Koh Santipheap Daily

Koh Santipheap Daily


បាតុ​កម្ម​នានា​បន្ត​ធ្វើ​ទៀត​​នៅ​ប្រទេស​អូម៉ង់

Posted: 03 Apr 2011 12:35 AM PDT

បាតុ​កម្ម​នានា​បន្ត​ធ្វើ​ទៀត​​នៅ​ប្រទេស​អូម៉ង់​

មនុស្ស​ជា​ច្រើន​សិប​នាក់​បាន​ធ្វើ​បាតុ​កម្ម​កាល​ពី​ថ្ងៃ​ទី​២ មេសា ក្នុង​ទី​ក្រុង​ម៉ា​ស្កាត​ រាជ​ធានី​អូ​ម៉ង់​ ដោយ​ទាម​ទារ​ឱ្យ​បើក​ការ​សើុប​អង្កេត​លើ​ការ​ប្រើ​កម្លាំង​របស់​កង​កម្លាំង​សន្តិ​សុខ​ក្នុង​ឱកាស​នៃ​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​សាហាវ​នានា​ដែល​បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​ម្នាក់​។

ភាព​ចលា​ចល​កាល​ពី​យប់​ថ្ងៃ​ទី​១ មេសា កន្លង​មក​នេះ​នៅ​ក្រុង​សូ​ហារ​ជា​ទី​ក្រុង​ឧស្សាហ​កម្ម​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ជា​កន្លែង​ដែល​ចលនា​តវ៉ា​ចាប់​ផ្តើមជាង​៦សប្តាហ៍​មក​ហើយ​បង្ហាញ​ថា បណ្តា​សម្ប​ទាន​របស់​​រដ្ឋា​ភិ​បាល​ពុំ​បាន​ឆ្លើយ​តប​​ចំពោះ​ការ​ទាម​ទារ​ទាំង​ឡាយ​របស់​ពួក​បាតុ​ករ​ឡើយ​។ យោង​តាម​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​មន្ទីរ​ពេទ្យ​ថា យុវជន​អាយុ​២២​ឆ្នាំ​ម្នាក់​បាន​ស្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​១ មេសា បន្ទាប់​ពី​​ត្រូវ​របួស​ធ្ងន់​ធ្ងរ​ ហើយ​បាតុ​ករ​​យ៉ាង​តិច៤​នាក់​ទៀត​របួស​។ បំរាម​គោចរ​នា​ពេល​យប់​ត្រូវ​បាន​​ដាក់​នៅ​ក្រុង​សូ​ហារ(២០០​គីឡូ​ម៉ែត្រ​​ខាង​ជើង​ក្រុង​ម៉ា​ស្កាត​)​ដែល​នៅ​ទី​នោះ​កង​កម្លាំង​ប៉ូលិស​បាន​តប​ត​ដោយ​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ កាណុង​បាញ់​ទឹក​ និង​គ្រាប់​កៅ​ស៊ូ​ប្រឈម​មុខ​នឹង​ពួក​បាតុករ​ដែល​គប់​ដុំ​ថ្ម​ និង​ប្រើ​កាំ​បិត​។ ក៏​ប៉ុន្តែ​ពួក​បាតុ​ករ​ថា ប៉ូលិស​បាន​បាញ់​គ្រាប់​ពិត​។

ការ​ស្លាប់​​យុវ​ជន​រូប​នោះ​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​២​នាក់​ហើយ​ក្នុង​បាតុ​កម្ម​ទាំង​ឡាយ​នៅ​អូម៉ង់​ចាប់​តាំង​ពី​ដំណាច់​ខែ​កុម្ភៈ​មក​ ខណៈ​ដែល​ប្រទេស​នោះ​តាម​ធម្មតា​ជា​ប្រទេស​ស្ងប់​ស្ងាត់​ជាង​គេ​បើ​ប្រៀប​ធៀប​ទៅ​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​។ ពួក​បាតុ​ករ​​ទាម​ទារ​ថែម​ទៀត​ក្រៅ​ពី​ការ​បណ្តេញ​រដ្ឋ​មន្ត្រី​ពុក​រលួយ​មួយ​ចំនួន​ចេញ​ឱ្យ​មាន​សេរី​ភាព​សារ​ព័ត៌​មាន​ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​ទូលំ​ទូលាយ​។ ក៏​ប៉ុន្តែ​ពួក​គេ​ពុំ​អំពាវ​នាវ​ឱ្យ​ផ្តួល​រំលំ​ព្រះ​មហា​ក្សត្រ​ឡើយ​។ ដើម្បី​រំងាប់​បាតុ​កម្ម​ព្រះ​មហា​ក្សត្រ​អូម៉ង់​ព្រះ​ចៅ​ស៊ុល​តង់​ QABOUS BIN SAID បាន​ដក​ហូត​តំណែង​រដ្ឋ​មន្ត្រី​មួយ​ចំនួន និង​សន្យា​បង្កើត​ការ​ងារ​ថ្មីៗ​ក្នុង​មុខ​តំំណែងសាធា​រណៈ ៕

យុទ្ធ​នា​ការ​ផ្សព្វ​ផ្សាយ​ការ​ផាក​ពិន័​យលើ​ការ​​បោះ​សំរាម​ពាស​វាល​ពាស​កាល

Posted: 03 Apr 2011 12:26 AM PDT

ក្នុង​ការ​ប្រារព្ធ​​កម្ម​វិធី​ផ្សព្វ​ផ្សាយ​រយៈ​ពេល​មួយ​ព្រឹក​នេះ

ខេត្ត​កំពត​ ៖ នៅ​ក្នុង​បរិវេណ​រង្វង់​មូល​ក្រុង​កំពត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១​ មីនា ដំណាច់​ខែ​កន្លង​មក​នេះ​ យុទ្ធ​នា​ការ​ផ្សព្វ​ផ្សាយ​ការ​ផាក​ពិន័យ​លើ​ការ​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល​​ និង​ដង្ហែ​​ក្បួន​សំអាត​អនា​ម័យ​រួម​គ្នា​នៅ​ទូ​ទាំង​​ក្រុង​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​​លោកខូយ ឃុន​ហ៊ួរ​ អភិ​បាលខេត្ត​ និង​ជា​ទី​ប្រឹក្សា​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រីនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។​

ក្នុង​ការ​ប្រារព្ធ​​កម្ម​វិធី​ផ្សព្វ​ផ្សាយ​រយៈ​ពេល​មួយ​ព្រឹក​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​មន្ទីរ​ ស្ថាប័ន​នានា​ជុំ​វិញ​ខេត្ត​ មន្ត្រី​រាជ​ការ​ និង​កំលាំង​ប្រដាប់​អាវុធ​ ប្រជា​ពល​រដ្ឋ​ សិស្ស​ និស្សិត​ ព្រះ​សង្ឃ​ និង​ក្រុម​ការ​ងារ​ផង​ដែរ​សរុប​ចំនួន​​ទាំង​អស់​១.៧៤៥​នាក់​។

លោក​ខូយ ឃុន​ហ៊ួរ បាន​ថ្លែងថា រាជ​រដ្ឋា​ភិ​បាល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ក្នុង​​នីតិ​កាល​​ទី​៤​នៃ​រដ្ឋ​សភា​ ក្រោម​កិច្ច​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន បាន​ដាក់​ចេញ​​យុទ្ធ​សាស្ត្រ​ចតុ​កោណ​​ដំណាក់​កាល​ទី​២ ដែល​​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​​ទៅ​លើ​វិស័យ​៤​​រួម​មាន​ ទឹក​ ផ្លូវ ភ្លើង និង​មនុស្ស​។ ជាមួយ​នឹង​​ការ​យក​ចិត្ត​ទុក​ដាក់​វិស័យ​ទាំង​៤​​របស់​រាជ​រដ្ឋា​ភិ​បាល​នេះ ​ខេត្ត​កំពត​ក៏​មាន​ភ័ព្វ​សំណាង​​បាន​ទទួល​សមិទ្ធ​ផល​ធំៗ​ដែល​ទាក់​ទង​នឹង​វិស័យ​ទាំង​៤​នេះ​ផង​ដែរ​។ លទ្ធ​ផល​ធ្វើ​បាន​នា​ពេល​ថ្មីៗ​នេះ ដូច​ជា​ស្តូប​អនុ​ស្សាវ​រីយ៍​មិត្ត​ភាព​កម្ពុជា​-វៀត​ណាម​ត្រូវ​បាន​ជួស​ជុល​ និង​កែលំអ​​ឡើង​វិញ​យ៉ាង​ស្អាត​ កសាង​ផ្លូវ​ចាក់​បេតុង​ទៅ​សង្កាត់​ត្រើយ​កោះ​ ព្រម​ទាំង​ស្ពាន​សាង​សង់​មន្ទីរ​ពេទ្យ​​បង្អែក​​ សាង​សង់​ផ្លូវ​ក្រាល​កៅ​ស៊ូ​មាត់​ព្រែក​ត្រើយ​ខាង​លិច​ «ផ្លូវ​៩ មករា​» សាង​សង់​សាលា​ខេត្តថ្មី​។

លោក​បន្ត​ថា ទន្ទឹម​ នឹង​​ការ​​កសាង​គ្រប់​ហេដ្ឋា​រចនា​​សម្ព័ន្ធ​​នៅ​ក្នុង​ខេត្ត​​ទទួល​បាន​លទ្ធ​ផល​យ៉ាង​ធំ​ធេង​​នេះសូម​ប្រជា​ពល​រដ្ឋ​ និង​មន្ត្រី​រាជ​ការ​ដែល​មាន​លំនៅ​ឋានក្នុង​ក្រុង​កំពត​កុំ​យក​បាវ ឬ​វត្ថុ​អ្វី​ផ្សេង​ទៀត​បិទ​ផ្លូវ​ទឹក​ ពីព្រោះ​កន្លង​​​បង​ប្អូន​មួយ​ចំនួន​​​យក​​វត្ថុ​ទាំង​នោះ​ទៅ​បិទរន្ធ​ទឹក​បណ្តាល​ឱ្យ​ទឹក​ស្ទះ​ហៀរ​ហូរ​ពេញ​ផ្លូវ​សាធារណៈ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​។ ក្នុង​ការ​កែ​ប្រែ​​សោភ័ណ​ភាព​​អនា​ម័យ​​សំអាត​ទី​ក្រុង​​នេះ លោក​អភិ​បាល​ខេត្ត​​អំពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ​​គ្រប់​មជ្ឈ​ដ្ឋាន​ទាំង​អស់​នៅ​ក្នុង​ក្រុង​ជួយ​បង់​ថវិកា​ថ្លៃ​សំរាម​ផង​ដើម្បី​ទី​ក្រុងស្អាត​មាន​អនា​ម័យ​ល្អ​ លើក​កម្ពស់​គុណ​ភាព​ជីវិត​សំរាប់ទាំង​អស់​គ្នា ៕

មនុស្ស​១៦​នាក់​ត្រូវ​ចាប់​ជា​ចំណាប់​ខ្មាំង​នៅ​ភាគ​ខាង​ត្បូង​ហ្វ៊ី​លី​ពីន

Posted: 03 Apr 2011 12:23 AM PDT

ប៉ូលិស​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២ មេសា ថា មនុស្ស​១៦​នាក់​ ក្នុង​នោះ​មាន​គ្រូ​បង្រៀន​១៤​នាក់​ និង​កុមារ​២​នាក់​ត្រូវ​បាន​ចាប់​ពង្រត់​ក្នុង​ឱកាស​នៃ​ពិធី​មួយ​ប្រារព្ធ​ធ្វើ​នៅ​សាលា​បឋម​សិក្សា​មួយ​លើ​កោះ​មីន​ដា​ណាវភាគ​ខាង​ត្បូង​ហ្វ៊ី​លី​ពីន​។

ពួក​អ្នក​ចាប់​ពង្រត់​ទាម​ទារ​ឱ្យ​ដោះ​លែង​សមា​ជិក​៤​នាក់​នៃ​កុល​សម្ព័ន្ធ​របស់​ពួក​គេ​គឺ​កុល​សម្ព័ន្ធ​ម៉ា​ណូ​បូ ដែល​ត្រូវ​ចាប់​​ឃុំ​ឃាំង​ បន្ទាប់​ពី​ការ​ចាប់​ចំណាប់​ខ្មាំង​មួយ​កាល​ពី​ឆ្នាំ​២០០៩ ក្នុង​ទី​ក្រុង​ដដែល​នេះ គឺ​ទី​ក្រុង​ PROSPERIDAD ស្ថិត​នៅ​តំបន់​ដាច់ស្រយាល​នៃ​ខេត្ត AGUSAN DEL SUR (ភាគ​ខាង​កើត​កោះ​មីន​ដា​ណាវ​) ។ បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​ប៉ូលិស​មូល​ដ្ឋាន​បញ្ជាក់​ថា ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ទាំង​នេះ​ភាគ​ច្រើន​ជា​គ្រូ​បង្រៀន​ និង​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ក្រសួង​អប់រំ​ ហើយ​ក៏​មាន​កុមារ​២​នាក់​ ម្នាក់​អាយុ​១០​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​១៣​ឆ្នាំ​ផង​ដែរ ៕

លោក​អូ​បាម៉ា​មាន​បំណង​ឈរ​ឈ្មោះ​ធ្វើ​ប្រធានា​ធិបតីមួយ​អាណត្តិ​ទៀត

Posted: 03 Apr 2011 12:18 AM PDT

ប្រធានា​ធិបតី​អាមេរិក​លោក​បារ៉ាក់​ អូ​បាម៉ា

ប្រធានា​ធិបតី​អាមេរិក​លោក​បារ៉ាក់​ អូ​បាម៉ា ត្រៀម​លាត​ត្រដាង​រឿង​សំងាត់មួយ​​ក្នុង​ចំណោម​រឿង​សំងាត់​ដែល​ពិបាក​បិទ​បាំង​ជិត​របស់​ក្រុង​​វ៉ា​ស៊ីន​តោន គឺ​រឿង​ដែល​លោក​ត្រៀម​ឈរ​ឈ្មោះ​​បោះ​ឆ្នោត​ប្រធានា​ធិបតី​ក្នុង​ឆ្នាំ​២០១២​ទៀត​។

បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ដែល​ជិត​​ដិត​នឹង​សំណុំ​រឿង​នេះ​​ពន្យល់​កាល​ពី​ថ្ងៃ​ទី​២ មេសា ថា ប្រមុខ​​សេត​វិមាន​​នឹង​ផ្តល់​ចាប់​ពី​សប្តាហ៍​ខាង​មុខ​នេះ​ទៅ​នូវ​ឯក​សារ​ចាំ​បាច់​ទាំង​ឡាយ​ដល់​គណៈ​កម្មា​ធិការ​បោះ​ឆ្នោត​សហព័ន្ធ​។ រង់​ចាំ​តាំង​ពី​យូរ​មក​ហើយ​បែប​បទ​រដ្ឋ​បាល​​នេះ​នឹង​អាច​ឱ្យ​លោក​អូ​បា​ម៉ា​ចាប់​ផ្តើម​ដក​យក​​ជា​ផ្លូវ​ការ​នូវ​​មូល​និធិ​ទាំង​ឡាយ​សំរាប់​ការ​ឃោសនា​បោះ​ឆ្នោត​ដែល​ទី​តាំង​សំរាប់​រៀប​ចំ​ការ​ឃោសនា​នោះ​របស់​លោក​ស្ថិត​នៅ​ទី​ក្រុង​សីុ​កា​ហ្គោ​។ លោក​បារ៉ាក់​ អូបាម៉ា​ អាច​ប្រមូល​ប្រាក់​បាន​ដល់​ទៅ​៧៥០​លាន​ដុល្លារ​សំរាប់​យុទ្ធ​នា​ការ​ឃោសនា​បោះ​ឆ្នោត​ដែល​ទទួល​បាន​ជោគ​ជ័យ​កាល​ពី​ឆ្នាំ​២០០៨​ ៕

បាតុ​កម្ម​ហិង្សា​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ស្លាប់​១០​នាក់​​ក្រោយ​ការ​ប្រមាថ​គម្ពីរ​កូ​រ​អាន​មួយ

Posted: 03 Apr 2011 12:15 AM PDT

នៅ​ទី​ក្រុង​កាន់​ដា​ហារ​ភាគ​ខាង​ត្បូង​អាហ្វ​ហ្គា​នី​ស្ថាន

មនុស្ស​១០​នាក់​បាន​ត្រូវ​ស្លាប់​កាល​ពី​ថ្ងៃ​ទី​២ មេសា​ នៅ​ទី​ក្រុង​កាន់​ដា​ហារ​ភាគ​ខាង​ត្បូង​អាហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ថ្ងៃ​ទី​២ នៃ​បាតុ​កម្ម​ប្រឆាំង​នឹង​ការ​ប្រមាថ​គម្ពីរ​កូរ​អាន​មួយ​ដោយ​គ្រូ​ប្រដៅ​សាសនា​កា​តូ​លិក​ជ្រុល​និយម​ម្នាក់​របស់​អាមេរិក​​។ អាជ្ញា​ធរ​បញ្ជាក់​ថា អំពើ​ហិង្សា​ទាំង​ឡាយ​ក៏​បណ្តាល​ឱ្យ​មនុស្ស​៨៣​នាក់​ត្រូវ​របួស​ផង​ដែរ​។ មុន​នេះ​នៅ​ក្រុង​ម៉ា​ហ្សា​រ​អ៊ី​សា​រីហ្វ​ ភាគ​ខាង​ជើង​ប្រទេស​ និយោ​ជិត​បរទេស​​៣​នាក់​របស់​​អ.ស.ប​បាន​ត្រូវ​សម្លាប់​ដោយ​ពួក​បាតុករ​។ នៅ​ក្រុង​កាន់​ដា​ហារ​មនុស្ស​ប្រមាណ​ជា​១៥០​នាក់​បាន​នាំ​​គ្នា​​ធ្វើ​បាតុ​កម្ម​នៅ​តាម​ដង​វិថី​ទាំង​ឡាយ​ដើម្បី​បរិហារ​ប្រឆាំង​នឹង​អ្នក​​ប្រដៅ​សាសនា​នៅ​រដ្ឋ​ផ្លរី​ដា​របស់​អាមេរិក​ លោក​ TERRY JONES ដែល​បាន​យក​គម្ពីរ​កូរ​អាន​មួយ​ទៅ​ដុត​ចោល​​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​២០​ មីនា កន្លង​មក​នេះ​។​

ការ​ដុត​គម្ពីរ​កូរ​អាន​នេះ​ដែលមាន​ផ្សាយ​តា​​​ម​អ៊ីន​ធើរ​ណេត​ទទួល​ការ​រិះ​គន់​ពី​សំណាក់​ប្រធានា​ធិបតី​អាហ្វ​ហ្គា​នី​ស្ថាន​ លោក​ហា​មីដ​ កា​ហ្សៃ​ ដែល​អំពាវ​នាវ​ឱ្យ​រក​យុត្តិ​ធម៌​ដែល​ជំរុញ​ឱ្យ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ធ្វើ​បាតុ​កម្ម​នៅ​តាម​ទី​ក្រុង​ជា​ច្រើន​។ ពេល​សួរ​អំពី​ផល​វិបាក​នៃ​អំពើ​របស់​លោក​អ្នក​ប្រដៅ​សាសនា​អាមេរិក​រូប​នោះ​ថ្លែង​ប្រាប់​ទូរ​ទស្សន៍​ BBC ថា លោក​ពុំ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា​ទាំង​នេះ​ឡើយ។ ពួក​បាតុករ​នៅ​ក្រុង​កាន់​ដាហារ​ដែល​ជា​ច្រើន​នាក់​កាន់​ទង់​ជាតិ​របស់​ពួក​តា​លី​បង់​ផង​ ព្រម​ទាំង​ស្រែក​ពាក្យ​​ស្លោក​នានា​គាំ​ទ្រ​ពួក​តា​លីបង់​បាន​នាំ​គ្នា​​ដុត​កង់​រថ​យន្ត ​លុក​​ចូល​បំផ្លាញ​ហាង​ទំនិញ​ទាំង​ឡាយ និង​សាលា​វិទ្យា​ល័យ​មួយ​សំរាប់​សិស្ស​ស្ត្រី​។ អំពើ​ហិង្សា​មាន​រយៈ​ពេល​ជា​ច្រើន​ម៉ោង​។ ប៉ូលិស​២​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់៕

បង្ក្រាប​​​បទល្មើស​​ឈើ​ខុសច្បាប់​២​​ករណី​ ​​រឹបអូស​​បាន​រថយន្ត​​២គ្រឿង​ ម៉ូតូ​៣​គ្រឿង និង​ឈើ​​៤៣៧​ដុំ

Posted: 03 Apr 2011 12:12 AM PDT

សមត្ថកិច្ច​​បាន​បង្ក្រាប​​​បទល្មើស​​​ឈើ​ខុសច្បាប់ ប្រភេទ​គ្រញូង ​២លើក​​ផ្សេង​ពីគ្នា

​ខេត្ត​កំពត​ ៖ ​​សមត្ថកិច្ច​​រដ្ឋបាលព្រៃ​ឈើ​​​កំពត សហការជាមួយប៉ូលិស​​​​​​ប្រឆាំង​បទល្មើស​​សេដ្ឋកិច្ច​ និងកម្លាំង​​កង​រាជអាវុធ​ហត្ថ​ខេត្ត បាន​បង្ក្រាប​​​បទល្មើស​​​ឈើ​ខុសច្បាប់ ប្រភេទ​គ្រញូង ​២លើក​​ផ្សេង​ពីគ្នា ​គឺ​ចុង​ខែ​មីនា និង​ដើមខែ​មេសា ​២០១១​នេះ ។ យោង​តាម​​ប្រភពព័ត៌​មាន​​​ពី​មន្ត្រីរដ្ឋបាល​​​ព្រៃឈើ​​កំពត​បាន​ឱ្យ​ដឹង​ថា ​​បង្ក្រាប​​លើក​ទី​​​១​គឺ​កាល​ពីថ្ងៃទី​​​​​២៨ មីនា ២០១១ ​វេលាម៉ោង​​​២​និង​​១៥​នាទី​រំលង​​​​អធ្រាត្រ​​​​​សមត្ថកិច្ច​​រដ្ឋបាលព្រៃ​ឈើ​​កំពត​បាន​សហការ​ជាមួយកម្លាំង​​នគរបាល​ប្រឆាំង​​បទល្មើស​​​សេដ្ឋ​កិច្ច និងកង​រាជអាវុធ​ហត្ថ​​ខេត្ត ពួនស្ទាក់​​ចាប់​បាន​រថ​យន្ត​​​កាមរី​ ស៊េរី​​​​ឆ្នាំ​៨៥ ពណ៌ស ​មួយគ្រឿង ​ដោយ​​ផ្ទុក​ឈើ​គ្រញូង​​២១៣​ដុំ និង​​ម៉ូតូ​ម៉ាក CD ៣គ្រឿង ដែលឈ្មួញ​ដឹក​​ឈើ​បំរុង​​​ចេញ​ទៅ​លក់នៅ​​​ប្រទេស​វៀត​ណាម ​នៅចំណុច​ភូមិ​​ថ្កូវ ​ឃុំ​ឫស្សី​​ស្រុក​ខាង​​លិច ស្រុក​​កំពង់ត្រាច ។ ​

ការចុះ​បង្ក្រាប​​​ដោយ​​កម្លាំង​​សហ​ការ​​នេះ​​ត្រូវ​បាន​​កង​រាជអាវុធហត្ថ​​​ខេត្ត​នាំ​យក​វត្ថុ​តាង​​​ទាំង​នោះ​ទៅរក្សា​ទុក​នៅ​អង្គ​ភាព​​របស់គេ ពុំ​បាន​​នាំ​មក​រក្សា​​ទុក​​ទៅ​ខណ្ឌ​រដ្ឋបាល​​ព្រៃឈើ​​កំពត​​ទេ ។ ​​បង្ក្រាប​​លើ​ក​ទី​២ ​គឺធ្វើឡើង​​នៅរសៀលថ្ងៃ​​ទី​១ ​មីនា ២០១១ ​វេលាម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃទី​​​១ មេសា ២០១១ សមត្ថ​កិច្ច​​នគរបាល​​ចរា​ចរណ៍​​ស្រុក​កំពង់ត្រាច ​បានឃាត់​រថយន្ត​កាមរី​​ស៊េរី​​៨៩ ពណ៌ស មួយ​គ្រឿង ​ដឹកសម្ភារ​​​គួរ​សង្ស័យ ​រួច​បាន​រាយការណ៍​មក​​សង្កាត់​រដ្ឋបាល​​​ព្រៃ​ឈើ​​កំពង់​ត្រាច ​​និង​បន្ទាប់​មក​ក៏​បាន​រាយ​ការណ៍​តាម​ទូរស័ព្ទ​​ទៅ​​នាយ​ផ្នែក​រដ្ឋបាល​​ព្រៃ​ឈើ​កំពត ។ ភ្លាម​ៗ​នោះ ​លោកជួន​ សារ៉ា ​នាយ​​ផ្នែក​រដ្ឋបាល​​ព្រៃឈើ​​កំពត ក៏​បាន​រាយការណ៍​​សុំ​ដីកា​​​ពីព្រះរាជអាជ្ញា​​​សាលា​ដំបូង​ខេត្ត ​និង​សហ​ការ​​ជា​មួយ​​កម្លាំង​​កង​រាជ​​អាវុធ​​ខេត្ត ​ចុះ​ទៅ​ឃាត់​រថ​យន្ត​ ​ប៉ុន្តែ​វត្ថុ​តាង​​មានរថយន្ត​​​កាមរី​មួយ​គ្រឿង​ ពណ៌ស ​ស៊េរី​​៨៩ ​ដូច​បាន​​បញ្ជាក់​ខាងលើ ​និងឈើ​គ្រញូង​​​ផ្ទុក​​ពេញ​រថយន្ត​នោះ ពុំ​ត្រូវ​បាន​​កង​រាជ​អាវុធហត្ថ ​អនុញ្ញាត​ឱ្យ​នាំ​​​​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ក្នុងពេល​​​នោះទេ គឺខាង​កង​រាជអាវុធហត្ថ​​សុំ​យកទៅ​រក្សាទុក​​នៅក្នុងអង្គ​ភាព​​របស់ខ្លួន​​​មួយរយៈ​សិន រង់ចាំ​ថ្ងៃ​​​ចន្ទ ទី​​៤ មេសា ​២០១១ ទើប​​បញ្ជូន​មក​​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​​ព្រៃឈើ​​វិញ ៕​

ក្រុម​ក្មេង​​អន្ធ​ពាល​ជិះម៉ូតូ​ដេញ​វាយ​គេ​ពី​ក្រោយ​របួស​រដូក​រណែល ព្រោះ​សុំ​ស្រា​បៀរ​​មិន​បាន

Posted: 02 Apr 2011 11:52 PM PDT

យ៉ាង​ហោចណាស់​​មាន​មនុស្ស​​៤នាក់​បានរង​របួស​ធ្ងន់ដោយសារក្រុម​ក្មេង​​អន្ធ​ពាល​ជិះម៉ូតូ​ដេញ​វាយ

​ខេត្តស្ទឹង​ត្រែង​ ៖ ​យ៉ាង​ហោចណាស់​​មាន​មនុស្ស​​៤នាក់​បានរង​របួស​ធ្ងន់ ខ្លះ​​បញ្ជូន​ចូល​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត និង​ខ្លះ​​បញ្ជូនទៅ​កាន់​រាជ​ធានី​​ភ្នំពេញ ​​ដើម្បី​សង្គ្រោះ​​បន្ទាន់ ​បន្ទាប់ពី​​​​ពួក​អន្ធ​ពាល​​មួយ​ក្រុម​​តាម​សុំ​​​ស្រាបៀរ ដែលសេសសល់​ពី​​អ្នក​រត់​តុ​​ក្នុងពិធី​​មង្គល​ការមិនបាន ​ព្រោះ​គេ​ត្រូវ​​ប្រមូល​ស្រាបៀរ​​ទាំង​​នេះ​ត្រឡប់​​​ទៅ​​ផ្ទះវិញ ​ដើម្បី​​​ទូ​ទាត់​ថ្លៃ​​ខាត​ ឬ​​ចំណេញ ​​គឺ​​ដោយ​សារ​សុំ​ពុំ​បាន​នេះ​ហើយ​​ទើប​​កើត​មាន​ចិត្ត​​ភ្លើងដេញ​​វាយ​អ្នក​គ្រប់គ្រង​​ស្រាបៀរ​ បណ្តាល​ឱ្យ​ខ្លះ​សន្លប់​​​ស្តូក​ស្តឹង​ ខ្លះ​​ដក​ដង្ហើម​​​ចង្រិត​​​សង្គ្រោះ​​ស្ទើរមិន​ទាន់ ។​

ហេតុការណ៍​នេះ​​បានកើតឡើង​នៅក្រោយ​​​ស្ថានីយ​​ប្រេង​​ឥន្ធនៈដែង​ភារម្យ ចម្ងាយ​​ពី​រង្វង់​មូល​​ថ្មី​​ប្រហែលជា​​១០០ម៉ែត្រ ​ចំ​កណ្តាល​​ក្រុង​ស្ទឹង​​ត្រែង ​កាលពីវេលាម៉ោង​​១២​និង​​១៥​នាទី​​រំលង​​អធ្រាត្រ​ឈានចូលថ្ងៃទី​​​២ មេសា ២០១១។ តាម​ប្រភពព័ត៌មាន​​នៅកន្លែងកើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា ​​ក្រុម​ជន​រងគ្រោះ​ជិះម៉ូតូ​​កង់​​បី​មាន​គ្នា​៨​ទៅ​​៩នាក់ និង​មាន​ផ្ទុក​​ស្រាបៀរ​​លើ​នោះ​ផងដែរ ​ដែលសល់ពី​​ពិធី​​​មង្គល​ការ បន្ទាប់​មកស្រាប់តែ​​មាន​ម៉ូតូ​មួយគ្រឿង​​ម៉ាក​វីវ៉ា ស៊េរី​​២០០៦ ពាក់ស្លាកលេខ ស្ទឹងត្រែង ​1A-0341 ពណ៌ខ្មៅ ​​មកពី​ក្រោយ​​ក្នុងល្បឿន​លឿន​​ អ្នកជិះ​​ប្រដាប់​ដោយ​​ដំបង និង​​​បំពង់ទីប វាយទៅលើ​​​ក្រុមជន​​រងគ្រោះ​​ជិះលើ​ម៉ូតូ​​​​​កង់​​បី​នោះ ​ធ្លាក់​ពីលើ​ម៉ូតូ​​ពីរនាក់​​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​។ ចំណែក​អ្នកបើក​​ម៉ូតូវីវ៉ា​ក៏​បាន​ដួល​​​ធ្លាក់ពីលើ​ម៉ូតូ​​បណ្តាល​ឱ្យ​​របួស​ធ្ងន់ផងដែរ ដោយ​ឡែក​​​គ្នា​របស់​គេ​​ដែល​មិន​​​រង​របួស​បាន​​​ដេញ​វាយគេ​បន្តទៀត ​​បណ្តាល​​ឱ្យ​​​បែក​ក្បាល​ហូរ​ឈាម​ដាប​​​ពេញថ្នល់ ។

អ្នក​ជិះ​លើ​​ម៉ូតូ​​កង់​បីម្នាក់​បាន​​សន្លប់​​ ឃើញ​ដូច្នេះ​​ក្រុម​ជន​រងគ្រោះ​​បានចុះ​ពីលើ​ម៉ូតូ​​កង់​បី​​បម្រុង​​​​ជួយ​គ្នា ស្រាប់​​តែ​មាន​រថយន្ត​​កាមរី ​​ជា​បក្ស​ពួក​ក្រុម​​បង្ក​បាន​បើក​​​ដេញ​​​​​បុក​ក្រុម​​ជន​រង​គ្រោះ​​យ៉ាង​​​ប៉ផាប់​ពភីង ​បណ្តាល​ឱ្យ​​ខ្លះ​រត់​គេច​​ខ្លួន​​​ទាន់ ខ្លះ​ត្រូវ​​រថយន្ត​បុក​ស្ទើរ​ស្លាប់​​​ស្ទើរ​រស់ ​រួច​រថយន្ត​បង្ក និង​ម្នាក់ទៀត​​​ជា​បក្ស​ពួក​បាន​រត់​​គេច​​ខ្លួនបាត់​បន្សល់​​​ទុក​​​អ្នក​​រង​របួស​​ជិះ​​កង់​បី​​ដួល​ត្រូវ​គេ​វាយសន្លប់ និង​អ្នក​​បើកម៉ូតូ​​វីវ៉ា ​ដេញ​តាម​វាយគេ​​ដួល​ខ្លួន​ឯង​នោះ​រង​​របួសធ្ងន់​ត្រូវ​បញ្ជូន​​ចូល​មន្ទីរ​ពេទ្យ ។​

មន្ត្រី​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ ស្នងការ​ដ្ឋាន​​ខេត្ត​បាន​ឱ្យ​ដឹង​ថា អ្នកដែល​​រង​របួស​ត្រូវ​បញ្ជូន​​ចូល​មន្ទីរពេទ្យ​​ មាន​ចំនួន​​​៤​នាក់ គឺ​​​១-​ឈ្មោះ​​​គា សុរស់ អាយុ​២៥​ឆ្នាំ ​មានស្រុក​​កំណើត​​ភូមិ​​សំណាក់​ត្បូង ​​ឃុំបា​រាយណ៍​ ស្រុក​​ព្រៃ​​ឈរ​ ខេត្ត​កំពង់ចាម ​​មុខរបរ​ទិញអេត​ចាយ ​រង​របួស​ធ្ងន់ ដោយ​រថយន្ត​​ដេញ​​​បុក ២-ឈ្មោះ​​​​ង៉ួន សុពៅ អាយុ​​២៣​ឆ្នាំ ​​មុខរបរ​​ទិញអេត​ចាយ ​រស់​នៅ​ភូមិ​​-​ឃុំ​​ជាមួយ​គា សុរស់ ​បច្ចុប្បន្ន​​មក​​ស្នាក់នៅ​បណ្តោះ​អាសន្ន​​ក្នុងដេប៉ូ​​ទិញ​អេត​ចាយ​ក្នុងភូមិ​​កណ្តាល សង្កាត់ស្ទឹង​​ត្រែង ​​​៣-ឈ្មោះ​​មាស សុពិសិដ្ឋ ​អាយុ​២១​ឆ្នាំ ​រស់នៅភូមិ​​លើ សង្កាត់​ស្រះ​ឫស្សី ​ក្រុងស្ទឹង​ត្រែង ​រង​របួស​​ធ្ងន់​បញ្ជូន​ទៅ​កាន់​​​រាជធានីភ្នំពេញ ​​​ជន​នេះ​​ជាបក្ស​ពួក​​​បង្កហេតុ​​ និង​ជា​អ្នក​​ប្រដេញម៉ូតូ​វាយ​​គេ​ ហើយ​​​ជ្រុល​ចង្កូត​​​ដួលខ្លួន​​ឯង និង​​៤-​ឈ្មោះ​​​ចាន់ បុរី អាយុ​២១​ឆ្នាំ ​ជា​សិស្ស​​ នៅ​ភូមិ​​ព្រែក​​ សង្កាត់​ស្ទឹង​ត្រែង ​រង​របួស​​ធ្ងន់ ដោយ​​សារ​ការ​​ព្រួត​វាយ​​ពី ក្រុម​​ផ្សេង​ទៀត​​​ជិះម៉ូតូ​​​ពីរ​គ្រឿង​​មានគ្នា​​៥នាក់ ​ខណៈ​​​ពេល​កំពុង​មើល​អ្នក​របួស​​នៅលើ​ថ្នល់​។ ​​ចំណែក​​​បក្ស​ពួក​​បង្ក​​​ទាំង​ប៉ុន្មាន​​​​ក្រុម​​​ក្រោយ​​​ធ្វើ​សកម្ម​ភាព​វាយ​តប់​ទៅលើជន​រងគ្រោះ​​រួច​មក ត្រូវ​រត់​គេ​ចខ្លួន​​បាត់​ស្រមោល​​​ ឥឡូវ​នេះ​​សមត្ថ​កិច្ច​​កំពុង​តាម​​ចាប់​ខ្លួន និង​កសាង​សំណុំ​រឿង ៕​

ពិធី​បិទ​អាង​ស្តុក​ទឹក​គម្រោង​វារី​អគ្គិ​សនី​កំចាយ

Posted: 02 Apr 2011 11:38 PM PDT

នៅ​ការ​ដ្ឋាន​ទំនប់​វារី​អគ្គិ​សនី​កំចាយ
ពិធី​បិទ​អាង​ស្តុក​ទឹក​គម្រោង​វារី​អគ្គិ​សនី​កំចាយ

ខេត្ត​កំពត ៖ ​នា​ព្រឹក​ថ្ងៃ​ទី​១ មេសា នៅ​ការ​ដ្ឋាន​ទំនប់​វារី​អគ្គិ​សនី​កំចាយ ​មាន​ប្រារព្ធ​ពិធី​បិទ​អាង​ស្តុក​ទឹក​នៅ​ទំបន់​​ទី៣ ដែល​ខ្ពស់​ជាង​គេ​បំផុត ​នៅ​ក្នុង​ការ​ដ្ឋាន​​ទំនប់​វារី​អគ្គិ​សនី​ភ្នំ​កំចាយ។ កម្ម​វិធី​នេះ​មាន​ការ​ចូល​រួម​ពី​លោក​សយ ភិរម្យ អនុ​រដ្ឋ​លេខា​ធិការ​​ក្រសួង​​ឧស្សាហ​កម្ម រ៉ែ និង​ថាម​ពល លោក​ខូយ ឃុនហ៊ួរ អភិ​បាល​ខេត្ត លោក​បណ្ឌិត ប៊ុន ណារិទ្ធ អគ្គ​នាយក​រង​ថាម​ពល លោក​មុជ ឈុន​ហ៊ន ប្រធាន​នាយក​​ដ្ឋាន​វារី​អគ្គិ​សនី ​ប្រតិភូ​ក្រុម​ការ​ងារ​នៅ​ក្នុង​ខេត្ត និង​មន្ត្រី​នាយក​​ដ្ឋាន​វារី​អគ្គិ​សនី តំណាង​ក្រុម​បច្ចេក​ទេស​វារី​អគ្គិ​សនី​សរុប​ជាង​១០០​នាក់​។

លោក​យ៉ាន់ ហុង​វ៉ៃ ប្រធាន​វិស្វករ​បច្ចេក​ទេស​ទំនប់​វារី​អគ្គិ​សនី​បាន​ឱ្យ​ដឹង​ថា ​ការ​ដ្ឋាន​សាង​សង់​ទំនប់​វារី​អគ្គិ​សនី​កំចាយ​នេះ បាន​សាង​សង់​រួច​រាល់​៩០%ហើយ។ ទំនប់​​ទី៣​នេះ​មាន​​ទទឹង​បាត​ក្រោម​១២០​ម៉ែត្រ កម្ពស់​១១២​ម៉ែត្រ ខ្នង​លើ​៦​ម៉ែត្រ បណ្តោយ​៥៦៨​ម៉ែត្រ និង​ចំណាយ​បេតុង​ចាក់​អស់​១៤៨​ម៉ឺន​ម៉ែត្រ​គូប។ លោក​ប្រធាន​វិស្វ​ករ​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ឆ្នាំ​២០០៩​កន្លង​មក រោង​ចក្រ​អគ្គិ​សនី​ទី២ បាន​បញ្ចេញ​ភ្លើង​ដែល​មាន​ថាម​ពល​១០,១​​មេហ្កា​វ៉ាត់ ឱ្យ​ប្រើ​ប្រាស់​សម្រាប់​ការ​ដ្ឋាន​វារី​អគ្គិ​សនី​កំចាយ​ទាំង​មូល។ ចំណែក​រោង​ចក្រ​អគ្គិ​សនី​​ទី៣ មាន​កម្លាំង​ថាម​ពល​៤​មេហ្កា​វ៉ាត់ ហើយ​​នឹង​បញ្ចេញ​ភ្លើង​ឱ្យ​ប្រើ​ប្រាស់​ចាប់​ពី​ថ្ងៃ​ទី១​ ឧសភា ឆ្នាំ​២០១១ តទៅ។

គួរ​បញ្ជាក់​ដែរ​ថា នៅ​ការ​ដ្ឋាន​វារី​អគ្គិ​សនី​កំចាយ​ទាំង​មូល​បាន​បែង​ចែក​ជា​៣​រោង​ចក្រ​អគ្គិ​សនី កម្លាំង​ថាម​ពល​សរុប​ទាំង​អស់​១៩៤,១​មេហ្កា​វ៉ាត់។ រោង​ចក្រ​ទី១ មាន​កម្លាំង​ថាមពល​១៨០​មេហ្កា​វ៉ាត់ (ទំនប់​ទី៣) នៅ​ថ្ងៃ​ទី​១ កក្កដា ឆ្នាំ​២០១១ បញ្ចេញ​ភ្លើង​ឱ្យ​ប្រើ​ប្រាស់​៦០​មេហ្កា​វ៉ាត់ លុះ​ដល់​ថ្ងៃ​ទី​១១ កញ្ញា ឆ្នាំ​២០១១ ​បញ្ចេញ​ភ្លើង​ឱ្យ​ប្រើ​ប្រាស់​៦០​មេហ្កា​វ៉ាត់​​ថែម​ទៀត​ និង​ដល់​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ​២០១១ ​បញ្ចេញ​ភ្លើង​ឱ្យ​ប្រើ​ប្រាស់​៦០​មេហ្កា​វ៉ាត់​ថែម​ទៀត។​ រោង​ចក្រ​ទី​២ (ទំនប់​ទី២) មាន​កម្លាំង​ថាម​ពល​១០,១​មេហ្កា​វ៉ាត់ ដែល​បាន​ប្រើ​ប្រាស់​ក្នុង​ឆ្នាំ​២០០៩ កន្លង​មក។ រោង​ចក្រ​អគ្គិ​សនី​​ទី៣ (ទំនប់​ទី១) មាន​កម្លាំង​ថាម​ពល​៤​មេហ្កា​វ៉ាត់​នឹង​​បញ្ចេញ​ភ្លើង​ឱ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១១។ តាម​ការ​អះ​អាង​របស់​លោក​ខូយ ឃុន​ហ៊ួរ អភិ​បាល​ខេត្ត​​ កាល​ពី​ថ្ងៃ​ទី​៣១ មីនា ឆ្នាំ​២០១១​នេះ​ថា ថាម​ពល​ភ្លើង​១៩៣​មេហ្កា​វ៉ាត់ ​នឹង​បញ្ចេញ​ឱ្យ​ប្រើ​ប្រាស់​សម្រាប់​ខេត្ត​តាកែវ កំពត ព្រះ​សីហនុ កំពង់​ស្ពឺ និង​រាជ​ធានី​ភ្នំពេញ។

លោក​ប្រធាន​វិស្វករ​បាន​រំលឹក​ថា ការ​ស្តុក​ទឹក​សម្រាប់​វារី​អគ្គិ​សនី​នេះ​មាន​ចំណុះ​ទឹក​៧១៧.៣០០.០០០ម៉ែត្រ​គូប ហើយ​ចំពោះ​ប្រព័ន្ធ​ទឹក​ស្អាត​ក្រុម​ហ៊ុន​ដាក់​ប្រព័ន្ធ​លូបន្ត​ផ្ទាល់​ពី​កម្លាំង​ទឹក​ស្តុក​នោះ​ផ្តល់​មក​មិន​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ទឹក​ស្អាត​នៅ​ក្នុង​ខេត្ត​ទេ រីឯ​កន្លែង​ទេស​ចរណ៍​ទឹក​ឈូវិញ​ក៏​មាន​ទឹក​ជ្រោះ​ហូរ​មក​ធម្មតា​ដូច​ដើម​វិញ៕

សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ កាំង ហ្កេកអ៊ាវ ហៅ​ឌុច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១

Posted: 02 Apr 2011 11:26 PM PDT

កាំង ហ្កេកអ៊ាវ ​ហៅ​ឌុច ​បាន​​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ចុង​ក្រោយ​ដែល​មាន​​រយៈ​​ពេល​២៥នាទី

រាជធានីភ្នំពេញ ៖​ យោង​តាម​សាលា​ក្តី​​ខ្មែរ​​ក្រហម​ឲ្យ​ដឹង​ថា ​​កាំង ហ្កេកអ៊ាវ ​ហៅ​ឌុច ​បាន​​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ចុង​ក្រោយ​ដែល​មាន​​រយៈ​​ពេល​២៥នាទី ​នៅ​ចំពោះ​មុខ​​អង្គ​ជំនុំ​ជម្រះ​​តុលា​ការ​កំពូល​នៃ​​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​ក្នុង​​តុលា​ការ​​កម្ពុជា​ (អ.វ.ត.ក) ​នៅ​ចុង​បញ្ចប់​នៃ​​សវនាការ​​សាធារណៈ​លើ​បណ្តឹង​សា​ទុក្ខ​ក្នុង​សំណុំ​រឿង​​០០១ ​ថ្ងៃ​ទី៣០ ខែមីនា ​ឆ្នាំ២០១១។ ​កាំង ​ហ្កេក​​អ៊ាវ ​បាន​ស្នើ​សុំ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​តុលាការ​​កំពូល​លើកលែងការចោទប្រកាន់ និងដោះលែង​រូប​គាត់។ គាត់ប្តឹងសាទុក្ខប្រឆាំងនឹងសាល​ក្រម​របស់អង្គជំនុំជម្រះសាលាដំបូងថ្ងៃទី២៦ ខែ​កក្កដា ឆ្នាំ២០១០ ដែលកាត់ទោសដាក់ពន្ធនា​គារ​គា​ត់រយៈពេល៣៥ឆ្នាំ។

អង្គជំនុំជម្រះសាលាដំបូងរកឃើញថា ឌុច មានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ​និងការ​រំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទី​ក្រុងហ្សឺណែវឆ្នាំ១៩៤៩ នៅក្នុងតួនាទីរបស់គាត់​ជាប្រធាន​មន្ទីរ​សន្តិ​សុខ ស-២១។ សហព្រះ​រាជ​អាជ្ញាបានសំណូមពរឲ្យអង្គជំនុំជម្រះតុលាការ​កំពូលផ្តន្ទាទោស​ឌុច​ដាក់ពន្ធនាគារអស់មួយជីវិត បន្ទាប់មកកាត់បន្ថយមកនៅ៤៥ឆ្នាំ ដើម្បីជា​ការទូទាត់ចំពោះ​ការឃុំខ្លួនគាត់ខុស​នីតិវិធីច្បាប់​ក្នុងអំឡុងពេលចន្លោះ​ពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​១៩៩៩ ដល់ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ២០០៧ មុន​ពេលដែលគាត់ត្រូវបានបញ្ជូនមកមន្ទីរឃុំឃាំង​របស់ អ.វ.ត.ក។ សេចក្តីថ្លែងការណ៍ចុងក្រោយ​ ជាការបញ្ចប់​សវនាការលើបណ្តឹងសាទុក្ខរយៈពេលបីថ្ងៃដែល​ក្នុងអំឡុងពេលនោះអង្គជំនុំជម្រះតុលាការកំពូល​បានស្តាប់ការសាទុក្ខពីជនត្រូវចោទ​ ពីសហ​ព្រះ​រាជអាជ្ញា និងពីដើមបណ្តឹងរដ្ឋប្បវេណី។

ដើមបណ្តឹងរដ្ឋប្បវេណី បានប្តឹងសាទុក្ខអំពី​សំណងរដ្ឋប្បវេណីដែលមានចែងនៅក្នុងសាល​ក្រមរបស់អង្គជំនុំជម្រះសាលាដំបូង និងអំពី​ការ​បដិសេធពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្ប​វេណីដោយអង្គ​ជំនុំជម្រះ​សាលាដំបូង។​សាធា​រណ​ជនជាង​២.០០០នាក់ បានតាមដាន​ដំណើរ​ការ​សវនាការលើ​បណ្តឹងសាទុក្ខនៅឯសាល​សវនា​ការរបស់អ.វ.ត.ក៕

ទិវា​ទឹក​ពិភព​លោក​​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​​នៅ​បរិវេណ​វត្ត​វិហារ​សសរ​១០០

Posted: 02 Apr 2011 11:21 PM PDT

ដោយ​នៅ​ក្នុង​ដៃ​មាន​កាន់​ស្លាក​បដា​​ពាក្យ​ស្លោក​​យ៉ាង​​ព្រោង​ព្រាត​​
នៅ​ក្នុង​បរិវេណ​វត្ត​វិហារ​សសរ​១០០បាន​​ប្រារព្ធ​ពិធី​ទិវា​ទឹក​ពិភព​លោក

ខេត្ត​ក្រចេះ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ មីនា នៅ​ក្នុង​បរិវេណ​វត្ត​វិហារ​សសរ​១០០ ស្ថិត​ក្នុង​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​​សំបូរ បាន​​ប្រារព្ធ​ពិធី​ទិវា​ទឹក​ពិភព​លោក និង​មាន​ការ​ដើរ​ដង្ហែ​​ជា​ក្បួន​ពី​សំណាក់​សិស្សានុ​សិស្ស​ក្នុង​សំលៀក​បំពាក់​​ឯក​សណ្ឋា​ន​អាវ​យឺត​ពណ៌​ស ដោយ​នៅ​ក្នុង​ដៃ​មាន​កាន់​ស្លាក​បដា​​ពាក្យ​ស្លោក​​យ៉ាង​​ព្រោង​ព្រាត​​ហែ​ចេញ​ពី​​បរិវេណ​ទី​ប្រជុំ​ជន​ស្រុក​ឆ្ពោះ​ទៅ​កាន់​វត្ត​វិហារ​សសរ​១០០ ។ ពិធី​នេះ​ត្រូវ​បាន​ប្រារ​ព្ធ​​ឡើង​ពេញ​មួយ​ព្រឹក​ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​អភិ​បាលរង​ស្រុក ​ព្រះសង្ឃ ព្រមទាំង​តំណាង​អង្គ​ការ សន្ដិ​សេនា លោកគ្រូ​អ្នកគ្រូ​ និង​សិស្សានុសិស្ស​មក​ពី​អនុ​វិទ្យាល័យ​យ៉ាងច្រើន​កុះករ​។

លោក​ហ៊ុន សា​រ៉េ​តថ​ន ប្រធាន​កម្មវិធី​អង្គ​ការ​​សន្ដិ​សេនា បាន​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ពិធី​ថា អង្គការ​សន្ដិ​សេនា​ក្នុង​នាម​ដៃគូ​​ប្រ​តិ​បត្ដិ​របស់​អង្គការ​ដែនដី​មនុស្ស​ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​រៀបចំ​ទិវា​នេះ​ឡើង​ដែល​មានឈ្មោះ​ថា ទិវា​​ទឹក​ពិភពលោក គឺ​ស្រប​ទៅ​តាម​ស្ថានភាព​បច្ចុ​ប្បន្ន​នេះ ការ​បំពុល​ទឹក​ ការ​បំផ្លាញ​ជីវៈចម្រុះ​​បរិស្ថាន ​និង​ធនធានធម្មជាតិ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​បញ្ហា​ក្ដៅ​គគុក​នៅ​ថ្នាក់​តំបន់ និង​ពិភព​លោក ទោះបីជា​មាន​យុ​ទ្ឋ​នា​ការ និង​វិធានការ​ជា​ច្រើន​ដើម្បី​ទប់ស្កាត់​អំពើខុសច្បាប់​នេះ ក៏​ដោយ​​ក៏​​ការ​បំពុល​ទឹក ការ​បំ​ផ្លាញ​ជីវៈចម្រុះ​ បរិ​ស្ថាន និង​ធនធានធម្មជាតិ​នៅ​តែ​កើត​មាន​ដដែល។

បន្ទាប់​ពី​ការ​ឡើង​មាន​មតិ​ចំណាប់អារម្មណ៍​របស់​សិស្សានុសិស្ស លោក​ស៊យ វ៉ា អភិបាល​រង​ស្រុក​សំបូរ បាន​មាន​ប្រសាសន៍​​​វាយ​តម្លៃ​​ខ្ពស់​ថា ទិវា​ទឹក​ពិភពលោក​ពិតជា​មាន​សារ​សំខាន់​បំផុត​ក្នុង​ការ​ដាស់​ស្មារតី​យើង​ទាំងអស់​គ្នា​ឱ្យ​ខិត​ខំ​​យកចិត្ដទុកដាក់​បន្ថែម​ទៀត​លើ​ការ​ថែរក្សា​ទឹក​ ជីវៈចម្រុះ​បរិស្ថាន និង​ការ​គ្រប់គ្រង​ធន​ធាន​ធម្ម​ជាតិ​សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយ និង​ជា​ការ​​ធានា​​ចំពោះ​អនាគត​ដ៏​ត្រចះត្រចង់​របស់​ប្រទេស​​ជាតិ ដែល​មានទឹក​និង​បរិស្ថាន​ធនធាន​ធម្មជាតិ​សំបូរ​បែប និង​ជា​កាតព្វកិច្ច​របស់​មនុស្ស​គ្រប់​រូប។ ​បើ​យើង​ថែរក្សា​បាន​ល្អ​នោះ​​ប្រទេស​ជាតិ​យើង​នឹង​មាន​រស្មី​រុងរឿង ព្រោះថា ទឹក​គឺជា​ជីវិត ​យើង​រស់នៅ​គឺ​អាស្រ័យ​ដោយ​ធម្ម​ជាតិ៕

បិទ​វគ្គ​បណ្តុះ​បណ្តាល​​ស្តី​ពី​ការ​ស៊ើប​អង្កេត​​បទ​ឧក្រិដ្ឋ​រយៈ​​ពេល​២សប្តាហ៍

Posted: 02 Apr 2011 11:14 PM PDT

បិទ​វគ្គ​បណ្តុះ​បណ្តាល​​ស្តី​ពី​ការ​ស៊ើប​អង្កេត​​បទ​ឧក្រិដ្ឋ​រយៈ​​ពេល​២សប្តាហ៍

ខេត្ត​កំពង់​ធំ ៖ ​បន្ទាប់​ពី​បាន​ឆ្លង​កាត់​វគ្គ​​បណ្ដុះ​​បណ្ដាល​ស្ដី​ពី​ការ​ស៊ើប​អង្កេត​បទ​ឧក្រិដ្ធ​​អស់​រយៈ​ពេល​២​សប្ដាហ៍​​កន្លង​មក ​នៅ​​រសៀល​​ថ្ងៃទី​១ ​ខែមេសា ​ឆ្នាំ២០១១ ​ក្នុង​សាល​ប្រជុំ​​ភោជនីយ​ដ្ឋាន​ម្លប់​​ស្វាយធំ ​មាន​​រៀប​ចំ​​ពិធី​​បិទ​វគ្គ​ដោយ​មាន​ការ​ចូល​រួម​ពី​​លោក​ឧត្តម​សេនីយ៍​ត្រី​ ស៊ី ផន ​អនុ​ប្រធាន​នាយក​ដ្ឋាន​កណ្ដាល ​ជា​​គ្រូ​បង្គោល​​ លោកអេ រិច ​តំណាង​អង្គការ​ស៊ីសា ​អ្នក​ស្រី​ អាណា អូសិន ​នាយក​គម្រោង​អាស៊ី លោក​​ឧត្តម​សេនីយ៍ត្រី ផាន់ សុផេង ស្នងការ​នគរ​​បាល​ខេត្តកំពង់ធំ ព្រម​ទាំងលោក​ស្នង​ការ​រង និង​សិក្ខា​កាមចំនួន៣០នាក់ស្រី៣នាក់ ក្រោម​ការឧបត្ថម្ភ​ដោយភ្នាក់ងារអភិ​វឌ្ឍន៍​អាមេរិក អង្គ​ការ​មូល​និធិអាស៊ី​តាមរយៈអង្គការស៊ីសា សហ​ការ​ជា​មួយ​អគ្គស្នងការ​​ដ្ឋាន​នគរបាល​ជាតិ ។

លោកអេ រិច និងអ្នកស្រី អូ​សិន បានធ្វើ​ការ​​ចាប់អារម្មណ៍ និងបានវាយតម្លៃខ្ពស់ទៅ​លើ​វគ្គ​នេះ​ថា មានសារសំខាន់​ណាស់​សម្រាប់​មន្ត្រី​នគរ​បាលយុត្តិធម៌យកទៅអនុវត្តក្នុង​ការ​បំពេញ​ការ​ងារតាមអង្គភាព​មូលដ្ឋាន ​​សំដៅលើកកម្ពស់ និង​បង្កើនចំណេះដឹង​ថ្មីបន្ថែម​ទៀត​ដល់​កង​កម្លាំង​នគរបាល។ ​តាម​រយៈ​វគ្គ​នេះ​​សូម​កោត​សរសើរ​​ចំពោះការខិតខំប្រឹងប្រែង​ក្រេប​ជញ្ជក់​ចំណេះ​វិជ្ជារបស់សិក្ខាកាមទំាងអស់ បើទោះ​បី​ជា​វគ្គនេះមិន​ទាន់​បានល្អប្រសើរ​ក្ដី​ ក៏មាន​សិក្ខា​កាម​មួយ​ចំនួនទទួលបាននិទ្ទេសមធ្យម និង​ល្អ​បង្គួរ​ផងដែរ។ ពិសេសក៏សូមអរ​គុណចំពោះ​អគ្គ​ស្នង​ការនគរ​បាលជាតិ ស្នងការនគរ​បាល​ខេត្ត​កំពង់ធំ ដែលបានបង្កលក្ខណៈដល់វគ្គនេះ​ដំណើរ​ការ​​ប្រកបដោយភាពរលូន។

បន្ទាប់ពី​ចែកជូននូវវិញ្ញាបន​ប័ត្រដល់​សិក្ខា​កាមរួចមក​ លោកឧត្តមសេនីយ៍​ត្រី ផាន់ សុផេង បានធ្វើការសំណេះសំណាល និង​ផ្ដាំផ្ញើ​ដល់​សិក្ខា​កាម​ទាំងអស់​ត្រូវយកចំណេះវិជ្ជានេះ ​ទៅ​អនុ​វត្ត​​​​​ឱ្យ​ចំគោលដៅ ធ្វើយ៉ាងណាត្រូវ​ពង្រឹង​សមត្ថ​ភាព​លើកកម្ពស់គុណភាពការងារ និង​បង្កើន​ចំណេះ​ដឹងរបស់ខ្លួន ព្រោះថា​នៅ​ចំពោះ​មុខ​មិន​ថាថ្នាក់លើនោះទេ គឺចាប់តាំង​ពី​ថ្នាក់ប៉ុស្តិ៍មូល​ដ្ឋាន​ពិតជាត្រូវការនូវ​ធន​ធាន​មនុស្ស ពិសេស​អ្នក​មានសមត្ថភាព និងជំនាញ​ច្បាស់លាស់ជាក់ស្ដែង ដូចជាមុខវិជ្ជាដែលបាន​សិក្សាក្នុង​ពេល​នេះ​មាន​ដូច​ជា ក្រមសីលធម៌នៃ​ការអនុវត្តច្បាប់, អ្នក​ស៊ើប​​អង្កេត, ច្បាប់, អំណាច​របស់នគរ​បាល​ជាតិ, ផែនការស៊ើប​អង្កេត, ការស៊ើបអង្គេត​កន្លែង​កើតហេតុ, ការ​សម្ភាសន៍​ជនរងគ្រោះ, ការកំណត់អត្តសញ្ញាណ​ជន​ល្មើស, ការសម្ភាសន៍​ជនសង្ស័យ, ដីកា​ការ​ពារ និងការយល់ដឹង​ពី​យេន​ឌ័រ សុទ្ធសឹងតែជា​តម្រូវការចាំបាច់។ ជា​សំណូម​ពរតាមរយៈអគ្គស្នង​ការ​នគរបាលជាតិ ក៏ដូចជាអ្នកសម្រប​សម្រួល​វគ្គ គឺ​លោក​ចង់បាន​ណាស់នូវវគ្គនេះ ​ព្រោះ​បានផ្ដល់នូវ​សារ​ប្រយោជន៍​ដល់កងកម្លាំងដែលកំពុង​អនុ​វត្ត​ភារកិច្ចនេះ។ អ្វីដែលត្រូវការបំផុតនោះគឺសំភារ ព្រោះថា​ជំនាញនៅ​មានការខ្វះខាតផ្នែកសំភារ​សម្រាប់ប្រើ​ប្រាស់លើគោលដៅ ហើយលោកក៏​សូម​ថ្លែង​អំណរគុណចំពោះអង្គការ​ស៊ីសាដែល​បាន​បង្កើតឱ្យ​មាន​វគ្គនេះឡើង៕

ឈ្មួញអណ្តើក កន្ធាយ និង​ពង្រូល​ជិះ​ម៉ូតូ​ឌុប​បម្រុង​ឡើង​រថយន្ត​ក្រុង​​ជាប់​អន្ទាក់

Posted: 02 Apr 2011 11:06 PM PDT

អណ្តើក កន្ធាយ និង​ពង្រូលត្រូវបាន​សមត្ថ​កិច្ច​ស្ទាក់​ចាប់​បាន

ខេត្ត​ពោធិ៍​សាត់ ៖ សត្វ​កន្ធាយ​​ចំនួន​៣​ក្បាល ​ទម្ងន់​៤​គីឡូ​ក្រាម​មួយ​ខាំ អណ្តើក​​១​​ក្បាល​ ​ទម្ងន់​​៣​គីឡូ​ក្រាម​២​ខាំ និង​ពង្រូល​១​ក្បាល​ទម្ងន់​​​១​គីឡូ​ក្រាម​ត្រូវបាន​សមត្ថ​កិច្ច​ស្ទាក់​ចាប់​បាន​កាល​ពី​វេលា​ម៉ោង​​៨ព្រឹក​ ថ្ងៃ​ទី​១ មេសា ​ឆ្នាំ​២០១១ ត្រង់​ចំណុច​ភូមិ​ខ្លា​ក្រពើ ឃុំ​អន្លង់​ត្នោត ស្រុក​​ក្រគរ ខណៈ​ពេល​​ម្ចាស់​សត្វ​ទាំង​នោះ​ជិះ​ម៉ូតូ​ឌុប​កាត់​ព្រៃ​បម្រុង​ឡើង​រថយន្ត​ក្រុង​ទៅ​កាន់​រាជ​ធានីភ្នំពេញ។

​តាម​ប្រភព​ពី​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១ នោះ​ប្រជា​ជន​ភូមិ​ខ្លា​ក្រពើ​បាន​រាយ​ការណ៍​មក​ថា ​មាន​ឈ្មួញ​លួចដឹក​សត្វ​ព្រៃ​តាម​ម៉ូតូ​ចេញ​ពី​ក្នុង​ព្រៃ​ឡើង​មក​ផ្លូវលំ​សំដៅ​ទៅ​ផ្លូវ​ជាតិ​លេខ​៥។ ភ្លាម​​នោះសមត្ថ​កិច្ច​បាន​​ចាត់​វិធាន​ការ​​ពង្រាយ​កម្លាំ​ង​តាម​ផ្លូវ​​ដើម្បី​ឃ្លាំ​មើល ។ ​មួយ​សន្ទុះ​ក្រោយ​មក​ ស្រាប់​តែ​ឃើញ​មនុស្ស​​ពីរ​នាក់​កំពុង​ជិះ​ម៉ូតូ​​ដែល​ម្នាក់​​ជាអ្នក​បើក​​បរ និង​ម្នាក់​ទៀត​ជិះ​​ពី​ក្រោយ​​អោប​ការ៉ុង ។ ​មក​ដល់​ចំណុច​ភូមិ​ខ្លា​ក្រពើ​​ក្រឡេក​ឃើញ​សមត្ថ​កិច្ច​ ពួក​គេ​បាន​ឈប់​ម៉ូតូ​​ឱ្យ​អ្នក​បើក​ម៉ូតូ​ទៅ​មុន ឯ​ម្នាក់​ទៀត​បាន​យក​ការ៉ុង​ដែល​អង្គុយ​អោប​ពី​មុខ​នោះ​កាន់​រត់​ចូល​ក្នុង​ព្រៃ ។ ឃើញ​ដូច្នេះ​​ដោយ​មាន​ការ​សង្ស័យ​សមត្ថ​កិច្ច​​បាន​រត់​ដេញ​តាម ។ ដោយ​សារ​សត្វ​​​ក្នុង​ការុង​ធ្ងន់​លំបាក​កាន់​រត់​​ ហើយ​ព្រៃ​លំបាក​ត្បុល​ចូល​ផង​នោះ គេ​ក៏​ទំលាក់​ការុង​ចោល​រត់​យក​តែ​រួច​ខ្លួន​បាត់​ទៅ ។ ​នៅពេល​សមត្ថ​កិច្ច​​ឆែក​មើល​ក្នុង​ការ៉ុង ​ស្រាប់​តែ​ឃើញ​សត្វ​អណ្តើក​១​ក្បាល កន្ធាយ​៣​ក្បាល និង​ពង្រួល​១​ក្បាល ក៏​យក​មក​ប្រគល់​​ឱ្យ​ផ្នែក​​រដ្ឋ​បាល​​ព្រៃ​ឈើ​​​ក្រគរ​តែម្តង ។

​លោក​គឹម ចេត្ថា​វី នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រគរ​ដែល​ធ្វើ​កំណត់​​ទទួល​ បាន​ឱ្យ​ដឹង​ថា ចំពោះ​សត្វ​​ព្រៃ​ទាំង​នេះ​នឹង​ធ្វើ​​ពិធី​ប្រគល់​​បន្ត​​ទៅ​ឱ្យ​ខាង​អង្គ​ការ Wild Aid នៅ​ថ្ងៃ​ទី​២ មេសា នេះ​​សម្រាប់​យក​ទៅ​ធ្វើ​ការ​អភិ​រក្ស​​នៅ​ភ្នំតាម៉ៅ។ លោក​សុំ​​ឱ្យ​ប្រជាជន​មេត្តា​ជួយ​សហ​ការ​ផ្តល់​ព័ត៌​មាន​បើ​ឃើញ ឬ​ដឹង​ថា រថយន្ត​ណា​លួច​ដឹក​ឈើ​ ឬ​ដឹក​សត្វ​ព្រៃ​ដើម្បី​ក្រុម​របស់​​លោក​មាន​វិធាន​ការ​បង្ក្រាប​បាន​ទាន់​ពេល​វេលា​ ៕

ស្ថានភាពទឹកភ្លៀង និង​​ការ​ចាប់​ផ្តើម​​​នៃ​រដូវ​​​វស្សា​ឆ្នាំ​២០១១

Posted: 02 Apr 2011 08:45 PM PDT

យោង​តាមសេចក្តី​​ជូន​ដំណឹង​របស់​​ក្រសួងធនធានទឹក ​និង​ឧតុនិយម

រាជធានីភ្នំពេញ ៖ ​យោង​តាមសេចក្តី​​ជូន​ដំណឹង​របស់​​ក្រសួងធនធានទឹក ​និង​ឧតុនិយម ​សូមជម្រាបជូន​​ដំណឹង​ដល់សាធារណ​ជន​ឱ្យ​បានជ្រាប​ថា ​បន្ទាប់ពី​​បានធ្វើការ​​សង្កេត ​តាម​ដាន​លើ​ស្ថានភាពធាតុអាកាស​​​រួចមក ​​ឃើញ​ថា ​កាលពីថ្ងៃទី​​២ ​មេសា ២០១១ ​​​នៅសមុទ្រ​ចិន​ខាង​ត្បូង ​​មានបាតុ​ភូត​សម្ពាធ​​​ទាប​បានកើត​ឡើង​​​ជា​បន្ត​បន្ទាប់ ។ បាតុ​ភូត​​​សម្ពាធ​ទាបទាំង​​នេះ នឹង​មាន​ឥទ្ធិ​​ពលមក​លើ​​ព្រះរាជាណាចក្រ​​កម្ពុជា​ បង្ក​ឱ្យ​មាន​​ភ្លៀង​​បន្តធ្លាក់​​​រាយប៉ាយពី​តិច​ទៅ​​មធ្យម ​នៅក្នុង​ក្របខណ្ឌ​​ទូទាំង​ប្រទេស ​​ពិសេស​នៅ​​តំបន់មាត់សមុទ្រ និង​​​តំបន់ទំនាប​កណ្តាល ចាប់ពី​​​ដើម​ខែ​​មេសា ឆ្នាំ​២០១១ នេះ​ត​ទៅ ។ ​ឥទ្ធិពលនៃ​​​​សម្ពាធ​ទាបដែល​បង្ក​ឱ្យ​​មាន​ភ្លៀង​​ធ្លាក់នេះ ជា​កត្តា​មួយជំរុញ​ឱ្យ​រដូវ​​វស្សា​ឆ្នាំ​​២០១១ នេះ ចាប់​ផ្តើម​លឿន​ជាង​​រដូវ​​វស្សា​នៃ​បណ្តា​ឆ្នាំ​កន្លងទៅ ។​

អាស្រ័យ​ដូច​​បាន​ជម្រាបជូនខាងលើ សូម​សាធារណ​ជន​ជ្រាបជា​ព័ត៌មាន ពិសេស​ចំពោះ​​ប្រជា​កសិករ សូម​មាន​​វិធានការ​ត្រៀម​លក្ខណៈ​​ឱ្យ​បាន​សម​ស្រប​​​​សម្រាប់​ការ​​​​ងារ​បង្ក​បង្កើន​​ផល​ស្រូវ​រដូវវស្សា ​ដែលនឹង​ឈានមក​ដល់​​នាពេល​​ដ៏​ខ្លី​​ខាង​មុខនេះ ។​ ក្រសួងធនធាន​ទឹក​ និង​ឧតុនិយម​​​​នឹង​បន្ត​​​តាម​ដាន​ស្ថានភាព​អាកាសធាតុ ​ហើយ​នឹង​ធ្វើសេចក្តី​ជូនដំណឹង​​​បន្ថែម​​ជា​បន្តទៀត ​​ក្នុងករណី​​​ដែល​អាកាស​ធាតុ​​មានការប្រែប្រួល ឬ​​មានបាតុភូត​ធម្មជាតិផ្សេងៗ​​​កើតឡើង​ជា​​យថា​ហេតុ ៕​

លោក​ញឹក ប៊ុនឆៃ ​ជា​ប្រធាន​​ប្រតិបត្តិ​​លោក​លឺ ឡាយស្រេង ​ជា​ប្រធាន​កិត្តិ​យស​​​លោកកែវ ​ពុទ្ធ​​​រស្មី ជា​មគ្គុទ្ទេសក៍​គណ​បក្ស

Posted: 02 Apr 2011 08:42 PM PDT

គណ​បក្ស​​ហ៊្វុន​ស៊ីនប៉ិច ​​បាន​ធ្វើស​មាជ​​ថ្នាក់ជាតិ​

រាជធានីភ្នំពេញ ៖ ​គណ​បក្ស​​ហ៊្វុន​ស៊ីនប៉ិច ​​បាន​ធ្វើស​មាជ​​ថ្នាក់ជាតិ​ជ្រើសរើស​លោក​ញឹក ប៊ុន​ឆៃ ជា​ប្រធាន​​ប្រតិបត្តិ លោក​លឺ​ ឡាយ​ស្រេង ​​ជា​ប្រធាន​​កិត្តិយស​​ និង​លោកកែវ ពុទ្ធ​​​រស្មី ជា​មគ្គុទ្ទេ​សក៍​បក្ស..​.​សមាជ​នេះ​​ថែមទាំង​​បើក​​សម្ពោធ​​ស្នាក់ការ​ថ្មី​កាលពី​ថ្ងៃទី​​​​២ មេសា ២០១១ ផងដែរ​។ សមាជ​នេះ​បានធ្វើ​ឡើង​​ក្រោមអធិបតីភាព​លោក​កែវ ​​ពុទ្ធ​រស្មី ​អតីត ប្រធាន​គណបក្សហ៊្វុនស៊ីនប៉ិច ​​​និង​​មានការ​​ចូល​រួម​​ពី​​សមាជិក​ សមាជិកា​ប្រមាណ​ជិត​​៣.០០០​នាក់ ​មកពី​​​២៤​​ខេត្ត​-ក្រុង ​ទូទាំង​ប្រទេស​ ​​​​នៅ​ឯទីស្នាក់ការ​​ថ្មីរបស់គណបក្ស​​​ ស្ថិត​ក្នុង​​ភូមិ​ក្តី​ចាស់ សង្កាត់​​បាក់ខែង ​ខណ្ឌ​ឫស្សីកែវ ​​រាជ​ធានី​ភ្នំពេញ ។​

យោង​តាម​​លទ្ធ​ផលនៃ​សមាជ​​​​បាន​ឱ្យ​​ដឹង​ថា ​ទី​១-​សមាជ​បានគាំទ្រ​​ជា​ឯកច្ឆន្ទ​​ការធ្វើ​វិសោធន​កម្ម​​លក្ខន្តិកៈ​ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​​​ឱ្យ​មានភាព​ប្រសើរ​ ស្រប​តាម​​ទិសដៅ​នៃការ​កែ​ទម្រង់​​​ស៊ី​ជម្រៅ​នា​ថ្ងៃ​ទី​​​១៨ តុលា ​២០០៦ ​ដោយលើក​កម្ពស់​​ប្រជា​ធិបតេយ្យ​​ តម្លា​ភាព និង​គណនេយ្យ​​ភាពនៅ​ក្នុង​​ការ​អនុវត្ត​ដោយ​​ប្រសិទ្ធ​ភាព​​ទៅ​តាម​គោល​​នយោ​បាយ​​របស់គណបក្ស​​ដែលបែ​ងចែក​​​ការ​ទទួលខុស​​ត្រូវ​ដាច់ពីគ្នា​រវាង​​អង្គ​នីតិ​បញ្ញត្តិ​ និង​អង្គ​នីតិ​​ប្រតិ​បត្តិ។ ទី​​២-​គាំទ្រ​សមាជ​ក្រុម​ប្រឹក្សា​ជាតិ​គណបក្ស​ដែល​មាន​​៣.០០០​នាក់ ​សម្រាប់​​អាណត្តិ​​៥​ឆ្នាំ ​ចាប់​ពី​ពេលនេះ​តទៅ ។ ទី​៣-​​ជ្រើសតាំង​លោក​កែវ ពុទ្ធ​រស្មី ​ជា​មគ្គុទ្ទេសក៍​​គណបក្ស និង​លោក​​ញឹក​ ប៊ុន​ឆៃ ​ជា​ប្រធាន​​ប្រតិ​បត្តិ​​គណបក្ស​​​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ ​ចាប់ពី​ពេល​នេះ​​តទៅ និងទី​៥-​​គាំទ្រ​លោក​លឺ ឡាយ​ស្រេង ​ជា​ប្រធានកិត្តិយស​​របស់​គណបក្ស ។

លោកកែវ ពុទ្ធ​រស្មី បាន​មានប្រសាសន៍​​ថា វា​ជា​ថ្ងៃ​ដ៏អស្ចារ្យ​​មួយដែល​គណបក្ស​ហ៊្វុនស៊ីន​ប៉ិច​​​បានធ្វើសមាជ​​ថ្នាក់ជាតិរបស់ខ្លួន​​ដើម្បីកែ​​ទម្រង់​​នូវ​លក្ខន្តិកៈ​ផ្ទៃក្នុង​របស់​ខ្លួន​ក៏ដូចជា​​ការ​ពង្រឹង​​ការ​លើក​កម្ពស់​​​ប្រជា​ធិបតេយ្យ ។​ តម្លា​ភាពនិងគណនេយ្យភាពនៅក្នុងការអនុ​វត្ត​ដោយប្រសិទ្ធ​ភាពគោលនយោបាយរបស់បក្ស។ លោកបន្តថា យើងមិនភ្លេចនូវដើម កំណើតរបស់យើងនោះទេ ដែលកាលពីអាណត្តិ ទី១គណបក្ស​ហ៊្វុន​ស៊ិនប៉ិចបានសហការល្អជា មួយគណបក្សប្រជាជនកម្ពុជាដោយនាំមកនូវលទ្ធិប្រជាធិបតេយ្យ របបរាជានិយមអាស្រ័យ ធម្មនុញ្ញ និងបាវចនារបស់ជាតិ «ជាតិ សាសនា ព្រះមហក្សត្រ​» និងសហការទប់ស្កាត់​ការឈ្លាន​ពានទឹកដីពីបរទេស។

លោក​កែវ ពុទ្ធរស្មី ​បានលើកឡើង​ថា គណបក្សហ៊្វុន​ស៊ីនប៉ិចធ្លាប់ទទួលបានការ​គាំទ្រ​ច្រើន​កាលពី​អាណត្តិ១ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ដោយសារតែមានការមិនទុក្ខចិត្តគ្នា និងការ​បែកបាក់​ផ្ទៃ​ក្នុងបាន​ធ្វើឱ្យសំឡេងគាំទ្រមាន​ការ​ថយ ចុះ​រហូតមកដល់ពេលនេះមានតែ​ពីរ​អាសនៈ។​ មានសមាជិកចំនួន២០០នាក់ មក​ពី​គណបក្សសម រង្ស៊ី និងពីគណប​ក្សនរោត្តម រណឫទ្ធិ ដែលបានឈប់ពីគណបក្សដើម​របស់​ខ្លួនមករួបរួមជាមួយគណ​បក្ស​ហ៊្វុនស៊ីនប៉ិច៕

គ្រោះថ្នាក់​ចរាចរណ៍​ក្នុង១​ថ្ងៃ​ស្លាប់​៥នាក់ និង​រង​របួស​៥០នាក់

Posted: 02 Apr 2011 08:41 PM PDT

ក្នុង​ឱកាស​​នៃកិច្ច​ប្រជុំ​​គម្រោង​​សុវត្ថិភាព​ចរាចរណ៍​​

រាជធានីភ្នំពេញ ៖ លោក​​តូច ចាន់​កុសល ​រដ្ឋលេខាធិការ​ក្រសួងសាធារណ​ការ​ និង​ដឹក​ជញ្ជូន​​ និង​​ជា​អនុប្រធាន​គណៈ​កម្មាធិការ​ជាតិ​ សុវត្ថិភាព​ចរាចរណ៍​​ផ្លូវគោក​បានមានប្រសាសន៍​ថា «ការ​ស្លាប់​​ដោយគ្រោះថ្នាក់​ចរាចរណ៍​​មាន​ការ​កើនឡើង​​ជា​លំដាប់ជា​រៀង​រាល់​​ថ្ងៃ​​​គួរ​ឱ្យ​ព្រួយបារម្ភ​​ ។ ក្នុង​​​១ថ្ងៃ​​គ្រោះថ្នាក់​ចរាចរណ៍​​បណ្តាល​ឱ្យ​​មនុស្សស្លាប់​​​ជា​មធ្យម​​៥​នាក់ និង​ប្រមាណ​​៥០នាក់​​ទៀត​រងរបួស ។​

លោកតូច​ ចាន់​កុសល ថ្លែង​​បែបនេះ នៅក្នុង​ឱកាស​​នៃកិច្ច​ប្រជុំ​​គម្រោង​​សុវត្ថិភាព​ចរាចរណ៍​​ទាំង​​១០ប្រទេស នៅកម្ពុជា​​កាលពីព្រឹកថ្ងៃទី​​៣១ មីនា ​នៅសណ្ឋាគារ​​សាន់វ៉េ ។ ​​លោក​រដ្ឋលេខាធិ​ការ​​បាន​បន្ត​ថា តាមរបាយការណ៍​​បណ្តោះ ​អាសន្ន​របស់គណៈ​​កម្មាធិ​ការ​ជាតិ​សុវត្ថិភាពចរា​ចរណ៍​​ផ្លូវគោក ​បានបង្ហាញ​ថា ​កាលពី​ឆ្នាំ​​២០១០ ​ចំនួនគ្រោះថ្នាក់ចរាចរណ៍​​​មាន​ចំនួនប្រហែល​​​៨.០០០​ករណី ជនរងគ្រោះ​​​​សរុប​ចំនួន​​១៨.១៩៦​នាក់ ដែលក្នុងនោះ​​មានជន​រងគ្រោះ​​​ស្លាប់​មាន​ចំនួន​​​១.៨៣៧​នាក់ រង​របួស​ធ្ងន់​ចំនួន​​​៦.៨៧៤​នាក់ និង​របួសស្រាល​​​៨.៩៤៧​នាក់ ។ ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​បានទម្លាក់​បន្ទុក​ស្ថាន​ភាព​ហិរញ្ញវ​ត្ថុ​​​ដល់សមាជិក​គ្រួសារ​ដែល​នៅ​​រស់​រាន​មានជីវិត ​​ដែល​ជា​សមាជិក​គ្រួសារ​នៃ​​ជន​រង​គ្រោះ​ និង​ចូលរួម​ចំណែក​ក្នុង​ការ​បង្អាក់​​នូវ​ដំណើរ​ការ​​អភិវឌ្ឍន៍​​ប្រទេស​ជាតិ​​ថែមទៀត​​ផង។​

​លោកតូច ចាន់កុសល ​បាន​រំឭក​ថា ដើម្បី​ឆ្លើយ​​តប​នឹង​​បញ្ហា​ខាងលើ ​តាមរយៈ​កិច្ចប្រជុំ​​អន្តរជាតិ​​​ថ្នាក់រ​ដ្ឋ​មន្ត្រី​​ក្រសួង​ដឹកជញ្ជូន​ស្តីពី​​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវគោក​នៅ​ទីក្រុង​ម៉ូស្គូ ​កាល​ពី​​​ខែ​វិច្ឆិកា ​ឆ្នាំ​២០០៩ កន្លងទៅ ​មូលនិធិ​​ប្លូម​ប៊ីក ​បានជ្រើសរើស​​កម្ពុជា​ក្នុង​ចំណោម​ប្រទេស​ទាំង​​​​១០នៅលើ​​សាកលលោក ​ដើម្បីអនុវត្ត​​​គម្រោង​​សុវត្ថិភាព​​ចរាចរណ៍ ។ តាមរយៈ​គម្រោងនេះ កម្ពុជា​បានអនុវត្ត​​​រយៈ​ពេល​​ជិត​​១​ឆ្នាំហើយ ​គឺ​នៅ​ពាក់​កណ្តាល​ឆ្នាំ​​២០១០ ​ហើយ​សម្រាប់​កម្ពុជា គឺ​ផ្តោត​​​សំខាន់ទៅលើ​​​ការ​អនុវត្តច្បាប់ទាក់​ទង​​នឹង​ការ​​ពាក់​មួក​សុវត្ថិភាព​​ និងការបើក​​បរ​ក្នុង​ពេល​ស្រវឹង ទាំងនៅពេល​​ថ្ងៃ និង​ពេលយប់ ​ដែល​បញ្ហា​​​ទាំង​​២នោះ​គឺជា​បញ្ហា​បង្ក​ឱ្យមាន​អត្រា​​ការ​ស្លាប់​​ខ្លាំង​​ជា​ងគេនៅ​​ក្នុងករណីគ្រោះថ្នាក់​​ចរា​ចរណ៍ ។ ក្នុងរយៈ​ពេល​ជិត​​១​ឆ្នាំមក​នេះ ​កម្ពុជា​បាន​​ទទួលថវិកា​​សរុប​ប្រមាណ​​​២១៣.៥០០​ដុល្លារ​សហរដ្ឋអាមេរិក ​​សម្រាប់អនុវត្ត​​​គ​ម្រោង​ខាង​លើ​​នៅក្នុងឆ្នាំ​ទី​១ ទៅលើ​​តំបន់គោល​ដៅ​ចំនួន​​៣ គឺរាជ​ធានី​ភ្នំពេញ ខេត្តកណ្តាល ​និង​ខេត្ត​​កំពង់ស្ពឺ ។ ​បន្តិចទៀត ​​ក្រុម​ការងារ​​ស្នួល​ដែល​អនុវ​ត្ត​​គម្រោងនឹងឡើង​​ធ្វើបទ​បង្ហាញ​​លម្អិត​​​​ពី​សកម្មភាព​​ការងារ​ដែល​បានអនុវត្ត​​​កន្លងទៅ ពី​ភាពជោគជ័យ ​និង​បញ្ហា​ប្រឈម ។ ​

​លោក​តូច ​ចាន់កុសល បាន​​ឱ្យ​ដឹង​​ទៀត​ថា ​កិច្ចប្រជុំ​​នៅថ្ងៃ​នេះ រៀបចំ​ឡើង​ក្នុ​ង​គោល​បំណង​​ដើម្បីប្រជុំ​​តាមដាន​នូវ​ការ​អនុវត​្ត​ការងារ​​​សុវត្ថិ​ភាពចរាចរណ៍​​ ក្នុងគម្រោង​​​សុវត្ថិភាព​ចរាចរណ៍​​សម្រាប​់១០​ប្រទេស​​នៅកម្ពុជា និង​ម្ចាស់ជំនួយ​​គឺ​មូល​​និធិ​ប្លូម​ប៊ីក ​និងដើម្បី​​សម្រេច​នូវ​ការ​លើក​ផែនការ​​ឆ្នាំ​២០១១ ​ព្រមទាំង​​ការលើក​ទិសដៅ​​​សម្រាប់ឆ្នាំ​​២០១២-២០១៥ ។ ​​ការ​អនុវត្ត​គម្រោង​​នេះ​​​ស្រប​ទៅ​​នឹង​ផែនការ​សកម្ម​ភាព​​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវគោក​រយៈ​ពេល​​១០​ឆ្នាំ (ឆ្នាំ​​២០១១-២០២០) ​ដែលបច្ចុប្បន្ន​ គណៈ​កម្មា​ធិការ​​ជាតិ​​​សុវត្ថិភាព​​ចរាចរណ៍​ផ្លូវ​គោក ​កំពុង​តែ​​​រៀបចំដាក់​ឆ្លង​ទីស្តីការគណៈ​រដ្ឋ​មន្ត្រី ដើម្បី​សុំ​​​ការ​ប្រកាស​​ទទួលស្គាល់​ជា​ផ្លូវការ​​នូវ​ផែនការ​​​នេះ ​ដោយ​សម្តេច​​​អគ្គមហាសេនាបតីតេជោ​​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា៕

ការប្រយុទ្ធគ្នា​បន្តនៅកូតឌីវ័រ​​ស្លាប់​៨០០នាក់នៅ​ភាគ​ខាង​លិចប្រទេស

Posted: 02 Apr 2011 08:36 PM PDT

នៅ​​ទីក្រុង​​អាប៊ីដ​​ហ្សាន់ ​ដែលនៅទីនោះកង​កម្លាំងទាំង​​​២​ក្រុម​​បានច្បាំង​គ្នា​​ដើម្បី​ដណ្តើម​​ត្រួតត្រា​​​ប្រទេសកូតឌីវ័រ

កង​យោធា​ដែលគាំទ្រ​​លោក​អាឡាស​សាន​អ៊ូ​​​អា​តារ៉ា ​​បានជួប​ប្រទះ​នឹង​​ការ​តស៊ូ​ទប់ទល់​យ៉ាង​ស្វិត​ស្វាញ​​បំផុតពីសំណាក់ពួក​យុទ្ធ​ជន​របស់ប្រធា​នាធិបតី​​ចប់អាណត្តិ​​​កូតឌីវ័រ​​ លោកឡូរ៉ង់ហ្សេ​បា​បូ ​កាលពីថ្ងៃទី​​​២ មេសា នៅ​​ទីក្រុង​​អាប៊ីដ​​ហ្សាន់ ​ដែលនៅទីនោះកង​កម្លាំងទាំង​​​២​ក្រុម​​បានច្បាំង​គ្នា​​ដើម្បី​ដណ្តើម​​ត្រួតត្រា​​​ប្រទេសកូតឌីវ័រ ។ ជា​សញ្ញា​​ភាពធ្ងន់ធ្ងរ​​​នៃជម្លោះកាកបាទ​ក្រហម​​អន្តរជាតិ CICR ប្រកាស​ថា អំពើ​ហិង្សា​​អន្តរសហគមន៍​​បណ្តាល​ឱ្យ​មនុស្សស្លាប់​យ៉ាង​តិច​​​៨០០​​នាក់កាលពីថ្ងៃទី​​​២៩ មីនា កន្លង​មកនេះ នៅ​ទីក្រុង​ DUEKOUE ភាគខាងលិច​​​ប្រទេស ដែល​ធ្លាក់​ក្នុង​កណ្តាប់ដៃ​​​របស់កង​​កម្លាំង​​ប្រធា​នា​ធិបតី​​ជាប់ឆ្នោត​​​លោកអាឡាស​សាន អ៊ូ​អាតារ៉ា។

នៅក្រុង​​​អាប៊ីដ​ហ្សាន់ ​យោងតាមវិទ្យុ និង​ទូរទស្សន៍​​កូតឌីវ័រ​​​ និងក្រុម​​យោធា​ថា ការ​ប្រយុទ្ធ​គ្នា​​រវាង​កង​កម្លាំង​​​ប្រឆាំង​គ្នា​​នៅជុំវិញ​​វិមាន​ប្រធា​នាធិបតី​មាន​សភា​ពយ៉ា​ងស្វិត​ស្វាញ​​បំផុត ។ វិទ្យុ និង​​ទូរទស្សន៍​​​នេះ​រៀបរាប់​ថា កង​កម្លាំង​​លោក​ហ្សេ​បាបូ ​នៅតែ​ត្រួត​ត្រា​​​តំបន់នេះ​ជា​និច្ច​ ក៏ប៉ុន្តែ​​ដោយសារ​ការ​ប្រយុទ្ធគ្នា​​​ខ្លាំង​ពេក​​វិទ្យុ និង​​​ទូរទស្សន៍​​នេះ​ដាច់​​​ការ​ផ្សាយ​មួយរយៈ​​ រួច​បន្ទាប់​មក​ផ្សាយឡើង​វិញ​ដោយ​បង្ហាញ​​​រូបភាព របស់​​លោកហ្សេ​បាបូ​​ កំពុង​​​អង្គុយ​​​ពិសា​តែ​ក្នុង​​ទឹក​មុខ​​តានតឹង ។ រូបភាព​ទាំង​នេះ​ទើបថត​​ថ្ងៃទី​២ មេសា ។​

ការបាញ់​​​ត​គ្នា ដោយ​​អាវុធ​ធុនស្រាល ​និង​ធុន​​ធ្ងន់​​​​បាន​លាន់​​​ឮ​ពេញ​​មួយពេល​ព្រឹកនៅ​​តាម​ច្រក​ចូលទាំង​ឡាយ​នៃវិ​មាន​​ប្រធានាធិបតី​​នៅ​ PLATEAU ។ ការ​ប៉ះទង្គិចគ្នា​​ក៏កើត​​​មាន​​​ដែរ​នៅក្នុងទីតាំងវិទ្យុ និង​​ទូរទស្សន៍​ ព្រមទាំង​​ក្នុង​ជំរំ​​​កង​កម្រួត ។​ យុទ្ធ​​ជន​​ម្នាក់របស់​លោកហ្សេ​បាបូ ​និយាយ​ថា ​យើងនឹង​ប្រយុទ្ធ​​​រហូត​ដល់​​ជីវិត​ចុង​ក្រោយ ដើម្បី​​ការពារ​ដែន​ដី​​យើង ។ មាន​មនុស្សស្លាប់​​ច្រើន​នាក់​ទាំង​សង​ខាង ។ ដោយឆ្លើយ​តប​​តាម​ការ​អំពាវនាវ​​​មួយ​តាម​ទូរទស្សន៍​ យុវជន​​ស្នេហា​​ជាតិជា​ច្រើននាក់​បាន​លើក​គ្នា​មក​កាន់​​​វិមាន​ប្រធានាធិបតី​​ ឬ​ទៅកាន់​កន្លែង​​យុទ្ធ​សាស្ត្រ​​ជា​ច្រើនទៀត​​នៃក្រុង​​អាប៊ីដ​​ហ្សាន់ ។​ នៅទីក្រុង DUEKOUE អង្គការ​​​ការពារ​សិទ្ធិ​មនុស្ស CARTIAS រាយការណ៍​​ពី​មនុស្ស​​​ជា​ច្រើន​​​សិប​នាក់​​​ត្រូវ​​បាត់ខ្លួន​​​​​បន្ថែម​​លើការ​​ស្លាប់​​មនុស្ស​ជាង​​៨០០នាក់ រាយការណ៍ដោយ CICR៕

អនិច្ចា​ស្ពាន​ឈើស្រុត​ស្ទើរ​ដល់ទឹករកម្ចាស់​មិនឃើញ

Posted: 02 Apr 2011 08:09 PM PDT

ស្ពានឆ្លងកាត់​​ដៃព្រែក​នេះស្ថិត​នៅក្នុង​ព្រំ​ប្រទល់​ឃុំ​ស្តេច​គង់​ទាំង​២ ដូច្នេះ​​ឃុំមិន​ទាន់​មាន​ការ​ឯក​ភាព​​គ្នា​​ច្បាស់​លាស់ ម្យ៉ាងពុំ​មានកញ្ចប់ថវិកា​សម្រាប់​កសាង​​ផង

ខេត្តកំពត ៖ ស្រប​ពេល​​រាជរដ្ឋាភិបាល​​កំពុង​​ជំរុញ​​ឱ្យ​មាន​​ការ​អភិវឌ្ឍន៍​​តាំង​ពីក្រុងរហូត​​ដល់​ទី​ជន​បទ​ ក៏ពិត​មែន ប៉ុន្តែ​ពិត​ជា​នៅ​មានការងារ​ច្រើន​ណាស់ ដែល​ត្រូវ​បន្ត​ពុះពារ ។ ជាក់​ស្តែងស្ពាន​ឈើ​បាក់ស្រុត​មួយកន្លែង​ប្រវែង​២៥​ម៉ែត្រ ឆ្លង​ព្រែក​មួយ ស្ថិត​នៅភូមិ​​ប្ញស្សី​ជួរ​ ឃុំ​ស្តេច​គង់ខាង​ត្បូង​ ស្រុក​បន្ទាយ​មាស ​ដែល​តាម​ការ​ឱ្យ​ដឹង​ពីប្រជាពលរដ្ឋ​​នៅ​ភូមិប្ញស្សី​ជួរ​បាន​និយាយ​ថា មានកូន​សិស្ស​​តូចៗ​​បាន​ដើរ​ឆ្លង​កាត់​ស្ពាន ឈើ​នេះ​ទៅ​សាលា​រៀន ​ហើយ​ពេល​ដើរឆ្លង​ម្តងៗ​​​ស្ទើរ​បាត់ព្រលឹង​​ដោយ​សារ​តែ​​ស្ពាន​ញ័រ​រញ្ជួយខ្លាំង ។

​ប្រជាពលរដ្ឋ​​បាន​និយាយ​បន្ត​ឱ្យ​ដឹង​ថា ​មាន អង្គ​ការ​​មិន​មែន​រដ្ឋាភិបាល​មួយ ​បានស្ថាបនា​ផ្លូវ​លំមួយ​ខ្សែនេះ និងបានក្រាល​​ក្រួស​ក្រហម​រួច​ជា​​ស្រេច​ហើយ ប៉ុន្តែ​អង្គ​ការ​នេះ​បានធ្វើ​ផ្លូវ​ត្រឹម​តែ​មាត់ព្រែកមិន​បានធ្វើ​ស្ពានឱ្យ​ដើរ​ឆ្លង​ទេ ។​ អ្នក​ភូមិក៏​បាននាំគ្នា​ធ្វើ​ស្ពាន​ឆ្លងនេះ​ដោយខ្លួន​ឯង​ តែ​ជា​អកុសល​ជន​មិន​ស្គាល់​មុខ​បាន​លួច​គាស់យក​ឈើ​កំណល់​ស្ពាន​នេះ​បាត់​អស់​ទៅ​ទៀតហើយ ប្រជា​ពល​រដ្ឋ​ក្នុងភូមិ​​ក៏​បាននាំគ្នា​ធ្វើ​ស្ពានឈើនេះ​​ម្តងទៀត ។ ប្រភព​បន្ត​ថា ខែប្រាំង​ប្រជា​ពលរដ្ឋ​មិន​ពិបាក​ឆ្លង​កាត់​​ដូច​នៅ​រដូវវស្សាទេ ព្រោះ​​មិន​មានការរអិល ​។ ប្រជាពលរដ្ឋ​សំណូម​ពរ​ដល់​អាជ្ញា​ធរ​ និងថ្នាក់​ខេត្តជួយ​ធ្វើយ៉ាង​ណា ឱ្យ​ពលរដ្ឋនៅ​ក្នុង​ភូមិ​មាន​ស្ពានដើរ​ឆ្លង ​ជាពិសេស​កូន​សិស្ស​អាចឆ្លង​ទៅ​សាលា​រៀន​​បានស្រួលផង ។ លោកអ៊ូ គឹន​ មេឃុំ​ស្តេចគង់​ខាង​ជើង​​បាន​ឱ្យ​ដឹងថា ស្ពានឆ្លងកាត់​​ដៃព្រែក​នេះគ្មានម្ចាស់ទេ ព្រោះ​ស្ថិត​នៅក្នុង​ព្រំ​ប្រទល់​ឃុំ​ស្តេច​គង់​ទាំង​២​ ដូច្នេះ​​ឃុំមិន​ទាន់​មាន​ការ​ឯក​ភាព​​គ្នា​​ច្បាស់​លាស់ ម្យ៉ាងពុំ​មានកញ្ចប់ថវិកា​សម្រាប់​កសាង​​ផង ។

ហេតុនេះហើយ​ធ្វើ​ឱ្យ​មានការពិបាក​ដល់ពល​រដ្ឋ​​ វាស​នា​ស្ពានព្រែកប្ញស្សី​ជួរ​បើ​គ្មានមន្ត្រី​​ចាប់​អារម្មណ៍​ទេ ពិតជា​ទុកចោលបន្ត​ឱ្យ​ក្មួយៗដើរ​ឆ្លង​ទាំង​លំបាក​បែបនេះត​ទៅទៀត ។ គេ​​មាន​សង្ឃឹម​​តែ​ម្យ៉ាង​ទេ គឺ​ក្រុមការ​ងារ​ពិត​ជា​មិន​យកភ្នែក​មើល​ការ​​លំបាក​នេះ​ត​ទៅ​ទៀត​ឡើយ ម្យ៉ាង​ជិត​ដល់​ថ្ងៃបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ ហើយគួរ​តែ​​ធ្វើស្ពាន​ដ៏ទ្រុឌទ្រោម​នេះ ៕

បើកលឿន​វ៉ា​រថយន្ត​​ពីមុខ​ធ្លាក់​ផ្លូវ​​ក្រឡាប់​ឃើញ​សុទ្ធតែ​ឈើ​គ្រញូង

Posted: 02 Apr 2011 08:03 PM PDT

រថយន្ត​បង្ក​គ្រោះ​ថ្នាក់នេះមានផ្ទុក​ឈើ​​​គ្រញូង​ចំនួន​៨០​កំណាត់

ខេត្តពោធិ៍​សាត់​​ ៖ ​រថយន្ត​មួយគ្រឿង​​ដែល​បាន​​បើក​វ៉ា​​រថយន្ត​មួ​យ​គ្រឿង​​​ទៀត​បណ្តាល​​ឱ្យ​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​​​២-៣​ត្រឡប់​​ ធ្លាយ​ចេញ​សុទ្ធ​តែ​ឈើ​គ្រញូង​ ឯអ្នក​បើក​បរ​និងអ្នក​រួម​ដំណើរ​បាន​រត់​​គេច​ខ្លួន​ទាំងរង​របួស ។​​ មន្ត្រី​ប៉ូលិស​ចរាចរឱ្យ​ដឹងថា គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ​កើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៥​ ទល់​មុខ​ខ្លោង​ទ្វារ​ចូលទៅ​កាន់​វត្ត​សេរី​​យស្សា​ ហៅ​សម្តេច​​ ស្ថិតនៅ​ភូមិ​វាល​វង់ ឃុំ​ស្នាអន្សា​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​ កាលពី​ថ្ងៃទី​១ មេសា ឆ្នាំ​​២០១១ វេលា​ម៉ោង​​​៨ព្រឹក ​។ រថយន្ត​បង្ក​គ្រោះ​ថ្នាក់​​​ម៉ាក​កាមរី​គូទ​ស្វិត​​ ស៊េរី​​៨៩ ​ពណ៌​ទឹក​ប៊ិច ពាក់​ស្លាក​លេខ​ ឃ-៦៥៧៦ ភព២ ផ្ទុក​ឈើ​​​គ្រញូង​ចំនួន​៨០​កំណាត់ ។​

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​និយាយថា នៅព្រឹក​ថ្ងៃនោះ​គេឃើញ​រថ​យន្ត​ខាង​លើ​បើក​​លឿន​ដូច​ហោះ​​​​​ក្នុង​ទិស​ដៅ​​ពីលិច​ទៅ​កើត ​លុះ​មក​ដល់​​ចំណុច​កើត​ហេតុ​​បាន​វាក់​នឹង​រថយន្ត​​ទួរីស​​មួយ​គ្រឿង​​​ដែល​កំពុង​ធ្វើ​ដំណើរ​​ស្របទិសគ្នា​ ។ ដោយ​សារ​​ល្បឿន​​រថយន្ត​កាមរី​​លឿន​ហួស​កំណត់​​ហើយ​​កៀក​​ពីក្រោយ​​​រថយន្ត​ទួរីស​​ពេក​​មិនអាច​​បង្អង់​​បាន​ក៏គេច​​វ៉ាទៅ​ខាង​ឆ្វេង​​ដៃ​បណ្តាល​ឱ្យ​​ជ្រុល​ចង្កូត​​ធ្លាក់​ផ្លូវបុកផ្ញុច​នឹង​​ភ្លឺ​ស្រែ​​ក្រឡាប់​​​២-៣​​ត្រឡប់​​ធ្លាយ​​ចេញ​​សុទ្ធ​តែ​​ឈើ​គ្រញូង​​ ។ ប្រជា​ពលរដ្ឋ​​និយាយ​​ទៀតថា ​រថយន្ត​បាន​ខូចខាត​​ខ្ទេច​ខ្ទី​​ហើយ​ភ្លាម​នោះ​​គេ​ឃើញ​​​មនុស្ស​ពីរ​នាក់​​លូន​ចេញ​​ពីក្នុង​​រថយន្ត​​​ទាំង​ឈាម​ហូរ​ជោក​ខ្លួន​រួច​ដើរ​ទៅ​​ណា​បាត់ ទុក​រថយន្ត​​ចោល​នៅទីនោះ​ ហើយ​អ្នក​ស្រុក​​ភូមិ​​បាន​នាំគ្នា​ទៅ​ចោមរោម​​​មើល​យ៉ាង​ច្រើន​ទាំង​អារម្មណ៍​​​ភ័យ​តក់​ស្លុត​ជំនួស ។ អ្នក​​ទៅ​ចោមរោម​មើល​​លាន់​មាត់​ថា សំណាង​​​ល្អ​ខូចតែ​រថយន្ត​មិន​ស្លាប់​មនុស្ស​ ម្យ៉ាង​វិញ​ទៀត​កន្លែង​គ្រោះ​ថ្នាក់​​គ្មាន​ផ្ទះ​ប្រជា​ពលរដ្ឋ​និង​គ្មាន​អ្នក​​​ដើរ​កំសាន្ត ។​

​ក្រោយ​ពេល​​កើត​ហេតុ​ រថយន្ត​និង​ឈើ​គ្រញូង​ទាំង​៨០​កំណាត់​​ត្រូវ​បាន​សមត្ថ​កិច្ច​​​យក​ទៅ​រក្សា​ទុកនៅ​​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ក្រគរ​ ។ បើ​​តាម​ប្រភព​ព័ត៌​មាន​​បាន​ប្រាប់​កោះសន្តិភាព​ថា សព្វ​ថ្ងៃ​​នេះ​ការ​ដឹកជញ្ជូន​​ឈើ​គ្រញូង​​​បាន​​​ចាប់់​ផ្តើម​កម្រើក​​វិញទៀត​ហើយ ហើយ​កន្លែង​​ស្តុក​ឈើ​​លើក​ដាក់​ឈើ​នោះ​​ត្រូវ​បាន​​គេ​ដឹងថា នៅ​ភូមិ​ចំការ​ចេក ​ដែល​សមត្ថ​កិច្ច​ធ្លាប់​បង្ក្រាប​កន្លង​មក និងមួយ​កន្លែង​ទៀត​​នៅ​ខាង​ជើង​ផ្សារ​​ចាស់​ភូមិ​ពាលញែក២ ផ្លូវ​ចូលទៅ​តារាង​បាល់​ គឺចេញ​ស្ទើររាល់​យប់ ៕

អូតង់​​វាយប្រហារ​​ច្រឡំ​​សម្លាប់ជនស៊ីវិល​ និងពួកបះបោរ​លីប៊ី

Posted: 02 Apr 2011 07:59 PM PDT

កង​ទ័ព​​​ចម្រុះ​​វាយប្រហារ​​ច្រឡំ​ដោយ​ទម្លាក់​គ្រាប់បែក​សម្លាប់ពួកបះបោរ​​​៩​នាក់ និង​​ជន​ស៊ីវិល​​​៤​នាក់

ពួកបះបោរ​​​​លីប៊ី​​អះអាង​ថា ពួក​ឧទ្ទាម និង​​ជន​ស៊ីវិល​​ជាង​១០​នាក់ ​បាន​​ត្រូវ​ស្លាប់ក្នុង​ការ​វាយប្រហារ​​​តាមអាកាស​​មួយ​របស់​អូតង់​​កាលពី​ថ្ងៃ​ទី​​​១ មេសា ​កន្លង​មក​នេះ នៅជិត​ទីក្រុង​ BREGA ។ ពួក​​ឧទ្ទាម​​លីប៊ី​​និយាយ​​កាលពី​ថ្ងៃទី​២ មេសា ​ថា ​កង​ទ័ព​​​ចម្រុះ​​វាយប្រហារ​​ច្រឡំ​ដោយ​ទម្លាក់​គ្រាប់បែក​សម្លាប់ពួកបះបោរ​​​៩​នាក់ និង​​ជន​ស៊ីវិល​​​៤​នាក់​ ​កាលពីយប់ថ្ងៃទី​​​​១ មេសា ក្នុង​​​តំបន់ BREGA ។​ អូតង់​ដែលឡើង​​ធ្វើ​មេ​បញ្ជា​ការ​​ប្រតិបត្តិ​ការ​យោធា​នៅ​​​លីប៊ី​បាន​​​ប្រកាស​ភ្លាម​ៗថា ខ្លួន​​បាន​ពិនិត្យ​​​​ព័ត៌​មានទាំង​ឡាយ​អំពី​ការ​​វាយប្រហារ​​ច្រឡំ​នេះ ។​

យោង​តាម​​អ្នកទទួលខុសត្រូវ​ខាង​នយោ​បាយ​​ម្នាក់របស់​ទីក្រុង AJDABIYA ទទួល​បន្ទុក​​ខាង​ទំនាក់ទំនងជាមួយ​ពួកបះបោរ​​ថា យន្ត​ហោះ​​មួយគ្រឿង​​របស់កង​ទ័ពចម្រុះ​​​បានវាយ​ប្រហារ​​នៅ​កន្លែង​មួយ​ចម្ងាយ​​១៥គីឡូម៉ែត្រ​​ខាង​កើត​​ទីក្រុង​​ប្រេង​កាត BREGA លើ​ក្បួន​​រថ​យន្ត​មួយខ្សែ​​​មាន​រថយន្ត​ពី​​​៥​ទៅ​​៦គ្រឿង ក្នុង​នោះ​មាន​រថយន្ត​​សង្គ្រោះ​​មួយគ្រឿងផង​​។ យុទ្ធ​​ជន​​បះ​បោរ​​​៩​នាក់​បានត្រូវ​ស្លាប់​​ក្នុងការ​វាយប្រហារ​​នេះ រួមទាំង​​ជន​ស៊ីវិល​​៤នាក់​ស្ថិតក្នុង​​រថយន្ត​​សង្គ្រោះ​​ដែល​ក្នុង​ចំណោម​​ពួកគេ​​មានអ្នក​​បើកបរ និង​និស្សិត​​ពេទ្យ​​៣​នាក់នៅក្រុង​​បេន​ហ្គាហ្ស៊ី ៕​

ចូលរួម​ផ្តល់​ព័ត៌​មាន​​ដើម្បី​​​ការអភិវឌ្ឍនិង​ការអប់រំ​ដោយ​ចីរភាព

Posted: 02 Apr 2011 07:54 PM PDT

​លោក​ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួងព័ត៌​មាន​​​ បាន​អញ្ជើញ​​បិទ​សិក្ខា​​សាលា​​
សិក្ខា​​សាលា​​ស្តីពី​ «​ចូលរួម​ផ្តល់​​ព័ត៌​មាន​​ដើម្បី​ការ​អភិវឌ្ឍ​ និង​ការ​អប់រំ​​​ដោយ​​ចីរភាព»

ខេត្តពោធិ៍​សាត់​ ៖ កាលពី​រសៀល​ថ្ងៃទី​៣១ មីនា ​លោក​ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួងព័ត៌​មាន​​​ បាន​អញ្ជើញ​​បិទ​សិក្ខា​​សាលា​​ស្តីពី​ «​ចូលរួម​ផ្តល់​​ព័ត៌​មាន​​ដើម្បី​ការ​អភិវឌ្ឍ​ និង​ការ​អប់រំ​​​ដោយ​​ចីរភាព» នៅ​​មជ្ឈមណ្ឌល​​អភិវឌ្ឍន៍​​​ប៊ុន រ៉ានី ហ៊ុន សែន ដោយ​មាន​ការ​ចូលរួម​ពីលោក​ខូយ សុខា អភិបាល​ខេត្តពោធិ៍​សាត់់​​ ​និង​លោក​មួង ​សុវត្ថិ តំណាង​គណៈ​កម្មការ​​ជាតិយូណេស្កូ​កម្ពុជា​​ផងដែរ ។

​លោក​ផាន់ វណ្ណសិទ្ធិ​ ប្រធាន​មន្ទីរ​ព័ត៌​មាន​​ខេត្ត​ពោធិ៍​សាត់​បាន​ជម្រាប​​​ជូន​ថា រយៈពេល​​​ពេញ​មួយ​ថ្ងៃ​នេះ​​ សិក្ខា​​កាម​​ជាមេ​ឃុំ​-សង្កាត់​​ទាំង​​៤៩ អភិបាល​​និង​ក្រុម​ប្រឹក្សា​ស្រុក​-​ក្រុងទាំង​​៦ បាន​​យល់​ដឹង​អំពី​អ្វី​ទៅជាព័ត៌​មាន ? ព័ត៌​មាន​ជាអ្វី ? ការ​ប្រមូល​​ព័ត៌​មាន​​ របៀប​សរសេរ​ព័ត៌​មាន​ និង​របៀប​យក​ព័ត៌​មាន ហើយ​សិក្ខា​សាលា​​នេះ​គឺជា​​លើកទី​១​ ហើយ​សម្រាប់​មន្ទីរ​ព័ត៌​មាន​​​ខេត្ត​​។ ព័ត៌​មាន​​មាន​សារសំខាន់​​ណាស់​ដែល​មនុស្ស​គ្រប់​រូប​មិនអាច​ខ្វះ​បាន​ក្នុង​ការ​ទំនាក់​ទំនង​គ្នា​​រាល់​ថ្ងៃ ​លើកលែង​​តែព្រះ​ក្នុង​វិហារ​ប៉ុណ្ណោះ ។ លោក​​បាន​ថ្លែងអំណរគុណ​​ចំពោះ​រាជ​រដ្ឋា​ភិបាល​​តាម​រយៈ​ក្រសួង​ព័ត៌​មាន​ដែល​បាន​​ផ្តល់​កាដូ​សម្រាប់​​​ប្រជាជន​​ខេត្ត​ពោធិ៍​សាត់​ នូវ​វិទ្យុជាតិ​  FM98.5 MHz ​កម្លាំង​ផ្សាយ​២​គីឡូវ៉ាត់ និង​ទូរទស្សន៍​​ជាតិ​សម្រាប់​​បន្ត​ពីភ្នំពេញ​ដែល​មាន​​​វិសាលភាព​​គ្រប​ដណ្តប់​ទូទាំង​ខេត្ត ​និង​​បណ្តា​ស្រុក​​ជិត​ខាង​​មួយ​ចំនួន​ ។  ទន្ទឹម​​នឹង​នេះ លោក​ប្រធាន​មន្ទីរ​​មិន​ភ្លេច​​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​យូណេស្កូ​​ ដែល​បាន​​ផ្តល់​គម្រោង​PP 5652006008 CAM 2010-2011  ដែល​​បាន​បែង​ចែក​ជាពីរ​ផ្នែក ។ ផ្នែក​ទី១-​ការ​ផ្គត់​ផ្គង់​​សំភារ​​ ផ្នែក​ទី២-ការ​បណ្តុះ​បណ្តាល​​​បច្ចេកទេស​ និង​បើក​សិក្ខា​សាលា​​ជូន​សហគមន៍​​ឱ្យ​យល់​ដឹងពី​សារសំខាន់​នៃ​វិស័យ​​ព័ត៌​មាន​ចូលរួម​ផ្តល់​ព័ត៌​មាន​​ដើម្បី​ផល​ប្រយោជន៍​​ទាំងអស់​​គ្នា​នៅ​ថ្ងៃ​នេះ ។

លោក​ខូយ សុខា អភិបាល​​ខេត្ត​​ បាន​​​កោត​​សរសើរ​​​​ចំពោះ​​មន្ទីរព័ត៌​មាន​​​តាម​​រយៈ​ស្ថានីយ​​វិទ្យុ​និង​ទូរទស្សន៍​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​ឱ្យ​ប្រជាជន​នៅគ្រប់​មូល​ដ្ឋាន​​បាន​ដឹង​នូវ​សកម្ម​ភាព​ការងារ​របស់​ថ្នាក់​ដឹកនាំ​ខេត្ត​ ក៏ដូចជា​រាជ​រដ្ឋា​ភិបាល​ ព័ត៌​មាន​ជាតិ-អន្តរជាតិ​ និងព្រឹត្តិការណ៍​​ហេតុ​ការណ៍​ផ្សេងៗ​ដែល​កើត​មាន​ក្នុង​ប្រទេស​និង​​លើ​ពិភព​លោក ។

លោក​ខៀវ កាញារីទ្ធ ​​រដ្ឋ​មន្ត្រី​​ក្រសួង​​ព័ត៌​មាន​មាន​ប្រសាសន៍​​ថា ​ការ​ចូល​រួម​ផ្តល់​​និង​ទទួល​ព័ត៌​មាន​​បាន​មក​វិញ​នូវ​​សេវាទាន់​ហេតុការណ៍​ ដំណឹង​ពិត​ជឿទុក​ចិត្ត​បាន គឺពិត​ជា​នាំឱ្យ​យើង​​ម្នាក់ៗ​ សម្រេច​ចិត្ត​បាន​ត្រឹម​ត្រូវ​​ មាន​តម្លា​ភាព​និង​បង្កើត​បាន​ជាកិច្ច​សហការ​​យ៉ាង​ល្អ​​ប្រសើរ ។ ក្នុងជីវភាព​​ប្រចាំ​ថ្ងៃ​​របស់​​​យើង​​ម្នាក់ៗ​​ប្រសិន​​បើ​យើង​​មិន​បាន​ទទួល​ដំណឹង​ព័ត៌​មាន​អ្វី​សោះនោះ ​យើង​ហាក់​បីដូចជា​មាន​អារម្មណ៍​​​ស្ថិត​នៅ​ទី​កន្លែង​​មួយ​ឯកោ​​ មិន​បាន​ដឹង មិន​បាន​ឮ​​​អ្វី​សោះអំពី​ព្រឹត្តិការណ៍​​ជាតិ​-អន្តរជាតិ​​​ដែល​កំពុង​តែកើត​មាន ។ ​ក្នុង​ជីវភាព​រស់​នៅ​​​និង​ការ​ទំនាក់​ទំនង​របស់​មនុស្ស​​រវាង​បុគ្គល​ រវាង​ក្រុម​​គ្រួសារ​ក្នុង​សង្គម​ រវាង​ប្រទេស​ជាតិ​នីមួយៗ​ ​លើពិភព​លោក​គឺ​អាស្រ័យ​​លើ​ប្រភព​ព័ត៌​មាន​។ ​ដូច្នេះ​​ការ​ចូល​​រួម​ដោយ​ស្មារតី​​ខ្ពស់​និង​សកម្ម​ពីសមាជិក-សមាជិកា​​សហគមន៍​គ្រប់​រូប ​គឺជា​កត្តា​​​ចាំបាច់​​ដែល​នាំឱ្យ​យើង​ទាំងអស់​គ្នា កសាង​បាន​នូវ​ការ​អភិវឌ្ឍ និង​ការ​​អប់រំ​​ដោយ​ចីរភាព​​បាន ។ ក្នុង​ឱកាស​​នោះ លោក​​ខៀវ កាញារីទ្ធ​ បាន​ឧបត្ថម្ភ​​ថវិកា​​ដល់​មន្ទីរ​​ព័ត៌​មាន​​ខេត្ត​ពោធិ៍​សាត់​​ចំនួន​១.០០០.០០០​រៀល​​ផងដែរ ៕​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!