VOA News: ព័ត៌មាន: “ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ មន្ត្រីនគរបាលរួចខ្លួន” plus 6 more |
- ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ មន្ត្រីនគរបាលរួចខ្លួន
- ព្រះរាជអាជ្ញាបរទេសអះអាងថាមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់សម្រាប់ករណី០០២
- តុលាការកំពូលបញ្ជាឲ្យមានការស៊ើបអង្កេតរឿងក្តីដីធ្លីឆ្នាំ១៩៩៩ឡើងវិញ
- មន្ត្រីនគរបាលប្រាំរូបអាចជាប់ពន្ធនាគារពីបីទៅប្រាំពីរឆ្នាំ
- តុលាការខេត្តបន្ទាយមានជ័យបើកសវនាការកាត់ទោសអតីតស្នងការប៉ូលីសខេត្ត
- ព័ត៌មានអន្តរជាតិ៖ ០៨ វិច្ឆិកា
- ជនជាតិខ្មែរនៅរដ្ឋកាលីហ្វ័រនីញ៉ាអង្គាសប្រាក់ជួយជនរងគ្រោះទឹកជំនន់នៅកម្ពុជា
ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ មន្ត្រីនគរបាលរួចខ្លួន Posted: 08 Nov 2011 12:49 PM PST តុលាការខេត្តឧត្តមានជ័យបានចោទប្រកាន់ស្ដ្រីម្នាក់ពីបទសញ្ចាកម្ម និងបើកគ្រឹះស្ថានបម្រើសេវាផ្លូវភេទនៅថ្ងៃអង្គារនេះ ប៉ុន្ដែបានសម្រេចមិនតាមស៊ើបអង្កេតលើមន្ដ្រីយោធាមួយរូបដែលត្រូវសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងបញ្ហានេះ។ កាលពីថ្ងៃច័ន្ទប៉ូលីសប្រឆាំងការជួញដូរស្ដ្រី និងកុមាររបស់ខេត្តឧត្តមានជ័យបានចុះឆ្មក់ក្នុងផ្ទះបនមួយក្នុងស្រុកអន្លង់វែង ភាគខាងកើតទីរួមខេត្តនៅពេលដែលមន្ដ្រីយោធាដែលគេសង្ស័យថា ស្ថិតនៅពីក្រោយខ្នងផ្ទះបននោះកំពុងស្ថិតនៅទីនោះដែរ ហើយស្ដ្រីម្ចាស់ផ្ទះត្រូវឃាត់ខ្លួន។ មន្ដ្រីប៉ូលីសខេត្តបានអះអាងថា មានភាពតានតឹងជាមួយកងកម្លាំងយោធាមួយសន្ទុះ ហើយក្រោយមកបានធូរស្រាលមកវិញបន្ទាប់ពីតុលាការសម្រេចភ្លាមៗថា មន្ដ្រីយោធារូបនោះមិនបានពាក់ព័ន្ធក្នុងជំនួញខុសច្បាប់នេះ។ ជនរងគ្រោះចំនួនប្រាំមួយនាក់ត្រូវបានសង្គ្រោះ ក្នុងនោះមានស្ដ្រីជនជាតិវៀតណាមចំនួនបីនាក់ និងកម្ពុជាបីនាក់។ ក្នុងចំណោមជនជាតិវៀតណាមទាំងបីមានជនជាតិវៀតណាមម្នាក់អាយុក្រោម១៨ ឆ្នាំ។ ព្រះរាជអជ្ញានៃតុលាការខេត្តឧត្តមានជ័យ លោក កូយ កាន់យ៉ា បញ្ជាក់ថា លោកបានធ្វើការចោទប្រកាន់លើអ្នកស្រីយឹម សូរីតា ដែលជាម្ចាស់ផ្ទះបននៅល្ងាចនេះ។ «(ចោទ)ពីបទបើកសញ្ចាកម្ម និងបើកគ្រឹះស្ថានបម្រើសេវាផ្លូវភេទ»។ យោងតាមច្បាប់កម្ពុជា បទចោទនេះប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ដប់ឆ្នាំ ក៏ប៉ុន្ដែប្រសិនបើមានការជាប់ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មផ្លូវភេទលើអនីតិជន ទោសនេះនឹងកើនឡើងទ្វេដង។ លោកវរៈសេនីយ៍ត្រី ឡាំ ប៉ូលី ប្រធានការិយាល័យប្រឆាំងការជួញដូរស្រ្ដីនិងកុមាររបស់ខេត្តឧត្តមានជ័យបញ្ជាក់ថាមន្ដ្រីយោធាដែលត្រូវសង្ស័យនោះ បានសារភាពថា គាត់គ្រាន់តែមានទំនាក់ទំនងជាមួយម្ចាស់បនតែប៉ុណ្ណោះ។ «គាត់ថា គាត់ចេញចូលតាមរបៀបជាមួយម្ចាស់ផ្ទះតាមរយៈការស្រឡាញ់ ការទាក់ទងគ្នាទេ តែគាត់មិនបានចូលរួមក្នុងសញ្ចាកម្មនោះទេ»។ ការចុះទៅបង្ក្រាបផ្ទះបននេះស្ថិតក្រោមការសហការរវាងប៉ូលីសប្រឆាំងការជួញដូរស្ដ្រីនិងកុមារនៃខេត្តឧត្តមានជ័យ ជាមួយនឹងអង្គការ អាហ្វ៊ីស៊ីប (Afesip)។ លោក សៅ ច័ន្ទធៀត អ្នកសម្របសម្រួលរបស់អង្គការអាហ្វ៊ីស៊ីបមានប្រសាសន៍ថា ការបង្រ្កាបផ្ទះបន នេះបានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការប្រឆាំងការជួញដូរមនុស្ស។ «គឺជាការប្ដេជ្ញាចិត្តរបស់អង្គការយើងក៏ដូចជារដ្ឋាភិបាលក្នុងការលុបបំបាត់ការជួញដូរស្ដ្រីនិងកុមារ»។ រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រសប្ដាហ៍មុនបានផ្តល់ជំនួយថវិកាចំនួន៥,៤លានដុល្លារអាមេរិកដល់អង្គការWinrock អន្តរជាតិដែលកំពុងប្រតិបត្តិការនៅកម្ពុជាដើម្បីជួយជ្រោមជ្រែងដល់សកម្មភាពប្រឆាំងការជួញដូរមនុស្ស។ កម្ពុជាទទួលបានចំណាត់ថ្នាក់មិនល្អក្នុងរបាយការណ៍ចុងក្រោយរបស់ក្រសួងការបរទេសអាមេរិកចំពោះការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស៕ This posting includes an audio/video/photo media file: Download Now |
ព្រះរាជអាជ្ញាបរទេសអះអាងថាមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់សម្រាប់ករណី០០២ Posted: 08 Nov 2011 11:20 AM PST សហព្រះរាជអាជ្ញាសាលាក្តីខ្មែរក្រហមភាគីអង្គការសហប្រជាជាតិ អះអាងពីការមានភស្តុតាងគ្រប់គ្រាន់ដើម្បីជំនុំជម្រះទោសជនជាប់ចោទជាអតីតមេដឹកនាំកំពូលៗខ្មែរក្រហមចំនួនបួននាក់ក្នុងសំណុំរឿង០០២ពីបទសង្ស័យថាពាក់ព័ន្ធ នឹងអំពើឃាតកម្មនានាដែលបណ្តាលឲ្យពលរដ្ឋខ្មែរជិត២លាននាក់ស្លាប់ក្នុងទសវត្សរ៍១៩៧០។ នេះបើតាមការអះអាងរបស់លោក អេនឌ្រូ ខេយលី (Andrew Cayley)សហព្រះរាជអាជ្ញាដែលបានថ្លែងប្រាប់វីអូអេ ផ្នែកខេមរៈភាសាក្នុងបទសម្ភាសជាពិសេសមួយកាលពីចុងខែមុន។ «ខ្ញុំមានន័យថាសំណុំរឿងនេះមានទម្ងន់ណាស់ដើម្បីតតាំងជាមួយជនជាប់ ចោទទាំងនេះពីព្រោះតែទំហំនៃបទឧក្រិដ្ឋដែលគេប្រព្រឹត្ត។ មានភស្តុតាងជាខ្សែភាពយន្តដែលភ្ជាប់ពួកគេនឹងបទឧក្រិដ្ឋនៅនឹងកន្លែងរួមទាំងការបោះពុម្ភ ផ្សាយជាច្រើននៃរបបខ្មែរក្រហមផង ហើយរួមទាំងភស្តុតាងជាឯកសារដែលគេបានឃើញផង។ លោកដឹងទេ យើងបាននិយាយសំអាងលើមជ្ឈមណ្ឌលឯកសារកម្ពុជា។ ខ្ញុំមានន័យថាមជ្ឈមណ្ឌល នេះមាន ឯកសារជិត ៥ម៉ឺនកើតចេញពីអំឡុងពេលនោះដែលបង្កើតជាភស្តុតាងពាក់ព័ន្ធដែលយើងកំពុងនិយាយ»។ លោក Andrew Cayley បានបន្ថែមថាជាអវសាន រឿងនេះសម្រេចលើចៅក្រមក្នុងការសម្រេចថាតើជនជាប់ចោទមានជាប់ទាក់ទងនឹងបទឧក្រិដ្ឋឬទេ។ ពួកគេគ្មានទោសរហូតទាល់តែមានភស្តុតាងដាក់ទោស។ «ក្រុមរដ្ឋអាជ្ញាយើងហៅថាភស្តុតាងដាក់បន្ទុក។ យើងត្រូវតែផ្តល់ភស្តុតាងអំពីបទឧក្រិដ្ឋនិងការជាប់ពាក់ព័ន្ធរបស់ពួកគេ ដោយមានភស្តុតាងជាក់ច្បាស់ លើសពីវិមតិសង្ស័យ។ ក៏ប៉ុន្តែខ្ញុំមានក្តីសង្ឃឹមថាយើងនឹងផ្តល់ភស្តុតាងបញ្ជាក់បានពីសំណុំរឿងយើងនៅក្នុងពេលសវនាការ»។ លោក Andrew Cayley ថ្លែងដូច្នេះកាលពីថ្ងៃទី២៦ ខែតុលាប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកក្នុងបទសម្ភាសជាពិសេសមួយនៅក្រោយពេលលោកបានថ្លែងអំពីដំណើរការកាត់ទោសខ្មែរក្រហមពីបទឧក្រិដ្ឋកម្មដ៏ឃោរឃៅក្រោយរយៈពេល៣០ឆ្នាំ ប្រាប់ក្រុមនិស្សិតនិងសាស្ត្រាចារ្យអាមេរិកាំងក្នុងសាកលវិទ្យាល័យ Rutgers រដ្ឋ New Jersey។ ជនជាប់ចោទ៤នាក់ជាមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមក្នុងសំណុំរឿង០០២ មាននួន ជា បងធំទី២ ខៀវ សំផន ប្រមុខរដ្ឋ អៀង សារី រដ្ឋមន្ត្រីការបរទេសនិងអៀង ធីរិទ្ធ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចការងារ ដែលសហព្រះរាជអាជ្ញាបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងឧក្រិដ្ឋកម្ម ផ្សេងៗទៀតដែលត្រូវប្រឈមមុខនឹងការកាត់ទោសនៅចុងខែវិច្ឆិកានេះ។ ទោះជាយ៉ាងណាក៏ដោយមេធាវីម្នាក់របស់ជនជាប់ចោទឈ្មោះ អៀង ធីរិទ្ធ គឺលោក ផាត់ ពៅស៊ាង បានថ្លែងប្រាប់វីអូអេថាក្រុមរបស់លោកដែលទទួលមួយផ្នែកដែរក្នុងសំណុំរឿង ០០២ពុំទាន់ពិចារណាទៅលើការចោទប្រកាន់របស់សហ ព្រះរាជអាជ្ញានៅឡើយទេ។ អ្វីដែលជាការផ្តោតសំខាន់ពេលនេះគឺកូនក្តីរបស់លោកពុំអាចទទួលយកបទចោទប្រកាន់បានព្រោះមានជំងឺបាត់ការចងចាំ និងការមិនអាចដឹងពីភស្តុតាងនិងសាក្សីដែលដាក់បន្ទុក។ លោកថ្លែងថាតុលាការត្រូវតែសម្រេចថាតើកូនក្តីរបស់លោកពិតជាមានជំងឺមិនអាចយល់ពីភស្តុតាង សាក្សីមែនឬទេ មុននឹងឈានទៅរកការពិចារណារឿងភស្តុតាងនិងសាក្សី និងបញ្ហាផ្សេងៗទៀត។ «ព្រោះខាងខ្ញុំលើកតែករណីថាកូនក្តីខ្ញុំមិនមានលទ្ធភាពយល់ដឹងមិនមានលទ្ធភាពផ្តល់សក្ខីកម្មទៅនឹងអ្វីដែលគេដាក់បន្ទុកមកលើគាត់។ ដូច្នេះនៅក្នុងករណីហ្នឹងតុលាការត្រូវពិចារណាថាពិតមែនឬអត់វាអញ្ចឹង។ ឧទាហរណ៍ថាចុងក្រោយបើគេនិយាយថាគាត់មានលទ្ធភាពចូលរួម ខ្ញុំនឹងចាប់ផ្តើមពិចារណាលើភស្តុតាងដាក់បន្ទុក»។ លោកថ្លែងថា លោកបានអានមើលសំណុំរឿងច្រើនហើយតែលោកមិនអាចធ្វើ អត្ថាធិប្បាយអ្វីច្រើនទេ ដោយសារខ្លាចប៉ះពាល់ដល់កិច្ចការសម្ងាត់របស់ តុលាការ។ មេធាវីមួយរូបក្នុងសំណុំរឿង០០២បានអះអាងក្នុងលក្ខខណ្ឌពុំឲ្យបញ្ជាក់អត្តសញ្ញាណដោយខ្លាចប៉ះពាល់ដល់កិច្ចការសម្ងាត់របស់តុលាការ។ លោកថ្លែងថាបទចោទប្រកាន់របស់សហព្រះរាជអាជ្ញាអាចមានចន្លោះប្រហោងជាច្រើនដែលពួកគេអាចដោះបន្ទុកដល់កូនក្តីគេបាននៅពេលសវនាការ។ បញ្ហាទាំងនោះត្រូវគេអះអាងត្រួសៗថា ភស្តុតាង សាក្សីខ្លះមានលក្ខណៈខ្សោយ មិនអាចភ្ជាប់គ្នាបានរវាងភស្តុតាងនិងបទល្មើស។ ថ្លែងប្រាប់ក្រុមនិស្សិតនិងសាស្ត្រាចារ្យនៅឯសាកលវិទ្យាល័យ Rutgers ក្នុងរដ្ឋ New Jersey អំពីការកាត់ទោសខ្មែរក្រហម លោក Andrew Cayley បានត្អូញ ត្អែរដែរពីការលំបាករឿងប្រមូលភស្តុតាងដោយសារឧក្រិដ្ឋកម្ម កើតឡើង ក្រោយរយៈពេល៣០ឆ្នាំ ដែលមានភស្តុតាងនិងសាក្សីច្រើនត្រូវខូចខាត បាត់បង់ មនុស្សជាសាក្សីសំខាន់ៗបានចាកចេញពីភូមិស្រុក ខ្លះស្លាប់ ក្រោយរយៈពេល ៣០ឆ្នាំ ដូចជាលោក វ៉ាន់ ណាត អ្នករួចជីវិតពីគុកទួលស្លែងខ្មែរក្រហមជាដើម។ តែលោក Cayley នៅតែសង្ឃឹមថានឹងអាចដាក់បន្ទុកលើជនជាប់ចោទបានក្នុងសំណុំរឿង០០២។ លោក ហុង គឹមសួន មេធាវីដើមបណ្តឹងរដ្ឋប្បវេណីនិងជនរងគ្រោះបានថ្លែងថា លោកមានជំនឿថាភស្តុតាងសាក្សីដែលសហព្រះរាជអាជ្ញាបានប្រមូលគឺលើស ពីគ្រប់គ្រាន់។ លោកចាត់ទុកថាការអះអាងរបស់មេធាវីជនជាប់ចោទខ្លះគ្រាន់តែ ជាការការពារផលប្រយោជន៍ដល់កូនក្តីគេតែប៉ុណ្ណោះ។ «ភស្តុតាងសាក្សី ជាឯកសារក៏ដោយ ជាសំឡេង ជារូបភាពក៏ដោយបូកជាមួយ អ្នកជំនាញនៃប្រវត្តិសាស្ត្រដែលគេបានធ្វើតាំងពីសំណុំរឿង០០១មកនោះគឺ ខ្ញុំគិតថា វាគ្រប់គ្រាន់ឬក៏វាច្រើនហើយ វាលើសពីការសង្ស័យទៅទៀត»។ សាលាក្តីកាត់ទោសខ្មែរក្រហមចាប់ផ្តើមកាត់ទោសជនជាប់ចោទរយៈពេលជាង ៣០ឆ្នាំ ក្រោយពីឧក្រិដ្ឋកម្មកើតឡើង ហើយក្រោយពេលដែលប៉ុល ពតដែលជា ស្ថាបនិករបបខ្មែរក្រហមបានស្លាប់៕ This posting includes an audio/video/photo media file: Download Now |
តុលាការកំពូលបញ្ជាឲ្យមានការស៊ើបអង្កេតរឿងក្តីដីធ្លីឆ្នាំ១៩៩៩ឡើងវិញ Posted: 08 Nov 2011 11:03 AM PST នៅថ្ងៃអង្គារនេះ តុលាការកំពូលបានច្រានចោលសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ដែលបានធ្វើឱ្យប្រជាពលរដ្ឋជាង៦០០គ្រួសារបាត់បង់ដីធ្លីជាង២៦ហិកតាទៅក្រុមហ៊ុនឯកជន និងបានបញ្ជាឱ្យសាលាឧទ្ធរណ៍ជំនុំជម្រះសុំណុំរឿងនេះឡើងវិញ។ ជម្លោះដីចំនួន២៦១.៨២៥ម៉ែត្រការ៉េរវាងប្រជាពលរដ្ឋជាង៦០០គ្រួសារ និងលោកវរៈ សត្ថា សញ្ជាតិអូស្ត្រាលីដើមកំណើតខ្មែរនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានកើតឡើងនៅក្នុងឆ្នាំ១៩៩៨។ លោកវរៈ សត្ថាមានគម្រោងសម្រាប់បង្កើតទីលានប្រណាំងសេះនៅលើដីជម្លោះជាង២៦ហិកតានេះ។ លោក ឌិត មន្ទីរ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល បានប្រកាសសាលដីកាថា តុលាការកំពូលបានសម្រេចបដិសេធសាលដីការបស់សាលាឧទ្ធរណ៍ និងបានបង្វិលសំណុំរឿងក្តីទៅឱ្យសាលាឧទ្ធរណ៍ធ្វើការជំនុំជម្រះឡើងវិញ។ លោក យ៉ុង ផានិត មេធាវីជនរងគ្រោះ បានថ្លែងថាសេចក្តីសម្រេចរបស់តុលាការកំពូលនេះមានគោលបំណងស្វែងរកយុត្តិធម៌ជូនដល់គូភាគីក្នុងរឿងជម្លោះដីធ្លីនេះ។ «តុលាការកំពូលឃើញថា សាលាឧទ្ធរណ៍មិនទាន់ស៊ើបអង្កេតច្បាស់លាស់ ហើយត្រូវការស៊ើបអង្កេតឡេងវិញ ជាគោលការណ៍ ដើម្បីស្វែងរកយុត្តិធម៌ ដោយសារសាលាឧទ្ធរណ៍សម្រេចក្តីអត់ទាន់ច្បាស់លាស់ទៅលើអង្គច្បាប់។ អង្គច្បាប់នេះបានន័យថាស៊ើបអង្កេតអ្នកដែលបានជាកម្មសិទ្ធិថាតើខាងក្រុមហ៊ុន ឬខាងប្រជាពលរដ្ឋ»។ ប្រជាពលរដ្ឋប្រមាណ៣០០នាក់បានប្រមូលផ្តុំគ្នានៅមុខតុលាការកំពូល ដើម្បីរង់ចាំស្តាប់លទ្ធផលនៃការប្រកាសសាលដីការបស់តុលាការ។ ព្រះតេជគុណ ថាច់ សុវណ្ណារ៉ា គង់នៅវត្តសាមគ្គីរង្សីដែលបាននិមន្តចូលរួមនៅក្នុងការប្រកាសសាលដីការបស់តុលាការកំពូលបានមានសង្ឃដីការថា៖ «តុលាការកំពូលបានបដិសេធចោលអ្វីដែលចោទប្រកាន់ទៅលើប្រជាពលរដ្ឋនៅភូមិទ្រា មិននិយាយការពិត។ អញ្ចឹង តុលាការមិនអាចសម្រេចក្តីបានទេ។ អញ្ចឹងតុលាការត្រូវឱ្យមកខាងប្រជាពលរដ្ឋវិញ»។ លោកជាង ហោ មេភូមិទ្រាបីបាននិយាយថា ប្រជាពលរដ្ឋបានស្វាគមន៍សេចក្តីសម្រេចរបស់តុលាការកំពូលដែលបង្វិលសំណុំរឿងទៅឱ្យសាលាឧទ្ធរណ៍កាត់សេចក្តីឡើងវិញ។ «ខ្ញុំ និងប្រជាពលរដ្ឋទាំងអស់គ្នាឥឡូវនេះសង្ឃឹមទាំងស្រុងថា នៅក្រោយសាលាឧទ្ធរណ៍នឹងផ្តល់ជ័យជម្នះដល់ប្រជាពលរដ្ឋ។ ពួកខ្ញុំសង្ឃឹមទាំងស្រុកថា តុលាការអាចរកនីតិវិធីដើម្បីកាត់ឱ្យប្រជាពលរដ្ឋហើយមិនអាចកាត់ឱ្យនាយទុនទេ»។ អ្នកស្រី ចេវ អេងហាក់ អាយុ៥៨ឆ្នាំ បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំសប្បាយចិត្ត ហើយខ្ញុំក៏អរគុណតុលាការ ហើយសុំឱ្យតុលាការរកយុត្តិធម៌ឱ្យពួកយើងប្រជាពលរដ្ឋផង។ ខ្ញុំសូមសំណូមពរសុំឱ្យតុលាការរកយុត្តិធម៌ឱ្យប្រជាពលរដ្ឋ ហើយសុំឱ្យតុលាការជួយឱ្យខ្ញុំមានសិទ្ធិរស់នៅកុំឱ្យដូចកាលប៉ុល ពត តទៅទៀត ហើយខ្ញុំសូមឱ្យសម្តេចតេជោ និងប៊ុន រ៉ានី ហ៊ុន សែនដែលខ្ញុំមានទុក្ខលំបាកបីឆ្នាំប្រាំបីខែរួចមកហើយ។ ទើបតែពេលនេះ សម័យតេជោបានជួយខ្ញុំកុំឱ្យខ្ញុំមានទឹកភ្នែកដូចកាលពីបីឆ្នាំប្រាំខែតទៅទៀត»។ លោកមេធាវី សោម ច័ន្ទឌីណា បានថ្លែងថាលោកធ្លាប់បានធ្វើជាមេធាវីតំណាងឱ្យលោកវរៈ សត្ថាក្នុងជម្លោះដីធ្លីនៅតុលាការក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍ ប៉ុន្តែបន្ទាប់មក លោកបានឈប់ធ្វើជាមេធាវី។ មន្ត្រីតុលាការ និងមេធាវីជនរងគ្រោះបានបញ្ជាក់ថា នៅក្នុងសវនាការ និងការប្រកាសសាលដីការបស់តុលាការកំពូលគ្មានមេធាវីតំណាងឱ្យលោកវរៈ សត្ថាទេ។ លោកវរៈ សត្ថា មិនអាចធ្វើទំនាក់ទំនងដើម្បីសេចក្តីអត្ថាធិប្បាយបានទេ។ តុលាការក្រុងភ្នំពេញបានចេញសាលក្រមកំបាំងមុខនៅក្នុងខែកក្កដា ឆ្នាំ១៩៩៨ ឱ្យប្រជាពលរដ្ឋរុះរើផ្ទះសម្បែងចាកចេញពីដីទំហំ២៦១.៨២៥ម៉ែក្រការ៉េក្នុងរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃជូនដំណឹង។ សាលាឧទ្ធរណ៍បានចេញសាលដីកាកំបាំងមុខតម្កល់សាលក្រមរបស់តុលាការក្រុងភ្នំពេញនៅក្នុងខែឧសភា ឆ្នាំ១៩៩៩៕ This posting includes an audio/video/photo media file: Download Now |
មន្ត្រីនគរបាលប្រាំរូបអាចជាប់ពន្ធនាគារពីបីទៅប្រាំពីរឆ្នាំ Posted: 08 Nov 2011 10:24 AM PST តុលាការខេត្តបន្ទាយមានជ័យនៅថ្ងៃអង្គារនេះបានបញ្ចប់សវនាការរបស់ខ្លួននៅក្នុងសំណុំរឿងពុករលួយមួយពាក់ព័ន្ឋនឹងអតីតមន្ត្រីប៉ូលីសចំនួនប្រាំនាក់បន្ទាប់ពីបានបើកសវនាការសួរដេញដោលអស់រយៈពេលពីរថ្ងៃ។ មន្ត្រីប៉ូលីសទាំងប្រាំរូបត្រូវបានចោទប្រកាន់ពីបទទទួលសំណូកតាមមាត្រាទី៣៨នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល ហើយប្រសិនណាបើតុលាការរកឃើញថា មានទោសកំហុសពួកគេអាចនឹងអាចជាប់ព័ន្ឋនាគារពីបីទៅប្រាំពីរឆ្នាំ។ ជនជាប់ចោទដែលជាអតីតមន្រ្តីប៉ូលីសទាំងប្រាំរូបរួមមានលោកឧត្តមសេនីយត្រី ហ៊ុន ហ៊ាន អតីតស្នងការប៉ូលីសខេត្ត លោក ឈៀន សុន អតីតស្នងការរងប៉ូលីស លោក ហែន សុផល អតីតនាយការិយាល័យនគរបាលកម្រិតស្រាល លោក ខៀវ សារ៉ានាយផ្នែកការិយាល័យប្រឆាំងគ្រឿងញៀន និងលោកម៉ម ឌឿន អតីតមន្ត្រីប៉ូលីសក្រសួងមហាផ្ទៃ។ បន្ទាប់ពីបានបើកសវនាការជំនុំជម្រះអស់រយៈពេលចំនួនពីរថ្ងៃលោក អ៊ឹម វណ្ណៈ ប្រធានចៅក្រមជំនុំជម្រះនៃតុលាការខេត្តបន្ទាយមានជ័យបានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទថា តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី១៥ខែវិច្ឆកាខាងមុននេះ។ លោកបានមានប្រសាន៍ថាសំណុំរឿងនេះមានជនជាប់ចោទច្រើនពេកដូច្នេះតុលាការមិនអាចប្រកាសសាលក្រមភ្លាមៗបានទេ។ «ដូចគ្នាទេ អត់មានខុសគ្នាទេ គ្រាន់តែអង្គហេតុនីមួយៗ យើងយកមកពិនិត្យភស្តុតាងមានជនជាប់ចោទខុសៗគ្នាយើងឲ្យសាក្សីមកបំភ្លឺក្នុងអង្គហេតុនីមួយៗគឺពាក់ព័ន្ឋក្នុងករណីហ្នឹងដូចគ្នាហ្នឹង»។ សវនាការនៅថ្ងៃអង្គារនេះបានសួរដេញដោលពាក់ព័ន្ឋនឹងសំណុំរឿងពុករលួយដែលនាំឲ្យមានការសូកប៉ាន់និងដោះលែងជនសង្ស័យព្រមទាំងកែសំណុំរឿងគ្រឿងញៀនមួយចំនួនស្រដៀងគ្នានឹងការសាកសួរកាលពីថ្ងៃច័ន្ទដែរ។ លោកហ៊ុន ហ៊ាន បាននិយាយប្រាប់ក្នុងអង្គសវនាការថា លោកធ្លាប់បានដោះលែងជនសង្ស័យដែលជាប់ពាក់ព័ន្ឋនឹងការជួញដូរថ្នាំញៀនម្នាក់ឈ្មោះ លឹម ផាន ជាថ្នូរនឹងទឹកប្រាក់ចំនួន១៧.០០០ដុល្លារអាមេរិក។ ក៏ប៉ុន្តែលោកទទួលបានតែ៤.០០០ដុល្លាតែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា កាលពីថ្ងៃទី៧ខែមិថុនា ឆ្នាំ២០១០ ប៉ូលីសបានចាប់ខ្លួនជនសង្ស័យចំនួនប្រាំមួយនាក់ក្នុងការឆ្មក់ចូលបង្ក្រាបគ្រឿងញៀននៅស្ថានីយប្រេងឥទ្ទនៈមួយក្នុងខេត្តបន្ទាយមានជ័យ។ ក៏ប៉ុន្តែក្រោយមកបានដោះលែងជនសង្ស័យបីនាក់ជាថ្នូរនឹងទឹកប្រាក់ចំនួន២០.០០០ដុល្លារហើយលោកទទួលបានតែ៤.០០០ដុល្លារ។ ចំណែកលោក ឈៀន សុនអតីតស្នងការរងប៉ូលីសបានប្រាប់តុលាការថាលោកធ្លាប់បានទទួលប្រាក់សំណូកពីលោកលឹម ម៉ាប់ មន្រ្តីប៉ូលីសក្រោមឧិវាទរបស់លោកនូវទឹកប្រាក់ចំនួន១.៥០០ដុល្លារជាថ្នូរនឹងការដោះលែងជនជាតិចិនមួយរូបបន្ទាប់ពីចាប់ខ្លួនបាននៅប៉ោយប៉ែត្រ។ចំនែកសំណុំរឿងពុករលួយផ្សេងៗទៀតលោកមិនមានជាប់ពាក់ព័ន្ឋទេ។ លោកលឹម ម៉ាប់ អតិតមន្ត្រីប៉ូលីសប្រឆាំងគ្រឿងញៀនបាននិយាយប្រាប់តុលាការថា លោកពិតជាបានផ្តល់លុយឲ្យលោកហ៊ុន ហ៊ាន និងលោក ឈៀន សុន ពិតប្រាកដមែន។ លោកបានបញ្ជាក់ថាការទទួលសំណូកនេះដើម្បីកែបទចោទប្រកាន់ និងដោះលែងជនសង្ស័យមួយចំនួនដែលជាប់ពាក់ព័ន្ឋនឹងការជួញដូរថ្នាំញៀន។ លោក ភុន ឈីន អ្នកឃ្លាំមើលសិទ្ឋិមនុស្សរបស់អង្កការលីកាដូបាននិយាយថាសវនាការរយៈពេលពីរថ្ងៃនេះ តុលាការបានអនុវត្តទៅតាមនិត្តិវិធីត្រឹមត្រូវរួមទាំងការសាកសួរ និងការផ្តល់ឱកាសដល់មេធាវីការពារជនជាប់ចោទ៕ This posting includes an audio/video/photo media file: Download Now |
តុលាការខេត្តបន្ទាយមានជ័យបើកសវនាការកាត់ទោសអតីតស្នងការប៉ូលីសខេត្ត Posted: 08 Nov 2011 10:02 AM PST តុលាការខេត្តបន្ទាយមានជ័យនៅថ្ងៃច័ន្ទនេះបានចាប់ផ្តើមបើកសវនាការជំនុំជម្រះក្តីរបស់អតីតស្នងការប៉ូលិសខេត្តបន្ទាយមានជ័យ និងមន្ត្រីប៉ូលិសបីនាក់ផ្សេងទៀតពីបទទទួលសំណូក និងការជួញដូរថ្នាំញៀន និងបទល្មើសផ្សេងៗមួយចំនួនទៀតពាក់ព័ន្ធ និងអំពើពុករលួយ។ ជនជាប់ចោទដែលត្រូវបាននាំយកមកកាត់ទោសនៅថ្ងៃច័ន្ទនេះរួមមានលោកឧត្តមសេនីយត្រី ហ៊ុន ហ៊ាន អតីតស្នងការប៉ូលីសខេត្តបន្ទាយមានជ័យ លោក ឈៀន សុន អតីតស្នងការរង លោក ហែន សុផល អតីតនាយរងការិយាល័យនគរបាលកម្រិតស្រាល និងលោក ខៀវ សារ៉ា នាយផ្នែកការិយាល័យប្រឆាំងគ្រឿងញៀន។ សវនាការបានធ្វើឡើងជាសារធារណៈដោយបានអនុញ្ញាតឲ្យមន្ត្រីអង្គការសង្គមស៊ីវិល និសិ្សត និងព្រះសង្ឃព្រមទាំងអ្នកយកព័ត៌មានបានចូលស្ដាប់ និងកក់ត្រា។ បន្ទាប់ពីសវនាការពេញមួយថ្ងៃលោក អ៊ឹម វណ្ណៈប្រធានចៅក្រមជំនុំជម្រះបាននិយាយថា សវនាការនឹងបន្តនៅថ្ងៃអង្គារទៀត។ លោកឧត្តមសេនីយត្រី ហ៊ុន ហ៊ាន អតីតស្នងការប៉ូលីសខេត្តបន្ទាយមានជ័យដែលជាប់ចោទពីបទទទួលសំណូកនៅក្នុងរឿងពាក់ព័ន្ឋ និងបញ្ហាគ្រឿងញៀនបានឆ្លើយសារភាពថា កាលពីខែកក្កដាឆ្នាំ២០០៩លោកបានទទួលសំណូកប្រមាណ១៧.០០០ដុល្លារសហរដ្ឋអាមេរិកជាថ្នូរ និងការដោះលែងជនជាប់ចោទមួយរូបដែលជាប់ចោទនិងការជួញដូរថ្នាំញៀន។ លោក ហ៊ុន ហ៊ាន បានមានប្រសាសន៏ថា លោកបានបញ្ជាឲ្យប៉ូលីសសេដ្ឋកិច្ចដាក់បុស្តិ៍ត្រួតពិនិត្យចំនួនប្រាំបួនកន្លែងផ្សេងៗគ្នាក្នុងខេត្តបន្ទាយមានជ័យដោយតម្រូវឲ្យបងប្រាក់ជូនលោកក្នុងមួយខែប្រមាណ៥.០០០-៦.០០០ដុល្លារអាមេរិក។ លោកបញ្ជាក់ថា ថវិកាដែលបានមកពីការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនេះលោកបានយកទៅធ្វើបុណ្យកសាងវត្តអារាម និងឧបត្ថមមន្ត្រីប៉ូលីសនៅក្នុងស្នងការខេត្តព្រមទាំងយកថវិកាទាំងនេះទៅធ្វើស្រែជាច្រើនហិកតា ជួសជុលផ្ទះសម្បែងរបស់លោក និងដូររថយន្តទំនើបៗ។ លោកលឹម ម៉ាប់ អតីតប្រធានការិយាល័យគ្រឿងញៀនដែលជាប់ចោទពីបទទទួលសំណូកបានឆ្លើយក្នុងនាមជាសាក្សីក្នុងបន្ទប់សវនាការថា លោកហ៊ុន ហ៊ានជាប់ពាកព័ន្ធនឹងបទល្មើសផ្សេងទៀតក្នុងការក្លែងឯកសារក្រដាសប្រាក់ និងក្លែងឯកសារថ្នាំញៀនជាដើម។ លោកស៊ុំ ចាន់គា មន្ត្រីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ឋិមនុស្សអាដហុកដែលបានចូលរួមស្តាប់សវនាការនេះបាននិយាយថា សវនាការត្រូវបានធ្វើឡើងពេញមួយថ្ងៃនេះមានភាពយុត្តិធម៌ និងអាចទទួលយកបាន។ «ជារបកគំហើញក្នុងស្រទាប់ដ៏ខ្មៅមួយដែលយើងពីមុនអត់បានដឹងដោយសារអ្វី? ដោយសារតែការបង្កើតប៉ូលីសសេដ្ឋកិច្ចក្នុងរាជរបស់លោកហ៊ុន ហ៊ានគឺបង្កើតមកមិនមែនទប់ស្កាត់បទល្មើសសេដ្ឋកិច្ចទេគឺមានន័យថាបង្កើតឲ្យដើរប្រមូលលុយ»។ លោកឧត្តមសេនីយត្រី ហ៊ុន ហ៊ាន និងមន្រ្តីប៉ូលីសបីរូបផ្សេងទៀតត្រូវបានចាប់ខ្លួនដាច់ដោយឡែកៗពីគ្នាកាលពីខែមករាដើម ឆ្នាំ២០១១នេះពីបទទទួលសំណូកពាក់ព័ន្ឋនឹងការជួញដូរថ្នាំញៀន។ សវនាការជំនុំជម្រះលើមន្ត្រីប៉ូលីសទាំងបួនរូបនេះស្របពេលដែលនៅក្នុងទីក្រុងភ្នំពេញតុលាការកំពុងតែសាកសួរជនជាតិចិនចំនួន៩នាក់ពីបទពាក់ព័ន្ឋនឹងការជួញដូរថ្នាំញៀនប្រមាណជាង២គីឡូក្រាម។ នៅក្នុងចំណោមជនជាតិចិនទាំង៩នាក់ លោកស្រីស៊ឺ វ៉ាន្នី ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញទើបតែបានចោទប្រកាន់ជាបឋមទៅលើជនជានចិនតែម្នាក់ប៉ុណ្ណោះនៅក្នុចំណោម៩នាក់ពីបទជូញដូរថ្នាំញៀនតាមមាត្រាទី៣៣នៃក្រមព្រហ្មទណ្ឌថ្មី៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិ៖ ០៨ វិច្ឆិកា Posted: 07 Nov 2011 08:14 PM PST ព័ត៌មានចុងក្រោយបំផុត៖ ក្រិក៖ ពួកមេដឹកនាំគណបក្សក្នុងប្រទេសក្រិកបានបន្តកិច្ចចរចារបស់ពួកគេនៅថ្ងៃអង្គារនេះ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ។ ពួករដ្ឋមន្ត្រីហិរញ្ញវត្ថុអឺរ៉ុបកំពុងរង់ចាំការបង្កើតរដ្ឋាភិបាលថ្មីនៅក្នុងប្រទេសក្រិកនៅមុនពួកគេសម្រេចចិត្តថាតើនឹងផ្តល់ឱ្យប្រទេសនេះនូវផ្នែកមួយទៀតនៃប្រាក់ជួយសង្គ្រោះខាងហិរញ្ញវត្ថុឬទេ។ លីបេរីយ៉ា៖ លោកស្រីប្រធានាធិបតី Ellen Johson Sirleaf នៃប្រទេស Liberia ប្រុងប្រៀបនឹងជាប់ឆ្នោតជាថ្មីនៅក្នុងការបោះឆ្នោតជាថ្មីដែលមានបញ្ហាដោយសារពហិការមិនចូលរួមក្នុងការបោះឆ្នោតនេះ ដោយក្រុមប្រឆាំងនិងការប៉ះទង្គិចគ្នាដ៏ប្រល័យរវាងពួកប៉ូលិសនិងពួកបាតុករ។ ស.រ.អា៖ កាលពីថ្ងៃច័ន្ទសេតវិមានបានឲ្យដឹងថា ខ្លួនរំពឹងថាទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនឹង"បញ្ចេញសាជាថ្មី"នូវកង្វល់របស់ស.រ.អ.អំពីសកម្មភាពបរមាណូរបស់ប្រទេសអ៊ីរ៉ង់នៅពេលដែលទីភ្នាក់ងាររបស់អ.ស.ប.នេះ ចេញផ្សាយសេចក្តីរាយការណ៍មួយអំពីប្រទេសអ៊ីរ៉ង់នៅពេលបន្ទាប់មកទៀតក្នុងសប្តាហ៍នេះ។ អាហ្វហ្កានិស្ថាន៖ ពួកមន្ត្រីអាហ្វហ្កានិស្ថាននិយាយថា ការវាយប្រហារដោយគ្រាប់បែកតាមដងផ្លូវមួយបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១០នាក់ស្លាប់នៅក្នុងផ្នែកពាយ័ព្យប្រទេស តែប៉ុន្មានថ្ងៃក្រោយពីមេដឹកនាតាលីបានអាហ្វហ្កានិស្ថានបានសុំដល់ពួកយុទ្ធជនរបស់គាត់ឱ្យជៀសវាងកុំសម្លាប់ពួកជនស៊ីវិល។ ស.រ.អា៖ លោក Joe Frazier អតីតអ្នកជើងឯកខាងកីទ្បាប្រដាល់ទម្ងន់ធ្ងន់ដែលគេបានស្គាល់ដោយសារការប្រដាល់ផ្ទាល់ខ្លួននិងជាវិជ្ជាជីវៈជាមួយលោក Muhammad Ali បានស្លាប់ហើយ ក្រោយពីបានប្រយុទ្ធក្នុងរយៈពេលខ្លីជាមួយជំងឺមហារីកក្នុងជន្មាយុ៦៧ឆ្នាំ។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-LEFT--> ចិន ៖ សម្តេច Dalai Lama កំពុងស្តីបន្ទោសនយោបាយតឹងតែងរបស់ចិនដែលព្រះអង្គពិពណ៌នាថាជាវប្បធម៌ប្រល័យពូជសាសន៍នាំឲ្យមានការដុតខ្លួនដោយព្រះសង្ឃនិងដូនជីជាតិទីបេ។ សហរដ្ឋអាមេរិក ៖ ស្រ្តីទីបួនបានចោទប្រកាន់លោក Herman Cain បេក្ខជនប្រធានាធិបតីដ៍មានក្តីសង្ឃឹមខាងគណបក្សសាធារណរដ្ឋពីបៀតបៀនផ្លូវភេទ។ សហរដ្ឋអាមេរិក ៖ ការជំរឿនមនុស្សថ្មីបង្ហាញថាចំនួនជនជាតិអាមេរិកាំងរស់នៅក្នុងភាពក្រីក្របានកើនឡើងជិត៥០លាននាក់ ដែលមានចំនួន១៦ភាគរយនៃចំនួនប្រជាពលរដ្ឋអាមេរិកាំងទាំងអស់។ បែលហ្សិក ៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុអឺរ៉ុបកំពុងជួបប្រជុំគ្នាក្នុងទីក្រុង Brussels ដើម្បីសម្រេចថាតើប្រគល់ប្រាក់ជួយសង្គ្រោះមួយផ្នែកទៀតទៅឲ្យប្រទេសក្រិកឬទេ។ លីបេរីយ៉ា ៖ កុប្បកម្មបានផ្ទុះឡើងរវាងប៉ូលីសនិងបាតុករគណបក្សប្រឆាំងជាតិលីបេរីយ៉ាដោយសម្លាប់មនុស្សយ៉ាងហោចណាស់ក៏ម្នាក់នៅពេលការបោះឆ្នោតប្រធានាធិបតីជុំទីពីរ។ ស៊ីរី ៖ កងទ័ពរដ្ឋាភិបាលបានវាយសង្គ្រប់លំនៅដ្ឋានក្នុងស្រុក Homs ដោយការពង្រីកការបង្ក្រាបដ៍ប្រល័យលើពួកប្រឆាំងនៅក្នុងទីក្រុង ហើយក្រុមប្រឆាំង ស៊ីរីអំពាវនាវឲ្យមានអន្តរាគមន៍ពីអន្តរជាតិដើម្បីការពារជនស៊ីវិល។ អ៊ីរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ Mahmuod Ahmadinejad បានព្រមានអាមេរិកនិងអ៊ីស្រាអែលចំពោះការវាយប្រហារប្រឆាំងរោងចក្រនុយក្លេអ៊ែររបស់ប្រទេសលោក ដែលសង្ស័យដោយប្រទេសលោកខាងលិចថាជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍អាវុធបរមាណូ។ ស្រីលង្កា ៖ អង្គការសិទ្ធិមនុស្ស Amnesty International ថាស្រីលង្កាមិនបានស៊ើបអង្កេតការធ្វើទារុណកម្មដែលមិនគួរឲ្យជឿបានលើបទចោទប្រកាន់ប្រឆាំងនឹងកងកម្លាំងសន្តិសុខ។ សហរដ្ឋអាមេរិក ៖ បុរសជាតិអាមេរិកាំងម្នាក់នឹងបង្ហាញខ្លួនក្នុងតុលាការសហព័ន្ធរដ្ឋតិចសាស ដើម្បីប្រឈមមុខពីការចោទប្រកាន់ពីការប៉ុនប៉ងផ្តល់សម្ភារៈដល់ពួក al – Qaida ក្នុងតំបន់មជ្ឈឹមបូព៌ាប្រទេស។ អាហ្វហ្គានីស្ថាន ៖ គ្រាប់បែកបង្កប់នៅតាមជាយផ្លូវបានសម្លាប់ប្រធានប៉ូលីសស្រុកម្នាក់និងអង្គរក្សពីរនាក់របស់លោកនៅអាហ្វហ្គានីស្ថានខាងត្បូង៕ This posting includes an audio/video/photo media file: Download Now |
ជនជាតិខ្មែរនៅរដ្ឋកាលីហ្វ័រនីញ៉ាអង្គាសប្រាក់ជួយជនរងគ្រោះទឹកជំនន់នៅកម្ពុជា Posted: 08 Nov 2011 09:27 AM PST នៅឯទីក្រុង Long Beach រដ្ឋ California កាលពីសប្តាហ៍មុនមានការរៀបចំជាកម្មវិធីរៃអង្គាសប្រាក់ដែលធ្វើឡើងដោយមូលនិធិខ្មែរជួយខ្មែរនៅឯភោជនីយដ្ឋានឋានសួគ៌ថ្មីដែលមានអ្នកចូលរួមប្រមាណជាង៤០០នាក់ដើម្បីយកទៅជួយជនគ្រោះដោយសារទឹកជំនន់នៅប្រទេសកម្ពុជា។ លោកឆាល សុង (Charle Song) ជាប្រធានគណៈកម្មការមូលនិធិខ្មែរជួយខ្មែរ បានឱ្យដឹងពីមូលហេតុដែលលោកនិងក្រុមរបស់លោកបង្កើតជាមូលនិធិនេះ៖ «ដោយយល់ថា ខ្មែរកំពុងរងគ្រោះដោយសារទឹកជំនន់ និងដោយសារតាមសំណូមពរពីបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលគាត់ចេះតែសុំថា មិនមានអ្នកណារៀបចំធ្វើអី ក៏តាងនាមយើងខ្ញុំជាគណៈកម្មការនឹកគិតថា យើងគួរតែសម្រេចឱ្យមានជាគណៈកម្មការដើម្បីអង្គាសប្រាក់យកទៅជួយបងប្អូនយើងហ្នឹង។ រីឯនៅត្រង់ណាហ្នឹងគឺយើងបានប្រគល់ទៅឱ្យខាងក្រសួងមានបន្ទុកផ្នែកខាងមហន្តរាយធម្មជាតិ។ គេអ្នកទទួលបន្ទុកនៅស្រុកខ្មែរ»។ <!--IMAGE-RIGHT--> ទោះបីជាប្រជាពលរដ្ឋខ្មែរអាមេរិកាំងឃ្លាតឆ្ងាយពីប្រទេសដើមកំណើតរបស់ខ្លួនយូរហើយក្តី ក៏ពួកគេនៅតែមានទឹកចិត្តចង់ជួយប្រទេសកម្ពុជា។ លោកជីម សួសជាសមាជិករបស់មូលនិធិខ្មែរជួយខ្មែរបានប្រាប់ឱ្យដឹងថា៖ «នេះជាលើកទីពីរដែលយើងបានធ្វើ។ លើកមុនទៅជួយនៅព្រះវិហារម្តងហើយ។ ខ្ញុំជឿថា មិនមែនតែខ្មែរ Long Beach ទេ ខ្មែរក្នុងពិភពលោកទាំងអស់គេយល់សប្តិទៅតែស្រុកខ្មែរ។ លុយដែលផ្ញើរទៅស្រុកខ្មែរក៏ទៅតែស្រុកខ្មែរ។ ដូច្នេះពួកយើងទាំងអស់គ្នាអត់ភ្លេចស្រុកកំណើត អត់ភ្លេចជាតិយើង អត់ភ្លេចបងប្អូនយើងទេ។ ហើយលុយរបស់ពួកយើងដែលធ្វើនេះ បើគិតទៅមិនច្រើនទេ ប៉ុន្តែទឹកចិត្តដែលស្មោះត្រង់ ដែលស្រឡាញ់ប្រទេសជាតិយើងគឺធំជាងលុយហ្នឹងឆ្ងាយណាស់»។ ការរៃអង្គាសប្រាក់នេះទទួលបានថវិកាចំនួនជាង១៦.០០០ដុល្លារ ហើយមូលនិធិនៅតែបន្តទទួលយកការបរិច្ចាគថវិកាដែលអាចធ្វើបានតាមរយៈការផ្ញើរប្រាក់ជាមូលប្បទានប័ត្រមកកាន់សមាគមមាតាបិតាខ្មែរនៅទីក្រុងឡុងប៊ិច ឬ តាមគេហទំព័រ www.khmersupportkhmer.org។ មូលនិធិខ្មែរជួយខ្មែរបានសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅប្រទេសកម្ពុជា។ លោកថមមី នូ Tommy Nou អនុប្រធានគណៈកម្មការមូលនិធិខ្មែរជួយខ្មែរ បានបញ្ជាក់បន្ថែម៖ «លុយដែលយើងប្រមូលបាននេះ គណៈកម្មការនឹងរៀបចំសរុបនៅចុងអាទិត្យនេះបាទ។ សរុបប៉ុន្មាន លុយយើងទុកនៅនេះ។ យើងទៅបើកនៅភ្នំពេញ។ មានគ្នារបស់យើងឈ្មោះលោកសុផាន ខេង។ គាត់អ្នកចាំទទួលលុយកាក់នៅខាងណោះគឺថា លុយអត់បាត់មួយរៀលទេ។ ក្នុងនេះយើងទំនាក់ទំនងទៅលោកញឹម វណ្ណដា។ គាត់ជាអ្នកទទួលខុសត្រូវគ្រោះមហន្ថរាយក្នុងប្រទេសកម្ពុជា។ លោកយល់ដឹងថា តើកន្លែងណាខ្លះដែលប្រជារាស្រ្តខ្មែរត្រូវការចាំបាច់ ត្រូវការជំនួយឧបត្ថម្ភជួយសង្គ្រោះ»។ បើតាមលោកកែវ វី នាយខុទ្ទកាល័យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យដឹងថា ទឹកជំនន់បានបំផ្លិចបំផ្លាញជីវិតមនុស្សចំនួនជិត២៥០នាក់ សាលារៀនចំនួន១.៣៦០ខ្នង ផ្លូវជាតិប្រវែង៩២២គីឡូម៉ែត និងស្រូវចំនួន២៨០.០០០ហិកតា បើគិតមកទល់ពេលនេះ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |