈ្មោះ​ហ្នឹង​មក​ឲ្យ​ ហើយ​មាន​ប៉ុន្មាន​នាក់​ដែល​អ្នក​ស្រី​ទទួល​កាល​សម័យ​នោះ?

ឆ៖​ ខ្ញុំ​យក​ គេ​ប្រគល់​បញ្ជី​ឲ្យ​ហ្នឹង​ ខ្ញុំ​ឃើញ​មាន​ ១០​ម៉ឺន​មែន​ ប៉ុន្តែ​ដល់តែ​ខ្ញុំ​ដើរ​ពិនិត្យ​ទៅ​ វា​បញ្ជី​ហ្នឹង​ក៏​ធ្វើ​ខុស​ដែរ​ ខុស​ត្រង់​ថា​វា​អត់​គ្រប់​ចំនួន​ ដែល​ខ្ញុំ​គិត​តាម​ភូមិ​និមួយៗ​ សរុប​ទៅ​បាន​តែ​ ៩​ម៉ឺន​ទេ​ អា​បញ្ជី​ ១០​ម៉ឺន​វា​បាត់​មួយ​ម៉ឺន​ ចា៎។

ស៖​ ប៉ុន្តែ​សម័យ​នោះ​ដូច​ជា​បញ្ជី​ហ្នឹង​គេ​ធ្វើ​គ្រាន់​តែ​គ្រប់​គ្រង​ចំនួន​មនុស្ស​ឬ​ក៏​គេ​ធ្វើ​ដើម្បី​អ្វី?

ឆ៖​ គេ​ធ្វើ​ មិន​ដឹង​ជា​ផែនការ​គេ​ពី​មុន​យ៉ាង​ម៉េច​ ប៉ុន្តែ​ដែល​គេ​យក​ប្រគល់​ យក​បញ្ជី​ហ្នឹង​មក​ប្រគល់​ឲ្យ​ខ្ញុំ​ គឺ​ខ្ញុំ​គ្រប់​គ្រង​ចំនួន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្នុង​ស្រុក​ហ្នឹង​មែន​ ចា៎។

ស៖​ នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​ (អញ្ចឹង) ​អត់​មាន​ខាង​តុលាការ​ខ្មែរ​ក្រហម​អី​មក​សួរ​នាំ​អំពី​រឿង​អតីតកាល​អី​ អត់​មាន​ការ​ហៅ​សាក​សួរ​អីពី​រឿង​អតីតកាល​នោះ​ទេ?​ រឿង​ភ្នំ​ទ្រយោង​អី​នោះ​ទេ?

ឆ៖​ អត់​ (តែ)​មាន​លោក​ស្រី​សួរ​មក​ពី​ភ្នំពេញ​ថា​គាត់​ទៅ​ជួប​នារី​បី​នាក់​នៅ​ទំនប់​ត្រពាំង​ថ្ម​ហ្នឹង​ ស្រុក​ព្រះ​នេត្រ​ព្រះ​ ប៉ុន្តែ​ខ្ញុំ​ថា​ខ្ញុំ​អត់​បាន​ធ្វើ​ គេ​ថា​ខ្ញុំ​ធ្វើ​ទំនប់​ទឹក​ហ្នឹង​ណា៎។​ ខ្ញុំ​អត់​បាន​ធ្វើ​ទេ​ទំនប់​ត្រពាំង​ថ្ម។​ អញ្ចឹង​ការ​ចោទ​មក​លើ​ខ្ញុំ​ទាំង​អស់​នេះ​សុទ្ធ​តែ​រឿង​អត់​ពិត​ ហើយ​អត់​ជាក់​ស្តែង​ អត់​មាន​ឯកសារ​ច្បាស់​លាស់។​ ហេតុ​ម៉េច​បាន​ជា​ទៅ​ដល់​ព្រះ​រាជ​អាជ្ញា​ច្បាស់​ម្ល៉េះ?​ ខ្ញុំ​នៅ​សង្ស័យ​អាហ្នឹង​ នែ៎។

ស៖​ ការ​សង្ស័យ​នោះ​មើល​ទៅ​មិន​ដឹង​ថា​មក​ពី​មូលហេតុ​អី​ ឬ​ក៏​អាច​មាន​ការ​រាយការណ៍​យ៉ាង​ម៉េច​ពី​អ្នក​ណា​ឬ​ក៏​អី​ តាម​អ្នក​ស្រី​គិត​មើល​ឃើញ​នោះ?

ឆ៖​ ចា៎​ ខ្ញុំ​ ការ​សង្ស័យ​របស់​ខ្ញុំ​ ខ្ញុំ​ថា​មិន​ច្បាស់​លាស់​ដែរ​ ប៉ុន្តែ​ឲ្យ​ខ្ញុំ​កំណត់​ថា​ ឥឡូវ​​ពី​អ្នក​នេះ​ក៏​ខ្ញុំ​មិន​ដឹង​ ព្រោះ​មិន​ដែល​ដឹង​ថា​ឈ្មោះ​ណា​រាយការណ៍​ពី​ខ្ញុំ​ហ្នឹង​ណា៎។​ អញ្ចឹង​ហើយ​បាន​ខ្ញុំ​ផ្តាំ​ផ្ញើ​ទៅ​តាម​រយៈ​ប្អូន​ឯង​ ហើយ​នឹង​ព្រះ​រាជអាជ្ញា​ហ្នឹង​ ដែល​រក​យុត្តិធម៌​ហ្នឹង​ ឲ្យ​វា​ពិត​ប្រាកដ​ច្បាស់​លាស់​ កុំ​ចេះ​តែ​ចោទ​គេ​អញ្ចឹង។​ អា​អ្នក​រាយការណ៍​ហ្នឹង​ វា​មិន​ពិត​ទេ​ វា​ចេះ​តែ​បង្កាច់​បង្ខូច​គេ​ នែ៎។​ អា​ហ្នឹង​ ខ្ញុំ​មិន​អស់​ចិត្ត​ត្រង់​ហ្នឹង។

ស៖​ បាទ​ នឹង​មាន​ការ​ខ្វល់​ខ្វាយ​យ៉ាង​ម៉េច​នៅ​ពេល​ដែល​គេ​ចោទ​ប្រកាន់​យ៉ាង​ដូច្នេះ​ បាទ​ ទោះ​បី​ជា​រឿង​ហ្នឹង​មិន​កើត​មាន​ទៅ​ដល់​តុលាការ​ចាប់​ខ្លួន​ឬ​ក៏​អី​ហ្នឹង​ ក៏​ប៉ុន្តែ​មាន​ការ​គិត​ខ្វល់​ខ្វាយ​អី​ទេ?

ឆ៖​ ខ្ញុំ​ងាក​មក​ខ្វល់​ខ្វាយ​ពី​រឿង​អ្នក​ដែល​រាយការណ៍​ចោទ​ខ្ញុំ​វិញ។​ មិន​ដឹង​ជា​ឈ្មោះ​ណា​មួយ​ដែល​ចោទ​ប្រកាន់​ខ្ញុំ​ហ្នឹង​ ចោទ​ខ្ញុំ​ហ្នឹង?​ រឿង​សុទ្ធ​តែ​រឿង​ដល់​អាយុ​ជីវិត​ ហើយ​ពាក់​ព័ន្ធ​ខាង​នយោបាយ​ ចា៎។​ ហើយ​ខុស​នឹង​ការ​អនុវត្ត​ ការ​ប្រព្រឹត្តិ​របស់​ខ្ញុំ​ ផ្ទុយ​គ្នា​ស្រឡះ​ដូច​មេឃ​និង​ដី។

ស៖​ បាទ​ ចុះ​បើ​ខាង​ព្រះ​រាជអាជ្ញា​គេ​ផ្អែក​ទៅ​លើ​ការ​រាយការណ៍​ហ្នឹង​ ហើយ​គេ​សុំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​អ្នក​ស្រី​ ហើយ​និង​អ្នក​ដទៃ​ទៀត​អញ្ចឹង​ តើ​រឿង​ហ្នឹង​វា​ទៅ​ជា​យ៉ាង​ម៉េច​ទៅ​ដែរ?

ឆ៖​ ខ្ញុំ​ គ្រាន់​តែ​មក​ជួប​បាន។​ បើ​ឲ្យ​ខ្ញុំ​ទៅ​ឡើង​ទៅ​តុលាការ​ ខ្ញុំ​អត់​ទៅ​ទេ។​ បើ​យក​អ្នក​ហ្នឹង​ទៅ​បញ្ជាក់​អី​យ៉ាង​ម៉េច​ទៀត​ អាហ្នឹង​យក​ទៅ​ ខ្ញុំ​មិន​ដឹង​ទេ។​ ប៉ុន្តែ​បើ​ថា​ចំពោះ​ខ្លួន​ខ្ញុំ​ បើ​មក​បញ្ជាក់​ខ្ញុំ​នៅ​ផ្ទះ​ទៀត​ ខ្ញុំ​និយាយ​មាន​តែ​ប៉ុណ្ណឹង​ និយាយ​ដូច​ខ្ញុំ​មាន​យោបល់​ម៉ិញ​អញ្ចឹង​ និង​ប៉ុណ្ណឹង។​ ឲ្យ​ខ្ញុំ​ដឹង​រឿង​ ឬ​ក៏​និយាយ​ហួស​ហ្នឹង​ គឺ​អត់​មាន។​ អញ្ចឹង​អ្នក​ដែល​ប្តឹង​ឬ​ក៏​រាយការណ៍​ហ្នឹង​ អាហ្នឹង​វា​យ៉ាង​ម៉េច​ទៅ​វិញ?​ ចេញ​ពី​ច្រក​ណា​ដែល​រាយការណ៍​ទទេ​ហ្នឹង?

ស៖​ នៅ​ក្នុង​ពេល​ដែល​ព្រះ​រាជ​អាជ្ញា​ចេញ​អញ្ចឹង​មក​ មាន​ការ​ដូច​ថា​ច្របូក​ច្របល់​គ្នា​ត្រង់​ សហ​ព្រះ​រាជអាជ្ញា​បរទេស​ចង់​ធ្វើ​ការ​ចោទ​ប្រកាន់​ ចាប់​ខ្លួន​អី​អញ្ចឹង​ ហើយ​ខាង​សហ​ព្រះ​រាជអាជ្ញា​ជាតិ​មិន​ចង់ធ្វើ​អញ្ចឹង​ តើ​អ្នក​ស្រី​បាន​ដឹង​អំពី​រឿង​នេះ​ទេ​ បាទ​ កន្លង​មក?

ឆ៖​ អត់​ ខ្ញុំ​អត់​ដឹង​ទាល់​តែ​សោះ​ ហើយ​រឿង​របស់​ខ្ញុំ​ ខ្ញុំ​អត់​បាន​ដឹង​ពាក់​ព័ន្ធ​ដល់​ព្រះ​រាជអាជ្ញា​ទៀត។​ ខ្ញុំ​អត់​ដឹង​ទាល់​តែ​សោះ។​ អញ្ចឹង​ ខ្ញុំ​អរគុណ​ប្អូន​ឯង​ ដែល​បាន​ឲ្យ​ខ្ញុំ​ដឹង​ថ្ងៃ​នេះ​ គឺ​ខ្ញុំ​អរគុណ​ច្រើន​ណាស់​ ហើយ​ជូន​ពរ​ទៀត​ ព្រោះ​អី​(គឺ)​ផ្តល់​ដំណឹង​ឲ្យ​ខ្ញុំ​ដូច​ជា​ភ្ញាក់​ ភ្ញាក់​ពី​ដេក​អញ្ចឹង​ ដឹង​ខ្លួន​ ហៅ​ថា​ឲ្យ​ខ្ញុំ​ដឹង​ខ្លួន​ថា​គេ​ចោទ​ខ្ញុំ​ទទេៗ​ ចា៎។

ស៖​ បាទ​ សូម​អរគុណ​ច្រើន​ដែល​បាន​ឲ្យ​កិច្ច​សម្ភាសន៍​ជា​មួយ​វីអូអេ​សម្លង​សហរដ្ឋ​អាមេរិក។​ សូម​ជម្រាប​លា។

ឆ៖​ ចា៎​ ខ្ញុំ​អរគុណ​ណាស់៕

This posting includes an audio/video/photo media file: Download Now

នាយក​ពិធីការ​របស់​លោក​ជា ស៊ីម​ត្រូវ​ចាប់​ខ្លួន​នៅ​ព្រំដែន​ថៃ

Posted: 29 Sep 2011 12:15 PM PDT

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ប្រធាន​ពិធីការ​ផ្ទាល់​របស់​លោក ​ជា ​ស៊ីម ​ប្រធាន​ព្រឹទ្ធសភា​ អំពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ និង​បទ​ឆបោក​ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ដើម្បី​រង់​ចាំ​ការជំនុំ​ជម្រះ​ទោស។

លោក​ស្រី ​ផេង ​គន្ធាបូរី​ អាយុ​៥៦​ឆ្នាំ ​ប្រធាន​ពិធីការ​របស់​លោក​ ជា ​ស៊ីម ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​មន្ត្រី​នគរបាល​ អន្តោប្រវេសន៍​នៅ​ច្រក​ឆ្លង​កាត់​ព្រំដែន​ចាំយាម​ខេត្ត​កោះកុង​ កាល​ពី​ថ្ងៃ​ពុធ​ នៅ​ពេល​ដែល​លោក​ស្រី​ កំពុង​ព្យាយាម​ឆ្លង​កាត់​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ។

លោក​ គួយ ​ធន់ណា ​មេធាវី​ការពារ​ក្តី​របស់​លោក​ស្រី ​ផេង គន្ធាបូរី​ បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​តុលាការក្រុង​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​កូន​ក្តី​របស់​លោក​ពី​បទ​ក្លែង​បន្លំ​ឯកសារ​ និង​ឆបោក។

«នៅ​ម៉ោង​ពីរ​កន្លះ​នេះ ​ខ្ញុំ​បាន​ទៅ​ជួប​កូន​ក្តី​របស់​ខ្ញុំ​ នៅ​ពន្ធនាគារ​ព្រៃ​ស​ ដើម្បី​ឲ្យ​លោក​ជំទាវ​ពឹង​ពាក់​ខ្ញុំ​ជា​មេធាវី។ ​រហូត​មក​ដល់​ពេល​នេះ ​ខ្ញុំ​មិន​ទាន់​បាន​មើល​សំណុំរឿង​ឯកសារ​ ដែល​លោក​ព្រះរាជអាជ្ញា​ចោទ​កូន​ក្តី​ខ្ញុំ​ទេ។ ប៉ុន្តែ​តាម​កូន​ក្តី​ខ្ញុំ​ប្រាប់​ គេ​ចោទ​ពី​បទ​ក្លែង​ឯកសារ​ និង​ឆបោក»។

លោក​ ខេង ​ទីតូ ​អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​បញ្ជាក់​ថា​ ការចាប់​ខ្លួន​នេះ​ បាន​ធ្វើ​ឡើង​ដោយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ តាម​ដីកា​របស់​លោក​ ជា ​សុខហៀង ​ព្រះរាជអាជ្ញា​អម​តុលាការ​ក្រុង​ភ្នំពេញ។

«យើង​បាន​ចាប់​បញ្ជូន​លោក​ជំទាវ​ មក​តុលាការ​កាល​ពី​ម្សិលមិញ​ ហើយ​នៅ​យប់​មិញ​ តុលាការ​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​លោក​ជំទាវ​ហ្នឹង​ នៅ​ពន្ធនាគារ​ព្រៃ​ស។​ ជា​ធម្មតា​ គេ​ចោទ​ហើយ ​ទើប​បាន​គេ​ឃុំ​ខ្លួន​ ដើម្បី​រង់​ចាំ​ការ​ជម្រះ​សេចក្តី»។

លោក​ព្រះរាជអាជ្ញា​ ជា ​សុខហៀង​ មិន​អាច​ធ្វើ​ទំនាក់​ទំនង​ ដើម្បី​សុំ​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក​មេធាវី ​គួយ ​ធន់ណា ​បាន​បញ្ជាក់​ថា​ លោក​នឹង​ដាក់​ពាក្យ​សុំ​ធានា​លោក​ស្រី​ បូរី​ នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​ធ្វើ​ការ​ស្អែក។

«ខ្ញុំ​ នឹង​ដាក់​ពាក្យ​ សុំ​ឲ្យ​លោក​ជំទាវ​ បូរី ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​ធ្វើ​ការ​ស្អែក​ ហើយ​ ខ្ញុំ​ជឿ​ថា​ការដាក់​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ ខ្ញុំ​បាន​ជោគជ័យ ​ដោយ​សារ​ លោក​ជំទាវ​ជា​មនុស្ស​មាន​កិត្តិយស​ មាន​ឋានៈ​ មាន​ប្រាក់​កាស ​ហើយ​ភាព​សុច្ចរិត»។

<!--IMAGE-LEFT-->

ការ​ចាប់​ខ្លួន ​និង​ការ​ចោទ​ប្រកាន់​លោក​ស្រី ​ផេង ​គន្ធាបូរី ​គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​ទី​ប្រាំ​ របស់​លោក ​ជា​ ស៊ីម ​បន្ទាប់​អតីត​ទីប្រឹក្សា​ពីរ​នាក់​របស់​លោក​គឺ​លោក​ឧត្តមសេនីយ៍​ទោ​ ចាន់ កុសល ​អាយុ​៦០​ឆ្នាំ​ និង​លោក​ឧត្តម​សេនីយ៍ទោ​ ពន្លក​​ ហូ ​អាយុ​៥៨​ឆ្នាំ ​ព្រម​ទាំង​លោក​ ខៀវ ​បូរ៉ា​ អាយុ​៥០​ឆ្នាំ ​អតីត​សមាជិក​ខុទ្ទកាល័យ​របស់​លោក ​ជា ​ស៊ីម ​ត្រូវ​បាន​ចោទ​ប្រកាន់​អំពី​បទ​ក្លែង​បន្លំ​ ឯកសារ ​និង​បទ​ឆបោក​រវាង​ពី​ថ្ងៃ​ទី​២៣ ​និង​ថ្ងៃ​ទី​២៥​ ខែ​កញ្ញា ​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។ ​ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។

កាសែត ​The Cambodian Daily ​បាន​រាយការណ៍​ថា​ ជន​សង្ស័យ​ទាំង​បួន​នាក់​នេះ​ ត្រូវ​បាន​ចោទ​ប្រកាន់​អំពី​ការបោក​ប្រាស់​ប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក​ ពី​ក្រុម​ហ៊ុន​ម៉ាឡេស៊ី​មួយ​ ដែល​ចង់​មក​វិនិយោគ​ក្នុង​ទឹកប្រាក់​ ៥០០​លាន​ដុល្លារ​អាមេរិក​ នៅ​កម្ពុជា។

លោក​ឧត្តមសេនីយ៍ទោ ​ឈឿន ​ចាន់ថន ​ប្រធាន​អង្គភាព​អង្គរក្ស​របស់​លោក ​ជា ​ស៊ីម​ ត្រូវ​បាន​ ចោទ​ប្រកាន់​ពី​ការ​មាន​លាក់ទុក​អាវុធ​ខុស​ច្បាប់ ​និង​ការ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​កាលពី​​ខែ​សីហា​ និង​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​យោធា៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២៩ កញ្ញា

Posted: 29 Sep 2011 08:00 AM PDT

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

យេម៉ែន៖ ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​រដ្ឋធានី​សាណា​ Sana'a​ នៃ​ប្រទេស​យេម៉ែន​ រវាង​កង​កម្លាំង​ដែល​មាន​ភក្តីភាព​ជាមួយ​លោក​ប្រធានាធិបតី​ Ali​ Abdullah​ Saleh​ និង​ពួក​កុលសម្ព័ន្ធ​ប្រដាប់​អាវុធ​ដែល​ចូលដៃ​ជាមួយ​ក្រុម​បាតុករ​ប្រឆាំង​នឹង​លោក​ Saleh។

បារ៉ែន៖ តុលាការ​ពិសេស​មួយ​នៅ​ក្នុង​ប្រទេស​បារ៉ែន​ បាន​កាត់​សេចក្តី​បាតុករ​ម្នាក់​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​ និង​ម្នាក់​ទៀត​ឲ្យ​ជាប់​គុក​មួយ​ជីវិត​ អំពី​បទ​សម្លាប់​ភា្នក់ងារ​នគរបាល​ម្នាក់។

ប៉ាគីស្ថាន៖ មេដឹកនាំ​នៃ​គណបក្ស​នយោបាយ​ជំទាស់​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​ពិភាក្សា​អំពី​ការ​ចោទប្រកាន់​របស់​សហរដ្ឋ​អាមេរិក​នៅ​ពេល​ថ្មីៗ​នេះ​អំពី​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ប៉ាគីស្ថាន​ និង​ក្រុម​សកម្ម​ប្រយុទ្ធ​មួយ​ដែល​មាន​ទំនាក់ទំនង​ជា​មួយ​ពួក​អាល់កៃដា។

ស៊ីរី៖ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កំពុង​ពិចារណា​អំពី​សេចក្តី​សម្រេចចិត្ត​មួយ​ដែល​អាច​មាន​ការ​សម្របសម្រួល​គ្នា​ ស្តី​អំពី​ប្រទេស​ស៊ីរី​ ដែល​អាច​ជៀសវាង​មិនឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ភា្លមៗ​ តែ​នឹង​ផ្តន្ទាទោស​ចំពោះ​អំពើ​ហិង្សា​ដែល​រីក​កាន់តែ​ធំ​ឡើង​ នៅពេល​ដែល​កង​កម្លាំង​សន្តិសុខ​រដ្ឋាភិបាល​ និង​ទាហាន​ក្រុម​អ្នក​ប្រឆាំង​នៅតែ​បន្ត​ធ្វើការ​វាយ​ប្រយុទ្ធ​គ្នា​តទៅ​ទៀត។

លីប៊ី៖ ទីភ្នាក់ងារ​នគរបាល​អន្តរជាតិ​ Interpol​ បាន​ចេញ​សេចក្តី​ប្រកាស​អន្តរជាតិ​ឲ្យ​ប្រុង​ប្រយ័ត្ន​មួយ​ ដើម្បី​សុំ​ជំនួយ​ក្នុង​ការ​ស្វែង​រក​ និង​ចាប់​ខ្លួន​កូន​ប្រុស​របស់​អតីត​មេ​ដឹក​នាំ​ប្រទេស​លីប៊ី​ លោក​ ម៉ូអាម៉ារ​ ហ្កាដាហ្វី​ ឈ្មោះ​ Saadi​។

អឺរ៉ុប៖ សមាជិក​រដ្ឋសភា​ប្រទេស​អាល្លឺម៉ង់​ កំពុង​ធ្វើ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​សម្រេច​ថា​តើ​នឹង​តំឡើង​ថវិកា​សម្រាប់​ជួយ​សង្គ្រោះ​ប្រទេស​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ ដែល​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​ត្រដាប​ត្រដួស​ឬ​មិន​តំឡើង។

<!--AV-->

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

<!--IMAGE-LEFT-->

ជប៉ុន​៖ កាល​ពី​ថ្ងៃ​ពុធ ​ប្រទេស​ជប៉ុន​បាន​ទទួលភ្ញៀវ​គណៈប្រតិភូ​មក​ពី​សមាគម​អាស៊ីអាគ្នេយ៍​ ដើម្បី​ធ្វើ​ការ​ចរចា​អំពី​ស្ថានការ​តានតឹង​រ៉ាំរ៉ៃនៅ​លើ​តំបន់​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង។

អង្គការ​សហប្រជាជាតិ​៖ ក្រុម​ប្រឹក្សា​សន្ដិសុខអង្គការ​សហប្រជាជាតិ​បាន​ចាប់​ផ្ដើម​ចាត់​វិធានការ​លើក​ទីមួយ​ដើម្បី​ពិនិត្យ​មើល​ពាក្យ​សុំ​ធ្វើ​ជា​សមាជិក​រដ្ឋ​ពេញលេញ ​របស់​អង្គការ​នេះ​ ដោយ​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​ឲ្យ​គណកម្មាធិការ​មូយ។

ស៊ីរី​​៖ គេរំពឹងថា​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​និង​ជួបប្រជុំ​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ​ ដើម្បី​វែកញែក​មក​លើ​សេចក្ដីព្រាង​នៃ​ការ​សម្រេច​ចិត្ដ​មួយ​ដែល​គំរាម​មក​លើ​ការ​ដាក់ទណ្ឌកម្ម​ទៅ​អនាគត​ បើ​កាលណា​កងកម្លាំង​សន្ដិសុខស៊ីរី​មិន​បញ្ឈប់​កិច្ច​ប្រតិបត្ដិការ​យោធា​ប្រឆាំង​ជន​ស៊ីវិល។

អង្គការ​សហប្រជាជាតិ​៖ អង្គការ​សហប្រជាជាតិ​និយាយ​ថា​ ឧបហេតុ​ដ៏​ឃោរឃៅ​ នៅ​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន​បាន​កើន​លឿន​​នៅឆ្នាំ​នេះ។

សូម៉ាលី គណៈ​កម្មាធិការ​អន្ដរជាតិ​របស់​កាកបាត​ក្រហម​និយាយ​ថា​ ខ្លួន​សង្ឃឹម​ថា​នឹង​យក​ជំនួយ​ទៅ​ឲ្យ​ពលរដ្ឋ​សូម៉ាលី​មូយ​លាន​នាក់​នៅ​ក្នុង​តំបន់​រងគ្រោះ​ខ្លាំង​ពី​ការ​ឥតអាហារ​​នៅ​ចុង​ឆ្នាំ​នេះ។

យេម៉ែន​៖ ក្រុម​កុលសម្ព័ន្ធ​អ្នក​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​យេម៉ែនបាន​បាញ់​ទម្លាក់​យន្ដហោះ​របស់​រដ្ឋាភិបាល​ នៅ​តំបន់​ភាគ​ខាង​ជើង​នៃ​ទី​ក្រុង​សាណា​ ចំពេល​ដែល​បាតុករ​ច្រើន​ពាន់​នាក់​កំពុង​តវ៉ា​នៅ​យប់​ថ្ងៃ​ពុធ​ ប្រឆាំង​នឹង​ប្រធានាធិបតី​ Ali Abdullah Saleh។

បារ៉ែន​៖ តុលាការ​ពិសេស​នៅ​ក្នុង​ប្រទេស​បារ៉ែនបាន​យល់​ព្រម​ឲ្យ​មាន​ការកាត់ទោស​ប្រហារ​ជីវិត​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​​៨​​នាក់​ ​នៃ​និកាយ​ហ្សីអ៊ីត​តាម​បទ​ប៉ុនប៉ង​ទម្លាក់​រដ្ឋាភិបាល​របស់​ក្រុម​ស៊ុនី ​អំបូរ​ភាគ​តិច​ដែល​ដឹក​នាំ​រដ្ឋាភិបាល ​នៅមាន​ការ​តវ៉ា​ប្រឆំាង​រដ្ឋាភិបាល​ កាល​ពី​ដើម​ឆ្នាំ។

បារាំង​៖ តុលាការ​ឧទ្ធរណ៍​នៃ​ប្រទេស​បារាំង​បាន​បដិសេធ​សេចក្ដីស្នើ​របស់​ប្រទេស​រវ៉ាន់ដា ​​​ដែល​ទាមទារ​សុំ​ឲ្យ​បញ្ជូន​ភរិយា​របស់​អតីតប្រធានាធិបតី​ រវ៉ាន់ដា Juvenal Habyarimana​ ទៅ​ឲ្យ​ប្រទេស​ រវ៉ាន់ដាវិញ។

សហរដ្ឋ​អាមេរិក​៖ និយាយ​ថា​ បាន​ចាប់​ខ្លួន​ជនអន្ដោប្រវេសន៍​​ខុស​ច្បាប់ ​ដែល​ជន​ទាំង​អស់​នោះ​ ធ្លាប់​មាន​ឈ្មោះ​ជា​​ជន​ប្រព្រឹត្ដ​បទ​ឧក្រិដ្ឋ​។

អ៊ីរ៉ង់៖ និយាយ​ថា​ បាន​ចាប់​ផ្ដើម​ផលិត​​កាំជ្រួច​ម៊ីស៊ីល​ ដែល​​អាច​បាញ់​ដល់​ទិស​ដៅ​​ចម្ងាយ ​២០០​ គីឡូម៉េត្រ។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!