VOA News: ព័ត៌មាន: “ខ្មែរ​អាមេរិក​ម្នាក់​ដក​ខ្លួន​ពី​ដើម​បណ្តឹង​​រដ្ឋប្បវេណី” plus 3 more

VOA News: ព័ត៌មាន: “ខ្មែរ​អាមេរិក​ម្នាក់​ដក​ខ្លួន​ពី​ដើម​បណ្តឹង​​រដ្ឋប្បវេណី” plus 3 more


ខ្មែរ​អាមេរិក​ម្នាក់​ដក​ខ្លួន​ពី​ដើម​បណ្តឹង​​រដ្ឋប្បវេណី

Posted: 10 Nov 2011 10:31 AM PST

អ្នក​ច្បាប់​ខ្មែរ​សញ្ជាតិ​អាមេរិក ​និង​ជាអតីត​អ្នកទោស​កុមារ​ក្នុង​សម័យ​ខ្មែរក្រហម​ កញ្ញា ​សេង​ ធារី ​បាន​ប្រកាស​ថា នាង​នឹង​ដក​ខ្លួន​ពី​​ដើមបណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០២​ រួម​ទាំង​ឈប់​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​ច្រានចោល​​ពាក្យ​ស្នើសុំ​តាំងខ្លួន​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០៣ ​និង​០០៤​ផង​ដែរ។

នៅក្នុង​សេចក្ដី​ប្រកាសព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃពុធ​ នាយិកា​សមាគម​ជនរងគ្រោះ​ក្នុង​របបខ្មែរ​​ក្រហម​​បាន​លើកពី​មូលហេតុ​មួយ​ដែល​នាង​ចាត់ទុក​ថា សាលាក្ដី​ខ្មែរក្រហម ​«គឺជា​ឆាកល្ខោន​នយោ​បាយ»។

ការ​ប្រកាស​ដកខ្លួន​នេះ​ធ្វើឡើង​ខណៈដែល​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​ចាប់ផ្ដើម​បើក​សវនាការ​​ពេញអង្គ​សេចក្ដី​ក្នុង​សំណុំរឿង​ ០០២​ នេះ​នៅថ្ងៃ​ទី ​២១​ ​ខែ​វិច្ឆិកា​នេះ។ សំណុំរឿង​នេះ​ដែល​មាន​​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​បួននាក់ ​គឺនួន ​ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម ​ខៀវ ​សំផង​ អតីត​ប្រមុខរដ្ឋ ​អៀង ​សារី ​អតីត​ឧបនាយករដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ដ្រី​ការបរទេស ​និង​ប្រពន្ធ​របស់គាត់​ អៀង​ ធីរិទ្ធ ​អតីត​រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច។ ពួកគេ​ត្រូវ​ចោទ​ប្រកាន់​ពីបទ​ដែល​ពាក់ពន្ធ័​នឹង​ការបណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាងតិច​១,៧ ​លាន​នាក់​ស្លាប់​បាត់បង់​ជីវិត​ចន្លោះ​ពីឆ្នាំ ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។

កញ្ញា​សេង ​ធារី ​បាន​ឲ្យដឹង​ថា ​នាង​នឹង​ជូន​ដំណឹង​ពី​ការ​ដកខ្លួន​នេះ​ទៅ​ដល់​សាលាក្ដី​ខ្មែរក្រហម​​នៅ​ដើម​សប្ដាហ៍​ក្រោយ។

«ខ្ញុំ​សម្រេ​ចចិត្ត​ហើយ។ ហើយ​ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​ជូន​ព័ត៌មាន​ទៅ​តុលាការ​​នៅ​ថ្ងៃអង្គារ​សប្ដាហ៍​​ក្រោយ។ គេ​ចេះតែ​ប្រើ​នាម​របស់​យើង​ ប៉ុន្ដែ​សម្រាប់​ផលប្រយោជន៍​នយោបាយ​​ដែល​យើង​មិន​អាច​ទទួល​យក​បាន»។

កញ្ញា​សេង ធារី ​បាន​ប្ដឹង​សុំតាំង​ខ្លួន​ជា​ដើមបណ្ដឹង​រដ្ឋប្បវេណី​ប្រឆាំង​នឹង​អតីត​​មេដឹកនាំ​កំពូល​ខ្មែរក្រហម​​ទាំងបួន​នាក់​ក្នុង​សំណុំ​រឿង​០០២ ​សម្រាប់​​ការ​ស្លាប់​បាត់បង់​ជីវិត​នៃ​ឱពុកម្ដាយ​របស់​នាង និង​រូបនាង​​ផ្ទាល់​ត្រូវ​ពួក​ខ្មែរ​ក្រហម​​ចាប់ដាក់គុក​រយៈពេល​ប្រាំខែ​ក្នុង​ខេត្ត​ស្វាយរៀង។ មាន​ដើម​បណ្ដឹង​រដ្ឋប្ប​វេណី​សរុប​ចំនួន​ជាង​៣.៨៦០ ​នាក់ ​ក្នុង​សំណុំរឿង​០០២​នេះ។ អតីត​នាយិកា​មជ្ឈមណ្ឌល​អភិវឌ្ឈន៍​​សង្គម​រូបនេះ​ក៏បាន​ដាក់ពាក្យ​សុំតាំងខ្លួន​ជាដើមបណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០៣​ និង​០០៤ ​ប្រឆាំង​នឹង​អតីត​អ្នកទទួលខុស​ត្រូវ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ចំនួនប្រាំ​នាក់​ផ្សេងទៀត ​ក៏ប៉ុន្ដែ​សហ​ចៅក្រមស៊ើប​​អង្កេត​​បាន​ទាត់ចោល​ការស្នើសុំ​នោះ។ នាង​បាន​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការសម្រេច​នោះ​​ក៏ប៉ុន្ដែ​​នៅ​​មិនទាន់​មាន​ការសម្រេច​ពី​អង្គបុរេជំនុំជម្រះ​នៅឡើយ។

លោក​នេត្រ ​ភក្រ្ដា​ អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​​មាន​ប្រសាសន៍​ថា ការដកខ្លួន​របស់​កញ្ញា ​សេង​ ធារី ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ក្ដី​នោះទេ។

«គឺជា​សិទ្ធិ​របស់​គាត់​នៅក្នុង​ការប្រកាស​ដកខ្លួន​នោះ​ ក៏ប៉ុន្ដែ​វា​មិន​ប៉ះពាល់​ទៅដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដទៃ​ទៀត​ក្នុង​សំណុំរឿង ​០០២​ ហើយ​និង​ការដាក់ពាក្យ​សុំតាំងខ្លួន​ជាដើម​​បណ្ដឹង​រដ្ឋប្បវេណី​​​ក្នុង​សំណុំរឿង​ផ្សេងៗ​ទៀត​ទេ»។

ជាមួយគ្នានេះ​មន្ដ្រី​អ្នកនាំពាក្យ​ដដែល​បាន​ច្រានចោល​ការចោទ​ប្រកាន់​ពី​ការ​ជាប់ពាក់ពន្ធ័​ផ្នែក​​នយោ​បាយ​របស់​សាលាក្ដីខ្មែរ​ក្រហម​ដែល​កញ្ញា សេង ​ធារី ​បាន​លើក​ឡើង​​នោះ។ ក្រុមមេធាវី​ការពារក្ដី​​របស់​នួន​ ជា ​បាន​ប្ដឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​​កាលពី​ពេលថ្មីៗ​នេះ​​​ដោយលើក​ឡើង​ពី​ការជ្រៀតជ្រែក​របស់​មន្ដ្រី​រដ្ឋាភិបាល​ចូលក្នុង​សាលាក្ដី​ខ្មែរក្រហម។ កាលពី​ខែ តុលា​ អង្គការ​​សហ​ប្រជាជាតិ​បាន​ព្រមាន​កម្ពុជា​ឲ្យឈប់​បន្ដ​ធ្វើ​សេចក្ដីថ្លែងការណ៍​ដែល​មាន​លក្ខណៈ​ជា​ការជ្រៀត​ជ្រែក​លើ​សំណុំរឿង​បន្ថែម​ ០០៣ ​និង​០០៤៕

This posting includes an audio/video/photo media file: Download Now

ការ​លក់ដូរ​ធ្លាក់​ចុះ​ដោយសារ​គ្មាន​ពិធី​បុណ្យ​អុំទូក

Posted: 10 Nov 2011 09:50 AM PST

នៅ​តាម​ដង​ទន្លេ​សាប​មុខ​ព្រះបរមរាជវាំង​ដែល​ធ្លាប់​តែមាន​មនុស្ស​រាប់​លាន​នាក់​ពី​គ្រប់​ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា​ពេល​បុណ្យ​អុំទូក​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ជារៀងរាល់​ឆ្នាំ​នោះ ឆ្នាំ​នេះ​បាន​ក្លាយ​​ជា​ភាព​ស្ងប់ស្ងាត់​ដោយសារ​តែ​គ្មាន​ពីធី​បុណ្យ​អុំទូក។

ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ជារៀងរាល់​ឆ្នាំ​ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា។ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​បាន​ប្រកាស​លុបចោល​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប្រចាំ​ឆ្នាំ​​នេះ​​ដោយសារ​តែ​កម្ពុជា​បាន​ប្រឈម​នឹង​គ្រោះមហន្តរាយ​ទឹកជំនន់​ដែល​បាន​សម្លាប់​មនុស្ស​ជាង​២៥០​នាក់​ និង​បំផ្លាញ​ស្រូវ​កសិករ​រាប់ម៉ឺន​ហិកតា។ ថ្ងៃ​ប្រារព្វ​ពិធី​ប្រណាំង​ទូក មើល​ទៅ​ដូចជា​ថ្ងៃ​ធម្មតា ហើយ​អ្នកលក់​ហាក់ដូចជា​មិន​សូវ​សប្បាយ​ចិត្ត។ ក្រុម​អ្នកលក់​ បាន​ត្អូញត្អែរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​មុខ​របរ​លក់ដូរ​របស់​ពួកគេ​បាន​បាត់បង់​ចំណូល​ប្រមាណ​៣០​ភាគរយ​សម្រាប់​ការលក់​ផលិតផល​នានា​នៅក្នុង​រដូវ​បុណ្យ​ប្រណាំង​ទូក​នេះ។

លោក​ អឿ​ រ៉ាយុទ្ធ​ ម្ចាស់​តូប​លក់​ទឹកអប់​ និង​សាប៉ូ​ដុស​ខ្លួន​នៅ​កោះ​ពេជ្រ​ បានរអ៊ូរទាំ​ថា លោក​អាច​ខាតបង់​ប្រាក់​អស់​យ៉ាង​តិច​១.០០០​ដុល្លារ​អាមេរិក​សម្រាប់​តូប​មួយ​ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​ប្រណាំង​ទូក​នៅ​ឆ្នាំ​នេះ​ ដោយសារ​គ្មាន​ពិធី​ប្រណាំង​ទូក។ លោក​បាន​បន្ថែម​ថា កាលពី​ពិធី​ប្រណាំង​ទូក​ឆ្នាំ​២០១០​ លោក​អាច​លក់​ផលិតផល​បាន​ប្រាក់​ជាង​១.៣០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ​សម្រាប់​តូប​មួយ។ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១១​នេះ​ លោក​អាច​លក់​បាន​ប្រាក់​មិន​ដល់​១.០០០​ដុល្លារ​ទេ​ក្នុង​មួយ​ថ្ងៃ។

«វា​ត្រូវ​តែ​ប៉ះពាល់​ដល់​ជំនួញ។ វា​ជៀស​មិន​រួច​ទេ។ នៅ​ពេល​មាន​កម្មវិធី​អុំទូក​ មនុស្ស​ច្រើន​មក​មើល​មក​ដើរ​លេង​កំសាន្ត។ នៅ​ពេល​យើង​អត់​មាន​កម្មវិធី​អុំទូក​ មនុស្ស​តិច​ជាង​មក​ដើរ​កំសាន្ត​លេង។ វា​ប្រហែលជា​អាច​ធ្លាក់​ប្រហែល​២០​ភាគ​តែ​ប៉ុណ្ណោះ»។

លោក​លាង​ ហាក់​ ម្ចាស់​តូប​លក់​ខ្សែក្រវ៉ាត់​នៅ​កោះ​ពេជ្រ​ បាន​ត្អូញ​ត្អែរ​ថា ការ​លក់​ផលិតផល​របស់​លោក​អាច​ធ្លាក់ចុះ​៣០​ភាគរយ​ ដោយសារ​គ្មាន​ពិធី​បុណ្យ​ប្រណាំង​ទូក​ និង​គ្មាន​អ្នក​មក​ដើរកំសាន្ត​ពី​ខេត្ត​នានា​ ដើម្បី​ទិញ​ផលិតផល​ប្រើប្រាស់​ផ្សេងៗ។

លោក​លាង​ ហាក់​ បាន​បញ្ជាក់​ថា លោក​មាន​កង្វល់​អំពី​ការ​ធ្លាក់ចុះ​នៃ​ការ​លក់​ផលិតផល​នេះ។ លោក​ធ្លាប់​លក់​ក្នុង​មួយ​ថ្ងៃ​បានប្រាក់​យ៉ាងតិច​៣.០០០​ដុល្លារ​កាលពី​ពិធី​ប្រណាំង​ទូក​ឆ្នាំំ​២០១០​ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ ការលក់​ផលិតផល​របស់​លោក​បានប្រាក់​តែ​២.០០០​ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

«អ្នក​មកដើរ​កំសាន្ត​តិច។ អ្នកលក់​បានតិច​ដែរ។ ការលក់​ធ្លាក់​ពី​៣០​ទៅ​៤០​ភាគរយ»។

លោក​ខេង​ ហុង​ ម្ចាស់​តូប​លក់​ផលិតផល​ពី​ម៉ាឡេស៊ី​នៅ​កោះ​ពេជ្រ​ បាន​ថ្លែង​ថា កាលពី​ពិធី​ប្រណាំង​ទូក​ឆ្នាំ​មុន​ លោក​លក់​បាន​ប្រាក់​២.៣០០

ដុល្លារ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ លោក​រក​បានប្រាក់​ប្រមាណ​ជា​២.០០០​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។ លោក​ខេង​ ហុង​ បានបន្ថែម​ថា បើ​មាន​ការ​ប្រារព្វ​ពិធី​ប្រណាំង​ទូក​ លោក​មិន​ត្រឹមតែ​អាច​លក់​ផលិតផល​របស់​លោក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែមទាំង​អាច​ផ្សព្វផ្សាយ​ផលិតផល​ ដើម្បី​ទាក់ទាញ​ការគាំទ្រ​ផលិតផល​របស់​លោក​ពី​មនុស្ស​ដើរកំសាន្ត​ទាំងនោះ។

ជារៀងរាល់​ឆ្នាំ​មាន​ទូក​ប្រណាំង​ជាង​៤០០​គ្រឿង​ដែល​ចំណាយ​អស់​ជាង​១​លាន​ដុល្លារ និង​អ្នកដើរកំសាន្ត​ជាង​បី​លាន​នាក់​មកពី​ទូទាំង​ប្រទេស​ និង​ប្រទេស​ផ្សេងៗ​មក​ចូលរួម​ក្នុង​ពិធី​ប្រណាំង​ទូក​នេះ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ៖ ១០ វិច្ឆិកា

Posted: 09 Nov 2011 10:44 PM PST

ព័ត៌មានចុងក្រោយបំផុត៖

ស.រ.អា៖ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​បង្ហាញ​ក្តីសង្ឃឹម​ក្នុង​កិច្ច​ពិភាក្សា​ ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច ​និង​ការងារ​ធ្វើ ពេល​គេ​ដេញដោល​គ្នា​នៅ​រដ្ឋ Michigan។ លោក​ Rick Perry អភិបាល​រដ្ឋTexas ប្រហែល​ជា​មាន​ការ​លំបាក​ពេល​លោក​ព្យាយាម​ឆ្លើយ​សំណួរ។

ស៊ិរី៖ ក្រុមប្រឹក្សា​ជាតិ​ដែល​ជាក្រុម​ប្រឆាំង​កំពុង​អំពាវនាវ​ឲ្យមាន​កូដកម្ម​ទូទៅមួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ដើម្បីទាមទារ​ប្រឆាំង​នឹង​អ្វី​ដែល​គេ​និយាយ​ថា​ ការ​បង្ក្រាប​ដោយ​ឃោរឃៅ​ពីរដ្ឋាភិបាល​នៅតំបន់​Homs ​ភាគកណ្តាល។

លីបេរីយ៉ា៖ មន្ត្រី​នានា​និយាយ​ថា​ លទ្ធផល​បឋមនៃ​ការបោះឆ្នោត​ប្រធានាធិបតី​ប្រទេស​លីបេរីយ៉ា​នឹងចេញ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ។ លោកស្រី​ប្រធានាធិបតី ​Ellen Johnson ​Sirleaf​ អាច​នឹង​ជាប់​ឆ្នោត​​អាណត្តិ​ទី​២​នេះ​ រីឯ​បេក្ខជន​ប្រឆាំង​William Tubman ​ធ្វើ​ពហិកា​ការ​បោះឆ្នោត​កាលពី​ថ្ងៃអង្គារ​ ដោយ​ចោទ​ថា មាន​ការ​លួចបន្លំ។

អ៊ីរ៉ង់៖ ប្រទេស​ចិន​និយាយ​ថា​ ទណ្ឌកម្ម​មិន​មែន​ជា​មូលដ្ឋាន​នៃ​ការដោះស្រាយ​កង្វល់​អន្តរជាតិ​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​ទេ។ Hong Lei អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេសចិន​បាន​ធ្វើ​អត្ថាធិប្បាយ​បែប​នេះ​នៅ​ថ្ងៃព្រហស្បតិ៍​ មួយ​ថ្ងៃ​ក្រោយពី​មហា​អំណាច​លោកខាងលិច​ និយាយ​ថា រដ្ឋាភិបាល​ក្រុងTehran​ អាច​ប្រឈមមុខ​នឹង​ទណ្ឌកម្ម​បន្ថែម​ទៀត ​ ប្រសិនបើ រដ្ឋាភិបាល​នេះ​មិន​សហការ​ជាមួយ​អធិការកិច្ច​របស់​អសប​ ពិនិត្យ​អាវុធ​នុយក្លេអ៊ែរ។

អ៊ឺរ៉ុប៖ ទីផ្សារ​ហិរញ្ញ​វត្ថុ​អាស៊ី​បិទ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ ដោយ​ព្រួយ​បារម្ភថា​ វិបត្តិ​ហិរញ្ញវត្ថុ​ដែល​ចុះ​ដុនដាប​នៅ​ប្រទេស​អ៊ីតាលី​អាច​រុញ​ច្រាន​សេដ្ឋកិច្ច​អ៊ឺរ៉ុប​ធ្លាក់​ចុះ​ខ្លាំង។ ទីផ្សារ​ហ៊ុន​របស់​ក្រុមហ៊ុន​ Nikkeiជប៉ុន​ធ្លាក់​ចុះ​ជា​មធ្យម​ជិត៣% ហើយ​ទីផ្សារហ៊ុន​នៃក្រុមហ៊ុន​ Hang Seng ​នៅហុងកុង​ធ្លាក់ចុះជិត​៥%​ ក្រោយពី​មាន​ព័ត៌មាន​ថា អត្រា​ការប្រាក់​នៅ​ប្រទេស​អ៊ីតាលី​ឡើង​លើ​៧%​កាលពី​ថ្ងៃពុធ។

ឥណ្ឌា/ប៉ាគិស្ថាន៖ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ និងនាយក​រដ្ឋមន្ត្រី​ប៉ាគិស្ថាន ​និយាយ​ថា ​គេ​រំពឹង​ថា កិច្ចពិភាក្សា​ក្នុង​ពេល​ខាង​មុខ​នឹង​បន្ត​ធ្វើឲ្យប្រទេស​ទាំងពីរកាន់តែ​ជិតស្និទ្ធ​នឹង​គ្នា។ លោក Manmohan Singh នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ និយាយ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា  ប្រទេស​ទាំងពីរ​បាន​ចំណាយ​ពេល​វេលា​ច្រើន​ណាស់​ទៅ​លើ​កិច្ចពិភាក្សា​ដ៏ជូរចត់។​ លោក​និយាយថា​ ថ្វីបើ​មាន​ការជឿនលឿន​ក្នុងឆ្នាំកន្លង​មក​ក៏ដោយ​ តែនៅ​មានបញ្ហា​ច្រើន​ទៀត​ត្រូវ​ដោះស្រាយ។

ជប៉ុន៖ លោក ​Yoshihoko Noda​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ បាន​លើក​ពេល​សន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃព្រហស្បតិ៍​ ដែល​គេរំពឹង​ថា ​លោកនឹង​ប្រកាស​ថា​ រដ្ឋាភិបាល​របស់​លោក​នឹង​ចូលរួម​ការចរចា​អំពី​កតិកា​សញ្ញា​ពាណិជ្ជកម្ម​សេរី​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

ស.រ.អា៖ លោក ​Joe Paterno គ្រូបង្ហាត់​កីឡា​បាល់ទាល់​អាមេរិកកាំង​ដ៏​ល្បី​នៅក្នុង​មហាវិទ្យាល័យ​ ត្រូវ​សាកល​វិទ្យាល័យ​រដ្ឋ ​Pennsylvania​ បណ្តេញ​ចេញ​ពី​ការងារ​ នៅ​ពេល​មាន​ការរិះគន់​ថា  លោក​និងមន្ត្រី​ផ្សេង​ទៀត​នៅ​ក្នុង​សាកលវិទ្យាល័យ​នេះ​ទាក់ទង​នឹង​ការចោទ​ប្រកាន់​ពី​បទបំពារបំពាន​ផ្នែក​ភេទ​ជាមួយ​កុមារ។

តួកគី៖ បុគ្គលិក​ជួយ​សង្គ្រោះ​នៅ​ប្រទេស​តួកគី​កំពុង​តាម​រក​អ្នក​រួច​ជីវិត​ ក្រោយពី​មាន​ការរញ្ជួយ​ដី​ទំហំ​៥,៧ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៧​នាក់។ មន្ត្រី​នានា​និយាយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា  មាន​មនុស្ស​២៥នាក់​ត្រូវ​បាន​គេ​សង្គ្រោះ​ឲ្យ​រួច​ជីវិត​ពី​គំនរ​បាក់បែក​ ក្រោយពី​បុគ្គលិក​សង្គ្រោះ​ធ្វើការ​មួយ​យប់​ថ្ងៃពុធ​ នៅ​តំបន់ Van​ ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ីរ៉ង់។ ​គេជឿថា​ មាន​មនុស្សរាប់​សិបនាក់ជាប់​ក្នុងគំនរ​បាក់បែក​ពីការ​រញ្ជួយដី​នោះ។

<!--AV-->

ព័ត៌មាននៅពេលមុននេះ៖

<!--IMAGE-RIGHT-->

អ៊ីតាលី ៖ ​ផ្សារហ៊ុន​សំខាន់​នៅ​ក្នុងអាមេរិក​និងអឺរ៉ុប​បាន​ចុះ​ថ្លៃ​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​ពុធ​នេះ​ ហើយ​តម្លៃ​ប្រាក់​កម្ចី​របស់​អ៊ីតាលី​បាន​ឡើង​ខ្ពស់​ ពេល​ដែល​ស្រមោល​ដ៏​វែង​នៃ​វិបត្តិ​ប្រាក់​បំណុល​របស់​ទ្វីប​អឺរ៉ុប​កំពុង​តែ​គ្រប​សង្កត់​លើ​រដ្ឋាភិបាលក្រិក​និង​អ៊ីតាលី។

អ៊ីរ៉ង់៖ អង់គ្លេស​ បារាំង​ និង​អាល្លឺម៉ង់​ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ អ៊ីរ៉ង់​អាច​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​បន្ថែម​ បើ​ប្រទេស​នេះ​ប្រកែក​មិន​ព្រម​ធ្វើ​សហប្រតិបត្តិការ​ជា​មួយ​ក្រុម​អ្នក​ជំនាញ​នុយក្លេអ៊ែរ​របស់​អង្គការ​សហប្រជាជាតិ​ទេ​ ដែល​បាន​និយាយ​ថា​ ពួក​គេ​មាន​ភស្តុតាង​«ដែល​គួរ​ឲ្យ​ជឿ​បាន»​ អំពី​កិច្ច​ប្រឹង​ប្រែង​របស់​អ៊ីរ៉ង់​ដើម្បី​ស្ថាបនា​អាវុធ​នុយក្លេអ៊ែរ។

កូរ៉េខាង​ជើង ៖ ​អតីត​ប្រេសិតអាមេរិកម្នាក់​​ទទួល​បន្ទុក​ខាង​គោល​នយោបាយ​កូរ៉េ​ខាង​ជើង​និយាយ​ថា​កិច្ច​ចរចា​ពហុជាតិ​ដែល​មាន​គោល​ដៅ​បញ្ចប់​កម្មវិធីអាវុធ​នុយក្លេអ៊ែរ​ទុច្ចរិត​របស់​ក្រុង​ព្យុងយ៉ាង​អាច​ចាប់​ផ្តើម​ធ្វើ​ឡើង​វិញ​នៅ​ពេល​អនាគត​ខ្លី​ខាង​មុខ​នេះ។

ស៊ីរី ៖ ​ក្រុម​បាតុករ​បាន​ប្រឈម​មុខ​នឹង​គណប្រតិភូ​គណបក្ស​ប្រឆាំង​ ស៊ីរី​ នៅ​ខាង​ក្រៅ​មន្ទីរ​ចាត់ការ​របស់​សមាគម​អារ៉ាប់​នៅ​ទី​ក្រុង​ ឡឺគែរ​ ​នៅអេហ្ស៊ីប​កាល​ពី​ថ្ងៃ​ពុធ។​ ពួក​បាតុករ​ខ្លះ​បាន​ហៅ​មន្រ្តី​គណបក្ស​​ប្រឆាំង​ថា​ជា​ «មនុស្ស​ក្បត់»​ ហើយ​បាន​គប់​ពងមាន់​ទៅ​លើ​មន្រ្តី​ទាំង​នោះ។

អាហ្វហ្គានីស្ថាន៖ មន្រ្តី​អាហ្វហ្គានីស្ថាន​និយាយ​ថា​ កង​ទ័ព​អាហ្វហ្គានីស្ថាន​និង​អង្គការ​អូតង់​ បាន​សម្លាប់​ជន​សកម្មប្រយុទ្ធ​ តាលីបាន់​ យ៉ាង​តិង​៧០​នាក់​ ដែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​មួយ​ទៅ​លើ​ មូលដ្ឋាន​ដែល​ស្ថិត​ជិត​ព្រំដែនប៉ាគីស្ថាន។

សកលលោក ៖ ទី​ភ្នាក់​ងារ​ថាមពល​អន្តរជាតិ​និយាយ​ថា​ ពិភពលោក​អាច​ប្រឈម​មុខ​នឹង​តម្លៃ​ថាមពល​ខ្ពស់​«ស្កឹម​ស្កៃ»​និង​គ្រោះ​ថ្នាក់​ខ្លាំង​ឡើង​នៃ​ការ​ផ្លាស់​ប្តូរ​ធាតុ​អាកាស​ លុះ​ណា​តែ​មាន​ការ​ផ្លាស់​ប្តូរ​សំខាន់ៗ​នៅ​ក្នុង​មធ្យោបាយ​ដែល​ប្រទេស​នីមួយៗ​ ព្រម​ទាំង​ក្រុម​ហ៊ុន​ហើយ​និង​មនុស្ស​យើង​ប្រើ​ប្រាស់​ថាមពល៕

This posting includes an audio/video/photo media file: Download Now

អង្គការ​ក្រៅ​រដ្ឋាភិបាល​ម៉ាឡេស៊ី​អំពាវនាវ​ឲ្យ​កម្ពុជា​និង​ម៉ាឡេស៊ី​ការពារ​ពលករិនី​កម្ពុជា

Posted: 10 Nov 2011 08:24 AM PST

កាល​នៅថ្ងៃពុធ​ទី៩ ខែ​វិច្ឆិកា​ អង្គការ​​ក្រៅរដ្ឋាភិបាល​សកម្ម​មួយរបស់​ប្រទេស​ម៉ាឡេស៊ី​ បាន​អំពាវនាវ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​​និង​ម៉ាឡេស៊ី ​ពង្រឹង​យន្ដការ​​ការពារ​ពលការិនី​បម្រើការ​តាម​ផ្ទះ​ដែល​ត្រូវ​បាន​បញ្ជូនចេញ​ពីកម្ពុជា។

សេចក្ដី​អំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​របាយការណ៍​ស្តី​ពី​ពលការិនី​កម្ពុជា​រងគ្រោះ​ជាបន្ដ​បន្ទាប់​នៅ​ម៉ាឡេស៊ី។

នៅក្នុង​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃនេះ លោក​ស្រីបណ្ឌិត​ អ៊ីរ៉ែន​ ហ្វែណង់ដេស​ (Irene Fernandez) ​នាយិការ​ប្រតិបត្តិ​អង្គការ​Tenagatina​ Women's​ Force ​បាន​ស្នើ​ឲ្យមាន​ការពង្រឹង​យន្ដការ​បទដ្ឋានគតិយុទ្ធ​​សម្រាប់​ការពារសិទ្ធិ​ពលការិនី ដើម្បី​ធានា​ដល់ការជ្រើសរើស​ពួកគេ​ប្រកប​ដោយបទដ្ឋាន​របស់អង្គការ​ពលកម្ម​អន្ដរជាតិ​ ILO ​​និង​ប្រកប​ដោយ​តម្លាភាព​និង​គណនីយភាព។

លោកស្រី​ អ៊ីរ៉ែន​ ហ្វែណង់ដេស​ បាន​បញ្ជាក់​ថា គួរតែ​មាន​ការ​បង្កើត​យន្ដការ​ក្នុង​តំបន់ជា​ពិសេស​សម្រាប់​បណ្ដា​ប្រទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅថា​អាស៊ាន ដើម្បី​បង្កើត​បទដ្ឋាន​សម្រាប់​អ្នក​បម្រើ​តាម​ផ្ទះ រួមទាំង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​នៃ​ការរំលោភ​បំពាន​​លើ​អ្នក​បម្រើ​តាម​ផ្ទះ​និង​អ្នក​ដែល​រួច​ផុត​ពី​ការ​ជួញ​ដូរ។

កាល​ពី​ខែ​តុលា​ លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ​បាន​សម្រេច​ព្យួរ​ការ​ជ្រើសរើស និង​បញ្ជូន​ពលការិនី​កម្ពុជា​ទៅ​កាន់​ម៉ាឡេស៊ី​បន្ទាប់​ពី​មាន​របាយការណ៍​ថា​ពលការិនី​កម្ពុជា​រង​គ្រោះ​ដោយ​ការ​រំលោភ​ផ្លូវភេទ​ ការ​ធ្វើការ​ដោយ​គ្មាន​ពេល​សម្រាក និង​ការ​ជ្រើសរើស​ដោយមាន​ការបន្លំ​អាយុ​ជាដើម។ ប្រទេស​​​​​​​​​ឥណ្ឌូណេស៊ី ​បាន​ផ្អាក​ការ​ផ្គត់​ផ្គង់​ស្ដ្រី​អ្នក​បម្រើ​តាម​ផ្ទះ​ទៅ​កាន់​​ម៉ាឡេស៊ី បន្ទាប់​ពី​មាន​ពលការិនី​របស់​ខ្លួន​ទទួល​រង​ការ​រំលោភ​បំពាន​ដូចគ្នា​នេះ។

លោក ហូ​ វុទ្ធី អនុ​ប្រធាននាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ មានប្រសាសន៍​ថា កម្ពុជា​និង​ម៉ាឡេស៊ី ​មិន​មាន​យន្ដការ​រឹងមាំ​ដោយសារ​​តែ​មាន​ការ​ផ្លាស់ប្ដូរ​មន្រ្តីផ្លូវកា​ររបស់​ម៉ាឡេស៊ីជាច្រើន។

«យើង​គិតគូ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​យូរហើយ។ មន្ដ្រី​ថ្នាក់​ដឹកនាំ​ដូចជា​រដ្ឋមន្ដ្រី ​រដ្ឋលេខាធិការ​​ទៅ​ទីនោះ​ពីរ​បី​ដង។ ហើយ​យើង​បាន​ពិនិត្យ​លើ​ឯកសារ​ដែល​គាត់​បញ្ជូន​មក ហើយ​យើង​បាន​បញ្ជូន​ទៅ​វិញ។ ប៉ុន្ដែ​កន្លង​មក​គាត់​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន​គាត់​អត់​បាន​ធ្វើមក​យើង។ យើង​នឹង​ទាក់ទង​គាត់​ឡើងវិញ»។

លោកស្រី​ មួរ ​សុខហួរ​ តំណាងរាស្ដ្រ​គណបក្ស​ជំទាស់​សម រង្ស៊ី​ដែល​កំពុង​បំពេញ​បេសកម្ម​នៅ​ម៉ាឡេស៊ី​សម្រាប់​សំណុំ​រឿង​ស្តីពី​ស្ដ្រី​បម្រើ​តាម​ផ្ទះ​ជនជាតិ​កម្ពុជា ​បាន​ទទូច​ឲ្យ​ក្រសួង​ការងារ​កម្ពុជា​ជំរុញ​ការ​កាត់​ទោស​អ្នក​ទទួលខុស​ត្រូវ​របស់​​ក្រុមហ៊ុន​ជ្រើសរើស​ពលការនី​កម្ពុជា​ដែល​បង្ក​ឲ្យ​មាន​បញ្ហា។

«ក្រសួង​ការងារ​ត្រូវតែ​ជា​ក្រសួង​ដឹកមុខ​នៅ​ក្នុង​ការ​មើល​សាឡើង​វិញ​នូវ​កំហុស​នៃ​ក្រុមហ៊ុន​ដែល​បាន​ពាក់ព័ន្ធ​មក​ហើយ​ដើម្បី​បញ្ជូន​ប្រធាន​ក្រុមហ៊ុន​នោះ​ទៅ​កាន់​តុលាការ»។

មាន​ក្រុមហ៊ុន​នាំ​ពលការនី​កម្ពុជា​ទៅ​កាន់​ម៉ាឡេស៊ី​ចំនួន​ជាង​៣០​ក្រុមហ៊ុន។ យោងតាម​សេចក្ដី​ថ្លែងការណ៍​របស់​លោកស្រី​អ៊ីរ៉ែន ហ្វែណង់ដេស ​បាន​បង្ហាញ​ថា មាន​គ្រួសារ​ម៉ាឡេស៊ី​ជាង​៤០.០០០​គ្រួសារ​កំពុង​ត្រូវកា​រអ្នក​បម្រើ​តាមផ្ទះ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!