VOA News: ព័ត៌មាន: “មួយឆ្នាំក្រោយវិបត្តិនៅជប៉ុន ប្រទេសចិនចាប់ផ្តើមកម្មវិធីថាមពលនុយក្លេអ៊ែរវិញ” plus 3 more |
- មួយឆ្នាំក្រោយវិបត្តិនៅជប៉ុន ប្រទេសចិនចាប់ផ្តើមកម្មវិធីថាមពលនុយក្លេអ៊ែរវិញ
- ស្រ្តីសកម្មជន១០រូបទទួលជ័យលាភីអន្តរជាតិឆ្នាំ២០១២
- គំនូររបស់វិចិត្រករខ្មែរបង្ហាញមុខនៅរដ្ឋកាលីហ្វញ៉ា
- ដកហូតតំណែងអភិបាលក្រុងបាវិតក្រោយពីមានរឿងបាញ់កម្មករ
មួយឆ្នាំក្រោយវិបត្តិនៅជប៉ុន ប្រទេសចិនចាប់ផ្តើមកម្មវិធីថាមពលនុយក្លេអ៊ែរវិញ Posted: 09 Mar 2012 11:47 AM PST នៅសប្តាហ៍នេះ ប្រទេសចិនបានប្រកាសថាខ្លួននឹងបន្តកម្មវិធីនុយក្លេអ៊ែរជិតមួយឆ្នាំបន្ទាប់ពីគម្រោងកម្មវិធីជាច្រើនបានត្រូវផ្អាកបន្ទាប់ពីឧប្បទ្ទវហេតុនុយក្លេអ៊ែរ Fukushima នៃប្រទេសជប៉ុន។ លោក Wen Jiabao មេដឹកនាំជាន់ខ្ពស់គណបក្សបាននិយាយថា ចិននឹងអភិវឌ្ឍថាមពលនុយក្លេអ៊ែរប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធិភាព។ កាលពីថ្ងៃពុធ ពួកមន្រ្តីនុយក្លេអ៊ែរបានប្រកាសថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្រេចចិត្តលុបចោលការផ្អាកការសាងសង់រោងចក្រថាមពលនុយក្លែអ៊ែរថ្មីដែលបានអនុម័តនិងសាងសង់នោះ។ ការប្រកាសនយោបាយរបស់ចិនកត់សម្គាល់ការផ្លាស់ប្តូរបន្ទាប់ពីវិបត្តិនុយក្លែអ៊ែរនៃប្រទេសជប៉ុន។ បន្ទាប់មក រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្យួរគម្រោងនានាដែលមិនទាន់បានអនុម័តហើយស្នើឲ្យមានអធិការកិច្ចសុវត្ថិភាពនៅរោងចក្រដែលប្រតិបត្តិរួចហើយ។ ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖ ថៃ៖ ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា ប៉ូលីសប្រាប់ឲ្យដឹងថា ទាហានចំនួន១១នាក់បានត្រូវរងរបួសនៅក្នុងការវាយប្រហារគ្នាចំនួន២នៅបន្ទាយទាហាននៅក្នុងខេត្តភាគខាងត្បូងដែលពោរពេញទៅដោយអំពើហឹង្សាក្នុងប្រទេសថៃ។ <!--IMAGE-RIGHT-->ស៊ីរី៖ កងទ័ពស៊ីរីបានបន្តការបង្ក្រាបរបស់ខ្លួនលើកងទ័ពប្រឆាំងមុនពេលនៃដំណើរបំពេញទស្សនកិច្ចរបស់លោក កូហ្វ៊ី អាណាន់ (Kofi Annan) បេសកជនអង្គការសហប្រជាជាតិនិងសម្ព័ន្ធអារ៉ាប់ថ្មី ដែលកំពុងអំពាវនាវឲ្យមានដំណោះស្រាយខាងនយោបាយដល់វិបត្តិរយៈពេលមួយឆ្នាំនេះ។ ក្រិក៖ ប្រទេសក្រិកប្រាប់ឲ្យដឹងថា ម្ចាស់ប្រាក់កម្ចីឯកជនចំនួន 85,8 ភាគរយ រួមមានស្ថាប័នហិរញ្ញវត្ថុបានយល់ព្រមគ្នាលើកិច្ចព្រមព្រៀងប្តូរមូលប័ត្រដើម្បីជួយលប់បំណុលចំនួន១៤២ពាន់លានដុល្លារហើយបញ្ចៀសការគ្មានប្រាក់សងលើកាតព្វកិច្ចសងបំណុលហិរញ្ញវត្ថុនៅចុងខែនេះ។ អ៊ីស្រាអែល៖ នាយករដ្ឋមន្រ្តី បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៃប្រទេសអ៊ីស្រាអែលនិយាយថា លោកនឹងផ្តល់ឱកាសដល់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេសអ៊ីរ៉ង់ ហើយលោកមិនមានគម្រោងផែនការវាយប្រហាររោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃឬសប្តាហ៍នេះទេ។ ណាតូ៖ ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា មេបញ្ជាការនៃកិច្ចប្រតិបត្តិការដឹកនាំដោយអង្គការណាតូ ដែលបានជួយពួកឧទ្ទាមលីប៊ីទម្លាក់ Moammar Gadhafi នឹងទទួលយកតំណែងជាមេបញ្ជាការយោធាកំពូលសហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីនិងមហាសមុទ្រប៉ាស៊ីហ្វិក។ អាមេរិក-អាហ្វហ្គានីស្ថាន៖ ការសុំអភ័យទោសរបស់សហរដ្ឋអាមេរិកកំពុងគ្មានមនុស្សយកចិត្តទុកដាក់ទេ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសប៉ាគីស្ថានជិតខាង ដែលនៅប្រទេសទាំងពីរ កំហឹងលើការដុតគម្ពីរគួរអាន (Quran) កំពុងតែពុះកញ្ជ្រោល។ ធនាគារពិភពលោក៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ចន ឃែរី (John Kerry) និងលោកស្រី ស៊ូសាន រ៉ៃស៍ (Susan Rice) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ ត្រូវបានគេរាយការណ៍មកថា ត្រូវបានគេនិយាយឈ្មោះថាអាចជាបេក្ខជនប្រធានធនាគារពិភពលោក។ ចិន-អាមេរិក៖ លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Hillary Clinton កំពុងជំរុញឲ្យប្រទេសចិនប្រើប្រាស់ឥទ្ធិពលដែលកំពុងរីកលូតលាស់ក្នុងពិភពលោករបស់ខ្លួនដើម្បីដើរតួនាទីក្នុងការស្ថាបនានៅក្នុងកិច្ចការពិភពលលោក។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ស្រ្តីសកម្មជន១០រូបទទួលជ័យលាភីអន្តរជាតិឆ្នាំ២០១២ Posted: 09 Mar 2012 12:11 AM PST ស្រ្តីសកម្មជនឈានមុខជាងគេ១០រូបក្នុងពិភពលោក បានទទួលកិត្តិយសសម្រាប់កិច្ចប្រឹងប្រែងរបស់ពួកគេដើម្បីបង្កើនជីវភាពរបស់ស្រ្តី ទោះជាមានឧបសគ្គនិងការគំរាមលើសុវត្ថិភាពរបស់ខ្លួនក៏ដោយ។ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោកស្រីហ៊ីឡារី គ្លីនតុន និងលោកជំទាវប៊ីសែល អូបាម៉ា បានជូនរង្វាន់អន្តរជាតិឆ្នាំ២០១២ សម្រាប់សេចក្តីក្លាហានរបស់ស្រ្តី នៅក្នុងពិធីមួយនាទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍។ លោកស្រីគ្លីនតុន បានថ្លែងថាអ្នកទទួលជ័យលាភីទាំងអស់ខាងលើបានខិតខំធ្វើការឥតខ្លាចនឿយហត់ ដើម្បីបង្កើនជីវភាពរបស់ស្រ្តីនិងនារី ទោះជាជួនកាលពួកគេត្រូវជាប់គុកឬទទួលរងការរំលោភសិទ្ធិក៏ដោយ។ លោកជំទាវ អូបាម៉ា ថ្លែងសរសើរស្រ្តីដែលបានប្រកែកមិនព្រមទទួលយកពិភពលោកមួយដូចសព្វថ្ងៃ ហើយសុខចិត្តធ្វើការតស៊ូដើម្បីរចនាពិភពលោកថ្មីមួយទៀត «ដូចដែលពួកគេចង់បាន»។ <!--IMAGE-LEFT--> សហរដ្ឋអាមេរិក៖ ធនាគារអាមេរិកបានប្រកាសនៅថ្ងៃព្រហស្បតិ៍អំពីការចាប់ផ្តើមកម្មវិធីមួយដែលគេរៀបចំឡើងដើម្បីជួយដល់ស្រ្តីដែលមានទេពកោសល្យនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ឱ្យមានឱកាសបានសិក្សារៀនសូត្រដោយផ្ទាល់ពីស្រ្តីដែលមានជោគជ័យនៅក្នុងវិស័យជំនួញ រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងក្នុងបណ្តាញព័ត៌មាន។ ចិន៖ រដ្ឋសភាចិនបានបោះបង់ចោលផែនកាចម្រូងចម្រាស់មួយដែលចង់ដាក់ការឃុំខ្លួនជនជាប់សង្ស័យនៅកន្លែងសម្ងាត់ឲ្យទៅជាទង្វើស្របច្បាប់ បន្ទាប់ពីមានការតវ៉ាប្រឆាំងយ៉ាងខ្លាំងពីសាធារណជន អំពីការឡើងចំនួនមនុស្សបាត់ខ្លួនដោយបង្ខំដោយកងនគរបាល។ កូរ៉េខាងជើង៖ ប្រេសិតកំពូលម្នាក់របស់អាមេរិកនិយាយថា កិច្ចចរចាជាមួយ កូរ៉េខាងជើងអំពីការបញ្ជូនជំនួយស្បៀងរបស់ស.រ.អ ចំនួន២៤ម៉ឺនតោន បានទទួលការជឿនលឿនតែជំហានជាក់លាក់នៅត្រូវពិភាក្សាគ្នាទៀត។ អ៊ីរ៉ង់៖ ប្រទេសមហាអំណាចទាំង៦នៃពិភពលោកបានអំពាវនាវឲ្យអ៊ីរ៉ង់ ចូលធ្វើការចរចាអំពីកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាស់របស់ខ្លួននិងអនុញ្ញាតឲ្យអធិការអន្តរជាតិអាចចូលពិនិត្យមូលដ្ឋានយោធាមួយនៅពេលដែលមានសេចក្តីរាយការណ៍ថា អ៊ីរ៉ង់កំពុងតែបោសសម្អាតភស្តុតាងដែលមានទាក់ទងទៅនឹងការពិសោធន៍អាវុធនុយក្លេអ៊ែររបស់ខ្លួន។ ស៊ីរី៖ ប្រេសិតពិសេសរបស់សម្ព័ន្ធអារ៉ាប់និងអង្គការសហប្រជាជាតិសម្រាប់ប្រទេសស៊ីរី លោក កូហ្វី អាណាន់ បានព្រមានប្រឆាំងការបន្ថែមកងយោធានៅក្នុងការបះបោរនៅស៊ីរី ដែលលោកថ្លែងថានេះនឹងធ្វើឲ្យស្ថានការណ៍រិតតែ«ធ្ងន់ធ្ងរឡើងទៀត»។ ភូមា៖ លោកស្រី អោងសាន ស៊ូជី មេដឹកនាំប្រជាធិបតេយ្យភូមា បានព្រមានអំពីការអាចមានរឿងលួចបន្លំនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នៅខែក្រោយដោយបានថ្លែងថា បញ្ជីអ្នកបោះឆ្នោតរបស់រដ្ឋាភិបាលសម្រាប់ការបោះឆ្នោតនេះហាក់ដូចជាមានឈ្មោះ«មនុស្សស្លាប់ជាច្រើននាក់»។ ប៉ាគីស្ថាន៖ អាជ្ញាធរប៉ាគីស្ថានបានចោទភរិយាមេម៉ាយបីនាក់របស់អូសាម៉ា ប៊ីនឡាឌីន អំពីការលួចចូលនិងរស់នៅក្នុងប៉ាគីស្ថានដោយខុសច្បាប់។ <!--AV--> This posting includes an audio/video/photo media file: Download Now |
គំនូររបស់វិចិត្រករខ្មែរបង្ហាញមុខនៅរដ្ឋកាលីហ្វញ៉ា Posted: 08 Mar 2012 07:41 PM PST នៅក្នុងវិចិត្រសាល PICTURE Cultural Art Foundation របស់ សាកលវិទ្យាល័យ Dominguez Hills រដ្ឋកាលីហ្វញ៉ាមានរូបគំនូរជាច្រើនផ្ទាំងរបស់វិចិត្រករផ្សេងៗនៅអាស៊ីអាគ្នេយ៍កំពុងត្រូវបានបង្ហាញ ក្រោមប្រធានបទ«ខ្ញុំមានសិទ្ធិ» (I Have The Right)។ ក្នុងចំណោមរូបគំនូរ ទាំងនោះ មាន២១ផ្ទាំងជារូបរបស់លោក យូ ឃីន វិចិត្រករខ្មែរម្នាក់ដែលត្រូវបានគេដាក់តាំងនៅក្នុងសាលដាច់ពីគេព្រោះគំនូររបស់លោកមានអត្ថន័យតំណាងឱ្យសិទ្ធិបួន គឺ សិទ្ធិក្នុងការស្រមើស្រម៉ៃ ការស្រឡាញ់ ការបញ្ចេញមតិ និងសិទ្ធិសេរីភាព។ លោកយូ ឃីនជាវិចិត្រករខ្មែរដៃឯកមួយរូបដែលគូរគំនូរប្រេងលើផ្ទាំងសំពត់ហើយប្រើអំបោះភ្ជាប់គ្នាលើផ្ទាំងសំពត់គំនូររបស់គាត់។ ទោះបីជាលោកបានបាត់បង់ជីវិតនៅឆ្នាំ២០០៩ ដោយជំងឺមហារីកសួតក្តីក៏រូបគំនូររបស់លោកដែលបន្សល់ទុកនៅតែបង្ហាញពីអារម្មណ៍របស់លោក។ រូបគំនូរភាគច្រើនរបស់គាត់លាតត្រដាងពីទុក្ខសោកនិងការខឹងសម្បារពីអ្វីដែលកើតឡើងមកលើប្រទេសកម្ពុជាក្នុងសម័យខ្មែរក្រហមជាពិសេសការធ្វើទុក្ខទុកម្នេញមកលើស្រី្តនាសម័យនោះ។ លោក James Scarborough ជានាយកប្រតិបត្តិនៅវិចិត្រសាល PICTURE Cultural Art Foundation បានពណ៌នាពីរូបគំនូរមួយផ្ទាំងរបស់លោកយូ ឃីនថា៖ «រូបដែលមានភាពស្រស់ស្អាតជាងគេគឺប្រហែលជារូបដែលមានឈ្មោះថា ស្រ្តីនិងទារកក្រហម(Woman with a Red Baby)។ បើយើងមើលទៅរូបនេះដោយមិនដឹងពីសាច់រឿងពីក្រោយយើងឃើញរូប ម្ដាយនិងទារកដែលនៅក្នុងអង្រឹង។ ស្ត្រីនោះមានទឹកមុខស្រងូតស្រងាត់អង្គុយក្រោមពន្លឺព្រះចន្ទមាន ក ដូចជារាងក្ងាន បែរមុខចេញពីកូនរបស់នាង។ ភ្នែករបស់នាងបិទ ដៃក្រពាត់នៅខាងមុខហាក់បីដូចជាគ្មានភាពស្និទ្ធស្នាលនិងកូនរបស់នាង។ ទារកមានពណ៌ក្រហមហើយម្តាយត្រូវបានផាត់ពណ៌សដូច្នេះយើងអាចសន្និដ្ឋានបានថាប្រហែលជានាង ទើបបង្កើតកូនហើយ ប៉ុន្តែយើងនៅតែឆ្ងល់ថាតើហេតុអ្វីបានជា ម្តាយមិនមានប្រតិកម្មទៅកាន់កូនរបស់នាង»។ រូបដែលលោក James Scarborough ទើបបានពណ៌នានេះមានអត្ថន័យភ្ជាប់ទៅរឿងរ៉ាវនៅរបបប្រល័យពូជសាសន៍៖ «បើតាម ភរិយារបស់វិចិត្រករគឺលោកស្រី យូ មួយ បានប្រាប់ ខ្ញុំថានេះជារូបរបស់គាត់ហើយ លោកយូឃីនមានគោលបំណងគូររូបនេះដោយយកពណ៌ជានិមិត្តរូប។ ទារកមានពណ៌ក្រហម ដោយសារទីមួយទារកនោះទើបនឹងកើត ទីពីរទៀតគឺទាក់ទងទៅនឹងសម័យខ្មែរក្រហម។ ពណ៌ក្រហមជាពណ៌ កុម្មុយនិស្ត ខ្មែរក្រហម។ កាលសម័យនោះទារកដែលមានភេទប្រុសត្រូវបានគេបណ្ដាច់ចេញពីម្តាយ ដើម្បីកុំឱ្យមានភាពជិតស្និទ្ធនឹងម្តាយ ហើយនឹងត្រូវបានអប់រំឱ្យទៅជាអ្នកកុម្មុយនិស្ត។ នៅលើរូបនេះមានខ្សែអំបោះភ្ជាប់ពីម្តាយទៅកូនហាក់បីដូចជាទងផ្ចិតហើយអំបោះជំពាក់គ្នាជាសំណាញ់តំណាងឱ្យភាពច្របូកច្របល់ក្នុងប្រទេសកម្ពុជានៅសម័យនោះ»។ សម្រាប់លោកយូ ឃីន រូបគំនូរមិនមែនត្រឹមតែជាគ្រឿងលម្អនោះទេ ប៉ុន្តែវារួមចំណែកក្នុងការប្រាប់ពីអ្វីដែលកើតមានឡើងក្នុងសង្គមមួយ។ លោកស្រី យូ មួយ (You Mouy) ដែលជាភរិយារបស់លោកយូឃីនបានប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា៖ «បើនៅបស្ចិមប្រទេសវិញសិល្បៈគឺជាយានមួយដែលផ្ទុកទៅដោយសារអ្វីមួយដែលសិល្បករហ្នឹងចង់ផ្សព្វផ្សាយ។ កាលណាគេគូរគេមិនមែនគូរដើម្បីយកទៅលម្អឬបំពេញចិត្តអ្នកណាមួយទេ។ ស្រុកខ្មែរយើងសិល្បករគូរដើម្បីបំពេញចិត្តអ្នកទិញចំណែកសិល្បៈមែនទែនគឺមិនមែនអញ្ចឹងទេ។ សិល្បៈមានមុខងារខ្ពង់ខ្ពស់ណាស់អាចជាយានយន្តមួយដែលប្តូរចិត្តគំនិតសតិអារម្មណ៍ការយល់ឃើញប្តូរទស្សនៈលើពិភពលោកហ្នឹងអញ្ចឹងហើយបានជាស្រុកកុម្មុយនិសខ្លាចសិល្បករណាស់ហើយគេច្រើនតែគ្របសង្កត់មិនចង់ឱ្យមានសេរីភាពដើម្បីបង្ហាញពីចិត្តគំនិតរបស់ខ្លួនទេ»។ លោក James Scarborough បានឱ្យដឹងពីសារៈសំខាន់របស់គំនូរទាំងនេះថា៖ «គាត់អាចគូររូបទេសភាពឬក៏រូបមនុស្សផ្សេងៗប៉ុន្តែគាត់មានមនសិការសង្គមទើបគាត់គូររូបទាំងនេះ ហេតុនេះហើយបានជាធ្វើឱ្យរូបទាំងនេះមានសារៈសំខាន់។ វាមិនមែនជារូបភាពរបស់ក្រុមគ្រួសារគាត់ឬអ្វីផ្សេងៗទៀតនោះទេ តែនេះជារូបដែលបង្ហាញពីអ្វីដែលកើតឡើងនៅក្នុងសង្គមដូច្នេះគាត់មិនត្រឹមតែជាអ្នកគូរគំនូរធម្មតានោះទេ តែគាត់ជាជាងគំនូរដែលប្រកបដោយអារម្មណ៍ហើយគូរអ្វីដែលកើតឡើងសម័យនោះ។ ហើយវាជាការណ៍ប្រសើរណាស់ដែលគាត់បានគូរគំនូរទាំងនេះពីព្រោះកាលសម័យនោះមិនមាន Internet Youtube Tweeter ហើយ គ្មានទូរស័ព្ទដែលមានកាមេរ៉ា ដូច្នេះយើងមិនមានអ្វីសម្រាប់បង្ហាញឱ្យដឹងពីស្ថានការណ៍ប្រចាំថ្ងៃនាសម័យនោះ»។ គួរបញ្ជាក់ផងដែរថាការតាំងពិព័រណ៍នេះធ្វើឡើងរហូតដល់ចុងខែកញ្ញាឆ្នាំ២០១២។ This posting includes an audio/video/photo media file: Download Now |
ដកហូតតំណែងអភិបាលក្រុងបាវិតក្រោយពីមានរឿងបាញ់កម្មករ Posted: 08 Mar 2012 07:02 PM PST រដ្ឋាភិបាលកម្ពុជាទើបតែបានសម្រេចដកហូតតំណែងជាអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ស្របពេលដែលជនរងគ្រោះពីរនាក់ដែលត្រូវសង្ស័យថាដោយសារការបាញ់ប្រហាររបស់លោក គ្រោងនឹងដាក់បណ្ដឹងទៅកាន់តុលាការនៅសប្ដាហ៍ក្រោយ។ នេះបើយោងតាមប្រភពនានាដែលបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ។ ជនជាប់សង្ស័យឈូក បណ្ឌិត នឹងត្រូវបញ្ជូនទៅបំពេញការងារនៅឯសាលាខេត្តស្វាយរៀង រីឯតួនាទីជាអភិបាលក្រុងបាវិតរបស់លោក នឹងត្រូវជំនួសដោយលោក នេប សារឿន បច្ចុប្បន្នជាអភិបាលរងក្រុងបាវិត។ លោក ម៉ែន វិបុល អភិបាលរងខេត្តស្វាយរៀង មានប្រសាសន៍តាមទូរស័ព្ទថា លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រិតមួយកាលពីថ្ងៃច័ន្ទដើម្បីដកតំណែង ឈូក បណ្ឌិត ហើយពិធីផ្ទេរនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រស្អែកនេះ។ លោកម៉ែន វិបុលបញ្ជាក់ថា៖ «អនុក្រិតមួយចុះថ្ងៃទី៥ ខែមិនា ចុះហត្ថលេខាដោយសម្ដេចនាយក [រដ្ឋមន្ដ្រី] សម្រួលការងារពីអភិបាលក្រុងបាវិតមកបម្រើការងារនៅសាលាខេត្តស្វាយរៀង»។ ការដកហូតតំណែងនេះធ្វើឡើងបន្ទាប់ពីសាលាដំបូងខេត្តស្វាយរៀង បានកោះហៅលោក ឈូក បណ្ឌិត ឲ្យចូលបំភ្លឺនៅថ្ងៃទី១៦ ខែមិនា នេះតាមរបាយការណ៍បណ្ដឹងរបស់ក្រសួងមហាផ្ទៃ។ របាយការណ៍បង្ហាញថា អតីតអភិបាលក្រុងបាវិតរូបនេះត្រូវសង្ស័យថា ជាខ្មាន់កាំភ្លើងក្នុងការបាញ់ប្រហារលើកម្មការិនីរោងចក្រចំនួនបីនាក់កាលពីថ្ងៃទី ២០ ខែកុម្ភៈ។ នៅថ្ងៃព្រហស្បតិ៍នេះដែរ ក្រុមមន្ដ្រីស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សប្រចាំខេត្តស្វាយរៀងបានបញ្ជាក់ថា មានជនរងគ្រោះចំនួនពីរនាក់ក្នុងចំណោមជនរងគ្រោះដោយការបាញ់ប្រហារចំនួនបីនាក់បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅកាន់សាលាដំបូងខេត្តស្វាយរៀង នៅសប្ដាហ៍ក្រោយ។ រីឯជនរងគ្រោះម្នាក់ទៀតបានយល់ព្រមទទួលយកប្រាក់សម្រុះសម្រួលចំនួន ១.០០០ ដុល្លារអាមេរិកពីជនជាប់សង្ស័យក្រោមការជួយជ្រោមជ្រែងពីភ្នាក់ងាររបស់អាជ្ញាធរមូលដ្ឋាន។ លោក សំ ស៊ីណាត ជាបងប្រុសបង្កើតរបស់កញ្ញា ប៊ុន ចិន្ដា ដែលជាជនរងគ្រោះដែលមានគម្រោងដាក់ពាក្យបណ្ដឹងបានឲ្យដឹងថាលោកនឹងដាក់បណ្ដឹងនៅដើមសប្ដាហ៍ក្រោយនេះឲ្យប្អូនស្រីរបស់លោកប្រឆាំងទៅនឹងអតីតអភិបាលក្រុងបាវិត បន្ទាប់ពីលោកបានបដិសេធការព្យាយាមចរចារបស់មន្ដ្រីអាជ្ញាធរក្រុងបាវិតជាមួយក្រុមគ្រួសាររបស់លោកដើម្បីឲ្យបញ្ឈប់ចេតនាប្ដឹងប្រឆាំងទៅនឹងលោក ឈូក បណ្ឌិត ជាថ្នូរទៅនឹងប្រាក់ចំនួន ១.០០០ ដុល្លារអាមេរិកដូចជនរងគ្រោះខាងលើដែរ។ យ៉ាងណាក៏ដោយលោក សំ ស៊ីណាត មិនអាចបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៃការដាក់បណ្ដឹងនោះទេ។ «ប្ដឹងអាទិត្យក្រោយនេះ។ ការណ៍ពិតប្រាក់ដែលគាត់ឲ្យមកមិនសមរម្យទេ គ្រាន់តែថ្នាំពេទ្យឲ្យមិនគ្រប់ផង។ ហើយជីវិតប្អូនស្រីខ្ញុំទៅថ្ងៃក្រោយមិនដឹងជាយ៉ាងម៉េច ព្រោះជំងឺគាត់មិនទាន់ជាដាច់។ ម្យ៉ាងទៀតប្ដឹងនេះដើម្បីរកយុត្តិធម៌ឲ្យយើងផង»។ ជាមួយគ្នានេះលោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បញ្ជាក់ថាមជ្ឈមណ្ឌលអប់រំច្បាប់របស់លោក បានត្រៀមផ្ដល់ជំនួយមេធាវីការពារក្ដីជនរងគ្រោះដែលមានបំណងដាក់បណ្ដឹងនោះរួចហើយ ហើយលោកជឿថា ក្រុមមេធាវីនឹងចាប់ផ្ដើមធ្វើការងារជាមួយជនរងគ្រោះនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយហើយដំណើរការដាក់ពាក្យបណ្ដឹងអាចនឹងធ្វើនៅថ្ងៃដដែល ឬនៅថ្ងៃអង្គារ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |