VOA News: ព័ត៌មាន: “កម្ពុជា​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​នៅពេល​ចូលឆ្នាំ​សកល​ ​ទាក់ទាញ​ទេសចរណ៍” plus 3 more

VOA News: ព័ត៌មាន: “កម្ពុជា​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​នៅពេល​ចូលឆ្នាំ​សកល​ ​ទាក់ទាញ​ទេសចរណ៍” plus 3 more


កម្ពុជា​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​នៅពេល​ចូលឆ្នាំ​សកល​ ​ទាក់ទាញ​ទេសចរណ៍

Posted: 31 Dec 2011 02:15 PM PST

កម្មវិធី​ហែល​ទឹកប្រណាំងគ្នា ​លេងបាល់ទះ​ ហាត់​ក្បាច់គុន​​គឺជា​ផ្នែកមួយ​នៃ​វិធីបុណ្យ​សមុទ្រ​នៅ​ឆ្នេរក្រុង​ព្រះសីហនុ កាលពី​ថ្ងៃសៅរ៍។

បុណ្យសមុទ្រនេះធ្វើចំពេលចូលឆ្នាំសកល ក្នុង
គោល​បំណង​ទាក់ទាញ​ទេសរចណ៍។

អ្នក​ទេសចរណ៍​ខ្មែរ​ម្នាក់​គឺ​លោកគឹម សេរីរតន៍​មក​ពីភ្នំពេញ​និយាយ​ថា៖

«បាទ ខ្ញុំឃើញ​ថា សប្បាយ ព្រោះ​បងប្អូន​យើង​មកច្រើន។ គាត់មក​ពី​គ្រប់ទិស​ទី​ទាំងអស់ តាំងពី​ភ្នំពេញ ខេត្ត​ផ្សេងៗ នៅ​តាម​តំបន់​ឆ្នេរគ្រប់​កន្លែង។ គាត់មក​ទាំងអស់ មក​លេង​តំបន់​ឆ្នេរ​ហ្នឹង។ អ្វីដែល​សប្បាយជាង​គេ​គឺ​មានអារម្មណ៍​ថា កម្ពុជា​យើង​មាន​បុណ្យថ្មី​មួយ​ទៀត​ហើយ​គឺ​បុណ្យ​សមុទ្រ»។

<!--AV-->

រីឯអ្នកស្រី​យូ សុផាន់ណា​មកពី​ខេត្ត​កំពង់​ឆ្នាំ​បន្ថែម​ថា៖

«ចា៎ មក​ដល់ទីនេះ ខ្ញុំ​ដឹង​ថា ទីនេះ​សប្បាយ។ ហើយ​សប្បាយ​ជាង​​គេ​តែ​ម្តង​​ ព្រោះ​មាន​​ជនជាតិ​បរទេស ​ជនជាតិ​ជាច្រើន គ្រប់​បណ្តា​ប្រទេស​ទាំងអស់​មកលេង​នៅទីនេះ មកលេង​ខេត្ត ក្រុងព្រះ​សីហនុ​នេះ​តែម្តង»។

មាន​មនុស្ស​ប្រមាណ​៥ម៉ឺននាក់​ចូល​រួមបុណ្យ​សមុទ្រនេះ ដែល​មាន​ការ​បាញ់​កាំជ្រួច​ជ្វាលា​អបអរ​បុណ្យ​ចូល​ឆ្នាំ​សកល​ផង។

លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​និយាយ​ថា៖

«អញ្ចឹង​ការ​ធ្វើបុណ្យ​នេះ ទីមួយ​គឺ​ឃោសនាការ​អំពី​សក្តានុពល​ទេសចរណ៍​តំបន់​សមុទ។ គ្រប់​ប្រទេស​ទាំងអស់​ ក្រោយពី​បាន​ធ្វើបុណ្យ​ឆ្នេរហើយ​តែងតែ​មាន​ភ្ញៀវ​ទេសចណ៍​កើនឡើង​យ៉ាងតិច​១៥%។ ឆ្លង​តាម​បុណ្យ​នេះ យើង​បំផុស​ស្មារតី​ប្រជាជន ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​ចូល​រួម​ការពារ ​និង​អភិវឌ្ឍ​តំបន់​សមុទ្រ»។

លោក​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា មាន​អ្នក​ទេសចរណ៍​ជាតិ​៥០ម៉ឺននាក់ និង​អ្នកទេស​ចរណ៍​អន្តរជាតិ​១០ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ​បាន​ទៅ​ទេសចណ៍​ឆ្នេរក្រុង​ព្រះសីហនុ។

ឆ្នេរក្រុង​ព្រះសីហនុ​ត្រូវ​បាន​ក្លឹបឆ្នេរ​ពិភពលោក​ចាត់​បញ្ចូល​ក្នុង​ចំណោម​ឆ្នេរ​ល្អ​បំផុត។

ការ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​នៅ​ខេត្ត​ព្រះសីហនុ​មាន​ការ​បណ្តេញ​ប្រជាជន​ពីផ្ទះ​សម្បែង

និង​ការរុះ​រើតូប​របស់​អាជីវករ​ជាច្រើន ​ដែល​នាំឲ្យ​មាន​ការ​តវ៉ា​របស់​ប្រជាជន និង​ការរិះគន់​ពី​អង្គការសង្គមស៊ីវិល​អំពី​ការ​រំលោព​សិទ្ធិ​មនុស្ស៕

This posting includes an audio/video/photo media file: Download Now

អាជីវកម្ម​រ៉ែ​នៅ​កម្ពុជា​ប៉ះពាល់​សង្គម​និង​បរិស្ថាន

Posted: 31 Dec 2011 09:50 AM PST

របាយ​ការណ៍​នៃ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​មួយ​ក្រុម​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​បង្ហាញ​ថា ការ​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​បញ្ហា​សង្គម​និង​បរិស្ថាន​​ជា​ច្រើន។​

របាយការណ៍​ស្តី​ពី​ទំនោរ​បច្ចុប្បន្ន​នៃ​ផល​ប៉ះពាល់​លើ​សង្គម​និង​បរិស្ថាន​ពី​អាជីវកម្ម​រ៉ែ​នៅ​កម្ពុជា​ដែល​ធ្វើ​ការ​សិក្សា​ដោយ​អង្គការ​បណ្តាញ​ផល​ប៉ះពាល់​សង្គម​និង​បរិស្ថាន ដោយ​ឧស្សាហកម្ម​និស្សារណកម្ម​ដែល​មាន​អង្គការ​ចំនួន​៥៦​ជា​សមាជិក បន្ថែម​ថា ប្រជា​ពលរដ្ឋ​កម្ពុជា​ទទួល​រង​នូវ​ការ​ប៉ះពាល់​ផ្នែក​សុខភាព ដូច​ជា​ធ្វើ​ឲ្យ​មាន​ជំងឺ​សើ​ស្បែក ​រួម​ទាំង​ការ​ប៉ះពាល់​ដល់​ចំណូល​របស់​ពួក​គាត់ ថែម​ទាំង​ធ្វើ​ឲ្យ​ខូច​គុណភាព​ដី​ដែល​មិន​អាច​បង្ក​បង្កើន​ផល​ផង​ដែរ។​

ក្រុម​អង្គការ​ទាំង​នេះ​បាន​ធ្វើ​ការ​អង្កេត​រយៈ​ពេល​ជាង​២​ឆ្នាំ គិត​ចាប់​ពី​ចុង​ឆ្នាំ​២០០៩​ឆ្នាំ នៅ​ក្នុង​ខេត្ត​ចំនួន​បួន គឺ​ខេត្ត​រតនគីរី មណ្ឌលគីរី ព្រះវិហារ និង ស្ទឹងត្រែង ដែល​សកម្មភាព​ធ្វើ​អាជីវកម្ម​រ៉ែ​កំពុង​ដំណើរ​ការ​នៅ​ទី​នោះ។​

លោក​ម៉ម សម្បត្តិ ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍ និង​ភាព​ជា​ដៃ​គូ​ក្នុង​សកម្មភាព បាន​មាន​ប្រសាសន៍​ថា របាយការណ៍​នេះ​ធ្វើ​ឡើង​ដើម្បី​សិក្សា​ទៅ​លើ​គម្រោង​មួយ​ដែល​ជួយ​ឲ្យ​យល់​ដឹង​កាន់​តែ​លម្អិត​ពី​បច្ចុប្បន្ន និង​សក្តានុ​ពល​ភាព​ហេតុ​ប៉ះពាល់​សង្គម និង​បរិស្ថាន ពី​ការ​រីកដុះដាល​នៃ​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម មាន​រ៉ែ ប្រេង និង​ឧស្ម័ន។ ហើយ​លោក​ស្នើ​ឲ្យ​មាន​ការ​ចាត់​វិធានការ​ទប់ទល់​នឹង​ផល​ប៉ះពាល់​ពី​អាជីវកម្ម​ធនធាន​រ៉ែ​ទាំង​នេះ។​

«បើ​សិន​ជា​មិន​មាន​វិធានការ​មេ​ជាក់​លាក់​ណា​មួយ​ដើម្បី​គ្រប់គ្រង​ផល​ប៉ះពាល់​បរិស្ថាន​ទាំង​អស់​នោះ ឬ​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ទាំង​អស់​នោះ​ទេ ​​​​​​​​​​​​​យើង​ធ្វើ​ឲ្យ​ទាំង​បរិស្ថាន ទាំង​សង្គម​នោះ​មាន​ហានិភ័យ​ច្រើន​កើត​ឡើង​នៅ​ក្នុង​សង្គម ហើយ​សំខាន់​ប្រទេស​កម្ពុជា​យើង​នៅ​ជា​ប្រទេស​ក្រីក្រ ជា​ពិសេស​ប្រជាជន​នៅ​ជនបទ។ ​ប្រសិន​បើ​គាត់​ជួប​ប្រទះ រឿង​ជម្ងឺ​ដង្កាត់​ហើយ​ប៉ះពាល់​ទៅ​លើ​សេដ្ឋកិច្ច​ស្រែ​ចម្ការ​របស់​គាត់​ទៀត អា​នេះ​គឺ​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ក្រីក្រ វា​អាច​ទៅ​ជា​មាន​កាន់​តែកើន​ឡើង។ ដូច្នេះ រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ពិចារណា ឲ្យ​បាន​ច្រើន​និង​ខ្ពស់​មែន​ទែន​អំពី​វិធានការ ជា​ពិសេស​ពិនិត្យ​ជាក់​លាក់​ទៅ​លើ​ផែនការ​មេ​នៃ​ការ​កាត់​បន្ថយ​ហានិភ័យ​ទៅ​លើ​បរិស្ថាន»។​

របាយ​ការណ៍​ក៏​បាន​បញ្ជាក់​លម្អិត​ដែរ​ថា ការ​សិក្សា​វិភាគ​លើ​គុណភាព​ទឹក​នៅ​ខេត្ត​រតនគីរី និង​មណ្ឌលគីរី​នៅ​រដូវ​ប្រាំង​មាន​សារធាតុ​មួយ​ចំនួន​លើស​ពី​ស្តង់ដា ដូចជា ជាតិដែក Total Suspended Solid។ ​ចំណែក​ឯ​ខេត្ត​ស្ទឹងត្រែង​និង​ព្រះវិហារ​នៅ​រដូវ​វស្សា​មាន​សារធាតុ​លើស​មួយ​ចំនួន​ដូចជា ​ដែក ស៊ីដ្យានាយ​ បារត ​Total Suspended Solid​ ហើយ​នៅ​រដូវ​ប្រាំង​ក៏​មាន​សារធាតុ ​ដែល​លើស​ផង​ដែរ​ដូច​ជា ​ដែក ​កាត់ម៉ូម ​នីកែល​ និង​Total Suspended Solid។​

ធាតុ​ទាំង​នោះ​នៅ​ពេល​នេះ​មាន​ការ​លើស​តិចតួច​តែ​ប៉ុណ្ណោះ ​ក៏​ប៉ុន្តែ​បើ​សិន​ជា​នៅ​ពេល​ដែល​សកម្មភាព​អាជីវកម្ម​រុក​រក​រ៉ែ​មាន​ការ​ផុលផុស​ ដូច្នេះ​សារធាតុ​គីមី​ជា​ច្រើន​ត្រូវ​បាន​ប្រើប្រាស់​នៅ​អំឡុង​ពេល​រុករក​ដែល​អាច​បណ្តាល​ឲ្យ​សារធាតុ​ទាំង​នោះ​នឹង​បង្កើន​បរិមាណ​ ហើយប្រសិនបើ​នៅ​ពេល​នោះ​មិន​មាន​ការ​គ្រប់គ្រង​បាន​ល្អ​ទេ​ វា​អាច​បង្ក​ឲ្យមាន​ផល​ប៉ះពាល់​ដល់​សុខភាព ​ដូចជា​ជំងឺសើស្បែក​ រលាកក្រពះ ​និង​ធ្វើ​ឲ្យ​ខូច​គុណភាព​ដី​ជា​ដើម។​

ការ​បញ្ចេញ​នូវ​របាយ​ការណ៍​ខាង​លើ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្មករ​អណ្ដូង​រ៉ែ​កម្ពុជា​ចំនួន​ប្រាំបី​នាក់​បាន​ស្លាប់​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នៅ​ក្នុង​ខេត្ត​ក្រចេះ។​

នៅ​ក្នុង​ពិធី​បង្ហាញ​របាយការណ៍​នេះ​អង្គការ​សង្គម​ស៊ីវិល​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​កម្ពុជា​បាន​សំដែង​នូវ​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ពី​ផលប៉ះពាល់​ដែល​បាន​រក​ឃើញ​ទាំង​នេះ​ស្រប​ពេល​ដែល​ការ​រុករក​ និង​ធ្វើ​អាជីវកម្ម​លើ​ធនធាន​រ៉ែ​នៅ​កម្ពុជា​ទើប​តែ​ចាប់​ផ្តើម​ហើយ​កំពុង​ពង្រីក​សកម្មភាព​កាន់​តែ​ធំ​ឡើងៗ។​

លោក​ស៊ាង សុលក្ខណ៍ ​មន្រ្តី​ទំនាក់​ទំនង​ប្រចាំ​តំបន់​អាស៊ីខាងកើត​ អង្គការ​អុកស្វាម ​អាមេរិក ​បាន​ឲ្យ​ដឹង​ថា​ ផល​ប៉ះពាល់​ប្រាកដ​ជា​កើត​មាន​ឡើង​នៅ​ពេល​ដែល​កម្ពុជា​អភិវឌ្ឍ​វិស័យ​រ៉ែ​ក្នុង​កម្រិត​ឧស្សាហកម្ម។​

«ប៉ុន្តែ​ខ្ញុំ​សូម​ជម្រាប​ទៅ​ដល់​អស់​លោក​ លោក​ស្រី​ថា​ ពួក​យើង​ឥត​បាន​នៅ​ស្ងៀម​ទេ។ ​យើង​បាន​រៀប​ចំ​ខ្លួន ​ជា​បន្ត​បន្ទាប់​កន្លង​មក​នេះ។​ យើង​ទាំងអស់​គ្នា​ពិត​ជា​អាច​ដឹង​ថា ​យើង​មិន​អាច​រង​ចាំ​ទាល់​តែ​ពេល​បញ្ហា​កើត​ឡើង​ ទើប​យើង​ស្វែងរក​ដំណោះ​ស្រាយ​នោះ​ទេ។​ យើង​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន​ ហើយ​ជា​ទូទៅ​ ប្រសិន​បើ​យើង​ទទួល​បរាជ័យ​នៅ​ក្នុង​ការ​ត្រៀម​ខ្លួន​គឺ​យើង​កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​បរាជ័យ​ហើយ»។​

ជាមួយ​គ្នា​នេះ​ដែរ​លោក​ដាញ់ សេរី​ អនុ​ប្រធាន​នាយកដ្ឋាន​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​​នៃ​ក្រសួង​បរិស្ថាន​បាន​ទទួល​ស្គាល់ថា ​ការ​អភិវឌ្ឍន៍​វិស័យ​រ៉ែ​នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​បរិស្ថាន​ ប៉ុន្ដែ​រដ្ឋាភិបាល​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​ដំណាល​គ្នា​នោះ​ផង​ដែរ។​

«សកម្មភាព​សម្រាប់​វិនិយោគ​ទាំងអស់​ហ្នឹង ​ទាំង​រ៉ែ​ឧស្ម័ន ​និង​ប្រេងកាត​តែង​តែ​ធ្វើ​ឲ្យ​បាត់បង់​ជីវភាព​រស់នៅ​ មុខរបរ​ប្រជាពលរដ្ឋ។ ​អញ្ចឹង​នាយក​ដ្ឋាន​ក៏​ដូចជា​ក្រសួង​បរិស្ថាន​ កំពុង​តែ​មាន​ផែនការ​រៀប​ចំ​អនុក្រឹត្យ​ស្តី​ពី​មូលនិធិ​បរិស្ថាន​ដើម្បី​យក​មក​ស្តារ​បរិស្ថាន​គ្រោះថ្នាក់​ដោយ​សារ​តែ​សកម្មភាព​គម្រោង​ ក៏​ដូចជា​ស្តារ​ព្រៃ​ឡើងវិញ​ ដាំ​ដើម​ឈើ​ឡើងវិញ ​ជួយ​ផ្នែក​ជលផល​និង​ផ្នែក​ធនធាន​ធម្មជាតិ​ផ្សេង​ទៀត ​ហើយ​មូល​និធិ​សង្គម ​ព្រោះ​ថា​ យើង​ជួយ​ទៅ​ដល់​ជា​ជំនាញ​ចិញ្ចឹមសត្វ​ ឬ​ក៏​ប្រពល​វប្បកម្ម​ ដាំ​ដំណាំ​ ឬ​ក៏​ជំនាញ​ផ្សេងៗ​ទៀត ​ដែល​ផ្តល់​ជា​កញ្ចប់​ថវិកា​ទៅ​ដល់​សហគមន៍​ដែល​ទទួល​រង​ផល​ប៉ះពាល់»។

រហូត​មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​អាជ្ញាបណ្ណ​រុករក​រ៉ែ​ និង​ធ្វើ​អាជីវកម្ម​រ៉ែ​លោហៈ ​រ៉ែ​បុកស៊ីត ​រ៉ែ​ធ្យូងថ្ម ​រ៉ែ​ធ្យូងភក់ ​និង​រ៉ែផូស្វាត​ សរុប​ចំនួន​ប្រមាន​ជា​១២៨​អាជ្ញាបណ្ណ​ទៅ​ឲ្យ​ក្រុមហ៊ុន​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ចំនួន​ជាង​៦០​ក្រុមហ៊ុន ​ក្នុង​នោះ​ក្រុមហ៊ុន​ចំនួន​២៤​ធ្វើ​អាជីវកម្ម​រុករក​ប្រេង​និង​ឧស្ម័ន។ ​នេះ​បើ​តាម​ការ​អះអាង​ពី​មន្រ្តី​របស់​អង្គការ​ការ​អភិវឌ្ឍន៍​ និង ​ភាព​ជា​ដៃគូ​ក្នុង​សកម្មភាព៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៣១ ធ្នូ

Posted: 31 Dec 2011 06:46 AM PST

កូរ៉េខាងជើង៖ បាន​ប្រកាស​ជា​យ៉ាង​ឧឡារឹក​និង​ព្រមាន​​កូរ៉េ​ខាង​ត្បូងដែល​ជាគូ​សត្រូវ​របស់​ខ្លួននិងប្រ​ទេស​ផ្សេងៗទៀត​​​ក្នុង​ពិភពលោក​​កាល​ពី​ថ្ងៃ​សុក្រ​​ថា​នឹង​មិន​មាន​ការ​ផ្លាស់​ប្តូរ​នយោបាយ​​នៅ​ក្រោម​មេ​ដឹកនាំ​​ថ្មី​​ គីម ជុងអ៊ុន​ទេ។

ភូមា៖ មាន​គម្រោង​បោះឆ្នោត​ដើម្បី​បំពេញ​អាសនៈ​ទាំង​៤៨​ដែល​នៅ​ទំនេរ​​នៅ​ថ្ងៃ​ទី​១ ខែ​មេសា​ ដែល​នឹង​សាកល្បង​​លោកស្រី​អង សានស៊ូជី ​មេ​ដឹកនាំ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ ​ដែល​បាន​ចុះ​ឈ្មោះ​​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យជា​គណបក្ស​នយោបាយ​​​ជា​ផ្លូវ​ការ​កាល​ពី​សប្តាហ៍​មុន​ដែល​ជាការ​ត្រួសត្រាយ​ផ្លូវ​​សម្រាប់​លោក​ស្រី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​។

ស៊ីរី៖ សកម្ម​ជន​​និយាយ​ថា​កងទ័ព​ស៊ីរី​​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៣២​នាក់​ដែរ​កាល​ពី​ថ្ងៃ​សុក្រ​ នៅពេល​ដែល​អ្នក​ឃ្លាំមើល​សម្ព័ន្ធ​អារ៉ាប់​​​បំពេញ​ទស្សនៈ​កិច្ច​​ទីកន្លែង​កាន់​តែ​​ច្រើនឡើង​ថែម​ទៀត​​ដើម្បី​ពិនិត្យ​មើល​ការ​អនុវត្តន៍​ដែល​បាន​សន្យា​ដោយ​រដ្ឋាភិបាល​ដើម្បី​បញ្ចប់​ការ​បង្ក្រាប​​របស់​ខ្លួន​លើ​ពួក​ប្រឆាំង។

អ៊ីរ៉ុង៖ ​និយាយ​ថា​គេ​នឹង​ធ្វើ​ការ​បាញ់​កាំ​ជ្រួច​ផ្លោង​មីស៊ីលនៅ​ថ្ងៃ​សៅរ៍​នេះ​ ធ្វើជា​ផ្នែក​មួយ​នៃ​សម​យុទ្ធ​យោធា​ក្នុង​ឈូង​សមុទ្រ​ពែក្ស។ ការ​ធ្វើ​តេស្តសាក​ល្បង​​នេះត្រូវ​បានលោកឧត្តម​នាវី​​អ៊ីរ៉ង់​ ម៉ាមូត មូសាវី តាមរយៈការដកស្រង់សម្តីរបស់ទី​ភ្នាកងារ​ហ្វា​ពាក់​កណ្តាល​ផ្លូវការនិយាយថា ជា​តំណាក់​ការ​ចុង​ក្រោយ​​​នៃ​សមយុទ្ធ​ «ដើម្បី​​ប្រុង​ប្រៀប​កង​ទ័ព​ជើង​ទឹក​ក្នុង​ការ​ប្រឈមមុខ​សត្រូវ» នៅ​គ្រប់ស្ថានភាព​នៃ​សង្គ្រាម។

ប៉ាគីស្ថាន៖ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​​៨​នាក់​ដែរ​បាន​ត្រូវ​សម្លាប់ ​​ហើយ​១៨​នាក់​ទៀត​បាន​រង​របួស​​ដោយ​ការ​ផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​​ក្នុង​ខេត្ត​ប៉ាឡូជីស្ថាន​នៅ​ប៉ាគីស្ថាន។

រុស្ស៊ី៖ ពួក​មន្រ្តី​និយាយ​ថា​​ជា​ទី​បញ្ចប់​ពួក​អ្នក​ពន្លត់​អគ្គី​ភ័យ​​​បាន​​ពន្លត់​អណ្តា​តភ្លើង​​​​នៅ​លើ​នាវា​មុជទឹក​​​នុយ​ក្លេអ៊ែរ​ ដែល​បាន​ចត​ដើម្បី​ជួស​ជុល​​នៅ​ក្នុង​តំបន់​​ មូម៉េន ភាគ​ខាង​ជើង​រុស្ស៊ី​ ហើយ​ថា​​មិនមាន​ធ្លាយ​វិទ្យុ​សកម្ម​ទេ។ តែមាន​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​​៧​នាក់​ដែរ​ រួម​មាន​អ្នក​ពន្លត់​អគ្គីភ័យ​ផង​ បាន​ត្រូវ​គេ​ដឹក​ទៅ​កាន់​មន្ទី​រពេទ្យ​​​ដោយ​សា​ការ​ថប់​​ផ្សែង​បន្ទាប់​ពី​អគ្គី​ភ័យ​បាន​ឆេះ​ឡើង​​កាល​ពី​ថ្ងៃ​អង្គារ។

អេស្ប៉ាញ៖ និង​ប្រើ​វិធានការណ៍​​ដ៏​តឹង​តែង​ថ្មី​នៅ​ឆ្នាំ​ថ្មី​នេះ​ដោយ​សង្ឃឹម​នឹង​រាំង​ខ្ទប់​កើន​ឡើង​ឧនភាព។ រដ្ឋាភិបាល​ថ្មី​របស់​អេស្ប៉ាញ​​បាន​ប្រកាស​ថា​នឹង​កាត់​បន្ថយ​ការ​ចំណាយ​​ថ្មី​ចំនួន​ ១១,៥​ពាន់​លាន​ដុល្លារ​​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​និយាយ​ថា​​ថវិកាបាន​ស្ថិត​ក្នុង​ស្ថាន​ភាព​អាក្រក់​​ជា​ង​កាល​ដែលរដ្ឋាភិបាល​បាន​ទទួល​ស្គាល់​កាលពី​ពេល​មុន។ រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ដែរ​ថា​នឹង​គ្មាន​ការ​តំឡើង​ប្រាក់​ខែ​ឲ្យ​អ្នក​រដ្ឋការនិងតំឡើង​ពន្ធដារ​ក្នុង​រយៈពេល​២​ឆ្នាំ។

ចិន៖ ឡាយ ឆាង ស៊ីង ​ដែល​ជា​ជន​ជាប់​ទោស​ដែល​ចិន​ចង់​ចាប់​ខ្លួន​ជា​យូរ​ណាស់​មក​ហើយ​ បាន​ត្រូវ​គេ​ប្រ​គល់​ជូន​រដ្ឋអាជ្ញា​​កាល​ពី​ថ្ងៃ​សុក្រ​បន្ទាប់ពី​​បាន​សារភាព​ពី​ការរត់​ពន្ធ​និង​សូកប៉ាន់។ លោក​ឡាយ បាន​រត់​គេ​ច​ខ្លួន​ទៅ​ប្រទេស​កាណាដា​នៅ​ឆ្នាំ​១៩៩៩​ រហូត​ដល់​ដើម​ឆ្នាំ​នេះ​​បាន​ទទួល​ជោគ​ជ័យ​លើ​ការ​ធ្វើ​បត្យាប័ណ​​ទៅ​ប្រទេស​ចិន​វិញ ​ដោយ​ជជែក​ថា​​លោក​នឹង​ត្រូវ​គេ​​ធ្វើ​ទារុណ​កម្ម​​ហើយ​នឹង​ប្រឈម​មុខ​​ប្រហារ​ជីវិត។ កាណាដា​ប្រាប់​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ទទួល​ការ​ធានា​ពី​ចិន​ថា​​លោក​ឡាយ​នឹង​មិន​ត្រូវ​គេ​កាត់​ទោស​ទេ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

សកម្មជន​ខ្មែរក្រោម​រិះគន់​វៀតណាម​ពី​ការ​ផ្សឹក​ព្រះ​សង្ឃ​ខ្មែរ​ដោយ​បង្ខំ

Posted: 30 Dec 2011 04:24 PM PST

មេដឹកនាំ​សហព័ន្ធ​ខ្មែរក្រោម​នៅ​សហរដ្ឋ​អាមេរិក​និង​សកម្មជន​ខ្មែរក្រោម​និយាយ​ថា ​ការ​ផ្សឹក​ដោយ​បង្ខំ​ចំពោះ​ព្រះសង្ឃ​ខ្មែរក្រោម​មួយអង្គ​ ថ្មីៗ​នេះ​ក្នុង​ប្រទេស​វៀតណាម​ ជា​ការ​រំលោភ​លើ​សេរីភាព​សាសនា។​

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​និង​សកម្មជន​ខ្មែរក្រោម​ក្នុង​ប្រទេស​វៀតណាម​ជំរុញ​ ឲ្យ​អាជ្ញាធរ​វៀតណាម​គោរព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​សាសនា​ ដោយ​និយាយ​ថា​ ការ​ ចាប់​ផ្សឹក​ដោយ​បង្ខំ​ចំពោះ​ព្រះតេជគុណ​ លី សន​ ក្នុង​វត្ត​មួយ​លើ​ទឹកដី​កម្ពុជាក្រោម​ដែល​ត្រួតត្រា​ដោយ​វៀតណាម​ភាគខាងត្បូង​កាលពី​ខែធ្នូនោះ ​ជា​រឿង​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​សាសនា។

លោក​ ថាច់ ង៉ុកថាច់​ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ថា​ អាជ្ញាធរ​វៀតណាម​ចង់​បង្រ្កាប​បំបិទ​សិទ្ធិ​សេរីភាព​សាសនា​ បំភិតបំភ័យ​មិនឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម​ហ៊ាន​តវ៉ា​ពី​រឿង​អយុត្តិធម៌​ដែល​កើត​ឡើង​ហើយ​និង​បញ្ឃប់​ពលរដ្ឋ​ខ្មែរក្រោម​មិន​ឲ្យ​ជឿ​លើ​ព្រះសង្ឃ​និង​ព្រះពុទ្ធសាសនា។​ លោក​ ថាច់ ង៉ុក ថាច់ ​ចាត់ទុក​ថា​ រឿង​ទាំង​នេះ​ជា​ការ​ធ្វើ​ផ្ទុយ​ពី​ច្បាប់​ដែល​វៀតណាម​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ចំពោះ​មុខ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប. កាលពី​ឆ្នាំ​១៩៨២។ លោក​ថ្លែង​ថា៖

«តែ​ផ្ទុយ​ទៅ​វិញ​គឺ​ថា​រដ្ឋាភិបាល​យួន​ហ្នឹង​មិន​ដែល​បាន​ប្រគល់​សិទ្ធិ​ឬ​ក៏​គោរព​ សិទ្ធិ​ដែល​ខ្លួនបាន​ទទួលស្គាល់​ដើម្បី​យក​ទៅ​អនុវត្ត​ក្នុង​ប្រទេស​វៀតណាម​ទេ»។

ព្រះតេជគុណ​ លី សន​ ព្រះជន្ម​១៩​ឆ្នាំ​បួស​បាន​៤​ព្រះវស្សា​ក្នុង​វត្ត​សេរីតាសេក​ ឃុំ វិញហាយ​ ស្រុក​វិញចូវ​ ខេត្ត​សុកត្រាំង​ (ឃ្លាំង) ត្រូវ​អនុគណ​ស្រុក​ព្រះ​នាម​ ថាច់ ហ៊ន​ ចាប់​ផ្សឹក​កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ​ ក្រោយ​ពី​មាន​ពាក្យ​បណ្តឹង​ពី​ស្ត្រី​ចំណាស់​អាយុ​ជាង​៦០​ឆ្នាំ​ គឺ​អ្នកស្រី​ ដាញ់ ធីធូ ​ប្តឹង​ពី​បទ​ប៉ុនប៉ង​រំលោភ​សេព​សន្ធវៈ។ អ្នកស្រី​ដាញ់ ធីធូ​ ស្នាក់នៅ​ក្នុង​កុដ​លោក​ដើម្បី​ជួយ​កិច្ចការ​វត្ត​ខាង​ផ្នែក​សម្អាត។

ថ្លែង​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​តាម​ទូរស័ព្ទ​ពី​ប្រទេស​វៀតណាម​ អន្ទិត​លី សន បាន​អះអាង​ថា​ ការ​ចោទ​ប្រកាន់​ទាំងឡាយ​ជា​ការ​មួល​បង្កាច់។​ លី​ សន​ បាន​ពន្យល់​ថា​ខ្លួន​ ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ​ ហើយ​ព្រះចៅ​អធិការ​វត្ត​ក៏​បាន​ដឹង​ឮ​រឿងរ៉ាវ​នោះដែរ​ ដែល​ថា​អ្នកស្រី​ដាញ់ ធីធូ​ភ័យ​ខ្លាច​ហើយ​ស្រែក​ពេល​ព្រះតេជគុណ​ លី សន​ បាន​និមន្ត​ទៅ​រក​ទឹក​ឆាន់រ​ពេល​យប់​ក្នុង​កុដ​លោក​នោះ។

«ព្រោះ​អី​គេ​ធ្វើ​អញ្ចឹង​មិន​ត្រូវ។​ គេ​ចោទ​លើ​មិន​ត្រូវ​ដូច្នេះ​ចង់​បួស​ឡើង​វិញ​ដើម្បី​​ជួយ​កសាង​វត្ត»។

អន្ទិត​ លី សន​ ក៏​ដូច​ជា​សកម្មជន​ខ្មែរក្រោម​ម្នាក់​ទៀត​ គឺ​លោក​ ថាច់ វីណា​ និង សេចក្តី​ប្រកាស​ព័ត៌មាន​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​ បាន​ដកស្រង់​សំដី​អ្នកស្រី ដាញ់ ធីធូ​មក​អះអាង​ថា​​ អាជ្ញាធរ​មូលដ្នាន​វៀតណាម​បាន​បង្ខំ​អ្នកស្រី ​ដាញ់ ធីធូ ឲ្យ​ផ្តិត​មេដៃ​ដាក់​ពាក្យប្តឹង​ពី​បទចាប់​រំលោភ​ដើម្បី​ឲ្យ​អាជ្ញាធរ​មាន​ហេតុផល​ផ្សឹក​ព្រះតេជគុណ​ លី សន។

លោក​ ថាច់ វីណា​ បាន​អះអាង​ថា ​អាជ្ញាធរ​វៀតណាម​មាន​ការ​តាមដាន​ខ្លាំង​មក​ លើ​វត្ត​តាសេក​ ហើយ​វត្ត​នេះ​ក្លាយ​ជា​គោលដៅ​នៃ​ការ​បង្រ្កាប​ពី​អាជ្ញាធរ​វៀតណាម​ប្រសិន​បើ​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង។

«ប៉ុន្តែ​ធ្វើ​នេះ​ដើម្បី​បំណង​ចង់​កសាង​បញ្ហា​ឲ្យ​បាន​ធំ​ ហើយ​និង​បំផ្លិច​បំផ្លាញ​កេរ្តិ៍​ ឈ្មោះ​វត្ត​តាសេក​ក៏​ដូច​ជា​ព្រះសង្ឃ​ដែល​បួស​មួយ​ចំនួន​ដែល​មាន​ការ​មិន​ពេញ​ ចិត្ត​ពី​សំណាក់​រដ្ឋ​អំណាច​វៀតណាម​ថ្នាក់​ឃុំ​ដែល​គេ​ធ្វើ​ក្នុង​ឃុំ​ វិញហាយ សព្វ​ថ្ងៃនេះ»។

ព្រះ​តេជគុណ​ ថាច់ ហន​ អនុគណ​ស្រុក​វិញហាយ​ និង​ជា​តំណាង​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ក្នុង​ស្រុក​ដដែល​ពុំ​បាន​ឆ្លើយតប​ចំពោះ​សំណួរ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ទេ។ ព្រះ​តេជគុណ​ ថាន់ ហន ​ដែល​ជា​អ្នក​ផ្សឹក​អន្ទិត​ លី សន​ បាន​សួរ​ថា​មក​ពី​ខាង​ណា?​ ហើយ​បាន​កាត់​ផ្តាច់​ទូរស័ព្ទ​ភ្លាម​នៅ​ពេល​ឮ​ខ្ញុំ​បាទ​ទូល​លោក​ថា​មក​ពី​វីអូអេ​នៅ​សហរដ្ឋ​អាមេរិក។​ ការ​ព្យាយាម​ទូរស័ព្ទ​ជាច្រើន​លើក​ភ្លាមៗ​បន្ត​ទៀត​ត្រូវ​កាត់ផ្តាច់​ដោយ​គ្មាន​ការ​ទទួល។

អាជ្ញាធរ​វៀតណាម​ក៏​ពុំទាន់​មាន​ប្រតិកម្ម​តប​ទៅ​នឹង​ការ​អះអាង​របស់​សហព័ន្ធ​​ខ្មែរកម្ពុជា​ក្រោម​និង​សកម្មជន​ខ្មែរក្រោម​នៅ​ឡើយ​ដែរ។

លោក​ថាច់ ង៉ុកថាច់​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​នៅ​សហរដ្ឋ​អាមេរិក​អះអាង​ដែរ​ថា​ ព្រះសង្ឃ​ខ្មែរក្រោម​មួយចំនួន​ដែល​ហ៊ាន​តវ៉ា​ប្រឆាំង​នឹង​បម្រាម​វៀតណាម​ធ្វើ​កឋិនទាន​រយៈពេល​តែមួយថ្ងៃ​ ជា​ជាង​មួយ​ខែ​នៅ​ឆ្នាំ​២០០៧​នោះ ​ត្រូវ​បង្រ្កាប​ ចាប់​ដាក់​គុគ​ និង​រត់ចោល​ស្រុក។

ព្រះតេជគុណ ​គីម មឿន​ មក​ពី​វត្ត​តាសេក​បាន​និមន្ត​ភៀស​ព្រះកាយ​ដោយសារ​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​សាសនា​ទាក់ទង​នឹង​បាតុកម្ម​កឋិនទាន​នោះ។​ បច្ចុប្បន្ន​ ព្រះតេជគុណ​កំពុង​គង់​ក្នុង​ប្រទេស​ស៊ុយអែត។

ប្រទេស​វៀតណាម​ទទួល​រង​ការ​រិះគន់​ផ្នែក​ការ​រិតត្បិត​សេរីភាព​សាសនា​និង​ការ​ រំលោភ​សិទ្ធិ​មនុស្ស​ពី​សហរដ្ឋ​អាមេរិក។​ តែ​វៀតណាម​ច្រានចោល​ការ​រិះគន់​និង​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ដោយ​ចាត់ទុក​ថា​ជា​ការ​វាយ​តម្លៃ​មិន​ត្រឹមត្រូវ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!