VOA News: ព័ត៌មាន: “ទីផ្សារ​ភាគហ៊ុន​អាស៊ី​បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​មាន​តួលេខ​ការងារ​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​នៅ​អាមេរិក​និង​អឺរ៉ុប” plus 3 more

VOA News: ព័ត៌មាន: “ទីផ្សារ​ភាគហ៊ុន​អាស៊ី​បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​មាន​តួលេខ​ការងារ​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​នៅ​អាមេរិក​និង​អឺរ៉ុប” plus 3 more


ទីផ្សារ​ភាគហ៊ុន​អាស៊ី​បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​មាន​តួលេខ​ការងារ​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​នៅ​អាមេរិក​និង​អឺរ៉ុប

Posted: 03 May 2012 10:39 AM PDT

ទីផ្សារ​ភាគហ៊ុន​ក្នុង​ទ្វីប​អាស៊ី​ភាគច្រើន​​​បាន​ធ្លាក់​ចុះ​ទាប​ជាងមុន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់​ពី​មាន​តួលេខ​ការងារ​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​នា​ទ្វីប​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​ការ​ជឿ​ជាក់​លើ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច។

កង្វល់​របស់​ពួក​វិនិយោគិន​ត្រូវ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​​មួយ​ដែល​បាន​បង្ហាញ​ថា​ក្រុមហ៊ុន​នៅ​សហរដ្ឋ​អាមេរិក​បាន​បន្ថែម​ការងារ​តិច​ជាង​មុន​សម្រាប់​​ខែ​មេសា គឺ​មាន​ត្រឹម​តែ​ចំនួន​១១៩.០០០​ការងារ​ប៉ុណ្ណោះ​ បើ​ប្រៀបធៀប​នឹង​ខែ​មិនា​ដែល​មាន​រហូត​ដល់​២០១.០០០​ការងារ។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

<!--IMAGE-RIGHT-->

ចិន៖ មន្ត្រី​សហរដ្ឋ​អាមេរិក​និយាយ​ថា​ពួកគេ​ទទួល​ការ​បញ្ជាក់​ថា​សកម្មជន​ពិការ​ភ្នែក លោក ចេន គ្វាងចេង (Chen Guangcheng) ចង់​ចាក​ចេញ​ពី​ប្រទេស​ចិន​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​គាត់។ ការ​ប្រកាស​នេះ​កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​សកម្មជន​រូប​នោះ បាន​ចាក​ចេញ​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្រោយ​ពី​បាន​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ទីនោះ​ជិត​មួយ​សប្តាហ៍​ក្រោយ​ពី​បាន​រត់​គេច​ចេញ​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ។

អាស៊ី៖ ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​ប្រធាន​ធនាគារ​មក​ពី​បណ្តា​ប្រទេស​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​រួម​ជាមួយ​នឹង​ប្រទេស​ជប៉ុន ចិន និង​កូរ៉េ​ខាងត្បូង​បាន​យល់​ព្រម​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​ការ​បង្កើន​ខ្ទង់​ប្រាក់​បម្រុង​របស់​ពួកគេ​ឱ្យ​បាន​ពីរ​ដង​រហូត​ដល់​ចំនួន​២៤០.០០០​លាន​ដុល្លារ​ដើម្បី​ទប់​ស្កាត់​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​តំបន់​ដែល​អាច​នឹង​កើត​មាន​ឡើង​ឱ្យ​បាន​ទាន់​ពេល​វេលា។

រុស្ស៊ី/ស.រ.អា៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​និយាយ​ថា​ ការ​ចរចា​ស្តី​ពី​ផែនការ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ការពារ​កាំជ្រួច​របស់​អង្គការ​ណាតូ​នៅ​អឺរ៉ុប​បាន​ជាប់​គាំង​ហើយ។

អារ៉ាប់៖ ក្រុម​សកម្មជន​សិទ្ធិ​សេរីភាព​សារព័ត៌មាន​និង​អង្គការ​សហប្រជាជាតិ​ដែល​បាន​រៀបចំ​ទិវា​សេរីភាព​សារព័ត៌មាន​និយាយ​ថា ​បដិវត្តន៍​រដូវ​ផ្កា​រីក​ក្នុង​ពិភព​អារ៉ាប់​បាន​បន្ធូរ​បន្ថយ​គំនាប​រដ្ឋាភិបាល​​ក្នុង​ប្រទេស​ខ្លះ​មក​លើ​ប្រព័ន្ធ​សារព័ត៌មាន​ ប៉ុន្តែ​មាន​ប្រទេស​ជាច្រើន​នៅ​តែ​ប្រើ​ប្រាស់​ល្បិច​ធ្វើ​បាប​អ្នក​សារព័ត៌មាន​ដដែល។

បារាំង៖ លោកប្រធានាធិបតី​បារាំង នីកូឡា ហ្សាក់កូហ្ស៊ី (Nicolas Sarkozy) និង​គូប្រជែង​មក​ពី​គណបក្ស​សង្គមនិយម លោក ហ្វ្រង់​ស្វ័រ ហូឡង់ (Francois Hollande) បាន​ប៉ះ​ពាក្យ​សម្តី​គ្នា​ម្តង​ហើយ​ម្តង​ទៀត​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​មុន​ពេល​ការ​បោះឆ្នោត​ស្ថាពរ​នៅ​ថ្ងៃ​អាទិត្យ ដែល​គេ​រំពឹង​ថា​លោក​ហូឡង់​នឹង​ឈ្នះ​ឆ្នោត។

ស៊ីរី៖ សកម្មជន​ស៊ីរី​និយាយ​ថា ​កងកម្លាំង​រដ្ឋាភិបាល​បាន​វាយ​ឆ្មក់​អន្តេវាសិកដ្ឋាន​របស់​មហាវិទ្យាល័យ​មួយ​ហើយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏​បួន​នាក់​ដែរ បន្ទាប់​ពី​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ទីក្រុង អាឡេបប៉ូ (Aleppo) ស្របពេល​ដែល​អ្នក​សង្កេតការណ៍​អង្គការ​សហប្រជាជាតិ​បាន​ខិតខំ​ឡើង​វិញ​ដើម្បី​វាយ​តម្លៃ​បទ​ឈប់​បាញ់​គ្នា​ដែល​មាន​ភាព​រកាំ​រកូស។

នេប៉ាល់៖ អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​នេប៉ាល់ (Nepal) និយាយ​ថា​ លោក​នាយករដ្ឋមន្ត្រី​នឹង​រំលាយ​គណៈរដ្ឋមន្ត្រី​របស់​លោក ហើយ​បង្កើត​រដ្ឋាភិបាល​ឯកភាព​ជាតិ​មួយ​ក្នុង​គោល​បំណង​ដើម្បី​បំបែក​ភាព​ទាល់​ច្រក​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ក្នុង​ការ​តាក់​តែង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ជាតិ។

This posting includes an audio/video/photo media file: Download Now

អោង សាន ស៊ូជី ធ្វើ​សច្ចា​ប្រណិធានជា​សមាជិក​រដ្ឋសភា​

Posted: 03 May 2012 02:25 AM PDT

មេ​ដឹកនាំ​ប្រជាធិបតេយ្យ​ដ៏​យូរ​មកហើយ​របស់ភូមា​ លោក​ស្រី​ អោង សាន ស៊ូជី ​Aung San Suu Kyi​ បាន​ទទួល​ការ​សច្ចា​ប្រណិធាន​តាម​ផ្លូវ​ការ​ជា​សមាជិក​រដ្ឋសភា​ចូល​កាន់​តំណែង​រដ្ឋាភិបាល​ជា​លើក​ដំបូង​ ចាប់​តាំង​ពី​បាន​ចំណាយ​ពេល​ភាគ​ច្រើន​ក្នុង​ពីរ​ទសវត្សរ៍​កន្លង​ទៅ​នេះ​ នៅ​ក្នុង​ការ​ឃុំឃាំង​ក្នុង​ផ្ទះ។​ ជ័យលាភី​រង្វាន់​ណូប៊ែល​រូបនេះ​​បាន​ចូល​ធ្វើ​សច្ចា​ប្រណិធាន​ កាល​ពី​ថ្ងៃ​ពុធ​ ចូល​កាន់​តំណែង​ក្នុង​សភា​ជាន់​ទាប​របស់​ប្រទេសនេះ ដោយ​បាន​បញ្ចប់​ពហិការ​មិន​ចូល​រួម​ក្នុង​រដ្ឋសភា​ ដែល​អាច​បង្អាក់​ដល់​ដំណើរ​នៃ​កំណែ​ទម្រង់​នយោបាយ​នៅ​ក្នុង​ប្រទេស​នេះ។​

លោក​ស្រី​បាន​ថ្លែង​ជា​អាទិ៍​ថា​ «យើង​ចង់​ឲ្យ​រដ្ឋសភា​របស់​យើង​មាន​គុណសម្បត្តិ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ៗ។​ យើង​មិន​ចង់​ដក​អ្នក​ណា​ចេញ​ទេ។​ យើង​គ្រាន់​តែ​ចង់​ឲ្យ​មាន​ការ​ជឿន​លឿន​ ដែល​ធ្វើ​ឲ្យ​រដ្ឋសភា​របស់​យើង​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ»។​

សមាជិក​សភា​នៃ​គណបក្ស​ សហភាព​ សាមគ្គីភាព​និង​អភិវឌ្ឍន៍​ ដែល​កង​យោធា​គាំទ្រ​ លោក​ វិន អ៊ូ​ Win Oo​ បាន​សរសើរ​សេចក្តី​សម្រេច​ចិត្ត​របស់​លោក​ស្រី​ អោន​ សាន​ ស៊ូជ ដែល​​ឈប់​ធ្វើ​ពហិការ​ទៅ​វិញ​នោះ។

ចិន៖ សកម្មជន​ពិការ​ភ្នែក​ចិន​ម្នាក់​ ដែល​បាន​ជ្រក​កោន​នៅ​ក្នុង​ស្ថានទូត​អាមេរិក​នៅ​ក្រុងប៉េកាំងជិត​មួយ​សប្តាហ៍​បាន​បង្ហាញ​មុខ​ ហើយ​មន្រ្តី​អាមេរិកាំង​និយាយ​ថា ចិន​បាន​យល់​ព្រម​នាំ​លោក​ទៅ​ដាក់​នៅ​កន្លែង​«សុខ​សាន្ត​មួយ»។​

តែលោក​ ចិន គួងឆេង ​Chen​ Guangcheng​ បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Associated​ Press​ បន្ទាប់​ពី​បាន​ចេញ​ពី​ស្ថានទូត​ថា​ លោក​ចង់​ចេញ​ពី​ប្រទេស​ចិន​ជា​មួយ​គ្រួសារ​លោក​ ពីព្រោះ​លោក​ខ្លាច​បាត់​បង់​ជីវិត។​ លោក​ក៏​បាន​និយាយ​ដែរ​ថា​ មន្រ្តី​ស្ថានទូត​អាមេរិក​បាន​ប្រាប់​លោក​ថា​ អាជ្ញាធរ​ចិន​នឹង​វាយ​ភរិយា​លោក​ទាល់​ស្លាប់​ បើ​លោក​មិន​ចេញ​ពី​ស្ថានទូត​នៅ​ក្រុង​ប៉េកាំង​ ទៅ​វិញ​ទេ។​

អេហ្ស៊ីប៖ អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​មុន​ការ​បោះ​ឆ្នោត​ក្នុង​រដ្ឋធានី​ឡឹគែរ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ ១១​ នាក់​ និង​របួស​មនុស្ស​ជាង​ ១០០​ នាក់​ទៀត​ បង្ខំ​ឲ្យ​បេក្ខជន​ប្រធានាធិបតី​ជា​ច្រើន​នាក់​បញ្ឈប់​យុទ្ធនាការ​របស់​ខ្លួន។​

