VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ២៧ កុម្ភៈ ២០១២៖ ការជំរុញ​ការសិក្សា​ផ្នែក​គណិតវិទ្យា​នៅ​កម្ពុជា” plus 4 more

VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ២៧ កុម្ភៈ ២០១២៖ ការជំរុញ​ការសិក្សា​ផ្នែក​គណិតវិទ្យា​នៅ​កម្ពុជា” plus 4 more


ហេឡូ​វីអូអេ ២៧ កុម្ភៈ ២០១២៖ ការជំរុញ​ការសិក្សា​ផ្នែក​គណិតវិទ្យា​នៅ​កម្ពុជា

Posted: 01 Mar 2012 02:29 PM PST

ប្រទេស​កម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​សន្និសីទ​អន្ដរជាតិ​ស្តីពី​ការអប់រំ​ផ្នែកគណិតវិទ្យា​រយៈពេល​បួន​ថ្ងៃ​ គឺ​គិត​ពី​ថ្ងៃទី១​ ដល់​ថ្ងៃទី៤​ មិនា​ ដែល​មាន​អ្នកគណិតសាស្រ្ដ​មក​ពី​ប្រទេស​ចំនួន​២៦។​ សហគម​អ្នកគណិតសាស្រ្ត​នៅ​កម្ពុជា​សង្ឃឹម​ថា​ សន្និសិទ្ធ​នឹង​ជួយ​ជម្រុញ​ការរីកចម្រើន​ការរៀន​សូត្រ​ផ្នែក​គណិតវិទ្យា​នៅ​ក្នុង​ស្រុក។​ លោក​បណ្ឌិត​ចន្ទ័ រត្ន័​ ប្រធាន​សហគម​អ្នកគណិតវិទ្យា​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ កាលពី​ថ្ងៃចន្ទ័​ថា​«គណិតសាស្ដ្រ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ ជាពិសេស​ក្នុង​ផ្នែក​សេដ្ឋកិច្ច​និង​បច្ចេកវិទ្យា»។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី២៧ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប​​ថ្កោល​ទោស​ចំពោះ​ការ​បង្ក្រាប​នៅ​ស៊ីរី

Posted: 01 Mar 2012 07:50 AM PST

ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប.​ បាន​ថ្កោល​ទោស​អ្វី​ដែល​អង្គការ​នេះ​ហៅ​ថា ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដ៏​ធំធេង​និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដែល​បង្ក​ឡើង​ដោយ​រដ្ឋាភិបាល​ស៊ីរី​ ហើយ​អង្គការ​នេះ​បាន​អះអាង​ជា​ថ្មី​ថា​ត្រូវ​មាន​ដំណោះស្រាយ​ដ៏​បន្ទាន់​មួយ​ចំពោះ​ស្ថានភាព​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​នេះ។

នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ក្រុង​ហ្សឺណែវ (Geneva) ក្រុម​ប្រឹក្សា​នេះ​បាន​អនុម័ត​សេចក្តី​សម្រេច​មួយ​ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី បាស្សា អាល់ អាសាដ (Basher al-Assad) ទប់ស្កាត់​ជា​បន្ទាន់​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំងអស់​និង​ការ​វាយ​ប្រហារ​លើ​ជន​ស៊ីវិល។ សេចក្តី​សម្រេច​នេះ​ឆ្លុះ​បញ្ចាំង​អំពី​ការ​ស្លាប់​ថ្មីៗ​របស់​អ្នក​កាសែត​ស៊ីរី​និង​បរទេស​ហើយ​និង​ការ​រារាំង​មិន​ឲ្យ​ប្រជាជន​ទទួល​បាន​ការ​ថែ​ទាំ​សុខភាព។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

<!--IMAGE-RIGHT-->

កូរ៉េខាងជើង៖ ការ​សម្រេចចិត្ត​របស់​កូរ៉េខាងជើង​ក្នុង​ការ​ផ្អាក​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន និង​កាំជ្រួច​ប្រតិបត្តិការ​ឆ្ងាយ​ត្រូវ​បាន​ស្វាគមន៍​ដោយ​ប្រុងប្រយ័ត្ន​នៅ​តំបន់​អាស៊ី​ ជា​កន្លែង​ដែល​ប្រជាជន​ជា​ច្រើន​នៅ​ចាំ​ប្រវត្តិសាស្ត្រ​នៃ​ការ​បំភ្លេច​ពាក្យ​សន្យា។

វៀតណាម/ចិន៖ ប្រទេស​វៀតណាម​បាន​តវ៉ា​ប្រឆាំង​នឹង​ប្រទេស​ចិន​ ចំពោះ​ការ​រំលោភ​បំពាន​ជា​ញឹកញាប់​លើ​អ្នក​នេសាទ​របស់​ខ្លួន​ក្នុង​ដែនទឹក​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង។

សេណេហ្គាល់៖ ប្រទេស​សេណេហ្គាល់​កំពុង​រៀបចំ​ការ​បោះឆ្នោត​ផ្តាច់ព្រ័ត្រ​ជ្រើសរើស​ប្រធានាធិបតី​រវាង​គណបក្ស​កាន់​អំណាច​របស់​លោក អាប់ឌូឡាយេ វ៉ាឌី (Abdoulaye Wade) និង​អតីត​សម្ព័ន្ធមិត្ត លោក ម៉ាកឃី សល (Macky Sall) ក្រោយ​ពី​ដឹង​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ជុំ​ទី​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដែល​បង្ហាញ​ថា​គ្មាន​បេក្ខជន​ណា​ទទួល​បាន​សំឡេង​ភាគ​ច្រើន​នោះ​ឡើយ។

ភូមា៖ លោក ថេន សេន (Thei Sein) ប្រធានាធិបតី​ប្រទេស​ភូមា​កំពុង​ជំរុញ​ឲ្យ​មាន​ការ​អត់ធ្មត់​ពេល​រដ្ឋាភិបាល​របស់​លោក​កំពុង​អនុវត្ត​កំណែ​ទម្រង់​ជា​បន្ត​បន្ទាប់ ដែល​បាន​ចាប់ផ្តើម​កាល​ពី​ជិត​មួយ​ឆ្នាំ​មុន​នេះ។

អ.ស.ប/អាហ្វ្រិក៖ ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​កំពុង​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​អាហ្វ្រិក​ខាងលិច​រៀបចំ​សន្និសីទ​កំពូល ដើម្បី​ប្រឈម​មុខ​នឹង​សកម្មភាព​ចោរ​ប្លន់​តាម​សមុទ្រ​ដែល​កំពុង​កើត​ឡើង​នៅ​តំបន់​ឈូង​សមុទ្រ​ហ្គីណេ (Guinea)។ គណៈកម្មាធិការ​ដែល​មាន​សមាជិក​១៥​នាក់ នៅ​ថ្ងៃ​ពុធ​នេះ​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ នូវ​ការ​សម្រេច​មួយ​ដែល​អំពាវនាវ​ឲ្យ​ប្រទេស​នានា និង​អង្គការ​ក្នុង​តំបន់​ឱ្យ​ធ្វើ​យុទ្ធសាស្ត្រ​ប្រឆាំង​នឹង​ចោរ​សមុទ្រ​ឲ្យ​បាន​ទូលំទូលាយ។

តួកគី៖ មន្រ្តី​តួកគី​និង​បណ្តាញ​ព័ត៌មាន​និយាយ​ថា គ្រាប់បែក​មួយ​បាន​ផ្ទុះ​នៅ​ជិត​ការិយាល័យ​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ប្រទេស​នេះ នៅ​ក្រុងអ៊ីស្តានបុល (Istanbul)។ ប្រធាន​ប៉ូលិស​អ៊ីស្តានបុល​ ត្រូវ​គេ​ស្រង់​សម្តី​ថា​ មាន​មន្ត្រី​ប៉ូលិស​ជា​ច្រើន​បាន​រង​របួស​ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

អូតង់/អាហ្វហ្គានីស្ថាន៖ អង្គការ​អូតង់​និយាយ​ថា បុគ្គលិក​របស់​ខ្លួន​ពីរ​នាក់​ត្រូវ​គេ​បាញ់​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​មួយ​ដែល​បង្ក​ដោយ​ជនជាតិ​អាហ្វហ្គានីស្ថាន​២​នាក់​ ដែល​ម្នាក់​គេ​ជឿ​ថា​ជា​ទាហាន។

ឥណ្ឌា៖ ប៉ូលិស​ឥណ្ឌា​បាន​នាំ​ខ្លួន​ជនជាតិ​ទីបេតិ៍​និរទេស​ខ្លួន​មួយ​ក្រុម​ នៅ​ពេល​គេ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ក្រុង​ញូវដេលី​ នៅ​ក្រៅ​កិច្ច​ប្រជុំ​រវាង​លោក យ៉ាង ចេឈី (Yang Jiechi) រដ្ឋ​មន្ត្រី​ការបរទេស​ចិន​និង​សមភាគី​របស់​លោក​គឺ​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌា។

អាហ្វ្រិក​ខាង​ត្បូង៖ គណបក្ស​កាន់​អំណាច​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​បណ្តេញ​លោក ជូលៀស ម៉ាលេម៉ា (Julius Malema) មេ​ដឹកនាំ​យុវជន​ក្រោយ​ពី​មេដឹកនាំ​ជាន់​ខ្ពស់​បាន​សម្រេច​ថា លោក​មិន​បាន​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការ​បែកបាក់​ក្នុង​សម្ព័ន្ធ​នេះ។

ចិន៖ អ្នក​និពន្ធ​ជនជាតិ​ទីបេតិ៍​ដ៏​ល្បី​និង​រិះគន់​ឥត​សំចៃ​ម្នាក់​និយាយ​ថា ​អាជ្ញាធរ​ចិន​បាន​ទប់​ស្កាត់​មិន​ឲ្យ​អ្នកស្រី​ទទួល​បាន​រង្វាន់​មួយ​នៅ​ផ្ទះ​របស់​ឯកអគ្គរដ្ឋទូត​ប្រទេស​ហូឡង់​នៅ​ក្រុង​ប៉េកាំង​ទេ។

ហ្វីលីពីន៖ ក្រុម​ម៉ូស្លីម​បះបោរ​ដ៏​ធំ​បំផុត​នៅ​ប្រទេស​ហ្វីលីពីន​និយាយ​ថា ខ្លួន​បាន​ព្យួរ​ការងារ​របស់​មេ​បញ្ជាការ​សំខាន់ៗ​ចំនួន​៣​នាក់ ដែល​ទាក់ទង​នឹង​អំពើ​ហិង្សា​ក្នុង​ខែ​តុលា ដែល​បាន​សម្លាប់​ទាហាន​១៩​នាក់ និង​ធ្វើ​ឲ្យ​ខូច​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​រយៈពេល​មួយ​ឆ្នាំ។

ទីម័រ​ខាងកើត៖ លោក​ប្រធានាធិបតី ចេសេ រ៉ាមូស ហរតា (Jose Ramos-Horta) នៃ​ប្រទេស​ទីម័រ​ខាងកើត បាន​ព្យាយាម​ឈរ​ឈ្មោះ​ធ្វើ​ជា​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត។ ការ​ព្យាយាម​របស់​លោក​បាន​រង​ការ​រិះគន់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ពេល​គណបក្ស​នយោបាយ​ដ៏​សំខាន់​មួយ​និយាយ​ថា គេ​នឹង​គាំទ្រ​បេក្ខជន​ប្រឆាំង​លោក។

កូរ៉េ​ខាងត្បូង៖ សេចក្តី​រាយការណ៍​របស់​រដ្ឋាភិបាល​និយាយ​ថា ការ​នាំចេញ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​បាន​ជំរុញ​ឲ្យ​តុល្យភាព​ពាណិជ្ជកម្ម​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ចុះទាប​ដូច​កាល​ពី​ខែ​កុម្ភៈ​ ក្រោយ​ពី​មាន​ឱនភាព​ក្នុង​ខែ​មុន​នេះ។

ថៃ៖ ប៉ូលិស​នៅ​ប្រទេស​ថៃ​និយាយ​ថា គេ​បាន​ចាប់​ខ្លួន​ពាណិជ្ជករ​ន័រវែស ដែល​សារភាព​ថា បាន​សម្លាប់​មិត្ត​ស្រី​ជនជាតិ​ថៃ​របស់​ខ្លួន ហើយ​លាក់​ខ្មោច​នាង​រលួយ​ក្នុង​វិឡា​ដ៏​ទំនើប​របស់​ខ្លួន​រយៈ​ពេល​២​ឆ្នាំ​កន្លះ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

កូរ៉េ​ខាង​ជើង​យល់​ព្រម​បញ្ឈប់​ការ​សាកល្បង​នុយក្លេអ៊ែរ​៖ ហ៊ីឡារី គ្លីនតុន

Posted: 01 Mar 2012 01:06 AM PST

សហរដ្ឋអាមេរិកនិយាយ​ថា​ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​យល់​ព្រម​បញ្ឈប់​ការ​បាញ់​កាំជ្រួច​វង់​ប្រតិបត្តិការ​ឆ្ងាយ​ ការ​សាកល្បង​នុយគ្លេអ៊ែរ​ និង​សកម្មភាព​ចម្រាញ់​ធាតុ​អ៊ុយរ៉ានីញ៉ូម។​

លោក​ស្រី​រដ្ឋ​មន្រ្តី​ការ​បរទេស ហ៊ីឡារី គ្លីនតុន បានជម្រាប​គណកម្មាធិការ​មួយ​របស់​សភា​កាល​ពី​ថ្ងៃ​ពុធ​ថា​ ក្រុង​ព្យុងយ៉ាង​ ​បាន​យល់​ព្រម​ អនុញ្ញាត​​ឲ្យ​អធិការកិច្ច​អន្តរជាតិ​ ចូល​ទៅ​បញ្ជាក់​និង​តាម​អង្កេត​មើល​ការ​បញ្ឈប់​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ និង​បញ្ជាក់​ថា​ម៉ាស៊ីន​រ៉េអាក់ទ័រ​​នុយក្លេអ៊ែរ​មួយ​នៅ​ក្រុង​យ៉ុងព្យុង​ពិត​ជា​លែង​ដំណើរការ​មែន។​

លោក​ស្រី​ថ្លែង​ជា​អាទិ៍​ថា​ អាមេរិក​នៅ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ តែក្រោយ​មរណភាព​របស់​លោក​គីម ជុងអ៊ីល អាមេរិក​សង្ឃឹម​ថា​ មេ​ដឹក​នាំ​ថ្មី​នឹង​ណែនាំ​ប្រទេស​ទៅ​រក​មាគ៌ា​សន្តិភាព​ ហើយ​សេចក្តី​ប្រកាស​ថ្ងៃ​នេះ​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​ទិស​ដៅ​ត្រឹមត្រូវ​។​

លោក​ស្រី​ គ្លីនតុនធ្វើ​សេចក្តី​ប្រកាស​នេះ​ ខណៈ​ពេល​ដែល​ក្រុង​វ៉ាស៊ីនតោន​បន្ត​គាប​សង្កត់​ឲ្យ​កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​កិច្ច​ចរចា​ពហុភាគី​ស្តី​ពី​ការ​កាត់​បន្ថយ​គ្រឿង​សព្វាវុធ​ឡើង​វិញ​ ដើម្បី​ប្តូរ​យក​ម្ហូប​អាហារ​ដែល​ត្រូវ​ការ​ជា​ចាំបាច់​សម្រាប់​ប្រទេស​កុម្មុយនិស្ត​ក្រី​ក្រ​មួយ​នេះ។

<!--IMAGE-LEFT-->

កម្ពុជា៖ កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ​ទីស្តីការ​រដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា​ បាន​ធ្វើ​សេចក្តី​ស្នើ​រួម​គ្នា​ដើម្បី​ដាក់បម្រាម​នេសាទ​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ទន្លេ​មេគង្គ​ ក្នុង​គោល​បំណង​ការពារ​សត្វ​ផ្សោត​ទឹក​សាប​អំបួរអ៊ីរ៉ាវ៉ាឌី។​ នាយក​នៃ​គណកម្មការ​ពាក់​កណ្តាល​ផ្លូវការ​សម្រាប់​ការ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ លោកទូច សៀងថាណា​ ​ ពោល​ថា​ ក្រសួង​ទេសចរណ៍​ កសិកម្ម​ នឹងដឹកនាំ​ក្រឹត្យ​មួយ​ជូន​គណរដ្ឋមន្រ្តី​កម្ពុជា​ ដើម្បី​កំណត់​សកម្មភាព​នេសាទ​នៅ​តាម​ដង​ទន្លេ​មេគង្គ​ប្រវែង​១៨០​គីឡូម៉ែត្រ។

អាហ្វហ្គានីស្ថាន៖ មាន​មនុស្ស​យ៉ាង​តិច​៦​នាក់​ត្រូវ​របួស​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​ក្នុង​រថយន្ត​ ដែល​តម្រង់​ទៅ​រក​ក្បួន​រថយន្ត​មួយ​របស់​កងទ័ព​បរទេស​នៅ​ក្នុង​អាហ្វហ្គានីស្ថាន​ភាគ​ខាង​ត្បូង។​

សហរដ្ឋអាមេរិក៖ សេដ្ឋកិច្ច​បាន​លូត​លាស់​លឿន​ជា​ង​ការ​គិត​ស្មាន​ទុក​ជាង​មុន​បន្តិច​ ក្នុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១១​ នៅ​ពេល​ដែល​ប្រាក់​ចំណូល​បាន​កើន​ឡើង​ ហើយ​សហគ្រាស​បាន​ចាប់​ផ្តើម​ជួល​កម្លាំង​ពលកម្ម​បន្ថែម​ទៀត​។​

អឺរ៉ុប៖ ធនាគារ​កណ្តាល​នៃ​ទ្វីប​អឺរ៉ុប​បាន​ផ្តល់​ប្រាក់​កម្ចី​ចំនួន​៧១២​ពាន់លាន​ដុល្លារ​បន្ថែម​ទៅ​ឲ្យ​ធនាគារ​ចំនួន​៨០០​នៅ​ពាស​ពេញ​អឺរ៉ុប ​ក្នុង​កិច្ច​ប្រឹងប្រែង​ថ្មី​មួយ​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ទ្វីប​អឺរ៉ុប ​ហើយ​ជួយ​ទ្វីប​អឺរ៉ុប​ឲ្យ​ងើប​ឡើង​វិញ​ពី​វិបត្តិ​ប្រាក់​បំណុល​របស់​រដ្ឋាភិបាល។

ស៊ីរី៖ កង​កម្លាំង​សន្តិសុខស៊ីរី​បាន​ធ្វើ​ការ​វាយ​ប្រហារ​មួយ​ទៅ​លើ​ទី​ក្រុង
ហូម ​ ក្នុង​គោល​បំណង​ដើម្បី​ដណ្តើម​យក​សង្កាត់​ដែល​ពួក​ឧទ្ទាម​នៅ​ក្រាញ​កាន់​កាប់​ កំឡុង​ពេល​​ការ​ទម្លាក់​គ្រាប់​បែក​ជិត​មួយ​ខែ​កន្លង​មក​នេះ​ បណ្តាល​ឲ្យ​ស្លាប់​អ្នក​ស្រុក​អស់​ជា​ច្រើន​រយ​នាក់។​

សហរដ្ឋអាមេរិក៖ លោក​មីត​ រ៉មនី​ ​ បេក្ខជន​ប្រធានាធិបតី​អាមេរិកនៃ​គណបក្ស​សាធារណរដ្ឋ​ បាន​ប្តូរ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​ទៅ​រក​ការ​បោះ​ឆ្នោត​បឋម​លើក​ក្រោយ​មួយ​ចំនួន​ នៅ​ក្រោយ​ជ័យ​ជំនះ​ក្នុង​រដ្ឋ​ មីស៊ីហ្កេន និង​អារីហ្សូណា​។​

ចិន៖ ក្រសួង​ការបរទេស​ចិន​បាន​ចោទ​ពួក​អ្នក​បំបែក​ខ្លួន​ចេញ​ នៅ​ក្នុង​តំបន់​​ជនជាតិ​អ៊ុយហ្គ័រ​ ដែល​កំពុង​មាន​ចលាចល​ក្នុង​ប្រទេស​ចិន​ភាគ​ខាង​ពាយ័ព្យ​ អំពី​ការ​វាយ​ប្រហារ​លើ​ជន​ស៊ីវិល​ក្នុង​អំពើ​ហិង្សា​មួយ​ ដែល​ចិន​និយាយ​ថា​ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​២០​នាក់​ រួម​មាន​ភ្នាក់ងារ​នគរបាល​ចិន​៧​នាក់​ផង​ដែរ​។​

អាហ្វហ្គានីស្ថាន៖ មាន​មនុស្ស​យ៉ាង​តិច​៦​នាក់​ត្រូវ​របួស​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​ក្នុង​រថយន្ត​ ដែល​តម្រង់​ទៅ​រក​ក្បួន​រថយន្ត​មួយ​របស់​កងទ័ព​បរទេស​នៅ​ក្នុង​អាហ្វហ្គានីស្ថាន​ភាគ​ខាង​ត្បូង។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ជនជាតិ​ថៃ​ពីរ​នាក់​ថា​ខ្លួន​វង្វេង​ផ្លូវ​ទើប​បាន​ចូល​មក​ដី​ខ្មែរ

Posted: 29 Feb 2012 06:09 PM PST

សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​កាលពី​ថ្ងៃ​ពុធ​ជំនុំ​ជម្រះ​ទោស​លើ​ជន​ជាតិ​ថៃ​ចំនួន​ពីរ​រូប​ដែល​បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់​និង​មាន​អាវុធ​មក​ជាប់​នឹង​ខ្លួន។

បុរស​ទាំង​ពីរ​​មាន​ឈ្មោះ​លោក ​ភិត​ អនណា ​អាយុ​៤៨​ឆ្នាំ ​និង​លោក ​ថង​ ដែងយ៉ាក់ឡា ​អាយុ​៥២​ឆ្នាំ​ ត្រូវ​បាន​តុលាការ​ខេត្ត​ព្រះវិហារ​កាត់ទោស​កាលពី​ខែ​សីហា​ឆ្នាំ​២០១០​ក្នុង​ម្នាក់ៗ​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ​ ពី​បទ​ឆ្លងដែន​ដោយ​ខុស​ច្បាប់​មក​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ប៉ុន្តែ​ពួកគេ​បាន​ប្តឹង​ឧទ្ធរណ៍។

លោក ​ទិត ​សុទ្ធី ​តំណាង​មហា​អយ្យការ​នៃ​សាលា​ឧទ្ធរណ៍​មិន​បាន​រក​ភស្ថុតាង​ណា​ដើម្បី​ដាក់​បន្ទុក​ជន​ជាប់​ចោទ​ទាំងពីរ​ទេ​ហើយ​នៅ​ពេល​ធ្វើ​សេចក្តីសន្និដ្ឋាន​ជា​ស្ថាពរ​បាន​និយាយ​ថា​ ជន​ជាតិ​ថៃ​ទាំង​ពីរ​រូប​ដែល​បាន​ឆ្លងដែន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​គឺ​​មិនមែន​ធ្វើឡើង​ដោយ​ចេតនា​ទេ។ ​ចំណែក​ឯ​កាំភ្លើង​សម្រាប់​តែ​ការ​បរបាញ់​សត្វ​តែ​ប៉ុណ្ណោះ ​មិនមែន​សម្រាប់​យក​មក​ធ្វើ​សង្គ្រាម​ទេ។ ​លោក​បាន​បញ្ជាក់​ថា ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ជិត​ខាង​ តែងតែ​ឆ្លងដែន​ទៅ​វិញ​ទៅ​មក​ជា​រឿង​ធម្មតា។

បន្ទាប់​ពី​បាន​បើក​សវនាការ​អស់​រយៈពេល​ប្រមាណ​ជាង​ពីរ​ម៉ោង ​លោក ​ឃុន ​លាងម៉េង​ ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលាឧទ្ធរណ៍ ​បាន​និយាយ​ថា​សាលដីកា​នៃ​សំណុំរឿង​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​៧ ​ខែ​មិនា ​ខាង​មុខ​នេះ។ ​ការ​កាត់ទោស​ជន​ជាតិ​ថៃ​ទាំង​ពីរ​រូប​ បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​ទៅ​តាម​នីតិវិធី​ត្រឹមត្រូវ ​ហើយ​ជន​ជាប់​ចោទ​ទាំង​ពីរ​ មាន​មេធាវី​ការពារក្តី​ និង​មាន​អ្នក​បកប្រែ​ភាសា​មក​ជាមួយ​ផង។

ឆ្លើយ​ប្រាប់​អង្គសវនាការ ​តាមរយៈ​អ្នក​បកប្រែ​ជនជាតិ​ថៃ​ទាំង​ពីរ​រូប​ បាន​និយាយ​ដូច​ៗ​គ្នា​ថា​ ពួក​គេ​មិន​មាន​បំណង​ចូល​មក​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​ទេ​ គឺ​ដោយសារ​តែ​វង្វេង​ផ្លូវ។

បន្ទាប់​ពី​បញ្ចប់​សវនាការ ​លោក ​ថង​ ដែងយ៉ាក់ឡា ​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​នឹង​វីអូអេ​តាម​រយៈ​អ្នក​បកប្រែ​ថា៖ «ខ្ញុំ​រក​បាញ់​សត្វ​នៅ​ក្នុង​ព្រៃ ​ហើយ​វង្វេង​ផ្លូវ។ ​វង្វេង​ទៅ​មិន​ដឹង​ថា​មក​ខាង​ណា ​ទៅ​ខាង​ណា»។

លោក ​កៅ ​ស៊ូផា ​មេធាវី​ការពារ​ក្តី​ជន​ជាតិ​ថៃ​ទាំង​ពីរ​រូប​បាន​និយាយ​ថា​ លោក​សង្ឃឹម​ថា​ កូនក្តី​របស់​លោក ​និង​រួចផុត​ពី​ការ​ចោទ​ប្រកាន់​ដោយសារ​តែ​ពួក​គេ​គ្មាន​បំណង​ចូល​ទឹក​ដី​ប្រទេស​កម្ពុជា​ទេ។

«គាត់​មក​នេះ ​គាត់​មក​រក​បាញ់​សត្វ​ទេ។ ​ខ្ញុំ​យល់​ឃើញ​ថា​ បើ​សិន​ជា​តុលាការ​សាលា​ឧទ្ធរណ៍​នេះ​ លោក​មាន​ឆន្ទៈ​ការ​រាប់អាន​អ្នក​រួម​ភូមិ​ផង​របង​ជាមួយ​ហ្នឹង​ គួរ​តែ​សម្រេច​ដោះលែង​គាត់​ទៅ​នៅ​ថ្ងៃ​៧​ខាង​មុខ​នេះ។ ​កន្លង​មក​ការ​ដាក់ទោស​ប្រាំ​ឆ្នាំ​ហ្នឹង​ វា​ច្រើន​ពេក»។

មន្ត្រី​ស្ថានទូត​ថៃ​មួយ​រូប​ ដែល​បាន​ចូលរួម​នៅ​ក្នុង​អង្គសវនាការ​នេះ​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ដល់​អ្នកសារព័ត៌មាន​ទេ។

«នេះ​គឺ​សម្រេច​ទៅ​តាម​សាលាឧទ្ធរណ៍ ​ខ្ញុំ​​មិន​ដឹង​យ៉ាង​ម៉េច​ទេ។ ខ្ញុំ​សុំ​មិន​ឆ្លើយ​តប»។

អាជ្ញាធរ​ខ្មែរ​បាន​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​ទាំង​ពីរ​រូប ​កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​ឧសភា ​ឆ្នាំ​២០១០​ នៅ​ក្នុង​ខេត្ត​ព្រះវិហារ ​បន្ទាប់​ពី​បាន​ចូល​ជ្រៅ​នៅ​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា​ប្រមាណ​ជាង​៥​គីឡូម៉ែត្រ​ ដើម្បី​ធ្វើ​ការ​បរបាញ់​សត្វ។

អាជ្ញាធរ​បាន​រឹបអូស​កាំភ្លើង​សម្រាប់​បាញ់​សត្វ​មួយ​ដើម ​គ្រាប់​សំណ ​អង្រឹង​មួយ ​និង​តង់​ស្នាក់​នៅ​មួយ។

លោក ​ចាន់ ​សាវ៉េត ​មន្ត្រី​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ បាន​រិះគន់​ថា​ពលរដ្ឋ​កម្ពុជា ​ដែល​បាន​ឆ្លងដែន​ទៅ​ក្នុង​ប្រទេស​ថៃ​ តែងតែ​ទទួល​រង​ការ​បាញ់​សម្លាប់​និង​មួយ​ចំនួន​ផ្សេង​ទៀត​តែងតែ​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​ខ្លះ​ក៏​មាន​វាសនា​ត្រូវ​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជាវិញ៕

This posting includes an audio/video/photo media file: Download Now

រថយន្ត​ទេសចរណ៍​ក្រឡាប់​សម្លាប់​មនុស្ស​ពីរនាក់​និង​របួស​៤៤​នាក់

Posted: 29 Feb 2012 04:07 PM PST

យ៉ាង​ហោច​ណាស់​មាន​ទេសចរ​បរទេស​ចំនួន​ពីរ​នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​រហូត​មក​ទល់​នឹង​ថ្ងៃ​ពុធ​នេះ ​និង​អ្នក​ដំណើរ​ចំនួន​៤៤ ​នាក់​ផ្សេងទៀត​ ដែល​ភាគច្រើន​ជា​ទេសចរ​បរទេស​បាន​ទទួល​រងរបួស ​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ​នៅ​ក្នុង​ខេត្ត​កោះកុង។ ​នេះ​បើ​យោង​តាម​ប្រភព​នានា​ពី​មន្ដ្រី​ផ្លូវការ​របស់​កម្ពុជា។

គ្រោះថ្នាក់​ដែល​បាន​កើតឡើង​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ខណៈ​ដែល​រថយន្ដក្រុង​របស់​ក្រុមហ៊ុន​ ប៉ារ៉ាម៉ោន​អង្គរ ​អ៊ិចប្រេស ​ផ្ទុក​អ្នក​ដំណើរ​ចំនួន ​៤៦​នាក់ ​បាន​ក្រឡាប់​បោក​នឹង​ផ្លូវ​លេខ ​៤៨ ​ត្រង់​ចំណុច​ស្ពាន​តាតៃ ​ស្ថិត​នៅ​ចង្ងាយ​ប្រមាណ​ជា​២០ ​គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្ត​កោះកុង។ ​រថយន្ដ​បាន​ចេញ​ដំណើរ​ពី​ខេត្ត​ព្រះសីហនុ ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កោះកុង។

<!--AV-->

លោក ​អ៊ុក ​សុផា ​ប្រធាន​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ខេត្ត​កោះកុង​ បាន​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា ​ឧបទ្ទវហេតុ​កើត​ឡើង​ដោយសារ​ការ​បើកបរ​មាន​ល្បឿនលឿន​ហួស​កម្រិត។

«មូលហេតុ​ ខ្ញុំ​កំពុង​តែ​សួរ​ចម្លើយ​អ្នក​បើកបរ។ ​បើ​តាម​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុ​ គឺ​ឡាន​នេះ​មាន​ល្បឿនលឿន​ ហើយ​ជាន់​ហ្វ្រាំង​ទៅ​ធ្វើ​ឲ្យ​ក្ដោប​កង់​ និង​ផ្ទុះ​កង់​ពេល​ចុះ​ចំណោត»។

មាន​ជន​ជាតិ​ខ្មែរ​ចំនួន​ប្រាំមួយ​នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ។ ​ ក្រៅ​ពីនោះ​គឺ​ជា​ជនបរទេស​ ដែល​មាន​ប្រាំបួន​ជាតិ​សាសន៍​ផ្សេង​គ្នា​ គឺ​ជន​ជាតិ​ស៊ុយអែដ ​ហ្វាំងឡង់ ​ថៃ ​អង់គ្លេស ​អូទ្រីស​ អេស្ប៉ាញ ​រុស្ស៊ី ​ជប៉ុន ​និង​ជន​ជាតិ​អាមេរិកាំង​ចំនួន​បី​នាក់។

ស្រ្ដី​ជន​ជាតិ​រុស្ស៊ី ​អាយុ​២២​ឆ្នាំ​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​ នៅ​ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ដ​ក្រុង​នេះ។ រី​ឯ​ក្មេង​ស្រី​កម្ពុជា​ម្នាក់​បាន​ដាច់​ដៃ​ឆ្វេង​ត្រឹម​គល់​ដៃ។

ក្រុម​អាជ្ញាធរ​បាន​ជួយ​បញ្ជូន​ជន​រងគ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​កោះកុង​ហើយ​រហូត​មក​ទល់​នឹង​ល្ងាច​នេះ​ នៅ​សល់​តែ​ជន​រងគ្រោះ​ចំនួន​បី​នាក់​កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ។​ ជន​រងគ្រោះ​មួយ​ចំនួន​បាន​ចាកចេញ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ត្រាត​ប្រទេស​ថៃ ​ដែល​ជា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ខេត្ត​កោះកុង។​ នេះ​បើ​ផ្អែក​ទៅ​តាម​សេចក្តីរាយការណ៍​ពី​ក្រុម​ប៉ូលិស​និង​មន្រ្ដី​សុខាភិបាល​ខេត្ត។

លោក ​អ៊ុក ​សុផា ​បាន​ឲ្យ​ដឹង​បន្ថែម​ថា ​ជន​បរទេស​ទាំង​ប្រាំបួន​ជន​ជាតិ​នេះ​ បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ​ហើយ​ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់ទៅ​កាន់​ប្រទេស​របស់​ខ្លួន​វិញ​ដោយ​ឆ្លងកាត់​ប្រទេស​ថៃ។

សូម​បញ្ជាក់​ថា ​អ្នក​ដំណើរ​នៅ​ក្នុង​រថយន្ដក្រុង​នេះ​ បាន​ទិញ​សំបុត្រ​ពី​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​រិទ្ធិមុន្នី​ ហើយ​ក្រុមហ៊ុន​ប៉ារ៉ាម៉ោនអង្គរ ​អ៊ិចប្រេស ​ជា​អ្នក​សហការ​ផ្ដល់​សេវា​រថយន្ដ​សម្រាប់​ដឹកជញ្ជូន។​

គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា ​ជន​រងគ្រោះ​នឹង​ទទួល​បាន​សំណង​ជួសជុល​បែប​ណា​នោះ​ទេ។

លោក ​សំ ​វិចិត្រ ​ជំនួយការ​នាយក​អ្នក​គ្រប់គ្រង​កិច្ចសហការ​ក្រុមហ៊ុន​បង​ប្អូន​គ្នា​ទាំង​ពីរ​នេះ​ មាន​សាសន៍​ថា ​ក្រុមហ៊ុន​របស់​លោក​បាន​ជួល​ក្រុមហ៊ុន​ធានារ៉ាប់រង​កាមីនកូ ​ដែល​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​របស់​រដ្ឋ​ឲ្យ​ធ្វើ​ការ​វាយតម្លៃ​ទៅ​លើ​គ្រោះថ្នាក់​នេះ។

លោក​បញ្ជាក់​ថា៖

«កាំមិនកូ​គេ​ចុះ​ទៅ​ហើយ។ ​គេ​នឹង​វាយតម្លៃ​នៅ​ពេល​ក្រោយ»។

មន្ដ្រី​នៃ​ក្រុមហ៊ុន​កាំមិនកូ​ចំនួន​ពីរ​រូប​ ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា ​ភ្នាក់ងារ​របស់​ខ្លួន​

កំពុងតែ​ត្រួតពិនិត្យ​បញ្ហា​នេះ​នៅ​ឡើយ ​ហើយ​មិន​អាច​ទាន់​ផ្ដល់ព័ត៌មាន​ណាមួយ​នៅ​ពេល​ដែល​ការត្រួត​ពិនិត្យ​មិន​ទាន់​បិទ​បញ្ចប់​នោះ​ទេ។

លោក ​សន ​ម៉ាកគិនតូស ​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ​បញ្ជាក់​ថា ​ស្ថានទូត​កំពុង​តាម​ត្រួតពិនិត្យ​គ្រោះថ្នាក់​នេះ​ ហើយ​ផ្នែក​កុងស៊ុល​កំពុង​តែ​ផ្ដល់​ជំនួយ​ដល់​ជន​ជាតិ​របស់​ខ្លួន។​ ដោយឡែក​ស្ថានទូត​រុស្ស៊ី​ មិន​អាច​ធ្វើ​ទំនាក់ទំនង​បាន​ទេ​ដោយសារ​តែ​ទូរស័ព្ទ​មិន​អាច​សន្ទនា​គ្នា​បាន​ស្រួល។

ប្រទេស​កម្ពុជា​ទទួល​បាន​កំណើន​ទេសចរ​បរទេស​ចំនួន​ ២,៨ ​លាន​នាក់​ កាល​ពី​ឆ្នាំ ​២០១១។​ ហើយ​រថយន្ដ​ដឹក​អ្នក​ដំណើរ​ក្រៅ​ក្រុង​ច្រើន​ត្រូវ​គេ​សង្កេត​ឃើញ​ថា​ បាន​បើកបរ​ក្នុង​ល្បឿន​ជ្រុល​ហួស​កំណត់ ​សម្រាប់​ស្ថានភាព​ផ្លូវ​តូច​ចង្អៀត​ និង​គុណភាព​ផ្លូវ​មិន​ល្អ​ភាគច្រើន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​បែប​នេះ។ ​មួយ​វិញទៀត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មិន​បាន​ត្រួត​ពិនិត្យ​ការ​បើកបរ​នៃ​អ្នក​បើកបរ​របស់​ខ្លួន​ ធ្វើ​ត្រួត​ពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព ​និង​ប្រព័ន្ធ​បច្ចេកទេស​គ្រប់គ្រាន់​ឡើយ។

លោក ​ប៊ុន ​បៀវ ​ប្រធាន​ការិយាល័យ​ទេសចរណ៍​ខេត្ត​កោះកុង ​ដែល​បាន​ចុះ​ត្រួតពិនិត្យ​គ្រោះថ្នាក់​ក្រឡាប់​រថយន្ដ​ក្រុង​ដោយ​ផ្ទាល់​ហាក់​ដូច​ជា​ទទួល​ស្គាល់​លើ​កង្វះខាត​ទាំង​នេះ។

«ខ្ញុំ​មើល​ហេតុ​ដែល​កើត​ឡើង​ប្រសិន​បើ​ភ្ញៀវ​មាន​បំពាក់​ខ្សែក្រវ៉ាត់​ក៏​មិន​អាច​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​កម្រិត​នេះ​ដែរ។ ​ឡាន​យើង​ភាគច្រើន​ចាស់ៗ។ ​ភ្ញៀវ​អាច​ធុញទ្រាន់​ពេល​នេះ។ ​មួយ​វិញទៀត​ការបើកបរ​របស់​យើង​អត់​មាន​ការ​ប្រុង​ប្រយ័ត្ន។ ​ខ្ញុំ​ឧស្សាហ៍​ឃើញ​ក្រុមហ៊ុន​ផ្សេងៗ​ បើក​លឿន​ណាស់។​ យើង​បើក​ឡាន​តូចៗ​កុងទ័រ​ ១០០ (គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង) នៅ​វា​វ៉ា​យើង​ទៀត»។

ក៏ប៉ុន្ដែ​លោក​ ថោង ​ខុន ​រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​ មាន​ប្រសាសន៍​ថា​ គ្រោះថ្នាក់​របៀប​នេះ​មិនមែន​ជា​ឧបទ្ទវហេតុ​ចម្លែក​ និង​គួរ​ឲ្យ​រាងចាល​នោះ​ទេ។ វា​កើត​មាន​នៅ​លើ​ពិភពលោក​ដូច​គ្នា។ ​ទោះជា​យ៉ាងណា ​លោក​បញ្ជាក់​ថា​ គួរ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ជាតិ​បន្ថែម​ទៀត៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!