VOA News: ព័ត៌មាន: “លោកស្រី​មូរ​សុខហួរ​ស្វែង​រក​ការ​គាំទ្រ​ពី​អន្តរជាតិ​ដើម្បី​សិទ្ធិ​ស្រ្តី​នៅ​កម្ពុជា” plus 3 more

VOA News: ព័ត៌មាន: “លោកស្រី​មូរ​សុខហួរ​ស្វែង​រក​ការ​គាំទ្រ​ពី​អន្តរជាតិ​ដើម្បី​សិទ្ធិ​ស្រ្តី​នៅ​កម្ពុជា” plus 3 more


លោកស្រី​មូរ​សុខហួរ​ស្វែង​រក​ការ​គាំទ្រ​ពី​អន្តរជាតិ​ដើម្បី​សិទ្ធិ​ស្រ្តី​នៅ​កម្ពុជា

Posted: 15 Apr 2011 12:25 PM PDT

សកម្មជន​ខាង​ការពារ​សិទ្ធិ​របស់​ស្រ្តី​បាន​មកជួប​ជុំ​គ្នា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពីថ្ងៃ​អង្គារ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី១០​នៃ​ការ​បង្កើត​អង្គការ​ Vital Voices ​និង​ដើម្បី​ជា​ការ​ទទួល​ស្គាល់​នូវ​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​ជីវភាព​រស់​នៅ​របស់​ស្រ្តី​នៅ​ជុំវិញ​ពិភព​លោក។​ ក្នុង​ចំណោម​អ្នក​សំខាន់ៗ​ទាំង​នោះ​រួមមាន​លោកស្រី​មូរ សុខហួរ ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ផង​ដែរ។

អង្គការ​ Vital Voices ​​ដែល​បាន​រៀបចំ​ពិធី​ជួបជុំ​គ្នា​នេះ​ គឺ​ជា​អង្គការ​មួយ​លំដាប់​កំពូល​សម្រាប់​ផ្តល់​ភាព​ជា​អ្នក​ដឹកនាំ​ដល់​ស្រ្តី​នៅ​ក្នុង​ពិភព​លោក។

ក្នុង​ឆ្នាំ​នេះ​មាន​ជ័យលាភី​ចំនួន​៧​នាក់​ដែល​អង្គការ​នេះ​បាន​ផ្តល់​ពាន​រង្វាន់​សម្រាប់​ការងារ​លើក​កម្ពស់​ដល់​សិទ្ធិ​ស្រី្ត​ ក្នុង​នោះ​មាន​ស្រ្តី​ក្នុង​ជួរ​នយោយ​បាយ ​ស្រ្តី​ក្នុង​ការងារ​សង្គម​ស៊ីវិល ​និង​ស្ត្រី​ក្នុង​អាជីវ​កម្ម​ជំនួញ ​​មក​ពី​​សហ​រដ្ឋ​​អាមេរិក ​អាហ្វហ្កានីស្ថាន​ អ៊ីស្រាអែល​ ប៉ាឡេស្ទីន​ ឥណ្ឌា​ និង​កាមេរូន ​ហើយ​អ្នក​នយោបាយ​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ដែល​ទទួល​បាន​រង្វាន់​នៅ​ពេល​នេះ​គឺ​​លោកស្រី​អង់សាន​ ស៊ូជី​នៃ​ប្រទេស​ភូមា។

លោក​ស្រី​រដ្ឋមន្រ្តី​ការ​បរទេស​ហ៊ីលឡារី​ គ្លីនតុន​បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​នោះ​ថា៖

«អ្នកទាំង​នេះ​មកពី​វប្បធម៌​ខុសៗ​គ្នា​និង​ផ្នែក​ផ្សេងៗ​នៃ​ពិភព​លោក ​ប៉ុន្តែ​ពួកគេ​បាន​ចែក​រំលែក​នូវ​គុណ​តម្លៃ​ដ៏​សំខាន់។​ ពួក​គេ​ស្វះស្វែង​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​ប្រព័ន្ធ​ ដើម្បី​ឱ្យ​មនុស្ស​រាប់ម៉ឺន​នាក់​និង​រហូត​ដល់​រាប់​លាន​នាក់​ មាន​ជីវិត​រស់​នៅ​​ប្រសើរ​ឡើង។​ អ្នក​ទាំង​នោះ​បាន​ប្តូរផ្តាច់​ចំពោះ​ការងារ​របស់​ពួកគេ​ ដោយ​ត្រូវ​គេ​ចាប់​ចង​ ធ្វើ​ទុក្ខ​បុកម្នេញ​ ត្រូវ​គេ​សើច​ចម្អក​ដាក់​ គេ​ប្រមាថ​មាក់ងាយ​ និង​ដាក់​ឱ្យ​នៅ​ឯកោ»។

លោកស្រី​មូរ សុខហួរ​ក៏​ជា​​ស្ត្រី​ម្នាក់​ ដែល​លោកស្រី​រដ្ឋមន្រ្តី​ការ​បរទេស​ហ៊ីលឡារី គ្លីនតុន​បាន​ជ្រើសរើស​ផ្តល់​ពាន​រង្វាន់​កិត្តិយស​ក្នុង​ឆ្នាំ​២០០៥។ ​លោក​ស្រី​មូរ សុខហួរ​បាន​លើក​ទឹកចិត្ត​ស្រ្តី​កម្ពុជា​ឱ្យ​ចូលរួម​ក្នុង​នយោបាយ ​ដោយ​លោកស្រី​បាន​ជួយ​បង្ហាត់​ណែនាំ​ពួកគេ​ដោយ​ផ្ទាល់​និង​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​នយោបាយ​មួយ​រូប។ ​ចាប់​តាំង​ពី​បាន​ទទួល​រង្វាន់​មក​ សន្ទុះ​ទឹកចិត្ត​របស់​លោក​ស្រី​ក្នុង​ការ​ការពារ​ស្រ្តី​កើន​ឡើង​កាន់តែ​ច្រើន។

«យើង​ជាស្ត្រី​បាន​ប្តេជ្ញា​ចិត្ត​ថា​បម្រើ​ស្រ្តី​នៅ​ក្នុង​ឆាក​នយោបាយ​ យកអ្វី​ដែល​ជា​តួនាទី​របស់​យើង​ដែល​បាន​មក​ពី​សន្លឹកឆ្នោត​របស់​ស្រ្តី​នេះ ​ដើម្បី​យក​ការ​ឈឺចាប់​របស់​ស្ត្រី​យក​មក​​ក្នុង​ឆាក​នយោបាយ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ពិត​ប្រាកដ​គឺ​ឈរ​នៅ​ជាមួយ​ស្រ្តី ​ដើម្បី​ដោះស្រាយ​បញ្ហា​ស្រ្តី»។

ខណៈ​ពេល​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ លោកស្រី​មូរ សុខហួរ​បាន​ចំណាយ​ពេល​ជា​ច្រើន​ថ្ងៃ​ជួប​ជាមួយ​អង្គការ​នយោបាយ​នានា ​ប្រមូល​ផ្តុំ​ការ​គាំទ្រ​សម្រាប់​ស្រ្តី​កម្ពុជា​ ដើម្បី​ឱ្យ​ពួក​គេ​​​​អាច​ប្រើប្រាស់​នូវ​សិទ្ធិ​ខាង​ផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ។

នៅ​ឯ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ ​(NDI)​ លោក​ស្រី​បាន​ជម្រាប​ដល់​ក្រុម​អ្នក​ដឹកនាំ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ស្រី​ ក្នុង​ការ​ជួយ​ស្ត្រី​ ដើម្បី​រារាំង​ពី​ការ​ចាប់​រឹបអូស​ដីធ្លី​ និង​ការ​បណ្តេញ​មនុស្ស​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ។ ​លោកស្រី​ក៏​បាន​លើក​ឡើង​ពី​ការ​លំបាក​របស់​ស្រ្តី​ដែល​ទទួល​រង​ការ​ជួញដូរ​ផ្លូវភេទ​និង​ពលកម្ម​ផង​ដែរ។

«ជា​ការណ៍​សំខាន់​ណាស់​នៅ​ពេល​ដែល​អង្គការ​មួយ​ដ៏​សំខាន់​​ស្គាល់​ហើយ​នឹង​ដឹង​ឮ​អ្វី​ដែល​ជា​ការ​តស៊ូ​របស់​ស្ត្រី​យើង ​ដើម្បី​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ជីវិត ​ដើម្បី​កសាង​ឱ្យ​មាន​លទ្ធិ​ប្រជាធិប​តេយ្យ។ ​ហើយ​វា​ជា​ការណ៍​សំខាន់ ​ពីព្រោះ​ NDI​ ក៏​ជា​ប្រភព​នៃ​ថវិកា​ដើម្បី​ជួយ ​ហើយ​ក៏​ជា​ប្រភព​នៃ​ការ​ផ្តល់​ព័ត៌មាន​ជូន​ទៅ​ដល់​អ្នក​តំណាង​រាស្រ្ត​នៃ​សហរដ្ឋ​អាមេរិក»។

នៅ​ក្នុង​បទសម្ភាសន៍​​ជាមួយ​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​ លោកស្រី​មូរ សុខហួរ​បាន​អំពាវ​នាវ​ឱ្យ​តំណាងរាស្ត្រ​ស្ត្រី​នៅ​កម្ពុជា​​ចូលរួម​ក្នុង​ការ​តស៊ូ​ដើម្បី​សិទ្ធិ​របស់​ស្ត្រី។

«សូម​ឱ្យ​តំណាង​រាស្ត្រ​ទាំងអស់​គ្នា​ ជាពិសេស​តំណាង​រាស្រ្ត​ទាំង​៩០​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ការពារ​អ្វី​ដែល​ជា​អំណាច​សភា។​ កុំ​ការពារ​អ្វី​ដែល​ជា​គោល​ការណ៍​នៃ​គណបក្ស​របស់​ខ្លួន។​ ឈប់ទៅ ​ព្រោះ​យើង​មក​ដល់​សភា​ យើង​បម្រើ​រាស្ត្រ។​ យើង​មិន​បម្រើ​គណបក្ស​របស់​ខ្លួន​ទេ»។

របាយ​ការណ៍​សិទ្ធិ​មនុស្ស​ឆ្នាំ​២០១០​ ចេញផ្សាយ​ដោយ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ បាន​លើក​ឡើង​ថា ​អំពើ​ហិង្សា​លើ​ស្រ្តី​និង​ការ​ជួញដូរ​ស្រ្តី ​និង​កុមារ​នៅ​តែ​កើត​មាន។

លោកស្រី​មូរ សុខហួរ​ជឿ​ថា​ ការ​កសាង​បណ្តាញ​ទូលំ​ទូលាយ​សម្រាប់​ក្រុម​ការពារ​សិទ្ធិ​ស្រ្តី​នៅ​ក្រៅ​ប្រទេស​កម្ពុជា​នឹង​ផ្តល់​នូវ​ជីវភាព​ប្រសើរ​ឡើង​ដល់​ស្រ្តី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​សារតែ​សំឡេង​របស់​ពួក​គេ​នឹង​ត្រូវ​បាន​គេ​ស្តាប់​ឮ​ជា​អន្តរជាតិ៕

This posting includes an audio/video/photo media file: Download Now

សេចក្តី​ព្រាង​លក្ខខណ្ឌ​ប្រតិបត្តិការ​សម្រាប់​អ្នក​សង្កេត​ការណ៍​នៅ​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

Posted: 15 Apr 2011 09:37 AM PDT

ប្រទេស​ឥណ្ឌូនេស៊ី​បាន​ធ្វើ​សេចក្តី​ព្រាង​លក្ខខណ្ឌ​ប្រតិបត្តិការ​ថ្មី​មួយ​សម្រាប់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី​នៅ​ក្នុង​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។​ ប្រទេស​កម្ពុជា​បាន​ទទួល​យក​សំណើ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ហើយ​ ប៉ុន្តែ​ប្រទេស​ថៃ​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

អ្នក​វិភាគ​បាន​និយាយ​ថា​ ប្រទេស​ថៃ​មិន​បាន​មើល​ឃើញ​តម្លៃ​នៃ​វត្តមាន​របស់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី​​ទេ។

ក្រុម​អ្នក​វិភាគ​ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ប្រទេស​ថៃ​មិន​បាន​មើល​ឃើញ​នូវ​តម្លៃ​សម្រាប់​សេចក្តី​ព្រាង​លក្ខខណ្ឌ​ប្រតិបត្តិការ​ថ្មី​សម្រាប់​អ្នក​អង្កេត​ការណ៍​ឥណ្ឌូនេស៊ី​នៅ​ក្នុង​តំបន់​ប្រយុទ្ធ​គ្នា​ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះ​ទេ​ បើ​ទោះ​ជា​ប្រទេស​កម្ពុជា​បាន​ទទួល​យក​សំណើ​លក្ខខណ្ឌ​ថ្មី​របស់​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ក្នុង​សប្តាហ៍​នេះ​ក៏​ដោយ។

លោក​ចាន់ សាវ៉េត​ ប្រធាន​ផ្នែក​ត្រួត​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៃ​សមាគម​សិទ្ធិ​មនុស្ស​ Adhoc​ បាន​ថ្លែង​ថា​ ប្រទេស​កម្ពុជា​បាន​សំឡឹង​ឃើញ​មាន​ផល​ប្រយោជន៍​ពី​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី​សម្រាប់​ដំណោះ​ស្រាយ​បទ​ឈប់​បាញ់ ​និង​ការ​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​ព្រំដែន។​ ប៉ុន្តែ​ប្រទេស​ថៃ​មិន​បាន​មើល​ឃើញ​តម្លៃ​និង​ផល​យោជន៍​របស់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី​សម្រាប់​ខ្លួន​ឡើយ។

«ផល​ប្រយោជន៍​សម្រាប់​អ្នក​សង្កេត​ការណ៍​ក៏​ជា​ចំណុច​ល្អ​ដែរ។​ បើ​តំបន់​ព្រំដែន​ទទួល​បាន​ ទទួល​នូវ​សន្តិភាព​ វា​អាច​ឈាន​ទៅ​រក​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​នា​ពេល​ខាង​មុខ។​ យើង​ឃើញ​ថា ​ភាគី​ថៃ​ហាក់​បីដូចជា​នៅ​មិន​ទាន់​ទទួល​ ឯកភាព​ទៅ​លើ​ការ​ឱ្យ​តម្លៃ​អ្នក​សង្កេត​ការណ៍​ទេ»។

លោក​ Marty Natalegawa ​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី​ បាន​បញ្ជូន​សេចក្តី​ព្រាង​អំពី​លក្ខខណ្ឌ​ប្រតិបត្តិការ​ថ្មី​សម្រាប់​អ្នក​សង្កេត​ការណ៍​របស់​ឥណ្ឌូនេស៊ី​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ​ កាលពី​ថ្ងៃ​អង្គារ​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា។

ក្នុង​លក្ខខណ្ឌ​ថ្មី​នេះ​ លោក​Marty Natalegawa ​បាន​ស្នើ​ឱ្យ​មាន​ចំណុច​ឈរជើង​សម្រាប់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី​ចំនួន​បី​ទីតាំង​ គឺ​ទីតាំង​៥មករា​ ទីតាំង​តាសឹម​ និង​ទីតាំង​ចាក់ក្រែង​ក្នុង​ទឹកដី​កម្ពុជា។

លោក​កុយ គួង​ អនុ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ថ្លែង​ថា​ លោក​រដ្ឋមន្ត្រី​ការ​បរទេស​ហោ ណាំហុង​បាន​ឆ្លើយ​តប​វិញ​ភ្លាមៗ​ ដោយ​យល់ព្រម​ទាំងស្រុង​លើ​សេចកី្ត​ព្រាង​លក្ខខណ្ឌ​ប្រតិបត្តិការ​ថ្មី​សម្រាប់​ដាក់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី។

«នេះ​ជា​សុឆន្ទៈ​ថ្មីមួយ​របស់​ប្រទេស​កម្ពុជា​ ដោយ​ឈរ​លើ​ស្មារតី​គោរព​ការ​ឈប់​បាញ់​អចិន្ត្រៃយ៍​ដែល​អាច​នាំ​ទៅ​ដល់​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី»។

លោក​Marty Natalegawa​បាន​បញ្ជាក់​ថា​ លោក​បាន​ទទួល​លិខិត​ឆ្លើយ​តប​ពី​លោក​ហោ ណាំហុង​ហើយ​ដោយ​ការ​ពេញ​ចិត្ត​ ប៉ុន្តែ​នៅ​រង់ចាំ​ចម្លើយ​ពី​ភាគី​ថៃ​ប៉ុណ្ណោះ។

លោក​ Thani Thongphakdi​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បាន​និយាយ​ថា​ ប្រទេស​ថៃ​កំពុង​ជាប់​រវល់​នឹង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ ឆ្នាំ​ថោះ។

លោក​កុយ គួង​បាន​ថ្លែង​ថា​ វត្តមាន​របស់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី​គឺ​ជា​សាក្សី​ដ៏​សំខាន់​មួយ​ក្នុង​ការ​ទប់ស្កាត់​ការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​រវាង​កងទ័ព​កម្ពុជា​ និង​ថៃ​ដែល​អាច​កើត​មាន​ឡើង​នោះ។

«កាល​ណា​មាន​បទ​ឈប់បាញ់​ជា​អចិន្ត្រៃយ៍​ហើយ​នោះ​ ដំណោះ​ស្រាយ​ផ្សេងៗ​ទាក់ទង​រឿង​ព្រំដែន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី»។

កាសែត​ Bangkok Post​ បាន​រាយ​ការណ៍​ពី​សប្តាហ៍​មុន​ថា​ រដ្ឋ​សភា​ថៃ​បាន​ពន្យារ​ពេល​អនុម័ត​ឯកសារ​ព្រំដែន​របស់​គណៈ​កម្មការ​ព្រំដែន​រួមដោយសារ​តែ​ការ​ខ្វះ​កូរ៉ុម។

លោក​កុយ គួង​ បាន​បញ្ជាក់​ថា​ ភាគី​កម្ពុជា​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​ពិនិត្យ​បង្គោល​ព្រំដែន​ពី​លេខមួយ​ដល់​លេខ​២៣​ និង​ការ​ជ្រើសរើស​ក្រុមហ៊ុន​ដើម្បី​ថត​ពី​អាកាស​ទៅ​លើ​តំបន់​ជម្លោះ។​ ប៉ុន្តែ​ភាគី​ថៃ​បាន​ជំទាស់​ ដោយ​បញ្ជាក់​ថា​ ត្រូវ​រង់ចាំ​រហូត​រដ្ឋ​សភា​ថៃ​អនុម័ត​លើ​កំណត់​ហេតុ​ព្រំដែន​ទាំង​បី​ជាមុន​សិន។

«ភាគី​ទាំងពីរ​បាន​ឈាន​ដល់​ចំណុច​ទាល់ច្រក​ជាថ្មី​ម្តង​ទៀត​ហើយ​ ពីព្រោះ​យើង​មិន​សង្ឃឹម​ថា​ រដ្ឋសភា​ថៃ​នឹង​អនុម័ត​កំណត់​ហេតុ​នា​ពេល​ឆាប់ៗ​ខាង​មុន​នេះ​ទេ»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​គំរាម​ថា​ ប្រទេស​កម្ពុជា​នឹង​មិន​ចរចា​ជាមួយ​ប្រទេស​ថៃ​អំពី​ព្រំដែន​តទៅ​ទៀត​ទេ​ បើ​រដ្ឋ​សភា​ថៃ​មិន​អនុម័ត​ឯកសារ​ចំនួន​បី​របស់​គណៈ​កម្មការ​ព្រំដែន​រួម​នោះ។

លោក​នាយក​រដ្ឋមន្ត្រី​ថៃ ​Abhisit​បាន​និយាយ​ថា​ មន្ត្រី​យោធា​នៃ​ប្រទេស​ទាំងពីរ​មិន​អាច​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មការ​ព្រំ​ដែន​រួម​ទេ៕

This posting includes an audio/video/photo media file: Download Now

ព្យាករណ៍​ឆ្នាំថ្មី​ថា​នឹង​មាន​ភោគផល​កសិកម្ម​ល្អ​​តែ​នឹង​​អាច​មាន​ទឹក​ជំនន់

Posted: 14 Apr 2011 04:00 PM PDT

ឆ្នាំ​ថ្មី​ឆ្នាំ​ថោះ​ដែល​តំ​ណាង​ដោយ​សត្វ​ទន្សាយ​ត្រូវ​បាន​ព្យាករណ៍​ថា​ជា​ឆ្នាំ​នឹង​នាំ​​មក​នូវ​ភោគផល​កសិកម្ម​យ៉ាង​​ល្អ​​សម្រាប់​ប្រជា​កសិករ​ខ្មែរ​ ក៏​ប៉ុន្ដែ​គឺ​ជា​ឆ្នាំ​ដែល​អាច​នឹង​មាន​ទឹក​ជំនន់​ដោយសារ​ទឹក​ភ្លៀង​ច្រើន​ផង​ដែរ​​នេះ​គឺ​ជា​ទំនាយ​ក្នុង​មហា​សង្រ្កាន​​សម្រាប់​ឆ្នាំ​នេះ​។

សៀវ​ភៅ​មហា​សង្រ្កាន​ដែល​រៀប​រៀង​ដោយ​ លោក​ អ៊ឹម​ បុរិន្ទ​ ​នាយក​គណៈ​កម្មការ​​ស្រាវជ្រាវ​​វិជ្ជាហោរាសាស្ដ្រ ​ប្រពៃ​ណី​ទំនៀម​ទម្លាប់​ខ្មែរ​​នៃ​​ក្រសួង​ធម្មការ​ និង​សាសនា​ បាន​​បង្ហាញ​ថា​ នៅ​ឆ្នាំ​ថោះ​ ឆ្នាំ​២០១១​នេះ កម្ពុជា​នឹង​ទទួល​បាន​ទឹក​ភ្លៀង​យ៉ាង​សម្បូរ​ ហើយ​ក៏​នឹង​កើត​មាន​​ជំនន់​​ទឹក​ភ្លៀង​​​​ច្រើន​ជាមួយ​គ្នា​នោះ​ដែរ។

លោក​ អ៊ឹម​ បុរិន្ទ​ បញ្ជាក់​ដោយ​ផ្អែក​លើ​ទំនាយ​ហោរាសាស្ដ្រ​ថា ​ភាពសម្បូរ​ដោយ​ទឹក​​ភ្លៀង​នេះ​​នឹង​​នាំ​​ឲ្យ​មាន​កំណើន​ផលស្រូវ​ខ្ពស់​សម្រាប់​​ប្រជា​កសិករ​ដែរ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ផល​ដំណាំ​កសិកម្ម ​ផល​ដំណាំ​ផ្សេងៗ ​គឺ​យើង​បាន​ផលប្រាំបួន​ភាគ ​ខូច​តែ​មួយ​ភាគ​ទេ។ គឺ​ផល​ល្អ​​ហើយ​ម្យ៉ាង​ទៀត​ គឺ​ការ​ធ្វើ​ស្រែ​គឺ​យើង​បាន​ផល​ទាំង​ពីរ ​ទាំង​ដី​ទំនាប ​ទាំង​ដី​ទួល។ បាន​សេចក្ដីថា​ ភ្លៀង​អំណោយ​ផល​ល្អ​ អញ្ចឹង​ធ្វើ​ឲ្យ​ដំ​ណាំ​ស្រូវ​ល្អ​គ្រប់​កន្លែង»។

ថ្វី​បើ​កសិករ​នឹង​ទទួល​បាន​ផល​ស្រូវ​ច្រើន​ ក៏​ប៉ុន្ដែ​ពួកគាត់​ត្រូវ​​ប្រយត្ន័​​ប្រយែង​ចំពោះ​គ្រោះ​អគ្គីភ័យ​​ដែរ​សម្រាប់​ឆ្នាំ​ថ្មី។ ទំនាយ​ឆ្នាំ​នេះ​មិន​ល្អ​សោះ​ឡើយ។ មហា​សង្រ្កាន​​ទាយ​ថា ​ភ្លើង​នឹង​កាច​សាហាវ​​ងាយ​​នឹង​បង្ក​អគ្គីភ័យ។ ទំនាយ​មហា​សង្រ្កាន​ដដែល​បង្ហាញ​ថា​ ប្រជា​រាស្ដ្រ​តូច​តាច​ នឹង​ចាញ់​អ្នក​ធំ ​នាយ​ចៅ​​ហ្វាយ។ ប៉ុន្ដែ​កង​ទាហាន​នឹង​មាន​ជ័យ​ជម្នះ​គ្រប់​ពេល​វេលា​ចំពោះ​បច្ចា​មិត្ត។

លោក ​អ៊ឹម​ បុរិន្ទ ​វិភាគ​ទៅ​លើ​ជំនិះ​របស់​ទេវតា​ឆ្នាំ​ថ្មី​ ព្រះ​នាម​កិរិណី​ទេវី ​ដែល​មាន​ព្រះ​ហស្ថ​ស្ដាំ​ទ្រង់​កង្វេរ​ ព្រះ​ហស្ថ​ឆ្វេង​ទ្រង់​កាំភ្លើង នឹង​ប្រើ​ដំរី​ជា​ជំនិះ​សម្រាប់​យាង​ចុះ​មក​គ្រប់​គ្រង​ភព​ផែនដី។ លោក​មាន​ប្រសាសន៍​ថា៖

«ទេវតា​កាន់​កង្វេរ ​អញ្ចឹង​ប្រទេស​ខ្មែរ​យើង​នឹង​មាន​ការ​អនុវត្ត​ច្បាប់​ល្អ​ប្រសើរ​ជាង​ឆ្នាំ​ទៅ​ ដោយ​​យើង​ចង់​និយាយ​ថា ​កង្វេរ​នេះ​ជា​អាវុធ​មួយ​បញ្ជា​ទៅ​លើ​សត្វ​ដំរី។ ​ដំរី​យើង​វិភាគ​ថា ជា​កំលាំង​ធំ ​ឬ​ជា​​សេដ្ឋកិច្ច​ ឬ​ជា​កំលាំង​ប្រជា​ពលរដ្ឋ។ អញ្ចឹង​ប្រជា​ពល​រដ្ឋ​នឹង​ត្រូវ​ទទួល​ការកៀប​សង្កត់​ផ្នែក​ច្បាប់ ​​ដោយសារ​ប្រទេស​ជាតិ​ប្រើ​ច្បាប់​ត្រឹម​ត្រូវ។ បញ្ហា​នយោបាយ​មាន​ការ​ល្អ​ប្រសើរ​ទេ។ ចំពោះ​បញ្ហា​​សន្ដិសុខ​សង្គម​ ដូច​ជា​ភ្លើង​សាហាវ​យើង​ចាត់​ទុក​ជា​បញ្ហា​សង្គម​មួយ ​ការ​វិនាស​អន្ដរាយ​ទ្រព្យ​សម្បត្តិ​​ដោយសារ​ភ្លើង ហើយ​យើង​គួរ​តែ​ប្រយត័្ន។ ទេវតា​កាន់​កាំ​ភ្លើង​ដៃ​ឆ្វេង​ មាន​ន័យ​ថា​ មាន​ខ្លះ​ដែរ​ការ​ចល័ត​កាំភ្លើង​ទៅ​មក។ ប៉ុន្ដែ​វា​ជា​ការ​បន្ទាប់​បន្សំ​ទេ។​ ទោះ​ជា​យ៉ាងណា​ក៏​ទាហាន​របស់​យើង​បាន​​ទទួល​ជ័យ​ជម្នះ​គ្រប់​ទិស​ទី​ដែរ។ ​បើ​យើង​និយាយ​នៅថ្ងៃ​ឡើង​សក្ដិ៍​គឺ​ថា​ ទាហាន​ទាំងឡាយ​បាន​​សេចក្ដី​សុខ​ក្សេមក្សាន្ដ​ ហើយ​ទោះ​ជា​ប្រឆាំង​ជាមួយ​បច្ចាមិត្ត​យ៉ាងណា​ក៏​មាន​ជ័យជម្នះ​គ្រប់​ទិសទី​ដែរ»។

ពិធី​ចូល​ឆ្នាំ​ខ្មែរ​រយៈ​ពេល​បី​ថ្ងៃ​តែ​ង​តែ​ប្រព្រឹត្ត​ទៅ​ក្នុង​រវាង​ពាក់​កណ្ដាល​ខែ​មេសា ​ឬ​ត្រូវ​ជា​ខែ​ចែត្រ​ ហើយ​ជា​រៀងរាល់​ឆ្នាំតែង​តែ​មាន​ការទស្ស​ទាយ​ទុក​ពី​ដំណើរ​ការ​ស្រុក​ទេស​ដែល​អាច​នឹង​ជួប​ប្រទះ។ ក៏​ប៉ុន្ដែ​អ្នក​វិទ្យាសាស្ដ្រ​និយម​មួយ​ចំនួន​ រួម​ទាំង​ហោរា​សាស្ដ្រ​តាម​ក្បួន​ចិន​មួយ​ចំនួន​ផង​ដែរ​ ចាត់​ទុក​​ថា​ ទំនាយ​នោះ​មាន​លក្ខណៈ​អរូបិយ​នឹង​គឺ​ជា​ការ​ប្រព្រឹត្ត​តាម​ទំនៀម​ទម្លាប់​ច្រើន៕

This posting includes an audio/video/photo media file: Download Now

ប្រជា​ពលរដ្ឋ​កម្ពុជា​ស្វាគមន៍​ឆ្នាំ​ថោះ​ព.ស.​២៥៥៥

Posted: 14 Apr 2011 03:36 PM PDT

ប្រជា​ពលរដ្ឋ​ខ្មែរ​កំពុង​តែ​ប្រារឰ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​យ៉ាង​សប្បាយ​រីករាយ​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម្ពុជា។ ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​នាំ​គ្នា​យក​ចំណី​អាហារ​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​ព្រះពុទ្ធ​សាសនា​នានា ដើម្បី​ឧទ្ធិស​កុសល​ផលបុណ្យ​ជូន​ដល់​ជីដូន​ជីតា​ មាតាបិតា​ និង​ញាតិកា​ទាំង​៧សន្តាន​ដែល​បាន​ទទួល​មរណភាព។ ផ្លូវ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ស្ងប់ស្ងាត់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​ហាង​លក់​ទំនិញ​ត្រូវ​បាន​បិទទ្វារ និង​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​ ដើម្បី​ជួប​ជុំ​​​​​សមាជិក​គ្រួសារ​ និង​ទទួល​ស្វាគមន៍​ទេវតា​ឆ្នាំថ្មី។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១៤លាន​នាក់ បាន​ចាប់​ផ្តើម​ប្រារព្វ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​យ៉ាង​សែន​សប្បាយ​រីករាយ ដោយ​មាន​ការ​ជួបជុំ​សមាជិក​គ្រួសារ ការ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​ទីវត្ត​អារាម និង​ការ​លេង​កម្សាន្ត​ល្បែង​ប្រជាប្រិយ​ផ្សេងៗ​នៅ​ក្នុង​បរិវេណ​វត្តអារាម​នៅ​ទូទាំង​ប្រទេស។

ឆ្នាំ​ថោះ​បាន​ចាប់​ផ្តើម​ជា​ផ្លូវការ​នៅ​វេលា​ម៉ោង​១៣ និង​១២​នាទី​រសៀល​ថ្ងៃ​ព្រហស្បតិ៍នេះ តាម​មហាសង្ក្រាន ហោរាសាស្ត្រ​ខ្មែរ​ដែល​ពណ៌នា​រយៈពេល​១២​ឆ្នាំ។ ឆ្នាំ​និមួយៗ​មាន​​តំណាង​ដោយ​សត្វ​១២ រួមមាន​សត្វ​ទន្សាយ សត្វពស់​នាគរាជ​ សត្វពស់​ សត្វសេះ​ សត្វពពែ​ សត្វស្វា​ សត្វមាន់​ សត្វឆ្កែ​ សត្វជ្រូក​ សត្វកណ្តុរ ​សត្វគោ​ និង​សត្វខ្លា ។

ប្រជាពលរដ្ឋ​ខ្មែរ​បាន​កំណត់​យក​ចន្ទគតិ​ជា​ផ្លូវការ​សម្រាប់​ប្រារព្វ​ពិធីបុណ្យ​ចូល​ឆ្នាំខ្មែរ​នៅក្នុង​ខែ​ចែត្រ​ដែល​ជា​ពេលវេលា​ទំនេរ​ពី​ការងារ​កសិកម្ម​របស់​ពួក​គេ។ ជាធម្មតា​ យោងតាម​ចន្ទគតិ បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ចាប់​ផ្តើម​នៅ​ថ្ងៃទី​១៣​ខែមេសា និង​ពេល​ខ្លះ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៤​ខែ​មេសា។ ឱកាស​ប្រកប​ដោយ​នក្ខឫក្ស​ដ៏​ប្រសើរ​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មាន​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី១​គឺ​ជា​ថ្ងៃ​មហាសង្ក្រាន្ត​ ថ្ងៃទី២​គឺ​ជា​ថ្ងៃ​វរៈវ័នបតៈ​ និង​ថ្ងៃទី​៣​គឺ​ជាថ្ងៃ​ឡើងស័ក។ បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ក្នុង​ឆ្នាំ​២០១១​នេះ គឺ​ជា​ឆ្នាំ​ថោះ​ ឬ ឆ្នាំ​ទន្សាយ​ បាន​ចាប់​ផ្តើម​នៅ​ថ្ងៃទី​១៤ ខែ​មេសា។

ផ្លូវ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​តែងតែ​មាន​ភាពអ៊ូអរ​នោះ​ បាន​ប្រែក្លាយ​ទៅ​ជា​ស្ងប់ស្ងាត់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយហាង​លក់​ទំនិញ និង​របស់​របរ​ផ្សេងៗ​ជាច្រើន​ត្រូវ​បាន​បិទទ្វារ និង​មនុស្ស​ជាច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​ ជួប​ជុំ​សមាជិក​គ្រួសារ​ មាតាបិតា​ បងប្អូន​ និង​ញ្ញាតិ​សន្តាន​ ដើម្បី​ទទួល​ស្វាគមន៍​ទេវតា​ឆ្នាំថ្មី​ព្រះនាង​កិរណីទេវី​ ជា​បុត្រី​ទី​ប្រាំ​នៃ​កបិល​មហាព្រហ្ម។

«ពី​ពេល​នេះ ឆ្នាំ​នេះ​តទៅ​ ទេវតា​ឆ្នាំ​ថ្មី​ពិត​ជា​ប្រកាន់​យក​សច្ចធម៌​ យុត្តិធម៌​ និង​សន្តិភាព​ជូន​ប្រជារាស្ត្រ​ជា​ដរាប​រៀង​ទៅ​បាន​ពិតប្រាកដ​ជា​មិន​ខាន។ សូម​ឆ្នាំ​ថ្មី ចិត្ត​ថ្មី គំនិត​ថ្មី​កើត​មាន​ក្នុង​សណ្តាន​ចិត្ត​កុលបុត្រកុលធិតា​ខ្មែរ​គ្រប់​រូប ដើម្បី​ចាប់​ដៃ​រួម​កម្លាំង​សាមគ្គី​ ព្រួត​ដៃ​គ្នា​រុញ​ច្រាន​នាវា​កម្ពុជា​ឆ្លង​កាត់​រលក​ធំៗ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ត្រើយ​សន្តិភាព និង​សុភមង្គល វិបុល​សុខ​មហា​ប្រសើរ​ថ្លៃថ្លា។»

ប្រជាពលរដ្ឋ​ខ្មែរ​បាន​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី និង​បាន​នាំ​យក​នំចំណី​អាហារ​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​ព្រះពុទ្ធ​សាសនា​នានា ដើម្បី​ឧទ្ធិស​កុសល​ផលបុណ្យ​ជូន​ដល់​ជីដូន​ជីតា មាតា​បិតា និង​ញាតិការ​ទាំង ៧សន្តាន ដែល​បាន​ទទួល​មរណភាព។

នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ ការ​លេង​កម្សាន្ត​ល្បែង​ប្រជាប្រិយ​ផ្សេងៗ​ជាច្រើន​ ត្រូវ​បាន​រៀបចំ​សម្តែង​នៅ​តាម​ទី​វត្ត​អារាម​ទូទាំង​ប្រទេស​ ដូច​ជា​ការ​សម្តែង​តន្ត្រី ​ កំប្លែង​ ការ​រាំរែក​ សិល្បៈ​ប្រពៃណី​ និង​ល្បែង​ប្រជាប្រិយ៍​ផ្សេងៗ​ ជា​ពិសេស​ល្បែង​បោះ​អង្គុញ​ ល្បែង​ចោល​ឈូង​ ល្បែង​ទាញ​ព្រាត់ ​ល្បែង​លាក់​កន្សែង ​និង​ល្បែង​ដណ្តើម​ស្លឹក​ឈើ​ជា​ដើម។

លោក​ឧត្តមសេនីយ៍​ឯក​ ខៀវ សុភ័ក្រ​ បាន​ថ្លែង​ថា​ ក្រសួង​មហាផ្ទៃ​បាន​បញ្ជា​កងកម្លាំង​ប៉ូលីស​ទូទាំង​ប្រទេស​ឱ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ ការពារ​សន្តិសុខ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ដើម្បី​ទប់​ស្កាត់​រាល់​អំពើ​ល្មើស​គ្រប់​ប្រភេទ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ។ យើង​មិន​ទុក​ឱ្យ​មាន​ការ​យាយី​ ឬ ការ​រំខាន​ណា​មួយ​ពី​សំណាក់​ក្រុម​ជន​ពាល​ណា​មួយ​កើត​ឡើង​ជា​បង​តូច​បង​ធំ ឬ​ក៏​ក្មេង​ទំនើង​ ឬ​ក៏​ចោរ​លួចចោរ​ប្លន់​ដែល​ប៉ុស្តិ៍​ប៉ូលីស​នីមួយៗ​ត្រូវ​មាន​វេន​ប្រចាំការ​ដោយ​ប្រយ័ត្ន​ប្រយ៉ែង​ទាំងអស់​គ្នា។

លោក​ព្រឹទ្ធាចារ្យ​ មៀច ប៉ុណ្ណ ទី​ប្រឹក្សា​អមវិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត​ ទទួល​បន្ទុក​កិច្ចការ​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ​ថា ល្បែង​ប្រជាប្រិយ៍​ទាំង​នេះ​បាន​ធ្វើ​កម្លោះ​ក្រមុំ​សម្តែង​នូវ​សមត្ថភាព​ ភាព​ជិតស្និទ្ធ និង​ភាព​ឈ្លាសវ៉ៃ។

«អត្ថន័យ​នៃ​ល្បែង​ប្រជាប្រិយ៍​នេះ​គឺ​ជា​បុណ្យ​សប្បាយ។ ដូច្នេះ​ ការ​ដែល​បុព្វបុរស​របស់​យើង​បង្កើត​ល្បែង​ផ្សេងៗ​នេះ គឺ​សុទ្ធ​តែ​ជា​ល្បែង​ដែល​បម្រើ​ឱ្យ​ការ​សប្បាយ។»

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​បាន​លើក​ទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ឱ្យ​សប្បាយ​រីករាយ​សម្រាប់​ឆ្នាំ​ខាង​មុខ​ទៀត និង​បំភ្លេច​ចោល​នូវ​អំពើ​អពមង្គល​ទាំងឡាយ​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​កន្លង​ទៅ។

ការ​ប្រារព្វ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​មិន​មែន​ត្រឹម​តែ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​ប្រារព្វ​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ បារាំង​ អូស្ត្រាលី​ កាណាដា​ និង​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អឺរ៉ុបផង​ដែរ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!