VOA News: ព័ត៌មាន: “អ្នក​កំប្លែង​ឈ្នះ​ក្តី​សង្ឃឹម​កីឡា​អូឡាំពិក​របស់​កម្ពុជា​បាន​ដោយ​ងាយ” plus 1 more

VOA News: ព័ត៌មាន: “អ្នក​កំប្លែង​ឈ្នះ​ក្តី​សង្ឃឹម​កីឡា​អូឡាំពិក​របស់​កម្ពុជា​បាន​ដោយ​ងាយ” plus 1 more


អ្នក​កំប្លែង​ឈ្នះ​ក្តី​សង្ឃឹម​កីឡា​អូឡាំពិក​របស់​កម្ពុជា​បាន​ដោយ​ងាយ

Posted: 05 May 2012 01:17 PM PDT

ប្រទេស​កម្ពុជា បាន​ជ្រើស​យក​អ្នក​កំប្លែង​ចម្លែក​ជាតិ​ជប៉ុន​ម្នាក់​ឱ្យ​ទៅ​ប្រកួត​កីឡា​រត់​ចម្ងាយ​ម៉ារ៉ាតុង នៅ​ក្នុង​កីឡា​អូឡាំពិក​ឆ្នាំ​២០១២ ប៉ុន្តែ​អ្នក​រត់​ចម្ងាយ​ល្អ​បំផុត​របស់​ប្រទេស​នេះ មិន​ពេញចិត្ដ​នឹង​វិធានការ​នោះ​ទេ។

កំណត់ត្រា​រត់​ចម្ងាយ​របស់​លោក ប្រហែល​ជា​លឿន​ជាង​៧​នាទី​ប្រៀប​ជាមួយ​កំណត់ត្រា​របស់​តារា​ទូរទស្សន៍​ជាតិ​ជប៉ុន​ម្នាក់ គឺ​លោក គូនីអាគី តាគីហ្សាគី (Kuniaki Takizaki) ដែល​ល្បី​ឈ្មោះដោយ​ការ​កំប្លែង​ត្រាប់​តាម​សត្វ​ឆ្មា។ ប៉ុន្តែ​អត្ដពលិក​ខ្មែរ លោក ហែម ប៊ុនទិញ នឹង​មិន​ទៅ​ប្រកួត នៅ​ក្នុង​ទីក្រុង ឡុង នា​ខែ​កក្កដា​នោះ​ទេ។

ប៉ុន្តែ​ការ​ជ្រើសរើស​អ្នក​រត់​ប្រណាំង​បែប​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ជា​ច្រើន​រវាង​ប្រទេស​ទាំង​ពីរ ដោយ​គេ​ឃើញ​មាន​ការ​សរសេរ​នៅ​ក្នុង​បណ្ដាញ​អ៊ីនធឺណេត​ដែល​បាន​រិះគន់ លោក

តាគីហ្សាគី ក្នុង​ការ​ប្តូរ​សញ្ជាតិ​យ៉ាង​ឆាប់​រហ័ស កាល​ពី​ឆ្នាំ​មុន ហើយ​អ្នក​រិះគន់​និយាយ​ថា កម្ពុជា​គួរតែ​បណ្តុះ​បណ្តាល​ទេព​កុសល​ជនជាតិ​របស់​ខ្លួន ។

ព័ត៌មាន​អន្តរជាតិ​​សំខាន់​ផ្សេងៗ​ទៀត៖

<!--IMAGE-RIGHT-->បារាំង៖ ប្រទេស​បារាំង​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​តាំង​ប្រធានាធិបតី នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​គេ​រំពឹង​ថា ខាង​គណបក្ស​សង្គម​និយម លោក ហ្វ្រង់ស្វ័រ ហូឡេន (francois hollande) នឹង​យក​ជ័យជម្នះ​លើ​ប្រធានាធិបតី​កាន់​តំណែង​លោក នីកូឡាស សាកូហ្សី (Nicolas Sarkozy)។

អេហ្ស៊ីប៖ មេដឹកនាំ​យោធា​នៃ​ប្រទេស​អេហ្ស៊ីប បាន​ដាក់​បំរាម​គោចរ​នៅ​ពេល​យប់ នៅ​ជុំ​វិញ​ក្រសួង​ការពារ​ប្រទេស ក្នុង​រដ្ឋធានី​គែរ (Cairo) ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង ៣០០​នាក់​ទៀត​រង​របួស រវាង​កងកម្លាំង​យោធា និង​ក្រុម​បាតុករ​ដែល​ទាមទារ​ឲ្យ​បញ្ឈប់​ភ្លាម​នូវ​របប​គ្រប់គ្រង​យោធា ។

ជប៉ុន៖ ពលរដ្ឋ​ជប៉ុន​ច្រើន​ពាន់​នាក់ បាន​នាំ​គ្នា​ដើរ​ក្បួន​ព្យុហយាត្រា ហើយ​គ្រវី​បដា​ដែល​សរសេរ​ថា "គ្មាន​នុយក្លេរអ៊ែរ" ដើម្បី​អបអរ​ការ​បិទ​រោងចក្រ​នុយក្លេអ៊ែរ​ចុង​ក្រោយ​នៃ​ការ​បិទ​រោងចក្រ​រ៉េអាទ័រ​ទាំង​៥០​ក្នុង​ប្រទេស​នេះ កាល​ពី​ថ្ងៃ​សៅរ៍​នេះ។

ស៊ីរី៖ មន្ដ្រី​ការពារ​សន្ដិសុខ​នៅ​ក្នុង​ប្រទេស​ស៊ីរី និយាយ​ថា​ការ​វាយ​ប្រហារ​ដោយ​យន្ដហោះ​គ្មាន​មនុស្ស​បើក​អាមេរិកាំង បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៨​នាក់ ដែល​ជា​ជន​សង្ស័យ​ថា​ជា​ក្រុម​បះបោរ។

អាមេនី៖ ពួក​មន្ដ្រី​ក្នុង​ប្រទេស អាមេនី (Armenia) និយាយ​ថា​មាន​មនុស្ស​យ៉ាង​តិច​១៤៤​នាក់ បាន

រងរបួស​កាល​ពី​ថ្ងៃ​សុក្រ នៅ​ពេល​ដែល​បាឡុង​ផ្ទុក​ឧស្ម័ន បាន​ផ្ទុះ​ឡើង​នៅ​ឯ​ការ​ប្រគុំ​តន្ត្រី​យុទ្ធនាការ​ឃោសនា​រក​សម្លេងឆ្នោត​មួយ ក្នុង​រដ្ឋធានី យ៉េរ៉េវ៉ាន់ (Yerevan)។

នីសេរីយ៉ា៖ ពួក​មន្ដ្រី​នៃ​ប្រទេស​នីសេរីយ៉ា បាន​ទម្លាក់​កំហុស​លើ​ក្រុម​អ៊ីស្លាម​និយម​ជ្រុល​បូកូ ហារាម (Boko Haram) ដែល​បាន​វាយ​បំបែក​គុក​នៅ​តំបន់​ឦសាន​ប្រទេស ។

 

អង្គការ​សហ​ប្រជាជាតិ​ស្ថិត​ក្រោម​សម្ពាធ​ឱ្យ​តែងតាំង​ចៅក្រម​ថ្មី

Posted: 04 May 2012 10:25 PM PDT

ក្រុម​អ្នកឃ្លាំ​មើល​សាលាក្តី​ខ្មែរក្រហម​ក្នុង​ប្រទេស​កម្ពុជា​ទទូច​ដល់​អសប​និង​កម្ពុជា​ធ្វើការ​តែងតាំង​ចៅក្រម​ថ្មី​ដើម្បី​ធ្វើ​កិច្ចការ​សំណុំរឿង​បន្ថែម​ពីរ​ទៀត​គឺ​សំណុំរឿង​០០៣​និង​០០៤​នៅពេល​ដែល​សំណុំរឿង​ទាំង​នេះ​ត្រូវគេ​មើល​ឃើញ​ថា​មាន​ការអាក់ខាន​ មិន​ដំណើរការ​ទៅមុខ​ដោយសារ​តែមាន​ការ​លាលែង​ពី​ក្រុម​ចៅក្រម​បរទេស​ដែល​អះអាង​ពី​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ។

សំណុំរឿង​០០៣ ​និង​០០៤​ ដែល​មាន​ជនសង្ស័យ​៥​នាក់​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ថ្នាក់​កណ្តាល​ត្រូវចោទ​ប្រកាន់​ដោយ​សហ​ព្រះរាជ​អាជ្ញា​តាំងពី​ខែ​វិច្ឆិកា ​ឆ្នាំ២០០៨​ម្ល៉េះ​ពី​បទឧក្រិដ្ឋកម្ម​សង្រ្គាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត​ដែល​បាន​ប្រព្រឹត្ត​ក្នុង​របប​ខ្មែរ​ក្រហម​ចន្លោះ​ឆ្នាំ​១៩៧៥ ​ដល់​១៩៧៩។​ លោក​សហ​ចៅក្រម ​Laurent Kasper-Ansermet​ បាន​ចាប់​ផ្តើម​ស៊ើប​អង្កេត​ហើយ​បាន​ជូន​ដំណឹង​ពី​បទ​ចោទ​ដល់​ជនសង្ស័យ​កាល​ពីថ្ងៃ​ទី​២៨​ខែកុម្ភៈ​កន្លង​ទៅ​តែ​លោក​បាន​ដាក់​ពាក្យ​លា​ឈប់​ដូច​លោក​សហ​ចៅក្រម​ស៊ើបអង្កេត​ ស៊ិកហ្រិ្វក ប្លុង​ដោយ​សារ​តែ​ការជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​និង​ការមិន សហការ​ពី​ភាគី​កម្ពុជា។

លោក ឡាត់ គី​មន្ត្រី​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​បាន​អះអាង​ថា​អសប​និង​កម្ពុជា​គួរ​ធ្វើការ​ ជ្រើសរើស​និង​តែងតាំង​ចៅក្រម​បរទេស​ឲ្យ​បាន​ឆាប់​ដើម្បី​បន្ត​ដំណើរការ​នីតិវិធី​បើ​ពុំ​ដូច្នោះ​ទេ​ដំណើរការ​នេះ​គ្មាន​ការជឿន​លឿន​ទៅ​មុខ​ទេ។

«ទាក់ទិន​ជាមួយ​សំណុំ​រឿង​នេះ​ខាង​យើង​ខ្ញុំ​ពុំ​បាន​ទទួល​ព័ត៌មាន​ណា​មួយ​ថា ​មាន​ភាព​រីក​ចម្រើន​នៅលើ​កិច្ចការងារ​ហ្នឹង​ទេ។​អញ្ចឹង​យើង​មាន​តែ​ទន្ទឹង​រង់ចាំ ​ចំពោះ​ការ​តែងតាំង​ចៅក្រម​ថ្មី​ក្រែង​លោ​ថា​កិច្ចការងារ​នេះ​អាច​បន្ត​ទៅ​មុខ​ទៀត​បាន»។​

លោក​ថ្លែង​ថា​ជនរងគ្រោះ​ជាច្រើន​កំពុង​ចង់ឃើញ​ដំណើរការ​វិវត្តន៍​ទៅ​មុខ​ដោយ​រលូន​មាន​កិច្ច​សហការ​ល្អ​រវាង​អសប​និង​ភាគី​កម្ពុជា​ដែល​អាច​ឲ្យ​ពួកគេ​ជា​ជនរងគ្រោះ​មាន​ព័ត៌មាន​ចេញ​ពី​តុលាការ ​ហើយ​នឹង​ដាក់​ពាក្យ​ប្តឹង​ឲ្យ​បាន​ត្រឹមត្រូវ​ប្រឆាំង​នឹង​ជនជាប់ចោទ។​ ក្រៅពី​លោក​បញ្ជាក់​ថា​រដ្ឋាភិបាល​កម្ពុជា​នឹង​គ្មាន​ហេតុ​ផល​អ្វី​ជំទាស់​ការ​តែងតាំង​ដូចជា​លោក ​Laurent Kasper-Ansermet។

អ្នកឃ្លាំ​មើល​សាលាក្តី​ខ្មែរ​ក្រហម​ម្នាក់​ទៀត​បាន​ទទូច​ថា​រដ្ឋាភិបាល​កម្ពុជា​និង​អសប​ត្រូវ​តែង​តាំង​ចៅក្រម​ឲ្យ​បាន​ឆាប់​ ហើយ​ជៀស​វាង​ការអូស​បន្លាយ​ពេល​ត​ទៅ​មុខ។​ តែ​លោក​បាន​ពន្យល់​ថា​ការ​តែង​តាំង​នោះ​ត្រូវ​មាន​លក្ខខណ្ឌ​នានា​រួម​ទាំង​ការ​សន្យា​ថា​កម្ពុជា​ត្រូវតែ​សហការ​ជាមួយ​អសប​ ត្រូវ​បញ្ជាក់​ពី​ពេល​វេលា​នៃ​ការតែងតាំង​ចៅក្រម​ថ្មី​ដើម្បី​ធ្វើ​ការងារ​បន្ត​សំណុំ​រឿង​០០៣​ និង​០០៤​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បានជំទាស់​ដាច់អហង្ការ។

ទាំង​លោក​ ឡាស អូលសិន ​និង​លោក នេត្រ​ ភ័ក្រត្រា​អ្នកនាំពាក្យ​ សាលាក្តី​ខ្មែរ​ក្រហម​ ពុំ​បាន​បញ្ជាក់​ថា​តើ​ដំណើរការ​តែងតាំង​នោះ​អាច​កើត​ពេល​ណា​ទេ។ តែ​បាន​បញ្ជាក់​ព្រម​គ្នា​ថា​លោក​ Laurent Kasper-Ansermet ​នឹង​ចប់​តួនាទី​ក្នុង​សាលាក្តី​នៅ​ថ្ងៃ​សុក្រ​ទី៤​ ខែ​ឧសភា។​ ដោយ​ឡែក​លោក​ អេវ៉ាដូ ដែលបូយ ​អ្នកនាំពាក្យ​រង​របស់​លោក​បាន គីមូន​អគ្គ​លេខា​ធិការ​អសប​ បាន​ថ្លែង​ប្រាប់​វីអូអេ ​ថា​ ពុំទាន់​មាន​ការ​ជ្រើសតាំង​នៅ​ឡើយ​ទេ។

«ឥឡូវ​នេះ​លោក​អគ្គ​លេខាធិការ​អសប​កំពុង​ពិចារណា​ពី​ការជ្រើស​តាំង​របស់​លោក។​ ហើយ​ពេល​ណា​ដែល​យើង​មាន​ព័ត៌មាន​អ្វី​ត្រូវ​ប្រកាស​យើង​នឹង​ប្រកាស»។

លោក​ថ្លែង​ថា​លោក​ពុំ​មាន​ក្តី​បារម្ភ​ពី​ការពន្យា​ពេល​សំណុំរឿង​០០៣​ និង​០០៤​ ក្នុង​តុលាការ​ខ្មែរ​ក្រហម​ទេ។

លោក​ នេត្រ ភក្រ័ត្រា​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ភាគី​កម្ពុជា​បាន​អះអាង​ថា​ការចាកចេញ​ របស់​លោក​ចៅក្រម ​Kasper ​មិន​មានអ្វី​ប៉ះពាល់​ដល់​ដំណើរការ​សំណុំ​រឿង​០០៣​និង​០០៤​ទេ។​ សំណុំ​រឿង​នេះ​រង់ចាំ​រហូត​ទាល់​មាន​ចៅក្រម​ថ្មី​មក​ជំនួស។​

«គឺ​អាស្រ័យ​ទៅ​លើ​សហ​ចៅក្រម​ស៊ើប​អង្កេត​ទាំង​ជាតិ​និង​អន្តរជាតិ​ដែល​គាត់​នឹង​ធ្វើការ​ជាមួយ​គ្នា​នៅ​ពេល​ដែល​មាន​ការ​តែងតាំង​ជាផ្លូវការ​នូវ​ចៅក្រម​អន្តរជាតិ​មក​បំពញ​ការងារ​ក្នុង​តុលាការ​ខ្មែរ​ក្រហម»។

លោក​ ឡាស អូលសិន​អ្នកនាំពាក្យ​សាលាក្តី​បាន​អះអាង​ថា​លោក​នឹង​មិន​ដឹង​ថា​សំណុំ​រឿង​០០៣ ​និង​០០៤​វិវត្តន៍​ទៅ​យ៉ាង​ណា​ទេ​មុន​ពេល​ដែល​ចៅក្រម​ថ្មី​ចូល​កាន់​កិច្ចការ។

ទោះជា​គ្មាន​ការ​បញ្ជាក់​ថា​ពេលណា​ដែល​កម្ពុជា​និង​អសប​ត្រូវ​តែង​តាំង​ចៅក្រម​ថ្មី​ក៏​ដោយ​តែ​អ្នក​ជំនាញ​ការ​ពិសេស​អសប​លោក ដេវីដ សេ្សហ្វ៊័​ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កម្ពុជា​ហើយ​ដើម្បី​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ មន្ត្រី​សង្គម​ស៊ីវិល​និង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។​ នេះ​បើ​តាម​ការអះអាង​របស់​លោកឡាស អូលសិន។

ក្រុម​អ្នក​តាម​ដាន​ក្នុង​ប្រទេស​កម្ពុជា​ខ្លះ​និយាយ​ថា​បញ្ហា​សមាសភាព​ចៅក្រម  ​ការ​តែង​តាំង​ចៅក្រម​ថ្មី​ និង​ការបន្ត​កិច្ចការ​សំណុំរឿង​បន្ថែម​រវាង​កម្ពុជា​អាច​ជា ​ប្រធាន​បទ​ដែល​លោក ​ដេវីដ ​ស្សេហ្វ៊័​នឹង​ពិភាក្សា​ជាមួយ​តំណាង​រដ្ឋាភិបាល។

ចៅក្រម​អសប​ជាច្រើន​នាក់​បាន​លាលែង​ជា​បន្ត​បន្ទាប់​ដូច​ជា​លោក ​Marcel Lemonde ​លោក Siegefried Blunk​ លោក ​Laurent Kasper–Ansermet​ និង​មន្ត្រី​ក្នុង​តុលាការ​មួយ​ចំនួន​ទៀត​ដោយសារ​បញ្ហា​ភាគ​ច្រើន​គឺ​ការជ្រៀត​ផ្នែក​នយោបាយ ​ការមិន​អាច​សហការ​ពី​រដ្ឋាភិបាល​កម្ពុជា។ សាលាក្តី​ខ្មែរ​ក្រហម​កំពុង​កាត់ទោស​ជន​ជាប់​ចោទ​បី​នាក់​ក្នុង​សំណុំ​រឿង​០០២​ឬ​មេដឹកនាំ​កំពូលៗ​ដែល​ជាប់​សង្ស័យ​ពី​បទ​ពាក់ព័ន្ធ​នឹង​ការកាប់​សម្លាប់​ពលរដ្ឋ​កម្ពុជា​ជាង​១,៧​លាន​នាក់​ក្នុង​ពេល​កាន់​កាប់​អំណាច៕​

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!