VOA News: ព័ត៌មាន: “ព័ត៌មានអន្តរជាតិវីអូអេ ៣០ ធ្នូ យប់” plus 5 more |
- ព័ត៌មានអន្តរជាតិវីអូអេ ៣០ ធ្នូ យប់
- អ្នកវិភាគបារម្ភអំពីការចរចាបែងចែកប្រេងរវាងខ្មែរ-ថៃនៅតំបន់ត្រួតស៊ីគ្នា
- មេធាវីគណបក្សប្រឆាំងធ្វើសន្និសីទព័ត៌មានអំពីការស្ទាក់ចាប់ខ្លួនលោកស្ងាត់ៗ
- មេធាវីគណបក្សសម រង្ស៊ីបាត់ខ្លួន ប្រហែលជាត្រូវចាប់ខ្លួនស្ងាត់
- បុណ្យសព និងការគោរពវិញ្ញាណក្ខន្ធកម្មករស្លាប់ក្នុងអណ្តូងរ៉ែ
- ព័ត៌មានអន្តរជាតិវីអូអេ ៣០ ធ្នូ ព្រឹក
ព័ត៌មានអន្តរជាតិវីអូអេ ៣០ ធ្នូ យប់ Posted: 30 Dec 2011 07:31 AM PST កូរ៉េខាងជើង៖នៅថ្ងៃសុក្រនេះប្រទេសកូរ៉េខាងជើងបានព្រមានគូបដិបក្សរបស់ខ្លួនគឺប្រទេសកូរ៉េខាងត្បូងនិងបណ្តាប្រទេសឯទៀតក្នុងពិភពលោកថានឹងមិនមានការផ្លាស់ ប្តូរគោលនយោបាយទេនៅក្រោមមេដឹកនាំថ្មីរបស់ខ្លួនគឺលោក គីម ជុងអ៊ុន (Kim Jong Un)។ ស៊ីរី៖ កងកម្លាំងសន្តិសុខស៊ីរីបានត្រូវដាក់ពង្រាយយ៉ាងសន្ធឹកសន្ធាប់នៅពាសពេញផ្ទៃប្រទេស នៅពេលដែលពួកសកម្មជនប្រឆាំងបានជំរុញពួកបាតុករឱ្យធ្វើការតវ៉ានៅតាមដងផ្លូវនៅក្រោយពិធីសូត្រធម៌កាលពីថ្ងៃសុក្រនេះ។ អេហ្ស៊ីប៖ កាលពីថ្ងៃព្រហស្បតិ៍នេះកងកម្លាំងសន្តិសុខរបស់ប្រទេសអេហ្ស៊ីបបានសម្រុកចូលក្នុងការិយាល័យចំនួន១៧របស់អង្គការសិទ្ធិមនុស្សនានា រួមទាំងអង្គការបីដែលមានមូលដ្ឋានក្នុងស.រ.អា.ផងដែរ ដែលពួកមេដឹកនាំយោធានិយាយថា វាជាផ្នែកមួយនៃការស៊ើបអង្កេតដែលនឹងបង្ហាញឱ្យឃើញពីវិធីដែលការផ្តល់ជំនួយពីបរទេសបានញុះញង់ឱ្យមានភាពចលាចលជាបន្តបន្ទាប់កន្លងមកនៅក្នុងប្រទេស។ សូម៉ាលី៖ អតីតបុគ្គលិកដែលប្រកបដោយភាពទោមនស្សម្នាក់បានសម្លាប់បុគ្គលិកបរទេសផ្នែកផ្តល់ជំនួយពីរនាក់នៅក្នុងរដ្ឋធានី ម៉ូហ្គាឌីស្យ (Mogadishu) នៃប្រទេសសូម៉ាលី។ ពួកមន្ត្រីបាននិយាយថាការបាញ់សម្លាប់នេះបានកើតទ្បើងកាលពីថ្ងៃព្រហស្បតិ៍នៅឯការិយាល័យនៃក្រុមផ្តល់ជំនួយវេជ្ជសាស្ត្ររបស់ អង្គការវេជ្ជបណ្ឌិតគ្មានព្រំដែន (Doctors Without Borders)។ <!--AV--> This posting includes an audio/video/photo media file: Download Now |
អ្នកវិភាគបារម្ភអំពីការចរចាបែងចែកប្រេងរវាងខ្មែរ-ថៃនៅតំបន់ត្រួតស៊ីគ្នា Posted: 30 Dec 2011 06:56 AM PST នៅថៃ្ងសុក្រនេះ ក្រុមអ្នកវិភាគបានព្រមានប្រទេសកម្ពុជាឲ្យប្រយ័ត្នប្រយែងក្នុងការចរចាជាមួយប្រទេសថៃអំពីការបែងចែកធនធានប្រេង និងឧស្ម័ននៅតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ។ លោករដ្ឋមន្រ្តីការបរទេសកម្ពុជា និងថៃបានបេ្តជ្ញាជំរុញការចរចាលើផែនការអភិវឌ្ឍន៍រួមគ្នានៅតំបន់ត្រួតស៊ីគ្នា ក្នុងឈូងសមុទ្រថៃ ដែលគេជឿជាក់ថា សម្បូរប្រេង និងឧស្ម័ន។ លោកហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថែ្លងប្រាប់សន្និសីទកាសែតកាលពីថៃ្ងព្រហស្បតិ៍ថា ការជួបពិភាក្សារវាងកម្ពុជា និងថៃនឹងឈានដល់ដំណោះស្រាយថ្មីមួយក្នុងការបែងចែកភោគផលនៅតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ។ «បញ្ហាតំបន់ត្រួតគ្នានៅឈូងសមុទ្រនេះគឺជាតំបន់មួយដែលមានលទ្ធភាពមានប្រេង និងឧស័្មន ច្រើន បើតាមការប៉ាន់ស្មានរបស់អ្នកជំនាញ។ ហើយប្រទេសយើងទាំងពីរក៏កំពុងត្រូវការនូវចំណូលពីប្រេង និងឧស្ម័ននេះ។ យើងគួរតែឈានទៅដល់ការស្រុះស្រួលគ្នាឲ្យបានឆាប់ ហើយខ្ញុំបានជម្រាបលោក Surapong ថា កម្ពុជាយើងមិនចង់បានអី្វក្រៅពីការចែកភោគផលឲ្យសមស្រប»។ លោក Surapong Tovichakchaikul រដ្ឋមន្រ្តីការបរទេសថៃ បានថែ្លងថាលោកនឹងពិគ្រោះជាមួយក្រសួងពាក់ព័ន្ធនានាអំពីបញ្ហាតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រនេះឲ្យបានឈានទៅមុខ។ លោក Surapong បានថែ្លងតាមរយៈអ្នកបកប្រែថា៖ «ដោយពេលនេះ រដ្ឋាភិបាលថៃកំពុងដំណើរការទៅមុខចំពោះការចរចា និងពិភាក្សាតំបន់សមុទ្រត្រួតស៊ីគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃថានឹងដំណើរការទៅយ៉ាងរបៀបម៉េច»។ ក្រុមអ្នកវិភាគបានយល់ស្របគ្នាថា កម្ពុជាមិនគួរប្រញាប់ប្រញាល់ក្នុងការនិយាយដល់ការបែងចែកភោគផលប្រេង និងឧស្ម័ននៅតំបន់ត្រួតស៊ីគ្នានោះទេ ដោយព្រមានថា កម្ពុជាត្រូវចរចាយ៉ាងប្រយ័ត្នប្រយែង តម្លាភាព និងបើកចំហជាមួយរដ្ឋាភិបាលថៃ។ លោក ម៉ម សម្បត្តិ នាយកប្រតិបត្តិសម្ព័ន្ធភាពដើម្បីតម្លាភាពចំណូលធនធានបានថែ្លងថា កម្ពុជាត្រូវគិតគូរយ៉ាងប្រយ័ត្នប្រយែងអំពីបទដ្ឋានគតិយុត្តសម្រាប់ការធើ្វនិយ័តកម្មលើតំបន់ត្រួតស៊ីគ្នា ដោយសារកម្ពុជាមិនទាន់មានបទពិសោធន៍លើកិច្ចការនេះ។ «យើងត្រូវប្រយ័ត្នប្រយែងសម្រាប់ការចរចានាថៃ្ងមុខនៅក្នុងតំបន់ត្រួតស៊ីគ្នា។ ពិសេសទៅទៀតគឺការគ្រប់គ្រងដែនត្រួតស៊ីគ្នានេះ។ យើងកុំគួរគប្បីប្រញាប់ពេក ក្នុងខណៈមួយយើងត្រូវការរៀបចំដំណើរការនេះឲ្យហ្មត់ចត់ មានលក្ខណៈអន្តរជាតិ និងប្រយ័ត្នប្រយែង។ វានឹងអាចទទួលផលប្រយោជន៍ច្រើនពីការចរចា។ ទំនាក់ទំនងនយោបាយ ឬបុគ្គល ឬគណបក្សនយោបាយមិនគួរយកមកទាក់ទិននឹងការគ្រប់គ្រងវិស័យឧស្សាហកម្មនិស្សារណកម្ម ឬធានានូវតម្លាភាពបែបនេះទេ»។ លោកឡាវ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានថែ្លងថា ការចរចាចែកភោគផលប្រេង និងឧស្ម័ននៅតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃអាចមានការជៀតជែ្រកផែ្នកសេដ្ឋកិច្ច និងនយោបាយ។ «យើងប្រយ័ត្នប្រយែង។ ការចរចាដោយថៃមានប្រៀបជាង ហើយគេយកផលប្រយោជន៍យើង ហើយធើ្វឲ្យមានប្រៀបយកចំណេញពីយើងជានិច្ច។ ដូច្នេះយើងត្រៀមពឹងពាក់លើតុលាការ។ ពេលនោះយើងមានភាពស្មីគ្នាជាមួយភាគីវិវាទ។ កម្ពុជានឹងជួបឧបសគ្គត្រង់ថៃចង់បានភោគផលប្រេង និងឧស្ម័នច្រើនជាងយើង។ យើងកុំបង្ខំ។ យើងប្រកាន់ជំហរយើងឲ្យបានច្បាស់លាស់។ យើងអត់ស្មើដល់គេទេ ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នជាងគេ ហើយទាញយកផលប្រយោជន៍ឲ្យបានច្រើន ហើយស្វិតស្វាញជាងគេ»។ លោកចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានថ្លែងថា អំណាចនៃការចរចារបស់កម្ពុជាជាមួយថៃនឹងជួបឧបសគ្គ និងភាពស្មុគស្មាញជាច្រើន និងប្រើរយៈពេលយូរ។ «សេដ្ឋកិច្ចគេមានទំហំធំជាងយើង។ គេមានលទ្ធភាពជាងយើងក្នុងការបង្កឬ ធើ្វអី្វមួយដែលមានឥទិ្ធពលលើយើង ទាំងផែ្នកការទូត និងផែ្នកយោធាគឺគេមានទំហំធំជាងយើង។ យើងតូច។ យើងខ្សោយ។ ទាល់តែយើងខ្លាំងខាងជំនាញបចេ្ចកទេស»។ លោក Surapong បានបញ្ជាក់ថា បន្ទាប់ពីចូលឆ្នាំថ្មី ក្រសួងការបរទេសថៃ នឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិចារណាអំពីអនុស្សរណៈយោគយល់ឆ្នាំ២០០១ដែលបានលុបចោលនោះ។ លោក Kasit Pirumya អតីតរដ្ឋមន្រ្តីការបរទេសថៃ បានលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០១នេះក្នុងឆ្នាំ២០០៩ នៅពេលលោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានតែងតាំងលោកអតីតនាយករដ្ឋមន្រ្តី Thaksin Shinawatra ឲ្យធើ្វជាទីប្រឹក្សាសេដ្ឋកិច្ច៕ This posting includes an audio/video/photo media file: Download Now |
មេធាវីគណបក្សប្រឆាំងធ្វើសន្និសីទព័ត៌មានអំពីការស្ទាក់ចាប់ខ្លួនលោកស្ងាត់ៗ Posted: 30 Dec 2011 08:08 AM PST បន្ទាប់ពីបាត់ខ្លួនពេញមួយថ្ងៃប្រកបទៅដោយភាពឆោឡោ មេធាវីប្រចាំគណបក្សជំទាស់សម រង្ស៊ី គឺលោក ជូង ជូងីបានចេញមុខជាសាធារណៈនៅថ្ងៃសុក្រនេះដោយថ្លែងថា លោកទទួលរងការប៉ុនប៉ងចាប់ខ្លួន ប៉ុន្ដែលោកបានគេចខ្លួនដោយសុវត្ថិភាព។ ថ្លែងក្នុងសន្និសីទកាសែតក្នុងទីស្នាក់ការគណបក្សជំទាស់ នៅជាយទីក្រុងភ្នំពេញ លោកជូង ជូងីបានបញ្ជាក់ថា រថយន្ដរបស់គាត់បានធ្វើឲ្យការប៉ុនប៉ងចាប់ខ្លួនរូបលោកជួបបរាជ័យ។ ប៉ុន្ដែលោកមិនបានពន្យល់បន្ថែមនោះទេ។ លោកជូង ជូងីលើកឡើងថា លោកទទួលគំនាបមួយដែលមិនអនុញ្ញាតឲ្យលោកលាតត្រដាងព័ត៌មានលម្អិតបាន។ «ម្សិលមិញដោយសារឡានខ្ញុំ អាចជួយរំដោះខ្ញុំឲ្យចេញផុតពីការចាប់ខ្លួន។ ខ្ញុំមានការដាក់កម្រិតក្នុងការនិយាយ»។ ថ្វីបើលោកជូង ជូងី មិនបានបង្ហាញនូវលក្ខខណ្ឌជាក់ស្ដែង ដែលលោកជួបប្រទះ ក៏ប៉ុន្ដែលោកទំនងជាចង់ភ្ជាប់ទំនាក់ទំនងការប៉ុនប៉ងចាប់ខ្លួនរូបលោកទៅនឹងលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាលគឺលោកអ៊ុក គឹមសិទ្ធិ ដែលបានចេញដីកាចោទប្រកាន់រូបលោក។ «ខ្ញុំប្ដឹងអ៊ុក គឹមសិទ្ធិគឺប្ដឹងទៅតាមផ្លូវច្បាប់។ ពេលអ៊ុក គឹមសិទ្ធិ លេងខ្ញុំគឺលេងតាមផ្លូវកាត់ ទៅជាយកគ្នាគាត់មកធ្វើបាបខ្ញុំ។ មានបីកន្លែងដែលគេស្ទាក់ចាប់ខ្ញុំ។ កន្លែងទីមួយគឺនៅសាលាលេខ៥ កន្លែងទីពីរគឺនៅកំពង់ឆ្នាំង និងកន្លែងទីបីនៅព្រែកក្ដាម»។ ផ្ទុយទៅវិញ លោកព្រះរាជអាជ្ញាអ៊ុក គឹមសិទ្ធិបានឆ្លើយតបថា សេចក្ដីអះអាងរបស់មេធាវីគណបក្សជំទាស់មិនមានការណ៍ពិតនោះទេ។ លោកព្រះរាជអាជ្ញាបន្ថែមថា ប្រសិនបើសមត្ថកិច្ចប៉ុនប៉ងចាប់ខ្លួនលោកជូង ជូងី ក្រោមអំណាចតុលាការ នោះរូបគាត់ដែលជាជនជាប់សង្ស័យនឹងមិនអាចរត់គេចខ្លួនរួចឡើយ។ ដោយឡែកលោកគ្រាន់តែបានបំពេញតួនាទីរបស់លោកប្រឆាំងនឹងលោកមេធាវីជូង ជូងី បន្ទាប់ពីមានការសង្ស័យពីការប្រព្រឹត្តល្មើសរបស់លោកជូង ជូងី។ កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ លោកជូង ជូងី និងតំណាងរាស្ដ្រគណបក្សជំទាស់គឺលោកចាន់ ចេង ត្រូវសាលាដំបូងខេត្តកណ្ដាលចោទប្រកាន់ពី«បទផ្ដល់មធ្យោបាយឲ្យលួចរត់» ការសង្រ្គោះជំទប់ឃុំគណបក្សសម រង្ស៊ីម្នាក់គឺលោកមាស ប៉េង បន្ទាប់ពីមានការជាប់ពាក់ព័ន្ធក្នុងទំនាស់ដីធ្លីជាមួយមន្ដ្រីជាន់ខ្ពស់មួយរូបនៃគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។ លោកជូង ជូងីហាក់ដូចជាបានបាត់ខ្លួនដោយស្ងាត់កំបាំង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ខណៈពេលដែលលោកកំពុងធ្វើដំណើរក្នុងខេត្តកំពង់ឆ្នាំង។ សមាជិកគ្រួសាររបស់លោកបានទទួលទូរស័ព្ទបន្ទាន់មួយពីរូបលោកដែលបញ្ជាក់ថា លោកកំពុងស្ថិតក្រោមការតាមចាប់ខ្លួន។ ហើយពេញមួយថ្ងៃម្សិលមិញ ការទំនាក់ទំនងជាមួយរូបលោកត្រូវបានកាត់ផ្ដាច់។ ក្រុមមន្ដ្រីសិទ្ធិមនុស្ស រួមទាំងក្រុមតំណាងរាស្ដ្រគណបក្សជំទាស់ បានប្រមូលផ្ដុំគ្នានៅសាលាដំបូងខេត្តកណ្ដាល ដោយជឿថា លោកជូង ជូងីនឹងត្រូវបញ្ជូនខ្លួនទៅកាន់ទីនោះ។ ដំណាលគ្នានោះ មានសេចក្ដីអះអាងពីក្រុមមន្ត្រីស៊ើបអង្កេតនៃអង្គការក្រៅរដ្ឋាភិបាលថា មេធាវីគណបក្សជំទាស់ត្រូវនាំខ្លួនចូលក្នុងក្រសួងមហាផ្ទៃ។ ក៏ប៉ុន្ដែអ្នកនាំពាក្យក្រសួងមហាផ្ទៃគឺលោកឧត្តមសេនីយ៍ខៀវ សុភ័គបានបដិសេធសេចក្ដីអះអាងពីការចាប់ខ្លួននោះ។ យ៉ាងណាក៏ដោយ ក្រុមមន្ដ្រីស៊ើបអង្កេតផ្នែកការរំលោភសិទ្ធិមនុស្ស ដែលគួរទុកចិត្តបាននៅកម្ពុជា បានថ្លែងជាថ្មីម្ដងទៀតនៅថ្ងៃនេះក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកមេធាវីជូង ជូងីត្រូវបានចាប់នាំខ្លួនដោយក្រុមសមត្ថកិច្ចមុននឹងត្រូវដោះលែងមកវិញនៅពេលយប់។ តំណាងរាស្ដ្រគណបក្សសម រង្ស៊ីមួយចំនួន និងមន្ដ្រីសិទ្ធិមនុស្សបានបញ្ជាក់ថា ខ្លួនអាចទាក់ទងលោកជូង ជូងី តាមទូរស័ព្ទបាននៅពេលយប់ បន្ទាប់ពីបាត់ដំណឹងលោកពេញមួយថ្ងៃ ក៏ប៉ុន្ដែនៅពេលនោះ លោកមេធាវីរូបនោះបញ្ជាក់ថា គាត់មិននៅផ្ទះនោះទេ។ លោកសុន ឆ័យ ប្រធានក្រុមតំណាងរាស្ដ្រគណបក្សសម រង្ស៊ី មានប្រសាសន៍ថា លោកជូង ជូងី ហាក់ដូចជាទទួលរងនូវសម្ពាធអ្វីមួយ។ «ខ្ញុំយល់ថា អ្វីដែលគាត់និយាយក្នុងលក្ខខណ្ឌបែបនេះហាក់ដូចជាគាត់ចង់បង្ហាញថា គាត់មានសម្ពាធ»។ លោកជូង ជូងីបានអង្គុយនៅក្នុងសន្និសីទកាសែត ហើយបានបិទភ្នែកនិងសំយុងមុខចុះបន្ដិច ហាក់ដូចជាធ្វើសេចក្ដីស្មឹងស្មាតមួយរយៈ មុននឹងចាប់ផ្ដើមសន្និសីទដែលបើកឲ្យមានការចោទសួរតិចតួច។ លោកបានរៀបរាប់យ៉ាងច្រើនពីការប្រឈមរបស់លោកក្នុងការប្រកបវិជ្ជាជីវៈ និងបង្ហាញពីការបារម្ភក្នុងវិជ្ជាជីវៈនេះផងដែរ ជាពិសេសការប្រឈមក្នុងការការពារក្នុងជម្លោះដីធ្លីសម្រាប់ក្រុមប្រជាជន។ លោកចាន់ សាវ៉េត ប្រធានផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការអាដហុកកត់សម្គាល់ឃើញថា លោកជូង ជូងីមានការភ័យខ្លាច។ «ហាក់បីដូចជាគាត់មិនចង់បង្ហាញអំពីពាក្យថា គេចាប់ទេ ប៉ុន្ដែគាត់ចង់បង្ហាញពីការរត់គេចរបស់គាត់។ វាជាចំណុចមួយគួរពិចារណា ហើយយើងគិតថ្លឹងថ្លែងអំពីអាកប្បកិរិយា ទាំងទឹកមុខទាំងសំដីរបស់គាត់ បញ្ជាក់ថា គាត់មានការភ័យខ្លាច»។ បន្ទាប់ពីការបាត់ខ្លួនមួយថ្ងៃមកនេះ លោកជូង ជូងីបានប្រកាសថា លោកនឹងចំណាយពេលចំនួន១២ថ្ងៃនៅក្នុងខែមករាខាងមុខ ដើម្បីធ្វើភាវនាធម៌ ដោយកោរសក់ ស្លៀកពាក់ស ដើរស្វែងរកការគោរពយុត្តិធម៌នៅតុលាការខេត្តកណ្ដាល សាលាឧទ្ធរណ៍ តុលាការកំពូល ក្រសួងយុត្តិធម៌ និងនៅគណៈមេធាវី៕ This posting includes an audio/video/photo media file: Download Now |
មេធាវីគណបក្សសម រង្ស៊ីបាត់ខ្លួន ប្រហែលជាត្រូវចាប់ខ្លួនស្ងាត់ Posted: 29 Dec 2011 07:19 PM PST លោកជូង ជូងី មេធាវីប្រចាំគណបក្សជំទាស់សម រង្ស៊ី ទំនងជាត្រូវចាប់ខ្លួនដោយស្ងាត់កំបាំងនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមព័ត៌មានក្រៅផ្លូវការផ្សេងៗ ក៏ប៉ុន្ដែមន្ដ្រីតុលាការ និងអ្នកនាំពាក្យក្រសួងមហាផ្ទៃមិនបានបញ្ជាក់ពីការចាប់ខ្លួននោះឡើយ។ កញ្ញាសុគន្ធារី ដែលអះអាងថា ជាក្មួយស្រីរបស់លោកជូង ជូងី បានបញ្ជាក់ថា នាងបានទទួលទូរស័ព្ទបន្ទាន់មួយពីឪពុកមារបស់នាង ក្នុងពេលដែលគាត់កំពុងធ្វើដំណើរនៅខេត្តកំពង់ឆ្នាំង ភាគខាងជើងទីក្រុងភ្នំពេញ។ «ព្រឹកមិញ គាត់ទូរស័ព្ទមក ម៉ោងប្រាំពីរកន្លះហ្នឹង។ គាត់ថា គេកំពុងតាមចាប់ខ្លួនគាត់នៅកំពង់ឆ្នាំង។ គាត់និយាយប៉ុណ្ណឹង គាត់ក៏បិទទូរស័ព្ទទៅ។ ហើយខ្ញុំក៏លែងទាក់ទងគាត់បានទៀតទៅ»។ កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ លោកជូង ជូងី និងតំណាងរាស្ដ្រគណបក្សជំទាស់លោកចាន់ ចេងត្រូវសាលាដំបូងខេត្តកណ្ដាលចោទប្រកាន់ពី«បទបានផ្ដល់មធ្យោបាយឲ្យលួចរត់» ក្នុងការសង្រ្គោះជំទប់ឃុំគណបក្សសម រង្ស៊ីម្នាក់គឺលោកមាស ប៉េង បន្ទាប់ពីមានការជាប់ពាក់ក្នុងទំនាស់ដីធ្លីជាមួយនឹងមន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាមួយរូប ដែលកំពុងកាន់អំណាច។ ក្រុមតំណាងរាស្រ្តគណបក្សសម រង្ស៊ី និងក្រុមមន្ដ្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានប្រមូលផ្ដុំគ្នានៅក្នុងបរិវេណតុលាការខេត្តកណ្ដាលនៅថ្ងៃនេះដោយរំពឹងថា មេធាវីប្រចាំគណបក្សជំទាស់នេះនឹងត្រូវបញ្ជូនខ្លួនទៅកាន់ទីនោះ។ កងសន្ដិសុខរបស់តុលាការបានព្យាយាមហាមឃាត់មិនឲ្យក្រុមអ្នកយកព័ត៌មានចូលក្នុងបរិវេណតុលាការ និងមានភាពតឹងរឹងក្នុងការអនុញ្ញាតឲ្យក្រុមតំណាងរាស្ដ្រគណបក្សជំទាស់ចូលក្នុងទីនោះ។ ក៏ប៉ុន្ដែក្រោយមក ក្រុមអ្នកយកព័ត៌មានត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់អគារតុលាការ។ ទោះជាយ៉ាងណា រហូតមកដល់ម៉ោងប្រាំល្ងាចនេះ លោក ជូង ជូងីនៅមិនទាន់ចូលខ្លួនមកកាន់តុលាការនៅឡើយ។ លោកព្រះរាជអាជ្ញាអ៊ុក គឹមសិទ្ធិនៃតុលាការសាលាដំបូងខេត្តកណ្ដាល មានប្រសាសន៍ថា លោកមិនដឹងពីដំណឹងនេះពិតប្រាកដនោះទេ។ លោកចៅក្រមស៊ីន វីរៈបានប្រាប់ក្រុមអ្នកកាសែតនៅចំពោះមុខក្រុមមន្ដ្រីសិទ្ធិមនុស្សថា លោកចេញដីកាបង្គាប់ឲ្យលោកមេធាវីជូង ជូងីចូលខ្លួនបំភ្លឺនៅតុលាការ ក៏ប៉ុន្ដែនៅមិនទាន់ដល់ពេលវេលាតម្រូវឲ្យលោកចូលខ្លួនក្នុងតុលាការនៅឡើយ។ យ៉ាងណាក៏ដោយ លោកចៅក្រមដដែលមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការតម្រូវឲ្យមេធាវីជំទាស់ចូលខ្លួនបំភ្លឺនោះឡើយ។ ក្រុមមន្ដ្រីសិទ្ធិមនុស្សសង្ស័យថា លោកជូង ជូងីទំនងជាត្រូវចាប់ខ្លួនដោយប៉ូលិសក្រសួងមហាផ្ទៃ ក៏ប៉ុន្ដែលោកឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធការសង្ស័យនេះ។ «ខ្ញុំបានទទួលព័ត៌មានពីជំនាញគឺថា ពុំមានព័ត៌មាននេះកើតឡើងទេ»។ លោកស្រីមួរ សុខហួរ តំណាងរាស្ដ្រគណបក្សសម រង្ស៊ី បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅតុលាការខេត្តកណ្តាលថា ប្រសិនបើមិនមានការចាប់ខ្លួនមេធាវីខាងលើទេ ក្រុមសមត្ថកិច្ចត្រូវតែជួយស្វែងរករូបគាត់។ «បដិសេធរបៀបម៉េច! មន្ត្រីនៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាបានប្រាប់ខ្ញុំថា លោកបានឃើញនឹងភ្នែក មេធាវីអង្គុយនៅការិយាល័យនៅក្រសួងមហាផ្ទៃ។ មិនមែនពួកខ្ញុំប្រឌិតទេ។ ហើយមិនត្រឹមតែប៉ុណ្នឹង បើសិនជាអញ្ចឹង ស្ថាប័នមានសមត្ថកិច្ចជួយរកមក។ យកមនុស្សហ្នឹងចេញមក។ រកឃើញ ខ្ញុំថារកឃើញ»។ ទោះជាស្ថិតក្នុងការសង្ស័យពីការចាប់ខ្លួន លោកចាន់ សាវ៉េត ប្រធានផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក និងជាមន្ដ្រីរបស់គណៈកម្មាធិការប្រព្រឹត្តិកម្ម ចាត់ទុកថា ប្រសិនបើការបាត់ខ្លួនលោកមេធាវីជូង ជូងីនៅក្នុងលក្ខខណ្ឌបែបនេះ វាគឺជាការរំលោភសិទ្ធិមនុស្សមួយយ៉ាងធ្ងន់ធ្ងរ។ «បើសិនជាការចាប់ខ្លួនដោយរបៀបអញ្ចឹង ខ្ញុំគិតថា វាអាចជាប់ពាក់ព័ន្ធជាមួយការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរហើយ»។ លោកអំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានហៅការបាត់ខ្លួននេះថា ជាប្រការគួរឲ្យព្រួយបារម្ភ ហើយអាជ្ញាធររដ្ឋាភិបាលគួរតែជួយស្វែងរកជនបាត់ខ្លួននេះ។ នៅមិនទាន់មានប្រតិកម្មពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានៅឡើយ។ វីអូអេសំឡេងសរអាបានព្យាយាមទាក់ទងលោកជីវ សុងហាក់ ប្រធានគណៈមេធាវី ដើម្បីសុំសេចក្ដីអត្ថាធិប្បាយ តែមិនអាចទាក់ទងបានទេ នៅថ្ងៃនេះដោយសារតែទូរស័ព្ទរបស់លោកមិនអាចស្ដាប់គ្នាឮ៕ This posting includes an audio/video/photo media file: Download Now |
បុណ្យសព និងការគោរពវិញ្ញាណក្ខន្ធកម្មករស្លាប់ក្នុងអណ្តូងរ៉ែ Posted: 29 Dec 2011 06:21 PM PST យ៉ាងតិចមានព្រះសង្ឃចំនួនបួនអង្គ ព្រមទាំងប្រជាពលរដ្ឋចំនួនជាង១០នាក់ ដោយរាប់បញ្ចូលទាំងបុគ្គលិកជនជាតិចិនមួយចំនួនផង បានធ្វើពិធីសូត្រមន្ត រំឭកវិញ្ញាក្ខន្ធដល់ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងអណ្តូងរ៉ែមួយ នៃស្រុកសំបូរ ខេត្តក្រចេះ។ កាលពីសប្តាហ៍មុន យ៉ាងតិចមានកម្មករខ្មែរប្រមាណប្រាំបីនាក់ មកពីខេត្តក្រចេះ ខេត្តកំពង់ធំ និងខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិតនៅក្នុងអណ្តូងរ៉ែមួយ ក្នុងចំណុចអូរត្រូន ដែលមានទីតាំងនៅក្នុងភូមិអូរ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ មន្ត្រីរដ្ឋាភិបាលខ្មែរបាននិយាយថា មូលហេតុនៃការស្លាប់បង់ជីវិតនេះ ដោយសារតែមានកម្មករជនជាតិចិនបានបំផ្ទុះគីបដើម្បីយករ៉ែនៅក្នុងជម្រៅដីប្រមាណជាង៣០០ម៉ែត រួចហើយបានប៉ះចំដង្ហើមទឹក ដែលបានបណ្តាលឲ្យទឹកបាញ់ចេញយ៉ាងកំហុក លាយលំជាមួយនឹងកម្ទេចថ្ម ដែលធ្វើឲ្យកម្មករចំនួនប្រាំបីនាក់ស្លាប់យ៉ាងអណោចអាធ័ម ដោយសារតែការឆ្លក់ទឹក។ សាក្សីឃើញផ្ទាល់ភ្នែកបានឲ្យនិយាយថា មានតែកម្មករតែពីរនាក់ប៉ុណ្ណោះបានរួចជីវិតគឺកម្មករខ្មែរម្នាក់ និងកម្មករជនជាតិចិនម្នាក់។ នៅចង្ងាយប្រមាណជាង៤០គីឡូម៉ែតពីទីរួមខេត្តក្រចេះ អណ្តូងរ៉ែដែលធ្វើអាជីវកម្មដោយជនជាតិចិន មានការដាក់កុងត្រូលយ៉ាងតឹងរឹង ដែលយាមកាមដោយកងរាជអាវុធហត្ថខេត្តក្រចេះ។ ថ្ងៃព្រហស្បតិ៍នេះគឺជាថ្ងៃគម្រប់ខួប៧ថ្ងៃនៃការស្លាប់បាត់បង់ជីវិតរបស់កម្មករទាំងប្រាំបីរូប។ នៅចំហៀងខាងស្តាំ ពីមុខអណ្តូងរ៉ែ ពិឃាត ព្រះសង្ឃនិងប្រជាពលរដ្ឋបាននាំគ្នាឧទ្ទិសកុសលដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតទាំងនោះ។ ពិធីនេះមានឆ្លាក់រូបតំណាងជនរងគ្រោះចំនួនប្រាំបីនាក់ មានទៀនធូប និងក្បាលជ្រូក ព្រមទាំងអុចទៀនបំភ្លឺ នៅតាមកាំជណ្តើរចុះទៅក្នុងអណ្តូងរ៉ែ ដែលជនរងគ្រោះបានស្លាប់បាត់បង់ជីវិត កាលពីសប្តាហ៍មុន ព្រមទាំងអុចផាវតាមសាសនាចិនផងដែរ។ «ឲ្យគេនៅខាងក្រោយនេះសុខសប្បាយ។ បបួលគ្នាទៅតាមឃុំ តាមខេត្តឯងទៅ។ កុំនៅធ្វើអី ទាំងប្រាំបីនាក់ហ្នឹង។ កន្លែងអណ្តូងរ៉ែមាសក្រុមហ៊ុនហ្នឹង ឥឡូវសូមដួងវិញ្ញាណក្ខន្ធរបស់អ្នកទាំងហ្នឹង បុគ្គលម្នាក់ៗហ្នឹងទទួលយកនូវមន្នុញផលពីព្រះសង្ឃដែលបានធ្វើគោរពដួងវិញ្ញាណក្ខន្ធហ្នឹង ឲ្យអ្នកទាំងអស់ហ្នឹង ទៅនៅឋានសុខ នៅស្រុកភូមិកំណើតរបស់សាកសពទាំងប្រាំបីនាក់ហ្នឹង»។ ព្រះតេជគុណចាន់ ធី ព្រះជន្ម២៧ព្រះវស្សា គង់នៅវត្តស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ដែលបាននិមន្តមកចូលរួមពិធីសូត្រមន្តនេះ បានមានសង្ឃដីកាថា សូមឲ្យវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់បាត់បង់ជីវិតទៅកាន់សុគតិភព។ «កម្មករ កាលណាដែលស្លាប់ទៅ ដោយអាណោចអាធ័មគឺស្លាប់ដោយអាឡោះអាល័យ។ អញ្ចឹងវិញ្ញាណក្ខន្ធ វាអាចនៅទីនេះ។ អញ្ចឹង ពុទ្ធបរិស័ទអញ្ជើញមកធ្វើបុណ្យនេះដើម្បីឲ្យវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះហ្នឹង សាកសពហ្នឹង បានទទួលនូវសុគតិភព ហើយបានស្ងប់អារម្មណ៍។ ឈប់លង ឈប់អីគេទៅ»។ ចំណែកលោកសួន ឃីម អាចារ្យវត្តបានបន្ថែមទៀតថា៖ «បាទ! ពិធីនេះសំខាន់សម្រាប់ឧទ្ទិសវិញ្ញាណក្ខន្ធឲ្យសាកសពហ្នឹងទៅកាន់សុគតិភពដើម្បីរួចពីទុក្ខភ័យអន្តរាយ ដែលបានកើតមាននៅក្នុងទីការដ្ឋានចិននេះ»។ បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្ត អាចារ្យវត្តព្រមទាំងប្រជាពលរដ្ឋ និងបុគ្គលិកជនជាតិចិនមួយចំនួន បានប្រោះទឹកមន្តនិងបាចគ្រាប់អង្គរនៅពីមុនអណ្តូងរ៉ែ។ ក្រុមគ្រួសារសាច់ញាតិ ដែលស្លាប់បាត់បង់ជីវិតក៏បានប្រារព្ធពិធីគម្រប់៧ថ្ងៃ ដូចគ្នានេះដែរ នៅតាមគេហដ្ឋានរៀងៗខ្លួន។ បុគ្គលិកកម្មករខ្មែរ ដែលបានស្លាប់បាត់បង់ជីវិត ត្រូវបានក្រុមហ៊ុនចិនផ្តល់សំណងចំនួន១៣០០០ដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ៗ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ៣០ ធ្នូ ព្រឹក Posted: 29 Dec 2011 07:50 PM PST ចិន៖ បានប្រកាសអំពីផែនការលោភលន់មួយសម្រាប់រយៈពេល៥ឆ្នាំ ដើម្បីធ្វើការរុករកក្នុងទីអវកាស។ នៅក្នុងឯកសារនយោបាយមួយ ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បត៍នេះ រដ្ឋបាលអវកាសជាតិរបស់ចិននិយាយថា ក្រុងប៉េកាំងនឹងដាក់រាយមន្ទីរពិសោធន៍អវកាស បង្ហោះយានអវកាសមានមនុស្សបើក និងយានអវកាសផ្ទុកអ៉វ៉ាន់ ហើយធ្វើការរៀបចំបច្ចេកវិទ្យាសម្រាប់សំណង់ស្ថានីយ៍អវកាសមួយនៅមុនឆ្នាំ២០១៦។ សហរដ្ឋអាមេរិក៖ ការស្ទង់មតិនយោបាយសហរដ្ឋអាមេរិក ចុងក្រោយបង្ហាញថា លំដាប់ថ្នាក់នៃអ្នកនាំមុខក្នុងការការបោះឆ្នោតតែងតាំងលើកទីមួយនៃយុទ្ធនាការដើម្បីតំណែងប្រធានាធិបតី សម្រាប់ឆ្នាំ ២០១២បានផ្លាស់ប្តូរជាថ្មីទៀត ដោយមានលោកអតីតអភិបាល មីត រូមនីនៃរដ្ឋម៉ាហ្សាជូសេត ជាអ្នកនាំមុខ និងអ្នកតំណាងរាស្រ្ត រូន ផូល ជាប់លេខ ២ និងអតីតសមាជិកព្រឹទ្ធសភា លោក រីក សានទូរ៉ាម ជាប់លេខ៣។ ស៊ីរី៖ នៅពេលដែលមនុស្សជាច្រើនពាន់នាក់បានធ្វើបាតុកម្មនៅពាសពេញប្រទេស ស៊ីរី ប្រឆាំងរដ្ឋាភិបាល សកម្មជននិយាយថា កងសន្តិសុខ ស៊ីរី បានសម្លាប់មនុស្ស ១៩ នាក់ កាលពីថ្ងៃពុធ នៅតំបន់មួយចំនួននៅខណៈដែលក្រុមអ្នកសង្កេតការណ៍បានទៅទស្សនា។ កូរ៉េខាងជើង៖ លោកគីម ជុងអ៊ុនបានទទួលការតែងតាំងជាមេដឹកនាំកំពូលនៃគណបក្សគ្រប់គ្រងអំណាចនិងនៃកងយោធារបស់កូរ៉េខាងជើង នៅក្នុងពិធីរំលឹកវិញ្ញានក្ខន្តមួយ ជូនសពបិតា គីម ជុងអ៊ីល របស់លោកនៅទីក្រុង ព្យុងយ៉ាង។ កូរ៉េខាងជើង៖ សារព័ត៌មានញូវយ៉កថាមស៍បានដកចេញរូបថតជាផ្លូវការមួយរបស់ កូរ៉េខាងជើង អំពីក្បួនដង្ហែសពលោក គីម ជុងអ៊ីល បន្ទាប់ពីអ្នកជំនាញសម្រេចថាគេរូបថតនោះត្រូវបានគេប្រើកម្មវិធីកំព្យូទ័រហ្វូតូស្ហពដើម្បីលប់រូបមនុស្ស ៦ នាក់ចេញពីរូបថត ដែលឈរមិនត្រូវជួរជាមួយអ្នកដទៃទៀត។ តួកគី៖ មន្រ្តីគណបក្សគ្រប់គ្រងអំណាច លោក ហូសីអ៊ីន សឺលីក បានសុំអភ័យទោសចំពោះការស្លាប់របស់ជនស៊ីវិលចំនួន៣៥នាក់ដែលយល់ច្រឡំថាជាជនឧទ្ទាមជាតិឃើដ ក្នុងការទម្លាក់គ្រាបបែករបស់តួកគីនៅអ៊ីរ៉ាក់។ សហរដ្ឋអាមេរិក៖ ចំនួនពលរដ្ឋអាមេរិកាំងដែលបានដាក់ពាក្យសុំជំនួយពេលឥតការងារធ្វើបានកើនឡើងកាលពីសប្តាហ៍មុន ដែលខុសផ្ទុយពីនិន្នាការប្រសើរឡើងនៅក្នុងទីផ្សារការងាររបស់សហរដ្ឋអាមេរិច។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |