VOA News: ព័ត៌មាន: “លោកស្រីហ៊ីលឡឺរី គ្លីនតុនប្តេជ្ញាថានឹងធ្វើឲ្យអាស៊ានមានសន្តិសុខនិងការរីកចម្រើន” plus 1 more |
លោកស្រីហ៊ីលឡឺរី គ្លីនតុនប្តេជ្ញាថានឹងធ្វើឲ្យអាស៊ានមានសន្តិសុខនិងការរីកចម្រើន Posted: 11 Jul 2012 08:00 PM PDT នៅពេលក្រុមប្រទេសក្នុងតំបន់និងប្រទេសអាស៊ានកំពុងស្វែករកវិធីបន្ធូរភាព តានតឹងក្នុងជម្លោះដែនសមុទ្រភាគខាងត្បូងប្រទេសចិន រដ្ឋមន្ត្រីការបរទេស សរអា គឺលោកស្រី ហ៊ីលឡឺរី គ្លីនតុនបានបញ្ជាក់កាលពីថ្ងៃពុធពីជំហររបស់ សរអានៅ ចំពោះមុខក្រុមមន្ត្រីអាស៊ានថាសរអានឹងធ្វើកិច្ចការយ៉ាងជិតដិត ជាមួយប្រទេសអាស៊ានដើម្បីពង្រឹងសន្តិសុខនិងការរីកលូតលាស់ផ្នែក សេដ្ឋកិច្ច។ «ដូច្នេះសរអាប្តេជ្ញាចំពោះភាពជាដៃគូរបស់យើងហើយស្វាគមន៍ការចូលរួមពី ដៃគូរពិភាក្សាអាស៊ានដទៃទៀត ហើយយើងផ្តល់សន្តិភាព ស្ថិរភាព និងការរីក ចម្រើន ក្នុងតំបន់នេះ។ យើងត្រៀមសកម្មភាពសហការបន្ថែមទៀតជាមួយ ដៃគូរបស់យើងក្នុងតំបន់អាស៊ាននៅឆ្នាំទៅមុខទៀត»។ លោកស្រីគ្លីនតុនបានបន្ថែមថាលោកស្រីនឹងចូលរួមក្នុងវេទិការកិច្ចប្រជុំ ពាណិជ្ជកម្ម អាមេរិក-អាស៊ាននៅទីក្រុងសៀមរាបនៅថ្ងៃសុក្រដែលមានអ្នក វិនិយោគជាង១០០នាក់មកពីសរអានិងអ្នកវិនិយោគអាស៊ានជាច្រើនចូលរួម។ លោកស្រីគ្លីនតុនដែលបានដឹកនាំអ្នកវិនិយោគអាមេរិកមកយ៉ាងច្រើននេះបាន អះអាងថាកិច្ចប្រជុំនេះនិងបង្កើតឲ្យមានឱកាសវិនិយោគ ពាណិជ្ជកម្ម និងបង្កើត ឲ្យមានមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនង សេដ្ឋកិច្ចនិងការរីកលូតលាស់ទៅវិញ ទៅមកទៅអនាគត។ លោកស្រីបានលើកយកនយោបាយរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដែលផ្តោតការយកចិត្តទុកដាក់ ជាយុទ្ធសាស្ត្រចម្បងមួយក្នុងការធ្វើទំនាក់ទំនង ជាមួយ ប្រទេសក្នុងតំបន់អាស៊ីឲ្យកាន់តែជ្រាលជ្រៅជាមួយនឹងការបង្កើត និង ធ្វើកំណែទម្រង់កម្មវិធីជំនួយសម្រាប់តំបន់អាស៊ីបាស៊ីហ្វិក។ «យើងផ្តោតលើបញ្ហាគ្រឹះ៦យ៉ាងគឺ កិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ សមាហរណកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពាក់ព័ន្ធនឹងតំបន់មេគង្គក្រោម ការគំរាមជាអន្តរជាតិ ការអភិវឌ្ឍប្រជាធិបតេយ្យ និងមរតកសង្គ្រាម។ យើងធ្វើកិច្ចការនេះមិនត្រឹមតែលើមូលដ្ឋានទ្វេភាគីទេ តែក្នុងតំបន់ផងដែរ ដើម្បីបង្កើតឲ្យមានលទ្ធផលល្អប្រសើរតាមដែលអាចធ្វើបាន»។ ប្រទេសអាស៊ានកំពុងពិភាក្សាលើបញ្ហាជាច្រើនដែលអាស៊ានកំពុងជួបប្រទះ ហើយនៅព្រឹកនេះក្នុងវេទិកាតំបន់អាស៊ាន (ARF) ក្រុមមន្ត្រីការបរទេសប្រទេស អាស៊ាននិងបណ្តាប្រទេសជាច្រើនទៀតប្រមាណ៣០ រួមទាំងលោកស្រី ហ៊ីលឡឺរី គ្លីនតុននឹងចូលរួមថ្លែងការណ៍ដែរ ហើយនឹងពិភាក្សាអំពីបញ្ហា សន្តិសុខក្នុងតំបន់ដូចជាបញ្ហាឧបទ្វីបកូរ៉េនិងបញ្ហាជម្លោះដែនសមុទ្រភាគខាង ត្បូងប្រទេសចិនជាដើម។ លោក ឈាង វណ្ណារិទ្ធិ នាយកប្រតិបត្តិវិទ្យាស្ថានកម្ពុជាដើម្បីសហប្រតិបត្តិការ និងសន្តិភាពបានថ្លែងថាលោកស្រី គ្លីនតុននឹងលើករឿងជម្លោះសមុទ្រភាគខាង ត្បូងប្រទេសចិនដើម្បីពិភាក្សា ការពារកុំឲ្យមានជម្លោះណាមួយ កើតឡើង ក្រោយពីមានភាពតានតឹងបានកើតឡើង២ទៅ៣ខែហើយ។ លោក វណ្ណារិទ្ធបានបន្ថែមថា កិច្ចប្រជុំវេទិកាតំបន់នេះនឹងមានភាពតានតឹង ហើយស្មុគស្មាញ ពិបាកដោះស្រាយដោយសារសមាជិកអាស៊ានមានជំហរ ផ្សេងគ្នាតាមផលប្រយោជន៍រៀងៗខ្លួន។ «វាពិបាកអាហ្នឹង។វាពឹងផ្អែកទាំងស្រុងទៅលើប្រទេសដែលពាក់ព័ន្ធផ្ទាល់ហើយ កម្ពុជានិងប្រទេសអាស៊ានមួយចំនួនទៀតគាត់អត់ពាក់ព័ន្ធផ្ទាល់។ដូច្នេះការចាប់ អារម្មណ៍ឬ ផលប្រយោជន៍របស់គាត់នៅមានកម្រិត។ អញ្ចឹងទេវេទិកាតំបន់វា អាចជាការណ៍មួយដែលប្រទេសមហាអំណាចគេវាយប្រហារគ្នាឬក៏ធ្វើតេស្ត អំណាចរបស់គេនៅលើវេទិកាហ្នឹង។ អញ្ចឹងទេប្រទេសតូចៗយើងត្រូវគ្រប់គ្រង ស្ថានការណ៍ហ្នឹងឲ្យបានល្អដើម្បីកុំឲ្យភាពតានតឹងកើនឡើង។ហើយកម្ពុជា យើងនិយាយឲ្យចំគឺប្រឈមនឹងភាពតានតឹងហ្នឹងដែរ យើងធ្វើជាម្ចាស់ផ្ទះ កុំឲ្យគេឈ្លោះគ្នាពិបាកដែរ»។ លោក ឈាង វណ្ណារិទ្ធថ្លែងដូច្នេះដោយយោងទៅលើការតាក់តែងក្រមប្រតិបត្តិ ឬ ស៊ីអូស៊ី មានការមិនត្រូវគ្នា ហើយមានទំនោរពីប្រទេសមួយចំនួនដែលចង់ឲ្យ ក្រមប្រត្តិបតិនេះដោះស្រាយជម្លោះអធិបតេយ្យ។ «ពីព្រោះថាជម្លោះដែនអធិបតេយ្យក៏ដូចជាជម្លោះអធិបតេយ្យភាពប្រហែល ជាយើងមិនអាចយកយន្តការណាមួយ ពីព្រោះអាស៊ានមិនមែនជាតុលាការដើម្បី ស្វែងរកដំណោះស្រាយដូច្នេះវាពិបាក។ ខ្ញុំមើលទៅស្ថានការណ៍ឥឡូវពិបាក។ អញ្ចឹងទេ យើងធ្វើម៉េចឲ្យស៊ីអូស៊ីហ្នឹងជាឧបករណ៍មួយដើម្បីពង្រឹង និងការយល់ គ្នាទៅវិញទៅមក រវាងអាស៊ានចិនដើម្បីការពារកុំឲ្យមានជម្លោះ។ តែពេល យើងប្រើឧបករណ៍ហ្នឹងទៅដោះស្រាយបញ្ហាវិវាទដែនទឹក ដែនអធិបតេយ្យភាព វាមិនអាចទៅរួច»។ លោកបានរំលឹកឲ្យដឹងថាចិនជាដៃគូសំខាន់របស់អាស៊ាន លើបញ្ហាទំនាក់ទំនង ជាទូទៅ និងសេដ្ឋកិច្ចផងដែរដែលគេគួរជំរុញឲ្យមានក្រមប្រតិបត្តិដើម្បីឲ្យមាន ការយោគយល់គ្នារវាងអាស៊ាននិងចិន ជាជាងយក ស៊ីអូស៊ី ធ្វើជាឧបករណ៍មួយ ដើម្បីដោះស្រាយព្រំដែនទឹករវាងបណ្តាប្រទេសដែលទាមទារ មានជម្លោះ នោះ។ លោក បណ្ឌិត ឡៅ ម៉ុងហៃអ្នកវិភាគឯករាជ្យក្នុងប្រទេសកម្ពុជាបានអះអាងថា ជាការណ៍ល្អដែលកម្ពុជាជាម្ចាស់ផ្ទះអាស៊ានអាចសម្របសម្រួលឲ្យចិនអង្គុយ ចរចាជាមួយប្រទេសមានជម្លោះ ទោះបីជាក្រមប្រតិបត្តិមិនទាន់ត្រូវគ្នាក្តី។ លោកបញ្ជាក់ថាបញ្ហានៅត្រង់ថាចិនមិនទទួលយកការដោះសា្រយតាមច្បាប់ អន្តរជាតិដែលចិនអាចគិតថានឹងនាំឲ្យមានផលចំណេញដល់ប្រទេសសមាជិក អាស៊ានមួយចំនួន។ «វាមានយន្តការក្នុងក្របខណ្ឌច្បាប់អន្តរជាតិស្តីពីដែនទឹកសមុទ្រតែចិនមិន ព្រមទទួលយកយន្តការដោះស្រាយក្នុងក្របខណ្ឌអន្តរជាតិហ្នឹងទេព្រោះថា បើកាលណាដោះស្រាយក្នុងក្របខណ្ឌច្បាប់នោះចិននឹងខាតបង់»។ លោកថ្លែងថាចិនពឹងផ្អែកលើការធ្លាប់គ្រប់គ្រងកោះនានាកាលពីអតីតកាលនៅ ដែនសមុទ្រភាគខាងត្បូងប្រទេសចិននេះ ដូច្នេះហើយបានជាចិននៅប្រកាន់ ជំហរតឹងរឹង។ ទោះជាយ៉ាងណាក៏ដោយលោក ឡៅ ម៉ុងហៃបានអះអាងថាចិនដែលមានទំនាក់ ទំនងល្អជាមួយប្រទេសមួយចំនួនដូចជាកម្ពុជាដោយសារឥទ្ធិពលនយោបាយ និងជំនួយនោះ ហាក់ដូចជាបំបែកសំឡេងសមាគមអាស៊ាន១០ប្រទេសបានល្អ។ ក៏ប៉ុន្តែលោកម៉ុងហៃបានអះអាងថាការចូលរួមពាក់ព័ន្ធរបស់សរអាជាពិសេស សេចក្តីថ្លែងការណ៍អំពីការប្តេជ្ញារបស់លោកស្រី ហ៊ីលឡឺរី គ្លីនតុនពីរឿង សន្តិសុខ ក្នុងតំបន់និងការរីកចម្រើនសេដ្ឋកិច្ចនេះជាការ«កក់ក្តៅ» សម្រាប់ ប្រទេសក្នុងតំបន់អាស៊ានជាច្រើនដែលមានជម្លោះជាមួយចិន។ លោកបានអះអាងបន្ថែមដែរថាសរអាហាក់ដូចជាចូលរួមពាក់ព័ន្ធជាមួយតំបន់ អាស៊ានដែលចិនមានឥទ្ធិពលខ្លាំងនេះ សកម្មជាងមុន គឺមានន័យថាសរអាផ្តល់ ជំនួយមនុស្សធម៌ផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងតំបន់ដូចជាវិស័យអប់រំ សុខាភិបាល និងវិស័យផ្សេងទៀត គឺមិនដូចពេលមុនដែលផ្តោតជាចម្បងលើវិស័យយោធា នោះ។ This posting includes an audio/video/photo media file: Download Now |
អាស៊ាន និងចិនមិនទាន់ព្រមព្រៀងគ្នាស្តីពីជម្លោះសមុទ្រចិនខាងត្បូង Posted: 12 Jul 2012 12:18 AM PDT ប្រទេសទាំង១០នៃសមាគមអាស៊ានមិនបានឈានទៅដល់កិច្ចព្រមព្រៀងណាមួយ លើក្រមប្រតិបត្តិជាមួយប្រទេសចិនស្តីអំពីជម្លោះនៅដែនសមុទ្រចិនខាងត្បូងទេនៅថ្ងៃពុធនេះ។ ថ្លែងក្រោយពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ការបរទេសនៃសមគមប្រជាជាតិអាស៊ីអាគ្នេយ៍ជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិននៅល្ងាចនេះក្នុងទីក្រុងភ្នំពេញ លោកស្រី ហ្វ៊ុ យីង (Fu Ying) អនុរដ្ឋមន្ត្រីការបរទេសចិនបានប្រាប់អ្នកយកព័ត៌មានថាសមាគមអាស៊ាន និងចិននៅខ្វែងគំនិតគ្នានៅឡើយ។ «មានសំណើពីរដ្ឋមន្ត្រីនៃប្រទេសអាស៊ានឲ្យចាប់ផ្តើមពិភាក្សាអំពីក្រមប្រតិបត្តិ។ ដូច្នេះរដ្ឋមន្ត្រីចិនចង់ឲ្យមានការគិតគូរឲ្យបានម៉ឺងម៉ាត់លើសំណើរនេះ។ គាត់ចង់បានស្ថានភាពចាស់ទុំ ដើម្បីស្វែងរកលទ្ធភាពជជែកពិភាក្សាគ្នា។ លោករដ្ឋមន្ត្រីចិនសង្កត់ធ្ងន់ថា ដើម្បីទទួលបានផលល្អក្នុងការជជែកក្នុងពេលអនាគតលើក្រមប្រតិបត្តិ វាមានសារៈសំខាន់ដែលថាសេចក្តីប្រកាសប្រតិបត្តិត្រូវបានអនុវត្តដោយគ្រប់ភាគីទាំងអស់។ ប្រសិនបើសមាជិកមួយចំនួនបំពានសេចក្តីប្រកាសប្រតិបត្តិ មិនមែនជាបច្ច័យល្អសម្រាប់ធ្វើឲ្យប្រសើរលើការជឿជាក់ ការយល់គ្នា និងទុកចិត្តគ្នានោះទេ»។ <!--AV--> មានប្រទេសជាសមាជិកអាស៊ានចំនួនបួនជាប់ពាក់ព័ន្ធជាមួយនឹងជម្លោះដែនសមុទ្រចិនខាងត្បូងជាមួយនឹងទីក្រុងប៉េកាំង ក្នុងនោះមានតែវៀតណាម និងហ្វីលីពីនទេដែលធ្វើការតវ៉ាយ៉ាងខ្លាំងក្លាជាមួយនឹងចិន។ ក្រុមរដ្ឋមន្ត្រីការបរទេសនៃសមាគមអាស៊ានបានអនុម័តគោលការណ៍គន្លឹះមួយចំនួនលើក្រមប្រតិបត្តិសម្រាប់យកមកពិភាក្សាជាមួយនឹងចិន។ ក៏ប៉ុន្តែក្នុងចំណោមនោះ មានភាពចម្រូងចម្រាស់មួយចំនួន បានទាញថយក្រោយមិនឲ្យក្រមប្រតិបតិ្តនេះសម្រេចគោលដៅរបស់ខ្លួន។ យោងតាមលោក ស៊ុរីន ពិតស៊ុវ៉ាន (Surin Pitsuwan) អគ្គលេខាធិការសមាគមអាស៊ានការប្រើប្រាស់ដែនសមុទ្រ ការធ្វើនាវាចរណ៍ និងការដឹកជញ្ជូន គឺជាផ្នែកមួយនៃការជជែកគ្នាយ៉ាងតានតឹងនៅក្នុងក្រមខណ្ឌនៃក្រមប្រតិបត្តិនេះ។ លោក ម៉ាទី ណាតាឡេហ្កាវ៉ា (Marty Natalegawa) រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីមានប្រសាសន៍ថាមានយន្តការគន្លឹះចំនួនពីរដែលត្រូវបានសម្លឹងឃើញ គឺក្រមប្រតិបត្តិ និងការទូត។ គេត្រូវរង់ចាំការសម្រេចចិត្តរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន។ «ឥឡូវនេះយើងកំពុងរង់ចាំមើលថាតើរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងត្រូវឆ្លើយតបយ៉ាងដូចម្តេចចំពោះគោលការណ៍ដែលក្រុមមន្ត្រីជាន់ខ្ពស់អាស៊ានបានសម្រេចរួចហើយដូចជាថាតើពួកគាត់កត់សម្គាល់លើបញ្ហាទាំងនេះឬទេ? ហើយស្នើឲ្យមន្ត្រីជាន់ខ្ពស់ចាប់ផ្តើមជជែកជាមួយចិន។ ប៉ុន្តែបញ្ហានេះ ត្រូវរង់ចាំការសម្រេចជាផ្លូវការនៅឡើយ»។ ក្រៅពីការជជែកទៅលើក្រមប្រតិបត្តិស្តីពីបញ្ហាជម្លោះនៅដែនសមុទ្រចិនខាងត្បូង ក្រុមមន្ត្រីជាន់ខ្ពស់ការបរទេស និងរដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានជជែកអំពីទំនាក់ទំនងជាមួយប្រទេសចិន និងអាស៊ាន អំពីបញ្ហាបណ្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយនឹងចិន និងកិច្ចសហប្រតិបត្តិការគ្នានៅក្នុងតំបន់៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |