VOA News: ព័ត៌មាន: “ថៃត្រូវថ្កោលទោសថាបានបាញ់គ្រាប់បែកចង្កោមមកលើទឹកដីកម្ពុជា” plus 2 more
VOA News: ព័ត៌មាន: “ថៃត្រូវថ្កោលទោសថាបានបាញ់គ្រាប់បែកចង្កោមមកលើទឹកដីកម្ពុជា” plus 2 more |
- ថៃត្រូវថ្កោលទោសថាបានបាញ់គ្រាប់បែកចង្កោមមកលើទឹកដីកម្ពុជា
- សង្គមស៊ីវិល៖ ច្បាប់ស្ដីពីសមាគមនិងអង្គការគឺជាការគំរាមកំហែង
- សហគមន៍ខ្មែរប្រឆាំងទំនប់វារីអគ្គិសនីរបស់ឡាវ
ថៃត្រូវថ្កោលទោសថាបានបាញ់គ្រាប់បែកចង្កោមមកលើទឹកដីកម្ពុជា Posted: 07 Apr 2011 01:29 PM PDT ប្រទេសថៃត្រូវបានថ្កោលទោសពីសម្ព័ន្ធអង្គការប្រឆាំងគ្រាប់បែកចង្កោមចំពោះការបាញ់ គ្រាប់បែកចង្កោមមកលើទឹកដីកម្ពុជានៅក្នុងខែកុម្ភៈ ខណៈដែលកងទ័ពនៃប្រទេសទាំងពីរបានវាយ ប្រយុទ្ធគ្នានៅតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ។ ប្រទេសថៃបានទទួលស្គាល់ការបាញ់គ្រាប់បែកចង្កោមនេះ។ ជនរងគ្រោះកម្ពុជាបានទាមទារឱ្យថៃសងការខូចខាត និងការបាត់បង់ជីវិតមនុស្ស។ សម្ព័ន្ធអង្គការប្រឆាំងគ្រាប់បែកចង្កោមបានថ្កោលទោលប្រទេសថៃចំពោះការបាញ់គ្រាប់ចង្កោមមកលើប្រទេសកម្ពុជា ដែលនៅថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋខ្មែរបានសាទរ និងបានទាមទារឱ្យប្រទេសថៃសងការខូចខាតនិងការបាត់បង់អាយុជីវិតមនុស្ស។ តាមការស៊ើបអង្កេតនៅលើតំបន់ពីរផ្សេងគ្នា សម្ព័ន្ធអង្គការប្រឆាំងគ្រាប់ចង្កោមបានសន្និដ្ឋានថា ថៃ បានប្រើប្រាស់គ្រាប់បែកចង្កោមមកលើទឹកដីកម្ពុជានៅក្នុងអំឡុងពេលមានជម្លោះព្រំដែនកាលពីខែ កុម្ភៈ ឆ្នាំ២០១១ នេះបើតាមសេចក្តីថ្លែងការណ៍។ សម្ព័ន្ធអង្គការប្រឆាំងគ្រាប់បែកចង្កោមសូមធ្វើការថ្កោលទោសការប្រើប្រាស់គ្រាប់បែកចង្កោមណាហើយអំពាវនាវយ៉ាងទទូចឱ្យប្រទេសថៃ និងកម្ពុជាប្តេជ្ញាឈប់ប្រើជាបន្ទាន់ និងទទួលយកសន្ធិសញ្ញាអន្តរជាតិស្តីពីការហាមប្រាមការប្រើប្រាស់សព្វាវុធនេះ។ លោក Laura Cheeseman នាយកសម្ព័ន្ធអង្គការប្រឆាំងគ្រាប់បែកចង្កោម បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា វាគួរឱ្យព្រួយបារម្ភណាស់ ដែលប្រទេសណាមួយបែរមកប្រើគ្រាប់បែកចង្កោមដែលត្រូវបានហាមឃាត់ និងប្រឆាំងដោយសហគមន៍អន្តរជាតិនោះ។ លោក Laura Cheeseman បានបន្ថែមថា ប្រទេសថៃជាប្រទេសឈានមុខមួយក្នុងការប្រឆាំងរាល់ទម្រង់នៃការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សដោយគ្មានរើសមុខនិងធ្វើឱ្យជនស៊ីវិលរងរបួសក្នុងលក្ខណៈនេះ។ លោកឯកអគ្គរាជទូតថៃប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានទទួលស្គាល់ក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារថាថៃបានប្រើគ្រាប់កាំភ្លើងធំធុន១៥៥មម ក្នុងបំណងបញ្ជូនគ្រាប់បែកចង្កោមសម្រាប់ កិច្ចអន្តរាគមន៍, បើតាមសេចក្តីថ្លែងការណ៍។ លោកឯកអគ្គរាជទូត បានបន្តថាថៃប្រើគ្រាប់បែកចង្កោម 'ក្នុងកិច្ចស្វ័យការពារខ្លួន' ដោយប្រើគោល ការណ៍ស្តីពី 'ភាពចាំបាច់សមស្រប និងអនុវត្តន៍តាមក្រមប្រតិបត្តិការយោធាផងដែរ'។ លោកឯកអគ្គរាជទូតបានចោទប្រកាន់កងទ័ពកម្ពុជាពីការប្រើគ្រាប់រ៉ុក្កែតដ៏ច្រើនប្រឆាំងលើគោលដៅជាជនស៊ីវិលនៅក្នុងតំបន់សាត់ទិសុក ស្រុកគោកខាន់ ប្រទេសថៃ។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា សមាជិកសម្ព័ន្ធអង្គការគ្រាប់បែកចង្កោមបានឃើញដោយផ្ទាល់ភ្នែកនូវគ្រាប់មិនទាន់ផ្ទុះតូចៗ និងសំណល់គ្រាប់បែកតូចៗដែលបានបណ្តាលមកពីគ្រាប់បែកចង្កោមនៅក្នុងភូមិស្វាយជ្រុំ និងភូមិសែនជ័យ ប្រទេសកម្ពុជា។ លោក Atle Karlsen មកពីអង្គការជំនួយរបស់ប្រជាពលរដ្ឋណ័រវេស បានថ្លែងថា ប្រជាពលរដ្ឋប្រហែល៥០០០នាក់ ដែលរស់នៅក្នុងភូមិសែនជ័យ ប្រឈមនឹងហានិភ័យពីគ្រាប់មិនទាន់ផ្ទុះទាំងនេះ។ លោក Atle Karlsen បានបន្តថា ប្រទេសថៃត្រូវតែផ្តល់ព័ត៌មានដល់កម្ពុជាដើម្បីជួយដល់ការបោស សម្អាតក្នុងតំបន់ដែលប៉ះពាល់ និងធ្វើឱ្យមានសុវត្ថិភាពសម្រាប់ការវិលត្រឡប់ទៅភូមិរបស់ប្រជាពលរដ្ឋវិញ។ Denise Coghlan អ្នកដឹកនាំសម្ព័ន្ធអង្គការគ្រាប់បែកចង្កោមនៅកម្ពុជា បានថ្លែងថា គ្រាប់បែកចង្កោមនេះបានឆក់យកជីវិតបុរសពីរនាក់ និងពីរនាក់ទៀតបានបាត់បង់ដៃរបស់គេ និងប្រាំនាក់ផ្សេងទៀតបានរងរបួស។ លោកសៅ ចិត្ត មេក្រុមដែលមានកងទ័ព៣០នាក់ប្រចាំនៅភ្នំទ្រព្យ បានថ្លែងថា លោកស្វាគមន៍ និងគាំទ្រការថ្កោលទោសរបស់សម្ព័ន្ធអង្គការប្រឆាំងគ្រាប់បែកចង្កោម ចំពោះការបាញ់គ្រាប់បែកចង្កោមរបស់ប្រទេសថៃចូលក្នុងទឹកដីកម្ពុជា។ «ពិភពលោកបានហាមប្រាមការប្រើគ្រាប់បែកចង្កោមនេះ។ ថៃបានបំពានមកលើខ្មែរ។ អត់ខុសទេ គេថ្កោលទោសវានេះ។ ខ្ញុំមានការសប្បាយរីករាយចំពោះការថ្កោលទោសប្រទេសថៃ»។ លោកសៅ ចិត្ត ដែលបានរងរបួសចិញ្ចើមខាងឆ្វេងដោយគ្រាប់បែកចង្កោមក្នុងខែកុម្ភៈ បាននិយាយថា កងទ័ពកម្ពុជាយ៉ាងតិច៧នាក់បានរងរបួស។ លោកប្រាក់ ភី ប្រធានភូមិធម្មជាតិសម្តេចហ៊ុន សែន បានថ្លែងថា អ្នកភូមិរបស់លោកបានទទួលរងនូវការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ និងស្រូវអង្ករដោយសារគ្រាប់បែកចង្កោមរបស់ថៃ ប៉ុន្តែមិនមានរងរបួសទេ។ លោកប្រាក់ ភីបានបញ្ជាក់ថា កងទ័ពកម្ពុជាបានស្លាប់ និងរងរបួសពីការបាញ់គ្រាប់បែកចង្កោមរបស់ថៃ។ «គេថ្កោលទោសទៅលើប្រទេសថៃគឺជារឿងត្រឹមត្រូវហើយ។ ខ្ញុំទាមទារឱ្យថៃទទួលខុសត្រូវចំពោះការបាញ់គ្រាប់បែកចង្កោមមកលើទឹកដីកម្ពុជានេះ។ ខ្ញុំចង់ឱ្យថៃឈប់បាញ់គ្រាប់បែកចង្កោមចូលមកក្នុងទឹកដីកម្ពុជា ហើយចិត្តរបស់ខ្ញុំ ចង់ឱ្យថៃសងការខូចខាតឆេះផ្ទះសម្បែង ទ្រព្យសម្បត្តិ ស្រូវអង្កររបស់ប្រជាពលរដ្ឋ នៅភូមិធម្មជាតិ ដោយអត់មានអ្វីហូបទេ»។ លោក Thani Thongphakdi អ្នកនាំពាក្យក្រសួងការបរទេសថៃ បានថ្លែងប្រាប់ VOA ថា ហេតុផលរបស់ថៃប្រើគ្រាប់បែកចង្កោមនេះ គឺដើម្បីធ្វើឱ្យប្រសើរដល់គោលបំណងពិតនៃគ្រាប់ដែលមានអនុញ្ញាត។ «យើងត្រូវតែឆ្លើយតបក្នុងកិច្ចស្វ័យការពារខ្លួនចំពោះការប្រើគ្រាប់រ៉ុក្កែត BM21 ដ៏ច្រើនរបស់ប្រទេស កម្ពុជា គឺមានគ្រោះថ្នាក់បំផុតដល់ជនស៊ីវិលថៃ។ យើងបានសំដៅទៅរកគោលដៅយោធា ប៉ុន្តែមិនមែនគោលដៅជនស៊ីវិលទេ»។ លោក Thani បានបន្តថា យោធានៃភាគីទាំងពីរធ្វើទំនាក់ទំនងគ្នាដើម្បីផ្តល់ព័ត៌មានសម្រាប់ទីតាំងនៃការវាយប្រហារដោយគ្រាប់បែកចង្កោមនេះ។ ប្រទេសកម្ពុជា និងប្រទេសថៃមិនទាន់បានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការហាមឃាត់ការប្រើ ប្រាស់គ្រាប់បែកចង្កោមនេះនៅឡើយទេ៕ This posting includes an audio/video/photo media file: Download Now |
សង្គមស៊ីវិល៖ ច្បាប់ស្ដីពីសមាគមនិងអង្គការគឺជាការគំរាមកំហែង Posted: 07 Apr 2011 01:54 PM PDT បន្ទាប់ពីអង្គការ Freedom House នៅថ្ងៃនេះ អង្គការសង្គមស៊ីវិល អង្គការដ៏ធំៗជាងគេក្នុងពិភពលោកមួយក្រុមផ្សេងទៀតបានស្នើឲ្យរដ្ឋាភិបាលបោះបង់ចោលសេចក្ដីព្រាងច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ ក៏ប៉ុន្ដែមន្ដ្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអះអាងថា សំណើនោះមិនអាចធ្វើទៅរួចទេ។ អង្គការអន្ដរជាតិធំៗបំផុតក្នុងពិភពលោកចំនួនប្រាំបី នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើឲ្យរាជរដ្ឋាភិបាលខ្មែរបោះបង់ចោលសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាស់ដោយសំអាងថា សេចក្ដីព្រាងច្បាប់ដែលកំពុងស្ថិតក្នុងដៃក្រសួងមហាផ្ទៃនេះនឹងក្លាយជា ឩបករណ៍គំរាមកំហែងយ៉ាងសំខាន់ដល់អង្គការសង្គមស៊ីវិលដែលកំពុងប្រតិបត្តិការក្នុងប្រទេស។ សេចក្ដីស្នើសុំរួមគ្នានេះរបស់អង្គការ Human Rights Watch, Amnesty International, Forum Asia, Global Witness, Southeast Asia Press Alliance, Frontline Defenders, Fidh & OMCT នឹងជួយពង្រឹងបន្ថែមទៀតលើសេចក្ដីអំពាវនាវកាលពីម្សិលមិញរបស់ក្រុមអង្គការអន្ដរជាតិចំនួន៦២ ដែលកំពុងតែប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ អង្គការទាំង៦២បានស្នើឲ្យសហគមប្រទេសផ្ដល់ជំនួយធ្វើសេចក្ដីថ្លែងការណ៍ដ៏រឹងមាំជាសាធារណៈនិងជាលក្ខណៈឯកជន ដើម្បីប្រឆាំងទៅនឹងការអនុម័តសេចក្ដីព្រាងច្បាប់នេះ។ ហើយសំណើរបស់អង្គការក្រៅរដ្ឋាភិបាលរបស់អង្គការអន្ដរជាតិទាំងប្រាំបីធ្វើឡើង បន្ទាប់ពីអង្គការ Freedom House របស់សហរដ្ឋអាមេរិកបានទាមទារដូចគ្នាកាលពីថ្ងៃសុក្រសប្ដាហ៍មុន ខណៈដែលក្រសួងមហាផ្ទៃរបស់ប្រទេសកម្ពុជាបានបិទបញ្ចប់ការទទួលយោបល់សម្រាប់ការកែលម្អច្បាប់ពីក្រុមអង្គការសង្គមស៊ីវិល ហើយកំពុងតែរៀបចំបញ្ជូនសេចក្ដីព្រាងច្បាប់នេះទៅកាន់គណៈរដ្ឋមន្ដ្រីដើម្បីអនុម័ត មុននឹងបញ្ជូនទៅកាន់រដ្ឋសភា។ លោកប្រេដ អាដាម នាយកអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ី មានប្រសាសន៍នៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះថា «សេចក្ដីស្នើច្បាប់របស់ប្រទេសកម្ពុជាអាចប្រើយ៉ាងងាយបំផុតសម្រាប់ធ្វើការបដិសេធការចុះបញ្ជី ឬបិទទ្វារអង្គការនានា ដែលបម្រើផលប្រយោជន៍សាធារណជន»។ ក្រុមអង្គការសង្គមស៊ីវិលក៏បានលើកឡើងថា ត្រង់ចំណុចនៃការចុះបញ្ជីអង្គការ នៅតែជាការចាំបាច់តម្រូវឲ្យធ្វើ បើទោះជាមានការអំពាវនាវជាច្រើនដងឲ្យអនុលោមតាមស្ដង់ដារអន្ដរជាតិក៏ដោយ។ នីតិវិធីនៃការធ្វើរបាយការណ៍ និងការចុះបញ្ជីដ៏ច្រើន ដែលអាចធ្វើឲ្យក្លាយជាការដាក់ទោសព្រហ្មទណ្ឌ និងទោសឧក្រិដ្ឋដល់អង្គការតូចៗ សមាគម និងសហគមន៍ដែលមានកម្រិតត្រឹមជាបណ្ដាញនោះ នៅតែមានចែងក្នុងច្បាប់នេះយ៉ាងទូលំទូលាយ។ អង្គការទាំង៨ក៏បានលើកពីការព្រួយបារម្ភអំពីកង្វះការការពារតាមផ្លូវច្បាប់ កង្វះយន្ដការក្នុងការសើរើផ្នែកយុត្តាធិការដ៏មានសារៈសំខាន់ ឬសិទ្ធិធ្វើបណ្ដឹងសារទុក្ខដែលមិនត្រូវបានចែង និងលើកកង្វល់ទាក់ទងទៅនឹងភាពមិនច្បាស់លាស់នៃនិយមន័យនៅក្នុងសេចក្ដីព្រាងច្បាប់ដើម ដែលមិនត្រូវបានដោះស្រាយនោះ។ អ្នកតំណាងអង្គការអន្តរជាតិធំៗទាំង៨ចោទសួរថា ហេតុអ្វីក៏កម្ពុជាត្រូវការច្បាប់អង្គការនេះ ខណៈដែលកម្ពុជាមានច្បាប់ និងបទបញ្ជាជាច្រើនរួចទៅហើយដែលគ្រប់គ្រងអង្គការសង្គមស៊ីវិល។ ទោះជាយ៉ាងណា ក៏លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសាន៍ថា កម្ពុជាមិនអាចបោះបង់ច្បាប់នេះតាមការទាមទារបានទេ។ «បើយើងបោះបង់ចោល បានសេចក្ដីថា យើងបោះបង់ចោលរដ្ឋធម្មនុញ្ញឆ្នាំ៩៣របស់យើង គឺយើងមិនអាចបោះបង់ចោលច្បាប់នេះបានទេ។ យើងបានកែប្រែតាមសំណើហើយ ប៉ុន្ដែយើងមិនអាចកែប្រែតាមអ្នកចង់បានទេ។ អ្នកផ្សេងទៀតចង់បានផ្សេង។ ដូច្នេះយើងពិបាកនឹងស្លតម្រូវមនុស្សចំនួន ហាហុកសិបនាក់»។ លោកឧត្តមសេនីយ៍ខៀវ សុភ័គបញ្ជាក់ថា ក្រសួងមហាផ្ទៃនឹងពិនិត្យសេចក្ដីព្រាងច្បាប់នេះឡើងវិញ ហើយគ្រោងនឹងបញ្ជូនទៅគណៈរដ្ឋមន្ដ្រីដើម្បីអនុម័តក្នុងពេលខាងមុខ។ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្ដរជាតិនៅក្នុងប្រទេសកម្ពុជា បានធ្វើការតស៊ូយ៉ាងស្វិតស្វាញក្នុងការទាមទារឲ្យកែប្រែច្បាប់នេះឲ្យមានភាពល្អប្រសើរឡើង។ ពួកគេអះអាងថា ច្បាប់នេះមិនមានភាពចាំបាច់ទេ។ ក្រុមមន្ដ្រីអង្គការទាំងនេះបានព្យាយាមជួបជាមួយរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងក្រសួងការបរទេសកាលពីសប្ដាហ៍មុន ប្រយោជន៍ដើម្បីបង្កើនការយកចិត្តទុកដាក់ថែមទៀតពីរដ្ឋាភិបាលចំពោះកង្វល់របស់ពួកគេ។ មានអង្គការជាតិ និងអន្ដរជាតិចំនួនប្រមាណជា៣.០០០កំពុងធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា។ សេចក្ដីព្រាងច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះមាន១១ជំពូកនិង៥៨មាត្រា។ ច្បាប់នេះតម្រូវឲ្យអង្គការនានាធ្វើរបាយការស្ដីពីសកម្មភាពរបស់ខ្លួន និងរបាយការណ៍ស្ដីពីហិរញ្ញវត្ថុរបស់ខ្លួនទៅជូនរដ្ឋាភិបាល៕ This posting includes an audio/video/photo media file: Download Now |
សហគមន៍ខ្មែរប្រឆាំងទំនប់វារីអគ្គិសនីរបស់ឡាវ Posted: 07 Apr 2011 01:40 PM PDT តំណាងប្រជាសហគមន៍នៅក្នុងខេត្តចំនួនបីនៅតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជាបានស្នើឲ្យបញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរីរបស់ប្រទេសឡាវដើម្បីបញ្ជៀសផលប៉ះពាល់ទៅលើជីវភាពរស់នៅរបស់ពួកគេ។ ការស្នើនេះធ្វើឡើងបន្ទាប់ពីប្រជាសហគមន៍អះអាងថា ពួកគេកំពុងរងផលប៉ះពាល់ដោយសារទំនប់វារីអគ្គិសនីនៅក្នុងប្រទេសវៀតណាមរួចទៅហើយ។ តំណាងប្រជាសហគមន៍មកពីខេត្តក្រចេះ ស្ទឹងត្រែង និងរតនៈគីរី នៅថ្ងៃព្រសហ្បតិ៍នេះ បានអំពាវនាវសុំឲ្យបញ្ឈប់គម្រោងសាងសង់ទំបន់វារីអគ្គិសនីសាយ៉ាបូរី (Xayaburi) នៅភាគខាងជើងប្រទេសឡាវ ដើម្បីបញ្ជៀសផលប៉ះពាល់បន្ថែមទៀតទៅលើស្ថានភាពរស់នៅបច្ចុប្បន្នរបស់ពួកគេ។ ការអំពាវនាវនេះបានធ្វើឡើង ខណៈពេលដែលបណ្តាប្រទេសនៅតាមអាងទន្លេមេគង្គក្រោម រួមមានថៃ ឡាវ កម្ពុជា និងវៀតណាមត្រៀមជួបប្រជុំគ្នាជាចុងក្រោយនៅថ្ងៃទី១៩ ខែមេសាឆ្នាំ២០១១នេះ នៅក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដើម្បីសម្រេចថា តើត្រូវអនុញ្ញាតឲ្យមានការសាងសង់ទំនប់សាយ៉ាបូរីនោះ ឬយ៉ាងណា។ នៅក្នុងសន្និសីទកាសែតមួយដែលរៀបចំឡើងដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ក្នុងទីក្រុងភ្នំពេញ លោកឯក ស៊ីវ៉ន វ័យ៦៣ឆ្នាំ តំណាងសហគមន៍ភូមិស្មាកោះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ជាប់ដងទន្លេមេគង្គ បានថ្លែងថា ការសាងសង់ទំនប់នេះនឹងធ្វើឲ្យប៉ះពាល់ដល់លំហូរទឹកទន្លេផ្នែកខាងក្រោម ហើយជាលទ្ធផលនឹងធ្វើឲ្យបាត់បង់ជម្រកត្រីដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ជីវភាពរស់នៅនៃប្រជាសហគមន៍របស់លោក។ «កាលណាទឹកតិច តើត្រីមានជម្រកឯណា? អត់មានទេ អញ្ចឹងហើយ ខ្ញុំសំណូមពរថា មិនឲ្យសាងសង់ទេ អាទំនប់ហ្នឹង»។ ទន្លេមេគង្គហូរធ្លាក់ពីខ្ពស់រាបទីបេក្នុងប្រទេសចិនឆ្លងកាត់ប្រទេសភូមា ថៃ ឡាវ កម្ពុជា និងវៀតណាមមុននឹងហូរធ្លាក់ចូលទៅក្នុងសមុទ្រចិនខាងត្បូង។ ការសាងសង់ទំនប់យ៉ាលីរបស់វៀតណាមជាច្រើនឆ្នាំមកហើយនោះបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជានៅក្នុងខេត្តភាគឦសានមួយចំនួនតវ៉ាថា បានធ្វើឲ្យមានជាតិពុលក្នុងទឹក របបទឹកទន្លេមិនទៀតទាត់ និងធ្វើឲ្យប៉ះពាល់ដល់ធនធានត្រីដែលពួកគេពឹងអាស្រ័យលើ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ អ្នកស្រីហ្វយ ស៊ុត អាយុ៥៥ឆ្នាំ តំណាងសហគមន៍ភូមិបានហ្វាំង ស្រុកវឺនសៃ ខេត្តរតនៈគីរី ដែលរស់នៅតាមដងទន្លេសេសាន ជាដៃទន្លេដ៏សំខាន់មួយរបស់ទន្លេមេគង្គ មានប្រសាសន៍ថា ប្រជាសហគមន៍របស់អ្នកស្រីមិនចង់រងផលប៉ះពាល់ដោយសារគម្រោងសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរីរបស់ប្រទេសឡាវបន្ថែមទៀតទេ។ «សូមសំណូមពរដល់ស្ថាប័នពាក់ព័ន្ធ ដល់គ្រប់ប្រទេស សូមជួយដោះស្រាយបញ្ហានេះ ព្រោះពួកខ្ញុំគឺថា ទំនប់សម្លាប់ជីវិតសហគមន៍»។ ទំនប់សាយ៉ាបូរីរបស់ប្រទេសឡាវនោះស្ថិតក្នុងចំណោមទំនប់វារីអគ្គិសនីចំនួន១២ដែលគេគ្រោងនឹងសាងសង់នៅលើដងទន្លេមេគង្គក្រោម។ តាមគម្រោង ទំបន់នោះនឹងត្រូវសាងសង់ដោយក្រុមហ៊ុនថៃមួយ និងអាចផលិតថាមពលអគ្គិសនីកម្រិត១២៦០មេហ្គាវ៉ាត់ ដោយចំណាយទឹកប្រាក់អស់ប្រមាណ៣៥០០លានដុល្លារអាមេរិក។ ៩៥%នៃថាមពលអគ្គិសនី ដែលទំបន់នេះផលិតបាន នឹងត្រូវលក់ទៅឲ្យប្រទេសថៃ នេះបើយោងតាមរបាយការណ៍របស់អង្គការទន្លេអន្តរជាតិ (International Rivers)។ របាយការណ៍នេះក៏បង្ហាញផងដែរថា ប្រសិនបើត្រូវបានសាងសង់មែននោះ ទំនប់សាយ៉ាបូរីនឹងធ្វើឲ្យខូចខាតជាអចិន្ត្រៃយ៍ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះនៅក្នុងទន្លេមេគង្គទាំងមូល។ ជាលទ្ធផល ទំនប់នោះនឹងធ្វើឲ្យបាត់បង់ពពួកពូជមច្ឆាយ៉ាងតិចចំនួន៤១ប្រភេទដែលជិតផុតពូជដូចជាពូជត្រីរាជជាដើម និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ ជាពិសេសប្រជាជនកម្ពុជាដែលពឹងអាស្រ័យលើទន្លេដ៏ធំនេះ។ ថ្លែងនៅក្នុងសន្និសីទនេះដែរ លោកឈ ស៊ីឆេង តំណាងប្រជាសហគមន៍ភូមិអំពិលទឹក ស្រុកសំបូរ ខេត្តក្រចេះ សម្តែងការព្រួយបារម្ភថា ការសាងសង់ទំនប់សាយ៉ាបូរីអាចនឹងធ្វើឲ្យបាត់បង់មេពូជត្រីផ្សោតទន្លេមេគង្គទាំងស្រុង។ ត្រីផ្សោតទន្លេមេគង្គ ដែលជាធនធានធម្មជាតិ កំពុងរងការគំរាមកំហែងក្នុងពិភពលោកនោះ ជាប្រភពទាក់ទាញភ្ញៀវទេសចរណ៍ដ៏សំខាន់របស់ខេត្តក្រចេះ។ «បើសិនជាគេសាងសង់ទំនប់ ទឹកវាស្រកអត់ មានផ្សោត អត់មានទេសចរមកដល់សហគមន៍យើងខ្ញុំសម្រាប់រកប្រាក់ចំណូលមកពីខាងទេសចរណ៍ទេ។ ទេសចរណ៍នឹងអត់មានចូលមកទៀតទេ»។ លោកឈិត សំអាត នាយកប្រតិបត្តិនៃអង្គការវេទិកាមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា មានប្រសាសន៍ថា បណ្តាប្រទេសតាមដងទន្លេមេគង្គក្រោមទាំងបួនព្រមទាំងក្រុមហ៊ុនសាងសង់ទំនប់ គួរតែធ្វើការសិក្សាបន្ថែមទៀតទៅលើផលប៉ះពាល់ឆ្លងប្រទេសដែលអាចបណ្តាលមកពីការសាងសង់ទំនប់សាយ៉ាបូរីនោះ។ «យើងទាមទារឲ្យក្រុមហ៊ុនសាងសង់ ក៏ដូចជារដ្ឋាភិបាល ទាំងឡាវនៅក្នុងហ្នឹងដែរ គឺថា សិក្សាផលប៉ះពាល់ឆ្លងព្រំដែនហ្នឹងឲ្យបានលម្អិត មុនហ្នឹងធ្វើការសម្រេចចិត្ត។ ឥឡូវនេះគាត់អត់ទាន់បានធ្វើការសិក្សាទេ អញ្ចឹងបានសង្គមស៊ីវិលយើងទាមទារឲ្យមានការសិក្សាច្បាស់លាស់សិន ថាតើប្រទេសកម្ពុជាប៉ះពាល់អីខ្លះ វៀតណាមប៉ះពាល់អីខ្លះ មុននឹងគាត់ធ្វើការសម្រេចចិត្ត»។ កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅនេះ បណ្តាញអង្គការចំនួន២៦៣ក្នុងប្រទេសចំនួន៥១ក៏បានធ្វើលិខិតរួមគ្នាមួយផ្ញើរជួនរដ្ឋាភិបាលឡាវ និងថៃ ដោយអំពាវនាវឲ្យរដ្ឋាភិបាលទាំងពីរបញ្ឈប់ផែនការកសាងទំនប់វារីអគ្គិសនីសាយ៉ាបូរីនេះដែរ ដើម្បីបញ្ជៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់នៅតាមបណ្តោយដងទន្លេមេគង្គក្រោមនេះ។ លោកស៊ិន នីនី អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មានប្រសាសន៍ថា នៅក្នុងពេលនេះ គេត្រូវរង់ចាំមើលលទ្ធផលចុងក្រោយនៃកិច្ចប្រជុំរបស់ប្រទេសទាំងបួននៅក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវនោះសិន ដើម្បីឲ្យដឹងថា តើគម្រោងសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរីនោះនឹងត្រូវអនុញ្ញាត ឬមិនអនុញ្ញាតឲ្យសាងសង់ ឬក៏ត្រូវពន្យារពេលសាងសង់ឬយ៉ាងណា។ តែទោះជាយ៉ាងណាក៏ដោយ អ្នកនាង អេមី ត្រេនឌឹម (Ame Trandem) អ្នកធ្វើយុទ្ធនាការខាងទន្លេមេគង្គរបស់អង្គការទន្លេអន្តរជាតិ (International Rivers) បានមានប្រសាសន៍ប្រាប់ វីអូអេ ខ្មែរ នៅក្នុងសន្និសីទនោះថា អ្នកនាងសង្ឃឹមថា កិច្ចប្រជុំរបស់បណ្តាប្រទេសនៃគណៈកម្មការទន្លេមេគង្គនៅថ្ងៃទី១៩ខែមេសាក្នុងប្រទេសឡាវនឹងនាំមកនូវការបញ្ឈប់គម្រោងសាងសង់ទំនប់សាយ៉ាបូរីនោះ។ អ្នកនាងអេមីរំពឹងថា បណ្តាប្រទេសទាំងបួននឹងស្វែងរកបច្ចេកវិទ្យាទាញយកថាមពលដែលមាននិរន្តរភាពផ្សេងទៀតជំនួសវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ ខ្យល់ ឬថាមពលជីវម៉ាសជាដើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពលនៅក្នុងប្រទេសនីមួយៗ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |