VOA News: ព័ត៌មាន: “អាស៊ាន​ត្រូវ​មាន​សេចក្តីប្រកាស​សិទ្ធិមនុស្ស​កម្រិត​បទដ្ឋាន​អន្តរជាតិ​​” plus 3 more

VOA News: ព័ត៌មាន: “អាស៊ាន​ត្រូវ​មាន​សេចក្តីប្រកាស​សិទ្ធិមនុស្ស​កម្រិត​បទដ្ឋាន​អន្តរជាតិ​​” plus 3 more


អាស៊ាន​ត្រូវ​មាន​សេចក្តីប្រកាស​សិទ្ធិមនុស្ស​កម្រិត​បទដ្ឋាន​អន្តរជាតិ​​

Posted: 10 Jul 2012 01:19 AM PDT

ក្រុមមន្ត្រី​សិទ្ធិ​មនុស្សជាតិ​និង​អន្តរជាតិ​និយាយ​ថា​ សមាគម​អាស៊ាន​ដែល​កម្ពុជា​ជា​ប្រធាន​ ចាំបាច់ត្រូវ​តាក់តែង​សេចក្តីព្រាង ​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​របស់ខ្លួន​ឲ្យ​មាន​កម្រិត​បទដ្ឋាន​អន្តរជាតិ​និង​បើក​ទូលាយ​ឲ្យ​សង្គម​ស៊ីវិល​គ្រប់​ប្រទេស​ចូលរួម​ពិភាក្សា​ក្នុង​ការ​តាក់តែង​សេចក្តីព្រាង​នេះ ​មុនពេល​អនុម័ត។​

សេចក្តីព្រាង​សេចក្តី​ថ្លែងការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន​ ដែល​វីអូអេ​ទទួល​បាន​ មាន​ចំណុច​ជាច្រើន ​ដែលមន្ត្រី​សង្គម​ស៊ីវិល​មិន​ទទួល​យក។​ ក្នុងនោះ​រួមទាំង​ត្រង់​ចំណុច​គោល​ការណ៍​ទូទៅ​បាន​បញ្ជាក់​ថា៖ ​

«ការ​អនុវត្ត​សិទ្ធិមនុស្ស​និង​សិទ្ធិសេរីភាព​ជាមូលដ្ឋាន​ត្រូវ​មាន​​កម្រិត​ជាក់លាក់​គឺ​តាម​តម្រូវការ​ត្រឹមត្រូវ​នៃ​សន្តិសុខជាតិ ​សណ្តាប់ធ្នាប់​សាធារណៈ​ សុខភាព​មហាជន​ សុវត្ថិភាព​សាធារណៈ ​សីលធម៌​សាធារណៈ​ ក៏ដូចជា​សុខមាលភាព​​ជាទូទៅ​នៃ​ពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ»។​

<!--AV-->

ក្រុម​មន្ត្រីសង្គម​ស៊ីវិល ​ដែលអះអាង​ថា​ មិន​បាន​ទទួល​សេចក្តី​ព្រាងសេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​នេះ​ បាន​ចាត់​ទុក​​ថា​ ចំណុច​ទាំងនេះ​មាន​ការ​ចែង​មិន​ច្បាស់លាស់​ ដែលងាយ​ស្រួល​ក្នុងការ​បកស្រាយ ​តាមការ​ចង់​បាន​របស់​រដ្ឋាភិបាល​ទាក់ទង​នឹង​វិស័យ​សិទ្ធិ​មនុស្ស។​ មន្ត្រី​សិទ្ធិមនុស្ស​ចាត់ទុក​ថា ​ជា​ការខ្វះ​បទដ្ឋាន​អន្តរជាតិ។​

លោកស្រី ​ពុង ឈីវកេក ​នាយិកា​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ក្នុង​ប្រទេស​កម្ពុជា​បាន​អះអាង​ថា៖​

«វា​មាន​ចំណុចអញ្ចឹង។ យើង​មិនចង់​ឃើញ​អញ្ចឹង​ទេ​ ព្រោះអី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ពិភពលោក​គេ​ទទួល​ស្គាល់ទាំងអស់​ហើយ»។​

លោកស្រី ​ពុង ឈីវ កេក​បានអះអាង​បន្ថែម​ថា​ អាស៊ាន​បាន​រិតត្បឹត​ក្រុម​សង្គម​ស៊ីវិល​មិន​ឲ្យ​ពិនិត្យ​ខ្លឹមសារ​សេចក្តីព្រាង​ និង​ជួប​ប្រជុំ​ជាមួយ​នឹង​មន្ត្រី​ប្រទេស​អាស៊ាន​ទាំង​១០​ទេ​ ជាពិសេស​ មន្ត្រីគណកម្មការ​អន្តរ​រដ្ឋាភិបាល​ស្តីពី សិទ្ធិ​មនុស្ស​អាស៊ាន​ហៅកាត់​ថា ​«អៃឆា-AICHR» ​ដែល​តាក់តែង​សេចក្តី​ព្រាងនេះ។​

«ត្រូវតែ​បើក​ចំហ​ មិនត្រូវ​មាន​កម្រិតទេ។​ អ្នកណា​ដែល​ចង់​ចូលរួម ​មាន​សមត្ថភាព​ចូល​ទៅជជែកអី ​សូម​មេត្តា​អនុញ្ញាត​ឲ្យចូល​ទៅ​ ដើម្បីផ្តល់​យោបល់ ​ដើម្បី​យើង​បាន​​សេចក្តីប្រកាស​មួយ​របស់​អាស៊ាន​ ជាឯកសារ​មួយល្អ​សម្រាប់​ប្រជា​ពលរដ្ឋ​នៅក្នុង​តំបន់​អាស៊ាន»។​

លោកស្រី​ ពុង ឈីវកេក​បានអះអាង​ថា​ ប្រទេស​អាស៊ាន​មាន​កេរ្តិ៍ឈ្មោះ​ល្បីរន្ទឺ​លើ​ពិភព​លោក​ ដែលគួរ​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​ស្របតាម​ស្តង់ដារ​អន្តរជាតិ ​ដូច​ក្នុង​អ.ស.ប. ​និង​សហភាព​អឺរ៉ុប។​

លោក ​Shiwei Ye ​តំណាង​អចិន្ត្រៃយ៍​នៃអង្គការ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​បារាំង​ ដែលមាន​ឈ្មោះថា​ សហ​ព័ន្ធអន្តរ​ជាតិ​ដើម្បីសិទ្ធិមនុស្ស ​(IFHR)។ លោកបាន​ ​ថ្លែងថា​ អាស៊ាន​មាន​ឱកាស​បង្កើត​សេចក្តី​ថ្លែង​ការណ៍​សិទ្ធិមនុស្ស​ ប្រសើរ​ជាងគេ។​ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយយោង​ថា ​ត្រូវបើក​ឱកាស​ឲ្យ​មាន​ការ​ចូលរួម​ពិភាក្សា​ពីក្រុមអង្គការ​សង្គមស៊ីវិល​ ដើម្បី​ចូលរួម​ពាក់ព័ន្ធ​ក្នុង​ដំណើរការ​តាក់តែង​សេចក្តី​ថ្លែង​ការណ៍​នេះ ​ហើយមិន​ជជែក​ជា​សម្ងាត់។​

«ដូច្នេះ​ប្រសិន​បើ​អាស៊ាន​អនុម័ត​សេចក្តី​ថ្លែងការណ៍​ដែល​ទាបជាង​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​នោះ​ វាមិន​អាច​ទទួលយកបាន​ទេ​ ពីព្រោះ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ដែលជា​សមាជិក​អ.ស.ប.​ត្រូវតែ​អនុវត្ត​តាម​បទដ្ឋាន​អប្បបរិមា​ទាំង​នោះ»។​

បណ្តា​ប្រទេស​ជាច្រើន​នៃ​សមាគម​អាស៊ាន​មាន​កំណត់ត្រា​សិទ្ធិមនុស្ស​មិនល្អ​ដូចជា​ភូមា ​វៀតណាម​ កម្ពុជា​ជាដើម។​ បញ្ហា​នេះ​ត្រូវ​ក្រុម​អ្នក​សង្កេត​ការណ៍​បញ្ជាក់​ថា ​អាស៊ាន​ពិបាក​ក្នុង​ការ​ពិភាក្សា​បញ្ហា​សិទ្ធិមនុស្ស ​ដោយបើក​ចំហ​ដែល​នាំឲ្យ​ប៉ះពាល់​ដល់កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​សមាជិក​មួយៗ​ ដែល ច្បាប់​អាស៊ាន​ហាមឃាត់។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​​បានបញ្ជាក់​ពីការ​ទទួលខុស​ត្រូវ​ប្រទេស​សមាគម​អាស៊ាន​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស ​ធ្វើឲ្យប្រសើរ ​និង​ការពារ​សិទ្ធិមនុស្ស​ជាដើម។​

មន្ត្រី​ផ្លូវការ​កម្ពុជា​បាន​អះអាងថា​ ​មេដឹកនាំ​សមាគម​អាស៊ាន​ និង​អនុម័ត​សេចក្តី​ថ្លែង​ការណ៍​សិទ្ធិ​មនុស្ស​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុង​ខែវិច្ឆិកា​ខាង​មុខ​ ​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរ​ទេស​បាន​ត្រួត​ពិនិត្យ​រួច​កាលពី​ម្សិលម៉ិញ។​ គណ​កម្មការ​សិទ្ធិ​មនុស្ស​អាស៊ាន​គ្រោង​នឹង​បញ្ចប់​សេចក្តីព្រាង​ចុង​ក្រោយ​នៅ​ក្នុង​ខែតុលា។​ រាយ​ការណ៍​ពីរដ្ឋធានីវ៉ាស៊ីនតោន​ខ្ញុំ ខេមរា​វីអូអេ៕​

This posting includes an audio/video/photo media file: Download Now

បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​បន្ត​គ្រប​ដណ្តប់​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​អាស៊ាន​

Posted: 10 Jul 2012 12:29 AM PDT

នៅពេល​ដែល​ប្រទេស​កម្ពុជា​រៀបចំ​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​មេដឹកនាំ​ប្រទេស​អាស៊ាន​កាលពី​ខែ​មេសា​ កម្ពុជា​ទទួល​រង​ការចោទ​ប្រកាន់​ថា​ ព្យាយាម​បំផ្លាញ​ចោល​ការ​ពិភាក្សា​លើ​បញ្ហា​សមុទ្រ​ចិន​​​ខាង​ត្បូង។​

ឥឡូវ​នេះ​ប្រហែល​ជា​មន្ត្រី​អាស៊ាន​មាន​អារម្មណ៍​ថា​ វា​​ជា​សញ្ញា​បន្ទាន់​មួយ​ហើយ​លើ​បញ្ហា​នេះ​ នៅ​ពេល​ដែល​លោក​នាយ​ក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​បាន​ថ្លែង​កាលពីថ្ងៃ​ច័ន្ទ​ពេល​បើក​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​អាស៊ាន​ការ​បរទេស​អាស៊ាន​ក្នុង​សប្តាហ៍​នេះ​ដោយ​ធ្វើ​ការ​សង្កត់​ធ្ងន់​លើ​សេចក្តី​​ត្រូវ​ការ​ឱ្យ​មាន​ការឯកភាព​គ្នា​មួយ​លើ​វិធី​ដោះស្រាយ​ជម្លោះ​ដែន​ដី​នេះ។​

«ការ​ប្រតិបត្តិ​នៃ​ភាគី​សមុទ្រ​ចិន​ខាង​ត្បូង​រួម​ទាំង​ការ​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​សេចក្តីព្រាង​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ»។​

<!--AV-->

សមាជិក​អាស៊ាន​ ដែល​មាន​ប្រទេស​វៀតណាម​ ហ្វីលីពីន ​ប្រ៊ុយណេ ​និង​ម៉ាឡេស៊ី​សុទ្ធ​តែ​ទាម​ទារ​ដែន​ដី​ក្នុង​សមុទ្រចិន​​ខាង​ត្បូង។ ​ការណ៍​នេះ​នាំ​ឱ្យ​ពួកគេ​ត្រូវ​ប្រឈម​មុខ​គ្នា​​ជាមួយ​នឹង​មហាអំណាច​ចិន​ដែល​បាន​ទាមទារ​ដែន​ទឹក​ទាំង​អស់។ ​ប្រទេស​ចិន​និង​អាស៊ាន​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​ប្រតិបត្តិ​នៃ​ភាគី​ពាក់​ព័ន្ធ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​អស់រយៈពេល​មួយ​​ទសវត្សរ៍​កន្លង​ហើយ ដែល​ការណ៍​សំខាន់​នោះ​គឺ​ពួកគេ​យល់​ស្រប​គ្នា​ថា ​ពួកគេ​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។​ ប៉ុន្តែ​វា​បាន​ចំណាយ​ពេល​យ៉ាង​យូរ​ដើម្បី​​រក​វិធី​ត្រូវ​បន្ត​ដល់​ដំណាក់​កាល​ព្រមព្រៀង​គ្នា​អំពី​វិធាន​ការ​បន្ទាប់​ ​នោះ​គឺ​ការ​​ព្រាង​ក្រម​ប្រតិបត្តិ​មួយ​ដែល​នឹង​ណែនាំ​គ្រប់​ភាគី​ទាំង​អស់​ក្នុង​ពេល​ដែល​បញ្ហា​នោះ​បន្ត​ទៅ​មុខ​ទៀត។​

លោក Carlyle Thayer ​អ្នក​ឯកទេស​ក្នុង​កិច្ច​ការ​អាស៊ាន​នៃ​សាកល​វិទ្យា​ល័យ​New South Wales ​និយាយ​ថា ​សប្តាហ៍​នេះ​គឺ​ជា​ពេល​វេលា​ត្រូវ​ធ្វើ​ឱ្យ​បាន ​ឬ​ក៏​ត្រូវ​ដក​ថយ​សម្រាប់​ប្រទេស​អាស៊ាន​នៅ​លើ​បញ្ហា​នេះ។​

«ដូច្នេះ​មក​ដល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​​ថា​ អាស៊ាន​កំពុង​ងាក​ទៅ​ទិស​ណា​ទេ​លើ​បញ្ហា​នេះ។​ គេ​អាច​នឹង​ធ្វើ​សម្បទាន​ដោយ​រួម​ទាំង​លើ​បញ្ហា​ដែល​ពិបាក​ចរចា​ជាមួយ​ប្រទេស​ចិន​ ហើយ​គេ​អាច​នឹង​ទម្លាក់​ចោល ​ឬ​ក៏​សាប​រលាប​ក្នុង​រយៈ​យូរ​​ដូច្នេះ​នេះជា​ពេល​វេលា​ត្រូវ​ធ្វើ​ ឬ​ក៏​ដក​ថយ»។ ​

លោក Pavin Chachavalpongpun  អ្នក​វិទ្យា​សាស្រ្ត​នយោបាយ​ដែល​មាន​មូលដ្ឋាន​នៅ​សាកលវិទ្យា​ល័យ​Kyoto​និយាយ​ថា​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​ក្នុង​សប្តាហ៍​នេះ​​ផ្តល់​នូវ​វេទិការ​ចាំ​បាច់​សម្រាប់​ប្រទេស​នានា​ពិភាក្សា​លើ​បញ្ហា​នេះ។ ​ប៉ុន្តែ​លោក​មិន​មាន​សុទិដ្ឋិនិយម​​ថា​មាន​ការ​ចម្រើន​ទៅ​មុខ​ខ្លាំង​ណាស់​ណា​ទេ។​

«ប៉ុន្តែ​ខ្ញុំ​គិត​ថា ​អាស៊ាន​នៅ​តែ​ជា​វេទិការ​សម្រាប់​ការ​ជជែក​គ្នា ​ពិភាក្សា​គ្នា​ និង​ជជែក​គ្នា​ដោយ​គ្មាន​ធ្វើ​សកម្មភាព​អ្វី​ទាំង​អស់។​ បើ​និយាយ​ដោយ​ស្មោះ​ជាមួយ​លោក​គឺ​ខ្ញុំ​មិន​មាន​សង្ឃឹម​ច្រើន​ទេ​លើ​ការ​ប្រជុំ​អាស៊ាន​ដែល​​ត្រូវ​មក​ដល់​នេះ»។​

បើ​ទោះបី​ជា​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ត្រូវ​បាន​​ផ្សព្វផ្សាយ​ច្រើន​ក្នុង​បណ្តាញ​ព័ត៌មាន​នៅ​មុន​ពេល​មក​ដល់​កិច្ច​ប្រជុំ​នា​សប្តាហ៍​នេះ​ក្តី​ ក៏​​បញ្ហានេះ​គ្រាន់​តែ​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ទៀត​នៅ​​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ។​

លោក​ស្រី ​រដ្ឋ​មន្ត្រី​ការបរទេស​ហ៊ីលឡារី​ ក្លីនតុន​មាន​ផែន​ការ​នឹង​ចូលរួម​ក្នុង​សម័យ​ប្រជុំ​នោះ​ដែរ។​ ក្រុម​អ្នក​វិភាគ​រំពឹង​ថា​ លោក​ស្រី ក្លីនតុន​នឹង​និយាយ​បន្ធូរ​បន្ថយ​ដល់​ការ​បង្វែរ​ទិស​ដៅ​យោធា​របស់​អាមេរិក​មកផ្តោត​លើ​តំបន់​អាស៊ី​ដែល​ទើប​បាន​ប្រកាស​ក្នុង​ពេល​ថ្មីៗ​នេះ ​ក្នុង​គោល​បំណង​សម្រាល​នូវ​​អ្វី​ដែល​គេ​យល់​ថា​ ជា​ស្ថាន​ការណ៍​តឹងតែង​ជាមួយ​នឹង​ប្រទេស​ចិន​ នៅក្បែរ​ប្រទេស​ចិន។​

«ចំណុច​សំខាន់​របស់​លោក​ស្រី​​​គឺ​ត្រូវ​ងាក​ចេញ​ពី​បញ្ហា​នេះ​ ហើយ​បង្វែរ​ការ​ចាប់​អារម្មណ៍​លើ​ផល​ប្រយោជន៍​ទូលំទូលាយ​ជាងមុន​ដែល​លោកស្រី​នឹង​អះអាង​ថា​ សហ​រដ្ឋ​អាមេរិក​មាន​នៅ​​ក្នុង​តំបន់​នេះ​ ហើយ​ថា​ សហរដ្ឋ​អាមេរិក​មិន​មែន​ចេញ​មក​ដើម្បី​ទប់​ស្កាត់​ចិន​ទេ​ តែ​គឺ​មក​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ»។ ​

កិច្ច​ប្រជុំ​ក្នុង​សប្តាហ៍​នេះ​គ្រោ​ង​នឹង​បញ្ចប់​នៅ​ថ្ងៃ​សុក្រ៕​​

​ប្រែ​សម្រួល​ដោយ​ ម៉ែន គឹមសេង

This posting includes an audio/video/photo media file: Download Now

អាស៊ាន​មិន​ទាន់​ព្រមព្រៀង​គ្នា​ទាំង​ស្រុង​ស្តីពី​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង

Posted: 09 Jul 2012 06:16 PM PDT

រដ្ឋមន្ត្រី​ការបទេស​អាស៊ាន​ខកខាន​ក្នុង​ការព្រមព្រៀង​គ្នា​ទាំង​ស្រុង​លើ​ក្រមប្រតិបត្តិ​នៅ​ក្នុង​កិច្ចប្រជុំ​ដ៏​យូរ​មួយ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទនេះ។

ក្រមប្រតិបត្តិ​នេះ​គឺ​ជា​ផ្នែកមួយ​នៃ​គោលការណ៍​សម្រាប់​អនុវត្ត​ឆ្ពោះ​ទៅរក​ដំណោះស្រាយ​វិបត្តិ​ជម្លោះ​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។ ជម្លោះ​ដណ្តើម​ដែនដី​ជាប់​ពាក់ព័ន្ធ​ជា​សំខាន់​ជាមួយ​នឹង​សមាជិក​អាស៊ាន​ចំនួន​ពីរ​គឺ​វៀតណាម និង​ហ្វីលីពីន ហើយ​ប្រឈម​ជាមួយ​នឹង​ប្រទេស​ចិន មហាអំណាច​ដ៏​​នៅ​តំបន់​អាស៊ី។

បើទោះបីជា​មាន​ការខកខាន​យ៉ាង​នេះ​ក្តី លោក​កៅ គឹមហ៊ួន រដ្ឋលេខា​ការបរទេស ​និង​ជា​នាំពាក្យ​កិច្ច​ប្រជុំ​អាស៊ាន​ក្នុង​ទីក្រុង​ភ្នំពេញ​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ល្ងាច​នេះ​ថា រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​សម្រេច​គោលដៅ​សំខាន់​មួយ​ចំនួន​នៅ​ក្នុង​បញ្ហា​នេះ។

«រដ្ឋមន្ត្រី​ការបរទេស​នៅ​រសៀល​នេះ បាន​អនុម័ត​ឧបករណ៍​គន្លឹះ​នៃ​ក្រមប្រតិបត្តិ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​តែ​ប៉ុណ្ណោះ។ ហើយ​ចាប់​ពី​ពេល​នេះ​ពួក​គាត់​ត្រូវ​ចាប់ផ្តើម​ជជែក​ឡើងវិញ​ជាមួយ​ប្រទេស​ចិន»។

<!--AV-->

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ក្រុមមន្ត្រី​ជាន់ខ្ពស់​អាស៊ាន​បាន​ជជែក​ជាមួយ​ភាគី​ចិន​លើ​ក្រម​ប្រតិបត្តិ​ស្តីពី​ជម្លោះ​ដែនសមុទ្រ​ចិន​ខាង​ត្បូង​នេះ ហើយ​ក្រមប្រតិបត្តិ​នេះ​ត្រូវ​បានលើក​យក​មក​ពិភាក្សា​ដោយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ទាំង​១០​ដោយ​ស៊ីពេល​យ៉ាង​យូរ​លើស​ពី​ការ​គ្រោង​ទុក។

លោក​កៅ គឹមហ៊ួន បាន​ពន្យល់​ថា ក្រុម​រដ្ឋមន្ត្រី​ការបរទេស​បាន​ពិភាក្សា​​បញ្ហា​ជា​ច្រើន ជាពិសេស​បញ្ហា​នៃ​ប្រទេស​ស៊េរី បញ្ហា​ឧបទ្វីប​កូរ៉េ និង​ជម្លោះ​ដែន​សមុទ្រ​នេះ។

យ៉ាងណាក៏ដោយ​លោក ដាតូ ស្រ៊ី អានីហ្វាហ៍ អាម៉ាន (Dato' Sri Anifah Hj Aman) រដ្ឋមន្ត្រី​ការ​បរទេស​ម៉ាឡេស៊ី​នៅ​តែ​រក្សា​សុទិដ្ឋនិយម។

«ខ្ញុំ​គិត​ថា វា​កំពុងតែ​ឈាន​ទៅ​រក​កិច្ចព្រមព្រៀង គឺ​ជា​ការ​ពិភាក្សា​ប្រកប​ទៅ​ដោយ​ផ្លែផ្កា ប្រកប​ទៅ​ដោយ​ភាព​ទន់ភ្លន់ និង​ប្រទេស​នីមួយៗ​មាន​សិទ្ធិ​បញ្ចេញ​ទស្សន​រៀង​ៗ​ខ្លួន»។

ដោយឡែក​លោក ផាម ប៊ីញ មីញ (Pham Binh Minh) រដ្ឋមន្ត្រី​ការបរទេស​វៀតណាម ដែល​ជា​ភាគី​ជម្លោះ​មួយ​ដ៏តានតឹង​ជាមួយ​ភាគី​ចិន​បានអត្ថាធិប្បាយ​យ៉ាងខ្លី​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មានថា៖

«ការ​ប្រឹងប្រែង​ទាំង​អស់​ត្រូវតែស្ថិត​នៅ​ក្នុង​គោលបំណង​បង្កា​មិនឲ្យ​មាន​ឧបទ្ទវហេតុ​កើតឡើង​ក្នុង​តំបន់សមុទ្រ​ចិន​ខាង​ត្បូង»។

នៅ​ថ្ងៃ​នេះ​ដែរ​ឯកអគ្គរដ្ឋទូត​ចិន​ក្នុង​ទីក្រុង​ភ្នំពេញ លោកផាន ហ្គ័ងស៊ូ (Pan Guangxue) មាន​ប្រសាសន៍​ថា​ ជម្លោះ​ដែនដី​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ទំនាក់ទំនង​រវាង​ចិន និង​សមាជិក​អាស៊ាន​ទេ។កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​ចាប់ផ្តើម​បើក​ជាផ្លូវការ​នៅ​ថ្ងៃ​នេះ​នឹង​ត្រូវ​បន្ត​រហូត​ទៅ​ដល់​ថ្ងៃ​ទី​១៣​ខែ​កក្កដា។

This posting includes an audio/video/photo media file: Download Now

មេរោគ​ពិឃាត​ថ្មី​ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា

Posted: 09 Jul 2012 06:06 PM PDT

កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក​ទើបតែ​បាន​រក​ឃើញ​រោគ​សញ្ញា​ថ្មី​មួយ ដែល​បាន​សម្លាប់​កុមារ​កម្ពុជា​យ៉ាង​ហោចណាស់​៥២​នាក់ ចាប់តាំង​ពី​ជំងឺ​នេះ​បានផ្ទុះ​ឡើង​កាល​ពី​ខែ​មេសា​រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​កក្កដា​កន្លង​ទៅ​នេះ។ នេះ​តាម​ការ​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម​គ្នា​រវាង​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក។

មេរោគ​ថ្មី​ដែល​ទើប​នឹង​រកឃើញ​នេះ​មាន​ឈ្មោះ​ថា អ៊ីនធើរ៉ូ វ៉ៃរុស​៧១ (Enterovirus-71)  ឬ​អក្សរ​កាត់​ថា EV-71 ដែល​បង្កឡើង​ពងបែក​នៅ​ដៃ​ជើង និង​ក្នុង​មាត់។ មេរោគ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ អាច​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​អ្នក​ជំងឺ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​លោក​សុខ ទូច ប្រធាន​នាយកដ្ឋាន​ទប់ស្កាត់​ជំងឺឆ្លង​របស់​ក្រសួង​សុខាភិបាល មិន​បាន​ធ្វើសេចក្តីអត្ថាធិប្បាយ​អ្វី​បន្ថែមទៀត​ទេ ដោយ​លោក​គ្រាន់តែ​បាន​អះអាង​ថា​ឲ្យ​មើល​ខ្លឹមសារ​លម្អិត​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រូមគ្នា​រវាង​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក។

លោក​វេជ្ជបណ្ឌិត​សុខ ទូច បានបញ្ជាក់​បន្ថែមទៀត​ថា​នៅ​ក្នុង​ពេល​នេះ​កម្ពុជា​មិនទាន់​ដឹង​ថា​ជំងឺ​អាថកំបាំង​ថ្មី​នេះ​មាន​ឈ្មោះ​អ្វី​នោះ​ទេ។

ជំងឺ​ដ៏​អាថ៌កំបាំង​មួយ​បាន​ផ្ទុះ​ឡើង​នៅ​កម្ពុជា ចាប់តាំង​ពី​ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​កក្កដា​ដែល​បាន​ធ្វើ​ឲ្យ​កុមារ​រងគ្រោះ​ដោយសារ​តែ​ជំងឺ​ឡើង​ដល់​៥៩​នាក់ ក្នុង​នោះ​មាន​៥២​នាក់​បានស្លាប់​បាត់បង់​ជីវីត។ កុមារ​ទាំង​នោះ​មាន​អាយុ​ចាប់​ពី​៣​ខែ រហូត​ដល់​១១​ឆ្នាំ ដែល​ភាគច្រើន​អ្នក​ជំងឺ​មាន​អាយុ​តិច​ជាង​៣​ឆ្នាំ។

លោក​វេជ្ជបណ្ឌិត​មួយ​រូប​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ថ្លែង​នៅ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មន្ទីរពេទ្យ​របស់​លោក​មិនទាន់​មាន​អ្នក​ឆ្លង​ជំងឺថ្មី​មក​សម្រាក​ព្យាបាល​នៅ​ឡើយ​ទេ។

វត្តមាន​ជំងឺ​ដ៏​អាថកំបាំង​មួយ​នេះ​ត្រូវបាន​រកឃើញ​ដោយ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ជា​មន្ទីរពេទ្យ​សម្បុរសធម៌​មួយ​ទទួល​ព្យាបាល​ជំងឺ​កុមារ​ដែល​មិន​យក​កំរ៉ៃ។ នេះ​បើ​តាម​ការបញ្ជាក់​ពី​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​នេះ។

អាការៈ​នៃ​ជំងឺ​ដ៏​អាថកំបាំង​នេះ​ជា​ទូទៅ អ្នក​ជំងឺ​ក្តៅខ្លួន ការ​បរិភោគ​អាហារ​ថយចុះ អស់​កម្លាំង ហើយ​ភាគ​ច្រើន​ឈឺ​បំពង់​ក។ ពងបែក​ក្នុង​មាត់ ចាប់ផ្តើម​ចេញ​មួយ​ថ្ងៃ ឬពីរ​ថ្ងៃ​ក្រោយ​រោគ​សញ្ញា​នេះ​ចេញ។ ដំបូង​មាន​ស្នាម​ក្រហម​ ហើយ​ក្រោយមក​ស្នាម​នេះ​ក្លាយ​ជា​ពងបែក និង​ដំបៅ​នៅ​ក្នុង​មាត់។ ភាគច្រើន​គេ​ឃើញ​មាន​នៅ​អណ្តាត ​អញ្ចាញ និង​ផ្នែក​ខាង​ក្នុង​នៃ​ថ្ពាល់។ អ្នក​ជំងឺ​អាច​មានស្នាម​កន្ទួល​រមាស់​ភាគច្រើ​នៅ​លើ​បាត​ដៃ បាត​ជើង គូថ និង​អវៈយវៈ​ភេទ។ អ្នក​ជំងឺ​អាច​មិនមាន​រោគ​សញ្ញា​អ្វី​ទាំង​អស់ ឬ​មាន​តែ​ស្នាម​កន្ទួល ឬ​ពងបែក​នៅ​ក្នុង​មាត់។

សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​បានឲ្យ​ដឹងថា ជំងឺ​ពងបែក ដៃ​ជើង និង​ក្នុង​មាត់​ជា​ជំងឺឆ្លង​ដែល​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​ដោយសារ​តែ​ការប៉ះ​សំបោរ កំហាក ទឹកមាត់ ទឹករងៃ ដែលចេញ​ពី​ពងបែក ឬ​ក៏​លាមក​អ្នកជំងឺ។ អ្នក​ជំងឺ​អាច​ចម្លង​ដល់​អ្នក​ដទៃ​បាន​យ៉ាង​ខ្លាំង​បំផុត​នៅ​ក្នុង​សប្តាហ៍​ទី១ តែ​អ្នក​ជំងឺ​អាច​ចម្លង​ជំងឺ​នេះ​រហូត​ដល់​សប្តាហ៍​ក្រោយ​ៗ​ទៀត។ ជំងឺ​ពងបែក ដៃ​ជើង និង​ក្នុង​មាត់​មិនអាច​ចម្លង​ពី​សត្វ​ចិញ្ចឹម ឬ​សត្វ​ដទៃ​ទៀត​ឡើយ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!