VOA News: ព័ត៌មាន: “មេធាវីនួន​ ជារិះគន់​សង្ស័យ​"ជួបសម្ងាត់"​រវាង​ព្រះរាជ​អាជ្ញា ​និង​ចៅក្រម” plus 4 more

VOA News: ព័ត៌មាន: “មេធាវីនួន​ ជារិះគន់​សង្ស័យ​"ជួបសម្ងាត់"​រវាង​ព្រះរាជ​អាជ្ញា ​និង​ចៅក្រម” plus 4 more


មេធាវីនួន​ ជារិះគន់​សង្ស័យ​"ជួបសម្ងាត់"​រវាង​ព្រះរាជ​អាជ្ញា ​និង​ចៅក្រម

Posted: 07 Nov 2011 09:32 AM PST

ក្រុម​មេធាវី​អន្ដរជាតិ​​​របស់​អតីត​បង​ធំ​ទី​២​ នួន​ ជា​ បាន​​ស្នើ​​ឲ្យ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​​សាលា​ដំបូង​​​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ទម្លាយ​ព័ត៌មាន​នៃ​ការ​"ជួបសម្ងាត់"​ របស់​មន្ដ្រី​ច្បាប់​អង្គការ​សហ​​ប្រជាជាតិ​​នៅ​ក្នុង​សាលាក្ដី​ពិសេស​នេះ​ ​ដោយ​សង្កត់​ធ្ងន់​ថា ​ការ​ជួប​សម្ងាត់​នោះ​​នាំ​ឲ្យ​ពួក​ខ្លួន​​មាន​កង្វល់។

នៅ​ក្នុង​សំណើ​ទៅ​កាន់​សាលា​ដំបូង​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ​ដែល​វីអូអេ​សម្លេង​​សហ​រដ្ឋ​​អាមេរិក​​ទទួល​បាន​នៅ​ថ្ងៃ​នេះ ​លោក​មេធាវី ​ម៉ាយឃើល ​ផេសម៉ិន​ (Michiel Pestman)​ និង​ទីប្រឹក្សា​ច្បាប់​នៃ​ មេធាវី​ការពារ​លោក​អេនឌ្រូ អ៊ាននូហ្ស៊ី ​(Andrew Ianuzzi) ​បាន​អះអាង​ថា ​មាន​ការ​ជួប​គ្នា​ជា​សម្ងាត់​រវាង​លោកស្រី​ Silvia ​Cartwright ​ ដែល​ជា​ចៅក្រម​បរទេស​ក្នុង​អង្គ​ជំនុំជម្រះ​សាលា​ដំបូង ​ជាមួយ​​នឹង​លោក​សហ​ព្រះរាជ​អាជ្ញា​Andrew Carley ​ ក៏ប៉ុន្ដែ​ក្រុម​មេធាវី​ការពារ​មិន​បាន​បង្ហាញ​ពី​កាល​បរិច្ឆេទ​​នៃ​ជំនួប​នោះ​ទេ។

ក្រុម​មេធាវី​របស់​នួន​ ជា​ បាន​ទទូច​ឲ្យ​មាន​ការ​បង្ហាញ​ព័ត៌មាន​នោះ​ជា​បន្ទាន់​ និង​ដោយ​លម្អិត​ រួមទាំង​​របាយ​ការណ៍ ​និង​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​នោះ​ផង​ដែរ។

សំណើ​នេះ​ធ្វើឡើង​បន្ទាប់​ពី​ក្រុម​មេធាវី​អះអាង​ថា ​ខ្លួន​បាន​ស្នើ​ឲ្យ​លោកស្រី​ចៅក្រម​​Sylvia​ Cartwright ​បំភ្លឺ​ចំនួន​ពីរ​ដង​កាលពី​សប្ដាហ៍​មុន​ ប៉ុន្ដែ​មិនមាន​ការ​ឆ្លើយ​តប។

ក្រុម​មេធាវី​លើក​ឡើង​ថា​ ការណ៍នេះ​ធ្វើ​ឲ្យពួក​ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​ជាខ្លាំង​ ​ខណៈ​ដែល​ការ​បើក​​សវនាការ​នៃ​សំណុំ​រឿង​០០២​នឹង​ចាប់ផ្ដើម។

លោក​អេនឌ្រូ​ អ៊ាននូហ្ស៊ី​​មាន​ប្រសាសន៍​ថា​ ក្រុម​លោក​នឹង​គិត​ឡើងវិញ​នៅ​សប្ដាហ៍​ក្រោយ​នេះ។

"យើង​នឹង​ធ្វើ​ការ​វាយ​តម្លៃ​ឡើងវិញ​នៅ​សប្ដាហ៍​ក្រោយ​ពីជំហរ​របស់យើង ​ប្រសិន​បើ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​មិន​ធ្វើ​អ្វី​​នោះ»។

យ៉ាងណាក៏ដោយ​ លោក​ហ៊ុយ ​វណ្ណៈ​ មន្ដ្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​ មាន​ប្រសាសន៍​ថា​ ចៅក្រម​និល ណុន​បាន​ទទួល​សំណើ​នោះ​រួច​ហើយ។

«ចៅក្រម​សាលាដំបូង​បញ្ជាក់​ហើយ​ថា ​លោក​បាន​ទទួល​សំណើ​នេះ​តាម​អ៊ីម៉េល​ នូវ​​ការព្រួយ​បារម្ភ​​របស់​​មេធាវី​​ការពារក្ដី។​ ​ប៉ុន្ដែ​លោក​​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​លើ​បញ្ហា​នេះ​ទេ»។

នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​​លោកចៅក្រម​និល ​ណុន​ ក្រុម​មេធាវី​របស់​នួន ​ជា​បាន​លើក​ឡើង​ថា ​លោក​​គ្នុដរ៉ូសស៊ីនហក ​(Knud Rosandhaug)​ អនុប្រធាន​រដ្ឋបាល​សាលាក្តី​ខ្មែរក្រហម​ខាង​ភាគី​អង្គការ​សហ​ប្រជាជាតិ​ បាន​ទទួល​ស្គាល់​ថា ​មាន​ជំនួប​នោះ​មែន ​ក៏ប៉ុន្ដែ​នោះ​គឺ​ជា​ជំនួប​ជាទៀងទាត់​​រវាង​រូបលោក​ ចៅក្រម​ ​Sylvia ​Cartwright ​និង​លោក​សហព្រះរាជអាជ្ញា ​Andrew ​Cayley​ ​នេះបើ​ផ្អែក​លើ​លិខិត​របស់​​ក្រុម​មេធាវី​របស់​នួន ជា​ផ្ញើរ​ទៅកាន់​លោក​ចៅក្រម​កម្ពុជា​និល​ ណុន។

ចាប់ពី​ថ្ងៃទី ​២១​ ខែ​វិច្ឆិកា​នេះ​តទៅ​ សាលាក្ដី​ខ្មែរក្រហម​គ្រោង​នឹង​ចាប់ផ្ដើម​បើក​សវនាការ​ពេញអង្គ​សេចក្ដី​នៃ​សំណុំ​រឿ​ង០០២​ ​ដែល​មាន​ជន​ជាប់ចោទ​សុទ្ធសឹង​ជា​មេដឹកនាំ​កំពូល​ខ្ពស់​បំ​ផុត​នៃ​របប​ខ្មែរក្រហម។ ​របប​នេះ​បាន​បណ្ដាល​ឲ្យ​ប្រជាពល​រដ្ឋកម្ពុជា​ស្លាប់​យ៉ាងតិច​ចំនួន​​១,៧​លាន​នាក់​ ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់ឆ្នាំ​១៩៧៩។ ​សំណុំ​រឿងនេះ​​មាន​ជន​ជាប់ចោទ​អៀង ​សារី​ ខៀវ ​សំផន​ អៀង​ ធីរិទ្ធ ​និង​នួន ​ជា។ ​កុ្រម​មេធាវី​ការពារ​ចុងចោទ​បាន​ស្វះស្វែង​រក​យុទ្ធសាស្ដ្រ​​ផ្សេងៗ​ដើម្បី​ព្យាយាម​រក​ផល​ប្រយោជន៍​សម្រាប់​កូនក្ដី​ខ្លួន។

ក្រុមមេធាវី​របស់​នួន ​ជា​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ពន្យារ​ពេល​បើក​សវនាការ ​ហើយ​បាន​ប្ដឹង​ទៅ​កាន់​តុលាការ​​ក្រុង​ភ្នំពេញ​​ប្រឆាំង​ទៅ​នឹង​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន ​សែន ​និង​មន្ដ្រី​ជាន់ខ្ពស់​ចំនួន​ដប់​រូប​ផ្សេង​ទៀត​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។​ រីឯ​អៀង សារី​​ប្រកាស​ថា ​គាត់​នឹង​មិន​ឆ្លើយ​​រាល់​សំណួរ​ទាំងឡាយ​​​ក្នុង​អំឡុង​ពេល​កាត់ទោស​ទេ។​ មួយវិញ​ទៀត​ មេធាវី​របស់​អៀងធីរិទ្ធ​ប្រកាស​ថា​ កូនក្ដី​របស់​ផងខ្លួន​​មិនមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការចូលរួម​ការ​កាត់ទោស​​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​ ដោយសារ​បញ្ហា​សុខភាព៕

This posting includes an audio/video/photo media file: Download Now

សភា​អនុម័ត​ច្បាប់​គ្រប់គ្រង​ពន្ធនាគារ

Posted: 07 Nov 2011 09:09 AM PST

រដ្ឋ​សភា​កម្ពុជា​បាន​អនុម័ត​ច្បាប់​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ សំដៅ​ធានា​សន្តិសុខ​ និង​សុវត្ថិភាព​ដល់​អ្នកទោស​ជាង​១៥​០០០​នាក់​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​២៨​ទូទាំង​ប្រទេស​កម្ពុជា។

ក្រុម​អ្នក​រិះគន់​ច្បាប់​នេះ​ដែល​បាន​អនុម័ត​ បាននិយាយ​ថា​ ច្បាប់​នេះ​មាន​ចរិត​លក្ខណៈ​មិន​ច្បាស់លាស់​ ឬ​ ភាពស្រពិចស្រពិល​ ការព្រួយបារម្ភ​អំពី​ភាព​ចង្អៀតណែន​ខ្លាំង​ក្នុង​ពន្ធនាគារ​ កង្វល់​អំពី​ការ​ប្រើ​កម្លាំង​ដោះស្រាយ​ភាព​ចលាចល​នៅក្នុង​ពន្ធនាគារ​ ការ​ព្រួយបារម្ភ​អំពី​ការ​បន្ធូរបន្ថយ​ទោស​ និង​ការ​លើកលែង​ទោស​ដល់​អ្នកទោស​ដោយ​គ្មាន​តម្លាភាព​ និង​យុត្តិធម៌​ ព្រមទាំង​កង្វល់​ចំពោះ​មន្ត្រី​ពន្ធនាគារ​ និង​មន្ត្រី​តុលាការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​អំពី​បទល្មើស​អ្វី​មួយ។

លោក​យឹម​ សុវណ្ណ​ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី ​បានថ្លែង​នៅក្នុង​សម័យ​ប្រជុំ​សភា​ថា​មាត្រា​ចំនួន​៨​ក្នុង​ជំពូក​ទី​៧​មិន​គួរ​មាន​នៅក្នុង​សេចក្តីព្រាង​ច្បាប់​នេះ​ទេ​ ហើយ​បើ​មាន​ជំពូក​ទី​៧​នេះ​ ប្រទេស​កម្ពុជា​នឹង​មាន​ការ​ខាតបង់​ច្រើន​ជាង​ចំណេញ។

«ក្នុង​ជំពូក​ទី​៧​ ខ្ញុំ​យល់ឃើញ​ថា​ មាត្រា​មួយ​ចំនួន​គួរឲ្យ​ព្រួយបារម្ភ​មែនទែន​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។ ​យើង​ចែង​អំពី​ការ​ផ្តល់​សិទ្ធិ​អំណាច​ទៅ​ឱ្យ​ក្រសួង​មហាផ្ទៃ​ និង​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​មាន​សិទ្ធិ​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ឯកជន​សម្រាប់​ការ​បង្កើត​ការងារ​ កម្មវិធី​ឧស្សាហកម្ម​ សិប្បកម្ម​ និង​កសិកម្ម​នៅក្នុង​ពន្ធនាគារ​ ហើយ​នឹង​មាន​សិទ្ធិ​ចុះ​កិច្ច​សន្យា​លក់​ផលិតផល​ដែល​ផលិត​ដោយ​អ្នកទោស​នៅ​ក្នុង​ពន្ធនាគារ​ ដើម្បី​យក​ទៅ​លក់​នៅ​ក្នុង​ទីផ្សារ​ និង​លក់​ឱ្យ​ក្រុមហ៊ុន​ឯនជន។ ​មាត្រា​ទាំង​ប៉ុន្មាន​នេះ​ផ្ទុយ​ទៅ​នឹង​អនុសញ្ញា​អន្តរជាតិ​មួយ​ចំនួន​ដែល​ហាមឃាត់​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​នៅ​ក្នុង​ពន្ធនាគារ​សម្រាប់​ជា​ប្រយោជន៍​ទៅដល់​បុគ្គល​ឯកជន»។

លោក​ម៉ែន​ សុថាវរិន​ តំណាងរាស្ត្រ​គណបក្ស​សម​ រង្ស៊ី​ បានថ្លែង​នៅក្នុង​សម័យ​ប្រជុំ​សភា​ថា ​ប្រព័ន្ធ​គ្រប់គ្រង​ពន្ធនាគារ​ត្រូវការ​ច្បាប់​ និង​នីតិវិធី​សម្រាប់​ការ​អនុវត្ត។

«ច្បាប់​ពន្ធនាគារ​ទាំងមូល​ ខ្ញុំ​មើល​ទាំងអស់​ទៅ​ឃើញ​ថា​ មាន​ភាព​ស្រពិចស្រពិល​ច្រើន។​ ច្បាប់​នេះ​មិន​បញ្ជាក់​ច្បាស់​ពី​គោល​ការណ៍​សំខាន់​នៃ​បទបញ្ជា​ផ្ទៃក្នុង​ និង​មិន​មាន​តម្រូវការ​ណា​មួយ​ឱ្យ​នាយក​ពន្ធនាគារ​ ឬ​ ក្រសួង​មហាផ្ទៃ​បង្កើត​នីតិវិធី​លម្អិត​អំពី​បទ​បញ្ជា​ផ្ទៃក្នុង​ទេ»។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ស​ ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បានថ្លែង​អំណរ​គុណ​ដល់​រដ្ឋសភា​ទាំង​មូល​ចំពោះ​ការផ្តល់​អនុសាសន៍​ និង​ការ​អនុម័ត​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ពន្ធនាគារ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ស​ ខេង​បានចាត់ទុក​ថា​ លទ្ធផល​ដែល​បានមក​ពី​ការ​អនុម័ត​ច្បាប់​នេះ​ពិត​ជា​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ថ្មី​មួយ​ទៀត​ក្នុង​ការ​គ្រប់គ្រង​សង្គម​កម្ពុជា​ ដើម្បី​ធានា​បាន​នូវ​សុខ​សន្តិភាព​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។

«យើង​ខ្ញុំ​សូម​ទទួល​យក​នូវ​ច្បាប់​នេះ​ ដើម្បី​យក​ទៅ​ចាត់ចែង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធិភាព​ ដើម្បី​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​ ការគ្រប់គ្រង​សង្គម​កម្ពុជា​របស់​យើង​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត»។

លោក​អំ សំអាត​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«យើង​ស្វាគមន៍​ការ​អនុម័ត​ច្បាប់​ស្តីពី​ពន្ធនាគារ​នេះ​ ពីព្រោះ​ប្រទេស​កម្ពុជា​យើង​ជា​លើកទី​មួយ​ហើយ​មាន​ច្បាប់​ពន្ធនាគារ។ ​កន្លងមក​ ដោយសារ​មិន​មាន​ច្បាប់​ពន្ធនាគារ​នេះ​ការ​គ្រប់គ្រង​ពន្ធនាគារ​មាន​រឿង​ មាន​បញ្ហា​ភាព​មិនប្រក្រតី​មួយ​ចំនួន​កើត​ឡើង»។

លោក​អំ​ សំអាត​បានបញ្ជាក់​ថា ​រដ្ឋាភិបាល​ត្រូវតែ​អនុវត្ត​ច្បាប់​ពន្ធនាគារ​ដែល​មាន​៨៥​មាត្រា​នេះ​ ឱ្យមាន​ប្រសិទ្ធិភាព៕

This posting includes an audio/video/photo media file: Download Now

លោក​សម​ រង្ស៊ី​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​ភ្ញៀវ​នៃ​កម្ម​វិធី​ព្រះជន្ម​សម្តេច​ឪ​នរោត្តម​សីហនុ​ទេ

Posted: 07 Nov 2011 08:10 AM PST

បន្ទាប់​ពី​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សព្វផ្សាយ​ថា​ លោក​សម​ រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​ស្នាក់នៅ​ឯ​ក្រៅ​ប្រទេស ​មាន​ឈ្មោះ​នៅ​ក្នុង​លិខិត​អញ្ជើញ​ឲ្យ​ចូលរួម​កម្ម​វិធី​ចម្រើន​​ព្រះជន្ម​សម្តេច​ឪ​នរោត្តម​សីហនុ ​និង​ខួប​លើក​ទី​២០​ឆ្នាំ​នៃ​ការ​យាង​និវត្តន៍​មក​កាន់​មាតុប្រទេស​វិញ​នោះ ​ខុទ្ទកាល័យ​សម្តេច​ឪ​នរោត្តម​សីហនុ​បាន​ចេញ​លិខិត​បដិសេធ​ភ្លាមៗ ​កាល​ពី​ថ្ងៃ​ទី​៣​កន្លង​ទៅ​នេះ​ថា ​មិន​មាន​ការ​អញ្ជើញ​លោក​សម​ រង្ស៊ី​ឲ្យ​មក​ចូល​រួម​ទេ។

ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ ​ព្រះ​រាជលេខា​ផ្ទាល់​របស់​សម្តេច​ឪ​នរោត្តម​សីហនុ ​បាន​មាន​បន្ទូល​កាល​ពី​ថ្ងៃសៅរ៍​នេះ​ថា ​កម្មវិធី​កាល​ពី​ថ្ងៃ​ទី​៣០ ​ខែ​តុលា​កន្លង​ទៅ​នេះ ​គឺ​រៀបចំ​ដោយ​រដ្ឋាភិបាល​ ហើយ​ខាង​ព្រះ​បរមរាជវាំង​ឥត​ជាប់​ពាក់ព័ន្ធ​នឹង​កម្មវិធី​នេះ​ទេ។ ​ព្រះ​អង្គម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ​ព្រះ​ករុណា​ព្រះ​មហាក្សត្រ​ និង​សម្តេច​ឪ​សម្តេច​ម៉ែ ​ព្រះអង្គ​បាន​យាង​ទៅ​ចូលរួម​តាម​ការ​អញ្ជើញ​របស់​រាជរដ្ឋាភិបាល​​នៅ​ក្នុង​ឋានៈ​ជា​ភ្ញៀវ ​មិនមែន​ចេញ​លិខិត​អញ្ជើញ​ឥស្សរៈជន​ណាមួយ​ម្នាក់​ឲ្យ​ទៅ​ចូលរួម​នោះ​ទេ។

«ក្នុង​បទ​សម្ភាសន៍​របស់​ឯក​ឧត្តម​សម​ រង្ស៊ី ​លោក​បាន​មាន​ប្រសាសន៍​ច្បាស់ណាស់​ថា ​ព្រះរាជ​ករុណា។ ​ហើយ​ខ្ញុំ​សុំ​បដិសេធ​ថា ​ខុទ្ទកាល័យ​ឥត​មាន​បញ្ចេញ​លិខិត​អញ្ជើញ​បញ្ជូន​ឥស្សរ​ជន​ជាន់​ណាមួយ​ឲ្យ​ចូលរួម​នៅ​ក្នុង​កម្ម​វិធី​បុណ្យ​ណាមួយ​ទេ»។

យោងតាម​លិខិត​អញ្ជើញ​មួយ​ច្បាប់​​របស់​គណៈ​កម្មាធិការ​បុណ្យជាតិ​ ដែល​VOA ​សម្លេង​សហ​រដ្ឋ​អាមេរិក​ទទួលបាន​ បាន​ឲ្យ​ដឹង​ថា​ ​តាមរយៈ​ព្រះរាជានុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ​មហាក្សត្រ ​​សម្តេច​ជវាវាំង ​រដ្ឋមន្ត្រី​ព្រះ​បរមរាជវាំង​បាន​អញ្ជើញ​លោក​សម ​រង្ស៊ី​ឲ្យ​ចូលរួម​មីទ្ទីញ​មហាជន​ខួប​លើក​ទី​៩០​នៃ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​​ព្រះជន្ម ​និង​ខួប​លើក​ទី​២០​នៃ​ការ​យាង​និវត្ត​មក​កាន់​មាតុ​ប្រទេស​វិញ​របស់​សម្តេច​ឪ​នរោត្តម​សីហនុ។

លោក​ឈិន​ ចេតនា ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​ បាន​បញ្ជាក់​ថា ​គណៈកម្មាធិការ​ជាតិ​បាន​អញ្ជើញ​សមាជិក​សភា​របស់​គណបក្ស​សម​ រង្ស៊ី​តែ​២៥​រូប​តែប៉ុណ្ណោះ។ ​លោក​បាន​បញ្ជាក់​ថា ​សម្រាប់​លោក​សម ​រង្ស៊ី ​គណៈ​កម្មាធិការ​បុណ្យ​ជាតិ​មិន​បាន​អញ្ជើញ​ទេ។

«ឥត​មាន​ផង! ​ពី​បុណ្យជាតិ​ ឥតមាន​ផង! ​ឥតមាន​ចេញ​លិខិត​អញ្ជើញ​លោក​សម ​រង្ស៊ីផង!​ គាត់​បាន​លិខិត​មក​ពី​ណា?»

លោក​យឹម ​សុវណ្ណ ​អ្នក​តំណាងរាស្ត្រ ​និង​ជា​អ្នកនាំ​ពាក្យ​គណបក្ស​ប្រឆាំង​ បាន​និយាយ​ថា ​គណបក្ស​របស់​លោក​បាន​ទទួល​លិខិត​អញ្ជើញ​លោក​សម ​រង្ស៊ី ​ឲ្យ​ចូលរួម​តាមរយៈ​រដ្ឋ​សភា។ ​លោក​បាន​បញ្ជាក់​ថា ​ការ​បដិសេធ​ថា​ មិន​បាន​ចេញ​លិខិត​អញ្ជើញ​លោក​សម​ រង្ស៊ី ទំនង​ជា​ទទួលរង​សម្ពាធ​ពី​នរណា​ម្នាក់។

«តំណាងរាស្ត្រ​របស់​គណបក្ស​សម​ រង្ស៊ី​ទាំង​២៦​រូប ​រួមទាំង​លោក​ប្រធាន​សម​ រង្ស៊ី​ផង​ ត្រូវ​បាន​ការ​អញ្ជើញ។ ​មាន​លិខិត​អញ្ជើញ​អី​ត្រឹមត្រូវ។ ​មិនមែន​តែ​ចេះ​តែ​និយាយ​គ្មាន​ភស្តុតាង​ទេ»។

ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្តធម្មិកោ​បាន​មាន​ព្រះ​បន្ទូល​ថា ​ព្រះ​អង្គ​មិន​ដែល​ទទូល​រង​សម្ពាធ​ពី​បុគ្គលណា​ម្នាក់​ទេ។ ​ព្រះអង្គ​បាន​បញ្ជាក់​ថា ​គឺ​ព្រះអង្គ​អង្គ​ឯង​តែ​ប៉ុណ្ណោះ​ជា​អ្នក​សម្រេច​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ព័ត៌មាន​​ រួច​ហើយ​បាន​សុំ​សេចក្តី​សម្រេច​ពី​ព្រះ​មហាវីរៈ​ក្សត្រ ​នរោត្តម​សីហនុ។

លោក​សម​ រង្ស៊ី ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​កំពុងតែ​ស្នាក់​នៅ​បរទេស ​បន្ទាប់ពី​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ជាង​១០​ឆ្នាំ​ពី​បទ​ដក​បង្គោល​ព្រំដែន​លេខ​១៨៥​ រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​វៀតណាម ​និង​ពី​បទ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ។ ​ក្នុង​ពេល​ស្នាក់​នៅ​ឯ​ក្រៅ​ប្រទេស​ លោក​សម ​រង្ស៊ី​បានបន្ត​វាយប្រហារ​យ៉ាង​ខ្លាំងៗ​​មក​លើ​រដ្ឋាភិបាល​លោក​ហ៊ុន​ សែន​ ឬ​បញ្ហា​ព្រំដែន ​និង​ចុង​ក្រោយ​គេ​គឺ​ការ​ដួល​រលំ​នៃ​របប​ផ្តាច់ការ​នៃ​ប្រទេស​អារ៉ាប់​ ដោយ​លោក​បាន​​ប្រដូច​មេដឹកនាំ​កម្ពុជា​ទៅ​នឹង​មេ​ដឹកនាំ​បណ្តា​ប្រទេស​នៃ​ពិភព​អារ៉ាប់​ ដែល​បាន​ដួល​រលំ​កន្លង​មក៕

This posting includes an audio/video/photo media file: Download Now

បុគ្គលិក​សហព័ន្ធ​របស់​រដ្ឋាភិបាល​អាមេរិក​ធ្វើ​យុទ្ធនាការ​រៃ​អង្គាស​ថវិកា​សម្រាប់​អង្គការ​មនុស្ស​ធម៌​ក្នុង​ស្រុក​និង​អន្តរជាតិ

Posted: 07 Nov 2011 12:23 PM PST

បុគ្គលិក​សហព័ន្ធ​របស់​រដ្ឋាភិបាល​អាមេរិក​បាន​បើក​យុទ្ធនាការ​រៃ​អង្គាស​ថវិកា​សម្រាប់​អង្គការ​មនុស្ស​ធម៌​ក្នុង​ស្រុក​ និង​អន្តរជាតិ​នានា​ សម្រាប់​ឆ្នាំ​២០១១​នេះ ​កាល​ពី​ថ្ងៃ​អង្គារ ​ទី​១៨ ខែ​តុលា​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​សហ​រដ្ឋ​អាមេរិក។

ការ​រៃ​អង្គាស​មូល​និធិ​ដោយ​ស្ម័គ្រ​ចិត្ត​ពី​បុគ្គលិក​សហព័ន្ធ​ ដែល​គេ​ហៅ​ថា​ យុទ្ធនាការ​សហ​ព័ន្ធ​រួបរួម​គ្នា​ឬ​Combined Federal ​Campaign​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សព​ប្រធានាធិបតី​ John F. Kenndey ​នៅ​ឆ្នាំ​១៩៦១​ ហើយ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​ជន​ក្រី​ក្រ​ ជន​អត់​ឃ្លាន​ និង​អ្នក​គ្មាន​ផ្ទះ​សម្បែង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​និង​នៅ​ជុំវិញ​ពិភពលោក។

<!--AV-->

លោក​ប្រែនដិន ហ្គានរ (Brandon Garner)​គឺ​ជា​ជំនួយ​ការ​ផ្នែក​រដ្ឋ​បាល​នៃ​ក្រុម​ប្រឹក្សា​ភិបាល​ផ្នែក​ផ្សព្វផ្សាយ​របស់​សហព័ន្ធ​(Broadcasting Board of Governors)។ ​លោក​គឺ​ជា​អ្នក​ផ្តល់​ថវិកា​ជា​ប្រចាំ​ដល់​អង្គការ​មនុស្ស​ធម៌​មួយ​ចំនួន​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​នេះ ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក។

លោក​បរិច្ចាគ​ ដោយ​កាត់​ប្រាក់​ខែ​របស់​លោក​មួយ​ចំណែក​ ហើយ​ក្នុង​ឆ្នាំ​២០១១​នេះ ​លោក​គឺ​ជា​អ្នក​ផ្តល់​អំណោយ​ទាន​ដំបូង​គេ។

«ខ្ញុំ​បរិច្ចាគ​ថវិកា​ដល់​អង្គការ​ជាច្រើន​ រួម​មាន​អង្គការ​កាត់​បន្ថយ​ឧក្រិដ្ឋកម្ម​ និង​កាកបាទ​ក្រហម​ ជាដើម។ ​គ្រាន់តែ​ដក​ពីរបី​ដុល្លារ​ពី​ប្រាក់​ខែ​របស់​ខ្ញុំ​ ខ្ញុំពិត​ជា​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ធំធេង​នៅក្នុង​បណ្តា​អង្គការ​ទាំង​នោះ»។

មាន​អង្គការ​សប្បុរស​ធម៌​សរុប​ចំនួន​ជាង​៤១០០​អង្គការ​បាន​ចូល​រួម​នៅ​ក្នុង​យុទ្ធនាការ​សហព័ន្ធ​រួបរួម​គ្នា​នេះ។

នៅ​ឆ្នាំ​២០១០​ បុគ្គលិក​សហព័ន្ធ​ទាំង​មូល​ប្រមូល​ថវិកា​បាន​ចំនួន​ជាង​២៨១​លាន​ដុល្លារ​អាមេរិក ​សម្រាប់​បុព្វហេតុ​មនុស្ស​ធម៌​នៅ​ជុំវិញ​ពិភព​លោក។

ដោយ​ឡែក ​បុគ្គលិក​នៃ​ក្រុមប្រឹក្សា​ភិបាល​ផ្នែក​ផ្សព្វផ្សាយ​ឬ​Broadcasting Board of Governorsតែ​មួយ​ រៃ​អង្គាស​ថវិកា​បាន​ជាង​១៦​ម៉ឺន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​មុន។

លោកស្រី ​វីកតូរៀ ប្រីម័រ​ (Victoria Brimmer)​គឺ​ជា​អ្នក​គ្រប់គ្រង​យុទ្ធ​នាការ​សហ​ព័ន្ធ​រួបរួម​គ្នា​របស់​ក្រុម​ប្រឹក្សា​នេះ។

«វា​មិន​សំខាន់​ទេ​ថា ​តើ​គេ​បរិច្ចាគ​ថវិកា​ប៉ុន្មាន​នោះ។ ​គោល​បំណង​សំខាន់គឺ​ឲ្យ​តែ​គេ​បរិច្ចាគ។​ ហើយ​បុគ្គលិក​ម្នាក់ៗ​មាន​ឱកាស​ជ្រើសរើស​អង្គការ​សប្បុរស​ធម៌​ណា​មួយ​ដែល​ពួកគេ​ចង់​បរិច្ចាគ​ថវិកា​ទៅ​ឲ្យ។ ​ការ​បរិច្ចាគ​នេះ ​មាន​អត្ថន័យ​ធំធេង​ណាស់ ​ពី​ព្រោះ​ វា​ជួយ​មនុស្ស​គ្រប់​គ្នា ​ក្នុង​សហគមន៍​មូលដ្ឋាន​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​និង​ទូទាំង​ពិភពលោក។»

អង្គការ​សប្បុរស​ធម៌​ខ្លះ ផ្តល់​ស្បៀង​អាហារ​ និង​តម្រូវ​ការ​មូល​ដ្ឋាន​ចាំ​បាច់​ផ្សេង​ទៀត​ដល់​ជន​ក្រីក្រ និង​ខ្លះ​ទៀត​ជួយ​ក្មេង​ជំទង់ៗ​ ដែល​ញឿន​ថ្នាំ និង​អ្នក​ដែល​ចេញ​មក​ពី​ស្ថាន​ភាព​ប្រកប​ដោយ​ការ​រំលោភ​បំពាន​ឬ​ស្ថាន​ភាព​ដែល​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ផ្សេងៗ​ទៀត​ជាដើម។

«ខ្ញុំ​ជឿ​ជាក់​ថា មាន​អង្គការ​សប្បុរស​ធម៌​អន្តរ​ជាតិ​ជាច្រើន​ទៀត​ដែល​បម្រើ​ប្រជាជន​កម្ពុជា​ផង​ដែរ»។

លោកស្រី​វីកតូរៀ ប្រីម័រ​ (Victoria Brimmer)​ បន្ត​ថា ​ស្ថាន​ភាព​លំបាក​ខាង​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​មិន​គួរ​ក្លាយ​ជា​ឧបសគ្គ​ដល់​បុគ្គលិក​សហ​ព័ន្ធ​ក្នុង​ការ​ចែក​រំលែក​ទ្រព្យ​ធន​បន្តិច​បន្តួច​របស់​ពួកគេ​ទេ​ ប្រសិន​បើ​ពួក​គេ​ចង់។

«ដោយ​សារ​ យើង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ខាង​ហិរញ្ញ​វត្ថុ​ហ្នឹង​ហើយ ​ទើប​តម្រូវ​ការ​កាន់​តែ​ច្រើន​ឡើង​នោះ។​ យើង​ទាំង​អស់​គ្នា​ដែល​ជា​បុគ្គលិក​សហ​ព័ន្ធ​នេះ​ មាន​សំណាង​ណាស់​ដែល​យើង​​មាន​ការងារ​ធ្វើ​ និង​ពិត​ជា​មាន​ប្រាក់​នៅ​សល់​ខ្លះ។​ ទោះ​បី​ជា​អ្វី​ៗ​មាន​ភាព​យ៉ាប់យឺន​ក៏​ដោយ​​​ ក៏​យើង​នៅ​តែ​អាច​រក​វិធី​ផ្តល់​ថវិកា​បន្តិច​បន្តួច​បាន​ទៀត​ដែរ​ ទៅ​ដល់​បុព្វហេតុ​ដែល​យើង​គាំទ្រ»។

ដូច្នេះ​ លោក​ស្រី​វីកតូរៀ ប្រីម័រ ​(Victoria Brimmer)​ បន្ថែម​ថា​ ថវិកា​របស់​សប្បុរស​ជន​នៅក្នុង​សហ​ព័ន្ធ​នេះ​ពិត​ជា​ជួយ​កែប្រែ​ជីវិត​របស់​​ជន​ក្រីក្រ​ និង​អ្នក​ដែល​មិន​សូវ​មាន​សំណាង​ដូច​ជា​ពួកគេ​ នៅ​ជុំវិញ​ពិភព​លោក៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ៖ ០៧ វិច្ឆិកា

Posted: 06 Nov 2011 08:15 PM PST

ព័ត៌មានចុងក្រោយបំផុត៖

ហ្រ្គិក៖ លោក​នាយករដ្ឋមន្ត្រី​សង្គម​និយម​នៃ​ប្រទេស​ហ្រ្គិក​ George Papandreou និង​លោក​Antonis Samaras មេដឹកនាំ​អភិរក្ស​និយម​ដែល​ជា​ពួក​ប្រឆាំង​ជួប​ជំនុំ​គ្នា​ទៀត​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដើម្បី​ជ្រើស​រើស​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​ថ្មី​ម្នា​ក់និង​គណៈរដ្ឋមន្ត្រី​នៅ​មុន​ការ​ប្រជុំ​នៃ​ពួក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​តំបន់​ប្រើប្រាស់​ប្រាក់​អ៊ឺរ៉ូ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

ហ្រ្គិក៖ លោក​នាយក​រដ្ឋមន្ត្រី​ហ្រ្គិក​ George Papandreou បានទ្បើង​មក​កាន់​អំណាច​កាល​ពី​ឆ្នាំ​២០០៩​ ដោយ​បាន​សន្យា​ថា​នឹង​បង្កើត​ការងារ​ ជួយ​ក្រុម​ជន​ក្រីក្រ​និង​ជួយ​ស្តារ​សេដ្ឋកិច្ច​ដែល​ទន់​ខ្សោយ។ ក៏ប៉ុន្តែ​ លោក​បាន​តស៊ូ​ប្រយុទ្ធ​ដើម្បី​កុំ​ឱ្យ​ប្រទេស​លោក​ធ្លាក់​ក្នុង​ការធនក្ស័យ​និង​ទាញ​សេដ្ឋកិច្ច​សាកល​ទាំង​មូល​ឱ្យ​ធ្លាក់​ចុះ​ដុនដាប​ដែរ​នោះ។ ជីតា​របស់​លោក​ Papandreou ឈ្មោះ​ George និង​ឳពុក​លោក​ឈ្មោះ​ Andreas ក៏​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ហ្រ្គិក​ដែរ​ដែល​បាន​ជួយ​ប្រវត្តិសាស្ត្រ​ទំនើប​នៃ​ប្រទេស​ហ្រ្គិក​ឱ្យ​មាន​រូបរាង។

អ៊ីរ៉ង់៖ បណ្តាញ​ផ្សាយ​ព័ត៌មាន​ស.រ.អ.​និយាយ​ថា​ទីភ្នាក់ងារ​បរមាណូ​អ.ស.ប.​បាន​ទទួល​ព័ត៌មាន​នៃ​ការ​ស៊ើបការ​សម្ងាត់​ដែល​បង្ហាញ​ថា​ ប្រទេស​អ៊ីរ៉ង់​បាន​ធ្វើ​ការងារ​ដើម្បី​អភិវឌ្ឍ​បច្ចេកវិជ្ជា​អាវុធ​បរមាណូ។

នីការ៉ាហ្គា៖ លោក​ប្រធានាធិបតី​Daniel Ortega នៃ​ប្រទេស​ Nicaragua ហាក់​ដូចជា​នឹង​មាន​ជ័យ​ជំនះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​លោក​ដើម្បី​ឱ្យ​បាន​ជាប់​ឆ្នោត​សម្រាប់​អណត្តិ​ប្រធានាធិបតី​ទី​បី។

ក្វាតេម៉ាឡា៖ អតីត​ឧត្តមសេនីយ​ម្នាក់​ដែល​បាន​សន្យា​ថា​នឹង​បង្ក្រាប​ឧក្រិដ្ឋកម្ម​បាន​ឈ្នះ​ឆ្នោត​នៅ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតីជា​ថ្មី​នៃ​ប្រទេស​ Guatemala។ លោក​ Otto Perez Molina បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​បាន​ទទួល​សន្លឹក​ឆ្នោត​​គាំទ្រ​៥៥​ភាគ​រយ​ជាមួយ​សន្លឹក​ឆ្នោត​សឹង​តែ​ទាំង​អស់​បាន​ត្រូវ​រាប់​រួច​ហើយ​ ដោយ​លោក​បាន​ឈ្នះអ្នក​ជំនួញ​ Manuel Baldizon។

ព័ត៌មាននៅពេលមុននេះ៖

<!--IMAGE-RIGHT-->

អារ៉ាប៊ី​សាអូឌីត ៖ ​នៅ​ឆ្នាំ​នេះ​ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម​ជាង​២​លាន​៥​សែន​នាក់បាន​ធ្វើ​ដំណើរ​ធម្មយាត្រា​​ប្រចាំ​ឆ្នាំ​ទៅ​កាន់​ក្រុង​ Mecca ដើម្បី​ចូល​រួម​ក្នុង​ពិធី​ Hajj។

នីការ៉ាហ្គា ៖ ក្រុម​អ្នក​បោះឆ្នោត​ក្នុង​ប្រទេស​នីការ៉ាហ្គាបាន​ទៅ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ដែល​គេ​រំពឹង​ថា​លោក​ប្រធានាធិបតី​ Daniel Ortega ដែល​កំពុង​កាន់​តំណែង​នឹង​ឈ្នះ។

ក្វាតេម៉ាឡា ៖ ពលរដ្ឋ​ក្វាតេម៉ាឡាទៅ​​បោះឆ្នោត​ដើម្បី​ជ្រើស​រើស​ប្រធានាធិបតី​ថ្មី​ កាល​ពី​ថ្ងៃ​អាទិត្យ។

ក្រិក ៖ នាយក​រដ្ឋមន្ត្រី​ក្រិក George Papandreou ​ចង់​ជួប​ជាមួយ​ប្រធានាធិបតី​របស់​ប្រទេស​និង​មេដឹកនាំ​ក្រុម​ប្រឆាំង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ​ដើម្បី​ឱ្យ​មាន​ការ​យល់​ព្រម​អំពី​រដ្ឋាភិបាល​ចម្រុះ​ថ្មី​មួយ​ដែល​នឹង​ធ្វើ​ឱ្យ​មាន​មូលនិធិ​ជួយ​សង្គ្រោះ​ខាង​ហិរញ្ញវត្ថុ​ត​ទៅ​ទៀត​ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​ធនក្ស័យ​ជាតិ។

ស៊ីរី ៖ ​មាន​មនុស្ស​ស្លាប់​ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ស៊ីរី​នៅ​ពេល​ដែល​ការ​វាយលុក​ដ៏​ឃោរឃៅ​របស់​រដ្ឋាភិបាល​ប្រឆាំង​នឹង​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​មាន​ធ្វើ​ត​ទៅទៀត។

អាហ្វហ្គានីស្ថាន ៖ ​អ្នក​បំផ្ទុះ​គ្រាប់បែក​​អត្តឃាតម្នាក់​បាន​សម្លាប់​មនុស្ស​៧​នាក់​ដោយ​មាន​រួម​បញ្ចូល​ទាំង​ប៉ូលីស​ម្នាក់​ផង​នៅ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន។ មាន​មនុស្សយ៉ាង​ហោច​ណាស់​១៨​នាក់​បាន​ត្រូវ​របួស​នៅ​ក្នុង​ផ្ទុះ​នេះ។

នីហ្សេរីយ៉ា ៖ ចំនួន​ពលរដ្ឋនីហ្សេរីយ៉ា​ដែល​បានត្រូវ​សម្លាប់​នៅ​​ក្នុង​ការ​វាយ​ប្រហារ​មួយ​ចំនួន​ដែល​បាន​ត្រូវ​បន្ទោស​លើ​និកាយ​សាសនា​អ៊ីស្លាម​និយម​ជ្រុល​មួយ​បានទ្បើង​ដល់​លើស​១០០​នាក់​ហើយ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!