VOA News: ព័ត៌មាន: “ក្រុមសិទ្ធិ​មនុស្ស​បញ្ជាក់​ថា​ការ​គាប​សង្កត់​ទំនាស់​ដីធ្លី​កើន​ឡើង” plus 2 more

VOA News: ព័ត៌មាន: “ក្រុមសិទ្ធិ​មនុស្ស​បញ្ជាក់​ថា​ការ​គាប​សង្កត់​ទំនាស់​ដីធ្លី​កើន​ឡើង” plus 2 more


ក្រុមសិទ្ធិ​មនុស្ស​បញ្ជាក់​ថា​ការ​គាប​សង្កត់​ទំនាស់​ដីធ្លី​កើន​ឡើង

Posted: 09 Nov 2011 11:07 AM PST

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បាននិយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា អ្នក​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​ដែល​បាន​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​តុលាការ​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១១​នេះ។ របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ថា មាន​អ្នក​តវ៉ា​រឿង​ដីធ្លី​ចំនួន​២៦​នាក់​ជាប់​ពាក់​ព័ន្ធ​នឹង​បណ្តឹង​ក្នុង​តុលាការ។

របាយការណ៍​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​បញ្ជាក់​ថា អ្នកតវ៉ា​រឿង​ជម្លោះ​ដីធ្លី​៤៦​នាក់​កំពុង​ជាប់​ឃុំ​ និង​១៧៣​នាក់​កំពុង​ជាប់​បណ្តឹង​ក្នុង​តុលាការ។ របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​សរសេរ​ថា អ្នក​តវ៉ា​រឿងជម្លោះ​ដីធ្លី​៣៥​នាក់​កំពុង​ជាប់​ឃុំ​ និង​១៦៣​នាក់​កំពុង​ជាប់​បណ្តឹង​តុលាការ។

តុលាការ​បាន​ចោទប្រកាន់​អំពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ​ និង​បទញុះញង់​ក្នុង​រឿង​ជម្លោះ​ដីធ្លី​នៅ​ឆ្នាំ​២០១១​នេះ។

លោក​ អ៊ូ​ វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បានថ្លែង​ថា​ជនរងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី​បាន​ទទួលរង​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ខាង​តុលាការ​ដែល​ត្រូវ​បាន​កោះហៅ​ដោយ​តុលាការ​ទៅ​សាកសួរ​ចំពោះ​ការ​ចោទ​ប្រកាន់​អំពី​បទបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ​ និង​បទ​ញ៉ុះញ៉ង់។

«ការការពារ​ដីធ្លី​របស់​គាត់​នេះ​ប្រឈមនឹង​ការប្តឹង​នេះ​ ហើយ​ការប្តឹង​ទៅ​តុលាការ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការដាក់​សម្ពាធ​បន្ថែម​ទៅ​លើ ​ប្រជាពលរដ្ឋ​ក្រីក្រ។ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​មួយ​ដែល​ដឹង​ថា ប្រព័ន្ធ​តុលាការ​នេះ​អត់​ឯករាជ្យ។ ការ​ដែល​តុលាការ​មិន​បាន​បំពេញ​តួនាទី​ក្នុង​ការ​ការពារ​យុត្តិធម៌ វា​រំលោភ​ទៅ​លើ​សិទ្ធិ​ប្រជាពលរដ្ឋ​ក្នុង​ទទួល​បាន​យុត្តិធម៌​ ការ​កាត់ក្តី​ត្រឹមត្រូវ​ និង​សវនាការ​ត្រឹមត្រូវ​»។

លោក​ចាន់ ​សាវ៉េត​ ប្រធាន​ផ្នែក​ឃ្លាំមើល​ស្ថានភាព​សិទ្ធិ​មនុស្ស​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ បាន​បញ្ជាក់​ថា អង្គការ​សង្គម​ស៊ីវិល​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​អំពី​ចំនួន​ករណី​ចាប់ខ្លួន​និង​បណ្តឹង​តុលាការ​ប្រឆាំង​អ្នក​តវ៉ា​រឿងជម្លោះ​ដីធ្លី​មាន​សន្ទុះ​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​មុន។

«ខ្ញុំ​គិត​ថា​ករណី​ពាក់ព័ន្ធ​ជា​មួយនឹង​ការ​ចោទ​ប្រកាន់​ក្នុង​រឿងទំនាស់​ដីធ្លី​នេះ​មើល​ទៅ​ស្ថានភាព​អាជ្ញាធរ​សព្វថ្ងៃ​ប្រើ​ប្រាស់​យន្តការ​តុលាការ​ ដើម្បី​ធ្វើការ​បំបាក់​ស្មារតី​របស់​ប្រជាពលរដ្ឋ​ ដែល​តស៊ូប្រឆាំង​ជាមួយនឹង​ការទាមទារ​រឿង​បញ្ហា​ដីធ្លី។ តុលាការ​មិន​គួប្បី​នឹង​ចាត់​វិធានការ​រឿង​ព្រហ្មទណ្ឌ​ទេ​ ប៉ុន្តែ​ភាគី​មាន​អំណាច​ជាង​ប្រជាពលរដ្ឋ​បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ ហើយ​តុលាការ​អនុវត្ត​តាម​របៀប​នៃ​ការស៊ើបអង្កេត​រឿង​ព្រហ្មទណ្ឌ។ គេ​មិន​និយាយ​រឿង​បញ្ហា​ដីធ្លី​ទេ»។

លោក​អ៊ំ​ សំអាត​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បានថ្លែង​ថា​អង្គការ​សង្គម​ស៊ីវិល​បាន​ទាមទារ​ដល់​រដ្ឋាភិបាល​ឱ្យ​ដោះស្រាយ​ករណី​ជម្លោះ​ដីធ្លី​ដោយ​សន្តិវិធី​ ដើម្បី​ជៀសវាង​ប្រជាពលរដ្ឋ​បាត់បង់​ដីធ្លី ហើយ​ត្រូវ​ជាប់​ពន្ធនាគារ​ និង​ជាប់​ពាក្យបណ្តឹង​តុលាការ​ ឬ​រត់​គេច​ខ្លួន​ពី​ផ្ទះ​សម្បែង។

«ក្រុមហ៊ុន​ ឬ​អ្នក​មាន​អំណាច​ប្តឹង​ទៅ​តុលាការ​ ដើម្បី​ចោទប្រកាន់​អំពី​បទល្មើស​ផ្សេងៗ​ ហើយ​ទង្វើ​នេះ​ជា​ការ​គំរាមគំហែង​ផ្នែក​ស្មារតី​ ឬ​ជា​ការគំរាមគំហែង​មួយ​ ដើម្បី​បន្ទុច​បង្អាក​ប្រជាពលរដ្ឋ​មិនឱ្យ​មាន​ការតវ៉ា។ យើង​មើល​ទៅ​វា​យក​ផ្លូវ​តុលាការ​នេះ​ធ្វើជា​ការដាក់​សម្ពាធន៍​ ឬ​ការ​គំរាមគំហែង​សម្រាប់​ប្រជាពល​រដ្ឋ​ជា​ជាង​ការដោះស្រាយ​គ្នា​ដោយ​សន្តិវិធី»។

លោក​ ផៃ​ ស៊ីផាន​ អ្នកនាំពាក្យ​ទីស្តីការគណៈ​រដ្ឋមន្ត្រី​ បានថ្លែង​ថា អង្គការ​មិនមែន​រដ្ឋាភិបាល​គួរតែ​លើក​យក​ករណី​ចាប់ខ្លួន​ និង​ការ​ដាក់​ពាក្យ​បណ្តឹង​ទាក់ទងនឹង​រឿងជម្លោះ​ដីធ្លី​មក​ជូន​រដ្ឋាភិបាល ​ដើម្បី​ដោះស្រាយ​ក្នុង​ការ​ចូលរួម​ចំណែក​ពង្រឹង​នីតិរដ្ឋ​ និង​យុត្តិធម៌​សម្រាប់​គ្រប់​ភាគី។

«តុលាការ​ត្រូវ​ស្វែងរក​ និង​រក្សា​យុត្តិធម៌​ដល់​គ្រប់​ជន​ទាំងពីរ​ភាគី​ ហើយ​មិនមែន​បានសេចក្តី​ថា​ចៅក្រម​រំលោភ​អាច​រួចខ្លួន​នោះ​ទេ។ គួរតែ​រក​ទិសដៅ​ណាមួយ​ដែល​មាន​ប្រសិទ្ធិភាព​ក្នុង​កិច្ចការពង្រឹង​យុត្តិធម៌​ទាំង​ការស្វែងរក​ និង​ការផ្តល់​យុត្តិធម៌​ដល់​ជន​គ្រប់​រូប​នៅ​កម្ពុជា»។

នៅ​ក្នុង​រយៈពេល​៩​ខែ​នេះ​ សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ទទួលបាន​ពាក្យបណ្តឹង​អំពី​ជម្លោះ​ដីធ្លី​ជាង​១៨០​ករណី​ ហើយ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ទទួលបាន​បណ្តឹង​រឿងជម្លោះ​ដីធ្លី​ចំនួន​៧៥​ករណី។ មាន​ការ​កើន​ឡើង​បន្តិច​បន្តួច​ បើ​ប្រៀបធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន៕

This posting includes an audio/video/photo media file: Download Now

ជនជាតិ​ចិន​បួន​នាក់​ជាប់​ឃុំ​ ប្រាំ​នាក់​ត្រូវ​បាន​ដោះលែង

Posted: 09 Nov 2011 10:30 AM PST

បន្ទាប់​ពី​បាន​សាក​សួរ​អស់​រយៈ​​ពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា​ តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​ជន​ជាតិ​ចិន​ចំនួន​បួន​នាក់​ពី​បទ​ជួញ​ដូរ​ថ្នាំ​ញៀន ​និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ ក៏​ប៉ុន្តែ​បាន​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​ជន​ជាតិ​ចិន​៥​នាក់​ផ្សេង​ទៀត។

លោក​មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះ​រាជអាជ្ញារង​តុលាការ​ក្រុង​ភ្នំពេញ​បាន​និយាយ​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​​ថា ដោយសារ​តែ​មិន​មាន​ធាតុ​ផ្សំ​បទ​ល្មើស​គ្រប់​គ្រាន់​តុលាការ​បាន​សម្រេច​ដោះលែង​ជន​ជាតិ​ចិន​ទាំង​៥​នាក់។

«យើង​មិន​អាច​ចោទ​គេ​បាន​ដោយ​ធាតុ​ផ្សំ​មិន​ទាន់​គ្រប់។ អញ្ចឹង​នៅ​ពេល​ចៅ​ក្រម​រក​ឃើញ​អាច​ចេញ​ដីកា​បង្គប់​ឲ្យ​ចាប់​វិញ​បាន»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​​បាន​ចាប់​ខ្លួន​ជនជាតិ​ចិន​ចំនួន​ប្រាំបួន​នាក់​ដាច់​ដោយ​ឡែកៗ​ពី​គ្នា​នៅ​ក្នុង​ខ័ណ្ឌ​ដង្កោ និង​ខ័ណ្ឌ​៧​មករា​ជាមួយ​នឹង​ថ្នាំ​ញៀន​គ្រប់​ប្រភេទ​ចំនួន​ជាង​ពីរ​គីឡូក្រាម​​និង​អាវុធ​ខ្លី​ចំនួន​១ដើម។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ធ្វើ​ការ​សាក​សួរ​អស់​រយៈ​ពេល​ចំនួន​បី​ថ្ងៃ​ដោយ​សម្រេច​ឃុំ​ខ្លួន​មនុស្ស​ចំនួន​ប្រាំ​នាក់​ជា​បន្ត​បន្ទាប់​ពី​ថ្ងៃ​ច័ន្ទ​រហូត​មក​ដល់​ថ្ងៃ​ពុធ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឌុច គឹម​សន​ ចៅ​ក្រម​ស៊ើប​អង្កេត​។

«គេ​យក​ពី​ព្រះ​រាជអាជ្ញា​ទំរាំ​មក​ដល់​ចៅ​ក្រម​វា​យូរពី​ព្រោះ​វា​ច្រើន យើង​ធ្វើ​អត់​ទាន់។​ខ្ញុំ​សម្រេច​ឃុំ​ខ្លួន​ហើយ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន»។

មន្ត្រី​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។ ជន​ជាតិ​ចិន​ទាំង​បួន​នាក់​ដែល​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​មាន​ឈ្មោះ ធូ វ៉ៃជុន (Tu Wei Jun) អាយុ​២៧​ឆ្នាំ​ លីន ជឺឡុង( Lin Zhi Long) អាយុ​២៦​ឆ្នាំ​​ លី​ ហៃកាង(Li Hai Gang) អាយុ​២៨​ឆ្នាំ ដែល​អ្នក​ទាំង​បី​ជាជន​ជាតិ​ចិន​ដី​គោគ និង​ជុង យ៉ុងថាយ (Zhong Yong Tai) ​អាយុ​៣០​ឆ្នាំ​ដែល​ជា​ជន​ជាតិ​ចិន​តៃ​វ៉ាន់។

ដីកា​ឃុំ​ខ្លួន​ជន​ជាតិ​ចិន​ទាំង​បួន​នាក់​នេះ​ត្រូវ​បាន​ចេញ​មួយ​ថ្ងៃ​ក្រោយ​ពី​តុលាការ​ខេត្ត​បន្ទាយមានជ័យ​បាន​កាត់​ទោស​មន្ត្រី​ប៉ូលីស​ចំនួន​ប្រាំ​នាក់​ដែល​រួម​មាន​លោក​ ហ៊ុន ហ៊ាន​ អតីត​ស្នង​ការ​ប៉ូលីស​ខេត្ត​ លោក ឈៀន សុន​ អតីត​ស្នង​ការ​រង​ប៉ូលីស​ខេត្ត​ព្រម​ទាំង​មន្ត្រី​ប៉ូលីស​បី​រូប​ផ្សេង​ទៀត​ពី​បទ​ទទួល​សំណូក​ពាក់​ព័ន្ឋ​នឹង​ថ្នាំ​ញៀន​ដែល​ប្តឹង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

លោក​ឧត្តម​សេនីយ​ទោ​ខៀវ​ សាម៉ន​ ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​បាន​និយាយថា ក្នុង​រយៈពេល​ប្រាំបួនខែ​ដើម​ឆ្នាំ​២០១១​នេះ​អាជ្ញាធរ​បាន​បង្ក្រាប​ករណី​ជួញ​ដូរ​ថ្នាំ​ញៀន​ចំនួន​៧០៩​ករណី​និង​រឹប​អូស​ថ្នាំ​ញៀន​មេតំហ្វេតាមីន​គ្រាប់​ចំនួន​២សែន៥ពាន់​​គ្រាប់​ ថ្នាំ​ញៀន​មេតំហ្វេតាមីន​ទឹកកក​ជាង​១៣​គីឡូក្រាម កញ្ឆាក្រៀម​ជាង​៨គីឡូក្រាម ម៉្សៅ​ហេរ៉ូអ៊ីន​ ៣​គីឡូក្រាម​ និង​ថ្នាំ​ញៀនអ៊ិចស្តាស៊ី​ចំនួន​១.៦០០គ្រាប់។

លោក​បាន​បញ្ជាក់​ទៀត​ថា ជនល្មើស​ដែល​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​យ៉ាង​តិច​ចំនួន​ជាង​១.៧០០​នាក់​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ឋនាគារ​ពី​២០​ឆ្នាំ​រហូត​មួយ​ជីវិត៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ៖ ០៩ វិច្ឆិកា

Posted: 08 Nov 2011 11:28 PM PST

ព័ត៌មានចុងក្រោយបំផុត៖

ឡាវ៖ ក្រុម​អ្នកការពារ​បរិដ្ឋាន​អាមេរិកាំង​មួយ​បាន​ថ្កោលទោស​សេចក្ដីរាយការណ៍​មួយ ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ជួល​ដោយ​ប្រទេស​ឡាវ​ដែល​ឲ្យ​យោបល់​អនុញាត​បន្ដ​ផែនការ​សង់​ទំនប់​វារីអគ្គិសនី​នៅ​​លើ​ទន្លេ​មេគង្គ។

អ៊ីរ៉ង់៖ ប្រធានាធិបតី​អ៊ីរ៉ង់​ លោក​ Mahmoud Ahmadinejad ​ថ្លែង​ថា​ប្រទេស​របស់​លោក​ នឹង​មិន​ដក​ថយ​មួយ​ចំណិត​ជំហាន​ពី​មាគ៌ា​នុយក្លេអ៊ែរ​របស់​ខ្លួន​ទេ​ ក្រោយ​ពី​មាន​សេចក្ដី​រាយការណ៍​មួយ​ អំពី​ការព្រួយបារម្ភ​ថា​ រដ្ឋាភិបាល​ទី​ក្រុង ​តេហេរ៉ង​ កំពុង​តាម​ស្វែងរក​ការ​ស្ថាបនា​អាវុធ​បរមាណូ។

អ៊ឺរ៉ុប៖ មេ​ដឹកនាំ​គណបក្ស​នយោបាយ​របស់​ប្រទេស ​ក្រិក​ បាន​បញ្ឈប់​ការដេញដោល​គ្នា​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មី​មូយ ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ដោយ ​​មិន​បាន​ទទួល​ការ​សម្របសម្រួល​គ្នា​ណាមួយ​ តែ​បាន​សម្រេច​ថា​ នឹង​ចាប់​ផ្ដើម​ការចរចា​នោះ​ឡើង​វិញ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ។

អ៊ីតាលី៖ នាយករដ្ឋមន្ដ្រី​អ៊ីតាលី​ លោក ​Silvio Berlusconi ​ថ្លែង​ថា​លោក​នឹង​ចុះចេញ​ពី​ដំណែង​ក្រោយ​ពី​រដ្ឋសភា​ បាន​អនុម័ត​មក​លើ​ការ​កែទម្រង់​សេដ្ឋកិច្ច​ដ៏សំខាន់​ ដែល​មាន​គោលដៅ​នឹង​ធ្វើ​ឲ្យ​មាន​ស្ថេរភាព​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ីតាលី។

អាហ្វហ្កានិស្ថាន៖ មន្ដ្រី​តំបន់ ​និយាយ​ថា ​ទាហាន​ អាហ្វហ្កានិស្ថាន​ និង​ទាហាន​ អូតង់ ​បាន​សម្លាប់​ជន​សកម្ម​ប្រយុទ្ធ​តាលីបាន​ យ៉ាងតិច​៥០​នាក់​ ដែល​បាន​បើក​ការ​វាយ​លុក​ចូល​ទៅ​ក្នុង​មូលដ្ឋាន​មួយ ​នៅ​ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​ប៉ាគិស្ថាន។

ឥណ្ឌា/ប៉ាគិស្ថាន៖ ឥណ្ឌា និង​ប៉ាគិស្ថាន​ កំពុង​ស្វែងរក​មធ្យោបាយ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ដល់​ការទុកចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​ចំ​ពេល​ដែល​ប្រទេស​ជិត​ខាង​នោះ​ ដែល​មាន​អាវុធ​បរមាណូ​ខិតខំ​បង្កើត​ដំណើរ​ការឆ្ពោះ​ទៅ​រក​សន្ដិភាព​ចាប់តាំង​ពី​ដើម​ឆ្នាំ។

លីបេរីយ៉ា៖ ជនជាតិ​លីបេរីយ៉ា​ កំពុង​រង់ចាំ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​លើក​ទីពីរ​ ដោយ​គេ​រំពឹង​ថា​ ប្រធានាធិបតី​បច្ចុប្បន្ន​ លោកស្រី​ Ellen Johnson Sirleaf នឹង​ទទួល​បាន​អាណត្ដិ​ទីពីរ​ ហើយ​នៅ​ពេល​នេះ​ដែរ​ រដ្ឋាភិបាល​គំាទ្រ​សេចក្ដី​សម្រេចចិត្ដ​របស់​ខ្លួន​ដើម្បី​បិទ​ស្ថានីយ​វិទ្យុ​បី​ដែល​គេ​យល់​ថា​ ជា​អ្នកគាំទ្រ​គណបក្ស​ជំទាស់។

រុស្សី៖ កាល​ពី​ថ្ងៃ​ពុធ​ ព្រះអង្គារ​យាន​ហ្វូបូស មាន​បញ្ហា​ដោយ​សារ​ម៉ាស៊ីន​កុំព្យូទ័រ​នៅ​លើ​យាន្ត​មិន​ដំណើរការ​ហើយ​បាន​ត្រូវ​ជាប់គាំង​នៅ​លើ​ វិថី​ផែនដី។ នាយក​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី ​លោក ​Vladimir Popovkin ​ថ្លែង​ថា​ យាន​អាវកាស​ ខកខាន​ មិន​បាន​បញ្ឆេះ​ ម៉ាស៊ីន ​រហូត​ដល់​ពីរ​ដង។

វៀតណាម៖ អាជ្ញាធរ​វៀតណាម​និយាយ​ថា​ ជនជាតិ​វៀតណាម​ ១០០​ នាក់​ស្លាប់​ដោយសារ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ ដែល​បាន​រាលដាល​ពេញ​តែ​ប្រទេស​ ជា​ច្រើន​សប្ដាហ៍​មក​ហើយ។

ចិន៖ មន្ដ្រី​ចិន​ និយាយ​ថា​ ប្រទេស​ចិន​ និង ​ប្រទេស​ជិតខាង​របស់​ខ្លួន​ជា​ច្រើន​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​យាមល្បាត​នៅ​តំបន់​ទន្លេ​មេគង្គ​ នៅ​ពេល​ឆាប់​ៗ​នេះ ​នៅ​ពេល​ដែល​បុគ្គលិក​ចិន​​ជាង​ ១៣ ​នាក់​​បាន​ត្រូវ​ ជន​សង្ស័យ​ជា​អ្នក​រត់​គ្រឿងញៀន ​សម្លាប់​ កាល​ពី​ខែ​មុន។

អេប៉ិច៖ ក្រុម​អ្នកស្រាវជ្រាវ​ សម្រាប់​អង្គការ​ សេដ្ឋកិច្ច​ អាស៊ីប៉ាស៊ីហ្វិក​ និយាយ​ថា​ ការ​ធ្វើ​ឲ្យ​ប្រសើរ​ដល់​ប្រសិទ្ធភាព​ បាន​សន្សំ​ប្រាក់​ដល់​ប្រទេស​តំបន់ ​រហូត​ដល់​ ៥៨​ ពាន់​លាន​ដុល្លារ​ នៃ​​ចំណាយ​ពាណិជ្ជកម្ម​ ចាប់​តាំង​ពី​ឆ្នាំ​ ២០០៧។

<!--AV-->

ព័ត៌មាននៅពេលមុននេះ៖

<!--IMAGE-RIGHT-->

ឥណ្ឌូនេស៊ី៖ ​ទីភ្នាក់ងារ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ប្រាប់​ឲ្យ​ដឹងថា​​ប្រទេស​ឥណ្ឌូណេស៊ី​ ទំនង​​យល់​ព្រម​ឲ្យ​ប្រទេស​ភូមា​ធ្វើ​ជា​ប្រធាន​របស់​សមាគម​ប្រទេស​អាស៊ី​អាគ្នេយ៍​ក្នុង​ឆ្នាំ​២០១៤។

ចិន ៖ ជនជាតិ​រាប់​ម៉ឺននាក់​បាន​បន្ថែម​ការ​រួមវិភាគទាន​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ដើម្បី​ជួយ​វិចិត្រករ​ Ai Weiwei ​ដើម្បី​បង់​ពន្ធ​ដ៍​សំបើម​​ដែល​ជន​ជាតិ​ចិន​ជាច្រើន​មើល​ឃើញ​ថាជា​​​ការ​ប៉ុនប៉ង​ដើម្បី​បំបិទ​​មាត់​​អ្ន​ករិះគន់​ខាង​សង្គម​នេះ។

ជប៉ុន ៖ កសិករ​និង​អ្នកនេសាទ​ជប៉ុន​រាប់​ពាន់​នាក់​បាន​ធ្វើ​កូដកម្ម​នៅតូក្យូ​​ដើម្បី​ ​តវ៉ា​ដល់​ការ​ចូលរួម​ដែល​បាន​ស្នើរបស់​ជប៉ុន​ក្នុង​អង្គការ​ពាណិជ្ជកម្ម​សេរី​ដែល​គេ​ពង្រីក​នៅ​តំបន់​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

អ៊ីរ៉ង់ ៖ ​ទីភ្នាក់ងារ​នុយក្លេអ៊ែ​របស់​អង្គការ​សហប្រជាជាតិ​បាន​ផ្តល់​ព័ត៌មាន​​សម្ងាត់​ដែល​បង្ហាញ​ថា​អ៊ីរ៉ង់​បាន​ធ្វើ​ការងារ​ដើម្បី​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ធ្វើ​​អាវុធ​នុយក្លេអ៊ែរ។

អ៊ីតាលី ៖ ​នាយករដ្ឋ​មន្រ្តី​​អ៊ីតាលី​ Silvio Berlusconi បាន​ឈ្នះ​ការបោះ​ឆ្នោត​ថវិកាដ៍​សំខាន់​មួយ​កាលពី​ថ្ងៃ​​អង្គារ​នៅ​ក្នុង​សភា​ តែ​បាត់​បង់​ការ​គាំទ្រ​​សម្លេងភាគ​ច្រើន​ ​សម្រាប់​រដ្ឋាភិបាល​ដ៍ទន់​ខ្សោយ​របស់​លោក។

ក្រិក ៖ ​អ្នកសេដ្ឋវិទូ​ Lucas Papademos ​នឹង​ក្លាយ​ជា​នាយក​រដ្ឋ​មន្រ្តី​អន្តរកាល​របស់​ប្រទេស​នោះ​ ​ពេល​ដែល​ប្រទេស​រួម​រឹត​ដោយ​បំណុល ​​​ធ្វើ​ការ​តស៊ូ​ដើម្បី​បំពេញ​តម្រូវការ​របស់​ម្ចាស់​បំណុល​អន្តរជាតិ។

លីបេរីយ៉ា ៖ លោកស្រី​ប្រធានាធិបតី​ Johnson Sirleaf ​នៃ​ប្រទេស​លីបេរីយ៉ា​​ នឹង​ទទួល​ជ័យ​ជំនះ​ក្នុង​ការបោះឆ្នោត​អាណត្តិទី២​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះឆ្នោត​ជុំទី​២​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​ការ​ធ្វើ​ពិហិការ​ពី​គូ​ប្រកួត​ប្រជែង​របស់​លោកស្រី ​ហើយ​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​ដែល​បាន​សម្លាប់​មនុស្ស។

អាហ្វហ្គានីស្ថាន ៖ ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​បង្កប់​នៅ​តាម​ជាយ​ផ្លូវ​​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​ក៏​១០​នាក់​ដែរ​កាលពី​ថ្ងៃ​ច័ន្ទ​ក្នុង​ខេត្ត​ Baghdis ​ភាគ​ពាយ័ព្យនៃ​អាហ្គានីស្ថាន។

រុស្ស៊ី៖ ប្រទេស​រុស្ស៊ីដែល​ជា​ប្រទេស​នាំ​ប្រង​ចេញ​ធំ​ជាងគេ​បំផុត​ក្នុង​ពិភពលោក​ចាំបាច់​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​របស់​ខ្លួន​លើ​ប្រាក់​ចំណូល​ប្រេង​ហើយ​ធ្វើ​ឲ្យ​មាន​សេដ្ឋកិច្ច​ច្រើន​មុខ​ដើម្បី​ធ្វើ​ឲ្យ​មាន​សេ្ថរភាព។

ស៊ីរី ៖ ​យ៉ាង​ហោច​ណាស់​ក៏​៣​ពាន់​៥​រយ​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុងការ​បង្ក្រាប​​រយៈពេល​៨​ខែ​របស់​រដ្ឋាភិបាល​​ស៊ីរីលើ​ពួក​ប្រឆាំង ខណៈនោះ​ដែរ​​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេសស៊ីរី​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ពីការលើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ជ្រួល​ច្របល់​នៅ​ក្នុង​ប្រទេស៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!