VOA News: ព័ត៌មាន: “សមាគមជនរងគ្រោះរបបខ្មែរក្រហមចង់បានចេតិយរំឭកដល់អ្នកស្លាប់” plus 2 more |
- សមាគមជនរងគ្រោះរបបខ្មែរក្រហមចង់បានចេតិយរំឭកដល់អ្នកស្លាប់
- សេចក្តីព្រាងចុងក្រោយអំពីច្បាប់អង្គការនៅតែបង្កប់ក្តីព្រួយបារម្ភសង្គមស៊ីវិល
- ក្រុមហ៊ុនពីរប្តឹងគ្នាពីបទបង្ខូចកេរ្តិ៍ឈ្មោះនិងរំលោភសេចក្តីទុកចិត្ត
សមាគមជនរងគ្រោះរបបខ្មែរក្រហមចង់បានចេតិយរំឭកដល់អ្នកស្លាប់ Posted: 13 Apr 2011 12:40 PM PDT សមាគមជនរងគ្រោះដោយរបបខ្មែរក្រហមដ៏សកម្មមួយកំពុងស្វែងរកការគាំទ្រពីសាធារណៈជនដើម្បីរកលទ្ធភាពសាងសង់ចេតិយមួយសម្រាប់រំឭកដល់ជនរងគ្រោះក្នុងអតីតគុកទួលស្លែង។ មន្ដ្រីសាលាក្ដីខ្មែរក្រហមរំពឹងថា អង្គជំនុំជម្រះតុលាការកំពូលនឹងសម្រេចលើបញ្ហានេះ។ សមាគមជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា សមាគមក្សេមក្សាន្ដបានអំពាវនាវស្វែងរកការគាំទ្រពីសាធារណជនទូទៅ ដើម្បីជំរុញឲ្យមានការសាងសង់ចេតិយចារឹកឈ្មោះជនរងគ្រោះនៅក្នុងបរិវេណអតីតគុកទួលស្លែងដ៏ទារុណ ដែលមានអ្នកទោសយ៉ាងតិចចំនួន១២.៣៨០នាក់ត្រូវបានសម្លាប់នៅចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ សេចក្ដីអំពាវនាវរបស់សមាគមក្សេមក្សាន្ដគឺជាផ្នែកមួយក្នុងការជំរុញទៅមុខសម្រាប់សំណង ជាសមូហភាពដល់ជនរងគ្រោះនៅទីនោះ និងសម្រាប់ក្រុមគ្រួសាររបស់ពួកគេ។ នៅក្នុងលិខិតមួយផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃច័ន្ទ សមាគមក្សេមក្សាន្ដបានអំពាវនាវឲ្យសមាជិករបស់ខ្លួន រួមទាំងភ្នាក់ងារអង្គការជាតិ និងអន្ដរជាតិ"ជួយផ្ដល់ការគាំទ្រ" ដល់គម្រោងសង់គ្រឹះស្ថានចារឹក ឬចេតិយឧទ្ទិសដល់ជនរងគ្រោះនៅក្នុងមន្ទីរស ២១ ឬគុកទួលស្លែង។ សមាគមដដែលរំពឹងថា ចេតិយនេះនឹងចូលរួមចំណែករំលែកទុក្ខសោក និងក្ដីឈឺរបស់ក្រុមគ្រួសារជនរងគ្រោះពីគ្រប់ជំនឿសាសនាទាំងអស់។ លោកលឹម ម៉េងឃី មេធាវីមួយរូបតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០១ឬករណីឌុច និងជាមេធាវីតំណាងឲ្យសមាគមក្សេមក្សាន្ដ នៅចំពោះមុខសាលាក្ដីខ្មែរក្រហមបញ្ជាក់ថា នេះគឺជាសេចក្ដីអំពាវនាវស្វែងរកការគាំទ្រផ្នែកស្មារតីពីសាធារណជនទូទៅសម្រាប់ជាប្រវត្តិសាស្ដ្រដល់ប្រជាពលរដ្ឋកម្ពុជា។ «ការសាងសង់នេះគឺទុកជាប្រវត្តិសាស្ដ្រសម្រាប់មនុស្សទូទៅ ដូច្នេះហើយបានជាគាត់ស្នើសុំឲ្យមានការគាំទ្រគម្រោងការដែលមានលក្ខណៈបែបនេះ»។ អតីតប្រធានគុកទួលស្លែងកាំង ហ្កិចអ៊ាវ ហៅឌុចត្រូវសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន៣៥ឆ្នាំ កាលពីខែកក្កដាឆ្នាំមុន ហើយទោសនេះត្រូវកាត់កងនៅសល់ត្រឹម១៩ឆ្នាំ។ ក៏ប៉ុន្ដែក្នុងការសម្រេចទោសកាលនោះ សាលាដំបូងបានខកខានក្នុងការសម្រេចផ្ដល់សំណងដល់ជនរងគ្រោះដោយសំអាងថា ឌុចមិនមានធនធានសម្រាប់ទទួលខុសត្រូវបញ្ហានេះទេ។ ក្រុមមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី កាលពីចុងខែមិនាឆ្នាំ២០១១ បានទទូចសារជាថ្មីក្នុងសវនាការស្ដីពីបណ្ដឹងឧទ្ធរណ៍ករណីឌុច ឲ្យអង្គជំនុំជម្រះតុលាការកំពូលសម្រេចលើការផ្ដល់សំណងសម្រាប់ជនរងគ្រោះនេះ។ ដំណោះស្រាយមួយក្នុងចំណោមការទាមទារនោះ ក្រុមមេធាវីបានលើកឡើងថា រដ្ឋាភិបាលបច្ចុប្បន្នគួរតែអាចចូលរួមចំណែកក្នុងការរួមវិភាគទានដល់ការផ្ដល់សំណងជាសមូហភាពសម្រាប់ជនរងគ្រោះនៅមន្ទីរស២១នេះ។ ដំណាលគ្នានោះ ក្រុមមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីបានដាក់គម្រោងសាងសង់ចេតិយនេះជូនទៅអង្គជំនុំជម្រះតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហមរួចរាល់ហើយ។ លោកឌឹម សុវណ្ណារុំ អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម អះអាងថា អង្គជំនុំជម្រះតុលាការកំពូលនឹងពិចារណាលើបញ្ហាសំណងនេះ។ «បញ្ហានេះស្ថិតនៅក្នុងដៃចៅក្រម។ ពួកគាត់នឹងសម្រេចនៅពេលតុលាការកំពូលប្រកាសសាលក្រមនៅចុងខែមិថុនាឆ្នាំ២០១១»។ នោះជាសាលក្រមដែលអង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមនឹងត្រូវកំណត់ទោសចំពោះការចោទប្រកាន់ទាក់ទងនឹងឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃនៅក្នុងគុកទួលស្លែង៕ This posting includes an audio/video/photo media file: Download Now |
សេចក្តីព្រាងចុងក្រោយអំពីច្បាប់អង្គការនៅតែបង្កប់ក្តីព្រួយបារម្ភសង្គមស៊ីវិល Posted: 13 Apr 2011 02:35 PM PDT អង្គការសង្គមស៊ីវិលនៅកម្ពុជាបានសម្តែងក្តីព្រួយបារម្ភអំពីដំណើរការចុះបញ្ជីគ្មានដំណើរការបណ្តឹងឧទ្ធរណ៍ និងការកំណត់និយមន័យមិនច្បាស់លាស់នៅក្នុងសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលរបស់ប្រទេសកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងនេះក្តី អង្គការសង្គមស៊ីវិលនឹងធ្វើការប្រឆាំងសេចក្តីព្រាងច្បាប់នេះ ដោយប្រើប្រាស់សិទ្ធិប្រជាធិបតេយ្យ។ អង្គការ និងសមាគមមិនមែនរដ្ឋាភិបាលជាង៣០០បានប្រកាន់ជំហរប្រឆាំងសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលចុងក្រោយ ដែលរឹតបន្តឹងសិទ្ធិសេរីភាព និងគំរាមកំហែងដល់សកម្មភាពនានារបស់អង្គការសង្គមស៊ីវិល។ អង្គការមិនមែនរដ្ឋាភិបាលទាំងនេះបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមថា អង្គការមិនមែនរដ្ឋាភិបាល និងសមាគម ត្រៀមរួចជាស្រេចក្នុងគោលបំណងប្រើប្រាស់សិទ្ធិប្រជាធិបតេយ្យ ដើម្បីសម្តែងនូវការមិនពេញចិត្តរបស់យើងតាមមធ្យោបាយប្រជាធិបតេយ្យ និងមធ្យោបាយប្រកបដោយសន្តិភាពដទៃទៀត។ សេចក្តីថ្លែងការណ៍រួមនេះបានបន្ថែមថា «យើងទាំងអស់គ្នាមានជំហររួម។ បើទោះបីជាយើងមានវិធីសាស្ត្រផ្សេងៗគ្នាក្នុងការរកដំណោះស្រាយការព្រួយបារម្ភជុំវិញសេចក្តីព្រាងច្បាប់នេះក៏ដោយ ក៏យើងបានឯកភាពគ្នាថា សេចក្តីព្រាងច្បាប់ដែលស្ថិតក្នុងទម្រង់បែបនេះ គឺមិនអាចទទួលយកបានឡើយ»។ លោកសុក សំអឿន នាយកប្រតិបត្តិនៃអង្គការអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានថ្លែងថា សេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលនេះគឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ «ខ្ញុំគិតថា វាអាចប៉ះពាល់ដល់សេរីភាពក្នុងការបង្កើតសមាគមដែលមានការធានាដោយរដ្ឋធម្មនុញ្ញ និងសេរីភាពក្នុងការបញ្ចេញមតិ ដែលធានាដោយរដ្ឋធម្មនុញ្ញ។ វាមិនស្របទៅតាមរដ្ឋធម្មនុញ្ញ»។ លោកសុក សំអឿនបានបន្ថែមថា តាមរដ្ឋធម្មនុញ្ញ ការបង្កើតសមាគម និងសហជីពគឺជាសេរីភាព។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «យើងបានគូសបញ្ជាក់អំពីក្តីបារម្ភចំនួនបីចំណុចសំខាន់ៗក្នុងសេចក្តីព្រាងច្បាប់បច្ចុប្បន្ននេះ ទាក់ទងនឹងការចុះបញ្ជី ដែលត្រូវបានធ្វើឡើងជាកាតព្វកិច្ច និងមានភាពស្មុគស្មាញ ពុំមានដំណើរការបណ្តឹងឧទ្ធរណ៍សម្រាប់ការបដិសេធការចុះបញ្ជី និងពុំមានការកំណត់និយមន័យទៅលើវាក្យស័ព្ទសំខាន់ៗនៅក្នុងច្បាប់ និងផ្នែកជាច្រើនពុំមានភាពច្បាស់លាស់ ព្រមទាំងបានផ្តល់សិទ្ធិអំណាចយ៉ាងទូលំទូលាយដល់អាជ្ញាធរ ដើម្បីត្រួតពិនិត្យសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការប្រមូលផ្តុំ និងអនុវត្តន៍សិទ្ធិរបស់អង្គការមិនមែនរដ្ឋាភិបាល»។ សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា «ក្នុងអំឡុងពេលនៃដំណើរការពិគ្រោះយោបល់អង្គការសង្គមស៊ីវិលបានគូសបញ្ជាក់យ៉ាងច្បាស់លាស់អំពីចំណុចខ្សោយទាំងនេះ ប៉ុន្តែហាក់ដូចជាពុំបានលទ្ធផល។ យើងមានការខកចិត្តដែលសេចក្តីព្រាងច្បាប់លើកទីពីរនេះ ពុំបានដោះស្រាយក្តីបារម្ភធំៗទាំងនោះ»។ «អង្គការមិនមែនរដ្ឋាភិបាល និងសមាគម ដែលមានចុះហត្ថលេខា សូមអំពាវនាវជាសមូហភាពដោយការគោរពចំពោះរាជរដ្ឋាភិបាលកម្ពុជា ឱ្យធ្វើការពិចារណាឡើងវិញទៅលើសំណើសំខាន់ៗរបស់យើង និងបញ្ចូលសំណើទាំងនោះទៅក្នុងសេចក្តីព្រាងច្បាប់លើកទីបី។ លោកនុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លោកនៅតែទទួលយកសំណើ ឬអនុសាសន៍ពីអង្គការសង្គមស៊ីវិល ហើយបន្ទាប់មកជូនទៅលោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើការពិចារណា មុននឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅទីស្តីការគណៈរដ្ឋមន្ត្រី៕ This posting includes an audio/video/photo media file: Download Now |
ក្រុមហ៊ុនពីរប្តឹងគ្នាពីបទបង្ខូចកេរ្តិ៍ឈ្មោះនិងរំលោភសេចក្តីទុកចិត្ត Posted: 13 Apr 2011 02:17 PM PDT មេធាវីតំណាងក្រុមហ៊ុននឹម ម៉េង ដែលត្រូវគេស្គាល់ថា ជាទីប្រឹក្សាមេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងរៀបចំពាក្យបណ្ដឹងមួយផ្សេងទៀតទៅតុលាការក្រុងភ្នំពេញដើម្បីប្ដឹងក្រុមហ៊ុន Hong Tung Resources ដែលមានម្ចាស់ភាគហ៊ុនមកពីប្រទេសចិន ពីបទបរិហារកេរ្តិ៍ ក្រោយពីក្រុមហ៊ុននេះបានចុះផ្សាយក្នុងទំព័រសារព័ត៌មានថា ក្រុមហ៊ុននឹម ម៉េងបានយកសម្ភារៈយោធាទៅដឹករ៉ែលោហៈធាតុចេញពីកំពង់ផែរាមកាលពីខែកក្កដាឆ្នាំ២០១០។ លោកជា សុខចាន់ មេធាវីការពារក្តីឲ្យក្រុមហ៊ុននឹម ម៉េងគ្រុប (Nim Meng Sinohope Group)បានមានប្រសាស៍ថា កូនក្តីរបស់លោកកំពុងរៀបចំពាក្យបណ្តឹងមួយផ្សេងទៀតប្រឆាំងក្រុមហ៊ុន Hong Tong Resources ដែលមានម្ចាស់ភាគហ៊ុនមកពីប្រទេសចិន ពីបទបរិហារកេរ្តិ៍ ក្រោយពីក្រុមហ៊ុននេះបានចុះផ្សាយនៅក្នុងទំព័រសារព័ត៌មានថា ក្រុមហ៊ុន Nim Meng Sinohope Group បានយកសម្ភារៈយោធាទៅប្រើប្រាស់ខុសច្បាប់។ «ក្នុងករណីនេះ ការសរសេររបៀបនេះ គឺឥឡូវខាងក្រុមហ៊ុនកូនក្តីខ្ញុំហ្នឹងកំពុងតែរៀបចំពាក្យបណ្តឹងប្តឹងពីបទបរិហារកេរ្តិ៍វិញហើយ ពីព្រោះការចុះផ្សាយរបស់គាត់ជាការផ្សាយមិនពិត។ វាអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយសកូនក្តីខ្ញុំទៀត»។ កាលពីថ្ងៃអង្គារ កាសែតភ្នំពេញប៉ុស្តិ៍បានដកស្រង់សំដីលោកកុយ ធុនណា មេធាវីការពារក្តីឲ្យក្រុមហ៊ុន Hong Tong Resources បានចុះផ្សាយថា ក្រុមហ៊ុន Nim Meng Sinohope Group បានយកនាវាយោធាកម្ពុជាយកមកប្រើប្រាស់ដើម្បីនាំចេញរ៉ែទង់ដែងចេញពីកំពង់ផែរាម។ កាសែតដដែលបាននិយាយទៀតថា ក្រុមហ៊ុនបានចាប់ផ្តើមសហការដោយបាននាំចេញរ៉ែ ទង់ដែងប្រមាណ៣៤៦៦,៤៨តោនតាមកំពង់ផែរាមក្នុងខេត្តព្រះសីហនុ ដែលចាប់ផ្តើមកាលពីខែកក្កដា ឆ្នាំ២០១០ មុនពេលដែលពួកគេបង្កើតក្រុមហ៊ុនវិនិយោគទុនរួមគ្នា។ លោកតាំង សុខឃី តំណាងឲ្យលោកហ៊ីង តុងកូ ប្រធានក្រុមហ៊ុន Hong Tong Resources បានមានប្រសាសន៍នៅថ្ងៃពុធនេះថា អ្វីដែលលោកបានឲ្យលោកមេធាវីលើកឡើងនេះគឺជាការណ៍ពិត ពីព្រោះយើងមានឯកសារគ្រប់គ្រាន់បញ្ជាក់ថា ក្រុមហ៊ុន Nim Meng ពិតជាបានយកសម្ភារៈយោធាទៅប្រើប្រាស់ពិតប្រាកដមែន។ លោកតាំង សុខឃីបានមានប្រសាសន៍ទៀតថា រឿងក្តីនេះមិនមែនជាការលេងសើចទេ។ «ភាគីខាងក្រុមហ៊ុន Nim Meng Group បើគាត់ធ្វើរបៀបនេះ គាត់កំពុងតែបំផ្លាញគោលនយោ បាយដ៏ល្អរបស់រាជរដ្ឋាភិបាល ព្រោះគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺអំពាវនាវឲ្យអ្នកដែលមានទុនពិប្រាកដចូលមករួមចំណែកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ អញ្ចឹងគឺភាគីខ្ញុំមានទុនគ្រប់គ្រាន់ក្នុងការចុះមកវិនិយោគ ប៉ុន្តែគួរឲ្យសោកស្តាយគឺគាត់ធ្វើអ្វី ជាក់ស្តែងគឺគាត់ធ្វើលុបកិច្ចព្រមព្រៀងដោយឯកតោភាគី»។ ក្រុមហ៊ុន Hong Tong Resouces និងក្រុមហ៊ុន Nim Meng Sinohope Gorup បានចុះកិច្ចព្រមព្រៀងជាមួយគ្នា កាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០១០ ដើម្បីរុករករ៉ែលោហៈ និងការកសាងរោងចក្រកែច្នៃរ៉ែ ដែលមានទីតាំងនៅក្នុងស្រុកជីក្រែងខេត្តសៀមរាប ដែលមានទឹកប្រាក់រហូតដល់៨៧លានដុលា្លរសហរដ្ឋអាមេរិក។ ក្រុមហ៊ុនទាំងពីរបានឈានទៅដល់ដើរផ្លូវបំបែកគ្នាជាពីរ បន្ទាប់ពីក្រុមហ៊ុន Nim Meng បានលុបចោលកិច្ចព្រមព្រៀងជាឯកតោភាគី ដោយមិនបានផ្តល់ដំណឹងជាមុនដល់ក្រុមហ៊ុន Hong Tong Resources។ ក្រុមហ៊ុន Nim Meng បានប្តឹងក្រុមហ៊ុន Hong Tong ទៅតុលាការក្រុងភ្នំពេញពីបទរំលោភសេចក្តីទុកចិត្ត ហើយតុលាការនៅថ្ងៃទី២៥ខាងមុខនេះនឹងកោះហៅភាគីទាំងពីរឲ្យចូលបំភ្លឺនៅចំពោះមុខតុលាការ។ ចំណែកឯក្រុមហ៊ុន Hong Tong Resources ក៏កំពុងរៀបចំពាក្យបណ្តឹងមួយច្បាប់ផ្សេងទៀត ប្តឹងក្រុមហ៊ុន Nim Meng Sinohope Group ផងដែរ ពីបទរំលោភកិច្ចព្រមព្រៀងកាលពីថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០១០ និងពីបទឆបោក ដោយទាមទារសំណងជម្ងឺចិត្តជិត១០០លានដុល្លារសហរដ្ឋអាមេរិក។ នេះជាការប្តឹងផ្តល់គ្នា ដែលភាគីម្ខាងជាម្ចាស់ភាគហ៊ុនក្នុងស្រុក ជាមនុស្សដ៏មានឥទ្ធិពលមួយក្នុងប្រទេសកម្ពុជា និងភាគីម្ខាងទៀតជាម្ចាស់ភាគហ៊ុនមកពីប្រទេសចិន ហើយប្រទេសចិនត្រូវបានដឹងថា មានឥទ្ធិពលសម្រាប់រដ្ឋាភិបាលកម្ពុជា។ តើរឿងក្តីនេះតុលាការនឹងសម្រេចដោយរបៀបណា? លោក សុខ សំអឿន នាយកក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានមានប្រសាសន៍ថា តុលាការត្រូវតែប្រកាន់ជំហរអព្យាក្រិត្យ ហើយត្រូវអាស្រ័យទៅលើភស្តុតាង៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |