VOA News: ព័ត៌មាន: “តុលាការ​ខ្មែរក្រហម​នឹង​កោះហៅ​ឌុច​ឲ្យ​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​០០២” plus 2 more

VOA News: ព័ត៌មាន: “តុលាការ​ខ្មែរក្រហម​នឹង​កោះហៅ​ឌុច​ឲ្យ​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​០០២” plus 2 more


តុលាការ​ខ្មែរក្រហម​នឹង​កោះហៅ​ឌុច​ឲ្យ​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​០០២

Posted: 11 Apr 2011 01:32 PM PDT

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​របស់​សាលាក្តី​ខ្មែរក្រហម​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ខ្លួន​នឹង​កោះហៅ​ឌុច​ឲ្យ​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​០០២​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អតីត​មេ​ដឹកនាំ​កំពូល​របស់​ពួក​ខ្មែរក្រហម​ចំនួន​បួន​នាក់។

សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​អៀង​ សារី​ អតីត​ឧប​នាយក​រដ្ឋ​មន្រ្តី ​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ខ្មែរក្រហម​ បាន​ស្នើ​នៅ​ក្នុង​កិច្ច​ប្រជុំ​រៀបចំ​សវនាការ​សម្រាប់​សំណុំ​រឿង​០០២​ កាល​ពី​ថ្ងៃ​អង្គារ​​សប្តាហ៍​មុន​ឲ្យ​ឌុច​ស្បថ​ ប្រសិន​បើ​ឌុច​ត្រូវ​កោះហៅ​ឲ្យ​ធ្វើ​ជា​សាក្សី​នោះ។​ ដូច្នេះ​ប្រសិន​បើ​ឌុច​នឹង​ត្រូវ​ទទួល​ស្គាល់ ​ឌុច​នឹង​ក្លាយ​ជា​សាក្សី​យ៉ាង​សំខាន់​បំផុត​សម្រាប់​សំណុំ​រឿង​០០២​ប្រឆាំង​នឹង​អតីត​មេ​ដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​គឺ​អៀង សារី ​ខៀវ​ សំផន ​នួន ជា​ និង​អៀង ធីរិទ្ធ។

នៅ​ក្នុង​សេចក្តី​ឆ្លើយ​តប​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ​ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បញ្ជាក់​ថា ​មាត្រា​ទី​២៤.៤​នៃ​វិធាន​ផ្ទៃ​ក្នុង ​មិន​បាន​ហាមឃាត់​ពិរុទ្ធ​ជន​ក្នុង​សំណុំ​រឿង​០០១ ​មិន​ឲ្យ​ធ្វើ​ជា​សាក្សី​នោះ​ទេ។ ​ហើយ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​កោះហៅ​កាំង ​ហ្គេចអ៊ាវ ​ហៅឌុច​ ឲ្យ​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​០០២​ ហើយ​ឌុច​នឹង​ត្រូវ​ធ្វើ​កិច្ច​សម្បថ។

ឌុច ​ដែល​នឹង​ឈាន​ចូល​អាយុ​៦៩​ឆ្នាំ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ត្រូវ​ផ្តន្ទាទោស​ដោយ​សាលា​ដំបូង​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣៥​ឆ្នាំ​ ក៏​ប៉ុន្តែ​ទោស​នេះ​ត្រូវ​កាត់​កង​នៅ​សល់​ត្រឹមតែ​១៩​ឆ្នាំ​ប៉ុណ្ណោះ​ នៅ​ក្នុង​សវនាការ​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​កាលពី​ចុង​ខែ​មីនា​ ស្តីពី​បណ្តឹង​ឧទ្ធរណ៍​របស់​ឌុច។

ឌុច​ និង​សហ​មេធាវី​របស់​ឌុច​បាន​ចាត់ទុក​ថា​ ឌុច​មិនមែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ជាន់ខ្ពស់​របស់​របប​ខ្មែរក្រហម​នោះ​ទេ​ ដោយ​អះអាង​ថា ​ឌុច​មិន​មាន​សិទ្ធិ​នៅក្នុង​ការ​បញ្ជា​ឲ្យ​សម្លាប់​អ្នកទោស​យ៉ាង​ហោចណាស់​ជាង​១២០០០​នាក់​នោះ​ទេ។

ឌុច ​និង​មេធាវី​របស់​ឌុច​បាន​លើក​ពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​នួន ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម​ និង​សុន សេន​ អតីត​រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​របស់​របប​កម្ពុជា​ប្រជា​ធិបតេយ្យ ​និង​មេ​ដឹកនំា​ខ្មែរក្រហម​មួយ​ចំនួន​ទៀត​ ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ស្លាប់​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​រហូត​ទៅ​ដល់​២,២​លាន​នាក់​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។

លោក​រាជ សម្បត្តិ ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរក្រហម​ មាន​ប្រសាសន៍​ថា​ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​ត្រូវ​សម្រិតសម្រាំង​យក​សាក្សី​មួយ​ចំនួន​សម្រាប់​សំណុំ​រឿង​០០២​ នៅ​ក្នុង​ចំណោម​សាក្សី​ទាំងអស់​ជាង​១.០០០​នាក់​ ដែល​ស្នើ​ដោយ​ភាគី​នានា​នៅ​ក្នុង​សាលាក្តី។

«​ខ្ញុំច​ង់​និយាយ​ថា​ មាន​ជាង​១.០០០​នាក់​ត្រូវ​បាន​ភាគី​ផ្សេងៗ​លើក​ឡើង។​ សាលា​ដំបូង​គាត់​នឹង​ជ្រើស​យក​សាក្សី​ណា​ដែល​គាត់​យល់​ថា ​សំខាន់​ជាង​គេ»។

លោក​ឡាត់ គី ​អ្នក​សម្រប​សម្រួល​កម្មវិធី​សាលាក្តី​ខ្មែរក្រហម​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក ​ចាត់​ទុក​ថា​ ឌុច​គឺជា​សាក្សី​ដ៏​មាន​សក្តានុពល​សម្រាប់​សំណុំ​រឿង​០០២។

«មុខងារ​របស់​គាត់ ​គឺ​មាន​សារៈ​សំខាន់​ណាស់។ ​អញ្ចឹង​យើង​អាច​ចាត់​ទុក​ថា​ ជា​សាក្សី​មាន​សក្តានុពល​នៅ​ក្នុង​ការ​បង្ហាញ​នូវ​ឧក្រិដ្ឋ​កម្ម​ដែល​កើត​ឡើង​នៅ​ក្នុង​សម័យ​នោះ ​ជាពិសេស​គឺ​ទាក់​ទង​ហ្នឹង​អំពើ​ឧក្រិដ្ឋ​ទាំង​ឡាយ ​ដែល​មេ​ដឹកនាំ​បាន​ប្រព្រឹត្ត»។

អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នឹង​ត្រូវ​សម្រេច​ទៅ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​ឌុច​ នៅ​ក្នុង​អំឡុង​ពីរ ​ឬ​បី​ខែ​ខាង​មុខ​ទៀត។

នោះ​ជា​បណ្តឹង​ឧទ្ធរណ៍ ​ដែល​សហ​មេធាវី​របស់​ឌុច​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ទោសឌុច​ ក៏​ប៉ុន្តែ​ក្រុម​សហ​ព្រះរាជ​អាជ្ញា​បាន​ទាមទារ​ឲ្យ​មាន​ការ​ផ្តន្ទា​ទោស​ដាក់​គុក​ឌុច ​យ៉ាង​ហោច​ណាស់​រហូត​ទៅ​ដល់​៤៥​ឆ្នាំ៕

This posting includes an audio/video/photo media file: Download Now

សហរដ្ឋ​អាមេរិក​រិះគន់​សេចក្តី​ព្រាង​ច្បាប់​គ្រប់គ្រង​​អង្គការ​នៅ​កម្ពុជា

Posted: 11 Apr 2011 12:42 PM PDT

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ សេចក្តី​ព្រាងច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​ដែល​ប្រទេស​កម្ពុជា​កំពុង​រៀបចំ​នោះ​នឹង​មិន​បម្រើ​ផលប្រយោជន៍​អ្វី​ទេ​ ហើយ​បាន​សម្តែង​ការព្រួយ​បារម្ភ​ចំពោះ​ការ​ខិតខំ​ជំរុញ​ច្បាប់​នេះ​ទៅ​មុខ​ទៀត។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ឱកាស​​ចេញ​ផ្សាយ​របាយ​ការណ៍​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ​២០១០​ លោក​ Michael Postner ​ឧបការី​រដ្ឋមន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ បាន​បញ្ជាក់​ថា​ ច្បាប់​អង្គការ​នេះ​នឹង​ធ្វើ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​កាន់​តែ​ជួប​ការ​លំបាក​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ពួក​គេ។

លោក​ Postner ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ដូច​កម្ពុជា​ដែរ​គឺ​មាន​ប្រទេស​ជាង​៩០​បាន​​​អនុម័ត​ច្បាប់​ឬ​បទប្បញ្ញត្តិ​​ដែល​​កម្រិត​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល។

«ខ្ញុំ​យល់​ថា​ ជា​តំណាង​ឱ្យ​និន្នាការ​នេះ​ដែល​ខ្ញុំ​បាន​និយាយ​រួច​មក​ហើយ គឺ​នៅ​ទីណា​ដែល​រដ្ឋាភិបាល​មិន​សប្បាយ​ចិត្ត​នឹង​អ្នក​រិះគន់​ហើយ​ ដូច្នេះ​ពួក​គេ​បាន​សម្រេច​ចិត្ត​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ និង​ស្ទើរតែ​មិន​ឱ្យ​អ្នក​ទាំង​នោះ​ធ្វើការ​កើត»។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជា​ច្រើន​ ​ដែល​មាន​ដូចជា​​​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch​ អង្គការ​លើកលែង​ទោស​អន្តរជាតិ​និង​អង្គការ​ Global ​Witness ​ក៏​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​លុបចោល​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ​ដែរ។

ពួក​គេ​បាន​លើក​ឡើង​ថា​ ច្បាប់​នេះ​នឹង​បង្ក​ជា​ឧបសគ្គ​ដល់​ការចុះ​បញ្ជី​ឈ្មោះ​អង្គការ​ណា​ដែល​រដ្ឋាភិបាល​មិន​ពេញចិត្ត​ ហើយ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុងក្រោយ​នេះ​គឺ​អង្គការ​សង្គម​ស៊ីវិល​បាន​ចូល​រួម​ចំណែក​ដល់​ការ​ស្តារ​ប្រទេស​កម្ពុជា​ឡើង​វិញ។​ ពួក​គេ​ក៏​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ ច្បាប់​នេះ​អាច​នឹង​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​ដែល​មាន​កន្លង​មក​នេះ។

ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ហាក់​ដូច​ជា​មិន​បង្ហាញ​ជំហរ​ដក​ថយ​ឡើយ។

លោក​កុយ គួង​ អនុរដ្ឋ​លេខាធិការ​និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​បញ្ជាក់​ថា​ ច្បាប់​នេះ​នឹង​នៅ តែ​ដំណើរការ​ទៅមុខ​ទៀត​ ព្រោះ​វា​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។

«ការ​បង្កើត​ច្បាប់​នេះ​គឺ​មិន​បាន​កម្រិត​សេរីភាព​អ្វី​ទេ ​គឺ​ធានា​នូវ​ការអនុវត្ត​ប្រតិបត្តិការ​របស់​អង្គការ​សមាគម​ សង្គម​ស៊ីវិល​ឱ្យ​​មាន​ភាព​រលូន​ ហើយ​ឱ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​កាន់​តែ​ល្អ​រវាង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​អង្គការ​ទាំងនោះ​ ដូច្នេះ​ហើយ​គ្មាន​ហេតុផល​ណា​មួយ​ដែល​ត្រូវ​ដក​ច្បាប់​នេះ​ចេញ​វិញ​ទេ។ ​គឺ​អត់​មាន​ទេ»។

នៅ​ក្នុង​របាយការណ៍​៤២​ទំព័រ​ដែល​សំឡឹង​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ឆ្នាំ​២០១០​នៅ ​ប្រទេស​​កម្ពុជា​ក៏​បាន​បង្ហាញ​ថា​ កង​កម្លាំង​ប្រដាប់​អាវុធ​​កម្ពុជា​នៅ​តែ​​​បាញ់​សម្លាប់​មនុស្ស​តាម​ទំនើង​ចិត្ត​និង​មិន​ទទួល​ទោសពៃរ៍​អ្វី​ឡើយ ​ជម្លោះដីធ្លី ​និង​ការបង្ខំ​ប្រជា​ពលរដ្ឋ​ចេញ​ពីដីធ្លី​ដោយ​ហិង្សា​នៅ​តែ​បន្ត​កើត​មាន ​ហើយ​សេរីភាព​នៃការ​បញ្ចេញ​មតិ​ត្រូវ​បាន​រដ្ឋាភិបាល​​រឹត​បន្តឹង​ដោយ​ការ​ប្តឹង​ផ្តល់​ទៅ​តុលាការ​ដោយ​ចោទ​ពី​បទ​​ផ្សាយ​ព័ត៌មាន​មិនពិត ​និង​បង្ខូច​កេរ្តិ៍​ឈ្មោះ។

របាយ​ការណ៍​ក៏​បាន​រៀបរាប់​យ៉ាង​វែង​អំពី​ករណី​រំលោភ​បំពាន​លើ​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ដែល​មាន​ដូច​ជា​លោក​ស្រី​មួរ សុខហួរ ​ដែល​មាន​រឿងក្តី​ក្តាំ​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​​និង​​ករណី​របស់​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា​ដែល​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១២​ឆ្នាំ​ទាក់​ទង​នឹង​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

លោក​ Michael Postner ​ក៏​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​រឹតត្បិត​ទៅ​លើ​ក្រុម​គណបក្ស​ប្រឆាំង​នៅ​ប្រទេ​សកម្ពុជា​ផង​ដែរ។

«ការណ៍​ពិត​ដែល​ថា ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​មិន​បាន​ឯករាជ្យ​ ហើយ​ការណ៍​ពិត​ដែល​ថា ​រដ្ឋាភិបាល​មិន​មាន​អារម្មណ៍​ស្រួល​ជាមួយ​នឹង​ក្រុម​អ្នក​ប្រឆាំង​ បើទោះ​បី​អ្នក​នោះ​ជា​បក្ស​ប្រឆាំង​ឬក៏​ក្រុម​សិទ្ធិ​មនុស្ស​ក៏ដោយ ​គឺ​ធ្វើឱ្យ​យើង​មាន​ការ​ព្រួយ​បារម្ភ»។

ក្រសួង​ការ​បរទេស​កម្ពុជា​នៅតែ​ការពារ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​របស់​ខ្លួន​ដោយ​បញ្ជាក់​ថា​ មាន​ការ​រីកចម្រើន​ទៅមុខ​ជានិច្ច។

លោក​កុយ គួង​បាន​បញ្ជាក់​បន្ថែម​ដូច្នេះ​ថា៖

«ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​យើង​ជារួម​គឺ​មាន​លក្ខណៈ​ល្អ។ ​បើ​ទោះ​បីជា​មាន​បញ្ហា​បន្តិច​បន្តួច​អ្វី​ក៏ដោយ ​ក៏​យើង​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ធ្វើ​ឱ្យ​ស្ថាន​ការណ៍​នេះ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ជា​លំដាប់»។

បើ​ទោះ​បី​ជា​មិន​ទាន់​បញ្ជាក់​ជំហរ​ថា ​តើ​វា​នឹង​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក​ឬ​យ៉ាង​ណា​នោះ​ ក៏​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​នឹង​បន្ត​តាម​ដាន​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​កម្ពុជា​និង​ជាពិសេស​គឺ​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​អង្គការ​សង្គម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា​ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ Michael Postner៕

This posting includes an audio/video/photo media file: Download Now

ទំនប់​វារី​អគ្គិសនី​នៅ​ប្រទេស​ឡាវ​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ប្រេះឆា​រវាង​ប្រទេស​តាម​ដង​ទន្លេ​នេះ

Posted: 11 Apr 2011 02:00 PM PDT

អ្នក​ស្រាវជ្រាវ​និង​អ្នក​វិភាគ​កម្ពុជា​លើក​ឡើង​ថា​ ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​សាយ៉ា​បូរី​ លើ​ដង​ទន្លេ​មេគង្គ​នឹង​ក្លាយ​ជា​ប្រធានបទ​មួយ​ដែល​អាច​បង្ក​ឲ្យ​មាន​ភាព​ផុយ​ស្រួយ​ខាង​នយោបាយ​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ​​ទាំង​មូល។​ ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​មុន​កិច្ច​ប្រជុំ​ចុង​​ក្រោយ​របស់​បណ្តា​ប្រទេស​ទន្លេ​មេគង្គ​​អំពី​គម្រោង​ទំនប់​ដ៏​ចម្រូង​ចម្រាស់​របស់​​ប្រទេស​ឡាវ​នោះ។

ប្រសិន​ជា​ទំនប់​វារី​អគ្គិសនី​សាយ៉ា​បូរី​របស់​ប្រទេស​ឡាវ​អាច​នឹង​ត្រូវ​បាន​សាង​សង់​តាម​គម្រោង​មែន​នោះ​ ការ​សាងសង់​ទំនប់​នេះ​នឹង​ក្លាយ​ជា​កំហុស​មួយ​សម្រាប់​នយោបាយ​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ​ទាំង​មូល​ នេះ​គឺ​ជា​ការ​ទស្សទាយ​ទុក​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ និង​​​អ្នក​វិភាគ​ឯករាជ្យ​កម្ពុជា។

ក្នុង​បទ​សម្ភាសន៍​ជា​មួយ​វីអូអេ​ខ្មែរ ​នៅ​ក្នុង​វេទិកា​ពិភាក្សា​មួយ​ស្តី​អំពី​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​លើ​ដង​ទន្លេ​មេគង្គ​ក្នុង​ទី​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ​ នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​និង​សន្តិភាព​មាន​ប្រសាសន៍​ថា​ ប្រសិន​បើប្រទេស​ឡាវ​នៅ​តែ​ជំនះ​ធ្វើ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ជា​មួយ​ប្រទេស​ថៃ​នោះ​ វា​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ប្រេះឆា​​រវាង​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​ទាំង​មូល។

«ប្រសិន​បើ​ករណី​ដែល​ឡាវ​នៅ​តែ​ចចេស​បន្ត​សាងសង់​ទំបន់​សាយ៉ាបូរី​ ដោយ​ពុំ​មាន​​ការ​យល់​ព្រម​ពី​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​​នៅ​ក្នុង​សមាជិក​MRC​ទេ​ ខ្ញុំ​គិត​ថា​ នោះ​ជា​អ្វី​មួយ​ដែល​ឡាវ​​កំពុង​តែ​ធ្វើ​ខុស​ ទាក់​ទង់​ទៅ​នឹង​​អនុសញ្ញា​ផ្សេងៗ​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​ ក្នុង​ក្រប​ខណ្ឌ ​MRC ក៏​ដូច​ជា​ក្នុង​បរិបទ​​ទំនាក់​ទំនង​មិត្ត​ភាព​របស់​ប្រទេស​ជិត​ខាង​ក្នុង​តំបន់។​​ ដូច្នេះ​ ខ្ញុំ​គិត​ថា​ បើ​ឡាវ​ធ្វើ​ឯកតោ​ភាគី​នោះ​ គឺ​ជា​សាច់​រឿង​មួយ​ដែល​មិន​ល្អ​ចំពោះ​តំបន់​ទេ​​គឺ​មាន​ការ​បែក​បាក់​នឹង​ប្រេះ​ឆា​នៅ​ក្នុង​តំបន់​ហ្នឹង​ហើយ»។

ការ​អះអាង​នេះ​បាន​ធ្វើ​ឡើង​តែ​ជាង​មួ​យ​សប្តាហ៍​ប៉ុណ្ណោះ​ មុន​កិច្ច​​​​ប្រជុំ​​ជា​ចុង​ក្រោយ​របស់​បណ្តា​ប្រទេស​នៅ​តាម​អាង​​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម​ រួម​មាន​ថៃ​ ឡាវ​ កម្ពុជា​និង​វៀតណាម។​ កិច្ច​ប្រជុំ​មួយ​គ្រោង​ធ្វើ​​​​នៅ​ថ្ងៃ​ទី​១៩​ ខែ​មេសា​ឆ្នាំ​២០១១​នេះ​នៅ​ក្នុង​ទី​ក្រុង​វៀងច័ន្ទ​ ប្រទេសឡាវ​ ដើម្បី​សម្រេច​ ថា​តើ​​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​​ទំនប់​​សាយ៉ាបូរី​នោះ ​ឬ​យ៉ាង​ណា។

លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ​មាន​ប្រសាសន៍​ថា​ ប្រទេ​ស​ឡាវ​គួរ​តែ​គិត​គូរ​អំពី​ផល​ប្រយោជន៍​ក្នុង​តំបន់​ទាំង​មូល​ ហើយ​ប្រទេស​ឡាវ​ត្រូវ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ស៊ី​ជម្រៅ​បន្ថែម​ទៀត​អំពី​ផល​ប៉ះពាល់​ដោយសារ​ការ​សម្រេច​ចិត្ត​សាងសង់​ទំនប់​នោះ។

បើ​តាម​គម្រោង ​ទំបន់​នោះ​នឹង​ត្រូវ​សាងសង់​ដោ​យ​ក្រុមហ៊ុន​ថៃ​មួយ ​ហើយ​​អាច​ផលិត​ថាមពល​អគ្គិសនី​​​​កម្រិត​១២៦០​មេហ្គា​វ៉ាត់។​ ៩៥%​នៃ​ថាមពល​អគ្គិសនី​ដែល​ទំបន់​របស់​ឡាវ​​​​ផលិត​បាននេះ​​នឹង​ត្រូវ​លក់​ទៅ​ឲ្យ​ប្រទេស​ថៃ​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​អង្គការ​ទន្លេ​អន្តរជាតិ​ (International Rivers)។

ប៉ុន្តែ​របាយ​ការណ៍​នេះ​ក៏​បង្ហាញ​ផង​ដែរ​​ថា​ ប្រសិន​បើ​ត្រូវ​បាន​សាងសង់​មែន​នោះ ​ទំនប់​សាយ៉ា​បូរី​ ​នឹង​ធ្វើ​ឲ្យ​ខូចខាត​ប្រព័ន្ធ​អេកូឡូស៊ី​​និង​ជីវ​ចម្រុះ​នៅ​ក្នុង​ទន្លេ​មេគង្គ​​ជា​រៀង​រហូត​ ហើយ​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ពពួក​ពូជមច្ឆា​យ៉ាង​តិច​ចំនួន​៤១​ប្រភេទ​ដែល​ជិត​ផុត​ពូជ​ ដូចជា​ពូជ​ត្រី​រាជ​ជា​ដើម។

ការ​បាត់​បង់​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​រាប់​លាន​​នាក់​ជា​ពិសេស​ប្រជាជន​កម្ពុជា​​​ដែល​​ពឹង​អាស្រ័យ​​ទៅ​លើ​ទន្លេ​មេគង្គ​​នេះ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេខ្មែរ​នៅ​ក្នុង​វេទិកា​ពិភាក្សា​នោះ​ លោក​បណ្ឌិត​ម៉ី​ កល្យាណ​ ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​ប្រសាសន៍​ដោយ​យល់ស្រប​ជាមួយ​លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ​ថា​ ប្រទេស​ឡាវគួរ​តែ​សិក្សា​អំពី​ផល​ប៉ះពាល់​ជា​បន្ថែម​ទៀត។

«យើង​សូម​សំណូម​ពរ​ថា ​ឲ្យ​គេ​គិត​​ជា​តំបន់​ថា​ ជា​អាង​ទាំង​អស់​គ្នា​ទៅ។​ អាណិត​ខ្ញុំ​ផង។​ ខ្ញុំ​នៅ​ក្រោម​ពិបាក​ណាស់។​ ខ្ញុំ​នៅ​ក្រ​នៅ​ឡើយ។​ ខ្ញុំ​នៅ​ពឹង​លើ​ត្រី​នៅ​ឡើយ។​ ដល់​បង​ឯង​ធ្វើ​ទៅ​ក្រែង​លោ​វា​ប៉ះ​អញ្ចេះ​ ប៉ះ​អញ្ចោះ។​ យើង​ត្រូវ​ការ​សិក្សា​បន្ត​ទៀត»។

លោក​បណ្ឌិត​ម៉ី កល្យាណ​មាន​ប្រសាសន៍​បន្ថែ​ម​ថា​ ប្រសិន​បើ​គម្រោង​សាងសង់​ទំនប់​​វារី​អគ្គិសនី​សាយ៉ា​បូរី​របស់​ប្រទេស​ឡាវ​នឹង​ត្រូវ​បាន​អនុញ្ញាត​ នោះ​ការ​សាងសង់​ទំនប់​ធំៗ​ចំនួន​១០​ផ្សេង​ទៀត​នៅ​លើ​ដង​ទន្លេ​មេគង្គ​ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​គម្រោង​នៅ​ឡើយ​នោះ​ទំនង​ជា​នឹង​លេច​ចេញ​ជា​រូប​រាង​ ដោយ​ពុំ​អាច​រារាំង​បាន​ដែរ។​ ហើយ​​ផល​ប៉ះពាល់​​បណ្តាល​មក​ពី​ទំនប់​ទាំង​នោះ​អាច​នឹង​មាន​ទំហំ​ធំធេង​ដែល​មិន​អាច​ប៉ាន់​ស្មាន​ទុក​ជាមុន​បាន។

ដូច្នេះ​លោក​បណ្ឌិត​ម៉ី​ កល្យាណ​មាន​ប្រសាសន៍​បន្ថែម​ថា​ បណ្តា​ប្រទេស​ជា​សមាជិក​គណៈ​កម្មការ​ទន្លេ​មេគង្គ​ទាំង​បួន​គួរ​តែ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដំបូង​គេ​នៅ​លើ​អាង​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម​នេះ។

យ៉ាងណា​ក៏​ដោយ​ នៅ​ក្នុង​ពេល​នេះ​ គេ​ត្រូវ​រង់​ចាំ​មើល​លទ្ធផល​ចុង​ក្រោយ​​នៃ​កិច្ច​ប្រជុំ​របស់​ប្រទេស​ទាំង​បួន​នៅ​ក្នុង​ទីក្រុង​វៀងច័ន្ទ​ ប្រទេស​ឡាវ​នោះ​សិន​ ដើម្បី​ឲ្យ​ដឹង​ថា ​តើ​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​ដ៏​ចម្រូងចម្រាស់​នោះ​នឹង​ត្រូវ​អនុញ្ញាត​ឬ​មិន​អនុញ្ញាត​ឲ្យ​សាងសង់​​ ឬ​ក៏​ត្រូវ​ពន្យារ​ពេល​សាងសង់​យ៉ាង​ណា​មួយ​នោះ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!