VOA News: ព័ត៌មាន: “ស៊ីរី​និយាយ​ថា​មាន​មនុស្ស​៤៤​នាក់​បាន​ស្លាប់​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​ពីរ​គ្រាប់​ផ្ទួន​ៗ​គ្នា​” plus 2 more

VOA News: ព័ត៌មាន: “ស៊ីរី​និយាយ​ថា​មាន​មនុស្ស​៤៤​នាក់​បាន​ស្លាប់​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​ពីរ​គ្រាប់​ផ្ទួន​ៗ​គ្នា​” plus 2 more


ស៊ីរី​និយាយ​ថា​មាន​មនុស្ស​៤៤​នាក់​បាន​ស្លាប់​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​ពីរ​គ្រាប់​ផ្ទួន​ៗ​គ្នា​

Posted: 17 Feb 2012 07:50 AM PST

មន្រ្តី​ស៊ីរី​និយាយ​ថា​ការ​ផ្ទុះ​គ្រាប់​បែក​អត្តឃាតុ​​២​គ្រាប់​ក្នុង​រដ្ឋធានី​ដាម៉ាស (Damascus) បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៤៤​នាក់​​ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​១៥០​នាក់​ដែរ​រង​របួស។

ទូរទស្សន៍​រដ្ឋ​រាយការណ៍​ថា អ្នក​ដាក់​គ្រាប់​បែក​២​នាក់​​បាន​ប្រើ​ប្រាស់​រថយន្ត​​ដែល​ផ្ទុក​ទៅ​ដោយ​​គ្រឿង​ផ្ទុះ​បាន​វាយ​ប្រហារ​​អាគារ​សន្តិសុខ​រដ្ឋ​​២​កន្លែង​នៅ​ក្នុង​រដ្ឋធានី​នៅ​ថ្ងៃ​សុក្រ​នេះ។

ទីភ្នាក់ងារ​​ព័ត៌មាន​រដ្ឋ សាណា (SANA) បាន​បង្ហាញ​រូប​ថត​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​នោះ​​បាន​បង្ហាញ​​ជន​រងគ្រោះ​ដែល​គេ​ហៅ​​ថា​ការ​វាយ​ប្រហារ​ភេរវកម្ម។ ទីភ្នាក់ងារ​ព័ត៌មាន​នោះ​ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ដែរ​​ថា​ជន​ជាតិ​ស៊ីរី​ បាន​ប្រមូល​ផ្តុំ​គ្នា​ក្នុង​រដ្ឋធានី​ដាម៉ាស​ហើយ​និង​ទីក្រុង​ផ្សេង​ៗ​ទៀត​មួយ​ចំនួន​ដើម្បី​ប្រឆាំង​តវ៉ា​នឹង​ការ​ផ្ទុះ​គ្រាប់​បែក​នេះ។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត៖

ចិន/អាមេរិក៖ លោក ហ្សី ជីនពីង (Xi Jinping) អនុ​ប្រធានាធិបតី​ចិន នឹង​បញ្ចប់​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​​៤​ថ្ងៃ​របស់​លោក មក​កាន់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​សុក្រ​នេះ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នានា​នៅ​ក្នុង​ទីក្រុង ឡូស អានជឺឡេស (Los Angeles)។

ថៃ៖ អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​ថៃ កំពុ​ង​ស្វែងរក​ជន​សង្ស័យ​យ៉ាង​ហោច​ណាស់​ក៏​២​នាក់​ថែម​ទៀត​ដែរ នៅ​ក្នុង​ការ​ទាក់​ទិន​ជាមួយ​ការ​ផ្ទុះ​គ្រាប់​បែក​​នៅ​សប្តាហ៍​នេះ​ក្នុង​រាជធានី​បាងកក​ដែល​ប៉ូលីស​ និយាយ​ថា​ជា​ផ្នែក​មួយ​នៃ​ផែនការ​ឃាតុ​កម្ម​ដែល​សំដៅ​លើ​អ្នក​ការទូត​អ៊ីស្រាអែល។

លីប៊ី៖ ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​លីប៊ី កំពុង​ប្រារព្ធ​ខួប​លើក​ទី​មួយ​នៃ​បដិវត្តន៍​ដែល​បាន​ផ្តួល​រំលំ​របប​របស់​អតីត​មេដឹកនាំ​ផ្តាច់​ការ​របស់​លោក មូអាម៉ា កាដាហ្វី (Moammar Gadafhi)។

អ៊ីរ៉ង់៖ ប្រធានាធិបតី​អ៊ីរ៉ង់​លោក មាមូដ អាមាដឌីនេចាដ (Mahmoud Ahmadinejad) និយាយ​ថា​ការ​ជ្រៀត​ជ្រែក​របស់​ពួក​បរទេស​ជា​ប្រភព​នៃ​បញ្ហា​នៅ​ក្នុង​តំបន់។

អាល្លឺម៉ង់៖ ប្រធានាធិបតី​អាល្លឺម៉ង់​លោក គ្រីស្ទៀន វាហ្វ (Christian Wuff) បាន​លាលែង​ចេញ​ពី​តំណែង​នៅពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​លោក​បាន​ប្រើ​ប្រាស់​អំណាច​ហួស​ហេតុ​នៅ​ក្នុង​តួនាទី​នយោបាយ​មុន​ៗ​ដោយ​មាន​ភាព​លំអៀង។

អាល្លឺម៉ង់៖ ពួក​អ្នក​ដំណើរ​ ដែល​ប្រើ​​ចំណត​អាកាសយាន្ត​ក្នុង​ទីក្រុង​ហ្វ្រេងហ្វឺដ (Frankfurt)​នៃ​ប្រទេស​អាល្លឺម៉ង់ ដែល​ជា​ចំណត​អាកាសយាន្ត​ដ៏​មមា​ញឹក​មួយ​នៅ​អឺរ៉ុប​អាច​ត្រូវ​គេ​រំពឹង​ថា​នឹង​លុប​ចោល​ជើង​ហោះហើរ​ថ្ងៃ​ទី២​ពី​ព្រោះ​តែ​ការ​ធ្វើ​កូដកម្ម​របស់​អ្នក​បើក​បរ។

នីហ្សេរីយ៉ា៖ បុរស​ជនជាតិ​នីហ្សេរីយ៉ា​ម្នាក់​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ការ​បំផ្ទុះ​យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​បុណ្យ​ណូអែល​កាល​ពី​ឆ្នាំ​២០០៩​បាន​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត។

អ.ស.ប/ភូមា៖ មន្រ្តី​កំពូល​ម្នាក់​របស់​អង្គការ​សហប្រជាជាតិ បាន​ជំរុញ​ប្រទេស​ភូមា​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ប្រជា​ថា​​ការ​ធ្វើ​កំណែ​ទម្រង់​ថ្មី​ផ្តល់​អត្ថប្រយោជន៍​​ដល់​ប្រជាពលរដ្ឋ​​នៅ​ក្នុង​ប្រទេស​ជាតិ​ក្រីក្រ​​នេះ​នៅ​ក្នុង​វិស័យ​នានា​ដូចជា​ការ​ថែទាំ​សុខភាព​និងការ​សិក្សា​អប់រំ​ជាដើម។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ចិន​បញ្ចប់​ទស្សនកិច្ច​នៅ​អាមេរិក​នៅ​ថ្ងៃ​សុក្រ

Posted: 16 Feb 2012 07:09 PM PST

លោក​អនុ​ប្រធានាធិបតី​ចិន​ ស៊ី ជិនភីង (Xi Jinping)​ បញ្ចប់​ទស្សនកិច្ច​របស់​លោក​នៅ​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ព្រហស្បត៍​និង​ថ្ងៃ​សុក្រ​ នៅ​ទី​ក្រុង​ ឡូសអានជឺឡេស (LosAngeles)​ ដោយ​មាន​ព្រឹត្តិការណ៍​ផ្សេងៗ​ដើម្បី​សង្កត់​លើ​ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ។

នៅ​ក្នុង​អំឡុងទស្សនកិច្ច​ លោក​បាន​ទៅ​មើល​កំពុង​ផែ​របស់​កុ្រមហ៊ុន​ចិន​នៅ​ទី​ក្រុង ឡូសអានជឺឡេសនិងទស្សនកិច្ច​ទៅ​កាន់​សភា​អាមេរិក ដែល​នៅ​ក្នុង​ឪកាស​នោះ សមាជិក​ព្រឹទ្ធសភា​ លោក​ ជន ម៉ាក ខេន (John McCain)​ បាន​និយាយ​ថា​គាត់​បាន​លើក​យក​ករណី​ព្រះ​សង្ឃ​ដុត​ខ្លួន​ដើម្បី​ប្រឆាំង​ការ​គ្រប់​គ្រង​របស់​ចិន​នៅ​ដែន​ដី​ ទីបេ​ ការ​បោះ​ឆ្នោត​ វេតូ​ របស់​ចិន​ប្រឆាំង​នឹង​សេចក្តី​សម្រេច​ចិត្ត​អង្គការ​សហប្រជាជាតិ​អំពី​ប្រទេស​ស៊ីរី ការ​ជាប់​ឃុំ​ក្នុង​ផ្ទះ​របស់​ជ័យ​លាភី​រង្វាន់​ ណូបែល​ ​ នឹង​មាន​ការ​គាំទ្រ​របប​ឃោឃៅ​នៅ​កូរ៉េ​ខាង​ជើង។

នៅ​ថ្ងៃ​សុក្រ​ លោក​ ស៊ី ជិនភីង​ នឹង​ថ្លែង​សន្ទរកថា​ទៅ​កាន់​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ចិន-អាមេរិក​ ហើយ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ដទៃ​ទៀត​ដែល​ផ្តោត​ទៅ​លើ​ពាណិជ្ជកម្ម​និង​វិនិយោគ។

សហរដ្ឋអាមេរិក៖ នៅ​ពេល​លោក​អនុប្រធានាធិបតី​ចិន​ បញ្ចប់​ទស្សនកិច្ច​នៅ​ក្នុង​សហរដ្ឋអាមេរិក ​ ការ​ស្ទង់​មតិ​ថ្មី​មួយ​របស់​អង្គការ​ ហ្គោលអាប់ (Gallup) បង្ហាញ​ថា​ ពលរដ្ឋ​អាមេរិកាំង៥៣%​ ជឿថា​ ចិន​មាន​សេដ្ឋកិច្ច​ធំ​ជាង អាមេរិក​ ហើយ​មាន​តែ​ ៣៣%​ ទេ​ដែល​យល់​ថា​សហរដ្ឋអាមេរិក​មាន​សេដ្ឋកិច្ច​ធំ​ជាង​​ប្រទេស​ចិន។

ចិន៖​ក្រុម​ហ៊ុន​លក់​រាយ​ធំ​បំផុត​ក្នុង​ពិភពលោក​ វ៉លម៉ាត (Wal-Mart)​ និយា​ថា​ខ្លួន​សង្ឃឹម​ទៅ​លើ​ការ​លូត​លាស់​យ៉ាង​ឆាប់​រហ័ស​នៅ​​ចិន​ នៅ​ពេល​ដែល​ក្រុម​ហ៊ុន​នេះ​ ខំ​ស្តារ​ខ្លួន​ឡើង​វិញ​ពី​រឿង​អាស្រូវ​ដ៏​អាម៉ាស់​មួយ​ ទាក់​ទង​នឹង​ការ​លក់​សាច់​ជ្រូក​ធម្មតា​ ចំនួន​៦​ម៉ឺន​៣​ពាន់​គីឡូក្រាម​ ដោយ​ដាក់​សញ្ញា​ថា​ជា​សាច់​ឥត​មាន​ជាតិ​គីមី។

សហរដុ្ឋអាមេរិក៖ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​ លោក​ រីក សានធឺរ៉ាម់ (Rick​ Santorum)  បាន​ចេញ​ផ្សាយ​របាយការណ៍​អំពី​ប្រាក់​បង់​ពន្ធ​របស់​លោក​ក្នុង​ពេល​បួន​ឆ្នាំ​កន្លង​ទៅ​នេះ​ ដែល​បង្ហាញ​ថា​ លោក​បាន​ទទួល​ប្រាក់​ចំណូល​ ៣លាន៥សែន​ដុល្លារ​ តាំង​ពី​ពេល​លោក​បាន​ឈប់​ពី​ព្រឹទ្ធសភា នោ​ឆ្នាំ​២០០៦ ភាគ​ច្រើន​នៃ​ចំណូល​គឺ​បាន​តាម​រយៈ​ទំនាក់​ទំនង​របស់​លោក​ជា​មួយ​ក្រុង​វ៉ាស៊ីនតោន​ រួម​មាន ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ ការ​ពិគ្រោះ​ឲ្យ​យោបល់​ និង​ការ​លក់​ហ៊ុន​ ។

កូរ៉េ​ខាង​ជើង៖ ពលរដ្ឋ​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ពិធី​រំលឹក​ថ្ងៃ​កំណើត​ទី​ ៧០​ របស់​សព​មេ​ដឹក​នាំ​ គីម ជុង អ៊ីល (Kim Jong Il)​ កាល​ពី​ថ្ងៃ​ព្រហស្បត៍​នេះ​ ដោយ​មាន​ទាហាន​រាប់​ពាន់​នាក់​ដើរ​ជា​ក្បួន​កាត់​ទី​ក្រុង​ ព្យុងយ៉ាង (Pyongyang) និងមន្រ្តី​ជាន់​ខ្ពស់​រាប់​រយ​នាក់​ សម្តែង​ស្វាមីភក្តិ​ ចំពោះ​កូន​ប្រុស​លោក​ គីម ជុង អ៊ីល គឺ គីម ជុង អាំង (Kim Jong Un)។

ប៉ាគីស្ថាន៖ មន្រ្តី​ការណ៍​សម្ងាត់​ប៉ាគីស្ថាន​ និយាយ​ថា​ ការ​វាយ​ប្រហារ​ពីរ​ ដោយ​យន្តហោះ​ឥត​អ្នក​បើក​របស់​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បត៍ បាន​សម្លាប់​ជន​សកម្មប្រយុទ្ធ​យ៉ាង​តិច​១៤​ នាក់​ នៅ​ក្នុង​ប្រទេស​ភាគ​ពាយ័ព្យ នៅ​តាម​ព្រំដែន​អាហ្វហ្គានីស្ថាន​ ក្នុង​តំបន់​កុល​សម្ព័ន្ធ​ វ៉ាហ្សីរីស្ថាន (Waziristan)​ ខាង​ជើង​ ដែល​ចាត់​ទុក​ថា​ជា​ទី​តាំង​មាំ​មួយ​របស់​យុទ្ធជន​ អាល កៃដា (al-Qaida)​ និងតាលីបាន (Taliban)។

ប៉ាគីស្ថាន៖ មេដឹកនាំ​ អ៊ីរ៉ង់ លោកម៉ាហម៉ោទ អាហម៉ាឌីនចាទ (Mahmoud ​Ahmadinejad) និង​មេដឹកនាំអាហ្វហ្គានីស្ថាន​លោក ហាមីត ខាហ្សាយ (Hamid​ Karzai) បាន​ទៅ​ដល់​ប៉ាគីស្ថាន​ ដើម្បី​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​មួយ​របស់​កុលសម្ព័ន្ធ​ ស្តី​ពី​ការ​ជួយ​សម្រួល​សន្តិភាព​ជា​មួយ​ពួក​ តាលីបាន់​អាហ្វហ្គានីស្ថាន។

អ៊ីរ៉ុង៖ មន្រ្តី​ការណ៍​សម្ងាត់​ជាន់​ខ្ពស់​ម្នាក់​របស់​សហរដ្ឋអាមេរិកនិយាយ​ថា​ ប្រទេស​ អ៊ីរ៉ង់​ នឹង​ឆ្លើយ​តបបើ​មាន​ការ​វាយ​ប្រហារ​ទៅ​លើ​សកម្មភាព​នុយគ្លេអ៊ែរ​របស់​ខ្លួន​ តែប្រហែល​មិន​ទំនង​នឹង​ចាប់​ផ្តើម​ ឬ​បង្កជម្លោះ​ដោយ​ចេតនា​មុន​គេ​ទេ។

ស៊ីរី៖ លោក​អគ្គលេខាធិការ​អសប​ បាន គី មូន (Ban Ki-Moon​) បាន​ចោទ​ប្រទេស​ ស៊ីរី​ អំពី​លទ្ធភាព​នៃ​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ នៅ​ពេល​ដែល​សកម្មជន​និយាយ​ថា​ កង​កម្លាំង​សន្តិសុខ​ ស៊ីរី​ កំពុង​វាយ​លុក​ទៅ​លើ​ទី​ក្រុង​ ដារ៉ាក (Daraa) ដែល​ជា​កន្លែង​ការ​បះ​បោរ​ ចាប់​ផ្តើម។ លោក​បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ បាសារ អាល អាសាទ (Bashar al-Assad)​ បញ្ឈប់​«ការ​បាញ់​កាំភ្លើង​ធំ​និង​ការ​ប្រើ​កម្លាំង​ទ័ព​ប្រឆាំង​នឹង​ជន​ស៊ីវិល​ជា​បន្ទាន់»។​ អង្គការ​អង្កេត​សិទ្ធិ​មនុស្ស​ស៊ីរី (Syrian​ Observatory​ for Human​ Rights)​ នៅ​ក្រុង​ឡុងដ៍ ​ បាន​ប្រាប់​វីអូអេ​ថា​ មាន​មនុស្ស​យ៉ាង​តិច​ ២៤​ នាក់​ស្លាប់​ នៅ​ពាស​ពេញ​ប្រទេស​ កាល​ពី​ថ្ងៃ​ព្រហស្បត៍​នេះ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

នួន ជា​ បដិសេធ​ឯកសារ​ភ័ស្តុតាង​ប្រឆាំង​នឹង​ខ្លួន

Posted: 16 Feb 2012 05:39 PM PST

អតីត​បង​ធំ​ទី​២​ នៃ​របប​ខ្មែរក្រហម ​នួន ​ជា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​ច្រានចោល​ឯកសារ​នានា​ដែល​ប្រឆាំង​នឹង​ខ្លួន​ដោយ​សំអាង​ថា​ ឯកសារ​ទាំង​នោះ​មាន​ភាព​មិន​ច្បាស់លាស់​ និង​មិន​ត្រឹម​ត្រូវ។

ក្រុម​សហព្រះរាជអាជ្ញា​ និង​ក្រុម​មេធាវី​តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៅ​ក្នុង​ការ​កាត់ទោស​សំណុំរឿង​០០២ ​ចាប់​តាំង​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ​ បាន​បង្ហាញ​​ឯកសារ​ជា​ច្រើន​រួមមាន​ឯកសារ​ប្រតិចរិក ​ឯកសារ​ជា​សំឡេង ​និង​ឯកសារ​ជា​វីដីអូ​ខ្លី ​សរុប​ចំនួន​៩៥​ឯកសារ​ ប្រឆាំង​នឹង​ជន​ជាប់ចោទ​ទាំង​បី​នាក់​គឺ​នួន ​ជា ​ខៀវ ​សំផន ​និង​ អៀង ​សារី។

ឯកសារ​ទាំង​នោះ​ដែល​បង្ហាញ​ពី​ការ​ដឹកនាំ​ និង​ការ​ទទួល​ខុសត្រូវ​ជា​ខ្សែ​សង្វាក់​របស់​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ទាំង​បី។ ថ្លែង​នៅ​ក្នុង​ឱកាស​ចាប់​ផ្តើម​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​នេះ ​អតីត​ប្រធាន​សភា​ខ្មែរក្រហម​បាន​បង្ហាញ​ពី​ការ​សង្ស័យ​លើ​ឯកសារ​មួយ​ចំនួន ​រួម​ទាំង​ទាត់ចោល​ភស្តុតាង​ដែល​ស្រង់​ជា​សម្តី​បុគ្គល។

«ការ​ដែល​រៀបរាប់​ពី​គណៈយោធាក្តី ​គណៈអចិន្ត្រៃយ៍ក្តី​ ដែល​យក​ចេញ​ពី​បុគ្គល​មួយ​ចំនួន​នោះ​គឺ​មិន​ត្រឹមត្រូវ​ទេ។ ​ចំណែក​បទ​សម្ភាស​ផ្សេងៗ​ជាមួយ​រូប​ខ្ញុំ​គឺ​ជា​ការ​ចាំបាច់ ​ត្រូវ​តែ​ស្តាប់​ខ្សែអ័ដ្ស​ ដែល​បាន​ថត​នោះ ​ដើម្បី​ឲ្យ​ដឹង​ថា ជា​សម្តី​របស់​ខ្ញុំ​មែនដែរ​ ឬ​ទេ»។

ក្រុម​មេធាវី​របស់​ជន​ជាប់​ចោទ​អៀង ​សារី ​លោក ម៉ៃឃើល​ កាណាវ៉ាស (Michael KANAVAS) និង​មេធាវី​របស់​ខៀវ ​សំផន ​លោក​ គង់ ​សំអុន ​ក៏​បាន​បង្ហាញ​ការ​ជំទាស់​ដែរ។ សហ​មេធាវី​ទាំង​ពីរ​ ក៏​បាន​ទាមទារ​ឲ្យ​ផ្ទៀងផ្ទាត់​ឯកសារ ដែល​ត្រូវ​បាន​បង្ហាញ​នោះ​ជាមួយ​នឹង​ឯកសារ​ដើម​ផង​ដែរ។

ជាមួយ​គ្នា​នេះ​លោក ​គង់ ​សំអុន ​បាន​បង្ហាញ​ថា​ ឯកសារ​ដែល​បាន​មក​ពី​មជ្ឈមណ្ឌល​កម្ពុជា​មាន​ភាព​លម្អៀង ​ហើយ​ឯកសារ​ទាំង​នោះ​សម្រាប់​តែ​ធ្វើ​ការ​ដាក់​បន្ទុក​លើ​ជន​ជាប់​ចោទ​តែ​ប៉ុណ្ណោះ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រយៈពេល​១៥​នាទី ​នួន ​ជា ​ចោទ​ប្រកាន់​ការិយាល័យ​សហចៅក្រម​ស៊ើបអង្គេត​ថា​ មាន​ភាព​លម្អៀង​ និង​បាន​ទាមទារ​ឲ្យ​អង្គជំនុំ​ជម្រះ​សាលាដំបូង​ នៃ​សាលាក្តី​ខ្មែរ​ក្រហម​ទទួល​យក​សាក្សី​ដែល​ខ្លួន​បាន​ស្នើសុំ។ លោក​បាន​សុំ​ដាក់​ភស្តុតាង​បន្ថែម​សម្រាប់​ការពារ​ខ្លួន។

នួន ​ជា ​ក៏​បាន​ចោទសួរ​ពី​មូលហេតុ ​ដែល​ថា​ ហេតុអ្វី​បាន​ជា​អង្គជំនុំ​ជម្រះ​សាលាដំបូង​មិន​ធ្វើ​ការ​សួរ​ដេញដោល​ពី​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​ និង​ចេតនា​របស់​ប្រទេស​ជិត​ខាង​មក​លើ​កម្ពុជា។

ជន​ជាប់ចោទ​រូប​នេះ​អះអាង​ថា ​កត្តា​ពីរ​ចុងក្រោយ​ គឺ​ជា​មូលហេតុ​សំខាន់​នៃ​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​របប​ខ្មែរក្រហម។ ​សូម​បញ្ជាក់​ថា​ ការ​កាត់ទោស​នៅ​ក្នុង​សំណុំរឿង​០០២​នឹង​ផ្អាក​ដំណើរការ​នៅ​សប្តាហ៍​ក្រោយ​មុន​នឹង​បន្ត​ឡើងវិញ​នៅ​ថ្ងៃ​ទី​១២ ​ខែ​មិនា៕

This posting includes an audio/video/photo media file: Download Now