VOA News: ព័ត៌មាន: “អូបាម៉ា​ត្រូវ​បាន​រិះគន់​អំពី​តម្លៃ​ប្រេង​ខ្ពស់” plus 3 more

VOA News: ព័ត៌មាន: “អូបាម៉ា​ត្រូវ​បាន​រិះគន់​អំពី​តម្លៃ​ប្រេង​ខ្ពស់” plus 3 more


អូបាម៉ា​ត្រូវ​បាន​រិះគន់​អំពី​តម្លៃ​ប្រេង​ខ្ពស់

Posted: 24 Feb 2012 09:57 AM PST

ពេល​តម្លៃ​ប្រេង​នៅ​អាមេរិក​ឡើង​ថ្លៃ​ខ្លាំង​បំផុត​ក្នុង​ខែ​កុម្ភៈ​នេះ លោក​ប្រធានាធិបតី ស.រ.អ. បារ៉ាក់​អូបាម៉ា នឹង​ថ្លែង​សុន្ទរកថា​អំពី​ថាមពល​នៅ​ក្រុង​មៃអាមី ​និង​ផ្លរីដា។​លោក​ប្រធានាធិបតី អូបាម៉ា ត្រូវ​បាន​រិះគន់​ដោយ​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណ​បក្ស​សាធារណរដ្ឋ​ថា បាន​ធ្វើ​ឲ្យ​រាំងស្ទះ​ការ​សាង​សង់​បំពង់​ប្រេង​ដ៏​វែង​នៅ ស.រ.អ. ភាគ​ខាងលិច។ មន្ត្រី​រដ្ឋបាល​លោក អូបាម៉ា បាន​ឆ្លើយ​តប​វិញ​ថា លោក​ប្រធានាធិបតី​បាន​ប្រឹងប្រែង​បង្កើន​ផលិតកម្ម​ប្រេង​ក្នុង​ស្រុក ហើយ​ថា តម្លៃ​ប្រេង​ឡើង​ខ្លាំង​គឺ​ដោយ​សារ​ស្ថាន​ភាព​តាន​តឹង​នៅ​មជ្ឈឹមបូព៌ា មិនមែន​ជា​កំហុស​នៅ ស..រ.អ. ទេ។

លោក​ប្រធានាធិបតី​នឹង​ទៅ​ទស្សនា​មណ្ឌល​វាយ​តម្លៃ​ឧស្សាហកម្ម​នៅ​សាកល​វិទ្យា​ល័យ ​មៃអាមី​ ដែល​មាន​សិស្ស​រៀន​ខាង​ជំនាញ​ថាមពល​កកើត​ឡើងវិញ។ លោក​ប្រធានាធិបតី​ក៏​នឹង​ចូលរួម​ការ​ប្រមូល​មូលនិធិ​នៅរដ្ឋ មៃអាមី និង​អូឡេនដូ​ មុន​ពេល​លោក​វិល​មក​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ​នៅ​ថ្ងៃ​សុក្រ​នេះ​ផង​ដែរ។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត៖

សូម៉ាលី៖ មន្ត្រី​សូម៉ាលី​និយាយ​ថា ការ​វាយ​ប្រហារ​តាម​អាកាស​បាន​សម្លាប់​សកម្មជន​អាល់ ស្សាបាប (al-Shabab) ចំនួន​បួន​នាក់ ដែល​ទាក់ទង​នឹង​ក្រុម អាល់ កៃដា (al-Qaida) ក្នុង​ប្រទេស​សូម៉ាលី​ភាគ​ខាងត្បូង។

អាហ្វហ្គានីស្ថាន៖ ប្រទេស​អាហ្វហ្គានីស្ថាន​ប្រុងប្រៀប​ខ្លួន​នៅ​ថ្ងៃសុក្រ​នេះ ត្រៀម​សម្រាប់​ការ​បាតុកម្ម​ហិង្សា​ប្រឆាំង​អាមេរិក​ចូល​ដល់​ថ្ងៃ​ទី​៤ ដែល​ជា​បាតុកម្ម​ប្រឆាំង​នឹង​ការ​ដុត​គម្ពីរ​គូរ៉ាន​នៅ​ការិយាល័យ​របស់​អង្គការ​អូតង់។ មាន​មនុស្ស​ស្លាប់​យ៉ាងតិច​១៣​នាក់ក្នុង​បាតុកម្ម​នានា តាំងពី​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​អង្គារ។

<!--IMAGE-RIGHT-->

បារាំង៖ ប៉ូលិស​បារាំង​បាន​ដោះលែង​លោក ដូមីមិច ស្ត្រាស ខាន (Dominique Strauss Kahn) អតីត​ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ IMF ​ក្រោយ​ពី​បាន​សាកសួរ​លោក​ពីរ​ថ្ងៃ​អំពី​ក្រុម​ពេស្យាកម្ម​មួយ។

បាគីស្ថាន៖ មន្ត្រី​បាគីស្ថាន​នៅ​ភាគ​ឥសាន​និយាយ​ថា អ្នក​ដាក់​គ្រាប់បែក​អត្តឃាត បានវាយ​ប្រហារ​ស្ថានីយ៍​ប៉ូលិស សម្លាប់​ប៉ូលិស​យ៉ាងតិច​៣​នាក់ និង​ធ្វើ​ឲ្យ​របួស​៧​នាក់​ទៀត។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ជម្លោះរឿងគម្ពីរកូរ៉ាន​នៅ​អាហ្វហ្គានីស្ថាន​សម្លាប់​មនុស្ស​២​នាក់

Posted: 24 Feb 2012 12:14 AM PST

មន្រ្តី​អង្គការ​អូតង់​និយាយ​ថា​ បុគ្គល​ម្នាក់​ស្លៀក​ឯកសណ្ឋាន​យោធា​អាហ្វហ្គានីស្ថាន​បាន​បាញ់​ស្លាប់​ទាហាន​កងទ័ព​ចម្រុះ​ពីរ​នាក់​នៅ​ក្នុង​ភាគ​ខាង​កើត​នៃ​ប្រទេស នៅ​ក្នុង​បាតុកម្ម​មួយ​ដែល​បាន​ផ្ទុះ​ឡើង​ពាស​ពេញ​ប្រទេស​អំពី​រឿង​ដុត​គម្ពីរ​ កូរ៉ាន (Quran) នៅ​ក្នុង​បន្ទាយ​មួយ​របស់​ អូតង់។​

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បាន​ផ្ញើ​លិខិតសុំ​អភ័យទោស​តាម​ផ្លូវ​ការ​ចំពោះ​ឧបទវហេតុ​នេះ​ដោយរៀប​រាប់​ថា​ «គម្ពី​សាសនា​កូរ៉ាន​ត្រូវ​បាន​រក្សា​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​អចេតនា»។

លោកណាហ្ស៊ីហ្វ សាហរ៉ានី អ្នក​វិភាគ​​អាស៊ី​ខាង​ត្បូង​​ នៅ​សាកលវិទ្យាល័យ​ Indiana​ University​ បាន​ប្រាប់​វីអូអេ​ថា​ បាតុកម្ម​នេះ​គឺ​មាន​ប្រឆាំង​លើស​ពី​ឧបទវហេតុ​មួយ​នេះ​ទៅ​ទៀត។ លោក​បន្ត​​ថា​ប្រជាជន​មាន​កំហឹង​និង​ការ​ខក​ចិត្ត ដោយ​មើល​ឃើញ​ថា​សហរដ្ឋអាមេរិកមិន​គោរព​ពាក្យ​សន្យា​ ហើយ​ថា​ពាក្យ​សន្យា​ទាំង​អស់​ជា​ការ​ភូត​កុហក។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

<!--IMAGE-LEFT-->

សៀហៃតុលាការ​មួយ​នៅ​ក្រុង​ សៀហៃ បាន​ច្រាន​ចោល​ពាក្យ​បណ្តឹង​រដ្ឋបវេណី​មួយ​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​អាបផល អីងស៍ Apple, Inc.​ កាល​ពី​ថ្ងៃ​ព្រហស្បត៍​ ដោយ​និយាយ​ថា​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​ នៅ​ក្នុង​ជម្លោះ​រឿង​និក្ខិត្តសញ្ញា​ហៅ​ Trademark​ នោះ​ទេ។ មហា​ក្រុមហ៊ុន​កុំព្យូទ័រ​ របស់​សហរដ្ឋអាមេរិកនេះអាច​បន្ត​លក់​ iPad​ នៅ​ក្នុង​ទី​ក្រុង​នេះ​ត​ទៅ​ទៀត​បាន។

សូម៉ាលី៖ មេ​ដឹកនាំ​ពិភពលោក​ បាន​ប្រជុំ​គ្នា​នៅ​ក្រុងឡុងដ៍ កាល​ពី​ថ្ងៃ​ព្រហស្បត៍​ នៅ​ក្នុង​សន្និសីទ​មួយ​ថ្ងៃ​ ដើម្បី​ជួយ​ធ្វើ​ឲ្យ​មាន​ស្ថេរភាព​នៅសូម៉ាលី ដោយ​មាន​ការ​ប្រមាន​ថា ពិភពលោក​នឹង​«ទទួល​ការ​បង់​ខាត»​ បើ​សិន​មិន​ជួយ​ប្រទេស​នេះ ឲ្យ​ចេញ​ផុត​ពី​អំពើ​ហិង្សា​ ភាព​រាំង​ស្ងួត​ និង​ភាព​ក្រី​ក្រ​ក្នុង​រយៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នេះ​ទេ។

អ៊ីរ៉ាក់៖ ការ​វាយ​ប្រហារ​ដោយ​មាន​ការ​ទម្លាក់​គ្រាប់​បែក ​រួម​ផ្សំ​ជាមួយ​ការ​បាញ់​គ្នានៅ​ពាស​ពេញ​ប្រទេសលើ​ទិស​ដៅ​ភាគ​ច្រើន​របស់​ជន​ជាតិ​មូស្លីម​ស៊ីអ៊ីត (Muslim​ Shi'ite) បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៥៥នាក់​ និង​ធ្វើ​ឲ្យ​របួស​មនុស្ស​ជាង​២២៥​នាក់​ទៀត​ នៅ​ក្នុង​អំពើ​ហិង្សា​ដ៏​បង្ហូរ​ឈាម​ខ្លាំង​បំផុត​មួយ​ ចាប់​តាំង​ពី​កង​ទ័ពអាមេរិក ​បាន​ដក​ថយ​ចេញ​ពី​ប្រទេស​នេះ​កាល​ពី​ខែ​ធ្នូ​មុន។​

ស៊ីរី៖ រថក្រោះ​ស៊ីរី​បាន​លើក​ចូល​ទៅ​ក្នុង​សង្កាត់​ដែល​ពួក​ឧទ្ទាម​កាន់​កាប់​នៃ​ទី​ក្រុង​ហោមស៍ (Homs)​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍នេះ​ នៅ​ពេល​ដែល​ការ​ស៊ើប​អង្កេត​មួយ​របស់​អង្គការ​សហប្រជាជាតិ​និយាយ​ថា​ មេ​ដឹកនាំ​ស៊ីរី​ «នៅ​ថ្នាក់​ខ្ពស់​បំផុត»​ អាច​ប្រឈម​មុខ​នឹង​ការ​ស៊ើប​អង្កេត​អំពី​រឿង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។​

សហរដ្ឋអាមេរិក៖ ទាហាន​ ម៉ារ៉ីន​អាមេរិកាំង​៧​នាក់​បាន​ស្លាប់​នៅ​ក្នុង​វាល​ខ្សាច់នៅភាគ​និរតី បន្ទាប់​ពី​ឧទ្ធម្ភាកចក្រ​របស់​ពួក​គេ​បើក​បុក​គ្នា​ នៅ​ក្នុង​សមយុទ្ធ​ហ្វឹក​ហ្វឺន​មួយ​នៅ​ពេល​យប់ នៅ​ក្នុង​សាល​សមយុទ្ធ​ឈ្មោះ​ យូម៉ា (Yuma​ Training​ Range​ Complex) ដែល​លាត​សន្ធឹង​តាម​ព្រំដែន​វាល​ខ្សាច់​រវាង​រដ្ឋ​កាលីហ្វញ៉ានិង​អារីហ្សូណា។

សហរដ្ឋអាមេរិក៖ បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​ រីខ សានតូរ៉ាម់ និង​ លោក មីទ រ៉ូមនី កំពុង​ ប្រឈម​មុខ​និង​ការ​ប្រកួត​កៀក​គ្នា​បំផុតនៅ​ក្នុង​រដ្ឋ​មីឆីកែន (Michigan) ​ក្រោម​ការ​ស្ទង់​មតិ​ជា​មធ្យម​នៅ​រដ្ឋ​នេះ ដោយបង្ហាញ​ថា​លោក​សានតូរ៉ាម់ ទទួល​សម្លេង​គាំទ្រ​ ៣៣.៨%​ និង​លោក​ រ៉ូមនី ទទួល​សម្លេង​គាំទ្រ​ ៣៣.២% និង​អ្នក​ដទៃ​មាន​សម្លេង​គាំទ្រ​តិច​តួច​នៅ​ឆ្ងាយ​ពី​ក្រោយ។

ភូមា៖ មេ​ដឹកនាំ​ប្រជាធិបតេយ្យ​ភូមា​ លោក​ស្រី​ អង់សានសូជី (Aung San Suu Kyi)​ បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​ នៅ​ក្រៅ​រដ្ឋធានី​ ម៉ៃអ៊ីកយីណា (My-ik-yi-na) នៃ​រដ្ឋ​ ខាឆីន (Kachin) នៃ​ភាគ​ខាង​ជើង​ប្រទេសកាល​ពី​ថ្ងៃ​ព្រហស្បត៍​នេះ។

ភូមា៖ អគ្គភ័យ​ដ៏​ធំ​មួយ​បាន​ឆាប​ឆេះ​ក្នុង​ជុំរំ​ជន​ភៀស​ខ្លួន​ភូមា​មួយ​ ឈ្មោះ​ អឺផៀន ម៉ៃ (Umpien​ Mai) នៅ​តាម​ព្រំដែន​ក្នុង​ប្រទេស​ថៃ​ភាគ​ខាង​លិច​ បំផ្លាញ​ផ្ទះ​សង់​បណ្តោះ​អាសន្ន​អស់​ជា​ច្រើន​រយ​ខ្នង ដែល​ជា​ទី​ស្នាក់នៅ​របស់​ជន​ភៀស​ខ្លួន​ដែល​គេច​ចេញ​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​ភូមា​ រវាង​កងទ័ព​រដ្ឋាភិបាល​និង​ពួក​ឧទ្ទាម​បំបែក​ខ្លួន​ នៅ​ក្នុង​រដ្ឋ​ ខារែន (Karen)។

<!--AV-->

This posting includes an audio/video/photo media file: Download Now

សមាជិក​សភា​អាមេរិកស្នើ​ឱ្យ​​យក​ចិត្ត​ទុក​ដាក់​ដល់​សំឡេង​បក្ស​ប្រឆាំង

Posted: 23 Feb 2012 06:00 PM PST

សមាជិក​សភា​សហរដ្ឋ​អាមេរិក​មួយ​រូប​បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ពង្រឹង​បន្ថែម​នូវ​តួនាទី​របស់​គណបក្ស​ជំទាស់​ក្នុង​ប្រទេស​ស្របពេល​ដែល​មន្រ្ដី​គណបក្ស​បក្ស​ជំទាស់​អះអាង​ពី​ការ​គាបសង្កត់​ពី​សំណាក់​គណបក្ស​គ្រប់គ្រង​អំណាច។

លោកស្រី ​នីគី ​សុងហ្គាស ​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋម៉ាសាឈូសេត​ មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​រាជធានី​ភ្នំពេញ ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​ប្រៀបធៀប​គណបក្ស​ជំទាស់​នៅ​សហរដ្ឋ​អាមេរិក​និង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

«វា​ជា​ការណ៍​សំខាន់​ណាស់​សម្រាប់​គណបក្ស​ជំទាស់​ក្នុង​ការ​ដែល​គណបក្ស​នេះ​មាន​ជីវភាព​នយោបាយ​រឹងមាំ​នៅ​ក្នុង​ប្រទេស​ណាមួយ​ក៏​ដោយ។​ ខ្ញុំ​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​មតិ​ភាគ​តិច​នៅ​ក្នុង​សភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ។ ​ជា​រៀងរាល់​ថ្ងៃ​ យើង​ពិភាក្សា​គ្រប់​មធ្យោបាយ​អំពី​អនាគត​ប្រទេស​របស់​យើង។ ​ដូច្នេះ​ខ្ញុំ​គិត​ថា ​ជា​ទូទៅ ​និង​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ទាំងអស់​ វា​មាន​សារៈសំខាន់​ណាស់​ដែល​សំឡេង​របស់​គណបក្ស​ជំទាស់​ត្រូវ​គេ​ទទួល​យក​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើការ​សម្រេច​ចិត្ត​របស់​ពួក​គេ​បាន»។

លោកស្រី​សមាជិក​សភា​អាមេរិក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​បន្ទាប់​ពី​លោកស្រី​បាន​ជួប​ជាមួយ​មន្ដ្រី​រដ្ឋាភិបាល​កម្ពុជា ​ក្រុម​អ្នក​ជំនួញ​ ក្រុម​មន្ដ្រី​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល ​និង​ក្រុម​មន្ដ្រី​គណបក្ស​ជំទាស់​ក្នុង​ក្របខណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​ការងារ​របស់​លោកស្រី​ចំនួន​មួយ​សប្ដាហ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ហើយ​លោកស្រី​គ្រោង​នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅ​យប់​ថ្ងៃ​សៅរ៍​នេះ។

លោក ​សុន ​ឆ័យ ​ប្រធាន​ក្រុម​តំណាងរាស្ដ្រ​គណបក្ស​ជំទាស់​សម ​រង្ស៊ី ​ដែល​សម្បូរ​វោហា​បាន​យល់ស្រប​ទៅ​នឹង​ការលើក​ឡើង​របស់​លោកស្រី​ នីគី ​សុងហ្គាស។ ​លោក​ សុន ​ឆ័យ ​ក៏​បាន​ត្អូញត្អែរ​ពី​ការ​ព្រងើយ​កន្ដើយ​និង​ការ​គាបសង្កត់​របស់​គណបក្ស​កាន់អំណាច​លើ​គណបក្ស​របស់​លោក។

«សមាជិក​សភា​គណបក្ស​ប្រឆាំង​ តែង​ត្រូវ​គេ​ដក​អភ័យ​ឯកសិទ្ធិ​យ៉ាង​ងាយ​មិនសូវ​មាន​មូលហេតុ​អី​ត្រឹមត្រូវ។ ​ហើយ​លិខិត​ជា​សំណួរ​ដែល​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី ​ផ្ញើ​ទៅ​ឲ្យ​រាជរដ្ឋាភិបាល​ភាគច្រើន​មិន​ឆ្លើយតប។ ​ការឆ្លើយ​តប​ខ្លះ​នោះ ​ពេល​ខ្លះ​នោះ​មិន​សមស្រប​ទៅ​តាម​គោលការណ៍ ​រដ្ឋធម្មនុញ្ញ​ទៀត»។

ផ្ទុយ​ទៅ​វិញ ​លោក​ជាម ​យៀប ​តំណាងរាស្ដ្រ​ចំណាស់​បី​ទសវត្សរ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​បាន​ពន្យល់​ផ្សេង​ពីនេះ។

«រដ្ឋសភា ​ក៏​ដូច​ជា​គណបក្ស​ដែល​កំពុង​តែ​កាន់​អំណាច ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ យើង​ឥត​មាន​ចង្អៀត​ចង្អល់ ​ឬ​ក៏​រើសអើង​អី​ទេ។ ​កន្លង​ទៅ​យើង​ឃើញ​ថា ​គណបក្ស​ដែល​ជាប់​ឆ្នោត​ក្នុង​រដ្ឋសភា​ តែងតែ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​អំពាវនាវ​ចូល​រួម»។
កាល​ពី​ក្នុង​ជំនួប​ជាមួយ​លោកស្រី​ នីគី ​សុងហ្គាស ​គណបក្ស​ជំទាស់​សម​ រង្ស៊ី ​បាន​ស្នើសុំ​ឲ្យ​លោកស្រី​ជួយ​ជជែក​ពិភាក្សា​ជាមួយ​មន្ដ្រី​រដ្ឋាភិបាល​ដើម្បី​ស្វែងរក​លទ្ធភាព​ឲ្យ​លោក​សម ​រង្ស៊ី ​ធ្វើ​មាតុភូមិ​និវត្តន៍​មក​ចូលរួម​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​នេះ​បាន។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រយៈពេល​ជាង ​២០​នាទី ​លោកស្រី​ នីគី ​សុងហ្គាស ​បាន​ថ្លែង​គាំទ្រ​វត្តមាន​របស់​លោក​សម ​រង្ស៊ី ​នៅ​ក្នុង​ប្រទេស។ ​ក៏ប៉ុន្ដែ​លោកស្រី​បញ្ជាក់​ថា ​លោកស្រី ​មិន​បាន​លើក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ខ្មែរ​ទេ។ ​មេដឹកនាំ​គណបក្ស​ជំទាស់​បាន​និរទេស​ខ្លួន​ដោយ​ស្ម័គ្រចិត្ត​ទៅ​ក្រៅ​ប្រទេស​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ និង​ផ្ដន្ទាទោស​ដោយ​តុលាការ​ខ្មែរ។

ជាមួយ​គ្នា​នេះ​លោកស្រី ​នីគី ​សុងហ្គាស ​ក៏​បាន​លើក​ពី​កង្វល់​ពី​អំពើ​ពុករលួយ​និង​តម្លាភាព​របស់​ក្រុម​អ្នក​ជំនួញ​ ដែល​លោកស្រី​បាន​ជួប​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ។ ​យ៉ាងណា​ក៏​ដោយ​ លោកស្រី​បាន​ថ្លែង​ជា​សរុប​ថា ​ប្រទេស​កម្ពុជា​ជា «ប្រទេស​វ័យក្មេង» ប៉ុន្ដែ​ពោរពេញ​ទៅ​ដោយ «សុទិដ្ឋិនិយម»៕

This posting includes an audio/video/photo media file: Download Now

សំណុំរឿង​០០៣​និង​០០៤​មិន​មាន​ភាព​ច្បាស់លាស់​តែ​មាន​ក្នុង​សំណើ​ថវិកា

Posted: 23 Feb 2012 03:54 PM PST

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​បញ្ចូល​សំណុំ​រឿង​បន្ថែម​០០៣​និង​០០៤​ដ៏​ចម្រូង​ចម្រាស​ក្នុង​សំណើ​សុំ​ថវិកា​របស់​ខ្លួន​ដែល​សុំ​ប្រទេស​ម្ចាស់​ជំនួយ​ក្នុង​ទីក្រុង​ញូវយ៉ក។​ តែ​ពុំ​បាន​បញ្ជាក់​អំពី​ពេល​វេលា​ជាក់លាក់​ពី​ដំណើរការ​សំណុំរឿង​ទាំង​នេះ​ក្នុង​គម្រោងការ​លម្អិត​ដែល​គេ​ដឹង​ថា​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០១៨ ​នោះ​ទេ។​

នៅ​ក្នុង​សំណើ​ថវិកា​សម្រាប់​ឆ្នាំ​២០១២​ដល់​ឆ្នាំ២០១៣​ផ្ញើទៅកាន់​ក្រុមប្រទេស អ្នកផ្តល់ជំនួយ​កាលពីចុងឆ្នាំ​ទៅម្តង​ ហើយនៅពាក់​កណ្តាលខែកុម្ភៈ​ម្តង​នោះ បានបញ្ជាក់​លម្អិត​អំពី​ គម្រោងការ​ចំណាយក្នុង​ចំនួនទឹកប្រាក់​ពី៨៩,៦លាន ទៅ៩២លានដុល្លារ​តាម​ការ​ប្រែប្រួល​របស់​បុគ្គលិក​ កិច្ចការ​នានា​ហើយ​នឹង គម្រោងការ​នានា​របស់​សាលាក្តី​ទាក់ទង​នឹង​សំណុំរឿង​០០២​និង​សំណុំរឿង បន្ថែម​០០៣​និង​០០៤​ដែល​មាន​ជនជាប់ចោទ​៥​នាក់​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម។

«ពេល​វេលា​ប្រាកដ​ប្រជា​សម្រាប់​សំណុំរឿង​០០៣​និង​០០៤ ​អាច​ប៉ាន់​ប្រមាណ បាន​បន្ទាប់​ពី​ការសម្រេច​របស់​អង្គបុរេ​ជំនុំ​ជម្រះ​លើ​ការខ្វែង​គំនិត​គ្នា​នៃ​សហចៅក្រម​ស៊ើប​អង្កេត​ដែល​ត្រូវ​រំពឹង​ថា​ធ្វើការ​សម្រេច​នៅ​ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ​២០១២»។

ប្រទេស​កម្ពុជា​ពុំ​បាន​តែង​តាំង​សហ​ចៅក្រម​ស៊ើប​អង្កេត​បម្រុង​ជនជាតិ​ស្វីស Laurent Kasper-Ansermet ​ដែល​ជ្រើសរើស​ដោយ​អ.ស.ប​នោះ​ទេ។​ ការមិនតែងតាំង​នោះ​ត្រូវគេ​មើល​ឃើញ​ថា​ ទី១​មិន​អាច​ឲ្យ​សហ​ចៅក្រម​ខ្មែរ​សហការ​បាន​ក្នុងការ​បន្ត​ស៊ើបអង្កេត​តាម​ច្បាប់​គតិយុត្តិ។ ទី​២ ​ប៉ះពាល់​ដល់ការ​ចេញ​ដីកា​សន្និដ្ឋាន​ចុងក្រោយ​ទៅកាន់​ចៅក្រម​ជម្រះ​លើ​សំណុំរឿង​បន្ថែម​០០៣ ​និង​០០៤។ ទី​៣ ​​មិនអាច​ឲ្យ​ចៅក្រម​ក្នុង​អង្គបុរេ​យក​សំណើ​ស៊ើបអង្កេត​ណាមួយ​របស់​ចៅក្រម​បម្រុង​ទៅ​ពិចារណា​តែ​ច្រានចោល​ដូច​ដែល​បាន​ធ្វើ​ថ្មីៗ​នេះ​ ទាក់ទង​នឹង​ដំណើរការ​ទៅ​មុខ​នៃ​សំណុំ​រឿង​០០៣​និង​០០៤។

«នៅក្នុង​សំណុំរឿង​០០៣​មាន​ជនសង្ស័យ​ពីរ​នាក់​ជា​ជនសង្ស័យ​ដែល​ទទួល​ខុស ត្រូវ​ក្នុង​ការចូលរួម​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នានា​នៅទីតាំង​១៣​កន្លែង។​ ក្នុង​សំណុំ​រឿង​ ០០៤ ​មាន​ជនសង្ស័យ​៣នាក់​ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​ចូលរួម​ប្រព្រឹត្តបទ​ ឧក្រិដ្ឋ​នានា​ចំនួន​៣២​ទីតាំង​ផ្សេងៗ​គ្នា។​ វា​មាន​ប្រយោជន៍​ក្នុង​ការ​និយាយ​ចេញ​ ថា​ការស៊ើប​អង្កេត​សំណុំរឿង​០០៣​និង​០០៤​ត្រូវធ្វើ​ឡើង​ផ្អែក​ទៅលើ​ការិយា ល័យ​៣​ជា​ចម្បង​គឺ​ការិយាល័យ​សហចៅក្រម​ស៊ើបអង្កេត​ ការិយាល័យ​សហ​ ព្រះរាជ​អាជ្ញា​ និង​អង្គបុរេ​ជំនុំជម្រះ​និង​បទអន្តរាគមន៍​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណី»។

ក្រុមប្រទេស​ម្ចាស់​ជំនួយ​កំពុង​ពិចារណា​លើ​សំណើ​ថវិកា​របស់​សាលាក្តី​ខ្មែរ ក្រហម​ចំនួន​៨៩,៦​លាន​ដុល្លារ​ដល់​ចំនួន​៩២​លាន​សម្រាប់​ទ្រទ្រង់​សាលាក្តី​ដែល កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ដែល​ជាប់​ទាក់ទិន​នឹង​ការ​សម្លាប់​រង្គាល​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ជាង​១,៧​លាន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០។ មេដឹកនាំ​ទាំង​នោះ​មាន នួន ជា​ បង​ធំ​ទី២​ ខៀវ សំផន​ប្រមុខរដ្ឋ ​និង​អៀងសារី ​រដ្ឋមន្ត្រីការ​បរទេស។

ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ពី​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃអង្គារ​ក្នុង​លក្ខខណ្ឌ​ពុំឲ្យ បញ្ចេញ​ឈ្មោះ​ដោយគ្មាន​តួនាទី​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ អ្នកការទូត​ម្នាក់​ដែល​ប្រទេស​លោកជា​សមាជិក​សំខាន់​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់ សាលាក្តី​ខ្មែរក្រហម​បាន​អះអាង​ថា​ក្រុម​ប្រទេស​អ្នកផ្តល់​ជំនួយ​ឬ​ហៅថា​ប្រទេស ចាប់​អារម្មណ៍​សាលាក្តី​ (GIS) ​នោះ​គ្រោង​នឹង​ពិភាក្សា​នៅថ្ងៃទី​២៤ ខែ​កុម្ភៈ​ដើម្បី​ផ្តល់​ការសម្រេច​លើ​ចំណាយ​សម្រាប់​សាលាក្តី​ខ្មែរ​ក្រហម​ដែល​បាន​ស្នើ។

«ក្រុម​ប្រទេស​ GIS ​មិន​ទាន់​សន្យា​ផ្តល់​ថវិកា​ទេ​ តែ​ពួក​គេ​នឹង​ផ្តោត​ទៅ​លើ​ការ យល់​ព្រម​លើ​សំណើ​ថវិកា​ជាមុន​សិន។​ លោក David ​Scheffer ​ទីប្រឹក្សា​ពិសេស​អ.ស.ប​នឹង​ជួប​ជាមួយ​តំណាង​ប្រទេស​នានា​បន្ទាប់​ពី​កិច្ច​ប្រជុំ​ទាក់ទង​នឹង​ការសន្យា​ថវិកា»។

អ្នកការទូត​ដដែល​បាន​អះអាង​ថា​ មាន​បញ្ហា​ច្រើន​ដែល​ជា​កង្វល់​ក្នុង​ចំណោម ប្រទេស​អ្នកផ្តល់​ជំនួយ។​ បញ្ហា​ទាំង​នោះ​មាន​ដូច​ជា​រយៈពេល​យូរ​សម្រាប់​ការ បញ្ចប់​តុលាការ​ដំណើរការ​ តែងតាំង​សហចៅក្រម​ស៊ើបអង្កេត ​Laurent Kasper Ansermet ​និង​ដំណើរការ​សំណុំរឿង​០០៣​និង​០០៤​ជាដើម។

សាលាក្តី​ខ្មែរ​ក្រហម​បានខ្វះខាត​ថវិកា​បើកឲ្យ​បុគ្គលិក​កម្ពុជា​តាំងពី​ខែ​តុលា​ម្ល៉េះ ដែល​ក្រុម​អ្នកវិភាគ​ខ្លះ​អះអាង​ថា​ប្រទេស​ផ្តល់​ជំនួយ​រារែក​ក្នុង​ការ​ផ្តល់​ដោយ សារ​ តែសាលាក្តី​នេះ​មិនបាន​ជម្រះ​ឲ្យ​អស់​ចំពោះ​ការ​ចោទ​ប្រកាន់​រឿង​ជ្រៀត ជ្រែក​ផ្នែក​នយោបាយ​ពង្រឹង​ឯករាជ្យភាព​និង​កិច្ចសហការ​ធ្វើឲ្យ​រីកចម្រើន​ក្នុង​សំណុំរឿង​បន្ថែម​រួមនឹង​ការ​តែងតាំង​ចៅក្រម​ស្វីស​របស់​អ.ស.ប​ផង។

លោកបណ្ឌិត​ចន សូសៀរី ​(John Ciorciari) ​សាស្ត្រាចារ្យ​ផ្នែកគោល​នយោបាយ សាធារណៈ ​នៃ​សាកល​វិទ្យាល័យ ​Gerald Ford School ​of Public Policy ​នៃរដ្ឋ Michigan​ បាន​ហៅ​វិបត្តិ​ថវិកា​ជាល្បែង​លេងចាប់​កូនមាន់​និង​ការណ៍​ដែល​សាលាក្តី​ពុំបាន​ធ្វើឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​ពេញ​ចិត្ត​ទាក់ទង​នឹង​រឿងរ៉ាវ​ជាច្រើន។​

«ក្រុម​ប្រទេស​អ្នកផ្តល់​ជំនួយ​អាច​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​ស្គាល់​ចៅ ក្រម​ជនជាតិ​ស្វីស​មុន​ពេល​ផ្តល់​ថវិកា​បន្ថែម។​ សំណុំរឿង​ទី២​ផ្តល់​ហេតុផល ដ៏​រឹងមាំ​នៅឡើយ​សម្រាប់​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ដើម្បី​ធានា​ឲ្យ​តុលាការ​នេះ ដំណើរការ​បាន។​ តែ​វា​ជា​ការ​ភ្ញាក់ផ្អើល​ប្រសិនបើ​ប្រទេស​ផ្តល់​ជំនួយ​ច្រាន​ចោល សំណើ​របស់​កម្ពុជា​ទាំងស្រុង​ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​សប្តាហ៍​នេះ»។

លោក​និយាយ​យ៉ាង​ដូច្នេះ​យោង​ទៅ​លើ​ការមិនចុះ​សម្រុង​គ្នា​លើ​សំណុំ​រឿង ០០៣​ផង​ដែរ​ ដែល​គេ​ដឹង​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ជំទាស់​យ៉ាង​ខ្លាំង​ក្នុង​ការ នាំ​ខ្លួន​ ជនសង្ស័យ​បន្ថែម​ក្នុង​សំណុំរឿង​០០៣ ​និង​០០៤​មក​កាត់​ទោស។

ឯកសារ​ពាក់ព័ន្ធ​នឹង​ជនជាប់​សង្ស័យ​ក្នុង​សំណុំ​រឿង​បន្ថែម​០០៣​និង​០០៤ ​ដែល​វីអូអេ​ទទួល​បាន​ពី ​ប្រភព​ស្និទ្ធ​នឹង​តុលាការ​បន្ទាប់​ពី​ត្រូវ​ផ្សព្វផ្សាយ​ដោយ ព័ត៌មាន​បរទេស​បាន​ចោទ​ប្រកាន់​ជា​បឋម​ ដោយ​សហ​ព្រះរាជ​អាជ្ញា​បរទេស​មាន​លោក​ ស៊ូ ម៉េត ​មាស មុត​ យឹម ទិត ​អោម អាន​ និង​អ្នកស្រី​ អ៊ឹម ចែម។​ ជនសង្ស័យ​៣​នាក់​ក្នុង ​ចំណោម​៥នាក់គឺ​លោក មាស មុត​ អោម អាន​ និង​អ្នកស្រី ​អ៊ឹម ចែម​បាន​សម្ភាស ​ជាមួយ​វីអូអេ​ហើយ​បាន​បដិសេធ​ពី​ការ​ជាប់​ទាក់ទិន​នឹង​បទឧក្រិដ្ឋ​ដែល​សហ​ព្រះរាជ​អាជ្ញា​បរទេស​បាន​ចោទ​ប្រកាន់​ជា​បឋម​នោះ។​សហចៅក្រម​ស៊ើបអង្កេត​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​០០៣ ​កាលពីថ្ងៃ​ទី២៩ ខែ​មេសា​ឆ្នាំ​២០១១ ​ក្រោយ​ពី​បាន​ពិនិត្យ​មើល​ភស្តុតាង​ជាង​២ពាន់​ភស្តុតាង​ដែល​មាន​ជា​ឯកសារ ​៤៨.០០០​ទំព័រ។​នេះ​បើ​យោង​តាម​ឯកសារ​ជា​សំណើ​ថវិកា។ ក៏​ប៉ុន្តែ​សហ​ព្រះរាជ​អាជ្ញា​បរទេស​ដែល​បាន​បញ្ជូន​ដីកា​បញ្ជូន​រឿង​ឲ្យ​ស៊ើប​សួរ​តាំង​ពី​ឆ្នាំ​២០០៨​ចំពោះ​សំណុំរឿង​០០៣ ​និង​០០៤​នោះ​ បាន​តវ៉ា​ថា​សហ​ចៅក្រម​ស៊ើបអង្កេត​ធ្វើការ​ស៊ើបអង្កេត​មិន​គ្រប់គ្រាន់​ជាពិសេស​លើ​ទីតាំង​ សាក្សី​ជាដើម។ ជនសង្ស័យ​ត្រូវ​គេ​រាយការណ៍​មកថា​ក៏​មិន​ត្រូវ​បាន​សួរ​នាំ​អ្វី​ដែរ។

នៅក្នុង​ឯកសារ​ផ្ញើ​ជូន​ម្ចាស់​ជំនួយ​បាន​បញ្ជាក់​ដែរ​ថា​ការស៊ើប​អង្កេត​សំណុំ​រឿង០០៤​កំពុង​ធ្វើ​បន្ត។​ហើយ​សំណុំរឿង​០០៣​អាច​នឹង​មាន​ការ​ស៊ើបអង្កេត​បន្ថែម​ ទៅ​លើ​ទីតាំង​និង​សាក្សី។​ ដំណើរការ​សំណុំ​រឿង​បន្ថែម​អាច​ធ្វើ​ទៅ​បាន​អាស្រ័យ​ លើ​ថវិកា​និង​ធនធាន​ដែល​គេ​រំពឹង​ថា​អាច​នឹង​ចាប់ផ្តើម​ពេញ​លេញ​នៅ​ឆ្នាំ ២០១៣។

សាលាក្តី​ខ្មែរ​ក្រហម​ដែល​ស្ថិត​ក្នុង​ដំណើរការ​កាត់ទោស​ជន​សង្ស័យ​៣​នាក់​ក្នុង សំណុំ​រឿង​០០២ ​គ្រោង​នឹង​ចេញ​ដីកា​សម្រាប់​ជនជាប់ចោទ​នៃ​សំណុំ​នេះ​ សម្រាប់​ជន​ជាប់ចោទ​ម្នាក់​ដំបូង​នៅក្នុង​ឆ្នាំ​២០១៣​ហើយ​បញ្ចប់​សំណុំរឿង ០០២​នៅ​ឆ្នាំ​២០១៦៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!