VOA News: ព័ត៌មាន: “សកម្មជនអាវលឿងថៃជាប់ពន្ធនាគារនៅស្រុកខ្មែរ ឈប់ប្តឹងឧទ្ធរណ៍” plus 4 more |
- សកម្មជនអាវលឿងថៃជាប់ពន្ធនាគារនៅស្រុកខ្មែរ ឈប់ប្តឹងឧទ្ធរណ៍
- ព័ត៌មានអន្តរជាតិវីអូអេ ២៨ ធ្នូ យប់
- លោក ហ៊ុន សែន បង្គាប់ឲ្យក្រសួងមហាផ្ទៃ និងអង្គការក្រៅរដ្ឋាភិបាលបន្តពិភាក្សាសេចក្ដីព្រាងច្បាប់អង្គការ
- ព័ត៌មានអន្តរជាតិវីអូអេ ២៨ ធ្នូ ព្រឹក
- រដ្ឋាភិបាលពង្រឹងធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ដើម្បីបន្ថយគ្រោះថ្នាក់
សកម្មជនអាវលឿងថៃជាប់ពន្ធនាគារនៅស្រុកខ្មែរ ឈប់ប្តឹងឧទ្ធរណ៍ Posted: 28 Dec 2011 07:41 AM PST សកម្មជនអាវលឿងជាតិថៃពីរនាក់ ដែលជាប់ពន្ធនាគារនៅកម្ពុជាអំពីបទចារកម្ម បានបង្ហាញវត្តមានចំពោះសាលាឧទ្ធរណ៍នៅថៃ្ងពុធនេះ ដើម្បីដកពាក្យបណ្តឹងប្រឆាំងនឹងសាលក្រមរបស់តុលាការក្រុងភ្នំពេញ។ ជនជាតិថៃទាំងពីរនាក់នេះ រួមមានលោក Veera Somkwamkit មេដឹកនាំមួយរូបនៃបណ្តាញប្រជាជនប្រឆាំងនឹងអំពើពុករលួយ និងលេខាធិការរបស់លោកគឺអ្នកស្រី Ratree Pipatanapaiboon ដែលត្រូវបានតុលាការក្រុងភំ្នពេញកាត់ទោសឲ្យជាប់ពន្ធនាគារ៨ឆ្នាំ និង៦ ឆ្នាំកាលពីថៃ្ងទី១ ខែកុម្ភៈ អំពីបទឆ្លងចូលទីតាំងកងទ័ព និងពីបទចារកម្ម ហើយនៅចុងខែកុម្ភៈ ជនជាប់ចោទទាំងពីរនាក់នេះបានបឹ្តងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះ។ Veera និង Ratree បានប្រាប់សវនាការថា ពួកគាត់បានសម្រេចដកពាក្យបណ្តឹងឧទ្ធរណ៍ដោយគ្មានបញ្ជាក់មូលហតុ។ លោករស់ អូន មេធាវីជនជាប់ចោទគឺ Veera និង Ratree បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅសាលាឧទ្ធរណ៍ថា៖ «គាត់ (Veera និង Ratree)ឆ្លើយនៅក្នុងសវនាការថា គាត់ដកបណ្តឹងឧទ្ធរណ៍។ ដូច្នេះសាលាឧទ្ធរណ៍មានកាតព្វកិច្ចមួយលុបពាក្យបណ្តឹងចេញពីបញ្ចីក្តី។ វាចប់ហើយ»។ លោកសំរិទ្ធ សុផល ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ បានយល់ព្រមការដកពាក្យបណ្តឹងនេះ ដោយបញ្ជាក់ថា សាលាឧទ្ធរណ៍សម្រេចមិនទទួលជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍របស់ជនជាប់ចោទឈ្មោះ Veera និង Ratree ហើយសំណុំរឿងនេះគឺចប់ជាស្ថាពរហើយ។ លោកសំរិទ្ធ សុផលបានលើកឡើងថា អ្នកទាំងពីរអាចសែ្វងរកការលើកលែងទោសពីព្រះមហាក្សត្រ បន្ទាប់ពីបានជាប់ពន្ធនាគារចំនួន២ភាគ៣។ ការដកពាក្យបណ្តឹងនេះបានធើ្វឡើងមួយថៃ្ង មុនទស្សនៈកិច្ចរបស់លោក Surapong Tovichakchaikul រដ្ឋមន្ត្រីការបរទេសថៃមកកាន់ប្រទេសកម្ពុជា ដើម្បីជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំកម្ពុជានៅថ្ងៃព្រហស្បតិ៍។ លោក Parinya Sirisankan ប្រធានសិទិ្ធមនុស្សនៃប្រទេសថៃ ដែលបានចូលរួមក្នុងសវនាការនេះ បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន ក្រោយសវនាការថា៖ «គាត់មិនប្តឹងឧទ្ធរណ៍គឺដើម្បីត្រួសត្រាយផ្លូវឲ្យរដ្ឋាភិបាលបន្ធូរបន្ថយទោសរបស់គាត់ និងទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ»។ លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានថែ្លងថា ប្រធានបទដ៏សំខាន់សម្រាប់ទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការបរទេសថៃមកកម្ពុជានេះគឺផ្តោតទៅលើបញ្ហាព្រំដែន ការសើ្នឲ្យកម្ពុជាដកពាក្យបណ្តឹងពីតុលាការយុតិ្តធម៌អន្តរជាតិ និងការដោះលែងអ្នកទោសជនជាតិថៃ២នាក់ដែលកំពុងជាប់ពន្ធនាគារនៅកម្ពុជា។ «អ្នកទាំង២នាក់នេះជារឿងនយោបាយ។ ដូច្នេះ ខ្ញុំថា ការដោះលែងមិនមែនខូចខាតអី្វដល់ប្រព័ន្ធយុត្តិធម៌ខែ្មរយើងទេ។ ប៉ុនែ្តប្រហែលជាអាចខូចខាត និងប៉ះពាល់ដល់រូបភាពជាតិនិយមសម្រាប់រដ្ឋាភិបាលតែប៉ុហ្នឹងទេ។ រដ្ឋាភិបាលខែ្មរយើងមិនចង់ដោះលែង ដោយសារ វាទាក់ទងរឿងជាតិនិយមតែប៉ុណ្ណឹង»។ Veera និង Ratree ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ ជាមួយជនជាតិថៃ៥នាក់ទៀត រួមមានលោក Panich Vikitsreth សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ បន្ទាប់ពីបានឆ្លងចូលទឹកដីកម្ពុជាដោយខុសច្បាប់ ដើម្បីត្រួតពិនិត្យបង្គោលព្រំដែននៅខេត្តបន្ទាយមានជ័យរបស់ប្រទេសកម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ២៨ ធ្នូ យប់ Posted: 28 Dec 2011 07:26 AM PST កូរ៉េខាងជើង៖ ពិធីបុណ្យសពរបស់អតីតមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង អ៊ីល (Kim Jong-il) បានចាប់ផ្តើមនៅក្នុងរដ្ឋធានីព្យុងយ៉ាងដែលជាទីកន្លែងមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាដើម្បីចូលរួមពិធីបុណ្យដ៏អធឹកអធមរយៈពេល២ថ្ងៃមួយនេះដើម្បីពង្រឹងកេរិ៍្តឈ្មោះរបស់លោក ហើយផ្ទេរអំណាចទៅឲ្យកូនពៅរបស់លោកគឺ លោក គីម ជុង អ៊ុន (Kim Jong Un)។ អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានគំរាមក្នុងការរារាំងការដឹកជញ្ជូនប្រេងកាតតាមច្រកសមុទ្រ ហូមួស្ស (Hormuz) ប្រសិនបើរដ្ឋាភិបាលប្រទេសលោកខាងលិចព្យាយាមដាក់ទណ្ឌកម្មលើការនាំប្រេងចេញរបស់ខ្លួនទៅក្រៅប្រទេសនៅក្នុងការឆ្លើយតបដល់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ បាគីស្ថាន៖ គណបក្សកំពុងកាន់អំណាចរបស់ប្រទេសបាគីស្ថានបានព្រមានកាលពីថ្ងៃអង្គារថា លទ្ធិប្រជាធិបតេយ្យដ៏ប្រេះស្រាំរបស់ប្រទេសនេះ គឺស្ថិតនៅក្នុងភាពគ្រោះថ្នាក់ ស្របពេលដែលប្រទេសជាតិក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ បានប្រារព្ធខួបលើកទី៤នៃការធ្វើឃាដអតីតនាយករដ្ឋមន្រ្តីរបស់ខ្លួនគឺលោកស្រី បេនាស្សី ភុតតូ (Benazir Bhutto)។ កូរ៉េខាងជើង៖ អ្នកស្នងតំណែងរបស់លោក Kim Jong Il ដែលជាកូនប្រុសទី៣របស់លោក គឺ លោក Kim Jong Un បានឡើងកាន់អំណាចដ៏ឆាប់រហ័សនៅក្នុងប្រទេសកូរ៉េខាងជើងចាប់តាំងពីត្រូវបានតែងតាំងជាឧត្តមសេនីយ៍ផ្កាយ៤កាលពីមួយឆ្នាំមុនមក។ ប៉ុន្តែរូបគេជាមនុស្សអាថ៌កំបាំងជាងឪពុករបស់ខ្លួនទៅទៀត។ ស៊ីរី៖ ពួកអ្នកសិទ្ធិមនុស្សមួយក្រុមបាននិយាយថា រដ្ឋាភិបាលស៊ីរីបានផ្ទេរអ្នកទោសទៅមន្ទីរឃុំឃាំងយោធាវិញដើម្បីលាក់ពួកគេពីអ្នកសង្កេតការណ៍សម្ព័ន្ធអារ៉ាប់ដែលឥឡូវនេះកំពុងតែបំពេញទស្សនកិច្ចក្នុងប្រទេសនេះ។ អេហ្ស៊ីប៖ ប្រទេសអេហ្ស៊ីបបានបន្តកាត់ទោសប្រធានាធិបតី ហូស្នី ម៉ូបារាក់ (Hosni Mubarak) ដែលគេបណ្តេញចេញពីតំណែងបន្ទាប់ពីមានការផ្អាកអស់រយៈពេល៣ខែមក។ ទូរទស្សន៍រដ្ឋបានបញ្ចាំងរូបលោក ម៉ូបារាក់ ពេលមកដល់តុលាការក្នុងរដ្ឋធានីគែរ តាមឡានពេទ្យមួយ ហើយត្រូវបានគេរុញចូលក្នុងតុលាការនៅលើគ្រែអ្នកជំងឺដូចដែលគេធ្វើលើបុរសវ័យ៨៣ឆ្នាំរូបនេះកាលពីសវនាការលើកមុនៗដែរ។ ថៃ៖ តុលាការមួយរបស់ថៃបានអនុញ្ញាតិឲ្យមេដឹកនាំជាន់ខ្ពស់ម្នាក់របស់ចលនាអាវក្រហមបង់ប្រាក់ធានានៅក្រៅឃុំដែលជននោះត្រូវបានរងការចោទប្រកាន់ពីបទភេរវកម្មដែលទាក់ទិននឹងការប្រឆាំងតវ៉ាដ៏ព្រៃផ្សៃកាលពីឆ្នាំទៅ។ អាហ្គានីស្ថាន៖ រដ្ឋាភិបាលអាហ្គានីស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់លើកទីមួយរបស់ខ្លួនជាមួយក្រុមហ៊ុនរដ្ឋរបស់ចិន។ កិច្ចព្រមព្រៀងនោះត្រូវបានចុះហត្ថលេខានៅថ្ងៃពុធនេះក្នុងរដ្ឋធានីកាប៊ុល ដែលនឹងអនុញ្ញាតិឲ្យសាជីវកម្មប្រេងជាតិរបស់ចិន (CNPC) ដើម្បីធ្វើការស្រាវជ្រាវប្លុកប្រេងនិងឧស្ម័នធម្មជាតិក្នុងខេត្ត សារី ផុល (Sari Pul) និងខេត្ត ហ្វាយ៉ាប់ (Faryab) នាភាគពាយ័ព្យនៃប្រទេស។ ឥណ្ឌា៖ សភាជាន់ទាបដ៏មានអំណាចរបស់ឥណ្ឌា បានអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយដ៏សំខាន់មួយដែលស្វះស្វែងបង្កើតទីភ្នាក់ងារទទួលពាក្យបណ្តឹងដ៏ឯករាជ្យមួយ ដែលមានអំណាចក្នុងការស៊ើបអង្កេតការចោទប្រកាន់នានាពាក់ព័ន្ធនឹងអំពើពុករលួយដែលប្រព្រឹត្តដោយពួកការិយាធិបតេយ្យនិងអ្នកនយោបាយនានា។ <!--AV--> This posting includes an audio/video/photo media file: Download Now |
Posted: 28 Dec 2011 07:26 AM PST នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃពុធនេះ បានបង្គាប់ឲ្យក្រសួងមហាផ្ទៃ និងក្រុមអង្គការក្រៅរដ្ឋាភិបាល បន្តពិភាក្សាគ្នាតទៅទៀតដើម្បីកសាងសេចក្ដីព្រាងច្បាប់ស្ដីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលឲ្យបានល្អបំផុតមួយ។ សេចក្ដីថ្លែងនេះធ្វើឡើងបន្ទាប់ពីមានសម្ពាធកាន់តែកើនឡើងពីក្រុមអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ និងប្រតិកម្មពីប្រទេសម្ចាស់ជំនួយមួយចំនួនលើសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស់នេះ។ លោកនាយករដ្ឋមន្ដ្រីខ្មែរមានប្រសាសន៍ក្នុងពិធីចែកសញ្ញាប័ត្រមួយក្នុងទីក្រុងភ្នំពេញថា គួរត្រូវតែមានការពិភាក្សាគ្នាបន្ដទៀត ដើម្បីធ្វើឲ្យសេចក្ដីព្រាងច្បាប់នេះការពារផលប្រយោជន៍សង្គមស៊ីវិលឲ្យបានសមស្រប។ «ឥឡូវ បើមិនទាន់ឯកភាពគ្នាទេ បន្តពិភាក្សាគ្នាទៅ។ ២០១២មិនទាន់ឯកភាពគ្នាទេ ចាំ២០១៣ទៅ។ បើ២០១៣ មិនឯកភាពគ្នាទេ ចាំ២០១៤ទៅ ក៏វាមិនទាន់ងាប់ដែរ»។ កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិចំនួន១១ ក្នុងនោះមានអង្គការសិទ្ធិមនុស្ស Human Rights Watch អង្គការ Freedom House និងអង្គការ Global Witness បានអំពាវនាវឲ្យប្រទេសផ្តល់ជំនួយដាក់ការគាបសង្កត់ទៅលើរដ្ឋាភិបាលកម្ពុជា ឲ្យកែសម្រួល ឬបោះបង់ចោលសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាល ដែលក្រុមខ្លួនយល់ថា គឺជាច្បាប់ដែលរឹតត្បិតសេរីភាពរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា និងរឹតបន្តឹងតាមអំពើចិត្តលើសេរីភាពនៃការធ្វើសកម្មភាពរបស់អង្គការសហគមន៍មូលដ្ឋាន ការបិទអង្គការ ឬការបដិសេធការចុះបញ្ជីអង្គការ។ លោកហ៊ុន សែនបានជំទាស់ទៅនឹងចេតនាចង់ឲ្យមានការបោះបង់សេចក្ដីព្រាងច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះ ដោយចាត់ទុកថា នោះគឺជាការចង់បាន «ជ្រុលហួស» និងគឺជាការដើរបញ្ច្រាសនឹងការចែងរបស់រដ្ឋធម្មនុញ្ញកម្ពុជា។ ក៏ប៉ុន្ដែលោកប្រមុខរដ្ឋាភិបាលខ្មែរបានបើកភ្លើងខៀវសម្រាប់ការចូលរួមមតិកាន់តែច្រើនពីក្រុមអង្គការ និងសមាគមនានា។ «សរសេរច្បាប់ហ្នឹងជួយមករដ្ឋាភិបាលវិញ។ សរសេរខ្លួនឯកមក ឬក៏សរសេរបញ្ជូនមក។ ចង់ធ្វើវិសោធនកម្មនៅមាត្រាណា រាជរដ្ឋាភិបាលនឹងប្រមូលយកនូវមតិហ្នឹង»។ នេះគឺជាការដកថយជាលើកទីពីររបស់រដ្ឋាភិបាលកម្ពុជាប្រឈមនឹងប្រតិកម្មជំទាស់ជាខ្លាំងរបស់ក្រុមអង្គការជាតិ និងអន្ដរជាតិ រួមទាំងប្រទេសផ្ដល់ជំនួយផងដែរ ដែលប្រឆាំងទៅនឹងសេចក្ដីព្រាងច្បាប់ខាងលើនេះ។ រដ្ឋាភិបាលធ្លាប់បានបង្វិលសេចក្ដីព្រាងច្បាប់នេះឲ្យមកពិភាក្សាឡើងវិញកាលពីប៉ុន្មានខែមុន បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះត្រូវបានបញ្ជូនទៅដល់ទីស្ដីការគណៈរដ្ឋមន្ដ្រីរួចទៅហើយនោះ។ លោកហ្វ៊ីល រ៉ូប៊ើតសុន (Phil Robertson) នាយករងអង្គការHuman Rights Watch ប្រចាំតំបន់អាស៊ី មានប្រសាសន៍តាមទូរស័ព្ទថា ការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ដ្រីខ្មែរ គឺជាគំនិតដ៏ល្អមួយ។ «យើងគិតថា នេះគឺជាចម្លើយត្រឹមត្រូវ។ យើងគិតថា គឺជាគំនិតល្អដែលធ្វើឲ្យអង្គការសង្គមស៊ីវិលចូលរួមចំណែកក្នុងការពិភាក្សាសេចក្ដីព្រាងច្បាប់បន្ថែមទៀត។ ហើយយើងជឿថា ដោយមានការពិគ្រោះយោបល់គ្នាកាន់តែច្រើន យើងនឹងបានទទួលបានច្បាប់មួយល្អប្រសើរ ឬច្បាប់មួយដែលផ្អែកទាំងស្រុងទៅនឹងស្តង់ដាសិទ្ធិមនុស្សអន្ដរជាតិ»។ លោកសុខ សំអឿន នាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានស្វាគមន៍ការសម្រេចចិត្តរបស់ប្រមុខរដ្ឋាភិបាលនេះដែរ។ «ប្រសិនបានអញ្ចឹង គឺល្អហើយ។ ខ្ញុំគាំទ្រគំនិតហ្នឹង ពីព្រោះច្បាប់ហ្នឹង គឺយើងទទួលបានទាំងអស់គ្នា»។ លោកសុខ សំអឿនមានប្រសាសន៍ថា ក្រុមអង្គការក្រៅរដ្ឋាភិបាលនឹងត្រូវជួបពិភាក្សាគ្នាដើម្បីប្រមូលនូវគំនិតយោបល់ និងជួបពិភាក្សាជាមួយរដ្ឋាភិបាលក្នុងពេលខាងមុខនេះទៀត។ ដំណាលគ្នានេះ លោកសន ម៉ាកគិនតូស្ស (Sean McIntosh) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក បានប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិកតាមសារអេឡិចត្រូនិកថា រដ្ឋាភិបាលអាមេរិកមិនប្ដូរជំហរទេចំពោះសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ។ សហរដ្ឋអាមេរិកមានជំនឿយ៉ាងមុតមាំថា សង្គមស៊ីវិលសម្បូរបែប ឯករាជ្យ និងរឹងមាំមានសារៈសំខាន់ណាស់សម្រាប់ជំរុញលទ្ធិប្រជាធិបតេយ្យ និងការបន្តអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ហើយសហរដ្ឋអាមេរិកទាមទារឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាលើទស្សនៈរបស់ប្រទេសផ្ដល់ជំនួយនិងសង្គមស៊ីវិល៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ២៨ ធ្នូ ព្រឹក Posted: 27 Dec 2011 09:19 PM PST ចិន៖ បានចាប់ផ្តើមការសាកល្បងផ្កាយរណបបេឌូសម្រាប់ប្រព័ន្ធស្ទង់មើលទិសដៅនាវាចរណ៍ ជាវិធានការបន្ថែមទៀតឆ្ពោះទៅកាន់ការបញ្ចប់ការពឹងផ្អែករបស់ខ្លួនលើផ្កាយរណបរបស់អាមេរិកដើម្បីផ្តល់ការស្ទង់មើលទិសនាវាចរណ៍។ សហរដ្ឋអាមេរិក៖ ទំនុកចិត្តអ្នកប្រើប្រាស់ទំនិញបានឡើងកម្រិតខ្ពស់បំផុតចាប់តាំងនៅក្នុងរយៈពេល៨ខែនៅក្នុងខែធ្នូនេះ ប្រហែលបណ្តាលមកពីភាពល្អប្រសើរឡើងនៃទីផ្សារការងារ។ កូរ៉េខាងត្បូង៖ តំណាងរាស្ត្រកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារបានអនុម័តសេចក្តីសម្រេចចិត្តមួយដែលជំរុញឲ្យរដ្ឋាភិបាលរបស់ប្រទេសនោះធ្វើការចរចាឡើងវិញនៃផ្នែកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានផ្តល់សច្ចានុម័តកាលពីពេលថ្មីៗនេះជាមួយអាមេរិក។ ជប៉ុន៖ អគ្គលេខាធិការគណរដ្ឋមន្រ្តី អូសាមូ ហ្វូជីមូរ៉ា បាននិយាយកាលពីថ្ងៃអង្គារថារដ្ឋាភិបាលទីក្រុងតូក្យូ នឹងប្រកាន់គោលការណ៏សន្តិភាពដែលហាមឃាត់ការនាំចេញនូវអាវុធដែលធ្វើនៅជប៉ុនសម្រាប់ប្រើប្រាស់ក្នុងជម្លោះក្នុងពិភពលោក។ អ៊ីរ៉ាក់៖ ក្រុមនយោបាយអ៊ីរ៉ាក់ដែលបានដឹកនាំដោយបព្វជិតនិកាយស៊ីអ៊ីតមុកតាដា អាល់ សាដរ៍ ដែលប្រឆាំងអាមេរិកបានចេញការអំពាវនាវមួយឲ្យរំលាយសភាអ៊ីរ៉ាក់ហើយធ្វើការបោះឆ្នោតឲ្យបានរហ័ស ជាចំណាត់ការមួយដែលអាចនាំឲ្យមានវិបត្តិសាសនារីកកាន់តែធំឡើង។ ស៊ីរី៖ ពួកសកម្មជននិយាយថាកងកម្លាំងសន្តិសុខបានបាញ់គ្រាប់បែកផ្សែងទៅលើបាតុកររាប់ពាន់នាក់ដែលបានជួបជួបជុំក្នុងទីក្រុងហូមកាលពីថ្ងៃអង្គារ នៅពេលដែលអ្នកឃ្លាំមើលសម្ព័ន្ធអារ៉ាប់បានទៅបំពេញទស្សនៈកិច្ចទីក្រុង ដែលមានការប្រយុទ្ធគ្នា ដើម្បីតាមដានការបង្រ្កាបរបស់រដ្ឋាភិបាលលើពួកប្រឆាំង។ ប៉ាគីស្ថាន៖ ប៉ាគីស្ថាននិងឥណ្ឌាប្រាប់ឲ្យដឹងថាមន្រ្តីមកពីភាគីទាំង២បានអំពាវនាវឲ្យបន្តកិច្ចព្រមព្រៀងដើម្បីកាត់បន្ថយភាពគ្រោះថ្នាក់នៃឧប្បត្តិហេតុនុយក្លេអ៊ែរដែលទាក់ទិននឹងការស្តុកទុកអាវុធបរមាណូរបស់ប្រទេសទាំងពីរ។ គុយបា៖ អង្គការសិទ្ធិមនុស្សក្នុងប្រទេសគុយបាប្រាប់ឲ្យដឹងថារដ្ឋាភិបាលទីក្រុងឡាហាវ៉ានបានដាក់បញ្ចូលអ្នកទោសនយោបាយ៥នាក់នៅក្នុងចំណោមពួកអ្នកទោសជាង២ពាន់៥រយនាក់ ដែលត្រូវគេដោះលែងក្នុងកាយវិការមនុស្សធម៌មុនពេលនៃដំណើរយាងទស្សនៈកិច្ចរបស់សម្តេចប៉ាបរបស់រ៉ុម៉ាំងកាតូលិក។ អង់គ្លេស៖ វិមានបាកឃីងហេមប្រាប់ឲ្យដឹងថាព្រះអង្គម្ចាស់អង់គ្លេស ហ្វីលីព បានយាងចេញពីមន្ទីរពេទ្យបន្ទាប់ពីការព្យាបាលជំងឺសសៃឈាមស្ទះក្នុងបេះដូងមក។ ព្រះស្វាមីរបស់ព្រះមហាក្សត្យយានីអេលីហ្សាបេត បានសម្រាករយៈពេល៤ថ្ងៃក្នុងមន្ទីរពេទ្យដើម្បីតាមដានជំងឺ។ រុស្ស៊ី៖ នាយករដ្ឋមន្រ្តីរុស្ស៊ី វ្លាដឺមៀរ ពូទីន និយាយថាការប្រឆាំងតវ៉ាមិនមានគោលដៅនិងមេដឹកនាំច្បាស់លាស់ ហើយលោកបានច្រានចោលការទាមទារឲ្យបោះឆ្នោតសភាឡើងវិញកាលពីពេលថ្មីៗក្នុងប្រទេសរុស្ស៊ី។ <!--AV--> This posting includes an audio/video/photo media file: Download Now |
រដ្ឋាភិបាលពង្រឹងធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ដើម្បីបន្ថយគ្រោះថ្នាក់ Posted: 27 Dec 2011 06:29 PM PST ក្រុមមន្រ្តីរដ្ឋាភិបាលបាននិយាយនៅថៃ្ងអង្គារនេះថារដ្ឋាភិបាលបានធើ្វវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកសំដៅរឹតបន្តឹងការប្រើប្រាស់មួកសុវត្ថិភាព និងការបង្កើនការផាកពិន័យឲ្យកាន់តែធ្ងន់ធ្ងរបន្ថែមទៀតដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ជិត២.០០០នាក់ក្នុងមួយឆ្នាំនៅកម្ពុជា ដែលតួលេខនេះនៅតែមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ។ របាយការណ៍របស់នគរបាលបានបញ្ជាក់ថាចាប់ពីខែវិច្ឆិកា ឆ្នាំ២០១០ដល់ខែវិច្ឆិកា ឆ្នាំ២០១១ មានអ្នកស្លាប់ជិត១.៩០០នាក់ និងរងរបួសជាង៨.៧០០នាក់។ លោកស្រី មឹន មាណវី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានថែ្លងប្រាប់ក្រុមអ្នកយកព័ត៌មានថា មាត្រាចំនួន៣១នៃច្បាប់ចរាចរណ៍ផ្លូវគោកត្រូវបានធើ្វវិសោធនកម្ម និងបនែ្ថមប្រាំបីមាត្រាទៀតនឹងជួយកាត់បន្ថយការស្លាប់ និងការរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ហើយពង្រឹងការពាក់មួកសុវត្ថិភាពសម្រាប់អ្នកបើកម៉ូតូ និងអ្នករួមដំណើរ ព្រមទាំងបងើ្កនការផាកពិន័យឲ្យកាន់តែធ្ងន់ធ្ងរ។ លោកស្រីអនុរដ្ឋលេខាធិការ បានបន្ថែមថាការធើ្វសោធនកម្មនេះក៏នឹងជួយពង្រឹង និងពង្រីកប្រសិទ្ធភាពនៃយុទ្ធសាស្រ្ត និងយន្តការសម្រាប់កាត់បន្ថយចំនួនអ្នកស្លាប់ និងករណីគ្រោះថ្នាក់ចរាចរណ៍ឲ្យថយចុះនៅកម្រិតទាប និងទិដ្ឋភាពនៃគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅស្រាលពីមួយថៃ្ងទៅមួយថៃ្ង។ «ចំណុចសំខាន់មួយនៃសេចក្តីព្រាងនៃវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅក្នុងបទប្បញ្ញតិ្តបានតម្រូវឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ព្រមទាំងកុមារត្រូវពាក់មួកសុវត្ថិភាព។ យើងផ្តោតឲ្យខ្លាំងលើការកាត់បន្ថយចំនួនអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍។ ចំពោះអ្នកធើ្វដំណើរតាមរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពទាំងអ្នកជិះខាងមុខ និងអ្នក ជិះខាងក្រោយ។ អ្នកស្លាប់បានកើនឡើង១៥ភាគរយ»។ លោក ព្រាប ចាន់បុល សមាជិកក្រុមការងារវិសោធនកម្មច្បាប់នេះ បានលើកឡើងថាការពាក់មួកសុវត្ថិភាពមាន៧២ភាគរយ នៅពេលថៃ្ង និង៤២ភាគរយនៅពេលយប់។ «យើងបានកែសម្រួលតមៃ្លប្រាក់ផាកពិន័យ។ នៅក្នុងបទលហុ យើងបងើ្កនតមៃ្លប្រាក់ផាកពិន័យប្រាំដង។ វាបានន័យថាកាលពីមុនផាក៣.០០០រៀលចំពោះការមិនពាក់មួកត្រូវថែមប្រាំដងស្មើនឹង១៥.០០០រៀល។ បើយើងប្រៀបធៀបជាមួយប្រទេសវៀតណាម វានៅទាប នៅឡើយ។ ប្រទេសវៀតណាមបានផាកពិន័យ១០ដុល្លារអាមេរិកចំពោះការមិនពាក់មួកនេះ»។ របាយការណ៍ឆ្នាំ២០១០ បានបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរជាង១.៨០០នាក់បានស្លាប់ និងជាង១.៧០០នាក់ទៀតបានរងរបួស ហើយមនុស្សយ៉ាងតិច៥នាក់ជាមធ្យមក្នុងមួយថៃ្ងរងគ្រោះថ្នាក់ចរាចរណ៍ ហើយគ្រោះថ្នាក់ចរាចរណ៍បានធើ្វឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណ២៧៩លានដុល្លារអាមេរិក។ លោកឧត្តមសេនីយ៍ត្រី គិម យីដេត អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មូលេហតុនៃគ្រោះថ្នាក់ចរាចរណ៍នេះគឺការប្រើប្រាស់ល្បឿនលឿនលើសកំណត់ នៅតែជាបញ្ហាមួយធ្ងន់ធ្ងរនៅឡើយដែលមានចំនួន៤០ភាគរយ ការបើកបរគ្រោះថ្នាក់ក្នុងពេលស្រវឹងមាន១១ភាគរយ ការបើកបរមិនគោរពច្បាប់ចរាចរណ៍ ឬ ធេ្វសប្រហែសមាន១៧ភាគរយ»។ វិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកនេះអាចនឹងបញ្ចប់នៅដើមឆ្នាំក្រោយ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |