VOA News: ព័ត៌មាន: “នាយករដ្ឋមន្ដ្រីអ៊ីស្រាអែលស្វែងរកការគាំទ្រនៅអាមេរិក” plus 4 more |
- នាយករដ្ឋមន្ដ្រីអ៊ីស្រាអែលស្វែងរកការគាំទ្រនៅអាមេរិក
- ឥណ្ឌាគ្រោងកសាងសំណង់ចម្លងប្រាសាទអង្គរវត្ត
- មេធាវីគណបក្សប្រឆាំងចូលបំភ្លឺនៅតុលាការខេត្តកណ្តាល
- កម្ពុជាឥណ្ឌូណេស៊ីពិភាក្សារឿងទ័ពសង្កេតការតាមព្រំដែនកម្ពុជាថៃ
- ព័ត៌មានពីវិស័យប្រេងកាតនៅបន្តលាក់បាំងពីក្រុមយុវជន
នាយករដ្ឋមន្ដ្រីអ៊ីស្រាអែលស្វែងរកការគាំទ្រនៅអាមេរិក Posted: 06 Mar 2012 08:33 AM PST នាយករដ្ឋមន្ដ្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ត្រូវកំណត់នឹងជួបពិភាក្សាជាមួយអ្នកតាក់តែងច្បាប់អាមេរិក និងលោកស្រី រដ្ឋមន្ដ្រីការបរទេស ហ៊ីឡារី គ្លីនតុន នៅថ្ងៃអង្គារនេះ នៅពេលលោកជិតបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលពោរពេញទៅដោយ ការស្វែងរកមធ្យោបាយដើម្បីឆ្លើយតបទៅនឹងកម្មវិធីនុយក្លេអ៊ែរចម្រូងចម្រាសរបស់អ៊ីរ៉ង់។ នៅថ្ងៃច័ន្ទ នៅឯសេតវិមាន ប្រធានាធិបតី បារ៉ាក់ អូបាម៉ា អំពាវនាវឲ្យលោកណេតាន់យ៉ាហ៊ូ ផ្ដល់ពេលច្រើនថែមទៀត ដើម្បីឲ្យការដាក់ទណ្ឌកម្មមានប្រសិទ្ធភាពមកលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ មេដឹកនាំអ៊ីស្រាអែលថ្លែងសង្កត់មកលើសិទ្ធិរបស់អ៊ីស្រាអែលដើម្បីការពារខ្លួនឯង ដោយប្រើវិធានការយោធា។ លោកថ្លែងថា៖ «យើងរង់ចាំការទូតដំណើរការសិនហើយយើងចាំប្រសិទ្ធភាពនៃការដាក់ទណ្ឌកម្ម តែយើងទាំងអស់គ្នាមិនអាចចាំយូរទៀតបានទេ។ តាងនាមជានាយករដ្ឋមន្ដ្រីអ៊ីស្រាអែលខ្ញុំនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋរបស់ខ្ញុំរស់នៅក្នុងការវិនាសសាបសូន្យទេ។» ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖ <!--IMAGE-RIGHT--> ឥណ្ឌា៖ លទ្ធផលដំបូងចេញពីការបោះឆ្នោតក្នុងរដ្ឋ៥នៃប្រទេសឥណ្ឌាបង្ហាញឲ្យឃើញការចាញ់សន្លឹកឆ្នោតច្រើនរបស់គណបក្សដឹកនាំប្រទេសគឺគណបក្សសមាជ (Congress Party) ដែលចាញ់សំឡេងច្រើននៅក្នុងរដ្ឋឧត្តរប្រទេស (Uttar Pradesh) ដែលជារដ្ឋមានមនុស្សរស់នៅច្រើនជាងគេរបស់ប្រទេសឥណ្ឌា។ ភូមា៖ ក្រុមភូមានាំមុខគេមួយនៅបរទេសនិយាយថា រដ្ឋាភិបាលគាំទ្រដោយយោធានៅក្នុងប្រទេសភូមា ចាត់ចែងការជាធម្មតា ចំពោះរឿងអ្នកទោសនយោបាយទោះបីជាមានការដោះលែងអ្នកទោសសតិអារម្មណ៍រាប់រយនាក់ក៏ដោយ កាលពីដើមឆ្នាំនេះ។ ចិន៖ រដ្ឋមន្ដ្រីការបរទេសចិនបានព្រមានសហរដ្ឋអាមេរិក ឲ្យគោរពអត្ដប្រយោជន៍សំខាន់ៗរបស់ប្រទេសចិន ដូចជា រឿង តៃវ៉ាន់ និងទីបេតិ៍ ខណៈដែលប្រទេសទាំងពីរខិតខំស្ថាបនាឲ្យមានការទុកចិត្ដគ្នាទៅវិញទៅមក។ រុស្ស៊ី៖ មេដឹកនាំគណបក្សជំទាស់នៅក្នុងប្រទេសរុស្សីលោក Alexei Navalny បានសន្យាថា នឹងមានយុទ្ធនាការមិនគោរពអាជ្ញាធរស៊ីវិលដើម្បីប្រឆាំងនឹងអ្វីដែលលោកហៅថា ជាការលួចយកកន្លែងប្រធានាធិបតីក្នុងការបោះឆ្នោតជាតិប្រព្រឹត្ដដោយលោក វ្លាឌីមៀរ ពូទីន (Vladimir Putin)។ ភូមា៖ មេដឹកនាំគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុងសានស៊ូជី អំពាវនាវដល់សមាជិកដ៏មានឥទ្ធិពលរបស់យោធា កាលពីថ្ងៃអង្គារ សុំឲ្យគាំទ្រគណបក្សរបស់លោកស្រី ក្នុងការបោះឆ្នោតនៅខែមេសា នៅពេលលោកស្រីឃោសនារកសំឡេងឆ្នោត ។ ថៃ៖ យោងទៅតាមទីភ្នាក់ងារព័ត៌មានបារាំង AFP ប្រទេសថៃនឹងសងជំងឺចិត្ដ ២៥០.០០០ដុល្លារដល់គ្រួសារអ្នកថតរូបឲ្យកាសែតជនជាតិជប៉ុនដែលបានត្រូវបាញ់សម្លាប់នៅពេលមានការវាយបង្រ្កាបមកលើក្រុមបាតុករ នាទីក្រុងបាងកកកាលពីពីរឆ្នាំមុន។ នេះ បើតាមពាក្យរបស់នាយករដ្ឋមន្ដ្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ ស៊ីរី៖ ជនជាតិស៊ីរីដែលរត់ចូលទៅក្នុងប្រទេសជិតខាងលីបង់ ថ្លែងថា គេមានការភ័យខ្លាចអំពីការកាប់សម្លាប់មកលើរូបខ្លួន បើគេស្ថិតនៅក្នុងទីក្រុងហូមតទៅទៀត នៅពេលដែលកងកម្លាំងយោធារបស់រដ្ឋាភិបាល បើកការវាយលុកចូលទៅក្នុងទីក្រុងនោះ។ កូរ៉េខាងជើង៖ ក្រុមអ្នកតាក់តែងច្បាប់អាមេរិក បានចូលរួមជាមួយជនរត់ចោលប្រទេសកូរ៉េខាងជើងដើម្បីអំពាវនាវដល់ប្រទេសចិន សុំមិនឲ្យបញ្ជូនជនភៀសខ្លួនទាំងនោះទៅឲ្យប្រទេសកូរ៉េខាងជើងវិញទេ។ អាមេរិក៖ ក្រុមអ្នកបោះឆ្នោតបានធ្វើដំណើរឆ្ពោះទៅរកស្ថានីយ៍បោះឆ្នោតនៅក្នុងរដ្ឋ១០ របស់ស.រ.អ. នៅថ្ងៃអង្គារ ហៅ Super Tuesday ដើម្បីតែងតាំងបេក្ខជននៅក្នុងថ្ងៃដ៏សំខាន់បំផុត នៃការប្រកួតដើម្បីជ្រើសតាំងជាបេក្ខជនប្រធានាធិបតីអាមេរិកពីគណបក្សសាធារណរដ្ឋ។ អ៊ីរ៉ង់៖ ចិននិយាយថា ខ្លួននឹងគាំទ្រក្នុងការដោះស្រាយរឿងនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់តាមរយៈការចរចាគ្នាដែលជាទស្សនដូចគ្នា ធ្វើឡើងដោយប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា កាលពីសប្ដាហ៍មុន។ ជប៉ុន៖ កាលពីថ្ងៃច័ន្ទ អគ្គលេខាធិការ អ.ស.ប. លោក បាន គីមូន បានសរសើរដល់ជនរស់រានមានជីវិតជប៉ុនដែលមានចិត្ដស៊ូទ្រាំពីការរងទុក្ខវេទនាដោយសារការរញ្ជួយផែនដីនិងរលកស៊ូណាមី ដែលបានបំផ្លាញប្រទេសជប៉ុនប៉ុន្មានថ្ងៃប៉ុណ្ណោះមុនខួបមួយឆ្នាំនៃមហន្ដរាយ។ កូរ៉េខាងជើង៖ កូរ៉េខាងជើងបានធ្វើការសមយុទ្ធយោធា ដោយប្រើគ្រាប់កំាភ្លើងសុទ្ធក្នុងសប្ដាហ៍នេះនៅជិតតំបន់ជម្លោះនៃដែនទឹកជាមួយកូរ៉េខាងត្បូង បុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីខ្លួនបានរិះគន់ធ្ងន់ធ្ងរមកលើសរអ ដែលបានធ្វើការសមយុទ្ធយោធារួមជាមួយកូរ៉េខាងត្បូង។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ឥណ្ឌាគ្រោងកសាងសំណង់ចម្លងប្រាសាទអង្គរវត្ត Posted: 06 Mar 2012 06:38 AM PST ឥណ្ឌា ៖ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានផ្សាយថា កាលពីថ្ងៃច័ន្ទថា អង្គការ Trust Hindu មួយរបស់ឥណ្ឌាបានចាប់ផ្តើមធ្វើគម្រោងការ១០ឆ្នាំមួយដើម្បីកសាងសំណង់ចម្លងមួយនៃប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជានៅតាមដងទន្លេគង្គា។ ពិធីបញ្ចុះបឋមសីលាបានប្រព្រឹត្តទៅនៅលើផ្ទៃដីទំហំ១៦ហិកតានៅក្នុងរដ្ឋប៊ីហារ នាប៉ែកខាងកើតប្រទេសឥណ្ឌាដែលនៅទីនោះអង្គការ Trust នេះគ្រោងនឹងបង្កើតជាថ្មីនូវប្រាសាទដ៏ធំសម្បើមនេះនិងរូបចម្លាក់នានាលើផ្ទាំងថ្ម។ ពួកអ្នករៀបចំបាននិយាយថាពួកគេចង់ឱ្យសំណង់ថ្មីនេះជាប្រាសាទហិណ្ឌូខ្ពស់ជាងគេបំផុតក្នុងពិភពលោក។ តំបន់អង្គរដែលបានត្រូវបញ្ចូលជាកន្លែងមួយរបស់អង្គការ UNESCO មានសំណល់នៃរាជធានីច្រើនក្នុងជំនាន់ចាប់តាំងពីចក្រភពអង្គរមកហើយជាកន្លែងមួយដែលក្រុមអ្នកទេសចរចូលចិត្តទៅទស្សនាផងដែរ។ ប្រាសាទអង្គរវត្តបានត្រូវសង់ឡើងដើម្បីឧទ្ទិសជាដំបូងសម្រាប់ព្រះវិស្ណុដែលជាព្រះអាទិទេពនៃសាសនាហិណ្ឌូ ក្នុងសតវត្សរ៍ទី១២ ហើយបន្ទាប់មកប្រាសាទនេះបានត្រូវបានប្រើប្រាស់សម្រាប់ធ្វើការគោរពបូជាខាងព្រះពុទ្ធសាសនាវិញ។ លោកគីហ្សរ គូណាល់ Kishore Kunal លេខាធិការរបស់អង្គការ ប៊ីហារ ម៉ាហាវៀរ ម៉ានឌៀរ ត្រាស់ Bihar Mahavir Mandir Trust បាននិយាយប្រាប់ AFP តាមទូរស័ព្ទថា «សំណង់នេះជាអាគារចម្លងនៃប្រាសាទអង្គរវត្តដោយសង់ខ្ពស់ជាងប្រាសាទដើមបន្តិច»។ លោកគូណាល់ បានថ្លែងថាផែនការនេះគឺ «បង្កើតជាថ្មីនូវភាពធំធេងនិងភាពរុងរឿងត្រចះត្រចង់នៃប្រាសាទអង្គរវត្ត» នៅជិតក្រុងហាជីពួរ ស្ថិតនៅ២៥គ.ម.ពីធានីប៉ាន់តា នៃរដ្ឋ ប៊ីហារ។ ចិន៖ លោកនាយករដ្ឋមន្ត្រីចិន វេន ជាបាវ បានមានប្រសាសន៍ថារដ្ឋាភិបាលក្រុងប៉េកាំងនឹងបន្តបង្កើនសមត្ថភាពរបស់ក្រុមយោធារបស់ខ្លួនដើម្បីបំពេញកាតព្វកិច្ចយោធាកាន់តែធំដោយក្រោមការត្រួតត្រារបស់គណបក្សកុម្មុយនិស្តយ៉ាងតឹងរ៉ឹងលើកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យកងយោធពលមានលក្ខណៈបដិវត្តនិងកាន់តែទំនើបជាងមុន។ អ៊ីស្រាអែល៖ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍ប្រាប់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនយ៉ាមីន នេតានយ៉ាហ៊ូ ដែលបំពេញទស្សនកិច្ចក្នុងសហរដ្ឋអាមេរិកថាលោកមានការប្តេជ្ញា«មុតមាំរឹងដូចថ្ម»ចំពោះសន្តិសុខនៃប្រទេសអ៊ីស្រាអែល នៅពេលដែលមេដឹកនាំទាំងពីរនាក់នេះបានជួបគ្នាដើម្បីពិភាក្សាគ្នាអំពីការធ្វើដូចម្តេចដើម្បីបញ្ចៀសកុំឱ្យប្រទេសអ៊ីរ៉ង់ក្លាយទៅជារដ្ឋមានអាវុធបរមាណូ។ អាស៊ីអាគ្នេយ៍៖ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានផ្សាយថាពួកអ្នកវិទ្យាសាស្ត្របាននិយាយកាលពីថ្ងៃច័ន្ទថាផែនការកសាងរោងចក្រវារីអគ្គិសនីនៅតាមដងទន្លេវែងជាងគេនៃទ្វីបអាស៊ីអាគ្នេយ៍អាចមានផលជាមហន្តរាយដល់ធនធានត្រីធំបំផុតក្នុងពិភពលោកហើយត្រូវតែពិចារណាសាជាថ្មី។ អាហ្វហ្គានីស្ថាន៖ ពួកមន្ត្រីបាននិយាយថាកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យមានកិច្ចព្រមព្រៀងមួយដែលគូសបញ្ជាក់អំពីមុខនាទីរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន នៅក្រោយពេលដែលក្រុមទាហានអាមេរិកាំងចាកចេញពីប្រទេសនេះ មានការរអាក់រអួល។ រុស៊្សី៖ ពួកអ្នកសង្កេតការអឺរ៉ុបបាននិយាយថាការបោះឆ្នោតប្រធានាធិបតីនៅរុស្ស៊ីបានត្រូវរៀបចំយ៉ាងច្បាស់លាស់ដើម្បីធ្វើឱ្យលោកនាយករដ្ឋមន្ត្រី វ៉្លាដឹមៀរ ពូទីន ឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។ <!--AV--> This posting includes an audio/video/photo media file: Download Now |
មេធាវីគណបក្សប្រឆាំងចូលបំភ្លឺនៅតុលាការខេត្តកណ្តាល Posted: 06 Mar 2012 01:03 AM PST កាលពីថ្ងៃច័ន្ទនេះតុលាការបានកោះហៅលោក ជួង ជួងីឲ្យចូលបំភ្លឺជាលើកទី៣ ពីបទផ្តល់មធ្យោបាយឲ្យជនជាប់ចោទលោកមាស ប៉េង ទំទប់ទី២ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ខាងគណបក្សសម រង្ស៊ី ឲ្យលួចរត់។ តុលាការខេត្តកណ្តាល បានដាក់បទបញ្ជាយ៉ាងតឹងរឹងដល់លោក ជួង ជួងី មេធាវីការពារក្តីគណបក្សប្រឆាំងមិនឲ្យចាកចេញទៅក្រៅប្រទេសនៅក្នុងខណៈពេលដែលលោកកំពុងតែមានរឿងក្តីក្តាំងជាមួយនឹងតុលាការ។ លោក ស៊ិន វីរៈ ចៅក្រមស៊ើបអង្កេតនៃតុលាការខេត្តកណ្តាល បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីបានបញ្ចប់ការសាកសួរអស់រយៈពេលជាងបីម៉ោងថា តុលាការមិនបានសម្រេចឃុំខ្លួនលោកជួង ជួងី ទេ។ ក៏ប៉ុន្តែបានដាក់ឲ្យឋិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ដើម្បីរង់ចាំជំនុំជម្រះទោសនៅពេលក្រោយ។ «បីចំណុច ចំណុចទី១ នៅក្នុងមាត្រា២២៣ហ្នឹងគឺមិនឲ្យចាកចេញពីដែនដីសមត្ថកិច្ចប្រទេសកម្ពុជា។ ទី២ ប្រសិនបើមានការផ្លាស់ប្តូរលំនៅដ្ឋាន ត្រូវតែមានការឯកភាព ការស្នើសុំពីចៅក្រមស៊ើបសួរ និងទី៣ ត្រូវចូលមកបំភ្លឺតាមការកោះហៅរបស់ចៅក្រមស៊ើបសួរ»។ លោក ជួង ជួងី មេធាវីការពារក្តីខាងគណបក្សប្រឆាំងបានហៅការសម្រេចរបស់តុលាការថា មិនបានផ្តល់យុត្តិធម៌ចំពោះរឿងក្តីនេះទេ ពីព្រោះលោកមិនបានប្រព្រឹត្តខុស។ លោកបានជំរុញឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ប្រឆាំងជំទាស់ទៅនឹងរូបលោក។ «លក្ខខណ្ឌរបស់ចៅក្រមមានលក្ខណៈតឹងរឹងបន្តិច ប៉ុន្តែខ្ញុំបន្ទន់ឥរិយាបទ។ ខ្ញុំសុខចិត្តទទួលយក ប៉ុន្តែបើថានិយាយពីរឿងសេរីភាព វាប៉ះពាល់សេរីភាពរបស់ខ្ញុំហើយ។ ខ្ញុំខិតខំការពារកូនក្តីខ្ញុំឲ្យបានល្អ បែរមកជាដាក់សម្ពាធមកលើខ្ញុំ វាឥតជាការល្អសម្រាប់អាជីពជាមេធាវីទេ។ អាជីពមេធាវីគឺជាអ្នកសេរី ហើយអ្នកដែលសម្រេចមុនគេគឺគណៈមេធាវីថាតើអំពើនេះខុស ឬក៏ត្រូវ។ ប៉ុន្តែមកដល់ពេលនេះ គណៈមេធាវីនៅតែថាអំពើរបស់ខ្ញុំត្រូវ។ ប៉ុន្តែតុលាការគាត់នូវតែរក្សាការចោទប្រកាន់ ហើយខ្ញុំសុំឲ្យតុលាការបញ្ចប់ពីពេលនេះតទៅ»។ លោក ជួង ជួងី នៅពេលដែលបង្ហាញខ្លួន នៅក្នុងតុលាការខេត្តកណ្តាលដោយមានការឃ្លាំមើលពីមន្ត្រីសិទ្ធិមនុស្ស និងអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងផងនោះ មានមេធាវីការពារក្តីរហូតទៅដល់ប្រាំបីនាក់ គឺប្រាំពីរនាក់ត្រូវបានតែងតាំងពីគណៈមេធាវី និងមួយរូបផ្សេងទៀត គឺលោកសុខ សំអឿន។ លោក សុខ សំអឿន មេធាវីការពារក្តីលោក ជួង ជួងី និងជាប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា ដំណើរការសាកសួរបានប្រព្រឹត្តទៅយ៉ាងរលូន។ ក៏ប៉ុន្តលោកត្រូវរង់ចាំមើលដំណើរការរបស់តុលាការតទៅទៀត។ «នីតិវិធីអំបាញ់មិញល្អណាស់ ប្រសិនបើថ្ងៃមុនធ្វើដូចអីញ្ចឹងឥតមានបញ្ហាទេ។ ពីព្រោះពេលដែលចាប់ផ្តើមដំណើរការគឺចៅក្រមសម្រេចពីការនៅក្នុងឃុំ ឬក្រៅឃុំមុនគេតែម្តងមុននឹងសួរទៅដល់អង្គហេតុ»។ លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រឆាំងបានចាត់ទុករឿងក្តីនេះថា គឺជារឿងនយោបាយពីព្រោះលោកថា លោកជួង ជួងី មិនមានកំហុសទេ ដោយសារតែលោកជាមេធាវីកាពារក្តីសម្រាប់គណបក្សប្រឆាំងតែម្នាក់គត់។ «នោះគឺជាការគំរាមគំហែងនយោបាយ ដែលគួរតែជៀសវាងនៅក្នុងសង្គមប្រជាធិបតេយ្យ។ និយាយដោយសន្និដ្ឋានទៅ សូមឲ្យបញ្ចប់រឿងក្តីហ្នឹងឲ្យបានឆាប់ទៅ ដើម្បីសន្សំសំចៃពេលវេលា ធនធាន និងកម្លាំងកាយកម្លាំងចិត្ត ទាំងដោះស្រាយបញ្ហាជាតិសំខាន់ៗដ៏ទៃទៀត»។ កាលពីខែកញ្ញា ឆ្នាំ២០១១ លោក លឹម សុគន្ថា ចៅក្រមនៃតុលាការខេត្តកណ្តាល បានសម្រេចឲ្យនាំយកលោកមាស ប៉េង ជំទប់ទី២ ឃុំបន្ទាយដែក ខាងគណបក្សប្រឆាំងយកទៅឃុំខ្លួន នៅពន្ធនាគារខេត្តកណ្តាល ពីបទញុះញង់ឲ្យមានអំពើហិង្សា។ លោក ជួង ជួងី មេធាវីការពារក្តីបានបញ្ជាឲ្យលោកចាន់ ចេង អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនាំយកលោកមាស ប៉េង ទៅកាន់លំនៅដ្ឋានវិញ ដោយចោទប្រកាន់ថាការឃុំខ្លួននេះ គ្មានដីកាសម្រេចឲ្យឃុំខ្លួនត្រឹមត្រូវ។ លោក ចាន់ ចេង អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី ត្រូវជាប់ចោទពីបទផ្តល់មធ្យោបាយឲ្យជនជាប់ចោទ មាស ប៉េង លួចរត់ដូចករណីលោកជួង ជួងី ដែរ។ តុលាការខេត្តកណ្តាលគ្រោងនឹងកោះហៅលោក ចាន់ ចេង ឲ្យចូលមកបំភ្លឺនៅក្នុងតុលាការនៅថ្ងៃទី២៧ ខាងមុននេះ៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជាឥណ្ឌូណេស៊ីពិភាក្សារឿងទ័ពសង្កេតការតាមព្រំដែនកម្ពុជាថៃ Posted: 05 Mar 2012 07:16 PM PST ប្រមុខការទូតកម្ពុជា និងឥណ្ឌូណេស៊ី បានពិភាក្សាគ្នាឡើងវិញនៅថ្ងៃច័ន្ទនេះអំពីលទ្ធភាពនៃការដាក់ពង្រាយកងទ័ពសង្កេតការឥណ្ឌូណេស៊ី នៅតំបន់ព្រំដែន ដែលមានជម្លោះនៅក្បែតំបន់ប្រាសាទព្រះវិហាររបស់ខ្មែរ។ ការពិភាក្សាធ្វើឡើងស្របពេលដែលដំណើរការស្ដីពីដំណោះស្រាយបញ្ហាព្រំដែនមានការរីកចម្រើនតិចតួច។ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងក្នុងសន្និសីទកាសែត ក្រោយពីជំនួបក្នុងទីក្រុងភ្នំពេញជាមួយសមភាគីឥណ្ឌូណេស៊ី របស់លោក គឺលោក ម៉ាទី ណាតាឡេហ្គាវ៉ា ថាលោក និងលោក ម៉ាទី បានពិភាក្សាគ្នាលើការជំរុញការដាក់ពង្រាយកងទ័ពសង្កេតការឯករាជ្យនៅតំបន់ជម្លោះ។ ក៏ប៉ុន្ដែពុំទាន់មានការកំណត់អ្វីជាក់លាក់នោះទេ ដោយរង់ចាំក្រុមការងាររួមនៃគណៈកម្មការទូទៅព្រំដែនរបស់ប្រទេសកម្ពុជា ថៃ ជួបប្រជុំគ្នាជាមុនសិន។ «បញ្ហាដែលយើងខ្ញុំបានពិភាក្សាគ្នាគឺបញ្ហាដាក់អ្នកសង្កេតការឥណ្ឌូណេស៊ីនៅតំបន់ឥតកងទ័ពបណ្ដោះអាសន្នដែលកំណត់ដោយតុលាការយុត្តិធម៌អន្ដរជាតិ»។ យោងតាមលោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងនៅថ្ងៃនេះថា កម្ពុជា ថៃ ទើបតែបានបង្កើតក្រុមការងាររួមនេះកាលពីខែមករា សម្រាប់កម្ពុជា និងកាលពីខែកុម្ភៈ សម្រាប់ភាគីប្រទេសថៃ។ ថៃត្រូវកោះប្រជុំក្រុមការងារនេះ ក៏ប៉ុន្ដែរហូតមកទល់ពេលនេះ មិនទាន់មានការកោះហៅពីប្រទេសថៃនៅឡើយទេ។ កម្ពុជា និងថៃមានជម្លោះជាមួយគ្នានៅតាមព្រំដែនចាប់តាំងពីខែកក្កដា ឆ្នាំ ២០០៨ មកម្លេះ។ មានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាច្រើនលើក ហើយបានបណ្ដាលឲ្យមានការស្លាប់និងរបួសនៃពលទាហានទាំងសងខាង។ កាលពីខែកក្កដា ឆ្នាំ២០១១ តុលាការយុត្តិធម៌ក្រុងឡាអេ បានបង្គាប់ក្នុងសាលក្រមរបស់ខ្លួនឲ្យកងទ័ពភាគីជម្លោះដកចេញពីតំបន់ដែលមិនត្រូវមានកងទ័ព ហើយអនុញ្ញាតឲ្យមានការពង្រាយជំនួសវិញនូវកងទ័ពសង្កេតការណ៍របស់ឥណ្ឌូណេស៊ី។ នៅក្នុងសន្និសីទកាសែតដែលមិនផ្ដល់ឱកាសដល់ការចោទសួរនៅថ្ងៃច័ន្ទនេះដែរ លោករដ្ឋមន្ដ្រីការបរទេសឥណ្ឌូណេស៊ី ម៉ាទី ណាតាឡេហ្គាវ៉ា មិនបានផ្ដល់ព័ត៌មានលម្អិតលើបញ្ហាដាក់ពង្រាយក្រុមកងទ័ពសង្កេតការណ៍នោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា ការពិភាក្សាត្រង់ចំណុចនេះ «ប្រកបដោយលក្ខណៈស្ថាបនា»។ លោកក៏បានលើកបញ្ហានេះទៅពិភាក្សាជាមួយរដ្ឋមន្ដ្រីការបរទេសនៃប្រទេសថៃផងដែរ។ លោក ម៉ាទី ណាតាឡេហ្គាវ៉ា បង្ហាញជំហរសុទិដ្ឋិនិយម។ «យើងសង្ឃឹមថា នឹងធ្វើឲ្យការជឿនលឿនទៅមុខបានល្អ ហើយចលនានៃការរីកចម្រើនដែលយើងទទួលបានក្នុងពេលនេះត្រូវបានថែរក្សាការពារ។ ហើយថៃ និងកម្ពុជាអាចដោះស្រាយព្រំដែននេះ ស្របទៅតាមសាលក្រមនៃតុលាការយុត្តិធម៌អន្ដរជាតិ និងស្របទៅតាមបំណងប្រាថ្នារបស់សមាគមអាស៊ាន»។ លោក ហោ ណាំហុង មានប្រសាសន៍ថា លោកជំរុញឲ្យប្រទេសថៃកោះប្រជុំក្រុមការងាររួមឲ្យបានឆាប់ប្រយោជន៍ផ្ដល់លទ្ធភាពដល់ការដាក់ពង្រាយកងទ័ពសង្កេតការណ៍។ លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ ជឿថា កិច្ចប្រជុំនោះអាចនឹងប្រព្រឹត្តិទៅក្នុងរយៈពេលឆាប់ៗនេះ។ «ឯកឧត្តម ទៀ បាញ់ បានធ្វើលិខិតមួយទៅកាន់ប្រទេសថៃកាលពីថ្ងៃទី ៩ ខែកុម្ភៈ ដើម្បីរំលឹកខាងភាគីថៃដើម្បីចាត់ការប្រជុំឲ្យបានឆាប់រហ័ស។ ដូច្នេះខ្ញុំគិតថា មិនយូរប៉ុន្មានទេ នឹងធ្វើការប្រជុំលើបញ្ហានេះហើយ»។ សូមបញ្ជាក់ថា លោករដ្ឋមន្ដ្រីការបរទេសឥណ្ឌូណេស៊ី ម៉ាទី ណាតាឡេហ្គាវ៉ា ត្រូវបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃនៅកម្ពុជា។ ទាំងរូបលោក ទាំងលោក ហោ ណាំហុង បានបញ្ជាក់ថា ក្នុងជំនួបការពីព្រឹកថ្ងៃច័ន្ទនេះ មានការពិភាក្សាពីឱកាសនៃការវិនិយោគពីឥណ្ឌូណេស៊ីផ្នែកអាកាសចរណ៍ ផ្នែកទូរគមនាគមន៍ និងផ្នែកកសិឧស្សាហកម្ម។ រួមទាំងការពិភាក្សាពីគម្រោងនៃកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាក្នុងខែមេសាខាងមុខ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានពីវិស័យប្រេងកាតនៅបន្តលាក់បាំងពីក្រុមយុវជន Posted: 05 Mar 2012 06:51 PM PST និស្សិតសាកលវិទ្យាល័យភាគច្រើននៅក្នុងប្រទេសកម្ពុជាដឹងថាមានការអភិវឌ្ឍវិស័យប្រេង រ៉ែនិងឧស្ម័ននៅក្នុងប្រទេសរបស់ពួកគេ ប៉ុន្តែភាគច្រើនមិនដឹងអំពីការគ្រប់គ្រងចំណូលដែលបានពីវិស័យនោះទេដោយសារតែកង្វះព័ត៌មាន។ ការខកខានមិនបានផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយអំពីការគ្រប់គ្រងចំណូលនេះ បានបង្កឲ្យមានការព្រួយបារម្ភអំពីអំពើពុករលួយនិងការប្រើប្រាស់ចំណូលនេះមិនចំគោលដៅសម្រាប់អភិវឌ្ឍប្រទេស។ និស្សិតទាំងនេះ និយាយថា ពួកគេដឹងថាបច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគជាច្រើន បាននិងកំពុងរុករកហើយនឹងត្រៀមធ្វើអាជីវកម្មរ៉ែ ប្រេងនិងឧស្ម័ននៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ ពួកគេមិនដឹងទេ ថាតើរដ្ឋាភិបាលទទួលបានចំណូលប៉ុន្មានពីក្រុមហ៊ុនទាំងនោះហើយថាតើចំណូលទាំងនោះត្រូវបានគ្រប់គ្រងនិងប្រើប្រាស់យ៉ាងដូចម្តេចនោះ។ នាង សាំង កញ្ញានិស្សិតសាកលវិទ្យាល័យម្នាក់បានបញ្ជាក់ថា៖ «ព្រោះថាតាមខ្ញុំតាមដានមើលទូរទស្សន៍ការផ្សាយព័ត៌មាននិយាយបានត្រឹមតែមួយផ្នែកតូចនៃការមកយករ៉ែ។ គ្រាន់តែប្រាប់ប្រជាជនថាគេមកយករ៉ែនៅកម្ពុជានិងផ្តល់ផលប្រយោជន៍ដល់កម្ពុជាប៉ុន្តែអត់ប្រាប់ថាចំណូលដែលយកមកហ្នឹងផ្តល់ដល់ប្រជាជនដែរអត់ឬមួយក៏ក្រុមហ៊ុនអ្នកយកឬក៏រដ្ឋាភិបាលជាអ្នកយកទៅតែម្តង»។ ដូចសាំង កញ្ញា និងមិត្តភក្តិរបស់នាងដែរ និស្សិតមួយចំនួនទៀតនៃសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញនេះ មិនបានទទួលព័ត៌មានអំពីការគ្រប់គ្រងចំណូលដែលបានពីវិស័យរ៉ែ ប្រេងនិងឧស្ម័នឬហៅថាឧស្សាហកម្មនិស្សារណកម្មនេះទេ។ និស្សិតឡុង គីរីបានបញ្ជាក់ថា៖ «ករណីហ្នឹងប្រហែលជាគេមិនសូវជាបញ្ចេញព័ត៌មានប្រាប់ប្រជាជនប៉ុន្មានទេមើលទៅព្រោះអីគេអត់ទាន់ធ្វើបានអញ្ចឹងប្រហែលជាអត់សូវបានផលទេមើលទៅ»។ លទ្ធផលនៃការអង្កេតថ្មីមួយដោយអង្គការNGO Forum ទៅលើនិស្សិតចំនួន៣៧៧នាក់នៅតាមសាកលវិទ្យាល័យចំនួន៧ក្នុងរាជធានីភ្នំពេញបង្ហាញថានិស្សិតភាគច្រើនមិនដឹងអំពីការគ្រប់គ្រងនិងការប្រើប្រាស់ចំណូលពីវិស័យប្រេង រ៉ែនិងឧស្ម័ននេះទេ។ លោក ឈិត សំអាត គឺជានាយកប្រតិបត្តិនៃអង្គការក្រៅរដ្ឋាភិបាលមួយនេះបានបញ្ជាក់ថា៖ «សិស្សនិស្សិតហ្នឹងមានសារៈសំខាន់ណាស់ក្នុងការទទួលបានព័ត៌មាន។ ទី១ ដើម្បីការសិក្សានិងស្រាវជ្រាវរបស់គាត់។ ទី២ គាត់ដឹងពីប្រវត្តិសាស្ត្រពីចំណូលអីហ្នឹងគឺថាសំខាន់ណាស់ ព្រោះថា បើយើងជាលទ្ធិប្រជាធិបតេយ្យ ព័ត៌មានទាំងអស់ត្រូវតែមានតម្លាភាព។ អញ្ចឹងបន្តិចទៀត និស្សិតទាំងអស់ហ្នឹងនឹងទាមទារព័ត៌មានហ្នឹងហើយ។ ខ្ញុំសង្ឃឹមថាព័ត៌មានមិនអាចលាក់ខ្ទប់បានទេ។ ព័ត៌មានមួយចំនួនដែលទាក់ទងនឹងជាតិគឺត្រូវតែផ្សាយចេញ»។ ក្រុមអ្នកតស៊ូមតិដើម្បីយុវជន លើកឡើងថា ការខកខានមិនបានផ្តល់ព័ត៌មានឲ្យបានទូលំទូលាយស្តីពីចំណូលពីវិស័យឧស្សាហកម្មនិស្សារណកម្មនេះ នឹងរារាំងយុវជនមិនឲ្យ ចូលរួមបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៅក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ។ «ក្រុមរបស់គាត់ហ្នឹងគឺជាក្រុមមួយដែលរដ្ឋាភិបាលឬក៏សង្គមត្រូវធ្វើការវិនិយោគយ៉ាងពេញទំហឹងទៅលើគាត់ ដើម្បីឲ្យគាត់ក្លាយទៅជាពលរដ្ឋមួយដែលសកម្ម។ បើពួកគាត់មិនបានទទួលព័ត៌មានអំពីចំណូលដែលបានពីវិស័យឧស្សាហកម្មនិស្សារណកម្មទេ នោះការជំរុញឬលើកទឹកចិត្តគាត់ឲ្យមានការចូលរួមក្នុងនាមជាពលរដ្ឋនៅក្នុងសង្គមប្រាកដជាមានការខ្វះចន្លោះ»។ អង្គការសង្គមស៊ីវិល លើកឡើងថា បច្ចុប្បន្នរដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនរុករករ៉ែចំនួន១២៨ និងក្រុមហ៊ុនរុករកប្រេងចំនួនប្រមាណ២០ទៅទូទាំងដែនដីនិងដែនសមុទ្រកម្ពុជាដោយរួមមានក្រុមហ៊ុន Chevron របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន Jogmec របស់ប្រទេសជប៉ុនជាដើម។ ប៉ុន្តែ ព័ត៌មានអំពីចំណូលដែលបានពីការផ្តល់អាជ្ញាប័ណ្ណនិងការអភិវឌ្ឍវិស័យនេះមានតិចតួចនៅឡើយ។ លោក ជាង សុខា ពន្យល់ពីមូលហេតុនៃកង្វះព័ត៌មាននេះ។ «ដោយសារវាពាក់ព័ន្ធនឹងផលប្រយោជន៍។ កាលណាប្រជាពលរដ្ឋទទួលបានព័ត៌មានពេញលេញអំពីចំណូលដែលបានពីវិស័យឧស្សាហកម្មនិស្សារណកម្មនេះ អញ្ចឹងវាអាចធ្វើឲ្យរាជរដ្ឋាភិបាលត្រូវប្រឹងប្រែងដើម្បីធានាឲ្យបាននូវតម្លាភាពក្នុងការប្រើប្រាស់ថវិកានេះ។ អញ្ចឹងវានឹងអាចបាត់បង់ផលប្រយោជន៍របស់បុគ្គលណាមួយដែលនឹងទទួលបានប្រយោជន៍ពីវិស័យហ្នឹងដែរ»។ លោក ស៊ឹម ស៊ីសុខាលី គឺជាប្រធាននាយកដ្ឋានអភិវឌ្ឍធនធានរ៉ែ នៃក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល។ លោក និយាយថា បច្ចុប្បន្ន រដ្ឋាភិបាលកំពុងរៀបចំគណៈកម្មការមួយដើម្បីគ្រប់គ្រងចំណូលពីវិស័យនេះ។ ប៉ុន្តែ លោកថា កម្ពុជាត្រូវការធនធានមនុស្សជាច្រើនទៀត ដើម្បីបំពេញកិច្ចការលើវិស័យនេះឲ្យបានគ្រប់ជ្រុងជ្រោយ។ «យើងជួបការលំបាកពីបញ្ហាធនធានមនុស្សនេះ។ អញ្ចឹងការងារដែលយើងមើលឃើញច្រើនដែលយើងត្រូវធ្វើ ប៉ុន្តែវាគ្មានអ្នកជួយរែកពន់ឲ្យបានពេញលេញ»។ កម្ពុជារំពឹងថានឹងអាចចាប់ផ្តើមទទួលបានចំណូលជាដុំកំភួន ចាប់ពីចុងឆ្នាំ២០១២នេះទៅ ជាពេលដែលរដ្ឋាភិបាលបានគ្រោងឲ្យក្រុមហ៊ុនChevronចាប់ផ្តើមផលិតប្រេងនៅក្នុងឈូងសមុទ្រកម្ពុជាមុនគេ។ ប៉ុន្តែ ក្រុមអ្នកតាមដានការអភិវឌ្ឍវិស័យនេះ សម្តែងមន្ទិលអំពីលទ្ធភាពដែលកម្ពុជាអាចទទួលបានដំណក់ប្រេងលើកដំបូងរបស់ខ្លួនតាមកាលកំណត់របស់រដ្ឋាភិបាលនោះ។ យ៉ាងណាក៏ដោយ ក្រុមនិស្សិតទាំងនេះ រំពឹងថា ពួកគេនឹងទទួលបានព័ត៌មានអំពីការគ្រប់គ្រងចំណូលដែលបានពីវិស័យឧស្សាហកម្មនិស្សារណកម្មនេះ។ កញ្ញា វណ្ណ ហ្សូលីដា៖ «ព្រោះថា យើងរស់នៅក្នុងទឹកដីខ្មែរ យើងត្រូវតែដឹងថានៅក្នុងទឹកដីខ្មែរគឺមានបរិមាណចំនួនប្រេងកាត ឬក៏ធនធានហ្នឹងស្អីខ្លះ ហើយចំណូលបានហ្នឹង រាជរដ្ឋាភិបាលទទួលបានប៉ុន្មាន ហើយ គាត់បែងចែកយកទៅធ្វើអីខ្លះ?» ហ្សូលីដា បន្តថានាងក៏ចង់ដឹងដែរថាតើប្រជាពលរដ្ឋខ្មែររួមទាំងនិស្សិតដូចជារូបនាងផ្ទាល់ នឹងទទួលបានអ្វីខ្លះពីចំណូលទាំងនោះ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |