VOA News: ព័ត៌មាន: “តុលាការខ្មែរក្រហមថាសវនាការកាត់ទោសអៀងសារីឆ្នាំ១៩៧៩មិនអាចយកជាការបាន” plus 3 more |
- តុលាការខ្មែរក្រហមថាសវនាការកាត់ទោសអៀងសារីឆ្នាំ១៩៧៩មិនអាចយកជាការបាន
- មន្ត្រីក្រើនរំឭកអំពីគ្រោះថ្នាក់ចរាចរពេលចូលឆ្នាំខាងមុខនេះ
- លោកហ៊ុនសែនលុបចោលការធ្វើអាជីវកម្មរ៉ែទីតាញ៉ូមនៅខេត្តកោះកុង
- ក្រុមហ៊ុនរុករករ៉ែចំនួនពីរនៅកម្ពុជាប្តឹងគ្នាទាមទារជំងឺចិត្ត១០០លានដុល្លារ
តុលាការខ្មែរក្រហមថាសវនាការកាត់ទោសអៀងសារីឆ្នាំ១៩៧៩មិនអាចយកជាការបាន Posted: 12 Apr 2011 02:56 PM PDT អង្គបុរេជំនុំជម្រះរបស់សាលាក្តីខ្មែរក្រហមទើបតែបានសម្រេចកាលពីថ្ងៃច័ន្ទម្សិលមិញនេះ ថា អៀង សារី ដែលត្រូវកាត់ទោសរួចម្តងហើយកាលពី៣២ឆ្នាំមុន អាចកាត់ទោសម្តងទៀតបានដោយសារតែសវនាការកាលពីពេលនោះមិនមានភាពឯករាជ្យគ្រប់គ្រាន់។ ក្រុមមេធាវីការពារក្តីឲ្យអតីតឧបនាយករដ្ឋមន្រ្តីខ្មែរក្រហមទទួលបន្ទុកកិច្ចការបរទេសរូបនេះបានប្តឹង ប្រឆាំងនឹងដីកាដំណោះស្រាយ ឬហៅថាដីកាបញ្ជូនរឿងទៅជំនុំជម្រះរបស់សហចៅក្រមស៊ើបអង្កេតកាលពីឆ្នាំមុនថា កូនក្តីរបស់ផងខ្លួនត្រូវបានកាត់ទោសរួចម្តងហើយ កាលពីខែសីហាឆ្នាំ១៩៧៩។ ដោយ តុលាការរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ ហើយបើតាមគោលការណ៍ច្បាប់ ជនជាប់ចោទនឹងមិនត្រូវបានកាត់ទោសសារឡើងវិញ ឬកាត់ទោសជាលើកទីពីរចំពោះបទល្មើសដូចគ្នានោះទេ។ ក្រុមមេធាវីបានលើកឡើងថា អៀង សារី ត្រូវបានលើកលែងទោសដោយព្រះមហាក្សត្ររួចទៅហើយកាលពីឆ្នាំ១៩៩៦។ ក៏ប៉ុន្តែនៅក្នុងសេចក្តីសម្រេចរបស់ខ្លួនចំពោះបណ្តឹងរបស់ក្រុមមេធាវី អង្គបុរេជំនុំជម្រះសម្អាងថា តុលាការនៃរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជានោះមិនមានភាពឯករាជ្យ ព្រមទាំងមានកំហុសជាច្រើននៅក្នុងនីតិវិធីដូចជាមេធាវីការពារក្តីឲ្យជនជាប់ចោទ បែរជាឆ្លើយដាក់បន្ទុកទៅលើកូនក្តីរបស់ផងខ្លួនទៅវិញ។ សាក្សីមិនធ្លាប់ស្គាល់ជនជាប់ចោទ ហើយមិនមានសវនាការសួរដេញដោល រវាងគូបដិបក្ខ រួមទាំងការកាត់ទោសហាក់បីដូចជា មានការរៀបចំទុកជាមុន សម្រាប់ដាក់ទោសជនជាប់ចោទ។ អង្គបុរេជំនុំជម្រះលើកឡើងថា ការលើកលែងទោសរបស់ព្រះមហាក្សត្រចំពោះ អៀង សារី មិនមានអនុភាពលើយុត្តាធិការរបស់សាលាក្តីខ្មែរក្រហមនៅពេលនេះទេ។ សហមេធាវីកម្ពុជាការពារក្តីឲ្យអៀង សារី លោកអាង ឧត្តម មានប្រសាសន៍ថា ការសម្រេចរបស់អង្គ បុរេជំនុំជម្រះលើបញ្ហាខាងលើបង្កឲ្យមានភាពចម្រូងចម្រាស ខណៈពេលដែលលោកកំពុងតែរង់ចាំការ សម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងលើបញ្ហាកាត់ទោសអៀង សារី ជាលើកទីពីរដូចគ្នានេះដែរ។ លោក ថ្លែងដូច្នេះថា៖ «ចាំតទៅទៀត ព្រោះបើសាលាដំបូងគាត់យករឿងហ្នឹងមកកាត់ គាត់ត្រូវតែកាត់ហើយ ព្រោះយើងប្តឹងតវ៉ាទៅគាត់។ រឿងការកាត់ទោសពីរដង។ អានេះ ចាំមើលតទៅទៀត ដឹងខែណាបានចេញ»។ អៀង សារី អាយុជិត៨៦ឆ្នាំទៅហើយ គាត់ត្រូវបានចោទប្រកាន់ជាមួយ និងជនជាប់ចោទបីនាក់ ផ្សេងទៀតនៅក្នុងសំណុំរឿង០០២ពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យ ពូជសាសន៍។ ក្រុមមេធាវីការពារក្តីបានតវ៉ាចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ ប្រឆាំងនឹងការចាប់ឃុំខ្លួន និងនាំខ្លួន អៀង សារី យកមកកាត់ទោសឡើងវិញនេះ៕ This posting includes an audio/video/photo media file: Download Now |
មន្ត្រីក្រើនរំឭកអំពីគ្រោះថ្នាក់ចរាចរពេលចូលឆ្នាំខាងមុខនេះ Posted: 12 Apr 2011 02:27 PM PDT មន្ត្រីសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានណែនាំដល់អ្នកបើកបរទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ដោយក្រើនរំឭកអំពីគ្រោះថ្នាក់ចរាចរណ៍ដែលបានសម្លាប់មនុស្សប្រមាណ៥០នាក់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០១០កន្លងមកនេះ។ ក្រសួងមហាផ្ទៃបានណែនាំដល់គ្រប់អាជ្ញាធរទូទាំងប្រទេសឱ្យបង្កើនការការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈដើម្បីកុំឱ្យមានអំពើចោរលួច ចោរប្លន់ និងបទល្មើសផ្សេងៗទៀត។ នៅថ្ងៃអង្គារនេះ ក្រុមមន្ត្រីបានព្រមានដល់អ្នកបើកបរទាំងអស់អំពីគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរឆ្នាំ២០១១នេះ ដោយរំឭកអំពីគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សប្រមាណ៥០នាក់ និងរងរបួសចំនួន៥៣០នាក់ផ្សេងទៀតក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០១០។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានរំឭកថា ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០១០ គ្រាន់តែរយៈពេលប្រាំថ្ងៃប៉ុណ្ណោះ មនុស្ស៤៩នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងមានអ្នករបួសចំនួន៥៣០នាក់ផ្សេងទៀត ដោយសារអ្នកបើកបរមានការធ្វេសប្រហែស មិនគោរពច្បាប់ចរាចរណ៍ ជាពិសេសអ្នកបើកម៉ូតូមិនពាក់មួកសុវត្ថិភាព បើកបរមិនប្រកាន់ខ្ជាប់តាមគន្លងផ្លូវ បើកក្នុងល្បឿនលឿន ហួសកំណត់ និងបើកបរក្រោមឥទ្ធិពលជាតិស្រវឹងជាដើម ហើយអ្នកថ្មើរជើងក៏មានការធ្វេសប្រហែស មិនបានដើរអែបចិញ្ចើមថ្នល់ ហើយអ្នកឆ្លងកាត់ថ្នល់មិនបានប្រុងប្រយ័ត្ន។ លោកអ៊ឹង ជនហួរ នាយកនៃអគ្គនាយកដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពផ្លូវគោក បានថ្លែងថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអំពាវនាវឲ្យសាធារណៈជនដែលបើកបរលើផ្លូវថ្នល់មានការប្រុងប្រយ័ត្ន ដើម្បីជៀសវាងនូវឧបទ្ទវហេតុក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ។ «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីគ្រោះថ្នាក់ចរាចរណ៍នេះ។ យើងបានណែនាំគាត់ (អ្នកបើកបរទាំងអស់) ឱ្យប្រុងប្រយ័ត្នក្នុងការបើកបរ កុំបើកបរក្នុងពេលស្រវឹង កុំបើកបរលឿនពេក ហើយជាពិសេសឱ្យគាត់ពាក់មួកសុវត្ថិភាពការពារជីវិតមួយ។ យើងបានអំពាវនាវអស់ហើយ ប៉ុន្តែយើងមានសង្ឃឹមតិចណាស់ ដែលយើងអាចបន្ថយគ្រោះថ្នាក់ចរាចរណ៍នោះ។ ប៉ុន្តែទោះជាយ៉ាងណា យើងក៏បានខំប្រឹងដែរ។ ជាពិសេស យើងខ្វះថវិកានៅពេលបុណ្យចូលឆ្នាំ។ យើងចង់បង្កើតទស្សនីយភាព ដូចជាកំប្លែង ចែកខិត្តប័ណ្ណ។ ប៉ុន្តែយើងគ្មានប្រាក់»។ លោកអ៊ឹង ជនហួរបានបញ្ជាក់ថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានណែនាំឲ្យអ្នកបើកបររថយន្តទាំងអស់ ត្រូវមានប័ណ្ណបើកបរ យល់ដឹងអំពីច្បាប់ចរាចរណ៍ មានស្មារតីប្រុងប្រយ័ត្នជានិច្ច ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងអ្នកបើកបរម៉ូតូទាំងអស់ត្រូវពាក់មួកសុវត្ថិភាព ហើយអ្នកបើកបរទាំងអស់ត្រូវបន្ថយល្បឿន បើកបរតាមស្ថានភាពផ្លួវ និងមិនត្រូវបើកបរក្នុងពេលស្រវឹងទេ។ លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងមហាផ្ទៃបានហាមដាច់ខាតនូវការគប់ទឹក និងលាបម៉ៅ ដែលជាបច្ច័យអាក្រក់នាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍និងការឆក់ក្រវិល។ លោកឧត្តមសេនីយ៍ឯកខៀវ សុភ័ក្របានថ្លែងថា ក្រសួងមហាផ្ទៃបានណែនាំដល់អាជ្ញាធរខេត្ត រាជធានីទាំងអស់ឱ្យបង្កើនកិច្ចការពារថែរក្សាសន្តិសុខរបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបង្កការសប្បាយរីករាយ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ «យើងមិនទុកឱ្យមានការយារយី ឬការរំខានណាមួយពីសំណាក់ក្រុមជនពាលណាមួយ កើតឡើងជាបងតូច បងធំ ឬក៏ក្មេងទំនើង ឬក៏ចោរលួច ចោរប្លន់ ដែលប៉ុស្តិ៍ប៉ូលិសនីមួយៗត្រូវមានវេនប្រចាំការដោយប្រយ័ត្នប្រយ៉ែងទាំងអស់គ្នា»។ លោកឧត្តមសេនីយ៍ត្រីទូច ណារ៉ុថ ស្នងការប៉ូលិសក្រុងភ្នំពេញ បានថ្លែងថា ប៉ូលិសយ៉ាងហោចណាស់១.៦៥០នាក់នឹងត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវ កន្លែងលេងកម្សាន្ត និងទីវត្តអារាមនានា សម្រាប់ការពារសុវត្ថិភាព និងសណ្តាប់ឆ្នាប់សាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ។ លោកឧត្តមសេនីយ៍ឯក ខៀវ សុភក្រ័ បានបញ្ជាក់ថា អាជ្ញាធរនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ក៏ត្រូវត្រៀមលក្ខណៈទុកជាមុន ដើម្បីប្រឈមនឹងសភាពការណ៍អាក្រក់ណាមួយ ដែលអាចនឹងកើតឡើងជាយថាហេតុ៕ This posting includes an audio/video/photo media file: Download Now |
លោកហ៊ុនសែនលុបចោលការធ្វើអាជីវកម្មរ៉ែទីតាញ៉ូមនៅខេត្តកោះកុង Posted: 12 Apr 2011 09:28 AM PDT អ្នកបរិស្ថាន និងអ្នកភូមិ បានអបអរសាទរចំពោះសេចក្តីសម្រេចចិត្តដ៏កម្ររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការលុបចោលការធ្វើអាជីវកម្មរ៉ែទីតាញ៉ូមនៅក្នុងខេត្តកោះកុង ដែលជាតំបន់ព្រៃការពារភ្នំក្រវ៉ាញ។ អ្នកបរិស្ថានបាននិយាយថា សេចក្តីសម្រេចចិត្តនេះគឺជាការត្រួតពិនិត្យយ៉ាងស៊ីជម្រៅបំផុតអំពីរ៉ែទីតាញ៉ូម ដែលបានស្នើឡើងនេះ និងបានប្រឹងប្រែងដាក់ទម្ងន់ទៅលើផលវិបាកនានាដែលគម្រោងនេះប៉ះពាល់ទៅលើតំបន់ព្រៃទាក់ទាញទឹកភ្លៀង និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសមិនអនុញ្ញាតឱ្យក្រុមហ៊ុនពហុសាសន៍មួយធ្វើអាជីវកម្មរ៉ែទីតាញ៉ូមនៅក្នុងខេត្តកោះកុងដែលមន្ត្រីអង្គការសម្ព័ន្ធសត្វព្រៃ និងសហគមន៍ប្រជាពលរដ្ឋមូលដ្ឋាន នៅថ្ងៃច័ន្ទនេះ បានស្វាគមន៍សេចក្តីសម្រេចនេះដោយចាត់ទុកថា ជា «តម្លៃដ៏ធំសម្បើមនៃព្រៃ»។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រថា លោកមិនអនុញ្ញាតឱ្យមានការធ្វើអាជីវកម្មយករ៉ែទីតាញ៉ូមដែលមានទីតាំងស្ថិតនៅក្នុងខេត្តកោះកុងនោះឡើយ ដោយបង្ហាញកង្វល់អំពីផលប៉ះពាល់ដល់បរិស្ថាន និងជីវចម្រុះ ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋ។ លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា សេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននេះបានចូលរួមចំណែកក្នុងកិច្ចការពារការប្រែប្រួលអាកាសធាតុ ការពារព្រៃធម្មជាតិ ការថែរក្សាជីវចម្រុះ និងការរក្សាផលប្រយោជន៍សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ «ក្នុងការវាយតម្លៃអំពីផលប៉ះពាល់សង្គម ផលប៉ះពាល់សេដ្ឋកិច្ច និងផលប៉ះពាល់លើនិរន្តរភាពនៃបរិស្ថានរបស់កម្ពុជា បូកជាមួយការព្រួយបារម្ភរបស់អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយចំនួន និងការព្រួយបារម្ភរបស់លោកផ្ទាល់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏បានសម្រេចចិត្តទៅតាមហ្នឹងទៅ»។ លោក John Maloy អ្នកនាំពាក្យសម្រាប់អង្គការសម្ព័ន្ធសត្វព្រៃប្រចាំនៅកម្ពុជា បានថ្លែងប្រាប់ VOA នៅថ្ងៃច័ន្ទនេះយ៉ាងដូច្នេះថា លោកសប្បាយរីករាយណាស់ដែលលោកនាយករដ្ឋមន្ត្រីបានធ្វើសេចក្តីសម្រេចចិត្តនេះ។ «យើងបានគិតថា រ៉ែនេះនឹងបានបន្តទៅមុខទៀត ហើយយើងកំពុងធ្វើការព្យាយាមធ្វើឱ្យមានផលប៉ះពាល់តិចតួចដែលវានឹងកើតឡើង។ ដូច្នេះ នេះគឺជាការអស្ចារ្យណាស់ដែលរដ្ឋាភិបាលបានចំណាយពេលពិចារណាលើផលប៉ះពាល់នានា និងធ្វើសេចក្តីសម្រេចចិត្តនេះដែលនឹងផ្តល់ផលប្រយោជន៍ដល់ទាំងព្រៃនិងប្រជាពលរដ្ឋក្នុងតំបន់»។ លោកង៉ែត ងន ប្រធានភូមិជីផាត់ បាននិយាយថា អ្នកភូមិមួយចំនួនដែលទទួលបានផលកម្រៃពីព្រៃធម្មជាតិ បានប្រឆាំងនឹងការធ្វើអាជីវកម្មរ៉ែ ប៉ុន្តែអ្នកភូមិមួយចំនួនទៀត ដែលមិនបានទទួលផលកម្រៃពីព្រៃធម្មជាតិ ចង់មានការធ្វើអាជីវកម្មរ៉ែ ដើម្បីមានការងារធ្វើ និងទទួលបានប្រាក់កម្រៃចិញ្ចឹមជីវិត។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ថា ការធ្វើអាជីវកម្មរ៉ែទីតាញ៉ូម ដែលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ មិនអាចធ្វើបានទេ។ សេចក្តីថ្លែងការណ៍របស់អង្គការសម្ព័ន្ធសត្វព្រៃ បានបញ្ជាក់ថាសេចក្តីសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃសុក្រ និយាយថា នេះគឺជាជ័យជំនះដ៏ធំធេងសម្រាប់ការអភិរក្សក្នុងតំបន់ព្រៃទាក់ទាញទឹកភ្លៀង ដែលជាប់គ្នាមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុន្តែជំនះនឹងការគំរាមកំហែង។ Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធសត្វព្រៃ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «យើងទទួលស្គាល់ថា ការអភិវឌ្ឍមានសារៈសំខាន់ចំពោះអនាគតរបស់ប្រទេសកម្ពុជា ប៉ុន្តែការអភិវឌ្ឍនោះត្រូវតែធ្វើឡើងក្នុងលក្ខណៈសម្របសម្រួលដែលគោរពការផ្តួចផ្តើមគំនិតអភិរក្ស ហើយការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនពង្រឹងសេចក្តីត្រូវការថែរក្សាព្រៃដ៏មានសារៈសំខាន់ជាសកលនេះតែប៉ុណ្ណោះ»។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសថា ដីសម្បទានរ៉ែទីតាញ៉ូម៤.៤០០ហិកតា ដែលបានផ្តល់ឱ្យក្រុមហ៊ុន United Khmer Group មិនអនុញ្ញាតឱ្យបន្តទៀតទេ។ ក្រុមហ៊ុននេះបានព្យាករណ៍ចំណូលជាង១៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ នេះបើតាមសេចក្តីថ្លែងការណ៍។ ក្រុមហ៊ុន United Khmer Group នេះចូលរួមគ្នាដោយអ្នកវិនិយោគកម្ពុជា សឹង្ហបូរី និងចិន។ រដ្ឋាភិបាលកម្ពុជាបានបដិសេធសេចក្តីសម្រេចកាលពីខែកុម្ភៈរបស់ខ្លួន ដែលផ្តល់ដីសម្បទានអភិវឌ្ឍន៍រ៉ែទីតាញ៉ូមនៅក្នុងតំបន់ព្រៃការពារភ្នំក្រវ៉ាញ។ Suwanna Gauntlett បាននិយាយថា «យើងត្រូវបានធ្វើឱ្យសប្បាយរីករាយដោយសេចក្តីសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ សេចក្តីសម្រេចចិត្តនេះកំពុងលើកទឹកចិត្តឱ្យយល់ដោយពិបាកឱ្យជឿថា លោកនាយករដ្ឋមន្ត្រីបានត្រួតពិនិត្យយ៉ាងស៊ីជម្រៅបំផុតក្នុងរ៉ែទីតាញ៉ូមដែបានស្នើឡើងនេះ និងបានប្រឹងប្រែងដាក់ទម្ងន់ទៅលើផលវិបាកនានា ដែលគម្រោងនេះប៉ះពាល់ទៅលើតំបន់ព្រៃទាក់ទាញទឹកភ្លៀង និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ មន្ត្រីក្រុមហ៊ុន United Khmer Group បានបដិសេធមិនធ្វើអត្ថាធិប្បាយទៅលើសេចក្តីសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននេះទេ៕ This posting includes an audio/video/photo media file: Download Now |
ក្រុមហ៊ុនរុករករ៉ែចំនួនពីរនៅកម្ពុជាប្តឹងគ្នាទាមទារជំងឺចិត្ត១០០លានដុល្លារ Posted: 12 Apr 2011 03:13 PM PDT ក្រុមហ៊ុនរុករករ៉ែចំនួនពីរគឺក្រុមហ៊ុន Hong Tung Resources ដែលមានលោកឆេង តុងកូជា តំណាងមកពីប្រទេសចិន និងក្រុមហ៊ុន Nim Meng Sinohope Group របស់លោកណឹម ម៉េង និងលោកស្រីឡាយ ស៊ីនាងបានប្ដឹងគ្នាទៅតុលាការដោយទាមទារសំណងជំងឺចិត្តជិត១០០លានដុល្លារ។ ការប្តឹងគ្នានេះបានកើតឡើងក្រោយពីក្រុមហ៊ុនទាំងពីរនេះបានបែកបាក់ភាគហ៊ុន បន្ទាប់ពីចុះកិច្ចព្រមព្រៀងរុករករ៉ែនៅស្រុកជីក្រែង ខេត្តសៀមរាបកាលពីឆ្នាំ២០១០។ តុលាការក្រុងភ្នំពេញ នៅថ្ងៃទី២៥ខាងមុខនេះ គ្រោងនឹងកោះហៅក្រុមហ៊ុនរុករករ៉ែចំនួនពីរ ដែលមានម្ចាស់ភាគហ៊ុនមកពីប្រទេសចិន និងម្ចាស់ភាគហ៊ុនមួយផ្សេងទៀតជាភាគហ៊ុនក្នុងសុ្រក ដែលត្រូវបានសង្ស័យថា ជាទីប្រឹក្សានៃកងអគ្គរក្សរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ការកោះហៅមកបំភ្លឺរបស់តុលាការនេះបានធ្វើឡើងដោយយោងទៅតាមពាក្យបណ្តឹងមួយច្បាប់ របស់ក្រុមហ៊ុន Nim Meng Sinohope Group ដែលបានដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុន Hong Tong Resources ពីបទរំលោភសេចក្តីទុកចិត្ត។ លោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ បាននិយាយនៅថ្ងៃអង្គារនេះថា តុលាការនឹងកោះហៅភាគីទាំងពីរឲ្យចូលបំភ្លឺនៅថ្ងៃទី២៥ខាងមុខនេះ។ ក៏ប៉ុន្តែលោកមិនបានធ្វើអត្ថាធិប្បាយលម្អិតទេដោយសារតែលោកមិនបានពិនិត្យសំណុំរឿងនេះនៅឡើយ។ «សំណុំរឿងនេះ នៅក្រឡាបញ្ជី។ គាត់ទុក។ ខ្ញុំមិនទាន់បានមើលដែរ។ ទាល់តែខ្ញុំមើល អាហ្នឹងបានស្រួលឆ្លើយ។ (ខ្ញុំ)បានទទួលហើយ ហើយកោះហៅ ប៉ុន្តែភាគីម្ខាងដែលយើងហៅប្តឹងហ្នឹង គាត់សុំលើកថ្ងៃចូល ថ្ងៃទី២៥ទៀត»។ លោកជា សុខចាន់ មេធាវីការពារក្តីឲ្យក្រុមហ៊ុន Nim Meng Sinohope Group មិនបានធ្វើអត្ថាធិប្បាយទេ ដោយលោកបានមានប្រសាសន៍ថា ករណីនេះកំពុងដំណើរការនៅក្នុងតុលាការ។ «ខ្ញុំប្រាប់ឲ្យហើយ។ គ្រាន់តែថា ករណីនេះ គឺ តុលាការកំពុងដោះស្រាយ ហើយរឿងអ្វីផ្សេងទៀត ខ្ញុំអត់អាចធ្វើការបរិយាយបានទេ»។ ក្រុមហ៊ុន Hong Tong Resources និងក្រុមហ៊ុន Nim Meng Sinohope Group បានចុះកិច្ចព្រមព្រៀងជាមួយគ្នាកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១០ ដើម្បីរុករករ៉ែលោហៈ និងការសាងសង់រោងចក្រកែច្នៃរ៉ែ នៅស្រុកជីក្រែង ខេត្តសៀមរាប ដែលមានទឹកប្រាក់ចំនួន៨៧លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងការចូលភាគហ៊ុននេះ ក្រុមហ៊ុន Hong Tong Resources មានភាគហ៊ុនចំនួន៦០ភាគរយ ចំណែក ក្រុមហ៊ុន Nim Meng Sinohope Group មានភាគហ៊ុនចំនួន៤០ភាគរយ។ បន្ទាប់ពីកិច្ចព្រមព្រៀងទើបតែចុះបានប៉ុន្មានខែប៉ុណ្ណោះ ក្រុមហ៊ុនទាំងពីរបានឈានទៅដល់ផ្លូវបំបែក ដោយសម្រេចចិត្តប្តឹងគ្នាទៅតុលាការ។ លោកគួយ ធុននា មេធាវីការពារក្តីរបស់លោកឆេង តុងកូ តំណាងក្រុមហ៊ុន Hong Tong Resources បាននិយាយថា លោកនឹងប្តឹងទៅក្រុមហ៊ុន Nim Meng Sinohope Groupវិញ ពីបទរំលោភកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១០និងពីបទឆបោក ដោយទាមទារសំណងជំងឺចិត្តជិត១០០លានដុល្លារសហរដ្ឋអាមេរិក។ លោកបានមានប្រសាសន៍ថា លោកនឹងទាមទារសំណងខូចខាតចំនួន៨៧លានដុល្លារសហរដ្ឋអាមេរិក សំណងជំងឺចិត្ត៦លានដុល្លារសហរដ្ឋអាមេរិក និងប្រាក់កម្ចីរបស់ក្រុមហ៊ុន Nim Meng Sinohope Group ដែលបានខ្ចីចំនួន១,៨លានដុល្លារសហរដ្ឋអាមេរិក។ លោកគួយ ធុននា បានមានប្រសាសន៍ទៀតថា មូលហេតុដែលលោកគ្រោងប្តឹងទាមទារសំណង ជំងឺចិត្តនេះគឺដោយសារតែក្រុមហ៊ុន Nim Meng Sinohope Group បានរំលោភទៅលើកិច្ចសន្យា ហើយកាលពីថ្ងៃទី១៩រហូតដល់ថ្ងៃទី២១ខែកក្កដាឆ្នាំ២០១០ ក្រុមហ៊ុនបានយកសម្ភារៈយោធាទៅដឹកជញ្ផូនរ៉ែស្ពាន់ជាង៣០តោនចេញពីកំពង់ផែរាម ដោយមិនបានប្រាប់ក្រុមហ៊ុន HongTong Resourcesឲ្យដឹងជាមុន។ «មិនត្រូវយកយោធាមកបម្រើរឿងពាណិជ្ជកម្មឯកជន។ ទីពីរ យើងសួរថា តើការចូលតាមកំពង់ផែ រាម និងយកសម្ភារៈយោធាទៅអញ្ចឹង តើពន្ធរដ្ឋបាត់ឬទេ? តើមានបានបង់ពន្ធរដ្ឋទេ? តើមានទំនិញអ្វីខ្លះដែលត្រូវចេញតាមហ្នឹង? បាត់ពន្ធរដ្ឋ ហើយអត់មានការត្រួតពិនិត្យត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច។ អញ្ចឹងជាការបាត់ចំណូលរដ្ឋ»។ ក្រុមហ៊ុន Nim Meng Sinohope Group មិនអាចទំនាក់ទំនងសុំសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេ ដោយសារតែអ្នកលើកទូរស័ព្ទបាននិយាយថា «ទូរស័ព្ទច្រឡំលេខ»។ «បងច្រឡំលេខហើយបង។ ឥឡូវចង់ដឹងពីណាឲ្យលេខបង»។ យោងតាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យ ដឹងថា លោកណឹម ធី អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន Nim Meng Sinohope Group ត្រូវបានដកស្រង់សំដីមកថា ដៃគូក្រុមហ៊ុនរបស់លោកមិនបានគោរពកិច្ចព្រមព្រៀងទេ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |