VOA News: ព័ត៌មាន: “ភូមាប្រហែលអនុញ្ញាតិក្រុមអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតជាតិខាងមុខ” plus 4 more |
- ភូមាប្រហែលអនុញ្ញាតិក្រុមអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតជាតិខាងមុខ
- បញ្ហាសេដ្ឋកិច្ចរបស់ស៊ីរី អាចមានផលប៉ះពាល់យូរអង្វែង
- តុលាការខ្មែរក្រហមចាប់ផ្តើមយុទ្ធនាការផ្សាយពីសំណងផ្លូវចិត្តដល់ជនរងគ្រោះនៅទួលស្លែង
- កម្មករបីនាក់ត្រូវបាញ់ឱ្យរបួសក្នុងការតវ៉ារឿងប្រាក់ឈ្នួលពលកម្ម
- ថៃនិងម៉ាឡេស៊ីសហការគ្នាដើម្បីការបះបោរអ្នកស្រុកអ៊ីស្លាមតាមព្រំដែន
ភូមាប្រហែលអនុញ្ញាតិក្រុមអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតជាតិខាងមុខ Posted: 21 Feb 2012 07:17 AM PST ក្រុមប្រទេសនៃសមាគមអាស៊ាននិយាយថា ខ្លួនបានទទួលពាក្យសន្យាពីមន្ដ្រីភូមាថានឹងពិចារណា អនុញាតឲ្យបញ្ជូនក្រុមអ្នកសង្កេតការណ៍ទៅកាន់ប្រទេសភូមា ដើម្បីពិនិត្យមើលការបោះឆ្នោតជាតិ នាពេលខាងមុខនេះ។ សមាគមអាស៊ានថ្លែងនៅថ្ងៃអង្គារថា ប្រធានាធិបតីភូមាលោក ថេន សេន បានសន្យាដូច្នេះ នៅក្នុងកិច្ចប្រជុំមូយក្នុងរដ្ឋធានីរដ្ឋបាលណៃពិដោ (Naypyitaw) ជាមួយប្រតិភូអាស៊ានដឹកនាំដោយអគ្គលេខាធិការបណ្ឌិត សុរិន ពិតស៊ូវ៉ាន់ (Surin Pitsuwan)។ អាស៊ាននិយាយថា មេដឹកនាំប្រទេសទាំងពីររូបបានយល់ព្រមថា វិធានការដូច្នេះនឹងលើកទឹកចិត្ដអន្ដរជាតិ ដោយថាភូមាបានធ្វើការកែទម្រង់បែបប្រជាធិបតេយ្យ។ អាស៊ាននិយាយថា ប្រធានាធិបតីថ្លែងប្រាប់ប្រតិភូថា ភូមាផ្ដល់អាទិភាពខ្ពស់ដល់ការបង្កើតការងារឲ្យបានច្រើនដល់ប្រជាពលរដ្ឋដើម្បីឲ្យពួកគេត្រឡប់ពីប្រទេសថៃ និងម៉ាឡេស៊ីវិញ។ ព័ត៌មានអន្តរជាតិសំខាន់ផ្សេងៗទៀត៖ ក្រិក៖ ក្រុមមន្ដ្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសប្រើប្រាក់អឺរ៉ូ បានយល់ព្រមលើថវិកាសង្រ្គោះ១៧១ពាន់លានដុល្លារ ទៅឲ្យប្រទេសក្រិក ក្រោយពីមានការជជែកដេញដោលគ្នាជាង១៣ម៉ោងនៅក្នុងទីក្រុងព្រុចសែល (Brussels)។ ស៊ីរី៖ សកម្មជនការពារសិទ្ធិមនុស្សក្នុងប្រទេសស៊ីរីនិយាយថា កងកម្លាំងរដ្ឋាភិបាលស៊ីរីបានសម្លាប់មនុស្សយ៉ាងតិច១២នាក់ ដោយបាញ់គ្រាប់ផ្លោងមកលើតំបន់បះបោរនៃទីក្រុងហូម។ ស.រ.អ.៖ ស.រ.អ. កំពុងធ្វើការចចារជាមួយក្រុមហ៊ុនធំៗមួយចំនួន ដែលទិញប្រេងពីប្រទេសអ៊ីរ៉ង់ រួមមានក្រមហ៊ុនពីប្រទេសកូរ៉េខាងត្បូង និងជប៉ុន។ ការចចារនេះស្តីពីការកាត់បន្ថយការទិញប្រេងពីអ៊ីរ៉ង ដែលជាផ្នែកមូយនៃការដាក់ទណ្ឌកម្ម មកលើធនាគារកណ្ដាលក្នុងក្រុងតេហេរ៉ង់។ ហុងកុង៖ រដ្ឋាភិបាលហុងកុងបានឡើងប្តឹងឧទ្ធរ មិនយល់ព្រមជាមួយសេចក្ដីសម្រេចតុលាការ ដែលអនុញ្ញាតិឲ្យអ្នកបំរើបរទេសអាចមានសិទ្ធិរស់នៅជាអាចិន្ដ្រៃយក្នុងដែនដីហុងកុង។ ចិន៖ បើយោងតាមទីភ្នាក់ងារសារពត៌មានបារាំង AFP រដ្ឋាភិបាលប៉េកាំងនិយាយនៅថ្ងៃអង្គារនេះថា ក្រុមជនជាតិកូរ៉េខាងជើងដែលត្រូវចាប់ឃុំនៅក្នុងប្រទេសចិន ប្រឈមមុខនឹងការបញ្ជូនខ្លួនទៅវិញ ដោយសារពួកគេត្រូវបានចាត់ទុកជាជនអន្ដោប្រវេសន្ដសេដ្ឋកិច្ចខុសច្បាប់ មិនមែនជាជនភៀសខ្លួនសមនឹងទទួលការការពារឡើយ។ ថៃ៖ សកម្មជនថៃល្បីឈ្មោះ១០នាក់នឹងចូលទៅឲ្យតុលាការកាត់ក្ដី នៅក្នុងរាជធានីបាងកក នៅថ្ងៃអង្គារនេះ តាមបទធ្វើបាតុកម្មនៅរដ្ឋសភាឆ្នាំ២០០៧ ប្រឆំាងនឹងវិធានការរបស់និតិបញ្ញត្តិតែងតាំងឡើងដោយក្រុមយោធា។ បារាំង៖ លោក ដូមីនិក ស្រ្តាស់ ខាន (Dominique Strauss Kahn) អតីតនាយក IMF បានត្រូវអាជ្ញាធរបារាំងចាប់ខ្លួន តាមការចោទប្រកាន់ពីបទបនស្រីពេស្យា។ សូម៉ាលី៖ អង្កការការពារសិទ្ធិមនុស្សអន្ដរជាតិនិយាយថា ជនសកម្មប្រយុទ្ធនៅប្រទេសសូម៉ាលី និងរដ្ឋាភិបាលអន្ដរកាលបានបរាជ័យក្នុងការការពារកុមារ ពីការប្រយុទ្ធគ្នារវាងភាគីទាំងពីរ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
បញ្ហាសេដ្ឋកិច្ចរបស់ស៊ីរី អាចមានផលប៉ះពាល់យូរអង្វែង Posted: 21 Feb 2012 01:28 AM PST ក្នុងពេលមានការវាយបង្រ្កាបយ៉ាងឃោរឃៅទៅលើក្រុមអ្នកតវ៉ានិងកងកម្លាំងប្រឆាំងរដ្ឋាភិបាល ប្រជាពលរដ្ឋ ស៊ីរី (Syria) មិនត្រឹមតែទទួលរងនូវអំពើហិង្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលរងគ្រោះពីការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដែលបានគំរាមកំហែងបំផ្លាញដល់អ្នកទាំងឡាយណា ដែលនឹងឡើងមកគ្រប់គ្រងប្រទេសនេះ នៅក្នុងរយៈពេលប៉ុន្មានខែឬប៉ុន្មានឆ្នាំខាងមុខនេះ។ ក្រុមសកម្មជននិងក្រុមមនុស្សធម៌ បានខិតខំព្យាយាមប្រមូលជំនួយដែលត្រូវការចាំបាច់បំផុត ដើម្បីផ្តល់ទៅឱ្យទីក្រុង ហូមស៍ (Homs) និងទីក្រុង ហាម៉ា (Hama) ដែលទទួលរងការប៉ះទង្គិចយ៉ាងខ្លាំង ដែលនៅទីនោះតម្រូវការជាមូលដ្ឋាន ដូចជាអាហារ ទឹកបរិភោគ និងថ្នាំពេទ្យ មានការផ្គត់ផ្គង់តិចតួច។ ប៉ុន្តែ សូម្បីតែនៅក្នុងតំបន់ដែលរួចផុតពីការប្រយុទ្ធគ្នាធ្ងន់ធ្ងរបំផុត ស្ថានភាពសេដ្ឋកិច្ចហាក់ដូចជាមានភាពធ្ងន់ធ្ងរនៅថ្ងៃនោះតែម្តង។ លោក ហ្សាការ៉ាយ៉ា ដាបា (Zakaraya Daba) ជនជាតិ ស៊ីរី ដែលនិរទេសខ្លួននៅក្នុងទីក្រុង គៀរ និយាយថា សាច់ញាតិនៅក្នុងស្រុកកំណើតរបស់លោក ឈ្មោះ អាលែប៉ូ (Aleppo) ប្រឈមមុខនឹងបញ្ហាជាច្រើន ទាក់ទងនឹងការប្រកបកិច្ចការប្រចាំថ្ងៃរបស់ខ្លួន។ លោក ដាបា (Daba) ថ្លែងថា គ្មានការងារធ្វើ គ្មានប្រេងសម្រាប់ម៉ាស៊ីនកំដៅ ហើយការផ្គត់ផ្គង់អាហារមានកម្រិតទៀតផង។ លោក និយាយថា ស្ថានភាពសេដ្ឋកិច្ចកំពុងតែធ្ងន់ធ្ងរទៅៗ ប៉ុន្តែថា អ្នកដែលលោកពណ៌នាថាជា«ពួកក្រុមអ្នកមេដឹកនាំ» មិនខ្វាយខ្វល់ទាល់តែសោះ។ នៅទូទាំង ស៊ីរី តម្លៃទំនិញចាំបាច់ទាំងឡាយ បានឡើងថ្លៃកប់ពពក ដោយតម្លៃនំបុ័ងឡើងថ្លៃទ្វេរដងក្នុងពេលថ្មីៗនេះ ហើយតម្លៃអាហារផ្សេងៗទៀត មានតម្លៃថេរក្នុងចំនួន៥០ភាគរយ ដែលលើសពីមុនពេលការបះបោរបានចាប់ផ្តើម កាលពីជិតមួយឆ្នាំមុន។ ស្រដៀងគ្នានេះដែរ តម្លៃរូបិយវត្ថុរបស់ ស៊ីរី បានដាំក្បាលចុះ ខណៈពេលដែលទណ្ឌកម្មអន្តរជាតិ បានបង្អាក់ប្រតិបត្តិការសេដ្ឋកិច្ចសំខាន់ៗ មានដូចជាការប្រើប្រាស់ម៉ាស៊ីនសម្រាប់ដកប្រាក់ អេធីអឹម (ATM) និងកាតឥណទានជាដើម។ ខណៈដែល មនុស្សមួយចំនួននៅក្នុងសហគមន៍អន្តរជាតិ កំពុងពិចារណាដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងជាងមុនបន្ថែមទៀត លោក ណាឌីម ស្សេហាឌី (Nadim Shehadi) នៃអង្គការ ឆាថាមហោស៍ (Chatham House) ដែលមានមូលដ្ឋាននៅទីក្រុង ឡុងដ៍ (London) និយាយថា ទ័ណ្ឌកម្មនេះ ប្រហែលជាមិនមែនជាចម្លើយនោះទេ។ «តាមទស្សនៈមួយនោះគឺថា ការដាក់ទណ្ឌកម្ម តែងតែពិបាកអនុវត្តណាស់ ហើយជាពិសេស ប្រទេសជិតខាងដែលមានទំនាក់ទំនងដ៏យូរអង្វែងជាមួយប្រទេសនេះ តែងតែស្វែងរកប្រហោងចន្លោះដើម្បីជម្នះទណ្ឌកម្មនេះ។ ដូច្នេះ នេះជារឿងធម្មតា ហើយការដាក់ទណ្ឌកម្ម ពិតជាមិនទាន់គ្រប់គ្រាន់ឡើយ»។ សូម្បីតែ ទេសចរណ៍ដែលធ្វើដំណើរទៅកាន់រដ្ឋធានីរបស់ ស៊ីរី ក៏អាចគេចផុតពីការដាក់កម្រិតនេះដែរ ដែលជំនួញក្នុងទីផ្សារងងឹត ប្រើប្រាស់ភ្នាក់ងារធនាគារនៅប្រទេស លីបង់ (Lebanon) ដើម្បីផ្តល់រូបិយប័ណ្ណបរទេស។ ជាការពិតណាស់ រដ្ឋាភិបាល នឹងគ្មានបញ្ហាអ្វីទាំងអស់ក្នុងការប្រឆាំងនឹងការដាក់ទណ្ឌកម្ម ក្នុងទ្រង់ទ្រាយធំជាងមុននេះ។ អ្នកធ្វើការនៅទីនោះ មានផលប្រយោជន៍ចំពោះមនុស្សមួយចំនួននៅក្នុងតំបន់ ដាម៉ាស្គូស (Damascus) ដែលសូម្បីតែមានទំនាក់ទំនងតិចតួចជាមួយរដ្ឋាភិបាលក៏ដោយ។ អ្នកភូមិមួយរូបដែលបានសុំមិនឱ្យបញ្ចេញអត្តសញ្ញាណ បាននិយាយកាលពីថ្ងៃច័ន្ទថា ស្ថានភាព នៅនឹងនរដដែល ហើយលោក មានលទ្ធភាពរកចំណីអាហារនិងប្រេងឥន្ធនៈទៀតផង។ លោកនិយាយថា ជួនកាល ចរន្តអគ្គីសនី ត្រូវបានកាត់ផ្តាច់ ប៉ុន្តែ លោកបានបន្ទោស បញ្ហានេះទៅលើក្រុមឧទ្ទាម ដែលបានកាត់ផ្តាច់បណ្តាញប្រេងដែលផ្គត់ផ្គង់ថាមពលអគ្គីសនីមកឱ្យទីក្រុង។ រដ្ឋាភិបាល ស៊ីរី ក៏បានបន្ទោស «ក្រុមជ្រុលនិយមប្រដាប់អាវុធ» ចំពោះការវាយប្រហារ ដែលធ្វើឲ្យអាក់ខានដល់ការផ្គត់ផ្គង់។ ផ្ទុយទៅវិញ ក្រុមប្រឆាំងបានបន្ទោសរដ្ឋាភិបាល ដោយការអះអាងទាំងពីរនេះ ពិបាកបញ្ជាក់ឲ្យបានច្បាស់លាស់ណាស់។ វាជាការពិបាកក្នុងកំណត់ថាតើការលំបាកផ្នែកសេដ្ឋកិច្ច នឹងមានអត្ថន័យយ៉ាងដូចម្តេចខ្លះ នៅក្នុងពេលដ៏ខ្លីខាងមុខ។ បញ្ហាទាំងឡាយហាក់ដូចជាពង្រឹងឡើងវិញនូវគោលជំហររបស់ប្រជាពលរដ្ឋ សម្រាប់ភាគីទាំងសងខាង។ ប៉ុន្តែ លោក ស្សេហាឌី (Shehadi) អ្នកវិភាគរបស់អង្គការ ឆាថាមហោស៍ មានប្រសាសន៍ថា រឿងមួយ មានភាពច្បាស់លាស់គឺថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ បានប៉ះពាល់ដល់មនុស្សគ្រប់រូប ដោយរាប់បញ្ចូលទាំងក្រុមប្រឆាំងផងដែរ។ «នៅក្នុងពេលដំណាលគ្នា មនុស្សម្នាក់ៗត្រូវតែគិតអំពីរយៈកាលអន្តរកាល នាពេលអនាគត ដែលរាល់ការខូចខាតទាំងឡាយដែលអ្នកបង្កឡើង ក្នុងពេលឥឡូវនេះ នឹងត្រូវតែធ្វើការជួសជុលឡើងវិញ។ ដូច្នេះ អ្នកកំពុងតែបំផ្លាញខ្លួនឯង ដោយសាររបបនេះ នឹងរលាយបាត់នៅទីបំផុត»។ ថាតើពាក្យ«នៅទីបំផុត» នឹងត្រូវការពេលយូរប៉ុនណានោះ បានចោទជាបញ្ហាមួយផ្សេងទៀត។ លោក ស្សេហាឌី និយាយថា ប្រសិនបើសភាពការណ៍នេះ បន្តកាន់តែយូរ សេដ្ឋកិច្ចនិងអំពើហិង្សា នឹងកាន់តែ អាក្រក់ទៅៗ ជាក់ជាពុំខាន៕ ប្រែសម្រួលដោយ ឌី ខាំបូលី This posting includes an audio/video/photo media file: Download Now |
តុលាការខ្មែរក្រហមចាប់ផ្តើមយុទ្ធនាការផ្សាយពីសំណងផ្លូវចិត្តដល់ជនរងគ្រោះនៅទួលស្លែង Posted: 20 Feb 2012 06:12 PM PST «ខ្ញុំសូមសម្តែងនូវវិប្បដិសារីយ៉ាងឈឺចាប់បំផុត» ...«ខ្ញុំទទួលខុសត្រូវខាងផ្លូវចិត្តចំពោះការវិនាសហិនហោចរបស់ប្រជាជនកម្ពុជាទាំងមូល ខ្ញុំរំលែកទុក្ខ...» នេះគឺជាពាក្យពេចន៍របស់ ឌុច អតីតប្រធានមន្ទីរ ស-២១ ឬគុកទួលស្លែង ដែលធ្លាប់បាននិយាយសុំទោស ទៅដល់ជនរងគ្រោះកម្ពុជានៅក្នុងអំឡុងពេលកំពុងកាត់ទោសនៅឆ្នាំ២០០៩ និងការកាត់ទោសជាលើកចុងក្រោយនៅឆ្នាំ ២០១១។ សាលាក្ដីខ្មែក្រហម បានចងក្រងនូវការសុំទោស និងការសម្ដែងនូវការទទួលកំហុសទាំងនេះសម្រាប់ជាផ្នែកមួយនៃការផ្ដល់សំណងជួសជុលផ្លូវចិត្តដល់ជនរងគ្រោះ ហើយបានផ្សព្វផ្សាយជាសាធារណៈ តាមគេហទំព័ររបស់ខ្លួនកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ កាំង ហ្កេកអ៊ាវ ហៅឌុច ត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការធ្វើទារុណកម្ម និងមនុស្សឃាត។ កាលពីថ្ងៃទី៣ ខែកុម្ភៈ កន្លងទៅអង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមបានប្រកាសសាលក្រមផ្ដន្ទាទោស ឌុច ឲ្យជាប់ពន្ធនាគារអស់មួយជីវិតដោយបានរកឃើញថា ឌុច មានទោសកំហុសក្នុងការទទួលខុសត្រូវចំពោះការស្លាប់របស់អ្នកទោសយ៉ាងតិច១២.៣៨០នាក់។ តុលាការកំពូលបានតម្រូវឲ្យធ្វើការផ្សព្វផ្សាយនូវសាលដីកា និងការសុំទោសរបស់ ឌុច ជូនសាធារណជនសម្រាប់ជាសំណងផ្លូវចិត្តដល់ជនរងគ្រោះ។ ក៏ប៉ុន្ដែមិនបានបង្គាប់ឲ្យមានសំណងអ្វីផ្សេងពីនេះទេ។ លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមមានប្រសាសន៍នៅថ្ងៃនេះថា ការផ្សព្វផ្សាយពីការសុំទោសរបស់ ឌុច នេះគឺជាឧបករណ៍មួយជួយព្យាបាលរបួសផ្លូវចិត្តដល់ជនរងគ្រោះក្នុងសម័យខ្មែរក្រហម។ «សំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅដោយសារថា ពាក្យសុំអភ័យទោសរបស់ ឌុច នេះគឺជាការបង្ហាញនូវការទទួលខុសត្រូវរបស់គាត់។ ហើយការចងក្រងនូវពាក្យសុំអភ័យទោសរបស់ឌុច នេះក៏ស្ថិតនៅក្នុងក្របខណ្ឌមួយនៃសំណង ដែលគេហៅថាសំណងផ្លូវចិត្ត»។ សាលាក្ដីខ្មែរក្រហម បានប្រើពេលប្រាំមួយឆ្នាំគត់គិតមកត្រឹមខែកុម្ភៈ ឆ្នាំ ២០១២ នេះ ហើយបានកាត់ក្ដីសំណុំរឿងទី១ ចប់សព្វគ្រប់ដែលគេចាត់ទុកថា គឺជាការបើកទំព័រជំហានដំបូងបំផុតក្នុងការផ្ដល់នូវយុត្តិធម៌ដល់ជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ។ របបនេះបានបណ្ដាលឲ្យប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់ ស្លាប់បាត់បង់ជីវិតកាលពីជាង៣០ឆ្នាំមុន។ នៅក្នុងពេលនេះជនជាប់ចោទបីនាក់ផ្សេងទៀតកំពុងស្ថិតក្រោមការជំនុំជម្រះទោស មាន នួន ជា អតីតប្រធានសភាខ្មែរក្រហម ខៀវ សំផន អតីតប្រមុខរដ្ឋ និងអៀង សារី អតីតឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីការបរទេស។ ជនជាប់ចោទទាំងបីមិនទាន់ទម្លាយចេញនូវការសារភាពពីការទទួលខុសត្រូវរបស់ខ្លួនណាមួយចំពោះឧក្រិដ្ឋកម្មកន្លងមកនោះទេ។ នៅក្នុងកម្រងសេចក្ដីសារភាពកម្រាស់២៧ទំព័រនេះ ឌុច បានទទួលកំហុស និងបានសុំទោសសរុបចំនួន៣៤លើក។ ការសារភាពរបស់ ឌុច ជាលើកដំបូងក្នុងសវនាការគឺនៅថ្ងៃទី៣១ខែមិនា ឆ្នាំ ២០០៩។ «ខ្ញុំសូមទទួលស្គាល់នូវការទទួលខុសត្រូវរបស់ខ្ញុំ តាមផ្លូវច្បាប់ចំពោះឧក្រិដ្ឋកម្មទាំងអស់ ដែលកើតមាននៅ ស ២១។ សំខាន់គឺសកម្មភាព ធ្វើទារុណកម្ម និងសម្លាប់ផ្ដាច់ផ្ដោចអាយុជីវិតមនុស្ស»។ ពីរឆ្នាំក្រោយគឺនៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១១ ឌុច នៅរក្សាជំហរសុំទោស និងការទទួលស្គាល់ឧក្រិដ្ឋកម្មរបស់ខ្លួននេះ ក្នុងអំឡុងពេលកំពុងកាត់ទោសដោយអង្គជំនុំជម្រះតុលាការកំពូល។ ក៏ប៉ុន្ដែការផ្សព្វផ្សាយពីកម្រងការសុំទោសរបស់អតីតប្រធានគុកទួលស្លែងហាក់ ដូចជាមិនមែនជាថ្នាំរំងាប់ចិត្តអតីតអ្នកទោសនៅទីនោះទេ។ លោក ប៊ូ ម៉េង គឺជាអ្នកទោសតែពីរនាក់គត់ដែលនៅរស់រានមានជីវិតជាមួយលោក ជុំ ម៉ី រហូតមកទល់នឹងការផ្ដន្ទាទោស ឌុច ចុងក្រោយនេះ។ លោក ប៊ូ ម៉េង ពោលដោយកំហឹងនៅឡើយថា លោកមិនបានដឹងថា សាលាក្ដីខ្មែរក្រហមចាប់ផ្ដើមបង្ហាញជាសាធារណៈនូវកម្រងសារភាពនិងការសុំទោសរបស់ ឌុច នោះទេ។ «ការសុំទោសរបស់ ឌុច ជារឿងមួយជ្រុងតូចនៃយុត្តិធម៌។ ចៅក្រម គង់ ស្រ៊ីម ដាក់ទោសមួយជីវិត ជារឿងតុល្យភាពល្អហើយចំពោះរូបខ្ញុំ»។ ជាមួយគ្នានេះលោក ជុំ ម៉ី អតីតអ្នកទោសគុកទួលស្លែងម្នាក់ទៀតលើកឡើងថា ការផ្សព្វផ្សាយពីការសុំទោសរបស់ ឌុច តាមគេហទំព័រនោះមិនមែនជាការជូនដំណឹង ឬការផ្សព្វផ្សាយយ៉ាងទូលំទូលាយសម្រាប់ជនរងគ្រោះខ្មែរភាគច្រើនដែលពុំមានលទ្ធភាពនិងមិនមានចំណេះដឹងក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតបាននោះទេ។ នៅក្នុងពេលនេះលោក អ៊ឹម សុភា ប្រធានផ្នែកសម្របសម្រួលនៃផ្នែកគាំពារជនរងគ្រោះរបស់សាលាក្ដីខ្មែរក្រហមបញ្ជាក់ថា សាលាក្ដីខ្មែរក្រហមកំពុងបោះពុម្ពផ្សាយនូវកម្រងពាក្យសុំទោស និងការសារភាពទោសរបស់ ឌុច នេះចំនួន១០.០០០ ច្បាប់សម្រាប់ចែកចាយឲ្យបានទូលំទូលាយទាំងក្នុង និងក្រៅប្រទេស។ «យើងនឹងធ្វើការចែកជូនទៅដល់ជនរងគ្រោះនៅក្នុងសំណុំរឿង០០១ ទាំងអស់ហើយផ្ញើជាមួយសាលដីកាចុងក្រោយក្នុងសំណុំរឿង០០១ ទៅជនរងគ្រោះទាំងក្នុងនិងក្រៅប្រទេស។ ចំនួនដែលនៅសល់នឹងចែកចាយទៅដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត»។ លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមវិញបញ្ជាក់ថា សាលាក្ដីខ្មែរក្រហម នឹងត្រូវធ្វើការផ្សព្វផ្សាយជាច្រើនទៀត ក្នុងពេលខាងមុខនេះតាមរយៈការបញ្ចាំងភាពយន្ដស្ដីពីការសុំទោសរបស់ ឌុច និងការប្រកាសសាលដីកានេះជាដើម ដែលជាផ្នែកមួយនៃយុទ្ធនាការផ្ដល់នូវការជួសជុលផ្លូវចិត្តដល់ជនរងគ្រោះ។ ថ្វីបើមន្ដ្រីផ្លូវការនិងសាលដីការបស់អង្គជំនុំជម្រះតុលាការកំពូលចាត់ទុកថា ការផ្សព្វផ្សាយពីការសុំទោសរបស់ ឌុច និងសេចក្ដីសារភាពរបស់គាត់ គឺជាផ្នែកមួយនៃសំណងក្ដី។ ប៉ុន្ដែលោក ហុង គឹមសួន មេធាវីតំណាងឲ្យដើមបណ្ដឹងមួយរូបលើកឡើងថា នេះគ្រាន់តែជាចំណែកមួយតូចនៃសំណងដល់ជនរងគ្រោះតែប៉ុណ្ណោះ។ ការពិតជនរងគ្រោះត្រូវការការសាងសង់ស្ដូបមួយ ដែលចារឹកឈ្មោះពួកគាត់ ទាំងអ្នកដែលបានស្លាប់បាត់បង់ជីវិត និងអ្នកដែលនៅរស់រានមានជីវិតនៅឡើយ។ ហើយស្តូបនេះ សម្រាប់ជាការគោរពបូជា ជាប្រចាំ និងជាការឧទ្ទិសតាមវិធីសាសនាទៅដល់ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម៕ This posting includes an audio/video/photo media file: Download Now |
កម្មករបីនាក់ត្រូវបាញ់ឱ្យរបួសក្នុងការតវ៉ារឿងប្រាក់ឈ្នួលពលកម្ម Posted: 20 Feb 2012 05:53 PM PST យ៉ាងតិចមានកម្មករកាត់ដេរស្បែកជើងចំនួនបីនាក់បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ នៅថ្ងៃច័ន្ទនេះដោយសារតែខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារដោយអាវុធខ្លី។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រីសិទ្ធិមនុស្ស និងសាក្សីឃើញផ្ទាល់ភ្នែក។ ក៏ប៉ុន្តែជនដៃដល់ពុំទាន់ត្រូវបានចាប់ខ្លួនភ្លាមៗទេ ដោយរង់ចាំលទ្ធផលការស៊ើបអង្កេតជាមុនសិន។ ហេតុការណ៍បាញ់ប្រហារនេះបានកើតមានឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង នៅក្នុងខណៈពេលដែលក្រុមកម្មករនៅក្នុងរោងចក្រចំនួនបីផ្សេងៗគ្នា ប្រមាណជាង១.០០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ារឿងប្រាក់ឈ្នួលម៉ោងបន្ថែម។ ហើយក្រោយមកមានការប៉ះទង្គិច ជាមួយនឹងសន្តិសុខក្រុមហ៊ុន និងអាជ្ញាធរមានសមត្ថកិច្ច។ ជនរងគ្រោះទាំងបីរូប ត្រូវបានក្រុមមន្ត្រីសិទ្ធិមនុស្សបញ្ជាក់អត្តសញ្ញាណថាមានឈ្មោះ ប៊ុន ចិន្តា អាយុ២១ឆ្នាំ ត្រូវបានបាញ់ចំសុដន់ខាងស្តាំ រួចហើយធ្លាយមកឆ្អឹងជំនីខាងស្តាំ កែវ នា អាយុ១៨ឆ្នាំ ត្រូវចំដៃខាងស្តាំ និង នុត សាខន អាយុ២៣ឆ្នាំត្រូវបាញ់ចំដៃខាងស្តាំនិងខ្នងខាងស្តាំ។ សាក្សីឃើញផ្ទាល់ភ្នែកមួយរូប បានប្រាប់វីអូអេតាមរយៈទូរស័ព្ទ ដោយស្នើសុំមិនបញ្ចេញឈ្មោះថាមូលហេតុ ដែលនាំឲ្យមានការប៉ះទង្គិចគ្នានេះ បានកើតមានឡើងដោយសារតែក្រុមសមត្ថកិច្ចជាច្រើនរាប់សិបនាក់ បានមកវាយបំបែកការតវ៉ារបស់ក្រុមកម្មករ។ ហើយក្រោយមកត្រូវបានក្រុមកម្មករ បានតបតមកវិញដោយគប់ដុំថ្ម និងវាយនឹងដំបង។ សាក្សីដដែលរូបនោះ បាននិយាយទៀតថាស្នូរគ្រាប់កាំភ្លើងបានបាញ់ចេញពីហ្វូងសមត្ថកិច្ចសំដៅទៅលើក្រុមកម្មករ។ ក៏ប៉ុន្តែគាត់មិនទាន់ដឹងថា ក្រុមសន្តិសុខឬក៏កម្លាំងសមត្ថកិច្ចទេជាអ្នកបាញ់។ «មូលហេតុ គឺដោយសារកម្មករនៅក្នុងរោងចក្រហ្នឹង ធ្វើបាតុកម្ម ដើម្បីទាមទាររឿងអី ខ្ញុំមិនទាន់បានទទួលជាព័ត៌មានទេ។ ពេលហ្នឹង ប៉ូលិស និងសមត្ថកិច្ចហ្នឹងទៅបាញ់រះទៅលើកម្មករ»។ ប្អូនស្រី កែវ នា អាយុ១៨ឆ្នាំ ជនរងគ្រោះមួយរូបនៅក្នុងចំណោមជនរងគ្រោះទាំងបីរូប បាននិយាយថា ប្អូនស្រីត្រូវបានបាញ់ឲ្យរងរបួសក្នុងខណៈពេលដែលមានការប៉ះទង្គិចជាមួយនឹងសមត្ថកិច្ច។ «ខ្ញុំទៅបន្ទប់ទឹក ហៅបងខ្ញុំ ដល់ពេលហើយគេបាញ់មកត្រូវដៃខ្ញុំ ហើយត្រូវដើមទ្រូងបងខ្ញុំ។ ខ្ញុំមិនដឹងទេ។ អាប៉ូលិសហ្នឹង ចុះពីលើឡានភ្លាម យកកាំភ្លើង ហូតកាំភ្លើង ដើរបាញ់គេពេញហ្នឹងតែម្តង»។ លោក សែម សំអាត ស្នងការប៉ូលិសរងខេត្តស្វាយរៀង មិនបានធ្វើអត្ថាធិប្បាយទេ ដោយលោកបាននិយាយថាកំពុងជាប់រវល់។ លោក ជៀង អំ អភិបាលខេត្តស្វាយរៀង បាននិយាយថា សមត្ថកិច្ចពុំបានបាញ់ប្រហារទៅប្រជាពលរដ្ឋទេ។ លោកបានមានប្រសាសន៍ថា យ៉ាងតិចមានមន្ត្រីប៉ូលិសចំនួនបួនរូប បានទទួលរងរបួសដែរ ដោយសារតែក្រុមកម្មករបានគប់នឹងដុំថ្ម។ លោកបានបញ្ជាក់ទៀតថា អាជ្ញាធរកំពុងស្រាវជ្រាវចាប់ជនដៃដល់ទៅផ្តន្ទាទោសតាមច្បាប់។ «ស្នើថា សុំឲ្យដោះស្រាយតាមសន្តិវិធី តាមផ្លូវច្បាប់។ យើងមានអី យើងជជែកគ្នា។ ខ្ញុំណែនាំប៉ូលិសណាស់ កុំឲ្យប្រើអំពើហិង្សា។ បើមានអីដោះស្រាយតាមសន្តិភាព អហិង្សា យើងការពារប្រជាជនទាំងអស់គ្នាហ្នឹង មិនទៅកាន់ជើងខាងណាទេ»។ លោក ចាន់ សាវ៉េត មន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុក បានថ្កោលទោសចំពោះព្រឹត្តិការណ៍បាញ់ប្រហារនេះ។ លោកបានមានប្រសាសន៍ថា ជនដៃដល់មិនត្រូវលើកលែងទេ។ «អ្វីដែលជាការព្រួយបារម្ភ យើងឃើញថាជាអំពើឃោរឃៅ ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅពេលដែលអ្នកដែលប្រើប្រាស់អាវុធជាកម្លាំងសន្តិសុខ ហើយទៅបាញ់បង្រ្កាបប្រជាពលរដ្ឋ ក៏ដូចជាកម្មករ។ ជារឿងមួយដែលខ្ញុំថ្កោលទោស»។ ការបាញ់ប្រហារទៅលើក្រុមកម្មករដេរស្បែកជើងនេះ បានធ្វើឡើងជាលើកទី២ហើយក្នុងពេលដើមឆ្នាំ២០១២នេះ បន្ទាប់ពីមានការបាញ់ប្រហារនៅស្រុកស្នួល ខេត្តក្រចេះ។ កាលពីថ្ងៃទី១៨ ខែមករា កន្លងទៅនេះ យ៉ាងតិចមានប្រជាពលរដ្ឋចំនួនបួននាក់បានទទួលរងរបួស ដោយសារតែការបាញ់ប្រហារ ដែលបង្កឡើងដោយសន្តិសុខក្រុមហ៊ុនចម្ការកៅស៊ូ TTY របស់លោកឧកញ៉ា ណា ម៉ារ៉ាឌី នៅក្នុងខណៈពេលដែលពួកគេ បានប្រមូលផ្តុំគ្នាតវ៉ារឿងវិវាទដីធ្លី។ បន្ទាប់ពីមានការបាញ់ប្រហារ អាជ្ញាធរមិនបានចាប់ខ្លួនជនដៃដល់ទៅផ្តន្ទាទោសភ្លាមៗទេ រហូតដល់មានប្រតិកម្មពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចេញបញ្ជាដោយផ្ទាល់មាត់ឲ្យចាប់ខ្លួន ទើបសមត្ថកិច្ចហ៊ានចាប់ខ្លួនជនដៃដល់ទៅផ្តន្ទាទោសតាមច្បាប់។ ចំណែកឯនៅខេត្តស្វាយរៀង ក្រុមមន្ត្រីសិទ្ធិមនុស្សបានរិះគន់ថា ថាតើគួរតែរង់ចាំអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឬក៏យ៉ាងណា ដើម្បីនាំខ្លួនជនដៃដល់ទៅផ្តន្ទាទោសតាមច្បាប់នោះ៕ This posting includes an audio/video/photo media file: Download Now |
ថៃនិងម៉ាឡេស៊ីសហការគ្នាដើម្បីការបះបោរអ្នកស្រុកអ៊ីស្លាមតាមព្រំដែន Posted: 20 Feb 2012 08:07 PM PST នាយករដ្ឋមន្ត្រីថៃនិងម៉ាឡេស៊ីបានសន្យាថានឹងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីប្រឆាំងនឹងការបះបោរកម្រិតទាបមួយនៅតំបន់ព្រំដែន ដែលមានអ្នកស្រុកភាគច្រើនសាសនិកអ៊ីស្លាម ដែលបែងចែកប្រទេសទាំងពីរនេះក្នុងទ្វីបអាស៊ីអាគ្នេយ៍។ ការសន្យានេះបានធ្វើទ្បើងកាលពីថ្ងៃច័ន្ទ នៅក្នុងជំនួបមួយខាងក្រៅក្រុងកួឡា ឡាំពួរ រវាងលោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត់ និងលោកណាជីប រ៉ាហ្សាក់ ដែលជាសមភាគីម៉ាឡេស៊ីរបស់លោកស្រី។ ប្រទេសទាំងពីរស្ថិតនៅក្នុងសមាគមសន្តិសុខតំបន់មួយឈ្មោះថា អាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ដែលបានជំរុញក្រុមកាន់សាសនាអ៊ីស្លាមចង់បំបែករដ្ឋឱ្យបោះបង់អំពើហិង្សានិងភាពនិយមជ្រុលខាងនយោបាយនៅភាគខាងត្បូងនៃប្រទេសថៃ។ «លោកស្រីនាយករដ្ឋមន្ត្រីយីងឡាក់ បានសុំដល់ម៉ាឡេស៊ីឲ្យផ្តល់ប្រព័ន្ធនិងកិច្ចសហប្រតិបត្តិការដែលយើងអាចជួយថៃក្នុងដំណើរការឆ្ពោះទៅកាន់ដំណោះស្រាយសម្រាប់រយៈពេលវែងនៅភាគខាងត្បូងប្រទេសថៃ។ យើងទាំងពីរនាក់បានយល់ស្របគ្នាថានេះជាបញ្ហាផ្ទៃក្នុងមួយរបស់ប្រទេសថៃហើយប្រជារាស្ត្រក្នុងប៉ែកខាងត្បូងនៃប្រទេសថៃមិនត្រូវស្វះស្វែងឱ្យមានរដ្ឋមួយដាច់ដោយទ្បែកទេពួកគេត្រូវតែច្រានចោលអំពើហិង្សានិងភាពនិយមជ្រុល។» នៅក្នុងដំណើរទស្សនកិច្ចលើកទីមួយរបស់លោកស្រីក្នុងឋានៈជានាយករដ្ឋមន្ត្រីទៅកាន់ម៉ាឡេស៊ី ដែលមានអ្នកស្រុកភាគច្រើនជាអ្នកគោរពសាសនាអ៊ីស្លាម លោកស្រីយីងឡាក់បានសរសើរដល់ការជួយគ្នាទៅវិញទៅមកថាមានសារៈសំខាន់ដល់សន្តិភាពតំបន់។ ទស្សនកិច្ចមួយថ្ងៃរបស់លោកស្រីយីងឡាក់បានធ្វើទ្បើងនៅពេលដែលអាជ្ញាធរថៃស៊ើបអង្កេតអំពីគម្រោងការបំផ្ទុះគ្រាប់បែកដែលមិនជោគជ័យមួយក្នុងក្រុងបាងកកមានទាក់ទិនជាមួយពួកជនជាប់សង្ស័យអ៊ីរ៉ង់និងពួកអ្នកការទូតអ៊ីស្រាអែលដែលជាទីដៅនៃការវាយប្រហារ។ កូរ៉េខាងត្បូង៖ ក្រុមយោធាកូរ៉េខាងត្បូងបានធ្វើសមយុទ្ធបាញ់គ្រាប់កាំភ្លើងពិតជារឿយៗនៅក្បែរព្រំដែនសមុទ្រមានជម្លោះជាមួយកូរ៉េខាងជើងកាលពីថ្ងៃច័ន្ទ ទោះណាជាមានការគំរាមកំហែងពីកូរ៉េខាងជើងលើការសងសឹក«គ្មានមេត្តា»ក៏ដោយ។ ភូមា៖ គណបក្សប្រឆាំងដែលលេចធ្លោជាងគេក្នុងប្រទេសភូមាបាននិយាយថារដ្ឋាភិបាលបានបន្ធូរបន្ថយការរឹតត្បិតខ្លះលើការចាត់ចែងខាងនយោបាយ នៅក្រោយគណបក្សនេះបានត្អូញត្អែរថាភាពយុត្តិធ៌មនៃការបោះឆ្នោតក្នុងពេលខាងមុខនេះអាចរងការគំរាមកំហែង។ ជប៉ុន៖ ពួកអ្នកធ្វើការក្នុងរោងចក្របរមាណូហ្វូគូស៊ីម៉ា ដាអ៊ីជិ Fukushima-Daiichi នៃប្រទេសជប៉ុនដែលខូចខាតដោយសារការរញ្ជួយផែនដីនិងមហារលកសមុទ្រស៊ូណាមី បាននាំពួកអ្នកកាសែតដែលមានសម្លៀកបំពាក់ការពារចូលទៅក្នុងរោងចក្រនេះកាលពីថ្ងៃច័ន្ទ គឺតែប៉ុន្មានសប្តាហ៍មុនខួបឆ្នាំទីមួយនៃគ្រោះមហន្តរាយកាលពីថ្ងៃទី១១ មីនា ឆ្នាំ២០១១។ ចិន៖ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ICRC បាននិយាយថាខ្លួនកំពុងសម្របសម្រួលឱ្យមានការឈប់បាញ់គ្នាមួយនៅស៊ីរីនៅពេលដែលកងរថក្រោះនិងពួកទាហានរដ្ឋាភិបាលស៊ីរីបានប្រមូលផ្តុំនៅជុំវិញក្រុងហូម Homs ហើយមានកំណើនការព្រួយបារម្ភអំពីការវាយលុកជាថ្មីដ៏ធំមួយទៀតនៅក្នុងទីក្រុងនេះ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |