VOA News: ព័ត៌មាន: “សាលា​ក្រុង​និង​សហគមន៍​ខ្មែរ​គ្រោង​បង្កើត​កូន​ទីក្រុង​ខ្មែរ​ក្នុង​ក្រុង​ឡូវែល” plus 3 more

VOA News: ព័ត៌មាន: “សាលា​ក្រុង​និង​សហគមន៍​ខ្មែរ​គ្រោង​បង្កើត​កូន​ទីក្រុង​ខ្មែរ​ក្នុង​ក្រុង​ឡូវែល” plus 3 more


សាលា​ក្រុង​និង​សហគមន៍​ខ្មែរ​គ្រោង​បង្កើត​កូន​ទីក្រុង​ខ្មែរ​ក្នុង​ក្រុង​ឡូវែល

Posted: 06 Apr 2011 02:50 PM PDT

កាល​ពី​ថ្ងៃ​ទី​៣១​មិនា​កន្លង​មក​នេះ​ ក្រុម​មន្ត្រី​សាលាក្រុង​ឡូវែល​ មក​ធ្វើ​បទបង្ហាញ​អំពី​គម្រោង​បង្កើត​ទីក្រុង​ខ្មែរ​ A Little Cambodia ​នៅ​មជ្ឈមណ្ឌល​គាំពារ​សុខភាព​មនុស្ស​ចាស់ ​គឺ ​Lowell Elder Care ​នៃ​ទីក្រុង​ឡូវែល។​ បទបង្ហាញ​នេះ​ពន្យល់​អំពី​ម្រោង​អភិវឌ្ឍន៍ ​Little Cambodia​ ឬ Cambodia Town។ ​ឈ្មោះ​ជា​ភាសា​ខ្មែរ​មិនទាន់​បាន​កំណត់​ច្បាស់លាស់​នៅ​ឡើយ​ទេ​ ប៉ុន្តែ​អាច​មាន​ឈ្មោះ​ថា​ ភូមិ​វប្បធម៌ខ្មែរ​នៃ​ក្រុង​ឡូវែល ​ភូមិខ្មែរ​នៃ​ក្រុង​ឡូវែល​ ឬ​កូន​ទីក្រុង​ខ្មែរ​នៃ​ក្រុង​ឡូវែល។

លោក Bernard Lynch ដែល​ជា​នាយក​គ្រប់គ្រង​ទីក្រុង​ឡូវែល ​Lowell City Manager​បាន​ដឹកនាំ​មន្ត្រី​សាលា​ក្រុម​៥​នាក់​មក​​ធ្វើ​បទ​បង្ហាញ​ និងសួរ​យោបល់​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ ដែល​ជា​ពាណិជ្ជករ​ តំណាង​សហគមន៍ ​និង​​សមាគម​ខ្មែរ។ សាលា​ក្រុង ​និង​សហគមន៍​ខ្មែរ​គ្រោង​បង្កើត​កូន​ទីក្រុង​ខ្មែរ​ក្នុង​ក្រុង​ឡូវែលលោក Lynch មាន​ប្រសាសន៍​ប្រាប់​អ្នក​ចូលរួម​ជិត​១០០​នាក់​យ៉ាង​ដូច្នេះ​ថា៖

«កន្លង​មក​សាលា​ក្រុង​បាន​ជួសជុល​ផ្លូវ​ កែ​លម្អ​ឧទ្យាន​ប៉ៃលិន​ ដែល​ជា​មណ្ឌល​កីឡា​ កន្លែង​លេង​បាល់ ​ហើយ​ការ​ខិតខំ​ប្រឹងប្រែង​ជា​បន្ត​នៅ​ថ្ងៃ​នេះ​គឺ​ការ​បង្កើត​តំបន់​ពិសេស​មួយ​ដែល​ហៅ​ថា​ ភូមិខ្មែរ​ ឬ​ទីក្រុង​ខ្មែរ​ដើម្បី​ជា​ការ​ទទួល​ស្គាល់​នូវ​ការ​ចូលរួម​ចំណែក​ទាំង​សេដ្ឋ​កិច្ច​ វប្បធម៌ ​នយោបាយ​របស់​សហគមន៍​ខ្មែរ​នៅ​ក្នុង​ទីក្រុង​ឡូវែល»។

លោក​បន្ថែម​ថា​ កន្លង​មក​សាលាក្រុង​បាន​ចំណាយ​ប្រហែល​៣០​ម៉ឺន​ដុល្លារ​ ហើយ​សាលា​ក្រុង​វាយ​តម្លៃ​ថា ​ក្នុង​ដំណាក់​កាល​ចាប់ផ្តើម​គម្រោង​ ​​សាលាក្រុង​ឡូវែល​នឹង​ចំណាយ​រវាង​៦០០​០០០​ ឬ​៧០០០០០​ដុល្លារ ​គួប​ផ្សំ​នឹង​ថវិកា​វិភាគទាន​ពី​សហគមន៍​ពាណិជ្ជករ​ខ្មែរ។​ គម្រោង​នេះ​នឹង​ចាប់​ផ្តើម​ជា​ផ្លូវការ​នៅ​រដូវក្តៅ​ក្នុង​ពេល​យ៉ាង​យូរ​៣​ខែ​ទៀត។​ ការ​អភិវឌ្ឍ​និង​កែ​លម្អ​ទីក្រុង​ខ្មែរ​នេះ​នឹង​បន្ត​រហូត​ ដូច្នេះ​មិន​អាច​កំណត់​ថា​គ្រោងទាំងមូល​ចំណាយ​អស់​ប៉ុន្មាន​ទេ។

ក្នុង​ពេល​ធ្វើ​បទបង្ហាញ​អំពី​ម្រោង​អភិវឌ្ឍន៍ ​ Little Cambodia ​ឬ Cambodia Town​នេះ ​ លោក ​Adam Baccke ​ជំនួយ​ការ​របស់​នាយក​គ្រប់គ្រង​ទីក្រុង​ឡូវែល​ មាន​ប្រសាសន៍​ថា​ នៅ​តាម​ផ្លូវ​សំខាន់​ចំនួន​៤​ចូល​ទីក្រុង​ខ្មែរ​ ឬ​ភូមិខ្មែរ​នេះ​ នឹង​មាន​ខ្លោង​ទ្វារ​ ឬ​ រូប​ចម្លាក់​ ឬ​ ស្លាក​សញ្ញា​ ដែល​មាន​រចនាបថ​វប្បធម៌​ខ្មែរ​ដើម្បី​បង្ហាញ​ប្រាប់​អ្នក​ដំណើរ​ថា​ គេ​បាន​ចូល​ដល់​ភូមិ​ខ្មែរ​ ឬ​ក្រុងខ្មែរ។

លោក​មាន​ប្រសាសន៍​ថា៖​ «នេះ​គឺ​ជា​គម្រោង​បង្កើត​ក្រុងខ្មែរ​របស់​យើង។​ ទីមួយ​នឹង​មាន​ការ​ដាក់​ស្លាក​សញ្ញា​សម្គាល់​ ដូចជា​ខ្លោង​ទ្វារ​សម្គាល់​ថា​ ហ្នឹង​គឺ​ជា​ខ្លោង​ទ្វារ​ចូល​ក្រុងខ្មែរ ​ឬ​ក៏​អ្វី​ផ្សេងៗ​ ដែល​មាន​រចនាបថ​ជា​ខ្មែរ»។

លោក​ Baccke​បន្ត​ថា​ សាលា​ក្រុង​និង​សហគមន៍​ខ្មែរ​គូរ​​រៀបចំ​កម្ម​វិធី​កម្សាន្ត​ផ្សេងៗ​ដើម្បី​ផ្សព្វផ្សាយ​ និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ចំពោះ​គម្រោង​នេះ។

លោក​រ៉ាស៊ី​​ អាន ​នាយក​ប្រតិបត្តិ​នៃ​សមាគម​ខ្មែរ​ ក្រុង​ឡូវែល​ មាន​ប្រសាសន៍​ថា​ ខ្មែរ​ម្ចាស់​ហាង​ជា​ច្រើន​ចាប់​អារម្មណ៍​នឹង​គ្រោង​នេះ​ ហើយ​ចង់​កែ​លម្អ​កន្លែង​រកស៊ី​របស់​ខ្លួន​ឲ្យ​មាន​លក្ខណៈ​ជា​ខ្មែរ។​ លោក​សង្ឃឹម​ថា​ ការ​អភិវឌ្ឍ​ទីក្រុង​ខ្មែរ​នេះ​នឹង​បង្កើន​ការងារ​ធ្វើ​ បង្កើន​សកម្មភាព​រកស៊ី​ សកម្មភាព​​​ទេសចរណ៍​ សកម្មភាព​​​វប្បធម៌​ ហើយ​ជា​លទ្ធផល​ សាលាក្រុង​នឹង​កើន​ចំណូល​ពន្ធ​ពី​ការ​រីកចម្រើន​នេះ។

លោក​មាន​ប្រសាសន៍​ថា ​«សាលាក្រុង​បាន​ជម្រាប​ថា​ ដើម្បី​ឲ្យ​កិច្ចការ​នេះ​រីក​ចម្រើន​ គេ​ត្រូវការ​ឲ្យ​អ្នក​ណា​ចង់​ចូលរួម​ខាង​ហ្នឹង​ ដូចជា​យើង​មាន​មុខ​របរ​រកស៊ី​អ្វីមួយ​ យើង​ចង់​​ធ្វើ​ឲ្យ​ហាង​យើង​មាន​រចនា​ស្អាត​ យើង​ត្រូវ​ចំណាយ​២០%​ សាលាក្រុង​ចំណាយ​៨០%»។

លោក​ពន្យល់​ថា​ ម្ចាស់​ហាង​ត្រូវ​លើក​គម្រោង​កែ​លម្អ​ ឬ​គម្រោង​អភិវឌ្ឍន៍​កន្លែង​រកស៊ី​របស់​ខ្លួន​ជូន​ទៅ​សាលា​ក្រុង​ ហើយ​បើ​សាលាក្រុង​យល់​ថា​ វា​ទាក់ទង​នឹង​គម្រោង​អភិឌ្ឍន៍​នេះ​របស់​សាលាក្រុង​ នោះ​សាលាក្រុង​នឹង​ជួយ​ចំណាយ​៨០%។

អ្នក​ចូលរួម​ទាំងអស់​អបអរសាទរ​គម្រោង​នេះ។ លោក​ឈួរ ហេង​ អាយុ​ជាង​៥៤ឆ្នាំ ​បាន​សម្តែង​ការ​គាំទ្រ​ ហើយ​ប្តេជ្ញា​ថា​ នឹង​ចូលរួម​ភាគទាន​ដល់​គម្រោង​នេះ​ ជាពិសេស​ការ​ធ្វើ​ខ្លោងទ្វារ​ ឬ​រូប​ចម្លាក់​ជា​រចនាបថ​ខ្មែរ។

«មាន​ផ្សារ​ខ្មែរ​ បង​ប្អូន​ស្រុះស្រួល។ ​ លុយ​ខ្ញុំ​សុំ​ស្ម័គ្រ​ចិត្ត​ជួយ​មុន​គេ។​ បើ​ច្រើន​អត់​មាន​ទេ​ តែ​បើ​ល្មម​រត់រួច​ ខ្ញុំ​ស្ម័គ្រ​ចិត្ត​ជួយ។​ សូម​អរគុណ​ អស់​យោបល់»។

អ្នកស្រី​ហាក់​ ស៊ីផន​ មក​រស់នៅ​ស.រ.អា​​ក្នុង​​ឆ្នាំ​១៩៨៥​ជា​មួយ​ប្តី ​និង​កូន​៤​នាក់។​ អ្នក​ស្រី​និយាយ​ថា​៖

«ខ្ញុំ​ត្រេក​អរណាស់​ដែល​បាន​គេ​ធ្វើ​អញ្ចឹង​ សប្បាយ​ចិត្ត។​ គេ​ចង់​បាន​យោបល់​យើង»។

រីឯ​អ្នកស្រី ដាយ ហាំង ​ដែល​មក​រស់នៅ​ក្នុង​ស.រ.អា​ក្នុង​ឆ្នាំ​១៩៨១​ បន្ថែម​ថា​ «ខ្ញុំ​គាំទ្រ​១០០%។​ ខ្ញុំ​សប្បាយ​ចិត្ត​មែន​ទែន​ ​ ហើយ​វា​ស្រួល​ សម្រាប់​អ្នក​មក​ពី​ក្រៅ​​ គេ​ដឹង​ថា​ ចូល​កន្លែង​ហ្នឹង​គឺ​ចូល​ក្រុងខ្មែរ​យើង​ហើយ»។

លោក​រស់ វង្ស ​និង​លោក​ Bernard Lynch​ សម្រេច​ឲ្យ​ធ្វើ​បទ​បង្ហាញ​និង​ពិភាក្សា​គម្រោង​ក្រុង​ខ្មែរ​នៅ​មណ្ឌល​គាំពារ​សុខភាព​មនុស្ស​ចាស់​ ព្រោះ​អតីត​ជន​ភៀសខ្លួន​ទាំងនេះ​ជា​អ្នក​បង្កើត​សហគមន៍​ខ្មែរ​នៅ​ទីនេះ។

លោក​រស់ វង្ស​ពន្យល់​ថា​ «យើង​ទទួល​​ស្គាល់​ថា​ ចាស់ៗ​ដឹកនាំ​កូន​ខ្មែរ។​ ដូច្នេះ​ហើយ​គាត់​មក​ទីក្រុង​នេះ​៣០​ឆ្នាំ។ ​​គាត់​រត់​ យក​ក្មេង​ជំនាន់​ខ្ញុំ​មក​ គេច​គ្រាប់​ គេច​អម្បែង​ ទម្រាំ​មក​ដល់​ស្រុក​នេះ។​ ហើយ​គាត់​អត់​ចេះ​ភាសា​ ខំ​ធ្វើការ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ទៅ​រៀន​ មាន​ការងារ​ល្អ ​គ្រួសារ​ល្អ។ គាត់​ធ្វើការ​ច្រើន​ ដើម្បី​ជួយ​សង្គម​ខ្មែរ​ឲ្យ​លូតលាស់ ​សង្គម​ខ្មែរ​លូតលាស់​ ជួយ​ថែ​ទាំ​វប្បធម៌​ខ្មែរ។​ ដូច្នេះ​ហើយ​ បើ​គេ​បង្កើត​​ Little Cambodia​ក្នុង​​ទី​ក្រុង​ឡូវែល​​ គេ​គួរ​មក​ទីនេះ​ ព្រោះ​ចាស់ៗ​យើង​នេះ​ជា​អ្នក​មេ​ដឹកនាំ»។

ម្ចាស់​ហាង​ដែល​រវល់ ​មិនមាន​ពេល​មក​ចូលរួម​ស្តាប់​គម្រោង​អភិវឌ្ឍន៍​នេះ​ក៏​បាន​សម្តែង​ការ​គាំទ្រ​ដែរ។

លោក​យុទ្ធ​គឺ​ជា​ម្ចាស់​ហាង​7 Video​ ស្ថិត​ក្នុង​តំបន់​គម្រោង​អភិវឌ្ឍន៍​នេះ។ ហាង​លោក​មាន​លក់​ឌីវីឌី​ ខារ៉ាអូខេ​ កុនខ្មែរ​ និង​បរទេស​ ហើយ​នឹងផលិត​ផល​សិប្បកម្ម​ខ្មែរ​ជាដើម។

លោក​និយាយ​ថា ​«វា​ជា​មោទន​ភាព​សម្រាប់​ប្រជាជន​ខ្មែរ​រស់នៅ​ទីក្រុង​ឡូវែល​ផង​ដែរ​ ដែល​មាន​ទីក្រុង​ខ្មែរ។ ​រក​ចំណូល​កាន់តែ​ច្រើន​ ហាង​ ដូចជា​ហាង​ខ្ញុំ​ បង់​ពន្ធ​កាន់តែ​ច្រើន។​ ហើយ​សាលាក្រុង​យក​ចិត្ត​ទុកដាក់​នឹង​សមាគម​ សហគមន៍​ខ្មែរ​ ឲ្យ​មាន​មុខមាន​មាត់»។

អ្នកស្រី​ម៉ាលី ​ម្ចាស់​ហាង​លក់​ទំនិញ​ និង​ភោជនីយ​ដ្ឋាន​ប៉ៃលិន​ មាន​ប្រសាសន៍​ថា​ អ្នកស្រី​មាន​គំនិត​រៀបចំ​​ហាង​ទំនិញ​របស់​អ្នកស្រី​មាន​រចនា​បថ​លក្ខណៈ​ខ្មែរ​តាំង​ពីមុន​គម្រោង​អភិវឌ្ឍន៍​របស់​សាលា​ក្រុង​ម៉្លេះ​ ពីព្រោះ​ហាង​របស់​អ្នកស្រី​បាន​រៀបចំ​កម្ម​វិធី​សិល្បៈ​វប្បធម៌​ខ្មែរ​ជា​ច្រើន​ ដូចជា​ការ​សម្តែង​របស់​តារា​ចម្រៀង​ សិល្បៈករ​មក​ពី​ប្រទេស​កម្ពុជា។

អ្នកស្រី​មាន​ប្រសាសន៍​ថា​ «ខ្ញុំ​ពេញ​ចិត្ត​ណាស់​ក្មួយ។ ​ខ្ញុំ​គិត​ថា​ បើ​គេ​អត់​ជួយ​ចេញ​ ក៏​ខ្ញុំ​នៅ​តែ​ធ្វើ។​ គិត​អញ្ចឹង​រួច​ហើយ។ ​យើង​ចង់​បាន​កន្លែង​ហ្នឹង​ស្អាត​ ចង់​បាន​កន្លែង​ហ្នឹង​ជា​ខ្មែរ។​ ប៉ុន្តែ​ដល់​ឥឡូវ​សាលាក្រុង​គេ​ចាប់ផ្តើម​ធ្វើ​អញ្ចឹង​ ដូច​ថា​ ការ​ស្រម៉ៃ​របស់​យើង​បាន​សម្រេច»។

លោក​អ៊ូ សុវណ្ណ ​មន្ត្រី​កុងស៊ូ​ខ្មែរ​ប្រចាំ​ក្រុង​ឡូវែល​ និយាយ​ថា​ ការ​បង្កើត​ក្រុង​ខ្មែរ​នេះ​នឹង​ជួយ​ពង្រីក​ទំនាក់​ទំនង​ជំនួញ​រវាង​ជនជាតិ​ខ្មែរ​នៅ​ឡូវែល​ និង​ពាណិជ្ជករ​ខ្មែរ​នៅ​ស្រុក​ខ្មែរ។

«​ការ​បង្កើត​ក្រុង​ខ្មែរ​ហ្នឹង​មាន​សារៈ​ប្រយោជន៍​ក្នុង​ការ​បង្កើន​មុខ​របរ​ អ្នក​បើក​ហាង​លក់​ម្ហូប​ ជា​ពិសេស​ ថ្មីៗ​នេះ​អាជីវករ​យើង​ទើប​ចាប់​ផ្តើម​នាំ​អង្ករ​ខ្មែរ​ចូល​ទីក្រុង​ដែល​មាន​ខ្មែរ​រស់​នៅ​ ដូច​ជា​ក្រុង​ឡូវែល​នេះ​តែ​ម្តង។​ កាល​ណា​យើង​មាន​ហាង​លក់​ទំនិញ​​ និង​សិប្ប​កម្ម​ច្រើន​ ​វា​នឹង​បង្កើត​ការងារ​ធ្វើ​សម្រាប់​ខ្មែរ​យើង​នៅ​ទី​នេះ»៕

This posting includes an audio/video/photo media file: Download Now

លោក​ ហ៊ុន សែន​និយាយ​ថា​កម្ពុជា​នឹង​មិន​យក​មេរៀន​តាម​ទុយនេស៊ី​ទេ

Posted: 06 Apr 2011 02:32 PM PDT

លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន​ ​បាន​ប្រកាស​សាជាថ្មី​នៅ​ថ្ងៃពុធ​នេះ​ថា​ លោក​នឹង​មិន​ចុះចេញពី​តំណែង​ទេ ​បើ​ទោះជា​មាន​ការលើក​យក​មក​វិភាគ​មួយ​ចំនួន​ចំពោះ​ព្រឹត្តិការណ៍​បះបោរ​នៅក្នុង​បណ្ដា​ប្រទេស​អាហ្រ្វិក​និង​អារ៉ាប់​ក៏ដោយ។ មេដឹកនាំ​គណបក្ស​ជំទាស់​និង​មន្ដ្រី​សិទ្ធិមនុស្ស​ចាត់ទុក​ថា​ចលនា​តវ៉ា​របស់​ប្រជាពលរដ្ឋ​ក្នុង​បណ្ដា​ប្រទេស​ទាំងនោះ​ជា​មេរៀន​សម្រាប់​ប្រទេស​កម្ពុជា។

បន្ទាប់ពី​បានលើក​ពីការ​បកស្រាយ​របស់​អ្នកវិភាគ​ខ្មែរ​ម្នាក់​នៅ​ជុំវិញ​ស្ថានភាព​ងើប​បះបោរ​របស់ក្រុម​ប្រជាជាតិ​នៅ​ប្លុក​ប្រទេស​អារ៉ាប់​ដូច​ជា​ប្រទេស​ទុយនេស៊ី លោកនាយក​រដ្ឋមន្រ្ដី​ខ្មែរ​ ហ៊ុន សែន​ បាន​ប្រកាស​សា​ជាថ្មី​យ៉ាងដូច្នេះ​ថា៖

«អ្នកណា​ចុះចេញ​ពី​តំណែង ​អញ​មិនចុះ​ទេ»។

ការងើប​បះបោរ​ទាំងនេះ​បាន​ក្លាយ​ជា​កត្តា​ជំរុញ​ឱ្យ​មាន​ការងើប​ឡើង​ផ្ដួល​រំលំ​ក្រុម​មេដឹកនាំ​កាន់​អំណាច​ដ៏យូរ​នៅតាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក​ជា​បន្ត​បន្ទាប់​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​អាគារ​កុមារ​គ​ថ្លង់​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បញ្ជាក់​ថា លោក​នៅតែ​ជា​នាយក​រដ្ឋមន្ដ្រី​ ដរាប​ណា​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​របស់​លោក​​ឈ្នះ​ឆ្នោត។

«ឥឡូវ​គណបក្ស​ប្រជាជន​ដាក់​បេក្ខភាព​(ខ្ញុំ)​ទៅ​ទៀត​សម្រាប់​ឆ្នាំ២០១៣។ ​បើ​ឈ្នះ ​(ខ្ញុំ) ធ្វើ​(នាយករដ្ឋមន្ដ្រី) ទៀត​ពីព្រោះ​យើង​ត្រូវ​គោរព ​(ការសម្រេចចិត្តរបស់ ) ​ប្រជាជន។ កុំ​មក​បន្ទោស​ថា​យូរ​ថា​ឆាប់។ អ្នក​ដែល​ចាំ​នោះ ​គឺយូរ​ណាស់​ ប៉ុន្ដែ​អ្នក​ដែល​មិន​ចាំ​គឺ​ឆាប់ពេក»។

លោក​ ហ៊ុន សែន ​បាន​កាន់​អំណាច​បាន​រយៈពេល​៣២​ឆ្នាំ​ហើយ។ ហើយ​នៅក្នុង​នេះ​លោក​នឹង​ធ្វើជា​នាយក​រដ្ឋមន្ដ្រី​បាន​២៨ឆ្នាំ​រហូតដល់​ចប់​អាណត្តិ​រដ្ឋាភិបាល​ឆ្នាំ​២០១៣​ខាងមុខ​នេះ។ លោក​គឺជា​មេដឹកនាំ​ប្រទេស ​ដែល​កាន់​អំណាច​យ៉ាងយូរ​ដែល​មាន​តិចតួច​បំផុត​ក្នុង​ពិភពលោក។

ចាប់តាំង​ពី​មាន​ចលនា​ងើបឡើង​បះបោរ​របស់​ក្រុម​ប្រជាជាតិ​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង ការដឹកនាំ​យ៉ាងយូរ​និង​ប្រឆាំង​នឹង​ក្រុម​គ្រួសារ​និយម​រួមទាំង​អយុត្តិធម៌​សង្គម​និង​ភាព​អត់ការងារ​ធ្វើ​នៅទ្វីប​អាហ្វ្រិក​ប៉ែក​ខាងជើង​និង​នៅក្នុង​ពិភព​អារ៉ាប់​នៃ​តំបន់​មជ្ឈិម​បូព៌ា​ចាប់តាំង​ពីខែ​មករា រៀង​មក​លោក​នាយក​រដ្ឋមន្ដ្រី​ ​ហ៊ុន សែន ​បាន​ព្រមាន​ជាបន្ដបន្ទាប់​ចាប់តាំង​ពី​ថ្ងៃ២០​ខែមករា​មក​ដែរ​ក្នុងការ​ធ្វើការ​បង្រ្កាបការប៉ុនប៉ង​ផ្ដួល​រំលំ​រូប​លោក​តាម​រូបភាព​​រដ្ឋប្រហារ​ណា​មួយ។

កាលពី​ថ្ងៃ​ច័ន្ទ​ទី៤ ខែមេសា ​លោក ​ហ៊ុន សែន ​បាន​ប្រកាស​នៅក្នុង​ខេត្ត​កណ្ដាលថា ​លោក​នឹង​បន្ដ​កាន់​អំណាច​ដោយ​លោក​ថ្លែង​ដោយ​មិន​ចំ​ឈ្មោះ​សំដៅ​ប្រឆាំង​ទៅនឹង​ការចង់​ឲ្យ​មាន​ការផ្លាស់ប្ដូរ​មេដឹកនាំ​ ប្រទេស​កម្ពុជា។

លោកកឹម សុខា ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ដែល​ជា​គណបក្ស​ជំទាស់​មាន​បី​អាសនៈ​ក្នុង​រដ្ឋសភា​ចាត់ទុក​ថា​ការលើក​ឡើ​ងពី​ការចង់​ស្ថិត​ក្នុង​អំណាច​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​គឺ​ជា​ការបង្ហាញ​ជំហ​មួយ។

«ដោយ​ប្រជាពលរដ្ឋ​ឮ​ច្រើន​អំពី​ចរន្ដ​ការផ្លាស់ប្ដូរ​មេដឹកនាំ​ក្នុង​ពិភពលោក​ ជាពិសេស​នៅក្នុង​ប្លុកអា​រ៉ាប់​ច្រើន​ ដូច្នេះ​ហើយ​បាន​ជា​គាត់​លើកឡើង​បញ្ជាក់​សាជាថ្មី។ ប្រហែល​ជា​គាត់ថា ​ដឹកនាំ​យូរល្អ​សម្រាប់ គាត់​ ប៉ុន្ដែ​សម្រាប់​ទស្សនៈ​ប្រជាធិបតេយ្យ​ក្នុង​ពិភពលោក ​គេ​មិន​ចង់​ឲ្យ​មានអ្នក​ដឹកនាំណា​នៅ​ដឹកនាំ​យូរ​ទេ ​គឺ​ចង់ឲ្យ​មាន​ការផ្លាស់ប្ដូរ»។

លោក​ចាន់ សាវ៉េត ប្រធាន​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក​ បាន​បញ្ជាក់​ថា​ តំណែង​របស់​លោក​ហ៊ុន សែន​ ជា​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​តទៅ​ទៀត​បាន​ឬ​យ៉ាង​ណា​អាស្រ័យ​លើ​ការសម្រេច​ចិត្ត​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ពេល​បោះឆ្នោត​ក៏ប៉ុន្ដែ​លោក​បាន​ចាត់ទុក​ថាស្ថានភាព​​បះបោរ​របស់​ប្រជាជាតិ​ក្នុង​ពិភពលោក​ គឺជា​អ្វីមួយ​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែយក​ចិត្តទុក​ដាក់។

«សព្វថ្ងៃ​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន​ក៏គាត់​ទទួល​រង​សម្ពាធ​នៃ​ការរំលោភ​សិទ្ធិមួយ​ចំនួន​ដូចជា​រឿង​ដីធ្លី ការបំបិទ​សិទ្ធិ​សេរីភាព​ទាមទារ​តវ៉ា​នេះ​ជាដើម​ ដូច្នេះ​ខ្ញុំ​មើល​ឃើញ​សម្ដេច​ហ៊ុន សែន ​ក៏​គាត់ពិ​ចារណាដែរ​សម្រាប់​ឲ្យ​ឃើញថា ​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក ​កាលណា​មាន​ការរឹតត្បិត​ ការជិះ​ជាន់​ ការធ្វើ​បាប ការប៉ុនប៉ង​អ្វី​ផ្សេងៗ​នោះ ​ច្បាស់ជា​មាន​ការទាមទារ​និង​ធ្វើការ​តបត​ប្រឆាំង​ហើយ»។

ប្រទេស​ទុយ​នេស៊ី​ និង​ប្រទេស​អេហ្ស៊ីប​​ស្ថិត​ក្នុង​ទ្វីប​អាហ្រិ្វក​ខាង​ជើងដូចគ្នា។ ហើយ​ការបះ​បោរ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ប្រទេស​ទាំងពីរ​នោះ​ បាន​ជំរុញ​ឲ្យ​មាន​ការងើប​ឡើង​តស៊ូ​របស់​ប្រជាជាតិ​នៅប្រទេស​លីប៊ី ​ដែល​ស្ថិត​នៅ​ចន្លោះ​ប្រទេស​អេហ្ស៊ីប​ និង​ប្រទេស​ទុយ​នេស៊ី​ និង​ជា​ប្រទេស​ធំ​ជាងគេ​ទី​១៦​ ក្នុង​ពិភពលោក។ បន្ថែម​ពី​នោះ​ចលនា​ប្រជាជាតិ​ក៏​បាន​ងើបឡើង​ទៀត​នៅ​សាធារណ​រដ្ឋ ​យេម៉េន និង​ប្រទេសស៊ីរី​ ក្នុង​ប្លុក​អារ៉ាប់​នៃ​​តំបន់​មជ្ឈិម​បូព៌ា​ដូចគ្នា៕

This posting includes an audio/video/photo media file: Download Now

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បញ្ជាក់​ថា​សេដ្ឋកិច្ច​កម្ពុជា​ដើរ​មកដល់​ផ្លូវ​បំបែក

Posted: 06 Apr 2011 02:11 PM PDT

កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង​ជាបន្ត​បន្ទាប់​នៅក្នុង​ឆ្នាំ២០១១​ និង​ឆ្នាំ២០១២​ បន្ទាប់ពី​បាន​ទទួលរង​នូវវិបត្តិ​សេដ្ឋកិច្ច​ពិភពលោ​កយ៉ាង​ធ្ងន់ធ្ងរ។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​និយាយ​ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​ពឹងពាក់​ទាំង​ស្រុង​ទៅ​លើ​ការនាំចេញ​សម្លៀក​បំពាក់​ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​បាន​ព្យាករណ៍​នៅ​ថ្ងៃពុធ​នេះ​ថា​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០១១​នេះ​នឹង​កើនឡើង​ចំនួន​២​ភាគរយ​លើស​ពី​កំណើន​សេដ្ឋកិច្ច ​៦,៣ភាគរយ​ក្នុង​ឆ្នាំ២០១០។

លោក ​Peter Brimble​ អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​នៅកម្ពុជា​ បាន​ថ្លែងប្រាប់​សន្និសីទ​កាសែត​នៅ​ទី​ស្នាក់ការ​ធនាគារ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង​ដល់៦,៥​ភាគរយ​ក្នុង​ឆ្នាំ២០១១​និង​៦,៨​ភាគរយ​ក្នុង​ឆ្នាំ២០១២ ពី​៦,៣​ភាគរយ​ក្នុង​ឆ្នាំ២០១០។

លោក​ Peter Brimble ​បាន​ព្រមាន​ថា​ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​បើ​ប្រទេស​កម្ពុជា​ចង់​សម្រេច​បាន​នូវ​គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ​និង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ការគិតស្មាន​លើ​វិស័យ​កសិកម្ម​នឹង​កើនឡើង​៤,៣​ភាគរយ​ក្នុង​ឆ្នាំ២០១១​ដោយ​សារ​ការបន្ត​មាន​ការវិនិយោគ​លើ​ប្រព័ន្ធ​ធារាសាស្ត្រ​និង​ការបង្កើន​លទ្ធភាព​ទទួល​បាន​ដី​និង​គ្រាប់ពូជ​ដែល​ផ្តល់​ទិន្នផល​ខ្ពស់។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​បន្ត​ថា​កំណើន​នៃ​វិស័យ​ឧស្សាហកម្ម​ត្រូវ​បាន​ព្យាករណ៍​ថានឹង​កើនឡើង​ប្រមាណ​១០,៨​ភាគរយ​ដោយ​ផ្អែក​ទៅតាម​សញ្ញា​វិជ្ជមាន​អំពី​ការបញ្ជា​ទិញ​នាពេល​អនាគត​ពី​សហរដ្ឋអាមេរិក ​និង​សហភាពអឺរ៉ុប។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​បន្ថែម​ថា ក្នុង​ករណី​សហភាព​អឺរ៉ុប​សញ្ញា​វិជ្ជមាន​នេះ​មួយ​ផ្នែក​គឺ​ដោយសារ​មាន​ការបន្ធូរ​បន្ថយ​លក្ខខណ្ឌ​នៃ​វិធាន​ប្រភព​ដើម​លើការ​នាំចូល​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជា ​ហើយ​វិស័យ​សេវាកម្ម​ត្រូវបាន​ព្យាករណ៍​ថា​នឹង​ កើន​ឡើង​ប្រមាណ​៥ភាគរយ។

លោក​ដួង ប៉ូឡាង​ មន្ត្រី​សេដ្ឋកិច្ច​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា ការងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​តែ​រឹងមាំ​ឡើង​ ប៉ុន្តែ​ប្រទេស​កម្ពុជា​នៅតែ​ពឹងពាក់​យ៉ាងខ្លាំង​ទៅលើ​ប្រភព​ជាច្រើន​សម្រាប់​ជំរុញ​កំណើន​ រួមមាន​វិស័យ​កសិកម្ម សម្លៀក​បំពាក់ ​ទេសចរណ៍ ​សំណង់ ​និង​អចនលទ្រព្យ។

លោក​ដួង ប៉ូឡាង ​បាន​បញ្ជាក់​ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​ពឹងពាក់​ទាំងស្រុង​ទៅលើ​ការនាំចូល​ សម្លៀក​បំពាក់​ទៅកាន់​ទីផ្សារ​​សហរដ្ឋ​អាមេរិក ​និង​អឺរ៉ុប។

«ការនាំចេញ​សម្លៀក​បំពា​ក់ទៅកាន់​សហរដ្ឋអាមេរិក​បាន​កើនឡើង​ពី​ប្រមាណ​១.៩០០​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០០៩​ ឡើង​ដល់​ជាង​២.២០០​លា​នដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១០។ ភ្ញៀវ​ទេសចរណ៍​មកដល់​កម្ពុជា​បាន​កើនឡើង​ពី ​ចំនួន​២,២​​លាន​នាក់​ក្នុង​ឆ្នាំ២០០៩ ​ឡើងដល់​២,៥​លាន​នាក់​ក្នុងឆ្នាំ​២០១០​ ហើយ​ទទួលបាន​ចំណូល​កើនឡើង​ពី​១.៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០០៩​ឡើងដល់​១.៨០០​លាន ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១០។ វិស័យ​កសិកម្ម​បាន​ប៉ាន់​ស្មាន​ពីការកើន​ឡើង​៤,២ភាគរយ​ ហើយ​ជា​សំខាន់​បាន​ឆ្លុះ​បញ្ចាំង​ពីការកើន​ឡើង​ក្នុង​ផលិតកម្ម​ស្រូវ​និង​ទិន្នផល​ស្រូវ​កើនឡើង​ប្រមាណ​៥,៥ភាគ​ រយ​ (ប្រហែល​៨លាន​តោន​)ក្នុង​ឆ្នាំ២០១១»។

លោក ​Peter Brimble ​អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែងថា​ ការបន្ត​ងើប​ឡើងវិញ​នៃ​ការនាំចេញ ​និង​វិស័យ​ទេសចរណ៍​ក្នុង​ឆ្នាំ២០១១​ នឹង​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​រក្សា​និរន្តរភាព​នៃ​ការវិលមក​រក​គន្លង​កំណើន​រយៈពេល​វែង​៦ទៅ​ ៧​ភាគរយ​ឡើង​វិញ។

«យើង​មាន​សេចក្តី​ជឿជាក់​យ៉ាង​មុតមាំ​ថា​សេដ្ឋកិច្ច​កម្ពុជា​បាន​ងើបឡើង​នៅលើ​ផ្លូវ​កំណើន​យ៉ាង​រឹងមាំ​ពី ៦​ទៅ​៧ភាគរយ។ កត្កា​ជំរុញ​កំណើន​សេដ្ឋកិច្ច​បង្ហាញ​ពី​សក្តានុពល​យ៉ាង​រឹងមាំ​នៅឆ្នាំ២០១១​ ក្នុង​ខែ​ទី មួយ​ ឬ​ ទីពីរ។ ប៉ុន្តែ​ប្រទេស​កម្ពុជា​ជួបប្រទះ​នឹង​ការប្រឈម​និង​ឱកាស​នានា​នៃ​ភាព​ចម្រុះ​ផ្នែក​សេដ្ឋកិច្ច​និង​ការកែ​លម្អ​បរិយាកាស​វិនិយោគ​ជាទូទៅ»។

លោកច័ន្ទ សុផល​​ ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា​ បាន​ព្យាករណ៍​ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ២០១១​ និង​២០១២​នឹង​កើនឡើង​ដល់​៨​ភាគរយ​ ព្រោះវា​មាន​ចំណុច​ខ្លាំង​ជាច្រើន​ដែល​នាំឱ្យ​មាន​កំណើន​ខ្លាំង ក្នុង​វិស័យ​ផ្សេងៗ។

លោក​ច័ន្ទ សុផល​ បាន​បន្ថែម​ថា លោក​យល់ស្រប​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​អំពី​ការប្រឈម​រយៈពេល​យូរ​នៃ​ភាព​ចម្រុះ​ផ្នែក​សេដ្ឋកិច្ច។

លោក​ច័ន្ទ សុផល ​បាន​ពន្យល់​ថា​ភាពចម្រុះ​ផ្នែក​សេដ្ឋកិច្ច​មិនត្រូវ​អាស្រ័យ​ទៅលើ​វិស័យ​កសិកម្ម​ស្រូវ សម្លៀក​បំពាក់ ​ទេសចរណ៍​ សំណង់​ និង​អចលនទ្រព្យ​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​ប្រទេស​កម្ពុជា​ត្រូវ​ពង្រីក​ការវិនិយោគ​លើ​វិស័យ​ផលិតផល​បន្លែ​ និង​ផ្លែឈើ ​ព្រមទាំង​ការចិញ្ចឹម​ជ្រូក​ គោ​ និង​មាន់​សម្រាប់​ការនាំចេញ​ ហើយ​ផលិតផល​របស់​របរ​ប្រើប្រាស់​ផ្សេងៗ​ ដូច​ជាស្ករ​ស ​និង​គ្រឿង​តុ ទូ ជាដើម៕

This posting includes an audio/video/photo media file: Download Now

ប្រតិភូខ្មែរ​ទៅប្រជុំ​រឿង​ព្រំដែន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី

Posted: 06 Apr 2011 01:53 PM PDT

តាម​ការកោះ​អញ្ជើញ​របស់​រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ​គឺ​លោក ​ម៉ាទី ណាតាឡេ ហ្គាវ៉ា​ និង​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​អាស៊ាន លោក​ហោ ណាំហុង ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ខាង​ភាគី​កម្ពុជា ​បាន​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ នៅថ្ងៃពុធ​នេះ​ដើម្បី​ទៅចូលរួម​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ប៊ូហ្ក័រ​ ប្រទេស​ឥណ្ឌូនេស៊ី ​ដែល​នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅថ្ងៃទី​៧ ​និង​ទី៨​ ខែមេសា​ខាងមុខ​នេះ។

ប្រទេស​ឥណ្ឌូនេស៊ី ​បាន​កោះប្រជុំ​ប្រទេស​ថៃ​និង​ប្រទេស​កម្ពុជា ​ដើម្បី​ទៅចូលរួម​ប្រជុំ​គណៈកម្មការ​ ចម្រុះ​ព្រំដែន​កម្ពុជា-ថៃ ​ដែល​ហៅកាត់ថា​JBC​និង​កិច្ចប្រជុំ​គណៈ​កម្មការ​ព្រំដែន​ទូទៅ​កម្ពុជា​-ថៃ​ ដែល​ហៅកាត់​ថា GBC ​និង​កិច្ចប្រជុំ​រវាង​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូនេស៊ី ​ថៃ​ និង​កម្ពុជា​ផងដែរ ​ដើម្បី​ដោះស្រាយ​ បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។

លោក​ហោ ណាំហុង ​បាន​ថ្លែងប្រាប់​អង្គសន្និសីទ​កាសែត​មុនពេល​ដែល​លោក​ចាកចេញ​ពី​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ​ ថា​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូនេស៊ី ​កម្ពុជា ​និង​ថៃ​ នឹង​អាច​ឈាន​ទៅរក​កិច្ចព្រមព្រៀង​ មួយ​ក្នុង​ការដាក់​ឲ្យ​​អ្នកអង្កេត​ការណ៍​មកតំបន់​មាន​ជម្លោះ។

«ការប្រជុំ ​ការពិគ្រោះ​យោបល់​រវាង​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ ថៃ ​និង​ឥណ្ឌូនេស៊ី ​មិន​ប្រាកដ​ទេ​ យើង​អាច​ឈាន​ទៅរក​ការស្រុះស្រួល​គ្នា ​ដើម្បី​ដាក់​អ្នកសង្កេតការណ៍​នៅ​ព្រំដែន​កម្ពុជា​និង​ថៃ​ទីមួយ។ ទីពីរ​ទៀត ​ប្រជុំ​គណៈកម្មការ​ព្រំដែន​ នឹង​អាចមាន​ការវិវត្តន៍​ទៅមុខ​ទៀត​ គណៈកម្មការ​ព្រំដែន​នេះ​អាច​នឹង​ឈាន​ទៅមុខ​ទៀត​ធ្វើការ​បោះបង្គោល​ព្រំដែន​នៅតាម​ព្រំដែន។ ជាពិសេស​នៅតំបន់​ព្រះវិហារ​នេះ ជា​អាទិភាព»។

លោក​ហោ ណាំហុង ​បាន​មានប្រសាសន៍​ទៀតថា ​ចំពោះ​កិច្ចប្រជុំ​JBC ​និង GBC ​ប្រទេស​កម្ពុជា​ នឹង​អាច​ឈាន​ទៅរក​ការបោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។

ការអះអាង​របស់​ភាគី​កម្ពុជា​ក្នុង​ការសម្តែង​សុទិដ្ឋិ​និយម​ចំពោះ​កិច្ចប្រជុំ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ីនេះ​ ត្រូវបាន​ភាគី​ថៃ​បង្ហាញពី​ជំហរ​ស្រពេច​ស្រពិល​នៅឡើយ។

លោក​ ប៉ានីតាន់ វឌ្ឍនាយ៉ាកន (Panitan Watanayagorn) ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ថៃ​ បា​នថ្លែង​ប្រាប់​VOA​ ខ្មែរ​តាម​រយៈ​ទូរស័ព្ទ​ពី​ទីក្រុង​បាងកក​មកថា ​រដ្ឋាភិបាល​ថៃ​កំពុង​តែ​ពិចារណា​ថា​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ឬ​ ក៏​យ៉ាងណា។

«ខ្ញុំ​គិតថា​រដ្ឋមន្រ្តី​ការពារជាតិ​របស់​យើង​ ចង់​ឲ្យ​មាន​កិច្ចប្រជុំ​នៅក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ​រវាង​ថៃ​និង​កម្ពុជា​ជាជាង​ ដូចអ្វី​ដែល​យើង​ធ្លាប់​ធ្វើ​ពី​អតីតកាល។ ក៏ប៉ុន្តែ​ប្រទេស​ទាំងពីរ​កំពុង​រក​លទ្ធភាព​ក្នុង​ការជួបប្រជុំ​JBC​នៅ​ទី​កន្លែង​ផ្សេង​ ហើយ​យើង​មិនទាន់​សម្រេច​ចិត្ត​ចំពោះ​ទី​កន្លែង​នៃ​កិច្ចប្រជុំ​នេះ​នៅ​ឡើយ»។

លោក​ទៀ បាញ់​ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ បាន​ថ្លែង​ប្រាប់​អង្គសន្និសីទ​កាសែត​ ជាមួយ​នឹង​លោក​​ហោ ណាំហុង​ ថា ការប្រើពាក្យ​របស់​ថៃ ​ថា​ជួប​គ្នាញឹកញាប់​ នេះ​មិន​មែន​ជាការណ៍​ពិត​ទេ។

លោក​បាន​មាន​ប្រសាន៍​ទៀតថា​ លោក​មិនដែល​ទទួល​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​ នឹង​លោក ប្រាវីត វង់ស៊ូវុង ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិថៃ ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ព្រំដែន​ទេ។

«ទោះជា​ថៃ ​យ៉ាងណា​ក៏ដោយ ​គឺយើង​សម្គាល់​ឃើញថា ​ប្រធាន​ជាអ្នក​សម្រប​សម្រួល​ គឺ​បាន​កំណត់​មក​អញ្ចឹង។ យើង​អនុវត្ត​ទៅតាម​ហ្នឹង​ ផល​យ៉ាងណា​ អាហ្នឹង​គឺ ​វា​មិនមែន​តែ​លើ​យើងទេ»។

ប្រទេស​ថៃ ​ធ្លាប់បាន​អះអាងថា ​ខ្លួន​ជាអ្នក​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ ក៏​ប៉ុន្តែ​ការអះអាង​នេះ​ត្រូវបាន​លោក​ហោ ណាំហុង ​និយាយ​ថា ​កម្ពុជា​មិន​អើពើ​ទៅ​ នឹង​ឥរិយាបទ​ របស់​ប្រទេស​ថៃ​ទេ​និង​បាន​ចាត់ទុក​ថា​ ការអះអាង​របស់​ប្រទេស​ថៃ​ គឺជា​សំដី​ក្រឡេច​ក្រឡុច។

កិច្ចប្រជុំ​រវាង​ប្រទេស​ថៃ​និង​កម្ពុជា​ ដោយ​មាន​ការសម្រប​សម្រួល​ពី​ប្រទេស​ឥណ្ឌូនេស៊ី​នេះ បាន​កើត​មានឡើង ​ក្រោយពេល​លទ្ធផល​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​កាលពី​ថ្ងៃទី២២​ខែ​កុម្ភៈ បន្ទាប់ពី​ប្រទេស​ថៃ ​និង​កម្ពុជា​បាន​វាយប្រយុទ្ធ​គ្នា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ​កាល​ពី​ថ្ងៃទី៤​ រហូតដល់​ថ្ងៃទី ៧​ ខែ​កុម្ភៈ​កន្លង​ទៅនេះ ​ដែល​ធ្វើឲ្យ​ភាគី​ទាំង​សងខាង ​បាន​ស្លាប់ ​និង​រងរបួស៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!