VOA News: ព័ត៌មាន: “លោក​នួន វាសនា ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​នៅ​អាមេរិក” plus 3 more

VOA News: ព័ត៌មាន: “លោក​នួន វាសនា ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​នៅ​អាមេរិក” plus 3 more


លោក​នួន វាសនា ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​នៅ​អាមេរិក

Posted: 11 Nov 2011 12:34 PM PST

កំណត់​អ្នក​កែសម្រួល៖ ទីក្រុង​ឡូវែល (Lowell) នៃ​រដ្ឋ​ម៉ាស្សាជូស៊ែតស៍ (Massachusetts) គឺ​ជា​ទីក្រុង​ដែល​មាន​ប្រជាពលរដ្ឋ​កម្ពុជា​រស់​នៅ​ច្រើន​ជាង​គេ​ទី​២​នៅ​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​ទីក្រុង​ឡង​ប៊ីច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California)។ ប្រជា​ពលរដ្ឋ​កម្ពុជា​មាន​ប្រហែល​​១​ភាគ​៤​នៃ​ប្រជា​ពរដ្ឋ​សរុប​ជាង​១​​សែន​នាក់​នៃ​ទី​ក្រុង​ឡូវែល​នេះ ប៉ុន្តែ​មិន​សូវ​មាន​តំណាង​របស់​ខ្លួន​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ក្រុង​ទេ។ កាល​ពី​ថ្ងៃ​ទី​៨ ខែ វិច្ឆិកា​ កន្លង​ទៅ​នេះ​ លោក​នួន វាសនា ដែល​ជា​ខ្មែរ​អារិក​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​នេះ។ លោក​នួន​ វាសនា​ គឺ​ជា​ខ្មែរ​ទី​២​ហើយ ដែល​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​បន្ទាប់​ពី​លោក​អ៊ុង ឫទ្ធី​ ដែល​ធ្លាប់​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡូវែល​ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ ២០០៥។ តទៅនេះ​ គឺ​ជា​បទសម្ភាស​តាម​ទូរស័ព្ទ​រវាង​លោក​អ៊ឹម សុធារិទ្ធ នៃ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ និង​លោក​នួន វាសនា។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ជំងឺ​គ្រុន​ចាញ់ និង​ជំងឺ​គ្រុន​ឈាម​អាច​កើន​ឡើង​ក្រោយ​ពី​ទឹក​ជំនន់

Posted: 11 Nov 2011 09:11 AM PST

មន្ត្រី​សុខាភិបាល​ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ព្រួយបារម្ភ​ថា​ ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​មួយចំនួន​អាច​នឹង​ប្រឈម​មុខ​នឹង​ជំងឺ​គ្រុនចាញ់ ​និង​គ្រុនឈាម​ក្រោយពី​ទឹកជំនន់​ចាប់​ផ្ដើមស្រក។ ​ទោះជាយ៉ាងណា ​នៅ​មិនទាន់​ មាន​សញ្ញា​ណាមួយ​ពី​ការផ្ទុះឡើង​នៃ​ជំងឺ​ទាំងពីរ​នៅឡើយ​ក្នុង​ពេលនេះ។

ទឹក​ជំនន់​នៅកម្ពុជា​ បាន​ចាប់ផ្ដើម​ចាប់តាំង​ពី​ខែ​សីហា​ ហើយ​បាន​លិច​រាល​ដាល​ក្នុង​ខេត្ត​ចំនួន​១៧។ ​ប្រជាពលរដ្ឋ​យ៉ាងតិច​២៥០​នាក់​ បានស្លាប់​ក្នុង​គ្រោះ​ធម្មជាតិ​នេះ។​ ក៏ប៉ុន្ដែ​ចាប់​តាំង​ពី​ខែ​តុលា ​មក​ទឹកជំនន់​បានស្រក​ជា​បណ្ដើរ​ៗ។

លោក​វេជ្ជបណ្ឌិត​ ច ម៉េងចួ ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ បាន​មាន​ប្រសាសន៍​ថា​ ក្រោយ​ពី​ទឹក​ស្រក ​មាន​ទឹក​ដក់​ជា​ច្រើន​នៅ​តាម​ភូមិ​ និង​ផ្ទះ​ជាហេតុ​ធ្វើ​ឲ្យ​មូស​មាន​ការ​កើន​ឡើង ​ដែល​ជា​កត្តា​ងាយ​នឹងបង្ក​ឲ្យមាន​ជំងឺ​គ្រុនចាញ់​ និង​គ្រុនឈាម។

«យើង​បារម្ភ។ ជា​ការប្រយ័ត្ន។ ជា​ដាច់ខាត​គឺ​មិន​អាច​ប្រហែស​បាន​ទេ។ កាល​ណា​ទឹកស្រក​ទៅវិញ​ វា​មាន​ទឹកដក​នៅ​ជុំវិញ​ផ្ទះ​ នៅ​តាម​ថ្លុកត្រពាំង។​ យើង​មាន​តែ​អប់រំ​គាត់​ឲ្យ​ប្រយ័ត្ន​ កុំ​ឲ្យ​កុមារ​អង្គុយ​នៅ​កន្លែង​ងងឹត​ ពីព្រោះ​មូស​គ្រុនឈាម​អត់​ខាំ​យប់​ទេ»។

ជាមួយគ្នា​នេះ​ដែរ​ លោក​វេជ្ជបណ្ឌិត ​លី ​សុវណ្ណ ​អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ ក្រៅ​ពី​ជំងឺ​គ្រុនឈាម​ និង​ជំងឺ​គ្រុនចាញ់​ លោក​ព្រួយបារម្ភ​អំពី​ជំងឺ​មួយ​ចំនួន​ទៀត​ ដែល​អាច​មាន​ការ​កើន​ឡើង​ នៅ​ក្រោយ​ពេល​ទឹក​ស្រក​ដូច​ជា ​ជំងឺរាក​រូស ​ជំងឺ​សើស្បែក ​និង​ជំងឺ​ភ្នែកក្រហម​ជា​ដើម។

លោក​បាន​បញ្ជាក់​ថា​ ក្រសួង​សុខាភិបាល​ បានត្រៀម​ថ្នាំ​ពេទ្យ​ និង​បរិក្ខាពេទ្យ​មួយ​ចំនួន​ នៅ​តាម​មន្ទីរពេទ្យ​ និង​មណ្ឌល​សុខភាព​ទាំងអស់​រួច​ជា​ស្រេច​ ហើយ​ដើម្បី​ទប់ទល់​នឹង​ការផ្ទុះ​ជំងឺ​ទាំងនោះ​ឡើង​ជាយថាហេតុ។

«ទី១​គឺ​ខ្លាច​រឿង​រាគ​ដោយសារ​កន្លែង​ផ្គត់ផ្គង់​ទឹក​ដូច​ជា​ទឹក​អណ្តូង ​ស្រះ ​ត្រពាំង​ នោះ​បាន​លិចលង់ ​ទឹក​កខ្វក់​ចូល ​ដួច្នេះ​គឺ​សូម​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន។ ប្រជាពលរដ្ឋ​ ត្រូវតែ​មាន​ការ​ដាំ​ទឹក​ពុះ​ហើយនឹង​មាន​ការដាក់ថ្នាំ​ក្លូរ៉ាមីន​ ទី​២​ព្រួយបារម្ភ​ទាក់ទង​ទៅ​នឹង​បើ​កាលណា​លិច​ ទឹក​អញ្ចឹង​ខ្លាច​មាន​គ្រុនឈាម។ ​ទី៣​អាច​សើស្បែក។ ទី៤​ អាច​ជំងឺ​ឈឺ​ភ្នែក​ហើយ​គ្រុនចាញ់​ ហេតុដូច្នេះ​ហើយ​បាន​ជា​ក្រសួង​សុខាភិបាល​ បាន​សម្រេច​ធ្វើការ​ចែកមុង​ជូន​ដល់​គ្រប់​ខេត្ត​ក្រុង​ ដែល​មាន​សក្តានុពល​ ដែល​អាច​មាន​ជំងឺ​គ្រុនចាញ់»។

តួលេខ​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ នឹង​ជំងឺ​គ្រុនចាញ់​ បាន​ឲ្យដឹង​ថា​ កាល​ពី​ឆ្នាំ​២០០០ កម្ពុជា​មាន​អ្នក​ជំងឺ​គ្រុនចាញ់​ចំនួន​១២៩.១៦៧​នាក់​ ហើយ​អាត្រា​នេះ​ មាន​ការ​ធ្លាក់​ជា​បន្ត​បន្ទាប់​រហូត​ដល់​ ឆ្នាំ​២០១០​ មាន​ចំនួន​៥៦.២១៧​នាក់។ ចំណែកឯ​នៅ​ឆ្នាំ​២០១១​ ក្នុង​រយៈពេល​ ៩​ខែ​នេះ​ មាន​អ្នក​កើត​ជំងឺ​គ្រុនចាញ់​ប្រមាណ​ជា​៤៣.៩៨៧​នាក់​ មាន​អ្នក​ស្លាប់​ចំនួន​៦០​នាក់។ ដោយឡែក​គិត​មក​ទល់​ដើម​ខែ​ឧសភា​ ឆ្នាំ​២០១១​នេះ​ មាន​កុមារ​កម្ពុជា​អាយុ​ក្រោម​១៥​ឆ្នាំ​សរុប​ចំនួន​៥៨០​នាក់​ បានឆ្លង​ជំងឺ​គ្រុនឈាម ​ក្នុង​នោះ​កុមារ​ចំនួន​ ៦​នាក់​បាន​ស្លាប់។

ជំងឺ​គ្រុនឈាម​ ភាគច្រើន​កើត​លើ​កុមារ​ ដែល​មាន​អាយុ​តិច​ជាង​១៥​ឆ្នាំ។ ​ជំងឺ​នេះ​ចម្លង​ដោយ​មូស ​ខ្លា។ ​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ចន្លោះ​ពី​១០.០០០​នាក់​ទៅ​ ១២.០០០​នាក់ ​ក្នុង​មួយ​ឆ្នាំ​ៗ​ឆ្លង​ជំងឺ​នេះ ​ក៏ប៉ុន្ដែ​អត្រា​ស្លាប់​ ដោយសារ​ជំងឺ​នេះ​ មាន​កម្រិត​ក្រោម​មួយ​ភាគរយ។ ​ម្យ៉ាងវិញ​ទៀត​ជំងឺ​គ្រុន ឈាម​នៅ​កម្ពុជា​តែងតែ​ផ្ទុះ​ឡើង​រាតត្បាត​យ៉ាងខ្លាំង​ក្លា​ ជា​ប្រចាំ​រវាង​ពី​៣​ទៅ​៥​ឆ្នាំ​ម្តង ​ដោយ​ឆ្នាំ​២០១១​នេះ​ គឺ​វដ្ត​នៃ​ការផ្ទុះ​របស់​ជំងឺ​គ្រុនឈាម​ផងដែរ។

លោក ​គឹម ​រតនា ​នាយក​អង្គការ​ការីតាស​កម្ពុជា​ ដែល​ជា​អង្គការ​មួយ​ ដែល​បានធ្វើការ​ទៅលើ​ផ្នែក​សុខភាព​ដែរ​នោះ​ បាន​ឲ្យ​ដឹង​ថា​ទន្លាប់​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​មិនទាន់​មាន​ការ​កែប្រែ​នៅ​ឡើយ​ ចំពោះ​ការ​ប្រើប្រាស់​ទឹក​ស្អាត​ និង​បង្គន់​អនាម័យ​ជាហេតុ​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ មាន​ការ​ប្រឈម​មុខ​ខ្ពស់​នឹង​ជំងឺ​ផ្សេង​ៗ​ ក្នុងពេល​មាន​ទឹក​ជំនន់​នេះ។

លោក​បាន​បញ្ជាក់​ថា​ កក្តា​ទាំង​នេះ​គួរ​តែ​មន្រ្តី​សុខាភិបាល​ពង្រឹង​បន្ថែម​លើ​ការអប់រំ​ដល់​ប្រជា​​ពលរដ្ឋ​ នៅ​តាម​មូលដ្ឋាន​ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​ មាន​ការផ្លាស់ប្តូរ​ទន្លាប់​ដែល​មិន​ល្អ​ចេញ។

«ប្រជាជន​គាត់​គួរតែ​ប្រុងប្រយ័ត្ន​ ពីព្រោះ​ អី​គាត់​អាច​ប្រឈម​នឹង​ជំងឺ​ឆ្លង​តាមរយៈ​ទឹក​នេះ។​ ការបន្ទោរបង់​របស់​គាត់​នោះ​ យើង​ឃើញ​ថា​ គាត់​មិន​មាន​បង្គន់​អនាម័យ​គ្រប់ៗ​គ្នា​នោះ​ទេ។​ អញ្ចឹង​វា​អាច​នឹង​ធ្វើ​ឲ្យ​ទឹក​នោះ​កាន់​ តែ​កខ្វក់​ហើយ​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​គាត់។ ​បើ​ទោះបី​ ជា​ទឹក​ស្រក​មែន​យើង​ឃើញ​ថា នឹង​អាច​កើត​មូស​ច្រើន​ ហើយ​បើ​ប្រជាជន​ គាត់​មិន​បាន​ប្រុងប្រយ័ត្ន​ដេក​មិន​បាន​ដាក់​មុង​ឲ្យ​ត្រឹមត្រូវ​ទេ​នឹងអាច​បណ្តាល​ឲ្យមាន​ជំងឺ​គ្រុនចាញ់​ និង​គ្រុនឈាម​បាន។

លោក​វេជ្ជបណ្ឌិត ច ​ម៉េងចួ ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ​បាន​បញ្ជាក់​ថា​ ក្រសួង​សុខាភិបាល​ បាន​ធ្វើ​កំពុង​ផ្ដល់​ការអប់រំ​នៅ​តាម​មូលដ្ឋាន​ពី​ជំងឺ​ចម្លង​ដោយសារ​សត្វ​មូស​ទាំង​ពីរ​ប្រភេទ​នេះ៕

This posting includes an audio/video/photo media file: Download Now

ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់​បារម្ភ​នៅ​ឆ្នាំ​ខាង​មុខ

Posted: 11 Nov 2011 08:35 AM PST

កម្ពុជា​ទទួល​រងគ្រោះយ៉ាង​ធ្ងន់​ធ្ងរ​ដោយសារ​ទឹក​ជំនន់​ក្នុង​ឆ្នាំ​នេះ។ ជនរងគ្រោះ​នៃ​ទឹក​ជំនន់​បារម្ភ​អំពី​ស្ថានភាព​ជីវភាព​នៅ​ឆ្នាំក្រោយៗ​ទៀត។

អ្នកស្រី​ សេន​ ស៊ីមន​ អាយុ​៣៦​ឆ្នាំ ​បានឈរ​សំឡឹងមើល​ទៅ​ទឹក​ល្ហល្ហាច​លិចលង់​សន្ទូង​ និង​ផ្ទះ​សម្បែង​របស់​អ្នកស្រី​ពី​ទី​សុវត្ថិភាព​មួយ​ក្នុង​ឃុំ​បារាយណ៍ ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ធំ​ ដោយ​ទឹកមុខ​ក្រៀមក្រំ​ និង​អស់សង្ឃឹម​ចំពោះអនាគត។ អ្នកស្រី​បានបញ្ជាក់​ថា​ អ្នកស្រី​ប្រឈមនឹង​កង្វះ​ស្បៀងអាហារ​ប្រចាំថ្ងៃ​ និង​ត្រូវការ​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ បន្ទាប់ពី​ទឹកជំនន់​បាន​ជន់លិច​ផ្ទះសម្បែង​ និង​សន្ទូង​របស់​អ្នកស្រី។ អ្នកស្រី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការ​ប្រឈម​នឹង​ភាពអត់ឃ្លាន​ និង​ភាពក្រីក្រ​កាន់​តែ​ខ្លាំង​នៅ​ឆ្នាំ​ក្រោយ​ដោយសារ​សន្ទូង​មួយ​ហិកតា​របស់​អ្នកស្រី​បាន​រលួយ​ខូច​អស់​ដោយ​ទឹកជំនន់។

«ឆ្នាំ​ក្រោយ​ពិបាក​វេទនា​ជាង​នេះ​ទៅ​ទៀត។ ខ្ញុំ​ខ្វះខាត​ការ​ហូបចុក។ បើ​យើង​អត់ហើយ​ យើង​នឹង​ក្រីក្រ។ ខ្ញុំ​ពិបាក​គិត​ខាងមុខទៀត​មិន​ដឹង​បាន​អ្វី​ហូប»។

គ្រោះ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​ដែល​គ្រប់​ដណ្តប់​លើ​កម្ពុជា​ចាប់តាំងពី​ខែ​សីហា​បាន​សម្លាប់​មនុស្ស​ជាង​២៥០​នាក់​ និង​បានបំផ្លាញ​ស្រូវ​សន្ទូង​អស់​ជាង​៣៩០.០០០​ហិកតា​ និង​ប្រជាពលរដ្ឋ​យ៉ាងតិច​១,៥​លាន​នាក់​បាន​ទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅក្នុង​ខេត្ត​ចំនួន​១៧។ នេះ​បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ និង​អង្គការ​សហ​ប្រជាជាតិ។

ទុក្ខ​លំបាក​ និង​ក្តីកង្វល់​របស់​អ្នកស្រី ​សេន​ ស៊ីមន​ មិន​ខុសពី​ប្រជាពលរដ្ឋ​យ៉ាងតិច​១,៥​លាន​នាក់​ផ្សេង​ទៀត​ដែល​បាន​ទទួល​រង​នូវ​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក​នេះ។

អ្នកស្រី​ សោម​ វ៉ាន់ថុន​ អាយុ​៥៦​ឆ្នាំ​ នៅ​ភូមិ​ចតុលោក​ ឃុំ​បារាយណ៍​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ធំ​ បាន​និយាយ​ដោយ​ចង្អុល​ទៅ​ផ្ទះ​លិច​ទឹក​ របស់​អ្នក​ស្រី​ថា​ទឹកជំនន់​នេះ​បាន​បំផ្លាញ​នូវ​អ្វី​ៗ​ដែល​អ្នកស្រី​មាន​ និង​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​អ្នកស្រី​ប្រឈម​នឹង​អនាគត​មិន​ច្បាស់លាស់​ ដោយសារ​ផ្ទះសម្បែង​ និង​ស្រូវ​សន្ទូង​ជាង​៥.០០០​ម៉ែក្រ​ការ៉េ​ត្រូវ​បាន​បាត់បង់។

«ផ្ទះ​របស់​ខ្ញុំ​ទឹកលិច​លើ​រនាប​ផ្ទះ​កម្ពស់​ពីរ​តឹក។ មកពី​លិចទឹក​លំបាក​វេទនា​ជីវភាព​ដុនដាប​ បើ​រឿង​ជីវិត​ផង​ សូម្បី​តែ​ផ្ទះ​សឹង​តែ​គ្មាន​នៅ។ នៅ​ពេល​ទឹកស្រក​ផ្ទះ​នេះ​រលំ​ហើយ​ ខ្ញុំ​អត់​មាន​អ្វី​នៅ​ទេ​ សរសរ​ពុក​អស់​ទៅ​ហើយ​ រនាម​ឫស្សី​បាក់​ទាំងអស់​ ហើយ​ជញ្ចាំង​ខ្យល់​មក​វ៉ៃ​បាក់​អស់​មួយ​ចំហៀងៗ​​ទៅ​ហើយ»។

អ្នកស្រី​ នាង​ យ៉ង់​ អាយុ​៣៨​ឆ្នាំ​ ក៏ដូចជា​អ្នក​នៅ​ភូមិ​ចតុលោក​នេះ​ដែរ​ បាន​ទទួល​អំណោយ​អង្ករ​១០​គីឡូក្រាម​ មី​២០​កញ្ចប់ ​អំបិល​ ទឹក​ត្រី​ ភួយ​ មុង​ និង​មង​មួយ​ដៃ​ពី​រដ្ឋាភិបាល។ អ្នកស្រី​ នាង​ យ៉ង់ បាន​បញ្ជាក់​ថា អង្ករ​១០​គីឡូក្រាម​អាច​បរិភោគ​បាន​រយៈពេល​តែ​ប្រាំ​ថ្ងៃ​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្នកស្រី​បាន​ដាក់​មង​ចាប់​ត្រី​យក​ទៅ​លក់​យក​ប្រាក់​មក​ទិញ​អង្ករ​បរិភោគ​ប្រចាំថ្ងៃ។

«អ្នកស្រី​បាន​មួយ​ថ្ងៃ​ប្រាំ​គីឡូក្រាម​ ហើយ​ត្រី​មួយ​គីឡូក្រាម​តម្លៃ​១០០០​រៀល​ ហើយ​អង្ករ​មួយ​គីឡូក្រាម​២.៥០០​រៀល​សម្រាប់​មួយ​ពេល​ៗ​។ ជីវភាព​យ៉ាប់យឺន​ណាស់​សព្វថ្ងៃនេះ​»។

អ្នក​ស្រុក​បារាយណ៍​មិន​ខុសពី​អ្នក​ស្រុកសណ្តាន់​ទេ​ សន្ទូង​របស់​ពួកគេ​បាន​រលួយ​ខូច​អស់។ វាល​ស្រែ​សន្ទូង​មើល​ទៅ​ឃើញ​មាន​តែ​ទឹក​ល្ហល្ហាច​ និង​ផ្ទះសម្បែង​ត្រូវ​បាន​លិចលង់​ដោយ​ទឹកជំនន់។

អ្នកស្រី​តាន់​ សុខបៀង​ អាយុ​៥៥​ឆ្នាំ នៅ​ក្នុង​ភូមិ​រនាម​ ឃុំ​មានជ័យ​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ដែល​មាន​ស្រូវ​សន្ទូង​ជាង​៥​.០០០​ម៉ែត្រការ៉េ​រលួយ​ខូច​អស់​ បាន​បញ្ជាក់​ថា អ្នកស្រី​មិនទាន់​បាន​ទទួល​អំណោយ​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ​ ប៉ុន្តែ​អ្នកស្រី​បាន​បរិភោគ​អង្ករ​ដែល​នៅសល់​បន្តិច​បន្តួច​ពី​ឆ្នាំ​មុន។

«ស្រូវ​អង្ករ​លិច​អស់​រលីង​ហើយ​គ្មាន​សល់។ ឥឡូវ​នៅ​មាន​តែ​ទឹក។ ភូមិ​នេះ​មើល​ទៅ​អត់​ឃើញ​មាន​ស្រូវ​ទេ​ មាន​តែ​វាល​ទឹក​ល្ហល្ហាច។ ស្រូវ​សន្ទូង​រលួយ​អស់​បាត់​ហើយ។ ខ្ញុំ​ព្រួយ​បារម្ភ​ណាស់​ឆ្នាំ​ក្រោយ​ មិន​ដឹង​ធ្វើ​ម៉េច​បាន​ស្រូវ​អង្ករ​ចិញ្ចឹម​កូន​ទេ។ ឆ្នាំ​ក្រោយ​ទៀត​លំបាក​មែនទែន​ហើយ​ បើ​ឆ្នាំ​នេះ​លំបាក​ទៅ​ហើយ»។

លោក​ប៉ាវ​ សេន​ អាយុ​៣៣​ឆ្នាំ​ នៅភូមិ​រនាម​ ឃុំ​មានជ័យ​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ បាន​សុំ​ឱ្យ​រដ្ឋាភិបាល​ និង​សហគមន៍​អន្តរជាតិ​ជួយ​ផ្តល់​ជំនួយ​ស្រូវ​ពូជ​ ថវិកា​ និង​អង្ករ​សមាប់​កសាង​ជីវភាព​ជាថ្មី​ បន្ទាប់ពី​សន្ទូង​របស់​លោក​បានរលួយខូច​ទាំងស្រុង​ដោយ​ទឹកជំនន់​នៅ​ឆ្នាំ​នេះ​។

«សន្ទូង​ប្រហែល​៣០​អា​ និង​ចេក​ អំពៅ​តាម​ផ្ទះ​ខូចខាត​អស់ហើយ​ ដោយសារ​ទឹកជំនន់។ ខ្ញុំ​មានតែ​ប្រឈម​មុខ​នឹង​រឿង​ភាពក្រក្រី​ ដោយសារ​សន្ទូង​រលួយ។ ខ្ញុំ​ព្រួយបារម្ភ​ចំពោះ​ស្រូវ​ដែល​រលួយ​ទៅ​ វា​អត់​មាន​អ្វី​ហូប​ត​ទៅ​ឆ្នាំ​ក្រោយ»។

លោក​ឈុន​ ឈន​ អភិបាល​ខេត្ត​កំពង់​ធំ​ បាន​បញ្ជាក់​ថា​សន្ទូង​ប្រមាណ​៦៥​.០០០​ហិកតា​ ស្មើ​នឹង​ជាង​៣៣​ភាគរយ​បាន​រលួយខូច​ ប្រជាពលរដ្ឋ​ខ្វះ​ស្បៀងអាហារ​ជាង​៤​.០០០​គ្រួសារ​ និង​មនុស្ស​ស្លាប់​៤៧​នាក់​ ហើយ​ប្រជាពលរដ្ឋ​ជន្លៀស​មកកាន់ទី​សុវត្ថិភាព​ជិត​ ២.៥០០​គ្រួសារ​បាន​វិលត្រឡប់​ទៅ​ផ្ទះ។

លោក​ព្រួច​ សយ មេ​ឃុំ​មានជ័យ​បានបញ្ជាក់​ថា​សន្ទូង​៤៧៥​ហិកតា​ក្នុង​ចំណោម​ជាង​៥០០​ហិកតា​បានរលួយ​ទាំងស្រុង។ លោក​ព្រួច​ សយ​បាន​ទទួល​ស្គាល់​ថា ការ​ចែក​អំណោយ​នេះ​មិន​ទាន់​បាន​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​គ្រប់​គ្នា​ទេ​ ដោយ​អំណោយ​នេះ​ត្រូវ​ចែក​ដល់​អ្នក​ភូមិ​ក្រីក្រ​ជាង​គេ​មុន​ និង​បន្ទាប់​អ្នក​មាន​ជីវភាព​គ្រាន់បើ។

«ខ្ញុំ​ថា​ដែល​បងប្អូន​អាច​នឹង​ប្រឈមនឹង​ការខ្វះខាត​ស្បៀង​ផង​ និង​ជួប​ប្រទះនឹង​ភាព​អត់ឃ្លាន​ទៅមុខ​ទៀត»។

សហ​រដ្ឋ​អាមេរិក ប្រទេស​ចិន​ អង្គការ​សហ​ប្រជាជាតិ​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បានផ្តល់​ជំនួយ​ចំនួន​១៦,៥៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​ជួយ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់។

លោក​ច័ន្ទ​ សារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ បានថ្លែង​ថ្មីៗ​នេះ​ថា​រដ្ឋាភិបាល​បាន​ត្រៀម​ស្រូវ​ពូជ​ជាង​៣.០០០​តោន​សម្រាប់​ចែក​ជូន​កសិករ​ដាំដុះ​ក្រោយ​ទឹក​ស្រក។

លោក​ឧប​នាយក​រដ្ឋមន្ត្រី​ ហោ​ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ច័ន្ទ​ថា រដ្ឋាភិបាល​បានបញ្ចេញ​អង្គរ​ចំនួន២.០០០​តោន​ទៀត ដើម្បី​ចែក​ជូន​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់។

លោក​កែវ​ វី​ នាយក​ខុទ្ទការល័យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ បាន​បញ្ជាក់​ថា ការ​ខូចខាត​ដោយ​ទឹកជំនន់​ក្នុង​ឆ្នាំ​២០១១​នេះ​មាន​តម្លៃ​ជាង​៥២០​លាន​ដុល្លារ​អាមេរិក។

ទឹកជំនន់​ឆ្នាំ​២០០០​ បានធ្វើ​ឲ្យ​​ខូចខាត​គិតជា​ទឹកប្រាក់​១៤៥​លាន​ដុល្លារ​អាមេរិក៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ៖ ១១ វិច្ឆិកា

Posted: 11 Nov 2011 01:50 AM PST

ព័ត៌មានចុងក្រោយបំផុត៖

អាស៊ីប៉ាស៊ីហ្វិក៖ លោក​ប្រធានាធិបតី​ស.រ.អា​ បារ៉ាក់​ អូបាម៉ា​ធ្វើ​ដំណើរ​ចាកចេញ​ពី​រដ្ឋធានី​ Washington​នៅ​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​៩​ថ្ងៃ​នៅ​ក្នុង​ភូមិភាគ​អាស៊ី-ប៉ាស៊ីហ្វិក​ដែល​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ការ​ពង្រឹង​ចំណង​ទាក់់​ទង​របស់​រដ្ឋាភិបាល​ក្រុង​Washington​ ជាមួយ​តំបន់​នោះ​ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ច​កំពុង​លូតលាស់។

អាស៊ីប៉ាស៊ីហ្វិក៖ លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ស.រ.អ. Hillary Clinton បាន​សុំ​ដល់​ប្រទេស​ចិន​ឱ្យ​អនុញ្ញាត​ឱ្យ​ប្រាក់​ Yuan របស់​ខ្លួន​មាន​តម្លៃ​ច្រើន​ជាង​មុន​ ឱ្យ​ដក​របាំង​ពាណិជ្ជកម្ម​និង​កែ​លម្អ​សិទ្ធិ​មនុស្ស។

អ៊ឺរ៉ុប៖ លោក Lucas Papademos មាន​កំណត់​នឹង​ស្បថ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ក្រិក​នៅ​ក្រោយ​កិច្ច​ចរចា​គ្នា​យ៉ាង​ខ្លាំង​ជិត​មួយ​អាទិត្យ​ អំពី​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ដែល​សង្ឃឹម​ថា​នឹង​ជួយ​សង្គ្រោះ​ប្រទេសពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ។

ស៊ិរី៖ ពួក​សកម្មជន​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ស៊ីរី​និយាយ​ថា​ពួក​គេ​នឹង​ប្រើប្រាស់​បាតុកម្ម​ដែល​បាន​ត្រូវ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​អំពាវនាវ​ឱ្យ​មាន​ការផ្អាក​សមាជិកភាព​នៃ​ប្រទេសស៊ីរី​ក្នុង​សម្ព័ន្ធ​អារ៉ាប់។

យ៉េមេន៖ កង​កម្លាំង​រដ្ឋាភិបាល​ Yemen បាន​សម្លាប់​ជន​ស៊ីវិល​យ៉ាង​តិច​ណាស់​៩​នាក់​ក្នុង​ក្រុង​Taiz ដែល​ជា​ក្រុង​មួយ​ក្នុង​បណ្តា​ក្រុង​ធំបំផុត​របស់​ប្រទេស។​ ពួក​មន្ត្រី​ពេទ្យ​និង​ពួក​អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​និយាយ​ថា​ ពួក​ជន​ស៊ីវិល​បាន​ត្រូវ​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ក្រោយ​ពី​កងកម្លាំង​រដ្ឋាភិបាល​បានបាញ់​ផ្តក់​ ជា​ថ្មី​ទៅ​លើ​ក្រុង​ Taiz ដែល​នៅ​ទី​នោះ​ក្រុម​បាតុករ​បាន​អំពាវនាវ​ឱ្យ​លោក​ប្រធានាធិបតី​​ Ali Abdullah Saleh ចុះចេញ​ពី​តំណែង។

<!--AV-->

ព័ត៌មាននៅពេលមុននេះ៖

<!--IMAGE-RIGHT-->

ក្រិក ៖ នាយក​រដ្ឋមន្រ្តី​ថ្មី​របស់​ក្រិក​ Lucas​ Papademos​ និយាយ​ថា​ប្រទេស​លោក​កំពុង​ស្ថិត​នៅ​ក្នុង​«ស្ថានការណ៍​គួរ​មាន​គ្រោះ​ថ្នាក់​មួយ»​ ហើយ​ថា​ការ​ដោះ​ស្រាយ​បញ្ហា​ដ៏​ធំ​មហិមា​ដែល​សេដ្ឋកិច្ច​ប្រទេស​ ក្រិក​ កំពុង​ប្រឈម​មុខ​មិន​ជា​ការ​ងាយ​ស្រូល​ធ្វើ​ទេ។

ក្រិក ៖ នាយក​រដ្ឋមន្រ្តី​ស្តីទី​ថ្មី​របស់​ក្រិក​ជា​សេដ្ឋវិទូ​ដែល​មាន​គេ​គោរព​ច្រើន​ ហើយ​បាន​ចំណាយ​ពេល​ភាគ​ច្រើន​ក្នុង​ជីវិត​របស់​លោក​ប្តូរ​តំណែង​ជា​គ្រូ​បង្រៀន​ជាន់​ខ្ពស់​ក្នុង​សាកលវិទ្យាល័យ​នៅអាមេរិក​និង​កាន់​តំណែង​ជាន់​ខ្ពស់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​ក្នុងអឺរ៉ុប។

សហរដ្ឋ​អាមេរិក ៖ រដ្ឋាភិបាល​ក្នុង​តំបន់​មួយ​នៅ​ក្នុង​សរអា​បាន​ដាក់​ពាក្យ​ប្រកាស​ក្ស័យធន​សម្រាប់​ទី​ក្រុង​ដ៏​ធំ​បំផុត​មួយ​អាមេរិក​ ដោយ​សារ​ខក​ខាន​មិន​អាច​សង​ប្រាក់​បំណុល​ចំនួន​៣​ពាន់​លាន​ដុល្លារ​ សម្រាប់​សង់​ប្រព័ន្ធ​ទឹក​លូ​ទឹក​មួយ​បាន។

ស៊ីរី ៖ សកម្មជន​សិទ្ធិ​មនុស្ស​ស៊ីរី​និយាយ​ថា​មាន​មនុស្ស​យ៉ាង​តិច​១៩​ នាក់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ ពេល​ដែល​កង​កម្លាំង​រដ្ឋាភិបាល​បាន​វាយ​បង្ក្រាប​ក្រុម​បាតុករ​អ្នក​ប្រឆាំង​ និង​បាន​ធ្វើ​ការ​វាយ​ប្រយុទ្ធ​ជា​មួយ​ទាហាន​ចោល​ជួរ​ក្នុង​តំបន់​ជា​ច្រើន​នៅ​ក្នុង​ប្រទេស។

ស៊ូដង់ ៖ យន្តហោះ​ចម្បាំង​បាន​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​ជំរុំ​ជន​ភៀស​ខ្លួន​មួយ​នៅស៊ូដង់​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​ព្រហស្បត៍។​ មន្រ្តី​ក្នុង​តំបន់​ បាន​ដាក់​ទោស​ទៅ​លើ​ការ​វាយ​ប្រហារ​នេះ​ ទៅ​លើ​ប្រទេស​ជិត​ខាង​ ស៊ូដង់។

លីបេរីយ៉ា ៖ ប្រធានាធិបតី​លីបេរីយ៉ា​ Ellen​ Sirleaf​ Johnson  ដែល​ជា​មេ​ដឹកនាំ​ស្រី​ជាប់​ឆ្នោត​តាម​លទ្ធិ​ប្រជាធិតេយ្យ​ទី​មួយ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ បាន​ទទួល​ជ័យជំនះ​យ៉ាង​ស្រួល​សម្រាប់​អាណត្តី​ទី​ពីរ​ក្នុង​ការ​បោះ​ឆ្នោត​ឡើង​វិញ​ ដែល​គូ​ប្រជែង​របស់​លោក​បាន​ធ្វើ​ពហិការ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!