VOA News: ព័ត៌មាន: “កម្មករកម្មការនីធ្វើបាតុកម្មទ្រង់ទ្រាយធំដើម្បីទាមទារលក្ខខណ្ឌការងារប្រសើរជាងមុន” plus 2 more |
- កម្មករកម្មការនីធ្វើបាតុកម្មទ្រង់ទ្រាយធំដើម្បីទាមទារលក្ខខណ្ឌការងារប្រសើរជាងមុន
- សមាជិកសមាគមអ្នកប្រជាធិបតេយ្យជួបគ្នាដើម្បីការពារប្រធាន
- អាស៊ានគួរជំរុញសមាជិករបស់ខ្លួនឲ្យផ្តល់សច្ចាប័នលើលក្ខខន្តិកៈក្រុងរ៉ូម
កម្មករកម្មការនីធ្វើបាតុកម្មទ្រង់ទ្រាយធំដើម្បីទាមទារលក្ខខណ្ឌការងារប្រសើរជាងមុន Posted: 08 Jul 2012 08:17 PM PDT លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា និងជាប្រធានសហភាពសហជីបកម្ពុជាបានដឹកនាំមហាបាតុកម្មជាលក្ខណៈទ្រង់ទ្រាយធំជាលើកដំបូង បន្ទាប់ពីបានបែកបាក់គ្នាជាមួយនឹងលោកជា មុន្នី ប្រធានសហជីបសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។ យ៉ាងតិចមានក្រុមកម្មការី និងកម្មការីនីនៃរោងចក្រកាត់ដេរសម្លៀកបំពាក់តៃណាន ប្រមាណជិត៤,០០០នាក់បានចូលរួម ដោយបានដើរក្បួនដង្ហែដោយស្ងាត់ស្ងៀមចេញពីរោងចក្ររបស់ខ្លួនដែលមានទីតាំងនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ៤។ ការធ្វើមហាបាតុកម្មដោយសន្តិវិធីនេះត្រូវបានកម្លាំងសមត្ថកិច្ចប្រមាណជិត ១,០០០នាក់ ប្រដាប់ដោយអាវុធ ខែល និងដំបង់ឆក់ ព្រមទាំងរថយន្តបាញ់ទឹកបានរាំងខ្ទប់។ យ៉ាងតិចមានក្រុមកម្មករប្រមាណបួនទៅប្រាំនាក់ បានរងរបួសតិចតួចដោយសារតែមានការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចនៅពេលដែលពួកគេព្យាយាមទំលុះរបាំងការពាររបស់ប៉ូលីស។ ក្រុមកម្មករត្រូវបានរាំងខ្ទប់ដោយសមត្ថកិច្ចរាប់សិបនាក់មិនឲ្យធ្វើដំណើរមកដាក់ញត្តិនៅស្ថានទូតសហរដ្ឋអាមេរិក និងក្រសួងការងារទេ ហើយពួកគេបានសម្រេចចិត្តអង្គុយលើកំណាត់ផ្លូវជាតិលេខ៤ ដើម្បីរង់ចាំលទ្ធផលការចរចារវាងដំណាងសហជីពក្រសួងការងារ និងតំណាងរោងចក្រ។ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាដែលបានដឹកនាំធ្វើមហាបាតុកម្មនេះបានបញ្ជាក់ថា ក្រុមកម្មករមានគម្រោងដាក់ញត្តិទៅស្ថានទូតសហរដ្ឋអាមេរិក និងក្រសួងការងារដើម្បីឲ្យជួយរកដំណោះស្រាយលក្ខខណ្ឌការងារដល់ក្រុមកម្មករចំនួនប្រាំចំណុច។ «យើងចង់ឲ្យធ្វើយ៉ាងណាត្រូវតែផ្តល់ដំណោះស្រាយជូនកម្មករជាបន្ទាន់ ហើយចៀសវាងឲ្យនិយោជកដើរទិញ គំរាមគំហែងយកលុយទៅបិទមាត់កម្មករទៅទិញប្តីឥតបាន ទៅទិញប្រពន្ធ ទៅបុករុកឪពុកម្តាយ។ វាជារឿងអាក្រក់ណាស់»។ បន្ទាប់ពីមានការរាំងខ្ទប់ក្រុមកម្មករ ប៉ុន្មានម៉ោងក្រោយមកមន្ត្រីជាន់ខ្ពស់នៃក្រសួងការងារចំនួនពីរនាក់ បានមកព្យាយាមសម្របសម្រួលជាមួយក្រុមកម្មករ។ «សំណូមពររបស់ក្រុមកម្មករ មានទាំងអស់ចំនួនប្រាំចំណុច ហើយយើងដឹងថាចំណុចទី២, ៣ និងទី៤ហ្នឹង គឺថ្ងៃ១១ យើងប្រជុំ។ ហើយយើងបានឲ្យតំណាងខាងនិយោជកមកដោះស្រាយរឿងបញ្ហាហ្នឹង»។ ក្រុមកម្មការី និងកម្មការីនីនៃរោងចក្រតៃណាន អតីតរោងចក្រតៃយាន១ និងតៃយាន២ និងខេមវែល បានធ្វើកូដកម្មតាំងពីថ្ងៃទី២៥ ខែមិថុនា កន្លងមកម្ល៉េះ ដើម្បីទាមទារលក្ខខណ្ខការងារចំនួនប្រាំចំណុច ក៏ប៉ុន្តែនៅតែពុំមានដំណោះស្រាយ ទើបក្រុមកម្មករបានសម្រេចប្រែក្លាយពីការធ្វើកូដកម្ម មកដើរជាក្បួនដង្ហែលក្ខណៈទ្រង់ទ្រាយធំតែម្តង។ កម្មការីនីមួយរូបឈ្មោះ រ៉េត ឡៃ អាយុ២៤ឆ្នាំ ដែលបានចូលរួមជាមួយនឹងក្រុមកម្មករផ្សេងទៀតបាននិយាយថាក្រុមហ៊ុនមិនបានដោះស្រាយចំពោះការទាមទាររបស់ពួកគេទេ។ ក៏ប៉ុន្តផ្ទុយទៅវិញបែរជាដើរទិញទឹកចិត្តដល់តំណាងសហជីពដែលហ៊ានតវ៉ាប្រឆាំង។ «និយាយរួមគេអាងទឹកលុយយកដើរទិញទឹកចិត្តកម្មករតាមផ្ទះ បង្ខិតបង្ខំ។ ជួនកាលឲ្យមេៗ យកឡានទៅដឹកកូនចៅទៅចូលក្រុងរោងចក្រ។ ហើយពួកខ្ញុំឥតចង់បានអញ្ចឹងទេពួកខ្ញុំចង់បានយុត្តិធម៌ គឺឥតចង់ឲ្យមានពុករលួយទេចង់ឲ្យមានដំណោះស្រាយ»។ តំណាងរោងចក្រតៃណាន មិនអាចស្នើសុំដើម្បីទំនាក់ទំនងបានទេនៅថ្ងៃព្រហស្បតិ៍ ក៏ប៉ុន្តែលោក សាទ សមុទ្រ អនុរដ្ឋលេខាធិការក្រសួងការងារដែលបានចុះទៅសម្របសម្រួលនៅកន្លែងកើតហេតុបាននិយាយថា ក្រសួងការងារកំពុងតែព្យាយាមរកដំណោះស្រាយរវាងក្រុមកម្មករ និងរោងចក្រ។ «ថ្នាក់ជាតិហ្នឹង កំពុងមើលថាតើក្រុមហ៊ុនហ្នឹងគាត់បានបន្លំដូរឈ្មោះរោងចក្រហ្នឹង តើថៅកែដដែល ឬក៏គាត់ចង់បំបាត់អតីតភាពរបស់កម្មករ។ ដូច្នេះយើងនឹងពិនិត្យជាមួយគ្នា ប៉ុន្តែចង់ឲ្យខាងភាគីលោករ៉ុង ឈុន ហ្នឹងយោគយល់ ឥឡូវធ្វើដល់ថ្នាក់ជាតិហើយ»។ នៅក្នុងលិខិតមួយច្បាប់របស់ក្រុមកម្មករបានទាមទារឲ្យក្រុមហ៊ុននៃរោងចក្រតៃណានទូទាត់ប្រយោជន៍ចំពោះការប្តូរឈ្មោះក្រុមហ៊ុន សុំសោហុយធ្វើដំណើរ ប្រាក់រង្វាន់ទៀងទាត់ប្រចាំខែ និងកុំឲ្យក្រុមហ៊ុនកាត់មុខដំណែង នៅពេលដែលមានថ្នាក់ដឹកនាំសុំច្បាប់ឈប់សម្រាកប្រមាណបីថ្ងៃឡើងទៅ៕ This posting includes an audio/video/photo media file: Download Now |
សមាជិកសមាគមអ្នកប្រជាធិបតេយ្យជួបគ្នាដើម្បីការពារប្រធាន Posted: 08 Jul 2012 07:46 PM PDT សមាជិកសាមគមអ្នកប្រជាធិបតេយ្យនៅថ្ងៃសុក្រនេះ បានថ្លែងការពារលោកម៉ម សុណង់ដូ ថាលោកបានបង្កើតសមាគមមិនមែនដើម្បីផ្តួលរំលំរដ្ឋាភិបាលទេ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីចុងខែមិថុនា បានព្រមានជាសាធារណៈដោយមិនបញ្ចេញឈ្មោះថានឹងចាប់ខ្លួនប្រធានសមគមអ្នកប្រជាធិបតេយ្យដែលមានបំណងបង្កើតរដ្ឋនៅក្នុងរដ្ឋ។ ដើមហេតុដែលនាំឲ្យរដ្ឋាភិបាលប្រកាសតាមចាប់ខ្លួនប្រធានសមាគមអ្នកប្រជាធិបតេយ្យដោយសារតែសមាជិកសមាគមនេះឈ្មោះប៊ុន រដ្ឋា បានដឹកនាំសមាគមទៅតាំងទីលំនៅនៅក្នុងភូមិមួយក្នុងខេត្តក្រចេះ។ អាជ្ញាធរកាលពីពាក់កណ្តាលខែឧសភា បានចុះបង្រ្កាបទីតាំងប្រជាពលរដ្ឋដែលដឹកនាំដោយលោកប៊ុន រដ្ឋា នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ នៅក្នុងយុទ្ធនាការបង្រ្កាបដោយកម្លាំងប្រដាប់អាវុធជាច្រើនរាប់រយនាក់ដោយបូកបញ្ចូលជាមួយនឹងឧទ្ធម្ភាគចក្រចំនួនពីរគ្រឿងបានបណ្តាលឲ្យកុមារីម្នាក់ឈ្មោះហេង ចន្ថា អាយុ១៤ឆ្នាំ បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។ មានមនុស្សយ៉ាងតិចចំនួនប្រាំពីរនាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់ ហើយមួយចំនួនផ្សេងទៀតរួមទាំងលោកប៊ុន រដ្ឋា អតីតសមាជិកសមាគមអ្នកប្រជាធិបតេយ្យត្រូវបានសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនដោយ។ លោក ជា បំរ៉ុង អនុប្រធានអ្នកសមាគមប្រជាធិបតេយ្យបានថ្លែងនៅក្នុងអង្គសន្និសីទព័ត៌មានដែលរៀបចំឡើងនៅឯស្ថានីយ៍វិទ្យុសំបុកឃ្មុំ ថាសកម្មភាពរបស់លោកប៊ុន រដ្ឋា គឺជារឿងបុគ្គលតែប៉ុណ្ណោះ មិនជាប់ពាក់ព័ន្ធនឹងលោកម៉ម សុណង់ដូ នោះទេ។ «សូម្បីខ្ញុំបាទ! ជា បំរ៉ុង អនុប្រធានសមគមអ្នកប្រជាធិបតេយ្យផ្ទាល់ខ្លួន ធ្លាប់ធ្វើការជាមួយនឹងលោកប្រធានអ្នកសមាគមប្រជាធិបតេយ្យក៏គ្មានដឹងបន្តិចទាល់តែសោះ។ នេះជាការពិត ហេតុការណ៍នេះហើយដែលធ្វើឲ្យយើងខ្ញុំជាគណៈកម្មាធិការអចិន្ត្រៃយ៍ តំណាងខេត្តស្រុកឃុំសមាជិកគាំទ្រ និងប្រជាពលរដ្ឋទាំងអស់មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង»។ សមាជិកអ្នកសមាគមប្រជាធិបតេយ្យត្រូវបានអនុញ្ញាតឲ្យបញ្ចេញមតិម្តងម្នាក់ៗ ដែលរួមមានអ្នកតំណាងមកពីខេត្តក្រចេះ ទីក្រុងភ្នំពេញ និងខេត្តកណ្តាល។ ពួកគេបាននិយាយដូចៗគ្នាថា លោកម៉ម សុណង់ដូ ជាមនុស្សស្អាតស្អំ ហើយការបង្កើតអ្នកសមាគមប្រជាធិបតេយ្យនេះឡើង ក្នុងគោលបំណងដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងជួយដល់ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ។ សមាជិកទាំងនោះបានអះអាងថាការបង្កើតតំបន់អបគមន៍ខុសច្បាប់ ទាល់តែមានធនធាន និងសម្ភារៈសឹកយុទ្ធោបករណ៍ទំនើបៗ ទើបអាចផ្តួលរំលំរដ្ឋាភិបាលបាន។ ក៏ប៉ុន្តែសមាគមនេះមានតែសមាជិកតែប៉ុណ្ណោះ ហើយគ្មានបំណងប្រឆាំងនឹងរដ្ឋាភិបាលទេ។ «ជាសិទ្ធិរបស់ខ្លួនយើង គាត់មិនមែនជាអ្នកអបគមន៍អីទេ។ គាត់គ្មានកាំភ្លើង គាត់គ្មានអាវុធ។ គាត់គ្មានអីទាំងអស់។ គាត់មានតែបាទដៃទទេរ។ គួរណាស់តែជួយពង្រឹងសមគមឲ្យបានរឹតតែរីកធំឡើង ដើម្បីជួយជាតិទាំងអស់គ្នា។ មិនមែនជាជាតិរបស់បុគ្គលណាទេ ហើយក៏មិនមែនជាជាតិរបស់សមាគមតែម្នាក់ឯងដែរ»។ លោកម៉ម សុណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានអ្នកសមាគមប្រជាធិបតេយ្យគ្រោងនឹងមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី១២ខាងមុខនេះ។ លោកធ្លាប់បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា លោកមិនខ្លាចនឹងការប្រឈមមុខចំពោះផ្លូវច្បាប់ទេ ដោយសារតែលោកមិនបានប្រព្រឹត្តខុសដូចមានការចោទប្រកាន់របស់រដ្ឋាភិបាល៕ This posting includes an audio/video/photo media file: Download Now |
អាស៊ានគួរជំរុញសមាជិករបស់ខ្លួនឲ្យផ្តល់សច្ចាប័នលើលក្ខខន្តិកៈក្រុងរ៉ូម Posted: 08 Jul 2012 07:44 PM PDT អង្គការក្រៅរដ្ឋាភិបាលនាំមុខមួយនៅកម្ពុជានៅថ្ងៃចន្ទនេះ បានអំពាវឲ្យរដ្ឋាភិបាលធ្វើការសម្របសម្រួលដល់បណ្តាប្រទេសសមាជិកសមាគមអាស៊ានឲ្យផ្តល់សច្ចាប័នលើលក្ខខន្តិកៈក្រុងរ៉ូម។ លក្ខន្តិកៈក្រុងរ៉ូម គឺជាសន្ធិសញ្ញាមួយសម្រាប់បង្កើតតុលាការព្រហ្មទណ្ឌអន្ដរជាតិ។ តុលាការព្រហ្មទណ្ឌអន្តរជាតិមានមូលដ្ឋានក្នុងក្រុងឡាអេ ប្រទេសហូឡង់។ ជាគោលការណ៍តុលាការនេះអាចធ្វើការស៊ើបអង្កេត និងចោទប្រកាន់បទឧក្រិដ្ឋធ្ងន់ធ្ងរដែលត្រូវបាប្រព្រឹតិ្តនៅក្នុងប្រទេសជាសមាជិកផ្តល់សច្ចាប័ន ដូចជាឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មនៃការឈ្លានពាន ក្នុងពេលដែលរដ្ឋភាគីមិនមានសមត្ថភាព ឬ មិនមានចេតនាធ្វើការស៊ើបអង្កេត ឬចោទប្រកាន់លើឧក្រិដ្ឋកម្មទាំងនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបន្ទាប់ពីសិក្ខាសាលាមួយរយៈពេលមួយព្រឹកក្នុងក្រុងភ្នំពេញ ដើម្បីរំលឹកខួបលើកទី១០ឆ្នាំនៃការបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា ហៅថា អាដហុក បានទាញហេតុផលថា កម្ពុជាក្នុងនាមជាប្រធានប្តូរវេណរបស់សមាគមប្រជាជាតិអាស៊ីអគ្នេយ៍ (អាស៊ាន) និងជាប្រទេសហត្ថលេខីនៃលក្ខខន្តិកៈក្រុងរ៉ូម គួរជំរុញឲ្យប្រទេសសមាជិកក្នុងសមាគមនេះ ឲ្យផ្តល់សច្ចាប័នដល់លក្ខខន្តិកៈនេះ។ លោកធន់ សារ៉ាយ ប្រធានអង្គការអាដហុក មានប្រសាសន៍ក្នុងសិក្ខាសាលានោះថា ការចូលជាសមាជិកភាពរបស់តុលាការព្រហ្មទណ្ឌ័អន្ដរជាតិនឹងជួយតម្រង់ផ្លូវមេដឹកនាំរបស់ប្រទេសនិមួយៗមិនឲ្យប្រើអំណាចរបស់ខ្លួនខុសគោលការណ៍ច្បាប់។ «ICC មានចេញដីកាឃាត់ខ្លួន ចាប់ខ្លួនទៅដល់ប្រធានាធិបតីកំពុងកាន់អំណាច យ៉ាងហោចណាស់ក៏បញ្ជាក់ថាអ្នកឯងកំពុងកាន់អំណាចពិតថាអ្នកឯងមិនអាចធ្វើអ្វីស្រេចតែចិត្តទេ។ ដូច្នេះគឺជាការគំរាមមួយទៅដល់ស្មារតីរបស់អ្នកដឹកនាំកំពុងកាន់អំណាចថា អ្នកឯងកុំអាងខ្លួនមានអំណាច ហើយចង់ធ្វើអីស្រេចតែចិត្ត។ នេះជាសារមួយសំខាន់ណាស់ ដែលICC ហ៊ានចេញដីកាចាប់ខ្លួនប្រធានាធិបតីកំពុងកាន់អំណាចបែបនេះ»។ លោកអេនឌ្រូ ខេលី (Andrew Cayley) សហព្រះរាជអាជ្ញានៃសាលាក្ដីខ្មែរក្រហមមានប្រសាសន៍ថា តុលាការព្រហ្មទណ្ឌអន្តរជាតិមានដំណើរការប្រកបដោយប្រសិទ្ធិភាពបាន លុះណាតែរដ្ឋនិមួយៗផ្តល់សច្ចាប័ន និងអនុវត្តច្បាប់ក្នុងស្រុកបាន។ «កម្ពុជាអាចមានឥទ្ធិពលខ្លាំង ក្នុងបញ្ហានេះក្នុងការនិយាយនិងបញ្ចុះបញ្ចូលប្រទេសសមាជិកអាស៊ាន ដែលនៅសេសសល់ពីព្រោះទី១ កម្ពុជាគឺជាប្រទេសហត្ថលេខីមួយក្នុងចំណោមប្រទេសដែលបានផ្តល់សច្ចាប័នមុនគេ និងទី២កម្ពុជាមានបទពិសោធន៍ក្នុងសាលាក្ដីខ្មែរក្រហម ហើយខ្ញុំគិតថា កម្ពុជាអាចធ្វើកិច្ចការល្អជាច្រើនក្នុងបញ្ហានេះ»។ លោក អ៊ីស្សាម មូសារ (Isham Mousar) ទីប្រឹក្សាអមស្ថានទូតបារាំងផ្នែកនីតិសាស្ដ្រមានប្រសាសន៍ថា ប្រសិនបើប្រទេសសមាជិកអាស៊ានមិនទាន់បានផ្តល់សច្ចាប័នគ្រប់គ្នាអាចជាការងាយស្រួលដល់ការផ្តល់ឱកាសដល់មេដឹកនាំដែលប្រព្រឹត្តិបទឧក្រិដ្ឋក្នុងការគេចពីការតាមចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌ័នេះ។ «មានន័យថាបើសិនជាមានឧទាហរណ៍ លោកណាមួយ ឬក៏ លោកស្រីណាមួយដែលប្រព្រឹត្តឧក្រិដ្ឋកម្មដែលនៅក្នុងកត្តិការនៅក្នុងរបស់ព្រហ្មទណ្ឌអន្តរជាតិនោះឆ្លងដែនពីខ្មែរ ប្រទេសផ្សេងអាស៊ានមានតែពីរប្រទេស អញ្ចឹងគាត់អាចទៅប្រទេសផ្សេងៗ នៅក្នុងអាស៊ានយ៉ាងសេរី ពីព្រោះប្រទេសផ្សេងៗ ឥតបានជាសមាជិកព្រហ្មទណ្ឌអន្តរជាតិ។ អញ្ចឹងអាចបដិសេធនឹងសំណូមពរសហប្រតិបត្តិការរបស់សហព្រហ្មទណ្ឌអន្តរជាតិបាន»។ ចិន សហរដ្ឋអាមេរិក និងរុស្ស៊ី ដែលសុទ្ធសឹងជាសមាជិកក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនៅមិនទាន់ចុះហត្ថលេខាលើលក្ខខន្តិកៈក្រុងរ៉ូមនៅឡើយ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |