VOA News: ព័ត៌មាន: “មានទឹកជំនន់ ខ្វះលុយ អ្នកខ្លះមិនទៅស្រុកថ្ងៃភ្ជុំបិណ្ឌ” plus 2 more |
- មានទឹកជំនន់ ខ្វះលុយ អ្នកខ្លះមិនទៅស្រុកថ្ងៃភ្ជុំបិណ្ឌ
- តុលាការកាត់ក្ដីអតីតមេដឹកនាំខ្មែរក្រហមទទួលរងការទិតៀនជាថ្មីទៀត
- ព័ត៌មានអន្តរជាតិសង្ខេប៖ ២៧ កញ្ញា
មានទឹកជំនន់ ខ្វះលុយ អ្នកខ្លះមិនទៅស្រុកថ្ងៃភ្ជុំបិណ្ឌ Posted: 27 Sep 2011 01:40 PM PDT មន្ដ្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជននានារួមទាំងកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងសកម្មភាពពាណិជ្ជកម្មសំខាន់ៗភាគច្រើនត្រូវផ្អាកដំណើរការ សម្រាប់ឱកាសបីថ្ងៃចុងក្រោយនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅទូទាំងប្រទេសកម្ពុជា។ រាជធានីភ្នំពេញដែលមានប្រជាពលរដ្ឋរស់នៅប្រមាណជាពីរលាននាក់ បានក្លាយទៅជាទីក្រុងដែលមានសភាពស្ងប់ស្ងាត់ជាងពេលធម្មតា។ ប្រជាពលរដ្ឋរស់នៅទីនេះដែលមួយចំនួនមានដើមកំណើតនៅខេត្តនានាបានត្រឡប់ទៅកាន់ទីកន្លែងកំណើតដើម្បីប្រារព្ធពិធីសាសនានេះ។ ក៏ប៉ុន្ដែ លោក កាវ ចយ មកពីស្រុកកំពង់ត្របែក ខេត្តព្រៃវែងមិនបានត្រឡប់ទៅស្រុកកំណើតដូចអ្នកផ្សេងទៀតទេ។ ទម្រេតខ្លួនលើស៊ីក្លូចំណាស់មួយលើចិញ្ចើមផ្លូវជាប់នឹងវាលព្រះមេរុ ខាងជើងព្រះបរមរាជវាំង បុរសអាយុ៤៧ ឆ្នាំរូបនេះ កំពុងតែសម្លឹងរកអតិថិជន។ គាត់ប្រកបមុខរបរធាក់ស៊ីក្លូនេះចាប់តាំងពីឆ្នាំ១៩៨២ ដោយគាត់សង្ឃឹមថា នឹងអាចរកប្រាក់បានងាយស្រួល ប៉ុន្ដែគាត់គ្មានទីជម្រកទេក្នុងក្រុងភ្នំពេញនេះទេពោលគឺគាត់ស្នាក់នៅតាមចិញ្ចើមផ្លូវនៅពេលយប់ដូចអ្នកធាក់ស៊ីក្លូមួយចំនួនទៀតដែរ។ គាត់មិនត្រឹមតែមិនបានទៅស្រុកកំណើតទេ ប៉ុន្ដែថែមទាំងមិនបានទៅវត្តណាមួយទៀតផង។ «អត់សូវបានលុយបានកាក់។ អត់បានទៅស្រុកទេ។ វត្តនៅភ្នំពេញក៏មិនបានទៅ វត្តនៅស្រែក៏មិនបានទៅ គ្រាន់តែបានផ្ញើលុយកាក់បន្ដិចបន្តួចតាមគេសម្រាប់ធ្វើបុណ្យខ្លះ»។ លោក កាវ ចយ ពោលថា គាត់អាចរកកម្រៃក្នុងមួយថ្ងៃបានចន្លោះពី១០.០០០ ទៅ១៥.០០០ រៀល ក៏ប៉ុន្ដែគាត់មិនអាចសន្សំប្រាក់ទាំងនេះសម្រាប់ទៅស្រុកកំណើតនោះទេ ដោយសារតែម្ហូបអាហារក្នុងក្រុងភ្នំពេញឡើងថ្លៃ។ លោក ចន្ថា ក៏ជាអ្នកស្រុកម្នាក់ទៀតមកពីខេត្តព្រៃវែងដែរ។ គាត់ប្រកបរបរប៉ះកង់ក្បែរក្រសួងបរិស្ថានដែលនៅមិនឆ្ងាយប៉ុន្មានពីវិមានឯករាជ្យក្នុងក្រុងភ្នំពេញនោះទេ។ មានអាយុ៤០ឆ្នាំ និងមានមាឌធំសម្បុរស្រអែម លោកចន្ថាប្រកបរបរនេះអស់រយៈពេលដប់ឆ្នាំហើយ។ ឆ្នាំនេះលោកក៏មិនអាចទៅចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅស្រុកមេសាង ដែលជាស្រុកកំណើតរបស់លោកទេ។ លោកត្អូញត្អែរថា ការធ្វើដំណើរទៅស្រុកកំណើតនឹងចំណាយសោហ៊ុយច្រើន។ «មូលហេតុដែលរកលុយមិនសូវបានព្រោះឥឡូវពិបាករក។ មួយថ្ងៃៗរកបានតែ ២០.០០០ ប៉ុណ្ណឹង ហើយយើងចាយនៅភ្នំពេញដឹងស្រាប់ហើយ ទំនិញឡើងថ្លៃទាំងអស់។ ហើយរកមួយថ្ងៃសម្រាប់ចាយបានតែមួយថ្ងៃ សល់តែតិចតួចប៉ុណ្ណោះ។ នឹកថា យើងរកបានតិចហើយ តែបើសិនជាទៅស្រុកបងប្អូននឹកថា នឹងសប្បាយដោយសារដល់យើងរកលុយមិនបានខ្ជិលទៅ»។ បញ្ហាថវិកាគឺជាឧបសគ្គមួយដែលបានរារាំងអ្នកប្រកបមុខរបរតូចតាចដូច្នេះមិនឲ្យមានលទ្ធភាពធ្វើដំណើរទៅកាន់ស្រុកកំណើត។ ក៏ប៉ុន្ដែសម្រាប់លោក ជា តូច អ្នកធាក់ស៊ីក្លូម្នាក់ទៀតមិនត្រឹមតែដោយសារតែបញ្ហាថវិកានោះទេ។ ជំនន់ទឹកភ្លៀងដែលលិចភូមិរបស់គាត់ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាមក្នុងពេលនេះជាផលវិបាកមួយទៀត។ ទឹកជំនន់កំពុងរាតត្បាតក្នុងខេត្តមួយចំនួននៅកម្ពុជា ហើយបានបង្កឲ្យប្រជាពលរដ្ឋជាង៦០នាក់ស្លាប់ចាប់តាំងពីខែសីហាមក។ លោក ជា តូច ដែលមានអាយុ៥៧ឆ្នាំ ពាក់មួកកន្ដឹប រង់ចាំអតិថិជននៅក្បែរផ្សារកណ្ដាលជាមួយនឹងស៊ីក្លូរបស់គាត់។ «ទឹកលិចផ្លូវផង អត់លុយផង រកមិនបាន។ ពីរឆ្នាំហើយមិនបានទៅវត្តដោយសារតែក្រពេក។ ម្នាក់ឯង ហើយមានជំងឺរោគាច្រើនផង»។ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌគឺជាពិធីបុណ្យយ៉ាងសំខាន់ និងធំបំផុតសម្រាប់ពលរដ្ឋកម្ពុជា។ ពិធីព្រះពុទ្ធសាសនានេះតែងតែប្រព្រឹត្តិទៅជារៀងរាល់ឆ្នាំក្នុងរយៈពេល១៥ថ្ងៃ។ គឺចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោចខែភទ្របទ គឺហៅថាពិធីកាន់បិណ្ឌ។ ពិធីកាន់បិណ្ឌនៅក្នុងឆ្នាំនេះ បានចាប់ផ្ដើមចាប់តាំងពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២៦ ខែកញ្ញា។ ដោយឡែកនៅថ្ងៃអង្គារទី២៧ ខែកញ្ញានេះ គឺជាថ្ងៃភ្ជុំបិណ្ឌ និងគឺជាថ្ងៃចុងក្រោយនៃពិធីសាសនានេះ។ ជាទូទៅប្រជាពលរដ្ឋខ្មែរមានជំនឿថា ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្រុមគ្រួសារ ឬបុគ្គលគ្រប់រូបត្រូវតែព្យាយាមធ្វើចង្ហាន់ទៅវត្ត ដើម្បីឧទ្ទិសផលបុណ្យជូនជីដូនជីតា ដែលបានចែកឋានទៅ។ អ្នកខ្លះព្យាយាមទៅវត្តឲ្យបានយ៉ាងហោចណាស់ម្តងក្នុងរយៈពេលនៃពិធីបុណ្យពីរសប្ដាហ៍នេះ ដោយពួកគេមានជំនឿថា ជីដូនជីតា បុព្វការីជននឹងដាក់ទណ្ឌកម្ម ឬដាក់បណ្ដាសារ ប្រសិនបើព្រលឹងខ្មោចទាំងនោះរកសាច់ញ្ញាតិ ឬកូនចៅមិនឃើញក្នុងអំឡុងពេលនេះ។ ក៏ប៉ុន្ដែអ្នកចំណាកស្រុកដែលស្វែងរកការងារធ្វើក្នុងរាជធានីភ្នំពេញ ដែលវីអីអូខ្មែរបានសម្ភាសមួយចំនួនមិនបានទៅវត្តនោះទេ ដោយសារតែពួកគាត់ខ្វល់ខ្វាយពីការរកប្រាក់ចំណូល ត្បិតឱកាសនេះគឺជាពេលវេលាដែលគាត់អាចតំឡើងថ្លៃបានមួយកម្រិតផងដែរ។ ទាំងលោក កាវ ចយ ទាំង លោក ជា តូច បានពោលដូចគ្នាថា គាត់បានយល់សប្ដិឃើញឪពុកម្ដាយ និងសាច់ញ្ញាត្តិដែលបានស្លាប់ទៅក្នុងសប្ដាហ៍កន្លងទៅបន្ទាប់ពីពួកគាត់មិនបានទៅស្រុកកំណើត និងមិនបានទៅវត្ត។ ព្រះតេជគុណ កង ណម៉ានី ចៅអធិការវត្តសំពៅមាស ក្រុងភ្នំពេញ មានថេរដីការថា ពុទ្ធបរិស័ទ្ធកម្ពុជាមិនចាំបាច់ទៅកាន់ស្រុកកំណើតសម្រាប់ធ្វើពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះទេ ពោលគឺអាចធ្វើបុណ្យនៅទីណាក៏បានដែរ។ រីឯវិញ្ញាណក្ខន្ធនៃអ្នកដែលបានចែកឋានទៅនោះក៏មិនអាចដាក់បណ្តាសាលើសាច់ញ្ញាតិនោះទេ។ «នៅក្នុងគម្ពីរដែលព្រះសមាសមពុទ្ធទ្រង់សម្ដែងទុកមកមិនមានពាក្យណាដែលថា បងប្អូន ឬមាតាបិតាដែលស្លាប់ទៅដាក់បណ្ដាសាកូនចៅដែលនៅរស់មិនបានធ្វើបុណ្យទេ។ ការដើររក (កូនចៅ)មានមែន ដូចជាសម័យពុទ្ធកាលអញ្ចឹង។ ពាក្យចចាមអារាមដែលថាតៗគ្នា ថា ញ្ញាតិ ឬជីដូនជីតាដែលទៅកើតជាប្រេតដើររកគ្រប់ប្រាំពីរវត្តដាក់បណ្ដាសា តាមពិតគ្រាន់តែជាពាក្យបុរាណខ្មែរយើងចង់ពញ្ញាក់ឲ្យកូនចៅចេះធ្វើបុណ្យ»។ ក្រៅពីប្រជាពលរដ្ឋចំណាកស្រុកមកក្រុងភ្នំពេញ ក្រុមកម្មកររោងចក្រកាត់ដេរមួយចំនួនតូចមិនមានឱកាសទៅលេងស្រុកកំណើតរបស់ខ្លួនផងដែរក្នុងអំឡុងពេលសម្រាកស្របច្បាប់នៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ។ មូលហេតុដោយសារតែពួកគេមិនមានសោហ៊ុយគ្រប់គ្រាន់ និងដោយសារសិប្បកម្មដែលទទួលសម្លៀកបំពាក់ពីរោងចក្រធំមកដេរបន្ដ មិនអនុញ្ញាត្តិឲ្យពួកគេឈប់សម្រាក។ នេះបើយោងតាមសេចក្ដីអះអាងរបស់លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
តុលាការកាត់ក្ដីអតីតមេដឹកនាំខ្មែរក្រហមទទួលរងការទិតៀនជាថ្មីទៀត Posted: 27 Sep 2011 11:00 AM PDT នៅក្នុងប្រទេសកម្ពុជា គេឃើញមានជានិច្ចនូវរឿងចម្រូងចម្រាស់មកលើតុលាការមួយដែលបានទទួលការ គាំទ្រពី អ.ស.ប ដែលមានគោលបំណង នឹង កាត់ទោសអតីតមេដឹកនាំក្រុមខ្មែរក្រហម។ តុលាការនោះ ជាតុលាការលើកដំបូងដែលអនុញាតឲ្យជនរងគ្រោះពីឧក្រិដ្ឋកម្មមួយចំនួនអាចចូលរួមក្នុងដំណើរការកាត់ក្ដី។ នាពេលថ្មីៗនេះតុលាការបានបដិសេធមិនព្រមទទួលពាក្យបណ្ដឹងពីជនរងគ្រោះនៃរបបខ្មែរក្រហម ហើយបាននាំឲ្យមានការទិតៀនថ្មីទៀត។ ចៅក្រមជាតិអាល្លឺម៉ង់ លោក ស៊ីកហ្វ្រិក ប៊្លុង (Siegfried Blunk) តែងតាំងដោយ អ.ស.ប ជាមួយសមភាគីខ្មែរគឺលោក យូ ប៊ុនឡេង បានរងការទិតៀនជាលើកដំបូង កាលពីខែមេសា ដោយសារតែបានបិទបញ្ចប់ការស៊ើបអង្កេតមកលើករណីទីបី របស់តុលាការប្រឆាំងនឹងអតីតមេបញ្ជាការយោធាថ្នាក់ខ្ពស់ ពីរ នាក់ របស់ខ្មែរក្រហម ដែលជាប់សង្ស័យថាពាក់ព័ន្ធនឹងមរណភាពមនុស្សច្រើនម៉ឺននាក់។ បុគ្គលិកអន្ដរជាតិភាគច្រើន បានលាលែងចេញពីតំណែងក្រោយពីករណីនោះបានត្រូវទម្លាក់ចោល។ ខណៈដែលករណីទីបី កំពុងស្ថិតនៅក្នុងការពិចារណារបស់តុលាការ ចៅក្រមពេលនេះ កំពុង ពិនិត្យមើលថាតើ ជនរងគ្រោះអាចចូលរួមក្នុងការកាត់ក្ដីក្នុងនាមជាដើមបណ្ដឹងរដ្ឋប្បវេណីបានឬទេ។ ចៅក្រម កាលពីពេលថ្មីៗនេះ បានបដិសេធការដាក់ពាក្យសុំចូលរួមរបស់ជនរងគ្រោះយ៉ាងតិច ៣នាក់។ ម្នាក់ជាស្ដ្រីខ្មែរ ដែលប្ដីរបស់នាងបានរងគ្រោះពីការបង្ខំធ្វើការងារ រួចបានត្រូវក្រុមខ្មែរក្រហមយកទៅសម្លាប់។ នៅក្នុងការបដិសេធនោះ ចៅក្រមនិយាយថា ស្រ្ដីនោះដែលទាមទារពីបទធ្វើឲ្យនាងខូចខាតខាងផ្លូវចិត្ដ «ហាក់ដូចជាមិនមានការណ៍ពិតច្រើនទេ»។ ចៅក្រម ឲ្យអត្ថន័យ ការតម្រូវ នៃពាក្យ«រងរបួសផ្ទាល់» មិនទូលំទូលាយទេ ហើយ ទម្លាក់ចោលនរណាមួយដែល មិនមែនជាអ្នករងគ្រោះផ្ទាល់។ មេធាវីរបស់អ្នកដាក់ពាក្យប្តឹង អ្នកស្រី ស៊ីលគី ស្ទូហ្ស៊ីនស្គី (Silke Studzinsky) បានពិពណ៌នា ការសម្រេចចិត្ដនោះថា គួរឲ្យខកចិត្ដខ្លាំង។ ថ្លែងតាមរយៈប្រព័ន្ធ Skype អ្នកស្រី Studzinsky និយាយពន្យល់អំពីមូលហេតុដែលធ្វើឲ្យអ្នកស្រី ដាក់ពាក្យប្ដឹងឧទ្ធរណ៍។ «គ្មានមូលហេតុណាមួយ ដែលអាចចាត់ទុកថា មានមូលដ្ឋានផ្លូវច្បាប់។ មូលហេតុទីមួយសម្ដែងថា កូនក្ដីរបស់យើងជាជនរងគ្រោះប្រយោល រួចបានត្រូវបដិសេធ»។ អ្នកស្រី Studzinsky ថ្លែងថា នេះ គ្មានន័យទាល់តែសោះ ចាប់តាំងពីជនរងគ្រោះប្រយោល បានត្រូវអនុញាតឲ្យចូលរួមក្នុងការកាត់ក្ដីករណី ពីរដំបូង ការណ៍ពិតកូនក្ដីរបស់អ្នកស្រី ជា ដើមបណ្ដឹងរដ្ឋប្បវេណី ក្នុងករណីទាំងនោះ ដែលធ្វើឲ្យការបដិសេធនេះ មានការលំបាកនឹងយល់។ លោកស្រី អាន ហេនដេល (Anne Heindel) ទីប្រឹក្សាច្បាប់ នៃ អង្គការស្រាវជ្រាវអំពីការប្រល័យពូជសាសន៍នៅក្នុងទីក្រុងភ្នំពេញ ឬ មជ្ឈមណ្ឌលឯកសារកម្ពុជា និយាយថា មូលហេតុនៃការបដិសេធពាក្យរបស់ ដើមបណ្ដឹងរដ្ឋប្បវេណីមិនស្របទៅតាមបទដ្ឋានអប្បបរិមារបស់ច្បាប់ទេ។ «នេះគួរឲ្យអាម៉ាស់មុខ។ នេះ ជាថ្មីម្ដងទៀត គេប្រើមូលហេតុចន្លោះប្រហោងនៃច្បាប់។ វាបង្ហាញច្បាស់នូវរឿងមួយដែលមិនសមរម្យ។ វាមិនស្របទៅតាមបទដ្ឋាននៃមូលដ្ឋានច្បាប់ទេ។ ហើយ នេះជាការសម្រេចចិត្ដដ៏អាក្រក់បំផុតដែលខ្ញុំមិនធ្លាប់ឃើញ»។ លោក Carmichael៖ តើអ្នកស្រីអានការសម្រេចផ្សេងៗបានប៉ុន្មាន? លោកស្រី Heidel: ច្រើនករណី។ លោក Carmichael៖ រាប់រយករណី? លោកស្រី Heindel៖ ច្រើនពាន់។ លោក Carmichael៖ ហើយនេះ ជារឿងអាក្រក់បំផុត មែនទេ? លោកស្រី Heindel៖ វាជារឿងអាក្រក់បំផុត។ ខ្ញុំមិនដែលឃើញការពិចារណាដ៏អាក្រក់ដូច្នោះទេ។ វា គួរឲ្យអាម៉ាស់មុខដល់តុលាការ។ អ្នកស្រី Heindel បានចោទចៅក្រមថា បានប្រើបទដ្ឋានច្បាប់ដែលមិនស្របតាមយុត្ដាធិការរបស់តុលាការ ឬ មិនស្របតាមច្បាប់អនុវត្ដមកលើដើមបណ្ដឹងរដ្ឋប្បវេណី។ អ្នកស្រីនិយាយថា វាហាក់ដូចជាគេចង់បដិសេធនរណាមួយដែលជាអ្នករងគ្រោះប្រយោលមិនឲ្យចូលរួមក្នុងការកាត់ក្ដី។ «នេះច្បាស់ណាស់ដែលថា គ្រួសារផ្ទាល់របស់ជនរងគ្រោះបានត្រូវទទួលស្គាល់ជាអ្នករងគ្រោះដែរ ហើយអាចចូលរួមនៅក្នុងកាលទេសៈដូច្នោះហេតុដូច្នេះហើយ គេមិនឃើញមានរឿងដូច្នោះនៅអតីតកាល ក្នុងទីកន្លែងណាមួយទេ ដែល គាំទ្រមូលហេតុនៃការសម្រេចចិត្ដដូច្នោះ»។ មានមនុស្សជាង ៣០០ នាក់បានដាក់ពាក្យសុំ តាំងខ្លួន ជាដើមបណ្ដឹងរដ្ឋប្បវេណីនៅក្នុងករណីទី បី។ ចៅក្រមបានបដិសេធ មិនព្រមនិយាយថា មានប៉ុន្មាននាក់បានត្រូវទទួលស្គាល់ ឬ ក៏ បដិសេធ។ តែទោះជាចៅក្រមដែលពាក់ព័ន្ធនឹងករណី មិនព្រមឆ្លើយការពារសេចក្ដីសម្រេចចិត្ដរបស់ខ្លួន ក៏ដោយ មន្ដ្រីតុលាការ និយាយថាពេលវេលានៅពុំទាន់មកដល់ ដើម្បីឲ្យយោបល់អំពីកិច្ចការរបស់គេ។ លោក ឡាស អូលសិន(Lars Olsen) មន្ដ្រីខាងទំនាក់ទំនងផ្នែកច្បាប់ របស់តុលាការថ្លែងនៅដើមខែនេះ ក្នុង ក្លឹបអ្នកយកព័ត៌មានបរទេស ក្នុងទីក្រុងបាងកក។ «កេរ្ដិ៍ដំណែល និង សេចក្ដីសន្និដ្ឋានចុងក្រោយ អំពីថាតើតុលាការនេះសមនឹងឲ្យថវិកាធ្វើការសមនឹងខិតខំជួយពេញទំហឹង គេត្រូវចាំរហូតដល់ទីបញ្ចប់នៃកិច្ចការរបស់តុលាការ។ រួច យើងអាចដឹងអំពីអ្វីដែលបានកើតឡើង។ តើល្បែងនោះចប់ដូចម្ដេច? តើវាមានប្រយោជន៍ទេ។ ពេលនេះ យើងគ្រាន់តែប៉ាន់ស្មានប៉ុណ្ណោះ»។ នៅពេលត្រូវសួរអំពីរឿងចម្រូងចម្រាស កាលពីពេលថ្មីៗនេះ អំពីសេចក្ដីសម្រេចចិត្ដរបស់ចៅក្រម លោក អូលសិន ថ្លែងថា សេចក្ដីសម្រេចចិត្ដនោះស្ថិតនៅក្នុងដំណាក់កាលប្ដឹងឧទ្ធរណ៍ហើយ ដំណើរការនោះកំពុងប្រព្រឹត្ដធ្វើ។ នៅពេលដែលជនរងគ្រោះពីរបបគ្រប់គ្រងខ្មែរក្រហមពាក់ព័ន្ធជាមួយតុលាការ ក្រុមអ្នកសង្កេតការណ៍ខាងក្រៅប្រទេស បានអំពាវនាវទៅកាន់អ.ស.ប សុំឲ្យធ្វើការស៊ើបអង្កេតមកលើកិច្ចការរបស់សហចៅក្រមស៊ើបអង្កេត។ អង្គការ Open Society Justice Initiative ដែលជាអ្នកតាមឃ្លាំមើលកិច្ចការរបស់តុលាការកាត់ទោសខ្មែរក្រហម ចាប់តាំងពីដើមទីមក បាននិយាយទិតៀនធ្ងន់ធ្ងរមកលើសេចក្ដីសម្រេចចិត្ដតុលាការ ដោយនិយាយថា ចៅក្រមទាំងនោះ បានបំពានលើបទដ្ឋានច្បាប់ហើយ សួរជាសំណួរអំពីឯករាជ្យភាពនិងសមត្ថភាពរបស់ចៅក្រមស៊ើបអង្កេត។ លោកស្រី Clair Duffy ជាអ្នកតាមឃ្លាំមើលការកាត់ក្ដី ធ្វើការឲ្យអង្គការ Open Society Justice Initiative។ អ្នកស្រីបានអំពាវនាវសុំឲ្យ អ.ស.ប ធ្វើការស៊ើបអង្កេតមកលើតុលាការកាត់ទោសខ្មែរក្រហម។ «កាលពីពេលថ្មីៗនេះ គេឃើញមានសេចក្ដីសម្រេចចិត្ដជាច្រើនរបស់តុលាការ ចេញពីការិយាល័យរបស់ សហចៅក្រមស៊ើបអង្កេត ដែលមិនស្របទៅតាមសេចក្ដីតម្រូវជាមូលដ្ឋាន ឬ ទៅតាមបទដ្ឋានច្បាប់អន្ដរជាតិ ឬ មិនអនុវត្ដតាមយុត្ដាធិការរបស់តុលាការខ្លួនឯង»។ នេះ ជាលើកទីពីរ ដែលអង្គការ OSJI បានស្នើទៅអ.ស.បសុំឲ្យធ្វើការស៊ើបអង្កេត។ តែ រហូតមកទល់ពេលនេះ អ.ស.ប នៅពុំទាន់បង្ហាញឲ្យឃើញអំពីផែនការតាមសំណូមពរនោះទេ។ លោក ម៉ាទីន ណេស៊ឺគី (Martin Nesirky) អ្នកនាំពាក្យរបស់អគ្គលេខាធិការអ.ស.បលោក បាន គី មូន ថ្លែងតាមរយៈអ៊ីម៉េលថា អ.ស.បរំពឹងថា ដំណើរការកាត់ក្ដីតុលាការ ត្រូវមានភាពសេរី មិនមានការជ្រៀតជ្រែកពីខាងក្រៅបានទេ។ លោកសរសេរថា អ.ស.ប នឹងមិនធ្វើអត្ថាធិប្បាយមកលើរឿងនោះទេ ដែលកំពុងបានត្រូវពិនិត្យមើល រាប់ទាំងការប្ដឹងឧទ្ធរណ៍របស់ដើមបណ្ដឹងរដ្ឋប្បវេណីផងដែរ។ លោក Nesirky មិនបានឆ្លើយតបទៅនឹងសំណួរមួយអំពីថាតើចៅក្រមតែងតាំងដោយ អ.ស.ប លោក Siegfried Blunk នៅបានទួលការគាំទ្រពីលោក បាន គី មូន និង ការិយាល័យរបស់ អ.ស.បឬ ទេ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ២៧ កញ្ញា Posted: 26 Sep 2011 07:41 PM PDT ព័ត៌មានចុងក្រោយបំផុត៖ អាហ្វហ្គានីស្ថាន៖ មន្រ្តីអាហ្វហ្គានីស្ថាននិយាយថា ការវាយប្រហារអត្តឃាតមួយដោយបង្កប់គ្រាប់បែកក្នុងរថយន្ត បានសម្លាប់មនុស្សយ៉ាងតិចពីរនាក់នៅទីក្រុង ឡាស់ស្ការ ហ្កា (Lashkar Gah) ធានីខែត្រ ហ៊ិលម៉ានដ៍ (Helmand) ដែលកំពុងមានភាពវឹកវរនៃប្រទេសអាហ្វហ្គានីស្ថានភាគខាងត្បូង។ ស៊ីរី៖ សកម្មជនសិទ្ធិមនុស្សស៊ីរី និយាយថា កងទ័ពរដ្ឋាភិបាល ដែលបានបាញ់កាំភ្លើងដែលដាក់នៅលើរថក្រោះ បានវាយសង្គ្រប់ទីក្រុង Rastan ភាគកណ្តាលដែលបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ក៏២០នាក់រងរបួស។ អាហ្វហ្គានីស្ថាន៖ ពួកតាលីបាន់ (Taliban) និយាយថា ខ្លួនជាអ្នកត្រួតត្រាបណ្តាញ ហាកានី(Haqqani) មិនមែនប្រទេសប៉ាគិស្ថានទេ។ មន្រ្តីស.រ.អ.បានបន្ទោសបណ្តាញ Haqqani ថាជាអ្នកធ្វើការវាយប្រហារជាញឹកញយទៅលើទីដៅអាមេរិក ហើយថាមានទំនាក់ទំនងជាមួយក្រសួងស៊ើបការណ៍សម្ងាត់របស់ប្រទេសប៉ាគីស្ថាន។ លីប៊ី៖ កងទ័ពរដ្ឋាភិបាលអន្តរកាលលីប៊ីដែលគាំទ្រដោយយន្តហោះចម្បាំងរបស់អង្គការអូតង់ បានរឹតបន្តឹងដើម្បីរឹបអូសយកទីក្រុង Sirte ដែលជាទីក្រុងកំណើតរបស់ Moammar Gdhafi នៅពេលដែលជនស៊ីវិលរាប់រយនាក់ បានប៉ុនប៉ងរត់គេចចេញទីក្រុងតាមរយៈចំណុចឆែកឆេរសន្តិសុខដែលមានការតានតឹងបំផុត។ សហរដ្ឋអាមេរិក៖ ព្រឹទ្ធសភាស.រ.អ.បានអនុម័តច្បាប់ដែលនឹងផ្តល់ថវិកាជាបណ្តោះអាសន្នសម្រាប់ប្រតិបត្តិការរបស់រដ្ឋាភិបាល ដើម្បីជៀសវាងការបិទរដ្ឋាភិបាលទាំងស្រុង នៅពេលដែលឆ្នាំសារពើពន្ធបច្ចុប្បន្ននឹងត្រូវចប់ នៅថ្ងៃសុក្រនេះ។ សហរដ្ឋអាមេរិក៖ អ្នកតែងច្បាប់ជាន់ខ្ពស់ម្នាក់របស់ស.រ.អ. បានថ្លែងថា ព្រឹទ្ធសភានឹងចាប់ផ្តើមធ្វើច្បាប់មួយនៅសប្តាហ៍ក្រោយ ក្នុងគោលបំណងលើកទឹកចិត្តឲ្យប្រទេសចិនតំឡើងថ្លៃរូបិយប័ណ្ណរបស់ខ្លួន សម្រាប់ធ្វើជាមធ្យោបាយមួយដើម្បីជួយពង្រឹងដល់ផ្សារការងាររបស់ស.រ.អ.។ កូរ៉េខាងត្បួង៖ មន្រ្តីកូរ៉េខាងត្បួងនិយាយថា ប្រធានគណបក្សគ្រប់គ្រងអំណាចរបស់ប្រទេសនេះ មានផែនការបំពេញទស្សនកិច្ចមួយទៅកាន់ ប្រទេសកូរ៉េខាងជើង។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> អេស៉្បាញ៖ នាយករដ្ឋមន្ត្រី Jose Luis Rodriguez Zapatero អេស៉្បាញបានរំលាយសភា ហើយអំពាវនាវឱ្យមានការបោះឆ្នោតថ្មីនៅថ្ងៃទី២០ វិច្ឆិកា គឺបួនខែមុនពេលកំណត់ពីមុន។ យេម៉ែន៖ ពួកមន្ត្រីយេម៉ែននិយាយថាពួកកុលសម្ព័ន្ធប្រឆាំងនឹងរដ្ឋាភិបាលបានវាយប្រហារ ហើយកាន់កាប់មូលដ្ឋានមួយរបស់ក្រុមទាហានស្មោះត្រង់ជាមួយប្រធានាធិបតី Ali Abdullah Saleh បណ្តាលឱ្យមេបញ្ជាការម្នាក់ស្លាប់និងទាហាន៣០នាក់បានត្រូវចាប់ខ្លួន។ ប៉ាគីស្ថាន៖ ពួកមន្ត្រីប៉ាគីស្ថានបាននិយាយកាលពីថ្ងៃច័ន្ទថាក្រុមយោធារបស់នឹងមិនបើកធ្វើការវាយលុកប្រឆាំងនឹងបណ្តាញភេរវជន Haqqani ទេ ទោះណាជាមានកំណើនការគាបសង្កត់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឱ្យពួកគេធ្វើដូច្នេះក៏ដោយ។ លីប៊ី៖ ប្រធាននៃក្រុមប្រឹក្សាជាតិអន្តរកាលលីប៊ីបានសុំដល់ពួកសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យលប់ចោលការដាក់ទ័ណ្ឌកម្មដែលនៅសេសសល់ប្រឆាំងនឹងប្រទេសនេះ។ រុស្ស៊ី៖ លោក Alexei Kudrin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្សីបានចុះចេញពីតំណែងក្រោយពីមានជម្លោះមួយជាមួយលោកប្រធានាធិបតី Dmitry Medvedev អំពីផែនការមួយឱ្យប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីប្តូរការងារគ្នានៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ។ អាហ្វហ្គានីស្ថាន៖ ពលរដ្ឋអាមេរិកាំងម្នាក់បានត្រូវសម្លាប់ ហើយម្នាក់ទៀតបានត្រូវរបួសនៅក្នុងឧប្បតិ្តហេតុបាញ់គ្នាមួយនៅក្នុងអាគារនៃស្ថានទូតអាមេរិកក្នុងរដ្ឋធានីកាប៊ុល អាហ្វហ្គានីស្ថាន។ បារាំង៖ លោកប្រធានាធិបតី Nicolas Sarkozy បារាំងបានជួបជាមួយពួកសម្ព័ន្ធមិត្តនយោបាយជាន់ខ្ពស់របស់លោក ក្រោយពីគណបក្សសង្គមនិយមដែលជាគណបក្សប្រឆាំងនិងពួកសម្ព័ន្ធមិត្តដែលនិយមនយោបាយខាងឆ្វេងរបស់ពួកគេបានឈ្នះឆ្នោតមានសំទ្បេងភាគច្រើននៅក្នុងព្រឹទ្ធសភាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រទំនើប។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |