VOA News: ព័ត៌មាន: “តុលាការ​ត្រៀម​រៀបចំ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ចាស់ៗ” plus 7 more

VOA News: ព័ត៌មាន: “តុលាការ​ត្រៀម​រៀបចំ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ចាស់ៗ” plus 7 more


តុលាការ​ត្រៀម​រៀបចំ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ចាស់ៗ

Posted: 05 Apr 2011 02:39 PM PDT

បញ្ហា​សុខភាព​របស់​កូនក្ដី​ដែល​មានវ័​យកាន់​តែ​ចាស់​ជរា​បាន​ក្លាយ​ជា​កង្វល់​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​សម្រាប់​ការបើក​សវនាការ​ក្នុង​សំណុំរឿង​០០២​ក្នុង​រយៈពេល​បីខែ​ទៀត​នេះ។ ក្រុម​មេធាវី​បាន​ស្នើនៅ​ក្នុង​កិច្ចប្រជុំ​រៀប​ចំ​ការកាត់ក្ដី​ក្នុង​សំណុំ​រឿង​នេះ​នៅ​ថ្ងៃអង្គារ​នេះ​ឲ្យ​សាលាក្ដី​ពិចារណា​ឲ្យ​បាន​ជាក់​លាក់​ពី​លទ្ធភាព​ក្នុង​ការចូលរួម​សវនាការ​ពេញលេញ​នៃ​កូនក្ដី​របស់​ផង​ខ្លួន។

យ៉ាងហោច​ណាស់​មាន​មេធាវី​របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​ខ្មែរក្រហម​ចំនួន​បី​ក្រុម​បាន​ទាមទារ​ឲ្យ​អង្គជំនុំជម្រះ​សាលាដំបូង​របស់​សាលាក្តី​ខ្មែរក្រហម​ផ្តោត​ការយកចិត្ត​ទុក​ដាក់​ជាចម្បង​ទៅលើ​បញ្ហា​សុខភាព​របស់​កូនក្តី​ផងខ្លួន​មុននឹង​កំណត់​កម្មវិធី​បើក​សវនាការ​នៅក្នុង​សំណុំរឿង​០០២​ដែល​គេ​គ្រោង​បើក​ការជំនុំ​ជម្រះ​នៅក្នុង​អំឡុង​ខែ​មិថុនា​ ឆ្នាំនេះ។

ការទាមទារ​នេះ​ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​នៅ​ថ្ងៃអង្គារ​នេះ ​នៅ​សាលាក្តី​ខ្មែរក្រហម​ ដើម្បី​កំណត់​ប្រតិទិន​សម្រាប់​ការកាត់ទោស​ជន​ជាប់ចោទ​ដ៏មាន​សារៈសំខាន់​ចំនួន​បួននាក់​នៅក្នុង​សំណុំរឿង​នេះ គឺ នួន ជា ​ខៀវ សំផន​ អៀង សារី​ និង​អៀង ធីរិទ្ធ។

លោក​សហមេធាវី​សុន អារុណ​ ការពារក្តី​ឲ្យ​នួន ជា​ អតីត​ប្រធាន​សភា​ខ្មែរក្រហម​មានប្រ​សាសន៍ថា ក្រុម​មេធាវី​ការពារក្តី​បាន​ស្នើឲ្យ​អង្គជំនុំ​ជម្រះ​សាលាដំបូង​រក​ដំណោះស្រាយ​ផ្តោត​ទៅលើ​បញ្ហា​សុខភាព​ជនជាប់ចោទ​នៅពេល​ដែល​មា​នបញ្ហា​នៅក្នុង​អំឡុងពេល​កំពុង​ដំណើរការ​សវនាការ។

«អ្នកកាត់ទោស​ទំាងប៉ុន្មាន ​សុទ្ធតែ​មនុស្សចាស់​អស់ហើយ។ ហើយ​គាត់​មាន​ជំងឺ​ញឹកញាប់​ កាលណា​ ឡើង​សវនាការទៅ​ ជួនកាល​ឈាម​គាត់​ឡើង​លើ​ជិត​ ២០ ​ទៅ​២១​ និង​២២​ អញ្ចឹង​ទៅ។ មាន​ជំងឺ​អញ្ចឹង​កើតឡើង​ខ្ញុំ​ត្រូវ​ធ្វើយ៉ាងម៉េច។ ខ្ញុំ​មេធាវី​ការពារ​នួន ជា ​ខ្ញុំ​លើក​រឿង​នេះ​មក​ដាក់​ សួរថា​គេ​គិត​យ៉ាងម៉េច។ គេថា​ ដំណោះស្រាយ​ទីមួយ​កាត់​ធម្មតា​អញ្ចឹង​ទៅ​ កាលណា​គាត់​មិនស្រួល​ គេ​ហៅថា ​Audio Conference»។

សូមបញ្ជាក់​ថា ជន​ជាប់ចោទ​នួន ជា ​អាយុ​ជិត​៨៥ឆ្នាំ​ទៅហើយ​មាន​បញ្ហា​សុខភាព​ច្រើន​ផ្នែក​សម្ពាធ​ឈាម​និង​បញ្ហាភ្នែក។ រីឯ​អៀង សារី ​អាយុ​ជិត​៨៦ឆ្នាំ ​មាន​បញ្ហា​បេះដូង ​និង​បញ្ហា​ឆ្អឹងខ្នង។ ចំណែក​ឯ ប្រពន្ធ​របស់​គាត់​គឺអៀង ធីរិទ្ធ ​អាយុ៦៩ឆ្នាំ​ត្រូវ​សហមេធាវីប​ញ្ជាក់ថា​ មាន​បញ្ហា​ផ្លូវចិត្ត​ ដែល​ធ្វើឲ្យ​គាត់​មាន​ស្មារតី​មិននឹងនរ​ពិបាក​នៅក្នុង​ការពិភាក្សា។ចំណែក​ឯ​ខៀវ សំផន​ ដែល​ហាក់​បីដូចជា​នៅរឹងមាំ​ជាង​គេ អាយុ​ជិត​៨០ឆ្នាំ​ទៅហើយ ​មាន​ជំងឺ​ម្តងម្កាល​​ដែរ ។

ក្រុម​មេធាវី​បាន​ស្នើ​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ផ្តល់​គ្រូពេទ្យ​ជំនាញ​ផ្នែក​មនុស្ស​ចាស់​ដើម្បី​ធ្វើការ​វាយតម្លៃ​ទៅលើ​សម្បទារ​បស់​ជនជាប់ចោទ​ទាំងផ្នែក​ផ្លូវចិត្ត​និង​ផ្លូវកាយ។

លោក​ផាត់ ពៅសៀង ​សហមេធាវី​ការពារក្តី​ឲ្យ​អៀង ធីរិទ្ធ ​បញ្ជាក់ថា ​ការកំណត់​កាលបរិច្ឆេទ​បើក​សវនការ​បាន​លុះត្រា​តែ​បញ្ហា​សុខភាព​របស់​ជនជាប់​ចោទត្រូវ​បាន​ដោះស្រាយ​ច្បាស់លាស់។

«ពេទ្យ​គេវាយ​តម្លៃហើយ​បាន​យើង​អាចតវ៉ា​ តតាំង​គ្នា​អញ្ចឹងទៅ ​ហើយ​យើង​ដាក់​ថ្ងៃ​សវនាការ​ជាក់លាក់​បាន»។

សូម​បញ្ជាក់ថា ​អង្គ​ជំនុំជម្រះ​សាលាដំបូង​របស់​សាលាក្តី​ខ្មែរ​ក្រហម​គ្រោងនឹង​បើក​កិច្ច​ប្រជុំ​រយៈពេល​ បីថ្ងៃ​សម្រាប់​រៀបចំ​បើក​សវនការ​សំណុំរឿង​០០២។ ក៏ប៉ុន្តែ​កិច្ចប្រជុំ​នេះ​បាន​ចប់សព្វគ្រប់​នៅក្នុង​រយៈពេល​ ត្រឹម​តែមួយ​ថ្ងៃប៉ុណ្ណោះ​នៅថ្ងៃ​នេះ។

តាម​គម្រោង​ដែល​ចូលរួម​ពិភាក្សា​ឲ្យ​គ្រប់​ភាគី​ បាន​ផ្តោត​ការជជែក​លើ​មាត្រា​ចំនួនពីរ​នៃ​វិធាន​ផ្ទៃក្នុងការទួល​ស្គាល់​សហមេធាវី​បរទេស​ការជជែក​អំពី​បណ្តឹង​និង​ការឆ្លើយតប​បណ្តឹង​ ការផ្តោត​ទៅលើ​កម្មវិធី​នៃ​ការកាត់ទោស​ការកាត់បន្ថយ​ចំនួន​សាក្សី ​ការជំទាស់​របស់​ក្រុម​មេធាវី​ការពារ​ក្តី​ចំពោះ​ការចោទប្រកាន់​ជាដើម។

លោក​សហមេធាវី ​Michela Pestment ​ការពារក្តី​ឲ្យ​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ខ្មែរ​ក្រហម​ អៀង សារី​ មាន​ប្រសាសន៍​ថា ​ជន​ជាប់ចោទ​មាន​បញ្ហា​សុខភាព​ទាំងផ្លូវកាយ​ និង​ផ្លូវចិត្ត ​ហើយ​បញ្ហា​នេះ​ត្រូវបាន​ ជជែក​នៅក្នុង​កិច្ចប្រជុំនេះ។ ហើយ​លោក​រំពឹងថា ​អង្គជំនុំ​ជម្រះ​សាលាដំបូង​ នឹង​ផ្តល់​ដំណោះស្រាយ​យ៉ាង​ត្រឹមត្រូវ​មួយ។

រីឯ​សហមេធាវី​លោក​ស សាវ៉ាន​ ការពារក្តី​ឲ្យ​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋខ្មែរ​ក្រហម ​មិនបាន​ទាមទារ​ឲ្យ​មាន​ការដោះស្រាយ​អំពី​បញ្ហា​សុខភាព​របស់​ជន​ជាប់ចោទ​នោះទេ។ក៏ប៉ុន្តែ​លោក​ស សាវ៉ាន ​បាន​សង្កត់ ធ្ងន់​ទៅលើ​ការអនុវត្ត​នៅក្នុង​ការកាត់ក្តី​ដោយ​អនុលោម​ទៅតាម​ប្រព័ន្ធ ​Common Law​ និង ​Civil Law ។

លោក​រាជ សម្បត្តិ ​ប្រធាន​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​សាធារណៈ​របស់​សាលាក្តីខ្មែរ​ក្រហម ​មិនបាន​ធ្វើ​អត្ថាធិប្បាយ​ទៅលើ​ខ្លឹមសារ​នៃ​ការជជែក​នៅក្នុង​កិច្ចប្រជុំ​នៅថ្ងៃនេះ​ទេ។

«កិច្ចប្រជុំ​បាន​បញ្ចប់​ហើយ ​ការជជែក​ទៅលើ​អង្គហេតុ ​គឺ​យើង​អត់​និយាយ​ទេ​អាហ្នឹង​ ពីព្រោះ​កិច្ចការ​ របស់​ចៅក្រម»។

យ៉ាងណា​ក៏ដោយ​សហមេធាវី​លោក​ផាត់ ពៅសៀង ​មាន​ប្រសាសន៍​ថា ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​លើក​យក​មក​ជជែក​បន្ថែម​ទៀត ​នូវ​បញ្ហា​គន្លឹះ​មួយ​ចំនួន​ដូចជា​បញ្ហា​ផ្លូវច្បាប់​និង​ការជជែក​អំពី​បញ្ហា​ដែល​ទាក់ទង​ទៅ​នឹង​ការកាត់ទោស​អៀង សារី ​ជាលើកទីពីរ ​បន្ទាប់ពី​លោក​អៀង សារី ​ត្រូវ​កាត់ទោស​ម្តង​រួច​ទៅហើយ​ដោយ​របប​រដ្ឋ​កម្ពុជា​នៅ​ឆ្នាំ១៩៧៩៕

This posting includes an audio/video/photo media file: Download Now

មេបក្ស​ប្រឆាំង​មិន​ខ្វល់​នឹង​បណ្តឹង​របស់​លោក​ ហោ ណាំហុង​រឿង​បរិហាកេរ្តិ៍

Posted: 05 Apr 2011 02:27 PM PDT

ខណៈ​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ​បើក​សវនាការ​កាត់​ក្តី​លើ​ករណី​បរិហារ​កេរ្តិ៍​តាម​បណ្តឹង​របស់​លោក ហោ ណាំហុង​នោះ លោក​ សម រង្ស៊ី​ មេដឹក​នាំ​គណបក្ស​ប្រឆាំង​បញ្ជាក់​ថា​ លោក​មិន​អើពើ​នឹង​បណ្តឹង​នោះទេ។

លោក​សម រង្ស៊ី ​បាន​ថ្លែងប្រាប់​VOA ​សំឡេង​សហរដ្ឋអាមេរិក​តាម រយៈ​ទូរស័ព្ទ​ពី​ប្រទេស​បារំាង​នៅថ្ងៃអង្គារ​ថា​គឺ​តុលាការ​កូនកាត់​ខ្មែរ​និង​អង្គការ​សហប្រជាជាតិ​នឹង​រក​ឃើញ​ថា​ប្រវត្តិ​លោក​ ហោ ណាំ​ហុង​ពិត​ប្រាកដ​នោះ​គឺ​យ៉ាងណា៖

«​ខ្ញុំ​មិន​ចាប់​អារម្មណ៍​អ្វី​ទាល់តែ​សោះ។ ខ្ញុំ​ជឿថា​ពេល​គេ​សួរចម្លើយ​លោក​អៀង សារី។ ​លោក​អៀង សារី ​ច្បាស់ជា​ នឹង​បញ្ជាក់​ថា ​ក្នុងឋានៈ​គាត់​ជា​មេដឹកនាំ​កំពូល​នៃ​របប​ប៉ុលពត ​គាត់​មាន​សហការី​ប៉ុន្មាន​នាក់។អញ្ចឹង​រឿង​លោក​ហោ ណាំហុង​នេះគឺ​អាស្រ័យ​លើ​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម ​នៅ​ទីក្រុង ភ្នំពេញ»។

តុលាការ​ក្រុងភ្នំពេញ​ កាលពី​រសៀល​ថ្ងៃអង្គារ ​បាន​បើកសវនាការ​ជំនុំជម្រះ​រវាង​លោក​សម រង្ស៊ី​ និង​លោក​ហោ ណាំហុង ​ពាក់ព័ន្ធ​ទៅនឹង​បណ្តឹង​បរិហាកេរ្តិ៍ ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត។

លោក​ហោ ណាំហុង​ បាន​ដាក់ពាក្យ​បណ្តឹង​មួយ​ទៅតុលាការ​ក្រុង​ភ្នំពេញ​ ប្តឹង​លោក​សម រង្ស៊ី ​ពីបទ​បរិហាកេរ្តិ៍​និង​ផ្សព្វផ្សាយ​ព័ត៌​មាន​មិនពិត​ បន្ទាប់ពី​លោក​សម រង្ស៊ី ​បាន​ធ្វើ​អត្ថាធិប្បាយ​មួយ​កាលពី​ថ្ងៃទី១៧ ​ខែមេសា ​ឆ្នាំ២០០៨ ​នៅ​វាល​ពិឃាដ​បឹង​ជើងឯក ក្នុង​ក្រុង​ភ្នំពេញ​ដោយ​បាន​ចោទប្រកាន់​ថា ​លោក​ហោ ណំាហុង​ ជា​ប្រធានគុក​បឹងត្របែក​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ហើយ​ពាក្យ​សំដី​របស់​លោក​សម រង្ស៊ី ​ត្រូវ បានកាសែត​ក្នុងស្រុក​មួយ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ឈ្មោះ​មនសិការ​ខ្មែរ​ បាន​ដកស្រង់​សំដី​យកទៅ​ចុះ​ផ្សាយ។

បន្ទាប់ពី​បាន​បើក​សវនាការ​ជំនុំជម្រះ​អស់រយៈពេល​ប្រមាណ​ជិត​៤០នាទី​តែ​ប៉ុណ្ណោះ​ដោយ​គ្មាន​វត្តមាន​មេធាវី​ការពារក្តី​ជន​ជាប់ចោទ​និង​សាក្សី​ផងនោះ​លោក​ប្រធាន​ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​ក្រុងភ្នំពេញ​ គឺ​លោក​សេង នាង ​បាន​មាន​ប្រសាសន៍​ថា ​សាលក្រម​ចំពោះ​រឿងក្តី​នេះ​នឹង​ត្រូវ​ប្រកាស​នៅថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយនេះ។

នៅក្នុងប​ន្ទប់សវនាការ​ជំនុំជម្រះ​ភាគី​ដើមបណ្តឹង​របស់​លោក​ហោ ណាំហុង​ មាន​មេធាវី​ការពារក្តី​ លោក​កា សាវុធ។

លោក​កា សាវុធ ​បាន​មាន​ប្រសាសន៍​នៅក្នុង​សវនាការថា​ យោងតាម​សាក្សី​ចំនួនបីរូប​ បាន​អះអាង​ថា​ កូនក្តី​របស់​លោក​មិនមែន​ជាប្រធាន​គុក​បឹងត្របែក​ទេ។ ហើយ​លោក​ហោ ណំាហុង ​គ្រាន់តែ​ជា​អ្នកទោស​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ដទៃៗផ្សេង​ទៀត​ដែរ។

លោក​កា សាវុធ ​បាន​ទាមទារ​ឲ្យ​តុលាការ​ផ្តន្ទាទោស​លោក​សម រង្ស៊ី ​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​និង​ទាមទារ​សំណង​ជម្ងឺ​ចិត្ត​បន្ថែម​ទៀត​ចំនួន​១០​លានរៀល​គឺស្មើនឹង​ជាង​២.៥០០​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក​កា សាវុធ ​បាន​ថ្លែងប្រាប់​ក្រុម​អ្នកកាសែត​បន្ទាប់ពី​បញ្ចប់​សវនាការ​ថា ​លោក​មាន​ជំនឿថា​កូនក្តី​របស់​លោក ​នឹង​ឈ្នះ​ក្តី។

«ចំពោះ​សវនាការ​នេះ​ យើង​ជឿថា​ចៅក្រម​មុខជា​និង​រក​យុត្តិធម៌​ត្រឹមត្រូវ​ជូន​ឯក​ឧត្តម​​ហោ ណាំ ហុង​ កុំឲ្យ​គាត់​ចេះតែ​ដើរ​ប្រឌិត​រឿង​យកទៅ​ផ្សាយ​ការណ៍​មិនពិត​នោះ។ គាត់​ចង់បាន​តែប៉ុណ្ណឹង​ទេ ​ចង់​ធ្វើម៉េច​ឲ្យ​មនុស្ស​រាង​កុំឲ្យ​ចេះតែ​ដើរ​និយាយ​ការណ៍​មិនពិត​តទៅ​ទៀត​តែ​ប៉ុណ្ណឹងទេ»។

លោក​ជូង ជូងី ​មេធាវី​ការពារក្តី​របស់​លោក​សម រង្ស៊ី​ មិនបាន​ចូលរួម​នៅក្នុង​បន្ទប់​សវនាការ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ទេ។

លោក​ជួង ជូងី ​បាន​មាន​ប្រសាសន៍​ថា​កូនក្តី​របស់​លោក​មិនចាប់​អារម្មណ៍​ចំពោះ​សវនាការ​នេះ​ទេ​ដូច្នេះ​គ្មាន​ប្រយោជន៍អ្វី​សម្រាប់​លោក​ចូលរួម​នៅក្នុង​សវនាការ​នៅ​ថ្ងៃ​នេះ​ទេ។

«ឯក​ឧត្តម​សម រង្ស៊ី ​អត់ចាប់​អារម្មណ៍​លើ​ករណី​នេះទេ ​ពីព្រោះ​គាត់​អត់មាន​ជំនឿ​ទៅលើ​ការដោះស្រាយ​របស់​តុលាការ។ ហើយ​ទីពីរ​ ខ្លួន​ខ្ញុំផ្ទាល់​កាលណា​កូនក្តី​ខ្ញុំ​អត់​ចាប់​អារម្មណ៍​ឬ​ក៏អត់​មាន​ជំនឿ ​ទៅលើ​តុលាការ​អញ្ចឹង។ តើខ្ញុំ​ទៅ​ការពារ​គាត់​មានន័យអ្វី? អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​មិន​ទៅ​ការពារ»។

លោក​សម រង្ស៊ី ​ត្រូវបាន​តុលាការ​នៃ​ប្រទេស​បារាំង ​កាល​ពី​ខែ​មិថុនា ​ឆ្នាំ២០០៩ ​បាន​កាត់ទោស​លោក​ឲ្យ​បង់ប្រាក់​ពិន័យ​ចំនួន​១ អឺរ៉ូ​ គឺ​ជាង​១ដុល្លារ​សហរដ្ឋ​អាមេរិក​ បន្ទាប់ពី​តុលាការ​បាន​រកឃើញ​ថា លោក​សម រង្ស៊ី​ ពិតជា​បាន​បរិហារកេរ្តិ៍លោក​ហោ ណាំហុង ​ពាក់ព័ន្ធ​ទៅ ​នឹង​ប្រធាន​គុក​បឹងត្របែក។

លោក​សម រង្ស៊ី ​បាន​មាន​ប្រសាសន៍​ថា ​ចំពោះ​រឿងក្តី​នេះ​ លោក​ នឹង​ប្តឹង​ទៅ​តុលាការ​កំពូល ​និង តុលាការ​របស់​សហគមន៍​អឺរ៉ុប​បន្ត​ទៀត ។

«រឿងនេះ ​មាន​ការស្រពិច​ស្រពិល​ជាច្រើន ​ហើយ​គេ​ក៏ជឿជាក់​ថា ​ពេល​ណា​តុលាការ​អន្តរជាតិ​ ដំណើរការ​ បាន​ត្រឹមត្រូវ​ គឺពេលនោះ​យើង​ នឹង​ដឹង​ការណ៍​ពិត។ ហើយ​ពេលនោះ ​យើង​និង​សន្និដ្ឋាន​បាន​យ៉ាង​ច្បាស់​ថា​ នណា​ខ្លះ​? ពាក់ព័ន្ធ​នៅ​ក្រោម​របប​ខ្មែរក្រហម​សម័យ​ប៉ុលពត។

លោក​សម រង្ស៊ី ​បាន​មាន​ប្រសាសន៍​ទៀតថា ​នៅ​ខែឧសភា ​ឆ្នាំ២០១១នេះ​ តុលាការ​កំពូល​របស់ ប្រទេស​បារាំង ​និង​បើក​សវនាការ​ជំនុំជម្រះ​ម្តងទៀត​រវាង​ករណី​លោក​និង​លោក​ឧបនាយក​រដ្ឋ​មន្រ្តី​ហោ ណាំហុង៕

This posting includes an audio/video/photo media file: Download Now

សមាជិក​សភា​អាស៊ាន​ស្វែងរក​វិធី​ការពារ​ពលករ​ចំណាក​ស្រុក

Posted: 05 Apr 2011 02:08 PM PDT

សមាជិក​សភា​អាស៊ាន​​បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​នៅថ្ងៃ​អង្គារ​នេះ​ សំដៅ​ទប់ស្កាត់​រាល់​អំពើ​រំលោភ​សិទ្ធិ​ផ្សេងៗ​លើ​ពលករ​ចំណាក​ស្រុក​នៅក្នុង​តំបន់​ដែល​សមាជិក​សភា​កម្ពុជា​បាន​និយាយ​ថា​ពលករ​កម្ពុជា​នឹង​ទទួលបាន​ផល​ប្រយោជន៍​ពី​សេចក្តី​សម្រេច​ចិត្ត​នេះ។

សេចក្តី​សម្រេច​ចិត្ត​នេះ​សំដៅ​បង្កើន​ការការពារ​និង​ការលើកកម្ពស់​សិទ្ធិ​របស់​ពលករ​ចំណាក​ស្រុក​ឬ​ហៅថា​ទេសន្តរ​ប្រវេសន៍​រួមមាន​ការលើក​កម្ពស់​ការការពារ​ការងារ​ ប្រាក់​ឈ្នួល ​លក្ខខណ្ឌ​ការងារ ​និង​លក្ខខណ្ឌ​រស់នៅ​សមរម្យ ​និង​ត្រឹមត្រូវ​របស់​ពលករ​ទេសន្តរ​ប្រវេសន៍។

សេចក្តី​សម្រេចចិត្ត​នេះ​បាន​កើតមាន​ឡើង ​បន្ទាប់ពី​សមាជិក​សភា​អាស៊ាន​មាន​កង្វល់​អំពី​ការធ្វើទុក្ខ​ទោស​ ការរំលោភ ​ការរើសអើង​ ព្រមទាំង​ការរំលោភ​សិទ្ធិ​របស់​ពលករ​ទេសន្តរ​ប្រវេសន៍។

លោកស្រី​ហូ ណូន ​ប្រធាន​គណៈកម្មការ​ការងារ​នៃ​រដ្ឋសភា ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​សភា​អាស៊ាន​រយៈពេល​ពីរថ្ងៃ​ថា​ពលករ​ទេសន្តរប្រវេសន៍​កម្ពុជា​ក្នុង​ប្រទេស ម៉ាឡេស៊ី ​ប្រទេស​ថៃ ​និង​ប្រទេស​កូរ៉េ​ខាងត្បូង ​ទទួល​បាន​ការគោរព​សិទ្ធិមនុស្ស ​ប្រាក់ខែ​ លក្ខខណ្ឌ​ការងារ ​និង​លក្ខខណ្ឌ​រស់នៅ​សមរម្យ។

«យើង​សុំឱ្យ​គេ​ជួយ​ការពារសិទ្ធិ ​និង​កុំឱ្យ​ធ្វើ​ទោសទណ្ឌ។ បើ​ពលករ​ខ្មែរ​ទៅខុស​ច្បាប់​ យើង​សុំ​គេ​ឱ្យ​ជួប​ជា មួយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​នោះ ​ដើម្បី​យក​ត្រឡប់​មកវិញ​ កុំឱ្យ​យក​ទៅដាក់​ក្នុង​ពន្ធនាគារ​ កុំយក​ ទៅ​ធ្វើបាប។​ យើងសុំ​ឱ្យ​មាន​ប្រាក់ខែ​សមរម្យ​ដែល​អាច​រស់នៅ​បាន​ពលកម្ម​ការងារ​សុំឱ្យ​គោរព​សិទ្ធិមនុស្ស​ កុំឱ្យ​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ​និង​គ្រោះថ្នាក់។ នេះ​ជាចំណុច​ធំ​ដែល​យើង​លើកកម្ពស់​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍​ ទាំង​ស្របច្បាប់ ​និង​មិន​ស្របច្បាប់»។

លោក​ ទេព ងន​ អនុប្រធាន​ព្រឹទ្ធសភា​ បាន​ថ្លែងថា​សេចក្តី​សម្រេចចិត្ត​នេះ​ក្លាយជា​ស្ពាន​ក្នុង​កិច្ច​សហប្រតិបត្តិការ​ទប់ស្កាត់​ទេសន្តរ​ប្រវេសន៍​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់​ដែល​តែងតែ​កើត​មាន​តាមរយៈ​មេខ្យល់​ ឬ ​ក្រុម ជួញដូរ​ខុសច្បាប់​ ខណៈ​ដែល​មាន​របាយការណ៍​បង្ហាញពី​ហានិភ័យ​ និង​គ្រោះថ្នាក់​ចំពោះ​ពលករ​ចំណាក​ស្រុក​ស្វែងរក​ការងារ​នៅក្រៅ​ប្រទេស​ពុំ​ត្រឹមត្រូវ​តាមច្បាប់។

តួលេខ​បាន​បង្ហាញថា​ប្រទេស​កម្ពុជា​បាន​បញ្ជូន​ពលករ​ស្របច្បាប់​ប្រមាណ​៥.៧៧៦នាក់​ រួមមាន ​ស្រី​៣.៥៤៣ នាក់ ​និង​ប្រុស​២.២៣៣នាក់​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ២០១០។

ពលករ​ទេសន្តរ​ប្រវេសន៍​កម្ពុជា​តែងតែ​ទទួល​រងនូវ​ការរំលោភ​ផ្លូវភេទ​ ការវាយ​ធ្វើបាប​រូបរាង​កាយ​ ការបង្ខិត​បង្ខំ​ឱ្យធ្វើការ​ច្រើន​ម៉ោង ​និង​ការបរិភោគ​មិនគ្រប់​គ្រាន់។

អ្នកស្រី​ ស្រី សុផល​ មក​ពីខេត្តស្វាយរៀង​ បាន​ថ្លែង​ប្រាប់​សន្និសីទ​កាសែត​កាលពី​ថ្ងៃច័ន្ទថា​ កូនស្រី​របស់ អ្នកស្រី​បាន​ជួបប្រទះ​នូវ​រឿង​ហេតុ​ទាំងនេះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

«កូន​ខ្ញុំ​យំស្រែក​ហៅ​ទូរស័ព្ទ​មក​នាង​ខ្ញុំផ្ទាល់​ថា​ម៉ែអើយ ​គេវាយ​ធ្វើបាប​ខ្ញុំ ​រក​ទម្លាក់​ពីលើ​ផ្ទះវីឡា។ ខ្ញុំ​ធ្វើការ​មិន​ហើយ​មួយយប់​មួយថ្ងៃ​ ហើយ​បាន​ដេក​តែមួយ​ម៉ោងទេ។ បើខ្ញុំ​ធ្វើការ​មិន​ហើយ​ គេអត់​ឱ្យ​បាយ​បរិភោគ​ទេ។ ប្តី​ប្រពន្ធ​ម្ចាស់ផ្ទះ​បាន​វាយ​កូន​ខ្ញុំ​ហើយ​គេ​ទង្គិច​ក្បាល​ខ្ញុំ​ហើម​អស់ហើយ។ ប្រហែលជា​កូន​នាងខ្ញុំ​ទាស់ ហើយ​ មើលទៅ ​ពីព្រោះ​នាង​ទៅធ្វើការ​ហ្នឹង​ទើបតែ​ឆ្លងទន្លេ​បាន​ប្រាំខែ»។

អ្នកស្រី​ បាន​បន្ថែម​ថា កូនស្រី​របស់​អ្នកស្រី​អាយុ​២៨ឆ្នាំ ​ត្រូវបាន​បុរស​ជាម្ចាស់ផ្ទះ​ដែល​នាង​បាន​បម្រើការ​នោះ ​បាន​រំលោភ​នាង​ពីរដង​កាលពី​ថ្ងៃទី៣០​ ខែមិនា។

«ឪពុក​ថៅកែ​ម្ចាស់ផ្ទះ​បាន​ចាប់រំលោភ​កូន​របស់​ខ្ញុំ ចំនួន​ពីរដង​កាលពី​ថ្ងៃទី៣០ ​ខែមិនា​នេះ»។

លោក​ វ៉ាន់ សាក់រ៉ានី ​អគ្គនាយក​ក្រុមហ៊ុន ​Champa Manpower Group ដែល​ជា​ភ្នាក់ងារ​ជ្រើសរើស​ពលករ​បាន​ជួល​ស្រីនេះ ​បានថ្លែងថា​លោក​កំពុងតែ​ធ្វើការ​ស៊ើបអង្កេត​ករណី​នេះ៕

This posting includes an audio/video/photo media file: Download Now

អគ្គីភ័យ​ត្របាក់​រោងចក្រ​មួយ​នៅ​ភ្នំពេញ

Posted: 05 Apr 2011 01:41 PM PDT

រោងចក្រ​កាត់ដេរ​មិថុនា​ ក្នុង​សង្កាត់​ទឹកថ្លា ​ខណ្ឌ័​សែនសុខ ​ស្ទើរ​តែ​ត្រូវ​បំផ្លាញ​ទាំងស្រុង​រហូត​មក​ទល់​នឹង​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​អគ្គីភ័យ​បាន​ឆាប​ឆេះ​អស់​រយ:​ពេល​១៨ម៉ោង។ នៅ​ពេល​នេះ ​គេ​នៅ​មិន​ទាន់​ដឹងពី​មូលហេតុ ​ហើយ​ក៏​មិន​ទាន់​មាន​ការ​វាយតម្លៃ​លើការ​ខូចខាត​នៅ​ឡើយ។

សាក្សី ​និង​មន្ដ្រី​អគ្គីភ័យ​បាន​និយាយថា អណ្ដាត​ភ្លើង​បាន​ចាប់ផ្ដើម​លេប​ត្របាក់​ឃ្លាំង​ផ្ទុក ទំនិញ​មួយ​​របស់​រោងចក្រ​ដែល​មាន​កម្មករ​ចំនួន​៤០០០ ​នាក់​មួយនេះ ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៤​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​រាលដាល​យ៉ាង​ឆាប់រហស័​មុន​នឹង​រថយន្ដ​អគ្គីភ័យ​បាន​មក​ដល់។ រថយន្ដ​បាញ់​ទឹក​ជាច្រើន​របស់​អង្គភាព​ពន្លត់​អគ្គីភ័យ​ក្រុង​ភ្នំពេញ​រួម​ទាំង​មាន​ជំនួយ​ពី​រថយន្ដ​ពន្លត់​​អគ្គីភ័យ​ធន់​ធំ​ចំនួន​ពីរ​គ្រឿង​ពី​អាកាសយានដ្ឋាន​អន្តជាតិ​ក្រុង​ភ្នំពេញ​ផង​ដែរ​បាន​ចេញ​ចូល​បណ្ដាក់​គ្នា​បាញ់​បង្រ្កាប​អគ្គីភ័យ​ដ៏​ធំ​នេះ។ ក៏​ប៉ុន្ដែ​ទោះជា​យ៉ាងណា រហូត​មកទល់​នឹង​រសៀល​ថ្ងៃនេះ នៅ​តែ​មាន​ផ្សែង​ហុយ​ចេញពី​កន្លែង​ឆេះ​នៅឡើយ។

លោក ណេត វ៉ាន់ថា ​ប្រធាន​ការិយាល័យ​អង្គភាព​ពន្លត់អគ្គីភ័យ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ​ក្រុម​សមត្ថកិច្ច​កំពង់​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ។ លោក​បាន​ប្រាប់​វីអូអេខ្មែរ​ថា៖

«គណៈកម្មការ​ក្រុម​ចម្រុះ​កំពុង​តែ​ស្រាវជ្រាវ។ គេ​យក​តាំងពី​ម៉ាស៊ីន​កុំព្យូទ័រ​អ្វី​ដែល​ពាក់​ព័ន្ធ​និង​កាម៉េរ៉ា​ថត​គឺយក​ទៅ​ឆែក​មើល​នៅ​កន្លែង​កោសល្យវិច្ច័យ។ អគារ​នេះ​វា​មិន​អាច​ប្រើប្រាស់​ បាន​ទៅ​មុខ​ទៀត​ទេ ពីព្រោះ​វា​ប្រេះសាំ​គ្រប់​តំបន់​គ្រប់​ចំណុច​ ហើយ​អញ្ចឹង​បើ​ប្រើ​ប្រាស់​អាច​គ្រោះ ថ្នាក់។ គណៈកម្មការ​ចម្រុះ​របស់​ក្រសួងមហាផ្ទៃ​ដែល​បាន​បង្កើត​នោះ​ គឺ​ចូល​លុក​លុយ​ចូល​ថត​ចូល​រុក​រក​ជាមួយ​ម្ចាស់​ទីតាំង​នោះ ហើយ​គឺអត់​មាន​អ្នក​រងគ្រោះ​ស្លាប់​នោះ​គឺអត់​មានទេ»។

មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​រើ​ឥវ៉ាន់​ និង​ភៀសខ្លួន​ទៅក្រៅផ្ទះ​កាល​ពីម្សិលមិញ​ដោយ ការភ័យខ្លាច​ការរីករាល​ដាល​នៃ​អគ្គីភ័យ។

លោក​ ហន វិចិត្រ ​កម្មករ​ម្នាក់​នៃ​រោងចក្រ ​មិថុនា ​បាន​និយាយ​រៀបរាប់​ថា ក្រុម​កម្មករ​បាន នាំ​គ្នា​សម្រុក​រត់​ចេញ​នៅ​ពេល​ដែល​ភ្លើងឆេះ​ពេញ​បន្ទុក ​ដោយ​ពុំមាន​ក្រុម​សង្រ្គោះ​នាំ​ផ្លូវ​នោះ​ទេ។ លោក វិចិត្រ​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ម្សិលមិញ​គឺ​មាន​ផ្សែង​ហុយ​ខ្លាំង​មែន​ទែន​ បាន​នាំគ្នា​ចុះ។ មួយៗ​អត់ដឹង​ខ្លួន​ផង​ហ្នឹង​ ថា​ភ្លើង​ឆេះ​ពីក្រោ​ម។ និយាយ​ឲ្យ​ចំ​ទៅ ​ពេលខ្ញុំ​រត់ ផ្សេង​ឡើង​ងងឹត​មើល​អ្វី​លែង​ចង់​ឃើញ​ បាន​ពួកខ្ញុំ​ ដឹង​រត់​ចុះ​មក»។

រោងច​ក្រ​កាត់ដេរ​មិថុនា ​បាន​ដំណើរការ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ១៩៩៣។ ​រោងចក្រ​នេះ​ ជា​រោងចក្រ​កាត់ដេរ​ដ៏ធំ​មួយ​ក្នុង​ចំណោម​រោងចក្រ​កាត់ដេរ​សរុប​នៅ​កម្ពុជា​ចំនួន​ជាង៣០០​រោងចក្រ។

នៅព្រឹក​ថ្ងៃសុក្រនេះ ​មាន​កម្មករ​ជាច្រើន​រយនាក់​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​រោង​ចក្រ​ដើម្បី​ចង់​ដឹង​ពី​ដំណោះស្រាយ​សម្រាប់​ពួកគេ​ក្នុង​ការ​បើក​ប្រាក់បៀរវត្ស និង​ការងារ​របស់​ពួកគេ។

លោក​ ម៉េងទ្រី ប្រធាន​រដ្ឋាបាល​រោងចក្រ​មិថុនា បានឲ្យ​ដឹង​ថា រោងចក្រ​នឹង​ធ្វើការ​ទូទាត់​បើក​ប្រាក់​បៀរវត្ស​ដល់​កម្មករ​ទាំង​អស់​ដែល​សម្រាប់​ខែ មីនា។ លោក ថ្លែង​ដូច្នេះ​ថា៖

«ក្រុមហ៊ុននឹង​ព្យាយាម​បើក​ប្រាក់​ឈ្នួល​ជូន​គាត់។ ប្រាក់ឈ្នួល​ដែល​គាត់​ធ្វើ​បាន ​គាត់​នឹង​ទទួល​បាន។ មិន​ដឹង​ជា​បើក​នៅ​ពេលណា​ ពីព្រោះ​ឯកសារ​អត់​ទាន់ហើយ​ផង ឆេះ​អស់ហើយ»៕

This posting includes an audio/video/photo media file: Download Now

អ្នក​ជំនាញ​បារម្ភ​នឹង​ភាព​គ្មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​មុខ​វិជ្ជា​វិទ្យាសាស្ត្រពិត​

Posted: 05 Apr 2011 01:13 PM PDT

ចំណេះ​ដឹង​ខាង​​គណិត​វិទ្យា និង​វិទ្យាសាស្ត្រពិត ​ត្រូវ​គេ​មើល​ឃើញ​ថា មាន​សារៈសំខាន់​ក្នុង​ការ​រុញ​ច្រាន​ប្រទេស​មួយ​ឲ្យ​អភិវឌ្ឍ​ជឿនលឿន។ ប៉ុន្តែ​ នៅ​កម្ពុជា អ្នក​ជំនាញ​ មើល​ឃើញ​ថា ​ប្រជាពលរដ្ឋ​ខ្មែរភាគ​ច្រើន ហាក់​មិន​សូវ​ចាប់​អារម្មណ៍​លើ​មុខវិជ្ជា​ទាំង​នេះទេ។

ក្រុម​អ្នក​ឯក​ទេស​ខាង​គណិត​វិទ្យា​ បាន​លើកឡើង​ថា ការ​សិក្សា​ខាង​គណិតវិទ្យា និង​វិទ្យា​សាស្ត្រ​​ ហាក់​នៅ​មិន​ទាន់​មាន​លក្ខណៈ​ផុល​ផុស​ខ្លាំង​នៅ​ឡើយ​​នៅ​កម្ពុជា ដោយសារ សាធារណៈជន​ខ្មែរ​​ជាច្រើន​ទំនង​ជា​ពុំ​ទាន់​យល់​ច្បាស់​អំពី​សារៈសំខាន់​នៃ​ចំណេះ​ដឹង​​ទាំង​នេះ។

លោកបណ្ឌិត ច័ន្ទ​ រ័ត្ន ប្រធាន​សហគមន៍​អ្នក​គណិត​វិទ្យា​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​បទ​សម្ភាស​ន៍​ជាមួយវីអូអេ​ខ្មែរ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា សិស្ស​​ និស្សិត​ខ្មែរ​ជា​ច្រើន​នៅ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការសិក្សា​មុខវិជ្ជា​ទាំង​នេះ ដោយសារ​ពួកគេ​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា តើ​មុខ​វិជ្ជា​ទាំង​នេះ​ នឹង​ជួយ​ពួកគេ​បាន​យ៉ាង​ដូចម្តេច​ខ្លះ​នៅ​ក្នុង​ពេល​អនាគត។ លោក​បានបន្ត​ទៀត​ថា៖

«គេ​ដឹង​ថា អាហ្នឹង​មាន​សារៈ​សំខាន់​ណាស់ គេ​ឆ្លើយ​សឹង​តែ​៩៨% ហើយប៉ុន្តែ​ពេល​សួរ​ថាតើ​ប្អូន​មាន​បំណង​រៀន​មុខវិជ្ជា​គណិត​វិទ្យាទេ គេថាហ្អេ ដល់​អា​បញ្ហា​ហ្នឹង​គឺ​​គេ​ហាក់​ដូច​ជា​មាន​ការ​រារែក»។

លោកច័ន្ទ រ័ត្ន បណ្ឌិត​ផ្នែក​គណិត​វិទ្យា​​ពី​ប្រទេស​រុស្សី មាន​ប្រសាសន៍​បន្ថែម​​ថា បើ​ទោះ​ជា​បច្ចុប្បន្ន កម្មវិធីសិក្សា​លើ​មុខវិជ្ជា​ទាំងនេះ​ត្រូវ​បាន​កែលម្អ​​បាន​ច្រើន​ក៏​ដោយ ក៏​ការ​សិក្សា​មុខវិជ្ជា​ទាំងនេះ ​នៅ​ខ្វះ​ការ​ផ្សារភ្ជាប់​ទៅ​នឹង​ការ​ងារ​ជាក់ស្តែង​នៅ​ក្នុង​សង្គម​នៅ​ឡើយ ពោល​គឺ​រៀន​បាន​ត្រឹម​តែ​ទ្រឹស្តី​ប៉ុណ្ណោះ។ លោក​ថ្លែង​ថា៖

«កម្មវិធី​សិក្សា​​យើង​ពេលខ្លះ​ វា​អត់​បាន​ឆ្លើយ​តប​ទៅ​នឹង​​ជីវភាព​ប្រចាំ​ថ្ងៃ ពី​តម្រូវការ​ថា​យើង​រៀន​ហ្នឹង ចេះ​អាហ្នឹង​ដើម្បី​អី ទៅ​ប្រើ​នៅ​ឯ​ណា​អី​ឯណា»។

ការ​អប់រំ​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​ពិត ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​គ្រឺះ​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​​ខួរក្បាល​មនុស្ស​ឲ្យ​មាន​សមត្ថភាព​ខាង​ការ​គិត​ គណនា​ ​វិភាគ ​ដោះស្រាយ​បញ្ហា​ និង​បង្កើត​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ។

ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា បណ្តា​ប្រទេស​ជឿនលឿន​ភាគ​ច្រើន​នៅ​លើ​​ពិភពលោក គឺ​​សុទ្ធសឹង​តែ​ជា​ប្រទេស​​​សម្បូរ​ទៅ​ដោយ​ពលរដ្ឋ​ដែល​មាន​សមត្ថភាព ​និង​ចំណេះដឹង​​ខ្ពស់​ខាង​គណិត​វិទ្យា​និង​វិទ្យាសាស្ត្រ ជា​ឧទាហរណ៍ សហរដ្ឋ​អាមេរិក​ បារាំង​ អង់គ្លេស និង​ជប៉ុន​ជាដើម។

លោក បណ្ឌិត​ ច័ន្ទ រ័ត្ន មាន​ប្រសាសន៏​ថា ការ​ពង្រឹង​​ការ​អប់រំ​គណិត​វិទ្យា និង​វិទ្យាសាស្ត្រ​នេះ គឺ​ជា​កត្តា​ចម្បង​ក្នុង​ការជួយ​​រុញច្រាន​ប្រទេស​កំពុង​អភិវឌ្ឍ ដូចជា​​កម្ពុជា​នេះ​​​ ឲ្យ​ក្លាយ​ជា​ប្រទេស​ជឿនលឿន​​ដូចបណ្តា​ប្រទេស​អភិវឌ្ឍ​ដទៃទៀត​ដែរ។ ទាក់ទិន​នឹង​រឿង​នេះ លោកបណ្ឌិត​ច័ន រ័ត្ន ថ្លែង​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«អញ្ចឹង​ហើយ បាន​ជា​ជំរុញ​ឲ្យ​បុគ្គលិកគេ ឬ​ពលរដ្ឋ​គេ​​ឲ្យ​មាន​សមត្ថភាព​ខាង​គណិតវិទ្យា​ ពី​ព្រោះ​គេ​គិត​ថា ចំណេះ​ដឹង​ផ្នែក​គណិត​វិទ្យា​ វា​ជា​គុណសម្បត្តិ​មួយ​ ជា​ទ្រព្យ​សម្បត្តិ​មហាសាល​មួយ​​ខាង​ផ្នែក​ស្មារតី​របស់​មនុស្ស​ម្នាក់ៗ»។

កញ្ញា លី ចន្ធីតា និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ឬ​អនុ​បណ្ឌិត​​ផ្នែក​គណិតវិទ្យា​នៃ​សាកល​វិទ្យាល័យ​ខេម​រៈ​ក្នុង​ទី​ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​​នៅ​ក្នុង​បទ​សម្ភាសន៍​នៅ​ថ្ងៃសុក្រ​នេះ​ថា ការ​សិក្សា​គណិតវិទ្យា​បាន​ធ្វើ​ឲ្យ​កញ្ញា​ផ្លាស់​ប្តូរ​ពី​មនុស្ស​ចិត្ត​ចង្អៀត​ម្នាក់​​មក​ជា​មនុស្ស​​ដែល​មាន​ចិត្ត​ទូលាយ​ ចេះ​ចែក​រំលែក​ចំណេះដឹង​ដល់​អ្នក​ដទៃ។

សម្រាប់​ កញ្ញា​ លី ចន្ធីតា ការ​សិក្សា​គណិត​វិទ្យា​គឺ​ប្រៀបដូច​ជាការ​​មាន​ពន្លឺ​បំភ្លឺផ្លូវ​ជានិច្ច​ដូច្នោះដែរ។ កញ្ញា​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«សម្រាប់​ខ្ញុំ គណិត​វិទ្យា​គឺ​ជា​ផ្លូវ​នាំ​ទៅ​រក​ភាពរីក​ចម្រើន។»

បច្ចុប្បន្ន នៅ​កម្ពុជា មាន​បណ្ឌិត​ផ្នែក​គណិត​វិទ្យា​ចំនួន​៤​នាក់​ អនុ​បណ្ឌិត​គណិតវិទ្យា​ប្រមាណ៨០នាក់​ និង​​គ្រូ​បង្រៀន​ដែល​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​គណិត​វិទ្យា​សរុប​ប្រមាណ​១៥០០នាក់។ នេះ​បើ​ផ្អែក​តាម​លោកបណ្ឌិត​ ច័ន្ទ រ័ត្ន ​ប្រធាន​សហគមន៍​អ្នក​គណិតវិទ្យា​កម្ពុជា និង​ជា​ប្រធាន​នាយក​ដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ផងដែរ។

លោក​បណ្ឌិត អ៊ាប បុណ្ណា ប្រធាន​​វិទ្យាស្ថាន​​​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា បាន​ថ្លែង​ថា វិទ្យាស្ថាន​របស់​លោក​បាន​ជួយ​បណ្តុះ​បណ្តាល​អ្នក​គណិតវិទ្យា​ថ្នាក់​អនុ​បណ្ឌិត​បាន​៨​នាក់​ដែរ​កន្លងមក ប៉ុន្តែ​លោកបណ្ឌិត​បន្ត​​ថា ​រដ្ឋ​ត្រូវ​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​ធនធាន​មនុស្ស​ឲ្យ​មាន​សមត្ថភាព​ខាង​គណិត​វិទ្យា និង​វិទ្យាសាស្ត្រពិត ​បន្ថែម​ទៀត​តាម​រយៈ​ការ​វិនិយោគ​លើ​ឧបករណ៍​ពិសោធន៍​ឲ្យ​បាន​ច្រើន ដើម្បី​អភិវឌ្ឍ​ប្រទេស​ឲ្យ​រី​ក​ចម្រើន​​ឆាប់​រហ័ស។ លោក​ថ្លែង​ថា៖

«ក្នុង​ការ​រៀន​ហ្នឹង​ ប្រសិន​ណា​បើ​យើង​រៀន​តែ​ទ្រឹស្តី​ទេ អាហ្នឹង​បាន​ន័យ​ថា ជា​ចំណេះ​វិជ្ជា​មួយ​ស្រមើ​ស្រមៃ។ ជា​ចំណេះ​ស្រមើស្រមៃ​រហូត​​គឺ​ថា គ្មាន​ឃើញ​ការ​ពិត​ជាក់​ស្តែង​ទេ។ អញ្ចឹង​បាន​ភាគ​ច្រើន​ គេ​រៀន​ទ្រឹស្តី​ហើយ គេ​មាន​ពិសោធន៍​ទៀត»។

លោក បណ្ឌិត អ៊ាប បុណ្ណា មាន​ប្រសាសន៍​បន្ថែម​ទៀតថា ដោយសារ​កង្វះការ​អនុវត្ត​ជាក់​ស្តែងក្នុង​ចំណោម​អ្នក​សិក្សា​ខាង​គណិតវិទ្យា និង​វិទ្យាសាស្ត្រ ​ក្នុងស្រុក​នេះ​ហើយ​ ទើប​បាន​ជា​ក្រុមហ៊ុន​ភាគច្រើន​បាន​យក​តែ​អ្នក​ជំនាញ​ពី​ក្រៅ​ប្រទេស​មក​ធ្វើ​ការ​​​នៅ​ក្នុង​គម្រោង​អភិវឌ្ឍ​​នានា​​ដូចជា​ការ​សាងសង់​ ផ្លូវ ​​ស្ពាន ឬ​អាគារ​ទំនើប​ៗ​ជាដើម​នោះ។ លោក​បណ្ឌិត បុណ្ណា​បន្ត​ទៀត​ថា៖

«គាត់​នៅ​មាន​កម្រិត​ ព្រោះ​គាត់​អត់​ទាន់​បាន​applyទៅ​នឹង​ស្អី​មួយ។ ការងារ​របស់​គាត់​ គាត់​អត់​បាន​អនុវត្ត​ជាក់​ស្តែង​ អញ្ចឹង​គាត់​នៅ​មាន​កម្រិត​នៅឡើយ»។

នៅ​ក្នុង​កិច្ចខិតខំ​ប្រឹង​ប្រែង​ពង្រឹងវិស័យ​​គណិត​វិទ្យា និង​វិទ្យាសាស្ត្រនេះ កម្ពុជា​បាន​រៀបចំ​សន្និសីទ​អន្តរជាតិ​មួយរយៈ​ពេល​បី​ថ្ងៃ​​ស្តី​ពី​ការ​អប់រំ​​មុខវិជ្ជា​ទាំង​នេះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ដល់​២៥ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ដោយ​ប្រមូល​ផ្តុំ​សាស្ត្រាចារ្យ​​គណិត​វិទ្យា​ល្បីៗ​ចំនួន​៣០​នាក់​មក​ពី​បណ្តា​ប្រទេស​ចំនួន​១៤​មក​ចូលរួម​ ដើម្បី​ចែក​រំលែក​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ​ សម្រាប់​អភិវឌ្ឍ​វិស័យ​ទាំងនេះ​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ដូចជា​កម្ពុជា​ជាដើមនេះ។

លោកបណ្ឌិត ច័ន្ទ រ័ត្ន ដែល​​ជា​ប្រធាន​គណៈ​កម្មាធិការ​រៀបចំ​សន្និសីទ​អន្តរជាតិ​នោះ មាន​ប្រសាសន៍​ថា ការ​​ប្រមូល​ផ្តុំ​​អ្នក​ឯកទេស​ខាង​​គណិត​វិទ្យា​ពី​បរទេស​​នេះ បាន​ផ្តល់​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ​ដល់​លោក​គ្រូ​អ្នក​គ្រូ​​បង្រៀន​មុខវិជ្ជា​គណិត​វិទ្យា​ចំនួន​២០០​នាក់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​ឲ្យ​ពួកគាត់​យក​ទៅ​អនុវត្ត ដើម្បី​អភិវឌ្ឍ​មុខ​វិជ្ជានេះ​ឲ្យ​កាន់តែ​គួរ​ចាប់​អារម្មណ៍​​ថែម​ទៀត​ក្នុង​ចំណោម​សិស្ស​ និស្សិត​របស់​ខ្លួន។

លោកបណ្ឌិត ច័ន្ទ រ័ត្ន មាន​ប្រសាសន៍​បន្ថែម​ថា កម្ពុជា​ក៏​គ្រោង​នឹង​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តី​ពី​ការ​អប់រំ​គណិតវិទ្យា និង​វិទ្យាសាស្ត្រពិត ឲ្យ​កាន់​តែ​ធំ​ថែម​ទៀត​នៅ​ដើម​ខែ​មីនា ឆ្នាំ​ក្រោយ ដើម្បី​គៀងគរ​អ្នក​ជំនាញ​ខាង​មុខវិជ្ជា​នេះ ឲ្យ​មក​ជួយ​អភិវឌ្ឍ​វិស័យ​គណិតវិទ្យា​និង​វិទ្យាសាស្ត្រ​​ថែម​ទៀត​ នៅ​កម្ពុជានេះ៕

This posting includes an audio/video/photo media file: Download Now

អង្គការ​ហ្រ្វ៊ីដឹម ហោស​ ថា​មាត្រា​មួយ​ចំនួន​ក្នុង​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​បញ្ហា

Posted: 05 Apr 2011 10:13 AM PDT

អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​ការ​ព្រួយបារម្ភ​អំពី​ច្បាប់​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

អង្គការ​ ហ្រ្វ៊ីដឹម ហោស (Freedom House) បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បោះបង់​ចោល​សេចក្តីព្រាង​ច្បាប់​អង្គការ ដែល​រឹតបន្តឹង​ប្រតិបត្តិការ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល ខណៈ​ដែល​អង្គការ​សង្គមស៊ីវិល​នៅ​កម្ពុជា​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ច្បាប់​សម្រាប់​គ្រប់គ្រង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

សេចក្តី​ព្រាង​ច្បាប់​អង្គការ និង​សមាគម​មិន​មែន​រដ្ឋាភិបាល​នេះ មាន​ប្រការ​មួយ​ចំនួន​ដែល​ដាក់​ការរឹត​បន្តឹង​ដ៏ខ្វល់ខ្វាយ​ដល់​សមត្ថភាព​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​រៀបចំ ​និង​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធិភាព។

សេចក្តី​ព្រាង​ច្បាប់​នេះ​ មាន​ប្រការ​ចុះ​បញ្ជីការតាម​អាណត្តិ​ដែល​នឹង​ហាមប្រាម​គ្រប់​សកម្មភាព​ទាំងអស់​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​មិនបាន​ចុះបញ្ជីការ​ផ្លូវការ​ដោយ​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​ជាមួយ​រដ្ឋាភិបាល ​ហើយ​ក៏​មិន​ច្បាស់​ក្នុង​ព្រំដែន​ និង​មាន​ភាសា​ដែល​មានន័យ​មិន​ច្បាស់​លាស់ ដែល​ច្បាប់​នេះ​អាច​ធ្វើ​ឱ្យ​ងាយស្រួល​សម្រាប់​រដ្ឋាភិបាល​ដើម្បី​បិទ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ឬ​បដិសេធ​ការ​ចុះបញ្ជីការ​ដោយ​បំពាន​បាន​ ហើយ​គ្មាន​ជម្រើស​ប្តឹងឧ​ទ្ធរណ៍។

លោក ផឡា ស្ស្រ៊ីហ្វ័រ (Paula Schriefer) នាយកអង្គការ​ ហ្រ្វ៊ីដឹម ហោស​ ដែល​មានទីតាំង​នៅ​រដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៏​ថា សេចក្តី​ព្រាងច្បាប់​ក្នុង​ទម្រង់​បច្ចុប្បន្ន​ធ្វើ​ឱ្យ​អន្តរាយ​ដល់​មូលដ្ឋាន​គ្រឹះ​នៃ​អង្គការ​សង្គមស៊ីវិល​ឯករាជ្យ ​និង​រស់​រវើក ​ហើយ​មាន​អនុភាព​លើ​ការអភិវឌ្ឍ​ប្រជា ធិបតេយ្យ​នៅ​ក្នុង​ប្រទេស។

លោក​ ផឡា ស្ស្រ៊ីហ្វ័រ បាន​បន្ថែម​ថា ច្បាប់​ទាំងនេះ​មិន​គួរ​ត្រូវ​បាន​ប្រើជា​ឧបករណ៍​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សេរីភាព​ជា​មូលដ្ឋាន​ទាក់ទង​នឹង​សមាគម​ ការ​សម្តែង​មតិ ​និង​ការ​ប្រមូល​ផ្តុំ​ទេ។ សិទ្ធិ​បែប​នេះ​ត្រូវ​បាន​ ការពារ​ក្រោម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​សន្ធិសញ្ញា​អន្តរជាតិ​នានា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ជា​ហត្ថលេខី​។

កាលពី​ថ្ងៃ​អង្គារ​មុន​តំណាង​មាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ជួប​ជាមួយ​តំណាង​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការបរទេស​ ដើម្បី​លើកឡើង​ពី​កង្វល់​អំពី​ការបក​ស្រាយ​ច្បាប់​ចុង​ក្រោយ​ដែល​មិន​បញ្ចូល​អនុសាសន៍​របស់​ពួកគេ​ ដែល​ច្បាប់​នេះ​កាន់តែ​មាន​តម្លាភាព ​និង​ជាក់លាក់​ដោយ​មាន​ការ​ការពារ​រដ្ឋធម្មនុញ្ញ ​។

លោក​ ស្រ្ស៊ីហ្វ័រ បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា ទោះបី​អង្គការ​សង្គម​ស៊ីវិល​មាន​ឆន្ទៈ​ចូល​រួម​ដោយ​សុទ្ធចិត្ត​ជាមួយ​រដ្ឋាភិបាល​នៅពេល​ដែល​សេចក្តី​ព្រាងច្បាប់​ទី១​ត្រូវ​បាន​ផ្សព្វផ្សាយកាលពី​ឆ្នាំ​មុន​ក៏​ដោយ ក៏​អនុសាសន៍​ពី​សហគមន៍​អង្គការ​មិនមែន​រដ្ឋាភិបាល​មិន​បាន​អើពើ ក្នុង​ដំណើរ​ការ​នៃ​ការ​ពិភាក្សា​ការ​តាក់តែង​ច្បាប់​នោះ​ដែរ។

លោក​ ស៊ិន សុមុន្នី ​នាយកប្រតិបត្តិ​នៃ​អង្គការ ម៉េឌីខែម (Medicam) ​បានថ្លែងថា អង្គការ​មិនមែន​រដ្ឋាភិបាល​ បាន​សុំ​ដាក់ប​ញ្ជូន​កង្វល់​ជា​អនុសាសន៍​ក្នុង​សេចក្តីព្រាង​ច្បាប់​ជូន​រដ្ឋាភិបាល​កាលពី​សប្តាហ៍​មុន។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​យ៉ាង​ដូច្នេះ​ថា៖

«ជា​ន័យរួម ​យើង​នៅមាន​ចំណុច​កង្វល់​មួយ​ចំនួន​ដែល​នៅតែ​ជាកង្វល់​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​​នៅឡើយ»។

លោក​នុត សាអាន ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​បាន​ថ្លែងថា លោក​បាន​ទទួល​ស្វាគមន៍​អនុសាសន៍​បន្ថែម​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​មាន​កង្វល់​ ដើម្បី​ដាក់ជូន​ទៅក្រុម​ការងារ​របស់​លោកពិនិត្យ។ លោក​នុត សាអាន ​បាន​បញ្ជាក់ថា ការ​ពិភាក្សា​អំពី​សេចក្តី​ព្រាងច្បាប់​នេះនឹង​មិនមាន​ទៀតទេ។ ​ក្រោយ​ពី​ក្រុមការងារ​ពិនិត្យ​អនុសាសន៍​របស់​អង្គការ​សង្គមស៊ីវិល​រួច ហើយ​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​ដាក់​ជូន​ថ្នាក់​ដឹកនាំ​ក្រសួង ​ហើយ​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី៕

This posting includes an audio/video/photo media file: Download Now

អ្នកស្រាវជ្រាវ​ស្នើ​ឱ្យ​កម្ពុជា និង​ថៃ​ដក​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​ចេញពី​រឿង​វប្បធម៌

Posted: 04 Apr 2011 03:14 PM PDT

ខណៈ​ដែល​កម្ពុជា​ និង​ថៃ​កំពុង​ធ្លាក់​ទៅ​ក្នុង​ជម្លោះ​ជ្រៅ​ទៅៗ ​ក្នុង​តំបន់​ជិត​ប្រាសាទ​ព្រះវិហារ​ ក្រុម​អ្នក​ស្រាវជ្រាវ​យល់ថា​ ការអភិវឌ្ឍ​ និង​ការស្វែង​យល់​គ្នា​ឱ្យ​បាន​ច្រើន​ជាងមុន​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​នេះ​នឹង​ជួយ​ទប់​ស្កាត់​ជម្លោះ​នានា​ដែល​អាច​នឹង​កើត​ឡើង​នៅ​តាម​បណ្តោយ​ព្រំដែន​ក្នុង​ពេល​អនាគត។

អ្នក​ស្រាវជ្រាវ​បាន​លើក​ឡើងថា​ គេ​គួរ​ដកយក​ជម្លោះ​នយោបាយ និង​យោធា​​ចេញ​ពី​ទំនាក់​ទំនង​កម្ពុជា និង​ថៃ​ដើម្បី​ឱ្យ​ជីវភាព​ពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​វិល​មករក​ជីវភាព​ធម្មតា​វិញ។

ពួកគេ​ក៏​បាន​ស្នើ​ឡើង​ផង​ដែរ​ថា ការសិក្សា​ពី​ប្រវត្តិសាស្រ្ត​ពិត​ដោយ​លុបចោល​នូវ​ភាព​ព្រងើយ​កន្តើយ​ដែល​មាន​ក្នុង​ពេល​កន្លង​មក ​នឹង​នាំ​ទៅដល់​ការរស់នៅ​ដោយ​សុខស្រួល​នៃ​ប្រទេស​ទាំងពីរ។

ការ​លើក​ឡើង​នេះ​ស្របពេល​ដែល​កម្ពុជា​ និង​ថៃ​កំពុង​ធ្លាក់​ទៅ​ក្នុង​ជម្លោះ​ព្រំដែន​​នៅ​ត្រង់​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ដែល​ឈាន​ទៅ​ដល់​ការប្រយុទ្ធ​បង្ហូរ​ឈាមគ្នា​​ និង​រំខាន​ដល់​ការ​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​កម្ពុជា និង​ថៃ​នៅ​តំបន់​នោះ។

លោក ចន ប៊ឺហ្គីស ​អ្នកនិពន្ធ​សៀវភៅ​ស្រាវជ្រាវ​ដែលមាន​ចំណងជើង​ថា «រឿងនិទាន​ឆ្លាក់​ក្នុង​ផ្ទាំងសីលា»​ បាន​ថ្លែង​ប្រាប់​ដល់​ក្រុម​អ្នកចូលរួម​ស្តាប់​នៅ​ឯ​មូលនិធិ​សង្គម​អាស៊ី​កាលពី​យប់​ថ្ងៃពុធ​​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា​ បើ​ជម្លោះ​នយោបាយ​នៅ​ផ្ទៃក្នុង​​ថៃ​បាន​ស្ងប់​ស្ងាត់​វិញ​ ហើយ​កម្ពុជា​មាន​ប្រព័ន្ធ​ដឹកនាំ​ត្រឹមត្រូវ​នោះ​ការដោះស្រាយ​បញ្ហានៅ​តាម​ព្រំដែន​មិន​ជា​ការលំបាក​ពេកទេ។ លោក ប៊ឺហ្គីស បន្តថា៖

«ប្រសិនបើ​ប្រទេស​ថៃ​មាន​រដ្ឋាភិបាល​ដែលមាន​ស្ថិរភាព​មួយ​ដោយ​មិន​មាន​មនុស្ស​ចេញ​មក​ដើរ​តវ៉ា​តាម​ផ្លូវ​ដោយ​យក​ហេតុផល​ពី​ការបាត់​បង់​ទឹកដី​ទៅ​ឱ្យ​កម្ពុជា​ដើម្បី​ដាក់​កំហុស​រដ្ឋាភិបាល​បច្ចុប្បន្ន​ថា ពួកគេ​មិនសម​ដឹកនាំ​ប្រទេស​ នោះ​គេ​ក៏​មិន​ចាំបាច់​មាន​ការ​ចរចា​ច្រើន​ហើយ​សភាពការណ៍​ក៏​ស្ងប់​ស្ងាត់​ដែរ។ រីឯ​កម្ពុជា​វិញ​ប្រសិន​បើ​គេ​អាច​ឈាន​ទៅ​ដល់​ប្រព័ន្ធដឹកនាំ​រដ្ឋាភិបាល​មួយ​ដែល​បើកចំហរ​នោះ ពួកមេដឹកនាំ​ក៏មិនមាន​លេស​ណា​មក​ប្រឈម​មុខ​ជាមួយ​ប្រទេស​ថៃ​ដែរ»។

លោក ចន ប៊ឺហ្គីស ក៏​ធ្លាប់​ធ្វើការ​ជា​អ្នក​យកព័ត៌មាន​ឱ្យ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ផងដែរ។ លោក​​បាន​​ដក់​ចិត្ត​​ជាប់​នឹង​ស្នាដៃ​ប្រាសាទ​បុរាណ​ខ្មែរ ​និង​ប្រវត្តិសាស្រ្ត​ខ្មែរ​ខណៈ​ពេល​ចុះយក​ព័ត៌មាន​អំពី​ជន​ភៀសខ្លួន​ខ្មែរ​ក្នុង​ឆ្នាំ​១៩៧៩។

យ៉ាងណា​ក៏ដោយ​ លោក ប៊ឺហ្គីស​ក៏ទទួល​ស្គាល់​ដែរ​ថា ​ទំនាស់​រវាង​កម្ពុជា​ និង​ថៃ​មាន​លក្ខណៈ​ស៊ីជម្រៅ​ជាង​បញ្ហា​ទាំងនេះ​គឺ​រហូត​ទៅដល់​កត្តា​ប្រវត្តិសាស្រ្ត​រវាង​ប្រទេស​ទាំង​ពីរដែល​តម្រូវ​ឱ្យ​មាន​ការសិក្សា​ច្បាស់​លាស់។ លោក​សម្តែង​ក្តី​សង្ឃឹមថា ក្នុង​រយៈ​ពេល​យូរ​ គឺ​ការ​អប់រំ​ពី​ប្រវត្តិសាស្រ្ត​​ពិត​ដល់​ក្មេងជំនាន់​ក្រោយ​ក៏​ជា​ការជួយ​បន្ធូរបន្ថយ​ការយល់​ច្រឡំ​លើ​គ្នា​ផង​ដែរ។​ ក្នុង​នោះ​រួម​មាន​ការសិក្សា​សម្រាប់​សិស្សានុសិស្ស​ថៃ​អំពី​ប្រវត្តិប្រាសាទ​អង្គរវត្ត និង​សម្រាប់​កម្ពុជា​គឺ​ពី​ជំនឿ​សាសនា​ដែល​ខ្លួន​បាន​យក​មក​ពី​ប្រទេស​ជិតខាង​ជាដើម។ លោក បន្តទៀត​ថា៖

«ខ្ញុំ​មាន​ការ​ស្លុត​ចិត្ត​បន្តិច​​ ដែល​ឃើញថា​​ភាគីទាំងពីរ​មិនយល់​ដឹង​ពី​គ្នា​ទៅវិញ​ទៅមក​ដូចនេះ។ ក្រៅតែ​ពី​សង្គ្រាម​ដែល​គេ​គ្រប់​គ្នា​បានដឹង​ គឺ​ការយល់ដឹង​ពីគ្នា​ទៅវិញ​ទៅមក​ស្ទើរតែ​កម្រិត​សូន្យ»។

លោក សាស្រ្តាចារ្យ​ ធីទីណាន ពុងស៊ុធីរ៉ាក់ (Thitinan Pongsudhirak) នៃ​សាកល​វិទ្យាល័យ​ជូឡាឡុងកន ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ពិភាក្សា​នោះ​បាន​យល់​ស្រប​ហើយ​បាន​បញ្ជាក់ថា​ បញ្ហា​ប្រឈម​រយៈ​ពេល​វែង​ដែល​ប្រទេស​ទាំងពីរ​ត្រូវ​ជួប​ប្រទះ​នោះ​​គឺ​រួម​មាន​ការ​រៀបចំ​ឡើង​វិញ​នូវ​ឯកសារ​សិក្សា​ប្រវត្តិសាស្រ្ត​ផងដែរ និង​ការណ៍​ដែល​លុប​ចោល​នូវ​ការ​ដក់​គំនិត​អគតិ​រវាង​គ្នា​ទៅវិញ​ទៅមក។ ​លោក សាស្រ្តាចារ្យ ពុងស៊ុធីរ៉ាក់ ក៏បាន​ទទួលស្គាល់​ថា ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ជា​ពិសេស​អ្នក​នៅ​សងខាង​ព្រំដែន​​មាន​ការរស់​នៅ​តាម​ធម្មតា​ក្នុង​កម្រិត​ជីវភាព​ប្រចាំ​ថ្ងៃ​ប្រសិនបើ​គ្មាន​ការ​ចូល​ពាក់ព័ន្ធ​ពី​កត្តា​ខាងក្រៅ និង​ធ្វើ​ឱ្យ​វា​ក្លាយ​ជារឿង​នយោបាយ។ លោក​បន្ត​ថា៖

«បើយើង​យក​រដ្ឋាភិបាល​ និង​កងទ័ព​ទាំងនោះ​ចេញ​ យើង​ឃើញថា​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ គឺ​អត់មាន​បញ្ហា​អ្វីទេ។ ពួកគេ​ដោះដូរ​ទំនិញ​គ្នា​តាំងពីឆ្នាំ​១៩៦២ ​ដល់ឆ្នាំ​២០០៨ ​ដោយ​គ្មាន​បញ្ហា​អ្វី​ទាំងអស់ ​ហើយ​ជាការណ៍​ពិត​ទៅទៀត​គឺ​ប្រជាពលរដ្ឋ​ថៃ​ កម្ពុជា​ និង​ទេសចរ​បរទេស​អាច​ទៅ​ទស្សនា​ប្រាសាទ​នោះ​បាន»។

ជម្លោះ​កម្ពុជា​ និង​ថៃ​បាន​រីកធំ​ឡើង​បន្តិចម្តងៗ​ក្រោយ​ពី​អង្គការ​យូណេស្កូ​បាន​ទទួល​ស្គាល់​ប្រាសាទ​ព្រះវិហារ​កាល​ពីខែ​កក្កដា​ឆ្នាំ​២០០៨​​ថា ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ ថៃ​អះអាង​ថា ​ដី​នៅ​ជាប់​ប្រាសាទ​ជា​របស់​ខ្លួន​ ហើយ​ទាមទារ​ដាក់​គម្រោង​គ្រប់គ្រង​អភិវឌ្ឍន៍​រួម​គ្នា​ជាមួយ​កម្ពុជា​​ហើយ​ចលនា​ជាតិ​និយម​ថៃ​ដឹកនាំ​ដោយ​ក្រុម​សម្ព័ន្ធភាព​ប្រជារាស្រ្ត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​បំផុស​ឱ្យ​មាន​ការ​ខឹង​សម្បារ​នឹង​រដ្ឋាភិបាល​ហើយ​បាន​ទម្លាក់​ចោល​រដ្ឋាភិបាល​មុនៗដែល​ឈានទៅ​​មាន​ការចែក​ជា​ក្រុម​ការពារ​រដ្ឋាភិបាល​និង​ក្រុម​ប្រឆាំង។

លោក ពុងស៊ុធីរ៉ាក់ បាន​បញ្ជាក់ថា កម្ពុជា​គ្រាន់​តែ​ជា«កូនអុក»មួយ​នៃ​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​របស់​ថៃ​ប៉ុណ្ណោះ​ហើយ​វាជា«​កម្មពារ​»របស់​លោក​នាយករដ្ឋ​មន្រ្តី ថៃ​អាភីស៊ីត​វិចាជីវ៉ា​ដែល​បាន​លេង​ក្នុង​នយោបាយ​របស់​ក្រុម​សម្ព័ន្ធភាព​ប្រជារាស្រ្ត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ខិតខំ​បំផុស​គោលគំនិត​ជាតិនិយម​ជ្រុលព្រោះ​ពេល​ឥឡូវនេះ​ពួកគេ​ក៏​កំពុង​រកលេស​ទម្លាក់​លោក​នាយករដ្ឋ​មន្រ្តី​រូបនេះ​ដែល​ពួកគេ​ធ្លាប់​គាំទ្រ។ លោក ពុងស៊ុធីរ៉ាក់ បញ្ជាក់​ថា៖

«យើង​ក៏​ត្រូវ​យល់​ផងដែរ​ថា​ វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ដែល​មាន​ដូច​ជា​ប្រទេស​ថៃ​គឺ​ផ្តល់​នូវ​និន្នាការ​មួយ​ដាក់ការ​ស្តី​បន្ទោស​ទៅ​លើ​អ្វី​មួយ​ផ្សេង ​ឬក៏​ទៅលើ​អ្នក​ខាងក្រៅ ​ហើយ​គេ​ក៏​ឈាន​ទៅរក​ស្មារតី​ជាតិនិយម ​ហើយ​កេងប្រវ័ញ្ញ​ពី​មនោសញ្ចេតនា​ជាតិនិយម​ដោយ​ស្តី​បន្ទោស​អ្នក​ដទៃ។ ដូច្នេះ​នេះ​គឺ​ជា​អ្វី​ដែល​យើង​អាច​យល់​បាន​ថា​ហេតុអ្វី ​បាន​ជា​ជម្លោះ ​នេះ​កាន់​តែ​ធ្ងន់​ទៅៗ»។

លោក កឹម សុស​ អ្នកវិភាគ​ឯករាជ្យ​មួយ​ ដែល​ជា​វាគ្មិនមួយ​រូប​​ក្នុង​កម្មវិធីពិភាក្សា​នោះដែរ​បាន​យល់​ស្រប ហើយ​បន្ថែមថា ការណ៍​ដែល​នាំ​ឱ្យ​មាន​ផ្ទុះ​អាវុធ​កន្លង​មក និង​ការអូស​បន្លាយ​ជម្លោះ​នេះ​​គឺ​មកពី​​ភាគី​ទាំងពីរ​មិនបាន​អត់​ធ្មត់​គ្រប់គ្រាន់​ ឬក៏ប្រើប្រាស់​យន្តការ​ច្បាប់ និង​គតិបណ្ឌិត​ក្នុង​​ការ​ដោះស្រាយ​​ជម្លោះ​នោះ​ទេ។ លោក កឹម សុស បន្ត​ថា៖

«អ្វី​ដែលខ្ញុំ​មើល​ឃើញ​គឺ​ខ្ញុំ​អាច​សង្ខេប​មក​ត្រឹម​ពាក្យ​ពីរបី​ម៉ាត់​ នោះ​គឺ​មានការ​ប្រើប្រាស់​អារម្មណ៍ ​ការប្រើប្រាស់​សាច់ដុំ គឺ​មិនមែន​គំនិតប្រាជ្ញា​ច្រើន​ប៉ុន្មាន​ទេ មិនមាន​យន្តការ​ច្បាប់​ច្រើន​ដើម្បី ​ដោះស្រាយ​បញ្ហា​ទេ»។

ក្រុម​អ្នក​ស្រាវជ្រាវ​ក៏ឯកភាព​ដែរថា​ការងាក​មក​កែ​ប្រែ​ការយល់​ខុសឆ្គង​ពីគ្នា​ទៅវិញ​ទៅមក​នៃ​ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ​នឹង​មិនអាច​ធ្វើបាន​ក្នុង​ពេល​ឆាប់​ៗនេះ​ទេគឺ​ត្រូវ​ចំណាយ​ពេល​យូរ​ទៅ​ទៀត​ ហើយ​គេ​មិន​គួរ​យក​ប្រាសាទ​នានា​មក​ធ្វើ​ជា​លេស​ក្នុង​ការ​ឈ្លោះគ្នា​ទេ​តែ​គួរ​តែ​យក​វា​ជា​កន្លែង​អប់​រំ​ពី​ប្រវត្តិសាស្រ្ត ​និង​អាច​ឱ្យ​ទេសចរ​មក​ទស្សនា​ដើម្បី​ស្ងើចសរសើរ​ពី​ការ​ចេះ​យោគយល់​និង​រួម​រស់​ជាមួយ​គ្នា​ដោយ​ភាព​សុខសាន្ត៕

This posting includes an audio/video/photo media file: Download Now

រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​មជ្ឈមណ្ឌល​កុមារ​កំព្រា

Posted: 04 Apr 2011 05:26 PM PDT

រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ផ្តើម​ស៊ើបអង្កេត​មជ្ឈមណ្ឌល​កុមារ​កំព្រា​នៅ​ក្នុង​ប្រទេស​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អង្គការ​មូលនិធិ​កុមារ​អង្គការ​សហ​ប្រជាជាតិ​ បាន​សម្តែង​ការព្រួយ​កង្វល់​របស់​ខ្លួន​ថា កុមារ​ប្រហែល​បី​នាក់​ក្នុង​ចំណោម​បួន​នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​យ៉ាង​ហោចណាស់​ម្នាក់​ មាន​​ឪពុក​ ឬ​ក៏​ម្តាយ​នៅ​រស់។

នៅ​ដើម​សប្តាហ៍​នេះ​ អង្គការ យូនីសេហ្វ (UNICEF) ​ប្រាប់​ឲ្យ​ដឹង​ថា កុមារ​ជិត​១ម៉ឺន​២ពាន់​​នាក់​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​នៅ​កម្ពុជា​ ការពិត​មិន​មែន​ជា​កុមារ​កំព្រា​ទេ។ ជិត​៣ភាគ៤​នៃ​កុមារ​ទាំងអស់​នោះ ​មាន​ឪពុក​ឬ​ក៏​ម្តាយ​នៅ​រស់​ ប៉ុន្តែ​ ចំនួន​កុមារ​កំព្រា​ក្នុង​មជ្ឈមណ្ឌល​ បាន​កើនឡើង​ជា​ទ្វេ​ដង​ក្នុង​រយៈពេល​៥​ឆ្នាំ​នេះ។

អង្គការ យូនីសេហ្វ ប្រាប់​ឲ្យ​ដឹង​ថា ចំនួន​មជ្ឈមណ្ឌល​ក្មេង​កំព្រា​បាន​កើន​ឡើង​ជិត​ទ្វេ​ដង​ដល់​ចំនួន​២៦៩​​ នៅ​ក្នុង​រយៈពេល​ដូចគ្នា។ ក្នុង​នោះ​មជ្ឈមណ្ឌល​ក្មេង​កំព្រា​ចំនួន​តែ​២១​កន្លែង​ប៉ុណ្ណោះ ​ត្រូវបាន​ចាត់ចែង​ដោយ​រដ្ឋាភិបាល។ មជ្ឈមណ្ឌល​ផ្សេងៗ​ទៀត ​ត្រូវ​បាន​ផ្តល់​ថវិកា​និង​ចាត់ចែង​ដោយ​ម្ចាស់​ជំនួយ​បរទេស ​និង​បណ្តា​អង្គការ​សាសនា។

លោក​ រីឈដ ប្រ៊ិដល (Richard ​Bridle) ប្រធាន​អង្គការ យូនីសេហ្វ ​ប្រចាំ​កម្ពុជា​បាន​ប្រាប់​ វីអូអេ ​សំឡេង​សហរដ្ឋ​អាមេរិក​ថា ​លោក​មាន​ការព្រួយ​កង្វល់​ថា មជ្ឈ​មណ្ឌល​​ក្មេង​កំព្រា​ជាច្រើន​បាន​ក្លាយ​ទៅជា​កន្លែង​ទេសចរណ៍​ដើម្បី​ទាក់​ទាញ​ថវិកា ហើយ​ថា ការធ្វើ​ដូច្នេះ​ ពួកគេ​បាន​ដាក់​កុមារ​ឲ្យស្ថិត​ក្នុង​ភាពគ្រោះ​ថ្នាក់។

លោក ប្រ៊ិដល មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ សូម្បី​ពួក​ទេសចរ និង​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​មាន​បំណង​ដ៍​ល្អ​បំផុត​ក៏​កំពុង​ផ្តល់​ថវិកា​ដល់​ប្រព័ន្ធ​មួយ​ដែល​កំពុង​ជួយ​​បំបែក​កុមារ​ពី​គ្រួសារ​របស់​ពួកគេ​ដែរ។

ការសិក្សា​អន្តរជាតិ​បាន​បង្ហាញ​ថា កុមារ​មាន​ស្ថានភាព​ប្រសើរ​ជាង​នេះ​បើសិន​ជា​គេ​នៅ​ជាមួយ​គ្រួសារ​ឬ​ក្នុង​សហគមន៍។

លោក សេបាសធាន ម៉ារ៉ត (Sebastien​ Marot) អ្នក​បង្កើត​អង្គការ​ដ៏ល្អ​បំផុត​មួយ​នៅ​ភ្នំពេញ​សម្រាប់​កុមារ​ដែល​រស់​នៅ​តាម​ផ្លូវ​ ដែល​ហៅ​ថា មិត្ត​អន្តរជាតិ ​(Friends International) ​ដែល​បាន​បង្កើត​កាល​ពី១៧​ឆ្នាំ​មុន​និយាយ​ថា​ការថែ​ទាំ​ក្មេង​បែបនេះ​ ក៏​មាន​តម្លៃ​ថោក​ជាង​ដែរ។ លោកម៉ារ៉ត មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ តួលេខ​មកពី​អង្គការ យូនីសេហ្វ ​បង្ហាញ​ពី​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ​ពោល​គឺ​អាច​មាន​ការ​ភាន់ច្រឡំ​អំពី​ស្ថិរភាព​នៅ​កម្ពុជា​ក្នុង​សតវត្សរ៍​ទី​២១​នេះ​ឬ​ក៏អ្វី​ដែល​លោក​ហៅថា មនុស្ស​មិន​មាន​ការអៀន​ខ្មាស​កំ​ពុង​ទាក់ទិន​ក្នុង​ពាណិជ្ជកម្ម​សប្បុរសធម៌ ហើយ​ប្រើប្រាស់​កុមារ​ដើម្បី​រក​ប្រាក់។ លោក ថ្លែង​ថា៖

«យើង​បាន​ធ្វើការ​ចំនួន​១៧​ឆ្នាំ​ ហើយ​យើង​មិន​បាន​ដាក់​ក្មេង​នៅ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​ទេ ។ ហើយ ​យើង​កំពុង​ធ្វើការ​ជាមួយ​ពួកក្មេង​ដែល​ត្រូវ​បាន​គេ​មិន​គិត​មិន​គូ​ដែល​មាន​ក្រុម​គ្រួសារ​ដ៏​លំបាក​បំផុត។ យើង​មិន​បាន​ដាក់ពួកគេ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​ណា​មួយ​ទេ​ក្នុង​រយៈពេល​៨​ឆ្នាំ ​លើកលែងតែ​កុមារ​ដែល​មាន​ភាពពិការ​ខ្លាំង​ឬ​ឈឺខ្លាំង​បំផុត​ពីព្រោះ​តែ​គ្រួសារ​ប្រាកដជា​គ្មាន​សមត្ថភាព​ថែទាំ​ពួកគេ។ ហើយ ​នេះ​ជា​ស្ថានភាព​ដ៏​ពិតប្រាកដ»។

លោក​ ម៉ារ៉ត បាន​ទទួលស្គាល់​ថា ទេសចរ​ភាគ​ច្រើន ​ដែល​ទៅ​មជ្ឈមណ្ឌល​កុមារ​កំព្រា​បាន​ធ្វើ​ចិត្តបរិសុទ្ធ​នៅពេល​ដែល​ពួកគេ​ទៅ​ទស្សនា​ពួកក្មេង​ហើយ​ឲ្យ​លុយ។ ក៏ប៉ុន្តែ​ លោក​និយាយ​ទៀត​ថា​ មាន​ការសង្ស័យ​ខ្លះ​ដែរ​ថា​មជ្ឈមណ្ឌល​កុមារ​កំព្រា​បាន​ត្រូវ​បង្កើត​ឡើង​ដើម្បី​រកប្រាក់​ពី​ទេសចរ​បរទេស។

ភ្ញៀវ​ទៅកាន់​មជ្ឈមណ្ឌល​ទេសចរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ​ ទីក្រុង​សៀមរាប ​និង​​ក្រុង​ព្រះ​សីហនុ​ដែល​ជា​កន្លែង​លំហែកាយ​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​កម្ពុជា ​ជា​ទូទៅ​បាន​ត្រូវ​គេ​អង្វករ​សុំ​ឲ្យ​ទៅ​ទស្សនា​មជ្ឈមណ្ឌល​កុមារ​កំព្រា។

ការណែនាំ​របស់​លោក​ ម៉ារ៉ត ​គឺ​ថា ​ទេសចរ ​គួរ​ធ្វើ​ឬកពារ​ដូចជា​ពួកគេ​នៅ​ប្រទេស​របស់​ខ្លួន។ លោក មាន​ប្រសាសន៍​ថា៖

«សំណួរ​ពិត​ប្រាកដ​គឺ​ថា​ តើ​អស់​លោក​អ្នក​ធ្វើ​ដូច្នេះ​ដែរ​ឬ​ទេ​នៅ​ក្នុង​ប្រទេស​ផ្ទាល់​របស់​ខ្លួន​ទេ។ តើ​អស់​លោក​អ្នក​ដែល​ទៅ​ទស្សនា​មជ្ឈមណ្ឌល​កុមារ​កំព្រានៅ​ប្រទេស​របស់​អស់លោក​ផ្ទាល់​ឬ​ទេ?​ ទេ។ ហេតុអ្វី​ ? ​ពីព្រោះ​មជ្ឈ​មណ្ឌលកុមារ​កំព្រា​ជា​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​កូនក្មេង ហើយ​មាន​ប្រព័ន្ធ​ការពារកុមារ​មជ្ឈមណ្ឌល​កុមារ​កំព្រា​ ត្រូវ​ការពារ​កុមារ​ទាំង​នោះ។ ពួកគេ​មាន​ភាព​ងាយ​នឹង​រង​គ្រោះ​ថ្នាក់​ទៅហើយ។ ការ​មាន​មនុស្ស​មកពី​ខាង​ក្រៅ​ជាការ​មិន​អាច​ទទួល​យក​បាន​ទេ» ។

អ្នកនាំ​ពាក្យ​ក្រសួង​សង្គម​កិច្ច​ ដែល​នឹង​ធ្វើ​អធិការកិច្ច​ បាន​សារភាព​នៅ​សប្តាហ៍​នេះ​ថា​រដ្ឋាភិបាល​មិន​បាន​ដឹង​ថា​ តើ​កុមារ​រាប់​ពាន់​នាក់​ដែល​ស្ថិតក្នុង​មជ្ឈមណ្ឌល​​​កុមារ​ត្រូវ​គេ​មើលថែ​ទាំ​បាន​ល្អ​ឬ​មិន​បាន​ល្អ​ទេ។ អ្នក​នាំពាក្យ​នោះ​ និយាយ​ទៀត​ថា​ គេ​មិន​ទាន់ដឹង​ច្បាស់​នៅឡើយ​ថា​តើ​គេ​នឹង​ចំណាយ​រយៈពេល​ប៉ុន្មាន​ដើម្បី​ពិនិត្យ​មជ្ឈមណ្ឌល​កុមារ​កំព្រា​ទាំងអស់​ចំនួន​២៦៩​នោះ​ទេ​ ក៏ប៉ុន្តែ​ លោក​បាន​សន្យា​ថា មជ្ឈមណ្ឌល​កុមារ​កំព្រា​ទាំង​ឡាយ​ណា​ដែល​ត្រូវ​រកឃើញ​ថា មិន​គ្រប់​បទដ្ឋាន​ឬ​ក៏​ល្មើស​ច្បាប់​ នឹង​ត្រូវ​បិទ៕

ប្រែ​សម្រួល​ដោយ​ជឹង ​ប៉ូជីន

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!