VOA News: ព័ត៌មាន: “ភូមាត្រៀមខ្លួនធ្វើប្រធានសមាគមអាស៊ានឆ្នាំ២០១៤” plus 4 more |
- ភូមាត្រៀមខ្លួនធ្វើប្រធានសមាគមអាស៊ានឆ្នាំ២០១៤
- សហភាពអឺរ៉ុបផ្តល់ប្រាក់១៧២ពាន់លានដុល្លារសម្រាប់ស្រោចស្រង់ក្រិក
- ឯកសារបញ្ជាក់ថាសាលាក្តីខ្មែរក្រហមត្រូវការថវិកា៩២លានដុល្លារសម្រាប់ពេលពីរឆ្នាំ
- គណបក្សប្រឆាំងស្វះស្វែងរកអន្តរាគមន៍ពីអាមេរិកលើករណីលោកសម រង្ស៊ី
- រោងចក្រ១៣ផ្អាកដំណើរការបន្ទាប់ពីមានការបាញ់របួសកម្មករ
ភូមាត្រៀមខ្លួនធ្វើប្រធានសមាគមអាស៊ានឆ្នាំ២០១៤ Posted: 22 Feb 2012 08:07 AM PST ប្រទេសភូមានិយាយថា ខ្លួនចង់ចាប់ផ្តើមរៀបចំផែនការឡើងកាន់តំណែងជាប្រធានសមាគមនអាស៊ាននៅឆ្នាំ២០១៤។ ប្លុកអាស៊ាននិយាយថា រដ្ឋមន្ដ្រីការបរទេសភូមា លោក ម៉ូង លវិន (Maung Lwin) បានពិពណ៌នាអំពីការរៀបចំខ្លួននោះថាជា«កាតព្វកិច្ចដ៏ធំ»ដល់ប្រទេសរបស់លោកនៅពេលមានកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារជាមួយអគ្គលេខាធិការសមាគមអាស៊ាន លោក សុរិន ពិត សុវណ្ណ (Surin Pitsuwan) នៅក្នុងរដ្ឋធានីណៃពិដោ។ លោក ម៉ូង លវិន ថ្លែងថា លោកនឹងបញ្ជូនគណៈប្រតិភូភូមាទៅកាន់លេខាធិការដ្ឋានអាស៊ាននិងក្រុមមួយទៀត ដើម្បីរៀនសូត្រអំពីកិច្ចប្រជុំអាស៊ាននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំនេះដែលជាកិច្ចប្រឹងប្រែងមួយរបស់ប្រទេសភូមា។ មេដឹកនាំអាស៊ានបានយល់ព្រមឲ្យភូមាឡើងកាន់តំណែងជាប្រធានរបស់អាស៊ាននៅឆ្នាំ២០១៤ ក្នុងពេលមានកិច្ចប្រជុំប្រចាំឆ្នាំនៅក្នុងកោះបាលីប្រទេសឥណ្ឌូណេស៊ីកាលពីខែវិច្ឆិកាមុន។ ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖ កម្ពុជា៖ យោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP ប្រភេទថ្មីមួយនៃសត្វពពួកតឹកកែ (តុកកែ) ជីងចក់ និងបង្គួយ ដោយមានស្បែកពណ៌ឥន្ទធនូ កន្ទុយវែង និងជើងខ្លីបំផុត បានត្រូវក្រុមអភិរក្សសត្វរកឃើញនៅក្នុងព្រៃនៃតំបន់ឦសានប្រទេសកម្ពុជា នៅថ្ងៃពុធនេះ។ អ្នកវិទ្យាសាស្រ្ដបានហៅសត្វនោះថា Lygosoma Veunsaiensis ក្នុងការផ្ដល់កិត្ដិយសដល់តំបន់អភិរក្ស វឺនសៃ (វីរជ័យ) សៀមប៉ាង ក្នុងខេត្ដរតនៈគីរី ដែលជាទីកន្លែងគេរកឃើញសត្វនោះ។ <!--IMAGE-RIGHT--> ទីបេត៍៖ ជនជាតិទីបេត៍រស់នៅតំបន់ពាយ័ព្យប្រទេសចិន បានប្រារព្ធពិធីបុណ្យប្រពៃណីចូលឆ្នាំថ្មីដោយក្រៀមក្រោះ នៅថ្ងៃពុធនេះ ក្រោយពីមានព្រះសង្ឃច្រើនអង្គ បានដុតខ្លួនក្នុងការតវ៉ាប្រឆាំងការគ្រប់គ្រងរបស់ចិន។ ក្រិក៖ នាយករដ្ឋមន្ដ្រីប្រទេសក្រិក លោក លូខឺស ប៉ាប៉ាដេម៊ូស (Lucas Papademos) ថ្លែងថា ប្រទេសរបស់លោកមានកិច្ចការច្រើនណាស់ ដែលត្រូវសម្រេចមុននឹងទទួលយកថវិកាសង្រ្គោះថ្មី ១៧២ពាន់លានដុល្លារពីសហភាពអឺរុប និងពីអង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF។ អ៊ីរ៉ង់៖ នាយកអធិការកិច្ចការនុយក្លេអ៊ែររបស់អ.ស.ប.ថ្លែងថា ទស្សនកិច្ចពីរថ្ងៃនៅក្នុងប្រទេសអ៊ីរ៉ង់បានត្រូវចប់ដោយក្រុមអធិការរបស់លោកមិនអាចទៅទស្សនាទីកន្លែងយោធាសំខាន់ ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលតេហេរ៉ង់ទេ។ ឥណ្ឌូណេស៊ី៖ កងកម្លាំងសន្តិសុខប្រទេសឥណ្ឌូណេស៊ីបានវាយសម្រុកចូលទៅក្នុងគុកមួយដែលអ្នកទោសកំពុងបះបោរ ហើយក្នុងនោះមានជនជាតិអូស្ត្រាលី១២នាក់ផងដែរ។ ស៊ីរី៖ ការបាញ់គ្រាប់កាំភ្លើងធំទម្លាក់មកលើទីក្រុងហូមក្នុងប្រទេសស៊ីរី បានសម្លាប់អ្នកកាសែតបស្ចិមប្រទេសពីរនាក់ ខណៈដែលសកម្មជនការពារសិទ្ធិមនុស្ស និងប្រទេសរុស្សីដែលគាំទ្ររដ្ឋាភិបាលទីក្រុងដាម៉ាសកំពុងអំពាវនាវឲ្យមានកិច្ចសង្រ្គោះមនុស្សជាតិ។ កូរ៉េខាងជើង៖ អ្នកចរចាថ្នាក់ខ្ពស់ពីស.រ.អ.និងកូរ៉េខាងជើងនឹងត្រូវជួបប្រជុំគ្នានៅក្នុងទីក្រុងប៉េកាំង ដែលគេសង្ឃឹមថានឹងនាំឲ្យមានការចាប់ផ្ដើមការចរចាភាគី៦ប្រទេស ក្នុងគោលដៅពន្យល់រដ្ឋាភិបាលព្យ៉ុងយ៉ាងឲ្យបោះបង់ចោលកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ។ អាហ្វហ្គានីស្ថាន៖ ជនជាតិអាហ្វហ្គានីស្ថានយ៉ាងតិច៤នាក់ស្លាប់នៅពេលដែលប៉ូលីសបាញ់មកលើក្រុមអ្នកបះបោរខឹងក្រោធជាច្រើនរយនាក់ក្នុងថ្ងៃទីពីរនៃការតវ៉ាដ៏ហិង្សាមកលើកងកម្លាំងអូតង់ (NATO) ដែលបានបំផ្លាញគម្ពីរ កូរ៉ាន (Quran) យ៉ាងមិនសមរម្យ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
សហភាពអឺរ៉ុបផ្តល់ប្រាក់១៧២ពាន់លានដុល្លារសម្រាប់ស្រោចស្រង់ក្រិក Posted: 21 Feb 2012 11:05 PM PST ក្រិក៖ ប្រាក់ជំនួយ១៧២ពាន់លានដុល្លារសម្រាប់ក្រិក បានជួបប្រទះនូវប្រតិកម្មចម្រុះកាលពីថ្ងៃអង្គារ ដោយពលរដ្ឋក្រិកបានសម្តែងនូវភាពធូរស្រាលនិងមន្ទិលសង្ស័យថាតើវិធានការនេះនឹងធ្វើឲ្យប្រទេសនោះអាចងើបឡើងវិញបានឬទេ? ប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋមន្រ្តីហិរញ្ញវត្ថុតំបន់ប្រើប្រាស់ប្រាក់ អឺរ៉ូ បានអនុម័តវិធានការនោះបាតុករ បានតម្រង់ជួរគ្នានៅប្រាក់ជំនួយ១៧២ពាន់លានដុល្លាសម្រាប់ប្រទេសក្រិក បានជួបប្រទះនូវប្រតិកម្មចម្រុះកាលពីថ្ងៃអង្គារ ដោយប្រជាពលរដ្ឋក្រិកបានសម្តែងនូវភាពធូរស្រាលនិងមន្ទិលសង្ស័យថាតើវិធានការនេះ នឹងធ្វើឲ្យប្រទេសនោះអាចងើបឡើងវិញបានឬទេ។ ប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋមន្រ្តីហិរញ្ញវត្ថុតំបន់ប្រើប្រាស់ប្រាក់ អឺរ៉ូ បានអនុម័តវិធានការនោះបាតុករ បានតម្រង់ជួរគ្នានៅខាងមុខក្រសួងការងារដោយស្រែកនិងកាន់បដាដែលមានសញ្ញា Troika ដែលសំដៅដល់សហភាពអឺរ៉ុប ធនាគារកណ្តាលអឺរ៉ុបនិងអង្គការមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF)ថាជាពួកចោររត់ពន្ធ។ ពួកគេបានស្តីបន្ទោសអ្វីៗមកលើយើងឯពួកគេបែរជារួចខ្លួនដោយអភ័យឯកសិទ្ធិ។ខាងមុខក្រសួងការងារដោយស្រែកនិងកាន់បដាដែលមានសញ្ញា Troika ដែលសំដៅដល់សហភាពអឺរ៉ុប ធនាគារកណ្តាលអឺរ៉ុបនិងអង្គការមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF)ថាជាពួកចោររត់ពន្ធ។ ពួកគេបានស្តីបន្ទោសអ្វីៗមកលើយើងឯពួកគេបែរជារួចខ្លួនដោយអភ័យឯកសិទ្ធិ។ សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានសរសើរសភាចំពោះការបន្តការកាត់បន្ថយពន្ធលើប្រាក់បៀវត្សន៍ តែលោកនិយាយទៀតថា មានការងារច្រើនទៀតដែលត្រូវធ្វើដើម្បីជួយពលរដ្ឋអាមេរិកាំងដែលកំពុងស្ថិតក្នុងស្ថានភាពលំបាកនិងអ្នកនៅវណ្ណៈកណ្តាល។ ចិន៖ កំពុងច្រានចោលការអង្វររបស់កូរ៉េខាងត្បូងកុំឲ្យបញ្ជូនត្រឡប់ទៅវិញនូវជនជាតិកូរ៉េខាងជើង៣០នាក់ដែលត្រូវបានឃាត់ខ្លួនកាលពីពេលថ្មីៗនេះនៅក្នុងទឹកដីចិន។ សហរដ្ឋអាមេរិក៖ កំពុងចរចាជាមួយប្រទេសសំខាន់ៗដែលនាំប្រេងចូលមកពី អ៊ីរ៉ង់ ដោយរួមមានកូរ៉េខាងត្បូងនិងជប៉ុន អំពីការកាត់បន្ថយការទិញរបស់ខ្លួនដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មដែលសំដៅលើធនាគារកណ្តាលរបស់អ៊ីរ៉ង់។ វៀតណាម៖ ទីភ្នាក់ងារព័ត៌មានវៀតណាម VNA ប្រាប់ឲ្យដឹងថាគណៈកម្មាធិការកិច្ចការបរទេសវៀតណាមនិងសភាកម្ពុជា បានព្រមព្រៀងគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងរៀបចំសន្និសីទរួមគ្នានៃគណៈកម្មកាធិការកិច្ចការបរទេសនៃរដ្ឋសភារបស់ប្រទេសវៀតណាម កម្ពុជា និងឡាវ នៅខែកក្កដានៅវៀតណាម។ សូម៉ាលី៖ មហាអំណាចអឺរ៉ុប អាចនឹងពង្រីកយុទ្ធនាការណ៍របស់ខ្លួនប្រឆាំងសកម្មភាពប្លន់តាមសមុទ្រនៅក្នុងឈូងសមុទ្រអាដែន និងផ្ទៃទឹកផ្សេងៗទៀតនៅជិតសូម៉ាលី។ អាហ្វហ្គានីស្ថាន៖ ហ្វូងបាតុករដែលមានការខឹងសម្បារយ៉ាងហោចណាស់ក៏២ពាន់នាក់ដែរ បានប្រមូលផ្តុំគ្នានៅខាងក្រៅបន្ទាយកងទ័ពដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកាលពីថ្ងៃអង្គារ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាកងទ័ពបរទេសនៅខាងក្នុងបន្ទាយនោះបានបោះចោលសៀវភៅកូរ៉ាន Quran ។ ស៊ីរី៖ កងកម្លាំងសន្តិសុខស៊ីរីបានបាញ់ផ្តក់យ៉ាងខ្លាំងចូលក្នុងតំបន់នានាដែលពួកឧទ្ទាមកាន់កាប់នៅក្នុងទីក្រុងហូមកាលពីថ្ងៃអង្គារ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ក៏១៦នាក់ដែរ ហើយធ្វើឲ្យមនុស្សជាង២រយនាក់រងរបួសខណៈដែលការភ័យខ្លាចកាន់តែកើនឡើងចំពោះការវាយប្រហារលើកន្លែងធ្វើបាតុកម្ម។ អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីអាហ្វហ្គានីស្ថានហាមីដ កាហ្សាយ បានអញ្ជើញ មេដឹកនាំតាលីបានធ្វើការចរចាដោយផ្ទាល់ជាមួយរដ្ឋាភិបាលរបស់លោក នៅខណៈនោះដែរ លោកក៏សុំឲ្យប៉ាគីស្ថានគាំទ្រនិងសម្របសម្រួលការចរចាទាំងនោះដែលមានគោលបំណងបញ្ចប់សង្គ្រាមរយៈពេលមួយទសវត្សរ៍កន្លងមក។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ឯកសារបញ្ជាក់ថាសាលាក្តីខ្មែរក្រហមត្រូវការថវិកា៩២លានដុល្លារសម្រាប់ពេលពីរឆ្នាំ Posted: 21 Feb 2012 04:58 PM PST សាលាក្តីកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអ.ស.បបានស្នើសុំថវិកា៩២ លានដុល្លារពីក្រុមប្រទេសអ្នកផ្តល់ជំនួយសម្រាប់ទ្រទ្រង់ដំណើរការកាត់ទោសរយៈពេល២ឆ្នាំគឺឆ្នាំ២០១២ និងឆ្នាំ២០១៣ ទោះបីជាមន្ត្រីសាលាក្តីបានអះអាងថាខ្លួនស្នើសុំតែ៨៩លានក្តី។ នេះបើតាមឯកសារជាសំណើថវិកាដែលតុលាការខ្មែរក្រហមផ្ញើជូនក្រុមប្រទេសអ្នកផ្តល់ជំនួយហើយវីអូអេទទួលបានពីប្រភពស្និទ្ធនឹងតុលាការនិងប្រទេសម្ចាស់ជំនួយ។ នៅក្នុងសំណើកញ្ចប់ថវិកាដដែលនោះបានរៀបរាប់លម្អិតពីគម្រោងចំណាយរបស់ខ្លួនហើយនិយាយឲ្យដឹងថាកញ្ចប់ថវិកាភាគច្រើនគឺសម្រាប់ផ្នែកអន្តរជាតិ ឬអ.ស.ប ហើយកញ្ចប់ថវិកាភាគីកម្ពុជាត្រូវការតែ២០លានប៉ុណ្ណោះគឺមួយឆ្នាំ ១០លានដុល្លារ។ ឯកសារជាង៨០ទំព័រជាភាសាអង់គ្លេសបានបញ្ជាក់ថា៖ «តាមតម្រូវការរំពឹងទុករបស់តុលាការសម្រាប់រយៈពេលពីរឆ្នាំ សាលាក្តីខ្មែរក្រហម ស្នើសុំឲ្យមានការយល់ព្រមលើសំណើថវិកាសរុបចំនួន៩២លានដុល្លា។ ក្នុងចំនួននោះគឺ៤៧,៥លានសម្រាប់ចំណាយឆ្នាំ២០១២ និង ៤៤,៥លានដុល្លារសម្រាប់ចំណាយឆ្នាំ២០១៣ រួមទាំងចំណាយលើបញ្ហាចៃដន្យផងដែរ»។ លោក ម៉ាទីន ណេសឺគី (Martin Nersirky) អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការអ.ស.ប បាន គីមូន (Ban Ki-moon) បានថ្លែងប្រាប់វីអូអេតាមទូរស័ព្ទប៉ុន្មានថ្ងៃមុននេះថាប្រទេសអ្នកផ្តល់ជំនួយកំពុងពិចារណាលើសំណើថវិកាដែលបានទទួលពីសាលាក្តីខ្មែរក្រហមហើយ។ លោក Nersirky ពុំបានបញ្ជាក់លម្អិតអំពីចំនួនថវិកានិងកម្មវិធីលម្អិតនៃកិច្ចប្រជុំរបស់ក្រុមប្រទេសអ្នកផ្តល់ជំនួយដើម្បីពិចារណាចុងក្រោយលើថវិកាកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមពីបទឧក្រិដ្ឋកម្មអន្តរជាតិនានាទាក់ទងនឹងការស្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ជាង១លាន៧សែននាក់ក្នុងទសវត្សរ៍១៩៧០ នោះ។ អ្នកការទូតម្នាក់ក្នុងទីក្រុងញូវយ៉កដែលត្រូវចូលរួមប្រជុំសម្រេចអំពីថវិកានោះបានអះអាងថាសំណើថវិកាសាលាក្តីនឹងត្រូវសម្រេចក្នុងកិច្ចប្រជុំក្រុមប្រទេសជាមិត្តនឹងសាលាក្តីប្រមាណ១៥ប្រទេសនៅថ្ងៃទី២៤ខែកុម្ភៈដែលលោកអគ្គលេខាធិការអ.ស.ប Ban Ki-moon ចូលរួមជាអធិបតី។ សាលាក្តីខ្មែរក្រហមកំពុងខ្វះខាតថវិកាបើកឲ្យបុគ្គលិកជាពិសេសបុគ្គលិកភាគីកម្ពុជា ដែលមិនបានទទួលប្រាក់ខែតាំងពីខែតុលាម៉្លេះ។ លោក ហ៊ុយ វណ្ណៈអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានអះអាងថា គណៈប្រតិភូសាលាក្តីខ្មែរក្រហមដែលដឹកនាំដោយលោក ក្រាញ់ តូនី (Tony Kranh) ប្រធានស្តីទីនៃរដ្ឋបាលសាលាក្តីនិងអនុប្រធានរបស់លោកគឺលោក Knut Rosandhaug បានចាកចេញពីកម្ពុជាហើយកាលពីថ្ងៃអាទិត្យ។ គណប្រតិភូនេះគ្រោងនឹងជួប ប្រជុំជាមួយក្រុមប្រទេសផ្តល់ជំនួយនៅថ្ងៃទី២៤ខែកុម្ភៈបន្ទាប់ពីកិច្ចប្រជុំជាបឋមមួយជាមួយក្រុមប្រទេសអចិន្ត្រៃយ៍នៅថ្ងៃទី២២ ខែកុម្ភៈ ដើម្បីពិភាក្សាពីសំណើថវិកាដែលលោកអះអាងតែចំនួន៨៩លានគឺតិចជាង៣លានដែលឯកសារបានបញ្ជាក់។ «ដំណើរការតុលាការនេះវាអាស្រ័យទៅលើចំណុចពីរសំខាន់។ ទី១ ប្រព័ន្ធដែល មានស្រាប់នៅកម្ពុជា។ ហើយចំណុចទី២គឺថវិកាដែលផ្តល់ដោយប្រទេសអ្នកផ្តល់ជំនួយ។ ដូច្នេះបើខ្វះចំណុចណាមួយក្នុងចំណោមទាំងពីរនេះជាពិសេសបើ ប្រទេសផ្តល់ជំនួយនៅបន្តទៀតទើបតុលាការនេះអាចបញ្ចប់បេសកកម្មនិង ដំណើរការនិងការងាររបស់ខ្លួនបាន»។ ដោយឡែកបុគ្គលិកអ.ស.បដែលគេរាយការណ៍មកថាត្រូវចប់កិច្ចសន្យានៅខែមេសា និងខែឧសភានោះអាចនឹងប៉ះទង្គិចផងដែរពេលគ្មានការបន្តសន្យាថវិកាពីម្ចាស់ជំនួយ។ ក្រុមអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិមួយចំនួនបានទទូចដល់ក្រុមប្រទេស អ្នកផ្តល់ជំនួយដើម្បីជួយដល់តុលាការនេះចប់ដោយគ្មានបរាជ័យ។ តែក្រុមអ្នកឃ្លាំមើលដដែលបានជំរុញដល់សាលាក្តីក៏ត្រូវពង្រឹងខ្លួនពីការរិះគន់រឿងការជ្រៀតជ្រែកផ្នែកនយោបាយ អំពើពុករលួយ បង្ហាញកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងអ.ស.ប ឯករាជ្យភាពរបស់មន្ត្រីតុលាការនិងដោះស្រាយបញ្ហាតែងតាំងចៅក្រមបរទេសដើម្បីបំពេញកិច្ចការផងដែរ។ លោកស្រី Clair Duffy មន្ត្រីឃ្លាំមើលសាលាក្តីនៃអង្គការច្បាប់របស់ស.រ.អាមួយ ឈ្មោះ Open Society Justice Initiative ឬហៅកាត់ថា OSJI បានអះអាងថា កង្វះថវិកាធ្វើឲ្យខូចខាតដល់មុខមាត់តុលាការទាំងមូល ហើយនឹងបង្កើតឲ្យមាន សំណួរច្រើនសួរថាតើតុលាការ អាចដំណើរការទៅមុខយ៉ាងម៉េចបានបើគ្មានលុយនោះ? «យោបល់របស់យើងជាទូទៅគឺថាក្រុមប្រទេសអ្នកផ្តល់ជំនួយជារួមចាំបាច់ផ្តល់ថវិកាគាំទ្របន្ថែមទៀតចំពោះតុលាការ»។ លោកស្រី Duffy បានពន្យល់បន្ថែមមានបញ្ហាមួយចំនួនដែលតុលាការត្រូវធានា ចំពោះម្ចាស់ជំនួយគឺការជម្រះបញ្ហាជ្រៀតជ្រែកផ្នែកនយោបាយនិងរឿងរ៉ាវ នានាក្នុងតុលាការដើម្បីកុំឲ្យប៉ះទង្គិចដល់អារម្មណ៍ម្ចាស់ជំនួយ។ «ពិតប្រាកដណាស់ ខ្ញុំគិតថាវិបត្តិនៃកេរ្តិ៍ឈ្មោះតុលាការបច្ចុប្បន្នធ្វើឲ្យប៉ះទង្គិច ដល់ក្រុមប្រទេសអ្នកផ្តល់ជំនួយក្នុងការសម្រចថាពួកគេ ត្រូវបន្តផ្តល់ការសន្យា ថវិកាដល់តុលាការឬមិនផ្តល់។ នេះហើយជាអ្វីដែលតុលាការចាំបាច់ត្រូវការ គោរពតាមបទដ្ឋានខ្ពស់បំផុតនៃច្បាប់អន្តរជាតិនិងសិទ្ធិមនុស្ស។ ដូច្នេះក្រុម ប្រទេស អ្នកផ្តល់ជំនួយមានទំនុកចិត្តឡើងវិញ ហើយផ្តល់ថវិកាដល់តុលាការទៀត»។ លោកស្រីក៏បានស្តីបន្ទោសក្រុមប្រទេសអ្នកផ្តល់ជំនួយថាពុំបានជំរុញល្មម គ្រប់គ្រាន់ចំពោះដំណើរការទៅមុខនៃសំណុំរឿង ០០៣ និង០០៤ និងការផ្តល់ថវិកា យឺតយ៉ាវដែលអាចកាត់បន្ថយល្បឿននៃតុលាការ។ លោកបណ្ឌិតចន សូសៀរី (John Ciorciari) សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Gerald Ford School of Public Policy នៃរដ្ឋ Michigan បានហៅវិបត្តិថវិកាជាល្បែងលេងចាប់កូនមាន់និងការមិនពេញចិត្ត ពីប្រទេសម្ចាស់ជំនួយចំពោះការមិនធ្វើឲ្យរីកចម្រើនក្នុងសាលាក្តី ដូចជារឿងវិវាទ រវាងចៅក្រមចំពោះសំណុំរឿង០០៣ និង០០៤ ការមិនតែងតាំងចៅក្រមដើម្បី បំពេញកិច្ចការសំណុំរឿងទាំងនេះ។ «ក្រុមប្រទេសអ្នកផ្តល់ជំនួយអាចទាមទារឲ្យរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ចៅក្រមជនជាតិស្វីសមុនពេលផ្តល់ថវិកាបន្ថែម។ សំណុំរឿងទី២ផ្តល់ហេតុផល ដ៏រឹងមាំនៅឡើយសម្រាប់ក្រុមប្រទេសផ្តល់ជំនួយដើម្បីធានាឲ្យតុលាការនេះ ដំណើរការបាន។ តែវាជាការភ្ញាក់ផ្អើលប្រសិនបើប្រទេសផ្តល់ជំនួយច្រានចោល សំណើរបស់កម្ពុជាទាំងស្រុងក្នុងទីក្រុងញូវយ៉កនៅសប្តាហ៍នេះ»។ លោក ឡាត់ គី អ្នកឃ្លាំមើលសាលាក្តីនៃអង្គការសិទ្ធិមនុស្សអាដហុកបានអះអាងថា ក្រុមប្រទេសផ្តល់ជំនួយចាំបាច់ត្រូវផ្តល់ថវិកាដល់សាលាក្តីដើម្បីដំណើរការបានជោគជ័យ។ «វាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជាទាំងមូលដែលការបញ្ចប់សាលាក្តីដោយភាពជោគជ័យគឺអាចនឹងបន្សល់នូវកេរដំណែលជាវិជ្ជមាន ដើម្បីស្តារឡើងវិញនូវប្រព័ន្ធតុលាការកម្ពុជានៅក្នុងការជួយស្រោចស្រង់ក៏ ដូចជាការផ្តល់យុត្តិធម៌ជូនទៅដល់ជនរងគ្រោះកម្ពុជានាសម័យបច្ចុប្បន្ន ផងដែរ»។ លោកបានអះអាងថាបញ្ហាសំខាន់ផងដែរដែលតុលាការត្រូវខិតខំធ្វើឲ្យមាន ឯករាជ្យភាពដែលជាក្តីបារម្ភរបស់ប្រទេសម្ចាស់ជំនួយផងដែរ។ អ្នកការទូតក្នុងទីក្រុងញូវយ៉កដែលប្រទេសលោកជាអ្នកផ្តល់ជំនួយសំខាន់ ដល់សាលាក្តីខ្មែរក្រហមបានអះអាងថាសំណុំរឿងបន្ថែម០០៣និង០០៤ នឹងត្រូវពិភាក្សាគ្នាក្នុងពេលមានសំណើអំពីថវិកា។ «រឿងនេះជាក្តីបារម្ភមួយក្នុងចំណោមក្តីបារម្ភជាច្រើន។ តែយើងមិនអាចជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់តុលាការបានទេ»។ អ្នកការទូតរូបនោះបានអះអាងដែរថាបញ្ហាតែងតាំងសហចៅក្រមស្វីស Laurent Kasper-Ansermet និងបញ្ហាផ្សេងៗទៀតពិតជាស្ថិតក្នុងក្តីបារម្ភមែនក្នុងចំណោមប្រទេសអ្នកផ្តល់ជំនួយ ក្រៅពីបញ្ជាក់អះអាងថាសំណើថវិកាស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយទេ។ កញ្ចប់ថវិកាថ្មីត្រូវគេដឹងថាគឺដើម្បីចំណាយទៅលើប្រតិបត្តិការសំណុំរឿង០០២និងសំណុំរឿងបន្ថែម០០៣/០០៤ ដ៏ចម្រូងចម្រាស់ហើយនឹងចំណាយផ្នែករដ្ឋបាលផ្សេងៗផងដែរ។ សាលាក្តីខ្មែរក្រហមដែលរងការចោទប្រកាន់ពីបទពុករលួយនិងការជ្រៀតជ្រែកផ្នែកនយោបាយនោះ បានចំណាយថវិកាជិត១៥០លានដុល្លារពីឆ្នាំ២០០៦ដល់ឆ្នាំ២០១១៕ This posting includes an audio/video/photo media file: Download Now |
គណបក្សប្រឆាំងស្វះស្វែងរកអន្តរាគមន៍ពីអាមេរិកលើករណីលោកសម រង្ស៊ី Posted: 21 Feb 2012 07:04 PM PST គណបក្សជំទាស់ដែលមានឥទ្ធិពលនៅក្នុងប្រទេសកម្ពុជា គឺគណបក្ស សម រង្ស៊ី នៅថ្ងៃអង្គារនេះ បានស្វែងរកការជួយជ្រោមជ្រែងពីសមាជិកសភាសហរដ្ឋអាមេរិកដើម្បីឈានទៅរកដំណោះស្រាយមួយឲ្យលោក សម រង្ស៊ី មានលទ្ធភាពធ្វើមាតុភូមិនិវត្តន៍មកចូលរួមការបោះឆ្នោតក្នុងពេលខាងមុខនេះ។ លោក សុន ឆ័យ តំណាងរាស្ដ្រប្រចាំមណ្ឌលក្រុងភ្នំពេញ បានលើកពីបញ្ហាលោកសម រង្ស៊ី នៅក្នុងជំនួបរវាងមន្ដ្រីគណបក្សជំទាស់ជាមួយលោកស្រី នីគី សុងហ្គាស សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញនៅល្ងាចនេះ។ លោក សុន ឆ័យ បញ្ជាក់ថាគណបក្សជំទាស់ចង់ឲ្យលោកស្រីសមាជិកសភាអាមេរិកជួយលើកករណីលោក សម រង្ស៊ី ទៅពិភាក្សាជាមួយមន្ដ្រីផ្លូវការរបស់រដ្ឋាភិបាលខ្មែរ។ «យើងបានជម្រាបជូនអ្នកស្រីពីសារៈសំខាន់តួនាទីរបស់ឯកឧត្តម សម រង្ស៊ី ក្នុងការដឹកនាំគណបក្សប្រឆាំង និងការធានានូវលទ្ធិប្រជាធិបតេយ្យនិងការបោះឆ្នោតមួយ ដែលអាចយកជាការណ៍បាន។ ក្នុងជំនួបនេះយើងក៏បានផ្តាំផ្ញើដែរ ក្នុងករណីដែលលោកស្រីទៅជួបជាមួយនឹងរាជរដ្ឋាភិបាល ក៏យើងចង់ឲ្យមានការពិគ្រោះជាមួយនឹងបញ្ហាហ្នឹងផងដែរ។ ខ្ញុំសង្ឃឹមថា នឹងមានវិធានការសមស្របណាមួយពីរដ្ឋាភិបាលអាមេរិកដើម្បីនឹងជួយធ្វើយ៉ាងម៉េចឲ្យមានការធានាក្នុងការដែលផ្តល់លទ្ធភាពឲ្យឯកឧត្តម សម រង្ស៊ី បានត្រឡប់មកវិញ»។ លោក សម រង្ស៊ី បាននិរទេសខ្លួនដោយស្ម័គ្រចិត្តទៅក្រៅប្រទេសជាច្រើនឆ្នាំមកហើយ បន្ទាប់ពីតុលាការខ្មែរចោទប្រកាន់ និងផ្ដន្ទាទោសលោកឲ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ ស្តីពីការបំផ្លិចបំផ្លាញតម្រុយបង្គោលព្រំដែនកម្ពុជា វៀតណាម និងបទក្លែងបន្លំឯកសារសាធារណៈ។ ក៏ប៉ុន្ដែក្រោយមកទោសនេះ ត្រូវតុលាការបន្ធូរបន្ថយនៅត្រឹមប្រាំបួនឆ្នាំវិញ។ ដោយឡែកលោកស្រី នីគី សុងហ្គាស មានប្រសាសន៍ប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយពីជំនួបរយៈពេលប្រមាណជាមួយម៉ោងនោះថា លោកស្រីមិនបានពិភាក្សាលម្អិតពីករណីលោកសម រង្ស៊ី ទេ។ ក៏ប៉ុន្ដែការជជែកនេះ គឺជាផ្នែកមួយ នៃដំណើរទស្សនកិច្ចរបស់លោកស្រី ដើម្បីស្វែងយល់ពីស្ថានភាពនយោបាយក្នុងប្រទេស និងរកវិធីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ ជាមួយគ្នានេះលោកស្រី សុងហ្គាស បន្ថែមថា លោកស្រីត្រូវសា្ដប់សេចក្ដីព្រួយបារម្ភរបស់គណបក្សក្រៅរដ្ឋាភិបាលផងដែរ។ «យើងស្ដាប់ជាពិសេស នូវកង្វល់ដែលគណបក្សជំទាស់ជួបប្រទះ។ ហើយដូចខ្ញុំនិយាយអញ្ចឹងគឺខ្ញុំមកដើម្បីសិក្សាពីបញ្ហានេះ ប៉ុន្ដែខ្ញុំយកចិត្តទុកដាក់បញ្ហាទាំងនេះយ៉ាងម៉ត់ចត់»។ លោក សុន ឆ័យ បញ្ជាក់ថា នៅក្នុងជំនួបនោះគណបក្សសម រង្ស៊ី ក៏បានផ្តល់លិខិតស្ដីពីកង្វល់ពាក់ព័ន្ធនឹងការប្រើអំពើហិង្សានៃកងកម្លាំងប្រដាប់អាវុធលើពលរដ្ឋកម្ពុជា ស្នើឲ្យសហរដ្ឋអាមេរិកជួយឲ្យមានការធានាពីបរិយាកាសបោះឆ្នោតត្រឹមត្រូវ និងស្នើសុំសហរដ្ឋអាមេរិកជួយពង្រឹងស្ថាប័នរដ្ឋនានា ក្នុងប្រទេសកម្ពុជាសម្រាប់ជាការធានាដល់សន្ដិសុខ និងស្ថិរភាពនយោបាយ។ ក៏ប៉ុន្ដែលោកស្រី សុងហ្គាស មិនបានផ្ដល់សេចក្ដីអត្ថាធិប្បាយច្រើនពីជំនួបនេះទេ។ លោកស្រី នីគី សុងហ្គាស គឺជាសមាជិកសភាអាមេរិកប្រចាំរដ្ឋម៉ាស្សាឈូសេត។ លោកស្រីបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍។ ដំណើរទស្សនកិច្ចរបស់លោកស្រី ធ្វើឡើងខណៈដែលប្រទេសកម្ពុជា កំពុងត្រៀមខ្លួនធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងខែមិថុនា ខាងមុខ។ គឺជាការបោះឆ្នោតដ៏មានសារៈសំខាន់មួយរបស់ប្រទេសកម្ពុជា។ លោកស្រី សុងហ្គាស គ្រោងនឹងជួបជាមួយមន្រ្ដីរដ្ឋាភិបាលខ្មែរនៅថ្ងៃពុធបន្តទៀត៕ This posting includes an audio/video/photo media file: Download Now |
រោងចក្រ១៣ផ្អាកដំណើរការបន្ទាប់ពីមានការបាញ់របួសកម្មករ Posted: 21 Feb 2012 04:29 PM PST យ៉ាងតិចមានរោងចក្រចំនួន១៣នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀងត្រូវបានផ្អាកមិនឲ្យដំណើរការជាបណ្តោះអាសន្នបន្ទាប់ពីមានកម្មការិនីចំនួនបីនាក់ត្រូវបានបាញ់ឲ្យរងរបួស។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រីអាជ្ញាធរខេត្ត។ កាលពីថ្ងៃច័ន្ទនេះមានកម្មការិនីនៃរោងចក្រផលិតស្បែកជើងចំនួនបីនាក់ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់មុខ បាញ់ឲ្យរងរបួសនៅក្នុងខណៈពេល ដែលមានក្រុមកម្មករជាច្រើននាក់បានធ្វើបាតុកម្មតវ៉ាដោយសន្តិវិធីដើម្បីឲ្យថៅកែរោងចក្រ ផ្តល់ប្រាក់បៀវត្សរ៍ និងលក្ខខណ្ឌការងារឲ្យបានសមរម្យដល់ពួកគេ។ លោក ជៀង អំ អភិបាលខេត្តស្វាយរៀង បានថ្លែងប្រាប់វីអូអេតាមរយៈទូរស័ព្ទមកថា ក្រសួងការងារ និងក្រសួងមហាផ្ទៃ ព្រមទាំងតំណាងរោងចក្រ បានកោះប្រជុំជាបន្ទាន់ បន្ទាប់ពីព្រឹត្តិការណ៍បាញ់ប្រហារកាលពីថ្ងៃច័ន្ទ។ លោកបានមានប្រសាសន៍ថា តំណាងរោងចក្រ បានឯកភាពជាគោលការណ៍មួយចំនួនដោយសន្យាថានឹងផ្តល់ថ្លៃធ្វើដំណើរប្រចាំខែ១០ដុល្លារនៅក្នុងមា្នក់ៗ និងផ្តល់ប្រាក់ទទួលទានអាហារថ្ងៃត្រង់ចំនួន២.០០០រៀល នៅក្នុងមួយថ្ងៃសម្រាប់មនុស្សម្នាក់ៗ។ «បើធ្វើការនៅថ្ងៃអាទិត្យ ឬថ្ងៃបុណ្យ ក្រុមហ៊ុននឹងរៀបចំឡានដឹកជញ្ជូនទៅមក។ ប៉ុន្តែបើគ្មានឡានដឹកជញ្ជូនទេ ក្រុមហ៊ុននឹងផ្តល់ប្រាក់សម្រាប់ធ្វើដំណើរនៅក្នុងម្នាក់ចំនួនពីរដុល្លារ។ ចំពោះប្រាក់ឈ្នួលថ្ងៃទី២១ ២២ ២៣ ខែកុម្ភៈនេះ ដែលកម្មករនិយោជិកទាំងអស់នេះ បានឈប់សម្រាកមិនធ្វើការនេះ គឺក្រុមហ៊ុននៅរក្សាផ្តល់ជូនដដែល។ គេឥតកាត់ទេ!»។ ការកោះប្រជុំចម្រុះអន្តរក្រសួង មិនបានលើកពីប្រធានបទ នៃការបាញ់ប្រហារកម្មករចំនួនបីនាក់ឲ្យរងរបួសយកមកពិភាក្សាលម្អិតទេ។ ហើយជនដៃដល់ ក៏មិនទាន់បានសហការពីតំណាងរោងចក្រ ដើម្បីធ្វើការឃាត់ខ្លួនភ្លាមៗដែរ រហូតមកដល់ថ្ងៃអង្គារនេះ។ សហជីពសេរីកម្មករ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការសិទ្ធិមនុស្សលីកាដូ និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានចេញសេចក្តីថ្លែងការណ៍ផ្សេងៗពីគ្នា ដោយបានធ្វើការថ្កោលទោសចំពោះព្រឹត្តិការណ៍បាញ់ប្រហារកាលពីថ្ងៃច័ន្ទ។ អង្គការទាំងនោះ បានប្រាថ្នាឲ្យនាំខ្លួនជនដៃដល់ទៅផ្តន្ទាទោសតាមច្បាប់ ដើម្បីបញ្ចប់និទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា។ លោក សាន់ សំអាត ស្នងការប៉ូលិសស្តីទីខេត្តស្វាយរៀងមិនអាចស្នើសុំដើម្បីទំនាក់ទំនងបានទេ។ រីឯលោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយថាកំពុងជាប់រវល់ប្រជុំ។ លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា យើងមិនចង់ឃើញការដោះស្រាយវិវាទរវាងថៅកែរោងចក្រ និងកម្មករដោយកាណុងកាំភ្លើងទេ។ លោកបានសង្ស័យថា សមត្ថកិច្ចជាអ្នកបាញ់មកលើកម្មករ មិនមែនសន្តិសុខរបស់ក្រុមហ៊ុនទេ។ «ខ្ញុំគិតថាសមត្ថកិច្ចតែម្តង ដោយយើងសំអាងថាសន្តិសុខ ដែលយាមនៅតាមក្រុមហ៊ុននីមួយៗ ហ្នឹង ខ្ញុំជួបគាត់ហើយគាត់ឥតមានកាំភ្លើង គាត់ឥតមានអីទេ គាត់មានតែដំបង ហើយនឹងខ្នោះទេ។ គាត់បាននិយាយថា ពួកគាត់ឥតមានអាវុធទេ។ អញ្ចឹងអ្នកមានអាវុធហ្នឹង គឺអ្នកមកពីខាងក្រៅទេ ដែលមកបាញ់ហ្នឹង»។ លោក ចាន់ សាវ៉េត មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់សមាគមសិទ្ធិមនុស្សអាដហុក បាននិយាយថា ការបាញ់ប្រហារនេះគឺជាការប៉ុនប៉ងមនុស្សឃាត ហើយជនដៃដល់គួរតែត្រូវបានផ្តន្ទាទោស។ «ស្នើសុំឲ្យមានការស៊ើបអង្កេតជាប្រញ៉ាប់ ហើយនឹងបង្ហាញព័ត៌មាននេះជូនយើងឲ្យបានដឹង ដើម្បីដឹងថាអ្នកហ្នឹង ជានរណាឲ្យពិតប្រាកដកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីបញ្ជៀសកន្លែងផ្សេងប្រើប្រាស់រូបភាពបែបហ្នឹងទៀត»។ លោក ចាន់ សាវ៉េត បានមានប្រសាសន៍ទៀតថា អ្នកស្រី ប៊ុន ចាន់ថា ជនរងគ្រោះមួយរូបនៅក្នុងចំណោមជនរងគ្រោះទាំងបីរូប ដែលត្រូវបានបាញ់ចំដើមទ្រូងកំពុងតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។ ចំណែកឯជនរងគ្រោះពីររូបផ្សេងទៀតមានអាការៈល្អប្រសើរច្រើនហើយ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |