VOA News: ព័ត៌មាន: “លោក​កឹម សុខា និង​លោក​សម រង្ស៊ី​រួម​គ្នា​ថ្កោលទោស​រដ្ឋាភិបាល​ពី​បទ​ចាប់​ខ្លួន​លោក​ម៉ម សុណង់ដូ” plus 2 more

VOA News: ព័ត៌មាន: “លោក​កឹម សុខា និង​លោក​សម រង្ស៊ី​រួម​គ្នា​ថ្កោលទោស​រដ្ឋាភិបាល​ពី​បទ​ចាប់​ខ្លួន​លោក​ម៉ម សុណង់ដូ” plus 2 more


លោក​កឹម សុខា និង​លោក​សម រង្ស៊ី​រួម​គ្នា​ថ្កោលទោស​រដ្ឋាភិបាល​ពី​បទ​ចាប់​ខ្លួន​លោក​ម៉ម សុណង់ដូ

Posted: 17 Jul 2012 08:07 AM PDT

លោក​សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង និង​លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បាន​ធ្វើការ​ថ្កោលទោស​រួម​គ្នា​ចំពោះ​អាជ្ញាធរ​រដ្ឋាភិបាល​ដែល​បានចាប់​ខ្លួន​លោក​ម៉ម សុណង់ដូ នាយក​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ។

លោក​ម៉ម សុណង់ដូ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​ចេញ​ពី​គេហដ្ឋាន​របស់​លោក​ដែល​មាន​ទីតាំង​នៅ​ក្នុង​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ រួចហើយ​បាន​យក​ទៅ​ឃុំឃាំង​នៅឯ​អគ្គស្នងការ​ក្រសួងមហាផ្ទៃ​កាល​ពី​ថ្ងៃ​អាទិត្យ។

លោក​ម៉ម សុណង់ដូ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ចន្ទ សម្រេច​ចេញ​ដីកា​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ​ក្រោម​បទ​ចោទប្រកាន់​បួន​ចំណុច​ធំ​ៗ​ដែល​រួមមាន​អ្នក​ផ្តួចផ្តើម​គំនិត​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ ធ្វើ​កូដកម្ម​ខុស​ច្បាប់​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​កាន់កាប់​អាវុធ​ខុស​ច្បាប់ និង​ប្រឆាំង​អាជ្ញាធរ​ស្របច្បាប់។

ថ្លែង​ប្រាប់​វីអូអេ​បន្ទាប់​ពី​បាន​បញ្ចប់​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​១ រវាង​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស​សម រង្ស៊ី ដើម្បី​ស្វះស្វែង​រកលទ្ធភាព​នៃ​ការចងសម្ព័ន្ធភាព​រវាង​គណបក្ស​ទាំង​ពីរ​នៅ​ក្នុង​ទីក្រុង​ម៉ានីឡា ប្រទេស​ហ្វ៊ីលីពីន លោក​សម រង្ស៊ី បាន​មានប្រសាសន៍​ថា គណបក្ស​សម រង្ស៊ី បានថ្កោលទោស​នឹង​ទាមទារ​ឲ្យ​ដោះលែង​លោក​ម៉ម សុណង់ដូ ឡើង​វិញ។

«គណបក្ស​សម រង្ស៊ី បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថ្កោលទោស​ហើយ​ទាមទារ និង​ថ្កោលទោស​ការ​ចាប់ខ្លួន​លោក​ម៉ម សុណង់ដូ និង​ទាមទារ​ឲ្យដោះលែង​លោក​ម៉ម សុណង់ដូ»។

ចំណែក​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​វិញ​បាននិយាយថា ការ​ចាប់​ខ្លួន​លោក​ម៉ម សុណង់ដូ ជា​ការបំភិតបំភ័យ​ដល់​អ្នក​ប្រជាធិបតេយ្យ។

«យើង​ឃើញ​ថា ការធ្វើនេះ​គឺ​បំភិតបំភ័យ​ដល់​អ្នក​ប្រជាធិបតេយ្យ អ្នក​ដែល​តស៊ូ​ដើម្បី​សេរីភាព អ្នក​ដែល​ការពារ​សេរីភាព​ប្រជាពលរដ្ឋ​។ យើង​ឃើញ​ថា ការ​ចាប់ខ្លួន​នេះ ជា​ការគំរាម ប៉ុន្តែ​យើង​មិន​បាន​តក់ស្លុត យើង​នៅ​តែ​បន្ត​តស៊ូ​បន្ត​ទៅ​ទៀត ហើយ​ប្រជាពលរដ្ឋ​ខ្មែរ និង​តស៊ូ​តទៅ​ទៀត»។

ការ​ចាប់ខ្លួន​លោក​ម៉ម សុណង់ដូ បាន​ធ្វើឡើង​ក្រោយ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​បាន​ធ្វើ​ដំណើរ​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក​មក​កម្ពុជា​វិញ​។

លោក ម៉ម សុណង់ដូ ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានព្រមាន​ចាប់​ខ្លួន​ដោយ​មិន​ចំ​ឈ្មោះ​ដោយ​បានចោទ​ប្រកាន់​ថា​លោក​មាន​បំណង​បង្កើត​រដ្ឋ​នៅ​ក្នុង​រដ្ឋ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល។

លោក​ម៉ម សុណង់ដូ បានថ្លែង​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​វិលត្រឡប់​មក​កាន់​មាតុប្រទេស​វិញ​កាល​ពី​សប្តាហ៍​មុន​ថា​លោក​គ្មាន​បំណង​បង្កើត​រដ្ឋ​នៅ​ក្នុង​រដ្ឋ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទេ។

លោក សម រង្ស៊ី និង​លោ​កឹម សុខា ដែល​បាន​ធ្វើ​ការ​ជួបប្រជុំ​គ្នា​ជាពិសេស​មួយ​នៅ​ក្នុង​ទីក្រុង​ម៉ានីឡា ប្រទេស​ហ្វ៊ីលីពីន ដើម្បី​រក​លទ្ធភាព​ចងសម្ព័ន្ធភាព​រវាង​គណបក្ស​ទាំងពីរ បាន​ហៅ​ការ​ចាប់ខ្លួន​នេះ​ថា​មិន​ជះឥទ្ធិពល​ដល់​ការចរចារ​វាង​គណបក្ស​ទាំង​ពីរ​ទេ៕

This posting includes an audio/video/photo media file: Download Now

គំនិតផ្តួចផ្តើមរបស់​សរអា​អំពី​ការ​អភិវឌ្ឍ​តំបន់​ទន្លេ​មេគង្គ​ក្រោម​

Posted: 16 Jul 2012 08:46 PM PDT

ស្របពេល​លោកស្រី​ហ៊ីលឡារី​គ្លីនតុន​រដ្ឋមន្ត្រី​ការបរទេស​សរអា​ជួប​ប្រជុំ​ជា​មួយ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ វៀតណាម​ឡាវ ថៃអំពីទន្លេមេគង្គ ​ក្រសួង​ការបរទេស​រទេស.រ.អា.​ចេញ​សេចក្តីថ្លែង​ការណ៍​ផ្តល់​គំនិត​ផ្តួចផ្តើម​សហ​ប្រតិបត្តិការអភិវឌ្ឍន៍​និងអភិរក្ស​ទន្លេនេះ។​

ជំនួប​នេះ​ធ្វើ​ឡើង​ដោយ​ឡែក​ពី​កិច្ច​ប្រជុំ​អាស៊ាន​ថ្ងៃទី១៣​កក្កដា នៅ​រាជធានី​ភ្នំពេញ។​

លោកស្រីគ្លីនតុន​មាន​ប្រសាសន៍​ថា៖

«ជាបឋម​ ក្នុងពេល​៣ឆ្នាំ​ខាង​មុខ ​យើង​ផ្តល់​ថវិកា​៥០​លាន​ដុល្លារ​សម្រាប់​ការ​ផ្តួចផ្តើម​អភិវឌ្ឍ​តំបន់ទន្លេមេគង្គ​ក្រោម​ឆ្នាំ២០២០។ ​ជំនួយនេះ ​បន្ថែម​លើការ​ឧបត្ថម្ភ​ទ្វេភាគី​ដល់ប្រទេស​នីមួយៗ ​ដែល​បាន​ផ្តល់រួច​ហើយ»។​

ទស្សនកិច្ច​របស់​លោកស្រី​នៅ​តំបន់​នេះ​គឺជាការ​ប្រឹងប្រែង​របស់​ស.រ.អា.​បង្កើន​ទំនាក់ទំនង​ច្រើន​ឡើង​ជាមួយ​តំបន់​ដែល​រងឥទ្ធិពល​កើន​ឡើងពី​ប្រទេស​ចិន។​

គំនិត​ផ្តួចផ្តើមនេះ​មាន​ទិស​ដៅបង្កើត​ចំណង​ទាក់ទង​លើសពី​ទំនាក់ទំនង​យោធា។​

<!--AV-->

នេះ​ជា​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍ​តំបន់​ទន្លេមេគង្គ​បន្តពី​កិច្ច​ប្រជុំ​រវាង​លោកស្រី​គ្លីនតុន​និង​រដ្ឋមន្ត្រី​ការ​បរទេស​តំបន់​ទន្លេមេគង្គ​ក្រោម ​ឆ្នាំ២០០៩។​

រដ្ឋមន្ត្រី​ទាំងអស់​ព្រមព្រៀង​គ្នា​ពង្រឹង​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​បរិស្ថាន សុខភាព​ អប់រំ ​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ។​​

ជំនួប​​នេះ​ធ្វើឡើង​ក្រោយ​កិច្ច​ប្រជុំ​តំបន់​អាស៊ាន​នៅ​ភ្នំពេញ។​ ក្រៅពី​​ជំនួប​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ទាំង​១០​  ក៏មាន​កិច្ចប្រជុំ​រវាង​អាស៊ាន​និង​សមភាគី​នៃ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ដែរ​ រួមមាន​អូស្ត្រាលី​ កូរ៉េ​ខាងជើង ​និង​កូរ៉េ​ខាងត្បូង ព្រមទាំង​អ្នក​តំណាង​ប្រទេស​ដៃ​គូជា​យុទ្ធសាស្ត្រ​ផ្សេង​ទៀត​ដែរ​ ​ក្នុង​កិច្ចប្រជុំ​រយៈ​ពេល​១សប្តាហ៍​កន្លង​ទៅ​នេះ៕​

This posting includes an audio/video/photo media file: Download Now

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំខ្លួន​លោក​ម៉ម សុណង់ដូ

Posted: 16 Jul 2012 08:02 PM PDT

សាលាដំបូងរាជធានី​ភ្នំពេញ​បានសម្រេច​ឃុំ​ខ្លួន​លោក ម៉ម សុណង់ដូ ​នាយក​វិទ្យុ​សំបុក្រឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោម​ការចោទប្រកាន់​ដែល​ទាក់ទង​ទៅ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​ខ្មែរ​ហៅ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍។

លោក​ម៉ម សុណង់ដូ ដែល​បានស្ថិត​ជា​គោលដៅ​របស់​រដ្ឋាភិបាល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​លោក​ក្នុង​ក្រុងភ្នំពេញ​កាល​ពីព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ បន្ទាប់​ពី​មាន​ការប្រកាស​ស្វែងរក​ចាប់ខ្លួន​លោក​ជា​សាធារណៈ​ដោយ​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន កាល​ពី​ខែ​មិថុនា។

<!--AV-->

<!--AV-->

<!--AV-->

លោក​ត្រូវចោទ​ប្រកាន់​ដោយ​សាលាដំបូង​ខេត្ត​ក្រចេះ ពី​បទ​ធ្វើ​កុប្បកម្ម​ប្រឆាំង​នឹង​មន្រ្តី​អាជ្ញាធរ​ពី​បទ​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ ការចោទ​ទាក់ទង​នឹង​ការប្រឆាំង​នឹង​អាជ្ញាធរ​ស្របច្បាប់​និង​ការផ្តួចផ្តើម​គំនិត​ប្រឆាំង​នឹង​រាជការ​សាធារណៈ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បង្រ្កាប​យ៉ាង​ហិង្សា​លើ​ជម្លោះ​ដីធ្លី​មួយ​ក្នុង​ខេត្ត​ក្រចេះ​កាល​ពី​ខែ​ឧសភា។ ការបង្រ្កាប​ដែល​ក្រុម​សមត្ថកិច្ច​រដ្ឋាភិបាល​បាន​បាញ់​សម្លាប់​ក្មេងស្រី​អាយុ ១៤​ឆ្នាំ​ម្នាក់។ ហើយ​រដ្ឋាភិបាល​បានតាម​ស្វែងរក​ចាប់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ ប៊ុន រដ្ឋា ដែល​ជា​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក​ម៉ម សុណង់ដូ។ បុរស​រូប​នេះ​ត្រូវ​ចោទប្រកាន់​ថា ជា​មេ​ខ្លោង​នៃ​ការ​ធ្វើអបគមន៍។

លោក​ម៉ម សុណង់ដូ ត្រូវ​បានផ្ទេរ​និង​នាំខ្លួន​ទៅ​សាកសួរ​នៅ​សាលាដំបូង​រាជាធានី​ភ្នំពេញ​មុន​នឹង​ត្រូវ​នាំខ្លួន​ទៅ​កាន់​ពន្ធនាគារ​ព្រៃស​ដែល​ជា​មន្ទីរ​ឃុំឃាំង​សម្រាប់​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ក្រោយ​ពី​លោកស្រី​ចៅក្រម​សែម សក្តិកូឡា បាន​ចោទ​សួរ​រូប​លោក​អស់រយៈពេល​ជាង​ពីរ​ម៉ោង​កាល​ពីព្រឹក​មិញ​នេះ។

លោក​សុខ សំអឿន ជា​មេធាវី​របស់​លោក​ម៉ម សុណង់ដូ។

«(តុលាការ) សួររឿង​ហេតុការណ៍​និង​សួរ​ថា តើ​មាន​ទំនាក់ទំនង​ជាមួយ​ប៊ុន រដ្ឋា ឬ​អត់​។ ប៉ុន្តែ​ក្នុង​បទ​ល្មើស​មួយ​មាន​បទចោទ​ពី​កុប្បកម្ម​ដែល​ជា​បទឧក្រិដ្ឋ​។ បើសិន​ជា​កុប្បកម្ម (ត្រូវ​បាន​រកឃើញ) អាច​ជាប់​គុក​១៥​ឆ្នាំ»។

លោក​ម៉ម សុណង់ដូ គឺ​ជា​សកម្មជន​ប្រជាធិបតេយ្យ​ដែល​ហ៊ាន​និយាយ​ត្រង់​ៗ នូវ​អ្វី​ដែល​លោក​បាន​ឃើញ​និង​ជួបប្រទះ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​នេះ​។ ទស្សនៈ​របស់​លោក​ជា​ច្រើន​ត្រូវ​បាន​យក​មក​លាតត្រដាង​តាមរយៈ​ការផ្សាយ​នៃ​វិទ្យុ​សំបុកឃ្មុំ អេហ្វអឹម ១០៥ របស់​លោក​។ លោក​បានបង្កើត​សមាគម​អ្នក​ប្រជាធិបតេយ្យ​មួយ​បន្ទាប់​ពី​រូប​លោក​បានផ្តួចផ្តើម​គំនិត​ជំរុញ​ឲ្យ​មាន​ការរួបរួម​អ្នក​ប្រជាធិបតេយ្យ​ក្នុង​គណបក្ស​ជំទាស់​ពីរ​គឺ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស របស់​លោក​កឹម សុខា។

លោកស្រី​ឌឹម ផាណារ៉ា ភរិយា​លោក​ម៉ម សុណង់ដូ មាន​ប្រសាសន៍​នៅ​តុលាការ​ក្រុងភ្នំពេញ​ក្រោយ​​ពី​ប្តី​របស់​លោកស្រី​ត្រូវ​ដឹកចេញ​ទៅ​កាន់​មន្ទីរ​ឃុំឃាំង។

«គាត់​មិន​បាន​ប្រព្រឹត្តិ​អ្វី​ខុស​ទាំង​អស់​ហេតុ​ដូច្នេះ​ទើប​បាន​ជា​គាត់​ហ៊ាន​មក​ប្រឈម​មុខ​នឹង​ច្បាប់។ នៅ​បរទេស​អ្នកណា​ក៏​មិន​ឲ្យ​គាត់​មក​ដែរ។ ទោះ​តុលាការ​ឯករាជ្យ ឬ​មិន​ឯករាជ្យ​គាត់​មក​ប្រឈម​នឹង​ច្បាប់​ដើម្បី​ឲ្យ​ដឹង​ខុស​ត្រូវ។ គាត់​មិន​ចូលចិត្ត​មនុស្ស​ខូច​ទេ​។ គាត់​តែងតែ​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​គោរព​ច្បាប់​ កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា ឲ្យ​ស្រឡាញ់​គ្នា​ជួយ​គ្នា គាត់​មិន​ដែល​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​យក​ដី​គេ​ឲ្យ​ធ្វើ​ខុស​ច្បាប់​គឺ​មិន​ដែល។ ដូច្នេះ​ហើយ​ទើបគាត់​ហ៊ាន​មក​ប្រឈម​មុខ​ច្បាប់»។

លោកស្រី​ឌឹម ផាណារ៉ា បាន​និយាយ​រយៈពេល​ខ្លី​ជាមួយ​ប្តី​របស់​គាត់​នៅ​មុន​និង​ក្រោយ​ពេល​ជួប​ជាមួយ​ចៅក្រម​ស៊ើបអង្កេត។

«គាត់​និយាយ​ថា អត់​មាន​រឿង​អី​ទេ។ កុំ​ភ័យ​អ្វី​ទាំង​អស់»។
លោកស្រី​ចៅក្រម សែម សក្តិកូឡា មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​១៤ ក្នុង​នោះ​មាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ អង្គការ​អាដហុក មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍​ជា​ដើម បានអំពាវនាវ​នៅ​ថ្ងៃ​នេះ​ដល់​រដ្ឋាភិបាល​ឲ្យ​ដោះលែង​លោក​ម៉ម សុណង់ដូ​ ជា​បន្ទាន់។

លោក​យ៉េង វីរៈ នាយក​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ដែល​ធ្លាប់​ជាប់​គុក​ជាមួយ​លោក​ម៉ម សុណង់ដូ ដោយសារ​តែ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ចំពោះ​អ្វី​ដែល​ពួក​លោក​បានរិះគន់​ពី​បញ្ហា​ព្រំដែន មាន​ប្រសាសន៍​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រុម​អង្គការ​នោះ​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ការនិយាយ​រិះគន់​មិនត្រូវ​ធ្វើ​ការចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​នោះ​ទេ។

ដោយឡែក​លោក​អ៊ូ វីរៈ នាយក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​មាន​ប្រសាសន៍​ថា លោក ម៉ម សុណង់ដូ គួរត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​ត្បិត​លោក​មាន​សេចក្ដីក្លាហាន​ក្នុង​ការត្រឡប់​ពី​ក្រៅ​ប្រទេស​ចូល​ប្រឈម​នឹង​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល។ ហើយ​នេះ គឺ​ជា​ការចាប់ខ្លួន​ដែល​នាំ​ទៅ​ដល់​ការគំរាម​កំហែង។

«ប្រជាពលរដ្ឋ​ជាច្រើន និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​នឹង​មាន​ការភ័យ​ខ្លាច។ ការចាប់ខ្លួន​នេះ​គឺ​ជា​ការ​ជះឥទ្ធិពល​អាក្រក់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​។ ហើយ​យើង​ដើរ​ថយក្រោយ​មួយ​ជំហាន​ដ៏​ធំ​នៅ​ពេល​ដែល​មានការចាប់​ខ្លួន​លោក​ម៉ម សុណង់ដូ ហើយ​គឺ​ជា​ការផ្ញើសារ​អាក្រក់​មួយ​ដល់​អ្នក​ប្រជាធិបតេយ្យ​នៅ​ប្រទេសកម្ពុជា»។

ក្រុម​ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ជា​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​ប្រមាណ​ជា​៣០​នាក់ បានប្រមូលផ្តុំ​គ្នា​នៅ​មុខ​តុលាការ​ដោយ​លើក​រូប​ថត​លោក​ម៉ម សុណង់ដូ ដែល​មាន​សរសេរ​អក្សរ​ពី​លើ​នោះ​ទាមទារ​ឲ្យ​ដោះលែង​រូប​លោក។

អ្នកស្រី ស ស៊ន មក​ពី​សហគមន៍​បុរីកីឡា​គឺ​ជា​សមាជិក​នៃ​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក​ម៉ម សុណង់ដូ។

«ខ្ញុំ​មក​នេះ​ដើម្បី​គាំទ្រ​និង​លើក​ទឹកចិត្ត​គាត់​ពីព្រោះ​គាត់​គ្មាន​កំហុស ហើយ​ក៏​មិន​បានធ្វើ​អបគមន៍​អ្វី​ដែរ។​ គាត់​បង្កើត​សមាគម​គ្រាន់តែ​ជួយ​ប្រជាជន​ដាច់​បាយ ការពារសិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ ដើម្បី​ឲ្យ​ខ្មែរ​យើង​យល់ដឹង​ពី​សិទ្ធិ​រស់នៅ និង​មិន​ប្រឆាំង​នឹង​រដ្ឋាភិបាល​អី​ទេ»។

លោក​ម៉ម សុណង់ដូ ធ្លាប់​បានបញ្ជាក់​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ខេមរភាសា​ថា លោក​មិនមាន​កំហុស​ដូច​ការចោទប្រកាន់​ទៅ​លើ​រូប​លោក​នោះ​ទេ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!