VOA News: ព័ត៌មាន: “ហេឡូវីអូអេ ០៨ មិនា ២០១២៖ ការត្រៀមលក្ខណៈស្រ្តីសម្រាប់ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១២” plus 5 more |
- ហេឡូវីអូអេ ០៨ មិនា ២០១២៖ ការត្រៀមលក្ខណៈស្រ្តីសម្រាប់ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១២
- អាមេរិកចង់ឲ្យចិនដើរ«តួនាទីស្ថាបនា»ក្នុងកិច្ចការអន្តរជាតិ
- វីអូអេរំឭកខួបឆ្នាំទី៧០
- ស្ត្រីតិចតួចណាស់ស្ថិតនៅក្នុងឆាកនយោបាយ
- សាលាឧទ្ធរណ៍បន្តដាក់គុកអ្នកបាញ់សត្វជាតិថៃពីរនាក់
- អាជ្ញាធរមូលដ្ឋានរត់ការបញ្ចប់រឿងក្តីបាញ់កម្មករនៅបាវិតដោយស្ងាត់ៗ
Posted: 08 Mar 2012 09:05 AM PST នៅក្នុងទិវានារីអន្តរជាតិ ដែលយើងហៅសាមញ្ញថា«បុណ្យសិទ្ធិនារី» នេះមានការផ្តោតអារម្មណ៍ទៅលើប្រធានបទផ្សេងៗជុំវិញការលើកកម្ពស់និងផ្តល់តម្លៃដល់ស្រ្តី ដូចជាមានការជួយជំរុញឱ្យស្រ្តីបានធ្វើការកាន់តែច្រើននៅក្នុងវិស័យឯកជននិងរដ្ឋ ការទាមទារឱ្យបានប្រាក់បៀរវត្សរ៍ស្មើបុរសចំពោះការងារដូចគ្នាជាដើម។ សម្រាប់កម្មវិធីហេឡូវីអូអេនៅយប់នេះដោយសារការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅសល់តែមិនដល់១០០ថ្ងៃទៀតផងយើងសូមលើកយកប្រធានបទមួយដែលផ្តោតទៅលើតួនាទីរបស់ស្រ្តីក្នុងឆាកនយោបាយ ការផ្តល់ភាពអង់អាចដល់ស្រ្តី និងការរៀបចំស្រ្តីដើម្បី ត្រៀមលក្ខណៈចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។ ចូលរួមជាវាគ្មិនរបស់យើងនៅយប់នេះគឺមានលោកស្រី ប៉ុក ណន្តដា នាយិការនៃអង្គការចម្រើនស្ត្រី ដែលបានធ្វើការងារនេះជាច្រើនមកហើយ។ សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី ០៨ ខែមិនា ឆ្នាំ២០១២៖ <!--AV--> មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com This posting includes an audio/video/photo media file: Download Now |
អាមេរិកចង់ឲ្យចិនដើរ«តួនាទីស្ថាបនា»ក្នុងកិច្ចការអន្តរជាតិ Posted: 08 Mar 2012 08:11 AM PST លោកស្រី ហ៊ីឡារី គ្លីនតុន រដ្ឋមន្ដ្រីក្រសួងការបរទេសស.រ.អ.សុំឲ្យប្រទេសចិនប្រើឥទ្ធិពលកើនច្រើនឡើងក្នុងសាកលលោកដើម្បីដើរ«តួនាទីស្ថាបនា»នៅក្នុងកិច្ចការពិភពលោក។ លោកស្រីគ្លីនតុនថ្លែងដូច្នេះកាលពីថ្ងៃពុធនៅទីក្រុងវ៉ាស៊ីនតោន ក្នុងពិធីមួយសម្គាល់ខួបឆ្នាំទី៤០នៃទស្សនកិច្ចមិនធ្លាប់មានពីមុនមករបស់លោកប្រធានាធិបតី រីឆាត និកសុន (Richard Nixon) ទៅប្រទេសចិននៅឆ្នាំ១៩៧២។ លោកស្រីនិយាយថា «ការឆ្លើយតបរបស់ប្រទេសចិននៅពេលខ្លះ គឺចង់ធ្វើជាប្រទេសមានអំណាចផង ហើយពេលខ្លះទៀតចង់ធ្វើជាប្រទេសកំពុងអភិវឌ្ឍន៍ផង។» ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖ <!--IMAGE-RIGHT--> ស៊ីរី៖ ប្រេសិតពិសេសនៃសម្ព័ន្ធភាពអារ៉ាប់អ.ស.ប.សម្រាប់ប្រទេសស៊ីរី លោក កូហ្វ៊ី អាណាន់ (Kofi Annan) និយាយថា ការប្រើកម្លាំងអាវុធនៅក្នុងប្រទេសនេះនឹងធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ឡើង។ លោកអាណន់និយាយដូច្នេះនៅថ្ងៃព្រហស្បតិ៍ នៅទីក្រុងឡឺគែរ ដែលនៅទីនោះលោកជួបជាមួយលោក ណាប៊ីល អេឡារ៉ាប៊ី (Nabil Elaraby) អគ្គលេខាធិការនៃសម្ព័ន្ធភាពអារ៉ាប់។ អតីតនាយកអ.ស.ប.រូបនេះគ្រោងអញ្ជើញទៅប្រទេសស៊ីរីនៅដំណាច់សប្តាហ៍នេះ។ អ៊ីរ៉ង់៖ ក្រុមអ្នកការទូតបស្ចឹមប្រទេសនិយាយថា រូបភាពតាមផ្កាយរណបដែលទីភ្នាក់ងារថាមពលបរមាណូអន្ដរជាតិបានពិនិត្យមើល បានបង្ហាញរថយន្ដកាមីញ៉ុង និងយានដឹកជញ្ជូនដីធំៗ នៅឯទីកន្លែងយោធានៅប្រទេសអ៊ីរ៉ង់ ដែលជាការផ្ដល់សញ្ញាថែមទៀតថាប្រទេសអ៊ីរ៉ង់អាចប្រឹងប្រែងបោសសម្អាតរោងចក្រ Parchinរបស់ខ្លួន ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងតេហេរ៉ង់ មុននឹងអនុញ្ញាតិឲ្យក្រុមនុយគ្លេអ៊ែរអ.ស.ប.មានការត្រួតពិនិត្យ។ រុស្ស៊ី៖ បណ្ដាញផ្សាយព័ត៌មានរុស្ស៊ីឲ្យដឹងថា ប្រទេសចិនឈានជិតទៅដល់ការព្រមព្រៀងអំពីអាវុធយ៉ាងសំខាន់មួយជាមួយរដ្ឋាភិបាលប្រទេសរុស្ស៊ីដែលនឹងបង្កើនកងទ័ពអាកាសរបស់ខ្លួនដោយសារយន្ដហោះចម្បាំងថ្មីរបស់រុស្ស៊ីចំនួន៤៨។ កូរ៉េខាងជើង៖ នៅទីក្រុងប៉េកាំង ការចរចាគ្នាពីរថ្ងៃបានឈប់មួយរយ:ពេលសិន ដោយគ្មានការព្រមព្រៀងគ្នាដើម្បីឲ្យស.រ.អ.បញ្ជូនជំនួយស្បៀងអាហារទៅឲ្យប្រទេសកូរ៉េខាងជើង។ លោក Robert King អ្នកចរចាភាគីស.រ.អ. និយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសទាំងពីរនេះមានការជឿនលឿនល្អអំពីការព្រមព្រៀងគ្នាផ្ដល់ស្បៀងអាហារគ្រាអាសន្ន២៤០.០០០តោន ហើយថាលោកនឹងវិលត្រឡប់មកទីក្រុងវ៉ាស៊ីនតោនវិញដើម្បីជជែកគ្នាអំពីលទ្ធផលនោះ។ កូរ៉េខាងត្បូង៖ ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា កងទ័ពកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធាដោយប្រើប្រាស់គ្រាប់កាំភ្លើងមែនទែន នៅក្បែរព្រំដែនជាមួយប្រទេសកូរ៉េខាងជើងដែលមានភាពតានតឹង នៅថ្ងៃព្រហស្បតិ៍នេះ។ ប្រទេសកូរ៉េខាងជើងគំរាមកំហែងចង់ធ្វើសមយុទ្ធឆ្លើយតបវិញ។ ថៃ៖ អាជ្ញាធរថៃចាប់បានសត្វនៅរស់ជាង២០០ក្បាល ដែលក្នុងនោះមានរួមទាំងសត្វខ្លា តោ និងសត្វជិតផុតពូជមួយចំនួនផង នៅក្នុងការវាយលុកចូលកន្លែងអ្នកលក់សត្វព្រៃដោយខុសច្បាប់មួយកន្លែងកាលពីថ្ងៃពុធនេះ។ ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា ច្បាប់ថ្មីមួយនៅក្នុងប្រទេស ឥណ្ឌូនេស៊ីដែលដាក់កំណត់លើសិទ្ធិធ្វើជាម្ចាស់ជំនួញរបស់ក្រុមហ៊ុនបរទេសនៅក្នុងឧស្សាហកម្មរ៉ែរបស់ឥណ្ឌូនេស៊ីចំនួន៤៩ភាគរយនោះ ប្រហែលជានឹងធ្វើឲ្យក្រុមអ្នកវិនិយោគដែលវិនិយោគប្រាក់រាប់ពាន់លានដុល្លារក្នុងឧស្សាហកម្មនេះ មានការរួញរា។ នេះបើតាមមតិរបស់អ្នកជំនាញក្នុងវិស័យឧស្សាហកម្មរ៉ែ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
វីអូអេរំឭកខួបឆ្នាំទី៧០ Posted: 08 Mar 2012 01:32 AM PST លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា Barack Obama និងវរជនសំខាន់ៗដទៃទៀតក្នុងពិភពលោកបានចូលរួមក្នុងពិធីរំលឹកឆ្នាំខួបទី ៧០ របស់ វីអូអេ ដោយមានសារ កោតសរសើរ។ លោកអូបាម៉ាបានសរសើរ វីអូអេ ចំពោះការផ្តល់ព័ត៌មាន «ពិតនិងមិនលម្អៀង» នៅពេលដែលរដ្ឋាភិបាលបរទេសធ្វើការចាប់ពិរុទ្ធ និងរបបគ្រប់គ្រងដែលប្រព្រឹត្តិរំលោភសិទ្ធិមនុស្សជាសាកល។ <!--IMAGE-LEFT--> លោកអូបាម៉ា បានថ្លែងតាមសារវីឌីអូមួយ នៅក្នុងពិធីរំលឹកនៅថ្ងៃពុធនេះថា អាមេរិកមានកម្លាំងខ្លាំងឡើង និងពិភពលោកមានយុត្តិធម៌ជាងមុន ដោយសារតែកិច្ចប្រឹងប្រែងរបស់វីអូអេ។ លោកស្រី អោង សាន ស៊ូជី មេដឹកនាំប្រជាធិបតេយ្យភូមាបានថ្លែងថា ខួបឆ្នាំទី៧០ របស់ វីអូអេ គឺ«ប្រៀបបាននឹងថ្ងៃកំណើតរបស់មិត្តម្នាក់» ហើយថា វីអូអេនិងបណ្តាញព័ត៌មានដទៃទៀតជាមិត្តដែលបានកំដរលោកស្រីនៅពេលលោកស្រីជាប់ឃុំក្នុងផ្ទះជាច្រើនឆ្នាំ។ <!--IMAGE-RIGHT--> សម្តេចដាឡៃ ឡាម៉ា មេដឹកនាំសាសនាទីបេត៍ មានបន្ទូលថា ក្រុមផ្សាយភាសា ទីបេ នៃវីអូអេ មានមុខនាទីដ៏សំខាន់មួយសម្រាប់ជនជាតិទីបេ ក្នុងការផ្សាយព័ត៌មានមិនលម្អៀវ ហើយព្រះអង្គមានជំនឿថា អង្គការផ្សាយព័ត៌មាន ដូចជា វីអូអេនេះមាន«សារៈសំខាន់ជាទីបំផុត»។ ភូមា៖ ញាតិសន្តានរបស់ព្រះសង្ឃមួយអង្គ ដែលបានដឹកនាំបដិវត្តន៍ឆ្នាំ២០០៧នៅ ភូមា និយាយថា លោកត្រូវអាជ្ញាធរចាប់ឃុំដើម្បីសួរចម្លើយ។ អោង ខ្យវ ខ្យវ ដែលត្រូវជាបងប្រុសរបស់ភិក្ខុអាស៊ីន ហ្កាមប៊ីយ៉ា បានប្រាប់ ក្រុមផ្សាយជាភាសាភូមា នៃវីអូអេ ថាភិក្ខុ ហ្កាមប៊ីយ៉ា ត្រូវចាប់ខ្លួនដោយសមាជិកក្រសួងស៊ើបការណ៍សម្ងាត់យោធាភូមា កាលពីយប់ថ្ងៃអង្គារនៅផ្ទះប្អូនស្រីព្រះអង្គ នៅរដ្ឋធានីរ៉ង់ហ្គូន។ អ្នកទាំងពីរត្រូវទៅជួបជាមួយឯកអគ្គរាជទូតប្រទេសអង់គ្លេស នៅថ្ងៃពុធ។ អ្នកនាំពាក្យរបស់សមាគមន៍សម្រាប់ជួយអ្នកទោសនយោបាយភូមា នៅប្រទេសថៃតាតេ ណាំង បានប្រាប់វីអូអេថា គេបានបញ្ជាក់ថាភិក្ខុ ហ្កាមប៊ីយ៉ា ត្រូវនាំយកទៅសួរចម្លើយមែន តែថាគេនឹងដោះលែងលោកទៅវិញនៅថ្ងៃព្រហស្បត៍នេះ៕ ស៊ីរី៖ គណកម្មាធិការកាកបាទក្រហមអន្តរជាតិ និយាយថា លោកស្រីវ៉ាឡេរី អាម៉ូស នាយកផ្នែកសកម្មភាពមនុស្សធម៌អង្គការសហប្រជាជាតិ បានចូលទៅមើលសង្កាត់ បាបាអាមរ៍ ដែលជាអតីតកន្លែងលាក់ពួនរបស់ពួកឧទ្ទាម នៅពេលជិតមួយសប្តាហ៍បន្ទាប់ពីពួកឧទ្ទាមបានគេចចេញពីការវាយប្រហារក្នុងរយៈពេលមួយខែរបស់កងកម្លាំងសន្តិសុខរដ្ឋាភិបាល។ កូរ៉េខាងជើង៖ ប្រេសិតកំពូលម្នាក់របស់អាមេរិក និយាយថា មានការជឿនលឿនទៅមុខនៅក្នុងកិច្ចចរចាជាមួយមន្រ្តី កូរ៉េខាងជើង អំពីផែនការជាក់លាក់ ដើម្បីផ្តល់ជំនួយម្ហូបរបស់អាមេរិក ចំនួន ២៤ ម៉ឺន តោន ទៅឲ្យប្រទេសកុម្មុយនិស្តមួយនេះ។ ប្រេសិតពិសេសខាងសិទ្ធិមនុស្សនៅក្នុងកូរ៉េខាងជើង លោករ៉ូបឺត ឃីង Robert King បាននិយាយជាមួយអ្នកកាសែត នៅក្រោយកិច្ចចរចាកាលពីថ្ងៃពុធនៅក្រុង ប៉េកាំង។ រុស៊្សី៖ អង្គការមួយរបស់ក្រុមសកម្មជនរុស្ស៊ី បានច្រានចោលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យ ដោយហៅជ័យជំនះរបស់លោកវ៉្លាដឹមៀរ ពូទីន ថាជា «រឿងអាមាស់មុខ» សម្រាប់ប្រជាពលរដ្ឋរុស្ស៊ី។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ស្ត្រីតិចតួចណាស់ស្ថិតនៅក្នុងឆាកនយោបាយ Posted: 07 Mar 2012 06:56 PM PST របាយការណ៍ថ្មីមួយ រកឃើញថា នៅទូទាំងពិភពលោក ស្រ្តីតិចតួចណាស់ ស្ថិតនៅក្នុងឆាកនយោបាយ ដោយមានករណីលើកលែងពិសេសសម្រាប់បណ្តាប្រទេសនៅតំបន់ណ័រឌីក(Nordic) ដែលរបាយការណ៍ដដែលនេះបញ្ជាក់ថាបានផ្តល់សមភាពខាងយេនឌើ។ របាយការណ៍ ដែលត្រូវបានធ្វើឡើងដោយសហភាពអន្តរសភា (Inter-parliamentary Union) ឬហៅកាត់ជាភាសាអង់គ្លេសថា IPU បានឲ្យដឹងថា តួលេខស្រ្តី ដែលត្រូវបានបោះឆ្នោតដើម្បីចូលក្នុងរដ្ឋសភាកាលពីឆ្នាំមុន មិនបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរខាងនយោបាយដ៏គួរឲ្យកត់សម្គាល់ នៅតាមផ្នែកជាច្រើនរបស់ពិភពលោកឡើយ។ កាលពីឆ្នាំមុន របាយការណ៍ បានបង្ហាញថា មធ្យមភាគស្រ្តីនៅលើពិភពលោក ដែលត្រូវបានបោះឆ្នោតដើម្បីចូលក្នុងរដ្ឋសភា មានចំនួន១៩.៥ភាគរយ។ តួលេខនេះ មានចំនួន១.៥ភាគរយ ដែលខ្ពស់ជាងតួលេខក្នុងឆ្នាំ២០១០។ របាយការណ៍នេះ បញ្ជាក់ដែរថា ស្រ្តីមានចំនួនតិចជាង១នាក់ ក្នុងចំណោមសមាជិកសភាចំនួន៥នាក់ នៅក្នុងពិភពលោក នាពេលសព្វថ្ងៃ។ របាយការណ៍ បានឲ្យដឹងថា ពិភពអារ៉ាប់ មានមធ្យមភាគតិចបំផុតនៅក្នុងតំបន់ ចំនួន១០ភាគរយ នៅលើពិភពលោក ហើយតួលេខស្ត្រីនៅក្នុងជួររដ្ឋាភិបាល រក្សាបាននូវចំនួន៧ភាគរយដដែល ចាប់តាំងពីឆ្នាំ២០០៥មកម៉្លេះ។ ការងើបបះបោរនៅអាហ្រ្វិកខាងជើង និងពិភពអារ៉ាប់ បានធ្វើឲ្យភ័យតក់ស្លុត នៅទូទាំងពិភពលោក។ ប៉ុន្តែ លោក ជេមីនី ផានយ៉ា(Jemini Pandya) ស្ត្រីអ្នកនាំពាក្យរបស់ IPU មានប្រសាសន៍ថា របាយការណ៍នេះ មានឥទ្ធិពលតិចតួច ដែលអាចធ្វើឲ្យការរង្គោះរង្គើប្រព័ន្ធនយោបាយចាស់ឡើយ។ <!--IMAGE-RIGHT--> «ការបោះឆ្នោតកាលពីពេលថ្មីៗនេះនៅប្រទេសអេហ្ស៊ីប (Egypt) បានបង្ហាញពីការធ្លាក់ចុះភាគរយនៃសមាជិកសភាជាស្រ្តី ចាប់ពី១២.