VOA News: ព័ត៌មាន: “អ.ស.ប.និងអឺរ៉ុបសុំឲ្យមានការស៊ីបអង្កេតការបាញ់សម្លាប់សកម្មជនបរិស្ថានខ្មែរ” plus 6 more |
- អ.ស.ប.និងអឺរ៉ុបសុំឲ្យមានការស៊ីបអង្កេតការបាញ់សម្លាប់សកម្មជនបរិស្ថានខ្មែរ
- នាយករដ្ឋមន្ត្រីខ្មែរបញ្ជាឲ្យបើកការស៊ើបអង្កេតឃាតកម្មសកម្មជនបរិស្ថាន
- អ្នកភូមិនាំគ្នាចូលព្រៃជីករករ៉ែមាស ក្រោយពីមាសឡើងថ្លៃ
- គ្រួសារនិងសកម្មជនប្តេជ្ញាដើរតាមគន្លងសកម្មជនបរិស្ថានដែលត្រូវគេបាញ់ស្លាប់
- គ្រួសារនិងសហសេវិករបស់លោក ឈុត វុទ្ធីទាមទារយុត្តិធម៌ចំពោះការបាញ់សម្លាប់រូបលោក
- នាយករដ្ឋមន្ត្រីអំពាវនាវឲ្យមានសហប្រតិការរវាងថៅកែ និងកម្មករ
- រដ្ឋាភិបាលបង្កើតគណៈកម្មការស៊ើបអង្កេតការសម្លាប់លោក ឈុត វុទ្ធី
អ.ស.ប.និងអឺរ៉ុបសុំឲ្យមានការស៊ីបអង្កេតការបាញ់សម្លាប់សកម្មជនបរិស្ថានខ្មែរ Posted: 02 May 2012 12:42 PM PDT យោងទៅតាមទីភ្នាក់ងារព័ត៌មានបារាំងអាអេហ្វប៉េ អ.ស.ប. និងសហភាពអឺរុបបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យរៀបចំយ៉ាងឆាប់រហ័សនូវការស៊ើបអង្កេតឯករាជ្យ អំពីឃាតកម្មមកលើសកម្មជនល្បីឈ្មោះអ្នកការពារបរិស្ថាន។ លោក ឈុត វុទ្ធី អាយុ៤៣ឆ្នាំ បានត្រូវប៉ូលីសយោធាបាញ់សម្លាប់នៅថ្ងៃទី២៦ខែមេសា នៅពេលដែលលោកកំពុងប្រមូលយកឯកសារភស្ដុតាងនៃការកាប់ព្រៃឈើខុសច្បាប់ក្នុងព្រៃដាច់ស្រយាល ដែលជាករណីមួយធ្វើឲ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេស។ មន្ដ្រីយោធានិយាយថា ឃាតករបានប្រើកាំភ្លើង AK-47បាញ់ខ្លួនឯងពីរដងនៅលើដើមទ្រូង ដែលជាការអះអាងនេះមនុស្សជាច្រើនមានការសង្ស័យថាមិនពិត។ អ្នកនាំពាក្សរបស់អគ្គស្នងការអ.ស.ប.ខាងកិច្ចការការពារសិទ្ធិមនុស្សថ្លែងនៅក្នុងទីក្រុងហ្សឺណែវថា៖ «ថ្វីបើគ្មានតម្លាភាពនៅពេលនេះអំពីអ្វីដែលកើតមានឡើងយើងមានការព្រួយបារម្ភថា ការបាញ់សម្លាប់លោក វុទ្ធី កត់សម្គាល់ការវាយប្រហារដោយអាវុធជាច្រើនគ្រាមកលើអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា»។ លោកថ្លែងទៀតថា៖ «យើងអំពាវនាវដល់រដ្ឋាភិបាលខ្មែរឲ្យធានាថា វិធានការស៊ើបអង្កេតស៊ីវិលពេញលេញ សមធ្វើឡើងយ៉ាងឆាប់រហ័សដោយយុត្ដិធម៌និងឯករាជ្យ»។ នេះបើតាមពាក្យលោក Rupert Colville ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានអាអេហ្វប៉េកាលពីល្ងាចថ្ងៃអង្គារ។ ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖ <!--IMAGE-RIGHT--> ចិន-អាមេរិក៖ មន្ដ្រីអាមេរិកាំងនិយាយថា សកម្មជនចិនខ្វាក់ភ្នែកដែលគេចចេញពីការឃុំឃាំងក្នុងផ្ទះ ហើយចូលទៅជ្រកកោននៅក្នុងស្ថានទូតស.រ.អ ក្នុងក្រុងប៉េកាំងបានចាកចេញទៅរកទីកន្លែងថ្មី ដើម្បីព្យាបាលជំងឺ ហើយនិងជួបជុំជាមួយគ្រួសារ។ កូរ៉េខាងជើង៖ យោងទៅតាមអ្នកជំនាញនុយក្លេអ៊ែរកូរ៉េខាងត្បូងម្នាក់ដែលនិយាយថា វាហាក់ដូចជាកូរ៉េខាងជើងរៀបចំស្រេចដើម្បីធ្វើតេស្តអាវុធនុយក្លេអ៊ែរ ជាលើកទីបី ហើយរង់ចាំ ការសម្រេចនយោបាយដើម្បីអនុវត្ដ។ ឥណ្ឌា-ចិន៖ យោងតាមពាក្យសម្តីរបស់រដ្ឋមន្ដ្រីឥណ្ឌាម្នាក់ ដែលនិយាយកាលពីថ្ងៃពុធនេះថា ប្រទេសចិនបានបំពានមកលើដែនអាកាសរបស់ប្រទេសឥណ្ឌាចំនួនពីរដងកាលពីខែមិនា។ ឧទ្ធម្ភាគចក្រចិនបានហោះចូលទៅក្នុងដែនអាកាសឥណ្ឌានៅថ្ងៃទី១៦ និង ១៩ខែមិនា។ លោករដ្ឋមន្ដ្រីការពារប្រទេសឥណ្ឌា A K Antony ថ្លែងប្រាប់រដ្ឋសភា ដោយបញ្ជាក់ថា ឧប្បត្តិហេតុនោះកើតឡើងនៅពេលឧទ្ធម្ភាគចក្រពីរគ្រឿងរបស់ចិន បានចូលទៅក្នុងដែនអាកាសឥណ្ឌា។ ជប៉ុន៖ រដ្ឋាភិបាលតូក្យូបានរៃអង្គាសប្រាក់បាន១លានដុល្លារជាអំណោយដើម្បីទិញយកតំបន់កោះដែលមានជម្លោះ។ នេះបើតាមពាក្យរបស់អាជ្ញាធរក្រុងកាលពីថ្ងៃពុធក្រោយពីអភិបាលក្រុង បានប្រកាសអំពីគម្រោងទិញយកកោះនោះមក។ អាមេរិក៖ ប្រធានាធិបតីបារ៉ាក់ អូបាម៉ា កត់សម្គាល់ខួបឆ្នាំទីមួយនៃមរណភាពរបស់មេដឹកនាំអាល់កៃដា អូសាម៉ា ប៊ិនឡាឌិន ដោយលោកធ្វើដំណើររយៈពេលខ្លីទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ហើយលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ដ្រជាមួយរដ្ឋាភិបាលកាប៊ូល ហើយនិងថ្លែងជាសារសម្រាប់យុទ្ធនាការបោះឆ្នោតនៅឆ្នាំនេះប្រាប់ពលរដ្ឋអាមេរិកាំងថា សង្រ្គាមបានចុះថយកម្រិត។ អាមេរិក៖ អតីតប្រធានរដ្ឋសភា លោក Newt Gingrich ត្រូវរំពឹងថានឹងបញ្ឈប់យុទ្ធនាការរកការតែងតាំងជាបេក្ខជនប្រធានាធិបតីស.រ.អ. ពីគណបក្សសាធារណរដ្ឋ ក្រោយពីលោកបានយកជ័យជម្នះក្នុងការបោះឆ្នោតបឋមតែពីរ ហើយជំពាក់ប្រាក់បំណុលពីការចំណាយឃោសនាដល់ទៅ៤លានដុល្លារ។ ភូមា៖ មេដឹកនាំលទ្ធិប្រជាធិបតេយ្យភូមា លោកស្រី អ៊ុងសាន ស៊ូជី បានធ្វើសម្បថចូលកាន់តំណែងតាមផ្លូវការ ជាសមាជិកានៅក្នុងរដ្ឋសភាជាលើកទីមួយ ក្រោយពីបានស្ថិតនៅក្នុងការឃុំឃាំងក្នុងផ្ទះជាងពីរទសវត្សរ៍។ <!--AV--> This posting includes an audio/video/photo media file: Download Now |
នាយករដ្ឋមន្ត្រីខ្មែរបញ្ជាឲ្យបើកការស៊ើបអង្កេតឃាតកម្មសកម្មជនបរិស្ថាន Posted: 02 May 2012 06:51 AM PDT នាយករដ្ឋមន្ត្រីខ្មែរហ៊ុនសែនបានបញ្ជាឱ្យមានការស៊ើបអង្កេតមួយរបស់រដ្ឋាភិបាលអំពីការបាញ់សម្លាប់អ្នកការពារបរិស្ថានល្បីឈ្មោះម្នាក់កាលពីសប្តាហ៍មុនក្នុងការប្រឈមមុខមួយជាមួយពួកប៉ូលីសយោធាក្នុងភាគខាងលិចនៃប្រទេសកម្ពុជា។ ពួកអ្នកកាសែតបស្ចឹមប្រទេសបានឃើញបទបញ្ជារបស់នាយករដ្ឋមន្ត្រីខ្មែរកាលពីថ្ងៃអង្គារ។បទបញ្ជានេះទាមទារឱ្យមានសេចក្តីរាយការណ៍ពេញលេញមួយអំពីមរណភាពរបស់លោកឈុត វុឌ្ឍី សកម្មជនប្រឆាំងនឹងការកាប់ព្រៃឈើដែលបានត្រូវសម្លាប់កាលពីថ្ងៃទី២៦ខែមេសានៅពេលលោកថតភ័ស្តុតាងការកាប់ឈើដោយខុសច្បាប់នៅជិតព្រៃមានបញ្ហាខាងបរិស្ថានដែលលោកបានចំណាយពេលវេលាភាគច្រើននៃជីវិតរបស់លោកព្យាយាមការពារ។កាលពីប៉ុន្មានឆ្នាំថ្មីៗនេះលោកក៏បានជួយក្រុមបរិស្ថានអន្តរជាតិក្នុងការប្រមួលឯកសារអំពីការកាប់ឈើហ៊ុបសម្រាប់លក់ដោយខុសច្បាប់ក្នុងតំបន់នោះដែរ។ អ្នកកាសែត២នាក់ដែលបានអមដំណើរសកម្មជនរូបនេះបាននៅរស់ពីការប្រឈមមុខគ្នានេះ។ពួកគេបាននិយាយប្រាប់កាសែត Cambodia Daily ថាការប្រឈមមុខដាក់គ្នានេះមានភាពឃោរឃៅនៅពេលលោក វុឌ្ឍីប្រកែកមិនព្រមប្រគល់ម៉ាស៊ីនថតដែលលោកបានប្រើដើម្បីថតការរំលោភលើបរិស្ថានក្នុងខេត្តកោះកុង។ <!--IMAGE-RIGHT--> អឺរ៉ុប៖ កម្មកររាប់សែននាក់បានដើរក្បួននៅតាមផ្លូវក្នុងទីក្រុងនានានៅទូទាំងពិភពលោកដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិហើយអំពាវនាវឱ្យមានប្រាក់បៀវត្សច្រើនជាងមុននិងឱ្យមានស្ថានភាពការងារល្អប្រសើរជាងមុនផងដែរ។ នៅក្នុងទ្វីបអឺរ៉ុប ក្រុមកម្មករបានដើរពេញវិថីក្នុងក្រុងអាតែន Athens, ប៉ារីសParis, ម៉ាឌ្រីដMadrid និងកន្លែងឯទៀតៗដែលនៅទីនោះការតវ៉ាបានត្រូវបង្កើនទ្បើងដោយកំហឹងដែលកើនខ្លាំងទ្បើងៗទៅលើវិធានការត្បិតត្បៀតដែលរដ្ឋាភិបាលបានដាក់កំហិតដើម្បីកាត់បន្ថយឱនភាពថវិការបស់ពួកគេ។នៅទីក្រុងម៉ាឌ្រីដ Madrid មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មប្រឆាំងនឹងអត្រាគ្មានការងារធ្វើខ្ពស់បំផុតក្នុងសហភាពមានប្រទេសជាតិ១៧ដែលប្រើប្រាស់ប្រាក់អឺរ៉ូនិងជំទាស់កំណែទម្រង់ខាងការងារដែលធ្វើឱ្យមានការងាយស្រួលជាងមុនក្នុងការបណ្តេញកម្មករពីការងារ។ ស៊ីរី៖ ពួកសកម្មជនស៊ីរីបាននិយាយថាអំពើឃោរឃៅបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់២៣នាក់ស្លាប់ នៅពេលដែលពួកអ្នកសង្កេតការអន្តរជាតិច្រើនជាងមុនបានចាប់ផ្តើមត្រូវដាក់ពង្រាយដើម្បីគាំទ្រផែនការឈប់បាញ់គ្នាមួយដែលគ្មានជោគជ័យក្នុងការបញ្ចប់ចលាចលជាងមួយឆ្នាំមកនេះ។ ម៉ាលី៖ ពួកទាហានរបស់ក្រុមប្រឹក្សាយោធាគ្រប់គ្រងប្រទេសម៉ាលីបានត្រួតត្រាមូលដ្ឋានធំជាងគេនៃពួកទាហានដែលស្មោះត្រង់នឹងប្រធានាធិបតី ទូម៉ានី ទួរToumani Toure ដែលបានត្រូវបណ្តេញចេញពីតំណែងនៅក្រោយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្នុងថ្ងៃទីពីរ។ ស.រ.អ៖ លោកប្រធានាធិបតីស.រ.អ.បារ៉ាក់អូបាម៉ាបានអញ្ជើញទៅដល់ប្រទេសអាហ្វហ្កានិស្ថានហើយក្នុងការធ្វើដំណើរសម្ងាត់មួយដើម្បីប្រារព្ធខួបឆ្នាំទីមួយនៃការសម្លាប់អូសាម៉ា ប៊ីនឡាដេនOsama bin-Laden មេដឹកនាំអង្គការអាល់ កៃដាal-Qaida។ អាហ្វហ្គានីស្ថាន៖ ពួកបាតុកររាប់រយនាក់បានរាំងផ្លូវhighway សំខាន់មួយកាលពីថ្ងៃអង្គារនៅក្នុងប៉ែកខាងកើតនៃប្រទេសអាហ្វហ្កានិស្ថានដោយចោទប្រកាន់ថាការវាយឆ្មក់មួយដោយក្រុមទាហានរដ្ឋាភិបាលអាហ្វហ្កានិស្ថាននិងពួកទាហានអូតង់បានបណ្តាលឱ្យជនស៊ីវិល២នាក់ស្លាប់។ អាហ្វាហ្គានីស្ថាន៖ បងប្អូនសាច់ថ្លៃបីនាក់របស់នារីអាហ្វហ្កានិស្ថានម្នាក់ដែលបានត្រូវឃុំឃាំងនិងត្រូវធ្វើទារុណកម្មយ៉ាងឃោរឃៅបានត្រូវកាត់ទោសម្នាក់ៗឱ្យជាប់គុក១០ឆ្នាំពីព្រោះបានរំលោភលើនាង។ <!--AV--> This posting includes an audio/video/photo media file: Download Now |
អ្នកភូមិនាំគ្នាចូលព្រៃជីករករ៉ែមាស ក្រោយពីមាសឡើងថ្លៃ Posted: 02 May 2012 01:36 AM PDT ក្រុមអ្នកភូមិមួយចំនួននៅខេត្តរតនៈគីរីបាននាំគ្នាចូលព្រៃដើម្បីជីករ៉ែមាស បន្ទាប់ពីតម្លៃមាសបានឡើងថ្លៃកប់ពពកនៅក្នុងរយៈពេលថ្មីៗនេះ។ ពួកគេអះអាងថា ពួកគេប្រថុយប្រថានជីករ៉ែដោយដៃនោះគឺដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារក្រីក្ររបស់ពួកគេ។ ប៉ុន្តែក្រុមអ្នកជីករ៉ែទាំងនោះ ងាយរងគ្រោះខ្លាំងណាស់ ដោយសារជម្ងឺគ្រុនចាញ់និងការប៉ះពាល់សារធាតុគីមី។ លោក ផុន ភក្តិ និងសមាជិកមួយចំនួនទៀតក្នុងគ្រួសារបានសម្រេចចិត្តមកជីករ៉ែមាសនៅតំបន់ភ្នំប៉ាង ក្នុងភូមិព្រៃមាស ចម្ងាយប្រមាណ៩០គីឡូម៉ែត្រពីក្រុងបានលុងនៃខេត្តរតនៈគីរីនេះ បន្ទាប់ពីមាសបានឡើងថ្លៃរហូតដល់ជាង២ពាន់ដុល្លារអាមេរិកក្នុងមួយតម្លឹងនាពេលថ្មីៗនេះ។ <!--AV--> លោកនិយាយថា ការជីករ៉ែមាសក្នុងលក្ខណៈតូចតាចនេះអាចរកប្រាក់ចំណូលបានខ្លះដែរសម្រាប់គ្រួសាររបស់លោក។ «ជួនកាលថ្ងៃណាវាត្រូវទៅបាន១ជីអីទៅ។ ថ្ងៃណាអត់ត្រូវ ៤ឬ៥ហ៊ុនអីទៅ។ ថ្ងៃណាធ្លាក់ទៅ ១ហ៊ុនក៏មានដែរ»។ ក្រុមអ្នកជីករ៉ែមាននៅទីនេះ និយាយថា មានអ្នកភូមិរាប់រយគ្រួសារមកពីតំបន់ផ្សេងៗ បាននាំគ្នាមកជីករ៉ែមាសនៅជុំវិញតំបន់ភ្នំប៉ាងនេះ។ ពួកគេអះអាងថា មូលហេតុដែលពួកគេនាំគ្នាមកជីករ៉ែនេះ គឺដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ ដោយសារពួកគេគ្មានដីស្រែចម្ការគ្រប់គ្រាន់សម្រាប់ធ្វើ ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ លោកហ៊ូ ឈុនមានប្រសាសន៍ថា ជាជាងពឹងផ្អែកតែទៅលើដីស្រែចម្ការទំហំមិនដល់១ហិកតារបស់លោកនៅជិតផ្ទះក្នុងស្រុកអូរយ៉ាដាវនោះ លោកសុខចិត្តនាំកូនក្មួយមកផ្សងព្រេងជីករ៉ែមាសនៅទីនេះវិញ។ «ហេងស៊យ ចេះតែតាមទៅ។ ពេលខ្លះក៏បានច្រើនអញ្ចឹងទៅ។ ជួនក៏បានតិច អត់ទៀងទេរបស់ក្នុងដី»។ ប៉ុន្តែអ្នកជំនាញនិយាយថា ក្រុមអ្នកជីករ៉ែនៅទីនេះភាគច្រើនកំពុងប្រឈមនឹងបញ្ហាសុខភាពដោយសារធូលីដីនិងការប៉ះពាល់សារធាតុបារតដែលគេប្រើសម្រាប់ចាប់យកកម្ទេចមាសជាដើម។ អ្នកជីករ៉ែខ្លួនឯងផ្ទាល់និយាយថា ពួកគេខ្លះក៏កំពុងប្រឈមនឹងជម្ងឺគ្រុនចាញ់ផងដែរ។ «ខែហ្នឹងកំពុងត្រែគ្រុនចាញ់ មានគ្រុនចាញ់ច្រើននៅកន្លែងហ្នឹង»។ ក្រុមអង្គការក្រៅរដ្ឋាភិបាលនិយាយថា អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញគួរចាត់វិធានការបណ្តុះបណ្តាលដល់អ្នកប្រកបអាជីវកម្មជីករ៉ែមាសខ្នាតតូចទាំងនេះ ដើម្បីឲ្យពួកគេអាចការពារសុខភាពនិងសុវត្ថិភាពក្នុងពេលបំពេញការងារឲ្យបានល្អប្រសើរជាងនេះ។ លោកប៉ែន ប៊ុណ្ណារ៍គឺជាអ្នកសម្របសម្រួលនៅសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តនេះ។ «ការធ្វើរ៉ែនេះអាចប៉ះពាល់សារធាតុគីមី អញ្ចឹងវាធ្វើឲ្យប៉ះពាល់សុខភាព។ ដូច្នេះ ស្ថាប័នជំនាញខាងរ៉ែហ្នឹងគួរតែបង្ហាត់បង្ហាញដល់ប្រជាពលរដ្ឋជនជាតិដើមភាគតិចយើងឲ្យបានយល់ពីផលប៉ះពាល់ដែលអាចកើតឡើងពីការធ្វើរ៉ែ»។ ប៉ុន្តែអាជ្ញាធរខេត្តនិងមន្ត្រីជំនាញខាងរ៉ែនេះបាននិយាយថា ការជីករ៉ែរបស់អ្នកភូមិទាំងនេះ គឺជាសកម្មភាពខុសច្បាប់និងបានត្រឹមតែធ្វើឲ្យប៉ះពាល់ដល់បរិស្ថានជុំវិញតំបន់នេះតែប៉ុណ្ណោះ។ ដូច្នេះពួកគេនិយាយថា ប្រជាពលរដ្ឋទាំងនេះគួរតែវិលត្រឡប់ទៅប្រកបរបរកសិកម្ម ធ្វើស្រែចម្ការនៅតាមភូមិស្រុករបស់ពួកគេវិញប្រសើរជាង៕ This posting includes an audio/video/photo media file: Download Now |
គ្រួសារនិងសកម្មជនប្តេជ្ញាដើរតាមគន្លងសកម្មជនបរិស្ថានដែលត្រូវគេបាញ់ស្លាប់ Posted: 01 May 2012 07:53 PM PDT សមាជិកគ្រួសារនិងសកម្មជនការពារព្រៃឈើប្តេជ្ញាបន្តសកម្មភាពតាមលោកឈុត វុទ្ធីតទៅទៀត បន្ទាប់ពីការបាញ់សម្លាប់សកម្មជនការពារបរិស្ថានកម្ពុជាដ៏ល្បីឈ្មោះរូបនោះនៅក្នុងខេត្តកោះកុង កាលពីសប្តាហ៍មុន។ ខណៈដែលសពរបស់លោកឈុត វុទ្ធីត្រូវបានបញ្ចុះនៅថ្ងៃច័ន្ទនេះ ក្រុមគ្រួសាររបស់លោកបានសម្តែងមោទនភាពចំពោះភាពក្លាហាននិងការលះបង់របស់លោក ហើយបានប្តេជ្ញាបន្តវេនពីលោកតទៅទៀតដើម្បីការពារព្រៃឈើនិងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ <!--AV--> <!--AV--> អ្នកស្រីសម ចន្ធី គឺជាប្រពន្ធរបស់លោក ឈុត វុទ្ធី។ «ថ្វីត្បិតគាត់ស្លាប់មែន ស្លាប់ដើម្បីស្នេហាជាតិហ្នឹង។ ខ្ញុំត្រេកអរណាស់ ព្រោះមានមោទនភាព ព្រោះគាត់បានបំពេញភារកិច្ចជាកូនខ្មែរដ៏ល្អ។ ខ្ញុំមិនសោកស្តាយទេ។ ប៉ុន្តែខ្ញុំគ្រាន់តែសោកស្តាយមនុស្សល្អដែលរដ្ឋាភិបាលយើងមិនមើលឃើញ»។ លោកឈុត វុទ្ធីគឺជាអតីតប្រធានអង្គការការពារធនធានធម្មជាតិ។ លោកត្រូវបានគេបាញ់ស្លាប់ក្នុងពេលដែលលោកនិងអ្នកកាសែតពីរនាក់ទៀតបានព្យាយាមធ្វើដំណើរចេញពីក្នុងព្រៃស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានថតរូបឈើដែលគេសង្ស័យថា ត្រូវបានគេកាប់ដោយខុសច្បាប់នៅទីនោះ។ កងរាជអាវុធហត្ថនិយាយថា មន្ត្រីរាជអាវុធហត្ថម្នាក់ឈ្មោះអ៊ិន រតនាបានបាញ់សម្លាប់លោកនិងក្រោយមកបានបាញ់សម្លាប់ខ្លួនឯង២គ្រាប់ដោយកាំភ្លើងAK 47។ លោកឈុត វុទ្ធីបានបន្សល់ទុកកូនប្រុសស្រីចំនួនបីនាក់។ អ្នកស្រីសម ចន្ធី៖ «ខ្ញុំចង់បណ្តុះបណ្តាលឲ្យរៀន ឲ្យធ្វើការដូចឪពុកវាអញ្ចឹង ព្រោះកូនខ្ញុំតាំងចិត្តថានឹងធ្វើការងារអញ្ចឹងដែរ ព្រោះការងារល្អ ការងារសុច្ចរិត មិនលួច មិនប្លន់នរណាគេ ជាការងារដែលថែរក្សាទ្រព្យសម្បត្តិព្រៃឈើប្រទេសជាតិយើង។ ខ្ញុំសប្បាយចិត្ត។ ខ្ញុំនឹងឲ្យកូនខ្ញុំដើរតាមគន្លងឪវាទៀត។ ខ្ញុំមិនខ្លាចទេ»។ កាលនៅរស់ លោកឈុត វុទ្ធីធ្វើសកម្មភាពយ៉ាងសកម្មប្រឆាំងនឹងការកាប់ព្រៃឈើខុសច្បាប់ ហើយនិងរិះគន់អំពើពុករលួយរបស់មន្ត្រីរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធនិងក្រុមហ៊ុនឯកជនមួយចំនួនដែលលោកដឹង ឬសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការបំផ្លាញធនធានធម្មជាតិនៅកម្ពុជា។ ជារឿយៗ លោកតែងតែបំផុសស្មារតីនិងដឹកនាំសហគមន៍ដែលរងផលប៉ះពាល់ផ្ទាល់ពីការកាប់បំផ្លាញព្រៃឈើ ឲ្យនាំគ្នាងើបឡើងតវ៉ានិងរួមគ្នាការពារធនធានធម្មជាតិដ៏មានតម្លៃនេះនៅតំបន់ព្រៃឡង់ និងនៅតាមជួរភ្នំក្រវាញជាដើម។ អ្នកស្រីវង់ ផានគឺជាសកម្មជនការពារព្រៃឡង់ម្នាក់មកពីខេត្តស្ទឹងត្រែង។ «ពីថ្ងៃនេះទៅ សូមឲ្យរាជរដ្ឋាភិបាលមេត្តារុករកឃាតករដែលសម្លាប់គ្រូរបស់ខ្ញុំឲ្យឃើញ ព្រោះអីគ្រូខ្ញុំអត់មានលក់ទឹកដី លក់ជាតិ លក់មាតុភូមិទេ។ គាត់ការពារដើម្បីប្រជាពលរដ្ឋទូទាំងប្រទេស និងទូទាំងសកលលោក។ ប្រសិនបើគ្មានព្រៃឈើទេ ប្រទេសយើងប្រាកដជារលាយសាបសូន្យហើយ»។ លោកឈុត វុទ្ធីត្រូវបានគេគំរាមកំហែងសម្លាប់ជាច្រើនលើកច្រើនសារកន្លងមកហើយ ដោយសារតែសកម្មភាពរបស់លោកក្នុងការការពារព្រៃឈើនិងប្រឆាំងនឹងឈ្មួញកាប់ឈើខុសច្បាប់ ប៉ុន្តែលោកបានប្តេជ្ញាមិនចុះញមចំពោះការគំរាមកំហែងទាំងនោះឡើយ។ លោកយ៉េង វីរៈគឺជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។ «ការសម្លាប់លោកឈុត វុទ្ធីបានរឹតតែធ្វើឲ្យយើងមានទឹកចិត្តរឹងមាំជាងមុន ឲ្យយើងមានការតាំងចិត្តជាងមុនថា អ្វីដែលលោកឈុត វុទ្ធីគាត់ធ្វើគឺត្រឹមត្រូវ ហើយយើងនឹងបន្តវីរភាពរបស់គាត់តទៅទៀត»។ ពេលនេះ សពរបស់លោកឈុត វុទ្ធីកំពុងត្រូវបានរៀបចំបញ្ចុះនៅទីនេះ ហើយក្រុមគ្រួសារក៏ដូចជាអង្គការសង្គមស៊ីវិល នៅតែមិនទាន់អស់ចិត្តចំពោះការស្លាប់របស់លោកឈុត វុទ្ធី។ ពួកគេទាមទារឲ្យមានការស៊ើបអង្កេតបន្ថែមទៀត ទៅលើករណីនៃការស្លាប់នេះ ដោយពួកគេនៅតែមានមន្ទិលសង្ស័យថា ករណីនេះគឺជាការប៉ុនប៉ងធ្វើឃាតទុកជាមុន មិនមែនជាការកើតឡើងដោយចៃដន្យនោះទេ។ ព្រះភិក្ខុលួន សុវាតក៏ជាសកម្មជនការពារធនធានធម្មជាតិនិងសិទ្ធិមនុស្សមួយអង្គដែរ។ «លោកឈុត វុទ្ធីគឺជាធនធានមនុស្សមួយដែលស្ទើរតែមិនអាចរកបាននៅក្នុងប្រទេសកម្ពុជា។ តែទោះជាយ៉ាងនេះក្តី ការបាត់បង់អាយុជីវិតរបស់លោកឈុត វុទ្ធីតែមួយ តែលោកឈុត វុទ្ធីរាប់ពាន់ រាប់ម៉ឺនរាប់លានគឺនៅតែបន្តរស់រាននៅឡើយ»។ យ៉ាងណាក៏ដោយ សាច់ញាតិ បងប្អូន ក្រុមអ្នកភូមិ មន្ត្រីអង្គការសង្គមស៊ីវិល អ្នកតំណាងរាស្ត្រនិងអ្នកកាសែតដែលមានសមានចិត្តចំពោះលោកឈុត វុទ្ធី នៅតែអាឡោះអាល័យរូបលោក និងវីរភាពអង់អាចក្លាហានរបស់លោកក្នុងការថែរក្សានិងការពារបរិស្ថានជាពិសេសគឺព្រៃឈើនៅក្នុងប្រទេសកម្ពុជានេះ។ ហើយក្រុមគ្រួសារនៅតែទទូចចង់ឲ្យមានការស៊ើបអង្កេតលម្អិតបន្ថែមទៀតដើម្បីស្វែងរកការពិត ថាតើហេតុអ្វីបានជាលោកឈុត វុទ្ធីត្រូវបានសម្លាប់៕ This posting includes an audio/video/photo media file: Download Now |
គ្រួសារនិងសហសេវិករបស់លោក ឈុត វុទ្ធីទាមទារយុត្តិធម៌ចំពោះការបាញ់សម្លាប់រូបលោក Posted: 01 May 2012 07:40 PM PDT សមាជិកគ្រួសារនិងសហសេវិករបស់លោក ឈុត វុទ្ធី បានសម្តែងការសោកស្តាយនិងទាមទារយុត្តិធម៌ចំពោះការបាញ់សម្លាប់សកម្មជនការពារព្រៃឈើកម្ពុជាដ៏ល្បីឈ្មោះរូបនោះនៅក្នុងតំបន់ជួរភ្នំក្រវាញនៃខេត្តកោះកុង កាលពីថ្ងៃព្រហស្បតិ៍។ និយាយបណ្តើរយំខ្សឹកខ្សួលបណ្តើរ៖ «គាត់ជាមនុស្សល្អសម្រាប់ខ្ញុំ។ គាត់អាចផ្តល់សេចក្តីសុខដល់ខ្ញុំជាកូន។ ឲ្យតែខ្ញុំចង់បានអី គាត់បំពេញតាមបំណងខ្ញុំជានិច្ច ប៉ុន្តែឥឡូវគាត់ស្លាប់ចោលខ្ញុំបាត់ទៅហើយ»។ <!--AV--> <!--AV--> ឆឺយ ឧត្តមរស្មីគឺជាកូនប្រុសរបស់លោកឈុត វុទ្ធី ដែលជាអ្នកការពារព្រៃឈើដ៏អង់អាចម្នាក់ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធបាញ់សម្លាប់នៅក្នុងព្រៃនៃខេត្តកោះកុងកាលពីថ្ងៃព្រហស្បតិ៍។ «ខ្ញុំចង់សំណូមពរឲ្យអន្តរជាតិនិងជាតិយើងជួយរកយុត្តិធម៌ជូនឪពុកខ្ញុំដែលគាត់ស្រឡាញ់ស្នេហាជាតិ។ ទោះបីអ្នកណាក៏គេដឹងដែរ ល្បីប្រទេសកម្ពុជា។ សូមឲ្យជួយរកយុត្តិធម៌ឲ្យគាត់ រកឃាតករពិតឲ្យឃើញ»។ កាលនៅរស់ លោកឈុត វុទ្ធីគឺជាអ្នករិះគន់និងធ្វើសកម្មភាពយ៉ាងសកម្មប្រឆាំងនឹងការកាប់ព្រៃឈើខុសច្បាប់ហើយនិងអំពើពុករលួយរបស់មន្ត្រីរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធនិងក្រុមហ៊ុនឯកជនធំៗមួយចំនួនដែលគេសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការបំផ្លាញធនធានធម្មជាតិនៅកម្ពុជា។ ជាប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធីជារឿយៗ តែងជួយនាំផ្លូវអ្នកកាសែតឲ្យទៅយកព័ត៌មានអំពីសកម្មភាពបំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ និងតាមជួរភ្នំក្រវាញជាដើម។ លោកត្រូវគេបាញ់ស្លាប់ ខណៈពេលដែលលោកនិងអ្នកកាសែតឌឺខែមបូឌៀ ដេលីពីរនាក់ទៀតកំពុងធ្វើដំណើរចេញមកវិញពីតំបន់ព្រៃការពារជួរភ្នំក្រវាញភាគកណ្តាលដែលគេសង្ស័យថា មានការកាប់ឈើខុសច្បាប់នៅទីនោះដោយមានការយាមកាមយ៉ាងតឹងរឹងពីកងកម្លាំងប្រដាប់អាវុធផង។ លោកឈឹម សាវុធ គឺជាមន្ត្រីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ឈុត វុទ្ធី។ «ខ្ញុំសន្និដ្ឋានថា ការបាញ់លោកវុទ្ធីនេះគឺជាករណីមួយដើម្បីបំបិទមាត់គាត់គឺឈ្មួញឬក៏អ្នកមានអំណាចណាមួយដែលកំពុងតែរកស៊ីនៅតំបន់ភ្នំក្រវាញភាគកណ្តាលហ្នឹងហើយ ព្រោះកន្លងមក លោកឈុត វុទ្ធីធ្លាប់គេចាប់នៅថ្មបាំងហ្នឹងម្តង»។ លោកឈុត វុទ្ធីត្រូវបានគេគំរាមកំហែងដល់អាយុជីវិតជាច្រើនលើកច្រើនសារកន្លងមកហើយចំពោះសកម្មភាពរបស់លោកក្នុងការការពារព្រៃឈើនិងប្រឆាំងនឹងឈ្មួញកាប់ឈើខុសច្បាប់ ប៉ុន្តែលោកបានប្តេជ្ញាមិនចុះញមចំពោះការគំរាមកំហែងទាំងនោះឡើយ។ លោក Marcus Hardtke គឺជាអ្នកសម្របសម្រួលកម្មវិធីស្តីពីព្រៃឈើនិងជីវចម្រុះនៃអង្គការ ARA របស់ប្រទេសអាឡឺម៉ង់ដែលគាំទ្រសកម្មភាពការងាររបស់លោកឈុត វុទ្ធី។ «វានឹងក្លាយជាមហន្តរាយដ៏ធំបំផុត ប្រសិនបើការស្លាប់របស់គាត់បណ្តាលឲ្យអ្នកដទៃទៀតមិនក្រោកឈរឡើង និងមិននិយាយចេញនូវអ្វីដែលពួកគេចង់និយាយនោះ។ នោះនឹងផ្ទុយពីអ្វីដែលគាត់ចង់បានមិនខាន។ ប្រជាជនគួរតែយកគាត់ធ្វើជាគម្រូ ហើយយើងត្រូវការឈុត វុទ្ធី ពីរបីពាន់នាក់ក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ»។ ថ្វីត្បិតតែលោកឈុត វុទ្ធីនឹងលែងមានវត្តមាននៅក្នុងបន្ទប់របស់លោកនេះទៀតហើយក៏ដោយ ក៏លោកបានស្ថិតក្នុងការចងចាំរបស់មនុស្សជាច្រើនរួចទៅហើយ។ អ្នកខ្លះថែមទាំងបានចាត់ទុកលោកថា ជាវីរជនខ្មែរទៀតផង៕ This posting includes an audio/video/photo media file: Download Now |
នាយករដ្ឋមន្ត្រីអំពាវនាវឲ្យមានសហប្រតិការរវាងថៅកែ និងកម្មករ Posted: 01 May 2012 07:30 PM PDT នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន បានអំពាវនាវនៅថ្ងៃអង្គារនេះឲ្យមានការសម្របម្រួលគ្នារវាងកម្មកររោងចក្រនានា និងថៅកែនៅទូទាំងប្រទេស ប្រយោជន៍ដើម្បីចៀសវាងជម្លោះនៅក្នុងការងារ។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនឹងក្រុមកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសនៃក្រុងព្រះសីហនុ លោកហ៊ុន សែន បានពន្យល់ថា កម្មករ និងថៅកែមានផលប្រយោជន៍ដែលត្រូវពឹងពាក់គ្នាទៅវិញទៅមក។ «បើគ្មានថៅកែទេក៏អត់កម្មករដែរ។ បើមានតែកម្មករអត់ថៅកែ ក៏អត់មានរោងចក្រដែរ។ ដូច្នេះពីរនេះត្រូវសុខដុមនីយកម្មជាមួយគ្នា»។ សេចក្ដីអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលខ្មែរនេះធ្វើឡើងនៅចំថ្ងៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា។ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានជំរុញផងដែរឲ្យមានការចែករំលែកផលចំណេញរបស់ក្រុមថៅកែរោងចក្រដល់កម្មកររបស់ខ្លួន។ «ដូច្នេះត្រូវថ្លឹងថ្លែងផលប្រយោជន៍រវាងផលចំណេញរបស់ថៅកែ និងបៀវត្សរ៍របស់កម្មករ។ បើចំណេញច្រើនក៏ត្រូវលើកទឹកចិត្តដល់កម្មករ»។ លោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានស្វាគមន៍ការលើកឡើងរបស់លោកនាយករដ្ឋមន្ដ្រី ប៉ុន្ដែលោកបានហៅការតវ៉ា និងជម្លោះនានារវាងក្រុមកម្មករ និងនិយោជកបណ្ដាលមកពីការមិនគោរពច្បាប់។ «ជម្លោះរវាងនិយោជក និងកម្មករតែងតែកើតឡើងដោយសារការមិនគោរពច្បាប់។ ហើយការមិនគោរពច្បាប់នេះដោយសារតែពាក់ព័ន្ធនឹងអំពើពុករលួយដែលធ្វើឲ្យអ្នកវិនិយោគតែងតែធ្វើការកេងប្រវញ្ច័ទៅលើកម្មករ កម្មការនី»។ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រកាត់ដេរស្បែកជើងចំនួនប្រមាណជាជិត ៦០០នៅកម្ពុជានិងមានកម្មករសរុបចំនួនជាង ៤០០.០០០នាក់។ ពួកគេទទួលប្រាក់ខែតិចបំផុត ៥៦ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែសម្រាប់រយៈពេលសាកល្បង និង៦១ដុល្លារក្នុងមួយខែសម្រាប់កម្មករពេញសិទ្ធិ។ វិស័យនេះតំណាងឲ្យការនាំចេញធំជាងគេបំផុតរបស់កម្ពុជា។ យ៉ាងណាក៏ដោយមានការតវ៉ារបស់កម្មករស្ទើរតែជាប្រចាំ ដើម្បីទាមទារការគោរពសិទ្ធិសេរីភាពក្នុងការងារនិងការគោរពច្បាប់។ ក៏ប៉ុន្ដែការវាយប្រហារដោយគ្រាប់បែកទៅលើហ្វូងបាតុករដែលបានទាមទារលើកត្តាទាំងនេះកាលពីខែមិនា ឆ្នាំ ១៩៩៧ ដែលកម្មកររោងចក្រសរុបជាងដប់នាក់បានស្លាប់នៅតែស្ថិតក្នុងនិទណ្ឌភាព។ ការតវ៉ាចុងក្រោយរបស់ក្រុមកម្មករនៅក្រុងបាវិតខេត្តស្វាយរៀង ជាប់នឹងព្រំដែនប្រទេសវៀតណាមកាលពីខែមិនា បានបណ្ដាលឲ្យកម្មការនីរោងចក្រចំនួនបីនាក់ទទួលរងការបាញ់ប្រហារដោយអភិបាលក្រុងនេះដោយផ្ទាល់គឺលោក ឈូក បណ្ឌិត។ ផ្ទុយទៅវិញតុលាការខេត្តបានចោទប្រកាន់ខ្មាន់កាំភ្លើងរូបនេះថា បានបង្ករបួសស្នាមដោយអចេតនា ដែលធ្វើឲ្យមានប្រតិកម្មរិះគន់ជាច្រើនលើតុលាការនេះ។ លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន នៅថ្ងៃនេះក៏បានព្រមានកម្មករមិនឲ្យប្រើអំពើហិង្សាទៅលើរោងចក្រដែលពួកគេកំពុងធ្វើការនោះ៕ This posting includes an audio/video/photo media file: Download Now |
រដ្ឋាភិបាលបង្កើតគណៈកម្មការស៊ើបអង្កេតការសម្លាប់លោក ឈុត វុទ្ធី Posted: 01 May 2012 06:45 PM PDT រយៈពេលប្រាំថ្ងៃគត់បន្ទាប់ពីលោកឈុត វុទ្ធី សកម្មជនការពារព្រៃឈើដ៏លេចធ្លោ និងលោកអ៊ឹន រតនា មន្ត្រីកងរាជអាវុធហត្ថត្រូវបានបាញ់សម្លាប់ រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការចម្រុះមួយដើម្បីស៊ើបអង្គេតករណីបាញ់ប្រហារនេះ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសេចក្តីប្រកាសជាបន្ទាន់មួយនៅថ្ងៃអង្គារនេះ ឲ្យបង្កើតគណៈកម្មការចម្រុះរួមគ្នាមួយដោយមានការចូលរួមពីអគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវនៃក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា។ <!--AV--> <!--AV--> គណៈកម្មការចម្រុះនេះនឹងដឹកនាំការស៊ើបអង្គេតករណីបាញ់សម្លាប់លោកឈុត វុទ្ធី និងលោកអ៊ឹន រតនា ដែលបានស្លាប់កាលពីថ្ងៃទី២៦ នៅស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ដើម្បីស្រាវជ្រាវរកមុខសញ្ញាដែលពាក់ព័ន្ធលើករណីបាញ់សម្លាប់នេះ។ ក្នុងខណៈពេលដែលរដ្ឋាភិបាលបានបង្កើតគណៈកម្មការចម្រុះដើម្បីស៊ើបអង្គេតករណីបាញ់សម្លាប់លោកឈុត វុទ្ធី និងលោកអ៊ឹន រតនា នោះ មន្ត្រីអង្គការសង្គមស៊ីវិល និងសហជីពមួយចំនួនបានទទួចឲ្យគណៈកម្មការនេះមានការចូលរួមអង្គេតការពីអង្គការក្រៅរដ្ឋាភិបាល។ ការទទួចនេះបានធ្វើឡើងនៅក្នុងខួបលើកទី១២៦ នៃទិវាពលកម្មអន្តរជាតិដោយមានការដើរក្បួនដង្ហែរនៅក្នុងទីក្រុងភ្នំពេញ និងមានការចូលរួមពីក្រុមកម្មករ កម្មការីនី ជាច្រើនរ៉ាប់ពាន់នាក់។ លោកអាត់ ធន ប្រធានសហជីបការងារកម្ពុជាបានមានប្រាសាសន៍ប្រាប់អ្នកកាសែតថា គណៈកម្មការចម្រុះនេះត្រូវតែឯករាជ្យ។ «ក្រោយពីស្តាប់របាយការណ៍ពីប៉េអឹម និងអង្គហេតុទៅគឺថារឿងហាក់បីដូចជាមិនទាន់យុត្តិធម៌ និងត្រឹមត្រូវនៅឡើយ។ អញ្ចឹងហើយយើងចង់ឲ្យមានការស៊ើបអង្កេតមួយដើម្បីរករឿងនេះឲ្យបានពិត ហើយយើងនឹងជំរុញឲ្យធ្វើរឿងនេះ ដើម្បីកុំឲ្យមានករណីនេះកើតឡើងទៀតដែលជាការគំរាមគំហែងអ្នកការពារសិទ្ធិ និងធនធានធម្មជាតិដទៃទៀត»។ លោកចាន់ សាវ៉េត មន្ត្រីផ្នែកស៊ើបអង្គេតរបស់សមាគមសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថាអាជ្ញាធរសមត្ថកិច្ចធ្វើការស៊ើបអង្គេតមិនទាន់បានពេញលេញទេ ដែលនាំឲ្យអង្គការសង្គមស៊ីវិលមិនអាចទទួលយកបាន។ «សង្គមស៊ីវិលសុំទទួលឲ្យពួកយើងនេះមានមតិយោបល់ ដើម្បីចូលរួមផ្តល់យោបល់ខ្លះ កែតម្រូវខ្លះលើសកម្មភាពនៃការស៊ើបអង្កេតនេះឯង»។ លោកអំ សំអាត មន្ត្រីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សលីកាដូវិញ បានមានប្រសាសន៍ថាឃាតកម្មនេះលោកជឿថា មានអ្នកខាងក្រៅជាប់ពាក់ព័ន្ធដើម្បីសម្លាប់បំបិទមាត់។ «យើងឥតចង់ឃើញគណៈកម្មការដែលកើតឡើងធ្វើការស៊ើបអង្កេតដូចរឿងជា វិជ្ជា ដូចរឿងអ្នកកាសែតឃឹម សំបូរ នេះទេ។ យើងចង់ឲ្យមានគណៈកម្មការហ្នឹងឯករាជ្យ ហើយប្រកបដោយតម្លាភាព ហើយនឹងមានលទ្ធផល ហើយនឹងផ្តល់យុត្តិធម៌សម្រាប់អ្នកទាំងពីរនោះ»។ បើតាមរបាយការណ៍ជាបឋមរបស់មន្ត្រីនគរបាលនិងមន្ត្រីកងរាជអាវុធហត្ថបានខ្វែងគំនិតគ្នាលើចំណុចមួយចំនួនពាក់ព័ន្ធនឹងករណីឃាតកម្មនេះ។ មន្ត្រីនគរបាលបាននិយាយថាលោកអ៊ឹន រតនា មន្ត្រីកងរាជអាវុធហត្ថបានស្លាប់ដោយសារតែផ្លាតគ្រាប់កាំភ្លើងត្រូវ។ ចំណែកឯមន្ត្រីប៉េអឹមវិញបាននិយាយថាលោកអ៊ឹន រតនា បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងក្រោយពីបានបាញ់សម្លាប់លោកឈុត វុទ្ធី រួចមកដោយសារតែលោកបានដឹងខ្លួនថាមិនអាចគេចរួចពីសំណាញ់ច្បាប់៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |