VOA News: ព័ត៌មាន: “ទិវាពលកម្មអន្តរជាតិត្រូវប្រារព្ធធ្វើនៅជុំវិញពិភពលោក” plus 6 more |
- ទិវាពលកម្មអន្តរជាតិត្រូវប្រារព្ធធ្វើនៅជុំវិញពិភពលោក
- ហេឡូវីអូអេ ៣០ មេសា ២០១២៖ ការបាញ់សម្លាប់លោក ឈុត វុឌ្ឍី និងគ្រោះថ្នាក់របស់អ្នកការពារធនធានធម្មជាតិខ្មែរ
- ទីក្រុងខ្មែរ Cambodia Town នៃក្រុង Lowell ផ្តល់ក្តីសង្ឃឹមដល់សហគមន៍ខ្មែរ
- យន្តហោះគ្មានអ្នកបើកបរសម្រាប់បេសកម្មក្រៅប្រទេសត្រឹមត្រូវតាមច្បាប់៖ ទីប្រឹក្សាជាន់ខ្ពស់អាមេរិក
- ពុទ្ធសាសនិកជនខ្មែរក្រុង Lowell ប្រមូលបច្ច័យសាងសង់វត្តតម្លៃ១០លានដុល្លារ
- សាក្សីថាប៉ុល ពត គ្មានមនោសញ្ចេតនាគ្រួសារ
- រដ្ឋាភិបាលគ្រោងរៀបចំគណៈកម្មាការស៊ើបអង្កេតការសម្លាប់សកម្មជនបរិដ្ឋានឈុត វុទ្ធី
ទិវាពលកម្មអន្តរជាតិត្រូវប្រារព្ធធ្វើនៅជុំវិញពិភពលោក Posted: 01 May 2012 09:52 AM PDT ពលកររាប់ពាន់ម៉ឺននាក់នៅជុំវិញពិភពលោកបាននាំគ្នាដើរនៅលើផ្លូវនានានៃទីក្រុងដើម្បីកត់សម្គាល់ទិវាពលកម្មអន្តរជាតិ ហើយអំពាវនាវឲ្យសិទ្ធិកម្មករបានប្រសើរឡើង។ នៅក្នុងបណ្តាប្រទេសអាស៊ី ពលកររាប់ពាន់នាក់ប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងជាច្រើននៅក្នុងប្រទេសថៃ បង់ក្លាដែស និងឥណ្ឌូនេស៊ី ដើម្បីកត់សម្គាល់ «ទិវាឧសភា» (May Day) ដោយក្រុមអង្គការសហជីពពាណិជ្ជកម្មបានរៀបចំការជួបប្រជុំសាធារណៈជាច្រើន។ ទីភ្នាក់ងារព័ត៌មានបារាំង អាអេហ្វប៉េ និយាយថា ការជួបប្រជុំគ្នាដ៏ធំជាងគេនៅអាស៊ីប្រព្រឹត្ដធ្វើនៅក្នុងក្រុងចាការតា។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖ <!--IMAGE-RIGHT-->ចិន-អាមេរិក៖ លោកស្រីរដ្ឋមន្ដ្រីការបរទេស ស.រ.អ. ហ៊ីឡារី គ្លីនតុន កំពុងធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីបើកការចរចាថ្នាក់ខ្ពស់ ដោយគេរំពឹងថា កិច្ចចរចានោះនឹងបានត្រូវគ្របដណ្ដប់ដោយរឿងវាសនារបស់សកម្មជនចិនម្នាក់ដែលបានរត់រួចចេញពីការឃុំឃាំងក្នុងផ្ទះ ហើយមានសេចក្ដីរាយការណ៍និយាយថា ជននោះស្ថិតនៅក្រោមការការពាររបស់ស.រ.អ.។ ឥណ្ឌា៖ ក្រុមអ្នកមុជទឹកជួយសង្រ្គោះនៅតំបន់ឦសានប្រទេសឥណ្ឌាបានចាប់ផ្ដើមការរុករកមនុស្សជាង១០០ នាក់ ដែលបាត់ខ្លួនក្រោយពីសាឡាងមួយគ្រឿងបានក្រឡាប់លិចនៅក្នុងទន្លេដ៏ធំមួយរបស់ប្រទេសឥណ្ឌា។ ញូវយ៉ក៖ កម្មករសំណង់បានយកផ្ទាំងដែកមកបន្ដុបគ្នាដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីកាលពីថ្ងៃច័ន្ទ ដោយធ្វើឲ្យអគារនោះខ្ពស់ជាងគេនៅក្នុងបុរីញូវយ៉ក។ មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីនោះមានកម្ពស់៣៨១ម៉ែត្រពីលើផ្លូវនៃសង្កាត់ម៉ានហាថិន (Manhattan) ខ្ពស់ជាងអគារប្រវត្ដិសាស្រ្ដ Empire State។ ហ្វីលីពីន៖ លោកស្រីរដ្ឋមន្ដ្រីការបរទេសស.រ.អ. ហ៊ីឡារី គ្លីនតុន មានប្រសាសន៍ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្ដេជ្ញាចិត្ដដដែលមកលើសន្ដិសុខរបស់ប្រទេសហ្វីលីពីន តែស.រ.អ.មិនកាន់ជើងភាគីណាមួយទេនៅក្នុងការប្រឈមមុខដាក់គ្នាជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងនៅលើសមុទ្រចិនភាគខាងត្បូងនោះ។ ភូមា៖ អគ្គលេខាធិការអ.ស.ប. លោក បាន គីមូន បានថ្លែងសរសើរក្រុមអ្នកតាក់តែងច្បាប់ភូមាទើបនឹងជាប់ឆ្នោតថ្មីៗ និងមេដឹកនាំលទ្ធិប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី ដែលយល់ព្រមឈប់ធ្វើពហិការនៅក្នុងរដ្ឋសភាគ្របដណ្ដប់ច្រើនដោយក្រុមនិយមយោធា។ ម៉ាលី៖ មេដឹកនាំយោធានៃប្រទសម៉ាលីនិយាយថា គេបានកាន់កាប់រដ្ឋធានីបាម៉ាកូ ក្រោយពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារដោយកងកម្លាំងស្មោះត្រង់នឹងប្រធានាធិបតីចេញពីតំណែងលោក Amadou Toumani Toure។ ស៊ីរី៖ សកម្មជនការពារសិទ្ធិមនុស្សស៊ីរីនិយាយថា អំពើឃោរឃៅនៅជុំវិញប្រទេសបានសម្លាប់មនុស្ស២៣នាក់។ ក្រុមទាហានរបស់អ.ស.ប.មិនប្រដាប់អាវុធបានចាប់ផ្ដើមធ្វើការនៅក្នុងប្រទេសស៊ីរីកាលពីដើមខែដើម្បីតាមឃ្លាំមើលបទឈប់បាញ់គ្នា ដែលគេមិនគោរព នៃសង្រ្គាមរយៈពេលជាង១៣ខែនោះ។ អាមេរិក៖ ក្រុមហ៊ុនអាកាសចរ Delta Airlines នឹងក្លាយទៅជាក្រុមហ៊ុនយន្ដហោះដំបូងដែលផលិតប្រេងសាំងសម្រាប់យន្ដហោះដោយខ្លួនឯង។ អាមេរិក៖ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែងថា រដ្ឋបាលរបស់លោក មិនយករឿងវាយលុកសម្លាប់ អូសាម៉ា ប៊ិនឡាដិន ធ្វើជារឿងនយោបាយទេ ដោយលោកបានច្រានចោលនូវការរិះគន់ថា សេតវិមានបានធ្វើពិធីរំឭកលើសលុបអំពីមរណភាពរបស់ប៊ីន ឡាដិន។ ចិន-ឡាវ៖ នៅជិតតំបន់ត្រីកោណមាស ដែលជាតំបន់ព្រំដែនប្រសព្វគ្នារវាងប្រទេសឡាវ ថៃ និងភូមា ក្រុមហ៊ុនចិនមួយគ្រោងនឹងធ្វើកន្លែងព្រៃរត់គ្រឿងញៀននៅអតីតកាលនេះឲ្យទៅជារមនីយដ្ឋានទេសចរណ៍មួយ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
Posted: 01 May 2012 09:28 AM PDT សកម្មជនការពារព្រៃឈើ ឈុត វុឌ្ឍី ត្រូវបានឃាតករបាញ់សម្លាប់ពេលកំពុងស៊ើបអង្កេតការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ក្នុងខេត្តកោះកុងកាលពីសប្តាហ៍មុន។ <!--IMAGE-RIGHT--> មានការថ្កោលទោសជាអន្តរជាតិចំពោះការធ្វើឃាតលោកវុឌ្ឍី ប្រធានអង្គការការពារធនធានធម្មជាតិរូបនេះ។ នៅក្នុងកម្មវិធីហេឡូវីអូអេ យើងបានអញ្ជើញលោក សួន ប៊ុនធឿន អ្នកសម្របសម្រួលគម្រោងគាំទ្រអ្នកការពារសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមកបង្ហាញពីសា្នដៃរបស់លោកវុឌ្ឍី ក្នុងពេលដែលលោកនៅមានជីវិតនិងផលប៉ះពាល់ដែលអាចនឹងកើតមានឡើងនៅក្រោយពីមរណភាពរបស់លោក។ <!--AV--> <!--AV--> សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១២៖ <!--AV--> មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុកfacebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com This posting includes an audio/video/photo media file: Download Now |
ទីក្រុងខ្មែរ Cambodia Town នៃក្រុង Lowell ផ្តល់ក្តីសង្ឃឹមដល់សហគមន៍ខ្មែរ Posted: 01 May 2012 01:00 AM PDT ទីក្រុងខ្មែរ Cambodia Town នៃក្រុង Lowell រដ្ឋMassachusetts បើកសម្ពោធន៍ជា ផ្លូវការនៅថ្ងៃចូលឆ្នាំខ្មែរ ហើយមន្ត្រីសាលាក្រុង អ្នកតំណាងសហគមន៍ ខ្មែរ ពាណិជ្ជករសង្ឃឹមថា ការរៀបចំបង្កើតក្រុងខ្មែរនេះនឹងជួយបង្កើនពាណិជ្ជកម្ម ការងារ ធ្វើ ចំណូលច្រើន ហើយយ៉ាងហោចណាស់ផ្តល់ក្តីសង្ឃឹមដល់អ្នកលក់ត្រីម្នាក់ថា ខ្លួននឹងអាចសន្សំលុយបានចូលរៀនមហាវិទ្យាល័យ។ ឈុន វណ្ណដេត អាយុ២៣ ឆ្នាំ បានដឹងអំពីពិធីសម្ពោធន៍ទីក្រុងខ្មែរ ហើយរីករាយអំពីព័ត៌មាននេះ។ ទៅជាយ៉ាងណាក្តី វណ្ណដេតមិនបានទៅចូលរួមទេ ព្រោះរវល់ធ្វើត្រីបម្រើអតិថិជនដែលមកទិញត្រីធ្វើម្ហូបទៅវត្ត។សព្វថ្ងៃវណ្ណដេតធ្វើការក្នុងហាងលក់គ្រឿងឧបភោគបរិភោគនេះបួនថ្ងៃក្នុងមួយសប្តាហ៍។ ក្រៅពីធ្វើការនៅទីនេះ វណ្ណដេតឆ្លៀតពេលធ្វើជាអ្នកលីសែងសម្ភារៈអ្នករើលំនៅដ្ឋាន។ ហើយនេះក៏មិនមែនជាការងារទៀងទាត់ទេ។ <!--AV--> វណ្ណដេតសង្ឃឹមថា ការបង្កើតទីក្រុងខ្មែរនៃក្រុង Lowell នឹងជួយឲ្យគាត់មានសង្ឃឹមជាថ្មីក្នុងការខិតខំធ្វើការសន្សំលុយដើម្បីបន្តការសិក្សានៅមហាមហាវិទ្យាល័យ។ «ខ្ញុំរៀនចប់ high school (វិទ្យាល័យ)កាលពី៥ឆ្នាំមុន តែខ្ញុំមិនទាន់បានទៅ college (មហាវិទ្យាល័យ)ទេ។ ខ្ញុំចង់ធ្វើការសន្សំលុយ ហើយបានទៅcollege (មហាវិទ្យាល័យ)ស្រួល ពេលមានលុយទិញសៀវភៅ»។ មន្ត្រីសាលាក្រុង និងអ្នកតំណាងសហគមន៍ខ្មែរមានសុទិដ្ឋិនិយមថា ការបង្កើតទីក្រុងខ្មែរនេះនឹងជួយលើកស្ទួយវិស័យសេដ្ឋកិច្ច ជាពិសេសសម្រាប់សហគមន៍ខ្មែរ។ ឥស្សរជនសំខាន់ក្នុងពិធីនេះ រួមមានអភិបាលក្រុង Lowell សមាជិកព្រឹទ្ធសភារដ្ឋ Massachusetts, សមាជិករដ្ឋសភា Massachusetts ក្រុមប្រឹក្សាក្រុង និងប្រធានសមាគមន៍ខ្មែរក្រុងLowell។ លោកអភិបាលក្រុង Patrick Murphy ឲ្យដឹងថា៖ «មានភូមិខ្មែរនៅទីក្រុងLowellនេះគឺមានន័យច្រើនជាពិសេសគឺក្នុងសេដ្ឋកិច្ចដើម្បីទាក់ទាញមនុស្សមកទីនេះថែមទៀត ហើយជាការទទួលស្គាល់ថា ខ្មែរដែលមក រស់នៅក្នុងទីក្រុងនេះសាមសែសិបឆ្នាំនេះ បានជួយឲ្យផលដល់ទីក្រុងនេះបានច្រើន»។ លោកស្រី Eileen Donoghue សមាជិកព្រឹទ្ធសភារដ្ឋ Massachusetts បន្ថែមថា៖ នៅរដ្ឋ Massachusetts នេះមានក្រុងខ្មែរគឺយើងបង្កើតសេដ្ឋកិច្ចបាននៅក្នុងសង្គមខ្មែរ ដូចទីក្រុងចិននៅ San Francisco អញ្ចឹង»។ ទីក្រុងខ្មែរសម្ពោធន៍ជាផ្លូវការហើយ តែខ្លោងទ្វារ ឬស្លាកសញ្ញាសម្គាល់មិនទាន់មាននៅឡើយ ហើយទិដ្ឋភាពជាក្រុងខ្មែរក៏នៅមិនទាន់មានអ្វីប្លែកដែរ។ លោកនួន វាសនាសមាជិកក្រុមប្រឹក្សាក្រុង Lowell ដែលទើបជាប់ឆ្នោតថ្មីៗនេះ បានឲ្យដឹងថា រចនាបថ សញ្ញាសម្គាល់មិនទាន់សម្រេចនៅឡើយ។ លោកនួន វាសនាពន្យល់ថា ការបង្កើតក្រុងខ្មែរនេះគឺដើម្បីបង្ហាញថា៖ ម្ចាស់ហាងនានាបានឲ្យដឹងថា គេមិនបានចូលរួមពិធីសម្ពោធន៍នេះទេដោយសារអំឡុងពេលចូលឆ្នាំមានអតិថិជនច្រើន។ អ្នកស្រី អាំ ម៉ូនីកា ជាម្ចាស់ហាងលក់សម្លៀកបំពាក់ខ្មែរនៅទល់មុខកន្លែងធ្វើពិធីសម្ពោន៍នេះ។ អ្នកស្រីឲ្យដឹងថា៖ «ក្នុងបីថ្ងៃចូលឆ្នាំខ្មែរហ្នឹង ខ្ញុំលក់ខោអាវបានច្រើន ច្រើនជាងធម្មតា ព្រោះម្នាក់ៗគេទិញស្លៀកទៅវត្ត»។ អ្នកស្រីបន្តែមថា «បង្កើតទីក្រុងខ្មែរ ខ្ញុំជឿថា អាចលក់បានដាច់ច្រើន ព្រោះម្នាក់ៗចង់មកមើលក្រុងខ្មែរយើង»។ រីឯហាងលក់គ្រឿងឧបភោគបរិភោគក៏លក់ដាច់ណាស់ដែរ។ ថៅកែហាង Ocean Garden Market ដែលវណ្ណដេតធ្វើការនិយាយថា ទីក្រុងខ្មែរនឹងធ្វើឲ្យហាងរបស់អ្នកស្រីមានម៉ូយកាន់តែច្រើន។ «សង្ឃឹមថា នឹងគ្រាន់បើជាង ព្រោះទីក្រុងវាអ៊ូអរ ប្រជាជនខ្មែរច្រើន»។ ដូចថៅកែស្រីរបស់ខ្លួនដែរ វណ្ណដេតមានជំនឿថា ការបង្កើតទីក្រុងខ្មែរនេះនឹងមានមនុស្សមកទិញម្ហូបច្រើន ដែលធ្វើឲ្យគាត់មានការធ្វើទៀងទាត់ សន្សំលុយទិញឡានថ្មី ដែលមិនខូច និងស៊ីសាំងមិនច្រើនដូចឡានចាស់នេះ។ វណ្ណដេតសង្ឃឹមថា ការព្យាយាមធ្វើការសន្សំលុយចូលរៀននៅមហាវិទ្យាល័យនឹងជិតសម្រេចបំណងហើយ៕ This posting includes an audio/video/photo media file: Download Now |
Posted: 01 May 2012 12:48 AM PDT nថ្លែងនៅក្នុងព្រឹត្តិការណ៍មួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃច័ន្ទ លោក ចនប្រេណាន់ មន្ត្រីសេតវិមានបានសរសើរអ្វីដែលលោកបានហៅថាការវាយប្រហារដោយយន្តហោះគ្មានអ្នកបើកដែលមានលក្ខណៈដូចជា «ការវះកាត់ចំគោលដៅដោយកាំរស្មី laser» ដើម្បីកាត់យកចេញ «ដុំពកមហារីក» នៃភេរវកម្មដោយមិនបំផ្លាញ «ជាលិកាស៊ីវិល» នៅជុំវិញវា។ លោកប្រេណាន់ បានមានប្រសាសន៍ថាទោះបីជានៅពេលខ្លះមានជនស៊ីវិលស្លាប់ក៏ដោយក៏កាលពីមុនមិនដែលមានអាវុធណាមួយដែលអនុញ្ញាតឱ្យអាមេរិកបញ្ជាក់អត្តសញ្ញាណមេដឹកនាំ អាល់កៃដា ម្នាក់ដោយប្រុងប្រយ័ត្ន ហើយយកជននេះជាគោលដៅនៃការវាយប្រហារខណៈដែលធ្វើឱ្យការខូចខាតដែលក្នុងពេលនោះមានតិចបំផុត។ អ៊ុយក្រែន៖ បានហៅថាជា«កលល្បិចសង្គ្រាមត្រជាក់នូវវិធានការមួយដោយពួកមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបដែលធ្វើពហិការមិនចូលរួមក្នុងព្រឹត្តិការណ៍នានាក្នុងប្រទេសអ៊ុយក្រែន ដើម្បីតវ៉ាដល់ការដាក់គុកនិងការប្រព្រឹត្តទៅលើលោកស្រីអតីតនាយករដ្ឋមន្ត្រី យូលា ទីម៉ូសេនកូ។ លោក អីឡេ វ៉ូឡូស៊ីន អ្នកនាំពាក្យក្រសួងការអ៊ុយក្រែន បាននិយាយថាលោកសង្ឃឹមថារបាយការណ៍ដែលថាលោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់នឹងមិនទៅមើលការប្រកួតកីទ្បាបាល់ទាត់ទ្វីបអឺរ៉ុបឆ្នាំ២០១២ដែលត្រូវចាត់ចែងដោយអ៊ុយក្រែន គ្មានអ្វីក្រៅពីការនិយាយប៉ាន់ស្មានដោយកាសែតទេ។ លោកបានសុំឱ្យអាល្លឺម៉ង់កុំប្រើវិធីក្នុងសម័យសង្គ្រាមត្រជាក់ដែលយកកីទ្បាជាចំណាប់ខ្មាំងខាងនយោបាយ។ លោក ចូសេ មានូអ៊ែល បារ៉ូសូJose Manuel Barroso ប្រធានគណៈកម្មការសហភាពអឺរ៉ុបបាននិយាយថាលោកនឹងធ្វើតាមលោកស្រី វីវាន រ៉េឌីងViviane Reding ស្នងការយុត្តិធម៌នៃសហភាពអឺរ៉ុបដែលបានថ្លែងថាលោកស្រីនឹងមិនចូលរួមក្នុងពិធីបើកការប្រកួតកីទ្បានេះទេ។ ស៊ីរី៖ ក្រុមសកម្មជនស៊ីរីមួយបាននិយាយថាការវាយប្រហារ២លើកដោយគ្រាប់បែកនៅជិតអគារសន្តិសុខក្នុងក្រុងអ៊ីតលីប នាប៉ែកពាយ័ព្យប្រទេសបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់២០នាក់ស្លាប់ នៅពេលដែលយុទ្ធនាការបំផ្ទុះគ្រាប់បែកប្រឆាំងនឹងទីដៅរបស់រដ្ឋាភិបាលស៊ីរីបានកើនខ្លាំងទ្បើងៗ។ នីហ្សេរីយ៉ា៖ អាជ្ញាធរនៅផ្នែកខាងកើតនៃប្រទេសនីហ្សេរីយ៉ា បាននិយាយថាការបំផ្ទុះគ្រាប់បែកអត្តឃាតមួយដែលបានយកមន្ត្រីប៉ូលីសម្នាក់ជាគោលដៅនៃការវាយប្រហារបានបណ្តាលឱ្យមនុស្ស១១នាក់ស្លាប់។ សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា និងលោកនាយករដ្ឋមន្ត្រីជប៉ុនយូស៊ីហ៊ីកូ ណូដា បានប្រកាសអំពីទស្សនវិស័យរួមគ្នាថ្មីមួយដែលបានត្រូវរចនាទ្បើងដើម្បីពង្រឹងសម្ព័ន្ធភាពរបស់ប្រទេសពួកគេទាំងពីរដែលបានចុះខ្សោយកាលពីប៉ុន្មានឆ្នាំមុននេះនិងជួយធ្វើឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកមានភាពល្អប្រសើរជាងមុន។ តៃវ៉ាន់៖ សមាជិកសភាកោះតៃវ៉ាន់មួយក្រុមបានទៅទស្សនាប្រជុំកោះមានជម្លោះមួយក្នុងសមុទ្រចិនខាងត្បូងដើម្បីបង្ហាញជាថ្មីការទាមទាររបស់តៃវ៉ាន់ក្នុងតំបន់នោះ។ ឥណ្ឌា៖ អាជ្ញាធរបាននិយាយថាមានមនុស្សយ៉ាងតិចណាស់៦៨នាក់បានស្លាប់ហើយ១៣០នាក់់ទៀតបានបាត់ខ្លួន ក្រោយពីនាវាចម្លងមួយគ្រឿងបានក្រទ្បាប់លិចក្នុងប៉ែកឦសាននៃប្រទេស។ ចិន៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកែកមិនព្រមបញ្ជាក់ថាតើអ្នកប្រឆាំងចិនពិការភ្នែកម្នាក់ដែលបានរត់គេចខ្លួនកាលពីពេលថ្មីៗនេះចេញពីការឃុំឃាំងក្នុងផ្ទះក្នុងក្រុងប៉េកាំងឋិតនៅក្រោមកិច្ចការពាររបស់អាមេរិកយ៉ាងណាឬបែបណា។ បង់ក្លាដេស៖ ពួកប៉ូលីសបានចោទប្រកាន់ពួកសកម្មជនប្រឆាំងយ៉ាងតិចណាស់២៨នាក់បង់ក្លាដេស ក្រោយពីមានការបំផ្ទុះគ្រាប់បែកមួយចំនួនក្នុងរដ្ឋធានី។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ពុទ្ធសាសនិកជនខ្មែរក្រុង Lowell ប្រមូលបច្ច័យសាងសង់វត្តតម្លៃ១០លានដុល្លារ Posted: 30 Apr 2012 08:30 PM PDT យុទ្ធនាការប្រមូលបច្ច័យ១០លានដុល្លារសាងសង់វត្តខ្មែរឡូវែលនិងមជ្ឈមណ្ឌលវប្បធម៌ខ្មែរ ក្រុង Lowell រដ្ឋ Massachusetts បានចាប់ផ្តើម ជាផ្លូវការនៅថ្ងៃចូលឆ្នាំខ្មែរកន្លងទៅនេះ។ គណៈកម្មការប្រមូលបច្ច័យមានសុទិដ្ឋិនិយមថា គម្រោងនេះ នឹងជួយសម្របសម្រួលនិងរម្ងាប់ការខ្វែងគំនិតគ្នា និងទំនាស់រវាងគណៈកម្មការវត្តត្រៃរតនារាមដែលបែកជាពីរ។ គណៈកម្មការសហគមន៍ព្រះសង្ឃខ្មែរឲ្យដឹងថា យុទ្ធនាការរួមប្រមូលបច័្ចយក្នុងពេលបុណ្យចូលឆ្នាំខ្មែរនៅទីតាំងគម្រោងសាងសង់គឺជាការចាប់ផ្តើមដែលមានសន្ទុះខ្លាំងជាងក្តីរំពឹងទុក។ អ្នកស្រីម៉ែន ម៉ាយ៉ាជាសមាជិកគណៈកម្មការប្រមូលបច្ច័យដែលមានសមាជិក១៦២នាក់ ដែលមានព្រះសង្ឃ១២អង្គ។ អ្នកស្រីឲ្យដឹងថា គណៈកម្មការមានផែនការប្រមូលបច្ច័យឲ្យបាន១០លានដុល្លារក្នុងពេល៣ឆ្នាំ ឬយ៉ាងយូរក្នុងពេល៥ឆ្នាំ។ អ្នកស្រីមានប្រសាសន៍ថា៖ «ដីនេះគឺដីធំទំហំធំ ហើយអគារដែលយើងចង់សង់ធ្វើវត្តហ្នឹងគឺអស់តម្លៃច្រើន។ យើងចង់ធ្វើអ្វីដែលជាវប្បធម៌ខ្មែរ ជាមជ្ឈមណ្ឌលសហគមន៍ ជាគ្រឹះមូលដ្ឋានសាសនាយើង»។ <!--AV--> អ្នកស្រីមានសុទិដ្ឋិនិយមថា មជ្ឈមណ្ឌលថ្មីនឹងជួយរម្ងាប់ទំនាស់ជាង១០ឆ្នាំរវាងគណៈកម្មការវត្តត្រៃរតនារាមដែលបែកបាក់គ្នាពីរ ហើយដែលខាតបង់ថវិកាច្រើនម៉ឺនដុល្លារឡើងតុលាការ។ «ឱកាសល្អ ខ្ញុំជឿជាក់ថា អ្វីដែលមានបញ្ហាពីមុនមកនឹងសាបសូន្យ។ ខ្ញុំជឿជាក់ថា សំណង់ថ្មីនេះអាចបង្រួបបង្រួមគ្នា ទី១។ ទី២ ប្រជាជនយើងមើលឃើញនូវអ្វីដែលយើងបង្កើតឡើងចង់ទុកជាមរតកសម្រាប់កូនខ្មែរយើង សម្រាប់ខ្មែរយើង សម្រាប់លោកតា លោកយាយ ដែលគាត់ចាស់ជរាទៅ គ្មានទីកន្លែងទីពឹង»។ អ្នកស្រីពន្យល់ថា ការប្តឹងផ្តល់នេះគឺជាការចំណាយថវិកាឥតន័យ។ «នេះជាសាសនា។ ស.រ.អា.គេមានច្បាប់មួយ។ រឿងសាសនា គេមិនអាចកាត់ថ្លៃ គេមិនអាចកាត់ថា យ៉ាងម៉េចទេ។ ដូច្នេះ ហើយបានជាមានបញ្ហារហូតមកដល់សព្វថ្ងៃនេះ ចា៎»។ តាមព័ត៌មានមិនផ្លូវការឲ្យដឹងថា ទំនាស់នេះនាំឲ្យវត្តត្រៃរតនារាមជារួម ខាតថវិកាជិត១លានដុល្លារ។ លោកសំខាន់ ឃឿន ជាអ្នកប្រមូលបច័្ចយដ៏សកម្មម្នាក់ទៀត។ លោកពន្យល់ថា គម្រោងអភិវឌ្ឍន៍តម្លៃ១០លានដុល្លារនេះជាកិច្ចប្រឹងប្រែងរួមនៃសហគមន៍ព្រះសង្ឃខ្មែរនៅស.រ.អា.ទាំងមូល គឺទាំងវត្តត្រៃរតនារាមលើ និងក្រោម។ «វត្តខ្មែរឡូវែលនេះត្រូវបានឧបត្ថម្ភ ឬដឹកនាំស្ថាបនាដោយសហគមន៍ព្រះខ្មែរស.រ.អា.។ យើងមានអង្គការមួយដោយផ្ទាល់ បាទ»។ ដោយសារនេះជាកិច្ចប្រឹងប្រែងរួមរបស់សហគមន៍ខ្មែរទាំងមូល ដូច្នេះលោកសំខាន់ ឃឿនសង្ឃឹមថា សមិទ្ធិផលថ្មីនេះនឹងអាចជាចំណុចចាប់ផ្តើមការផ្សះផ្សា និងពង្រឹងសាមគ្គីភាព។ «មិនត្រឹមតែអាចជួយកាត់បន្ថយឬរម្ងាប់នូវជម្លោះគ្នារវាងវត្តលើ វត្តក្រោម ថែមទាំងអាចជួយបណ្តុះបណ្តាលមនុស្សឲ្យមានចំណេះចេះដឹង យល់ដឹងថែមទៀតអំពីព្រះពុទ្ធសាសនារបស់យើង។ជាពិសេសទាក់ទងនឹង៨ម៉ឺន៤ពាន់ព្រះធម្មក្ខន្ធ។ ព្រះពុទ្ធសាសនាមិនមែនគ្រាន់តែយកចង្ហាន់ទៅប្រកេនលោកទេ គឺសិក្សា រៀនសូត្រអំពីព្រះធម្មក្ខន្ធទាំង៨ម៉ឺន៤ពាន់ហ្នឹង បាទ»។ ព្រះតេជគុណញ៉ែម គឹមតេងនិមន្តពីប្រទេសខ្មែរមកចូលរួមមហាសន្និបាតសង្ឃខ្មែរស.រ.អា. ខួបអនិច្ចធមសម្តេចព្រះមហាឃោសានន្ទ និងយុទ្ធនាការប្រមូលបច័្ចយ១០លានដុល្លារនេះ។ ព្រះអង្គបានផ្តល់គំនិត និពន្ធសៀវភៅគម្រោងសាងសង់ព្រះពុទ្ធរូប៨៤០០០អង្គនេះ។ ព្រះអង្គសម្តែងក្តីសង្ឃឹមអំពីផលប្រយោជន៍នៃគម្រោងនេះថាៈ «សព្វថ្ងៃនេះ យើងឃើញថា នៅស.រ.អា.នេះនិយាយទៅ យើងមានបញ្ហារវាងមនុស្សចាស់និងមនុស្សក្មេង។ បើសិនយើងមានមជ្ឈមណ្ឌលវប្បធម៌ទៅ កូនក្មេងបានទទួលការអប់រំវប្បធម៌ វាអាចស្គាល់វប្បធម៌ខ្មែរ ហើយនិងសម្របសម្រួលការរស់នៅឲ្យល្អ»។ ព្រះអង្គពន្យល់ថា ក្មេងកើតនៅស្រុកអាមេរិកមិនដឹងវប្បធម៌ខ្មែរ ហើយមានផ្នត់គំនិត ផ្សេងពីឪពុកម្តាយកើតនៅស្រុកខ្មែរ ដែលនាំឲ្យមានទំនាស់ញឹកញាប់រវាងម្តាយឪពុកនិងកូនចៅ។ ព្រះតេជគុណសៅ ឃន ប្រធានសហគមន៍ព្រះសង្ឃខ្មែរមានសង្ឃដិកាថា គណៈកម្មការបានទិញដីទំហំ៥ហិចតា និងផ្ទះដែលជាទីស្នាក់ការបណ្តោះអាសន្នមានតម្លៃ១លាន២សែន៥ម៉ឺនដុល្លារ រីឯតម្លៃគូរប្លង់សំណង់ និងរចនាបថមានតម្លៃ៧សែនដុល្លារ។ ព្រះតេជគុណបន្ថែមថា គណៈកម្មការសម្រេចបើកយុទ្ធនាការប្រមូលបច័្ចយក្នុងពេលចូលឆ្នាំ និងនៅទីតាំងគម្រោងសាងសង់នេះគឺដើម្បីបង្ហាញថា នេះជាគម្រោងពិត មិនភូតកុហក់ ហើយពេលចូលឆ្នាំជាឱកាសល្អបំផុតក្នុងការទាក់ទាញអ្នកចូលបច្ច័យជាវព្រះអង្គ។ «អ្នកខ្លះមិនទាន់ដឹង។ ពេលនេះ ចូលឆ្នាំនេះជាការផ្សព្វផ្សាយជាដំបូង។ លោកមុននោះខ្សិតទេ។ នេះបើកយុទ្ធនាការពេញទីតែម្តង។ ដូច្នេះអាត្មាថា ក្រោយពីចូលឆ្នាំនឹងមានច្រើន។យើងទៅនិយាយនៅ TV (ទូរទស្សន៍)អី មានមកបណ្តើរៗតែម្តង»។ អ្នកជាវព្រះអង្គមានជំនឿថា នេះជាកុសលសម្រាប់អនាគតជាតិ ព្រោះពេលស្លាប់ទៅ មនុស្សយើងមិនអាចយកទ្រព្យសម្បត្តិទៅជាមួយបានទេ គឺមានតែកុសលនេះឯង។ លោកកៅ ច័ន្ទដារិន្ទនិយាយថា៖ «រូបញតិញោម រូបខ្ញុំព្រះករុណាក្តីជាជីវិតមិនទៀង។ ពេលយើងស្លាប់ទៅ យើងមានព្រះពុទ្ធជាទីពឹង ព្រះធម៌៨៤០០០ព្រះធម្មក្ខន្ធជាទីពឹង»។ លោកសំខាន់ ឃឿនឲ្យដឹងថា មានអ្នកចុះឈ្មោះជាវព្រះអង្គជាងមួយពាន់នាក់ហើយ ដែលក្នុងមួយអង្គស្មើនឹងបច័្ចយ១០០ដុល្លារ។ អ្នកជាវអាចបង់បច័្ចយគ្រប់ចំនួនភ្លាមៗ ឬអាចបង់តាមលទ្ធភាពបន្តិចម្តងៗរហូតគ្រប់ចំនួនក្នុងពេល៣ឆ្នាំ។ឈ្មោះរបស់សប្បុរសជននឹងឆ្លាក់លើបល្ល័ង្គព្រះអង្គដើម្បីជាសក្ខីកម្ម៕ This posting includes an audio/video/photo media file: Download Now |
សាក្សីថាប៉ុល ពត គ្មានមនោសញ្ចេតនាគ្រួសារ Posted: 30 Apr 2012 06:38 PM PDT ក្មួយប្រុសរបស់ប៉ុល ពត និយាយថា ប៉ុល ពត គ្មានមនោសញ្ចេតនាគ្រួសារទេ ហើយរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមគឺជារបបគួរឲ្យភ័យខ្លាចបំផុត។ លោក សាឡុត បាន ថ្លែងយ៉ាងដូច្នេះក្នុងការផ្តល់សក្ខីកម្មនៅអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមនៅថ្ងៃចន្ទនេះ ក្នុងការកាត់ទោសសំណុំរឿង០០២។ «ប៉ុល ពត គ្មានមនោសញ្ចេតនាគ្រួសារនិយមទេ។ ដាច់ខាតគឺគ្មាន»។ សេចក្ដីអះអាងនេះជាការឆ្លើយតបទៅនឹងសំណួររបស់សហមេធាវីអន្តរជាតិរបស់អៀង សារី លោក ម៉ាយឃើល ខាណាវ៉ាស (Michael Karnavas)។ អៀង សារី ជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទបីនាក់ក្នុងសំណុំរឿងនេះ។ ក្នុងការផ្តល់សក្ខីកម្មមុនៗ សាឡុត បាន បច្ចុប្បន្នរស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា បងថ្លៃស្រីរបស់ប៉ុល ពត ឈ្មោះខៀវ ធីរ៉ាត់ ត្រូវបានសម្លាប់ក្នុងមន្ទីរឃុំឃាំងនៅខេត្តកណ្ដាលដោយការច្របាច់ក។ មន្ទីរឃុំឃាំងនោះដែលស្ថិតក្រោមការត្រួតត្រារបស់ប៉ង់ ជាមនុស្សជំនិតម្នាក់របស់មេស្ថាបនិករបបខ្មែរក្រហម។ ទំនងជាដោយសារមូលហេតុអស់ទាំងនេះរួមជាមួយនឹងមូលហេតុដែលលោកបានឃើញផ្ទាល់នឹងភ្នែកបានធ្វើឲ្យលោកសាឡុត បាននិយាយថា លោកមានការភ័យខ្លាចក្នុងការរស់នៅក្នុងសម័យខ្មែរក្រហម។ ហើយការភ័យខ្លាចនេះបានរីករាលដាលក្នុងចំណោមកម្មាភិបាលខ្មែរក្រហមដទៃទៀត។ «អារម្មណ៍ពេលនោះ គឺខ្ញុំគិតដល់ក្រុមគ្រួសារខ្ញុំទាំងឪពុក ទាំងម្ដាយ ដែលមានគ្រោះថ្នាក់ដូចគេដូចឯងដូច្នោះដែរ។ ហើយផ្ទាល់ខ្លួនខ្ញុំទៀតនៅក្នុងពេលនោះ ក៏ខ្ញុំព្រួយបារម្ភដែរ។ ទី១ ខ្ញុំដើរទៅជនបទគេនិយាយថា លំបាក អត់បាយអត់ទឹក មានការចាប់ចងនៅមូលដ្ឋាន។ ទី២ ក្នុងមន្ទីរក៏មានការច្របូកច្របល់ខ្លាំងណាស់។ បើខ្ញុំអញ្ចឹងទៅហើយ អ្នកដទៃទៀត ខ្ញុំគិតថា ភ័យហួសជាងខ្ញុំទៅទៀត»។ អាយុ៦៧ឆ្នាំ នៅឆ្នាំនេះ សាឡុត បានធ្វើជាអគ្គលេខាក្រសួងការបរទេសដែលមានអៀង សារី ជារដ្ឋមន្ដ្រី។ សាក្សីដដែលបាននិយាយថា អៀង សារី ក៏មានការភ័យខ្លាចពីសុវត្ថិភាពដែរក្នុងសម័យនោះ។ របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម បានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ដោយការកាប់សម្លាប់ និងដោយការបង្អត់អាហារ និងការបង្ខិតបង្ខំឲ្យធ្វើការអស់យ៉ាងតិចចំនួន ១,៧លាននាក់។ លោក សាឡុត បាន ឆ្លើយសំណួររបស់លោកសហមេធាវីកម្ពុជា សុន អារុណ ដែលការពារក្តីឲ្យជនជាប់ចោទនួន ជា អតីតបងធំទី២ នៃរបបខ្មែរក្រហមបាននិយាយបញ្ឆិតបញ្ឆៀងទៅរកប្រទេសវៀតណាម ថា ជាអ្នកទទួលខុសត្រូវមួយផ្នែកក្នុងឧក្រិដ្ឋកម្មខាងលើ។ ប៉ុន្ដែលោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងបានព្រមានលោកមេធាវីកម្ពុជាមិនឲ្យសួរសាក្សីខុសនឹងក្របខណ្ឌនៃប្រធានបទសម្រាប់ការកាត់ទោសក្នុងដំណាក់កាលនេះទេ៕ This posting includes an audio/video/photo media file: Download Now |
រដ្ឋាភិបាលគ្រោងរៀបចំគណៈកម្មាការស៊ើបអង្កេតការសម្លាប់សកម្មជនបរិដ្ឋានឈុត វុទ្ធី Posted: 30 Apr 2012 06:20 PM PDT រយៈពេលចំនួនបួនថ្ងៃបន្ទាប់ពីសកម្មជនការពារព្រៃឈើដ៏លេចធ្លោមួយត្រូវបានឃាតករបានបាញ់សម្លាប់ រដ្ឋាភិបាលកម្ពុជាទើបតែអះអាងថា នឹងបង្កើតគណៈកម្មការចម្រុះមួយដោយមានការចូលរួមពីក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ដើម្បីស៊ើបអង្កេតជុំវិញការបាញ់សម្លាប់នេះ។ លោកឈុត វុទ្ធី អាយុ៤៨ឆ្នាំ ប្រធានអង្គការការពារធនធានធម្មជាតិ និងលោកអ៊ឹន រតនា មន្ត្រីកងរាជអាវុធហត្ថត្រូវបានបាញ់សម្លាប់កាលពីសប្តាហ៍មុននៅចំណុចវាល៣ ភូមិកោះបោរ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ <!--AV--> <!--AV--> បន្ទាប់ពីអ្នកទាំងពីរបានស្លាប់មានការសន្និដ្ឋានខុសៗគ្នារវាងសមត្ថកិច្ចនគរបាលនិងមន្ត្រីកងរាជអាវុធហត្ថដែលចេញពីក្រុមសត្ថកិច្ចតែមួយ។ មន្ត្រីប៉ូលិសបានអះអាងថាលោក អ៊ឹន រតនា អាយុ៣២ឆ្នាំបានស្លាប់ដោយសារផ្លាតគ្រាប់ត្រូវ ក៏ប៉ុន្តែមន្ត្រីកងរាជអាវុធហត្ថវិញបាននិយាយថា លោកអ៊ឹន រតនាបានធ្វើអត្តឃាតបន្ទាប់ពីបានបាញ់សម្លាប់លោកឈុត វុទ្ធី រួចមកដោយសារតែលោកបានដឹងកំហុស និងមិនអាចរួចពីសំណាញ់ច្បាប់នៅកម្ពុជា។ ដោយសារតែមានការសន្និដ្ឋានខុសគ្នានេះ លោកឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការប៉េអឹមលើផ្ទៃប្រទេសបានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលនឹងបង្កើតគណៈកម្មការចម្រុះរួមគ្នាមួយក្នុងពេលឆាប់ៗខាងមុននេះ ដើម្បីស្រាវជ្រាវចំពោះករណីនេះ។ «ការងារដែលបន្តធ្វើខាងមុខនេះ គឺយើងខិតខំប្រឹងប្រែងដើម្បីស្រាវជ្រាវរកឲ្យឃើញព័ត៌មានពិតដើម្បីនឹងជម្រាបជូនសាធារណជនទាំងក្នុង និងក្រៅប្រទេសឲ្យបានដឹងអំពីឧប្បត្តហេតុដែលកើតឡើងដែលនាំឲ្យមានការស្លាប់មនុស្សចំនួនពីរនាក់ហ្នឹង»។ ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល រួមទាំងក្រុមគ្រួសារសពលោកឈុត វុទ្ធី បានទទួចឲ្យអាជ្ញាធរស្វែងរកចាប់ឃាតករពិតប្រាកដដែលនៅពីក្រោយខ្នងនៃការបាញ់សម្លាប់នេះ យកមកផ្តន្ទាទោសតាមច្បាប់។ ថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ នៅក្នុងពេលធ្វើពិធីបុណ្យសពលោកឈុត វុទ្ធី អ្នកស្រីសំ ចន្ធី អាយុ៤០ឆ្នាំដែលជាភរិយាលោកឈុត វុទ្ធី បាននិយាយថាអ្នកស្រីជឿថាស្វាមីរបស់អ្នកស្រីត្រូវបានគេរៀបចំគម្រោងដើម្បីសម្លាប់។ «ព្រោះថាគាត់ស្លាប់ហ្នឹង បាញ់ទៅផ្លាតត្រូវចំពោះ ព្រោះគ្រាប់ហ្នឹងជាគ្រាប់ពិសេស មិនមែនជាគ្រាប់ធម្មតាទេ។ វាបែកពេញពោះ វារាយពេញពោះតែម្តង។ ដល់ពេលដែលអ្នកបាញ់គាត់ហ្នឹង ខ្ញុំជឿថាមានជនទី៣បាញ់បំបិទមាត់»។ បន្ទាប់ពីបានតម្កល់សពលោកឈុត វុទ្ធី ធ្វើបុណ្យតាមប្រពៃណីរយៈពេលពីរថ្ងៃ ក្រុមគ្រួសារនៅថ្ងៃចន្ទនេះបានសម្រេចបញ្ចុះសពរបស់លោកនៅឯស្រុកកំណើតមួយ ដែលមានទីតាំងស្ថិតនៅក្នុងឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្កកណ្តាល។ ពិធីបញ្ចុះសពនៅថ្ងៃចន្ទនេះមានការចូលរួមពីលោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។ លោក យ៉េង វីរៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានហៅការបាត់បង់លោកឈុត វុទ្ធី ថា ជាការបាត់បង់មនុស្សសំខាន់មួយរូប ហើយយើងនឹងចង់ចាំនូវវីរៈភាពរបស់លោក។ «ការបាញ់ប្រហារលោកឈុត វុទ្ធី មិនមានជាការគំរាមបំបាក់ស្មារតីដល់ប្រជាពលរដ្ឋ ដល់សកម្មជនដទៃទៀតទេ។ សកម្មជនការពារព្រៃឈើ សកម្មជនការពារសិទ្ធិមនុស្សដទៃទៀតទេ។ ផ្ទុយទៅវិញការស្លាប់ ការសម្លាប់លោកឈុត វុទ្ធី បានធ្វើឲ្យយើងមានទឹកចិត្តរឹងមាំជាងមុន»។ ព្រះតេជគុណ នួន សាវ៉ាត សកម្មជនការពារដីធ្លីមួយរូបដែលបានចូលរួមពិធីបញ្ចុះសពនេះបានមានសង្ឃដីកាថាលោកឈុត វុទ្ធី គឺជាពលរដ្ឋខ្មែរមួយរូបដែលមិនអាចរកបាននៅកម្ពុជា។ ក៏ប៉ុន្តែការបាត់បង់របស់លោកឈុត វុទ្ធី មួយគឺនៅមានអ្នកបន្តវេណពីលោកឈុត វុទ្ធី រាប់លាននាក់ផ្សេងទៀត។ «ការបាត់បង់ជីវិតមនុស្សម្នាក់បានធ្វើឲ្យពិភពខ្មៅងងឹតបិតបាំងនូវពន្លឺនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យនាវាជាតិមិនអាចនឹងជឿនលឿនទៅមុខ ប្រសិនបើខ្វះធនធានមនុស្សដូចជាលោកឈុត វុទ្ធី ជាដើម»។ អង្គការសង្គមស៊ីវិលមួយចំនួន រួមទាំងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា បានចេញសាររំលែកទុក នឹងទទួចអាជ្ញាធរដែលពាក់ព័ន្ធធ្វើការស៊ើបអង្គេតជាបន្ទាន់ទៅលើករណីបាញ់សម្លាប់នេះ។ លោកឈុត វុទ្ធី គឺជាសកម្មជនការពារព្រៃឈើមួយរូបដែលកន្លងមកលោកធ្លាប់ដឹកនាំប្រជាពលរដ្ឋមកពីខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង ដើម្បីបង្ក្រាបបទល្មើសនៅតំបន់ព្រៃឡង់ បន្ទាប់ពីមានសេចក្តីរាយការណ៍មកថា ព្រៃនេះកំពុងតែមានការកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |