VOA News: ព័ត៌មាន: “អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ស្ងៀម​បន្ទាប់​ពី​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​បាន​បញ្ចប់” plus 1 more

VOA News: ព័ត៌មាន: “អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ស្ងៀម​បន្ទាប់​ពី​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​បាន​បញ្ចប់” plus 1 more


អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ស្ងៀម​បន្ទាប់​ពី​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​បាន​បញ្ចប់

Posted: 08 Apr 2011 11:36 AM PDT

ការប្រកាស​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​រដ្ឋាភិបាល​តាមច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​បាន​ឈានដល់​ទីបញ្ចប់​កាលពី​ថ្ងៃ​ទី​០៧​ខែ​មេសា។ ​ប៉ុន្តែ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិនទាន់​ប្រកាស​លទ្ធផល​នៃការ​ប្រកាស​ទ្រព្យសម្បត្តិ​នេះ​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។ ក្រុម​អ្នករិះគន់​បាន​ស្នើ​ថា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​គួរតែ​ប្រកាស​លទ្ធផល​បន្ទាប់ពី​ការបិទ​បញ្ចប់​ការប្រកាស​ទ្រព្យសម្បត្តិ​នេះ។

ការ​ប្រកាស​ទ្រព្យសម្បត្តិ​នេះ​ត្រូវបាន​ធ្វើឡើង​ចាប់ពី​ខែមករា​រហូត​ដល់​ថ្ងៃទី៧​ខែមេសា​ហើយ​មន្ត្រី​រដ្ឋាភិបាល​ប្រមាណ​២៥.០០០​នាក់​ត្រូវ​បាន​តម្រូវ​ឱ្យ​ប្រកាស​ទ្រព្យសម្បត្តិ​ហើយ​មន្ត្រី​ណា​ដែល​មិនបាន​ប្រកាស​ទ្រព្យសម្បត្តិ​ត្រូវមាន​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​២លានរៀល​ (ស្មើនឹង​៥០០​ដុល្លារ​អាមេរិក) ​ស្របតាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ។

លោក​សុន ឆ័យ ​សមាជិក​សភា​គណបក្ស​សម រង្សី ​បាន​ថ្លែងថា​ការប្រកាស​ទ្រព្យសម្បត្តិ ​មិនមាន​ន័យអ្វី ​ដែល នឹង​ជួយ​ធ្វើឱ្យ​មនុស្ស​ភ័យ​ខ្លាច​ ឬ ​បន្ថយ​សកម្មភាព​ពុករលួយ​នោះ។

«ការដោះស្រាយ​បញ្ហា​ពុករលួយ​គ្មាន​ប្រសិទ្ធភាព​ដោយសារ​តែ​ការប្រកាស​ទ្រព្យសម្បត្តិ​បែបនេះ​ទេ ​ហើយវា​ធ្វើឱ្យ​អ្នក​ប្រកាស​ទ្រព្យសម្បត្តិ​ធុញ​ទ្រាន់ដែរ។ វា​មិនដឹង​ជា​ប្រកាស​ធ្វើអ្វី។​ វា​អត់​ប្រយោជន៍។ ខ្ញុំ​និយាយ​ថា​វា​ពិបាក​នឹង​ផ្តន្ទាទោស​ទៅ​ទៀត។ អ្នកណា​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​មាន​អំណាច​ជាន់ខ្ពស់​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ប្រហែល​ជា​មិនហ៊ាន​ប៉ះពាល់​ទេ»។

លោកស្រី​ម៉ម ស៊ីថា​ ប្រធាន​គណៈកម្មាធិការ​ឯករាជ្យ​ប្រឆាំង​អំពើ​ពុករលួយ​ បាន​បញ្ជាក់​ថា លោកស្រី​បាន​ទាមទារ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ប្រកាស​លទ្ធផល​នៃ​ការប្រកាស​ទ្រព្យសម្បត្តិ​ជា​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​បន្ទាប់ពី​ការផុត​កំណត់​នៃ​ការប្រកាស​ទ្រព្យសម្បត្តិ​បាន​ចូល​ដល់​ទីបញ្ចប់​នោះ។

លោកស្រី​ម៉ម ស៊ីថា​ បាន​បញ្ជាក់ថា ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ប្រកាស​សេចក្តី​ជូន​ដំណឹង​ជា​សាធារណៈ​ទាក់ទង​នឹង​ការប្រកាស​ទ្រព្យសម្បត្តិ​ហើយ​ការបញ្ចប់​ការប្រកាស​ទ្រព្យសម្បត្តិ​គួរតែ​ត្រូវបាន​ប្រកាស​ជា​សាធារណៈ​ដោយគ្មាន​ការបិទបាំង​ទេ។

«អ្នក​ដែល​មិន​បាន​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ​ទាន់​តាម​ការកំណត់​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ត្រូវ​មាន​ទោស។ យើង​ចាំ​មើល​ថា​តើ​អ្នកណា​ខ្លះ​ពាក់ព័ន្ធ​នឹង​ការមិន​ចូល​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ​ទាន់​ពេលវេលា​នោះ​ហើយ​ថាតើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចាត់ការ​ទៅ​តាម​សេចក្តី​ជូនដំណឹង​របស់​ខ្លួន​ដែរ​ឬ​អត់។ ​ការប្រកាស​ទ្រព្យសម្បត្តិ​ត្រូវបាន​ចប់។ វា​ជា​នីតិវិធី​អនុវត្តន៍​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នោះ»។

លោក​បូ ផល ​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បាន​ថ្លែងថា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បាន​ទទួល​គ្រប់​ចំនួ​ននៃ​មន្ត្រី​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ​ដែល​បាន​ចុះបញ្ចី។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាលពី​សប្តាហ៍​មុន​ថា​ក្រសួង​ស្ថាប័ន​ចំនួន​៣៧​បាន​រាយការណ៍​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នូវ​បញ្ចី​ឈ្មោះ​មន្ត្រី​ដែល​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យ​សម្បត្តិ​សរុប​ចំនួន​២៤.៨៥៤​នាក់៕

This posting includes an audio/video/photo media file: Download Now

ពលរដ្ឋ​រងគ្រោះ​រង់ចាំ​ដំណោះស្រាយ​ដីធ្លី​ដោយ​គ្មាន​ទី​បញ្ចប់

Posted: 08 Apr 2011 11:04 AM PDT

ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ស្ពាន​ឆេះ​ខេត្ត​ព្រះសីហនុ​ ដែល​រង​ការ​បណ្តេញ​ចេញ​ពី​ភូមិករ​របស់​ខ្លួន​ទាំង​បង្ខំ​កាល​ពី​ជិត​៤ឆ្នាំ​មុន​បាន​អះអាង​ថា​ពួកគេ​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​ដូច​ជា​ជនភៀសខ្លួន។

ពួកគេ​បានលើកឡើង​​ថា​ការ​សន្យា​ជា​បន្ត​បន្ទាប់​របស់​អាជ្ញាធរ​ក្នុង​ការផ្តល់​ដី​ធ្លី​ឲ្យ​ពួកគេ​រស់នៅ​ក្រោយពី​ការបណ្តេញ​ចេញ​នោះ​ហាក់​ដូច​ជា​ ការ​និយាយ​ឲ្យ​តែ​រួច​ពី​មាត់​តែ​ប៉ុណ្ណោះ។

ក្រុង​ព្រះសីហនុ​បាន​ប្រែ​មុខមាត់​យ៉ាង​ខ្លាំង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​មាន​សណ្ឋាគារ​ ផ្ទះ​សំណាក់​និង​សំណង់​អាគារ​ទំនើប​ៗ​​ផ្សេងៗ​ទៀត​ដុះ​ព្រោងព្រាត​ដើម្បី​បម្រើ​​​ភ្ញៀវ​ទេសចរណ៍​​ដែល​ចូល​មក​លេង​កម្សាន្ត​និង​សម្រាក​លំហែ​កាយ។

ប៉ុន្តែ ​អ្នកភូមិ​ស្ពាន​ឆេះ​នៅ​ក្នុង​សង្កាត់​លេខ​៤​​នៃ​ក្រុង​នេះ ​​ចំនួនជាង​១០០​ គ្រួសារ​មិន​ទទួល​បាន​ការ​អភិវឌ្ឍ​ទៅតាម​​សង្វាក់​រីកចម្រើន​របស់​ក្រុង​ជាប់​មាត់​សមុទ្រ​​ដ៏​ស្រស់​ប្រិមប្រិយ៍​របស់​កម្ពុជា​មួយ​នេះ​ឡើយ។

ពួកគាត់​នៅ​ក្នុង​ស្ថាន​ភាព​តោកយ៉ាក​ដែល​ពួកគាត់​បានហៅ​ថា​ជា​ការរស់នៅ​ដូចជា​ជន​ភៀស​ខ្លួន​ ចាប់​តាំង​ពី​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​​បណ្តេញ​​ចេញ​​ពី​ភូមិ​ករ​របស់​ខ្លួន​​ដោយ​បង្ខំ​ចាប់តាំង​ពីជាង​បី​ឆ្នាំ​មុន​​មក​ម្ល៉េះ។

អ្នក​ស្រី​ ឈឿន សារ៉េត​ វ័យ​៤៤ឆ្នាំ​ ដែល​​ប្រកបរបរ​ជា​អ្នក​លក់​ដូរ​នំនែក​បន្តិចបន្តួច​នៅ​ផ្ទះ​ គឺ​ជា​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ជាង​៧០​គ្រួសារ​ទៀត​ដែល​បន្ត​រស់នៅដោយ​គ្មាន​​បង្គន់​អនាម័យ​ ទឹក​ស្អាត​និង​ភ្លើង​អគ្គិសនី​ប្រើប្រាស់ នៅ​​​​ក្នុង​ខ្ទម​​ប្រក់​តង់​ដែល​គេ​សង់​ជា​ជួរ​​តាម​ចិញ្ចើម​ផ្លូវ​ដីក្រហម​មួយខ្សែ​​​​​ ស្ថិត​នៅ​​​ចម្ងាយ​ប្រមាណ​តែ​៥០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ឆ្នេរ​អូរត្រេះ ​ជាប់​ឆ្នេរ​អូរឈើទាល​ដ៏​មាន​ប្រជាប្រិយភាព​នៃ​ក្រុង​នេះ។

អ្នក​ស្រី ឈឿន សារ៉េត ​ដែល​កំពុង​មាន​ផ្ទៃពោះ​កូន​ទី​៦​របស់​អ្នក​ស្រី ​មាន​ប្រសាសន៍​ទាំង​​ទឹក​ភ្នែក​ស្រក់​ម៉ាត់ៗ​​នៅ​ក្នុង​ខ្ទម​ប្រក់​តង់​ដែល​ធ្លុះធ្លាយ​របស់​អ្នក​ស្រី។ ​​​​ខ្ទម​នេះ​សង់​នៅ​​នៅជិត​អតីត​​ដី​ភូមិ​​​ចាស់​ដែល​អ្នក​ស្រី​និង​អ្ន​ក​ភូមិ​ដទៃ​ទៀត​​ធ្លាប់​រស់នៅ​អស់​រយៈ​​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។

អ្នកស្រី ​សារ៉េត ​មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​ខេត្ត​បាន​សន្យា​ម្តង​ហើយ​ម្តង​ទៀត​ថា​ នឹង​ផ្ដល់​ដី​មួយ​កន្លែង​ផ្សេង​ទៀត​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនេះ​តាំង​លំនៅ​ថ្មី​ ក៏​ប៉ុន្ដែ​ការសន្យា​នោះ​នៅ​តែស្ថិត​ជា​ស្រមោល​ដដែល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ហើយ​ពួកគាត់​នៅតែ​បន្ដ​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ​ដោយ​រង់ចាំ​ការបណ្ដេញ​ថ្មី​ទៀត​មក​ដល់។

«នៅ​តែ​រង់​ចាំ​អង្គការ​គេ​ដោះ​ស្រាយ​ឲ្យៗ​នៅ​តែ​អញ្ចឹង។ ខ្ញុំ​ចង់​បាន​គេ​ដោះ​ស្រាយ​ដី​ធ្លី​ឲ្យ​ឆាប់​ៗ។ នៅ​អញ្ចឹង​ ចិញ្ចឹមមាន់​ ចិញ្ចឹម​ទា​ ចិញ្ចឹម​អី​ក៏​មិន​បាន​ ឡាន​កិនបុក។ ក្តៅ​ក៏​ក្តៅ​ គ្មាន​ដើម​ឈើ​ ជម្រក​ក្មេង​លេង​ទៀត»។

កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០០៧​ ប្រជាពលរដ្ឋ​ភូមិ​ស្ពាន​ឆេះ​ទាំង​ជាង ​១០០​គ្រួសារ​ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ដែល​រួមមាន​កង​កម្លាំង​​ប្រដាប់​អាវុធ​ នគរបាល​និង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ បណ្តេញ​ដោយ​បង្ខំ​ចេញ​ពី​ដី​ភូមិ​របស់​ពួកគេ​ដែល​មាន​ទំហំ​សរុប​ប្រមាណ​១៦​ហិកតា​ដែល​ពួកគេ​ធ្លាប់​រស់នៅ​ជា​ច្រើន​ឆ្នាំ​​​​មក​ហើយ។ ​អាជ្ញាធ​អះអាង​ថា​ប្រជាពលរដ្ឋ​ទាំង​នេះ​រស់នៅ​ខុស​ច្បាប់លើ​ដី​ឯកជន។

បុរស​អ្នកភូមិ​ចំនួន​១៣នាក់​រួម​ទាំង​កូន​ប្រុស​ម្នាក់​របស់​អ្នកស្រី ​ឈឿន សារ៉េត​ផង ​បាន​​ត្រូវ​ចាប់​ខ្លួន​ និងរង​របួស​ធ្ងន់​ធ្ងរ​ដោយ​សារ​តែ​ពួកគេ​បាន​ព្យាយាម​ទាំង​អស់​សង្ឃឹម​ក្នុង​ការរារាំង​ដើម្បី​បញ្ឈប់​ការបណ្តេញ​ចេញ​ដោយ​បង្ខំ​នោះ។

ក្រុម​អ្នក​ភូមិ​​និង​មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​នៅ​ក្នុង​ខេត្ត​នេះ​ អះអាង​​​ថា ប្រពន្ធ​របស់​ទី​ប្រឹក្សា​​​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ក្នុង​ជួរ​រដ្ឋាភិបាល​ទាមទារ​ដី​ទាំង​១៦ ​ហិកតា​នេះ​ថាជា​កម្មសិទ្ធិ​របស់​ខ្លួន។ ហើយ​បច្ចុប្បន្ន​​ដី​នេះ​ត្រូវ​បាន​គេ​លក់​បន្ត​ទៅ​ឲ្យ​ម្ចាស់​ក្រោយ​ពីរឬ​បី​ត​ទៅ​ហើយ។

អ្នក​ស្រី​ ឈឿន សារ៉េត ​បាន​រំលឹក​ឡើង​វិញ​ពី​ហេតុការណ៍​បណ្តេញ​អ្នកភូមិ​ចេញ​ពី​លំនៅដ្ឋាន​​នៅ​ពេល​នោះថា៖

«វា​ដេញ​បាញ់ មាន​ដំបង​ឆក់។ វា​ដេញ​វាយ ដង​ពូថៅ​ ខ្នង​ពូថៅ​អី​ហ្នឹង។ ដល់​រត់​ទៅ វា​ចាប់​បាន​វា​វាយ​ចាប់​បោះ​​ដាក់​ឡាន យក​ទៅ​ដាក់​គុក។ ចាប់​ចង​បោះៗ ​វាយ​គ្នា​ឡើង​គ្រាំគ្រា។ ឆ្អឹង​ជំនី​គ្នា​ឡើង​ទាញ​មង​មិនចង់​កើត​ផង​រាល់​ថ្ងៃ។ មាន​រក​អី មាន​តែ​ចុះ​ទូក​ធ្វើ​កូន​ដៃ​គេ»។

អ្នក​ស្រី កយ ជឹម ​អាយុ​៨១ឆ្នាំ មាន​ប្រសាសន៍​នៅលើ​តូប​មុខ​ខ្ទម​របស់​អ្នក​ស្រី​​ថា អ្នក​ស្រី ​មិន​ចង់​ទៅ​រស់​នៅ​លើ​ដី​ភូមិ​ចាស់​នោះ​វិញ​ទេ ​ប៉ុន្តែ​អ្នកស្រី​ចង់​ឲ្យ​អាជ្ញាធរ​ខេត្ត​គោរព​ពាក្យ​សន្យា​របស់​ខ្លួន​ ក្នុង​ការ​ដោះ​ស្រាយ​​ដី​ធ្លី​​​​ជូន​អ្នកស្រី។

ដោយ​ស្បែក​ជ្រីវជ្រួញ​ទៅ​តាម​វ័យហើយ​នោះ ​អ្នកស្រី ​កយ​ ជឹម ​មាន​ប្រសាសន៍​បន្ថែម​ថា ​អ្នកស្រី​ចង់​បាន​ដី​​​ធ្លី​ដ៏​សមរម្យ​មួយ​​កន្លែង​សម្រាប់​ទុក​ឲ្យ​​កូនស្រី​មេម៉ាយ​ទាំង​ពីរ​នាក់​និង​ចៅ​ទាំង​១២​នាក់​របស់​​អ្នកស្រី​ដើម្បី​ឲ្យ​អ្នក​ស្រី​លា​ចាក​លោក​នេះ​ទៅ​ដោយ​បិទ​ភ្នែក​ជិត។

«ចង់​បាន​អរ​ងាប់​ហើយ។ បើ​បាន​ផ្ទះ​បាន​សម្បែង​ចាំ​ស្លាប់​ទៅ​ យើង​សោះ​នឹង​ព្រួយ​ចិត្ត​អា​រឿង​កូន​ចៅ​នៅ​ក្រោយ។ បាន​ផ្ទះ​បាន​សម្បែង​ឲ្យ​វា​នៅ​ទៅ វា​សោះ​នឹង​រងា​ភ្លៀង​ វា​សោះ​នឹង​អី»។

លោក​ ច័ន្ទ ចំរើន​ អ្នក​ស៊ើប​អង្កេត​របស់​​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​ប្រចាំ​ខេត្ត​ព្រះសីហនុ ​មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​គួរ​តែ​រក​ដំណោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ទាំង​នេះ​ឲ្យ​បាន​ឆាប់​រហ័ស​ ដោយសារ​ពួកគេ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​យ៉ាង​ខ្លាំង​​ ក្នុង​ស្ថានភាព​រស់​នៅ​ដូច​ពេល​បច្ចុប្បន្ន​នេះ។

«ខ្ញុំ​ឃើញ​ផល​ប៉ះពាល់​ច្រើន ជា​ពិសេស​កុមារ។ សុខុមាលភាព​របស់​ពួកគាត់​ហ្នឹង​ប៉ះពាល់​ធ្ងន់​ធ្ងរ​ណាស់ ឡាន​បើក​ដី​ហុយ​ ហើយ​ភ្លៀង​មក​គាត់​ជួប​បញ្ហា​ធម្មជាតិ​និង​ឧបសគ្គ​ច្រើន​មែន​ទែន។ ជួន​កាល​ខ្យល់​មក ​មាត់​សមុទ្រ​ យើង​ដឹង​ហើយ​ប៉ើង​តង់​ ប៉ើង​អី​ហើយ​គ្រួសារ​យើង​ដឹង​ហើយ​ យើង​ត្រូ​វ​ការ​ដេក​ពួន ​អញ្ចឹង​វា​ជួប​បញ្ហា​ច្រើន»។

លោក​ ស្បោង សារ៉ាត់ ​អភិបាល​ខេត្ត​ព្រះសីហនុ ​មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​ខេត្ត​របស់​លោក​មិន​បាន​សន្យា​អ្វី​មួយ​ជាមួ​យ​ប្រជាពលរដ្ឋ​ទាំង​នេះ​ទេ។

ប៉ុន្តែ ​លោក​មាន​ប្រសាសន៍​បន្ថែម​​ថា ​លោក​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ថ្នាក់​ជាតិ​​ដើម្បី​ឲ្យ​ជួយ​គិត​គូរ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ការ​បណ្តេញ​ចេញ​ពី​ភូមិ​ករ​ដោយ​បង្ខំ​ទាំង​នេះ​ហើយ។

«ខ្ញុំ​គ្រាន់​តែ​បាន​ជម្រាប​ប្រាប់​គាត់​ថា​ខេត្ត​បាន​គិត​គូរ​ ប៉ុន្តែ​ឥឡូវ​នេះ ​ខេត្ត​បាន​ធ្វើ​គម្រោង​សំណើ​សុំ​ដី​​សម្បទាន​សង្គមកិច្ច​និង​គ្រួសារ​យុទ្ធជន​ទៅ​ថ្នាក់​លើ​ហើយ​ប៉ុន្តែ​ថ្នាក់​លើ​មិន​ទាន់​ពិនិត្យ​និង​សម្រេច​ទេ»។

លោក​ ស្បោង ​សារ៉ាត់​ មិន​អាច​បញ្ជាក់​បាន​ ថាតើ​ការ​ផ្តល់​​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​នេះ​នឹង​អាច​ចាប់​ផ្តើម​លេច​ចេញ​ជា​រូបរាង​​បាន​នៅ​ពេលណា​នោះ​ទេ។

តែ​ទោះ​ជាយ៉ាង​នេះ​ក្តី លោក ច័ន្ទ ចំរើន​ នៃ​សមាគម​អាដហុក​​ប្រចាំខេត្ត​ព្រះសីហនុ​នេះ​មាន​ប្រសាសន៍​ថា​អាជ្ញាធរ​ពាក់​ព័ន្ធ​​គួរ​តែ​ពន្លឿន​ល្បឿន​នៃ​ការ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ប្រជា​ពលរដ្ឋ​ទាំង​នេះ​ដើម្បី​រក្សា​មុខមាត់​របស់​ខេត្ត​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត​មួយ​របស់​ប្រទេស​ទាំង​មូល​នេះ។

លោក​​ច័ន្ទ ចំរើន ​ពន្យល់​ថា ​ភ្ញៀវ​ទេសចរណ៍​ដែល​ចូល​មក​កម្សាន្ត​និង​លំហែ​កាយ​លេង​នៅ​តាម​មាត់​សមុទ្រ​នៃ​ក្រុង​ព្រះសីហនុ​​ដ៏​ស្រស់​ត្រកាល​នេះ​ពិត​ជា​មិន​ចង់​ឃើញ​ទិដ្ឋ​ភាព​ដ៏​គួរ​ឲ្យ​​សង្វេគ​របស់​ប្រជាជន​នៅ​ក្នុង​ប្រទេស​ដែល​មាន​សុខ​សន្តិភាព​ប៉ុន្តែ​បែរ​ជា​រស់នៅ​ក្នុង​ស្ថានភាព​​​ដូច​ជា​ជន​ភៀស​ខ្លួន​ដូច្នេះ​ទេ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!