អាហ្វហ្គានីស្ថាន៖ ពួក​បះបោរ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ ៧​ នាក់​ និង​ធ្វើ​ឲ្យ​របួស​ ១៧​ នាក់​ទៀត​ ភាគ​ច្រើន​ជា​កុមារ​ នៅ​ក្រុង​កាប៊ុល​កាល​ពី​ថ្ងៃ​ពុធ​ ក្នុង​ពេល​ពីរ​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​ស.រ.អ​ បារ៉ាក់ អូបាម៉ា បាន​ចាក​ចេញ​ពី​ប្រទេសនេះ នៅ​ក្រោយ​ទស្សនកិច្ច​ដ៏​ខ្លី​មួយ​ដែល​គេ​មិន​បាន​ប្រកាស​ឲ្យ​ដឹង​មុន។​

ម៉ាលី៖ ស្នូរ​កាំភ្លើង​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ កាល​ពី​ថ្ងៃ​ពុធ​ នៅ​ក្នុង​រដ្ឋធានី​បាណាកូ​ នៃ​ប្រទេស​ម៉ាលី​ នៅ​ពេល​ដែល​កងទ័ព​អ្នក​ទម្លាក់​ប្រធានាធិបតី​នៃ​ប្រទេស​នេះ​ កំពុង​ស្វែង​រក​មនុស្ស​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ប្រឆាំង​មក​វិញ​នៅ​ដើម​សប្តាហ៍​នេះ។​

ស៊ីរី៖ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​កាល​ពី​ថ្ងៃ​ពុធ​ បាន​ចោទ​រដ្ឋាភិបាល​​ស៊ីរី​ អំពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ នៅ​ពេល​ដែល​ក្រុម​ប្រឆាំង​និយាយ​ថា​ ពួក​ឧទ្ទាម​បាន​សម្លាប់​សមាជិក​កម្លាំង​សន្តិសុខ​១៥នាក់​ ក្នុង​ខណៈ​ដែល​បទ​ឈប់​បាញ់​គ្នា​ដែល​អ.ស.ប​ជួយ​គាំទ្រ​កំពុង​តែ​រលាយ​ទៅ​វិញ។​

ស៊ូដង់​ខាង​ត្បូង៖ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​សេចក្តី​សម្រេច​​មួយ​ អំពាវនាវ​ឲ្យ​ប្រទេសស៊ូដង់ និង​ស៊ូដង់​ខាង​ត្បូង​ឈប់​វាយ​ប្រយុទ្ធ​គ្នា​និង​ដោះស្រាយ​បញ្ហា​របស់​ខ្លួន​ បើ​មិន​ដូច្នោះ​ទេ​នឹង​ប្រឈម​មុខ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម។​

<!--AV-->

This posting includes an audio/video/photo media file: Download Now

ខ្មែរក្រហម​មាន​ផែនការ​សម្លាប់​អ្នក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​របប​លោក​លន់ ណុល

Posted: 02 May 2012 08:04 PM PDT

សាក្សី​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ពួក​ខ្មែរក្រហម​មាន​នយោបាយ​មួយ​គឺ​ត្រូវ​បោស​សម្អាត​ប្រជាពលរដ្ឋ​ដែល​ពួក​គេ​ជឿ​ថា ជាប់​ទាក់ទង​នឹង​របប​លោក​សេនាប្រមុខ​លន់ ណុល ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។

លោក ​ពាន ​ឃាន ​អាយុ​៦២​ឆ្នាំ ​ជា​អតីត​អ្នក​នាំសារ ​និង​កង​ការពារ​របស់​កុយ ​ធួន ​ប្រធាន​ភូមិ​ភាគ​៣០៤ ​និង​ជា​អតីត​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​ខ្មែរក្រហម។ លោក ​ឃាន ​បាន​និយាយ​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​ក្នុង​ការ​កាត់ទោស​សំណុំរឿង ​០០២ ​នៅ​រសៀល​នេះ​ថា ​ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​ក្រុងភ្នំពេញ ​ដើម្បី​ងាយស្រួល​កម្ចាត់​សត្រូវ។

«ជំលៀស​ប្រជាជន​ចេញ​ពី​ក្រុងភ្នំពេញ​គឺ​ដើម្បី​ស្រួល​បោសសម្អាត​ពួក​ខ្មាំង ​ពួក​ក្បត់​នៅ​ទីក្រុង​ភ្នំពេញ។ ជា​ខ្មាំង​គឺ​កាល​នោះ​គេ​ថា ​ជា​ទាហាន​លន់ ​ណុល ​ហើយ​ប្រជាជន​ក៏​ជា​ប្រជាជន​ដែល​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​លន់ ​ណុល។ ​អញ្ចឹង​នៅ​ក្នុង​របប​ទាំង​អស់​ហ្នឹង​ត្រូវ​បោសសម្អាត​។ ​ហើយ​ក្រោយ​មក​ទៀត​គឺ​កុំ​ឲ្យ​មាន​ពួក​ស៊ីអេអា​បង្កប់​នៅ​ទីក្រុង​ភ្នំពេញ»។

សាឡុត បាន ដែល​ជា​ក្មួយ​ប្រុស​បង្កើត​របស់​ប៉ុល ​ពត​ មេស្ថាបនិក​នៃ​របប​កម្ពុជា​ធិបតេយ្យ​ដែល​បញ្ចប់​ការ​ផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃ​នេះ ក៏​បាន​បញ្ជាក់​ក្នុង​សវនាការ​ដែរ​ថា ​ពួកខ្មែរក្រហម​មាន​គោលដៅ​មួយ​គឺ​តស៊ូ​ប្រឆាំង​នឹង​អ្វី​ដែល​ពួក​ខ្លួន​ហៅ​ថា ​ការ​ឈ្លានពាន​របស់​ចក្រពត្តិ​អាមេរិក។

លោក ​ពាន ​ឃាន ​បាន​ចូល​តស៊ូ​ក្នុង​ព្រៃ​ជាមួយ​ពួក​ខ្មែរ​ក្រហម​ក្នុង​ខេត្ត​រតនគិរី​កាល​ពី​ឆ្នាំ​១៩៦៦​ នៅ​ពេល​ដែល​លោក​មាន​អាយុ​១៦​ ឆ្នាំ។ មាន​ដើមកំណើត​ជា​ជនជាតិ​ភាគ​តិច​ ខ្វែក ​និង​កំពង់រស់​នៅ​ក្នុង​ខេត្ត​តាកែវ ​សាក្សី​រូប​នេះ​និយាយ​ថា ​ប្រជាពលរដ្ឋ​ដែល​ពួក​ខ្មែរក្រហម​ចាប់​ខ្លួន​ថា ​ជា​ខ្មាំង​នោះ​នឹង​ត្រូវ​សម្លាប់​ចោល។

«ពេល​នោះ​ដោយសារ​តែ​គេ​ចាត់​ទុក​ថា​ជា​សត្រូវ ​ដូច្នេះ​បើ​សិន​ជា​គេ​ចាប់​បាន​គឺ​ត្រូវ​តែ​កម្ទេច​ហើយ»។

របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួកខ្មែរក្រហម​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​តិច​ចំនួន​ ១,៧​លាន​នាក់​ក្នុង​ចន្លោះ​ដែល​ពួក​គេ​កាន់​កាប់​អំណាច​ចន្លោះ​ពី​ថ្ងៃ​ទី​១៧​ ខែ​មេសា ​ឆ្នាំ ​១៩៧៥ ​ដល់​ថ្ងៃ​ទី​ ៦ ​មករា​ ឆ្នាំ ​១៩៧៩។

មេដឹកនាំ​កំពូល​ខ្មែរក្រហម​ចំនួន​បី​នាក់​ដែល​នៅ​រស់រាន​មាន​ជីវិត​ជាមួយ​នឹង​ភាព​ចាស់​ជរា​កំពុង​ស្ថិត​ក្នុង​ការ​កាត់ទោស​ក្នុង​សំណុំរឿង​០០២​ នេះ។ ក្នុង​នោះ​មាន​ខៀវ ​សំផន ​អតីត​ប្រមុខរដ្ឋ ​អៀង ​សារី ​អតីត​រដ្ឋមន្ដ្រី​ការបរទេស ​និង​ នួន ​ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម៕

This posting includes an audio/video/photo media file: Download Now

ជនសង្ស័យពីររូប​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​បាញ់សម្លាប់​សកម្មជន​បរិស្ថាន

Posted: 02 May 2012 06:24 PM PDT

ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​បាន​អះអាង​ថា​យ៉ាង​តិច​មាន​ជន​សង្ស័យ​ចំនួន​ពីរ​នាក់​ត្រូវ​បាន​កងរាជអាវុធ​ហត្ថ​ខេត្ត​កោះកុង​ នាំ​យក​មក​សួរ​ចម្លើយ​ដោយ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​ឈិត ​វុទ្ធី ​និង​លោក​អ៊ិន ​រតនា។

លោក អ៊ិន ​គង់ជិត ​អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​មាន​ប្រសាសន៍​ថា​ជនសង្ស័យ​ទាំង​ពីរ​រូប​មាន​ឈ្មោះ​រ៉ាន់ ​បូរ័ត្ន ​មន្ត្រី​សន្តិសុខ​ក្រុមហ៊ុនធីមប៊ឺគ្រីន (Timber Green) ​និង​លោក សូ ​សុភាព​ មន្ត្រី​កងរាជអាវុធ​ហត្ថខេត្ត​កោះកុង។

«ខ្ញុំ​បាន​ទទួល​បាន​ព័ត៌មាន​ថា ពិត​ជា​មាន​ការ​ឃាត់ខ្លួន​អ្នក​ទាំង​ពីរ​នេះ​ ដើម្បី​ទទួល​យក​យក​ចម្លើយ​ទាក់ទង​នឹង​ឧប្បត្តិហេតុ​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ​ឆ្នាំ​២០១២​នេះ»។

លោក ​ចាន់ ​សាវ៉េត ​មន្ត្រី​ស៊ើបអង្កេត​អង្គការ​សិទ្ធិមនុស្ស​អាដហុក​បាន​និយាយ​ថា​លោក​បាន​ទទួល​ដំណឹង​នៃ​ការ​ឃាត់​ខ្លួន​នេះ​ផងដែរ។ ​ក៏ប៉ុន្តែ​លោក​បាន​សង្ស័យ​ថា​ជន​សង្ស័យ​ទាំង​ពីរ​នាក់​មិន​ត្រូវ​បាន​ចោទ​ប្រកាន់ ​និង​បញ្ជូន​មក​តុលាការ​នៅ​ឡើយ​ទេ។

«គឺ​ពិតប្រាកដ​ហើយ ​គឺ​ខាង​មេបញ្ជាការ​ប៉េអឹម ​គឺ​បាន​ឃាត់ខ្លួន​កូន​គាត់​ហើយ​ ហើយ​គាត់​បាន​ទៅ​មើល​កូន​គាត់​កាល​ពី​ម្សិលមិញ។ ទៅ​មើល​មួយ​ភ្លែត​ហ្នឹង។ ​អញ្ចឹង​គេ​ឥត​ឲ្យ​ទៅ​មើល​ទៀត​ទេ»។

អ្នកស្រី ​សម ​ចាន់ធី ​ភរិយា​លោក​ឈុត ​វុទ្ធី​ បាន​ផ្តល់​បទសម្ភាស​ជាមួយ​នឹង​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ អ្នកស្រី​ចង់​ឲ្យ​រដ្ឋាភិបាល​ចាប់​ខ្លួន​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ពិតប្រាកដ​យក​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​ កុំ​ឲ្យ​ចាប់​ខ្លួន​អ្នក​ដទៃ​មក​ទទួលទោស​ជំនួស។

«បើ​ថា​មិន​ច្បាស់​ថា​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើ​ការ​ត​ទៅ​ទៀត»។

ជន​សង្ស័យ​ទាំង​ពីរ​នាក់​ត្រូវ​បាន​កងរាជអាវុធ​ហត្ថ​ខេត្ត​កោះកុង​បាន​ចាប់​ខ្លួន​ដាច់​ដោយ​ឡែក​ពី​គ្នា​ មុន​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​បាន​ចេញ​បទ​បញ្ជា​ឲ្យ​បង្កើត​គណៈកម្មាធិការ​ថ្នាក់ជាតិ ​ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ចំពោះ​ករណី​ឃាតកម្ម​ទៅ​លើ​សកម្មជន​ការពារ​ព្រៃឈើ។

លោក ​ហុង ​ណារ៉ុង ​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​កោះកុង​មិន​អាច​ទាក់​ទង​សុំ​បំភ្លឺ​បាន​នៅ​ថ្ងៃ​ពុធ​នេះ។ ចំណែក​ឯ​លោក​ឧត្តមសេនីយ៍ឯក ​ម៉ក់ ​ជីតូ ​ប្រធាន​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ដើម្បី​ស្រាវជ្រាវ​ករណីឃាតកម្ម​នេះ បាន​មាន​ប្រសាសន៍​ថា​មិនទាន់​បាន​ទទួល​ដំណឹង​នៃ​ការ​ឃាត់​ខ្លួន​នេះ​ទេ។ លោក​បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​ករណី​នៃ​ការ​ស៊ើបអង្គេត​មិន​មាន​ជនសង្ស័យ​ណាមួយ​ត្រូវ​បាន​ឃាត់​ខ្លួន​ទេ។

«មិនទាន់​មាន​ទេ។ មិន​ទាន់​ទេ​ វា​គ្រាន់​តែ​ជា​ពាក្យ​ចរចាមរ៉ាម​ ហើយ​យើង​កំពុង​ធ្វើការ​មិន​ទាន់​ដល់​ចាប់ចង​អី​ទេ»។

គណៈកម្មាធិការ​ថ្នាក់ជាតិ​ដែល​ទើប​នឹង​បង្កើត​ថ្មី​កាល​ពី​ថ្ងៃ​អង្គារ បាន​ធ្វើ​ដំណើរ​ដល់​ខេត្ត​កោះកុង​ហើយ ​ដើម្បី​រក​តម្រុយ​នៃ​ការ​បាញ់​លោក​ឈុត ​វុទ្ធី ​និង​លោក​អ៊ិន ​រតនា។

គណៈកម្មាធិការ​នេះ​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​អាជ្ញាធរ​ខេត្ត​កោះកុង ​ហើយ​បាន​សម្រេច​បង្កើត​អនុគណៈកម្មការ​តូចៗ​ចំនួន​បី​ គឺ​អនុគណៈកម្មាធិការ​ចុះ​កន្លែង​កើតហេតុ ​អនុគណៈកម្មាធិការ​យក​ចម្លើយ ​និង​អនុគណៈកម្មការ​កោសល្យវិច្ច័យ។

លោក​ឈុត ​វុទ្ធី ​ប្រធាន​អង្គការ​ការពារ​ធម្មជាតិ ​និង​លោក​អ៊ិន​ រតនា ​មន្ត្រី​កង​រាជ​អាវុធហត្ថ​ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មេសា។ មន្ត្រី​អង្គការ​សង្គមស៊ីវិល​បាន​ទទួច​ឲ្យ​អាជ្ញាធរ​ស្វែងរក​ចាប់​ខ្លួន​ឃាតករ​ពិតប្រាកដ​យក​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់ ​បន្ទាប់​ពី​មាន​របាយការណ៍​ជា​បឋម​ថា​លោក​អ៊ិន ​រតនា ​បាន​បាញ់​សម្លាប់​ខ្លួនឯង ​បន្ទាប់​ពី​បាន​បាញ់​សម្លាប់​លោក​ឈុត ​វុទ្ធី ​រួច​មក​ថា​ជា​រឿង​គួរ​ឲ្យ​សង្ស័យ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!