VOA News: ព័ត៌មាន: “ចិននិយាយថាអ្នកប្រឆាំងនយោបាយអាចដាក់ពាក្យសុំទៅសិក្សាបាន” plus 5 more |
- ចិននិយាយថាអ្នកប្រឆាំងនយោបាយអាចដាក់ពាក្យសុំទៅសិក្សាបាន
- អាមេរិកស្នើឲ្យចិនតំឡើងថ្លៃរូបីយប័ណ្ណ
- ពុទ្ធបរិស័ទខ្មែរប្រមូលបច្ច័យជួយមណ្ឌលសុខភាពសហគមន៍ក្រុង Lowell
- មាស មុត និង ស៊ូ ម៉េតជាជនជាប់សង្ស័យក្នុងសំណុំរឿង០០៣៖ ឡូរ៉ង់ កាស្ពែ-អង់ស៊ែម៉េ
- អាមេរិក និងសហគមន៍អឺរ៉ុបជំរុញការស៊ើបអង្កេតប្រកបដោយតម្លាភាពលើឃាតកម្មលោកឈុត វុទ្ធី
- ហេឡូវីអូអេ ០៣ ឧសភា ២០១២៖ ការបង់ពន្ធនិងបំណុលជាតិ
ចិននិយាយថាអ្នកប្រឆាំងនយោបាយអាចដាក់ពាក្យសុំទៅសិក្សាបាន Posted: 04 May 2012 08:40 AM PDT ប្រទេសចិនបានប្រាប់ឲ្យដឹងថាអ្នកប្រឆាំងពិការភ្នែកលោក ចេន គ្វាងចេង (Chen Guangcheng) មានសេរីភាពដើម្បីដាក់ពាក្យសុំទៅសិក្សានៅបរទេសបាន ដែលជាការផ្តល់សញ្ញាពីលទ្ធភាពនៃការដោះស្រាយជម្លោះខាងផ្លូវការទូតដែលបានចាប់ផ្តើមឡើង នៅពេលដែលលោកបានគេចខ្លួនពីការឃុំឃាំងក្នុងផ្ទះហើយបានរត់គេចខ្លួនទៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងប៉េកាំង។ ការប្រកាសនៅថ្ងៃសុក្រនេះបានកើតមានឡើងបន្ទាប់ពីមានការអំពាវនាវជាបន្តបន្ទាប់ពីលោក ចេន ដែលនិយាយថាលោកមានការព្រួយបារម្ភពីសុវត្ថិភាពរបស់លោកហើយលោកចង់ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកជាមួយគ្រួសាររបស់លោកនៅពេលណាមួយ។ លោក ចេន បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទពីមន្ទីរពេទ្យក្នុងទីក្រុងប៉េកាំងនៅថ្ងៃសុក្រនេះថាលោកមិនអាចជួបជាមួយមន្រ្តីសហរដ្ឋអាមេរិកចាប់តាំងពីថ្ងៃពុធមក នៅពេលដែលលោកចាកចេញពីស្ថានទូតដែលជាទីកន្លែងដែលលោកបានស្វះស្វែងរកកន្លែងជ្រកកោណអស់រយៈពេលជិតមួយសប្តាហ៍។ កាលពីដំបូង លោកបានប្រាប់សភាសហរដ្ឋអាមេរិកក្នុងអំឡុងពេលនៃការនិយាយទូរស័ព្ទបន្តផ្ទាល់នៅក្នុងការបើកអង្គប្រជុំសភាកាលពីថ្ងៃព្រហស្បតិ៍ថាលោកសង្ឃឹមថាលោក នឹងបានជួបជាមួយលោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេស លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ដែលបានចូលរួមក្នុងការចរចាប្រចាំឆ្នាំកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិកនិងចិនក្នុងទីក្រុងប៉េកាំង។ ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖ ស៊ីរី៖ សកម្មជនស៊ីរីនិយាយថាកងទ័ពស៊ីរីបានសម្លាប់ជនស៊ីវិល៤នាក់ៅថ្ងៃសុក្រនេះ នៅពេលដែលអ្នកនាំពាក្យបេសកជនអន្តរជាតិរបស់លោក កូហ្វី អានណាន់ (Kofi Annan) បាននិយាយថាផែនការសន្តិភាពសម្រាប់រដ្ឋាភិបាលទីក្រុងដាម៉ាស (Damascus) បានប្រព្រឹត្តទៅជាវិជ្ជមានទោះបីមានការបន្តប្រើអំពើហិង្សាក៏ដោយ។ ប៉ាគីស្ថាន៖ ពួកមន្រ្តីនិយាយថាអ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់នៅក្នុងតំបន់នៃក្រុមកុលសម្ព័ន្ធដែលមានភាពវឹកវរនៃភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថានតាមបណ្តោយព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថានបានសម្លាប់មនុស្ស២០នាក់និងធ្វើឲ្យមនុស្សយ៉ាងហោចណាស់ក៏៤០នាក់ទៀតដែររងរបួស។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មាន៥នាក់ជាប៉ូលិស។ <!--IMAGE-RIGHT-->ស.រ.អា/កូរ៉េខាងជើង៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ចង់ឲ្យភ្ជាប់ទំនាក់ទំនងខាងការទូតជាមួយប្រទេសកូរ៉េខាងជើង ក៏ប៉ុន្តែល្គឹកណាមេដឹកនាំរបស់ប្រទេសនោះ ផ្លាស់ប្តូរមាគ៌ាហើយនិងគិតគូរពីប្រជាពលរដ្ឋរបស់ខ្លួនជាចំបង។ ភូមា៖ បណ្តាញផ្សាយព័ត៌មានរដ្ឋភូមា បានរាយការណ៍នៅថ្ងៃសុក្រនេះថាមានការប្រយុទ្ធគ្នាដ៏ខ្លាំងនៅក្នុងរដ្ឋកាជិន (Kachin) នាភាគខាងជើងដែលបានសម្លាប់ពួកឧទ្ទាមជនជាតិភាគតិច២៩នាក់ហើយនិងកងទ័ពរដ្ឋាភិបាល២នាក់ក្នុងអំឡុងពេលមួយសប្តាហ៍កន្លងមកនេះ។ ប៉ាគីស្ថាន៖ ការសិក្សាពីឯកសារសម្ងាត់ថ្មីមួយដែលបានរកឃើញក្នុងគេហដ្ឋានរបស់លោក ប៊ីន ឡាដេន (Bin Laden) ក្នុងប្រទេសប៉ាគីស្ថានបន្ទាប់ពីមរណៈភាពរបស់លោកកាលពីឆ្នាំទៅ ដែលគូសបង្ហាញពីអ្វីនៅពេលនោះ ថាជាទំនាក់ទំនងដ៏រកាំរកូសរវាងក្រុមអាល កៃដា (al-Qaida) កណ្តាល និងសាខារបស់ខ្លួន។ រុស្ស៊ី៖ ពួកមន្រ្តីរុស្ស៊ីកំពុងថ្កោលទោសពួកអ្នកដាក់គ្រាប់អត្តឃាតចំពោះការវាយប្រហារ២កន្លែងនៅក្នុងរដ្ឋ ដាហ្គេស្ថាន (Dagestan) ក្នុងតំបន់កូកាសភាគខាងជើងដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏១៣នាក់ដែរហើយនឹងធ្វើឲ្យមនុស្សជាង១រយនាក់ទៀតរងរបួស។ ម៉ិកស៊ិក៖ សាកសពដាច់ខ្ទេចខ្ទីរបស់អ្នកកាសែតជាតិម៉ិកស៊ិក (Mexico) ៣នាក់ បានត្រូវគេរកឃើញនៅក្នុងរដ្ឋ វឺរ៉ាគ្រូស (Veracruz) ភាគខាងកើតកាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលជាការកាប់សម្លាប់ជាបន្តបន្ទាប់ដែលគេបានចោទប្រកាន់លើក្រុមមេឈ្មួញជួញដូរថ្នាំញៀនក្នុងប្រទេសនោះ។ កេនយ៉ា៖ អង្គការសិទ្ធិមនុស្ស Human Rights Watch កំពុងចោទប្រកាន់ទាហាននិងប៉ូលិសកេនយ៉ា (Kenya) ពីបទរំលោភសិទ្ធិមនុស្សដោយកម្រោលប្រឆាំងនឹងជនជាតិភាគតិចសូម៉ាលីនិងពលរដ្ឋកេនយ៉ាដោយគ្មានការប្រឈមមុខនឹងផលវិបាកអ្វីទាំងអស់។
This posting includes an audio/video/photo media file: Download Now |
អាមេរិកស្នើឲ្យចិនតំឡើងថ្លៃរូបីយប័ណ្ណ Posted: 04 May 2012 02:54 AM PDT រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក លោក ធីមូធី ហ្គេណឺ (Timothy Geithner) បានអំពាវនាវកាលពីថ្ងៃព្រហស្បត៍ឲ្យចិនបើករូបីយប័ណ្ណរបស់ខ្លួនឲ្យឡើងថ្លៃ នៅពេលដែលអ្នកការទូតកំពូលៗពីប្រទេសទាំងពីរ ជួបជុំគ្នានៅក្រុងប៉េកាំង ដើម្បីធ្វើកិច្ចចរចាប្រចាំឆ្នាំ អំពីបញ្ហាសេដ្ឋកិច្ចនិងសន្តិសុខ។ លោករដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិកបានសំដែងការគាំទ្រចំពោះផែនការចិនដែលចង់កែប្រែប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួនទាំងស្រុង តែលោកថ្លែងថាចិនគួរពន្លឿនកំណែទម្រង់សេដ្ឋកិច្ចរបស់ខ្លួន។ ប៉ាគីស្ថាន៖ ការសិក្សាមួយអំពីឯកសារដែលបានប្រមូលយកពីផ្ទះរបស់ អូសាម៉ា ប៊ីឡាដិន នៅប៉ាគីស្ថានកាលពីឆ្នាំទៅ ហើយទើបនឹងបានបញ្ចេញឲ្យដឹងជាសាធារណៈថ្មីៗនេះ បង្ហាញថា មេដឹកនាំភេរវកររូបនេះមានការលំបាកចិត្តជាមួយ ក្រុមជីហាដ (Jihad) អ្នកធ្វើសង្គ្រាមសាសនាក្នុងតំបន់ និងសមត្ថភាពរបស់គាត់ក្នុងការត្រួតត្រាលើក្រុមទាំងនេះ។ ឯកសារនេះ និយាយថា ផ្ទុយពីការគិតរបស់មនុស្សជាច្រើននាក់ ដែលថាប៊ីនឡាដិនមិនមែនជាមេអាយ៉ងអ្នកទាញខ្សែឲ្យអាយ៉ងកម្រើកធ្វើចលនាលើក្រុមជីហាដនៅជុំវិញពិភពលោកនោះទេ។ ចិន៖ លោក ឆិន កុងឆិន (Chen Guangcheng) សកម្មជនសិទ្ធិមនុស្សងងឹតភ្នែកជាតិចិន ដែលបានបណ្តាលឲ្យមានការប្រឈមមុខគ្នាខាងផ្លូវទូតរវាងក្រុង ប៉េកាំង និងក្រុង វ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃព្រហស្បត៍ថា លោកជឿថា អាជ្ញាធរចិនកំពុងតែរារាំងមន្រ្តីអាមេរិកមិនឲ្យទាក់ទងជាមួយលោកនៅក្នុងមន្ទីរពេទ្យមួយនៅក្រុងប៉េកាំង។ ការចោទប្រកាន់នេះ ក្នុងពេលប៉ុន្មានម៉ោងក្រោយពីបានចេញពីការការពាររបស់ស្ថានទូតអាមេរិក ដើម្បីទៅទទួលការព្យាបាលជើងរបួសម្ខាង នៅពេលលោកបានគេចខ្លួនពីការឃុំឃាំងក្នុងផ្ទះ កាលពីថ្ងៃទី ២២ ខែមេសា។ មន្រ្តីអាមេរិកាំងនិងចិនមិនបានអធិប្បាយអំពីការចោទប្រកាន់នេះទេ កាលពីព្រឹកថ្ងៃព្រហស្បត៍។ អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារសម្ងាត់របស់អាហ្វហ្គានីស្ថាន បានបំបែកផែនការវាយប្រហារភេរវកម្មដ៏ធំមួយនៅក្នុងរដ្ឋធានី ហើយបានចាប់ខ្លួនជនជាតិប៉ាគីស្ថានម្នាក់ដែលជាប់ទាក់ទងនឹងការប៉ុនប៉ងវាយប្រហារនេះ នៅពេលគេរកឃើញឡានទំនិញមួយគ្រឿងដែលមានផ្ទុកគ្រាប់ផ្ទុះពេញ នៅពេលគាត់ត្រូវចាប់ខ្លួន កាលពីថ្ងៃព្រហស្បត៍នៅតាមផ្លូវមួយនៅខាងកើតក្រុង។ ភូមា៖ សម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យភូមា បានចូលកាន់តំណែងដែលបានឈ្នះថ្មីៗនេះនៅក្នុងរដ្ឋសភាមួយ ដែលមួយភាគបីនៃអសនៈត្រូវរក្សាទុកសម្រាប់កងយោធា និងអសនៈដទៃទៀតភាគច្រើនលើសលប់ ត្រូវស្ថិតក្នុងកណ្តាប់ដៃគណបក្សគ្រប់គ្រងអំណាចរបស់ភូមាដែលកងយោធាគាំទ្រ។ ស៊ីរី៖ សកម្មជនស៊ីរីនិយាយថា កងកម្លាំងរដ្ឋាភិបាល បានវាយប្រហារទៅលើសយនដ្ឋាន នៅក្នុងសាកលវិទ្យាល័យ ហើយបានសម្លាប់មនុស្សយ៉ាងតិច ៤ នាក់ និស្សិត ២០០ នាក់ត្រូវចាប់ខ្លួន នៅក្រុង អាឡេផូ (Aleppo) នៅពេលដែលក្រុមអ្នកសង្កេតការណ៍ អ.ស.ប. បានបន្តសង្កត់ឲ្យមានការបញ្ចប់អំពើហិង្សា ដែលបានកើនច្រើនឡើង ពីការរលាយបទឈប់បាញ៉គ្នាជាលំដាប់។ ស៊ូដង់៖ ស៊ូដង់ខាងត្បូង បានចោទស៊ូដង់ ថាបានទម្លាក់គ្រាប់បែកទៅលើតំបន់ព្រំដែន កាលពីថ្ងៃព្រហស្បត៍ ទោះជាក្រុមប្រឹក្សាសន្តិសុខអសបបានព្រមានឲ្យប្រទេសទាំងពីរបញ្ចប់ការវាយប្រយុទ្ធគ្នា បើមិនដូច្នោះទេ នឹងទទួលទណ្ឌកម្មថ្មីៗទៀតយ៉ាងណាក៏ដោយ។ រុស្ស៊ី៖ ឧត្តមសេនីយជាន់ខ្ពស់របស់ប្រទេស រុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បត៍ថា ក្រុង មូស្គូប្រហែលត្រូវបង្ខំឲ្យ កំទេចប្រព័ន្ធការពារកាំជ្រួចផ្លោងដែលអង្គការ អូតង់ មានគម្រោងស្ថាបនា នៅក្នុងទ្វីប អឺរ៉ុប។ ឧត្តមសេនីយកងយោធា នីកូឡា ម៉ាការូ (Nikolay Makarov) បានប្រាប់សន្និសិតអន្តរជាតិមួយស្តីពីប្រព័ន្ធកាំជ្រួចផ្លោងរបស់ក្រុងម៉ូស្គូ ថា ការវាយប្រហារជាមុនមួយ អាចយកទៅប្រើ ដើម្បីបំផ្លាញប្រព័ន្ធការពារកាំជ្រួចទាំងនេះ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ពុទ្ធបរិស័ទខ្មែរប្រមូលបច្ច័យជួយមណ្ឌលសុខភាពសហគមន៍ក្រុង Lowell Posted: 03 May 2012 11:24 PM PDT មណ្ឌលសុខភាពសហគមន៍ក្រុង Lowell (LCHC) កំពុងកសាងមណ្ឌលសុខភាពថ្មី ដែលមានបន្ទប់ពិនិត្យសុខភាពចំនួន៧៥ មានទំហំជិត៩៣០០ម៉ែត្រការ៉េ និងមានបន្ទប់សរុបជិត២០០បន្ទប់។ ការពង្រីកមណ្ឌលសុខភាព Metta ដែលជាផ្នែកមួយនៃ LCHCនេះសម្រេចបានតាមរយៈការប្រឹងប្រែងរបស់លោកពៅ សូនិត ប្រធានកម្មវិធីមណ្ឌលសុខភាពនេះ បុគ្គលិកដែលស្ម័គ្រចិត្តកាត់ប្រាក់ខែនិង ការប្រមូលបច្ច័យពីសប្បុរសជន។ «ក្នុងការរៃបច្ច័យហ្នឹងគឺមិនមែនរៃតែក្នុងសង្គមខ្មែរយើងទេ គឺរៃគ្រប់កន្លែងទាំងអស់ដើម្បីឲ្យបាន៥លានដុល្លារ ហើយបុគ្គលិកយើងក៏បានស្ម័គ្រចិត្តកាត់ប្រាក់ចូលរួមនេះដែរគឺជាង៩០%នៃបុគ្គលិកនៅទីនេះ»។ <!--AV--> ការអភិវឌ្ឍន៍LCHC ថ្មីនេះត្រូវចំណាយថវិកាជិត៤៣លានដុល្លារ ហើយ LCHC ត្រូវរកថវិកា៥លានដុល្លារបន្ថែមពីលើថវិកាដែលរដ្ឋាភិបាលផ្តល់ឲ្យ។ រហូតដល់ពេលនេះ LCHCរកថវិកបានជិត៣លានដុល្លារហើយ។ អ្នកស្រី ប៊ុន សាវលក្ខណ៍បានទទួលសេវាសុខភាពនៅទីនេះដែរតាំងពីឆ្នាំ២០០៤ ពេលអ្នកស្រីមកពីប្រទេសកម្ពុជា។ អ្នកស្រីនិយាយថា៖ «អូ ចា៎ ខ្ញុំដឹងព័ត៌មាននេះដែរ តែដោយសារសេដ្ឋកិច្ចចុះអន់ថយអញ្ចឹងទៅ ការជួយហ្នឹងក៏តាមសទ្ធាដែលយើងមានទៅចា៎»។ គ្រូពេទ្យ Elie Catherine ធ្លាប់បានស្ម័គ្រចិត្តទៅព្យាបាលអ្នកជំងឺខ្មែរនៅមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប ដែលធ្វើឲ្យអ្នកស្រីមានមនោសញ្ចេតនាស្និទ្ធស្នាលជាមួយអ្នកជំងឺនិងទំនៀមទម្លាប់ខ្មែរ។ «តាមបទពិសោធន៍របស់ខ្ញុំនៅកម្ពុជា និងនៅ Lowell ខ្ញុំឃើញមានការខុសប្លែកគ្នាខ្លាំងណាស់។ ជនជាតិខ្មែរ និងជនជាតិអាស៊ីអាគ្នេយ៍ផ្សេងទៀតនៅក្រុង Lowell មានសំណាង មានការគាំពារសុខភាពល្អ។ពេលខ្ញុំនៅកម្ពុជា ខ្ញុំឃើញថា បើអត់លុយ អ្នកជំងឺមិនទទួលបានការព្យាបាលល្អប្រសើរទេ។ អ្នកជំងឺខ្លះស្លាប់ តែបើនៅអាមេរិកវិញ មិនស្លាប់ទេ»។ អ្នកស្រី លី សុធាមកទទួលសេវាសុខភាពនៅមណ្ឌលសុខភាពនេះតាំងពីពេលអ្នកស្រីមកពីប្រទេសកម្ពុជាក្នុងឆ្នាំ២០០១។ «ចា៎ ក្នុងករណីខ្ញុំមកដល់ដំបូង ខ្ញុំបាន MassHealth ជួយទាំងអស់ តាំងពីធ្វើធ្មេញ ជំងឺសព្វបែបយ៉ាងហ្នឹងគឺគេជួយទាំងអស់ យើងអត់មានចេញលុយទេ។ បានជាខ្ញុំចង់បានពេទ្យ Metta នេះ ព្រោះមានអ្នកបកប្រែខ្មែរ ហើយម៉្យាងទៀតកន្លែងហ្នឹងដូចថា ល្បីជាងគេសម្រាប់ខ្មែរយើង»។ អនាគតមណ្ឌលសុខភាពសហគមន៍នេះគឺជាអតីតរោងចក្រទឹកដោះគោ ដែលសាងសង់កាលពីជាងកន្លះសតវត្សរ៍មុន។ កម្មករសំណង់ធ្វើការញាប់ដៃ ព្រោះមណ្ឌលសុខភាពថ្មីនេះគ្រោងសម្ពោធន៍មុខដំណាច់ឆ្នាំនេះ។ ដោយសារខ្វះបច្ច័យសម្រាប់កសាង បុគ្គលិកមណ្ឌលសុខភាពបានធ្វើបុណ្យផ្កាប្រាក់ប្រមូលបច្ច័យនៅវត្តពន្លឺពុទ្ធចក្កនេះ និងនៅកន្លែងផ្សេងទៀត។ កម្មវិធីបុណ្យផ្កាប្រាក់នេះសម្របសម្រួលដោយលោក ពៅ សូនិត ហើយមានការចូលរួមរបស់បុគ្គលិក និងអតិថិជនរបស់គេ ជាពិសេសនោះគឺអ្នកស្រី Dorcas C. Grigg-Saito នាយកប្រតិបត្តិLCHC។ អ្នកស្រីមានប្រសាសន៍ថា ថវិកាបនែ្ថម៥លានដុល្លារនេះនឹងប្រមូលបានគ្រប់ចំនួនមុនដំណាច់ឆ្នាំនេះ ព្រោះនៅខ្វះតែ ២លានដុល្លារទៀតប៉ុណ្ណោះ។ ថវិកាជាង៤៣លានដុល្លារនេះបានពីរដ្ឋាភិបាលសហព័ន្ធ រដ្ឋ MA បុគ្គលិកឧបត្ថម្ភនិងសម្បុរសជនសំខាន់ៗជាង៩០០នាក់។ អ្នកស្រី Dorcas C. Grigg-Saito មានប្រសាសន៍ថា៖ «ដោយសារក្រុង Lowellមានអ្នកក្រច្រើន និងអត្រាអត់ការធ្វើខ្ពស់ ដូច្នេះយើងអាចទទួលបានថវិកាពីរដ្ឋាភិបាលសហព័ន្ធ»។ លោកស្រីបន្ថែមថា ក្រោយពីសាងសង់ហើយ LCHC នឹងពង្រីកប្រតិបត្តិការពីការផ្តល់សេវាសុខភាពបឋមដល់ការព្យាបាលបន្ទាន់។ «ប្រជាជនសុំសេវារបស់យើង ត្រូវការសេវារបស់យើង តែយើងមិនមានកន្លែងគ្រប់គ្រាន់ដើម្បីបម្រើសេចក្តីត្រូវការ។ បច្ចុប្បន្ននេះ យើងផ្តល់សេវាដល់ប្រជាជន១ភាគ៣ ប្រជាជនក្រុង Lowell។ នៅអគារថ្មី យើងនឹងអាចបម្រើអតិថិជនក្រុង Lowell ចំនួនពាក់កណ្តាល»។ សប្បុរជននៅទីនេះភាគច្រើនជាអតិថិជនមណ្ឌលសុខLCHC។ «ពេលធ្វើទុក្ខបានទៅ ពេលអត់ធ្វើទុក្ខអត់ទៅដែរ។ ឥឡូវគាត់ថា ឲ្យ៦ខែទៅម្តង»។ អ្នកស្រីឈៀង ណាតជាសប្បុរសជនក្នុងកម្មវិធីប្រមូលបច្ច័យ និងជាអតិថិជនមណ្ឌលសុខភាពនេះ។ អ្នកស្រីមានជំងឺទឹកនោមផ្អែម និងលើសឈាម។ ការប្រមូលបច្ច័យកសាងមណ្ឌលសុខភាពនេះគ្រោងធ្វើនៅវត្តត្រៃរតនារាមទៀត៕ This posting includes an audio/video/photo media file: Download Now |
មាស មុត និង ស៊ូ ម៉េតជាជនជាប់សង្ស័យក្នុងសំណុំរឿង០០៣៖ ឡូរ៉ង់ កាស្ពែ-អង់ស៊ែម៉េ Posted: 03 May 2012 07:50 PM PDT សហចៅក្រមស៊ើបអង្កេតបម្រុងអន្ដរជាតិដែលលាលែងពីការងារ លោក ឡូរ៉ង់ កាស្ពែ-អង់ស៊ែម៉េ បានជំរុញឡើងវិញឲ្យចាប់នាំខ្លួន អតីតមេបញ្ជាការជាន់ខ្ពស់កងទ័ពខ្មែរក្រហមពីរនាក់គឺស៊ូ ម៉េត និងមាស មុត យកមកកាត់ទោសក្នុងសំណុំរឿង០០៣។ មនុស្សជាច្រើនពាន់នាក់ត្រូវគេជឿថា បានស្លាប់នៅក្រោមការគ្រប់គ្រងនៃកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមទាំងពីរនាក់នេះក្នុងសម័យកម្ពុជាប្រជាធិបតេយ្យចន្លោះពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩។ នៅក្នុងដីកាសម្រេចជាឯកតោភាគីចំនួនពីរដាច់ដោយឡែកពីគ្នាកាលពីថ្ងៃពុធលោក ឡូរ៉ង់ កាស្ពែ-អង់ស៊ែម៉េ បានសរសេរដូចគ្នាដោយគ្រាន់តែបង្ហើបពីតួនាទីរបស់មាស មុត និង ស៊ូ ម៉េត ថា ជាអ្នកទទួលខុសត្រូវខ្មែរក្រហមដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ សាលាក្ដីខ្មែរក្រហមមានយុត្តាធិការ «ក្នុងការនាំខ្លួនជនជាប់សង្ស័យ» ទាំងនេះយកមកកាត់ទោស។ លោកចៅក្រមសញ្ជាតិស្វ៊ីស បានពិពណ៌នាយ៉ាងពិស្ដារថា មេបញ្ជាការកងទព័ជើងទឹកកងពលលេខ ១៦៤ ដែលគេស្គាល់ថាជា មាស មុត ជាប់ពាក់ព័ន្ធនឹងបោសសំអាតផ្ទៃក្នុងនៃកងពលរបស់ខ្លួនដែលមានទាហានចន្លោះពី៨៥០០ ទៅ ១០ ០០០ នាក់ ពាក់ព័ន្ធនឹងការវាយប្រហារលើប្រទេសវៀតណាមចន្លោះពីឆ្នាំ ១៩៧៧ ដល់ឆ្នាំ១៩៧៨ ការចាប់ខ្លួន និងសម្លាប់អ្នកនេសាទថៃ និងវៀតណាម។ ក្រៅពីនោះមាស មុត ក៏ជាប់ពាក់ព័ន្ធនឹងការចាប់អ្នកទោសទៅកាន់មន្ទីរ ស ២១ ឬ គុកទួលស្លែង ការគ្រប់គ្រងមន្ទីរសន្តិសុខវត្ត អេងទាញាណ ក្នុងខេត្តកំពុងសោមដែលមានមានមនុស្សយ៉ាងតិច២០០ នាក់ត្រូវបានរកឃើញថា ស្លាប់នៅទីនោះ។ លោក ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ ក៏បានរៀបរាប់ទៀតថា មាស មុត ជាប់ពាក់ព័ន្ធនឹងការដ្ឋានវាយថ្មស្ទឹងហាវ ក្នុងខេត្តដដែលនេះ។ មនុស្សចំនួនយ៉ាងតិច១០០នាក់ ត្រូវធ្វើការដោយបង្ខំនៅទីនេះ ។ ទីកន្លែងទាំងពីរគឺជាមណ្ឌលសម្លាប់ និងកែប្រែដែលជាផ្នែកនៃបោសសំអាតផ្ទៃក្នុងផងដែរ។ ស្របជាមួយគ្នានេះដែរ សហចៅក្រមស៊ើបអង្កេតអន្ដរជាតិបម្រុង លោក ឡូរ៉ង់ កាស្ពែ-អង់ស៊ែម៉េ បានបង្ហាញថា ប្រធានកងពលលេខ៥០២ ដែលគេស្គាល់ថា ជា ស៊ូ ម៉េត មេបញ្ជាការកងទ័ពអាកាស ពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ទីរសន្តិសុខ ស ២២ ដែលមានអ្នកទោសចំនួន ៣០០ នាក់ ពាក់ព័ន្ធនឹងការបញ្ជូនចាប់ និងបញ្ជូនអ្នកទោសទៅកាន់គុកទួលស្លែងនិងការដ្ឋានសាងសង់ព្រលានយន្ដហោះ នៅខេត្តកំពង់ឆ្នាំដែលមានប្រជាជនចំនួនជាង ១០ ០០០ នាក់ត្រូវកេណ្ឌឲ្យធ្វើការ។ សេចក្ដីសម្រេចនេះធ្វើឡើងខណៈពេលដែលលោកឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ ត្រូវលាឈប់ពីសាលាក្ដីខ្មែរក្រហមជាផ្លូវការនៅថ្ងៃទី៤ ខែឧសភានេះ។ លោកសហចៅក្រមស៊ើបអង្កេតបម្រុងសញ្ជាតិស៊្វីស មិនអាចទាក់ទងបានទេនៅថ្ងៃនេះ។ លោក ឡាស អលសិន អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិមានប្រសាសន៍ថា សំណួររបស់វីអូអេសម្លេងសហរដ្ឋអាមេរិកជាខេមរភាសាត្រូវបានបញ្ជូនទៅកាន់លោក កាស្ពែ-អង់ស៊ែម៉េ រួចហើយ ហើយលោកកំពុងតែរង់ចាំការឆ្លើយតបមកវិញផងដែរ។ លោក ឡុង បញ្ញាវុធ មន្ដ្រីគម្រោងនៃអង្គការគម្រោងយុត្តិធម៌សង្គមសេរីនៅកម្ពុជាដែលជាផ្នែកមួយនៃអង្គការOSJI របស់សហរដ្ឋអាមេរិកថ្លែងថា លោកឡូរ៉ង់ កាស្ពែ-អង់ស៊ែម៉េ នៅមានសមត្ថកិច្ចក្នុងការចេញសេចក្ដីថ្លែងការណ៍មុននឹងលោកបញ្ចប់ការងារនៅថ្ងៃស្អែកនេះ។ «គាត់ជាចៅក្រម គាត់នៅមានសិទ្ធិចាត់ចែងនៅឡើយ»។ រដ្ឋាភិបាលកម្ពុជាបានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាទៅនឹងការចាប់ខ្លួនជនសង្ស័យបន្ថែមយកមកកាត់ទោសក្នុងសំណុំរឿង០០៣ និង០០៤ ដែលមានជនជាប់សង្ស័យសរុបចំនួនប្រាំនាក់។ ការិយាល័យសហចៅក្រមស៊ើបអង្កេតបានប្រកាសកាលពីខែមេសា ឆ្នាំ២០១១ ពីការបិទបញ្ចប់ការស៊ើបអង្កេតក្នុងសំណុំរឿង០០៣នេះ។ ក៏ប៉ុន្ដែលោក ឡូរ៉ង់ កាស្ពែ-អង់ស៊ែម៉េ ដែលចូលកាន់ការងារកាលពីខែធ្នូកន្លងទៅនេះមានប្រសាសន៍ថា ការស៊ើបអង្កេតក្នុងសំណុំរឿងទី៣ នេះមិនពេញលេញហើយតម្រូវឲ្យមានការស៊ើបអង្កេតបន្ថែម៕ This posting includes an audio/video/photo media file: Download Now |
អាមេរិក និងសហគមន៍អឺរ៉ុបជំរុញការស៊ើបអង្កេតប្រកបដោយតម្លាភាពលើឃាតកម្មលោកឈុត វុទ្ធី Posted: 03 May 2012 07:04 PM PDT ស្ថានទូតសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ និងសហគមន៍អ៊ឺរ៉ុបកាលពីថ្ងៃពុធ បានជំរុញរដ្ឋាភិបាលកម្ពុជាឲ្យធ្វើការស៊ើបអង្គេតឲ្យបានពេញលេញ តម្លាភាពនិងអាចជឿទុកចិត្តបានទៅលើការបាញ់សម្លាប់សកម្មជនការពារព្រៃឈើ។ ការទទូចរបស់ស្ថានទូតសហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប បានធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មាធិការថ្នាក់ជាតិមួយ ដើម្បីធ្វើការស៊ើបអង្គេតលើករណីបាញ់សម្លាប់លោកឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងលោកអ៊ិន រតនា មន្ត្រីកងរាជអាវុធហត្ថដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា នៅស្រុកមណ្ឌសីម៉ា ខេត្តកោះកុង។ បន្ទាប់ពីការបាញ់សកម្មជនការពារព្រៃឈើ និងមន្ត្រីកងរាជអាវុធហត្ថ មានការសន្ឋិដ្ឋានខុសៗគ្នាចេញពីស្ថាប័នតែមួយ។ មន្ត្រីនគរបាលបានសន្និដ្ឋានថា លោកអ៊ិន រតនា បានស្លាប់ដោយសារតែផ្លាតគ្រាប់កាំភ្លើងត្រូវ។ ចំណែកឯមន្ត្រីកងរាជអាវុធហត្ថបានអះអាងថា លោកអ៊ិន រតនា បានធ្វើឃាតខ្លួនឯង បន្ទាប់ពីបានបាញ់សម្លាប់លោកឈុត វុទ្ធី រួចមក។ មន្រ្តីសង្គមស៊ីវិល រួមទាំងក្រុមគ្រួសារលោកឈុត វុទ្ធី មិនជឿទៅការសន្និដ្ឋានរបស់សមត្ថកិច្ចទេ។ ពួកគេបានដាក់មន្ទិលសង្ស័យថា លោកឈុត វុទ្ធី ទំនងជាត្រូវបានរៀបចំគម្រោងសម្លាប់ដោយសារតែលោកជាសកម្មជនការពារព្រៃឈើដ៏លេចធ្លោមួយរូប។ ចំណែកឯលោកអ៊ិន រតនា មន្ត្រីកងរាជអាវុធហត្ថទំនងជាសង្ស័យថា មានជនទី៣ ជាអ្នកសម្លាប់បំបិទមាត់។ សាក្សីសំខាន់ៗពីររូបមកពីកាសែតឌឹខេមប៉ូឌា ដេលី មិនទាន់បានបញ្ជាក់ជាសាធារណៈនៅឡើយទេ ជុំវិញព្រឹត្តការណ៍ទាំងនេះ។ ពួកគេមិនអាចទាក់ទងបានរហូតមកដល់ពេលនេះ ក្រោយពីកើតហេតុរួចមក។ ស្ថានទូតសហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាសមួយនៅថ្ងៃព្រហស្បតិ៍នេះ ដោយបានចាត់ទុកថាសហរដ្ឋអាមេរិកនៅតែមានការកង្វល់លើការប្រើប្រាស់កម្លាំងដើម្បីរារាំងសកម្មភាពបុគ្គលម្នាក់ៗ ដែលមានបំណងបង្ហាញឲ្យឃើញនូវបញ្ហាសំខាន់នានាប្រកបដោយសន្តិវិធីដូចជាការកាប់ឈើខុសច្បាប់ជាដើម។ សហរដ្ឋអាមេរិកបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យការពារបុគ្គលទាំងនោះ និងសិទ្ធិប្រជាពលរដ្ឋជាមូលដ្ឋាន។ លោកខៀវ កញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាមិនបានឆ្លើយសំណួររបស់វីអូអេសំឡេងសហរដ្ឋអាមេរិកទេនៅពេលដែលព្យាយាមសម្ភាសជាមួយលោកពាក់ព័ន្ធនឹងករណីបាញ់សម្លាប់លោកឈុត វុទ្ធី នៅពេលដែលលោកបានចូលរួមក្នុងទិវាព័ត៌មានពិភពលោក ដែលបានប្រព្រឹត្តធ្វើឡើងនៅក្នុងសណ្ឋាគារមួយនៅទីក្រុងភ្នំពេញ។ ក៏ប៉ុន្តែពាក់ព័ន្ធនឹងការដោះលែងអ្នកកាសែតឌឹខេមប៉ូឌា ដេលី ពីររូបឲ្យមានសេរីភាពវិញ លោកខៀវ កញារិទ្ធ បានសម្តែងការស្វាគមន៍។ «ទី១ គឺរីករាយដែលគាត់បានត្រឡប់មកវិញ។ ហើយយើងសង្ឃឹមថា នៅពេលដែលគាត់អាចជួយផ្តល់ពន្លឺបន្ថែមទៀតនៅក្នុងបញ្ហានេះ»។ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធានគណៈកម្មការថ្នាក់ជាតិ ដើម្បីស្រាវជ្រាវករណីឃាតកម្មលើសកម្មជនការពារព្រៃឈើមិនអាចសុំសេចក្តីអត្ថាធិប្បាយលើករណីនេះបានទេនៅថ្ងៃព្រហស្បតិ៍នេះ។ លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុងបានមានប្រសាសន៍ថា គណៈកម្មការចម្រុះ នៅថ្ងៃព្រហស្បតិ៍នេះបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលទីតាំងផ្ទាល់នៅកន្លែងកើតហេតុ និងបានសាកសួរព័ត៌មានមួយចំនួនពីរប្រជាពលរដ្ឋ។ លោកបានមានប្រសាសន៍ថាគណៈកម្មាធិការនេះក៏បានហៅលោក រ៉ាន់ បូរ័ត្ន មន្ត្រីសន្តិសុខក្រុមហ៊ុនធីបប៊ឺគ្រីន (Timbergreen) ដែលជាជនសង្ស័យពាក់ព័ន្ធនឹងការបាញ់ប្រហារនេះឲ្យធ្វើសកម្មភាពនៅកន្លែងកើតហេតុ រួចហើយបានថតជាខ្សែវីដេអូដើម្បីទុកជាភ័ស្តុតាង។ «ចំពោះស្ថានការណ៍យ៉ាងម៉េច ក្រុមការងារគេបានថតជាវីដេអូ។ ប៉ុន្តែយើងឥតបានដឹងព័ត៌មានថាកាយវិការហ្នឹង គេធ្វើយ៉ាងម៉េចទេ»។ លោកអ៊ិន គង់ជិត បានមានប្រសាសន៍ទៀតថា អាជ្ញាធរបានដោះលែងលោក សូ សុភាព មន្ត្រីកងរាជអាវុធហត្ថឲ្យមានសេរីភាពវិញហើយក្រោយពីបានចាប់ឃុំខ្លួន និងយកមកសាកសួរកន្លងទៅ តែលោករ៉ាន់ បូរ័ត្ន ដែលជាមន្ត្រីសន្តិសុខក្រុមហ៊ុនធីមប៊ឺគ្រីននៅមិនទាន់ត្រូវបានដោះលែងនៅឡើយ៕ This posting includes an audio/video/photo media file: Download Now |
ហេឡូវីអូអេ ០៣ ឧសភា ២០១២៖ ការបង់ពន្ធនិងបំណុលជាតិ Posted: 03 May 2012 04:46 PM PDT លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យថ្លែងថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវគិតពិចារណាពីគុណភាពនៃការប្រមូលពន្ធហើយ ដោយទទូចថាមិនគួរបន្តខ្ចីលុយបរទេសរហូតនោះទេ។ «តើយើង(កម្ពុជា)គួរឲ្យមានការបង់ពន្ធថែមទៀត ឬគួរយើងពិនិត្យមើលប្រសិទ្ធភាពនៃការប្រមូលពន្ធដារហ្នឹង តើមានប្រសិទ្ធភាពទេ? ហើយចំណាយហ្នឹងមានប្រសិទ្ធភាពទេ? តើនរណាត្រួតពិនិត្យមើលការប្រមូលពន្ធដារហ្នឹងឲ្យបានដិតដល់ ឲ្យត្រឹមត្រូវដើម្បីយកមកចញ្ចឹមមន្ត្រីរាជការ និងជូនជាប្រាក់បៀវត្សរ៍ឲ្យបានគ្រប់គ្រាន់ទាំងអស់គ្នាដើម្បីទាមទារឲ្យមន្ត្រីរាជការធ្វើការបម្រើប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវអត់មានអំពើពុករលួយ»។ លោក ឡៅ ម៉ុងហៃ ថ្លែងយ៉ាងដូច្នេះក្នុងកម្មវិធីហេឡូវីអូអេស្តីពី ការបង់ពន្ធនិងបំណុលជាតិ កាលពីយប់ថ្ងៃព្រហស្បតិ៍ទី៣ខែឧសភាឆ្នាំ២០១២។ សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២៖ <!--AV--> មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុកfacebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |