VOA News: ព័ត៌មាន |
លោក ម៉ម សុណង់ដូ ត្រូវចាប់ខ្លួនជាលើកទី៣ Posted: 15 Jul 2012 01:08 PM PDT កងកម្លាំងអាជ្ញាធរប៉ូលិសកម្ពុជាបានចាប់ខ្លួនលោក ម៉ម សុណង់ដូ នាយកវិទ្យុសម្បុកឃ្មុំក្នុងបទពាក់ព័ន្ធនឹងអ្វីដែលរដ្ឋាភិបាលហៅថាការធ្វើអបគមន៍ដោយខុសច្បាប់នៅក្នុងខេត្តក្រចេះ។ ការចាប់ខ្លួននេះធ្វើឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យ គឺមានរយៈពេលតែបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកម៉ម សុណង់ដូ ដែលមានតួនាទីជាប្រធានសមាគមអ្នកប្រជាធិបតេយ្យដែរនោះ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោយពីដំណើរបេសកម្មនៅសហរដ្ឋអាមេរិកនិងអឺរ៉ុប។ លោកស្រី ហ៊ួន ផាន់ណារី អគ្គលេខាធិការរងនៃសមាគមអ្នកប្រជាធិបតេយ្យបានបញ្ជាក់ថា អាជ្ញាប៉ូលិសមានគ្នាប្រហែល២០នាក់បានចូលមកចាប់លោក ម៉ម សុណង់ដូ ដល់បន្ទប់ដេក ហើយមិនឱ្យមានមនុស្សណាម្នាក់នៅក្នុងផ្ទះប្រឆាំងតបតអ្វីទេ។ លោកគាត ច័ន្ទថារិទ្ធ អ្នកនាំពាក្យប៉ូលិសជាតិនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់វីអូអេតាមទូរស័ព្ទថា អាជ្ញាធរប៉ូលិស«អនុវត្តតាមតែដីការបស់តុលាការតែប៉ុណ្ណោះ»។ នៅក្នុងដីការបស់តុលាការខេត្តក្រចេះដែលលោកបានបញ្ជាក់ប្រាប់វីអូអេ គឺលោកម៉ម សុណង់ដូ ត្រូវបានចោទប្រកាន់ថា៖ «ជាអ្នកផ្តួចផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ធ្វើកុប្បកម្មជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈរបស់អាជ្ញាធរ ញុះញង់ឱ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ ព្រមទាំងប្រឆាំងនឹងអាជ្ញាធរស្របច្បាប់តាមមាត្រាមួយចំនួននៃក្រមព្រណ្ឌទណ្ឌ»។ តាមប្រភពនានាបញ្ជាក់ថា លោក ម៉ម សុណង់ដូ កំពុងត្រូវឃុំខ្លួននៅក្នុងក្រសួងមហាផ្ទៃហើយនឹងត្រូវនាំខ្លួនឡើងតុលាការនៅថ្ងៃច័ន្ទនេះ។ នៅក្នុងបទសម្ភាសន៍កន្លងមកជាមួយនឹងវីអូអេសំឡេងសហរដ្ឋអាមេរិក លោក ម៉ម សូណង់ដូ បានបញ្ជាក់ថាលោកមិនមានកំហុសអ្វីទេ ហើយលោកក៏មិនខ្លាចនឹងបញ្ជាក់ពីភាពស្អាតស្អំរបស់លោកដែរ។ លោកស្រី ផាន់ណារី បានបញ្ជាក់ស្នើសុំឱ្យរដ្ឋាភិបាលបង្ហាញភស្តុតាងពីការជាប់ពាក់ព័ន្ធរបស់លោក ម៉ម សុណង់ដូ ក្នុងអ្វីដែលរដ្ឋាភិបាលហៅថាចលនាអបគមន៍។ «គាត់អត់មានពាក់ព័ន្ធក្នុងរឿងធ្វើអបគមន៍នៅខេត្តក្រចេះហើយខ្ញុំសូមសំណូមពរថា បើសិនជាគាត់នៅពីក្រោយនឹងអបគមន៍ហ្នឹង ខ្ញុំសូមឱ្យរដ្ឋាភិបាលបង្ហាញអ្វីក៏ដោយជាភស្តុតាងដែលថា គាត់អ្នកនៅក្រោយអបគមន៍នៅក្រចេះហ្នឹង»។ កាលពីខែឧសភារដ្ឋាភិបាលបានប្រើប្រាស់វិធានការក្តៅ បង្រ្កាបក្រុមប្រជាពលរដ្ឋរងគ្រោះដោយសារដីធ្លីក្នុងខេត្តក្រចេះ ហើយឈានរហូតដល់សម្លាប់កុមារីម្នាក់។ រដ្ឋាភិបាលបានឆ្លើយការពារប្រតិបត្តិការយោធាដែលមានអមដោយឧទ្ធម្ភាគចក្រនោះថា ជាការបង្ក្រាបក្រុមចលនាព្យាយាមបំបែករដ្ឋហើយលោកហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានចេញបញ្ជាដោយផ្ទាល់មាត់ក្នុងវេទិកាសាធារណៈឱ្យចាប់ខ្លួនមេដឹកនាំរបស់គេ។ នេះជាការចាប់ខ្លួនលោកម៉ម សុណង់ដូ លើកទីបីហើយ ដែលកាលពីលើកមុនលោកធ្លាប់ត្រូវបានគេចាប់ខ្លួនដោយសារតែការផ្សាយទាក់ទងនឹងរឿងព្រំដែនជាមួយប្រទេសវៀតណាម។ ការចាប់ខ្លួននេះត្រូវបានក្រុមអ្នកនយោបាយនិងសិទ្ធិមនុស្សជាតិនិងអន្តរជាតិតាមដានយ៉ាងខ្លាំង។ គណបក្សសិទ្ធិមនុស្សបានចាត់ទុកថា «នេះគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយខាងផ្នែកនយោបាយនិងដើម្បីបំបាក់ស្មារតីពលរដ្ឋខ្មែរអ្នកជាតិនិយមនិងអ្នកប្រជាធិបតេយ្យនៅកម្ពុជា»។ វិទ្យុសម្បុកឃ្មុំរបស់លោកម៉ម សុណង់ដូ គឺជាវិទ្យុដែលឯករាជ្យមួយដែលបានផ្សាយលើបញ្ហាអំពើពុករលួយរបស់រដ្ឋាភិបាល ការរឹបអូសយកដីធ្លីរបស់ប្រជាពលរដ្ឋ និងការរំលោភសិទ្ធិមនុស្សនានាក្នុងប្រទេសកម្ពុជា។ នៅមិនទាន់មានការប៉ះពាល់ភ្លាមៗដល់កម្មវិធីផ្សាយរបស់វិទ្យុនេះនៅឡើយទេត្រឹមព្រឹកថ្ងៃច័ន្ទនេះ។ នេះបើតាមការបញ្ជាក់របស់ក្រុមបុគ្គលិក៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |