VOA News: ព័ត៌មាន: “តុលាការ​ខេត្ត​កណ្តាល​ចោទ​ប្រកាន់​សមាជិក​គណបក្ស​សម រង្ស៊ី” plus 5 more

VOA News: ព័ត៌មាន: “តុលាការ​ខេត្ត​កណ្តាល​ចោទ​ប្រកាន់​សមាជិក​គណបក្ស​សម រង្ស៊ី” plus 5 more


តុលាការ​ខេត្ត​កណ្តាល​ចោទ​ប្រកាន់​សមាជិក​គណបក្ស​សម រង្ស៊ី

Posted: 27 Dec 2011 07:31 AM PST

សាលាដំបូង​ខេត្ត​កណ្ដាល​បាន​ចោទ​ប្រកាន់​តំណាងរាស្ដ្រ​គណបក្ស​សម​ រង្ស៊ី ​លោក​ ចាន់​ ចេង ​និង​សកម្មជន​នយោបាយ​គណបក្ស​នេះ​ចំនួន​ពីរ​រូប​ផ្សេង​ទៀត ​ក្នុង​រឿង​ក្ដី​មួយ​ទាក់ទង​នឹង​សំណុំ​រឿង​ដីធ្លី​ដ៏​ចម្រូងចម្រាស់។

ការ​ចោទប្រកាន់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​បន្ទាប់​ពី​រដ្ឋសភា​បាន​ព្យួរ​អភ័យឯកសិទ្ធិ​លោក​ចាន់ ​ចេង ​កាល​ពី​សប្ដាហ៍​មុន។

ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​កណ្ដាល​លោក​អ៊ុក ​គឹមសិទ្ធិ ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​លោក​បាន​ធ្វើ​ការ​ចោទប្រកាន់​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ លើ​លោក​ចាន់​ ចេង​ និង​មេធាវី​ប្រចាំ​គណបក្ស​សម ​រង្ស៊ី ​លោក ​ជួរ ​ជូងី ​ពី «បទ​ផ្ដល់​មធ្យោបាយ​ឲ្យ​លួច​រត់» ​​ដល់​លោក ​មាស ​ប៉េង។

លោក ​មាស​ ប៉េង​ គឺ​ជា​ជំទប់​ឃុំ​បន្ទាយដែក ​ខេត្ត​កណ្ដាល​ កូតា​គណបក្ស​សម ​រង្ស៊ី ​ដែល​ត្រូវ​ចោទ​ប្រកាន់​ផងដែរ​ពី​បទ​លួច​រត់។ បទចោទ​នេះ​ដែល​ធ្វើ​ឲ្យ​ជំទប់​ឃុំ​របស់​គណបក្ស​ជំទាស់​ទទួល​រង​ការ​ចោទប្រកាន់​ចំនួន​ពីរ​ក្នុង​សំណុំរឿង​ដែល​ជាប់​ទាក់ទង​គ្នា។

រឿង​ហេតុ​បាន​កើត​ឡើង​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ខណៈ​ដែល​លោក​មាស​ ប៉េង ​ត្រូវ​សាលាដំបូង​ខេត្ត​កណ្ដាល​ កោះហៅ​និង​បញ្ជូន​ខ្លួន​ទៅ​ឃុំឃាំង​ជា​បណ្តោះ​អាសន្ន ​ក្រោម​ការ​ចោទប្រកាន់​ថា លោក​បាន​ផ្ដួចផ្ដើម​គំនិត​ឲ្យ​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ងើប​ឡើង​តវ៉ា​នៅ​ក្នុង​ជម្លោះ​ដីធ្លី​មួយ​កន្លែង​ក្នុង​ឃុំ​ក្បែរ​ខាង​របស់​លោក។ ក៏ប៉ុន្ដែ​លោក​ជួរ ជូងី ​ដែល​ជា​មេធាវី​ការពារ​លោក​ជំទប់​ឃុំ​គណបក្ស​ជំទាស់​ បាន​តវ៉ា​ រួច​បាន​នាំ​កូន​ក្ដី​របស់​ខ្លួន​ចេញ​ពី​ទីកន្លែង​ឃុំឃាំ​បណ្តោះ​អាសន្ន​ ដោយសារ​តែ​លោក​រក​ឃើញ​ថា​ ការ​ឃុំ​ខ្លួន​នោះ​មិន​មាន​ដីកា​ពី​តុលាការ​ ហើយ​ទាំង​លោក​ចាន់​ ចេង ​ទាំង​លោក​ជួរ​ ជូងី ​បាន​រួម​ដំណើរ​ជាមួយ​ជំទប់​ឃុំ​ដែល​ទទួល​រង​ការ​ចោទ​ប្រកាន់​នោះ។

លោក​ព្រះរាជអាជ្ញា ​អ៊ុក ​គឹមសិទ្ធិ​ ដែល​ស្នើសុំ​មិន​ឲ្យ​ប្រើប្រាស់​សំឡេង​ដើម​មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស ជន​ជាប់​សង្ស័យ​ទាំង​បី​នាក់​នឹង​ត្រូវ​ប្រឈម​នឹងការ​ជាប់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​រហូត​ទៅ​ដល់​បី​ឆ្នាំ។

លោក ​ចាន់​ ចេង ​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​កន្លែង​សុវត្ថិភាព ​ហើយ​មិន​អាចទាក់ទង​បាន។លោក ​ជួរ ​ជូងី ​មាន​ប្រសាសន៍​ថា ​លោក​មិន​បាន​ប្រព្រឹត្តិ​ខុស​ដូច​ការ​ចោទ​របស់​តុលាការ​នោះ​ឡើយ។

«ចោទ​ប្រកាន់​ទាំង​បំពាន​តែ​ម្ដង។ ព្រោះ​អី​មក​ចោទ​ថា​ខ្ញុំ​ហ្នឹង​ មក​ជួយ​សម្រួល។ ជួយ​សម្រួល​របៀប​ម៉េច ​ខ្ញុំ​ឥត​មាន​ជួយ​សម្រួល​ទេ គឺ​ខ្ញុំ​តវ៉ា ​មិន​ឲ្យ​ឃុំ​កូន​ក្តី​ខ្ញុំ​ ដោយសារ​តែ​គ្មាន​ដីកា។ ដល់​ពេល​ខ្ញុំ​តវ៉ា​ទៅ​បាន​ជោគជ័យ ​ឃុំ​ខ្លួន​កូន​ក្តី​ខ្ញុំ​បំពាន​មិន​បាន ​មក​ចោទ​ប្រកាន់ ​មក​រក​រឿង​ខ្ញុំ​ទៅ​ទៀត។អាហ្នឹង​គឺ​ជា​ភាព​កំសាក​របស់​មន្ត្រី​តុលាការ​ហ្នឹង។ បង្ហាញ​ទាំង​ភាព​បំពាន​កាន់​តែ​ច្បាស់​ទៅៗ»។

ដោយឡែក​លោក ​មាស ​ប៉េង​ ដែល​កំពុង​ស្ថិត​ក្នុង​កន្លែង​សុវត្ថិភាព​មួយ​ បាន​លើក​ឡើង​ថា ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ខេត្ត​កណ្ដាល​កើតឡើង​ដោយសារ​មូលហេតុ​នៃ​ការ​ប្រជែង​ផ្នែក​នយោបាយ។

«បោះឆ្នោត​ពី​ផ្នែក​ឃុំសង្កាត់​នោះ ​ខ្ញុំ​បាន​ប្រាំ​អសនៈ។ ​ខ្ញុំ​គ្រប់គ្រង​រយៈពេល​ខ្លី។ ខ្ញុំ​ឈ្នះ​ជិត​១.០០០​សំឡេង​ក្នុង​ខេត្ត​កណ្តាល​គឺ​មាន​តែ​ឃុំ​ខ្ញុំ​ទេ។ អញ្ចឹង​គេ​មើល​ទៅ​សន្ទុះ​ទៅ​មិន​រួច​ជាមួយ​ខ្ញុំ​ គេ​រក​យុទ្ធវិធី។ សម្រេច​ឃុំ​ខ្ញុំ​មាន​ដីកា​សម្រេច​ដែរ​ ឬ​អត់? ត្រូវ​មាន​ដីកា​សម្រេច​ថា ​ត្រូវ​អាន​ឲ្យ​ខ្ញុំ​ស្តាប់​ សួរ​ខ្ញុំ​ហ្នឹង។ រួច​ឥត​មាន​ដីកា​ឃុំខ្លួន​ទេ។ ​រួច​យក​ខ្ញុំ​ឲ្យ​ប៉ូលីស​ស្នងការ​ចាប់ ​យក​ខ្ញុំ​ទៅ​ឃុំ​ខ្លួន​នៅ​ឯ​ពន្ធនាគារ​ ហើយ​ឥតមាន​ដីកា​ឃុំ​ខ្លួន​ទៀត»។

លោក​ មួង សំអាត​ ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្ដាល ​និង​លោក​ចៅក្រម​លឹម​ សុគន្ថា​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ ​ដោយ​លើក​ឡើង​ថា ​ពួក​លោក​មិន​បាន​ដឹង​សាច់​រឿង​នោះ​ឡើយ។យោង​តាម​លោក​ព្រះរាជអាជ្ញា ​អ៊ុក ​គឹមសិទ្ធិ ​ការ​អង្កេត​បឋម​បង្ហាញ​ថា ​មាន​តម្រុយ​នៃ​ដើម​ហេតុ​ដែល​បង្ហាញ​ថា ​លោក​អាច​ធ្វើ​ការ​ចោទប្រកាន់​អ្នក​នយោបាយ​ និង​សកម្មជន​នយោបាយ​គណបក្ស​សម ​រង្ស៊ី ​ទាំង​បី​រូប​នេះ។

កាល​ពី​ថ្ងៃ​ច័ន្ទ ​អង្គការ ​និង​សមាគម​ការពារ​សិទ្ធិមនុស្ស ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ដោយ​លើកឡើង​ថា កម្ពុជា​បាន​ប្រើប្រាស់​ប្រពន្ធ័​តុលាការ ​ស្ថាប័ន​ សភា ​និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ដើម្បី​ធ្វើ​ការ​គាប​សង្កត់​លើ​សកម្មជន​សិទ្ធិ​មនុស្ស ​និង​អ្នក​នយោបាយ​គណបក្ស​ជំទាស់​ខណៈពេល​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ខិតជិត​មក​ដល់។ ក៏ប៉ុន្ដែ​លោក​ផៃ ​ស៊ីផាន ​រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំ​ពាក្យ​ទីស្ដីគណៈរដ្ឋមន្ដ្រី​បាន​ច្រានចោល​ការ​លើក​ឡើង​នោះ៕

This posting includes an audio/video/photo media file: Download Now

តុលាការ​ក្រុងភ្នំពេញ​កាត់ទោស​អតីត​ប្រធាន​ពិធីការ​ប្រធាន​ព្រឹទ្ធសភា​ជា ស៊ីម

Posted: 27 Dec 2011 07:17 AM PST

តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​លោកស្រី ​ផេង​ គន្ធាបូរី ​អតីត​ប្រធាន​ពិធីការ​លោក​ជា ​ស៊ីម ​ប្រធាន​ព្រឹទ្ធសភា ​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ចំនួន​បួន​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​៩.០០០​រៀល ​ពី​បទ​ឆបោក​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ជាង​៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក តែ សំអាង ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ក៏​បាន​ប្រកាស​ផ្តន្ទាទោស​កំបាំងមុខ​ចំពោះ​ជន​ជាប់​ចោទ​ចំនួន​បី​រូប​ផ្សេង​ទៀត ​ដែល​រូម​មាន​លោក​ខៀវ ​បូរ៉ា ​អតីត​ទីប្រឹក្សា​ផ្ទាល់​លោកស្រី​ផេង ​គន្ធាបូរី ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​បី​ឆ្នាំ ​លោក​ឧត្តមសេនីយ៍ត្រី​ចាន់ ​កុសល អតីត​ទីប្រឹក្សា​ផ្ទាល់​លោក​ជា ​ស៊ីម​ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​បួន​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៩.០០០​រៀល ​ចំណែកឯ​លោក​ឧត្តមសេនីយ៍ត្រី ​ពន្លក​ ហូរ ​អតីត​ទីប្រឹក្សា​ផ្ទាល់​លោក​ជា ​ស៊ីម ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​បួន​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល ​គឺ​ស្មើ​ជាង​៥០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ ពី​បទ​ឆបោក។

តុលាការ​ក្រុងភ្នំពេញ​បាន​បើក​សវនាការ​កាត់ទោស​ជន​ជាប់​ចោទ​ចំនួន​បួន​រូប​ កាល​ពី​ថ្ងៃ​ទី​២០​ កន្លង​ទៅ​នេះ​ពី​បទ​ឆបោក ​ដែល​មាន​ទឹកប្រាក់​ជាង​៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ តាម​រយៈ​គម្រោង​សាងសង់​សាលារៀន ​មន្ទីរពេទ្យ ​និង​ផ្លូវថ្នល់​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី​មួយ ​ដែល​មាន​គម្រោង​អភិវឌ្ឍន៍​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​កម្ពុជា​តាមរយៈ​លោក​ជា ​ស៊ីម ​ប្រធាន​ព្រឹទ្ធសភា។

បន្ទាប់​ពី​ការ​ប្រកាស​សាលក្រម ​លោក​ស្រីផេង​ គន្ធាបូរី​ បាន​ទន់​ជង្គង់​ និង​ទ្រហូរ​យំ​នៅ​ក្នុង​រង្វង់​ក្រចក​សេះ​នៅ​ក្នុង​អង្គសវនាការ។ ក្រោយ​មក​លោកស្រី​ត្រូវ​បាន​ក្រុមគ្រួសារ​ សាច់ញាតិ ​និង​មន្ត្រី​អនុរក្ស​ពន្ធនាគារ​បាន​គ្រា​ដើរចេញ​ពី​បន្ទប់​អាគារ​នៃ​តុលាការ​ក្រុង​ភ្នំពេញ។

ជាមួយ​នឹង​ស្នាម​ទឹកភ្នែក​នៅ​ជាប់​ថ្ពាល់​នៅ​ឡើយ​លាយលំ​ជាមួយ​នឹង​ម្សៅ​នៅ​លើ​ផ្ទៃ​មុខ​ លោកស្រី ​ផេង ​គន្ធាបូរី ​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​ការ​ប្រកាស​សាលក្រម​ចំពោះ​រឿង​ក្តី​នេះ​ គឺ​ជា​រឿង​អយុត្តិធម៌។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា​ លោកស្រី​នឹង​ប្តឹង​ឧទ្ធរណ៍​ដើម្បី​ប្រឆាំង​នឹង​សេចក្តីសម្រេច​នេះ។ លោកស្រី ​ផេង ​គន្ធាបូរី ​បាន​និយាយ​ទៀត​ថា​ រឿង​ក្តី​នេះ​ជា​រឿង​បុគ្គល​តែ​ប៉ុណ្ណោះ ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ជម្លោះ​ផ្ទៃក្នុង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។

«ខ្ញុំ​សូម​ជម្រាប​ថា ​ការងារ​ទាំង​អស់​នេះ​ កុំ​សូម​ឆ្លៀត​ឱកាស​ដើម្បី​យក​រឿង​ខ្ញុំ​ ដើម្បី​លាប​ពណ៌​គណបក្ស​ប្រជាជន។ នាង​ខ្ញុំ​នឹង​តវ៉ា​ដើម្បី​ដឹង​ថា​ នាង​ខ្ញុំ​មិន​មាន​កំហុស។ នាង​ខ្ញុំ​នឹង​តវ៉ា។​ អយុត្តិធម៌​ដោយសារ​តែ​នាង​ខ្ញុំ​មិន​អាច​ទទួល​ទោស​អ្វី​មួយ​នឹង​ដើរ​ចូល​គុក។ ​នាងខ្ញុំ​មិន​មាន​កំហុស»។

ជន​ជាប់​ចោទ​បី​រូប​ផ្សេង​ទៀត​ដែល​រួម​មាន​លោក​ពន្លក​ ហូរ ​លោក​ខៀវ ​បូរ៉ា​ និង​លោក​ចាន់​ កុសល មិន​មាន​វត្តមាន​នៅ​ក្នុង​ពេល​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​អង្គារ៍​នេះ​ទេ។

លោក ​មួង​ សុគន្ធ ​មេធាវី​ការពារក្តី​លោកស្រី ​ផេង ​គន្ធាបូរី ​បាន​ថ្លែ​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ថា​ ​លោក​មិន​អាច​ទទួល​យក​សាលក្រម​នេះ​បាន​ទេ។

«ក្នុង​រឿង​នេះ​ ខ្ញុំ​ចាត់​ទុក​ថា​ វា​មិន​មាន​យុត្តិធម៌​ចំពោះ​កូន​ក្តី​ខ្ញុំ​ទេ។ សវនាការ​ក្នុង​ពេល​នេះ​គឺ​ថា​ខាង​មេធាវី​គឺ​បាន​ព្យាយាម​ពុះពារ​ការពារ​កូន​ក្តី​ដោយ​បញ្ជាក់​សំខាន់​បំផុត​ទៅ​លើ​ភ័ស្តុតាង​សម្រាប់​ ដាក់​បន្ទុក​ទៅ​លើ​កូន​ក្តី​ ក៏ប៉ុន្តែ​ពេល​នេះ​ចៅក្រម​លោក​សម្រេច ​អីញ្ចឹង​ហើយ​។ ​ដូច្នេះ​ សិទ្ធិ​របស់​ខាង​កូន​ក្តី​ខ្ញុំ​ក៏ដូច​ជា​ខាង​មេធាវី ​មាន​សិទ្ធិ​សម្រាប់​តវ៉ា​ទៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត»។

ចំណែក​ខាង​លោក ​ថោង ​ចាន់រិទ្ធី​ មេធាវី​ការពារក្តី​លោក​ពន្លក​ ហូរ​ បាន​និយាយ​ថា នៅ​ក្នុង​សំណុំ​រឿង​ទាំងមូល​មិន​មាន​ភ័ស្តុតាង​ណា​មួយ​ដើម្បី​ដាក់​បន្ទុក​កូនក្តី​របស់​លោក​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា ​លោក​នឹង​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ដើម្បី​ប្រឆាំង​ជំទាស់​ទៅ​នឹង​សេចក្តីសម្រេច​នេះ។

«ខ្ញុំ​គិត​ថា ​វា​ហាក់​បី​ដូច​ជា​មិន​មាន​ភាព​យុត្តិធម៌​ចំពោះ​កូន​ក្តី​ខ្ញុំ ដោយថា​នៅ​ក្នុង​សំណុំរឿង​ទាំងមូល​គឺ​វា​មិន​មាន​អី​គួរ​តែ​ដាក់​បន្ទុក​កូន​ក្តី​ខ្ញុំ​ធ្ងន់ធ្ងរ​ទេ»។

ចំណែក​លោក ​ណាច ​ទ្រី ​មេធាវី​ការពារ​ក្តី​របស់​រដ្ឋាភិបាល ​នៅ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​សេចក្តីសម្រេច​នេះ​ទេ​ ដោយ​លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា​ លោក​មិន​ទាន់​បាន​ឃើញ​ការ​ប្រកាស​សាលក្រម​របស់​តុលការ​ក្រុង​ភ្នំពេញ​នៅ​ឡើយ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៧ ធ្នូ យប់

Posted: 27 Dec 2011 07:48 AM PST

ស៊ីរី៖ ពួក​អ្នក​សង្កេតការណ៍​របស់​សម្ព័ន្ធ​អារ៉ាប់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​ Homs នៃ​ប្រទេស​ស៊ីរី​ដែល​ជា​មជ្ឈមណ្ឌល​មួយ​នៃ​បាតុកម្ម​របស់​ក្រុម​ប្រឆាំង​ ដែល​នៅ​ទី​នោះ​ពួក​សកម្មជន​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​បាន​បង្កើន​ការ​វាយ​ប្រហារ​របស់​ពួក​គេ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។

អ៊ីរ៉ាក់៖ ក្រុម​នយោបាយ​អ៊ីរ៉ាក់​ដឹកនាំ​ដោយ​បព្វជិត​អ៊ីស្លាម​ Shi'ite ប្រឆាំង​អាមេរិកាំង​ឈ្មោះ​ Muqtada al-Sadr បាន​ចេញ​ផ្សាយ​ការ​អំពាវនាវ​មួយ​ឱ្យ​រំលាយ​សភា​នៃ​ប្រទេស​អ៊ីរ៉ាក់​ ហើយ​រៀបចំ​ការ​បោះឆ្នោត​ជា​ថ្មី​នៅ​ក្នុង​ចំណាត់​ការ​មួយ​ដែល​អាច​នាំ​ឱ្យ​វិបត្តិ​និកាយ​សាសនា​របស់​ប្រទេស​នេះ​មាន​ភាព​តាន​តឹង​ទ្បើងៗ។

យេម៉ែន៖ សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​ថា​ តើ​នឹង​អនុញ្ញាត​ឱ្យ​លោក​ Ali Abdullah Saleh ប្រធានាធិបតី​ចេញ​ពី​តំណែង​នៃ​ប្រទេស​​យេម៉ែន ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក​​ដើម្បី​ទទួល​ការ​ព្យាបាល​មុខ​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​លើ​វិមាន​ប្រធានាធិបតី​របស់​លោក​កាល​ពី​ ខែ​មិថុនា ​ឬ​ទេ?

ឥណ្ឌា ប៉ាគីស្ថាន៖ ពួក​មន្ត្រី​ឥណ្ឌា​និង​ប៉ាគីស្ថាន​កំពុង​ពិចារណា​អំពី​សំណើ​មួយ​ដើម្បី​ធ្វើ​មិន​ឱ្យ​មាន​ក្រុម​យោធា​នៅ​តាម​ព្រំដែន​នៃ​តំបន់​កាស្មៀរ (Kashmir) នៃ​ភ្នំ​ហេមពាន្ត (Himalayas) ដែល​មាន​ជម្លោះ​នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​ធ្វើការ​ចរចា​អំពី​អាវុធ​ក្នុង​ថ្ងៃ​ទីពីរ​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ (Islamabad) នៅ​ថ្ងៃ​អង្គារ​នេះ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៧ ធ្នូ ព្រឹក

Posted: 27 Dec 2011 06:46 AM PST

ជប៉ុន៖ គណៈកម្មការធិការ​​​​ឯករាជ្យ​​របស់​ជប៉ុន​មួយ​ដែល​ស៊ើប​អង្កេត​​គ្រោះ​មហន្តរាយ​​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ ហ្វូគូយ៉ាម៉ា ដាអ៊ីជិ ​កំពុង​រិះ​គន់​យ៉ាង​ខ្លាំង ​​​ទាំង​អ្នក​ប្រតិបត្តិការ​ក្រុមហ៊ុន​និង​​រដ្ឋាភិបាល​ចំពោះ​ចំណាត់​ការ​​វិបត្តិ​នុយក្លេអ៊ែរដ៏​អាក្រក់​បំផុត​​ក្នុង​រយៈពេល​២៥​ឆ្នាំ​មក​នេះ​។

អង់គ្លេស៖ វិមាន​ប៊េកឃីងហេម ​​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ព្រះអង្គ​ម្ចាស់​ហ្វីលីព​ របស់​អង់គ្លេស​​នឹង​ស្ថិត​នៅ​ក្រោម​ឃ្លាំ​មើល ​​បន្ទាប់​ពី​ស្ថិត​នៅ​អស់៣​​យប់​ក្នុង​មន្ទីពេទ្យ​​បន្ទាប់​ពី​ការ​ព្យាបាល​ការ​ស្ទះ​សសៃ​ឈាម​ក្នុង​បេះ​ដូង។

អ៊ីរ៉ាក់៖ អាជ្ញាធរ​អ៊ីរ៉ាក់​បាន​និយាយ​ថា​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​​បាន​បំផ្ទុះ​​រថយន្ត​នៅ​ខាង​ក្រៅ​​ក្រសួង​មហាផ្ទៃ​​ក្នុង​ទីក្រុង​បាកដាត​ដោយ​សម្លាប់​មនុស្ស​​៧នាក់​និង​មនុស្ស​ជាង​៣០​នាក់​ទៀត​រង​របួស​។

ស៊ីរី៖ សកម្មជន​សិទ្ធិ​មនុស្សនិងសាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​នៅ​ស៊ីរី​​និ​យាយ​ថា​​​កងទ័ព​រដ្ឋាភិបាល​បាន​ពង្រីក​ការ​វាយប្រហារ​​លើ​ពួក​បាតុករ​ប្រឆាំង​​​ក្នុង​ទីក្រុង​ ហូម​ ​ដោយ​បាន​សម្លាប់​​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​​២០​នាក់​ដែរ។

ឥណ្ឌា​៖ ​​​​​​​​​​​​​លោក​អាណា ហាហ្សា ​អតីត​សកម្មជន​ឥណ្ឌា​​មាន​ផែន​ការ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​រយៈពេល​៣​ថ្ងៃ​ដើម្បី​ប្រឆាំង​តវ៉ា​​សេចក្តី​ព្រាង​ច្បាប់​ពុក​រលួយ​​ដែល​​ត្រូវ​បាន​ជជែក​ដេញ​ដោល​ក្នុង​សភា។

កូរ៉េខាងជើង៖ លោក​គីម យុងអ៊ុន ​មេដឹកនាំ​​​កូរ៉េ​ខាង​ជើង​ដែល​ទើប​ជ្រើសតាំង​ថ្មី​​បាន​ជួប​កាល​ពី​ថ្ងៃ​ច័ន្ទ​ជាមួយ​​គណៈប្រតិភូ​ឯកជន​​ដ៏​ល្បី​ល្បាញ​របស់​កូរ៉េ​ខាង​​ត្បូង​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង ​នៅ​ក្នុង​ការ​បង្ហាញ​​ខ្លួន​ជាសាធារណៈ​​ជាមួយ​ភ្ញៀវបរទេស​​ចាប់​តាំង​ពី​ការ​ស្លាប់​​របស់​ឪពុក​លោក​​ដែល​គេ​បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​។

អ៊ុយក្រែន ៖ ​អ៊ុយ​ក្រែន​និង​រុស្ស៊ី​ បាន​ប្រកាស​ផែនការ​ធ្វើ​ការ​​ចរចា​​​លើក​ក្រោយ​​របស់​ខ្លួន​ពី​តម្លៃ​និង​ទំហំ​នៃ​ការ​ផ្គត់​ផ្គង់​ឧស្ម័ន​ធម្ម​ជាតិ​​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា។

នីហ្សេរីយ៉ា៖ សម្តេច​ប៉ាប បេណេឌិក​ក្នុង​គ្រឹស្ត​សាសនា​រូម៉ាំង​កាតូលិក​បាន​ប្រកាស​ប្រឆាំង​នឹង​ការ​បំផ្ទុះគ្រាប់​បែក​មិន​សម​ហេតុ​ផល​ជាបន្ត​បន្ទាប់​នៅ​ថ្ងៃ​បុណ្យគ្រីស្តម៉ាស្ត​ ​នៅ​ក្នុង​នីហ្សេ​រីយ៉ា​ រួមមាន​​ការវ​ផ្ទុះគ្រាប់​បែក​មួយ​ដែល​បាន​សម្លាប់​មនុស្ស​​៣៥​នាក់​នៅ​ព្រះ​វិហារ​គ្រឹះសាសនា​រូម៉ាំង​កាតូលិក​ផង​ដែរ​។

<!--AV-->

This posting includes an audio/video/photo media file: Download Now

សហគមន៍​មូលដ្ឋាន​រិះគន់​ច្បាប់​អង្គការ​បិទសិទ្ធិ​ស្ទះ​ដល់​ការ​ស្វែងរក​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍ​មូលដ្ឋាន

Posted: 26 Dec 2011 07:28 PM PST

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ក្រុម​មន្ត្រី​អង្គការ​សហគមន៍​តាម​មូលដ្ឋាន​បាន​រិះគន់​មាត្រា​៤​នៃ​សេចក្តី​ព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំពោះ​ការធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​ស្វែងរក​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍ​មូលដ្ឋាន​ និង​ដាក់​កំហិត​​សេរីភាព​នៃ​សកម្មភាព​ការងារ​របស់​ខ្លួន។​​

មាត្រា​៤​នៃ​ច្បាប់​នេះ​បាន​ចែង​ថា​ អង្គការ​សហគមន៍​មូលដ្ឋាន​គឺ​​ប្រជាពល​រដ្ឋ​ដែល​ស្ម័គ្រចិត្ត​រួម​គ្មា​បង្កើត ​គ្រប់គ្រង​ និង​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​ឯង​ ដើម្បី​បម្រើ ​និង​ការពារ​ផលប្រយោជន៍​ក្នុង​សហគមន៍​មូលដ្ឋាន​របស់​ខ្លួន។​

លោក​ហេង ​សំអ៊ូន ​អគ្គលេខាធិការ​សមាគម​ប្រជាធិបតេយ្យ ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ បាន​ថ្លែង​ថា​មាត្រា៤​នៃ​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ហាមឃាត់​ការ​ចង​សម្ព័ន្ធភាព​របស់​អង្គការ ​សមាគម​មិនមែន​រដ្ឋាភិបាល។​

«នៅ​ក្នុង​ច្បាប់​នេះ​ អត់​មាន​និយាយ​ពី​ការ​ចង​សម្ព័ន្ធភាព​នឹង​គ្នា​ទេ។ ​ឧទាហរណ៍​ ខ្ញុំ​ សមាគម​ទុគទុគ​ឬ ម៉ូតូកង់បី​អាច​ចង​សម្ព័ន្ធភាព​ជាមួយ​សហគមន៍​កសិករ ​និង​កម្មករ​រោងចក្រ។ ​ប៉ុន្តែ​នៅ​ក្នុង​ច្បាប់​នេះ ​គេ​មិន​ឲ្យ​យើង​ចង​សម្ព័ន្ធភាព​ជាមួយ​គ្នា​ទេ។​ នេះ​ហើយ​ធ្វើ​ឲ្យ​កម្លាំង​របស់​យើង​អាច​ចុះ​ខ្សោយ។ ​យើង​ស្នើសុំ​ដាច់ខាត​មិន​ចង់​ឲ្យ​មាន​ច្បាប់​នេះ​តែ​ម្តង»។​

លោក ​ញ៉ិល ​ភាព ​ប្រធាន​សហគមន៍​យុត្តិធម៌​សង្គម ​និង​ការ​បណ្តុះបណ្តាល​វិស័យ​កសិកម្ម​ នៅ​ភូមិ​កុកទ្រា​ ឃុំរវៀង​ ស្រុក​សំរោង ​ខេត្ត​តាកែវ ​បាន​បញ្ជាក់​ថា ​សហគមន៍​របស់​លោក​ត្រូវ​ការ​ជំនួយ​ពី​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល ​ដើម្បី​យក​មក​អភិវឌ្ឍ​សហគមន៍។​

លោក​ញ៉ិល ​ភាព​បាន​បន្ថែម​ថា​ មាត្រា​៤​នេះ​បាន​បំផ្លាញ​ផលប្រយោជន៍​របស់​សហគមន៍​ និង​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​សហគមន៍ ​ខណៈ​ដែល​រដ្ឋាភិបាល​មិនទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​ជួយ​អភិវឌ្ឍ​សហគមន៍។​

«សហគមន៍​មិន​អាច​ធ្វើ​ការ​ភ្ជាប់​បណ្តាញ​ពី​មួយ​ទៅ​មួយ​បាន​ទេ​ ហើយ​មិន​ឲ្យ​សហគមន៍​អាច​ទៅ​រក​ជំនួយ​ផ្សេង​ដើម្បី​យក​មក​អភិវឌ្ឍនៅ​ក្នុង​មូលដ្ឋាន​ ជា​ពិសេស​ (សហគមន៍) ​មិន​អាច​ស្វែងរក​អង្គការ​ដៃ​គូ​ ដើម្បី​យក​មក​អភិវឌ្ឍ​សហគមន៍​បាន​ទេ។ ​ដូច្នេះ​ច្បាប់​នេះ ​យើង​មិន​អាច​ទទួល​យក​បាន​ទេ»។​

អ្នកស្រី​យី ​វង្ស ​សមាជិក​បណ្តាញ​សន្តិភាព​សហគមន៍​តស៊ូ​មតិ​ខាង​ដី​ធ្លី​នៅ​ស្រុក​ជីក្រែង ​ខេត្ត​សៀមរាប​ បាន​ថ្លែង​ថា​ មាត្រា​៤​ នៃ​សេចក្តី​ព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​បាន​រឹតត្បិត​សេរីភាព ​និង​សកម្មភាព​នា​នា​របស់​សហគមន៍​មូលដ្ឋាន​ក្នុង​ការ​ស្វែងរក​ជំនួយ​ពី​អង្គការ​អន្តរជាតិ​សម្រាប់​យក​មក​អភិវឌ្ឍ​សហគមន៍ ​ហើយ​រារាំង​ដល់​ការតស៊ូ​មតិ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ​ ក្នុង​ការ​ការពារ​ដី​ស្រែចម្ការ​របស់​ខ្លួន​ដែល​តូវ​បាន​គេ​រំលោភ​យក។​

«ក្នុង​មាត្រា​៤ ​រាជរដ្ឋាភិបាល​បញ្ឈប់​កុំ​ឲ្យ​សហគមន៍​យើង​ ខ្ញុំ​ទាក់ទង​ជាមួយ​អង្គការ​នា​នា​ ហើយ​បាន​បញ្ឈប់​មិន​ឲ្យ​សហគមន៍​យើង​ខ្ញុំ​មាន​ការ​ចូលរួម​ទេ។ ​អញ្ចឹង ​ប្រជាពលរដ្ឋ​មិន​ពេញ​ចិត្ត​ក្នុង​ការចេញ​ច្បាប់​មាត្រា​៤​នេះ​ទេ។​ ខ្ញុំ​សូម​ឲ្យ​បញ្ឈប់។ ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​មិន​ពេញចិត្ត​ និង​មិន​អាច​ទទួល​យក​មាត្រា​៤​នេះ​បាន​ទេ។​ មាត្រា​៤​នេះ​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ដល់​ពួក​ខ្ញុំ​ជា​ប្រជាសហគមន៍ ​និង​មិន​អាច​ឲ្យ​ពួក​ខ្ញុំ​អភិវឌ្ឍ​ក្នុង​សហគមន៍​បាន​ទេ។​

សេចក្តី​ថ្លែងការណ៍​រួម​របស់​សហគមន៍​មូលដ្ឋាន​បាន​បញ្ជាក់​ថា​ ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ បង្កើត​ឡើង​ដើម្បី​ត្រួតត្រា​ ជា​ជាង​លើក​ស្ទួយ ​និង​ពង្រឹង​សង្គម​ស៊ីវិល ​ហើយ​ធ្វើ​ឲ្យ​បាត់បង់​សិទ្ធិ​ប្រជា​ពលរដ្ឋ ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​ហើយ​បាន​ស្នើសុំ​យ៉ាង​ទទូច​ឲ្យ​រដ្ឋាភិបាល​​បញ្ឈប់​ការ​ប៉ុនប៉ង​ចេញ​ច្បាប់​នេះ។​

កាល​ពី​ថ្ងៃ​សុក្រ​នេះ​ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​អំពាវនាវ​ឲ្យ​​ប្រទេស​ផ្តល់​ជំនួយ​ដាក់​ការ​គាប​សង្កត់​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​កែ​សម្រួល ​ឬ​បោះបង់​ចោល​សេចក្តី​ព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​រឹតត្បិត​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។​

លោក​ផៃ ​ស៊ីផាន ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ​បាន​ថ្លែង​ថា​ ច្បាប់​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​តាម​រដ្ឋធម្មនុញ្ញ។​

ការ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​មាន​គោលដៅ​បង្កើត​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ សំដៅ​ពង្រឹង​នីតិរដ្ឋ។ ​អង្គការ​មិនមែន​រដ្ឋាភិបាល​គួរតែ​ជួយ​ពង្រឹង​សណ្តាប់ធ្នាប់។​

លោក​នុត ​សាអាន ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​នឹង​ទទួល​យក​អនុសាសន៍​ និង​កង្វល់​ទាំងឡាយ​របស់​អង្គការ​សង្គម​ស៊ីវិល​មក​ពិចារណា៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៦ ធ្នូ យប់

Posted: 27 Dec 2011 06:38 AM PST

កូរ៉េ៖ គណៈប្រតិភូ​ឯកជន​កូរ៉េខាងត្បូង​ពីរ​រូប​បាន​ឆ្លងកាត់​ព្រំដែន​ដែល​មាន​កិច្ច​ការពារ​យ៉ាង​មាំទាំ ចូល​ទៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង​ដើម្បី​សម្តែង​ការ​គោរព​ដល់​សព​អតីត​មេដឹកនាំ​របស់​ប្រទេស​នេះ គឺ​លោក គីម ជុង អ៊ីល (Kim Jong Il) ដែល​បាន​ទទួល​អនិច្ចកម្ម​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​កន្លង​ទៅ​នេះ។

ស៊ីរី៖ ពួក​សកម្មជន​បាន​និយាយ​ថា​ អំពើ​ហិង្សា​ថ្មីៗ​បំផុត​ដែល​បង្ក​ឡើង​ដោយ​កង​កម្លាំង​សន្តិសុខ​ស៊ីរី​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​១៣​នាក់​ស្លាប់​ក្នុង​ទី​ក្រុង​ ហូម៉ាស (Homs)។ អង្គការ សង្កេតការណ៍​ស៊ីរី​ដើម្បី​សិទ្ធិ​មនុស្ស (Syrian Observatory for Human Rights) ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស​បាន​និយាយ​ថា​ ការ​ស្លាប់​នៃ​ពួក​មនុស្ស​ទាំង​នេះ​បាន​កើត​មាន​ទ្បើង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​នៅ​ពេល​ដែល​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​បាន​បាញ់​ផ្លោងទៅ​លើ​សង្កាត់​ បាបា អាម (Baba Amr)។ អំពើ​ឃោរឃៅ​នេះ​បាន​កើត​ទ្បើង​មួយ​ថ្ងៃ​មុន​ពេល​ពួក​អ្នក​សង្កេតការណ៍​របស់​សម្ព័ន្ធ​អារ៉ាប់​បាន​ត្រូវ​កំណត់​ទៅ​ទស្សនកិច្ច​ទីក្រុង​នេះ។​

អ៊ីរ៉ាក់៖ ពួក​មន្ត្រី​អ៊ីរ៉ាក់​បាន​និយាយ​ថា ​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ម្នាក់​បាន​ធ្វើការ​វាយ​ប្រហារ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​នៅ​ជិត​ក្រសួង​មហាផ្ទៃ​កណ្តាល​រដ្ឋធានី​ បាកដាដ (Baghdad) បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៦​នាក់​ស្លាប់។ ពួក​មន្ត្រី​បាន​និយាយ​ថា​ មាន​មនុស្ស​រាប់​សិប​នាក់​ផ្សេង​ទៀត​បាន​ត្រូវ​របួស។​

អាមេរិក៖ សេតវិមាន​បាន​និយាយ​ថា ​លោក​អនុប្រធានាធិបតី​ស.រ.អ.​ ចូ បៃដិន (Joe Biden) បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ជាមួយ​ពួក​មេដឹកនាំ​អ៊ីរ៉ាក់​ដើម្បី​ជំរុញ​ឱ្យ​ពួក​គេ​ធ្វើការ​«សន្ទនា​គ្នា»​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​មួយ​នៅ​ក្នុង​រដ្ឋាភិបាល​បែងចែក​អំណាច​គ្នា​ដែល​មិន​មាំទាំ​របស់​ពួក​គេ។​

អង្គការ​សហប្រជាជាតិ/អ៊ីរ៉ាក់៖ អ.ស.ប. និង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​រក​កន្លែង​រស់នៅ​ថ្មី​ឱ្យ​ពួក​​អ្នក​ប្រឆាំង​រដ្ឋាភិបាល​អ៊ីរ៉ង់​ចំនួន​៣.ពាន់​៤​រយ​នាក់​ដែល​កំពុងតែ​រស់នៅ​ក្នុង​ជំរុំ​មួយ​ក្នុង​តំបន់​ឦសាន​នៃ​ប្រទេស​អ៊ីរ៉ាក់​ស្របពេល​ដែល​ឋានៈ​ជា​ជន​ភៀស​ខ្លួន​របស់​ពួក​គេ​ត្រូវ​កំណត់​រួច​ហើយ​នោះ។

កូរ៉េខាងជើង៖ នៅ​ថ្ងៃ​ច័ន្ទ​នេះ​​កាសែត​របស់​រដ្ឋ​នាំ​មុខ​គេ​របស់​ប្រទេស​កូរ៉េខាង​ជើង​បាន​បញ្ជាក់​ថា​អ្នក​បន្ត​តំណែង​ពី​លោក គីម ជុង អ៊ីល (Kim Jong Il) បាន​កាន់​តំណែង​ជាន់​ខ្ពស់​មួយ​ទៀត​ហើយ។ កាសែត រ៉ូដុង ស៊ីនម៉ុន (Rodong Sinmun) របស់​គណបក្ស​កុម្មុយនិស្ត​បាន​និយាយ​សំដៅ​ទៅ​លើ​លោក គីម ជុង អ៊ុន (Kim Jong Un) ថា​ជា​មេដឹកនាំ​នៃ​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​កម្មករ ដែល​ជា​អ្នក​ដឹកនាំ​ប្រទេស។ តំណែង​មួយ​នេះ​បាន​ផ្តល់​ឱ្យ​លោក គីម ជុង អ៊ុន នូវ​អំណាច​លើ​ស្ថាប័ន​​មួយ​ក្នុង​បណ្តា​ស្ថាប័ន​ជាន់​ខ្ពស់​សម្រាប់​ធ្វើ​សេចក្តី​សម្រេច​នានា​របស់​ប្រទេស។​​

ចិន៖ តុលាការ​មួយ​ក្នុង​ប្រទេស​ចិន​បាន​កាត់​ទោស​លោក ជិន ស៊ី (Chen Xi) អ្នក​ប្រឆាំង​រដ្ឋាភិបាល​ដ៏​លិច​ធ្លោ​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​១០​ឆ្នាំ​ពី​បទ​ញុះញង់​ឱ្យ​មាន​វិទ្ធង្សនា។ នៅ​ក្រោយ​ការ​កាត់​ក្តី​ខ្លី​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ក្នុង​ក្រុង​ Guiyan ដែល​ជា​ទីរួម​ខែត្រ​ ខ្វាងចូវ លោក ជិន បាន​និយាយ​ថា ​លោក​គ្មាន​កំហុស​អ្វី​ទេ​ ក៏​ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​លោក​នឹង​មិន​តវ៉ា​ទ្បើង​ឧទ្ធរណ៍​ឡើយ។ លោក ជិន គឺ​ជា​បាតុករ​ជើង​ចាស់​មួយ​រូប​នៃ​ចលនា​តវ៉ា​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ទីលាន​ ធៀនណាមិន (Tiananmen) កាល​ពី​ឆ្នាំ​១៩៨៩។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!