VOA News: ព័ត៌មាន: “អតីត​អ្នក​ទោស​ខ្មែរ​ក្រហម​ទៅ​មើល​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា” plus 3 more

VOA News: ព័ត៌មាន: “អតីត​អ្នក​ទោស​ខ្មែរ​ក្រហម​ទៅ​មើល​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា” plus 3 more


អតីត​អ្នក​ទោស​ខ្មែរ​ក្រហម​ទៅ​មើល​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា

Posted: 29 Dec 2011 01:22 PM PST

អ្នកស្រី ​នៅ សារីម អតីត​អ្នក​ទោស​មន្ទីរ​ឃុំឃាំង​បឹងត្របែក​ក្នុង​របប​ខ្មែរ​ក្រហម​បាន​វិល​ត្រឡប់​ទៅ​​ប្រទេស​កម្ពុជា​វិញ​​ក្រោយ​ពី​ចូល​និវត្តន៍​ពី​ការងារ​ជាអ្នក​ផ្សាយ​ព័ត៌មាន​នៅ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក។

អ្នក​ស្រី​បាន​ទៅ​ចូលរួម​ស្តាប់​សវនាការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់និង​ពិនិត្យ​មើល​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា។​​

នេះ​ជា​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​វិញ​ជាលើក​មួយ​ក្រោយ​ពី​រយៈ​ពេល​១៨​ឆ្នាំ​​ចាប់​តាំង​ពី​ប្រទេស​កម្ពុជា​បាន​បោះ​ឆ្នោត​សាកល​លើក​ទីមួយ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ។

នៅក្នុង​បទ​សម្ភាសន៍​​ជាមួយ​លោក​ ម៉ែន គឹមសេង ​នៃ​វីអូអេ​អ្នកស្រី​​នៅ​ សារីម​ ទទួល​ស្គាល់​ថា​ប្រទេស​កម្ពុជា​មាន​ការរីកចម្រើន​ខុស​ពី​ពេល​មុន​ប៉ុន្តែ​ក៏​នៅ​មាន​ចំណុច​ជាច្រើន​ដែល​ត្រូវ​កែ​លម្អ​ដូច​ជា​ចរាចរណ៍​ក្នុង​ទីក្រុង​ដែល​មាន​អ្នក​បើកបរ​មិនសូវ​គោរព​ច្បាប់​ទម្លាប់​ជាដើម៕

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​សម្ភាសន៍៖

<!--AV-->


This posting includes an audio/video/photo media file: Download Now

កម្ពុជា​បដិសេធ​សំណើ​របស់ថៃ​សុំ​ឲ្យ​​បន្ថយទោស ​ឬ​លើក​លែង​ទោស​​ជនជាតិ​ថៃ​ពីរ​នាក់

Posted: 29 Dec 2011 08:48 AM PST

នៅ​ថៃ្ង​ព្រហស្បតិ៍​នេះ​ ប្រទេស​កម្ពុជា​បាន​បដិសេធ​សំណើ​របស់​ប្រទេស​ថៃ​សុំ​ឲ្យ​ពិចារណា​ការ​បន្ថយទោស ​ឬ ​ការ​លើក​លែង​ទោស​ដល់​ជនជាតិ​ថៃ​ពីរ​នាក់​ ដែល​ជាក្រុម​អាវលឿន​កំពុង​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​អំពី​បទ​ចារកម្ម។​

ការ​បដិសេធ​នេះ​បាន​ធើ្វ​ឡើង​ភ្លាមៗ ​បន្ទាប់​ពី​លោក​ Surapong Tovichakchaikul ​រដ្ឋមន្រ្តី​ការ​បរទេស​ថៃ​បាន​ស្នើសុំ​ឲ្យ​កម្ពុជា​ពិចារណា​ការ​បន្ថយ​ទោស ​ឬ ​ការ​លើកលែង​ទោស​​ដោយ​ព្រះមហាក្សត្រ​ដល់​អ្នកទោស​ជន​ជាតិ​ថៃ​ពីរ​នាក់។​

សកម្មជន​អាវ​លឿង​ថៃ​ពីរ​នាក់ ​គឺ​លោក​ Veera Somkwamkit ​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៨​ឆ្នាំ​ និង​អ្នកស្រី​​ Ratree Pipatanapaiboon ឲ្យ​ជាប់​ពន្ធនាគារ​៦​ឆ្នាំ​កាល​ពី​ថៃ្ង​ទី​១ ​ខែ​កុម្ភៈ​ អំពី​បទ​ឆ្លង​ចូល​ទីតាំង​កងទ័ព​ និង​បទ​ចារកម្ម​ ហើយ​នៅ​ចុង​ខែ​កុម្ភៈ ​ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់​នេះ​បាន​បឹ្តង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្តី​សម្រេច​នេះ។​ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ពុធ​ Veera ​និង​Ratree​ បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​ដោយ​គ្មាន​បញ្ជាក់​មូលហេតុ។​

<!--AV-->

ក្រោយ​កិច្ចប្រជុំ​​ លោក​ហោ ​ណាំហុង ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ បាន​ថ្លែង​ប្រាប់​សន្និសីទ​កាសែត​រួម​ជាមួយ​សមភាគី​ថៃ​របស់​លោក​ថា​ តាម​ច្បាប់​កម្ពុជា ​អ្នក​ទោស​ត្រូវ​ជាប់​ពន្ធនាគារ​ចំនួន​២​ភាគ​៣​នៃ​ទោស​ជាប់​ពន្ធនាគារ​សរុប​ មុន​នឹង​ពិចារណា​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ។​

«បញ្ហា​លើកលែងទោស​កម្ពុជា​យើង​មាន​បញ្ហា​មួយ​គឺ​ច្បាប់​ ទាល់​តែ​ទណ្ឌិត​ហ្នឹង​ជាប់​ទោស​​បាន​២​ភាគ​៣​សិន​ ទើប​ព្រះមហាក្សត្រ​លើកលែង​ទោស​បាន។ ​ប៉ុន្តែ​ខ្ញុំ​បាន​ជម្រាប​ឯឧត្តម​សូរ៉ាពង្ស​ថា​ បើ​ភាគី​ថៃ​មាន​សំណូមពរ​ផ្លាស់ប្តូរ​អ្នក​ទោស​កម្ពុជា ​និង​ថៃ​ជា​កញ្ចប់​ នោះ​​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​យក​មក​ពិចារណា»។​

លោក​រដ្ឋមន្រ្តី​ការបរទស​ថៃ​សូរ៉ាពង្ស​បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ថែទាំ​អ្នកទោស​ថៃ​ទាំង​ពីរ​នាក់​នេះ​យ៉ាង​ល្អ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។​

Veera ​និង​ Ratree​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២៩​ ខែ​ធ្នូ​ ឆ្នាំ​២០១០​ ជាមួយ​ជន​ជាតិ​ថៃ​៥​នាក់​ទៀត ​រួម​មាន​លោក​ Panich Vikitsreth ​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ បន្ទាប់​ពី​បាន​ឆ្លងចូល​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់​ ដើម្បី​ត្រួត​ពិនិត្យ​បង្គោល​ព្រំដែន​ នៅ​ខេត្ត​បន្ទាយមានជ័យ​របស់​ប្រទេស​កម្ពុជា។​

ក្នុង​ជំនួប​ពិភាក្សា​នេះ​ លោក​រដ្ឋមន្រ្តី​ការបរទស​ទាំង​ពីរ​រូប​នះ​បាន​យល់ព្រម​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​ទេ្វភាគី​លើ​គ្រប់​វិស័យ​ ដើម្បី​ផលប្រយោជន៍​នៃ​ប្រទេស​ និង​ប្រជាពលរដ្ឋ​ទាំង​ពីរ។​

លោក​រដ្ឋមន្រ្តី​ការបរទស​ថៃ​ សូរ៉ាពង្ស​ បាន​បញ្ជាក់​ថា ​ភាគី​ទាំង​ពីរ​បាន​យល់ព្រម​គ្នា​អនុវត្ត​បញ្ជា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​កាល​ពី​ថៃ្ង​ទី​១១​ ខែ​កក្កដា​ ឆ្នាំ​២០១១​ ដែល​តម្រូវ​ឲ្យ​ដក​កងទ័ព​កម្ពុជា​ និង​ថៃ​ចេញ​ពី​តំបន់​គ្មាន​កងទ័ព ​នៅ​តំបន់​ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​ និង​អនុញ្ញាត​ឲ្យ​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី​ចូល​មក​ត្រួតពិនិត្យ​បទ​ឈប់​បាញ់​នៅ​ក្នុង​តំបន់​ជម្លោះ​នោះ។​

«យើង​ទាំង​ពីរ​ភាគី​សូម​អះអាង​ថា​ យើង​នឹង​អនុវត្ត​ទៅ​តាម​អី្វ​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​កំណត់​ យ៉ាង​មាន​តម្លាភាព ​និង​យុត្តិធម៌​ ហើយ​អាច​ត្រួត​ពិនិត្យ​បាន»។​

លោក​រដ្ឋមន្រ្តី​ការបរទស​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ប្តេជ្ញា​ចិត្ត​ជំរុញ​ការ​ចរចា​លើ​ការ​អភិវឌ្ឍ​រួម​នៅ​តំបន់​ត្រួត​គ្នា​ក្នុង​ឈូង​សមុទ្រ​ថៃ​ ដែល​គេ​ជឿ​ថា​ សំបូរ​ប្រេង ​និង​ឧស្ម័ន។

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៩ ធ្នូ យប់

Posted: 29 Dec 2011 08:09 AM PST

កូរ៉េ​ខាងជើង៖ លោក គីម ជុង អ៊ុន (Kim Jong Un) ត្រូវ​បាន​ប្រកាស​ថា​ ជា​មេដឹកនាំ​កំពូល​របស់​គណបក្ស​គ្រប់​គ្រង​អំណាច និង​ជា​អគ្គមេបញ្ជាការ​កងទ័ព​នៅ​ប្រទេស​កូរ៉េ​ខាងជើង​ អំឡុងពេល​ពិធីបុណ្យ​សព​ឪពុក​របស់​លោក​គឺ លោក​គីម ជុង អ៊ីល (Kim Jong Il) នៅ​ទីក្រុង​ព្យុងយ៉ាង។

ស៊ីរី៖ ក្រុម​អ្នក​អង្កេតការណ៍​របស់​សម្ព័ន្ធ​អារ៉ាប់ (Arab League) នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​ក្នុង​តំបន់​សំខាន់ៗ​ចំនួន​៣ នៅ​ប្រទេស​ស៊ីរី ដែល​ជា​ទី​កន្លែង​ដែល​កម្លាំង​សន្តិសុខ​ស៊ីរី​បាន​ប្រើ​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​លើ​ហ្វូង​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ ស្រប​ពេលដែល​មាន​ចម្ងល់​មួយ​ថា​តើ​ក្រុម​អ្នក​សង្កេត​ការណ៍​នេះ​អាច​ទុកចិត្ត​បាន​ឬុ​យ៉ាងណា។

តួកគី៖ កងទ័ព​តួកគី​បាន​និយាយ​ថា ខ្លួន​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ក្រុម​បះបោរ​ជនជាតិ​ឃឺត (Kurdistan) នៅក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ីរ៉ាក់ ប៉ុន្តែ​មិន​បាន​បញ្ជាក់​របាយការណ៍​ពី​មន្ត្រី​មូលដ្ឋាន​ដែល​ថា មាន​ជន​ស៊ីវិល​យ៉ាង​តិច​២៣​នាក់​បាន​ស្លាប់ក្នុង​ការ​វាយ​ប្រហារ​នោះ​ទេ។

កៀហ្ស៊ីស៊ីស្ថាន៖ លោក អាលម៉ាហ្សបេក អាតាមបាយេវ (Almazbek Atambayev) ប្រធានាធិបតី​របស់​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន បាន​និយាយ​ថា​ ការ​រក្សា​ទុក​មូលដ្ឋាន​យោធា​ស.រ.អ​ នៅ​ជិត​អាកាសយានដ្ឋាន​ស៊ីវិល​របស់​ប្រទេស​លោក​គឺ​ជា​រឿង​គ្រោះថ្នាក់​ខ្លាំង​ណាស់។

អូតង់/អាហ្វហ្គានីស្ថាន៖ អង្គការ​អូតង់​បាន​និយាយ​ថា មាន​បុរស​ម្នាក់​បាន​ស្លៀកពាក់​ឯកសណ្ឋាន​កងទ័ព​ឯកភាព​ជាតិ​របស់​អាហ្វហ្គានីស្ថាន​ បាន​សម្លាប់​បុគ្គលិក​២​នាក់​របស់​ខ្លួន​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ភាគ​ខាងកើត។

ភូមា៖ ការ​ផ្ទុះ​ដ៏​ខ្លាំងខ្លា​នៅ​ឃ្លាំង​មួយ​ក្នុង​ទីក្រុង​រង់ហ្គូន​ នៃ​ប្រទេស​ភូមា បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១៧​នាក់ និង​ធ្វើ់​ឲ្យ​របួស​៨០​នាក់​ផ្សេង​ទៀត។ សាក្សី​បាន​និយាយ​ថា គេ​បាន​ឮ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​កន្លែង​មួយ​ដែល​ទំនង​ជា​ឃ្លាំង​ថ្នាំ​នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​មួយ​នា​ភាគ​ខាងកើត​នៃ​ក្រុង​រង់ហ្គូន។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៩ ធ្នូ ព្រឹក

Posted: 28 Dec 2011 08:10 PM PST

ឥណ្ឌា​៖ សកម្មជន​ល្បី​ល្បាញ​ម្នាក់​របស់ឥណ្ឌា​ដែល​បាន​ធ្វើ​យុទ្ធនាការ​ដ៏​ខ្លាំង​ក្លា​ដោយ​បង្ខំ​ឲ្យ​ក្រុម​អ្នក​តែង​ច្បាប់​ប្រឈម​មុខ​ដោះស្រាយ​អំពើ​ពុក​រលួយ​ដែល​កំពុង​រីក​រាល​ដាល​ពាស​ពេញនោះ​បាន​បញ្ចប់​កូដកម្ម​បង្អត់​អាហារ​របស់​លោក​​មុន​ពេល​កំណត់​មួយ​ថ្ងៃ។​

កូរ៉េ​ខាង​ជើង​៖ ពលរដ្ឋ​កូរ៉េ​ខាង​ជើងរាប់ម៉ឺន​នាក់​បាន​នាំ​គ្នា​យំ​សម្រក់​ទឹក​ភ្នែក​ ដើម្បី​សម្តែង ​គារវកិច្ច​ជា​ចុង​ក្រោយ​ចំពោះ​សព​លោក​គីម យុងអ៊ីល មេ​ដឹក​នាំ​ដ៏​យូរ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​នេះ​ នៅពេល​ដែល​រថយន្ត​ដឹក​សព​ពណ៌​ខ្មៅ​មួយ​គ្រឿង​បាន​ដឹក​ម្ឈូស​របស់​លោក​កាត់​តាម​ទី​រដ្ឋធានី​ព្យុងយ៉ាង។​

ភូមា​៖ រដ្ឋមន្រ្តី​ការ​បរទេសឥណ្ឌូនេស៊ី​បាន​សម្តែងការ​គាំទ្រ​ចំពោះ​កិច្ច​ប្រឹង​ប្រែង​របស់ភូមា​ ដើម្បី​ប្តូរ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ តែ​លោក​បន្ថែម​ថា​នៅ​មាន​កិច្ច​ការ​ត្រូវ​ធ្វើ​ថែម​ទៀត។​

អ៊ីរ៉ង់​៖ កង​យោធាអាមេរិក​និយាយ​ថា​ខ្លួន​មិន​អាច​អនុញ្ញាត​ឲ្យ​មាន​ការ​អាក់​ខាន​នៃ​ចរាចរ​នៅ​ក្នុង​ច្រក​សមុទ្រ​អរមុសបាន​ទេ​ ពេល​ដែលអ៊ីរ៉ង់​បាន​គំរាម​ថា​នឹង​រារាំង​ផ្លូវ​ការ​ដឹក​នាំ​ប្រេង​ឆ្លង​កាត់​តាម​ច្រក​សមុទ្រ​នេះ​។​

ឥណ្ឌា​៖ ជប៉ុន​បាន​យល់​ព្រម​ផ្តល់​ជំនួយ​ខ្លះ​ៗ​ដើម្បី​ជួយ​សង្គ្រោះ​រូបីយប័ណ្ណឥណ្ឌា​ ដែល​កំពុង​មាន​វិបត្តិ​។​

ស៊ីរី៖ សកម្មជន​និយាយ​ថា​ កង​កម្លាំង​សន្តិសុខ​ស៊ីរី​បាន​បាញ់​កាំភ្លើង​ទៅ​លើ​ក្រុម​បាតុករ​នៅ​ទី​ក្រុង​ហាម៉ាកាល​ពី​ថ្ងៃ​ពុធ ​នៅ​ពេល​ដែល​ក្រុម​អ្នក​សង្កេតការណ៍​របស់​សម្ព័ន្ធ​អារ៉ាប់​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ទី​ក្រុង​ដទៃ​ទៀត​ ដើម្បី​ពិនិត្យ​មើល​សញ្ញា​នៃ​ការ​បង្ក្រាប​របស់រដ្ឋាភិបាល​ទៅ​លើ​ក្រុម​អ្នក​ប្រឆាំង។​

អេហ្ស៊ីប៖ អតីត​ប្រធានាធិបតីអេហ្ស៊ីប​ ហូស្ន៊ី មូបារ៉ាក់​ បាន​ឡើង​តុលាការ​ជា​លើក​ដំបូង​ក្នុង​ពេល​បី​ខែ​កន្លង​ទៅ​នេះ​ អំពី​បទ​ចោទ​ប្រកាន់​ទាក់​ទង​នឹង​ការ​ស្លាប់​របស់​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ជា​ច្រើន​រយ​នាក់​នៅ​ដើម​ឆ្នាំ​នេះ​។​

នីហ្សេរីយ៉ា​៖​ ភ្នាក់​ងារ​នគរបាល​នៅនីហ្សេរីយ៉ា​ភាគ​ខាង​ត្បូង​ និយាយ​ថា​ពួក​អ្នក​វាយ​ប្រហារ​បាន​ចោល​គ្រាប់​បែក​មួយ​គ្រាប់​ទៅ​លើ​សាលារៀន​អារ៉ាប់​មួយ​ បណ្តាល​ឲ្យ​របួស​មនុស្ស​៧​នាក់​ ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ ​ក្រោយ​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​ជា​ច្រើន​លើក​នៅ​ក្នុង​វិហារ​គ្រឹស្តសាសនា​នៅ​ពាស​ពេញ​ប្រទេស​រួច​មក​។​

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!