៧ភាគរយ ទៅតិចជាង២ភាគរយ។ ឥឡូវនេះ មានសមាជិកសភាជាស្ត្រីតែ១០រូបប៉ុណ្ណោះ ក្នុងចំណោម៥០៨រូប នៅអេហ្ស៊ីប។ ស្រ្តី បានក្លាយជាកម្លាំងដ៏សំខាន់ នៅក្នុងបដិវត្តន៍អារ៉ាប់(Arab Spring) ប៉ុន្តែតួនាទីនោះ មិនបានប្រែក្លាយទៅជាការចូលរួមជាក់ស្តែងក្នុងវិស័យនយោបាយឡើយ។ បដិវត្តន៍អារ៉ាប់ ត្រូវតែផ្តល់ឳកាសដល់ស្រ្តី នៅក្នុងឆាកនយោបាយ។ យើងយល់ឃើញថា ឳកាសសម្រាប់ការផ្លាស់ប្តូរ គឺស្ថិតនៅត្រង់ចំណុចនោះតែម្តង។ ពួកគេ ត្រូវចេះឆក់យកឪកាស។» តែទោះបីយ៉ាងណា ការសិក្សានេះ បានកត់សម្គាល់ឃើញថា មានហេតុការណ៍វិវត្តន៍គួរជាទីសង្ឃឹមនៅប្រទេសទុយនីស៊ី (Tunisia) ដែលបានអនុម័តច្បាប់មួយ ដើម្បីធានាឲ្យមានសមភាពនៅក្នុងបញ្ជីបេក្ខជន។ ហើយ ច្បាប់នេះ ចែងថា ប្រទេស ម៉ារ៉ុក(Morocco) បានដាក់ចេញកូតា(quotas) សម្រាប់សមាជិកសភាជាស្រី្ត ដែលបានធ្វើឲ្យកើនឡើងចំនួន ៦ភាគរយ នៃតួលេខសមាជិកសភាជាស្រ្តី កាលពីឆ្នាំមុន។ <!--IMAGE-LEFT--> របាយការណ៍ ក៏បានរកឃើញថា ប្រព័ន្ធកូតានេះ ធ្វើការឆ្ពោះទៅរកផលប្រយោជន៍របស់ស្រ្តីនៅក្នុងអនុតំបន់សាហារ៉ានៃទ្វីបអាហ្រ្វិក។ របាយការណ៍នេះ បានឲ្យដឹងថា មធ្យមភាគស្រ្តីនៅក្នុងតំបន់ ដែលមានអសនៈនៅក្នុងរដ្ឋសភា មានចំនួនជាង២០ភាគរយ។ របាយការណ៍ បានឲ្យដឹងថា សព្វថ្ងៃ សភាចំនួន១៣ នៅទ្វីបនេះ មានសមាជិកសភាជាស្រ្តីចំនួន៣០ភាគរយ ឬច្រើនជាងនេះ ដោយសាតែមានវិធានការពិសេសៗជាច្រើន ដូចជា កូតា ជាដើម។ លោក ជេមីនី ផានយ៉ា(Jemini Pandya) មានប្រសាសន៍ថា ជារឿយៗ ប្រទេសដែលទើបងើបចេញពីជម្លោះ ផ្តល់ឳកាសដល់ស្ត្រី ដើម្បីបំពេញកន្លែងទំនេរនយោបាយ។ «នៅលើសកលលោក ប្រទេសចំនួនជាង១ភាគ៣ ដែលមានសមាជិកសភាជាស្រ្តី ចំនួន៣០ភាគរយ ស្ថិតនៅក្នុងប្រទេសអន្តរកាល ឬប្រទេសក្រោយជម្លោះ។ ឧទាហរណ៍ ឥឡូវនេះប្រទេសស៊ូដង់ខាងត្បូង (South Sudan) មានស្ត្រីចំនួន២៦.៥ភាគរយ នៅក្នុងសភាតំណាងរាស្ត្រអន្តរកាលរបស់ខ្លួន។ ភាគរយនោះ កើតឡើងដោយសារប្រព័ន្ធកូតាតែម្តង។ ហើយ តួលេខនេះ ខ្ពស់ជាងមធ្យមភាគនៅទ្វីបអាហ្រ្វិក និងសកលលោក។» របាយការណ៍របស់ IPU បញ្ជាក់ថា ថាតើត្រូវឬខុស ប្រព័ន្ធកូតា នៅតែជាមាគ៌ាប្រកបដោយប្រសិទ្ធភាពបំផុត ក្នុងការនាំស្រ្តីចូលក្នុងឆាកនយោបាយ។ អ្នកសរសេររបាយការណ៍ ផ្តល់ទឡ្ហីករណ៍ថា ស្រ្តី នឹងត្រូវបន្តការបដិសេធមិនឲ្យមានឳកាស ដើម្បីសម្រេចបាននូវការផ្លាស់ប្តូរសង្គម និងសេដ្ឋកិច្ច តាមរយៈនយោបាយឡើយ លុះណាតែមានសមភាព៕ ប្រែសម្រួលដោយ សៀក អេង This posting includes an audio/video/photo media file: Download Now |
សាលាឧទ្ធរណ៍បន្តដាក់គុកអ្នកបាញ់សត្វជាតិថៃពីរនាក់ Posted: 07 Mar 2012 06:36 PM PST សាលាឧទ្ធរណ៍នៅថ្ងៃពុធនេះបានសម្រេចដម្កល់ទុកសាលក្រមដាក់ទោសជាប់ពន្ធនាគារលើជនជាតិថៃពីររូបដែលលួចចូលមកបរបាញ់សត្វនៅប្រទេសកម្ពុជាដោយខុសច្បាប់និងបានតម្រូវឲ្យបណ្តេញចេញពីប្រទេសកម្ពុជាភ្លាមៗបន្ទាប់ពីអនុវត្តទោសចប់សព្វគ្រប់។ ជនជាតិថៃទាំងពីររូបដែលមានឈ្មោះ ភិត អនណា អាយុ៤៨ឆ្នាំ និងលោក ថង ដែនយ៉ាក់ឡា អាយុ៥២ឆ្នាំ ត្រូវបានសាលាដំបូងខេត្តព្រះវិហារ កាត់ទោសកាលពីខែសីហា ឆ្នាំ២០១០ ឲ្យជាប់ពន្ធនាគារម្នាក់ៗ រយៈពេលប្រាំឆ្នាំពីបទឆ្លងដែនដោយខុសច្បាប់ និងឆ្លងដែនដោយខុសច្បាប់ មកធ្វើការបរបាញ់សត្វនៅក្នុងទឹកដីប្រទេសកម្ពុជា ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា និងប្រទេសថៃ កំពុងមានជម្លោះព្រំដែនប្រដាប់អាវុធ។ លោក ឃុន លាងម៉េង ប្រធានចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍បានបញ្ជាក់នៅក្នុងអង្គសវនាការ ដោយយល់ឃើញថាជនជាប់ចោទបានទទួលសារភាពកំហុស តុលាការបានសម្រេចដម្កល់សាលដីការបស់សាលាដំបូងខេត្តព្រះវិហារទុកជាបានការណ៍។ ការប្រកាសសាលដីការបស់សាលាឧទ្ធរណ៍បានធ្វើឡើងដោយកំបាំងមុខពីជនជាតិថៃទាំងពីររូប ហើយមេធាវីការពារក្តីពុំមានវត្តមាននៅក្នុងអង្គសវនាការទេ។ លោក ភាវ ខាំសុធី មន្ត្រីតំណាងស្ថានទូតថៃ ដែលបានអង្គុយស្តាប់ការប្រកាសសាលដីកាមិនបានធ្វើអត្ថាធិប្បាយពិស្តាចំពោះអ្នកសារព័ត៌មានទេដោយលោកគ្រាន់តែបញ្ជាក់ថា៖ «ខ្ញុំឥតដឹងដែរ រឿងនេះស៊ីសងលើស្ថានទូតទេ។ ខ្ញុំគ្រាន់តែមកស្តាប់ជំនួសស្ថានទូតទេ»។ លោក កៅ ស៊ូផា មេធាវីការពារក្តីជនជាតិថៃទាំងពីររូប បានប្រាប់វីអូអេតាមរយៈទូរស័ព្ទមកថា ការសម្រេចរបស់សាលាឧទ្ធរណ៍វាអយុត្តិធម៌សម្រាប់កូនក្តីរបស់លោក។ លោកបានមានប្រសាសន៍ថា លោកនឹងពិចារណាជាមួយនឹងកូនក្តីដើម្បីប្តឹងសារទុកទៅតុលាការកំពូល។ «ការសម្រេចហ្នឹង វាហាក់បីដូចជាមិនយល់ការរស់នៅភូមិផងជាជនជាតិតែមួយ។ ជនជាតិភូមិផងរបងជាមួយហ្នឹង គ្មានការយោគយល់ទេ។ ពីព្រោះអីក្នុងច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះហ្នឹង គឺគេសំដៅទៅលើការប្រើប្រាស់អាវុធហ្នឹង គឺសម្រាប់ធ្វើសង្គ្រាម»។ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១០ អាជ្ញាធរការពារព្រំដែនខាងភាគីកម្ពុជា បានចាប់ខ្លួនជនជាតិថៃទាំងពីររូបដោយបានរឹបអូសអាវុធវែងមួយដើមគ្រាប់សំណជាច្រើនរយគ្រាប់ អង្រឹងមួយ និងតង់ស្នាក់នៅមួយបន្ទាប់ពីពួកគេបានឆ្លងដែនចូលជ្រៅក្នុងទឹកដីនៃខេត្តព្រះវិហារចម្ងាយប្រាំគីឡូម៉ែត្រ។ ឆ្លើយប្រាប់នៅក្នុងអង្គសវនាការ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ជនជាតិថៃទាំងពីរនាក់ បាននិយាយថាលោកគ្មានបំណងចូលក្នុងទឹកដីប្រទេសកម្ពុជាទេ គឺដោយសារតែវង្វេងផ្លូវ៕ This posting includes an audio/video/photo media file: Download Now |
អាជ្ញាធរមូលដ្ឋានរត់ការបញ្ចប់រឿងក្តីបាញ់កម្មករនៅបាវិតដោយស្ងាត់ៗ Posted: 07 Mar 2012 06:11 PM PST មន្ដ្រីជាន់ខ្ពស់ប៉ូលិស និងចៅសង្កាត់មួយរូបរួមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់ម្នាក់ទៀត ត្រូវគេរាយការណ៍នៅថ្ងៃពុធនេះថា បានព្យាយាមជួយស្វែងរកការសម្របសម្រួលដើម្បីឲ្យជនរងគ្រោះក្នុងការបាញ់ប្រហារកាលពីខែមុនបោះបង់ចោលចេតនាប្ដឹងប្រឆាំងនឹងអភិបាលក្រុងបាវិត។ អភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ត្រូវក្រុមប៉ូលិសចង្អុលបង្ហាញថា គឺជាខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារដោយត្រង់ទៅលើបាតុករដែលកំពុងតវ៉ាទាមទារលក្ខខណ្ឌល្អប្រសើរនៅក្នុងការងារកាលពីខែកុម្ភៈ។ ការបាញ់ប្រហារនោះបានធ្វើឲ្យកម្មការិនីចំនួនបីនាក់រងរបួស។ កញ្ញា ប៊ុន ចិន្ដា គឺជាជនរងគ្រោះម្នាក់ ដែលមានសភាពធ្ងន់ធ្ងរជាងគេនៅក្នុងចំណោមជនរងគ្រោះទាំងបី។ នាងត្រូវគ្រាប់ពីខាងខ្នងធ្លាយដល់ដើមទ្រូងផ្នែកខាងឆ្វេងហើយបានចាកចេញពីមន្ទីរពេទ្យកាល់ម៉ែត្រកាលពីថ្ងៃអង្គារ។ សមាជិកគ្រួសាររបស់នាង និងប្រធានភូមិព្រៃផ្ដៅ របស់នាងគឺលោក សុខ ស៊ា បានបញ្ជាក់ថា លោក កែវ គង់ អធិការរងប៉ូលិសក្រុងបាវិត និងលោក ហួត សម័យ ចៅសង្កាត់ច្រកម្ទេស ក្រុងបាវិត បានស្វែងរកការសម្រុះសម្រួលពីគ្រួសារជនរងគ្រោះដើម្បីកុំឲ្យដាក់ពាក្យប្ដឹងទៅតុលាការប្រឆាំងលោក ឈូក បណ្ឌិត។ លោកប្រធានភូមិព្រៃផ្ដៅ មានប្រសាសន៍ថា ភ្នាក់ងារនៃមន្ត្រីទាំងបីរូបបានមកត្រឹមផ្ទះរបស់លោក ហើយស្នើឲ្យលោកទៅចរចាជាមួយជនរងគ្រោះ និងក្រុមគ្រួសារដោយផ្ទាល់។ លោក សុខ ស៊ា បានបញ្ជាក់ថា លោក កែវ គង់ អធិការរងប៉ូលិសក្រុងបាវិត និងលោក ហួត សម័យ ចៅសង្កាត់ច្រកម្ទេសនិងសមាជិកក្រុមប្រឹក្សាម្នាក់ទៀតបានពាំនាំពាក្យពីភាគីខ្មាន់កាំភ្លើងក្នុងការបង់ប្រាក់ចំនួន ១.០០០ដុល្លារអាមេរិកដើម្បីរំលត់បណ្ដឹង។ ក៏ប៉ុន្ដែក្រុមគ្រួសារជនរងគ្រោះមិនយល់ព្រមជាមួយនឹងសំណើនោះទេ ហើយភាគីភ្នាក់ងារអាជ្ញាធរបានស្នើសុំឲ្យមានការចរចាជាលើកទីពីរទៀតនៅថ្ងៃដដែលនេះ។ «មានប្រាំនាក់ ប៉ុន្តែមកនៅសល់តែបីនាក់ទេ។ អធិការក្រុងបាវិតហ្នឹង ទូរស័ព្ទមកហៅគេឲ្យទៅកន្លែងកាស៊ីណូ ហើយនៅតែអធិការងជាមួយនឹងចៅសង្កាត់ ក្រុមគ្រួសារម្នាក់។ គេនិយាយថា មកឲ្យចរចាអ្នករងគ្រោះហ្នឹង។ ម្តាយឪពុកអ្នករងគ្រោះហ្នឹង តើប្តឹង ឬក៏មិនប្តឹង។ បើថាមិនប្តឹងទេ គេថាសុំជូន ១.០០០ដុល្លារបើយកជាលុយ។ បើយកជាម៉ូតូ គេថាទិញតម្លៃ១.០០០ដែរ។ គ្រាន់តែមកសុំចរចា។ តើព្រម ឬមិនព្រម? ខាងជនរងគ្រោះគាត់មិនអាចចរចាបានទេ។ អញ្ចឹងគេថាទៅចរចាម្តងទៀតនៅពេលថ្ងៃហ្នឹងត្រូវការប៉ុន្មាន? វាស្រួលគេរាយការណ៍ទៅលើទៀត។ ខ្ញុំរាយការណ៍ទៅប្រាប់ចៅសង្កាត់ហើយថាគាត់ឥតព្រមទេ លុះត្រាមួយម៉ឺនដុល្លារ ទើបគាត់ព្រម»។ ពុំទាន់មានប្រភពណាមួយបញ្ជាក់ថា ជនរងគ្រោះពីររូបផ្សេងទៀត ត្រូវបានទាក់ទងដើម្បីសម្រួលទៅដល់ការរំលត់បណ្ដឹងនោះទេ។ លោក អំ សំអាត ប្រធានគ្រប់គ្រងការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានបញ្ជាក់ថា ជនរងគ្រោះពីររូបទៀតមិនទាន់បានបង្ហាញចេតនាប្ដឹងប្រឆាំងលោកអភិបាលក្រុងបាវិតនោះទេ រហូតមកទល់នឹងថ្ងៃនេះ។ បងប្រុសរបស់កញ្ញា ប៊ុន ចិន្ដា គឺលោក សំ ស៊ីណាត បានអះអាងថា ប្រធានភូមិបានមកចរចាជាមួយរូបលោក និងក្រុមគ្រួសាររបស់លោកនៅថ្ងៃនេះ។ ដោយឡែកកញ្ញា ប៊ុន ចិន្ដា នៅតែរក្សាជំហរប្ដឹងប្រឆាំងនឹងអ្នកវាយប្រហារដោយគ្រាប់កាំភ្លើងមកលើរូបនាងដដែល។ «ទោះបីជាគេធ្វើអញ្ចឹងមកលើរូបខ្ញុំ ខ្ញុំមិនអាចឈប់បានទេ»។ លោក កែវ គង់ អធិការរងប៉ូលិសក្រុងបាវិតនិងលោក ហួត សម័យ ចៅសង្កាត់ច្រកម្ទេស សុទ្ធតែបានបដិសេធដូចៗគ្នាថា ពួកលោកមិនបានដឹកនាំឲ្យមានការចរចាសម្របសម្រួលបញ្ឈប់បណ្ដឹងនេះទេ។ លោក កែវ គង់ គ្រាន់តែនិយាយថាប្រហែលជាប្រធានភូមិបានទៅសួរសុខទុក្ខជនរងគ្រោះ។ «ខ្ញុំក្រែងថាមេភូមិ គេទៅអីមិនដឹង»។ លោក សុខ សំអឿន នាយកអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា មានប្រសាសន៍ថា យោងតាមក្រមនីតិព្រហ្មទណ្ឌកម្ពុជា ជនរងគ្រោះ និងជនល្មើសអាចអនុញ្ញាតមានការសម្រុះសម្រួលគ្នាក្រៅផ្លូវតុលាការបាន។ ក៏ប៉ុន្ដែសម្រាប់បទល្មើសធ្ងន់ធ្ងរព្រះរាជអាជ្ញា និងក្រុមសមត្ថកិច្ចនៅតែមានតួនាទីសំខាន់ក្នុងការបន្ដប្ដឹងប្រឆាំងនឹងជនល្មើសដដែល។ «បទល្មើសខ្លះមិនអាចផ្សះផ្សាបានទេ ទោះបីជាជនរងគ្រោះមិនប្តឹងក៏ដោយ។ អាជ្ញាធរសមត្ថកិច្ចត្រូវតែបន្តនីតិវិធីដដែល ហើយតុលាការត្រូវតែធ្វើការកាត់សេចក្តីឲ្យបានច្បាស់លាស់»។ ជាមួយគ្នានេះលោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញារងតុលាការខេត្តស្វាយរៀងបញ្ជាក់ថា លោកនៅតែរក្សាជំហរចាត់ការនៅក្នុងសំណុំរឿងបាញ់ប្រហារលើកម្មកររោងចក្រនេះ។ «បណ្តឹងរដ្ឋប្បវេណីវាអាចបញ្ចប់ ប៉ុន្តែបណ្តឹងអាជ្ញាមិនអាចបញ្ចប់បានទេ។ វាត្រូវតែធ្វើការស៊ើបអង្កេតនៅពេលដែលមានបទល្មើសបន្ទាន់កើតឡើង»។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ កម្មករ កម្មការិនីនៃរោងចក្រផលិតស្បែកជើង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀងចំនួនប្រមាណ១.០០០នាក់មកពីរោងចក្រចំនួនបីផ្សេងៗគ្នា បានធ្វើតវ៉ាទាមទារប្រាក់ឈ្នួលម៉ោងបន្ថែម និងលក្ខខណ្ឌការងារឲ្យបានសមរម្យ។ ហើយនៅពេលនោះមានការប៉ះទង្គិច ជាមួយនឹងសន្តិសុខក្រុមហ៊ុន និងអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងពេលជាមួយគ្នានោះ ខ្មាន់កាំភ្លើងដែលត្រូវគេស្គាល់ថាជាអភិបាលក្រុង បាវិត លោក ឈូក បណ្ឌិត បានចុះពីលើរថយន្ដហើយបានដកកាំភ្លើងខ្លីបាញ់ទៅលើក្រុមអ្នកតវ៉ា និងបានបណ្ដាលឲ្យកម្មការិនីទាំងបីនាក់ខាងលើរងរបួស៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |