VOA News: ព័ត៌មាន: “អង្គការឃ្លាំមើលសិទ្ធិមនុស្សថ្កោលទោសរដ្ឋាភិបាលកម្ពុជាពីបទចាប់ខ្លួនលោកម៉ម សុណន់ដូ” plus 2 more |
- អង្គការឃ្លាំមើលសិទ្ធិមនុស្សថ្កោលទោសរដ្ឋាភិបាលកម្ពុជាពីបទចាប់ខ្លួនលោកម៉ម សុណន់ដូ
- បទសម្ភាសផ្តាច់មុខ៖ សមាហរណកម្មគណបក្សប្រឆាំងពីរទៅជាគណបក្សថ្មីមួយ
- កុមារកម្ពុជា៧៨នាក់មានជំងឺដែលបង្កដោយមេរោគ EV71
អង្គការឃ្លាំមើលសិទ្ធិមនុស្សថ្កោលទោសរដ្ឋាភិបាលកម្ពុជាពីបទចាប់ខ្លួនលោកម៉ម សុណន់ដូ Posted: 18 Jul 2012 01:37 AM PDT អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សដ៏ធំមួយ (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានទាមទារនៅថ្ងៃអង្គារ ទី១៧ ខែកក្កដានេះ ឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោកម៉ម សុណង់ដូ នាយកវិទ្យុសំបុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យដែលរដ្ឋាភិបាលបានដៅទុកនោះ។ អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស បានសរសេរក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនពីទីក្រុងញូយ៉ក ថា រដ្ឋាភិបាលកម្ពុជាត្រូវដោះលែង និងលើកលែងការចោទប្រកាន់ទាំងអស់ទៅលើលោកម៉ម សុណង់ដូ។ ក្នុងអាយុ ៧០ឆ្នាំ លោកម៉ម សុណង់ដូ ត្រូវចាប់ខ្លួនកាលពីថ្ងៃអាទិត្យនៅក្នុងផ្ទះរបស់លោកក្នុងក្រុងភ្នំពេញ គឺបីថ្ងៃបន្ទាប់ពីលោកបានវិលត្រឡប់ពីបំពេញបេសកម្មចំនួនបីខែនៅក្រៅប្រទេស។ តុលាការបានចោទរូបលោកពីបទធ្វើកុប្បកម្មប្រឆាំងមន្រ្តីអាជ្ញាធរ ពីបទញុះញង់ប្រជាពលរដ្ឋឲ្យប្រើប្រាស់អាវុធខុសច្បាប់ ការប្រឆាំងអាជ្ញាធរស្របច្បាប់ និងការផ្តួចផ្តើមគំនិតប្រឆាំងនឹងរាជការសាធារណៈ។ បទចោទទាំងនេះដែលរដ្ឋាភិបាលភ្ជាប់ទៅនឹងការចោទប្រកាន់ពីការបង្កើតតំបន់អបគមន៍របស់លោកប៊ុន រដ្ឋា នៅក្នុងខេត្តក្រចេះកាលពីខែឧសភា។ កាលពីថ្ងៃចន្ទ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនលោកម៉ម សុណង់ដូ ជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ដោយផ្អែកលើក្រមព្រហ្មទណ្ឌចំនួនប្រាំមួយមាត្រា។ អងុ្គការ ឃ្លាំមើលការរំលោភសិទ្ធិមនុស្សយល់ថា ប្រសិនបើតុលាការបកស្រាយថា លោកម៉ម សុណង់ដូ មានទោសតាមមាត្រាទាំងប្រាំមួយនេះ លោកនឹងប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលរហូតទៅដល់៣០ឆ្នាំ។ លោកមេធាវី សុខ សំអឿន ការពារក្ដីឲ្យលោកនាយកវិទ្យុសំបុកឃ្មុំមានប្រសាសន៍ថា គ្រាន់តែបទចោទស្ដីពីកូដកម្មមួយលោកម៉ម សុណង់ដូ អាចនឹងប្រឈមនឹងការជាប់ទោសចំនួន១៥ឆ្នាំក្នុងពន្ធនាគារ។ លោក ប្រេដ អាដាម (Brad Adam) នាយកអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ី មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍នោះថា «ការចាប់ខ្លួនលោកម៉ម សុណង់ដូ ដែលធ្វើឡើងភ្លាមបន្ទាប់ពីទស្សនកិច្ចរបស់លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) គឺជាសញ្ញាព្រហើនមួយដែលលោកហ៊ុន សែន គិតថា សហររដ្ឋអាមេរិកត្រូវការកិច្ចសហប្រតិបត្តិការលើបញ្ហាផ្សេងៗ ដូច្នេះគាត់មិនខ្លាចនឹងបង្រ្កាបអ្នកដែលរិះគន់លើរូបគាត់នោះទេ»។ លោកស្រីរដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិកបានបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃនៅប្រទេសកម្ពុជាកាលពីសប្តាហ៍កន្លងទៅនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្ដ្រីការបទេសអាស៊ានក្នុងក្រុងភ្នំពេញ។ លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានស្ដីបន្ទោសការទាមទារឲ្យដោះលែងលោកម៉ម សុណង់ដូ នោះថា បញ្ច្រាសជាមួយគោលការណ៍ធម្មាធិបតេយ្យ។ «ក្រែងយើងចង់បាននីតិរដ្ឋឬ? ដល់ពេលតុលាការចេញដីកាហើយសំខាន់គឺយើងរកមេធាវីបង្ហាញភស្តុតាងដោះបន្ទុក ហើយតុលាការនឹងធ្វើសវនាការកាត់ទោស។ បើចេញដីកាចាប់ខ្លួនហើយដោះលែងទៀត ចាំបាច់មានដីកាធ្វើអី?»។ ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាកាលពីថ្ងៃចន្ទបានចេញសេចក្ដីថ្លែងការណ៍ដោយឡែកៗ ពីគ្នាដោយថ្កោលទោសការចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យលោកម៉ម សុណង់ដូ នេះដោយអំពាវនាវឲ្យធ្វើការដោះលែងរូបលោកជាបន្ទាន់ឲ្យមានសេរីភាពមកវិញ។ ក្រុមអង្គការមួយចំនួនបានលើកឡើងថា ការចាប់ខ្លួននេះមិនមានមូលដ្ឋានច្បាប់ច្បាស់លាស់។ ប៉ុន្តែលោកឧត្តមសេនីយ៍ខៀវ សុភ័គ អះអាងថា តុលាការមានភស្តុតាងដែលនាំឲ្យមានការចាប់ខ្លួននេះ។ ទោះជាយ៉ាងណា លោកប៊ុន រដ្ឋា សមាជិកសមាគមអ្នកប្រជាធិបតេយ្យមួយរូបរបស់លោកម៉ម សូណង់ដូ ដែលកំពុងលាក់ខ្លួននៅក្រៅប្រទេសដើម្បីគេចពីការតាមចាប់ខ្លួនរបស់ក្រុមអាជ្ញាធរក្រោមការចោទប្រកាន់ថាបានដឹកនាំបង្កើតតំបន់អបគមន៍បានប្រាប់វីអូអេតាមទូរសព្ទថា លោកម៉ម សុណង់ដូ ពុំជាប់ពាក់ព័ន្ធដូចការចោទប្រកាន់នោះទេ។ លោកស្រី ឌិន ផាណារ៉ា ភរិយាលោកម៉ម សុណង់ដូ មានប្រសាសន៍ថា ការចាប់ខ្លួនស្វាមីរបស់លោកស្រីមិនទាន់ប៉ះពាល់ដល់ដំណើរការផ្សាយរបស់វិទ្យុសំបុកឃ្មុំ និងសមាគមអ្នកប្រជាធិបតេយ្យនៅឡើយទេ។ លោកស្រី ផាណារ៉ា បញ្ជាក់ថា លោកស្រីបានជួបលោកម៉ម សុណង់ដូ នៅបន្ទប់ពន្ធនាគារនៅរសៀលថ្ងៃនេះហើយថា លោកម៉ម សុណង់ដូ មានសុខភាពល្អ និងនៅតែមានសេចក្តីក្លាហានជាបន្តទៀត៕ This posting includes an audio/video/photo media file: Download Now |
បទសម្ភាសផ្តាច់មុខ៖ សមាហរណកម្មគណបក្សប្រឆាំងពីរទៅជាគណបក្សថ្មីមួយ Posted: 17 Jul 2012 09:50 PM PDT កំណត់សម្គាល់អ្នកកែសម្រួល៖ នៅអង្គារទី១៧ ខែកក្កដា ឆ្នាំ២០១២នេះ ក្រោយពីបើកកិច្ចប្រជុំចំនួនពីរថ្ងៃ គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានព្រមព្រៀងបញ្ចូលគណបក្សទាំងពីរដើម្បើបង្កើតគណបក្សថ្មីមួយ ក៏ប៉ុន្តែមិនទាន់បានដឹងឈ្មោះនៅឡើយទេ។ ខាងក្រោមគឺជាបទសម្ភាសផ្តាច់មុខរវាងលោក ហេង រស្មី នៃវីអូអេ និងលោក សម រង្ស៊ីប្រធានគណបក្សសម រង្ស៊ី និងលោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស៖ សំណួរ៖ តើលោកសម រង្ស៊ី និងលោកកឹម សុខា មានសុទិដ្ឋិនិយមដូចម្តេច ក្រោយពីគណបក្សទាំងពីរសម្រេចបង្កើតទៅជាគណបក្សតែមួយ? សម រង្ស៊ី ៖ មិនត្រឹមតែមានសុទិដ្ឋិនិយមទេ គឺមានជំនឿ។ ជំនឿថាយើងនឹងបំពេញបេសកកម្មស្រោចស្រង់ប្រទេសជាតិឲ្យបានសម្រេច ឲ្យទាន់ពេលវេលា ពីព្រោះជាការចាំបាច់យើងមិនមានជម្រើសទេ ដែលយើងត្រូវរួបរួមគ្នា ហើយអំពាវនាវឲ្យអ្នកស្នេហាជាតិដទៃទៀត អ្នកប្រជាធិបតេយ្យដទៃទៀតរួបរួមគ្នាជាមួយយើងដើម្បីស្រោចស្រង់ប្រទេស។ រៀបចំប្រទេសយើងឲ្យបានល្អត្រឹមត្រូវ ផ្តល់យុត្តិធម៌ជូនប្រជារាស្ត្រខ្មែរដែលកំពុងរងគ្រោះដោយការលួចប្លន់ដីធ្លី ផ្ទះសម្បែង រងគ្រោះដោយអំពុករលួយ រងគ្រោះដោយការគាបសង្កត់គ្រប់បែបយ៉ាង ហើយបើយើងមិនស្រោចស្រង់ជាតិពេលនេះទេ ខ្លាចវាហួសពេលពីព្រោះយើងឃើញជាតិយើងកំពុងតែស្លាប់បន្តិចៗម្តង។ ដូច្នេះឥតមានជម្រើសទេ យើងត្រូវតែធ្វើដោយមានជំនឿនឹងសម្រេចបានជោគជ័យសម្រាប់ប្រទេសយើងទាំងអស់គ្នា។ សំណួរ៖ តើលោកកឹម សុខា មានអ្វីចង់បន្ថែមទេ? កឹម សុខា ៖ យើងមានសុទិដ្ឋិនិយមត្រង់ថា យើងទាំងអស់គ្នាបានពិចារណាល្អិតល្អន់ណាស់ ថា យើងបានជជែកគ្នាយ៉ាងច្បាស់លាស់ណាស់ ចេញពីបេះដូងតែម្តង។ ទី២ យើងមានសុទិដ្ឋិនិមយ ត្រង់ថា ប្រជាពលរដ្ឋខ្មែរយើងប្រាប់ឲ្យយើងធ្វើបែបហ្នឹង។ ប្រសិនបើមិនយើងមិនធ្វើតាមប្រជាពលរដ្ឋទេ ប្រហែលជាពួកគាត់ជាអស់សង្ឃឹមជាមួយពួកយើង។ អញ្ចឹងឆន្ទៈរបស់យើង បូកជាមួយប្រជាពលរដ្ឋ យើងនឹងបានតាមសេចក្តីសម្រេចដោយសុទិដ្ឋិនិយម។ សំណួរ៖ ក្រោយពីការបង្កើត តើគណបក្សទាំងពីរមានភាពរឹងមាំបែបណាដែរ អាចនឹងធ្វើឲ្យប្រជាជនទុកចិត្តបាន? សម រង្ស៊ី ៖ រឹងមាំគឺដូចឆន្ទៈរបស់យើងទាំងអស់គ្នា គឺរឹងមាំជាទីបំផុត។ ឆន្ទៈស្រោចស្រង់ប្រទេសជាតិ ស្រឡាញ់យុត្តិធម៌ ការពារផលប្រយោជន៍ប្រជារាស្ត្រខ្មែរដែលយើងមានកិត្តិយសធ្វើជាតំណាង។ ដូច្នេះ យើងហ៊ានលះបង់នូវអ្វីៗទាំងអស់ ដើម្បីការពារផលប្រយោជន៍រហូតទៅដល់អាយុជីវិតប្រជារាស្ត្រខ្មែរ ជាកិត្តិយសធំណាស់។ ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រដែលឆាកនយោបាយកម្ពុជាមានការប្រែប្រួលយ៉ាងធំ ពីព្រោះចាប់ពីពេលនេះតទៅគឺមានការតទល់គ្នារវាងគណបក្សតែពីរ គឺមួយទល់នឹងមួយ។ គណបក្សប្រជាជនគឺជាគណបក្សកុម្មុយនិស្តផ្តាច់ការ បម្រើបរទេសឈ្លានពាន។ ហើយគណបក្សថ្មីដែលរៀបចំដោយគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សជាកម្លាំងនយោបាយតែមួយគត់ ដែលតំណាងឲ្យជាតិខ្មែរ តំណាងឲ្យប្រជារាស្ត្រខ្មែរ ដែលស្រឡាញ់សេរីភាព និងស្រឡាញ់យុត្តិធម៌។ កឹម សុខា៖ យើងមានភាពរឹងមាំត្រង់ថាការព្រមព្រៀងនេះ គឺយើងមានយន្តការមួយបែបប្រជាធិបតេយ្យ ដូចជាមានការដឹកនាំមួយដែលដឹកនាំដោយក្រុម ហើយមានការដឹកនាំមួយដោយឯកឆ្ទន្ឆ ការពិគ្រោះយោបល់គ្នា។ ហើយយើងមានការដឹកនាំមួយដោយបែងចែកគណៈកម្មាធិការបី ដែលនេះគឺជាលក្ខណៈមួយរឹងមាំ។ រឹងមាំមួយទៀតគឺដោយសារប្រជាពលរដ្ឋ ប្រជាពលរដ្ឋគាំទ្រយើង។ កាលណាប្រជាពលរដ្ឋគាំទ្រយើងហើយ គឺយើងរឹងមាំហើយ។ រឹងមាំមួយទៀត ដោយយើងឃើញថា ដោយសារគណបក្សកាន់អំណាចបច្ចុប្បន្ននេះគឺមានបញ្ហាខ្លួនឯងច្រើនណាស់ ហើយប្រជាពលរដ្ឋកំពុងតែឈឺចាប់ខ្លាំងណាស់។ ដូច្នេះមិនអាចមកបំបែកបំបាក់យើងតទៅទៀតបានទេ។ សំណួរ៖ តើគណបក្សដែលគ្រោងនឹងបង្កើតហ្នឹង តើមានយុទ្ធសាស្ត្រ និងគោលការណ៍អ្វីដែលប្លែកពីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស? សម រង្ស៊ី ៖ គឺអ្វីដែលមានជាវិជ្ជមាន យើងរក្សា។ យើងផ្លាស់ប្តូរតែអ្វីដែលអវិជ្ជមាន។ ដូច្នេះបងប្អូនណាមានសេចក្តីសុខ បងប្អូនណាមានការងារធ្វើត្រឹមត្រូវ មន្ត្រីរាជការ ប៉ូលិស ទាហាន អ្នកបម្រើជាតិ អ្នកការពារជាតិ គឺយើងដឹងគុណណាស់។ បងប្អូនទាំងអស់ បើទោះជាក្រ ជួបការលំបាកយ៉ាងណា នៅតែខិតខំបម្រើជាតិការពារជាតិ យើងនឹងលើកទឹកចិត្តបងប្អូនទាំងអស់នោះ តែចំពោះបងប្អូនមួយចំនួនធំដែលរងគ្រោះដោយអំពើអយុត្តិធម៌នោះ យើងត្រូវតែផ្តល់យុត្តិធម៌ជូនបងប្អូន។ យើងត្រូវតែបំបាត់ប្រភពអំពើពុករលួយ ប្រភពនៃអំណាចផ្តាច់ការ ដែលធ្វើបាបប្រជារាស្ត្រខ្មែរ។ ហ្នឹងហើយជាការកែប្រែ ដែលយើងត្រូវតែផ្តល់ជូនប្រជារាស្ត្រខ្មែរ។ កឹម សុខា៖ យុទ្ធសាស្ត្រ គឺយើងមានប្លែកពីគណបក្សយើងទាំងពីរត្រង់ថាពេលយើងរួបរួមគ្នាទៅ យុទ្ធសាស្ត្រយើងគឺប្រមូលកម្លាំងបានធំជាង។ ពីមុនប្រមូលបានមួយក្រុមៗទេ ក៏ប៉ុន្តែយើងរួមគ្នាគឺកម្លាំងខ្មែរធំ ដែលស្នេហាជាតិ ដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យនឹងមកចូលជាមួយយើងហើយ កាលណាយើងរួមគ្នា។ នេះជាយុទ្ធសាស្ត្ររបស់យើងគឺប្រមូលកម្លាំងខ្មែរនៅគ្រប់ទិសទីទាំងអស់ ទាំងនៅក្រៅប្រទេស ទាំងក្នុងប្រទេសហ្នឹង ជាកម្លាំងមួយធំមែនទែនដើម្បីឲ្យមានការផ្លាស់ប្តូរ ការដឹកនាំបច្ចុប្បន្ននេះ។ ចំពោះគោលការណ៍របស់យើង គឺយើងបើកចំហរឲ្យមានការចូលរួមទូលំទូលាយពីមហាជនខ្មែរក្នុងការស្រោចស្រង់ប្រទេសជាតិ ហើយគោលការណ៍របស់យើងគឺយើងនិយាយអ្វី យើងហ៊ានធ្វើហ្នឹង។ សំណួរ៖ ប្រជាពលរដ្ឋខ្មែរទន្ទឹងរង់ចាំថាតើពេលណាដែលលោកនឹងវិលទៅកាន់មាតុប្រទេសវិញ? សម រង្ស៊ី ៖ ច្បាស់គឺមុនការបោះឆ្នោតឆ្នាំ២០១៣ ហើយមុនកាន់តែយូរកាន់តែល្អ។ ខ្ញុំជឿជាក់ថាគណបក្សសម រង្ស៊ី គណបក្សសិទ្ធិមនុស្ស ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ អ្វីដែលយើងធ្វើរួមជាមួយគ្នា នឹងមានប្រសិទ្ធិភាព និងទទួលបានជោគជ័យ។ អ្វីដែលយើងខិតខំទាមទារដាច់ខាត ទី១ គឺការផ្លាស់ប្តូរ គជប កុំឲ្យមានការលួចបន្លំសន្លឹកឆ្នោតរហូតទៅដល់លួចឈ្មោះ លុបឈ្មោះ ធ្វើឲ្យការបោះឆ្នោតមិនអាចទទួលយកបាន។ ហើយរឿងមួយទៀតដែលធ្វើឲ្យការបោះឆ្នោតមិនអាចទទួលយកបាន គឺការរារាំងមិនឲ្យប្រធានគណបក្សប្រឆាំងរូបខ្ញុំសម រង្ស៊ី ចូលរួមក្នុងការបោះឆ្នោតខាងមុខ គឺជាការប៉ុនប៉ងពីសំណាក់ពួកផ្តាច់ការនេះ គឺមិនអាចសម្រេចបានទេ។ ពីព្រោះយើងឃើញថា កម្លាំងប្រជាធិបតេយ្យរួបរួមគ្នា យើងមានការគាំទ្រពីប្រជារាស្ត្រ មានការគាំទ្រពីសហគមន៍អន្តរជាតិ។ ដូច្នេះយើងទាមទារឲ្យទាល់តែបាន។ ទី១ គឺផ្លាស់ប្តូរ គជប ឲ្យមានភាពឯករាជ្យអព្យាក្រឹត្យ ហើយទី២ ធានាការវិលត្រឡប់របស់ខ្ញុំទៅប្រទេសកម្ពុជាដើម្បីទៅរួមរស់ជាមួយប្រជារាស្ត្រខ្មែរ ចូលរួមក្នុងបេសកម្មផ្ទាល់ ស្រោចស្រង់ជាតិនៅលើទឹកដីប្រទេសកម្ពុជា។ This posting includes an audio/video/photo media file: Download Now |
កុមារកម្ពុជា៧៨នាក់មានជំងឺដែលបង្កដោយមេរោគ EV71 Posted: 17 Jul 2012 08:43 PM PDT ជំងឺដែលបង្កឡើងដោយមេរោគ Enterovirus 71 ( EV 71 ) នៅតែបន្តរាតត្បាតលើកុមារកម្ពុជា ក៏ប៉ុន្តែវាស្ថិតនៅក្រោមការគ្រប់គ្រង។ នេះបើយោងទៅតាមក្រុមមន្រ្តីនៃក្រសួងសុខា ភិបាលកម្ពុជា និងមន្រ្តីអង្គការសុខភាពពិភពលោក(WHO)។ តួលេខរបស់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក បង្ហាញថា រយៈពេលជាងប្រាំមួយខែដើមឆ្នាំនេះ មានអ្នកជំងឺសរុបចំនួន៧៨ករណីដែលក្នុងនោះយ៉ាងហោចណាស់៥៤នាក់បានស្លាប់ដែលភាគច្រើននៃអ្នកជំងឺមានអាយុតិចជាងបីឆ្នាំហើយមានជំងឺរ៉ាំរ៉ៃ និងកង្វះអាហារូបត្ថម្ភ។ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានឲ្យដឹងថារហូតដល់ពេលនេះកុមារដែលមានជំងឺនេះនៅតែមានជាបន្តបន្ទាប់ក៏ប៉ុន្តែមិនមានការស្លាប់បន្ថែមទៀតនោះទេ។ ហើយនៅពេលនេះចំនួនអ្នកជំងឺនៅមិនទាន់ដឹងប្រាកដនៅឡើយដែរ គឺកំពុងរង់ចាំការប្រមូលទិន្ន័យនៅតាមបណ្តាលខេត្តក្រុងទូទាំងប្រទេស។ «កំពុងតែធ្វើការតាមដានហើយ យើងមិនទាន់អាចនិយាយថាជំងឺនេះកើនឡើង ឬមួយក៏ថយចុះនោះទេពីព្រោះយើងទើបតែប្រមូលទិន្ន័យ ប៉ុន្តែករណីដែលរាយការណ៍នេះគឺថានៅមាន ចំនួនតិចតួចនៅឡើយទេមិនទាន់មានករណីច្រើនទេ។ ដូច្នេះហើយបានជាយើងកំពុងតែបន្តពង្រឹងប្រព័ន្ធតាមដានទៀត ដើម្បីបញ្ជាក់ច្បាស់ថាតើជំងឺនេះកំពុងតែបន្តកើនឡើង ឬក៏ស្ថិតនៅថេរ ឬមួយ ក៏ថយចុះតែក៏ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ និងគ្រូពេទ្យទាំងអស់ដែលធ្វើការងារនេះដើម្បី សហការណ៍គ្នាក្នុងការបង្ការ និងប្រយុទ្ធនឹងជំងឺនេះ»។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់គឺជាជំងឺឆ្លងដែលកើតចំពោះទារក និងកុមារ។ វាមិនមែនជាជំងឺថ្មីនៅកម្ពុជាយើងទេ ហើយក៏ជាជំងឺដែលកើតមាននៅប្រទេសជាច្រើនលើពិភពលោកដែរ។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺដែលបង្កឡើងដោយមេរោគEnterovirus 71 (EV 71) លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានឲ្យដឹងបន្ថែមថាក្រសួងបានបណ្តុះបណ្តាលគ្រូពេទ្យនៅតាមមន្ទីរពេទ្យទូទាំងកម្ពុជាឲ្យយល់ដឹងបន្ថែមពីការព្យាបាល និងពិនិត្យរករោគសញ្ញានៃជំងឺនេះឲ្យបានទាន់ពេលវេលា។ លើសពីនេះទៅទៀតក្រសួងសុខាភិបាលកំពុងរៀបចំបោះពុម្ភផ្សាយឯកសារមួយចំនួនសម្រាប់អប់រំប្រជាពលរដ្ឋឲ្យមានអនាម័យល្អ ក្នុងការរស់នៅដូចជាសម្អាតបរិវេណក្នុងផ្ទះ ការហូប ចុក និងបញ្ជូនកូនមកមន្ទីរពេទ្យជាបន្ទាន់ បើសិនជាមានការសង្ស័យណាមួយថា បានកើតជំងឺនេះហើយមានសភាពធ្ងន់ធ្ងរ។ លោក ពិធឺ វ៉ាន់ម៉ារែន តំណាងអង្គការសុខភាពពិភពលោកបានឲ្យដឹងថានៅពេលនេះ មិនទាន់មានរបាយការណ៍ថ្មីណាមួយស្តីពីការកើនឡើងពីអ្នកជំងឺនេះនៅឡើយទេ។ លោកបានផ្តល់ដំបូន្មានថាប្រជាពលរដ្ឋត្រូវតែសម្អាតដៃជើងក្រោយពេលចេញពីបន្ទប់ទឹក និងមុនញ៉ាំអាហារ។ រោគសញ្ញាដំបូងនៃជំងឺពងបែកដៃជើង និងក្នុងមាត់ ជាទូទៅចាប់ផ្តើមឡើងដោយមានសភាពក្តៅខ្លួន ការហូបចុកថយចុះ អស់កម្លាំង និងឈឺបំពង់ក។ ស្បែកមានរមាស់ចាប់ផ្តើមចេញក្នុងអំឡុងពេល មួយទៅពីរថ្ងៃដោយមានស្នាមចំណុចក្រហមអុចៗ និងខ្លះមានពងបែក នៅលើបាតដៃ បាតជើង និងពេលខ្លះលើគូទ ឬអវៈយវៈភេទ។ ក្នុងចំណោមកុមារមួយចំនួនតូច ជំងឺនេះអាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរដែលមានរោគសញ្ញាដូចជា ពិបាកដកដង្ហើម ទន់អវៈយវៈ និងប្រកាច់។ ឪពុកម្តាយត្រូវស្វែងរកការព្យាបាលជាបន្ទាន់ នៅពេលគាត់ឃើញរោគសញ្ញាទាំងអស់នេះនៅលើកូនរបស់ពួកគាត់។ ជំងឺពងបែកដៃជើង និងក្នុងមាត់បានធ្វើឲ្យមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំង ក្នុងស្រទាប់ប្រជាពលរដ្ឋកម្ពុជាកាលពីខែមិថុនា កន្លងទៅនេះរហូតដល់មានឪពុកម្តាយមួយចំនួនបានផ្អាកមិនឲ្យកូនទៅរៀនថែមទៀត ដោយសារការព្រួយបារម្ភនៃការឆ្លងជំងឺនេះ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |