VOA News: ព័ត៌មាន: “លោក​រ៉មនី​ឈ្នះ​ឆ្នោត​នៅ​រដ្ឋ​អូហៃយ៉ូ​ដោយ​​សំឡេងតិចតួច” plus 3 more

VOA News: ព័ត៌មាន: “លោក​រ៉មនី​ឈ្នះ​ឆ្នោត​នៅ​រដ្ឋ​អូហៃយ៉ូ​ដោយ​​សំឡេងតិចតួច” plus 3 more


លោក​រ៉មនី​ឈ្នះ​ឆ្នោត​នៅ​រដ្ឋ​អូហៃយ៉ូ​ដោយ​​សំឡេងតិចតួច

Posted: 07 Mar 2012 08:57 AM PST

បេក្ខជន​ប្រធានាធិបតី​ មីត​ រ៉មនី (Mitt Romney) ​បាន​យក​ជ័យជម្នះ​តាម​សំឡេង​តិចតួច​ក្នុង​ការ​បោះឆ្នោត​បឋម​នៅ​ក្នុង​រដ្ឋ​អូហៃយ៉ូ (Ohio) ​ដែល​ជា​ជ័យជម្នះ​ដ៏​ធំ​ក្នុង​ចំណោម​រដ្ឋ​១០​នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ។​

<!--IMAGE-RIGHT-->

ដោយ​សន្លឹក​ឆ្នោត​រាប់​ជិត​អស់​នៅ​ព្រឹក​ថ្ងៃ​ពុធ​ លោក ​រ៉មនី ​ដឹកមុខ​គេ​ដោយ​សំឡេង​១២.០០០ ​គឺ​ត្រឹម​តែ​១%​ប៉ុណ្ណោះ​ លើស​អតីត​ព្រឹទ្ធសមាជិក​​រីក សន់ថូរ៉ុម (Rick Santorum)។​ ជ័យជម្នះ​ក្នុង​រដ្ឋ​អូហៃយ៉ូ ​ជា​ជ័យជម្នះ​លើក​ទី​៤​ ក្រោយ​​ពី​បាន​យក​ជ័យជម្នះ​ក្នុង​រដ្ឋ​វើម៉នថ៍ (Vermont)​ រដ្ឋ​ វីជីនៀ (Virginia)​ និង​រដ្ឋ ម៉ាស្សាឈូស៊ែតថ៍ (Massachussetts)​ ដែល​លោក​ធ្លាប់​បម្រើ​ជា​អភិបាល​រដ្ឋ។​

ថ្លែង​នៅ​ក្នុង​ក្រុង​បូស្ដិន​ (Boston) រដ្ឋ​ម៉ាស្សាឈូស៊ែតថ៍​ លោក រ៉មនី​ ទស្សន៍ទាយ​ថា​ លោក​នឹង​បាន​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​របស់​គណបក្ស​សាធារណរដ្ឋ​ជា​មិន​ខាន។​​ លោក​ថ្លែង​ថា​ «យប់​នេះ ​យើង​កំពុង​រាប់​សន្លឹក​ឆ្នោត។​ យើង​រាប់​ចំនួន​ប្រតិភូ​ដែល​​ទៅ​បោះឆ្នោត។​ យើង​មាន​សង្ឃឹម។ ​ យើង​រាប់​ថ្ងៃ​រហូត​ដល់​ខែ​វិច្ឆិកា​ ហើយ​​យើង​សង្ឃឹម​ច្រើន​ដែរ។​ យើង​នឹង​ទទួល​ជ័យជម្នះ​ យក​សេតវិមាន​ជា​មិន​ខាន»។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃទៀត៖

<!--IMAGE-LEFT-->

ថៃ-ជប៉ុន៖ នៅ​ក្នុង​ទស្សនកិច្ច​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ប្រទេស​ជប៉ុន​​នាយក​រដ្ឋមន្ដ្រី​ថៃ​ លោកស្រី​ យីងឡាក់​ ស៊ីណាវ៉ាត្រា​ បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ទុកចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​ក្រុម​អ្នក​វិនិយោគ​ជប៉ុន​ នៅ​ក្រោយ​ពី​មាន​ការ​បំផ្លិចបំផ្លាញ​ដោយ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​មុន។

ស៊ីរី៖ ប្រធាន​អង្គការ​មនុស្សធម៌​របស់​អ.ស.ប. ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស៊ីរី​នៅ​ថ្ងៃ​ពុធ​នេះ ​ដើម្បី​ជួយ​ជំរុញ​ឲ្យ​មាន​ការ​អនុញ្ញាត​បើក​ផ្លូវ​ដល់​អង្គការ​ជួយ​សង្រ្គោះ​​យក​ជំនួយ​ទៅ​ឲ្យ​ជន​រងគ្រោះ​ និង​ដឹក​អ្នក​របួស​ចេញ។

កូរ៉េ​ខាង​ជើង៖ ប្រេសិត​ពិសេស​ពីរ​នាក់​ពី​អាមេរិក​កំពុង​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង​ ដើម្បី​បើក​ការ​ចរចា​ជាមួយ​កូរ៉េ​ខាងជើង​មក​លើ​សេចក្ដី​ពិស្ដារ​នៃ​ផែនការ​មួយ​ដែល​នឹង​ផ្ដល់​ជំនួយ​អាហារ​ស.រ.អ.​ចំនួន​២៤០.០០០​តោន​ ទៅ​ឲ្យ​ប្រទេស​កុម្មុយនិស្ត​នោះ។

ឥណ្ឌា៖ មេដឹកនាំ​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ និយាយ​ថា​ អ្នក​កាន់​សន្លឹក​ឆ្នោត​មិន​សប្បាយ​ចិត្ដ​ចំពោះ​បេក្ខជន​របស់​គណបក្ស ​ដែល​ជា​មូលហេតុ​មួយ​​នៃ​ការ​ចាញ់​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ឧត្តរប្រទេស (Uttar Pradesh) ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​របស់​ឥណ្ឌា​កាល​ពី​ពេល​ថ្មីៗ​នេះ។

ចិន-អាមេរិក៖ នៅ​ថ្ងៃ​ពុធ​ រដ្ឋាភិបាល​ចិន​បាន​រិះគន់​សភា​ស.រ.អ.​ ដែល​បាន​អនុម័ត​ច្បាប់​មួយ​ដែល​អនុញាត​ឲ្យ​ស.រ.អ.​យក​ពន្ធដារ​មក​លើ​ទំនិញ​ទិញ​ចូល​ពី​ប្រទេស​ចិន​ និង​ពី​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រដ្ឋ​កាន់កាប់។

អាមេរិក៖ ឯកសារ​កំណត់ហេតុ​មួយ​របស់​អតីត​ប្រធានាធិបតី​អាមេរិក រីឆាត នីកសុន (Richard Nixon)​ ដែល​ទើប​នឹង​ត្រូវ​ផ្សព្វផ្សាយ​បង្ហាញ​ឲ្យ​ឃើញថា ​លោក​មាន​ចិត្ដ​ព្រួយ​បារម្ភ​ថា ​ការ​កាប់​សម្លាប់​នៅ​លើ​ទី​លាន ធានអានមេន (Tiananmen)​ ប្រទេស​ចិន​កាល​ពី​ឆ្នាំ​១៩៨៩​ អាច​បំផ្លាញ​ទំនាក់ទំនង​គ្នា​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​ជា​អចិន្ត្រៃយ៍។

អ៊ីរ៉ង់៖ មេ​បញ្ជាការ​យោធា​កណ្ដាល​របស់​ស.រ.អ.​និយាយ​ថា​ ប្រទេស​អ៊ីរ៉ង់​ជា​ការ​គំរាម​​ដ៏​ធំ​បំផុត​មក​លើ​សន្ដិសុខ​នៃ​តំបន់​មជ្ឈឹមបូព៌ា​ ហើយ​រដ្ឋាភិបាល​ទី​ក្រុង​តេហេរ៉ង់​ ខិតខំ​ខ្លាំង​ដើម្បី​រក្សា​អំណាច​ឲ្យ​ប្រធានាធិបតី​ Bashar Al Assad។

ទីបេតិ៍៖ មន្ដ្រី​ចិន​ព្យាយាម​បន្តុះបង្អាប់​ដល់​ជនជាតិ​ទីបេតិ៍​ដែល​បាន​ធ្វើ​អត្ដឃាត​ដោយ​ដុត​ខ្លួនឯង ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​ចិន​នៅ​តំបន់​របស់​ពួក​គេ។

ភូមា៖ រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​នូវែលសេឡង់​បាន​អំពាវនាវ​ដល់​ប្រទេស​​ភូមា​ឲ្យ​បន្ដ​ការ​កែ​ទម្រង់​តាម​បែប​ប្រជាធិបតេយ្យ​​នៅ​ពេល​លោក​បញ្ចប់​ទស្សនកិច្ច​ពីរ​ថ្ងៃ​ក្នុង​ប្រទេស​ភូមា។

កេនយ៉ា៖ អាចារ្យ​ពុទ្ធសាសនា​មក​ពី​ប្រទេស​ជប៉ុន ​បាន​រៀបចំ​ពិធី ​សូត្រធម៌​ផ្សះផ្សា​គ្នា​មួយ​ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​ជួយ​ក្រុម​អំបូរ​ផ្សេងៗ​នៃ​ប្រទេស​កេនយ៉ា​ឲ្យ​ឈប់​ច្បាំង​គ្នា។​

អាហ្វហ្គានីស្ថាន៖ ទាហាន​ជាតិ​អង់គ្លេស​៦​នាក់​បាន​ស្លាប់​ក្រោយ​ពី​រថយន្ដ​ពាស​ដែក​របស់​ខ្លួន​បាន​បើក​លើ​គ្រាប់​មីន​កប់​តាម​ផ្លូវ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

រដ្ឋាភិបាល​លុប​ចោល​ឡូតិ៍​នេសាទ​នៅ​ខេត្ត​បួន​ទៀត

Posted: 06 Mar 2012 11:50 PM PST

លោក​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន ​សែន ​បាន​បង្គាប់​ឲ្យ​រំលាយ​ឡូតិ៍​នេសាទ​នៅ​ក្នុង​ខេត្ត​ចំនួន​បួន​ គឺ​ខេត្ត​កណ្ដាល ​តាកែវ ​ព្រៃវែង ​និង​ខេត្ត​កំពង់ចាម ​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ទន្លេ​មេគង្គ​ ហើយ​សេចក្ដី​សម្រេច​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១០​ ខែ​មេសា ​ខាង​មុខ។

នៅ​ក្នុង​អនុក្រិត្យ​ដែល​ចុះហត្ថលេខា​កាល​ពី​ថ្ងៃ​ច័ន្ទ​ ហើយ​ត្រូវ​បាន​គេ​ចែកចាយ​យ៉ាង​ទូលំទូលាយ​ដល់​បណ្ដាញ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ លោក ​ហ៊ុន ​សែន ​បាន​បញ្ជាក់​ថា ​ការលុប​បំបាត់​ឡូតិ៍​នេសាទ​ជា​លក្ខណៈ​អាជីវកម្ម​នេះ ​គឺ​ដើម្បី​ប្រគល់​លទ្ធភាព​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា​ ដែល​រស់នៅ​តាម​តំបន់​ក្នុង​ខេត្ត​ទាំង​នោះ​ក្នុង​ការ​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ និង​សម្រាប់​ជា​ការ​អភិរក្ស​ធនធាន​ត្រី​ផង​ដែរ។
សេចក្ដី​សម្រេច​ជា​លាយលក្ខណ៍​អក្សរ​នេះ​ធ្វើ​ឡើង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ដ្រី ​ហ៊ុន ​សែន ​បាន​ដាក់​បញ្ជា​ដោយ​ផ្ទាល់មាត់​ឲ្យ​លុប​បំបាត់​ឡូតិ៍​នេសាទ​ចំនួន​ ៣៥ ​នៅ​ក្នុង​បឹង​ទន្លេសាប​ដែល​លោក​បាន​ហៅ​ថា ​ឡូតិ៍​នេសាទ​ទាំង​នោះ​បាន​បង្ក​ឲ្យ​មាន​ការ​រំលោភ​បំពាន​ដល់​សិទ្ធិ​សេរីភាព​របស់​ក្រុម​ប្រជាពលរដ្ឋ​ក្រីក្រ។

អនុក្រិត្យ​ដែល​ចែង​ជា​ប្រាំបី​មាត្រា ​បាន​ហាមប្រាម​មិន​ឲ្យ​មាន​ការ​លក់ដូរ ​ឬ​ជួល​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​ផ្ដាច់មុខ​លើ​ដែន​នេសាទ​ដែល​អនុគ្រោះ​ដល់​ប្រជា​ពលរដ្ឋ ​និង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើ​អំណាច​សម្រាប់​វាតទី​លើ​ដែនទឹក​ទាំង​នោះ​ទេ។​ ក៏ប៉ុន្ដែ​អនុក្រិត្យ​នឹង​មិន​គ្របដណ្ដប់​អនុភាព​លើ​ដាយត្រី ​ដាយបង្កង ​និង​ដាយត្រី​លេញ​ទេ។

លោក ​ណៅ ​ធួក ​ប្រធាន​រដ្ឋបាល​ជលផល​មិន​អាច​ធ្វើ​ទំនាក់​ទំនង​សម្រាប់​ការ​បំភ្លឺ​បន្ថែម​បាន​នោះ​ទេ​ ដោយសារ​តែ​លោក​អះអាង​ថា ​លោក​ជាប់​រវល់។ ​ដូច​គ្នា​នេះ​ដែរ​លោក ​ចាន់ ​សារុន ​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​មិន​អាច​ទាក់ទង​បាន​ទេ​ ដោយសារ​តែ​ទូរស័ព្ទ​របស់​លោក​រោទ៍​ដោយ​គ្មាន​អ្នក​ទទួល។

យ៉ាងណា​ក៏ដោយ​លោក ​ចាន់ ​រដ្ឋា ​ប្រធាន​កម្មវិធី​របស់​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល ​បាន​សង្ឃឹម​ពី​ផលវិជ្ជមាន​ជា​ច្រើន​សម្រាប់​ប្រជា​ពលរដ្ឋ​ក្រីក្រ។

«មាន​ន័យ​ថា ​ទីមួយ​ធ្វើ​ឲ្យ​ផលត្រី​ធម្មជាតិ​កើន​ឡើង​ និង​ធ្វើ​ឲ្យ​ជីវភាព​ប្រជា​ពលរដ្ឋ​ល្អ​ប្រសើរ។ ​ទីពីរ​ជម្លោះ​ដែន​នេសាទ​រវាង​អ្នក​នេសាទ​ខ្នាត​តូច​ជាមួយ​នឹង​ម្ចាស់​ឡូតិ៍​ដែល​យើង​ធ្លាប់​ឮ​កើត​មាន​ក្នុង​តំបន់​ទន្លេសាប​ឬ​ទន្លេ​មេគង្គ​នឹង​ត្រូវ​បាន​ដោះស្រាយ។ ​ពោល​គឺ​បង្កើន​ផលត្រី​ធម្មជាតិ​នៅ​ក្នុង​បឹង​ទន្លេសាប​ផង​និង​នៅ​ក្នុង​ទន្លេ​មេគង្គ​ផង»។

លោក ​ចាន់ ​រដ្ឋា ​បញ្ជាក់​ថា ​អាច​មាន​ឡូតិ៍​នេសាទ​ចំនួន​បួន​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ ខេត្ត​កណ្ដាល ​តាកែវ ​និង​ព្រៃវែង​នេះ។

មាន​ការ​លើក​ឡើង​ជា​ច្រើន​ក្នុង​ពេល​កន្លងមក​ពី​ការ​ហិចហោច​ពូជត្រី​ទឹកសាប​របស់​ប្រទេស​កម្ពុជា​ដោយសារ​ការ​នេសាទ​ខុស​ច្បាប់ ​និង​ដោយសារ​កា​រខ្វះខាត​ក្នុង​ការ​ត្រួតពិនិត្យ​ដិតដល់​លើ​ការ​ប្រើប្រាស់​ឧបករណ៍​និង​ការ​ចម្រាញ់​យក​ផលត្រី​របស់​ម្ចាស់​ឡូតិ៍​នេសាទ។

កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​លោក​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន ​សែន ​ចាត់​ទុក​ថា ​ចំណូល​ពី​ការ​យកពន្ធ​លើ​ឡូតិ៍​នេសាទ​គឺ​ជា​ផ្នែក​មួយ​ដ៏​តិចតួច​បំផុត​សម្រាប់​ចំណូល​ថវិកា​រដ្ឋ។

លោក ​សុន ​ឆ័យ ​តំណាងរាស្ដ្រ​គណបក្ស​សម ​រង្ស៊ី ​បាន​ហៅ​ការ​សម្រេច​ចិត្ត​លុប​ឡូតិ៍​នេសាទ​របស់​រដ្ឋាភិបាល​នោះ​ថា ​គឺ​ជា​ការ​ស្វែង​រក​ការ​ចាប់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ខែ​មិថុនា ​ឆ្នាំ​នេះ។

ទាំង​លោក ​សុន ​ឆ័យ ​ទាំង​លោក ​ចាន់​ រដ្ឋា​ នៅ​តែ​សង្ស័យ​នៅ​ឡើយ​ពី​ប្រសិទ្ធភាព​នៃ​ការ​សម្រេច​លុបបំបាត់​ឡូតិ៍​នេសាទ​ឯកជន​នេះ៕

This posting includes an audio/video/photo media file: Download Now

ការជ្រើសរើស​នាយក​ធនាគារពិភពលោក​នឹង​ធ្វើ​ឡើង​ទៅ​«តាម​សមត្ថភាព»

Posted: 06 Mar 2012 09:41 PM PST

ពេល​ដែល​ក្រុម​មន្ត្រី​ធនាគារ​ពិភពលោក​​បន្ត​ការ​ស្វែងរក​មន្ត្រីម្នាក់​ឱ្យ​ជំនួស​លោក​នាយក​​ រ៉ីបឺត ហ្សូលីក ​Robert Zoellick ​ប្រធាន​ចេញ​ពី​តំណែង​នាយក​ប្រតិបត្តិ​ម្នាក់​នៃ​អង្គភាព​ផ្តល់​ប្រាក់​កម្ចី​ជា​សាកល​មួយ​នេះ​សន្យា​ថា​ដំណើរ​ការ​ជ្រើសរើស​នឹង​មាន​តម្លាភាព​និង​ផ្អែក​លើ​សមត្ថភាព។​

លោក​ហេគីនុស មាណាវ នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ពិភពលោក​បាន​ទទួល​ស្គាល់​ថា​មាន​មនុស្ស​ច្រើន​នាក់​មិន​ពេញ​ចិត្ត​អំពី​ទម្លាប់​របស់​ធនាគារ​នេះ ​ដែល​តែង​តែ​ជ្រើស​រើស​ជន​ជាតិ​អាមេរិកាំង​ម្នាក់​ជា​ប្រធាន​របស់​ខ្លួន។ តែ​លោក​បាន​និយាយ​ប្រាប់​ផ្នែក​ផ្សាយ​ជា​ភាសា​ឥណ្ឌូណេស៊ី​នៃ​វី​អូអេក្នុង​បទសម្ភាសន៍​មួយ​​ថា​ធនាគារ​ពិភពលោក​ប្តេជ្ញា​នឹង​ជ្រើសរើស​បេក្ខជន​ដែល​មាន​គុណវឌ្ឍបំផុត។

<!--IMAGE-RIGHT-->

ភូមា៖ កាល​​ពី​ថ្ងៃ​អង្គារ​ លោកស្រី​អោង សានស៊ូជី ​មេដឹកនាំ​ប្រជាធិបតេយ្យភូមា​បាន​ព្យាយាម​​ធានា​ដល់ក្រុម​យោធា​ដ៏​មាន​ឥទ្ធិពល​ថា ​គណបក្ស​ប្រឆាំង​របស់​លោកស្រី​មិន​ចង់ឱ្យ​មាន​ការ​ប្រឈម​មុខ​ជាមួយ​ពួក​គេ​ទេ​ នៅ​ពេល​ដែល​លោក​ស្រី​ធ្វើការ​ឃោសនា​បោះឆ្នោត​នៅ​មុន​ការ​បោះឆ្នោត​ក្នុង​ខែ​មេសា​ក្នុង​រដ្ឋធានី។​

ម្ចាស់​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​រូប​នេះ​បាន​មាន​ប្រសាសន៍​ខាងលើ​ពីរ​ដង​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​លោកស្រី​រាប់​ពាន់​នាក់​ដែល​បាន​អបអរសាទរ​ទទួល​លោកស្រី​នៅ​ក្នុង​ជំរុំ​ពួក​យោធា​នៅ​ក្រុង​ណាយពីតាវ Naypyitaw។ ក្នុង​សារ​មួយ​ទៅ​កាន់​ស្ថាប័ន​យោធា​ លោក​ស្រី​អោង សាន​ស៊ូជី​បាន​មាន​ប្រសាសន៍​ថា​គណក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ NLD ​របស់​លោកស្រី​ដែល​បានរង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដោយ​អតីត​ក្រុម​ប្រឹក្សា​យោធា​នៃ​ប្រទេស​ភូមា​​យូរ​មក​ហើយ ពេល​នេះ​ស្វាគមន៍​ការ​គាំទ្រ​ដោយ​ក្រុម​យោធា។

លោកស្រី​អោង ​សាន​ស៊ូ​ជី ​បាន​មានប្រសាសន៍​ថា​ «​មាន​ពួក​ទាហាន​ជា​ច្រើន​នៅ​ក្នុង​មណ្ឌល​នេះ​។ ​ខ្ញុំ​សូម​ស្វាគមន៍​ក្រុម​យោធា ​ហើយ​ខ្ញុំ​ចង់​និយាយ​ថា​គណបក្ស​ NLD របស់​យើង​មិន​មែន​ជា​អង្គការ​មួយ​ដែល​នឹង​ប្រឈម​មុខ​នឹង​ពួក​យោធា​ទេ។ ​យើង​ចង់​មាន​មោទនភាព​នឹង​ពួក​យោធា ​គឺ​ក្រុម​យោធា​ដែល​ប្រជារាស្ត្រ​ទទួល​យក​។​យើង​ចង់​ឱ្យ​ក្រុម​យោធា​របស់​យើង​ទទូល​បាន​ការ​គោរព​នៅ​ក្នុង​ពិភពលោក ​ហើយ​យើង​ចង់​ឱ្យ​ពួក​យោធា​យើង​ជា​ក្រុម​យោធា​ទំនើប​ផង​ដែរ​។»

អ៊ីរ៉ង់​៖ ប្រទេស​ជា​មហា​អំណាច​ទាំង​៦​ក្នុង​ពិភពលោក​បាន​ស្នើ​ធ្វើ​ការ​ចរចា​ជា​ថ្មីជាមួយ​ប្រទេស​អ៊ីរ៉ង់ ​ដើម្បី​ដោះស្រាយ​ការ​សង្ស័យ​អំពី​ទំហំ​យោធា​នៃ​កម្មវិធី​បរមាណូ​របស់​ប្រទេស​អ៊ីរ៉ង់។​​

សហរដ្ឋអាមេរិក៖ ក្រុម​អ្នក​បោះឆ្នោត​នៅ​ក្នុង​១០​រដ្ឋ​​នៃ​ស.រ.អ.​បាន​ទៅ​​ស្ថានីយ៍​បោះឆ្នោត​ដើម្បី​បោះឆ្នោត​នៅ​«ថ្ងៃ​អង្គារ​ដ៏​ពិសេស»​ដែល​ជា​ថ្ងៃ​បោះឆ្នោត​សំខាន់​បំផុត​ដើម្បី​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ។​​​​

ស៊ីរី៖ ឧត្តម​ស្នងការ​​ទទួល​បន្ទុក​កិច្ចការ​ជនភៀស​ខ្លួន​នៃ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា​មាន​ប្រជារាស្ត្រ​ស៊ីរី​យ៉ាង​ហោច​ណាស់​៩​ពាន់​នាក់បាន​រត់​គេច​ខ្លួន​ចូល​ទៅលីបង់ ​ចាប់​តាំង​ពី​ពេល​ដែល​រដ្ឋាភិបាល​ស៊ីរី​បាន​ចាប់​ផ្តើម​ធ្វើការ​បង្ក្រាប​ប្រកប​ដោយ​ការ​បង្ហូរ​ឈាម​លើ​ក្រុម​បាតុករ​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​ទៅ​។​​​

<!--AV-->

This posting includes an audio/video/photo media file: Download Now

តុលាការ​កោះ​ហៅ​អភិបាល​ក្រុង​បាវិត​ពាក់​ព័ន្ធ​នឹង​ការបាញ់​កម្មការិនី​រោងចក្រ

Posted: 06 Mar 2012 04:55 PM PST

អស់​រយៈពេល​ចំនួន​១៥​ថ្ងៃ ​បន្ទាប់​ពី​បាន​ប្រព្រឹត្ត​អំពើ​បាញ់​ប្រហារ​ដោយ​មិន​ញញើត​ដៃ​ទៅ​លើ​ក្រុម​កម្មករ​រោងចក្រ​ស្បែកជើង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ខេត្ត​ស្វាយរៀង​ តុលាការ​ទើបតែ​ចេញ​ដីកា​កោះហៅ​ជន​សង្ស័យ​យក​មក​សាកសួរ។

លោក ​ហ៊ីង ​ប៊ុនជា ​ព្រះរាជ​អាជ្ញារង​នៃ​តុលាការ​ខេត្ត​ស្វាយរៀង ​បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​​តាម​រយៈ​ទូរស័ព្ទ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​លោក​ ឈូក ​បណ្ឌិត​ អភិបាល​ក្រុង​បាវិត​ ដែល​ជាប់​ពាក់ព័ន្ធ ​នឹង​ការ​បាញ់​ប្រហារ​ទៅ​លើ​ក្រុមកម្មករ​ ត្រូវ​តុលាការ​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​ហើយ​នៅ​ថ្ងៃ​ទី​១៦ ​ខែ​មីនា​ខាង​មុខ​នេះ។ ​

លោក ​ហ៊ីង ​ប៊ុនជា ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពើ​ការ​ចោទប្រកាន់​ទៅ​លើ​ជន​សង្ស័យ ​ឈូក ​បណ្ឌិត​ នេះ​ទេ​ ដោយគ្រាន់​តែ​​បាន​បញ្ជាក់​ថា​នេះ​ គឺ​ជា​នីតិវិធី​របស់​តុលាការ។

«ខ្ញុំ​មិន​អាច​ជម្រាប​ជូន​បាន​ទេ​នៅ​លើ​បញ្ហា​នេះ។ វា​ជា​នីតិវិធី​របស់​ខ្ញុំ។ ​ដល់​ប៉ូលិស​អញ្ជើញ​មក​ គឺ​នៅ​ក្រៅឃុំ​ទេ។ ​ទាល់តែ​យើង​ធ្វើ​ការ​ចោទប្រកាន់​ជា​ផ្លូវការ ​អាហ្នឹង​នីតិវិធី​ខាង​ចៅក្រម​ជា​អ្នក​ចេញ។​ ជា​ជម្រើស​របស់​គេ ​បើ​ចាប់​ឬ​មិន​ហ៊ាន​ចាប់​ នេះ​គឺ​ជា​រឿង​របស់​ចៅក្រម​ទៀត»។

លោក ​ឈូក ​បណ្ឌិត ​អភិបាល​ក្រុងបាវិត ​គឺ​ជា​ជនសង្ស័យ​តែ​ម្នាក់​គត់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​កាំភ្លើង​ខ្លី​ផ្ទាល់​ខ្លួន​របស់​លោក​បាញ់ប្រហារ​កម្មករ​ឲ្យ​ទទួល​រងរបួស។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី ​ស ​ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដែល​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​កាល​ពី​សប្តាហ៍​មុន។

កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​កុម្ភៈ ​កន្លង​ទៅ​នេះ ​ក្រុម​កម្មករ​នៃ​រោងចក្រ​ស្បែកជើង​ចំនួន​ជាង​១.០០០​នាក់​ បាន​ធ្វើ​បាតុកម្ម​តវ៉ា ​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ប្រសើរ​ជាង​មុន​និង​ប្រាក់​ឈ្នួល​បន្ថែម។​ ក៏​ប៉ុន្តែ​នៅ​ក្នុង​ពេល​តវ៉ា​នោះ ​យ៉ាងតិច​មាន​ក្រុម​កម្មការិនី​ចំនួន​បី​នាក់​បាន​ទទួលរង​របួស​ភ្លាមៗ​ នៅ​កន្លែង​កើត​ហេតុ។

ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការបាញ់​ប្រហារ​នេះ ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាមៗ​ទេ។​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ បើ​តាម​សាក្សី​ឃើញ​ផ្ទាល់ភ្នែក​ បាន​និយាយ​ថា​សមត្ថកិច្ច​បាន​បើ​ផ្លូវ​ឲ្យ​ជនសង្ស័យ​គេច​ចេញ​ពី​កន្លែង​កើតហេតុ ​ដោយ​គ្មាន​ការ​រំខាន។ តាម​រូបភាព​ដែល​កាសែត​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​គេ​ឃើញ​ខ្មាន់​កាំភ្លើង​ម្នាក់​ដែល​គេ​យល់​ថា​ជា​លោក​ឈូក បណ្ឌិត​ត្រូវបាន​កងកម្លាំង​ប៉ូលិស​និង​កង​រាជ​អាវុធ​ហត្ថ​ហែរ​ហម​ការពារ​នៅ​ពេល​ភៀសខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ។​

នៅ​ពេល​ដែល​សាកសួរ​ថា​តើ​ហេតុអ្វី ​បាន​ជា​សមត្ថកិច្ច​មិន​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​យក​មក​កាត់ទោស។ ​លោក​ឧត្តមសេនីយ៍ត្រី ​ប្រាជ្ញ​ រឹម ​ស្នងការ​ប៉ូលិស​ខេត្ត​ស្វាយរៀង​បាន​និយាយ​ថា​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ហើយ​ពាក់ព័ន្ធ​នឹង​ការ​ចេញដីកា​កោះហៅ​លោក ​ឈូក ​បណ្ឌិត ​លោក​ប្រាជ្ញ​ រឹម​ បាន​និយាយ​ថា​លោក​មិន​ទាន់​បាន​ទទួល​ដីកា​កោះ​ហៅ​នេះ​នៅ​ឡើយ​ទេ។

«ខ្ញុំ​ក៏​ឥត​បាន​ទទួល​ដែរ ​ប្រហែល​ជា​ដីកា​ហ្នឹង ​គេ​បង្គាប់​ទៅ​ឲ្យ​អ្នក​ណា​ផ្សេង»។

លោក ​ជៀង ​អំ អភិបាល​ខេត្ត​ស្វាយរៀង​បាន​និយាយ​ថា​ជន​សង្ស័យ​មិន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ខេត្ត​ស្វាយរៀង​ទេ ​ហើយ​លោក​ជឿជាក់​ថា​លោក ​ឈូក ​បណ្ឌិត​​ កំពុង​តែ​ស្នាក់​នៅ​ខេត្ត​ស្វាយរៀង​នៅ​ឡើយ។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​ហេតុអ្វី​បាន​ជា​អ្នកសារព័ត៌មាន​ចាប់​អារម្មណ៍​រឿង ​ឈូក ​បណ្ឌិត​ចំណែក​ឯ​ក្រុម​កម្មករ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​គប់​ដំ​ថ្ម​ទៅ​លើ​សមត្ថកិច្ច​ចំនួន​ប្រាំពីរ​នាក់​ឲ្យ​រងរបួស​នោះ ​ហេតុ​អ្វី​បាន​ជា​មិន​ចុះផ្សាយ។ ​លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ អាជ្ញាធរ​កំពុង​តែ​ចាត់​វិធានការ​ចាប់​ខ្លួន​មេដឹកនាំ​ក្រុម​កម្មករ​មួយ​ចំនួន​ ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​សមត្ថកិច្ច។

«ព្រោះ​អ្នកឯង​ទៅ​គប់​សមត្ថកិច្ច ​ហើយ​ទៅ​ដុត​រោងចក្រ​បំផ្លាញ​ទ្រព្យសម្បត្តិ​គេ​អីញ្ចឹង។​ ឥឡូវ​គេ​ទាមទារ ​អ្នកណា​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម ​ហើយ​សុំ​ចេញ​មុខ​មក​ដើម្បី​ជជែក​គ្នា​តវ៉ា​ចំពោះ​ផ្លូវ​ច្បាប់។​ រឿង​ខូចខាត​ទ្រព្យសម្បត្តិ​គេ​អស់​ជាង​ពីរសែន​ដុល្លារ»។

លោក ​អ៊ូ ​វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​មាន​ប្រសសន៍​ថា​ តុលាការ​មិនត្រូវ​ចេញ​ដីកា​កោះ​ហៅ​លោក ​ឈូក ​បណ្ឌិត ​តែ​ម្នាក់​ទេ ​គួរ​តែ​ចេញ​ដីកា​កោះ​ហៅ​អ្នក​ដែល​នៅ​ពីក្រោយ​ខ្នង​ និង​អ្នក​ដែល​ការពារ​លោក​ឈូក ​បណ្ឌិត ​មិនត្រូវ​ឲ្យ​គេច​ចេញ​ពី​សំណាញ់​ច្បាប់ ​វា​ទើប​យុត្តិធម៌។

«រឿង​ដែល​បទល្មើស​ជាក់ស្តែង​ប៉ូលិស​នៅ​ហ្នឹង ​ត្រូវ​តែ​ចាប់​ហើយ។ ​បើ​សិន​ជា​ឥតចាប់​ទាំង​អស់​ មិន​មែន​ក្រសួង​មហាផ្ទៃ​ត្រូវ​តែ​ស៊ើបអង្កេត​ត្រូវ​តែ​ស៊ើបអង្កេត​មួយ​ទេ​ ត្រូវតែ​ស៊ើបអង្កេត​ទាំង​អស់​ចូលរួម​ក្នុង​ការ​លាក់​ខ្លួន​ជួយ​គាត់​ឲ្យ​រួ​ចផុត​ពី​ការ​ចោទ​ប្រកាន់​ពី​តុលាការ។ ​បទល្មើស​នេះ​ បទល្មើស​ជាក់ស្តែង​មនុស្ស​រាប់រយ​រាប់​ពាន់​នាក់​ ដែល​ជា​សាក្សី ​ដែល​បាន​ដឹង ​បាន​ឮ ​បាន​នៅ​ទីនោះ»។

លោក​ ឈូក ​បណ្ឌិត ​អភិបាល​ក្រុង​បាវិត​ខាង​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​ កន្លង​មក​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា​ អាជ្ញាធរ​មិន​ហ៊ាន​ចាប់​ខ្លួន​ជនសង្ស័យ​ទៅ​ផ្តន្ទាទោស​ភ្លាម​ៗ​ទេ​ ដោយសារ​តែ​ខ្លាច​បក្សពួក​និយម ​និង​មាន​មន្រ្តី​មួយ​ចំនួន​នៅ​ពីក្រោយ​ខ្នង​ជួយ​ការពារ​លោក ​ឈូក បណ្ឌិត៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!