VOA News: ព័ត៌មាន: “ហេឡូវីអូអេ ២០ កុម្ភៈ ២០១២៖ អ្នកនិពន្ធខ្មែរក្នុងសម័យបច្ចុប្បន្ន” plus 3 more
VOA News: ព័ត៌មាន: “ហេឡូវីអូអេ ២០ កុម្ភៈ ២០១២៖ អ្នកនិពន្ធខ្មែរក្នុងសម័យបច្ចុប្បន្ន” plus 3 more |
- ហេឡូវីអូអេ ២០ កុម្ភៈ ២០១២៖ អ្នកនិពន្ធខ្មែរក្នុងសម័យបច្ចុប្បន្ន
- កូរ៉េខាងត្បូងបន្តសមយុទ្ធយោធាទោះកូរ៉េខាងជើងព្រមានសងសឹក
- ចិនធ្វើជាម្ចាស់ផ្ទះកិច្ចចរចាសន្តិភាពរវាងភូមា និងក្រុមឧទ្ទាម ដើម្បីផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចនិងយុទ្ធសាស្រ្ត
- អ៊ីរ៉ង់បង្ខាំងការនាំចេញប្រេងទៅអង់គ្លេសនិងបារាំង
ហេឡូវីអូអេ ២០ កុម្ភៈ ២០១២៖ អ្នកនិពន្ធខ្មែរក្នុងសម័យបច្ចុប្បន្ន Posted: 20 Feb 2012 12:01 PM PST កម្មវិធីសំឡេងអ្នកជំនាន់ថ្មី (New Voices) ទី៦បានអញ្ជើញនិស្សិត ខូ តារាឫទ្ធិ ជំនាញខាងការតែងនិពន្ធនៃសាកលវិទ្យាហាវដ (Harvard University) ដែលជាសាកលវិទ្យាល័យដ៏ល្បីល្បាញមួយនៅសហរដ្ឋអាមេរិកធ្វើជាវគ្មិន។ លោកខូ តារារិទ្ធ និយាយអំពី «អ្នកនិពន្ធខ្មែរសម័យបច្ចុប្បន្ន»។ លោក ខូ តារារិទ្ធ គឺជាអ្នកខេត្តឧត្តមានជ័យ។ មុននឹងបានមកសិក្សានៅសាកលវិទ្យាល័យហាវដ នៅប្រទេសកម្ពុជា លោក ខូ តារារិទ្ធ លោកធ្លាប់បានធ្វើជាប្រធានសមាគមអ្នកសាបព្រោះ ប្រធានសមាគមអក្សរសិល្ប៍នូ ហាច គ្រូបង្រៀនទស្សនៈវិជ្ជានៅវិទ្យាល័យវត្តស្វាយនៃខេត្តសៀមរាប អ្នកផលិតកម្មវិធីនៅវិទ្យុមណ្ឌលព័ត៌មានស្រ្តីកម្ពុជា FM 102 និងបាននិពន្ធរឿងប្រលោមលោកខ្នាតខ្លី និងកំណាព្យមួយចំនួន។ លោក ខូ តារារិទ្ធ ក៏ធ្លាប់ទទួលបានអាហារូបករណ៍អ្នកនិពន្ធអន្តរជាតិ(International Writers) នៅសាកលវិទ្យាល័យប្រោន (Brown University) នៅរដ្ឋរ៉ូដអាឡិនដ៍ (Rhode Island) សហរដ្ឋអាមេរិក។ សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២៖ <!--AV--> មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com This posting includes an audio/video/photo media file: Download Now |
កូរ៉េខាងត្បូងបន្តសមយុទ្ធយោធាទោះកូរ៉េខាងជើងព្រមានសងសឹក Posted: 20 Feb 2012 08:36 AM PST ប្រទេសកូរ៉េខាងត្បូងបានអនុវត្ដផែនការសមយុទ្ធយោធា ជិតតំបន់ព្រំដែនជាមួយកូរ៉េខាងជើងនៅថ្ងៃច័ន្ទនេះ ទោះបីជាមានការគំរាមសងសឹក បើសិនជាព្រំដែនកូរ៉េខាងជើងបានត្រូវបំពានក៏ដោយ។ ការហាត់សមយុទ្ធនេះ មានរាប់បញ្ចូលការហាត់បាញ់កាំភ្លើងធំ កាំភ្លើង Mortier និងឧទ្ធម្ភាគចក្រផងដែរ។ អ្នកនិយាយប្រកាសតាមវិទ្យុកូរ៉េខាងជើងម្នាក់ព្រមានថានឹងវាយតបមកវិញដោយគ្មានអាសូរ្យយ៉ាងភ្លាមរហ័ស ហើយកូរ៉េខាងជើងនឹងតាមដានមើលដឹតដល់លើដែនទឹករបស់ខ្លួន។ វិទ្យុនោះនិយាយថាបើកាលណាជនក្បត់ចាប់ផ្ដើមបង្ករឿង ឈ្លានពានចូលទៅក្នុងដែនទឹកកូរ៉េខាងជើងក្នុងករណីនេះទោះបីចូលតែមួយប្រឡោះតូចមូយក៏ដោយ យោធាប្រជាជនកូរ៉េខាងជើងនឹងតាមដានមើល ហើយត្រៀមជានិច្ចដើម្បីសងសឹក។ កូរ៉េខាងជើងចេញពាក្យព្រមានដល់ជនរស់នៅលើកោះ ឲ្យចាកចេញពីលំនៅដ្ឋានដើម្បីចៀសវាងគ្រាប់កំាភ្លើងធំ សងសឹកពីកូរ៉េខាងជើងខ្លួនឯង។ តែគេមិនឃើញមានវិធានការណាមួយរបស់កូរ៉េខាងជើងនៅឡើយទេ។ ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖ ក្រិក៖ គេរំពឹងថា ក្រុមមន្ដ្រីហិរញ្ញវត្ថុពីប្រទេសប្រើប្រាក់អឺរ៉ូនឹងយល់ស្របទៅនឹងថវិកាសង្គ្រោះថ្មី ១៧១ ពាន់លានដុល្លារសម្រាប់ប្រទេសក្រិក នៅពេលដែលក្រុមមន្ដ្រីទាំងនោះជួបប្រជុំគ្នានៅក្នុងទីក្រុងព្រុចសែល (Brussels) នៅថ្ងៃច័ន្ទនេះ។ ស៊ីរី៖ កាសែតចិននិយាយថាបស្ចិមប្រទេសដែលគាំទ្រកងកម្លាំងប្រឆាំងក្នុងប្រទេសស៊ីរី អាចជំរុញឲ្យមានសង្រ្គាមស៊ីវិលនៅប្រទេសនោះ។ ចិន៖ អនុប្រធានាធិបតីចិន លោក ហ្សី ជិងពីង ដែលកំពុងធ្វើទស្សនកិច្ចថ្ងៃទីពីរ នៅក្នុងប្រទេសអៀរឡង់ថ្លែងថា ចិនប្ដេជ្ញានឹងសហការជាមួយអឺរ៉ុប ហើយលោកថ្លែងបញ្ជាក់ទៀតថា រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងពិចារណាធ្វើវិនិយោគបន្ថែមនៅក្នុងប្រទេសអឺរ៉ុបដើម្បីជួយប្រទេសនោះឲ្យមានស្ថេរភាពដល់ប្រាក់អឺរ៉ូ។ កូរ៉េខាងជើង៖ កូរ៉េខាងជើងបានប្រកាស់ថា គណបក្សកាន់អំណាចរបស់ខ្លួននឹងបើកសន្និសីទពិសេសមូយនៅខែមេសា ដើម្បីបញ្ជាក់ការដឹកនាំប្រទេសដោយសន្ដតិវង្សជំនាន់ទីបីនៃអំបូរគីម។ ទន្លេមេគង្គ៖ សន្និសីទអំពីអនាគតតំបន់ទន្លេមេគង្គ ប្រព្រឹត្ដធ្វើនៅថ្ងៃច័ន្ទនេះ និយាយអំពីការចាត់ចែងធនធានអាហារ ទឹកប្រើប្រាស់ និងថាមពលដែលនឹងក្លាយទៅជារឿងប្រឈមមុខសំខាន់បំផុតនៅក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ។ អ៊ីរ៉ង់៖ ក្រុមអធិការនុយក្លេអ៊ែរ អ.ស.ប. កំពុងស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ក្នុងគោលបំណងរកមធ្យោបាយដោះស្រាយជម្លោះ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ស.រ.អ.៖ ទីភ្នាក់ងារអវកាស ស.រ.អ. បានប្រារព្ធខួបឆ្នាំទី៥០ នៃដំណើរលើកទីមួយទៅកាន់វិថីព្រះធរណី (Earth orbit) ធ្វើឡើងដោយអ្នកអវកាសអាមេរិកាំងម្នាក់។ អាហ្វហ្គានីស្ថាន៖ ប៉ូលិសប្រទេសអាហ្វហ្គានីស្ថាននិយាយថា ជនអត្ដឃាតគ្រាប់បែកបានវាយប្រហារមកលើស្ថានីយប៉ូលិស នៅទីក្រុងភាគខាងត្បូងកាន់ដាហារបណ្ដាលឲ្យមន្ដ្រីប៉ូលិសយ៉ាងតិចម្នាក់ស្លាប់។ ស.រ.អ៖ ជនជាតិអាមេរិកាំងច្រើនលាននាក់ ទទួលយកវិស្សមកាលមួយថ្ងៃ នៅថ្ងៃច័ន្ទនេះ ដើម្បីគោរពថ្ងៃកំណើតប្រធានាធិបតី ស.រ.អ. ទីមួយ លោក ចច វ៉ាស៊ីងតោន (George Washington)។ ចិន៖ ជម្លោះដែលអាចចំណាយប្រាក់ច្រើន អំពីឈ្មោះម៉ាករបស់ម៉ាស៊ីនកុំព្យូទ័រស្តើង iPad មិនមែនជាបញ្ហាតែមូយគត់ ដែលក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនប្រឈមមុខទេ។ ស.រ.អ.៖ ព្រឹទ្ធសមាជិក ស.រ.អ. លោក ចន ម៉ាក់ខេន (John McCain) ថ្លែងថា លោកសង្ឃឹមថាកិច្ចព្រមព្រាងយុទ្ធសាស្រ្ដដៃគូជាមួយអាហ្វហ្គានីស្ថាន អាចបញ្ចប់បាននៅពេលមុនកិច្ចប្រជុំរបស់អូតង់ នៅខែឧសភា តែ ស.រ.អ. នឹងមិនយកមធ្យោបាយណា ដែលអាចធ្វើឲ្យទាហានអាមេរិកាំងអាចទទួលគ្រោះថ្នាក់ទេ។ This posting includes an audio/video/photo media file: Download Now |
Posted: 19 Feb 2012 08:42 PM PST ប្រទេស ភូមា (Burma) ទទួលបានការកោតសរសើរចំពោះការចុះហត្ថលេខាទៅលើបទឈប់បាញ់គ្នាមួយចំនួន ជាមួយក្រុមឧទ្ទាមជនជាតិភាគតិច ដែលកំពុងប្រយុទ្ធដើម្បីស្វ័យភាព។ ប៉ុន្តែ ជម្លោះដែលកើតឡើងសារជាថ្មីជាមួយក្រុមមួយ ដែលមានឈ្មោះថា កងទ័ពគាំទ្រឯករាជ្យភាព កាជីន (Kachin Independence Army) ឬហៅកាត់ជាភាសាអង់គ្លេសថា KIA កំពុងគំរាមកំហែងសន្តិភាពនៅតាមតំបន់ព្រំដែនសំខាន់ៗជាមួយប្រទេស ចិន (China)។ ដើម្បីជួយដោះស្រាយសភាពការណ៍នេះ ចិន បានធ្វើជាម្ចាស់ផ្ទះយ៉ាងស្ងាត់ៗ ចំពោះការចរចាសន្តិភាពរវាងអាជ្ញាធរ ភូមា និងក្រុមឧទ្ទាម។ រដ្ឋ កាជីន (Kachin) ភាគខាងជើងដែលសម្បូរទៅដោយធនធានរបស់ ភូមា បានក្លាយជាទីតាំងនៃការប្រយុទ្ធគ្នាយ៉ាងរប៉េះរប៉ោះ ចាប់តាំងពីខែមិថុនា នៅពេលដែលបទឈប់បាញ់រយៈពេល១៧ឆ្នាំ បានបញ្ចប់ទៅដោយមានការប៉ះទង្គិចគ្នាដ៏ហិង្សា។ ចាប់តាំងពីពេលនោះមក អ្នកភូមិរាប់ពាន់នាក់ បានភៀសខ្លួនឆ្លងព្រំដែន ចូលទៅក្នុងប្រទេសចិន។ លោក ប្រាយអិន អ៊ីរិកសុន (Brian Erikson) ធ្វើការជាមួយ អង្គការដៃគូជួយសង្រ្គោះនិងអភិវឌ្ឍន៍ (Partners in Relief and Development)។ លោក ប៉ាន់ស្មានថា ប្រជាពលរដ្ឋជាង៦ម៉ឺននាក់ បានបាត់បង់ទីជម្រកនិងរស់នៅតាមតំបន់ព្រំដែន។ លោក អ៊ីរិកសុន និយាយថា ប្រជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសភូមា ខ្វះខាតចំណីអាហារ ហើយប្រជាពលរដ្ឋជាច្រើនកំពុងរងគ្រោះពីជំងឺឆ្លងតាមផ្លូវដង្ហើម ដោយសារអាកាសធាតុត្រជាក់។ «ពិតជាមានប្រជាពលរដ្ឋដែលមានចំនួនរាប់ពាន់នាក់ ដែលបានភៀសខ្លួនពីវាយប្រយុទ្ធគ្នាដោយផ្ទាល់ ជាមួយកងទ័ពភូមា ដែលបានភៀសខ្លួនចេញពីការប្រឈមមុខផ្ទាល់ៗ ដែលកងកម្លាំងប្រដាប់អាវុធ បានទាមទារយកតំបន់នោះ ទ្រព្យសម្បត្តិ និងជូនកាល ប្រជាពលរដ្ឋ ដោយបង្ខំទៀតផង។ ដូច្នេះ ប្រជាពលរដ្ឋ បានភៀសខ្លួន ចំពេលមានបាញ់ប្រហារដោយប្រើគ្រាប់កាំភ្លើងពិត។ ខ្ញុំគិតថា ប្រជាពលរដ្ឋភាគច្រើន បានគេចចេញ ដោយសារការភ័យខ្លាចនៃសភាពការណ៍នេះ»។ សភាពការណ៍នោះ ពិបាកបញ្ជាក់ឲ្យបានច្បាស់លាស់ណាស់ ដោយសារតែអង្គការអន្តរជាតិនិងអ្នកកាសែត កម្រទទួលបានការអនុញ្ញាត និងដាក់កម្រិតចំពោះការធ្វើដំណើរចូលទៅកាន់រដ្ឋ កាជីន។ ចំណែកឯ សភាពការណ៍នៅខាងប្រទេស ចិន ក៏មិនច្បាស់លាស់ដែរ។ អាជ្ញាធរ ចិន មិនបានទទួលស្គាល់វិបត្តិជនភៀសខ្លួនណាមួយទេ ប៉ុន្តែ ពួកគេបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការផ្តល់តំបន់អព្យាក្រិតសម្រាប់ភាគីទាំងសងខាង ដើម្បីធ្វើការចរចា កាលពីខែមុន និងនៅក្នុងខែវិច្ឆិកា។ ជម្លោះប្រហាក់ប្រហែលគ្នារវាងកងទ័ពភូមានិងក្រុមជីវពល ជនជាតិកូកាន (Kokan) នៅក្នុងរដ្ឋ ស្សាន (Shan) កាលពីឆ្នាំ២០០៩ បានរំខានដល់ពាណិជ្ជកម្មនិងបណ្តាលឲ្យជនភៀសខ្លួនរាប់ពាន់នាក់ រត់ភៀសខ្លួនទៅក្នុងប្រទេស ចិន។ លោក រ៉ាវីប្រាសាដ ណារ៉ាយ៉ាណាន (Raviprasad Narayanan) ជាអ្នកស្រាវជ្រាវមួយរូបនៅឯសាកលវិទ្យល័យជាតិ ចេងជី របស់តៃវ៉ាន់ (National Chengchi University)។ លោក និយាយថា តួនាទីរបស់ ចិន ក្នុងនាមជាម្ចាស់ផ្ទះ គឺដោយសារជម្លោះនោះតែម្តង។ «ចំណាប់អារម្មណ៍សាជាថ្មីនេះដែលទីក្រុង ប៉េកាំង (Beijing) បានបង្ហាញថា ខ្ញុំចង់និយាយថា ចំណាប់អារម្មណ៍នោះបានលេចឡើងបន្ទាប់ពីជម្លោះជាមួយនឹងក្រុមជនជាតិ កូកាង (Kokang) កាលពីខែសីហាឆ្នាំ២០០៩។ ឥឡូវនេះ អ្នកជួបវិបត្តិជនភៀសខ្លួនដែលស្ថិតនៅតាមព្រំដែនរបស់ ចិន។ វិបត្តិនេះ បានបង្កើតបញ្ហាតូចតាចជាច្រើន ដែលមិនមែនត្រឹមតែសម្រាប់ថ្នាក់ដឹកនាំខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់អ្នកដែលកំពុងអង្គុយនៅទីក្រុង ប៉េកាំង ទៀតផង។ ដូច្នេះ ពួកគេមានអារម្មណ៍ថា ពួកគេមិនគួរចាកឆ្ងាយពីវិបត្តិនេះឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ ដោយបារម្ភថា ពួកគេ អាចត្រូវកត់សម្គាល់ថាមិនបានតាមឃ្លាំមើលកិច្ចការនេះ»។ ការប្រយុទ្ធដែលនៅតែបន្ត កំពុងគំរាមកំហែងដល់សន្តិភាពផង និងទឹកប្រាក់រាប់ពាន់លានដុល្លា ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគទុនរបស់ចិនទៀតផង។ ភាពប្រទូសរ៉ាយនៅក្នុងរដ្ឋ កាជិន បានផ្ទុះឡើងក្បែរការដ្ឋានសាងសង់ទំនប់វារីអគ្គីសនីដ៏ចម្រូងចម្រាសដែលគាំទ្រដោយចិន។ បន្ទាប់ពីការប្រយុទ្ធគ្នាបានផ្ទុះឡើង នៅក្បែរគម្រោងសាងសង់ទំនប់ មីអ៊ីតសុន (Myitsone) ដែលមានតម្លៃបីពាន់លានដុល្លាកន្លះ ប្រធានាធិបតី ភូមា លោក ថេន សេន (Thein Sein) បានបញ្ជាឱ្យផ្អាកការសាងសង់ ដែលបានធ្វើឱ្យ ចិន មានការភ្ញាក់ផ្អើលនិងមិនសប្បាយចិត្ត។ ទីក្រុង ប៉េកាំង មានកិច្ចព្រមព្រៀងដើម្បីសាងសង់ទំនប់វារីអគ្គីសនីចំនួន៧កន្លែងនៅក្នុងរដ្ឋ កាជីន ដែលថាមពលអគ្គីសនីយ៉ាងច្រើននឹងត្រូវបញ្ជូនទៅប្រទេសចិន។ លោក អ៊ុង យ៉ាវ ហ្ស៊ូវ (Aung Kyaw Zaw) ជាអ្នកវិភាគអំពីប្រទេស ភូមា ដែលមូលដ្ឋាននៅតំបន់ រ៉ួលី (Ruili)។ លោក ថ្លែងថា ចិន កំពុងធ្វើជាម្ចាស់ផ្ទះនៃការចរចាសន្តិភាពនេះ ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ។ «នៅភាគខាងជើងតំបន់ កាជីន ជាពិសេសតំបន់ដែលគ្រប់គ្រងដោយកងទ័ព KIA មានមូលធនរបស់រដ្ឋាភិបាលចិនជាច្រើន លុយវិនិយោគជាច្រើន និងគម្រោងជាច្រើន។ ពួកគេត្រូវការសន្តិភាព»។ ក្រុមអ្នកវិភាគ និយាយថា បំពង់បង្ហូរប្រេងនិងឧស្ម័ន ដែលប្រទេស ចិន និង ភូមា កំពុងតែដាក់រាយកាត់ផ្ទៃប្រទេស កាន់តែមានសារសំខាន់ជាងនេះទៅទៀត។ នៅពេលដែលបំពង់បង្ហូរប្រេងនេះ សាងសង់រួច បំពង់ទាំងនេះនឹងលាតសន្ធឹងពីឆ្នេរសមុទ្រភាគខាងលិចនៃប្រទេស ភូមា និងចូលទៅក្នុងតំបន់ រ៉ួលី (Ruili) របស់ចិន ដែលស្ថិតនៅភាគខាងត្បូងនៃរដ្ឋ កាជីន និងមិនឆ្ងាយប៉ុន្មានទេពីតំបន់មានការវាយប្រយុទ្ធគ្នា កាលពីពេលថ្មីៗនេះ។ បំពង់បង្ហូរប្រេងទាំងនេះ នឹងផ្តល់ផ្លូវយុទ្ធសាស្រ្តផ្សេងមួយទៀតសម្រាប់ការបង្ហូរប្រេងពីទ្វីប អាហ្រ្វិក (Africa) និងតំបន់ មជ្ឈិមបូព៌ា (Middle East) ទៅកាន់ប្រទេស ចិន ដោយគេចចេញពីច្រកសមុទ្រនៃជ្រោយម៉ាឡាកា (Malacca) ដែលពោរពេញទៅដោយអំពើប្លន់តាមសមុទ្រ។ លោក ម៉ួង ហ្សានី (Maung Zarni) ដែលជាអ្នកស្រាវជ្រាវមួយរូបនៅឯសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ (London School of Economics) និយាយថា បំពង់បង្ហូរប្រេងនេះ បានប្រែក្លាយសន្តិភាពរវាងប្រទេស ភូមា និងកងទ័ពឧទ្ទាម ទៅជាកម្មវត្ថុយុទ្ធសាស្រ្តសម្រាប់ប្រទេស ចិន។ «រដ្ឋ កាជីន មានសារសំខាន់យ៉ាងខ្លាំងបំផុតសម្រាប់ទាំងរបបយោធា ភូមា និងរដ្ឋាភិបាលទីក្រុង ប៉េកាំង ទាក់ទងទៅនឹងការផ្តល់ឱ្យនិងការការពារសន្តិសុខសម្រាប់បំពង់បង្ហូរប្រេង ក៏ដូចជាតំបន់ពាណិជ្ជកម្មឆ្លងព្រំដែន»។ ចិន ទិញនិងវិនិយោគទៅលើធនធានរ៉ែ ត្បូងមានតម្លៃ និងការកាប់ឈើ នៅតាមព្រំដែន ក្នុងប្រទេស ភូមា ដែលមិនមែនស្របច្បាប់ទាំងអស់នោះទេ។ ផ្ទុយទៅវិញ ចិន លក់ផលិតផលកែច្នៃក្នុងតម្លៃថោក។ ក្រុមអ្នកវិភាគយោធា និយាយថា ចិន គឺជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេបង្អស់ទៅឱ្យកងទ័ពរួបរួមរដ្ឋ វ៉ា (United Wa State Army)។ កងទ័ព វ៉ា (Wa) គឺជាក្រុមកងទ័ពធំជាងគេបង្អស់ ដែលត្រូវបានប៉ាន់ស្មានថាមានកងកម្លាំងប្រយុទ្ធរហូតដល់ទៅ៣ម៉ឺននាក់ និងត្រូវបានចាត់ទុកថាជាបណ្តាញជួញដូរថ្នាំញៀន ណារកូទិន (Narcotics) ធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអគ្នេយ៍ (Southeast Asia)ផងដែរ។ ដើម្បីធ្វើឱ្យមានតុល្យភាពនៃផលប្រយោជន៍របស់ខ្លួន ចិន ក៏បានលក់គ្រឿងសព្វាអាវុធទៅឱ្យរដ្ឋាភិបាលយោធា ភូមា។ ប៉ុន្តែ អ្នកស្រាវជ្រាវ ហ្សានី និយាយថា ដោយសេដ្ឋកិច្ចរបស់ភូមា បានបើកចំហរ ការយកចិត្តទុកដាក់របស់ប្រទេស ចិន ត្រូវបានផ្សាភ្ជាប់ដោយផ្ទាល់ទៅនឹងរដ្ឋធានី ណាយ៉ីពយីដាយ (Nayipyidaw)នេះតែម្តង។ «ខណៈដែល ចិន ត្រូវការបំពេញផលប្រយោជន៍របស់ខ្លួន ប្រទេសនេះ នឹងដាក់សម្ពាធទៅលើក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅតាមមូលដ្ឋាន ជាពិសេសក្រុមជនជាតិ វ៉ា (Wa) ហើយអ្នកដឹងទេ ខ្ញុំគិតថា ក្រុមជនជាតិ កាជីន ក៏ដូចគ្នាដែរ។ ប៉ុន្តែ ខ្ញុំមិនដឹងថា តើកិច្ចប្រឹងប្រែងរបស់ពួកគេមានលក្ខណៈស្ថាបនាឬមានភាពលម្អៀង ក្នុងកម្រិតណានោះឡើយ ដើម្បីគាំទ្រផលប្រយោជន៍របស់ ភូមា។ នៅត្រឹមចំណុចនេះ ដោយសារ ចិន កំពុងតែចាប់ត្រីធំជាងនេះនៅក្នុងទីក្រុង ណាយីបយីដាយ៍ (Naypyidaw) ជាជាងចាប់ត្រីនៅតាមបណ្តោយព្រំដែនជាមួយនឹងក្រុមជនជាតិភាគតិចនៅតាមមូលដ្ឋាន»។ ការបញ្ចប់ការប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាម គឺជាការទាមទារដ៏សំខាន់មួយរបស់ប្រទេសមហាអំណាចលោកខាងលិច ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយ ភូមា បន្ទាប់ពីរយៈពេលច្រើនឆ្នាំនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរួចមក។ កន្លងមក រដ្ឋាភិបាល បានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមជនជាតិ វ៉ា (Wa) ការ៉ែននី (Karenni) ស្សាន (Shan) ជីន (Chin) និងបទឈប់បាញ់គ្នាជាប្រវត្តិសាស្រ្តជាមួយជនជាតិ ការ៉ែន (Karen) ដែលបានប្រយុទ្ធប្រឆាំងនឹងកងយោធារបស់ប្រទេស ភូមា អស់រយៈពេល៦ទសវត្សរ៍មកហើយ៕ This posting includes an audio/video/photo media file: Download Now |
អ៊ីរ៉ង់បង្ខាំងការនាំចេញប្រេងទៅអង់គ្លេសនិងបារាំង Posted: 19 Feb 2012 08:13 PM PST អ៊ីរ៉ង់និយាយថាខ្លួននឹងឈប់លក់ប្រេងឆៅឱ្យបារាំងនិងអង់គ្លេសទៀតហើយដើម្បីសងសឹកប្រឆាំងនឹងសហភាពអឺរ៉ុបដែលបានហាមឃាត់លើការនាំចេញប្រេងឆៅដ៏សំខាន់របស់រដ្ឋាភិបាលក្រុង តេហេរ៉ង់។ ក្រសួងប្រេងនៃប្រទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថាការដឹកជញ្ជូនប្រេងឆៅទាំងអស់ទៅឱ្យក្រុមហ៊ុនបារាំងនិងអង់គ្លេសបានបញ្ឈប់ហើយ ហើយថាសាធារណរដ្ឋអ៊ីស្លាមនេះបានចាត់វិធានការដើម្បីចែកចាយប្រេងឆៅរបស់ខ្លួនទៅឱ្យអតិថិជនថ្មីៗវិញ។ វិធានការនេះហាក់ដូចជាបានត្រូវរចនាទ្បើងដើម្បីជាការបង្ការទុកជាមុនការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការបញ្ឈប់ការនាំចូលប្រេងអ៊ីរ៉ង់ចាប់តាំងពីថ្ងៃទី០១ខែកក្កដាតទៅ។ ការដាក់ទណ្ឌកម្មនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកបស្ចឹមប្រទេសដើម្បីដាក់សំពាធហិរញ្ញវត្ថុលើរដ្ឋាភិបាលក្រុងតេហេរ៉ង់ ដោយសារកម្មវិធីបរមាណូដ៏ចម្រូងចម្រាស់ ដែលពួកបស្ចឹមប្រទេសនិយាយថាមានគោលដៅផលិតអាវុធបរមាណូ។ អ៊ីរ៉ង់បានបដិសេធការចោទប្រកាន់នេះហើយ។ អ៊ីរ៉ាក់៖ មន្ត្រីសន្តិសុខអ៊ីរ៉ាក់បាននិយាយថា ការផ្ទុះគ្រាប់បែកក្នុងរថយន្តមួយគ្រឿងនៅខាងក្រៅបណ្ឌិតសភាប៉ូលីសក្នុងក្រុងបាកដាដបានបណ្តាលឱ្យប៉ូលីសទើបត្រូវជ្រើសរើសថ្មីៗនិងនាយប៉ូលីសយ៉ាងតិចណាស់១៩នាក់បានស្លាប់និងធ្វើឱ្យជាង២៦នាក់ទៀតត្រូវរបួសនៅក្នុងការវាយប្រហារដ៏ប្រល័យបំផុតក្នុងរយៈពេលច្រើនសប្តាហ៍មកហើយក្នុងរដ្ឋធានី។ ស៊ីរី៖ កងកម្លាំងសន្តិសុខស៊ីរីបានត្រូវដាក់ពង្រាយយ៉ាងច្រើននៅក្នុងសង្កាត់មួយនៃរដ្ឋធានីដាម៉ាស់ ដែលមានភាពតានតឹងដើម្បីបញ្ចៀសមិនឱ្យមានការប្រជុំមហាជនប្រឆាំងនឹងរដ្ឋាភិបាលធំបំផុតមួយដែលមិនធ្លាប់មាន ខណៈដែលអំពើហិង្សានៅតែបន្តក្នុងតំបន់ប្រជុំជនតវ៉ាឯទៀតៗក្នុងប្រទេស។ ក្រិក៖ ពលរដ្ឋក្រិករាប់ពាន់នាក់បានធ្វើបាតុកម្មនៅតាមផ្លូវនៃក្រុងអាថែន Athens ដើម្បីតវ៉ាប្រឆាំងនឹងវិធានការចំណាយត្បិតត្បៀត ខណៈដែលពួករដ្ឋមន្ត្រីនៃតំបន់ប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូប្រុងប្រៀបបោះឆ្នោតលើការជួយសង្គ្រោះថ្មីមួយមានទឹកប្រាក់១៧១ពាន់លានដុល្លារសម្រាប់ប្រទេសជាតិនេះដែលមានបំណុលយ៉ាងច្រើន។ ម៉ិស៊ិក៖ ពួកមន្ត្រីម៉ិកស៊ិកបាននិយាយថាមានមនុស្សយ៉ាងតិចណាស់២០នាក់បានត្រូវសម្លាប់នៅក្នុងកុបកម្មក្នុងគុកមួយកន្លែងដែលបានកើតតមានទ្បើងកាលពីថ្ងៃអាទិត្យនៅភាគខាងជើងប្រទេស។ ភូមា៖ ព្រះសង្ឃប្រឆាំងនាំមុខគេមួយអង្គក្នុងប្រទេសភូមាប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាថ្មីទៀតតែប៉ុន្មានអាទិត្យប៉ុណ្ណោះ ក្រោយពីព្រះអង្គបានត្រូវដោះលែងពីពន្ធនាគារ។ រុស្ស៊ី៖ អ្នកបើកទ្បានរុស្ស៊ីរាប់រយនាក់បានបើករថយន្តនៅជុំវិញផ្នែកកណ្តាលនៃក្រុងម៉ូស្គូដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្ត្រី វ្លាដឺមៀរ ពូទីន អនុញ្ញាតឱ្យមានការបោះឆ្នោតដោយសេរីក្នុងប្រទេសរុស្ស៊ី។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |