VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ២៣ កុម្ភៈ ២០១២៖ សិទ្ធិ​សេរីភាព​របស់​កម្មករ​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា” plus 4 more

VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ២៣ កុម្ភៈ ២០១២៖ សិទ្ធិ​សេរីភាព​របស់​កម្មករ​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា” plus 4 more


ហេឡូ​វីអូអេ ២៣ កុម្ភៈ ២០១២៖ សិទ្ធិ​សេរីភាព​របស់​កម្មករ​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា

Posted: 23 Feb 2012 01:43 PM PST

ក្រុម​មន្ត្រី​សហជីព​ និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ បាន​ទទូច​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ជន​ដៃដល់​ ដែល​បាន​បាញ់​កម្មករ​កម្មការិនី​រោងចក្រ​មួយ​កន្លែង​ ក្នុង​ក្រុងបាវិត​ ខេត្តស្វាយរៀង​ កាលពី​ថ្ងៃទី​២០​ ខែកុម្ភៈ​នោះ​ មក​ផ្តន្ទាទោស​តាម​ច្បាប់។​ ក្នុង​ការពិភាក្សាអំ​ពី​«សេរីភាព​កម្មករ​ក្នុង​ប្រទេស​កម្ពុជា»​ ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​ថ្ងៃព្រហស្បតិ៍​ទី​២៣​ខែ​កុម្ភៈ​ ឆ្នាំ​២០១២​ លោក​ជា មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​លោក​អំ សំអាត​ មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ​ ដែល​ជា​វាគ្មិន​បាន​ទទូច​រួម​គ្នា​ថា​ ជន​សង្ស័យ​ត្រូវគេ​ស្គាល់​អត្តសញ្ញាណ​ហើយ។​ ជន​នោះ​គួរ​ត្រូវ​ចាប់ខ្លួន​ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់។

លោក​ ជា មុនី​ បាន​អះអាង​ថា​ លោក​មាន​ការសោកស្តាយ​ដែល​អ្នក​មាន​អំណាច​ បាន​ប្រើ​អាវុធ ​ដើម្បី​បញ្ចប់​ការទាមទារ​ ឬ​ក៏​បញ្ចប់​សិទ្ធិ​សេរីភាព​ ឬ​ក៏​គម្រាម​ កំហែង​កម្មករ​កម្មការិនី​ស្លូតត្រង់។​ នៅ​ថ្ងៃ​ទី​២០កុម្ភៈ​ មាន​កម្មករ​កម្មការនី​នៅ​ រោងចក្រ​មួយ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តស្វាយរៀង​ មាន​កម្មការនី​៣​នាក់​បាន​រង​ការបាញ់​ប្រហារ​ ពេល​ពួកគេ​ធ្វើការ​តវ៉ា​ទាមទារ​សិទ្ធិ​ដោយ​អហិង្សា​តាម​ច្បាប់។

«ជា​ការអៀនខ្មាស់​មួយ។​ វា​ជា​ការណ៍​មួយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​នឹង​មាន​ការធ្លាក់​ចុះ​ ដោយសារ​តែ​ជន​ម្នាក់​ ពីរនាក់​ដែល​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កម្មករ​កម្មការិនី»។

<!--IMAGE-LEFT-->

លោក​ អំ សំអាត​ដែល​ឃ្លាំ​មើល​និង​ស៊ើបអង្កេត​រឿង​នេះ​ បាន​អះអាង​ថា​ នេះ​ មិនមែន​ ជា​ការបាញ់​ដោយ​អចេតនា​ទេ​ តែ​ជា​ការប៉ុនប៉ង​ធ្វើ​មនុស្សឃាត​កម្មការិនី​យើង។

«នេះ​ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​កម្មករ ​កម្មការិនី​យើង​យ៉ាង​ធ្ងន់ធ្ងរ»។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី២៣ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

ការ​វាយ​ប្រហារ​នៅ​អ៊ីរ៉ាក់​កាន់​តែ​ខ្លាំង​ឡើង

Posted: 23 Feb 2012 07:58 AM PST

មន្ត្រី​អ៊ីរ៉ាក់​និយាយ​ថា​ ការ​វាយ​ប្រហារ​ជា​បន្តបន្ទាប់​ទូទាំង​ប្រទេស​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​៥០នាក់​ និង​ធ្វើ​ឲ្យ​របួស​ជាង​២០០​នាក់​ទៀត ក្នុង​ថ្ងៃ​ដែល​មាន​គ្រោះថ្នាក់​ច្រើន​បំផុត​នៅ​ឆ្នាំនេះ។

មនុស្ស​ស្លាប់​ភាគ​ច្រើន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​នៅ​ក្រុង​បាកដាដ ដែល​មាន​គ្រាប់បែក​ជា​ច្រើន​ផ្ទុះ។ ក្រៅ​ពី​នោះ​ មាន​គ្រាប់បែក​មួយ​ផ្ទុះ​ក្នុង​ស្រុក​ ការ៉ាដា (Karradah) ដែល​សម្បូរ​ដោយ​អ្នក​កាន់​សាសនា​និកាយ​ស៊ីអ៊ីត​រស់​នៅ ហើយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៩​នាក់ ​និង​របួស​២៤​នាក់​ទៀត។

ក្រុម​សកម្មប្រយុទ្ធ​ក៏​បាន​វាយ​ប្រហារ​ទីក្រុង​ចំនួន​៩​ផ្សេង​ទៀត​ រួមមាន​ការ​វាយ​ប្រហារ​លើ​ក្រុម​ល្បាត​ផ្នែក​សន្តិសុខ​ ភោជនីយដ្ឋាន និង​សាលារៀន។

អំពើ​ឃោរឃៅ​បាន​កើតឡើង​ក្រោយ​ពី​មាន​គ្រាប់បែក​ផ្ទុះ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្រុង​បាកដាដ ដែល​សម្លាប់​សិស្ស​ប៉ូលិស​យ៉ាងតិច​១៩នាក់​ខាង​ក្រៅ​សាលា​ប៉ូលិស។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

<!--IMAGE-RIGHT-->

ហ្វីលីពីន៖ អតីត​ប្រធានាធិបតី​ហ្វីលីពីន​លោកស្រី គ្ល័ររៀ អារ៉ូយោ (Gloria Arroyo) បាន​អះអាង​ថា លោកស្រី​មិនមាន​កំហុស​ដូច​បទ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ទេ។ ការ​អះអាង​នេះ​ធ្វើ​ឡើង ក្នុង​សវនាការ​របស់​លោកស្រី ដែល​គេ​ចាប់​អារម្មណ៍​ច្រើន​ ហើយ​កំពុង​ដំណើរការ​នៅ​ក្រុង​ម៉ានីល ក្នុង​ថ្ងៃព្រហស្បតិ៍​នេះ។

ស៊ីរី៖ ការ​បាញ់ផ្លោង​គ្មាន​ប្រណី​ដោយ​កម្លាំង​រដ្ឋាភិបាល​ស៊ីរី មក​លើ​មូលដ្ឋាន​របស់​ក្រុមប្រឆាំង​ក្នុង​ក្រុង​ហូម និង​នៅ​កន្លែង​ផ្សេង​ទៀត បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៧៤​នាក់ រួម​មាន​អ្នក​កាសែត​លោក​ខាង​លិច​២​នាក់​ផង។

សូម៉ាលី៖ មេដឹកនាំ​ក្នុង​ពិភពលោក​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រុង​ឡុង​នៅ​ថ្ងៃព្រហស្បតិ៍​នេះ ដើម្បី​គ្រោង​ធ្វើ​សន្និសីទ​នា​ពេល​ខាងមុខ ដែល​មាន​គោល​បំណង​សម្របសម្រួល​ការ​ដោះស្រាយ​វិបត្តិ​អស្ថិរភាព​ច្រើន​ទសវត្សរ៍​នៅ​ប្រទេស​សូម៉ាលី។

អាហ្វហ្គានីស្ថាន៖ ពួក​តាលីបាន់​បាន​អំពាវនាវ​ឲ្យ​ជនជាតិ​អាហ្វហ្គានីស្ថាន​ធ្វើ​ការ​វាយប្រហារ​លើ​មូលដ្ឋាន​យោធា​បរទេស ដើម្បី​សងសឹក​ចំពោះ​ការ​ដុត​គម្ពីរ​គូរាន ក្នុង​មូលដ្ឋាន​អង្គការ​អូងតង់ ខណៈ​ពេល​ដែល​ការ​តវ៉ា​បាន​បន្ត​ចូល​ដល់​ថ្ងៃ​ទី​៣​នេះ។

ស.រ.អ.៖ ក្រុម​បេក្ខជន​ប្រកួត​ប្រជែង​យក​តំណែង​បេក្ខជន​ប្រធានាធិបតី​ស.រ.អ. ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ នៅ​សល់​បួន​នាក់ ហើយ​ពួកគេ​បាន​ប្រឈម​មុខ​គ្នា​ជា​លើក​ដំបូង​តាំងពី​ខែ​មករា​មក​ ក្នុងការ​ជជែក​ដេញដោល​គ្នា​តាម​ទូរទស្សន៍​ជាតិ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ទីបេត៍​ប្រារព្ធ​បុណ្យ​ចូលឆ្នាំ​ដោយ​ស្ងប់ស្ងាត់

Posted: 23 Feb 2012 01:24 AM PST

ជនជាតិ​ទីបេត៍​ក្នុង​ប្រទេស​ចិន​ភាគ​ខាង​លិច​ ចាប់​ប្រារព្វ​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ទីបេត៍​ កាល​ពី​ថ្ងៃ​ពុធ​ដោយ​ស្ងប់​ស្ងាត់​ បន្ទាប់​ពី​មាន​ការ​ដុត​សម្លាប់​ខ្លួន​មួយ​ចំនួន​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​ចិន។​ ក្នុង​ពេល​ច្រើន​សប្តាហ៍​មុន​ការ​ចាប់​ផ្តើម​ពិធី​បុណ្យ​ ចិន​បាន​បង្ក្រាប​សកម្មភាព​របស់​ជន​ជាតិ​ទីបេត៍​ ដោយ​កាត់​​ផ្តាច់​គមនាគមន៍​ជា​មួយ​តំបន់​ធំ​របស់​ជន​ជាតិ​ទីបេត៍​ និង​បន្ថែម​កង​កម្លាំង​នគរបាល​នៅ​ពាស​ពេញ​ទី​ក្រុង​របស់​ជន​ជាតិនេះ។​

<!--IMAGE-LEFT-->

អ៊ីរ៉ង់៖ នាយក​អធិការកិច្ច​នុយក្លេអ៊ែរ​របស់​អង្គការ​សហប្រជាជាតិ​ និយាយ​ថា​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​ទៅ​កាន់​ប្រទេស​ អ៊ីរ៉ង់​ បាន​បញ្ចប់​ ដោយ​ក្រុម​របស់​លោក​មិន​អាច​ទៅ​ពិនិត្យ​មើល​បន្ទាយ​ទាហាន​សំខាន់​មួយ​​ ហើយ​ពុំ​ការ​ព្រម​ព្រៀង​គ្នា​ជា​មួយ​រដ្ឋាភិបាល​ក្រុងតេហេរ៉ង់​អំពី​មធ្យបាយ​ទៅ​មុខ​ទៀត​នោះ​ទេ​។​

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

ភូមា៖ និយាយ​ថា​ខ្លួន​នឹង​ចាប់​ផ្តើម​ធ្វើ​ការ​រៀប​ចំ​ដើម្បី​ទទួល​មុខ​នាទី​ជា​ប្រធាន​នៃ​សមាគប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (​អាស៊ាន​) ​ក្នុង​ឆ្នាំ​២០១៤។​ អង្គការ​ក្នុង​តំបន់​និយាយ​ថា​ លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ភូមា មួង លវីន​ Maung Lwin​ បាន​ពណ៌នា​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជា​មួយ​អគ្គលេខាធិការ​អាស៊ាន​ លោក​ស៊ូរីន ពិតសុវណ្ណ នៅ​រដ្ឋធានី​ណាយពីដាវ​ អំពី​ការ​រៀបចំ​ខ្លួន​នេះ​ថា​ជា​«កិច្ច​ការ​ដ៏​ធំ​មួយ»​សម្រាប់​ប្រទេស​លោក។​

ជប៉ុន៖ ឯកសារ​របស់​ និយតករ​ត្រួតពិនិត្រ​នុយក្លេអ៊ែរ​ សហរដ្ឋ​អាមេរិក ហៅ​កាត់​ថា​ NRC​ បាន​បង្ហាញ​ថា​ មន្ត្រី​បាន​ធ្វើ​ការ​ក្នុង​បរិយាកាស​«ច្របូក​ច្របល់»​ ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង​នៃ​វិបត្តិ​នុយក្លេអ៊ែរ​របស់ជប៉ុន​កាល​ពី​ឆ្នាំ​មុន។

សូម៉ាលី៖ កងទ័ព​រដ្ឋាភិបាល​ប្រទេសអេត្យូពី​និង​សូម៉ាលី ដណ្តើម​យក​បាន​ទី​តាំង​ដ៏​សំខាន់​មួយ​របស់​ពួក សកម្មប្រយុទ្ធ​អាល់ ស្ហាបាប់​ នៃ​ប្រទេស​សូម៉ាលី​។​

ស៊ីរី៖ ការ​បាញ់​កាំភ្លើង​ធំ​ឥត​ឈប់​ឈរ​នៅ​ថ្ងៃ​ពុធ​ទៅ​លើ​តំបន់​ដ៏​រឹង​មាំ​របស់​ក្រុម​ប្រឆាំង​នៅ​ទី​ក្រុង​ហូម​ស៍ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១៩​នាក់ ​រួម​ទាំង​អ្នក​សារព័ត៌មាន​បស្ចឹម​ប្រទេស​២​នាក់ ​នៅ​ពេល​កង​កម្លាំង​រដ្ឋាភិបាល​បង្កើន​ការ​វាយ​ប្រហារ​របស់​ខ្លួន។​

អាហ្វហ្គានីស្ថាន៖ លោកប្រធានាធិបតី​ ​ហាមីដ កាហ្សាយ ​ បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់​ស្ងៀម​ ក្រោយ​ការ​វាយ​ប្រយុទ្ធ​គ្នា​ជា​ច្រើន​ថ្ងៃ​រវាង​កង​កម្លាំង​សន្តិសុខ​ អាហ្វហ្កានីស្ថាន​ និង​ក្រុម​បាតុករ​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច​ ៧​នាក់​នៅ​ពាស​ពេញ​ប្រទេស។​

<!--AV-->

This posting includes an audio/video/photo media file: Download Now

អតីត​ព្រះរាជ​អាជ្ញា​ខេត្ត​ពោធិ៍សាត់​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​និង​សុំ​ឱ្យ​តុលាការ​ដោះលែង

Posted: 22 Feb 2012 05:08 PM PST

សភា​ព្រហ្មទណ្ឌ​ស៊ើបសួរ​របស់​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ចាប់​ផ្តើម​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​បណ្តឹង​ឧទ្ធរណ៍​មួយ​របស់​លោក ​តុប ​ច័ន្ទសេរីវុធ ​អតីត​ព្រះរាជអាជ្ញា​ខេត្ត​ពោធិ៍សាត់​ ដែល​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៩​ឆ្នាំ​ ពី​បទ​ចាប់​ជំរិត​ បង្ខាំង​មនុស្ស​ខុស​ច្បាប់​ និង​ស៊ី​សំណូក។

សវនាការ​របស់​សាលាឧទ្ធរណ៍​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​កត់ត្រា​ នៅ​ក្នុង​ដំណើរការ​សាកសួរ​ទេ។ ​ក៏ប៉ុន្តែ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ថត​រូប​មក​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​បាន​ផ្តិត​យក​រូបភាព​ និង​កត់ត្រា​តាំង​ពី​ការ​ចាប់​ផ្តើម​រហូត​ដល់​ចប់។

បន្ទាប់​ពី​បាន​បើក​សវនាការ​សួរ​ដេញដោល​ពេញ​មួយ​រសៀល​ថ្ងៃ​ពុធ​នេះ​ ដែល​មាន​វត្តមាន​ជន​ជាប់​ចោទ​តុប ច័ន្ទ​សេរីវុធ និង​គូកន​ពីរ​នាក់​ផ្សេង​ទៀត។ ​លោក ​ប៉ុល ​សំអឿន​ ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលាឧទ្ធរណ៍​បាន​មាន​ប្រសាសន៍​ថា​ សាលក្រម​ចំពោះ​សំណុំរឿង​នេះ ​និង​ប្រកាស​នៅ​ថ្ងៃ​ទី​១៤ ​ខែ​មិនា​ខាង​មុន​នេះ។

លោក ​តុប ​ច័ន្ទសេរីវុធ ​អតីត​ព្រះរាជអាជ្ញា​ខេត្ត​ពោធិ៍សាត់ ​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគា​រយៈពេល​១៩​ឆ្នាំ​ពី​បទ​ស៊ីសំណូក ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ និង​ចាប់​ជំរិត។

សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់​ ក៏​បាន​សម្រេច​ផ្តន្ទាទោស​អ្នក​បើកបរ​រថយន្ត​របស់​លោក​ចំនួន​ពីរ​រូប​ផ្សេង​ទៀត ​គឺ​លោក​ឈិត ​វុទ្ធី​ ឲ្យ​ជាប់​ពន្ធនាគា​រយៈពេល​១៦​ឆ្នាំ ​និង​លោក​ រស់ ​សំណាង ​ឲ្យ​ជាប់​ពន្ធនាគា​រយៈពេល​១៥​ឆ្នាំ ​ក្រោម​បទ​ចោទ​ប្រកាន់​ដូច​គ្នា​នេះ​ដែរ។

តុលាការ​ក៏​ចេញ​ដីកា​បង្គ្រាប់​ឲ្យ​ចាប់​ខ្លួន ​លោក ​ពេជ ​កុងយូ ​ត្រូវ​ជា​ប្អូន​ថ្លៃ​លោក ​តុប ​ច័ន្ទសេរីវុធ ​ដែល​ពេល​នេះ​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ។

នៅ​ក្នុង​អង្គសវនាការ​បាន​សួរ​ដេញដោល ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ទទួល​សំណូក​ នូវ​ចំនួន​ទឹក​ប្រាក់​ប្រមាណ​ជាង​៣.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក ​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ជន​ល្មើស​ពីរ​រូប​ ដែល​ពាក់ព័ន្ធ​នឹង​ការ​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់។

​កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​មិថុនា ​ឆ្នាំ​២០១១​ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ពោធិ៍សាត់ ​បាន​ចាប់​រថយន្ត​សម្តែង​សិល្បៈ​ល្ខោន​មួយ​ មក​ពី​ខេត្ត​កំពង់ចាម​ ដោយ​ដឹក​បង្កប់​ឈើក្រញូង។ ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​ពីរ​រូប​បាន​បង់ប្រាក់​ធានា​ចំនួន​៣.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ ជា​ថ្នូរ​នឹង​ការ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក ​តុប ​ច័ន្ទសេរីវុធ ​បាន​ថ្លែង​ប្រាប់​នៅ​ក្នុង​អង្គសវនាការ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​នោះ ​លោក​ និង​ភរិយា​របស់​លោក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទទួល​សំណូក​ទេ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត ​បន្ទាប់​ពី​បញ្ចប់​សវនាការ​លោក ​តុប ​ច័ន្ទសេរីវុធ​បាន​ស្នើសុំ​ឲ្យ​សាលា​ឧទ្ធរណ៍​លើកលែង​ការ​ចោទ​ប្រកាន់។

«សុំ​សំណូមពរ​ផ្លូវ​ច្បាប់​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​តែ​ប៉ុណ្ណឹង​ទេ។ ​សុំ​ឲ្យ​ពិចារណា​លើ​ខ្លឹមសារ​ ពាក្យ​ពេចន៍​ទាំង​សាក្សី​ក្តី ​ទាំង​ជនរងគ្រោះ​ឆ្លើយ​បំភ្លឺ​ក្តី​តុលាការក្តី។ ​សុំ​ឲ្យ​ពិចារណា ​ថា​តើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស ​ឬ​ក៏​អត់​ តែ​ប៉ុណ្ណឹង​ទេ»។

លោក ​គា ​ឆាយ ​មេធាវី​កាពារក្តី​លោក​ តុប ​ច័ន្ទសេរីវុធ​ បាន​និយាយ​ថា​លោក​សង្ឃឹម​ថា​សាលា​ឧទ្ធរណ៍ ​និង​រក​យុត្តិធម៌​ចំពោះ​កូនក្តី​របស់​លោក។

«ប្រសិន​បើ​គាត់​បាន​បញ្ជា​មែន​ហ្នឹង​ណា៎ ​ក៏​វា​មិនមែន​ជា​ការ​ប្រព្រឹត្តិ​បទល្មើសដែរ​ ដោយសារ​តែ​ការ​ដែល​គាត់​បញ្ជា​ក្នុង​នាម​គាត់​ជា​ព្រះរាជអាជ្ញា»។

លោក ​ឃៀង ​សេង ​អនុប្រធាន​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ចំពោះ​អ្នក​កាសែត​ទេ ​ដោយ​លោក​គ្រាន់​តែ​បាន​និយាយ​ថា។

«យើង​ស្តាប់​នៅ​ក្នុង​សវនាការ​ទាំង​អស់​គ្នា​ យើង​យល់​យ៉ាងម៉េច​ គឺ​ជា​រឿង​មួយ​ ដែល​ទាក់ទង​នឹង​សមត្ថកិច្ច​របស់​តុលាការ។ ​យើង​ឃើញ​ថា​តុលាការ​គាត់​ធ្វើ​ត្រឹមត្រូវ​តាម​នីតិ​វិធី​របស់​គាត់។​ អញ្ចឹង​អង្គភាព​ឥត​មាន​អ្វី​ដែល​ត្រូវ​បកស្រាយ​ទៀត​ទេ»។

បើ​ទោះ​បី​ជា​មាន​ការ​ស្នើសុំ​ឲ្យ​លើកលែង​ទោស​លោក ​តុប ​ច័ន្ទសេរីវុធ ​យ៉ាង​ណា​ក៏ដោយ​ ក៏​តំណាង​ឲ្យ​អយ្យការ​នៃ​សាលាឧទ្ធរណ៍​ បាន​ទទូច​ឲ្យ​តុលាការ​ដម្កល់​សាលក្រម​របស់​សាលាដំបូង​ ខេត្ត​ពោធិ៍សាត់​ឲ្យ​នៅ​ដដែល៕

This posting includes an audio/video/photo media file: Download Now

មេគុក​ទួល​ស្លែង​នឹង​ផ្តល់​សក្ខីកម្ម​ប្រឆាំង​នឹង​អតីត​មេ​របស់​ខ្លួន

Posted: 22 Feb 2012 04:45 PM PST

ឌុច​អតីត​មេ​គុក​ទួលស្លែង​ឬ​មន្ទីរ​ ស​២១ ​ដែល​ទើប​នឹង​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​សំណុំរឿង​០០១ ​នឹង​ត្រូវ​កោះហៅ​ឲ្យ​ធ្វើ​ជា​សាក្សី​ប្រឆាំង​ នឹង​អតីត​មេដឹកនាំ​ជាន់ខ្ពស់​បំផុត​នៃ​របប​ខ្មែរក្រហម​ក្នុង​សំណុំរឿង​០០២។ ​នេះ​បើ​តាម​ឯកសារ ​និង​ប្រភព​ពី​មន្ដ្រី​ផ្លូវការ​របស់​សាលាក្ដី​ខ្មែរក្រហម​បញ្ជាក់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ។

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​លោក​ចៅក្រម ​និល ​ណុន ​ប្រធាន​អង្គជំនុំ​ជម្រះ​សាលាដំបូង​ ដែល​ត្រូវ​បាន​ចែកចាយ​ជា​សាធារណៈ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​បាន​បង្ហាញ​ថា ​ឌុច​ ដែល​មាន​ឈ្មោះ​ដើម ​​កាំង ​ហ្កេកអ៊ាវ​ នឹង​ត្រូវ​ផ្ដល់​សក្ខីកម្ម​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​រដ្ឋបាល​និង​ប្រព័ន្ធ​ទំនាក់ទំនង​ការងារ​រួម​ទាំង​តួនាទី​របស់​ជន​ជាប់​ចោទ​អៀង ​សារី ​ខៀវ ​សំផន ​និង​ នួន ជា។

លោក ​នេត្រ​ ភក្ដ្រា ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​ថា ​ឌុច ​គឺ​ជា​សាក្សី​សក្ដានុពល​ម្នាក់​សម្រាប់​សំណុំរឿង​០០២។

«ឯកសារ​មួយ​ចំនួន​ដែល​សហ​ព្រះរាជអាជ្ញា​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​ជន​ជាប់ចោទ​ក្នុង​សំណុំរឿង​០០២ ​គឺ​យក​ចេញ​ពី​ចម្លើយ​របស់ ​ឌុច។ ​ហើយ​គុក​ទួលស្លែង​ គឺ​ជា​គុក​មួយ​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​បក្ស​កុម្មុយនិស្ដ​កម្ពុជា។ ​ដូច្នេះ​ការផ្ដល់​សក្ខីកម្ម​របស់ ​ឌុច ​ក្នុង​សំណុំរឿង ​០០២ ​នេះ​គឺ​ពិត​ជា​មាន​សារៈសំខាន់»។

 

ឌុច ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ការ​ធ្វើ​ទារុណកម្ម ​និង​មនុស្ស​ឃាត។ ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ​កន្លង​ទៅ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​ នៃ​សាលាក្ដី​ខ្មែរក្រហម​បាន​ប្រកាស​សាលដីកា​ផ្ដន្ទាទោស ​ឌុច ​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដោយ​បាន​រក​ឃើញ​ថា ​ឌុច ​មាន​ទោស​កំហុស​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​អ្នក​ទោស​យ៉ាង​តិច​ ១២.៣៨០ ​នាក់។

នៅ​ក្នុង​ប្រតិចរិក​របស់​អង្គជំនុំជម្រះ​សាលាដំបូង​កាល​ពី​ខែ​មិនា ​ឆ្នាំ​២០០៩ ​ឌុច ​បាន​និយាយ​ក្នុង​សវនាការ​ថា ​មេ​ធំ​របស់​គាត់​គឺ​ជា ​បង​ធំ​ទី​២ ​ដែល​គេ​ស្គាល់​ថា ​គឺ​នួន ​ជា។ ​ហើយ​បង​ធំ​ទី​២ ​បាន​ដាក់​បញ្ជា​ឲ្យ​គាត់​យក​អ្នកទោស​ទាំង​អស់​ទៅ​កាន់​បឹង​ជើងឯក ​ដែល​ជា​ទីលាន​សម្រាប់​សម្លាប់​អ្នកទោស​ពី​គុក​ទួលស្លែង។

យ៉ាង​ណា​ក៏​ដោយ ​ទាំង​នួន​ ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម ​ទាំង​ខៀវ ​សំផន ​អតីត​ប្រមុខរដ្ឋ​ និង​អៀង ​សារី ​អតីត​ឧបនាយក​រដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ នៃ​របប​ខ្មែរក្រហម​សុទ្ធ​តែ​មិន​បាន​ទទួល​យក​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​ ឬ​ការ​សម្លាប់​ណាមួយ​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ជាង​១,៧​លាន​នាក់ ​ក្នុង​ពេល​ដែល​ពួក​គេ​កាន់កាប់​អំណាច​នោះ​ទេ។

លោក ​ឆាំង ​យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ដែល​ជា​មជ្ឈមណ្ឌល​ប្រមូល​ផ្ដុំ​នូវ​ឯកសារ​ពី​របប​ខ្មែរ​ក្រហម​ជា​ច្រើន​បាន​បញ្ជាក់​ថា ​ឌុច​គឺ​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​រូប​ដែល​ចម្លង​ការ​ទាក់​ទង​ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់​ដឹកនាំ​កំពូល។

«គាត់​នៅ​ជា​ចំណុច​ផ្សា​ភ្ជាប់​រវាង​រឿង​ដែល​បាន​កើត​ឡើង​នៅ​ថ្នាក់​ក្រោម​ និង​អ្វី​ដែល​បាន​បញ្ជូន​ឡើង​ទៅ​ថ្នាក់​លើ។​ ឧទាហរណ៍​ដូច​ជា​ចម្លើយ​សារភាព​មួយ​ចំនួន​ គឺ​គាត់​ គឺ​ជា​អ្នក​ចារ​ទៅ​កាន់​គណៈ​មជ្ឈិម​បក្ស​ នៃ​បក្សកុម្មុយនិស្ដ​កម្ពុជា​និង​មេដឹកនាំ​ជាន់​ខ្ពស់​មួយ​ចំនួន។​ ដូច្នេះ​ គាត់​ជា​សន្លាក់​ផ្សារ​ភ្ជាប់​ពី​រឿង​ ដែល​បាន​កើត​ឡើង​នៅ​ខាង​ក្រោម​ និង​ការ​ដឹង​ឮ​របស់​ថ្នាក់​លើ»។

អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​បាន​ផ្អាក​ដំណើរការ​កាត់ទោស​សំណុំរឿង​០០២ ​កាល​ពី​សប្ដាហ៍​មុន​ ហើយ​ត្រៀម​នឹង​បន្ដ​ការកាត់ទោស​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១២ ​ខែ​មិនា ​ខាង​មុខ​នេះ។

បើ​យោង​តាម​សេចក្តី​ជូនដំណឹង​ដល់​ភាគី​នានា​របស់​លោក​ចៅក្រម ​និល ​ណុន ​អង្គជំនុំជម្រះ​សាលា​ដំបូង​គ្រោង​នឹង​សា្ដប់​ការ​ផ្ដល់​សក្ខីកម្ម​ពី​រចនាសម្ព័ន្ធ​រដ្ឋបាល​មជ្ឈិមបក្ស​កុម្មុយនិស្ដ​កម្ពុជា ​និង​រចនា​សម្ព័ន្ធ​នៃ​ក្រសួង​នានា​របស់​ពួក​ខ្មែរក្រហម​ដូចជា​ក្រសួង​ការបរទេស​របស់ ​អៀង ​សារី ​ដែល​គ្រប​ដណ្ដប់​លើ​មន្ទីរ​ ប ១ ​ឬ​គុក​បឹងត្របែក​ផងដែរ​ រចនាសម្ព័ន្ធ​ក្រសួង​ពាណិជ្ជកម្ម ​ក្រសួង​ឃោសនា​ការ​អប់រំ​នយោបាយ ​និង​រចនា​សម្ព័ន្ធ​ដឹកនាំ​របស់​ពួក​ខ្មែរក្រហម​ដល់​ថ្នាក់​មូលដ្ឋាន​ទៀត​ផង។

លោក​ចៅក្រម ​និល ​ណុន ​បាន​បង្ហាញ​ទៀត​ថា ​សាក្សី ​និង​អ្នក​ជំនាញ​សរុប​ចំនួន​៥៩​រូប ​នឹង​ត្រូវ​កោះអញ្ជើញ​ឲ្យ​ផ្ដល់​សក្ខីកម្ម ​លើកលែង​តែ​សាក្សី​និង​អ្នក​ជំនាញ​ចំនួន​ប្រាំមួយ​រូប​ដែល​នឹង​ត្រូវ​ផ្ដល់​សក្ខីកម្ម​ទាក់ទង​នឹង​ជន​ជាប់​ចោទ​អៀង​ ធីរិទ្ធ ​នឹង​ត្រូវ​ផ្អាក​មួយរយៈ​សិន​ ដោយសារ​តែ​អៀង ​ធីរិទ្ធ​ ដែល​ជា​ជន​ជាប់​ចោទ​ម្នាក់​ដែរ​ក្នុង​សំណុំរឿង​០០២ ​មិន​ត្រូវ​បាន​នាំ​ខ្លួន​យក​មក​កាត់ទោស​ទេ។​ មូលហេតុ ​គឺ​ដោយសារ​បញ្ហា​សុខ​ភាព​ធ្ងន់ធ្ងរ​របស់​គាត់៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!